លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកជាគ្រីស្ទាន«ពេញវ័យ»ទេ?

តើអ្នកជាគ្រីស្ទាន«ពេញវ័យ»ទេ?

តើ​អ្នក​ជា​គ្រីស្ទាន«ពេញ​វ័យ»ទេ?

សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «កាល​ដែល​ខ្ញុំ​នៅ​ក្មេង​នៅ​ឡើយ នោះ​ខ្ញុំ​បាន​និយាយ​ដូច​ជា​កូន​ក្មេង ក៏​មាន​គំនិត​ដូច​ជា​កូន​ក្មេង ហើយ​បាន​ពិចារណា​ដូច​ជា​កូន​ក្មេង​ដែរ»។ តាម​ពិត​ទៅ យើង​ទាំង​អស់​គ្នា​ធ្លាប់​ជា​កូន​ង៉ា​ដ៏​តែលតោល។ ក៏​ប៉ុន្តែ យើង​មិន​បាន​នៅ​អ៊ីចឹង​ជា​រៀង​រហូត​ទេ។ ប៉ុល​បាន​សង្កេត​ឃើញ​ថា៖ «លុះ​កាល​ខ្ញុំ​ធំ​ហើយ នោះ​ខ្ញុំ​បាន​លះ​ចោល​ការ​របស់​កូន​ក្មេង​ចេញ​ទៅ»។—កូរិនថូស​ទី​១ ១៣:១១

ស្រដៀង​គ្នា​ដែរ គ្រីស្ទាន​គ្រប់​ៗ​រូប​ចាប់​ផ្ដើម​ប្រៀប​ដូច​ជា​កូន​ង៉ា​ខាង​វិញ្ញាណ។ ក៏​ប៉ុន្តែ មិន​យូរ​ទេ គេ​ទាំង​អស់​គ្នា​អាច«រួប​រួម ខាង​ឯ​សេចក្ដី​ជំនឿ​រួច​ជា​ស្រេច ហើយ​បាន​ស្គាល់​ព្រះ​រាជបុត្រា​នៃ​ព្រះ ដូច​គ្នា​ទាំង​អស់ គឺ​ដល់​បាន​ពេញ​ជា​មនុស្ស [ជា​មនុស្ស​ពេញ​វ័យ, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ] ហើយ​ដល់​ខ្នាត​កំពស់​នៃ​សេចក្ដី​ពោរ​ពេញ​ផង​ព្រះ​គ្រីស្ទ»។ (អេភេសូរ ៤:១៣) នៅ​កូរិនថូស​ទី​១ ១៤:២០ យើង​បាន​ត្រូវ​ដាស់​តឿន​ថា៖ «បង​ប្អូន​អើយ កុំ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ខ្ចី​ខាង​ឯ​គំនិត​ឡើយ . . . ចំណែក​ខាង​ឯ​គំនិត នោះ​ចូរ​ធ្វើ​ជា​មនុស្ស​ពេញ​អាយុ​វិញ»។

ការ​មាន​ពួក​គ្រីស្ទាន​ពេញ​វ័យ ដែល​មាន​គំនិត​ចាស់​ទុំ​គឺ​ជា​ពរ​ដល់​រាស្ត្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ ជា​ពិសេស​ដោយ​ព្រោះ​មាន​អ្នក​ថ្មី​ជា​ច្រើន។ ពួក​គ្រីស្ទាន​ពេញ​វ័យ​នាំ​ឲ្យ​ក្រុម​ជំនុំ​មាន​ភាព​មាំ​មួន។ ពួក​គេ​មាន​អានុភាព​ដ៏​ល្អ​ទៅ​លើ​ទំនោរ​ចិត្ត​ទូទៅ​របស់​ក្រុម​ជំនុំ​ណា​ដែល​គេ​ចូល​រួម​នោះ។

ការ​ធំ​ធាត់​លូត​លាស់​ផ្នែក​រាង​កាយ​គឺ​ច្រើន​តែ​ស្វ័យប្រវត្ត រីឯ​ការ​លូត​លាស់​ខាង​វិញ្ញាណ​វិញ​កើត​មាន​ឡើង​ដោយ​ពេល​វេលា​និង​ការ​ខិត​ខំ​វិញ។ មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ដែល​នៅ​សម័យ​របស់​ប៉ុល​មាន​គ្រីស្ទាន​ខ្លះ បាន​ខក​ខាន​មិន​បាន«ជឿន​ទៅ​មុខ ដរាប​ដល់​ពេញ​ខ្នាត»។ (ហេព្រើរ ៥:១២; ៦:១) ចុះ​អ្នក​វិញ យ៉ាង​ណា​ដែរ? មិន​ថា​អ្នក​បាន​បំរើ​ព្រះ​យេហូវ៉ា​អស់​ច្រើន​ឆ្នាំ​ហើយ ឬ​ក៏​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ គឺ​នឹង​មាន​ប្រយោជន៍ បើ​សិន​ជា​អ្នក​ពិនិត្យ​មើល​ខ្លួន​ឯង​ដោយ​ឥត​លាក់​លៀម។ (កូរិនថូស​ទី​២ ១៣:៥) តើ​អ្នក​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​អាច​ត្រូវ​ហៅ​ជា​គ្រីស្ទាន ដែល​មាន​គំនិត​ចាស់​ទុំ​និង​ពេញ​វ័យ​ឬ​ទេ? បើ​មិន​អ៊ីចឹង​ទេ តើ​តាម​របៀប​ណា​ដែល​អ្នក​អាច​ទៅ​ជា​គ្រីស្ទាន​បែប​នេះ?

‹មនុស្ស​ពេញ​វ័យ​ខាង​គំនិត›

អ្នក​ដែល​ក្មេង​ខ្ចី​ខាង​វិញ្ញាណ គឺ​ងាយ​ស្រួល«ត្រូវ​គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្ដី​បង្រៀន​បោក ហើយ​ផាត់​យើង​ចុះ​ឡើង ដោយ​សេចក្ដី​ឆបោក​របស់​ផង​មនុស្ស ហើយ​ដោយ​ឧបាយ​កល ដែល​គេ​ប្រើ​នឹង​នាំ​ឲ្យ​វង្វេង​ទៀត​ឡើយ»។ អ៊ីចឹង​ហើយ​ប៉ុល​បាន​ជំរុញ​ថា៖ «ដោយ​សេចក្ដី​ស្រឡាញ់​វិញ នោះ​ឲ្យ​យើង​បាន​ធំ​ឡើង ខាង​ឯ​គ្រប់​ការ​ទាំង​អស់​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា គឺ​ជា​ព្រះ​គ្រីស្ទ»។ (អេភេសូរ ៤:១៤, ១៥) តើ​មនុស្ស​ម្នាក់​អាច​ធ្វើ​អ៊ីចឹង​តាម​របៀប​ណា? ហេព្រើរ ៥:១៤ ពី​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​ប្រាប់​ថា៖ «មាន​តែ​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ ដែល​អាច​ទទួល​អាហារ​រឹង​បាន ព្រោះ​គេ​ធ្លាប់​មាន​ការ​ពិសោធន៍ ចេះ​វែក​ញែក ស្គាល់​ល្អ ស្គាល់​អាក្រក់»។

សូម​កត់​សម្គាល់​ថា មនុស្ស​ពេញ​វ័យ​ត្រូវ​សមត្ថភាព​វែក​ញែក​របស់​គេ​បង្ហាត់​តាម​រយៈ​ការ​ប្រើ ឬ​ក៏បទពិសោធន៍​ក្នុង​ការ​អនុវត្តន៍​គោល​ការណ៍​ព្រះ​គម្ពីរ។ អ៊ីចឹង​គឺ​ច្បាស់​ហើយ​ថា មនុស្ស​ម្នាក់​មិន​អាច​ទៅ​ជា​មនុស្ស​ពេញ​វ័យ​ខាង​វិញ្ញាណ​ក្នុង​រយៈ​ពេល​តែ​មួយ​យប់​នោះ​ទេ គេ​ត្រូវ​ការ​នូវ​ពេល​វេលា។ យ៉ាង​ណា​ក៏​ដោយ អ្នក​អាច​ជួយ​ឲ្យ​ការ​លូត​លាស់​ខាង​វិញ្ញាណ​របស់​អ្នក​ទៅ​ជា​ងាយ​ជាង ដោយ​ការ​សិក្សា​ផ្ទាល់ ជា​ពិសេស​ការ​សិក្សា​នូវ​អ្វី​ដ៏​ជ្រាល​ជ្រៅ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ។ ពេល​ថ្មី​ៗ​នេះ ទស្សនាវដ្ដី​ប៉ម​យាម បាន​ពិភាក្សា​នូវ​រឿង​ជ្រៅ​ៗ​ជា​ច្រើន។ មនុស្ស​ដែល​មាន​គំនិត​ចាស់​ទុំ​មិន​ជៀស​វាង​អត្ថបទ​បែប​នេះ ដែល​មាន«សេចក្ដី​ខ្លះ​ដែល​ពិបាក​យល់»ទេ។ (ពេត្រុស​ទី​២ ៣:១៦) ផ្ទុយ​ទៅ​វិញ ពួក​គេ​បរិភោគ​អាហារ​រឹង​បែប​នេះ​ដោយ​ចិត្ត​រំភើប!

អ្នក​ផ្សព្វ​ផ្សាយ​និង​គ្រូ​បង្រៀន​ដ៏​ឧស្សាហ៍

ព្រះ​យេស៊ូ​បាន​បញ្ជា​សិស្ស​របស់​ទ្រង់​ថា៖ «ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង»។ (ម៉ាថាយ ២៨:១៩, ២០) ការ​ចូល​រួម​យ៉ាង​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ក៏​អាច​ជំរុញ​ការ​លូត​លាស់​ខាង​វិញ្ញាណ​របស់​អ្នក​ដែរ។ អញ្ជើញ​ចូល​រួម​ឲ្យ​បាន​ពេញ​លេញ​តាម​តែ​កាលៈទេសៈ​របស់​អ្នក​ហុច​ឲ្យ​ចុះ។—ម៉ាថាយ ១៣:២៣

ជួន​កាល ការ​បង្ខិត​បង្ខំ​នៃ​ជីវិត​ធ្វើ​ឲ្យ​យើង​ពិបាក​រក​ពេល​ផ្សព្វ​ផ្សាយ​បាន។ ក៏​ប៉ុន្តែ ដោយ​អ្នក«ខំ​ប្រឹង​យ៉ាង​អស់​ពី​ចិត្ត»ជា​អ្នក​ផ្សព្វ​ផ្សាយ អ្នក​អាច​បង្ហាញ​នូវ​សារៈ​សំខាន់​នៃ«ដំណឹង​ល្អ»ដែល​មាន​ចំពោះ​អ្នក។ (លូកា ១៣:២៤; រ៉ូម ១:១៦) អ៊ីចឹង​ហើយ អ្នក​ប្រហែល​ជា​នឹង​ត្រូវ​រាប់«ជា​គំរូ​ដល់​ពួក​អ្នក​ជឿ»។—ធីម៉ូថេ​ទី​១ ៤:១២

អ្នក​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍

ការ​លូត​លាស់​ដល់​ភាព​ចាស់​ទុំ ក៏​តម្រូវ​ឲ្យ​អ្នក​ខិត​ខំ​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​របស់​អ្នក​ដែរ។ ដូច​ជា​បាន​កត់​ទុក​នូវ​ទំនុកដំកើង ២៦:១ ដាវីឌ​បាន​ប្រកាស​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ទ្រង់​វិនិច្ឆ័យ​ឲ្យ​ទូល​បង្គំ ដ្បិត​ទូល​បង្គំ​បាន​ដើរ​តាម​ចិត្ត​គ្រប់ល័ក្ខណ៍​របស់​ទូល​បង្គំ»។ ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​គឺ​ជា​ភាព​គ្រប់ល័ក្ខណ៍​ខាង​សីលធម៌។ ក៏​ប៉ុន្តែ នេះ​មិន​មាន​ន័យ​ស្មើ​នឹង​ភាព​ល្អ​ឥត​ខ្ចោះ​ទេ។ ដាវីឌ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ធ្ងន់​ធ្ងរ​មួយ​ចំនួន។ ក៏​ប៉ុន្តែ ដោយ​ព្រោះ​គាត់​បាន​ព្រម​ទទួល​នូវ​ការ​កែ​តម្រង់​ហើយ​និង​បាន​ប្រែ​ចិត្ត​វិញ នោះ​គាត់​បាន​បង្ហាញ​ថា ចិត្ត​របស់​គាត់​បាន​នៅ​មាន​សេចក្ដី​ស្រឡាញ់​ស្មោះ​ចំពោះ​ព្រះ​យេហូវ៉ា។ (ទំនុកដំកើង ២៦:២, ៣, ៦,៨,១១) ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​រួម​បញ្ចូល​ភក្ដី​ភាព​ដ៏​ពេញ​ទី។ ដាវីឌ​បាន​មាន​បន្ទូល​ប្រាប់​រាជបុត្រា​របស់​ទ្រង់​នាម​សាឡូម៉ូន​ថា ៖«ចូរ​ឲ្យ​ឯង​បាន​ស្គាល់​ព្រះ​នៃ​ឪពុក​ឯង​ចុះ ព្រម​ទាំង​ប្រតិបត្ដិ​តាម​ទ្រង់ ដោយ​អស់​ពី​ចិត្ត»។—របាក្សត្រ​ទី​១ ២៨:៩

ការ​រក្សា​នូវ​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​រួម​បញ្ចូល​ការ«មិន​មែន​ជា​របស់​ផង​លោកីយ»។ (យ៉ូហាន ១៧:១៦) អ្នក​ក៏​ត្រូវ​តែ​ទប់​ទល់​នឹង​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់ ដូច​ជា​ការ​សហាយស្មន់ ការ​កំផិត និង​ការ​ប្រើ​ថ្នាំ​ញៀន។ (កាឡាទី ៥:១៩​-​២១) ក៏​ប៉ុន្តែ ការ​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​តម្រូវ​ច្រើន​ជាង​ការ​ជៀស​វាង​ពី​អំពើ​ទាំង​នោះ។ សាឡូម៉ូន​បាន​ព្រមាន​ថា៖ «រុយ​ស្លាប់​ធ្វើ​ឲ្យ​ប្រេង​ក្រអូប​របស់​អ្នក​អប់​ប្រេង​ទៅ​ជា​មាន​ក្លិន​ស្អុយ ហើយ​សេចក្ដី​ចំ​កួត​តែ​បន្ដិច​បន្តួច​ក៏​បង្ខូច​ប្រាជ្ញា នឹង​កិត្ដិយស​ដូច្នោះ​ដែរ»។ (សាស្ដា ១០:១) ត្រូវ​ហើយ សូម្បី​តែ«ចំ​កួត​តែ​បន្ដិច​បន្តួច» ដូច​ជា​ការ​និយាយ​មិន​គួរ​សម ឬ​ក៏​ការ​បញ្ចេញ​អាការ​ឲ្យ​ឃើញ​ថា ស្រឡាញ់​តាម​របៀប​មិន​គួរ​សម អាច​បង្ខូច​កិត្ដិនាម​របស់​មនុស្ស​ម្នាក់«ដែល​មាន​ប្រាជ្ញា»។ (យ៉ូប ៣១:១) ដូច្នេះ ចូរ​សម្ដែង​គំនិត​ចាស់​ទុំ​របស់​ខ្លួន​ដោយ​ការ​រក​ធ្វើ​ជា​គំរូ​ខាង​ចរិយា ទាំង​ជៀស​វាង​សូម្បី​តែ«អ្វី​ដែល​មើល​ទៅ​ដូច​ជា​អាក្រក់»។—ថែស្សាឡូនីច​ទី​១ ៥:២២, សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ឃីងជេម្ស

អ្នក​ដែល​មាន​ភក្ដី​ភាព

គ្រីស្ទាន​ម្នាក់​ដែល​មាន​គំនិត​ពេញ​វ័យ​ក៏​មាន​ភក្ដី​ភាព​ដែរ។ សម​ស្រប​នឹង​សេចក្ដី​ដាស់​តឿន​របស់​សាវ័ក​ប៉ុល​ក្នុង​អេភេសូរ ៤:២៤, ព.ថ. ថា៖ «ប្រដាប់​ខ្លួន​ដោយ​ចរិយា​សម្បត្ដិ​ថ្មី ដែល​បាន​ត្រូវ​បង្កើត​មក​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ ដោយ​សេចក្ដី​សុចរិត​និង​ភក្ដី​ភាព​ដ៏​ពិត​ប្រាកដ​នោះ»។ ក្នុងបទគម្ពីរ​ភាសា​ក្រិក ពាក្យ​ដើម​ដែល​បាន​ត្រូវ​បក​ប្រែ«ភក្ដី​ភាព»មាន​ន័យ​ថា ភាព​បរិសុទ្ធ សេចក្ដី​សុចរិត សេចក្ដី​គោរព​ដ៏​ជ្រាល​ជ្រៅ។ មនុស្ស​ដែល​មាន​ភក្ដី​ភាព គឺ​ស្មោះ​ត្រង់​និង​បំពេញ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​ភារកិច្ច​របស់​ខ្លួន​ចំពោះ​ព្រះ។

តើ​តាម​របៀប​ណា​ខ្លះ​ដែល​អ្នក​អាច​បណ្ដុះ​បណ្ដាល​ភក្ដី​ភាព​បែប​នេះ? របៀប​មួយ​គឺ​ដោយ​អ្នក​ស្ដាប់​តាម​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក។ (ហេព្រើរ ១៣:១៧) ដោយ​ទទួល​ស្គាល់​ថា ព្រះ​គ្រីស្ទ​ជា​សិរសា​ជ្រើស​តាំង​នៃ​ក្រុម​ជំនុំ​គ្រីស្ទាន នោះ​គ្រីស្ទាន​ពេញ​វ័យ​មាន​ភក្ដី​ភាព​ចំពោះ​អ្នក ដែល​បាន​ត្រូវ​ជ្រើស​តាំង«ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះ»។ (កិច្ច​ការ ២០:២៨) តើ​ជា​ការ​មិន​សមរម្យ​យ៉ាង​ណា​ទៅ​ហ្ន៎! ក្នុង​ការ​ប្រឆាំង​ឬ​ក៏​ធ្វើ​ឲ្យ​ទន់​ខ្សោយ ដល់​អំណាច​គ្រប់​គ្រង​របស់​អ្នក​ចាស់​ទុំ​ដែល​រើស​តាំង​នោះ។ អ្នក​ក៏​គួរ​មាន​ចិត្ត​ភក្ដី​ចំពោះ«អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ» និង​ខ្សែ​រយៈ​ដែលត្រូវ​ប្រើ​ដើម្បី​ចែក​ចាយ‹អាហារ​ខាង​វិញ្ញាណ តាម​ត្រូវ​ពេល›នោះ​ដែរ។ (ម៉ាថាយ ២៤:៤៥, ព.ថ.) ចូរ​អាន​និង​អនុវត្ត​យ៉ាង​ឆាប់​រហ័ស​នូវ​ពត៌មាន ដែល​ត្រូវ​រក​ឃើញ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​និង ប្រកាសនវត្ថុ​ឯ​ទៀត។

ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​សកម្មភាព​របស់​អ្នក

ប៉ុល​បាន​សរសេរ​ទៅ​កាន់​គ្រីស្ទាន​នៅ​ទី​ក្រុង​ថែស្សាឡូនីច​ថា៖ «អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក រឹត​តែ​ខ្លាំង​ឡើង»។ (ថែស្សាឡូនីច​ទី​២ ១:៣) ការ​ចំរើន​នូវ​សេចក្ដី​ស្រឡាញ់​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​លូត​លាស់​ខាង​វិញ្ញាណ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ដូច​បាន​កត់​ទុក​ក្នុង​យ៉ូហាន ១៣:៣៥ ថា៖ «គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។ សេចក្ដី​ស្រឡាញ់​បែប​ជា​បង​ប្អូន​អ៊ីចឹង គឺ​មិន​ត្រូវ​សម្ដែង​ទៅ​តែ​អារម្មណ៍​ប៉ុណ្ណោះ​ទេ។ វចនានុក្រម​របស់​លោក​វ៉ែន​ខាង​ពាក្យ​ពី​សញ្ញា​ចាស់​និង​សញ្ញា​ថ្មី សង្កេត​ឃើញ​ថា៖ «សេចក្ដី​ស្រឡាញ់​អាច​ត្រូវ​សម្គាល់​ដោយ​តែ​ការ​ប្រព្រឹត្ត​ដែល​វា​ជំរុញ»។ ត្រូវ​ហើយ អ្នក​ជឿន​ទៅ​ដល់​ភាព​ពេញ​វ័យ​ដោយ​ការ​ប្រព្រឹត្ត​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់!

ជា​ឧទាហរណ៍ នៅ​រ៉ូម ១៥:៧ យើង​អាន​ថា៖ «ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក»។ របៀប​មួយ​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់ គឺ​ដោយ​ការ​ទទួល​រាប់​រក​អ្នក​ជឿ​គ្នី​គ្នា​និង​អ្នក​ថ្មី​នៅ​ឯ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ ដោយ​ចិត្ត​រំភើប​និង​កក់​ក្ដៅ! ចូរ​ឲ្យ​បាន​ស្គាល់​គេ​ផ្ទាល់។ ចូរ«យក​ចិត្ត​ទុក​ដាក់​ផ្ទាល់​ខ្លួន»ទៅ​លើ​អ្នក​ឯ​ទៀត។ (ភីលីព ២:៤, ព.ថ.) ប្រហែល​ជា​អ្នក​អាច​សម្ដែង​ភាព​រាក់​ទាក់​ដោយ​អញ្ជើញ​អ្នក​ខ្លះ​មក​ផ្ទះ​របស់​អ្នក។ (កិច្ច​ការ ១៦:១៤, ១៥) ភាព​មិន​គ្រប់ល័ក្ខណ៍​របស់​អ្នក​ឯ​ទៀត ជួន​កាល​អាច​ល្បង​ល​កម្លាំង​នៃ​សេចក្ដី​ស្រឡាញ់​របស់​យើង ក៏​ប៉ុន្តែ ពេល​ដែល​អ្នក​រៀន​ចេះ‹ទ្រាំ​ទ្រ​នឹង​គេ​ដោយ​ស្រឡាញ់› នោះ​អ្នក​នឹង​សម្ដែង​ថា​អ្នក​កំពុង​តែ​ជឿន​ទៅ​ដល់​ភាព​ពេញ​វ័យ។—អេភេសូរ ៤:២

ការ​ប្រើ​ទ្រព្យ​សម្បត្ដិ​ដើម្បី​គាំទ្រ​ការ​ថ្វាយ​បង្គំ​ដ៏​បរិសុទ្ធ

នៅ​សម័យ​បុរាណ មាន​មនុស្ស​ខ្លះ​ក្នុង​រាស្ត្រ​របស់​ព្រះ​ដែល​មិន​បាន​បំពេញ​ភារកិច្ច​របស់​គេ ដើម្បី​គាំទ្រ​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ​ហើយ ព្រះ​បាន​ចាត់​ពួក​ព្យាការី​ដូច​ជាហាកាយ​និង​ម៉ាឡាគី ដើម្បី​ដាស់​តឿន​រាស្ត្រ​របស់​ទ្រង់​ចំពោះ​រឿង​នេះ។ (ហាកាយ ១:២​-​៦; ម៉ាឡាគី ៣:១០) ពួក​គ្រីស្ទាន​ដែល​មាន​គំនិត​ចាស់​ទុំ​សព្វ​ថ្ងៃ​នេះ​មាន​អំណរ ដើម្បី​គាំទ្រ​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ ចូរ​ត្រាប់​តាម​មនុស្ស​បែប​នេះ ដោយ​ធ្វើ​តាម​គោល​ការណ៍​នៅ​កូរិនថូស​ទី​១ ១៦:១, ២ ទាំង‹ប្រមូល​ដាក់​ទុក​នូវ​អ្វី​ៗ​ដោយ​ឡែក›ជា​ទៀង​ទាត់​ដើម្បី​ជូន​ជា​វិភាគទាន​ដល់​ក្រុម​ជំនុំ​និងកិច្ច​ការទូទាំង​ពិភព​លោក​របស់​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ បន្ទូល​របស់​ព្រះ​សន្យា​ថា៖ «អ្នក​ណា​ដែល​ព្រោះ​ដោយ​សទ្ធា នោះ​នឹង​ច្រូត​បាន​ច្រើន​វិញ»។—កូរិនថូស​ទី​២ ៩:៦

កុំ​ភ្លេច​នូវ​ទ្រព្យ​ផ្សេង​ទៀត​ដែល​អ្នក​មាន ដូច​ជា​ពេល​វេលា​និង​កម្លាំង​របស់​អ្នក។ ចូរ​ខិត​ខំ«លៃ​យក​ឱកាស»ពី​សកម្មភាព​ផ្សេង​ដែល​ឥត​សូវ​សំខាន់។ (អេភេសូរ ៥:១៥, ១៦; ភីលីព ១:១០) រៀន​ឲ្យ​ចេះ​សំចៃ​ពេល​វេលា។ ការ​ធ្វើ​អ៊ីចឹង​នឹង​ជួយ​អ្នក​មាន​សមត្ថភាព​ចូល​រួម​ក្នុង​គម្រោង​ថែ​ទាំ​សាល​ព្រះ​រាជាណាចក្រ និង​សកម្មភាព​ផ្សេង​ទៀត​ដែល​ស្រដៀង​នេះ​ដែរ ដែល​គាំទ្រ​ការ​ថ្វាយ​បង្គំ​ពិត​របស់​ព្រះ​យេហូវ៉ា។ ការ​ប្រើ​ប្រាស់​នូវ​ទ្រព្យ​សម្បត្ដិ​តាម​របៀប​នេះ​នឹង​ផ្ដល់​ទី​សំអាង​បន្ថែម​ថា អ្នក​កំពុង​តែ​ជឿន​ទៅ​ភាព​ជា​គ្រីស្ទាន​ពេញ​វ័យ។

ចូរ​ជឿន​ទៅ​ដល់​ភាព​ពេញ​វ័យ​ចុះ!

បុរស​និង​ស្ត្រី​ទាំង​ឡាយ​ពិត​ជា​ពរ​មួយ ដោយ​ព្រោះ​គេ​ចេះ​សិក្សា​និង​មាន​ចំណេះ​ដឹង ជា​អ្នក​ផ្សព្វ​ផ្សាយ​ដ៏​ខ្នះ​ខ្នែង រក្សា​ភាព​ស្មោះ​ត្រង់​របស់​គេ មាន​ភក្ដី​ភាព​និង​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​សុខ​ចិត្ត​ចំណាយ​កម្លាំង​កាយ​និង​ទ្រព្យ​សម្បត្ដិ​ក្នុង​ការ​គាំទ្រកិច្ច​ការខាង​ព្រះ​រាជាណាចក្រ។ អ៊ីចឹង​ហើយ​បាន​ជា​សាវ័ក​ប៉ុល​បាន​ដាស់​តឿន​ថា៖ «ចូរ​ឲ្យ​យើង​ឈប់ ខាង​ឯ​សេចក្ដី​បឋម​សិក្សា​នៃ​ព្រះ​បន្ទូល​ព្រះ​គ្រីស្ទ ហើយ​ខំ​ឲ្យ​បាន​ជឿន​ទៅ​មុខ ដរាប​ដល់​ពេញ​ខ្នាត​ចុះ»!—ហេព្រើរ ៦:១

តើ​អ្នក​ជា​គ្រីស្ទាន​ពេញ​វ័យ ដែល​មាន​គំនិត​ចាស់​ទុំ​ឬ​ទេ? ឬ​ក៏ តើ​ក្នុង​លក្ខណៈ​ខ្លះ​ៗ​អ្នក​នៅ​ជា​ក្មេង​តូច​ខាង​វិញ្ញាណ​វិញ? (ហេព្រើរ ៥:១៣) យ៉ាង​ណា​ក៏​ដោយ ចូរ​តាំង​ចិត្ត​ខិត​ខំ​ព្យាយាម​សិក្សា ផ្សព្វ​ផ្សាយ និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​របស់​អ្នក។ ទទួល​ដោយ​មិន​ទើស​ទាល់​នូវ​ឱវាទ​និង​ការ​កែ​តម្រង់​ណា ដែល​អ្នក​ដែល​មាន​ភាព​ចាស់​ទុំ​ជូន​ឲ្យ​អ្នក។ (សុភាសិត ៨:៣៣) បំពេញ​នូវ​ភារកិច្ច​គ្រីស្ទាន​ទាំង​អស់​របស់​អ្នក។ បន្ទាប់​មក​ដោយ​ការ​ខិត​ខំ​របស់​អ្នក អ្នក​ក៏​អាច«រួប​រួម ខាង​ឯ​សេចក្ដី​ជំនឿ​រួច​ជា​ស្រេច ហើយ​បាន​ស្គាល់​ព្រះ​រាជបុត្រា​នៃ​ព្រះ ដូច​គ្នា​ទាំង​អស់ គឺ​ដល់​បាន​ពេញ​ជា​មនុស្ស [ជា​មនុស្ស​ពេញ​វ័យ, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ] ហើយ​ដល់​ខ្នាត​កំពស់​នៃ​សេចក្ដី​ពោរ​ពេញ​ផង​ព្រះ​គ្រីស្ទ»។—អេភេសូរ ៤:១៣

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៣១]

គ្រីស្ទាន​ពេញ​វ័យ​នាំ​ឲ្យ​ក្រុម​ជំនុំ​មាន​ភាព​មាំ​មួន។ ពួក​គេ​មាន​អានុភាព​ល្អ​ទៅ​លើ​ទំនោរ​ទូទៅ​នៃ​ក្រុម​ជំនុំ។