លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យញ្ញបូជាដែលលើកសរសើរ ហើយផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា

យញ្ញបូជាដែលលើកសរសើរ ហើយផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា

យញ្ញ​បូជា​ដែល​លើក​សរសើរ ហើយ​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា

«[ចូរ]ថ្វាយ​រូប​កាយ​ទុក​ជា​យញ្ញ​បូជា​រស់​ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ»។—រ៉ូម ១២:១

១. តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ណា អំពី​តម្លៃ​ដែល​មាន​កំរិត​នៃ​យញ្ញ​បូជា​ក្រោម​ក្រិត្យ​វិន័យ​លោក​ម៉ូសេ​នោះ?

 «ដ្បិត​ឯ​ក្រិត្យ​វិន័យ ដែល​មាន​តែ​ស្រមោល ពី​សេចក្ដី​ល្អ​ដែល​ត្រូវ​មក មិន​មែន​ជា​តួ​រូប​របស់​សេចក្ដី​ទាំង​នោះ​ទេ នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​ចូល​មក​ថ្វាយ​យញ្ញ​បូជា​ដដែល​ៗ​រាល់​តែ​ឆ្នាំ​ជា​និច្ច បាន​គ្រប់​លក្ខណ៍​ឡើយ»។ (ហេព្រើរ ១០:១) នេះ​ជា​សេចក្ដី​ថ្លែង​ដ៏​ជាក់​លាក់​មួយ ដែល​សាវ័ក​ប៉ុល​បញ្ជាក់​ថា យញ្ញ​បូជា​ទាំង​អស់​ដែល​ថ្វាយ​នៅ​ក្រោម​ក្រិត្យ​វិន័យ​លោក​ម៉ូសេ ឥត​មាន​តម្លៃ​ជា​ស្ថាពរ​ទេ បើ​ស្តី​អំពី​សេចក្ដី​សង្គ្រោះ​របស់​មនុស្សជាតិ​នោះ។—កូល៉ុស ២:១៦, ១៧

២. ហេតុ​អ្វី​ក៏​មាន​ប្រយោជន៍​ពី​ការ​ខំ​ប្រឹង​ឲ្យ​យល់​នូវ​ពត៌មាន​ទាំង​អស់​ក្នុង​ព្រះ​គម្ពីរ អំពី​ដង្វាយ​និង​យញ្ញ​បូជា​ក្នុង​ក្រិត្យ​វិន័យ​នោះ?

តើ​នេះ​បាន​សេចក្ដី​ថា ពត៌មាន​ក្នុង​សៀវភៅ​ប្រាំ​ដំបូង​ក្នុង​ព្រះ​គម្ពីរ ស្តី​អំពី​ដង្វាយ​និង​យញ្ញ​បូជា ឥត​មាន​តម្លៃ​សោះ​ចំពោះ​ពួក​គ្រីស្ទាន​នៅ​សព្វ​ថ្ងៃ​នេះ​ឬ? តាម​ការ​ពិត ក្នុង​កំឡុង​តែ​មួយ​ឆ្នាំ​ជាង​បន្ដិច​ប៉ុណ្ណោះ បុគ្គល​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ ក្នុង​ក្រុម​ជំនុំ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទូទាំង​ពិភព​លោក បាន​អាន​សៀវភៅ​ប្រាំ​ដំបូង​ក្នុង​ព្រះ​គម្ពីរ​ក្នុង​ពេល​ថ្មី​ៗ​នេះ។ អ្នក​ខ្លះ​បាន​ខំ​ប្រឹង​អាន​និង​ឲ្យ​យល់​នូវ​ពត៌មាន​ដ៏​ល្អិត​ល្អន់​ទាំង​អស់។ តើ​ការ​ខំ​ប្រឹង​របស់​គេ​ឥត​បាន​ការ​ឬ? យ៉ាង​ប្រាកដ​ហើយ នេះ​មិន​អាច​ជា​ករណី​អ៊ីចឹង​ទេ ដ្បិត«អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​សង្ឃឹម ដោយ​សេចក្ដី​អត់​ធន់ នឹង​សេចក្ដី​កំសាន្ត​ចិត្ត ដោយ​សារ​គម្ពីរ»។ (រ៉ូម ១៥:៤) ដូច្នេះ​ហើយ សំនួរ​គឺ​ថា តើ‹ការ​បង្រៀន›និង‹ការ​សម្រាល​ទុក្ខ›អ្វី ដែល​យើង​អាច​ប្រមូល​ពី​បរិមាណ​ពត៌មាន​ក្នុង​ក្រិត្យ​វិន័យ ស្តី​អំពី​ដង្វាយ​និង​យញ្ញ​បូជា​នេះ?

សំរាប់​ការ​បង្រៀន​និង​ការ​សម្រាល​ទុក្ខ​ដល់​យើង

៣. តើ​សេចក្ដី​ត្រូវ​ការ​ដ៏​សំខាន់​អ្វី​ដែល​យើង​មាន?

ទោះ​ជា​ឥត​តម្រូវ​ឲ្យ​ថ្វាយ​យញ្ញ​បូជា​មែន​ទែន តាម​បែប​ដែល​តម្រូវ​ពី​ក្រិត្យ​វិន័យ​នោះ ក៏​យើង​នៅ​តែ​ត្រូវ​ការ​មួយ​កំរិត​នូវ​អ្វី​ដែល​យញ្ញ​បូជា​នោះ​បាន​ធ្វើ​ចំពោះ​ពួក​អ៊ីស្រាអែល​ដែរ នេះ​គឺ​មាន​ដូច​ជា ការ​ទទួល​ការ​អត់​ឱន​ទោស​ចំពោះ​បាប​របស់​យើង និង​ទទួល​នូវ​ព្រះ​គុណ​របស់​ព្រះ។ ដោយ​សារ​យើង​លែង​ថ្វាយ​យញ្ញ​បូជា​មែន​ទែន​ទៀត តើ​តាម​របៀប​ណា​ដែល​យើង​ទទួល​ពរ​បែប​នេះ? ក្រោយ​ពី​បាន​ចង្អុល​ប្រាប់​នូវ​កំរិត​នៃ​យញ្ញ​បូជា​សត្វ នោះ​សាវ័ក​ប៉ុល​ប្រកាស​ថា៖ «កាល​ទ្រង់[ព្រះ​យេស៊ូ]យាង​មក​ក្នុង​លោកីយ ទ្រង់​មាន​បន្ទូល​ថា៖ ‹ព្រះ​អង្គ​មិន​ចង់​បាន​យញ្ញ​បូជា នឹង​ដង្វាយ​ទេ តែ​ទ្រង់​បាន​រៀបចំ​រូប​កាយ​ឲ្យ​ទូល​បង្គំ​វិញ ទ្រង់​ក៏​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​ដង្វាយ​ដុត ឬ​នឹង​ដង្វាយ​លោះ​បាប​ដែរ បាន​ជា​ទូល​បង្គំ​ទូល​ថា មើល! ឱ​ព្រះ​អង្គ​អើយ! ទូល​បង្គំ​មក​នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់ (សេចក្ដី​នេះ​បាន​កត់​ទុក​ពី​ទូល​បង្គំ នៅ​ក្នុង​គម្ពីរ​ហើយ)›»។—ហេព្រើរ ១០:៥​-​៧

៤. តើ​យ៉ាង​ដូច​ម្ដេច​ដែល​ប៉ុល​បញ្ជាក់​ពី​ទំនាក់​ទំនង​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ទៅ​នឹង​ទំនុកដំកើង ៤០:៦​-​៨?

ក្នុង​ការ​ដក​ស្រង់​ចេញ​ពី​ទំនុកដំកើង ៤០:៦​-​៨ នោះ​ប៉ុល​ចង្អុល​ប្រាប់​ថា ព្រះ​យេស៊ូ​មិន​បាន​យាង​មក​ដើម្បី​ធ្វើ​ឲ្យ​មាន​ជា​បន្ត​នូវ«យញ្ញ​បូជា នឹង​ដង្វាយ» «ដង្វាយ​ដុត ឬ​នឹង​ដង្វាយ​លោះ​បាប» ដែល​ដង្វាយ​ទាំង​នេះ លុះ​ដល់​គ្រា​នៃ​ការ​សរសេរ​របស់​សាវ័ក​ប៉ុល ក៏​លែង​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​ទៀត​ហើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​បាន​យាង​មក​ដោយ​មាន​រូប​កាយ ដែល​បាន​រៀបចំ​ដោយ​ព្រះ​វរបិតា​របស់​ទ្រង់​នៅ​ស្ថាន​សួគ៌ ដែល​ជា​រូប​កាយ​ដែល​ស្មើ​ក្នុង​គ្រប់​ប្រការ​នឹង​រូប​កាយ ដែល​ព្រះ​បាន​រៀបចំ​ឡើង ពេល​ដែល​ទ្រង់​បាន​បង្កើត​អ័ដាម​នោះ។ (លោកុប្បត្តិ ២:៧; លូកា ១:៣៥; កូរិនថូស​ទី​១ ១៥:២២, ៤៥) ជា​បុត្រា​ដ៏​គ្រប់ល័ក្ខណ៍​របស់​ព្រះ នោះ​ព្រះ​យេស៊ូ​មាន​មុខ​នាទី​ជា«ពូជ»របស់​ស្ត្រី ដូច​បាន​ទាយ​ប្រាប់​មក​នៅ​លោកុប្បត្តិ ៣:១៥។ ទ្រង់​នឹង​ចាត់​វិធានការ​ដើម្បី‹កិន​ក្បាល​សាតាំង› ទោះ​បី​ព្រះ​យេស៊ូ​អង្គ​ទ្រង់​បាន‹គេ​ចឹក​កែង​ជើង›នោះ​ក៏​ដោយ។ តាម​របៀប​នេះ ព្រះ​យេស៊ូ​បាន​ទៅ​ជា​ខ្សែ​រយៈ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​មក ចំពោះ​សេចក្ដី​សង្គ្រោះ​មនុស្ស​លោក ហើយ​នេះ​ជា​អ្វី​ដែល​មនុស្ស​មាន​ជំនឿ​តាំង​ពី​សម័យ​របស់​អេបិល​មក បាន​ស្វែង​រក​នោះ។

៥, ៦. តើ​វិធី​ដ៏​ប្រសើរ​ជាង​ណា​នៃ​ការ​ទៅ​ឯ​ព្រះ ដែល​ពួក​គ្រីស្ទាន​មាន​នោះ?

ក្នុង​ការ​និយាយ​អំពី​មុខ​នាទី​ដ៏​សំខាន់​នេះ​របស់​ព្រះ​យេស៊ូ នោះ​ប៉ុល​មាន​ប្រសាសន៍​ថា៖ «ដ្បិត​ឯ​ព្រះ​អង្គ ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដោយ​នូវ​ព្រះ​អង្គ​នោះ​ឯង»។ (កូរិនថូស​ទី​២ ៥:២១) ឃ្លា​ដែល​ថា «បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប» ក៏​អាច​បក​ប្រែ‹ជា​ដង្វាយ​លោះ​បាប›។ សាវ័កយ៉ូហានមាន​ប្រសាសន៍​ថា៖ «ទ្រង់​ជា​ដង្វាយ​ធួន​នឹង​បាប​យើង​រាល់​គ្នា មិន​ត្រឹម​តែ​បាប​របស់​យើង​រាល់​គ្នា​តែ​ប៉ុណ្ណោះ គឺ​នឹង​បាប​របស់​លោកីយ​ទាំង​មូល​ដែរ»។ (យ៉ូហាន​ទី​១ ២:២) ដូច្នោះ​ហើយ កាល​ដែល​ពួក​អ៊ីស្រាអែល​មាន​ខ្សែ​រយៈ​ជា​បណ្ដោះ​អាសន្ន​នៃ​ការ​មក​ឯ​ព្រះ​តាម​រយៈ​យញ្ញ​បូជា​របស់​គេ នោះ​ពួក​គ្រីស្ទាន​មាន​មូលដ្ឋាន​ដ៏​ខ្ពស់​ជាង​ចំពោះ​ការ​មក​ឯ​ព្រះ នោះ​គឺ​តាម​រយៈ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ (យ៉ូហាន ១៤:៦; ពេត្រុស​ទី​១ ៣:១៨) ប្រសិន​បើ​យើង​អនុវត្ត​ជំនឿ​លើ​យញ្ញ​បូជា​លោះ ដែល​ព្រះ​បាន​ប្រទាន​មក ហើយ​ស្ដាប់​បង្គាប់​តាម​ទ្រង់ នោះ​ក៏​អាច​អត់​ឱន​ទោស​ឲ្យ​បាប​របស់​យើង​ដែរ និង​ទទួល​នូវ​ព្រះ​គុណ​និង​ប្រសិទ្ធិពរ​របស់​ព្រះ។ (យ៉ូហាន ៣:១៧, ១៨) តើ​សេចក្ដី​នេះ​ជា​ដើម​ហេតុ​សម្រាល​ទុក្ខ​មែន​ទេ? ក៏​ប៉ុន្តែ តើ​តាម​របៀប​ណា​ដែល​យើង​អាច​សម្ដែង​ថា យើង​មាន​ជំនឿ​លើ​យញ្ញ​បូជា​លោះ​នោះ?

ក្រោយ​ពី​ពន្យល់​ថា​ពួក​គ្រីស្ទាន​មាន​មូលដ្ឋាន​ដ៏​ប្រសើរ​ជាង​ចំពោះ​ការ​ទៅ​ឯ​ព្រះ នោះ​សាវ័ក​ប៉ុល​ក៏​ពន្យល់​នូវ​វិធី​បី​យ៉ាង ដែល​យើង​អាច​សម្ដែង​ជំនឿ​និង​ការ​អបអរ​របស់​យើង ចំពោះ​សំ​វិធានការ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដូច​ជា​យើង​អាន​នៅ​ឯ​ហេព្រើរ ១០:២២​-​២៥។ ទោះ​ជា​សេចក្ដី​ដាស់​តឿន​របស់​ប៉ុល​ភាគ​ច្រើន​បាន​សំដៅ​ចំពោះ​អស់​អ្នក​ដែល​មាន​ការ«ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ» ដែល​ជា​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង ដែល​មាន​ចំណែក​ក្នុង​ការងារ​ស្ថាន​សួគ៌​ក៏​ដោយ នោះ​យ៉ាង​ប្រាកដ​ណាស់ ដែល​មនុស្ស​ទាំង​អស់​ត្រូវ​ប្រុង​ស្មារតី​នឹង​ពាក្យ​របស់​ប៉ុល ប្រសិន​បើ​គេ​ចង់​ទទួល​ប្រយោជន៍​ពី​យញ្ញ​បូជា​ធួន​បាប​របស់​ព្រះ​យេស៊ូ។—ហេព្រើរ ១០:១៩

ថ្វាយ​យញ្ញ​បូជា​ដែល​ស្អាត​ស្អំ​និង​ឥត​សៅហ្មង

៧. (ក) តើ​តាម​របៀប​ណា​ដែល​ហេព្រើរ ១០:២២ សម្ដែង​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​បាន​សម្រេច​ចំពោះ​យញ្ញ​បូជា​មួយ​នោះ? (ខ) តើ​ត្រូវ​តែ​ធ្វើ​អ្វី​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា យញ្ញ​បូជា​មួយ​គឺ​បាន​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ?

ទី​មួយ ប៉ុល​ដាស់​តឿន​ពួក​គ្រីស្ទាន​ថា៖ «នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត​ទាំង​មាន​ចិត្ត​ស្មោះ​ត្រង់ នឹង​ចិត្ត​ដឹង​ពិត​ប្រាកដ ហើយ​សេចក្ដី​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​ប្រោះ​ញែក​ជា​ស្អាត​រួច​ពី​បញ្ញា​ចិត្ត​ដែល​សៅហ្មង​ផង ហើយ​បាន​លាង​រូប​កាយ​នឹង​ទឹក​ដ៏​ស្អាត​ដែរ»។ (ហេព្រើរ ១០:២២) ពាក្យ​ដែល​បាន​ប្រើ​នៅ​ទី​នេះ បាន​សម្ដែង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​បាន​សម្រេច​ចំពោះ​យញ្ញ​បូជា​ធម្មតា ដែល​មាន​ក្រោមក្រិត្យ​វិន័យ​នេះ។ នេះ​គឺ​សម​ហេតុ​ផល ពីព្រោះ​ដើម្បី​ឲ្យ​យញ្ញ​បូជា​មួយ​បាន​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ នោះ​គឺ​ត្រូវ​តែ​ថ្វាយ​ឡើង​ដោយ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ ហើយ​ត្រូវ​តែ​ជា​អ្វី​មួយ​ដែល​ស្អាត​ស្អំ​និង​ឥត​ស្មោក​គ្រោក។ សត្វ​ដែល​ធ្វើ​ជា​យញ្ញ​បូជា​បាន​យក​ចេញ​ពី​ហ្វូង ដែល​ជា​ពពួក​សត្វ​ស្អាត ហើយ«ឥត​ខ្ចោះ» ដែល​ឥត​មាន​ភាព​ពិការ​ឡើយ។ ប្រសិន​បើ​យញ្ញ​បូជា​យក​មក​ពី​សត្វ​ស្លាប នោះ​ត្រូវ​យក​លលក​ឬ​ក៏​ជា​ព្រាប​ជំទើរ។ ប្រសិន​បើ​បាន​បំពេញ​តាម​ល័ក្ខខ័ណ្ឌ​ទាំង​នោះ «ទ្រង់​នឹង​ទទួល​ដង្វាយ​នោះ​ស្នង​គេ ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន​គេ»។ (លេវីវិន័យ ១:២​-​៤, ១០, ១៤; ២២:១៩​-​២៥) ដង្វាយ​ម្សៅ​ឥត​មាន​មេ​ដំបែ​ទេ ដែល​ជា​និមិត្តរូប​នៃ​ការ​ពុក​រលួយ ហើយ​ក៏​ឥត​មាន​ទឹក​ឃ្មុំ​ដែរ ប្រហែល​ជា​សំដៅ​នឹង​ទឹក​ស៊ីរ៉ូប៍ ដែល​មាន​ការ​ទោរ​ទន់​ធ្វើ​ឲ្យ​ដុះ​ផ្សិត។ នៅ​ពេល​ដែល​យញ្ញ​បូជា មិន​ថា​ជា​សត្វ​ឬ​ម្សៅ​បាន​ថ្វាយ​លើ​អាសនៈ នោះ​អំបិល ដែល​បង្ការ​កុំ​ឲ្យ​ខូច​បាន​ត្រូវ​ដាក់​ថែម។—លេវីវិន័យ ២:១១​-​១៣

៨. (ក) តើ​អ្វី​ដែល​បាន​តម្រូវ​ពី​បុគ្គល​ដែល​ឲ្យ​ដង្វាយ​នោះ? (ខ) តើ​យើង​អាច​ធ្វើ​ឲ្យ​ប្រាកដ​យ៉ាង​ណា​បាន ថា​ការ​ថ្វាយ​បង្គំ​របស់​យើង​គឺ​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា?

ចុះ​យ៉ាង​ណា​វិញ ចំពោះ​បុគ្គល​ដែល​ឲ្យ​ដង្វាយ​នោះ? ក្រិត្យ​វិន័យ​បាន​ចែង​ថា បុគ្គល​ណា​ម្នាក់​ដែល​មក​ឯ​ព្រះ​យេហូវ៉ា ត្រូវ​តែ​ស្អាត​ស្អំ​និង​ឥត​សៅហ្មង។ បុគ្គល​ណា​ម្នាក់​ដែល​បាន​ទៅ​ជា​សៅហ្មង​ចំពោះ​ហេតុ​ណា​មួយ នោះ​មុន​ដំបូង​ត្រូវ​តែ​ថ្វាយ​ដង្វាយ​លាង​បាប​ឬ​ដង្វាយ​ដោយ​ព្រោះ​ការ​រំលង ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​ជំហរ​ដ៏​ស្អាត​ស្អំ​ចំពោះ​ព្រះ​យេហូវ៉ា ឬ​ដើម្បី​ឲ្យ​ដង្វាយ​ដុត​ឬ​ក៏​យញ្ញ​បូជា​ខាង​ដង្វាយ​មេត្រី អាច​ផ្គាប់​ព្រះ​ហឫទ័យ​ដល់​ទ្រង់។ (លេវីវិន័យ ៥:១​-​៦, ១៥,១៧) ដូច្នេះ តើ​យើង​អបអរ​នូវ​សារៈ​សំខាន់​នៃ​ការ​រក្សា​ឲ្យ​មាន​ជំហរ​ដ៏​ស្អាត​ស្អំ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​និច្ច​ឬ​ទេ? ប្រសិន​បើ​យើង​ចង់​ឲ្យ​ការ​ថ្វាយ​បង្គំ​របស់​យើង​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ នោះ​យើង​ត្រូវ​តែ​កែ​តម្រូវ​ឲ្យ​បាន​ឆាប់​នូវ​ការ​បំពាន​ណា​មួយ​លើ​ក្រិត្យ​វិន័យ​របស់​ព្រះ។ យើង​គួរ​រហ័ស​នឹង​យក​នូវ​ខ្សែ​រយៈ​ជំនួយ​ដែល​ព្រះ​បាន​ប្រទាន​មក​នេះ គឺ​ជា«ពួក​ចាស់​ទុំ​ក្នុង​ពួក​ជំនុំ» និង«ដង្វាយ​ធួន​នឹង​បាប​យើង​រាល់​គ្នា» ដែល​ជា​ព្រះ​យេស៊ូ​គ្រីស្ទ។—យ៉ាកុប ៥:១៤; យ៉ូហាន​ទី​១ ២:១, ២

៩. តើ​អ្វី​ជា​ការ​ខុស​ប្លែក​ដ៏​សំខាន់​រវាង​យញ្ញ​បូជា​ដែល​ថ្វាយ​ជូន​ព្រះ​យេហូវ៉ា និង​យញ្ញ​បូជា​ដែល​ថ្វាយ​ជូន​ព្រះ​មិន​ពិត​នោះ?

ភាព​ខុស​គ្នា​ដ៏​សំខាន់​រវាង​ដង្វាយ​ដែល​បាន​ត្រូវ​ថ្វាយ​ដល់​ព្រះ​យេហូវ៉ា និង​ដង្វាយ​ដែល​បាន​ថ្វាយ​ជូន​ព្រះ​មិន​ពិត​ដោយ​មនុស្ស​នៃ​សាសន៍​ដែល​នៅ​ជុំ​វិញ​សាសន៍​អ៊ីស្រាអែល នោះ​គឺ​ជា​ការ​ប្រកាន់​ថា​ត្រូវ​រក្សា​ឲ្យ​ឥត​សៅហ្មង​ជា​ដាច់​ខាត។ ក្នុង​ការ​ពន្យល់​នូវ​លក្ខណៈ​ប្លែក​ពី​យញ្ញ​បូជា​នៅ​ក្រិត្យ​វិន័យ​លោក​ម៉ូសេ នោះ​ឯកសារ​យោង​មួយ​សង្កេត​ឃើញ​ថា៖ «យើង​អាច​កត់​សម្គាល់​ថា ឥតមាន​ការ​ទាក់​ទង​នឹង​ការ​ទស្សន៍​ទាយ ឬ​ក៏​ប្រផ្នូល ឥត​មាន​ភាព​វី​វក់​ខាង​សាសនា ការ​ធ្វើ​ទុក្ខ​ទោស​រូប​កាយ​ខ្លួន​ឯង ឬ​ក៏​ស្ត្រី​ពេស្យា​ដ៏​ពិសិដ្ឋ។ ហើយ​បាន​ត្រូវ​ហាមឃាត់​ជា​ដាច់​ខាត​ចំពោះ​ក្បួន​រីតិ៍​ដែល​ធ្វើ​ឲ្យ​ស្រេក​ឃ្លាន​ខាង​កាម​និង​ការ​សេព​មេថុន​ហួស​ហេតុ។ ឥត​មាន​យក​មនុស្ស​មក​ធ្វើ​ជា​យញ្ញ​បូជា​ទេ។ ហើយ​ក៏​ឥត​មាន​ថ្វាយ​យញ្ញ​បូជា​ចំពោះ​មនុស្ស​ស្លាប់​ឡើយ»។ រឿង​ទាំង​នេះ​ទាញ​អារម្មណ៍​ដល់​ហេតុ​ការណ៍​ពិត​តែ​មួយ គឺ​ថា៖ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​បរិសុទ្ធ ហើយ​ទ្រង់​មិន​បណ្ដោយ​ឲ្យ​មាន​ឬ​យល់​ព្រម​នឹង​អំពើ​បាប​ឬ​ការ​ពុក​រលួយ​ណា​មួយ​នោះ​ឡើយ។ (ហាបាគុក ១:១៣) ការ​ថ្វាយ​បង្គំ​និង​យញ្ញ​បូជា​ដែល​បាន​ថ្វាយ​ជូន​ទ្រង់ ត្រូវ​តែ​ឲ្យ​បាន​ស្អាត​ស្អំ​និង​ឥត​សៅហ្មង​ខាង​រាង​កាយ ខាង​ចិត្ត និង​ខាង​វិញ្ញាណ។—លេវីវិន័យ ១៩:២; ពេត្រុស​ទី​១ ១:១៤​-​១៦

១០. ដោយ​ស្រប​នឹង​សេចក្ដី​ដាស់​តឿន​របស់​ប៉ុល ដែល​បាន​កត់​ទុក​នៅ​រ៉ូម ១២:១, ២ តើ​ការ​ពិនិត្យ​ពិច័យ​ផ្ទាល់​ខ្លួន​អ្វី​ដែល​យើង​ត្រូវ​តែ​ធ្វើ​នោះ?

១០ ដោយ​ដឹង​អំពី​រឿង​នេះ យើង​គួរ​តែ​ពិនិត្យ​ពិច័យ​ខ្លួន​ក្នុង​គ្រប់​ប្រការ​នៃ​ជីវិត ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​កិច្ច​បំរើ​របស់​យើង​ជូន​ព្រះ​យេហូវ៉ា ជា​ការ​គាប់​ព្រះ​ហឫទ័យ​ដល់​ទ្រង់។ យើង​មិន​គួរ​គិត​ថា ឲ្យ​តែ​យើង​មាន​ចំណែក​ខ្លះ​ៗ​ក្នុង​កិច្ច​ប្រជុំ​គ្រីស្ទាន​និង​ក្នុង​កិច្ច​បំរើ នោះ​មិន​ជា​បញ្ហា​ទេ​នឹង​អ្វី​ដែល​យើង​នឹង​ធ្វើ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​នោះ។ យើង​ក៏​មិន​គួរ​មាន​អារម្មណ៍​ថា ការ​ចូល​រួម​ក្នុង​សកម្មភាព​គ្រីស្ទាន អាច​រំដោះ​ឲ្យ​យើង​រួច​ពី​តម្រូវ​ការ​នៃ​ការ​ធ្វើ​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ​ក្នុង​ផ្នែក​ផ្សេង​ៗ​ក្នុង​ជីវិត​របស់​យើង​នោះ។ (រ៉ូម ២:២១, ២២) យើង​មិន​អាច​សង្ឃឹម​នឹង​បាន​ប្រសិទ្ធិពរ​និង​ព្រះ​គុណ​ពី​ព្រះ​ទេ បើ​យើង​អនុញ្ញាត​អ្វី​មួយ​ដែល​ឥត​ស្អាត​ស្អំ​ឬ​ស្មោក​គ្រោក​នឹង​ព្រះ​នេត្រ​ទ្រង់ មក​ធ្វើ​ឲ្យ​ខូច​ដល់​គំនិត​ឬ​ក៏​សកម្មភាព​របស់​យើង​នោះ។ ចូរ​នឹក​ចាំ​នូវ​ពាក្យ​របស់​ប៉ុល​ដែល​ថា៖ «បង​ប្អូន​អើយ! ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​មេត្ដា​ករុណា​នៃ​ព្រះ ឲ្យ​បាន​ថ្វាយ​រូប​កាយ​ទុក​ជា​យញ្ញ​បូជា​រស់ ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ ជា​ការ​គោរព​នៃ​អ្នក​រាល់​គ្នា ដែល​មាន​ទំនង កុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង ដើម្បី​នឹង​អាច​ល​មើល​ឲ្យ​បាន​ស្គាល់​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង»។—រ៉ូម ១២:១, ២

ចូរ​ថ្វាយ​យញ្ញ​បូជា​ដែល​លើក​សរសើរ​យ៉ាង​អស់​ពី​ចិត្ត

១១. តើ​អ្វី​ដែល​បាន​រួម​បញ្ចូល​នឹង​ឃ្លា​ដែល​ថា«សេចក្ដី​បន្ទាល់» ដែល​បាន​រៀប​រាប់​មក​នៅ​ហេព្រើរ ១០:២៣?

១១ ក្នុង​ការ​សរសេរ​ទៅ​ពួកហេព្រើរ នោះ​បន្ទាប់​មក ប៉ុល​បាន​សំដៅ​ការ​ប្រុង​ស្មារតី​ទៅ​នឹង​លក្ខណៈ​ដ៏​សំខាន់​មួយ​នៃ​ការ​ថ្វាយ​បង្គំ​ពិត​ដែល​ថា៖ «ត្រូវ​ឲ្យ​យើង​រាល់​គ្នា​កាន់​ខ្ជាប់ តាម​សេចក្ដី​បន្ទាល់​របស់​សេចក្ដី​សង្ឃឹម​នោះ ឥត​រវើ​រវាយ ដ្បិត​ព្រះ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះ​ត្រង់»។ (ហេព្រើរ ១០:២៣) ឃ្លា​ដែល​ថា«សេចក្ដី​បន្ទាល់» នោះ​ន័យ​ចំ​ៗ​គឺ«ការ​សារភាព» ហើយ​ប៉ុល​ក៏​និយាយ​អំពី«ថ្វាយ​ពាក្យ​សរសើរ»។ (ហេព្រើរ ១៣:១៥) នេះ​រំឭក​យើង​នូវ​យញ្ញ​បូជា​បែប​ដែល​ពួក​បុរស​ដូច​ជា​អេបិល ណូអេ និង​អ័ប្រាហាំ​បាន​ថ្វាយ​នោះ។

១២, ១៣. តើ​អ្វី​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ទទួល​ស្គាល់ ពេល​ដែល​គាត់​បាន​ថ្វាយ​ដង្វាយ​ដុត​នោះ ហើយ​តើ​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​សម្ដែង​នូវ​គតិ​ដូច​នេះ?

១២ នៅ​ពេល​ដែល​ជន​អ៊ីស្រាអែល​ម្នាក់​បាន​ថ្វាយ​ដង្វាយ​ដុត នោះ​គឺ​បាន​ធ្វើ​ឡើង«ឲ្យ​បាន​ជា​ទី​គាប់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា»។ (លេវីវិន័យ ១:៣) តាម​រយៈ​យញ្ញ​បូជា​បែប​នេះ គាត់​បាន​ធ្វើ​សេចក្ដី​បន្ទាល់​ជា​សាធារណៈ​ឬ​ក៏​ការ​ទទួល​ស្គាល់​ដោយ​ស្ម័គ្រ​ពី​ចិត្ត អំពី​ប្រសិទ្ធិពរ​ដ៏សំបូរ​ហូរ​ហៀរ និង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា​ដល់​រាស្ត្រ​ទ្រង់។ ចូរ​នឹក​ចាំ​ថា លក្ខណៈ​ដ៏​ប្លែក​នៃ​ដង្វាយ​ដុត គឺ​ថា​ដង្វាយ​ទាំង​មូល​បាន​ដុត​លើ​អាសនៈ ដែល​ជា​និមិត្តរូប​ដ៏​សម​ហេតុ​ផល​នៃ​ភក្ដី​ភាព​និង​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​ទាំង​ស្រុង។ ដូច​គ្នា​ដែរ យើង​សម្ដែង​ជំនឿ​របស់​យើង​លើ​យញ្ញ​បូជា​លោះ និង​អំណរ​គុណ​របស់​យើង​លើ​សំ​វិធានការ​នោះ ពេល​ដែល​យើង​សុខ​ចិត្ត​ហើយ​ដោយ​អស់​ពី​ចិត្ត ថ្វាយ«ពាក្យ​សរសើរ . . . ទុក​ជា​គ្រឿង​បូជា . . . គឺ​ជា​ផល​នៃ​បបូរ​មាត់»ដល់​ព្រះ​យេហូវ៉ា។

១៣ កាល​ដែល​ពួក​គ្រីស្ទាន​ឥត​ថ្វាយ​យញ្ញ​បូជា​មែន​ទែន ដែល​ជា​សត្វ​ឬ​ក៏​បន្លែ ក៏​ពួក​គេ​មាន​ភារកិច្ច​ដើម្បី​ធ្វើ​បន្ទាល់​អំពី​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ ហើយ​ដើម្បី​ធ្វើ​ឲ្យ​មាន​សិស្ស​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) តើ​អ្នក​ឆ្លៀត​យក​ប្រយោជន៍​នូវ​ឱកាស​ដើម្បី​ចែក​ប្រកាស​ប្រាប់​ជា​សាធារណៈ​នូវ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ ដើម្បី​ឲ្យ​មនុស្ស​ជា​ច្រើន​ទៀត​ដឹង​នូវ​របស់​ដ៏​អស្ចារ្យ ដែល​ព្រះ​មាន​សំរាប់​មនុស្សជាតិ​ដែល​ស្ដាប់​បង្គាប់​នោះ​ឬ​ទេ? តើ​អ្នក​សុខ​ចិត្ត​ចំណាយ​ពេល​និង​កម្លាំង​របស់​អ្នក ក្នុង​ការ​បង្រៀន​មនុស្ស​ដែល​ចាប់​អារម្មណ៍ ហើយ​ជួយ​គេ​ឲ្យ​បាន​ទៅ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​នោះ​ទេ? ការ​ចូល​រួម​ដ៏​ខ្នះ​ខ្នែង​របស់​យើង​ក្នុង​កិច្ច​បំរើ ដែល​ដូច​ក្លិន​ក្រអូប​នៃ​ដង្វាយ​ដុត នោះ​គឺ​ជា​ទី​គាប់​ព្រះ​ហឫទ័យ​យ៉ាង​ខ្លាំង​ដល់​ព្រះ។—កូរិនថូស​ទី​១ ១៥:៥៨

អរ​សប្បាយ​នឹង​មិត្តភាព​ជា​មួយ​ព្រះ​និង​ជា​មួយ​មនុស្ស

១៤. តើ​ពាក្យ​របស់​ប៉ុល​នៅ​ហេព្រើរ ១០:២៤, ២៥ ទាក់​ទង​នឹង​គតិ​នៃ​យញ្ញ​បូជា​ខាង​ដង្វាយ​មេត្រី​យ៉ាង​ដូច​ម្ដេច?

១៤ នៅ​ទី​បំផុត ប៉ុល​ផ្ដោត​អារម្មណ៍​ទៅ​នឹង​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ពួក​គ្រីស្ទាន​គ្នី​គ្នា កាល​ដែល​យើង​ថ្វាយ​បង្គំ​ព្រះ។ «ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ​ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ»។ (ហេព្រើរ ១០:២៤, ២៥) ឃ្លា​ដែល​ថា«ដើម្បី​នឹង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង» ឲ្យ«ប្រជុំ​គ្នា» និង«ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ» ទាំង​នេះ​រំឭក​យើង​នូវ​អ្វី​ដែល​យញ្ញ​បូជា​ខាង​ដង្វាយ​មេត្រី​ដែល​សំរាប់​រាស្ត្រ​របស់​ព្រះ​គឺ​ពួក​អ៊ីស្រាអែល​បាន​ធ្វើ។

១៥. តើ​ការ​ស្រប​គ្នា​អ្វី​ដែល​យើង​ឃើញ​រវាង​យញ្ញ​បូជា​ខាង​ដង្វាយ​មេត្រី និង​កិច្ច​ប្រជុំ​គ្រីស្ទាន?

១៥ ឃ្លា​ថា«យញ្ញ​បូជា​ខាង​ដង្វាយ​មេត្រី» ជួន​កាល​បាន​ប្រែ​ជា«ដង្វាយ​ខាង​សន្ដិភាព»។ ពាក្យ​ភាសាហេព្រើរចំពោះ«សន្ដិភាព»នៅ​ទី​នេះ មាន​សភាព​ជា​ពហុ​វចនៈ​ដែល​ប្រហែល​ជា​ចង្អុល​ប្រាប់​ថា ការ​ចូល​រួម​ក្នុង​យញ្ញ​បូជា​បែប​នេះ នាំ​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​ព្រះ​និង​ជា​មួយ​ពួក​អ្នក​ថ្វាយ​បង្គំ​គ្នី​គ្នា។ ស្តី​អំពី​យញ្ញ​បូជា​ខាង​ដង្វាយ​មេត្រី នោះ​វិជ្ជាករ​ម្នាក់​សង្កេត​ឃើញ​ថា៖ «ប្រាកដ​ហើយ នេះ​ជា​ពេល​នៃ​ការ​រាប់​រក​គ្នា​ដ៏​សប្បាយ ជា​មួយ​នឹង​ព្រះ​នៃ​កិច្ច​ព្រម​ព្រៀង ដែល​ទ្រង់​បាន​ព្រម​ចុះ​មក​ដើម្បី​ទៅ​ជា​ភ្ញៀវ​របស់​សាសន៍​អ៊ីស្រាអែល នៅ​ឯ​អាហារ​ដ៏​ជា​យញ្ញ​បូជា ទោះ​បី​ទ្រង់​តាម​ពិត​ជា​អ្នក​ទទួល​ភ្ញៀវ​ក៏​ដោយ»។ នេះ​រំឭក​យើង​នូវ​សេចក្ដី​សន្យា​របស់​ព្រះ​យេស៊ូ​ដែល​ថា៖ «ដ្បិត​កន្លែង​ណា​ដែល​មាន​២​ឬ​៣​នាក់ ប្រជុំ​ជា​មួយ​គ្នា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​កណ្ដាល​ចំណោម​អ្នក​ទាំង​នោះ​ដែរ»។ (ម៉ាថាយ ១៨:២០) គ្រប់​ពេល​វេលា​ដែល​យើង​ទៅ​កិច្ច​ប្រជុំ​គ្រីស្ទាន នោះ​យើង​ទទួល​ប្រយោជន៍​ពី​ការ​សេព​គប់​ដ៏​ស្អាង​ចិត្ត ពី​ការ​បង្ហាត់​បង្រៀន​ដែល​លើក​ទឹក​ចិត្ត និង​ពី​គំនិត​ដែល​ថា ព្រះ​យេស៊ូ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់​របស់​យើង គឺ​មាន​វត្តមាន​ជា​មួយ​នឹង​យើង។ នេះ​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​គ្រីស្ទាន​ជា​ពេល​ដ៏​អរ​សប្បាយ​និង​ដែល​ពង្រឹង​ជំនឿ​ទៀត​ផង។

១៦. ដោយ​នឹក​ចាំ​ពី​យញ្ញ​បូជា​ខាង​ដង្វាយ​មេត្រី តើ​អ្វី​ដែល​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​គ្រីស្ទាន​ជា​ការ​អរ​សប្បាយ​ជា​ទី​បំផុត​នោះ?

១៦ នៅ​ក្នុង​យញ្ញ​បូជា​ខាង​ដង្វាយ​មេត្រី នោះ​ខ្លាញ់​ទាំង​អស់ ដែល​នៅ​ជុំ​ជិត​ពោះ​វៀន តំរង​នោម ខ្នែង​ស្រទាប់​នៅ​លើ​ថ្លើម និង​ចង្កេះ ព្រម​ទាំង​កន្ទុយ​ចៀម​ដែល​មាន​ខ្លាញ់ បាន​ថ្វាយ​ជូន​ព្រះ​យេហូវ៉ា​ដោយ​ដុត ធ្វើ​ឲ្យ​ទៅ​ជា​ផ្សែង​នៅ​លើ​អាសនៈ។ (លេវីវិន័យ ៣:៣​-​១៦) ខ្លាញ់​បាន​ចាត់​ទុក​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ធំ​ធាត់​និង​ល្អ​បំផុត​នៃ​សត្វ​មួយ។ ការ​ថ្វាយ​វា​នៅ​លើ​អាសនៈ តំណាង​នូវ​ការ​ឲ្យ​អ្វី​ដ៏​ល្អ​បំផុត​ជូន​ព្រះ​យេហូវ៉ា។ អ្វី​ដែល​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​គ្រីស្ទាន​ទៅ​ជា​មាន​ភាព​រីករាយ នោះ​គឺ​ថា​យើង​មិន​គ្រាន់​តែ​ទទួល​ការ​បង្ហាត់​បង្រៀន ក៏​ប៉ុន្តែ​យើង​ក៏​ថ្វាយ​ពាក្យ​សរសើរ​ដល់​ព្រះ​យេហូវ៉ា​ដែរ។ យើង​អាច​ធ្វើ​ដូច្នេះ​ដោយ​ការ​ចូល​រួម តាម​រយៈ​ការ​ខំ​ប្រឹង​ដ៏​រាប​ទាប​របស់​យើង ក្នុង​ការ​ច្រៀង​អស់​ពី​ចិត្ត ស្ដាប់​តាម​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​លើក​ដៃ​ឆ្លើយ​ពេល​ធ្វើ​ទៅ​បាន។ អ្នក​តែងបទ​ទំនុកដំកើងបាន​លាន់​មាត់​ថា៖ «ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា ចូរ​ច្រៀងបទ១​ថ្មី​ថ្វាយ​ព្រះ​យេហូវ៉ា ព្រម​ទាំង​សេចក្ដី​សរសើរ​ពី​ទ្រង់ នៅ​ក្នុង​ជំនុំ​នៃ​ពួក​អ្នក​បរិសុទ្ធ​ផង»។—ទំនុកដំកើង ១៤៩:១

ប្រសិទ្ធិពរ​ដ៏​បរិបូរ​ពី​ព្រះ​យេហូវ៉ា​នៅ​ខាង​មុខ​យើង

១៧, ១៨. (ក) តើ​ស្តេច​សាឡូម៉ូន​បាន​ធ្វើ​យញ្ញ​បូជា​ដ៏​ធំ​ណា នៅ​ឯ​ពិធី​សម្ពោធន៍​ព្រះ​វិហារ​នៅ​ក្នុង​ក្រុង​យេរូសាឡិម? (ខ) តើ​ប្រសិទ្ធិពរ​អ្វី​ដែល​មាន​សំរាប់​ប្រជារាស្ត្រ ដោយ​សារ​ពិធី​បុណ្យ​នៅ​ឯ​ពិធី​សម្ពោធន៍​ព្រះ​វិហារ​នោះ?

១៧ នៅ​ឯ​ពិធី​សម្ពោធន៍​នៃ​ព្រះ​វិហារ​នៅ​ក្នុង​ក្រុង​យេរូសាឡិម នៅ​ខែ​ទី​ប្រាំ​ពីរ​នៃ​ឆ្នាំ​១០២៦ ម.​ស.យ. នោះ​ស្តេច​សាឡូម៉ូន​បាន​ថ្វាយ«យញ្ញ​បូជា នៅ​ចំពោះ​ព្រះ​យេហូវ៉ា» ដែល​មាន«ដង្វាយ​ដុត នឹង​ដង្វាយ​ម្សៅ ហើយ​ខ្លាញ់​នៃ​ដង្វាយ​មេត្រី»។ បន្ថែម​នឹង​អ្វី​ដែល​បាន​ថ្វាយ​ក្នុង​ដង្វាយ​ម្សៅ នោះ​សរុប​មាន​គោ​២២.០០០​ក្បាល និង​ចៀម​១២០.០០០​ក្បាល បាន​ត្រូវ​យក​មក​ធ្វើ​ជា​យញ្ញ​បូជា​នៅ​គ្រា​នោះ។—ពង្សាវតារ​ក្សត្រ​ទី​១ ៨:៦២​-​៦៥

១៨ តើ​អ្នក​អាច​គិត​នូវ​សោហ៊ុយ​និង​ចំនួនកិច្ច​ការធ្វើ​ក្នុង​បុណ្យ​ដ៏​ធំ​បែប​ហ្នឹង​ឬ​ទេ? ក៏​ប៉ុន្តែ ប្រសិទ្ធិពរ​ដែល​អ៊ីស្រាអែល​បាន​ទទួល​ប្រាកដ​ជា​មាន​ច្រើន​ជាង​តម្លៃ​នោះ​ទៅ​ទៀត។ នៅ​ទី​បញ្ចប់​នៃ​ពិធី​បុណ្យ នោះ​ស្តេច​សាឡូម៉ូន«ឲ្យ​ពួក​រាស្ត្រ​ត្រឡប់​ទៅ​វិញ គេ​ក៏​ថ្វាយ​ពរ​ដល់​ស្តេច រួច​វិល​ទៅ​ឯ​ទី​លំនៅ​របស់​គេ​វិញ ដោយ​មាន​ចិត្ត​សប្បាយ ហើយ​ត្រេក​អរ​ចំពោះ​អស់​ទាំង​សេចក្ដី​សប្បុរស ដែល​ព្រះ​យេហូវ៉ា​បាន​ប្រោស​ដល់​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់ ហើយ​ដល់​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ទ្រង់​ដែរ»។ (ពង្សាវតារ​ក្សត្រ​ទី​១ ៨:៦៦) ប្រាកដ​ហើយ ដូច​ជា​សាឡូម៉ូន​មាន​បន្ទូល​មក«អំណោយ​ពរ​នៃ​ព្រះ​យេហូវ៉ា នោះ​ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ទ្រង់​មិន​បន្ថែម​សេចក្ដី​ទុក្ខ​ព្រួយ​ផង​ទេ»។—សុភាសិត ១០:២២

១៩. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ទទួល​នូវ​ប្រសិទ្ធិពរ​ដ៏​ធំ ពី​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​នេះ​និង​ជា​រៀង​រហូត​ទៅ​នោះ?

១៩ យើង​កំពុង​តែ​រស់​នៅ​ក្នុង​កំឡុង​ពេល«ស្រមោល ពី​សេចក្ដី​ល្អ​ដែល​ត្រូវ​មក» បាន​ត្រូវ​យក​ជំនួស​ដោយ«តួ​រូប​របស់​សេចក្ដី​ទាំង​នោះ»។ (ហេព្រើរ ១០:១) ព្រះ​យេស៊ូ​គ្រីស្ទ ដែល​មាន​មុខ​នាទី​ជា​សម្ដេច​សង្ឃ​ពី​គំរូ​ដើម បាន​យាង​ចូល​ទៅ​ក្នុង​ស្ថាន​សួគ៌​ហើយ​ៗ​បាន​ប្រគល់​នូវ​តម្លៃ​នៃ​លោហិត​របស់​ទ្រង់ ដើម្បី​លោះ​បាប​អស់​អ្នក​ដែល​អនុវត្ត​ជំនឿ​លើ​យញ្ញ​បូជា​របស់​ទ្រង់។ (ហេព្រើរ ៩:១០, ១១, ២៤​-​២៦) ដោយ​មាន​មូលដ្ឋាន​លើ​យញ្ញ​បូជា​ដ៏​ធំ​នេះ និង​ដោយ​ថ្វាយ​យញ្ញ​បូជា​ដែល​លើក​សរសើរ​យ៉ាង​អស់​ពី​ចិត្ត​ជូន​ព្រះ ដែល​ស្អាត​ស្អំ​និង​ឥត​ស្មោក​គ្រោក នោះ​យើង​ក៏​អាច​ដើរ​ទៅ​មុខ​ដោយ«មាន​ចិត្ត​សប្បាយ ហើយ​ត្រេក​អរ» ដោយ​ទន្ទឹង​ចាំ​យ៉ាង​រំភើប​ចិត្ត​នូវ​ប្រសិទ្ធិពរ​យ៉ាង​ហូរ​ហៀរ​ពី​ព្រះ​យេហូវ៉ា។—ម៉ាឡាគី ៣:១០

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​ការ​បង្ហាត់​បង្រៀន​និង​ការ​សម្រាល​ទុក្ខ​អ្វី ដែល​យើង​អាច​យក​ពី​ពត៌មាន​ក្នុង​ក្រិត្យ​វិន័យ ស្តី​អំពី​យញ្ញ​បូជា​និង​ដង្វាយ​នោះ?

តើ​អ្វី​ជា​សេចក្ដី​តម្រូវ​ទី​មួយ​ដើម្បី​ឲ្យ​យញ្ញ​បូជា​មួយ​បាន​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ ហើយ​តើ​នេះ​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​យើង?

តើ​អ្វី​ដែល​យើង​អាច​ថ្វាយ ដើម្បី​ប្រៀប​ស្មើ​នឹង​ដង្វាយ​ដុត​ដែល​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត​នោះ?

តើ​តាម​របៀប​ណា​ដែល​កិច្ច​ប្រជុំ​គ្រីស្ទាន​អាច​ប្រៀប​ស្មើ​នឹង​យញ្ញ​បូជា​ខាង​ដង្វាយ​មេត្រី​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២៦]

យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​បាន​ផ្ដល់​មក​ពី​ព្រះ​យេហូវ៉ា ទុក​ជា​សេចក្ដី​សង្គ្រោះ​សំរាប់​មនុស្សជាតិ

[រូប​ភាព​នៅ​ទំព័រ​២៧]

ដើម្បី​ឲ្យ​កិច្ច​បំរើ​របស់​យើង​បាន​ផ្គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ​យេហូវ៉ា យើង​ត្រូវ​តែ​ជៀស​ឲ្យ​ផុត​ពី​អំពើ​ស្មោក​គ្រោក​បែប​ណា​ក៏​ដោយ

[រូប​ភាព​នៅ​ទំព័រ​២៨]

យើង​ទទួល​ស្គាល់​ជា​សាធារណៈ​នូវ​សេចក្ដី​ល្អ​របស់​ព្រះ​យេហូវ៉ា ពេល​ដែល​យើង​ចូល​រួម​ក្នុង​កិច្ច​បំរើ