លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

កេរ្ដិ៍ដំណែលរបស់យើង—តើនេះមានន័យយ៉ាងណាចំពោះអ្នក?

កេរ្ដិ៍ដំណែលរបស់យើង—តើនេះមានន័យយ៉ាងណាចំពោះអ្នក?

កេរ្ដិ៍​ដំណែល​របស់​យើង—តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក?

«ឱ​ពួក​អ្នក​ដែល​ព្រះ​វរបិតា​យើង​បាន​ប្រទាន​ពរ​អើយ! ចូរ​មក​ទទួល​មរដក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀបចំ​ទុក​សំរាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ​មក»។—ម៉ាថាយ ២៥:៣៤

១. តើ​របស់​បែប​ណា​ខ្លះ ដែល​មនុស្ស​បាន​ទទួល​ជា​មរតក​នោះ?

 មនុស្ស​គ្រប់​គ្នា​មាន​របស់​ដែល​គេ​បាន​ទទួល​ជា​មរតក។ ចំពោះ​អ្នក​ខ្លះ កេរ្ដិ៍​ដំណែល​គឺ​ប្រហែល​ជា​វត្ថុ​ទ្រព្យ​ដែល​នាំ​ឲ្យ​មាន​ជីវភាព​រស់​នៅ​ដ៏​សុខ​ស្រួល។ ចំពោះ​អ្នក​ផ្សេង​ទៀត កេរ្ដិ៍​ដំណែល​គឺ​ជា​ជីវិត​នៃ​ភាព​ក្រី​ក្រ។ ក្នុង​ករណី​ខ្លះ ពួក​មនុស្ស​តំណ​មុន​ៗ ដោយ​សារ​អ្វី​ដែល​គេ​បាន​ពិសោធន៍​ឬ​បាន​ឮ ក៏​ផ្ដល់​ឲ្យ​កេរ្ដិ៍​ដំណែល​នូវ​ការ​ស្អប់​យ៉ាង​ខ្លាំង​ចំពោះ​ពូជ​សាសន៍​មួយ​ទៀត។ ក៏​ប៉ុន្តែ យើង​គ្រប់​គ្នា​មាន​អ្វី​មួយ​ដូច​គ្នា។ យើង​គ្រប់​គ្នា​បាន​ទទួល​នូវ​កេរ្ដិ៍​ដំណែល​ជា​អំពើ​បាប​ពី​បុរស​ដំបូង គឺ​អ័ដាម។ នៅ​ទី​បំផុត កេរ្ដិ៍​ដំណែល​នេះ​នាំ​ទៅ​ដល់​សេចក្ដី​ស្លាប់។—សាស្ដា ៩:២, ១០; រ៉ូម ៥:១២

២, ៣. នៅ​ដើម​ដំបូង​ឡើយ តើ​កេរ្ដិ៍​ដំណែល​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​សំរាប់​កូន​ចៅ​របស់​អ័ដាម​និង​អេវ៉ា ហើយ​ហេតុ​អ្វី​ក៏​ពួក​គេ​មិន​បាន​ទទួល​នោះ?

ព្រះ​យេហូវ៉ា ជា​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ពី​ដើម​ទ្រង់​បាន​ប្រទាន​ដល់​មនុស្សជាតិ​នូវ​កេរ្ដិ៍​ដំណែល​មួយដែល​ខុស​គ្នា​ឆ្ងាយ​ណាស់ នោះ​គឺ​ការ​រស់​នៅ​ដ៏​អស់​កល្ប​ជា​និច្ច ជា​មនុស្ស​គ្រប់ល័ក្ខណ៍​ក្នុង​សួន​មនោរម្យ។ អ័ដាម​និង​អេវ៉ា​ជា​ឪពុក​ម្ដាយ​ដំបូង​របស់​យើង បាន​មាន​ការ​ចាប់​ផ្ដើម​ដែល​ល្អ​ឥត​ខ្ចោះ គ្មាន​អំពើ​បាប​ឡើយ។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ផែនដី​ជា​អំណោយ​ដល់​មនុស្សជាតិ។ (ទំនុកដំកើង ១១៥:១៦) ទ្រង់​បាន​ប្រទាន​សួន​ច្បារ​អេដែន ដែល​ជា​តំណាង​អ្វី​ដែល​ផែនដី​ទាំង​មូល​អាច​ក្លាយ​ទៅ​បាន ហើយ​បាន​ប្រគល់​ដល់​ឪពុក​ម្ដាយ​ដំបូង​របស់​យើង​នូវកិច្ច​ការដែល​គួរ​ឲ្យ​រំភើប​ចិត្ត និង​អស្ចារ្យ។ ពួក​គេ​បាន​តម្រូវ​ឲ្យ​បង្កើត​កូន មើល​ថែ​រក្សា​ផែនដី និង​រុក្ខជាតិ​ព្រម​ទាំង​សត្វ​នានា ហើយ​ពង្រីក​ព្រំ​ដែន​សួន​មនោរម្យ​ទៅ​គ្រប់​ទិស​ទី​នៃ​ផែនដី។ (លោកុប្បត្តិ ១:២៨; ២:៨, ៩, ១៥) កូន​ចៅ​របស់​គេ​នឹង​ចូល​រួម​ធ្វើកិច្ច​ការនេះ​ផង​ដែរ។ នេះ​ជា​មរតក​ដ៏​អស្ចារ្យ​មែន! ដែល​អាច​ប្រគល់​ជូន​ពួក​គេ​នោះ។

ក៏​ប៉ុន្តែ ប្រសិន​បើ​ពួក​គេ​នឹង​ទទួល​នូវ​របស់​ទាំង​នេះ នោះ​អ័ដាម​និង​អេវ៉ា ព្រម​ទាំង​កូន​ចៅ​របស់​គេ ត្រូវ​តែ​មាន​ទំនាក់​ទំនង​ដ៏​ល្អ​ជា​មួយ​ព្រះ។ ពួក​គេ​គួរ​ស្រឡាញ់​និង​ស្ដាប់​បង្គាប់​តាម​ព្រះ​យេហូវ៉ា ក៏​ប៉ុន្តែ​អ័ដាម​និង​អេវ៉ា​ខក​ខាន​មិន​បាន​អបអរ​នូវ​អ្វី ដែល​ព្រះ​បាន​ប្រទាន​ជូន​គេ​ទេ ហើយ​ក៏​មិន​បាន​ស្ដាប់​បង្គាប់​តាម​សេចក្ដី​បញ្ជា​របស់​ទ្រង់​ដែរ។ ពួក​គេ​បាន​បាត់​បង់​នូវ​លំនៅ​ដ៏​ជា​សួន​មនោរម្យ និង​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ ដែល​ព្រះ​បាន​ដាក់​នៅ​ពី​មុខ​គេ​នោះ។ ដូច្នេះ​ហើយ ពួក​គេ​មិន​អាច​ប្រគល់​ឲ្យ​របស់​ទាំង​នេះ​ដល់​កូន​ចៅ​របស់​គេ​ឡើយ។—លោកុប្បត្តិ ២:១៦, ១៧; ៣:១​-​២៤

៤. តើ​យើង​អាច​ទទួល​មក​វិញ​នូវ​កេរ្ដិ៍​ដំណែល ដែល​អ័ដាម​បាន​បាត់​បង់​ទៅ​យ៉ាង​ដូច​ម្ដេច?

ដោយ​សេចក្ដី​មេត្ដា​ករុណា ព្រះ​យេហូវ៉ា​បាន​ឲ្យ​នូវ​សំ​វិធានការ ដើម្បី​ឲ្យ​កូន​ចៅ​របស់​អ័ដាម​និង​អេវ៉ា អាច​មាន​ឱកាស​ទទួល​នូវ​កេរ្ដិ៍​ដំណែល ដែល​អ័ដាម​បាន​បាត់​បង់​ទៅ​នោះ។ តើ​យ៉ាង​ដូច​ម្ដេច? នៅ​គ្រា​កំណត់​របស់​ព្រះ នោះ​បុត្រ​ផ្ទាល់​របស់​ទ្រង់ ព្រះ​យេស៊ូ​គ្រីស្ទ បាន​បូជា​ជីវិត​មនុស្ស​ដ៏​គ្រប់ល័ក្ខណ៍​របស់​ទ្រង់ ដើម្បី​ជា​ប្រយោជន៍​ដល់​កូន​ចៅ​របស់​អ័ដាម។ តាម​រយៈ​នេះ ព្រះ​គ្រីស្ទ​បាន​ទិញ​គេ​ទាំង​អស់​គ្នា​មក​វិញ។ ក៏​ប៉ុន្តែ ពួក​គេ​នឹង​មិន​ទទួល​បាន​កេរ្ដិ៍​ដំណែល​ជា​ស្វ័យប្រវត្ដិ​នោះ​ទេ។ ពួក​គេ​ត្រូវ​ការ​មាន​ឋានៈ​ដែល​មាន​ការ​យល់​ព្រម​ពី​ព្រះ ដែល​គេ​អាច​ទទួល​បាន​ដោយ​អនុវត្ត​ជំនឿ​លើ​យញ្ញ​បូជា​ដែល​ជា​តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ និង​សម្ដែង​ជំនឿ​ដោយ​ការ​ស្ដាប់​បង្គាប់​តាម។ (យ៉ូហាន ៣:១៦, ៣៦; ធីម៉ូថេ​ទី​១ ២:៥, ៦; ហេព្រើរ ២:៩; ៥:៩) តើ​ដំណើរ​ជីវិត​របស់​អ្នក​បង្ហាញ​នូវ​ការ​អបអរ​ចំពោះ​សំ​វិធានការ​នេះ​ឬ​ទេ?

កេរ្ដិ៍​ដំណែល​មួយ​ដែល​បាន​មក​តាម​រយៈ​លោក​អ័ប្រាហាំ

៥. តើ​លោក​អ័ប្រាហាំ​បាន​បង្ហាញ​នូវ​ការ​អបអរ​ចំពោះ​ទំនាក់​ទំនង​របស់​លោក ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

កាល​ដែល​ទ្រង់​ប្រព្រឹត្ត​តាម​គោល​បំណង​ទ្រង់​ចំពោះ​ផែនដី​នេះ នោះ​ព្រះ​យេហូវ៉ា​បាន​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​លោក​អ័ប្រាហាំ តាម​របៀប​ដ៏​ពិសេស។ ទ្រង់​បាន​បង្គាប់​បុរស​ដ៏​ស្មោះ​ត្រង់​នោះ​ឲ្យ​ចាក​ចេញ​ពី​ស្រុក​របស់​លោក និង​ផ្លាស់​ទី​លំនៅ​ទៅ​ស្រុក​មួយ​ដែល​ព្រះ​នឹង​បង្ហាញ​ប្រាប់​លោក។ លោក​អ័ប្រាហាំ​បាន​ស្ដាប់​បង្គាប់​តាម​ដោយ​ស្ម័គ្រ​ចិត្ត។ ក្រោយ​ពី​លោក​អ័ប្រាហាំ​បាន​ទៅ​ដល់​ទី​នោះ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា កូន​ចៅ​របស់​អ័ប្រាហាំ​នឹង​ទទួល​ស្រុក​នេះ​ជា​កេរ្ដិ៍​ដំណែល មិន​មែន​លោក​អ័ប្រាហាំ​ទេ។ (លោកុប្បត្តិ ១២:១, ២, ៧) តើ​លោក​អ័ប្រាហាំ​មាន​ទឹក​ចិត្ត​យ៉ាង​ណា? លោក​បាន​សុខ​ចិត្ត​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ស្ដាប់​តាម​បង្គាប់​ទាំង​អស់​របស់​ព្រះ និង​នៅ​កន្លែង​ណា​ក៏​ដោយ​ឲ្យ​តែ​កូន​ចៅ​របស់​លោក​អាច​ទទួល​នូវ​មរតក​របស់​គេ។ លោក​អ័ប្រាហាំ​បាន​បំរើ​ព្រះ​យេហូវ៉ា​នៅ​ក្នុង​ស្រុក​មួយ​ដែល​មិន​មែន​ជា​ស្រុក​កំណើត​របស់​លោក អស់​រយៈ​ពេល​១០០​ឆ្នាំ​រហូត​ដល់​លោក​បាន​ទទួល​មរណភាព​ទៅ។ (លោកុប្បត្តិ ១២:៤; ២៥:៨​-​១០) តើ​អ្នក​នឹង​ធ្វើអ៊ីចឹង​ទេ? ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា លោក​អ័ប្រាហាំ​ជា«សំឡាញ់»របស់​ទ្រង់។—អេសាយ ៤១:៨

៦. (ក) តើ​លោក​អ័ប្រាហាំ​បាន​សម្ដែង​អ្វី ដោយ​ការ​សុខ​ចិត្ត​បូជា​កូន​របស់​លោក​នោះ? (ខ) តើ​មរតក​ដ៏​មាន​តម្លៃ​អ្វី​ដែល​លោក​អ័ប្រាហាំ អាច​ប្រគល់​ឲ្យ​ដល់​កូន​ចៅ​របស់​លោក​នោះ?

លោក​អ័ប្រាហាំ​បាន​រង់​ចាំ​ជា​យូរ​ឆ្នាំ​ដើម្បី​ឲ្យ​បាន​កូន​មួយ គឺ​អ៊ីសាក ដែល​ជា​កូន​ដែល​លោក​ស្រឡាញ់​យ៉ាង​ខ្លាំង​បំផុត។ តាម​មើល​ទៅ ពេល​ដែល​ក្មេង​ប្រុស​នេះ​បាន​ធំ​ឡើង​មាន​វ័យ​ជា​យុវបុរស នោះ​ព្រះ​យេហូវ៉ា​បាន​បង្គាប់​លោក​អ័ប្រាហាំ​ឲ្យ​យក​ក្មេង​ប្រុស​នេះ និង​ឲ្យ​ថ្វាយ​វា​ជា​យញ្ញ​បូជា​មួយ។ លោក​អ័ប្រាហាំ​ឥត​បាន​ដឹង​ថា លោក​បាន​សម្ដែង​អំពី​អ្វី​ដែល​ព្រះ​ទ្រង់​នឹង​ធ្វើ ក្នុង​ការ​ឲ្យ​បុត្រ​របស់​ទ្រង់​ជា​តម្លៃ​លោះ​នោះ​ទេ។ ក៏​ប៉ុន្តែ​លោក​បាន​ស្ដាប់​បង្គាប់​តាម​ព្រះ ហើយ​ហៀប​នឹង​ថ្វាយ​អ៊ីសាក​ជា​យញ្ញ​បូជា​ទៅ​ហើយ នោះ​ទេវតា​របស់​ព្រះ​យេហូវ៉ា​ក៏​បាន​បញ្ឈប់​គាត់​ទៅ។ (លោកុប្បត្តិ ២២:៩​-​១៤) ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា សេចក្ដី​សន្យា​របស់​ទ្រង់​ដល់​អ័ប្រាហាំ​នឹង​បាន​បំពេញ​តាម​រយៈ​អ៊ីសាក។ ដូច្នេះ​ហើយ យ៉ាង​ច្បាស់​ណាស់​លោក​អ័ប្រាហាំ​មាន​ជំនឿ​ថា បើ​ចាំ​បាច់ នោះ​ព្រះ​អាច​ប្រោស​អ៊ីសាក​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ទោះ​ជា​ការ​ធ្វើ​បែប​នេះ មិន​ដែល​ធ្លាប់​ធ្វើ​ក៏​ដោយ។ (លោកុប្បត្តិ ១៧:១៥​-​១៨; ហេព្រើរ ១១:១៧​-​១៩) ដោយ​ព្រោះ​លោក​អ័ប្រាហាំ​ឥត​ស្ដាយ​ពី​ការ​ឲ្យ​កូន​ប្រុស​របស់​លោក នោះ​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា៖ «គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ​សារ​ពូជ​ឯង»។ (លោកុប្បត្តិ ២២:១៥​-​១៨) នេះ​បាន​បញ្ជាក់​ថា ពូជ​នេះ​ដែល​បាន​រៀប​រាប់​នៅ​ឯ​លោកុប្បត្តិ ៣:១៥ ជា​អ្នក​រំដោះ​ដែល​ជា​ព្រះ​មេស្ស៊ី នឹង​មក​តាម​រយៈ​ពូជ​ពង្ស​របស់​លោក​អ័ប្រាហាំ។ នេះ​ជា​មរតក​ដ៏​មាន​តម្លៃ​មែន! ដែល​បាន​ត្រូវ​ប្រគល់​ឲ្យ​ជា​បន្ត​បន្ទាប់។

៧. តើ​លោក​អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប បាន​បង្ហាញ​នូវ​ការ​អបអរ​ចំពោះ​មរតក​គេ​យ៉ាង​ដូច​ម្ដេច?

លោក​អ័ប្រាហាំ​ឥត​បាន​ដឹង​នូវ​សារៈ​សំខាន់​ចំពោះ​អ្វី​ដែលព្រះ​យេហូវ៉ា​បាន​ធ្វើ​នៅ​ពេល​នោះ​ទេ។ ហើយ​កូន​ប្រុស​អ៊ីសាក ឬ​ក៏យ៉ាកុបជា​ចៅ ដែល​បាន​ទៅ​ជា«អ្នក​គ្រង​សេចក្ដី​សន្យា​ដដែល ទុក​ជា​មរដក​ជា​មួយ​គ្នា» ក៏​មិន​បាន​ដឹង​ដែរ។ ប៉ុន្តែ ពួក​គេ​ទាំង​អស់​គ្នា​មាន​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា។ ពួក​គេ​មិន​បាន​ចូល​រួម​ជា​មួយ​នឹង​ព្រះ​រាជាណាចក្រ​ដែល​ជា​ទី​ក្រុង​ណា​មួយ​នោះ​ទេ ពីព្រោះ​បាន​ខំ​រក​អ្វី​មួយ​ដ៏​ប្រសើរ​ជាង ជា«ក្រុង​១ ដែល​មាន​ឫស​ជញ្ជាំង ដែល​ព្រះ​ទ្រង់​ជា​អ្នក​គូរ ហើយ​ជា​ជាង​សង់»។ (ហេព្រើរ ១១:៨​-​១០, ១៣​-​១៦) ក៏​ប៉ុន្តែ មិន​មែន​កូន​ចៅ​ទាំង​អស់​របស់​លោក​អ័ប្រាហាំ មាន​ចិត្ត​អបអរ​ចំពោះ​មរតក ដែល​មាន​មក​តាម​រយៈ​លោក​អ័ប្រាហាំ​នោះ​ទេ។

មនុស្ស​ខ្លះ​ដែល​បាន​ស្អប់​មរតក​នេះ

៨. តើ​តាម​របៀប​ណា​ដែល​អេសាវ​បាន​បង្ហាញ​ថា គាត់​ឥត​អបអរ​នឹង​កេរ្ដិ៍​ដំណែល​ដ៏​មាន​តម្លៃ​របស់​គាត់​នោះ?

អេសាវ​ដែល​ជា​កូន​ប្រុស​ច្បង​របស់​អ៊ីសាក ឥត​បាន​ឲ្យ​តម្លៃ​ទៅ​លើ​សិទ្ធិ​ពី​កំណើត​ជា​កូន​ច្បង​ឡើយ។ គាត់​ឥត​មាន​ចិត្ត​អបអរ​ចំពោះ​របស់​ដ៏​ពិសិដ្ឋ​នោះ​ទេ។ ដូច្នេះ​នៅ​ថ្ងៃ​មួយ ពេល​ដែល​អេសាវ​បាន​ឃ្លាន នោះ​គាត់​បាន​លក់​សិទ្ធិ​របស់​គាត់​ជា​កូន​ច្បង​ទៅ​ឲ្យយ៉ាកុបជា​ប្អូន​ប្រុស​វិញ។ តើ​ដើម្បី​ឲ្យ​បាន​អ្វី​ទៅ? ដើម្បី​សង្វាត​ឲ្យ​បាន​តែ​ម្ហូប​មួយ​មុខ ដែល​ជា​នំ​ប៉័ង​និង​សម្ល​សណ្ដែក​បាយ​ប៉ុណ្ណោះ! (លោកុប្បត្តិ ​២៥:២៩​-​៣៤; ហេព្រើរ ១២:១៤​-​១៧) សេចក្ដី​សន្យា​របស់​ព្រះ​ដល់​លោក​អ័ប្រាហាំ​នឹង​បាន​សម្រេច​តាម​រយៈ​សាសន៍​នេះ​ដែល​បាន​កើត​មក​ពី​លោកយ៉ាកុប ដែល​ឈ្មោះ​គាត់​បាន​ត្រូវ​ប្ដូរ​ដោយ​ព្រះ​ទៅ​ជា​អ៊ីស្រាអែល។ តើ​មរតក​ដ៏​ពិសេស​នេះ បាន​ផ្ដល់​ឲ្យ​គេ​នូវ​ឱកាស​អ្វី​ទៅ?

៩. ដោយ​ព្រោះ​មរតក​ខាង​វិញ្ញាណ​របស់​គេ តើ​កូន​ចៅ​របស់យ៉ាកុបឬ​អ៊ីស្រាអែល បាន​ទទួល​ការ​រំដោះ​ពី​អ្វី?

ក្នុង​កាល​មាន​ទុរភិក្ស នោះយ៉ាកុបនិង​ក្រុម​គ្រួសារ​បាន​ផ្លាស់​ទី​លំនៅ​ទៅ​ស្រុក​អេស៊ីប។ នៅ​ទី​នោះ​ពួក​គេ​បាន​កើត​កូន​ចៅ​ជា​ច្រើន ហើយ​បាន​ទៅ​ជា​ច្រើន​ឡើង​ៗ ក៏​ប៉ុន្តែ​ពួក​គេ​ក៏​បាន​ទៅ​ជា​អ្នក​បំរើ​ដែរ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​ភ្លេច​កិច្ច​ព្រម​ព្រៀង​របស់​ទ្រង់​ជា​មួយ​នឹង​លោក​អ័ប្រាហាំ​នោះ​ទេ។ នៅ​គ្រា​កំណត់​របស់​ទ្រង់ នោះ​ទ្រង់​បាន​រំដោះ​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​សេវកភាព​និង​បាន​ប្រាប់​គេ​ថា ទ្រង់​នឹង​នាំ​គេ​ចូល«ស្រុក​ដែល​មាន​ទឹក​ដោះ​នឹង​ទឹក​ឃ្មុំ​ហូរ​ហៀរ» ជា​ស្រុក​ដែល​ទ្រង់​បាន​សន្យា​ដល់​លោក​អ័ប្រាហាំ។—និក្ខមនំ ៣:៧, ៨; លោកុប្បត្តិ ១៥:១៨​-​២១

១០. នៅ​ឯ​ភ្នំ​ស៊ីណាយ តើ​មាន​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​អ្វី​បាន​កើត​ឡើង ដែល​ជាប់​ទាក់​ទង​នឹង​មរតក​របស់​កូន​ចៅ​អ៊ីស្រាអែល?

១០ នៅ​ពេល​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ស្រុក​ដែល​បាន​សន្យា នោះ​ព្រះ​យេហូវ៉ា​បាន​ប្រមូល​ផ្ដុំ​ពួក​គេ​នៅ​ឯ​ភ្នំ​ស៊ីណាយ។ នៅ​ទី​នោះ ទ្រង់​បាន​មាន​បន្ទូល​ទៅ​ពួក​គេ​ថា៖ «ដូច្នេះ​បើ​ឯង​រាល់​គ្នា​នឹង​ស្ដាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​អញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ លើស​ជាង​អស់​ទាំង​សាសន៍ ដ្បិត​ផែនដី​ទាំង​មូល​ជា​របស់​ផង​អញ។ ឯង​រាល់​គ្នា​នឹង​បាន​ធ្វើ​ជា​នគរ​ដល់​អញ ដែល​សុទ្ធ​តែ​ជា​សង្ឃ ហើយ​ជា​សាសន៍​បរិសុទ្ធ​ឲ្យ​អញ​ដែរ»។ (និក្ខមនំ ១៩:៥, ៦) ក្រោយ​ពី​បណ្ដា​ជន​បាន​យល់​ស្រប​ដោយ​ស្ម័គ្រ​ចិត្ត​និង​ឯកច្ឆន្ទ​នឹង​នេះ​ហើយ ព្រះ​យេហូវ៉ា​ក៏​ប្រទាន​ឲ្យ​គេ​នូវ​ក្រិត្យ​វិន័យ​របស់​ទ្រង់​គឺ​ជា​អ្វី​មួយ ដែល​មិន​ធ្លាប់​ប្រទាន​ដល់​មនុស្ស​ឯ​ណា​ទៀត​ឡើយ។—ទំនុកដំកើង ១៤៧:១៩, ២០

១១. តើ​មាន​របស់​អ្វី​ខ្លះ​ដ៏​មាន​តម្លៃ ដែល​បាន​រួម​បញ្ចូល​នឹង​កេរ្ដិ៍​ដំណែល​ខាង​វិញ្ញាណ​របស់​កូន​ចៅ​អ៊ីស្រាអែល​នោះ?

១១ សាសន៍​ថ្មី​នេះ​មាន​កេរ្ដិ៍​ដំណែល​ខាង​វិញ្ញាណ​ដ៏​ល្អ​ម្ល៉េះ​ហ្ន៎! ពួក​គេ​បាន​ថ្វាយ​បង្គំ​ព្រះ​ពិត​តែ​មួយ​អង្គ។ ទ្រង់​បាន​រំដោះ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​គេ​ក៏​ជា​សាក្សី​ដែល​ឃើញ​ដោយ​ភ្នែក​ផ្ទាល់​នឹង​ព្រឹត្ដិការណ៍​ដ៏​ស្ញប់​ស្ញែង នៅ​ពេល​ដែល​ក្រិត្យ​វិន័យ​បាន​ត្រូវ​ផ្ដល់​មក​នៅ​ភ្នំ​ស៊ីណាយ។ កេរ្ដិ៍​ដំណែល​របស់​គេ​ត្រូវ​បាន​បន្ត​មាន​ទៀត កាល​ដែល​ពួក​គេ​បាន​ទទួល​នូវ«ព្រះ​បន្ទូល»បន្ថែម​តាម​រយៈ​ព្យាការី។ (រ៉ូម ៣:១, ២) ពួក​គេ​បាន​ត្រូវ​ចាត់​តាំង​ដោយ​ព្រះ​យេហូវ៉ា​ឲ្យ​ទៅ​ជា​ស្មរបន្ទាល់​របស់​ទ្រង់។ (អេសាយ ៤៣:១០​-​១២) ពូជ​ជា​ព្រះ​មេស្ស៊ី​នេះ នឹង​លេច​ខ្លួន​ឡើង​ក្នុង​សាសន៍​របស់​គេ។ ក្រិត្យ​វិន័យ​នេះ​ចង្អុល​ទៅ​ចំពោះ​ទ្រង់ នឹង​សម្គាល់​ទ្រង់ ហើយ​គួរ​ជួយ​គេ​ឲ្យ​អបអរ​ថា​គេ​ត្រូវ​ការ​ទ្រង់។ (កាឡាទី ៣:១៩, ២៤) ម្យ៉ាង​វិញ​ទៀត ពួក​គេ​នឹង​បាន​ទទួល​នូវ​ឱកាស​ដើម្បី​បំរើ​ជា​មួយ​ពូជ​ដែល​ជា​ព្រះ​មេស្ស៊ី​នេះ គឺ​ជា​ព្រះ​រាជាណាចក្រ​ដែល​សុទ្ធ​តែ​ជា​សង្ឃ និង​ជា​សាសន៍​ដ៏​បរិសុទ្ធ។—រ៉ូម ៩:៤, ៥

១២. ទោះ​ជា​ពួក​គេ​បាន​ចូល​ស្រុក​ដែល​បាន​សន្យា​នោះ​ក៏​ដោយ តើ​អ្វី​ដែល​ពួក​អ៊ីស្រាអែល​បាន​ខាន​ពិសោធន៍? ហើយ​ហេតុ​អ្វី?

១២ ស្រប​តាម​ពាក្យ​សន្យា​របស់​ទ្រង់ នោះ​ព្រះ​យេហូវ៉ា​បាន​នាំ​ពួក​អ៊ីស្រាអែល​ចូល​ទៅ​ស្រុក​ដែល​បាន​សន្យា។ ប៉ុន្តែ ដូច​ជា​សាវ័ក​ប៉ុល​បាន​ពន្យល់​ក្រោយ​មក ដោយ​ព្រោះ​ពួក​គេ​គ្មាន​ជំនឿ នោះ​ស្រុក​នោះ​មិន​បាន​ជា‹កន្លែង​សំរាក›ឡើយ។ ជា​ប្រជាជន នោះ​ពួក​គេ​ឥត​បាន​ចូល​ទៅ​ក្នុង‹សេចក្ដី​សំរាក​របស់​ព្រះ› ពីព្រោះ​ពួក​គេ​មិន​បាន​យល់​ដឹង ហើយ​ធ្វើ​ការ​ឲ្យ​សម​ស្រប​តាម​ថ្ងៃ​សំរាក​របស់​ព្រះ ដែល​បាន​ចាប់​ផ្ដើម​ក្រោយ​ពី​ការ​បង្កើត​អ័ដាម​និង​អេវ៉ា​នោះ។—ហេព្រើរ ៤:៣​-​១០

១៣. ចំពោះ​ការ​មិន​អបអរ​នូវ​កេរ្ដិ៍​ដំណែល​ខាង​វិញ្ញាណ​របស់​គេ តើ​ពួក​អ៊ីស្រាអែល​ជា​សាសន៍​មួយ​បាន​បាត់​បង់​អ្វី?

១៣ ពួក​អ៊ីស្រាអែល​ខាង​សាច់​ឈាម​អាច​ផ្ដល់​នូវ​ចំនួន​ពេញ​លេញ​នៃ​អស់​អ្នក ដែល​នឹង​ចូល​រួម​ជា​មួយ​ព្រះ​មេស្ស៊ី​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌ ជា​ព្រះ​រាជាណាចក្រ​ដែល​សុទ្ធ​តែ​ជា​សង្ឃ និង​ជា​សាសន៍​ដ៏​បរិសុទ្ធ។ ប៉ុន្តែ ពួក​គេ​ឥត​អបអរ​នូវ​កេរ្ដិ៍​ដំណែល​ដ៏​មាន​តម្លៃ​នេះ​ទេ។ មាន​តែ​ពួក​សំណល់​នៃ​ពួក​អ៊ីស្រាអែល​ខាង​សាច់​ឈាម​ទេ​ដែល​បាន​ទទួល​ព្រះ​មេស្ស៊ី ពេល​ទ្រង់​បាន​យាង​មក​នោះ។ ជា​លទ្ធផល មាន​មួយ​ចំនួនតូច​ប៉ុណ្ណោះ​ដែល​បាន​រួម​បញ្ចូល​ក្នុង​ព្រះ​រាជាណាចក្រ​ដែល​មាន​សុទ្ធ​តែ​សង្ឃ ដែល​បាន​ទាយ​មក​នោះ។ ព្រះ​រាជាណាចក្រ​នេះ​បាន​ដក​ចេញ​ពី​អ៊ីស្រាអែល​ខាង​សាច់​ឈាម និង«ប្រគល់​ទៅ​ឲ្យ​សាសន៍​១​ទៀត ដែល​គេ​នឹង​បង្កើត​ផល​របស់​នគរ​នោះ»។ (ម៉ាថាយ ២១:៤៣) តើ​នោះ​ជា​សាសន៍​ណា​ទៅ?

មរតក​មួយ​នៅ​ស្ថាន​សួគ៌

១៤, ១៥. (ក) បន្ទាប់​ពី​ព្រះ​យេស៊ូ​សោយ​ទិវង្គត​ទៅ តើ​តាម​របៀប​ណា​ដែល​សាសន៍​ទាំង​ឡាយ​ចាប់​ផ្ដើម​ទទួល​ប្រសិទ្ធិពរ តាម​រយៈ«ពូជ»របស់​លោក​អ័ប្រាហាំ? (ខ) តើ​សមាជិក​នៃ«សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ»ទទួល​បាន​អ្វី​ជា​មរតក?

១៤ សាសន៍​នេះ​ដែល​នឹង​ត្រូវ​ទទួល​នូវ​ព្រះ​រាជាណាចក្រ គឺ​ជា«សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ» គឺ​សាសន៍​អ៊ីស្រាអែល​ខាង​វិញ្ញាណ ដែល​មាន​ចំនួន​១៤៤.០០០​នាក់​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​កើត​ពី​ព្រះ​វិញ្ញាណ។ (កាឡាទី ៦:១៦; វិវរណៈ ៥:៩, ១០; ១៤:១​-​៣) ក្នុង​ចំណោម​ពួក​១៤៤.០០០​នាក់​ទាំង​នោះ មាន​អ្នក​ខ្លះ​ដែល​ជា​ជនជាតិ​យូដា​ខាង​សាច់​ឈាម ប៉ុន្តែ​ពួក​គេ​ភាគ​ច្រើន​គឺ​មក​ពី​សាសន៍​ដទៃ។ តាម​របៀប​នោះ សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដល់​លោក​អ័ប្រាហាំ ដែល​ថា​តាម​រយៈ«ពូជ»របស់​លោក នោះ​សាសន៍​ទាំង​អស់​នឹង​ត្រូវ​ទទួល​ប្រសិទ្ធិពរ បាន​ចាប់​ផ្ដើម​សម្រេច។ (កិច្ច​ការ ៣:២៥, ២៦; កាឡាទី ៣:៨, ៩) នៅ​ក្នុង​ការ​សម្រេច​ដំបូង មនុស្ស​ពី​សាសន៍​ដទៃ​នោះ​បាន​ត្រូវ​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ ហើយ​បាន​យក​មក​ចិញ្ចឹម​ជា​កូន​ដោយ​ព្រះ​យេហូវ៉ា ធ្វើ​ជា​បុត្រ​ខាង​វិញ្ញាណ ដែល​ជា​បង​ប្អូន​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ ដូច្នេះ​ហើយ ពួក​គេ​បាន​ទៅ​ជា​ផ្នែក​ទី​ពីរ​នៃ«ពូជ»នោះ​ដែរ។—កាឡាទី ៣:២៨, ២៩

១៥ មុន​នឹង​ទ្រង់​សោយ​ទិវង្គត​ទៅ​នោះ ព្រះ​យេស៊ូ​បាន​បង្ហាញ​ដល់​សមាជិក​ជាតិ​យូដា​នៅ​ថ្ងៃ​មុខ​នៃ​សាសន៍​ថ្មី​នេះ នូវ​កិច្ច​ព្រម​ព្រៀង​ថ្មី ដែល​នឹង​ត្រូវ​ធ្វើ​ឲ្យ​មាន​តម្លៃ​ដោយ​ព្រះ​លោហិត​របស់​ទ្រង់។ ដោយ​មាន​មូលដ្ឋាន​លើ​ជំនឿ​របស់​គេ​ក្នុង​យញ្ញ​បូជា​ដែល​មាន​តម្លៃ​នោះ នឹង​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​បាន​យក​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​បាន«គ្រប់​លក្ខណ៍​អស់​កល្ប​ជា​និច្ច»។ (ហេព្រើរ ១០:១៤​-​១៨) ពួក​គេ​អាច«រាប់​ជា​សុចរិត» ហើយ​អាច​អត់​ឱន​ទោស​ឲ្យ​បាប​របស់​គេ។ (កូរិនថូស​ទី​១ ៦:១១) ដូច្នេះ​ហើយ ក្នុង​ន័យ​នេះ ពួក​គេ​មាន​សភាព​ដូច​អ័ដាម​មុន​ពេល​ដែល​គាត់​បាន​ប្រព្រឹត្ត​អំពើ​បាប។ ក៏​ប៉ុន្តែ ពួក​គេ​ទាំង​នេះ​នឹង​មិន​ត្រូវ​រស់​នៅ​ក្នុង​សួន​មនោរម្យ​លើ​ផែនដី​នោះ​ឡើយ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​យាង​ទៅ​រៀបចំ​កន្លែង​សំរាប់​ពួក​គេ​នៅ​ស្ថាន​សួគ៌។ (យ៉ូហាន ១៤:២, ៣) ពួក​គេ​បាន​លះ​ចោល​នូវ​សេចក្ដី​សង្ឃឹម​ខាង​ផែនដី​នេះ ដើម្បី​ទទួល‹មរតក​ដែល​បាន​ទុក​ឲ្យ​គេ​នៅ​ស្ថាន​សួគ៌›។ (ពេត្រុស​ទី​១ ១:៤) តើ​ពួក​គេ​នឹង​ធ្វើ​អ្វី​នៅ​ទី​នោះ? ព្រះ​យេស៊ូ​បាន​ពន្យល់​ថា៖ «ខ្ញុំ​ធ្វើ​កិច្ច​សន្យា​ជា​មួយ​នឹង​អ្នក​រាល់​គ្នា . . . សម្រាប់​ព្រះ​រាជាណាចក្រ​មួយ»។—លូកា ២២:២៩, ព.ថ.

១៦. តើកិច្ច​ការបំរើ​ដ៏​អស្ចារ្យ​អ្វី​ដែល​មាន​នៅ​ពី​មុខ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង?

១៦ អស់​អ្នក​ដែល​នឹង​សោយ​រាជ្យ​ជា​មួយ​ព្រះ​គ្រីស្ទ​ពី​ស្ថាន​សួគ៌ នឹង​ធ្វើ​ការ​ផ្សេង​ៗ​រួម​ទាំង​ជួយ​ដក​ចេញ​ពី​ផែនដី​នូវ​សំណល់​នៃ​ការ​បះ​បោរ​ប្រឆាំង​នឹង​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា។ (វិវរណៈ ២:២៦, ២៧) ជា​ផ្នែក​ទី​ពីរ​នៃ​ពូជ​ខាង​វិញ្ញាណ​របស់​អ័ប្រាហាំ ពួក​គេ​នឹង​ចូល​រួម​ក្នុង​ការ​នាំ​មក​នូវ​ប្រសិទ្ធិពរ​ស្តី​អំពី​ជីវិត​គ្រប់ល័ក្ខណ៍​ដល់​មនុស្ស​នៃ​គ្រប់​ទាំង​សាសន៍។ (រ៉ូម ៨:១៧​-​២១) ពួក​គេ​មាន​មរតក​ដ៏​មាន​តម្លៃ​មែន​ហ្ន៎!—អេភេសូរ ១:១៦​-​១៨

១៧. តើ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទទួល​កត្ដា​អ្វី​ខ្លះ​ខាង​កេរ្ដិ៍​ដំណែល​របស់​គេ កាល​ដែល​ពួក​គេ​នៅ​ផែនដី​នេះ​នៅ​ឡើយ?

១៧ ប៉ុន្តែ កេរ្ដិ៍​ដំណែល​របស់​ពួក​អ្នក​កាន់​តាម​ដែល​បាន​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេស៊ូ មិន​មែន​នៅ​អនាគត​ទាំង​អស់​នោះ​ទេ។ តាម​បែបបទដែល​គ្មាន​អ្នក​ណា​អាច​ធ្វើ​បាន នោះ​ព្រះ​យេស៊ូ​បាន​ជួយ​ពួក​គេ​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា ជា​ព្រះ​ដ៏​ពិត​តែ​មួយ។ (ម៉ាថាយ ១១:២៧; យ៉ូហាន ១៧:៣, ២៦) តាម​ពាក្យ​សំដី​និង​គំរូ ទ្រង់​បាន​បង្រៀន​គេ​ថា‹ការ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា›មាន​ន័យ​យ៉ាង​ណា និង​ការ​ស្ដាប់​បង្គាប់​តាម​ព្រះ​យេហូវ៉ា​ទាក់​ទង​អ្វី​ខ្លះ។ (ហេព្រើរ ២:១៣; ៥:៧​-​៩) ព្រះ​យេស៊ូ​បាន​ប្រគល់​ឲ្យ​គេ​នូវ​ចំណេះ​អំពី​សេចក្ដី​ពិត​ស្តី​អំពី​គោល​បំណង​របស់​ព្រះ ហើយ​បាន​ធានា​រ៉ាប់​រង​ពួក​គេ​ថា វិញ្ញាណ​បរិសុទ្ធ​នឹង​នាំ​គេ​ឲ្យ​យល់​បាន​ពេញ​លេញ​ថែម​ទៀត។ (យ៉ូហាន ១៤:២៤​-​២៦) ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ចាំ​ជាប់​ក្នុង​ចិត្ត​គំនិត​របស់​គេ​នូវ​សារៈ​សំខាន់​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ (ម៉ាថាយ ៦:១០, ៣៣) ព្រះ​យេស៊ូ​ក៏​បាន​ប្រគល់​ឲ្យ​គេ​នូវកិច្ច​ការធ្វើ​បន្ទាល់ និងកិច្ច​ការបង្កើត​ឲ្យ​មាន​សិស្ស​ពី​ក្រុង​យេរូសាឡិម ស្រុក​យូដា ស្រុក​សាម៉ារី និង​រហូត​ដល់​ចុង​ផែនដី​ផង។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០; កិច្ច​ការ ១:៨

កេរ្ដិ៍​ដំណែល​ដ៏​មាន​តម្លៃ​សំរាប់​ហ្វូង​មួយ​យ៉ាង​ធំ

១៨. តើ​តាម​របៀប​ណា​ដែល​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ថា អស់​ទាំង​សាសន៍​នឹង​បាន​ពរ តាម​រយៈ«ពូជ»របស់​អ័ប្រាហាំ កំពុង​តែ​សម្រេច​នៅ​សព្វ​ថ្ងៃ​នេះ?

១៨ តាម​មើល​ទៅ ចំនួន​គ្រប់​នៃ​សាសន៍​អ៊ីស្រាអែល​ខាង​វិញ្ញាណ គឺ«ហ្វូង​តូច»ដែល​ទទួល​មរតក​នូវ​ព្រះ​រាជាណាចក្រ បាន​ត្រូវ​ជ្រើស​រើស​រួច​ហើយ។ (លូកា ១២:៣២) អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ព្រះ​យេហូវ៉ា​បាន​ប្រុង​ស្មារតី​ក្នុង​ការ​ប្រមូល​ហ្វូង​មួយ​យ៉ាង​ធំ​នៃ​មនុស្ស​ឯ​ទៀត​ពី​គ្រប់​សាសន៍។ ដូច្នេះ តាម​រយ:«ពូជ»របស់​អ័ប្រាហាំ នោះ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ជូន​គាត់​ដែល​ថា អស់​ទាំង​សាសន៍​នឹង​ទទួល​ប្រសិទ្ធិពរ គឺ​កំពុង​តែ​ត្រូវ​សម្រេច​តាម​របៀប​ដ៏​ធំ​ធេង។ ជា​ការ​អរ​សប្បាយ​ណាស់ អស់​អ្នក​ដែល​ទទួល​ពរ​ទាំង​នេះ ផ្ដល់​កិច្ច​បំរើ​ដ៏​ពិសិដ្ឋជូន​ព្រះ​យេហូវ៉ា និង​ទទួល​ស្គាល់​ថា​សេចក្ដី​សង្គ្រោះ​របស់​គេ គឺ​ពឹង​លើ​ជំនឿ​នឹង​កូន​ចៀម​របស់​ព្រះ ជា​ព្រះ​យេស៊ូ​គ្រីស្ទ។ (វិវរណៈ ៧:៩, ១០) តើ​អ្នក​បាន​ទទួល​យក​សេចក្ដី​អញ្ជើញ​របស់​ព្រះ​យេហូវ៉ា ដើម្បី​ឲ្យ​មាន​ចំណែក​ក្នុង​ក្រុម​ដ៏​សប្បាយ​នេះ​ឬ​ទេ?

១៩. តើ​ពួក​អ្នក​នៃ​អស់​ទាំង​សាសន៍​ដែល​ឥឡូវ​កំពុង​ទទួល​ប្រសិទ្ធិពរ ទន្ទឹង​ចាំ​អ្វី?

១៩ តើ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​កេរ្ដិ៍​ដំណែល​ដ៏​មាន​តម្លៃ​អ្វី ដល់​អស់​អ្នក​ដែល​មិន​មែន​ជា​ពួក​ហ្វូង​តូច? អត់​ទេ នេះ​មិន​មែន​ជា​កេរ្ដិ៍​ដំណែល​ខាង​ស្ថាន​សួគ៌​នោះ​ទេ។ នេះ​ជា​កេរ្ដិ៍​ដំណែល​ដែល​អ័ដាម​អាច​ផ្ដល់​ជូន​កូន​ចៅ​របស់​គាត់ គឺ​ជា​សេចក្ដី​សង្ឃឹម​នៃ​ជីវិត​ដ៏​គ្រប់ល័ក្ខណ៍​ដែល​មាន​ជា​រៀង​រហូត​ក្នុង​សួន​មនោរម្យ ដែល​នឹង​មាន​ពេញ​ផែនដី​ជា​បណ្ដើរ​ៗ​នោះ។ នេះ​នឹង​ជា​ពិភព​លោក​ដែល«នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោកសង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ»។ (វិវរណៈ ២១:៤) អ៊ីចឹង​ហើយ​បាន​ជា​បន្ទូល​របស់​ព្រះ​គឺ​សំដៅ​ទៅ​លើ​អ្នក ដែល​ចែង​ថា៖ «ចូរ​ទុក​ចិត្ត​នឹង​ព្រះ​យេហូវ៉ា ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ យ៉ាង​នោះ​អ្នក​នឹង​បាន​នៅ​ក្នុង​ស្រុក ហើយ​ចំអែ​ត​ខ្លួន​ដោយ​សេចក្ដី​ពិត ចូរ​យក​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​អំណរ​របស់​អ្នក នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ត។ ដល់​បន្ដិច​ទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេ . . . ឯ​មនុស្ស​រាប​សា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីករាយ ដោយ​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ។ ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច»។—ទំនុកដំកើង ៣៧:៣, ៤, ១០, ១១, ២៩

២០. តើ​តាម​របៀប​ណា​ដែល«ពួក​ចៀម​ឯ​ទៀត»សប្បាយ​នឹង​ទទួល​កេរ្ដិ៍​ដំណែល​ខាង​វិញ្ញាណ​ភាគ​ច្រើន នៃ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នោះ?

២០ «ចៀម​ឯ​ទៀត»របស់​ព្រះ​យេស៊ូ មាន​មរតក​នៅ​ផែនដី​ជា​ផ្នែក​មួយ​នៃ​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។ (យ៉ូហាន ១០:១៦​ក) ទោះ​ជា​ពួក​គេ​នឹង​មិន​នៅ​ស្ថាន​សួគ៌​ក៏​ដោយ ក៏​ប៉ុន្តែ​កេរ្ដិ៍​ដំណែល​ជា​ច្រើន​ដែល​ពួក​ចាក់​ប្រេង​តាំង​សប្បាយ​នឹង​ទទួល​ក៏​បាន​ផ្ដល់​ជូន​គេ​ដែរ។ គឺ​តាម​រយៈ​គណៈ​ទាំង​មូល​នៃ​ពួក​អ្នក​ចាក់​ប្រេង​តាំង​នេះ​ហើយ ដែល​ជា‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› ដែល​ពួក​ចៀម​ឯ​ទៀត​បាន​យល់​អំពី​សេចក្ដី​សន្យា​ដ៏​មាន​តម្លៃ​នេះ ដែល​មាន​ក្នុង​បន្ទូល​របស់​ព្រះ​នោះ។ (ម៉ាថាយ ២៤:៤៥​-​៤៧; ២៥:៣៤) ពួក​អ្នក​ចាក់​ប្រេង​តាំង​និង​ពួក​ចៀម​ឯ​ទៀត​ទាំង​អស់​គ្នា​ចេះ​ដឹង​និង​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ជា​ព្រះ​ពិត​តែ​មួយ​អង្គ។ (យ៉ូហាន ១៧:២០, ២១) ពួក​គេ​ទាំង​អស់​គ្នា​ថ្លែង​អំណរ​គុណ​ចំពោះ​តម្លៃ​នៃ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ​ដែល​លោះ​បាប។ ជា​ហ្វូង​នោះ​ពួក​គេ​បំរើ​ជា​មួយ​គ្នា ក្រោម​ការ​ថែ​រក្សា​ពី​អ្នក​គង្វាល​តែ​មួយ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ។ (យ៉ូហាន ១០:១៦​ខ) ពួក​គេ​ទាំង​អស់​ជា​ផ្នែក​នៃ​ភាតរភាព​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ពេញ​ពិភព​លោក។ ពួក​គេ​មាន​ឯកសិទ្ធិ​ដូច​គ្នា​ជា​ពួក​ស្មរបន្ទាល់​របស់​ព្រះ​យេហូវ៉ា និង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ ត្រូវ​ហើយ ប្រសិន​បើ​អ្នក​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា ដែល​បាន​ថ្វាយ​ខ្លួន​និង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ នោះ​របស់​ទាំង​នេះ​គឺ​រួម​បញ្ចូល​ក្នុង​កេរ្ដិ៍​ដំណែល​ខាង​វិញ្ញាណ​របស់​អ្នក​ដែរ។

២១, ២២. តើ​យើង​គ្រប់​គ្នា​អាច​បង្ហាញ​ថា​យើង ចាត់​ទុក​កេរ្ដិ៍​ដំណែល​ខាង​វិញ្ញាណ​របស់​យើង​ជា​អ្វី​ដ៏​សំខាន់​យ៉ាង​ដូច​ម្ដេច?

២១ តើ​កេរ្ដិ៍​ដំណែល​ខាង​វិញ្ញាណ​នេះ​មាន​តម្លៃ​យ៉ាង​ណា​ចំពោះ​អ្នក? តើ​អ្នក​ឲ្យ​តម្លៃ​ប៉ុណ្ណា​ទៅ​លើ​កេរ្ដិ៍​ដំណែល​នេះ ដើម្បី​រាប់​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក? ជា​ទី​សំអាង​អំពី​រឿង​នេះ តើ​អ្នក​ធ្វើ​តាម​ឱវាទ​ពី​បន្ទូល​របស់​ទ្រង់ និង​ពី​អង្គការ​របស់​ទ្រង់ ក្នុង​ការ​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​ជា​ទៀង​ទាត់​ឬ​ទេ? (ហេព្រើរ ១០:២៤, ២៥) តើ​កេរ្ដិ៍​ដំណែល​នោះ​មាន​តម្លៃ​ដល់​ម្ល៉េះ ដែល​អ្នក​នឹង​បន្ត​បំរើ​ព្រះ​ទោះ​ជា​មាន​សេចក្ដី​លំបាក​វេទនា​ឬ​ទេ? តើ​អ្នក​មាន​ចិត្ត​អបអរ​ដល់​ម្ល៉េះ ដែល​នេះ​នឹង​ពង្រឹង​កម្លាំង​អ្នក​ឲ្យ​ត​ទល់​នឹង​សេចក្ដី​ល្បួង​ណា ដែល​នាំ​ឲ្យ​ស្វះ​ស្វែង​រក​ផ្លូវ​ដែល​អាច​នាំ​ទៅ​ដល់​ការ​បាត់​បង់​នូវ​កេរ្ដិ៍​ដំណែល​នោះ​ឬ​ទេ?

២២ សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​ចាត់​ទុក​កេរ្ដិ៍​ដំណែល​ខាង​វិញ្ញាណ ដែល​ព្រះ​បាន​ប្រទាន​មក​ឲ្យ​យើង​ជា​អ្វី​ដ៏​សំខាន់។ កាល​ដែល​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​សួន​មនោរម្យ​នៅ​ខាង​មុខ​នេះ សូម​ឲ្យ​យើង​ចូល​រួម​ឲ្យ​បាន​ពេញ​លេញ​ក្នុង​ឯកសិទ្ធិ​ខាង​វិញ្ញាណ​នេះ ដែល​ព្រះ​យេហូវ៉ា​កំពុង​ប្រទាន​ឲ្យ​យើង។ ដោយ​រាប់​ទុក​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​ជា​អ្វី​ដ៏​សំខាន់​បំផុត នោះ​យើង​ផ្ដល់​ទី​សំអាង​យ៉ាង​ច្បាស់​ថា កេរ្ដិ៍​ដំណែល​ដែល​ព្រះ​ប្រទាន​ដល់​យើង​នេះ គឺ​មាន​តម្លៃ​ណាស់។ សូម​ឲ្យ​យើង​នៅ​ក្នុង​ចំណោម​អស់​អ្នក ដែល​នឹង​ថ្លែង​ថា៖ «ឱ​ព្រះ​ដ៏​ជា​មហា​ក្សត្រ​នៃ​ទូល​បង្គំ​អើយ ទូល​បង្គំ​នឹង​លើក​ដំកើង​ទ្រង់ ហើយ​នឹង​សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​ពរ​អស់​កល្ប​ជា​និច្ច»។—ទំនុកដំកើង ១៤៥:១

តើ​អ្នក​នឹង​ពន្យល់​យ៉ាង​ណា?

បើ​អ័ដាម​បាន​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​ព្រះ តើ​កេរ្ដិ៍​ដំណែល​អ្វី​ដែល​គាត់​នឹង​ផ្ដល់​ដល់​យើង​នោះ?

តើ​កូន​ចៅ​របស់​លោក​អ័ប្រាហាំ បាន​ប្រព្រឹត្ត​យ៉ាង​ណា​លើ​មរតក​ដែល​មាន​ចំពោះ​គេ​នោះ?

តើ​អ្វី​ដែល​បាន​រួម​បញ្ចូល​នឹង​មរតក​របស់​ពួក​អ្នក​កាន់​តាម​ដែល​ចាក់​ប្រេង​តាំង​របស់​ព្រះ​គ្រីស្ទ?

តើ​ពួក​ហ្វូង​ធំ​មាន​កេរ្ដិ៍​ដំណែល​អ្វី ហើយ​តើ​ពួក​គេ​អាច​បង្ហាញ​ថា​គេ​ពិត​ជា​មាន​ចិត្ត​អបអរ​នឹង​កេរ្ដិ៍​ដំណែល​នេះ​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១៧]

កូន​ចៅ​របស់​អ័ប្រាហាំ​បាន​ទទួល​សេចក្ដី​សន្យា​អំពី​មរតក​ដ៏​មាន​តម្លៃ

[រូប​ភាព​នៅ​ទំព័រ​១៨]

តើ​អ្នក​មាន​ចិត្ត​អបអរ​នឹង​កេរ្ដិ៍​ដំណែល​ខាង​វិញ្ញាណ​របស់​អ្នក​ឬ​ទេ?