លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«កំណត់ទ្រង់មិនទាន់មកដល់នៅឡើយ»

«កំណត់ទ្រង់មិនទាន់មកដល់នៅឡើយ»

«កំណត់​ទ្រង់​មិន​ទាន់​មក​ដល់​នៅ​ឡើយ»

«គ្មាន​អ្នក​ណា​លូក​ដៃ​ទៅ​ចាប់​សោះ ពីព្រោះ​កំណត់​ទ្រង់​មិន​ទាន់​មក​ដល់​នៅ​ឡើយ»។—យ៉ូហាន ៧:៣០

១. តើ​កត្ដា​ពីរ​ណា​ដែល​បាន​មាន​អានុភាព​លើកិច្ច​ការរបស់​ព្រះ​យេស៊ូ​នោះ?

 ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ប្រាប់​ពួក​សាវ័ក​ទ្រង់​ថា៖ «កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​លោក​ទេ គឺ​នឹង​បំរើ​គេ​វិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង»។ (ម៉ាថាយ ២០:២៨) ទ្រង់​បាន​មាន​បន្ទូល​ទៅ​អភិបាល​លោក​ប៉ុនទាស​ពីឡាត់​ថា៖ «ខ្ញុំ​បាន​កើត​មក ហើយ​ក៏​ចូល​ក្នុង​លោកីយ​នេះ​សំរាប់​តែ​ការ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ពិត»។ (យ៉ូហាន ១៨:៣៧) ព្រះ​យេស៊ូ​បាន​ជ្រាប​យ៉ាង​ច្បាស់​នូវ​មូលហេតុ​ដែល​ទ្រង់​ត្រូវ​សោយ​ទិវង្គត និងកិច្ច​ការអ្វី​ដែល​ទ្រង់​ត្រូវ​តែ​ធ្វើ​មុន​នឹង​ទ្រង់​សោយ​ទិវង្គត​ទៅ។ ទ្រង់​ក៏​បាន​ជ្រាប​នូវ​ពេល​វេលា​ដែល​ទ្រង់​មាន​ទាំង​ប៉ុន្មាន​ចំពោះ​ការ​បំពេញ​នូវកិច្ច​ការរបស់​ទ្រង់​នោះ​ដែរ។ កិច្ច​បំរើ​របស់​ទ្រង់​លើ​ផែនដី​នេះ​ជា​ព្រះ​មេស្ស៊ី នឹង​មាន​តែ​បី​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ។ នេះ​បាន​ចាប់​ផ្ដើម​ពេល​ដែល​ទ្រង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ក្នុង​ទន្លេ​យ័រដាន់ (ក្នុង​ឆ្នាំ​២៩ ស.យ.) ដែល​ជា​ការ​ផ្ដើម​អាទិត្យ​ទី​៧០​ជា​និមិត្តរូប​ដែល​បាន​ទាយ​ប្រាប់​នោះ ហើយ​នឹង​ត្រូវ​ចប់ ពេល​ដែល​ទ្រង់​សោយ​ទិវង្គត​លើ​បង្គោល​ឈើ​ទារុណកម្ម​ក្នុង​ពាក់​កណ្ដាល​សប្ដាហ៍​នោះ (ក្នុង​ឆ្នាំ​៣៣ ស.យ.)។ (ដានីយ៉ែល ​៩:២៤​-​២៧; ម៉ាថាយ ៣:១៦, ១៧; ​២០:១៧​-​១៩) ដូច្នេះ​ហើយ កត្ដា​ពីរ​ដែល​ច្រើន​តែ​មាន​អានុភាព​លើកិច្ច​ការទាំង​មូល​របស់​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី​នេះ​គឺ: គោល​បំណង​នៃ​ការ​យាង​មក​របស់​ទ្រង់ និង​ការ​យល់​ដឹង​យ៉ាង​ច្បាស់​អំពី​ពេល​កំណត់។

២. តើ​សៀវភៅ​ដំណឹង​ល្អ​ពណ៌នា​យ៉ាង​ណា​អំពី​ព្រះ​យេស៊ូ​គ្រីស្ទ ហើយ​តើ​ទ្រង់​បង្ហាញ​នូវ​ការ​ជ្រាប​អំពីកិច្ច​ការរបស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

ដំណើរ​រឿង​ក្នុង​សៀវភៅ​ដំណឹង​ល្អ ពណ៌នា​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​បុរស​ដែល​មាន​សកម្មភាព ដែល​បាន​ធ្វើ​ដំណើរ​ទូទាំង​ស្រុក​ប៉ាឡេស្ទីន ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ និង​បាន​ធ្វើកិច្ច​ការជា​ច្រើន​យ៉ាង​ខ្លាំង​ក្លា។ ក្នុង​កំឡុង​ផ្នែក​ដើម​នៃ​កិច្ច​បំរើ​ដ៏​សកម្ម​របស់​ព្រះ​យេស៊ូ នោះ​បាន​ចែង​អំពី​ទ្រង់​ថា៖ «កំណត់​ទ្រង់​មិន​ទាន់​មក​ដល់​នៅ​ឡើយ»ទេ។ ព្រះ​យេស៊ូ​អង្គ​ទ្រង់​ផ្ទាល់​បាន​មាន​បន្ទូល​ដូច​នេះ​ថា៖ «កំណត់​អញ​មិន​ទាន់​សំរេច​នៅ​ឡើយ»។ ជិត​ទី​បញ្ចប់​នៃ​កិច្ច​បំរើ​របស់​ទ្រង់ នោះ​ទ្រង់​បាន​ប្រើ​ឃ្លា​នេះ​ដែល​ថា៖ «កំណត់ . . . បាន​មក​ដល់​ហើយ»។ (យ៉ូហាន ៧:៨, ៣០; ១២:២៣) ដោយ​ព្រះ​យេស៊ូ​ជ្រាប​អំពី​ម៉ោង ឬ​ពេល​វេលា​សម្រេចកិច្ច​ការដែល​បាន​ត្រូវ​ប្រទាន​ឲ្យ​ទ្រង់ ដែល​រួម​បញ្ចូល​ការ​សោយ​ទិវង្គត​ជា​យញ្ញ​បូជា ក៏​ច្បាស់​ជា​មាន​ឥទ្ធិពល​លើ​អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល​និង​បាន​ធ្វើ​នោះ​ដែរ។ ការ​យល់​នូវ​របៀប​ដែល​នេះ​បាន​មាន​ឥទ្ធិពល​លើ​ទ្រង់ អាច​ផ្ដល់​ឲ្យ​យើង​នូវ​ការ​យល់​ធ្លុះ​អំពី​បុគ្គលិក​លក្ខណៈ និង​លំនាំ​នៃ​គំនិត​របស់​ទ្រង់ ជួយ​យើង​ឲ្យ«ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់»កាន់​តែ​ខ្លាំង​ឡើង​ទៀត។—ពេត្រុស​ទី​១ ២:២១

ការ​តាំង​ចិត្ត​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ

៣, ៤. (ក) តើ​មាន​អ្វី​កើត​ឡើង​នៅ​ឯ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ក្នុង​ភូមិ​កាណា? (ខ) ហេតុ​អ្វី​ក៏​បុត្រា​របស់​ព្រះ ជំទាស់​នឹង​ការ​ឲ្យ​យោបល់​របស់​ម៉ារា ដែល​ទ្រង់​គួរ​ធ្វើ​អ្វី​មួយ​នឹង​ការ​ខ្វះ​ខាត​ស្រា​ទំពាំង​បាយ​ជូរ ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​នេះ?

ឆ្នាំ​នោះ​គឺ​ជា​ឆ្នាំ​២៩ ស.យ.។ គ្រាន់​តែ​បី​បួន​ថ្ងៃ​កន្លង​ទៅ​ហើយ នោះ​ព្រះ​យេស៊ូ​បាន​ជ្រើស​រើស​ពួក​សិស្ស​ដំបូង​របស់​ទ្រង់​ដោយ​ផ្ទាល់​អង្គ​ទ្រង់។ ឥឡូវ​នេះ ពួក​គេ​ទាំង​អស់​គ្នា​បាន​មក​ដល់​ភូមិ​កាណា នៅ​ស្រុក​កាលីឡេ ដើម្បី​ចូល​រួម​ពិធី​រៀប​អាពាហ៍ពិពាហ៍។ មាតា​របស់​ព្រះ​យេស៊ូ គឺ​ម៉ារា​ក៏​មាន​វត្តមាន​នៅ​ទី​នោះ​ដែរ។ គឺ​មាន​ការ​ខ្វះ​ខាត​ស្រា​ទំពាំង​បាយ​ជូរ។ ដោយ​ឲ្យ​យោបល់​ថា​ទ្រង់​គួរ​ធ្វើ​អ្វី​មួយ នោះ​ម៉ារា​ប្រាប់​បុត្រា​នេះ​ថា៖ «គេ​អស់​ស្រា​ទំពាំង​បាយ​ជូរ​ហើយ»។ ប៉ុន្តែ​ព្រះ​យេស៊ូ​តប​ឆ្លើយ​ថា៖ «មាតា​អើយ! តើ​ការ​នោះ​អំពល់​អ្វី​ដល់​យើង ពេល​វេលា​ខ្ញុំ​មិន​ទាន់​មក​ដល់​នៅ​ឡើយ?»។—យ៉ូហាន ១:៣៥​-​៥១; ២:១​-​៤

ព្រះ​យេស៊ូ​តប​ឆ្លើយ​ថា៖ «មាតា​អើយ! តើ​ការ​នោះ​អំពល់​អ្វី​ដល់​យើង?» នោះ​គឺ​ជា​បែប​សំនួរ​ពី​បុរាណ​ដែល​ប្រាប់​នូវ​ការ​ជំទាស់​នឹង​អ្វី​ដែល​បាន​មាន​យោបល់​មក​នោះ។ ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​ជំទាស់​នឹង​ពាក្យ​សំដី​របស់​ម៉ារា? អ៊ីចឹង ឥឡូវ​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្មាយុ​៣០​ឆ្នាំ​ហើយ។ គ្រាន់​តែ​បី​បួន​សប្ដាហ៍​មុន​នេះ ទ្រង់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក បាន​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ ហើយយ៉ូហានជា​អ្នក​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ បាន​នាំ​ឲ្យ​គេ​ដឹង​ថា​ទ្រង់​ជា«កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក»។ (យ៉ូហាន ១:២៩​-​៣៤; លូកា ៣:២១​-​២៣) ឥឡូវ​នេះ សេចក្ដី​បង្គាប់​របស់​ទ្រង់​គឺ​ត្រូវ​តែ​មក​ពី​បុគ្គល​ដែល​មាន​អំណាច​គ្រប់​គ្រង​ដ៏​ឧត្តម ដែល​បាន​បញ្ជូន​ទ្រង់​មក​នោះ។ (កូរិនថូស​ទី​១ ១១:៣) គ្មាន​បុគ្គល​ណា​ម្នាក់ សូម្បី​តែ​សមាជិក​ក្នុង​ក្រុម​គ្រួសារ ក៏​មិន​អាច​អនុញ្ញាត​ឲ្យ​បង្អាក់​ដល់កិច្ច​ការ ដែល​ព្រះ​យេស៊ូ​បាន​យាង​មក​ធ្វើ​នោះ​ឡើយ។ ការ​តាំង​ចិត្ត​ដើម្បី​ធ្វើ​តាម​បំណង​របស់​ព្រះ​វរបិតា​ទ្រង់ គឺ​សម្ដែង​ឲ្យ​ឃើញ​ក្នុង​ការ​តប​ឆ្លើយ​របស់​ព្រះ​យេស៊ូ​ដល់​ម៉ារា​នោះ! សូម​ឲ្យ​យើង​មាន​ការ​តាំង​ចិត្ត​ដូច​នេះ ដើម្បី​បំពេញ​នូវ«កិច្ច​ទាំង​មូល»របស់​យើង​ជូន​ព្រះ។—សាស្ដា ១២:១៣

៥. តើ​អព្ភូតហេតុ​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​នៅ​ឯ​ភូមិ​កាណា ហើយ​តើ​មាន​ឥទ្ធិពល​អ្វី​លើ​អ្នក​ដទៃ?

ការ​យល់​ចំណុច​នឹង​ពាក្យ​របស់​បុត្រា​របស់​គាត់ នោះ​ម៉ារា​ក៏​បោះ​ជំហាន​ចេញ​ភ្លាម ហើយ​បង្គាប់​ពួក​បាវ​ថា៖ «ការ​អ្វី​ដែល​លោក​ប្រាប់​ឲ្យ​ធ្វើ នោះ​ត្រូវ​ធ្វើ​ចុះ»។ ហើយ​ព្រះ​យេស៊ូ​ក៏​ដោះ​ស្រាយ​បញ្ហា​នោះ។ ទ្រង់​បង្គាប់​បាវ​ឲ្យ​ចាក់​ទឹក​ពេញ​ដល់​មាត់​ពាង ហើយ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ទឹក​នេះ​ទៅ​ជា​ស្រា​ទំពាំង​បាយ​ជូរ​ដ៏​ល្អ​បំផុត។ នេះ​កើត​ឡើង​ជា​ការ​ផ្ដើម​នៃ​ព្រះ​ចេស្ដា​ខាង​ការ​ធ្វើ​អព្ភូតហេតុ​របស់​ព្រះ​យេស៊ូ ដែល​ផ្ដល់​នូវ​សញ្ញា​ថា​វិញ្ញាណ​របស់​ព្រះ​គឺ​មាន​មក​លើ​ទ្រង់។ នៅ​ពេល​ដែល​ពួក​សិស្ស​ថ្មី​ៗ​ឃើញ​អព្ភូតហេតុ​នេះ នោះ​ជំនឿ​របស់​គេ​បាន​ត្រូវ​ពង្រឹង​ឡើង។—យ៉ូហាន ២:៥​-​១១

ចិត្ត​ឧស្សាហ៍​ចំពោះ​ដំណាក់​របស់​ព្រះ​យេហូវ៉ា

៦. ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​មាន​សេចក្ដី​ខ្ញាល់​ដោយ​ព្រោះ​មាន​ហេតុ​ចំពោះ​អ្វី ដែល​ទ្រង់​ទត​ឃើញ​នៅ​ឯ​ព្រះ​វិហារ​ក្នុង​ទី​ក្រុង​យេរូសាឡិម ហើយ​តើ​ទ្រង់​ចាត់​វិធានការ​ធ្វើ​អ្វី?

មិន​យូរ​ប៉ុន្មាន​នឹង​ជា​និទាឃ​រដូវ​នៅ​ឆ្នាំ​៣០ ស.យ. ហើយ​ព្រះ​យេស៊ូ​ព្រម​ទាំង​ពួក​គូកន​ទ្រង់​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ឯ​ទី​ក្រុង​យេរូសាឡិម ដើម្បី​ធ្វើ​បុណ្យ​រំលង។ កាល​ដែល​នៅ​ទី​នោះ ពួក​សិស្ស​របស់​ទ្រង់​ឃើញ​មេ​ដឹក​នាំ​របស់​គេ​ធ្វើ​តាម​បែបបទ ដែល​ប្រហែល​ជា​ពួក​គេ​មិន​ធ្លាប់​ឃើញ​ទ្រង់​ប្រព្រឹត្ត​នៅ​ពី​មុន។ ពួក​ពាណិជ្ជករ​ដ៏​លោភ​ជាតិ​យូដា កំពុង​តែ​លក់​សត្វ​និង​សត្វ​ស្លាប​នៅ​ខាង​ក្នុង​ព្រះ​វិហារ​តែ​ម្ដង។ ហើយ​ពួក​គេ​កំពុង​តែ​យក​តម្លៃ​ថ្លៃ​ណាស់​ពី​ពួក​ថ្វាយ​បង្គំ​ដ៏​ស្មោះ​ត្រង់​ជាតិ​យូដា។ ដោយ​ពេញ​នឹង​សេចក្ដី​ខ្ញាល់​ព្រោះ​មាន​ហេតុ នោះ​ព្រះ​យេស៊ូ​ក៏​ចាត់​វិធានការ​ភ្លាម។ ទ្រង់​ក៏​យក​ខ្សែ​ធ្វើ​ជា​រំពាត់​ហើយ​បណ្ដេញ​ពួក​អ្នក​លក់​ចេញ​ពី​នោះ។ ដោយ​ចាក់​ប្រាក់​របស់​ពួក​អ្នក​ដូរ​លុយ​ចេញ នោះ​ទ្រង់​ក៏​ផ្កាប់​តុ​របស់​គេ។ ទ្រង់​បញ្ជា​ពួក​លក់​សត្វ​ព្រាប​ថា៖ «ចូរ​យក​របស់​ទាំង​នេះ​ចេញ​ទៅ!»។ នៅ​ពេល​ដែល​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​ឃើញ​ទ្រង់​ប្រព្រឹត្ត​យ៉ាង​ខ្លាំង​បែប​នេះ នោះ​ពួក​គេ​ចាំ​អំពី​ទំនាយ​អំពី​បុត្រា​របស់​ព្រះ​ដែល​ថា៖ «សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន​ទូល​បង្គំ»។ (យ៉ូហាន ២:១៣​-​១៧; ទំនុកដំកើង ៦៩:៩) ដោយ​មាន​ចិត្ត​ឧស្សាហ៍​យើង​ក៏​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន មិន​ឲ្យ​ការ​ទោរ​ទន់​ទៅ​រក​លោកីយ៍​នេះ​ធ្វើ​ឲ្យ​ខូច​ដល់​ការ​ថ្វាយ​បង្គំ​របស់​យើង​បាន​ឡើយ។

៧. (ក) តើ​អ្វី​ដែល​ជំរុញ​ឲ្យ​លោក​នីកូដេម​ទៅ​លេង​ព្រះ​មេស្ស៊ី? (ខ) តើ​យើង​រៀន​អ្វី​ពី​ការ​ធ្វើ​បន្ទាល់​របស់​ព្រះ​យេស៊ូ​ដល់​ស្ត្រី​សាសន៍​សាម៉ារី​នោះ?

កាល​ដែល​នៅ​ក្នុង​ទី​ក្រុង​យេរូសាឡិម នោះ​ព្រះ​យេស៊ូ​ធ្វើ​ទី​សម្គាល់​ដ៏​អស្ចារ្យ ហើយ​មនុស្ស​ជា​ច្រើន​មាន​ជំនឿ​លើ​ទ្រង់។ សូម្បី​តែ​លោក​នីកូដេម ដែល​ជា​សមាជិក​ម្នាក់​ពី​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឬ​តុលាការ​ជាន់​ខ្ពស់​នៃ​សាសន៍​យូដា បាន​ស្ងើច​នឹង​ព្រះ​យេស៊ូ ហើយ​បាន​មក​ឯ​ទ្រង់​នៅ​ពេលយប់ ដើម្បី​រៀន​ឲ្យ​ចេះ​ដឹង​ច្រើន​ទៀត។ រួច​មក ព្រះ​យេស៊ូ​និង​ពួក​សិស្ស​ទ្រង់​បាន​ស្នាក់​នៅ​ឯ«ស្រុក​យូដា»អស់​ប្រហែល​ជា​ប្រាំ​បី​ខែ ដោយ​ផ្សព្វ​ផ្សាយ​និង​បង្កើត​ឲ្យ​មាន​សិស្ស​ទៀត។ ប៉ុន្តែ ក្រោយ​ពីយ៉ូហានជា​អ្នក​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក នោះ​ពួក​គេ​ក៏​ចាក​ចេញ​ពី​ស្រុក​យូដា​ទៅ​ឯ​ស្រុក​កាលីឡេ​វិញ។ កាល​ដែល​គេ​ដើរ​កាត់​តំបន់​នៃ​ស្រុក​សាម៉ារី នោះ​ព្រះ​យេស៊ូ​ក៏​យក​ឱកាស​ដើម្បី​ធ្វើ​បន្ទាល់​ដល់​ស្ត្រី​សាសន៍​សាម៉ារី។ នេះ​បាន​រៀបចំ​ផ្លូវ​សំរាប់​ពួក​សាសន៍​សាម៉ារី​ជា​ច្រើន​នាក់​ទៀត​ឲ្យ​បាន​ទៅ​ជា​ពួក​អ្នក​ជឿ។ សូម​ឲ្យ​យើង​ចេះ​វាង​វៃ​រក​ឱកាស​ដើម្បី​និយាយ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។—យ៉ូហាន ២:២៣; ៣:១​-​២២; ៤:១​-​៤២; ម៉ាកុស ១:១៤

ការ​បង្រៀន​ដែល​មាន​ទំហំ​យ៉ាង​ធំ​ក្នុង​ស្រុក​កាលីឡេ

៨. តើកិច្ច​ការអ្វី​ដែល​ព្រះ​យេស៊ូ​ចាប់​ផ្ដើម​ធ្វើ​នៅ​ឯ​ស្រុក​កាលីឡេ?

មុន«កំណត់»នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ នោះ​ទ្រង់​មានកិច្ច​ការច្រើន​ណាស់​ដែល​ត្រូវ​តែ​ធ្វើ​ឲ្យ​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌។ នៅ​ក្នុង​ស្រុក​កាលីឡេ ព្រះ​យេស៊ូ​ចាប់​ផ្ដើម​នូវ​កិច្ច​បំរើ​ដ៏​ធំ​ជាង​កិច្ច​បំរើ​ក្នុង​ស្រុក​យូដា​និង​ទី​ក្រុង​យេរូសាឡិម​ទៅ​ទៀត។ ទ្រង់​យាង​ទៅ«គ្រប់​សព្វ​ក្នុង​ក្រុង​កាលីឡេ ទ្រង់​បង្រៀន​ក្នុង​អស់​ទាំង​សាលា​ប្រជុំ ក៏​ប្រកាស​ដំណឹង​ល្អ​ពី​នគរ ព្រម​ទាំង​ប្រោស​ជំងឺ​គ្រប់​មុខ នឹង​អស់​ទាំង​ជរា​ពិការ ក្នុង​ពួក​បណ្ដា​ជន​ឲ្យ​ជា​ផង»។ (ម៉ាថាយ ៤:២៣) ពាក្យ​របស់​ទ្រង់​ដែល​នាំ​ឲ្យ​គេ​ចាប់​អារម្មណ៍​គឺ៖ «ចូរ​ប្រែ​ចិត្ត​ឡើង ដ្បិត​នគរ​ស្ថាន​សួគ៌​ជិត​ដល់​ហើយ!» បាន​ឮ​សុសសាយ​ទូទាំង​ស្រុក​នោះ។ (ម៉ាថាយ ៤:១៧) គ្រាន់​តែ​ប៉ុន្មាន​ខែ​ក្រោយ​មក នៅ​ពេល​ដែល​សិស្ស​ពីរ​នាក់​របស់យ៉ូហានជា​អ្នក​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក បាន​មក​យក​របាយការណ៍​ផ្ទាល់​អំពី​ព្រះ​យេស៊ូ នោះ​ទ្រង់​មាន​បន្ទូល​ប្រាប់​គេ​ថា៖ «ចូរ​ទៅ​ប្រាប់យ៉ូហាន ពី​ការ​ដែល​អ្នក​បាន​ឃើញ​ហើយ​ឮ​ចុះ គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​រស់​ឡើង​វិញ ហើយ​មនុស្ស​ទាល់​ក្រ​ក៏​បាន​ឮ​ដំណឹង​ល្អ មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ»។—លូកា ៧:២២, ២៣

៩. ហេតុ​អ្វី​ក៏​ហ្វូង​មនុស្ស​ទៅ​ឯ​ព្រះ​គ្រីស្ទ​យេស៊ូ ហើយ​តើ​មេ​រៀន​អ្វី​ដែល​យើង​បាន​រៀន​ពី​នេះ?

‹នោះ​មាន​ឮ​ល្បី​ពី​ព្រះ​យេស៊ូ​សុសសាយ​ទូទៅ​ក្នុង​ស្រុក​នៅ​ជុំ​វិញ› និង​ហ្វូង​មនុស្ស​យ៉ាង​ធំ​មក​ឯ​ទ្រង់ ពី​ស្រុក​កាលីឡេ ស្រុក​ដេកាប៉ូល ទី​ក្រុង​យេរូសាឡិម ស្រុក​យូដា និង​កន្លែង​ឯ​ទៀត​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់។ (លូកា ៤:១៤, ១៥; ម៉ាថាយ ៤:២៤, ២៥) ពួក​គេ​មក​ឯ​ទ្រង់​មិន​គ្រាន់​តែ​ដោយ​សារ​ការ​ធ្វើ​ឲ្យ​ជា​ឡើង​ដោយ​អព្ភូតហេតុ​របស់​ទ្រង់នោះ​ទេ ក៏​ប៉ុន្តែ​ដោយ​សារ​ការ​បង្រៀន​ដ៏​អស្ចារ្យ​របស់​ទ្រង់​ផង​ដែរ។ សារ​របស់​ទ្រង់​គឺ​ជា​ទី​ទាក់​ទាញ​ចិត្ត​និង​ជា​ទី​លើក​ទឹក​ចិត្ត​ទៀត​ផង។ (ម៉ាថាយ ៥:១–៧:២៧) បន្ទូល​របស់​ព្រះ​យេស៊ូ​គឺ​ផ្អែម​ពីរោះ​និង​គួរ​ឲ្យ​ជា​ទី​គាប់​ចិត្ត។ (លូកា ៤:២២) ពួក​បណ្ដា​ជន«ក៏​នឹក​ប្លែក ពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន» ដ្បិត​ទ្រង់​មាន​បន្ទូល​ពីបទគម្ពីរ​ដូច​ជា​មាន​អំណាច។ (ម៉ាថាយ ៧:២៨, ២៩; លូកា ៤:៣២) តើ​អ្នក​ណា​ដែល​មិន​ចូល​ចិត្ត​នឹង​បុរស​បែប​នេះ? សូម​ឲ្យ​យើង​ចេះ​បណ្ដុះ​បណ្ដាល​នូវ​ការ​ប៉ិន​ប្រសប់​នៃ​ការ​បង្រៀន ដើម្បី​ឲ្យ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ បាន​មក​ឯ​សេចក្ដី​ពិត​ដែរ។

១០. ហេតុ​អ្វី​ក៏​មនុស្ស​នៅ​ក្នុង​ភូមិ​ណាសារ៉ែត​ចង់​ធ្វើ​គុត​ដល់​ព្រះ​យេស៊ូ ហើយ​ហេតុ​អ្វី​ក៏​ពួក​គេ​ទទួល​បរាជ័យ?

១០ ប៉ុន្តែ មិន​មែន​ពួក​អ្នក​ស្ដាប់​ទាំង​អស់​របស់​ព្រះ​យេស៊ូ មាន​ចិត្ត​ព្រម​ទទួល​នោះ​ទេ។ សូម្បី​តែ​នៅ​ទី​ចាប់​ផ្ដើម​នៃ​កិច្ច​បំរើ​របស់​ទ្រង់ ពេល​ដែល​ទ្រង់​បង្រៀន​នៅ​ឯ​សាលា​ប្រជុំ​នៅ​ស្រុក​កំណើត​ណាសារ៉ែត ក៏​មាន​ការ​ប៉ុន​ប៉ង​រក​ធ្វើ​គុត​ដល់​ទ្រង់​ដែរ។ ទោះ​ជា​មនុស្ស​ក្នុង​ភូមិ​មាន​ចិត្ត​អស្ចារ្យ​នឹង«ព្រះ​បន្ទូល​ដ៏​ផ្អែម​ពីរោះ»របស់​ទ្រង់​ក៏​ដោយ ក៏​ពួក​គេ​ចង់​ឃើញ​នូវ​អព្ភូតហេតុ​ដែរ។ ប៉ុន្តែ ជា​ជាង​ធ្វើ​នូវកិច្ច​ការដ៏​ខ្លាំង​ក្លា​នៅ​ទី​នោះ ព្រះ​យេស៊ូ​បាន​លាត​ត្រដាង​នូវ​អត្តទត្ថភាព​និង​ការ​ខ្វះ​ជំនឿ​របស់​គេ​វិញ។ ដោយ​មាន​កំហឹង នោះ​អស់​អ្នក​ដែល​នៅ​ក្នុង​សាលា​ប្រជុំ​ក៏​ក្រោក​ដេញ​ព្រះ​យេស៊ូ បណ្ដើរ​ទៅ​ដល់​កំពូល​ភ្នំ ដើម្បី​នឹង​បោះ​ទំលាក់​ទ្រង់​ពី​ក្បាល​ចុះ​ទៅ​មុន។ ប៉ុន្តែ​ទ្រង់​រត់​គេច​ពី​ពួក​គេ​ចេញ​បាត់​ទៅ។ «កំណត់»នៃ​ការ​សោយ​ទិវង្គត​របស់​ទ្រង់​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ។—លូកា ៤:១៦​-​៣០

១១. (ក) ហេតុ​អ្វី​ក៏​មេ​ដឹក​នាំ​សាសនា​ខ្លះ​មក​ស្ដាប់​ព្រះ​យេស៊ូ? (ខ) ហេតុ​អ្វី​ក៏​គេ​ចោទ​ប្រកាន់​ថា​ព្រះ​យេស៊ូ​បំពាន​លើ​ថ្ងៃ​ឈប់​សំរាក?

១១ ពួក​មេ​ដឹក​នាំ​សាសនា ដូច​ជា​ពួក​ស្ក្រែប ពួក​ផារីស៊ី ពួក​សាឌូស៊ី និង​ពួក​ឯ​ទៀត ក៏​តែង​មាន​វត្តមាន​នៅ​កន្លែង​ដែល​ព្រះ​យេស៊ូ​ផ្សព្វ​ផ្សាយ​នោះ​ដែរ។ ពួក​គេ​ជា​ច្រើន​នាក់​មាន​វត្តមាន មិន​មែន​ដើម្បី​ស្ដាប់​ហើយ​រៀន​នោះ​ទេ ប៉ុន្តែ​ដើម្បី​រក​កំហុស​និង​ដើម្បី​ខំ​ប្រឹង​ចាប់​ទ្រង់។ (ម៉ាថាយ ១២:៣៨; ១៦:១; លូកា ៥:១៧; ៦:១, ២) ជា​ឧទាហរណ៍ កាល​ដែល​យាង​ទៅ​ឯ​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​បុណ្យ​រំលង​នៅ​ឆ្នាំ​៣១ ស.យ. នោះ​ព្រះ​យេស៊ូ​ប្រោស​ឲ្យ​ជា​ដល់​បុរស​ម្នាក់ ដែល​បាន​ឈឺ​អស់​៣៨​ឆ្នាំ​មក​ហើយ។ ពួក​មេ​ដឹក​នាំ​ជាតិ​យូដា​បាន​ចោទ​ប្រកាន់​ថា ព្រះ​យេស៊ូ​បំពាន​លើ​ថ្ងៃ​ឈប់​សំរាក។ ទ្រង់​តប​ឆ្លើយ​ថា៖ «ព្រះ​វរបិតា​ខ្ញុំ ទ្រង់​ធ្វើ​ការ​ដរាប​មក​ដល់​ឥឡូវ​នេះ ហើយ​ខ្ញុំ​ក៏​ធ្វើ​ការ​ដែរ»។ ឥឡូវ​នេះ ពួក​យូដា​ចោទ​ប្រកាន់​ទ្រង់​ថា​បាន​ប្រមាថ​នឹង​អ្វី​ដ៏​ពិសិដ្ឋ ដោយ​អះអាង​ជា​បុត្រា​របស់​ព្រះ ព្រោះ​បាន​ហៅ​ព្រះ​ជា​ព្រះ​វរបិតា។ ពួក​គេ​ស្វះ​ស្វែង​រក​ធ្វើ​គុត​ដល់​ព្រះ​យេស៊ូ ក៏​ប៉ុន្តែ​ទ្រង់​និង​ពួក​សិស្ស​បាន​ចាក​ចេញ​ពី​ទី​ក្រុង​យេរូសាឡិម​ទៅ​ស្រុក​កាលីឡេ​វិញ។ ស្រដៀង​គ្នា​ដែរ យើង​ប្រកប​ដោយ​ប្រាជ្ញា​បើ​ជៀស​វាង​នឹង​ការ​ឈ្លោះ​ដ៏​មិន​ចាំ​បាច់​ណា​ជា​មួយ​នឹង​ពួក​អ្នក​ប្រឆាំង ពេល​ដែល​យើង​ចំណាយ​កម្លាំង​របស់​យើង​ដល់​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ព្រះ​រាជាណាចក្រ និង​ក្នុងកិច្ច​ការបង្កើត​ឲ្យ​មាន​សិស្ស​នេះ។—យ៉ូហាន ៥:១​-​១៨; យ៉ូហាន ៦:១

១២. តើ​ព្រះ​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​ក្នុង​តំបន់​ស្រុក​កាលីឡេ​ដល់​វិសាលភាព​ណា?

១២ ព្រះ​យេស៊ូ​បាន​ចំណាយ​ពេល​ភាគ​ច្រើន​ក្នុង​កិច្ច​បំរើ​របស់​ទ្រង់​នៅ​ឯ​ស្រុក​កាលីឡេ ក្នុង​មួយ​ឆ្នាំ​កន្លះ​ជា​បន្ទាប់ ដោយ​គ្រាន់​តែ​ទៅ​ឯ​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​បុណ្យ​របស់​សាសន៍​យូដា​ដែល​មាន​បី​ដង​ក្នុង​មួយ​ឆ្នាំ​នោះ។ សរុប​ទៅ ទ្រង់​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ​បី​ដង​ក្នុង​ស្រុក​កាលីឡេ។ ដំណើរ​ផ្សព្វ​ផ្សាយ​ទី​មួយ​គឺ​ជា​មួយ​សិស្ស​បួន​នាក់​ថ្មី។ ដំណើរ​ផ្សព្វ​ផ្សាយ​ទី​ពីរ​គឺ​ជា​មួយ​ពួក​សាវ័ក​១២​នាក់ ហើយ​ដំណើរ​ដ៏​លាត​ស​ន្ឋឹ​ង​មួយ​ទៀត​គឺ​ការ​បញ្ជូន​ពួក​សាវ័ក​ដែល​បាន​ហ្វឹកហ្វឺន​ហើយ។ សេចក្ដី​ពិត​បាន​ផ្ដល់​យ៉ាង​ទូលំ​ទូលាយ​មែន​នៅ​ក្នុង​ស្រុក​កាលីឡេ​នោះ!—ម៉ាថាយ ៤:១៨​-​២៥; លូកា ៨:១​-​៣; ៩:១​-​៦

ការ​ធ្វើ​បន្ទាល់​យ៉ាង​ក្លាហាន​ក្នុង​ស្រុក​យូដា​និង​ស្រុក​បេរា

១៣, ១៤. (ក) តើ​នៅ​ពេល​ណា​ដែល​ពួក​យូដា​ស្វះ​ស្វែង​រក​ចាប់​ព្រះ​យេស៊ូ​នោះ? (ខ) ហេតុ​អ្វី​ក៏​ពួក​អាជ្ញា​ចាប់​ព្រះ​យេស៊ូ​មិន​បាន?

១៣ ឥឡូវ​នេះ​ជា​រដូវ​ស្លឹក​ឈើ​ជ្រុះ​នៃ​ឆ្នាំ​៣២ ស.យ. និង«កំណត់»របស់​ព្រះ​យេស៊ូ គឺ​នៅ​អនាគត​នៅ​ឡើយ។ បុណ្យ​បារាំ​គឺ​ជិត​ដល់​ហើយ។ ឥឡូវ​នេះ​ប្អូន​ៗ​ប្រុស​របស់​ព្រះ​យេស៊ូ បង្ខំ​ប្រាប់​ទ្រង់​ថា៖ «ចូរ​ចេញ​ពី​ទី​នេះ​ទៅ​ឯ​ស្រុក​យូដា​ទៅ»។ ពួក​គេ​ចង់​ឲ្យ​ព្រះ​យេស៊ូ​បង្ហាញ​នូវ​អំណាច​ដ៏​ជា​អព្ភូតហេតុ​នេះ ដល់​អស់​អ្នក​ដែល​បាន​ផ្ដុំ​គ្នា​នៅ​ឯ​បុណ្យ​ក្នុង​ទី​ក្រុង​យេរូសាឡិម។ ប៉ុន្តែ ព្រះ​យេស៊ូ​ជ្រាប​អំពី​គ្រោះ​ថ្នាក់។ ដូច្នេះ ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​ប្អូន​ៗ​ថា៖ «អញ​មិន​ទាន់​ទៅ​ទេ ព្រោះ​កំណត់​អញ​មិន​ទាន់​សំរេច​នៅ​ឡើយ»។—យ៉ូហាន ៧:១​-​៨

១៤ ដោយ​ពន្យារ​ពេល​នៅ​ក្នុង​ស្រុក​កាលីឡេ​មួយ​រយៈ នោះ​ព្រះ​យេស៊ូ​ក៏​យាង​ទៅ​ទី​ក្រុង​យេរូសាឡិម«តែ​មិន​ទៅ​ជា​មួយ​នឹង​អ្នក​ណា​ទេ គឺ​ទៅ​ដោយ​សំងាត់​វិញ»។ ប្រាកដ​ហើយ ពួក​យូដា​កំពុង​តែ​រក​ទ្រង់​នៅ​ឯ​ពិធី​បុណ្យ​នេះ ដោយ​និយាយ​ថា៖ «តើ​លោក​នៅ​ឯ​ណា?»។ នៅ​ពាក់​កណ្ដាល​ពេល​បុណ្យ ព្រះ​យេស៊ូ​យាង​ទៅ​ឯ​ព្រះ​វិហារ និង​ចាប់​ផ្ដើម​បង្រៀន​ដោយ​ក្លាហាន។ ពួក​គេ​ស្វះ​ស្វែង​ចាប់​ទ្រង់ ប្រហែល​ជា​ចង់​ចាប់​ទ្រង់​ដាក់​គុក ឬ​ក៏​ធ្វើ​គុត​ដល់​ទ្រង់។ ក៏​ប៉ុន្តែ ពួក​គេ​ឥត​បាន​ជោគ​ជ័យ​ទេ ពីព្រោះ‹កំណត់​របស់​ទ្រង់​មិន​ទាន់​មក​ដល់›។ ឥឡូវ​នេះ មនុស្ស​ជា​ច្រើន​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ។ សូម្បី​តែ​ពួក​អាជ្ញា​ដែល​ពួក​ផារីស៊ី​បាន​បញ្ជូន​ឲ្យ​ទៅ​ចាប់​ទ្រង់ ក៏​ត្រឡប់​មក​វិញ​ដៃ​ទទេ​ដែរ ដោយ​និយាយ​ថា៖ «មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ»។—យ៉ូហាន ​៧:៩​-​១៤, ៣០​-​៤៦

១៥. ហេតុ​អ្វី​ក៏​ពួក​គេ​ចង់​យក​ដុំ​ថ្ម​គប់​ព្រះ​យេស៊ូ​អ៊ីចឹង ហើយ​តើ​ប្រតិបត្ដិ​ការ​ផ្សាយ​ប្រកាស​អ្វី​ដែល​ព្រះ​យេស៊ូ​ផ្ដើម​ធ្វើ​ជា​បន្ទាប់​នោះ?

១៥ ការ​ប៉ះ​ទង្គិច​រវាង​ព្រះ​យេស៊ូ​និង​ពួក​យូដា​ដ៏​ជា​អ្នក​ប្រឆាំង​នៅ​មាន​ជាបន្ត កាល​ដែល​ទ្រង់​បង្រៀន​អំពី​ព្រះ​វរបិតា​នៅ​ឯ​ព្រះ​វិហារ ក្នុង​កំឡុង​បុណ្យ​នោះ។ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​បុណ្យ​នោះ ដោយ​មាន​ចិត្ត​ក្ដៅ​ក្រហាយ​នឹង​បន្ទូល​របស់​ព្រះ​យេស៊ូ​អំពី​អត្ថិភាព​មុន​ជា​មនុស្ស នោះ​ពួក​យូដា​ក៏​យក​ដុំ​ថ្ម​ចង់​គប់​ទ្រង់។ ក៏​ប៉ុន្តែ​ទ្រង់​បាន​ពួន ហើយ​រត់​គេច​ដោយ​ឥត​គ្រោះ​ថ្នាក់។ (យ៉ូហាន ៨:១២​-​៥៩) ដោយ​ចាំ​នៅ​ខាង​ក្រៅ​ទី​ក្រុង​យេរូសាឡិម នោះ​ព្រះ​យេស៊ូ​ចាប់​ផ្ដើម​នូវ​ការ​ប្រតិបត្ដិ​ការ​ផ្សាយ​ប្រកាស​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រុក​យូដា។ ទ្រង់​រើស​ពួក​សិស្ស​៧០​នាក់ ហើយ​ក្រោយ​ពី​បង្គាប់​ពួក​គេ នោះ​ក៏​បញ្ជូន​គេ​ពីរ​នាក់​ៗ ដើម្បី​ទៅ​ផ្សព្វ​ផ្សាយ​ក្នុង​តំបន់​នោះ។ ពួក​គេ​បាន​ទៅ​ជា​មុន​ដល់​គ្រប់​កន្លែង​និង​ទី​ក្រុង ដែល​ព្រះ​យេស៊ូ​និង​ពួក​សិស្ស​របស់​ទ្រង់ ប្រុង​ប្រៀប​នឹង​ទៅ​នោះ។—លូកា ១០:១​-​២៤

១៦. តើ​ពី​គ្រោះ​ថ្នាក់​អ្វី​ដែល​ព្រះ​យេស៊ូ​រត់​គេច​នៅ​ពេល​ដែល​មាន​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន ហើយ​តើ​ទ្រង់​រវល់​នឹងកិច្ច​ការអ្វី​ជា​បន្ទាប់​មក​ទៀត?

១៦ នៅ​ក្នុង​រដូវ​ត្រជាក់​នៃ​ឆ្នាំ​៣២ ស.យ. នោះ«កំណត់»របស់​ព្រះ​យេស៊ូ​គឺ​កាន់​តែ​ជិត​ដល់​ហើយ។ ទ្រង់​យាង​មក​ទី​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន។ ពួក​យូដា​នៅ​តែ​ស្វះ​ស្វែង​រក​ធ្វើ​គុត​ដល់​ទ្រង់​ដដែល។ កាល​ដែល​ព្រះ​យេស៊ូ​យាង​ចុះ​ឡើង​ត្រង់​បាំង​សាច​ក្នុង​ព្រះ​វិហារ នោះ​ពួក​គេ​បាន​ចោម​ព័ទ្ធ​ទ្រង់។ ម្ដង​នេះ​ទៀត គេ​បាន​ចោទ​ប្រកាន់​ទ្រង់​ថា​ប្រមាថ​លើ​អ្វី​ដ៏​ពិសិដ្ឋ ដោយ​រើស​ដុំ​ថ្ម​ចោល​សម្លាប់​ទ្រង់។ ក៏​ប៉ុន្តែ​ដូច​ជា​ទ្រង់​បាន​ធ្វើ​នៅ​លើក​មុន​ៗ ព្រះ​យេស៊ូ​រត់​គេច​ខ្លួន​បាត់​ទៅ។ មិន​យូរ​ប៉ុន្មាន ទ្រង់​ក៏​នៅ​បង្រៀន​តាម​ផ្លូវ ពី​ទី​ក្រុង​មួយ​ទៅ​ទី​ក្រុង​មួយ ភូមិ​មួយ​ទៅ​ភូមិ​មួយ​នៅ​ក្នុង​ស្រុក​បេរា ដែល​ឆ្លង​ទន្លេ​យ័រដាន់​ពី​ស្រុក​យូដា។ ហើយ​មនុស្ស​ជា​ច្រើន​មាន​ជំនឿ​លើ​ទ្រង់។ ក៏​ប៉ុន្តែ​សារលិខិត​ស្តី​អំពី​ឡាសារ​ដ៏​ជា​មិត្ត​សំឡាញ់​របស់​ទ្រង់ ក៏​ហៅ​ទ្រង់​ឲ្យ​យាង​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ។—លូកា ១៣:៣៣; យ៉ូហាន ១០:២០​-​៤២

១៧. (ក) តើ​សារ​ដ៏​បន្ទាន់​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ទទួល ក្នុង​ពេល​ផ្សព្វ​ផ្សាយ​នៅ​ស្រុក​បេរា? (ខ) តើ​អ្វី​ដែល​បង្ហាញ​ថា ព្រះ​យេស៊ូ​ជ្រាប​អំពី​គោល​បំណង​នៃ​ការ​ប្រព្រឹត្ត​ដែល​ត្រូវ​តែ​ធ្វើ និង​កំណត់​ពេល​នៃ​ព្រឹត្ដិការណ៍​នោះ?

១៧ សារ​ដ៏​ជា​បន្ទាន់​នេះ គឺ​មក​ពី​ម៉ាថា​និង​ម៉ារា​ដែល​ជា​បង​ស្រី​របស់​ឡាសារ ដែល​រស់​នៅ​ក្នុង​ភូមិ​បេថានី​នៃ​ស្រុក​យូដា។ អ្នក​នាំ​សារ​នោះ​រៀប​រាប់​ថា៖ «ព្រះ​អម្ចាស់​អើយ! មើល! អ្នក​ដែល​ទ្រង់​ស្រឡាញ់​នោះ​គាត់​ឈឺ»។ ព្រះ​យេស៊ូ​ឆ្លើយ​ថា៖ «ជំងឺ​នេះ​មិន​មែន​ដល់​ស្លាប់​ទេ គឺ​សំរាប់​ជា​កិត្ដិសព្ទ​ដល់​ព្រះ​វិញ ដើម្បី​នឹង​លើក​ដំកើង​ដល់​ព្រះ​រាជបុត្រា​នៃ​ព្រះ ដោយ​សារ​ជំងឺ​នេះ​ឯង»។ ដើម្បី​នឹង​សម្រេច​គោល​បំណង​នេះ ព្រះ​យេស៊ូ​បាន​ឈប់​នៅ​កន្លែង​ដដែល​នោះ​ដោយ​ចេតនា​អស់​ពីរ​ថ្ងៃ។ រួច​មក ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ទ្រង់​ថា៖ «ចូរ​យើង​ត្រឡប់​ទៅ​ឯ​ស្រុក​យូដា​វិញ»។ ពួក​គេ​ទូល​តប​ដោយ​អស្ចារ្យ​ថា៖ «លោក​គ្រូ! ពួក​សាសន៍​យូដា​ទើប​នឹង​រក​ចោល​លោក​នឹង​ថ្ម​ពី​មុន​នោះ ដូច្នេះ តើ​លោក​គិត​ទៅ​ឯ​ណោះ​ទៀត​ឬ?»។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​ក៏​ជ្រាប​ថា​សំណល់«នៅ​ពេល​ថ្ងៃ» ឬ​ពេល​វេលា​ដែល​ព្រះ​ចាត់​ទុក​មក​សំរាប់​កិច្ច​បំរើ​ទ្រង់​នៅ​លើ​ផែនដី​នេះ គឺ​ជិត​អស់​ហើយ។ ទ្រង់​ជ្រាប​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​ទ្រង់​ត្រូវ​តែ​ធ្វើ​និង​អំពី​មូលហេតុ​ទៀត​ផង។—យ៉ូហាន ១១:១​-​១០

អព្ភូតហេតុ​ដែល​គ្មាន​អ្នក​ណា​អាច​ធ្វើ​ព្រងើយ​កន្តើយ

១៨. នៅ​ពេល​ដែល​ព្រះ​យេស៊ូ​យាង​មក​ដល់​ភូមិ​បេថានី តើ​ទី​នោះ​មាន​ព្រឹត្ដិការណ៍​យ៉ាង​ណា ហើយ​មាន​អ្វី​កើត​ឡើង​ក្រោយ​ពី​ទ្រង់​យាង​មក​ដល់?

១៨ នៅ​ឯ​ភូមិ​បេថានី បុគ្គល​ទី​មួយ​ដែល​ជួប​ព្រះ​យេស៊ូ​គឺ​នាង​ម៉ាថា ដោយ​ទូល​ថា៖ «ព្រះ​អម្ចាស់​អើយ! បើ​សិន​ជា​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ»។ នាង​ម៉ារា​និង​អស់​អ្នក​ដែល​បាន​មក​ផ្ទះ​របស់​គេ ក៏​ដើរ​មក​ទាំង​យំ​ទាំង​អស់​គ្នា។ ព្រះ​យេស៊ូ​សួរ​ថា៖ «អ្នក​រាល់​គ្នា​បាន​យក​រូប​បុគ្គល​ទៅ​ទុក​ឯ​ណា?»។ ពួក​គេ​ទូល​ឆ្លើយ​ថា៖ «ព្រះ​អម្ចាស់! សូម​យាង​ទៅ​ទត​មើល»។ នៅ​ពេល​ដែល​មក​ដល់​ផ្នូរ ឃើញ​ថា​ជា​រអាង​ភ្នំ​ដែល​មាន​ថ្ម​មួយ​បិទ​សន្ធប់។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ចូរ​យក​ថ្ម​ចេញ!»។ ដោយ​ឥត​យល់​នូវ​អ្វី​ដែល​ព្រះ​យេស៊ូ​បម្រុង​នឹង​ធ្វើ នោះ​នាង​ម៉ាថា​ទូល​ជំទាស់​ថា៖ «ព្រះ​អម្ចាស់​អើយ! ខ្មោច​នេះ​ធុំ​ក្លិន​ហើយ ព្រោះ​ស្លាប់​កន្លង​មក​បាន​៤​ថ្ងៃ»ហើយ។ ក៏​ប៉ុន្តែ​ព្រះ​យេស៊ូ​សួរ​ថា៖ «តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា បើ​សិន​ជា​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរី​ល្អ​នៃ​ព្រះ​ទេ​ឬ​អី?»។—យ៉ូហាន ១១:១៧​-​៤០

១៩. ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​អធិស្ឋាន​នៅ​សាធារណៈ មុន​នឹង​ប្រោស​ឡាសារ​ឲ្យ​រស់​ឡើង​វិញ​នោះ?

១៩ ពេល​ដែល​គេ​យក​ថ្ម​ចេញ​ពី​ផ្នូរ​របស់​ឡាសារ នោះ​ព្រះ​យេស៊ូ​អធិស្ឋាន​ដោយ​ឮ​ៗ ដើម្បី​ឲ្យ​បណ្ដា​ជន​ដឹង​ថា អ្វី​ដែល​ទ្រង់​នឹង​ធ្វើ គឺ​បាន​សម្រេច​តាម​រយៈ​ព្រះ​ចេស្ដា​របស់​ព្រះ​វិញ។ រួច​មក ទ្រង់​ក៏​បន្លឺ​វាចា​ថា៖ «ឡាសារ​អើយ! ចូរ​ចេញ​មក!»។ នោះ​ឡាសារ​ក៏​ចេញ​មក​ទាំង​សំពត់​ស្នប​រុំ​ជាប់​នៅ​ជើង​ដៃ​ផង​ហើយ​មាន​កន្សែង​គ្រប​មុខ​ដែរ។ ព្រះ​យេស៊ូមាន​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្រាយ​គាត់​ឲ្យ​ទៅ​ចុះ»។—យ៉ូហាន ១១:៤១​-​៤៤

២០. តើ​ពួក​អ្នក​ដែល​ឃើញ​ព្រះ​យេស៊ូ​ប្រោស​ឡាសារ​ឲ្យ​រស់​ឡើង​វិញ បាន​ប្រព្រឹត្ត​យ៉ាង​ដូច​ម្ដេច?

២០ ពេល​ដែល​ឃើញ​នូវ​អព្ភូតហេតុ​នេះ ពួក​យូដា​ជា​ច្រើន​ដែល​បាន​មក​សម្រាល​ទុក្ខ​នាង​ម៉ាថា​និង​ម៉ារា ក៏​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ​ទៅ។ ពួក​ឯ​ទៀត​ក៏​ទៅ​ប្រាប់​ពួក​ផារីស៊ី​នូវ​អ្វី​ដែល​បាន​កើត​ឡើង។ តើ​គេ​មាន​ទឹក​ចិត្ត​យ៉ាង​ណា? មួយ​រំពេច​នោះ ពួក​គេ​និង​ពួក​សង្គ្រាជ​ក៏​ប្រមូល​ក្រុម​ប្រឹក្សា​មក​និយាយ​ជា​បន្ទាន់។ ដោយ​មាន​ការ​ភ័យ​ស្លន់​ស្លោ នោះ​ពួក​គេ​ទួញ​សោក​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ព្រោះ​មនុស្ស​នេះ​ធ្វើ​ទី​សំគាល់​ច្រើន​ណាស់? បើ​យើង​ទុក​ឲ្យ​ធ្វើ​តែ​យ៉ាង​ដូច្នេះ​ទៅ នោះ​មុខ​ជា​មនុស្ស​ទាំង​អស់​នឹង​ជឿ​តាម​វា​ហើយ រួច​សាសន៍រ៉ូមនឹង​មក​ចាប់​យក​ទាំង​ស្រុក នឹង​ជាតិ​យើង​ផង»។ ប៉ុន្តែ​សំ​ដេ​ច​សង្ឃ​ឈ្មោះ​កៃ​ផា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «មិន​គិត​ពិចារណា​ឃើញ​ថា បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្ដា​ជន នោះ​មាន​ប្រយោជន៍ ដល់​អ្នក​រាល់​គ្នា​ជា​ជាង ដើម្បី​កុំ​ឲ្យ​ជាតិ​យើង​នេះ​ត្រូវ​វិនាស​ទាំង​អស់​ឡើយ»។ ដូច្នេះ​ហើយ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ពួក​គេ​ក៏​ពិគ្រោះ​គ្នា​នឹង​សម្លាប់​ទ្រង់​ចេញ។—យ៉ូហាន ១១:៤៥​-​៥៣

២១. តើ​អព្ភូតហេតុ​នៃ​ដំណើរ​រស់​ឡើង​វិញ​របស់​ឡាសារ​ជា​ផ្នែក​ដើម​នៃ​ព្រឹត្ដិការណ៍​អ្វី?

២១ ដូច្នេះ​ដោយ​ពន្យារ​ពេល​ទៅ​ភូមិ​បេថានី នោះ​ព្រះ​យេស៊ូ​អាច​ធ្វើ​អព្ភូតហេតុ ដែល​គ្មាន​អ្នក​ណា​អាច​បដិសេធ​បាន​ឡើយ។ ដោយ​មាន​ព្រះ​ចេស្ដា​ពី​ព្រះ នោះ​ព្រះ​យេស៊ូ​ប្រោស​បុរស​នេះ​ដែល​បាន​ស្លាប់​អស់​បួន​ថ្ងៃ​ហើយ​នោះ​ឲ្យ​រស់​ឡើង​វិញ។ សូម្បី​តែ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ដែល​មាន​កិត្យានុភាព ក៏​បាន​ត្រូវ​ជំរុញ​ឲ្យ​កត់​សម្គាល់ ហើយ​កាត់​ទោស​រក​សម្លាប់​អ្នក​ធ្វើ​អព្ភូតហេតុ​នេះ​ដែរ! ដូច្នេះ​ហើយ អព្ភូតហេតុ​នេះ មាន​បំណង​ជា​ការ​ផ្ដើម​នូវ​ព្រឹត្ដិការណ៍​ដ៏​សំខាន់​ក្នុង​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ គឺ​ជា​ការ​ផ្លាស់​ប្ដូរ​ពី​កំឡុង​ពេល​នៃ«កំណត់​ទ្រង់​មិន​ទាន់​មក​ដល់​នៅ​ឡើយ» ទៅ​ជា​គ្រា​ដែល«កំណត់​មក​ដល់​ហើយ»។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​ព្រះ​យេស៊ូ​បង្ហាញ​ថា​ទ្រង់​ជ្រាប​អំពីកិច្ច​ការដែល​ព្រះ​ចាត់​មក​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​ជំទាស់​នឹង​យោបល់​របស់​មាតា​របស់​ទ្រង់ ស្តី​អំពី​ស្រា​នោះ?

តើ​អ្វី​ដែល​យើង​អាច​រៀន​ពី​របៀប​ដែល​ព្រះ​យេស៊ូ​តែង​តែ​ទាក់​ទង​នឹង​ពួក​អ្នក​ប្រឆាំង​ទ្រង់​នោះ?

ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​ពន្យារ​ពេល​ក្នុង​ការ​ព្យាបាល​ជម្ងឺ​របស់​ឡាសារ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២៤]

ព្រះ​យេស៊ូ​ចំណាយ​កម្លាំង​របស់​ទ្រង់​ចំពោះ​ភារកិច្ច ដែល​ព្រះ​បាន​ចាត់​ឲ្យ​ទ្រង់​ធ្វើ