លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរសម្ដែងចិត្តគំនិតរបស់ព្រះគ្រីស្ទ

ចូរសម្ដែងចិត្តគំនិតរបស់ព្រះគ្រីស្ទ

ចូរ​សម្ដែង​ចិត្ត​គំនិត​របស់​ព្រះ​គ្រីស្ទ

«សូម​ព្រះ​ដែល​ជួយ​សម្រាល​ទុក្ខ និង​ជួយ​ឲ្យ​ចេះ​ស៊ូ​ទ្រាំ ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត សម​ស្រប​តាម​ព្រះ​គ្រីស្ទ​យេស៊ូ»។—រ៉ូម ១៥:៥, ព.ថ.

១. តើ​តាម​របៀប​ណា​ដែល​ជីវិត​របស់​មនុស្ស​ម្នាក់​អាច​ទទួល​ឥទ្ធិពល​ពី​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​គេ?

 អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​គឺ​ជា​អ្វី​ដ៏​សំខាន់​ណាស់​ក្នុង​ជីវិត។ របៀប​ដែល​មនុស្ស​ម្នាក់​ទាក់​ទង​នឹង​បញ្ហា​ផ្សេង​ៗ និង​របៀប​មនុស្ស​ឯ​ទៀត​ទាក់​ទង​នឹង​គាត់​វិញ អាច​ច្រើន​តែ​អាស្រ័យ​ទៅ​លើ​មូលដ្ឋាន​ដែល​ថា គាត់​មាន​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ព្រងើយ​កន្តើយ​ឬ​ក៏​យក​ចិត្ត​ទុក​ដាក់ អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​វិជ្ជមាន​ឬ​ក៏​អវិជ្ជមាន អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ប្រឆាំង​ឬ​ក៏​ចេះ​រួម​គ្នា​ធ្វើ​ការ អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​រអ៊ូ​រទាំ​ឬ​ក៏​ចេះ​ដឹង​គុណ។ អ៊ីចឹង​ហើយ ដោយ​មាន​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ល្អ មនុស្ស​ម្នាក់​ក៏​អាច​សប្បាយ​ចិត្ត សូម្បី​តែ​នៅ​ក្នុង​កាលៈទេសៈ​ដ៏​ពិបាក​ក៏​ដោយ។ ចំណែក​មនុស្ស​ម្នាក់​ដែល​មាន​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​អាក្រក់​វិញ គាត់​គិត​ថា​ខ្លួន​កំពុង​តែ​ជួប​ប្រទះ​ការ​ពិបាក សូម្បី​តែ​ក្នុង​ពេល​ដែល​ជីវិត​គាត់​គឺ​បាន​សុខ​ស្រួល​ក៏​ដោយ។

២. តើ​មនុស្ស​ម្នាក់​រៀន​ចេះ​សម្ដែង​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ផ្សេង​ៗ​យ៉ាង​ដូច​ម្ដេច?

មនុស្ស​អាច​រៀន​ចេះ​សម្ដែង​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ផ្សេង​ៗ មិន​ថា​ល្អ​ឬ​ក៏​អាក្រក់​ក៏​ដោយ។ តាម​ការ​ពិត មនុស្ស​អាច​រៀន​ចេះ​សម្ដែង​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​មែន។ ស្តី​អំពី​កូន​ង៉ា នោះ​សព្វវចនាធិប្បាយ កូលាស បាន​ចែង​ថា៖ «អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដែល​កូន​ង៉ា​នោះ​នឹង​មាន​ជា​យថាហេតុ គាត់​ត្រូវ​តែ​បាន​ទទួល​ឬ​ក៏​រៀន​សម្ដែង ស្រដៀង​នឹង​របៀប​ដែល​គាត់​ត្រូវ​តែ​រៀន​ភាសា​មួយ ឬ​ទទួល​បាន​មក​នូវ​ការ​ប៉ិន​ប្រសប់​ផ្សេង​ណា​មួយ»។ តើ​យើង​រៀន​ឲ្យ​ចេះ​សម្ដែង​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ផ្សេង​ៗ​យ៉ាង​ដូច​ម្ដេច​ទៅ? ថ្វី​បើ​មាន​កត្ដា​ផ្សេង​ៗ​ដែល​ចូល​រួម​ក៏​ដោយ ប៉ុន្តែ​បរិយាកាស​និង​ការ​សេព​គប់​គឺ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់។ សព្វវចនាធិប្បាយ​ដែល​បាន​រៀប​រាប់​ខាង​លើ​បាន​កត់​សម្គាល់​ថា៖ «បើ​យើង​រៀន​ឬ​ក៏​យក​តំរាប់​តាម​ប្រៀប​ដូច​ជា​ការ​ស្រូប​យក​នូវ​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​អស់​អ្នក​ដែល​យើង​សេព​គប់​យ៉ាង​ជិត​ស្និទ្ធ»។ រាប់​ពាន់​ឆ្នាំ​មុន ព្រះ​គម្ពីរ​បាន​ចែង​ស្រដៀង​គ្នា​នឹង​នេះ​ថា៖ «អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់​ប្រសព្វ​នឹង​មនុស្ស​ល្ងី​ល្ងើ នោះ​នឹង​ត្រូវ​ខូច​បង់​វិញ»។—សុភាសិត ១៣:២០; កូរិនថូស​ទី​១ ១៥:៣៣

គំរូ​នៃ​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ត្រឹម​ត្រូវ

៣. តើ​អ្នក​ណា​ធ្លាប់​មាន​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដែល​ជា​គំរូ​ល្អ ហើយ​តើ​យើង​អាច​យក​តម្រាប់​តាម​ទ្រង់​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ធ្វើ​ជា​គំរូ​ល្អ​បំផុត​ចំពោះ​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត ដូច​ជា​ទ្រង់​បាន​ជា​គំរូ​ដ៏​ល្អ​បំផុត​ក្នុង​គ្រប់​ទិដ្ឋភាព។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ខ្ញុំ​បាន​ធ្វើ​ដំ​រាប់​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ»។ (យ៉ូហាន ១៣:១៥) ដើម្បី​ឲ្យ​បាន​ដូច​ព្រះ​យេស៊ូ នោះ​មុន​ដំបូង​យើង​ត្រូវ​តែ​រៀន​អំពី​ទ្រង់​សិន។ * យើង​សិក្សា​អំពី​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ ដោយ​មាន​បំណង​ធ្វើ​ដូច​ជា​សាវ័ក​ពេត្រុស​បាន​ជូន​យោបល់​ថា៖ «ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្ដី​នោះ​ឯង ពីព្រោះ​ព្រះ​គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ​ទាំង​ទុក​ដំ​រាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់»។ (ពេត្រុស​ទី​១ ២:២១) គោល​ដៅ​របស់​យើង​គឺ​ឲ្យ​បាន​ដូច​ព្រះ​យេស៊ូ ហើយ​ឲ្យ​បាន​ច្រើន​បំផុត​តាម​តែ​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ នេះ​រួម​បញ្ចូល​ការ​បណ្ដុះ​បណ្ដាល​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដូច​ទ្រង់​ដែរ។

៤, ៥. តើ​លក្ខណៈ​អ្វី​ពី​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​ព្រះ​យេស៊ូ​ដែល​បាន​ត្រូវ​បញ្ជាក់​នៅ​រ៉ូម ១៥:១​-​៣ ហើយ​តើ​ដូច​ម្ដេច​ដែល​គ្រីស្ទាន​ទាំង​ឡាយ​អាច​ត្រាប់​តាម​ទ្រង់?

តើ​ការ​មាន​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​ព្រះ​យេស៊ូ​រួម​បញ្ចូល​អ្វី​ខ្លះ? ជំពូក១៥​នៃ​សំបុត្រ​របស់​ប៉ុល​ទៅ​កាន់​ពួករ៉ូមជួយ​យើង​រក​ចម្លើយ​ចំពោះ​សំនួរ​នេះ។ ក្នុង​ខ​ពីរ​បី​នៅ​ដើមជំពូកនេះ ប៉ុល​បាន​សំដៅ​ទៅ​គុណសម្បត្ដិ​មួយ​ដ៏​ល្អ​ប្រពៃ​របស់​ព្រះ​យេស៊ូ ពេល​ដែល​គាត់​និយាយ​ថា៖ «គួរ​តែ​ឲ្យ​យើង​រាល់​គ្នា ដែល​មាន​កំឡាំង បាន​ទ្រាំ​ទ្រ​នឹង​សេចក្ដី​កំសោយ របស់​ពួក​អ្នក​ដែល​គ្មាន​កំឡាំង​វិញ ឥត​បំពេញ​ចិត្ត​ខ្លួន​យើង​ឡើយ ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សំរាប់​ជា​សេចក្ដី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង ដ្បិត​ព្រះ​គ្រីស្ទ ទ្រង់​មិន​បាន​បំពេញ​ព្រះ​ហឫទ័យ​ទ្រង់​ដែរ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា៖ ‹សេចក្ដី​ដំនៀល​ដែល​គេ​ត្មះ​តិះ​ដៀល​ទ្រង់ នោះ​បាន​ធ្លាក់​មក​លើ​ទូល​បង្គំ​វិញ›»។—រ៉ូម ១៥:១​-​៣

ដោយ​យក​តម្រាប់​តាម​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​ព្រះ​យេស៊ូ នោះ​ពួក​គ្រីស្ទាន​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រុង​ប្រៀប​ជា​និច្ច ក្នុង​ការ​បំរើ​ដល់​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត ដោយ​ចិត្ត​សុភាព​ជា​ជាង​ចង់​តែ​បំពេញ​ចិត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ។ ប្រាកដ​ហើយ ការ​សុខ​ចិត្ត​ជួយ​អ្នក​ឯ​ទៀត​ដោយ​ចិត្ត​សុភាព គឺ​ជា​លក្ខណៈ​របស់​អ្នក«ដែល​មាន​កំឡាំង»។ ព្រះ​យេស៊ូ​ដែល​មាន​កម្លាំង​ខាង​វិញ្ញាណ​ច្រើន​ជាង​មនុស្ស​ឯ​ទៀត​ដែល​ធ្លាប់​រស់​នៅ បាន​មាន​បន្ទូល​អំពី​អង្គ​ទ្រង់​ថា៖ «ដូច​ជា​កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​លោក​ទេ គឺ​នឹង​បំរើ​គេ​វិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង»។ (ម៉ាថាយ ២០:២៨) ដោយ​ព្រោះ​យើង​ជា​ពួក​គ្រីស្ទាន យើង​ចង់​ខិត​ខំ​ជួយ​អ្នក​ដទៃ នេះ​រួម​បញ្ចូល​អ្នក«ដែល​គ្មាន​កំឡាំង»ផង​ដែរ។

៦. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ត្រាប់​តាម​ការ​ប្រព្រឹត្ត​តប​របស់​ព្រះ​យេស៊ូ ចំពោះ​ការ​ប្រឆាំង​និង​ការ​តិះ​ដៀល?

លក្ខណៈ​មួយ​ទៀត​ដ៏​ប្រសើរ​ដែល​ព្រះ​យេស៊ូ​បាន​សម្ដែង​ឲ្យ​ឃើញ នោះ​គឺ​ជា​របៀប​គិត​និង​ការ​ប្រព្រឹត្ត​ដែល​តែង​តែ​វិជ្ជមាន​ជា​និច្ច។ ទ្រង់​មិន​ដែល​អនុញ្ញាត​ឲ្យ​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​អវិជ្ជមាន​របស់​អ្នក​ឯ​ទៀត មាន​ឥទ្ធិពល​លើ​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​ល្អ​ល្អះ​របស់​ទ្រង់​ចំពោះ​ការ​ថ្វាយ​បង្គំ​ព្រះ​ទេ ហើយ​យើង​ក៏​មិន​គួរ​ឲ្យ​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​អវិជ្ជមាន​មាន​ឥទ្ធិពល​លើ​យើង​ដែរ។ ពេល​ដែល​ទ្រង់​ត្រូវ​គេ​តិះ​ដៀល​ឬ​ក៏​បៀត​បៀន​ដោយ​ព្រោះ​ទ្រង់​ថ្វាយ​បង្គំ​ព្រះ​យ៉ាង​ស្មោះ​ត្រង់ នោះ​ទ្រង់​បាន​ស៊ូ​ទ្រាំ​យ៉ាង​អត់​ធ្មត់​ដោយ​មិន​ត្អូញត្អែរ​ទេ។ ទ្រង់​ជ្រាប​ដឹង​ថា អស់​អ្នក​ដែល​ខិត​ខំ​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​របស់​គេ«សំរាប់​ជា​សេចក្ដី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង» អាច​ទន្ទឹង​ថា​នឹង​មាន​ការ​ប្រឆាំង​ពី​លោកីយ៍​នេះ​ដែល​គ្មាន​ជំនឿ​និង​គ្មាន​ការ​យល់​ដឹង​នោះ។

៧. តើ​ព្រះ​យេស៊ូ​បាន​សម្ដែង​ការ​អត់​ធ្មត់​យ៉ាង​ដូច​ម្ដេច និង​ហេតុ​អ្វី​ក៏​យើង​អាច​ធ្វើ​ដូច្នេះ​ដែរ?

ព្រះ​យេស៊ូ​ក៏​បាន​សម្ដែង​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​សម​ត្រឹម​ត្រូវ​តាម​របៀប​ផ្សេង​ទៀត។ ទ្រង់​មិន​ដែល​បាន​បង្ហាញ​ចិត្ត​មិន​អត់​ធ្មត់​ចំពោះ​ព្រះ​យេហូវ៉ា​ទេ ក៏​ប៉ុន្តែ​បាន​រង់​ចាំ​យ៉ាង​អត់​ធ្មត់​សំរាប់​ការ​សម្រេច​នៃ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ (ទំនុកដំកើង ១១០:១; ម៉ាថាយ ២៤:៣៦; កិច្ច​ការ ២:៣២​-​៣៦; ហេព្រើរ ១០:១២, ១៣) ម្យ៉ាង​វិញ​ទៀត ព្រះ​យេស៊ូ​មិន​ដែល​មាន​ព្រះ​ទ័យ​អខន្តី​ចំពោះ​ពួក​អ្នក​ដែល​ដើរ​តាម​ទ្រង់​ឡើយ។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​គេ​ថា៖ «រៀន​នឹង​ខ្ញុំ» ក៏​ប៉ុន្តែ​ដោយ​សារ​ទ្រង់«ស្លូត» នោះ​ការ​ណែនាំ​របស់​ទ្រង់​បាន​ស្អាង​ចិត្ត​ឡើង​និង​បាន​ជួយ​កំសាន្ត​ចិត្ត។ ម្យ៉ាង​ទៀត ដោយ​ទ្រង់​មាន«ចិត្ត​សុភាព» នោះ​ទ្រង់​មិន​ដែល​គិត​ថា​ខ្លួន​ទ្រង់​សំខាន់​ជាង​គេ​ឡើយ​ឬ​ក៏​បំពាន​សិទ្ធិ​របស់​អ្នក​ឯ​ទៀត​ដែរ។ (ម៉ាថាយ ១១:២៩) ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​យក​តម្រាប់​តាម​លក្ខណៈ​នេះ​របស់​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​ព្រះ​យេស៊ូ ពេល​ប៉ុល​និយាយ​ថា៖ «ត្រូវ​តែ​មាន​គំនិត​គិត[អាកប្បកិរិយា​ខាង​ចិត្ត​គំនិត]ដូច​ជា​ព្រះ​គ្រីស្ទ​យេស៊ូវ​វិញ ដែល​ទោះ​បើ​ទ្រង់​មាន​រូប​អង្គជា​ព្រះ​ក៏​ដោយ គង់​តែ​មិន​បាន​រាប់​សេចក្ដី​ដែល​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្ដី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ គឺ​ទ្រង់​បាន​លះ​បង់​ព្រះ​អង្គ​ទ្រង់ មក​យក​រូប​ភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង»។—ភីលីព ២:៥​-​៧

៨, ៩. (ក) ម្ដេច​ក៏​យើង​ត្រូវ​តែ​ប្រឹង​ប្រែង​ដើម្បី​បណ្ដុះ​បណ្ដាល​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​មិន​សួន​តួ? (ខ) ហេតុ​អ្វី​យើង​មិន​គួរ​ធ្លាក់​ទឹក​ចិត្ត បើ​សិន​ជា​យើង​មិន​បាន​ត្រាប់​តាម​ទាំង​ស្រុង​នូវ​គំរូ​ដែល​ព្រះ​យេស៊ូ​បាន​ទុក​ឲ្យ និង​តើ​តាម​របៀប​ណា​ដែល​ប៉ុល​បាន​ជា​គំរូ​ល្អ​ចំពោះ​រឿង​នេះ?

ការ​និយាយ​ថា​យើង​ចង់​ជួយ​អ្នក​ដទៃ និង​គិត​ពី​សេចក្ដី​ត្រូវ​ការ​របស់​គេ​មុន​គិត​អំពី​ខ្លួន នេះ​គឺ​ជា​ការ​ស្រួល​និយាយ​មែន។ ក៏​ប៉ុន្តែ ការ​ពិនិត្យ​មើល​យ៉ាង​ចំ​ៗ​នូវ​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​យើង ប្រហែល​ជា​នឹង​បង្ហាញ​ថា ចិត្ត​យើង​មិន​សម​ស្រប​ទាំង​ស្រុង​នឹង​គំនិត​នោះ​ទេ។ ម្ដេច​ក៏​អ៊ីចឹង? ទី​មួយ ពីព្រោះ​យើង​បាន​ទទួល​ជា​មរតក​នូវ​លក្ខណៈ​សួន​តួ​ពី​អ័ដាម​និង​អេវ៉ា។ ទី​ពីរ គឺ​ពីព្រោះ​យើង​រស់​នៅ​ក្នុង​លោកីយ៍​មួយ​ដែល​បង្កើត​ឲ្យ​មាន​ភាព​សួន​តួ។ (អេភេសូរ ៤:១៧, ១៨) ការ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​មួយ​ដែល​មិន​សួន​តួ តម្រូវ​ឲ្យ​យើង​បណ្ដុះ​បណ្ដាល​របៀប​គិត​មួយ​ដែល​ផ្ទុយ​ពី​ភាព​មិន​គ្រប់ល័ក្ខណ៍​របស់​យើង។ នេះ​តម្រូវ​នូវ​ការ​តាំង​ចិត្ត​និង​ការ​ព្យាយាម។

ភាព​មិន​គ្រប់ល័ក្ខណ៍​របស់​យើង​ស្តែង​ឲ្យ​ឃើញ​ថា គឺ​ផ្ទុយ​ស្រឡះ​ពី​គំរូ​ដ៏​គ្រប់ល័ក្ខណ៍​របស់​ព្រះ​យេស៊ូ ហើយ​ហេតុ​ការណ៍​នេះ​អាច​ជួន​កាល​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត​ទៀត​ផង។ យើង​ប្រហែល​ជា​នឹង​សង្ស័យថា គ្មាន​លទ្ធភាព​នឹង​មាន​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដូច​ព្រះ​យេស៊ូ​នោះ​ឡើយ។ ក៏​ប៉ុន្តែ សូម​កត់​សម្គាល់​នូវ​ពាក្យ​ដ៏​លើក​ទឹក​ចិត្ត​របស់​ប៉ុល៖ «ដ្បិត​ខ្ញុំ​ដឹង​ថា នៅ​ក្នុង​ខ្លួន​ខ្ញុំ គឺ​ក្នុង​សាច់​ឈាម​ខ្ញុំ គ្មាន​អ្វី​ល្អ​ទេ ព្រោះ​ខ្ញុំ​មាន​ចិត្ត​ចង់​ធ្វើ​ល្អ​ជា​និច្ច ប៉ុន្តែ រក​ធ្វើ​មិន​កើត​សោះ ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរ​ជា​ខ្ញុំ​ធ្វើ​វិញ។ ដ្បិត​តាម​ប៉ែក​ខាង​ក្នុង ខ្ញុំ​ត្រេក​អរ​ចំពោះ​ក្រិត្យ​វិន័យ​របស់​ព្រះ តែ​ខ្ញុំ​ឃើញ​មាន​អំណាច​១​ទៀត ក្នុង​អស់​ទាំង​អវយវៈ​របស់​រូប​កាយ​ខ្ញុំ ដែល​ច្បាំង​នឹង​អំណាច​នៃ​គំនិត​ខ្ញុំ ទាំង​ចាប់​នាំ​ខ្ញុំ​ទៅ​ជាប់​ក្រោម​អំណាច​អំពើ​បាប ដែល​នៅ​ក្នុង​អវយវៈ​នៃ​ខ្លួន​ខ្ញុំ​ទាំង​ប៉ុន្មាន​ផង»។ (រ៉ូម ៧:១៨, ១៩, ២២,២៣) ពិត​មែន ភាព​មិន​គ្រប់ល័ក្ខណ៍​របស់​ប៉ុល បាន​ធ្វើ​ការ​រា​រាំង​ជា​ច្រើន​ដង មិន​ឲ្យ​គាត់​បំពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ​តាម​បំណង​គាត់​ឡើយ ក៏​ប៉ុន្តែ​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​គាត់ ដែល​រួម​បញ្ចូល​គំនិត​និង​អារម្មណ៍​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា បាន​ជា​គំរូ​ដ៏​ល្អ។ អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​យើង​ក៏​អាច​អ៊ីចឹង​ដែរ។

ការ​កែ​តម្រង់​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​ខុស

១០. តើ​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​អ្នក​នៅ​ក្រុងភីលីពឲ្យ​បណ្ដុះ​បណ្ដាល​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​អ្វី?

១០ តើ​មាន​អ្នក​ខ្លះ​ដែល​ប្រហែល​ជា​ត្រូវ​តែ​កែ​តម្រង់​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​ខុស​របស់​គេ​ឬ​ទេ? គឺ​មាន​មែន។ នេះ​តាម​មើល​ទៅ ជា​ករណី​របស់​ពួក​គ្រីស្ទាន​ខ្លះ​នៅ​សតវត្ស​ទី​មួយ។ ប៉ុល​បាន​និយាយ​អំពី​ការ​មាន​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ក្នុង​សំបុត្រ​របស់​គាត់​ទៅ​កាន់​ពួកភីលីព។ គាត់​បាន​សរសេរ​ថា៖ «មិន​មែន​ថា ខ្ញុំ​បាន​ទទួល[ជីវិត​នៅ​ស្ថាន​សួគ៌​តាម​រយៈ​ដំណើរ​រស់​ឡើង​វិញ​មុន​ដំបូង] ឬ​ថា ខ្ញុំ​បាន​គ្រប់ល័ក្ខណ៍​ហើយ​នោះ​ទេ តែ​ខ្ញុំ​កំពុង​តែ​ដេញ​តាម សង្វាត​នឹង​ចាប់​ឲ្យ​បាន​សេចក្ដី ដែល​ព្រះ​គ្រីស្ទ​យេស៊ូវ​បាន​ចាប់​ខ្ញុំ​ឲ្យ​បាន​នោះ​ដែរ។ បង​ប្អូន​អើយ ខ្ញុំ​មិន​រាប់​ថា​ខ្លួន​ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ តែ​មាន​សេចក្ដី​នេះ​១ គឺ​ថា ខ្ញុំ​ភ្លេច​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្ដី​ខាង​មុខ​ទៀត ទាំង​រត់​ដំរង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដូច្នេះ យើង​ទាំង​អស់​គ្នា​ដែល​គ្រប់ល័ក្ខណ៍​ហើយ យើង​ត្រូវ​មាន​គំនិត​យ៉ាង​នោះ​ឯង[អាកប្បកិរិយា​ខាង​ចិត្ត​គំនិត]»។ភីលីព ៣:១២​-​១៥

១១, ១២. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ឲ្យ​យើង​ឃើញ នូវ​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​ត្រឹម​ត្រូវ?

១១ ពាក្យ​របស់​ប៉ុល​បង្ហាញ​ថា អ្នក​ណា​ដែល​បាន​ទៅ​ជា​គ្រីស្ទាន ប៉ុន្តែ​មាន​អារម្មណ៍​ថា​ខ្លួន​មិន​ចាំ​បាច់​លូត​លាស់​ចំរើន​ឡើង អ្នក​នោះ​មាន​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ខុស។ អ្នក​នោះ​បាន​ខក​ខាន​យក​តម្រាប់​តាម​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​ព្រះ​គ្រីស្ទ។ (ហេព្រើរ ៤:១១; ពេត្រុស​ទី​២ ១:១០; ៣:១៤) តើ​ករណី​របស់​អ្នក​នោះ​គឺ​គ្មាន​លទ្ធភាព​កែ​ប្រែ​ទេ​ឬ? គឺ​មិន​អ៊ីចឹង​សោះ។ ព្រះ​អាច​ជួយ​យើង​ឲ្យ​កែ​ប្រែ​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​យើង បើ​សិន​ជា​យើង​ពិត​ជា​ចង់​ធ្វើ​អ៊ីចឹង​មែន។ ប៉ុល​បាន​និយាយ​បន្ត​ថា៖ «បើ​អ្នក​រាល់​គ្នា​មាន គំនិត[អាកប្បកិរិយា​ខាង​ចិត្ត​គំនិត]ណា​ផ្សេង​ក្នុង​ការ​អ្វី នោះ​ព្រះ​ទ្រង់​នឹង​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឃើញ​សេចក្ដី​នេះ​ដែរ[អាកប្បកិរិយា​ខាង​ចិត្ត​គំនិត]»។—ភីលីព ៣:១៥

១២ ក៏​ប៉ុន្តែ បើ​សិន​ជា​ព្រះ​យេហូវ៉ា​សម្ដែង​ឲ្យ​យើង​ឃើញ​នូវ​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​ត្រឹម​ត្រូវ នោះ​យើង​ត្រូវ​តែ​ចាត់​វិធានការ។ ការ​សិក្សា​នូវ​ព្រះ​បន្ទូល​របស់​ព្រះ​ទាំង​អធិស្ឋាន ដោយ​ប្រើ​ជា​ជំនួយ​នូវ​ប្រកាសនវត្ថុ​គ្រីស្ទាន ដែល«អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ»ផ្គត់​ផ្គង់​ឲ្យ​នោះ នឹង​ឲ្យ​សមត្ថភាព​ដល់​អ្នក«មាន​គំនិត[អាកប្បកិរិយា​ខាង​ចិត្ត​គំនិត]ណា​ផ្សេង»ឲ្យ​បណ្ដុះ​បណ្ដាល​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ត្រឹម​ត្រូវ។ (ម៉ាថាយ ២៤:៤៥) អ្នក​ចាស់​ទុំ​គ្រីស្ទាន​ដែល​បាន​ត្រូវ​ជ្រើស​តាំង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ «ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះ»នឹង​មាន​សោមនស្ស​ក្នុង​ការ​ជួយ​គាំទ្រ​អ្នក។ (កិច្ច​ការ ២០:២៨) យើង​មាន​កតញ្ញូ​ធម៌​ខ្លាំង​យ៉ាង​ណា​ទៅ​ហ្ន៎! ដែល​ព្រះ​យេហូវ៉ា​គិត​ពី​ភាព​មិន​គ្រប់ល័ក្ខណ៍​របស់​យើង និង​ផ្ដល់​ជំនួយ​ដល់​យើង​ដោយ​សេចក្ដី​ស្រឡាញ់។ ចូរ​ឲ្យ​យើង​ទទួល​នូវ​ជំនួយ​នោះ។

ការ​រៀន​ពី​អ្នក​ឯ​ទៀត

១៣. តើ​យើង​អាច​រៀន​អ្វី​ពី​កំណត់​ហេតុ​អំពីយ៉ូបស្តី​ពី​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​ត្រឹម​ត្រូវ​នោះ?

១៣ ក្នុងរ៉ូម​ជំពូក១៥ ប៉ុល​បង្ហាញ​ថា​ការ​រំពឹង​គិត​ពី​គំរូ​ក្នុង​ប្រវត្ដិសាស្ត្រ អាច​ជួយ​យើង​កែ​តម្រង់​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​យើង។ គាត់​បាន​សរសេរ​ថា៖ «ដ្បិត​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​សង្ឃឹម ដោយ​សេចក្ដី​អត់​ធន់ នឹង​សេចក្ដី​កំសាន្ត​ចិត្ត ដោយ​សារ​គម្ពីរ»។ (រ៉ូម ១៥:៤) ពី​សម័យ​មុន​ៗ អ្នក​បំរើ​ខ្លះ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​តែ​កែ​តម្រង់​ចំណុច​ខ្លះ​នៃ​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​គេ។ ជា​ឧទាហរណ៍ ជា​ទូទៅ​លោកយ៉ូបមាន​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ល្អ​ប្រសើរ។ គាត់​មិន​ដែល​បាន​ចោទ​ថា​ព្រះ​គឺ​អាក្រក់ ហើយ​គាត់​ក៏​មិន​បាន​អនុញ្ញាត​ឲ្យ​ការ​រង​ទុក្ខ​វេទនា​ពង្រីង​នូវ​ទំនុក​ចិត្ត​របស់​គាត់​ទៅ​លើ​ព្រះ​ឡើយ។ (យ៉ូប ១:៨, ២១, ២២) ក៏​ប៉ុន្តែ គាត់​មាន​ទម្លាប់​ចាត់​ទុក​ខ្លួន​គាត់​ជា​មនុស្ស​សុចរិត។ ព្រះ​យេហូវ៉ា​បាន​ណែនាំ​ឲ្យ​អេលីហ៊ូវ​ជួយ​កែតម្រង់​ទម្លាប់​នេះ​របស់យ៉ូប។ ជា​ជាង​អាម៉ាស់​មុខ យ៉ូបបាន​យល់​ព្រម​យ៉ាង​សុភាព​ថា គាត់​ត្រូវ​តែ​កែ​ប្រែ​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត និង​បាន​ចាប់​ផ្ដើម​តម្រង់​ខ្លួន​យ៉ាង​ឆាប់​រហ័ស។—យ៉ូប ៤២:១​-​៦

១៤. បើ​សិន​ជា​យើង​ត្រូវ​គេ​ជូន​ឱវាទ​យើង​អំពី​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​យើង តើ​យើង​អាច​ត្រាប់​តាមយ៉ូបយ៉ាង​ណា?

១៤ តើ​យើង​នឹង​ប្រព្រឹត្ត​ដូចយ៉ូបឬ​ទេ បើ​សិន​ជា​គ្រីស្ទាន​ម្នាក់​ប្រាប់​យើង​យ៉ាង​សប្បុរស​ថា យើង​កំពុង​តែ​សម្ដែង​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​មួយ​ដ៏​ខុស​នោះ? ដោយ​ធ្វើ​ដូចយ៉ូប សូម​កុំ​ឲ្យ​យើង«ប្រកាន់​ទោស​ដល់​ព្រះ»។ (យ៉ូប ១:២២) បើ​សិន​ជា​យើង​រង​ទុក្ខ​ដោយ​អយុត្ដិធម៌ កុំ​ឲ្យ​យើង​ត្អូញត្អែរ ឬ​ថា​ព្រះ​យេហូវ៉ា​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ពិបាក​របស់​យើង។ ចូរ​ឲ្យ​យើង​ជៀស​វាង​ពី​ការ​ដំកើង​ខ្លួន​ជា​សុចរិត​ដោយ​នឹក​ចាំ​ថា ទោះ​បី​យើង​មាន​ឯកសិទ្ធិ​អ្វី​ក៏​ដោយ​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា យើង​នៅ​គ្រាន់​តែ​ជា«បាវ​បំរើ​ឥត​កំរៃ​ដល់​ម្ចាស់​ទេ»។—លូកា ១៧:១០

១៥. (ក) តើ​អ្នក​តាម​ព្រះ​យេស៊ូ​បាន​សម្ដែង​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​អាក្រក់​អ្វី? (ខ) តើ​តាម​របៀប​ណា​ដែល​ពេត្រុស​បាន​សម្ដែង​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​ប្រសើរ?

១៥ ក្នុង​កំឡុង​សតវត្ស​ទី​មួយ អ្នក​ខ្លះ​ដែល​បាន​ស្ដាប់​ព្រះ​យេស៊ូ ក៏​បាន​សម្ដែង​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​មិន​ត្រឹម​ត្រូវ​ដែរ។ នៅ​គ្រា​មួយ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​អ្វី​មួយ​ដែល​ពិបាក​យល់។ ជា​ការ​តប​ឆ្លើយ«ពួក​សិស្ស​ទ្រង់​ជា​ច្រើន ដែល​ឮ​សេចក្ដី​នោះ ក៏​និយាយ​ថា ពាក្យ​នេះ​ពិបាក​ស្ដាប់​ណាស់​តើ​អ្នក​ណា​យល់​បាន?»។ អស់​អ្នក​ដែល​បាន​និយាយ​អ៊ីចឹង​ច្បាស់​ជា​បាន​មាន​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ខុស។ ម្ល៉ោះ​ហើយ អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ខុស​របស់​គេ​បាន​នាំ​ឲ្យ​គេ​ឈប់​ស្ដាប់​ព្រះ​យេស៊ូ​ត​ទៅ​ទៀត។ កំណត់​ហេតុ​ព្រះ​គម្ពីរ​ប្រាប់​ថា៖ «តាំង​ពី​នោះ​មក មាន​សិស្ស​ទ្រង់​ជា​ច្រើន​ដក​ខ្លួន​ថយ​ចេញ មិន​តាម​ទ្រង់​ទៀត​ទេ»។ តើ​សិស្ស​ទាំង​អស់​បាន​មាន​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ខុស​អ៊ីចឹង​ទេ? អត់​ទេ។ កំណត់​ហេតុ​នោះ​បន្ត​ថា៖ «នោះ​ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅ​ពួក​១២​នាក់​ថា៖ ‹អ្នក​រាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ?›។ ស៊ីម៉ូន​-​ពេត្រុស​ទូល​ឆ្លើយ​ថា៖ ‹ព្រះ​អម្ចាស់​អើយ! តើ​យើង​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា​វិញ?›»។ នោះ​ពេត្រុស​បាន​ឆ្លើយ​សំនួរ​របស់​ខ្លួន​ដោយ​និយាយ​ថា៖ «គឺ​ទ្រង់​ហើយ ដែល​មាន​ព្រះ​បន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច»។ (យ៉ូហាន ៦:៦០, ៦៦​-​៦៨) នេះ​ជា​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ល្អ​ប្រសើរ​ណាស់​ហ្ន៎! ពេល​ដែល​យើង​ប្រទះ​ការ​ពន្យល់ ឬ​ការ​កែ​ប្រែ​ក្នុង​ការ​យល់​ដឹង​ពី​ព្រះ​គម្ពីរ ដែល​យើង​ប្រហែល​ជា​ពិបាក​ទទួល​ស្គាល់​នៅ​ដើម​ដំបូង តើ​មិន​ល្អ​ជាង​ទេ​ឬ​បើ​សិន​ជា​យើង​បង្ហាញ​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​ល្អ​ដូច​ពេត្រុស​នោះ? គឺ​ជា​អ្វី​ដែល​បង្ហាញ​នូវ​សេចក្ដី​ចំ​កួត​យ៉ាង​ណា​ទៅ​ហ្ន៎! បើ​សិន​ជា​យើង​ឈប់​បំរើ​ព្រះ​យេហូវ៉ា ឬ​ចាប់​ផ្ដើម​និយាយ​អ្វី​ផ្ទុយ​ពី«ពាក្យ​ត្រឹម​ត្រូវ» គ្រាន់​តែ​ដោយ​សារ​មាន​អ្វី​ខ្លះ​ដែល​ដំបូង គឺ​ពិបាក​យល់​នោះ។—ធីម៉ូថេ​ទី​២ ១:១៣

១៦. តើ​អ្នក​ដឹក​នាំ​សាសនា​យូដា​នៅ​សម័យ​ព្រះ​យេស៊ូ​បាន​សម្ដែង​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​ទ្រ​គោះ​អ្វី?

១៦ ពួក​អ្នក​ដឹក​នាំ​សាសនា​យូដា​នៅ​សតវត្ស​ទី​មួយ បាន​ខក​ខាន​សម្ដែង​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដូច​ព្រះ​គ្រីស្ទ​បាន​សម្ដែង។ ពួក​គេ​បាន​សម្ដែង​ថា​គេ​បាន​តាំង​ចិត្ត​មិន​ស្ដាប់​ព្រះ​យេស៊ូ ពេល​ដែល​ឡាសារ​បាន​ត្រូវ​ទ្រង់​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ពី​សេចក្ដី​ស្លាប់។ ចំពោះ​អស់​អ្នក​ដែលមាន​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ត្រឹម​ត្រូវ អព្ភូតហេតុ​នោះ​នឹង​បាន​ជា​ភស្តុ​តាង​ជាក់​លាក់​ថា ព្រះ​បាន​ចាត់​ឲ្យ​ព្រះ​យេស៊ូ​មក។ ក៏​ប៉ុន្តែ យើង​អាន​ថា៖ «នោះ​ពួក​សង្គ្រាជ នឹង​ពួក​ផារិស៊ី គេ​ប្រមូល​ក្រុម​ប្រឹក្សា​មក​និយាយ​ថា៖ ‹តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ព្រោះ​មនុស្ស​នេះ​ធ្វើ​ទី​សំគាល់​ច្រើន​ណាស់ បើ​យើង​ទុក​ឲ្យ​ធ្វើ​តែ​យ៉ាង​ដូច្នេះ​ទៅ នោះ​មុខ​ជា​មនុស្ស​ទាំង​អស់​នឹង​ជឿ​តាម​វា​ហើយ រួច​សាសន៍រ៉ូមនឹង​មក​ចាប់​យក​ទាំង​ស្រុក នឹង​ជាតិ​យើង​ផង›»។ តើ​អ្វី​ជា​ដំណោះ​ស្រាយ​របស់​គេ? «ដូច្នេះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គេ​ក៏​ពិគ្រោះ​គ្នា​នឹង​សំឡាប់​ទ្រង់​ចេញ»។ ក្រៅ​ពី​ការ​រួម​គំនិត​ធ្វើ​ផែន​ការ​សម្លាប់​ព្រះ​យេស៊ូ ពួក​គេ​ក៏​តាំង​ចិត្ត​ដើម្បី​បំផ្លាញ​ចោល​នូវ​ទី​សំអាង​ដែល​បញ្ជាក់​ថា ព្រះ​យេស៊ូ​ជា​អ្នក​ធ្វើ​អព្ភូតហេតុ។ «ពួក​សង្គ្រាជ គេ​ជំនុំ​គ្នា​នឹង​សំឡាប់​ទាំង​ឡាសារ​ដែរ»។ (យ៉ូហាន ១១:៤៧, ៤៨, ៥៣; ១២:៩​-​១១) គឺ​ជា​អ្វី​ដ៏​គួរ​ស្អប់​ខ្ពើម​មែន​ហ្ន៎! បើ​សិន​ជា​យើង​បណ្ដុះ​បណ្ដាល​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ស្រដៀង​គ្នា​នឹង​នេះ ហើយ​និង​ទៅ​ជា​ខឹង​ឬ​មួម៉ៅ​ចិត្ត​អំពី​រឿង​ដែល​តាម​ការ​ពិត​គួរ​ធ្វើ​ឲ្យ​យើង​អរ​សប្បាយ​វិញ​នោះ។ ពិត​មែន និង​ជា​អ្វី​ដែល​អាច​នាំ​មក​នូវ​គ្រោះ​ថ្នាក់​មែន​ហ្ន៎!

ការ​យក​តម្រាប់​តាម​អាកប្បកិរិយា​ដ៏​វិជ្ជមាន​របស់​ព្រះ​យេស៊ូ

១៧. (ក) តើដានីយ៉ែលបាន​សម្ដែង​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ក្លាហាន​ក្នុង​កាលៈទេសៈ​អ្វី? (ខ) តើ​ព្រះ​យេស៊ូ​បាន​បង្ហាញ​ការ​ក្លាហាន​យ៉ាង​ដូច​ម្ដេច?

១៧ ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​តែង​តែ​មាន​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​វិជ្ជមាន​ជា​និច្ច។ ពេល​សត្រូវ​របស់ដានីយ៉ែលបាន​មូល​គំនិត​ចេញ​ច្បាប់​មួយ ដែល​ដាក់​បំរាម​ទៅ​លើ​ការ​អំពាវនាវ​ដល់​ព្រះ​ណា​ឬ​មនុស្ស​ណា​លើក​លែង​តែ​ដល់​ស្តេច ក្នុង​រយៈ​ពេល​៣០​ថ្ងៃ នោះដានីយ៉ែលដឹង​ថា​នេះ​បាន​បំពារ​បំពាន​ទៅ​លើ​ទំនាក់​ទំនង​របស់​គាត់​នឹង​ព្រះ​យេហូវ៉ា។ តើ​គាត់​នឹង​ជៀស​វាង​មិន​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​អស់​៣០​ថ្ងៃ​ឬ​ទេ? អត់​ទេ គាត់​បាន​បន្ត​យ៉ាង​ក្លាហាន​ក្នុង​ការ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ដល់​បី​ដង​ក្នុង​មួយ​ថ្ងៃ តាម​ទម្លាប់​របស់​គាត់។ (ដានីយ៉ែល ៦:៦​-​១៧) ព្រះ​យេស៊ូ​ក៏​បាន​បដិសេធ​មិន​ព្រម​ឲ្យ​សត្រូវ​របស់​ទ្រង់​បន្លាច​ទ្រង់​ទេ។ នៅ​ថ្ងៃ​ឈប់​សំរាក​មួយ ទ្រង់​បាន​ជួប​បុរស​ម្នាក់​ដែល​ស្វិត​ដៃ។ ព្រះ​យេស៊ូ​បាន​ជ្រាប​ថា​ប្រជាជន​យូដា​ជា​ច្រើន​នាក់​នឹង​មិន​ពេញ​ចិត្ត បើ​សិន​ជា​ទ្រង់​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ជា​ឡើង​វិញ​នៅ​ថ្ងៃ​ឈប់​សំរាក។ ទ្រង់​បាន​មាន​បន្ទូល​សួរ​គេ​យ៉ាង​ចំ​ៗ​ឲ្យ​ប្រាប់​ពី​អារម្មណ៍​របស់​គេ​អំពី​រឿង​នេះ។ ពេល​គេ​មិន​ព្រម​ឆ្លើយ នោះ​ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​បុរស​នោះ​ជា​ឡើង​វិញ​ទៅ។ (ម៉ាកុស ៣:១​-​៦) ព្រះ​យេស៊ូ​មិន​ដែល​បាន​រួញ​រា​ខ្លាច​ក្នុង​ការ​បំពេញកិច្ច​ការរបស់​ទ្រង់ តាម​របៀប​ដែល​ទ្រង់​គិត​ថា​គឺ​ជា​ត្រឹម​ត្រូវ​នោះ​ឡើយ។

១៨. ហេតុ​អ្វី​បាន​ជា​មនុស្ស​ខ្លះ​ប្រឆាំង​នឹង​យើង ប៉ុន្តែ​តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​អវិជ្ជមាន​របស់​គេ?

១៨ សព្វ​ថ្ងៃ​នេះ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទទួល​ស្គាល់ ថា​គេ​មិន​ត្រូវ​ឲ្យ​ការ​តប​ស្នង​តាម​របៀប​អវិជ្ជមាន​របស់​អ្នក​ប្រឆាំង​បន្លាច​គេ​ទេ។ ពុំ​នោះ​សោត ពួក​គេ​មិន​អាច​សម្ដែង​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​ព្រះ​យេស៊ូ​ទេ។ មនុស្ស​ជា​ច្រើន​នាក់​ប្រឆាំង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ខ្លះ​ដោយ​សារ​ខ្វះ​ខាត​នូវ​ការ​យល់​ដឹង​ត្រឹម​ត្រូវ និង​អ្នក​ឯ​ទៀត​ប្រឆាំង​ដោយ​សារ​ដំណឹង​ដែល​គេ​ផ្សព្វ​ផ្សាយ។ ក៏​ប៉ុន្តែ កុំ​ឲ្យ​យើង​អនុញ្ញាត​ឲ្យ​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​អវិជ្ជមាន​របស់​គេ មាន​អានុភាព​ទៅ​លើ​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​វិជ្ជមាន​របស់​យើង។ យើង​មិន​គួរ​ឲ្យ​អ្នក​ដទៃ​បង្គាប់​យើង​អំពី​របៀប​ដែល​យើង​ថ្វាយ​បង្គំ​ទេ។

១៩. តើ​តាម​របៀប​ណា​ដែល​យើង​អាច​សម្ដែង​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដូច​ព្រះ​យេស៊ូ​គ្រីស្ទ?

១៩ ព្រះ​យេស៊ូ​បាន​សម្ដែង​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​វិជ្ជមាន​ជា​និច្ច ចំពោះ​អ្នក​ដើរ​តាម​ទ្រង់​និង​ចំពោះ​ការ​រៀបចំ​របស់​ព្រះ មិន​ថា​ការ​ធ្វើ​អ៊ីចឹង​គឺ​ពិបាក​យ៉ាង​ណា​ក៏​ដោយ។ (ម៉ាថាយ ២៣:២, ៣) យើង​គួរ​យក​តម្រាប់​តាម​គំរូ​របស់​ទ្រង់។ ពិត​មែន បង​ប្អូន​របស់​យើង​គឺ​មិន​គ្រប់ល័ក្ខណ៍ ក៏​ប៉ុន្តែ យើង​ក៏​មិន​គ្រប់ល័ក្ខណ៍​ដូច​គ្នា។ ហើយ តើ​មាន​កន្លែង​ណា​ទៀត​ដែល​យើង​អាច​រក​ឃើញ​នូវ​មិត្ត​ដ៏​ល្អ និង​ស្មោះ​ស្ម័គ្រ​ក្រៅ​ពី​ភាតរភាព​ដ៏​ទូទាំង​ពិភព​លោក​របស់​យើង​ទេ? ព្រះ​យេហូវ៉ា​មិន​ទាន់​ប្រទាន​ឲ្យ​យើង​នូវ​ការ​យល់​ដឹង​គ្រប់​សព្វ​ពី​ព្រះ​បន្ទូល​របស់​ទ្រង់​ទេ ក៏​ប៉ុន្តែ តើ​មាន​អង្គការ​សាសនា​ផ្សេង​ទៀត​ដែល​យល់​ច្រើន​ជាង​យើង​ឬ​ទេ? ចូរ​ឲ្យ​យើង​រក្សា​ឲ្យ​មាន​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​ត្រឹម​ត្រូវ​ជា​និច្ច គឺ​ជា​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដូច​ព្រះ​គ្រីស្ទ។ នេះ​រួម​បញ្ចូល​ការ​ចេះ​រង់​ចាំ​ព្រះ​យេហូវ៉ា ដូច​ជា​យើង​នឹង​ពិគ្រោះ​ក្នុង​អត្ថបទ​ជា​បន្ទាប់​នេះ។

[កំណត់​សម្គាល់]

^ សៀវភៅ បុរស​ម្នាក់​ដ៏​ឧត្តម​បំផុត​ដែល​ធ្លាប់​មាន​ព្រះ​ជន្ម​រស់​នៅ បោះ​ពុម្ព​ដោយ សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក ពិគ្រោះ​អំពី​ព្រះ​ជន្ម​និង​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ។ (ជា​ភាសា​អង់គ្លេស)

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

តើ​តាម​របៀប​ណា​ដែល​ជីវិត​របស់​យើង​ទទួល​ឥទ្ធិពល​ពី​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​យើង?

ចូរ​ពិពណ៌នា​ពី​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​ព្រះ​គ្រីស្ទ។

តើ​យើង​រៀន​អ្វី​ពី​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់យ៉ូប?

តើ​អ្វី​ជា​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​ដ៏​ត្រឹម​ត្រូវ ពេល​ដែល​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​៩]

ការ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ ទាំង​អធិស្ឋាន ជួយ​យើង​ឲ្យ​យក​តម្រាប់​តាម​អាកប្បកិរិយា​ខាង​ចិត្ត​គំនិត​របស់​ព្រះ​គ្រីស្ទ