លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ពេលកំណត់បានមកដល់ហើយ›

‹ពេលកំណត់បានមកដល់ហើយ›

‹ពេល​កំណត់​បាន​មក​ដល់​ហើយ›

«ពេល​កំណត់ ដែល​ទ្រង់​ត្រូវ​ចេញ​ពី​លោកីយ​នេះ​ទៅ​ឯ​ព្រះ​វរបិតា​វិញ បាន​មក​ដល់​ហើយ»។—យ៉ូហាន ១៣:១

១. កាល​ដែល​បុណ្យ​រំលង​នៃ​ឆ្នាំ​៣៣ ស.យ.ជិត​មក​ដល់ នោះ​ទី​ក្រុង​យេរូសាឡិម​បាន​ពេញ​ទៅ​ដោយ​ការ​ស្មាន​អ្វី ហើយ​ហេតុ​អ្វី?

 នៅ​ឯ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ទ្រង់​ក្នុង​ឆ្នាំ​២៩ ស.យ. នោះ​ព្រះ​យេស៊ូ​បាន​ចាប់​ផ្ដើម​ប្រតិបត្ដិ​ការណ៍​នូវ​ដំណើរ​មួយ ដែល​នឹង​នាំ​ទៅ​ដល់«ពេល​កំណត់»នៃ​ការ​សោយ​ទិវង្គត ដំណើរ​រស់​ឡើង​វិញ និង​ការ​ដំកើង​ឡើង​របស់​ទ្រង់។ ឥឡូវ​នេះ​ជា​និទាឃ​រដូវ​នៃ​ឆ្នាំ​៣៣ ស.យ.។ ពីរ​បី​សប្ដាហ៍​ទើប​តែ​បាន​កន្លង​ទៅ តាំង​តែ​ពី​តុលាការ​ជាន់​ខ្ពស់​របស់​សាសន៍​យូដា​ដែល​ជា​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ បាន​ពិគ្រោះ​គ្នា​រក​ធ្វើ​គុត​ដល់​ព្រះ​យេស៊ូ​នោះ។ ដោយ​ជ្រាប​អំពី​គម្រោង​ការ​របស់​គេ ដែល​បាន​មក​ពី​នីកូដេម​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ដែល​មាន​ចិត្ត​រាក់​ទាក់​នឹង​ទ្រង់ នោះ​ព្រះ​យេស៊ូ​ក៏​ចាក​ចេញ​ពី​ទី​ក្រុង​យេរូសាឡិម ហើយ​យាង​ចេញ​ទៅ​ជនបទ​ដោយ​ឆ្លង​ទន្លេ​យ័រដាន់។ កាល​ដែល​ពិធី​នៃ​បុណ្យ​រំលង​ជិត​មក​ដល់ នោះ​មនុស្ស​ជា​ច្រើន​ចេញ​ពី​ជនបទ​ទៅ​ទី​ក្រុង​យេរូសាឡិម ហើយ​ទី​ក្រុង​នេះ​បាន​មាន​ពេញ​ទៅ​ដោយ​ការ​ស្មាន​អំពី​ព្រះ​យេស៊ូ។ មនុស្ស​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «លោក​នោះ​មិន​មក​ឯ​បុណ្យ​នេះ​ទេ​ឬ​អី តើ​គិត​ដូច​ម្ដេច?»។ ពួក​សង្គ្រាជ​និង​ពួក​ផារីស៊ី​បាន​ធ្វើ​ឲ្យ​មាន​ការ​រំភើប​ចិត្ត​ថែម​ទៀត ដោយ​ឲ្យ​បញ្ជា​ថា អ្នក​ណា​ម្នាក់​ដែល​ឃើញ​ព្រះ​យេស៊ូ គួរ​តែ​រាយ​ការណ៍​ប្រាប់​ឲ្យ​គេ​ដឹង​កុំ​ខាន។—យ៉ូហាន ១១:៤៧​-​៥៧

២. តើ​នាង​ម៉ារា​ប្រព្រឹត្ត​អ្វី​ដែល​នាំ​ឲ្យ​មាន​ការ​ជំទាស់​គ្នា ហើយ​ដែល​ការ​តប​ឆ្លើយ​របស់​ព្រះ​យេស៊ូ​ដែល​គាំទ្រ​នាង បង្ហាញ​អ្វី​អំពី​ការ​ជ្រាប​នៃ«ពេល​កំណត់​របស់​ទ្រង់»?

នៅ​ថ្ងៃ​ទី​៨ ខែ​ណែសាន គឺ​ប្រាំ​មួយ​ថ្ងៃ​មុន​បុណ្យ​រំលង នោះ​ព្រះ​យេស៊ូ​បាន​មក​ម្ដុំ​ៗ​ជិត​ទី​ក្រុង​យេរូសាឡិម។ ទ្រង់​បាន​មក​ឯ​ភូមិ​បេថានី ដែល​ជា​ភូមិ​កំណើត​របស់​មិត្ត​ដ៏​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ គឺ​នាង​ម៉ាថា ម៉ារា និង​ឡាសារ ដែល​រស់​នៅ​ចំ​ងាយ​ប្រមាណ​បី​គីឡូ​ម៉ែត្រ​ខាង​ក្រៅ​ទី​ក្រុង​យេរូសាឡិម។ នេះ​ជា​ល្ងាច​ថ្ងៃ​សុក្រ ហើយ​ព្រះ​យេស៊ូ​បាន​ចំណាយ​ពេល​សំរាប់​ឈប់​សំរាក​នៅ​ទី​នោះ។ នៅ​ល្ងាច​ជា​បន្ទាប់ ពេល​ដែល​នាង​ម៉ារា​បំរើ​ទ្រង់​ដោយ​ប្រើ​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ នោះ​ពួក​សិស្ស​បាន​ជំទាស់។ ព្រះ​យេស៊ូ​តប​ឆ្លើយ​ថា៖ «កុំ​ឲ្យ​ធ្វើ​នាង​ឡើយ ដ្បិត​នាង​បាន​ទុក​ប្រេង​ក្រអូប​នេះ សំរាប់​ដល់​ថ្ងៃ​បញ្ចុះ​ខ្មោច​ខ្ញុំ ឯ​អ្នក​រាល់​គ្នា តែង​តែ​មាន​ពួក​អ្នក​ក្រ​នៅ​ជា​មួយ​ជា​ដរាប តែ​ខ្ញុំ​មិន​នៅ​ជា​មួយ​ជា​ដរាប​ទេ»។ (យ៉ូហាន ១២:១​-​៨; ម៉ាថាយ ២៦:៦​-​១៣) ព្រះ​យេស៊ូ​ជ្រាប​ថា‹ពេល​កំណត់​របស់​ទ្រង់​បាន​មក​ដល់​ហើយ ដែល​ទ្រង់​ត្រូវ​ចេញ​ពី​លោកីយ​នេះ​ទៅ​ឯ​ព្រះ​វរបិតា​វិញ›។ (យ៉ូហាន ១៣:១) នៅ​សល់​តែ​ប្រាំ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ទ្រង់​នឹង«ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង»។ (ម៉ាកុស ១០:៤៥) ពី​នេះ​ត​ទៅ​មុខ​ទៀត ការ​ដឹង​អំពី​ភាព​បន្ទាន់ មាន​ឥទ្ធិពល​លើ​អ្វី​ៗ​ទាំង​អស់ ដែល​ព្រះ​យេស៊ូ​ធ្វើ​ហើយ​និង​បង្រៀន។ នេះ​ជា​គំរូ​ដ៏​អស្ចារ្យ​យ៉ាង​ណា​ទៅ​ហ្ន៎! ដែល​បាន​ផ្ដល់​មក​ឲ្យ​យើង កាល​ដែល​រង់​ចាំ​ដោយ​ខ្នះ​ខ្នែង​ពី​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ! ចូរ​ពិនិត្យ​មើល​នូវ​អ្វី​ដែល​កើត​ឡើង​ក្នុង​ករណី​របស់​ព្រះ​យេស៊ូ​នៅ​ថ្ងៃ​បន្ទាប់​នោះ។

ថ្ងៃ​នៃ​ការ​យាង​ចូល​របស់​ព្រះ​យេស៊ូ​ដោយ​មាន​ជោគ​ជ័យ

៣. (ក) តើ​ព្រះ​យេស៊ូ​យាង​ចូល​ក្រុង​យេរូសាឡិម​នៅ​ថ្ងៃ​អាទិត្យ​ទី​៩ ខែ​ណែសាន​យ៉ាង​ដូច​ម្ដេច ហើយ​តើ​មនុស្ស​ភាគ​ច្រើន​ដែល​នៅ​ជុំ​វិញ​ទ្រង់​មាន​ទឹក​ចិត្ត​យ៉ាង​ណា? (ខ) តើ​ព្រះ​យេស៊ូ​តប​ឆ្លើយ​យ៉ាង​ណា​ដល់​ពួក​ផារីស៊ី ដែល​ត្អូញត្អែរ​នឹង​ពួក​បណ្ដា​ជន?

នៅ​ថ្ងៃ​អាទិត្យ​ទី​៩ ខែ​ណែសាន នោះ​ព្រះ​យេស៊ូ​យាង​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម​ដោយ​ជោគ​ជ័យ។ កាល​ដែល​ទ្រង់​ទៅ​ជិត​ទី​ក្រុង​នេះ​ហើយ ដោយ​ជិះ​លើ​កូន​លា​ដែល​ជា​សេចក្ដី​សម្រេច​នៃ​សាការី ៩:៩ នោះ​មនុស្ស​ភាគ​ច្រើន​ដែល​បាន​មក​ឯ​ទ្រង់ ទាំង​ក្រាល​សំលៀក​បំពាក់​លើ​ផ្លូវ​ពី​មុខ​ទ្រង់​កាល​ដែល​អ្នក​ឯ​ទៀត​កាប់​ធាង​ចាក​យក​មក​ក្រាល​នោះ។ ពួក​គេ​ស្រែក​ថា៖ «ព្រះ​អង្គ​ដែល​យាង​មក​ដោយ​ព្រះ​នាម​ព្រះ​អម្ចាស់​ទ្រង់​ប្រកប​ដោយ​ព្រះ​ពរ!»។ ពួក​ផារីស៊ី​ខ្លះ​ដែល​នៅ​ក្នុង​ចំណោម​បណ្ដា​ជន ចង់​ឲ្យ​ព្រះ​យេស៊ូ​ស្តី​បន្ទោស​ពួក​សិស្ស​ទ្រង់។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​តប​ឆ្លើយ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម នោះ​ថ្ម​នឹង​ស្រែក​ឡើង​វិញ»។—លូកា ១៩:៣៨​-​៤០; ម៉ាថាយ ២១:៦​-​៩

៤. ហេតុ​អ្វី​ក៏​ប្រជាជន​ក្នុង​ទី​ក្រុង​យេរូសាឡិម​មាន​ការ​ជ្រួល​ច្របល់ ពេល​ដែល​ព្រះ​យេស៊ូ​យាង​ចូល​ទី​ក្រុង​នេះ?

គ្រាន់​តែ​ពីរ​បី​សប្ដាហ៍​មុន​នេះ មនុស្ស​ជា​ច្រើន​ក្នុង​ពួក​បណ្ដា​ជន​នេះ បាន​ឃើញ​ព្រះ​យេស៊ូ​ប្រោស​ឡាសារ​ឲ្យ​រស់​ឡើង​វិញ។ ឥឡូវ​នេះ ពួក​គេ​ខំ​ប្រឹង​ប្រាប់​អ្នក​ដទៃ​អំពី​អព្ភូតហេតុ​នោះ។ ដូច្នេះ កាល​ដែល​ព្រះ​យេស៊ូ​យាង​ចូល​ទី​ក្រុង​យេរូសាឡិម នោះ​ប្រជាជន​ក្នុង​ទី​ក្រុង​ទាំង​មូល​មាន​ការ​ជ្រួល​ច្របល់។ មនុស្ស​សួរ​ថា៖ «លោក​នេះ​ជា​អ្នក​ណា?»។ ហើយ​ហ្វូង​មនុស្ស​ឆ្លើយ​ឡើង​ថា៖ «នេះ​គឺ​ជា​ហោរា​យេស៊ូវ ដែល​មក​ពី​ភូមិ​ណាសារ៉ែត ស្រុក​កាលីឡេ»។ ដោយ​ឃើញ​នូវ​អ្វី​ដែល​កំពុង​តែ​កើត​ឡើង នោះ​ពួក​ផារីស៊ី​មាន​ចិត្ត​សោក​ស្ដាយ​ថា៖ «លោកីយ​ទាំង​ស្រុង​ទៅ​តាម​អ្នក​នោះ​ហើយ»។—ម៉ាថាយ ២១:១០, ១១; យ៉ូហាន ១២:១៧​-​១៩

៥. តើ​មាន​អ្វី​កើត​ឡើង​ពេល​ដែល​ព្រះ​យេស៊ូ​យាង​ទៅ​ឯ​ព្រះ​វិហារ?

តាម​ទម្លាប់​របស់​ទ្រង់​ពេល​មក​លេង​ទី​ក្រុង​យេរូសាឡិម នោះ​ព្រះ​យេស៊ូ​ដែល​ជា​អ្នក​បង្រៀន​ដ៏​ឧត្តម ក៏​យាង​ទៅ​បង្រៀន​នៅ​ឯ​ព្រះ​វិហារ។ នៅ​ទី​នោះ ពួក​មនុស្ស​ខ្វាក់​និង​ពួក​ពិការ​បាន​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​គេ​ជា​ទៅ។ នៅ​ពេល​ពួក​សង្គ្រាជ​និង​ពួក​ស្ក្រែប​ឃើញ​រឿង​នេះ ហើយ​ឮ​ពួក​ក្មេង​ប្រុស​នៅ​ក្នុង​ព្រះ​វិហារ ស្រែក​ឡើង​ថា៖ «ហូសាណា! ដល់​ព្រះ​វង្ស​ហ្លួង​ដាវីឌ​ដូច្នោះ»។ នោះ​ពួក​គេ​មាន​ចិត្ត​គ្នាន់​ក្នាញ់​ណាស់។ ពួក​គេ​ប្រឆាំង​ថា៖ «តើ​អ្នក​ឮ​ពាក្យ​ដែល​ក្មេង​ទាំង​នេះ​ថា​ឬ​ទេ?»។ ព្រះ​យេស៊ូ​ឆ្លើយ​ថា៖ «ឮ​ហើយ! តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​សេចក្ដី​ទេ​ឬ​អី ដែល​ថា៖ ‹ទ្រង់​បាន​ធ្វើ​ឲ្យ​សេចក្ដី​សរសើរ​បាន​គ្រប់​លក្ខណ៍ ដោយ​នូវ​មាត់​កូន​ក្មេង នឹង​កូន​ដែល​នៅ​បៅ›»។ កាល​ដែល​ព្រះ​យេស៊ូ​បង្រៀន​ជា​បន្ត នោះ​ទ្រង់​ទត​សព្វ​គ្រប់​ទាំង​អស់​នូវ​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​ក្នុង​ព្រះ​វិហារ។—ម៉ាថាយ ២១:១៥, ១៦; ម៉ាកុស ១១:១១

៦. តើ​ផ្លូវ​ដើរ​របស់​ព្រះ​យេស៊ូ​ឥឡូវ​នេះ គឺ​ខុស​គ្នា​យ៉ាង​ណា​ពី​អ្វី​ដែល​ទ្រង់​ធ្វើ​ពី​មុន​នោះ ហើយ​ហេតុ​អ្វី?

ផ្លូវ​ដើរ​របស់​ព្រះ​យេស៊ូ​ឥឡូវ​នេះ គឺ​ខុស​គ្នា​យ៉ាង​ណា​ទៅ​ហ្ន៎! ពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ប្រាំ​មួយ​ខែ​មុន​នេះ។ ពេល​នោះ ទ្រង់​បាន​យាង​មក​ទី​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​បុណ្យ​បារាំ «មិន​ទៅ​ជា​មួយ​នឹង​អ្នក​ណា​ទេ គឺ​ទៅ​ដោយ​សំងាត់​វិញ»។ (យ៉ូហាន ៧:១០) ហើយ​ទ្រង់​តែង​តែ​ចាត់​វិធានការ​រក​ផ្លូវ​គេច​ឲ្យ​បាន​សុខ ពេល​ដែល​មាន​ការ​គំរាម​កំហែង​ដល់​ព្រះ​ជន្ម​របស់​ទ្រង់​នោះ។ ឥឡូវ​នេះ ទ្រង់​យាង​ចូល​ទី​ក្រុង​នេះ​ដោយ​ឥត​លាក់​លៀម ទោះ​ជា​មាន​ការ​ចេញបទបញ្ជា​ឲ្យ​ចាប់​ទ្រង់​ផង​ក៏​ដោយ! គឺ​មិន​មែន​ជា​ទម្លាប់​របស់​ព្រះ​យេស៊ូ​ក្នុង​ការ​ប្រកាស​ថា ខ្លួន​ទ្រង់​ជា​ព្រះ​មេស្ស៊ី​នោះ​ទេ។ (អេសាយ ៤២:២; ម៉ាកុស ១:៤០​-​៤៤) ទ្រង់​មិន​ចង់​បាន​ការ​ប្រកាស​ដ៏​អឺងកង ឬ​សេចក្ដី​រាយ​ការណ៍​ដ៏​មួល​បង្កាច់​អំពី​ទ្រង់ ចេញ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​នោះ​ឡើយ។ ពួក​បណ្ដា​ជន​បាន​ប្រកាស​ដោយ​ឥត​លាក់​លៀម ថា​ទ្រង់​ជា​ស្តេច​និង​ជា​អ្នក​សង្គ្រោះ ជា​ព្រះ​មេស្ស៊ី ហើយ​ទ្រង់​បាន​ច្រាន​ចោល​នូវ​សេចក្ដី​ស្នើ​សុំ​របស់​ពួក​មេ​ដឹក​នាំ​សាសនា ក្នុង​ការ​ធ្វើ​ឲ្យ​ទ្រង់​ស្ងាត់​នោះ! ហេតុ​អ្វី​ក៏​មាន​ការ​ផ្លាស់​ប្ដូរ? ពីព្រោះ«កំណត់​ដែល​កូន​មនុស្ស​ត្រូវ​ដំកើង​ឡើង បាន​មក​ដល់​ហើយ!» ដូច​ព្រះ​យេស៊ូ​ប្រកាស​នៅ​ថ្ងៃ​ជា​បន្ទាប់​នោះ។—យ៉ូហាន ១២:២៣

សកម្មភាព​ដ៏​ក្លាហាន រួច​មក​មាន​ការ​បង្រៀន​ដែល​សង្គ្រោះ​ជីវិត

៧, ៨. តើ​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេស៊ូ​នៅ​ថ្ងៃ​ទី​១០ ខែ​ណែសាន ឆ្នាំ​៣៣ ស.យ. បង្ហាញ​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​ទ្រង់​ធ្វើ​នៅ​ឯ​ព្រះ​វិហារ ពេល​បុណ្យ​រំលង​នៅ​ឆ្នាំ​៣០ ស.យ.យ៉ាង​ដូច​ម្ដេច?

ពេល​មក​ដល់​ព្រះ​វិហារ​នៅ​ថ្ងៃ​ច័ន្ទ​ទី​១០ ខែ​ណែសាន នោះ​ព្រះ​យេស៊ូ​ចាត់​វិធានការ​ធ្វើ​អ្វី​ដែល​ទាក់​ទង់​នឹង​អ្វី​ដែល​ទ្រង់​បាន​ទត​ឃើញ​នៅ​ថ្ងៃ​រសៀល​ពី​ម្សិល​នោះ។ ទ្រង់​ចាប់​ផ្ដើម‹ដេញ​ពួក​អ្នក​ទិញ​និង​ពួក​អ្នក​លក់​ក្នុង​ព្រះ​វិហារ។ រួច​មក ទ្រង់​ក៏​ផ្កាប់​តុ​នៃ​ពួក​ដូរ​ប្រាក់ និង​ជើងម៉ា​របស់​ពួក​អ្នក​លក់​ព្រាប។ ហើយ​ទ្រង់​ឥត​ឲ្យ​អ្នក​ណា​ម្នាក់​លី​សែង​អ្វី​ដើរ​កាត់​ព្រះ​វិហារ​ឡើយ›។ ក្នុង​ការ​ផ្ដន្ទា​ទោស​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​ទ្រង់​ប្រកាស​ថា៖ «តើ​គ្មាន​សេចក្ដី​ចែង​ទុក​មក​ទេ​ឬ​អី​ថា៖ ‹ដំណាក់​អញ​ត្រូវ​ហៅ​ជា​ទី​អធិស្ឋាន សំរាប់​គ្រប់​អស់​ទាំង​សាសន៍› ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​យក​ធ្វើ​ជា​រោង​ចោរ​វិញ»។—ម៉ាកុស ១១:១៥​-​១៧

ការ​ប្រព្រឹត្ត​របស់​ព្រះ​យេស៊ូ​បង្ហាញ​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​បី​ឆ្នាំ​មុន​នេះ ពេល​ដែល​ទ្រង់​មក​លេង​ព្រះ​វិហារ ពេល​ធ្វើ​បុណ្យ​រំលង​នៅ​ឆ្នាំ​៣០ ស.យ.។ ប៉ុន្តែ លើក​នេះ ការ​ស្តី​បន្ទោស​គឺ​ខ្លាំង​ជាង។ ពួក​អ្នក​ធ្វើ​ជំនួញ​នៅ​ឯ​ព្រះ​វិហារ ឥឡូវ​នេះ​បាន​ត្រូវ​ហៅ​ជា​ពួក«ចោរ»។ (លូកា ១៩:៤៥, ៤៦; យ៉ូហាន ២:១៣​-​១៦) ពួក​គេ​ជា​ពួក​ចោរ ពីព្រោះ​ពួក​គេ​យក​តម្លៃ​ហួស​ប្រមាណ​ពី​អស់​អ្នក​ដែល​ត្រូវ​ការ​ទិញ​សត្វ​មក​ដើម្បី​ធ្វើ​យញ្ញ​បូជា។ ពួក​សង្គ្រាជ ពួក​ស្ក្រែប និង​ពួក​អ្នក​ធំ​នៅ​ក្នុង​ចំណោម​ប្រជាជន​ដែល​ឮ​អំពី​អ្វី​ដែល​ព្រះ​យេស៊ូ​កំពុង​តែ​ធ្វើ ហើយ​ម្ដង​នេះ​ទៀត គេ​ស្វះ​ស្វែង​រក​ផ្លូវ​ធ្វើ​គុត​ដល់​ទ្រង់។ ប៉ុន្តែ ពួក​គេ​ឥត​ដឹង​នូវ​របៀប​ដើម្បី​ធ្វើ​គុត​ដល់​ព្រះ​យេស៊ូ​នោះ​ទេ ពីព្រោះ​ពួក​ហ្វូង​មនុស្ស​ដែល​បាន​មាន​ចិត្ត​អស្ចារ្យ​នឹង​ការ​បង្រៀន​របស់​ទ្រង់ គេ​កំពុង​នៅ​ជា​មួយ​ទ្រង់​ហើយ​ប្រុង​ស្ដាប់​ទៀត​ផង។—ម៉ាកុស ១១:១៨; លូកា ១៩:៤៧, ៤៨

៩. តើ​ព្រះ​យេស៊ូ​បង្រៀន​មេ​រៀន​អ្វី ហើយ​តើ​ទ្រង់​ផ្ដល់​ឲ្យ​សេចក្ដី​អញ្ជើញ​អ្វី​ដល់​ពួក​អ្នក​ស្ដាប់​នៅ​ឯ​ព្រះ​វិហារ​នោះ?

កាល​ដែល​ព្រះ​យេស៊ូ​បង្រៀន​នៅ​ឯ​ព្រះ​វិហារ​ជា​បន្ត នោះ​ទ្រង់​ប្រកាស​ថា៖ «កំណត់​ដែល​កូន​មនុស្ស​ត្រូវ​ដំកើង​ឡើង បាន​មក​ដល់​ហើយ»។ ត្រូវ​ហើយ ទ្រង់​ជ្រាប​ថា ទ្រង់​មាន​តែ​ពីរ​បី​ថ្ងៃ​ទៀត​ចំពោះ​ការ​មាន​ជីវិត​ជា​មនុស្ស។ បន្ទាប់​ពី​ប្រាប់​អំពី​គ្រាប់​ស្រូវ​ដែល​ត្រូវ​តែ​ងាប់​សិន​ដើម្បី​ឲ្យ​មាន​ផល ដែល​ស្មើ​នឹង​ការ​សោយ​ទិវង្គត​របស់​ទ្រង់​ដែល​នឹង​ក្លាយ​ទៅ​ជា​ខ្សែ​រយៈ ដើម្បី​ផ្ដល់​ជីវិត​អស់​កល្ប​ជា​និច្ច​ដល់​អ្នក​ដទៃ នោះ​ព្រះ​យេស៊ូ​បាន​ផ្ដល់​សេចក្ដី​អញ្ជើញ​នេះ​ដល់​ពួក​អ្នក​ស្ដាប់​ទ្រង់ ដោយ​មាន​បន្ទូល​ថា៖ «បើ​អ្នក​ណា​បំរើ​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​មក​តាម​ខ្ញុំ​ចុះ យ៉ាង​នោះ ទោះ​បី​ខ្ញុំ​នៅ​ឯ​ណា​ក្ដី អ្នក​បំរើ​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ បើ​អ្នក​ណា​បំរើ​ខ្ញុំ ព្រះ​វរបិតា​នឹង​លើក​មុខ​អ្នក​នោះ»។—យ៉ូហាន ១២:២៣​-​២៦

១០. តើ​ព្រះ​យេស៊ូ​មាន​អារម្មណ៍​យ៉ាង​ណា ចំពោះ​ការ​សោយ​ទិវង្គត​ដ៏​ឈឺ​ចាប់ ដែល​នៅ​ខាង​មុខ​ទ្រង់​នោះ?

១០ ដោយ​គិត​អំពី​ការ​សោយ​ទិវង្គត​ដ៏​ឈឺ​ចាប់​របស់​ទ្រង់ មាន​តែ​បួន​ថ្ងៃ​ទៀត​នោះ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៀត​ថា៖ «ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​តប់​ប្រមល់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទូល​ដូច​ម្ដេច? ឱ​ព្រះ​វរបិតា​អើយ! សូម​ជួយ​សង្គ្រោះ​ទូល​បង្គំ ឲ្យ​រួច​ពី​ពេល​នេះ​ផង»។ ក៏​ប៉ុន្តែ​អ្វី​ដែល​នៅ​ខាង​មុខ​ព្រះ​យេស៊ូ គឺ​ជៀស​វាង​ពុំ​បាន​ឡើយ។ ទ្រង់​មាន​បន្ទូល​ថា៖ «ប៉ុន្តែ គឺ​ដោយ​ហេតុ​នេះ​ឯង បាន​ជា​ទូល​បង្គំ​មក​ដល់​ពេល​នេះ»។ ប្រាកដ​ហើយ ព្រះ​យេស៊ូ​ស្រប​គំនិត​នឹង​របៀប​រៀបចំ​ទាំង​មូល​របស់​ព្រះ។ ទ្រង់​បាន​តាំង​ចិត្ត​ឲ្យ​ព្រះ​ហឫទ័យ​របស់​ព្រះ​មាន​ឥទ្ធិពល​លើ​ការ​ប្រព្រឹត្ត​របស់​ទ្រង់ រហូត​ដល់​ការ​សោយ​ទិវង្គត​ដ៏​ជា​យញ្ញ​បូជា​របស់​ទ្រង់​នោះ។ (យ៉ូហាន ១២:២៧) ទ្រង់​បាន​ទុក​គំរូ​ដ៏​ល្អ​ណាស់​ហ្ន៎​ឲ្យ​យើង ដែល​ជា​គំរូ​ពី​ការ​ចុះ​ចូល​ទាំង​ស្រុង​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ!

១១. តើ​ការ​បង្រៀន​អ្វី​ដែល​ព្រះ​យេស៊ូ​ប្រទាន​ឲ្យ​ពួក​ហ្វូង​មនុស្ស ដែល​ទើប​តែ​បាន​ឮ​សម្លេង​ពី​ស្ថាន​សួគ៌?

១១ ដោយ​មាន​ការ​ខ្វល់​ខ្វាយ​នឹង​របៀប​ដែល​ការ​សោយ​ទិវង្គត​ទ្រង់​ទាក់​ទង់​នឹង​កិត្ដិនាម​របស់​ព្រះ​វរបិតា​ទ្រង់ នោះ​ព្រះ​យេស៊ូ​អធិស្ឋាន​ថា៖ «ឱ​ព្រះ​វរបិតា​អើយ! សូម​ដំកើង​ព្រះ​នាម​ទ្រង់​ឡើង»។ ពួក​ហ្វូង​មនុស្ស​នៅ​ឯ​ព្រះ​វិហារ​មាន​ការ​អស្ចារ្យ​មែន ពេល​ដែល​សម្លេង​ពី​ស្ថាន​សួគ៌​ប្រកាស​ថា៖ «អញ​បាន​ដំកើង​ហើយ ក៏​នឹង​ដំកើង​ឡើង​ទៀត​ដែរ»។ អ្នក​បង្រៀន​ដ៏​ឧត្តម​ប្រើ​ឱកាស​នេះ ដើម្បី​ប្រាប់​ហ្វូង​មនុស្ស​នូវ​មូលហេតុ​ដែល​សម្លេង​នេះ​បាន​កើត​ឡើង និង​លទ្ធផល​នៃ​ការ​សោយ​ទិវង្គត​ទ្រង់​ជា​អ្វី​ទៅ ហើយ​មូលហេតុ​ដែល​គេ​ត្រូវ​តែ​អនុវត្ត​ជំនឿ។ (យ៉ូហាន ១២:២៨​-​៣៦) នៅ​ពីរ​ថ្ងៃ​ចុង​ក្រោយ​គឺ​មាន​ពេញ​ដោយ​សកម្មភាព​គ្រប់​យ៉ាង​ចំពោះ​ព្រះ​យេស៊ូ។ ប៉ុន្តែ​ថ្ងៃ​ដ៏​សំខាន់​បំផុត​នោះ​គឺ​នៅ​ខាង​មុខ​នៅ​ឡើយ។

ថ្ងៃ​សំរាប់​ការ​ថ្កោល​ទោស

១២. នៅ​ថ្ងៃ​អង្គារ​ទី​១១ ខែ​ណែសាន តើ​ពួក​មេ​ដឹក​នាំ​សាសនា​ខំ​រក​ចាប់​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

១២ នៅ​ថ្ងៃ​អង្គារ​ទី​១១ ខែ​ណែសាន ព្រះ​យេស៊ូ​យាង​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ម្ដង​នេះ​ទៀត​ដើម្បី​បង្រៀន។ ពួក​អ្នក​ស្ដាប់​ដ៏​ប្រឆាំង​ត​ទល់​គឺ​នៅ​ជិត​ទ្រង់។ ដោយ​សំដៅ​ទៅ​សកម្មភាព​របស់​ព្រះ​យេស៊ូ​នៅ​ថ្ងៃ​មុន​នោះ ពួក​សង្គ្រាជ​និង​ពួក​ចាស់​ទុំ​នៃ​បណ្ដា​ជន​សួរ​ទ្រង់​ថា៖ «អ្នក​ធ្វើ​ការ​ទាំង​នេះ តើ​អាង​អំណាច​អ្វី? តើ​អ្នក​ណា​បាន​បើក​អំណាច​នេះ​ឲ្យ​អ្នក?»។ គ្រូ​បង្រៀន​ដ៏​ជំនាញ​នេះ​ធ្វើ​ឲ្យ​គេ​ស្រឡាំងកាំង​ដោយ​ចម្លើយ​របស់​ទ្រង់ ហើយ​ទ្រង់​រៀប​រាប់​នូវ​រឿង​ប្រៀប​ប្រដូច​បី​ដ៏​រស់​រវើក រឿង​ប្រៀប​ប្រដូច​ពីរ​គឺ​ទាក់​ទង​ចំការ​ទំពាំង​បាយ​ជូរ និង​មួយ​ទៀត​អំពី​ពិធី​មង្គល​ការ​ដែល​លាត​ត្រដាង​ថា ពួក​អ្នក​ប្រឆាំង​នេះ​គឺ​អាក្រក់​យ៉ាង​ណា។ ដោយ​មាន​កំហឹង​នឹង​អ្វី​ដែល​គេ​បាន​ឮ នោះ​ពួក​មេ​ដឹក​នាំ​សាសនា​ចង់​ចាប់​ទ្រង់។ ប៉ុន្តែ​ពួក​គេ​ខ្លាច​បណ្ដា​ជន ដែល​ចាត់​ទុក​ព្រះ​យេស៊ូ​ជា​ព្យាការី​ម្នាក់។ ដូច្នេះ​ពួក​គេ​ខំ​រក​បញ្ឆោត​ទ្រង់​ឲ្យ​មាន​បន្ទូល​ពី​អ្វី​ដែល​ជា​ហេតុ​នាំ​ឲ្យ​គេ​អាច​ចាប់​ទ្រង់​បាន។ ចម្លើយ​ទាំង​ប៉ុន្មាន​ដែល​ព្រះ​យេស៊ូ​ប្រទាន​មក ធ្វើ​ឲ្យ​គេ​ស្ងាត់​បាត់​មាត់​ច្រៀប។—ម៉ាថាយ ២១:២៣–២២:៤៦

១៣. តើ​ឱវាទ​អ្វី​ដែល​ព្រះ​យេស៊ូ​ប្រទាន​ឲ្យ​ពួក​អ្នក​ស្ដាប់​ទ្រង់ ស្តី​អំពី​ពួក​ស្ក្រែប​និង​ពួក​ផារីស៊ី​នោះ?

១៣ ដោយ​ព្រោះ​ពួក​ស្ក្រែប​និង​ពួក​ផារីស៊ី​អះអាង​ថា គេ​បង្រៀន​ក្រិត្យ​វិន័យ​របស់​ព្រះ​នោះ ឥឡូវ​ព្រះ​យេស៊ូ​ដាស់​តឿន​ពួក​អ្នក​ស្ដាប់​ទ្រង់​ថា៖ «គ្រប់​ទាំង​សេចក្ដី​ណា​ដែល​គេ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​កាន់​តាម នោះ​ចូរ​កាន់ ហើយ​ប្រព្រឹត្ត​តាម​ចុះ ប៉ុន្តែ​កុំ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​របស់​គេ​ឡើយ ដ្បិត​គេ​គ្រាន់​តែ​ថា តែ​មិន​ធ្វើ​តាម​ទេ»។ (ម៉ាថាយ ២៣:១​-​៣) នេះ​ជា​ការ​ថ្កោល​ទោស​ជា​សាធារណៈ​យ៉ាង​ខ្លាំង​មែន​ហ្ន៎! ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​មិន​ទាន់​ឈប់​ថ្កោល​ទោស​គេ​ទេ។ នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​របស់​ទ្រង់​នៅ​ឯ​ព្រះ​វិហារ ហើយ​ទ្រង់​បាន​លាត​ត្រដាង​យ៉ាង​ក្លាហាន​នូវ​រឿង​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ខ្ទរ​ដូច​ផ្គរ​លាន់​អ៊ីចឹង។

១៤, ១៥. តើ​ការ​ថ្កោល​ទោស​ដ៏​ខ្លាំង​ក្លា​អ្វី ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រឆាំង​ពួក​ស្ក្រែប​និង​ពួក​ផារីស៊ី?

១៤ ព្រះ​យេស៊ូ​បាន​ប្រកាស​ប្រាំ​មួយ​ដង​ថា៖ «វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ!»។ ដូច​ជា​ទ្រង់​ពន្យល់​មក ពួក​គេ​ជា​មនុស្ស​បែប​នេះ ពីព្រោះ​ពួក​គេ​បិទ​ព្រះ​រាជាណាចក្រ​នៅ​មុខ​មនុស្ស មិន​អនុញ្ញាត​ឲ្យ​អស់​អ្នក​ដែល​ចង់​ចូល​ៗ​ទៅ​ក្នុង​ឡើយ។ ពួក​កំពុត​ទាំង​នេះ​ដើរ​ជុំ​ជើង​ទឹក​ជើង​គោក ដើម្បី​នាំ​មនុស្ស​តែ​ម្នាក់​ឲ្យ​ចូល​កាន់​សាសនា តែ​កាល​ណា​គាត់​ចូល​កាន់​ហើយ ធ្វើ​ឲ្យ​គាត់​ធ្លាក់​ទៅ​ខាង​ការ​ហិន​វិនាស​វិញ។ ក្នុង​កាល​ឥត​អើពើ​នឹង«សេចក្ដី​សំខាន់​ជាង ដែល​នៅ​ក្នុង​ក្រិត្យ​វិន័យ​វិញ ដូច​ជា​សេចក្ដី​យុត្ដិធម៌ សេចក្ដី​មេត្ដា​ករុណា នឹង​សេចក្ដី​ជំនឿ» ពួក​គេ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​លើ​ការ​ថ្វាយ​មួយ​ភាគ​ដប់​ទៅ​វិញ។ អ៊ីចឹង​ហើយ ពួក​គេ​លាង«ចាន​លាង​ថាស​តែ​ខាង​ក្រៅ ឯ​ខាង​ក្នុងវិញ នោះ​ពេញ​ដោយ​អំពើ​ប្លន់ នឹង​សេចក្ដី​ហួស​ខ្នាត​ទទេ» ក្នុង​ន័យ​ថា​អំពើ​ពុក​រលួយ​របស់​គេ គឺ​បាន​បិទ​បាំង​ដោយ​ការ​សម្ដែង​គោរព​សាសនា​នោះ។ ម្យ៉ាង​វិញ​ទៀត ពួក​គេ​សុខ​ចិត្ត​សង់​និង​តុបតែង​ផ្នូរ​សំរាប់​ព្យាការី ឲ្យ​មនុស្ស​យក​ចិត្ត​ទុក​ដាក់​នឹង​អំពើ​សប្បុរស​របស់​គេ ទោះ​ជា​គេ«ជា​កូន​របស់​ពួក​អ្នក​ដែល​បាន​សំឡាប់​ហោរា​ទាំង​នោះ»ក៏​ដោយ។—ម៉ាថាយ ២៣:១៣​-​១៥, ២៣​-​៣១

១៥ ក្នុង​ការ​ផ្ដន្ទា​ទោស​ដល់​ពួក​អ្នក​ប្រឆាំង​ទ្រង់ ដោយ​សារ​គេ​ខ្វះ​សីលធម៌​ខាង​វិញ្ញាណ នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​កង្វាក់​ដែល​នាំ​ផ្លូវ​គេ​អើយ!»។ ពួក​គេ​ខ្វាក់​ខាង​សីលធម៌ ពីព្រោះ​ពួក​គេ​សំដៅ​ទៅ​តែ​លើ​មាស​ក្នុង​ព្រះ​វិហារ ជា​ជាង​សីលធម៌​ខាង​វិញ្ញាណ​នៃ​កន្លែង​ថ្វាយ​បង្គំ​នោះ។ ដោយ​មាន​បន្ទូល​បន្ត ព្រះ​យេស៊ូ​មាន​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​បំផុត ដែល​ថា៖ «ឱ​សត្វ​ពស់! ឱ​ពូជ​ពស់​វែក​អើយ! ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​រួច​ពី​ទោស នៅ​ក្នុង​នរក​បាន?»។ ត្រូវ​ហើយ ព្រះ​យេស៊ូ​កំពុង​តែ​ប្រាប់​ពួក​គេ​ថា ដោយ​ព្រោះ​ដំណើរ​ដ៏​អាក្រក់​របស់​គេ នោះ​ពួក​គេ​នឹង​ទទួល​នូវ​សេចក្ដី​ហិន​វិនាស​ជា​រៀង​រហូត។ (ម៉ាថាយ ២៣:១៦​-​២២, ៣៣) សូម​ឲ្យ​យើង​បង្ហាញ​នូវ​សេចក្ដី​ក្លាហាន​ដែរ ពេល​ដែល​ប្រកាស​ដំណឹង​ព្រះ​រាជាណាចក្រ ទោះ​ជា​ទាក់​ទង​នឹង​ការ​លាត​ត្រដាង​សាសនា​ក្លែង​ក្លាយ​ក៏​ដោយ។

១៦. កាល​ដែល​កំពុង​តែ​អង្គុយ​លើ​ភ្នំ​អូលីវ តើ​ទំនាយ​ដ៏​សំខាន់​ណា ដែល​ព្រះ​យេស៊ូ​ប្រទាន​ឲ្យ​ពួក​សិស្ស​ទ្រង់?

១៦ ឥឡូវ​នេះ ព្រះ​យេស៊ូ​ក៏​យាង​ចេញ​ពី​ព្រះ​វិហារ។ ពេល​ព្រះ​អាទិត្យ​អស្តង្គត នោះ​ទ្រង់​និង​ពួក​សិស្ស​របស់​ទ្រង់​ក៏​ឡើង​លើ​ភ្នំ​អូលីវ។ កាល​ដែល​អង្គុយ​នៅ​ទី​នោះ ព្រះ​យេស៊ូ​ប្រទាន​ឲ្យ​ទំនាយ​អំពី​សេចក្ដី​ហិន​វិនាស​ដល់​ព្រះ​វិហារ​នេះ និង​ទី​សម្គាល់​នៃ​វត្តមាន​របស់​ទ្រង់ និង​អំពី​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ។ សារៈ​សំខាន់​នៃ​ពាក្យ​ទំនាយ​ទាំង​នេះ គឺ​មាន​មក​ដល់​សម័យ​យើង​នេះ។ នៅ​ល្ងាច​នោះ ព្រះ​យេស៊ូ​ក៏​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ថា នៅ​២​ថ្ងៃ​ទៀត នឹង​ចូល​បុណ្យ​រំលង​ហើយ ឯ​កូន​មនុស្ស ក៏​ត្រូវ​គេ​បញ្ជូន​ទៅ ឲ្យ​ត្រូវ​ជាប់​ឆ្កាង​ដែរ»។—ម៉ាថាយ ២៤:១​-​១៤; ម៉ាថាយ ២៦:១, ២

ព្រះ​យេស៊ូ‹ស្រឡាញ់​ពួក​សិស្ស​ទ្រង់​រហូត​ដល់​ទី​បញ្ចប់›

១៧. (ក) កាល​ធ្វើ​បុណ្យ​រំលង​នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន តើ​ព្រះ​យេស៊ូ​បង្រៀន​ពួក​សាវ័ក​១២​នាក់​នូវ​មេ​រៀន​អ្វី? (ខ) តើ​ព្រះ​យេស៊ូ​ផ្ដើម​ធ្វើ​បុណ្យ​រំឭក​អ្វី​ក្រោយ​ពី​បណ្ដេញយូដាសអ៊ីស្ការីយ៉ុត​ចេញ​នោះ?

១៧ ចំពោះ​ពីរ​ថ្ងៃ​ទៀត​ជា​បន្ទាប់ គឺ​ថ្ងៃ​ទី​១២​និង​១៣​នៃ​ខែ​ណែសាន ព្រះ​យេស៊ូ​មិន​បង្ហាញ​ខ្លួន​នៅ​ឯ​ព្រះ​វិហារ​ឡើយ។ ពួក​មេ​ដឹក​នាំ​សាសនា​កំពុង​តែ​រក​ផ្លូវ​ធ្វើ​គុត​ដល់​ទ្រង់ ហើយ​ទ្រង់​មិន​ចង់​ឲ្យ​អ្វី​សោះ​រំខាន​ពី​ការ​ធ្វើ​បុណ្យ​រំលង​ជា​មួយ​ពួក​សិស្ស​ទ្រង់​ឡើយ។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ពេល​ថ្ងៃ​លិច​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៤​ខែ​ណែសាន ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​របស់​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី​នេះ​ជា​មនុស្ស​ម្នាក់។ នៅ​រាត្រី​នោះ ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​ទ្រង់​នៅ​ជា​មួយ​គ្នា​ក្នុង​ផ្ទះ​នៅ​ទី​ក្រុង​យេរូសាឡិម ដែល​មាន​ការ​រៀបចំ​ជា​ស្រេច​ឲ្យ​គេ​ធ្វើ​បុណ្យ​រំលង។ កាល​ដែល​គេ​ធ្វើ​បុណ្យ​រំលង​ជា​មួយ​គ្នា នោះ​ទ្រង់​បង្រៀន​ពួក​សាវ័ក​ទាំង​១២​នាក់​នូវ​មេ​រៀន​ដ៏​ល្អ​មួយ អំពី​ការ​បន្ទាប​ខ្លួន​ដោយ​លាង​ជើង​ឲ្យ​ពួក​គេ។ ក្រោយ​ពី​បណ្ដេញយូដាសអ៊ីស្ការីយ៉ុត​ចេញ ដែល​បាន​សុខ​ចិត្ត​ក្បត់ចៅហ្វាយខ្លួន​សំរាប់​ប្រាក់​៣០​ដុំ ជា​តម្លៃ​នៃ​បាវ​ម្នាក់​យោង​ទៅ​តាម​ក្រិត្យ​វិន័យ​លោក​ម៉ូសេ នោះ​ព្រះ​យេស៊ូ​ក៏​ផ្ដើម​ធ្វើ​បុណ្យ​រំឭក​ការ​សោយ​ទិវង្គត​ទ្រង់។—និក្ខមនំ ២១:៣២; ម៉ាថាយ ២៦:១៤, ១៥, ២៦​-​២៩; យ៉ូហាន ១៣:២​-​៣០

១៨. ដោយ​សេចក្ដី​ស្រឡាញ់ តើ​ការ​បង្រៀន​ណា​ទៀត ដែល​ព្រះ​យេស៊ូ​ប្រទាន​ឲ្យ​ពួក​សាវ័ក​១១​នាក់​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់ ហើយ​តើ​តាម​របៀប​ណា​ដែល​ទ្រង់​រៀបចំ​ពួក​គេ​ចំពោះ​ការ​ចាក​ចេញ​របស់​ទ្រង់​ដែល​ជិត​កើត​មាន​ឡើង​នោះ?

១៨ ក្រោយ​ពី​ការ​ផ្ដើម​ធ្វើ​បុណ្យ​រំឭក នោះ​ពួក​សាវ័ក​បាន​មាន​ការ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង អំពី​អ្នក​ណា​ដែល​រាប់​ជា​ធំ​ជាង​គេ។ ជា​ជាង​ស្តី​បន្ទោស​ឲ្យ​គេ នោះ​ដោយ​អត់​ធ្មត់ ព្រះ​យេស៊ូ​បង្រៀន​គេ​អំពី​តម្លៃ​នៃ​ការ​បំរើ​អ្នក​ដទៃ។ ដោយ​អបអរ​ដែល​ពួក​គេ​បាន​កាន់​ខ្ជាប់​ជា​មួយ​នឹង​ទ្រង់​ក្នុង​កាល​ដែល​មាន​សេចក្ដី​លំបាក នោះ​ទ្រង់​ក៏​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គេ ស្តី​អំពី​ព្រះ​រាជាណាចក្រ។ (លូកា ២២:២៤​-​៣០) ព្រះ​យេស៊ូ​ក៏​បញ្ជា​ឲ្យ​គេ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ទ្រង់​បាន​ស្រឡាញ់​ពួក​គេ​ដែរ។ (យ៉ូហាន ១៣:៣៤) កាល​ដែល​ទ្រង់​បង្អែ​បង្អង់​ក្នុង​បន្ទប់​នោះ ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេស៊ូ​បាន​ប្រុង​ប្រៀប​សំរាប់​ពួក​គេ​ចំពោះ​ការ​ចាក​ចេញ​របស់​ទ្រង់ ដែល​ជិត​កើត​មាន​ឡើង​នោះ។ ទ្រង់​បាន​ធានា​រ៉ាប់​រង​គេ​អំពី​មិត្តភាព​របស់​ទ្រង់ ហើយ​លើក​ទឹក​ចិត្ត​គេ​ឲ្យ​អនុវត្ត​ជំនឿ និង​សន្យា​ចំពោះ​ពួក​គេ​ថា​នឹង​បាន​ជំនួយ​ពី​វិញ្ញាណ​បរិសុទ្ធ។ (យ៉ូហាន ១៤:១​-​១៧; ១៥:១៥) មុន​នឹង​ចេញ​ពី​ផ្ទះ​នេះ ព្រះ​យេស៊ូ​បាន​អង្វរ​ដល់​ព្រះ​វរបិតា​ថា៖ «ឱ​ព្រះ​វរបិតា​អើយ! កំណត់​បាន​មក​ដល់​ហើយ សូម​ដំកើង​ព្រះ​រាជបុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ​រាជបុត្រ​បាន​ដំកើង​ទ្រង់​ដែរ»។ ប្រាកដ​ហើយ ព្រះ​យេស៊ូ​បាន​រៀបចំ​ពួក​សាវ័ក​ទ្រង់​ចំពោះ​ការ​ចាក​ចេញ​របស់​ទ្រង់ និង​ទ្រង់​ប្រាកដ​ជា‹ស្រឡាញ់​ដល់​ពួក​សិស្ស​ទ្រង់​រហូត​ដល់​ទី​បញ្ចប់›។—យ៉ូហាន ១៣:១; ១៧:១

១៩. ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​មាន​ការ​ឈឺ​ចាប់​ក្នុង​សួន​គែតសេម៉ានី?

១៩ គឺ​ប្រហែល​ជា​ហួស​យប់​អធ្រាត្រ​ទៅ​ហើយ ពេល​ដែល​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​ទាំង​១១​នាក់ មក​ដល់​សួន​គែតសេម៉ានី។ ទ្រង់​តែង​យាង​ទៅ​កន្លែង​នោះ​ជា​មួយ​ពួក​សាវ័ក​ទ្រង់។ (យ៉ូហាន ១៨:១, ២) ក្នុង​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ ព្រះ​យេស៊ូ​នឹង​ត្រូវ​សោយ​ទិវង្គត ដូច​ជា​ទ្រង់​ជា​ឧក្រិដ្ឋជន​ដ៏​គួរ​ឲ្យ​ស្អប់។ ការ​ឈឺ​ចាប់​ពី​ការ​ប្រមើល​នូវបទពិសោធន៍​នេះ និង​របៀប​ដែល​អាច​នាំ​ឲ្យ​មាន​ការ​មើល​ងាយ​ដល់​ព្រះ​វរបិតា គឺ​មាន​ខ្លាំង​ដល់​ម្ល៉េះ​ដែល​កាល​ដែល​ព្រះ​យេស៊ូ​អធិស្ឋាន នោះ​ញើស​ទ្រង់​ក៏​ជា​ដំណក់​ឈាម​ដ៏​ធំ​ៗ​ស្រក់​ទៅ​ដី។ (លូកា ២២:៤១​-​៤៤) ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ពួក​សាវ័ក​ទ្រង់​ថា៖ «កំណត់​ដល់​ហើយ»និង«អ្នក​ដែល​បញ្ជូន​ខ្ញុំ វា​ជិត​មក​ដល់​ហើយ»។ កាល​ដែល​ទ្រង់​មាន​បន្ទូល​មិន​ទាន់​ចប់​ផង នោះយូដាសអ៊ីស្ការីយ៉ុត​បាន​មក​ដល់ នាំ​ទាំង​ហ្វូង​មនុស្ស​ដែល​កាន់​ចន្លុះ កាន់​ចង្កៀង​និង​អាវុធ។ ពួក​គេ​មក​ចាប់​ព្រះ​យេស៊ូ។ ទ្រង់​ឥត​ត​ទល់​ទេ។ ទ្រង់​ពន្យល់​ថា៖ «បើ​យ៉ាង​នោះ ធ្វើ​ដូច​ម្ដេច​នឹង​បាន​សំរេច​តាម​គម្ពីរ ដែល​ថា​ត្រូវ​តែ​កើត​មាន​ដូច្នេះ?»។—ម៉ាកុស ១៤:៤១​-​៤៣; ម៉ាថាយ ២៦:៤៨​-​៥៤

កូន​មនុស្ស​បាន​ត្រូវ​ដំកើង!

២០. (ក) តើ​អំពើ​ឃោរឃៅ​អ្វី​ដែល​កើត​ឡើង​ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​ត្រូវ​គេ​ចាប់​នោះ? (ខ) គ្រាន់​តែ​បន្ដិច​មុន​ទ្រង់​សោយ​ទិវង្គត ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​បាន​ស្រែក​ឡើង​ថា៖ «ការ​ស្រេច​ហើយ»?

២០ បន្ទាប់​ពី​គេ​ចាប់​ទ្រង់ នោះ​ព្រះ​យេស៊ូ​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​ដោយ​ពួក​សាក្សី​ក្លែង​ក្លាយ ព្រម​ទាំង​កាត់​ក្ដី​ឲ្យ​ជាប់​ទោស​ដោយ​ចៅ​ក្រម​ដ៏​លំអៀង ដែល​កាត់​ទោស​ដោយ​លោក​ប៉ុនទាស​ពីឡាត់ ពួក​សង្ឃ​និង​ពួក​ហ្វូង​មនុស្ស​បាន​ចំអក​មើល​ងាយ​និង​សើច​ឡកឡឺយ​ដល់​ទ្រង់ ថែម​ទាំង​ត្រូវ​ពួក​ទាហាន​ធ្វើ​ទារុណកម្ម​ទៀត​ផង។ (ម៉ាកុស ១៤:៥៣​-​៦៥; ១៥:១, ១៥; យ៉ូហាន ១៩:១​-​៣) ដល់​ថ្ងៃ​រសៀល​នៅ​ថ្ងៃ​សុក្រ នោះ​ព្រះ​យេស៊ូ​បាន​ត្រូវ​គេ​ដំ​លើ​បង្គោល​ឈើ​ទារុណកម្ម ហើយ​រង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​នូវ​ទម្ងន់​នៃ​រូប​កាយ​ទ្រង់ ដែល​ត្រូវ​រហែក​ដោយ​របួស​ដែក​គោល​នៅ​ឯ​ដៃ​និង​ជើង​របស់​ទ្រង់។ (យ៉ូហាន ១៩:១៧, ១៨) នៅ​ឯ​ម៉ោង​បី​រសៀល ព្រះ​យេស៊ូ​បាន​ស្រែក​ឡើង​ថា៖ «ការ​ស្រេច​ហើយ»។ ត្រូវ​ហើយ ទ្រង់​បាន​សម្រេច​របស់​ទាំង​អស់​ដែល​ទ្រង់​បាន​មក​ផែនដី​ដើម្បី​នឹង​ធ្វើ​នោះ។ ដោយ​ប្រគល់​វិញ្ញាណ​របស់​ទ្រង់​ជូន​ព្រះ នោះ​ទ្រង់​ក៏​ឱន​ព្រះ​សិរ​ហើយ​ក៏​សោយ​ទិវង្គត​ទៅ។ (យ៉ូហាន ១៩:២៨, ៣០; ម៉ាថាយ ២៧:៤៥, ៤៦; លូកា ២៣:៤៦) បី​ថ្ងៃ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រោស​បុត្រ​ទ្រង់​ឲ្យ​រស់​ឡើង​វិញ។ (ម៉ាកុស ១៦:១​-​៦) សែសិប​ថ្ងៃ​ក្រោយ​ពី​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់ ព្រះ​យេស៊ូ​យាង​ឡើង​ទៅ​ស្ថាន​សួគ៌​និង​បាន​ត្រូវ​ដំកើង។—យ៉ូហាន ១៧:៥; កិច្ច​ការ ១:៣, ៩​-​១២; ភីលីព ២:៨​-​១១

២១. តើ​យើង​អាច​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

២១ តើ​យើង​អាច‹ធ្វើ​តាម​ជំហាន​របស់​ព្រះ​យេស៊ូ​ឲ្យ​បាន​ដិត​ដល់›យ៉ាង​ដូច​ម្ដេច? (ពេត្រុស​ទី​១ ២:២១) ដូច​ទ្រង់ សូម​ឲ្យ​យើង​ខំ​ប្រឹង​យ៉ាង​ស្វាហាប់​ក្នុងកិច្ច​ការផ្សព្វ​ផ្សាយ​ព្រះ​រាជាណាចក្រ និងកិច្ច​ការបង្កើត​ឲ្យ​មាន​សិស្ស ហើយ​ឲ្យ​មាន​ចិត្ត​អង់អាច​ក្លាហាន​ក្នុង​ការ​និយាយ​អំពី​បន្ទូល​របស់​ព្រះ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០; កិច្ច​ការ ​៤:២៩​-​៣១; ភីលីព ១:១៤) សូម​កុំ​ឲ្យ​យើង​ខាន​នឹក​ឃើញ​ពី​គ្រា​ដែល​យើង​កំពុង​តែ​រស់​នៅ ឬ​ខក​ខាន​មិន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​ប្រព្រឹត្ត​ការ​ល្អ​ទៅ​វិញ​ទៅ​មក​នោះ។ (ម៉ាកុស ១៣:២៨​-​៣៣; ហេព្រើរ ១០:២៤, ២៥) សូម​ឲ្យ​យើង​ទុក​ឲ្យ​អំពើ​ប្រព្រឹត្ត​ទាំង​មូល​របស់​យើង បាន​ដឹក​នាំ​ដោយ​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា ហើយ​ចូរ​ឲ្យ​ដឹង​ថា យើង​កំពុង​តែ​រស់​នៅ​ក្នុង‹គ្រា​ចុង​បញ្ចប់›។—ដានីយ៉ែល ១២:៤

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ចំណេះ​របស់​ព្រះ​យេស៊ូ​ដែល​ថា​ទ្រង់​ជិត​សោយ​ទិវង្គត បាន​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​កិច្ច​បំរើ​ចុង​ក្រោយ​របស់​ទ្រង់​នៅ​ឯ​ព្រះ​វិហារ​ក្នុង​ទី​ក្រុង​យេរូសាឡិម?

តើ​អ្វី​ដែល​បង្ហាញ​ថា​ព្រះ​យេស៊ូ‹ស្រឡាញ់​ពួក​សិស្ស​ទ្រង់​រហូត​ដល់​ទី​បញ្ចប់›?

តើ​ព្រឹត្ដិការណ៍​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នៃ​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ បញ្ជាក់​អ្វី​អំពី​ទ្រង់​នោះ?

តើ​យើង​អាច​យក​តម្រាប់​តាម​ព្រះ​គ្រីស្ទ​យេស៊ូ​ក្នុង​កិច្ច​បំរើ​យើង​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​៣២]

ព្រះ​យេស៊ូ‹ស្រឡាញ់​ពួក​គេ​រហូត​ដល់​ទី​បញ្ចប់›