លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការសិក្សា គឺជាអ្វីដែលបង្កើតផលល្អថែមទាំងនាំឲ្យរីករាយ

ការសិក្សា គឺជាអ្វីដែលបង្កើតផលល្អថែមទាំងនាំឲ្យរីករាយ

ការ​សិក្សា គឺ​ជា​អ្វី​ដែល​បង្កើត​ផល​ល្អ​ថែម​ទាំង​នាំ​ឲ្យ​រីករាយ

‹បើ​អ្នក​ខំ​រក . . . នោះ​អ្នក​នឹង​រក​ឃើញ​នូវ​ចំណេះ​ពី​ព្រះ›។—សុភាសិត ២:៤, ៥

១. តើ​ការ​អាន​កំសាន្ត​ចិត្ត​អាច​ធ្វើ​ឲ្យ​យើង​ពេញ​ចិត្ត​យ៉ាង​ណា?

 មនុស្ស​ជា​ច្រើន​នាក់​អាន​ដើម្បី​កំសាន្ត​ចិត្ត​ខ្លួន។ បើ​សិន​ជា​ពត៌មាន​នោះ​គឺ​ល្អ​ត្រឹម​ត្រូវ នោះ​ការ​អាន​អាច​ជា​វិធី​សំរាក​មួយ​ដែល​មាន​ប្រយោជន៍។ ក្រៅ​ពី​កម្ម​វិធី​ធម្មតា​សំរាប់​ការ​អាន​ព្រះ​គម្ពីរ​ជា​ទៀង​ទាត់ នោះ​គ្រីស្ទាន​ខ្លះ​ក៏​ទទួល​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​អាន​តាម​ទំនើង​ចិត្ត​ក្នុង​សៀវភៅ​ទំនុកដំកើង សុភាសិត សៀវភៅ​ដំណឹង​ល្អ និង​កន្លែង​ផ្សេង​ទៀត​ក្នុង​ព្រះ​គម្ពីរ។ ពាក្យ​សំដី​និង​គំនិត​ដែល​មាន​ក្នុង​នោះ គឺ​ប្រសើរ​ដ៏​ម្ល៉េះ​ដែល​គ្រាន់​តែ​ការ​អាន​ប៉ុណ្ណោះ​នាំ​ឲ្យ​គេ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង។ អ្នក​ឯ​ទៀត​ជ្រើស​រើស​អាន​ក្នុង​ពេល​ទំនេរ​នូវ​សៀវភៅ​ប្រចាំ​ឆ្នាំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា និង​ទស្សនាវដ្ដី ភ្ញាក់​រឭក! រឿង​អំពី​ជីវប្រវត្ដិ​ដែល​មាន​ក្នុង​ទស្សនាវដ្ដី​នេះ ឬ​ក៏​ពត៌មាន​ដែល​បោះ​ពុម្ព​ស្តី​ពី​រឿង​ប្រវត្ដិសាស្ត្រ ភូមិសាស្ត្រ និង​ការ​សិក្សា​ផ្នែក​ធម្មជាតិ។

២, ៣. (ក) តើ​ដោយ​ដូច​ម្ដេច​ដែល​ពត៌មាន​ដ៏​ជ្រាល​ជ្រៅ​ខាង​វិញ្ញាណ​អាច​ត្រូវ​ប្រៀប​ប្រដូច​នឹង​អាហារ​រឹង? (ខ) តើ​ការ​សិក្សា​រួម​បញ្ចូល​អ្វី​ខ្លះ?

ការ​អាន​ដើម្បី​កំសាន្ត​ចិត្ត​គឺ​ជា​វិធី​សំរាក រីឯ​ការ​សិក្សា​វិញ​ត្រូវ​ការ​នូវ​ការ​ប្រឹង​ប្រែង​ខាង​គំនិត។ ទស្សនវិទូ​ជន​ជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ លោក ហ្វ្រានស៊ីស បេខន​បាន​សរសេរ​ថា៖ «សៀវភៅ​ខ្លះ​គួរ​សាក​អាន​មើល សៀវភៅ​ឯ​ទៀត​គួរ​អាន​យ៉ាង​ជក់​ស្លុង​តែ​ម្ដង និង​សៀវភៅ​ខ្លះ​គួរ​អាន​ដោយ​គិត​ពិចារណា​ថែម​ទាំង​បញ្ចូល​ក្នុង​ចិត្ត​គំនិត​ផង»។ ព្រះ​គម្ពីរ​ប្រាកដ​ជា​ចូល​រួម​ក្នុង​ចំណុច​ចុង​ក្រោយ​នៃ​ការ​ពណ៌នា​នេះ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «យើង​ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​នឹង​អធិប្បាយ​ពី​លោក​នោះ ដែល​ពិបាក​ពន្យល់ ដ្បិត​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ព្រងើយ​នឹង​ការ​ស្ដាប់ . . . អាហារ​រឹង នោះ​សំរាប់​តែ​មនុស្ស​ធំ ដែល​បាន​បង្ហាត់​ឥន្ទ្រី​យ ដោយ​ធ្លាប់​ខ្លួន​ហើយ ដើម្បី​ឲ្យ​បាន​ដឹង​ខុស​ត្រូវ»។ (ហេព្រើរ ៥:១១, ១៤) អាហារ​រឹង​ត្រូវ​តែ​ទំពា​រ​សិន មុន​នឹង​លេប​ហើយ​និង​រំលាយ​អាហារ​នោះ។ ពត៌មាន​ខាង​វិញ្ញាណ​ដ៏​ជ្រាល​ជ្រៅ​តម្រូវ​ឲ្យ​រំពឹង​គិត​សិន មុន​ដែល​ក្រេប​ជញ្ជក់​និង​ចាំ​ទុក។

វចនានុក្រម​មួយ​កាត់​ស្រាយ​ពាក្យ«សិក្សា»ជា«សកម្មភាព​ឬ​ក៏​ដំណើរ​នៃ​ការ​ប្រើ​ប្រាស់​គំនិត​ដើម្បី​ទទួល​នូវ​ចំណេះ​ឬ​ការ​យល់ ដូច​ជា​តាម​រយៈ​ការ​អាន និង​ការ​ស៊ើប​អង្កេត។ល។»។ អ៊ីចឹង​ហើយ ការ​សិក្សា​រួម​បញ្ចូល​សកម្មភាព​ច្រើន​ជាង​អាន​ដោយ​ប្រញាប់​ប្រញាល់ ប្រហែល​ជា​ដោយ​គូស​បន្ទាត់​ក្រោម​ពាក្យ​ជា​ច្រើន​នៅ​ពេល​ដែល​យើង​អាន​នោះ។ ការ​សិក្សា​តម្រូវ​ឲ្យ​ធ្វើ​ការ​ប្រឹង​ប្រែង​ខាង​គំនិត និង​ការ​ប្រើ​ប្រាស់​នូវ​សមត្ថភាព​ដែល​ឆាប់​យល់​ដឹង។ ទោះ​បី​ការ​សិក្សា​តម្រូវ​ឲ្យ​ខិត​ខំ​ក៏​ដោយ នេះ​មិន​មាន​ន័យ​ថា​ការ​សិក្សា​មិន​អាច​ជា​អ្វី​ដែល​នាំ​ឲ្យ​សប្បាយ​នោះ​ទេ។

ការ​ធ្វើ​ឲ្យ​ការ​សិក្សា​ទៅ​ជា​អ្វី​ដែល​នាំ​ឲ្យ​រីករាយ

៤. យោង​ទៅ​តាម​អ្នក​តែង​ទំនុកដំកើង តើ​យ៉ាង​ដូច​ម្ដេច​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​អាច​លំហើយ​ចិត្ត​យើង​និង​បង្កើត​ផល?

ការ​អាន​និង​ការ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​អាច​ជា​អ្វី​ដែល​ចំរើន​កម្លាំង​យើង​និង​នាំ​ឲ្យ​យើង​ធូរ​ស្រាល​ក្នុង​ចិត្ត។ អ្នក​តែង​ទំនុកដំកើង​បាន​ប្រកាស​ថា៖ «ឯ​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​នោះ​គ្រប់ល័ក្ខណ៍ ក៏​កែ​ព្រលឹង​ឡើង​វិញ សេចក្ដី​បន្ទាល់​នៃ​ព្រះ​យេហូវ៉ា​ជា​ពិត ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា សេចក្ដី​បញ្ញត្ត​របស់​ព្រះ​យេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់ ក៏​បណ្ដាល​ឲ្យ​ចិត្ត​រីករាយ​សប្បាយ ក្រិត្យ​ក្រម​នៃ​ព្រះ​យេហូវ៉ា​ជា​សុទ្ធ​សាធ ក៏​បំភ្លឺ​ភ្នែក»។ (ទំនុកដំកើង ១៩:៧, ៨) ក្រិត្យ​វិន័យ​និង​សេចក្ដី​រំឭក​របស់​ព្រះ​យេហូវ៉ាកែ​ព្រលឹង​យើង​ឡើង​វិញ បង្កើន​នូវ​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​យើង នាំ​ឲ្យ​យើង​មាន​អំណរ​ក្នុង​ចិត្ត នឹង​បំភ្លឺ​ភ្នែក​យើង​ដោយ​ឲ្យ​យើង​យល់​ឃើញ​យ៉ាង​ច្បាស់​នូវ​គោល​បំណង​ដ៏​ប្រសើរ​របស់​ព្រះ​យេហូវ៉ា។ នេះ​ជា​អ្វី​ដែល​នាំ​ឲ្យ​រីករាយ​មែន​ហ្ន៎!

៥. តើ​តាម​របៀប​ណា​ខ្លះ​ដែល​ការ​សិក្សា​អាច​ធ្វើ​ឲ្យ​យើង​ពេញ​ចិត្ត​យ៉ាង​ខ្លាំង?

ពេល​យើង​ទទួល​ផល​ល្អ​ពី​ការ​របស់​យើង នោះ​យើង​ច្រើន​តែ​សប្បាយ​ធ្វើ​ការ​នោះ​វិញ។ ដូច្នេះ​ហើយ ដើម្បី​ធ្វើ​ឲ្យ​ការ​សិក្សា​ទៅ​ជា​អ្វី​ដែល​នាំ​ឲ្យ​រីករាយ នោះ​យើង​គួរ​អនុវត្ត​យ៉ាង​ឆាប់​រហ័ស​នូវ​ចំណេះ​ថ្មី​ដែល​យើង​ទទួល។ យ៉ាកុប​បាន​សរសេរ​ថា៖ «តែ​អ្នក​ណា​ដែល​ពិនិត្យ​មើល​ក្នុង​ក្រិត្យ​វិន័យ​ដ៏​គ្រប់ល័ក្ខណ៍ គឺ​ជា​ក្រិត្យ​វិន័យ​ខាង​ឯ​សេរី​ភាព ហើយ​ក៏​ជាប់​ចិត្ត​ចំពោះ ឥត​បាន​ភ្លេច​សេចក្ដី​ដែល​ស្ដាប់​នោះ​ឡើយ គឺ​បាន​ប្រព្រឹត្ត​តាម​វិញ អ្នក​នោះ​នឹង​មាន​ពរ​ក្នុង​គ្រប់​ទាំង​ការ ដែល​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន»។ (យ៉ាកុប ១:២៥) ការ​អនុវត្តន៍​ផ្ទាល់​ខ្លួន​នូវ​ចំណុច​ផ្សេង​ៗ​ដែល​បាន​រៀន​នោះ នាំ​ឲ្យ​សប្បាយ​ចិត្ត​ជា​ខ្លាំង។ ការ​ស្រាវ​ជ្រាវ​ដោយ​មាន​គោល​បំណង​ឆ្លើយ​សំនួរ​មួយ ដែល​យើង​បាន​ត្រូវ​សួរ​ក្នុង​កិច្ច​ផ្សាយ ឬ​ក៏​ក្នុង​ការ​បង្រៀន​ក៏​នឹង​នាំ​ឲ្យ​យើង​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែរ។

ការ​បណ្ដុះ​ឲ្យ​មាន​ចំណូល​ចិត្ត​ចំពោះ​បន្ទូល​របស់​ព្រះ

៦. តើ​អ្នក​សរសេរ​ទំនុក​ទី​១១៩​នៃ​សៀវភៅ​ទំនុកដំកើង បាន​សម្ដែង​ពី​ចំណូល​ចិត្ត​របស់​ខ្លួន​ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ណា?

អ្នក​តែង​ទំនុក​ទី​១១៩​នៃ​សៀវភៅ​ទំនុកដំកើង ប្រហែល​ជា​ហេសេគា​ហើយ ពេល​ដែល​ទ្រង់​នៅ​មាន​ព្រះ​ជន្មាយុ​ក្មេង ដែល​បាន​សម្ដែង​ពី​ចំណូល​ចិត្ត​របស់​ទ្រង់​ចំពោះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា។ ដោយ​ប្រើ​ពាក្យ​កំណាព្យ ទ្រង់​បាន​សរសេរ​ថា៖ «ទូល​បង្គំ​នឹង​មាន​ចិត្ត​រីករាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ឥត​ភ្លេច​ព្រះ​បន្ទូល​ទ្រង់​ឡើយ។ ទូល​បង្គំ​យក​សេចក្ដី​បន្ទាល់​ទ្រង់ ទុក​ជា​សេចក្ដី​អំណរ​របស់​ខ្លួន . . .។ ទូល​បង្គំ​នឹង​មាន​ចិត្ត​រីករាយ ដោយ​សារ​សេចក្ដី​បង្គាប់​របស់​ទ្រង់ ជា​សេចក្ដី​ដែល​ទូល​បង្គំ​បាន​ស្រឡាញ់។ សូម​ប្រទាន​សេចក្ដី​មេត្ដា​ករុណា​របស់​ទ្រង់​មក​ទូល​បង្គំ ដើម្បី​ឲ្យ​ទូល​បង្គំ​មាន​ជីវិត​ស្ថិត​ស្ថេរ​នៅ ដ្បិត​ទូល​បង្គំ​យក​ក្រិត្យ​វិន័យ​ទ្រង់​ជា​សេចក្ដី​អំណរ​ដល់​ខ្លួន។ ឱ​ព្រះ​យេហូវ៉ា​អើយ! ទូល​បង្គំ​បាន​នឹក​រឭក​ដល់ សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ ហើយ​ក្រិត្យ​វិន័យ​របស់​ទ្រង់​ជា​ទី​រីករាយ​ដល់​ទូល​បង្គំ»។—ទំនុកដំកើង ១១៩:១៦, ២៤, ៤៧, ៧៧, ១៧៤

៧, ៨. (ក) យោង​ទៅ​តាម​ឯកសារ​យោង​មួយ តើ​ពាក្យ«នឹង​មាន​ចិត្ត​រីករាយ»ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ​មាន​ន័យ​អ្វី? (ខ) តើ​ដោយ​ដូច​ម្ដេច​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ? (គ) តើ​អែសរ៉ា​បាន​រៀបចំ​ខ្លួន​យ៉ាង​ណា មុន​ដែល​គាត់​អាន​ក្រិត្យ​វិន័យ​របស់​ព្រះ?

វចនានុក្រម​មួយ​អំពី​បទ​គម្ពីរ​ហេព្រើរ បាន​ពន្យល់​ពី​ពាក្យ​ក្នុង​ទំនុក​ទី​១១៩​នៃ​សៀវភៅ​ទំនុកដំកើង ដែល​បាន​ត្រូវ​បក​ប្រែ​ថា«នឹង​មាន​ចិត្ត​រីករាយ» បាន​ប្រាប់​ថា៖ «ពាក្យ​ដែល​ត្រូវ​ប្រើ​ក្នុង​ខ​ទី​១៦ គឺ​ស្មើ​នឹង[កិរិយា​ស័ព្ទ]ដែល​មាន​ន័យ​ថា អរ​សប្បាយ . . . និង​មាន​ន័យ​ថា​ការ​រំពឹង​គិត . . . អ៊ីចឹង​លំដាប់​ការ​នេះ​គឺ​ជា អរ​សប្បាយ រំពឹង​គិត និង​ចិត្ត​រីករាយ . . .។ ការ​រួម​បញ្ចូល​គ្នា​នេះ​ប្រហែល​ជា​មាន​ន័យ​ថា ការ​រំពឹង​គិត​ដោយ​មាន​គោល​បំណង គឺ​ជា​វិធី​ដែល​មនុស្ស​ម្នាក់​ទទួល​នូវ​ការ​ពេញ​ចិត្ត​ពី​បន្ទូល​របស់​យ៉ាវ៉េ។ . . . អត្ថន័យ​នេះ​រួម​បញ្ចូល​អារម្មណ៍​ដែរ»។ a

ត្រូវ​ហើយ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា គួរ​ចេញ​ពី​ដួង​ចិត្ត​របស់​យើង ជា​ប្រភព​នៃ​អារម្មណ៍។ យើង​គួរ​សប្បាយ​ចិត្ត​ក្នុង​ការ​រំពឹង​គិត​ឲ្យ​យូរ​នឹង​ខ​ណា​ខ្លះ​ដែល​យើង​ទើប​តែ​អាន។ យើង​គួរ​ជញ្ជឹង​គិត​ពី​ចំណុច​ដ៏​ជ្រាល​ជ្រៅ​ដែល​ទាក់​ទង​នឹង​អ្វី​ៗ​ខាង​វិញ្ញាណ ទាំង​ជក់​ស្លុង​នឹង​គំនិត​នោះ និង​រំពឹង​គិត​ផង​ដែរ។ នេះ​តម្រូវ​នូវ​ការ​គិត​ពិចារណា​ដោយ​សម្ងាត់​និង​ការ​អធិស្ឋាន។ ដូច​លោក​អែសរ៉ា យើង​ត្រូវ​តែ​ប្រុង​ប្រៀប​ចិត្ត​គំនិត​របស់​យើង​ដើម្បី​អាន​និង​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ។ ព្រះ​គម្ពីរ​ចែង​អំពី​អែសរ៉ា​ថា៖ «អែសរ៉ា​បាន​តាំង​ចិត្ត​ស្វែង​រក​ក្នុង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា ដើម្បី​នឹង​ប្រព្រឹត្ត​តាម ហើយ​បង្ហាត់​បង្រៀន​តាម​បញ្ញត្ត នឹង​សេចក្ដី​យុត្ដិធម៌​ក្នុង​ពួក​អ៊ីស្រាអែល»។ (អែសរ៉ា ៧:១០) សូម​កត់​សម្គាល់​គោល​បំណង​បី​របស់​អែសរ៉ា​ក្នុង​ការ​ប្រុង​ប្រៀប​ចិត្ត​គំនិត​របស់​គាត់។ មួយ​គឺ​ជា​ការ​សិក្សា ទី​ពីរ​គឺ​ដើម្បី​អនុវត្ត​ដោយ​ផ្ទាល់​ខ្លួន ទី​បី​គឺ​ដើម្បី​បង្រៀន។ យើង​គួរ​ធ្វើ​តាម​គំរូ​របស់​គាត់។

ការ​សិក្សា​ជា​ការ​ថ្វាយ​បង្គំ​មួយ​ប្រភេទ​ដែរ

៩, ១០. (ក) តើ​តាម​របៀប​ណា​ខ្លះ​ដែល​អ្នក​តែង​បទ​ទំនុកដំកើង បាន​សម្ដែង​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា? (ខ) តើ​កិរិយាសព្ទ​ភាសា​ហេព្រើរ​ដែល​បាន​ត្រូវ​បក​ប្រែ​ជា«[យក​ចិត្ត​ទុក​ដាក់ ព.ថ.]»មាន​ន័យ​អ្វី? (គ) ហេតុ​អ្វី​បាន​ជា​សំខាន់​ដែល​យើង​ចាត់​ទុក​ការ​សិក្សា​ព្រះ​គម្ពីរ​ជា«របៀប​ថ្វាយ​បង្គំ»?

អ្នក​តែង​ទំនុកដំកើង​មាន​ប្រសាសន៍​ថា គាត់​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ក្រិត្យ​វិន័យ សេចក្ដី​បង្គាប់ និង​សេចក្ដី​រំឭក​របស់​ព្រះ​យេហូវ៉ា។ អ្នក​នោះ​ច្រៀង​ថា៖ «ទូល​បង្គំ​នឹង​រំពឹង​គិត​ពី​សេចក្ដី​បញ្ញត្ត​របស់​ទ្រង់ ហើយ​នឹង​ស្រឡាញ់​រាប់​អាន​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ទូល​បង្គំ​នឹង​លើក​ដៃ​ប្រណម្យ​ចំពោះ​សេចក្ដី​បង្គាប់​របស់​ទ្រង់ ដែល​ទូល​បង្គំ​បាន​ស្រឡាញ់ ហើយ​នឹង​រំពឹង​គិត​ពី[ការ​យក​ចិត្ត​ទុក​ដាក់​នឹង, ព.ថ.]បញ្ញត្ត​ទ្រង់។ ឱ​ទូល​បង្គំ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎! ទូល​បង្គំ​រំពឹង​គិត​ពី​ក្រិត្យ​វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ ទូល​បង្គំ​មាន​យោបល់​ជាង​អស់​ទាំង​គ្រូ​របស់​ទូល​បង្គំ​ទៅ​ទៀត ដ្បិត​សេចក្ដី​បន្ទាល់​ទ្រង់​ជា​ទី​នឹក​រំពឹង​របស់​ទូល​បង្គំ»។ (ទំនុកដំកើង ១១៩:១៥, ៤៨, ៩៧,៩៩) តើ​ពាក្យ«យក​ចិត្ត​ទុក​ដាក់»នឹង​បន្ទូល​របស់​ព្រះ​យេហូវ៉ា​សំដៅ​ទៅ​លើ​អ្វី​ទៅ?

១០ ពាក្យ​ហេព្រើរ​ដែល​បាន​ត្រូវ​បក​ប្រែ«យក​ចិត្ត​ទុក​ដាក់» ក៏​មាន​ន័យ​ថា«រំពឹង​គិត ជញ្ជឹង​គិត» «ពិចារណា​ក្នុង​គំនិត»។ «នោះ​សំដៅ​ទៅ​ការ​ពិចារណា​ដោយ​ស្ងាត់​ៗ​នូវ​កិច្ច​ការ​របស់​ព្រះ . . . និង​ព្រះ​បន្ទូល​របស់​ព្រះ»។ (សៀវភៅ​វាក្យសព្ទ​សាសនា​ពី​សញ្ញា​ចាស់) ពេល​ដែល​ពាក្យ«យក​ចិត្ត​ទុក​ដាក់»គឺ​ជា​នាមសព្ទ នោះ​សំដៅ​ទៅ«ការ​រំពឹង​គិត​របស់​អ្នក​តែង​បទ​ទំនុកដំកើង» «ការ​ស្រឡាញ់​របស់​គាត់​ចំពោះ​ការ​សិក្សា»នូវ​ច្បាប់​របស់​ព្រះ ដោយ​ចាត់​ទុក​ការ​ធ្វើ​ដូច្នោះ​ជា«ការ​ថ្វាយ​បង្គំ​ម្យ៉ាង»។ ការ​ចាត់​ទុក​ការ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ផ្នែក​មួយ​នៃ​ការ​ថ្វាយ​បង្គំ​របស់​យើង នាំ​ឲ្យ​នោះ​មាន​ភាព​ធ្ងន់​ធ្ងរ។ ហេតុ​នេះ​ហើយ ការ​សិក្សា​គួរ​ត្រូវ​ធ្វើ​ឡើង​ដោយ​យក​ចិត្ត​ទុក​ដាក់​និង​ដោយ​អធិស្ឋាន​ផង​ដែរ។ ការ​សិក្សា​ជា​ផ្នែក​មួយ​នៃ​ការ​ថ្វាយ​បង្គំ​របស់​យើង និង​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ធ្វើ​ឲ្យ​ការ​ថ្វាយ​បង្គំ​របស់​យើង​បាន​ប្រសើរ​ឡើង​ៗ។

ការ​រិះ​រក​អ្វី​ដ៏​ជ្រៅ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ

១១. តើ​ព្រះ​យេហូវ៉ា​បើក​សម្ដែង​ព្រះ​តំរិះ​ដ៏​ជ្រាល​ជ្រៅ​ឲ្យ​រាស្ត្រ​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

១១ ដោយ​ការ​គោរព​និង​កោត​សរសើរ​នោះ អ្នក​តែង​ទំនុកដំកើង​បាន​ប្រកាស​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! អស់​ទាំង​កិច្ច​ការ​របស់​ទ្រង់​ធំ​ណាស់​ហ្ន៎! ឯ​អស់​ទាំង​ព្រះ​ដំរិះ​ទ្រង់​ក៏​ជ្រៅ​ណាស់​ផង»។ (ទំនុកដំកើង ៩២:៥) ហើយ​សាវ័ក​ប៉ុល​ក៏​បាន​និយាយ​ពី«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ» ដែល​ជា​គំនិត​ជ្រាល​ជ្រៅ​ដែល​ព្រះ​យេហូវ៉ា​សម្ដែង​ដល់​រាស្ត្រ​របស់​ទ្រង់«ដោយ​សារ​ព្រះ​វិញ្ញាណ​ទ្រង់» ដែល​មាន​សកម្មភាព​ទៅ​លើ​អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ។ (កូរិនថូស​ទី​១ ២:១០; ម៉ាថាយ ២៤:៤៥) ក្រុម​អ្នក​បំរើ​ព្យាយាម​ផ្ដល់​នូវ​ម្ហូប​អាហារ​ខាង​វិញ្ញាណ​សំរាប់​យើង​ទាំង​អស់​គ្នា គឺ​ជា«ទឹក​ដោះ»សំរាប់​អ្នក​ថ្មី ក៏​ប៉ុន្តែ«អាហារ​រឹង»សំរាប់«មនុស្ស​ធំ» ដែល​ជា​អ្វី​ដ៏«ពិបាក​ពន្យល់»។—ហេព្រើរ ៥:១១​-​១៤

១២. សូម​ប្រាប់​ឧទាហរណ៍​មួយ​ពី«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ» ដែល​បាន​ពន្យល់​ដោយ​ក្រុម​អ្នក​បំរើ។

១២ ដើម្បី​ឲ្យ​យល់​នូវ«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ» គឺ​ជា​ចាំ​បាច់​ដែល​យើង​ត្រូវ​សិក្សា​ទាំង​អធិស្ឋាន និង​ជញ្ជឹង​គិត​អំពី​បន្ទូល​របស់​ទ្រង់។ ជា​ឧទាហរណ៍ មាន​ពត៌មាន​ដ៏​ប្រសើរ​ជា​ច្រើន ដែល​បាន​បោះ​ពុម្ព​ដោយ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​អាច​សម្ដែង​យុត្ដិធម៌ ថែម​ទាំង​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ស្រប​ពេល​ជា​មួយ​គ្នា​ផង​ដែរ។ ការ​សម្ដែង​ព្រះ​ទ័យ​មេត្ដា​ករុណា​មិន​មែន​ជា​ការ​ធ្វើ​ឲ្យ​យុត្ដិធម៌​របស់​ព្រះ​ទៅ​ជា​ខ្សោយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​គឺ​ជា​ការ​សម្ដែង​នូវ​យុត្ដិធម៌​របស់​ព្រះ​និង​សេចក្ដី​ស្រឡាញ់។ ពេល​ដែល​ជំនុំ​ជំរះ​អ្នក​មាន​បាប ព្រះ​យេហូវ៉ា​សម្រេច​ថា​តើ​ទ្រង់​អាច​ធ្វើ​ទៅ​បាន​ទេ​ក្នុង​ការ​សម្ដែង​សេចក្ដី​មេត្ដា​ករុណា ដោយ​មាន​មូលដ្ឋាន​ទៅ​លើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​រាជបុត្រ​របស់​ទ្រង់​នោះ។ បើ​សិន​ជា​អ្នក​មាន​បាប​នោះ​មិន​ប្រែ​ចិត្ត ឬ​ក៏​ចេះ​តែ​បះ​បោរ នោះ​ព្រះ​សម្រេច​យុត្ដិធម៌​ដោយ​មិន​ចាំ​បាច់​សម្ដែង​សេចក្ដី​មេត្ដា​ករុណា​ទេ។ យ៉ាង​ណា​ក៏​ដោយ​ទ្រង់​អនុវត្ត​យ៉ាង​ស្មោះ​ទៅ​តាម​គោល​ការណ៍​ដ៏​ខ្ពង់​ខ្ពស់​របស់​ទ្រង់។ b (រ៉ូម ៣:២១​-​២៦) ‹អើ​ហ្ន៎! ប្រាជ្ញា​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់!›។—រ៉ូម ១១:៣៣

១៣. តើ​យើង​អាច​បង្ហាញ​ការ​អបអរ​ចំពោះ«ចំនួន​ច្រើន​ណាស់»នៃ​សេចក្ដី​ពិត​ខាង​វិញ្ញាណ ដែល​បាន​ត្រូវ​បើក​សម្ដែង​ទំរាំ​ដល់​ពេល​នេះ​យ៉ាង​ណា?

១៣ ដូច​អ្នក​តែង​បទ​ទំនុកដំកើង យើង​ក៏​មាន​ចិត្ត​រំភើប​ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​វិភាគ​ព្រះ​តំរិះ​របស់​ទ្រង់​នឹង​យើង។ ដាវីឌ​បាន​សរសេរ​ថា៖ «ឱ​ព្រះ​អង្គ​អើយ! ព្រះ​ដំរិះ​របស់​ទ្រង់​មាន​ដំឡៃ​វិសេស ដល់​ទូល​បង្គំ​ណាស់​ហ្ន៎! ក៏​មាន​ចំនួន​ច្រើន​ណាស់​ផង បើ​សិន​ជា​ទូល​បង្គំ​នឹង​ខំ​រាប់​ចំនួន នោះ​មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត»។ (ទំនុកដំកើង ១៣៩:១៧, ១៨) ទោះ​បី​ចំណេះ​របស់​យើង​គឺ​មាន​តែ​មួយ​ផ្នែក​តូច​នៃ​ព្រះ​តំរិះ​ដែល​ព្រះ​យេហូវ៉ា​នឹង​វិភាគ​នឹង​យើង​ទូទាំង​ពេល​ដ៏​អស់​កល្ប​ក៏​ដោយ នោះ​យើង​ក៏​អបអរ​ជា​ខ្លាំង​នឹង«ចំនួន​ច្រើន​ណាស់»នៃ​សេចក្ដី​ពិត​ខាង​វិញ្ញាណ​ដ៏​មាន​តម្លៃ​វិសេស ដែល​យើង​បាន​ទទួល​ទំរាំ​ដល់​ពេល​នេះ និង​យើង​ក៏​រិះ​រក​កាន់​តែ​ជ្រៅ​ក្នុង​ចំនួន​សេចក្ដី​ពិត​នោះ​ឬ​ក៏​ខ្លឹម​សារ​នៃ​ព្រះ​បន្ទូល​របស់​ព្រះ។—ទំនុកដំកើង ១១៩:១៦០

ការ​ខំ​ប្រឹង​និង​ឧបករណ៍​ដែល​មាន​ប្រសិទ្ធិភាព​គឺ​ត្រូវ​ការ

១៤. តើ​ដោយ​ដូច​ម្ដេច​ដែល​សុភាសិត ២:១​-​៦ បញ្ជាក់​ពី​ភាព​ចាំ​បាច់​នៃ​ការ​ខិត​ខំ?

១៤ ការ​សិក្សា​ព្រះ​គម្ពីរ​នូវ​អ្វី​ដ៏​ជ្រាល​ជ្រៅ​តម្រូវ​នូវ​ការ​ខំ​ប្រឹង។ ហេតុ​ការណ៍​នេះ​គឺ​លេច​មក​ជាក់​ស្តែង ពេល​ដែល​អាន​យ៉ាង​ហ្មត់​ចត់​នូវ​សុភាសិត ២:១​-​៦។ សូម​កត់​សម្គាល់​កិរិយាសព្ទ​សកម្ម​ដែល​ស្តេច​សាឡូម៉ូន​ដែល​មាន​ប្រាជ្ញា​នោះ​បាន​ប្រើ ដើម្បី​បញ្ជាក់​ពី​ការ​ខំ​ប្រឹង​ដ៏​ចាំ​បាច់​សំដៅ​ទៅ​ការ​ទទួលនូវ​ចំណេះ​ពី​ព្រះ ប្រាជ្ញា និង​ការ​ចេះ​វិនិច្ឆ័យ។ ទ្រង់​បាន​សរសេរ​ថា៖ «កូន​អើយ! បើ​ឯង​នឹង​ទទួល​ពាក្យ​អញ ហើយ​នឹង​ប្រមូល​ពាក្យ​បណ្ដាំ​របស់​អញ ទុក​នៅ​ជាប់​នឹង​ឯង ដើម្បី​ឲ្យ​បាន​ប្រុង​ត្រចៀក​ស្ដាប់​តាម​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ឲ្យ​បាន​យោបល់ អើ! បើ​ឯង​ស្រែក​ហៅ​រក​ដំរិះ ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោបល់ បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្ដី​ស្គាល់​ដល់​ព្រះ​អង្គ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​ដំរិះ​នឹង​យោបល់ នោះ​ចេញ​ពី​ព្រះ​ឱស្ឋ​របស់​ទ្រង់​មក»។ (សុភាសិត ២:១​-​៦) ពិត​មែន​ហើយ ការ​សិក្សា​ដែល​បង្កើត​ផល តម្រូវ​ឲ្យ​ស្រាវ​ជ្រាវ រិះ​រក​ដូច​ជា​កំពុង​តែ​ស្វែង​រក​រតនៈ​សម្បត្ដិ​អាថ៌​កំបាំង​មួយ​អ៊ីចឹង។

១៥. តើ​ឧទាហរណ៍​ណា​ក្នុង​ព្រះ​គម្ពីរ​ដែល​បញ្ជាក់​ពី​ភាព​ចាំ​បាច់​នៃ​វិធី​សិក្សា​ដ៏​ល្អ?

១៥ ការ​សិក្សា​បែប​ដែល​បង្កើន​ភាព​ខាង​វិញ្ញាណ​ក៏​តម្រូវ​នូវ​វិធី​សិក្សា​ដ៏​ល្អ។ សាឡូម៉ូន​បាន​សរសេរ​ថា៖ «បើ​ដែក​វិល​ហើយ ម្ចាស់​មិន​សំលៀង​មុខ​ទេ នោះ​ត្រូវ​តែ​បញ្ចេញ​កំឡាំង​លើស​ជាង​ទៅ​ទៀត»។ (សាស្ដា ១០:១០) បើ​សិន​ជា​ជាង​ម្នាក់​ប្រើ​ឧបករណ៍​សំរាប់​កាត់​មួយ ដែល​មិន​មុត​ឬ​ក៏​បើ​សិន​ជា​គាត់​មិន​ប្រើ​នោះ​យ៉ាង​ប៉ិន​ប្រសប់​ទេ នោះ​គាត់​នឹង​ខាត​កម្លាំង​របស់​ខ្លួន​និង​កិច្ច​ការ​របស់​គាត់​នឹង​មាន​ភាព​អន់។ ដូច​គ្នា​ដែរ ប្រយោជន៍​ពី​ពេល​ចំណាយ​ទៅ​លើ​ការ​សិក្សា​នឹង​មាន​ផ្សេង​ៗ អាស្រ័យ​នឹង​វិធី​ដែល​យើង​សិក្សា។ យោបល់​ជា​ច្រើន​ដ៏​ប្រសើរ​ចំពោះ​របៀប​ដែល​យើង​អាច​ធ្វើ​ឲ្យ​របៀប​យើង​សិក្សា​ទៅ​ជា​ប្រសើរ​ឡើង​ៗ អាច​ត្រូវ​រក​ឃើញ​ក្នុង​មេ​រៀន​ទី​៧ ក្នុង​សៀវភៅ​ណែនាំ​ខាង​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ (ជា​ភាសា​អង់គ្លេស)។ c

១៦. តើ​យោបល់​ណា​ខ្លះ​ដែល​មាន​ប្រយោជន៍ ដែល​បាន​ត្រូវ​ជូន​ដើម្បី​ជួយ​យើង​សិក្សា​អ្វី​ដ៏​ជ្រាល​ជ្រៅ?

១៦ ពេល​ជាង​ម្នាក់​ចាប់​ផ្ដើម​ធ្វើ​ការ គាត់​តម្រៀប​ឧបករណ៍​ដែល​គាត់​ត្រូវ​ការ​ជា​មុន​សិន។ ស្រដៀង​គ្នា​ដែរ ពេល​យើង​ចាប់​ផ្ដើម​ពេល​សិក្សា យើង​គួរ​ជ្រើស​រើស​ពី​សៀវភៅ​របស់​យើង​ផ្ទាល់​នូវ​ឧបករណ៍​សិក្សា​អ្វី​ខ្លះ​ដែល​យើង​នឹង​ត្រូវ​ការ។ បើ​នឹក​ចាំ​ថា​ការ​សិក្សា​ជា​ការងារ​ម្យ៉ាង​និង​តម្រូវ​នូវ​ការ​ខិត​ខំ​ពី​គំនិត គឺ​ជា​ការ​សម​ល្អ​បើ​សិន​ជា​យើង​អង្គុយ​ស្រួលបួល។ បើ​សិន​ជា​យើង​ចង់​ប្រឹង​ស្មារតី នោះ​អង្គុយ​នៅ​កៅអី​ឬ​ក៏​នៅ​តុ​មួយ គឺ​មាន​ប្រសិទ្ធិភាព​ជាង​ការ​ដេក​លើ​គ្រែ ឬ​អង្គុយ​ក្នុង​កៅអី​ពូក​មួយ​ដែល​ស្រណុក​ស្រួល។ ក្រោយ​ពី​បាន​ប្រឹង​ស្មារតី​មួយ​រយៈ អ្នក​ប្រហែល​ជា​នឹង​ឃើញ​ថា​ការ​ឈរ​តម្រង់​ខ្នង ឬ​ការ​ចេញ​ទៅ​ក្រៅ​ស្រូប​យក​ខ្យល់​អាកាស​នឹង​មាន​ប្រយោជន៍។

១៧, ១៨. សូម​ប្រាប់​ឧទាហរណ៍​ខ្លះ​ពី​របៀប​ប្រើ​ឧបករណ៍​សិក្សា​ដ៏​ល្អ​ៗ​ដែល​យើង​អាច​ទទួល​បាន។

១៧ យើង​អាច​ទទួល​ឧបករណ៍​ជា​ច្រើន​ដ៏​ល្អ​ដែល​ប្រៀប​ស្មើ​មិន​បាន។ មុន​គេ​បង្អស់​គឺ​ជា​ព្រះ​គម្ពីរ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ដែល​អាច​ត្រូវ​ទទួល​ជា​ព្រះ​គម្ពីរ​ទាំង​មូល​ឬ​ក៏​ផ្នែក​ខ្លះ​ជា​៣៧​ភាសា។ ព្រះ​គម្ពីរ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ការ​បោះពុម្ព​ធម្មតា​មាន​ខ​គម្ពីរ​យោង និង«តារាង​សៀវភៅ​ព្រះ​គម្ពីរ»ដែល​ប្រាប់​ពី​ឈ្មោះ​អ្នក​សរសេរ កន្លែង​ដែល​គេ​បាន​សរសេរ​សៀវភៅ​នោះ និង​រយៈ​ពេល​ដែល​សៀវភៅ​នោះ​រៀប​រាប់​ពី​នោះ។ ព្រះ​គម្ពីរ​ក៏​មាន​លិបិក្រម​ពី​ពាក្យ​ព្រះ​គម្ពីរ សេចក្ដី​បន្ថែម​មួយ និង​ផែនទី​។ ក្នុង​ភាសា​ខ្លះ​ព្រះ​គម្ពីរ​នេះ​គឺ​មាន​បោះ​ពុម្ព​ជា​អក្សរ​ធំ ដែល​ហៅ​ជា​ព្រះ​គម្ពីរ​យោង។ ក៏​មាន​ផ្នែក​ដូច​ខាង​លើ​នេះ​ដែរ និង​មាន​ផ្នែក​ថែម​ទៀត​ដូច​ជា​កំណត់​ចំណាំ​ជា​ច្រើន​ដែល​មាន​ក្នុង​លិបិក្រម។ តើ​អ្នក​ឆ្លៀត​ប្រយោជន៍​ឲ្យ​ពេញ​លេញ​ពី​អ្វី​ដែល​អ្នក​អាច​ទទួល​ជា​ភាសា​របស់​អ្នក ដើម្បី​រិះ​រក​យ៉ាង​ជ្រៅ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​ឬ​ទេ?

១៨ ឧបករណ៍​មួយ​ទៀត​ដែល​មាន​ប្រយោជន៍​ជា​ច្រើន​ចំពោះ​ការ​សិក្សា គឺ​ជា​វចនាធិប្បាយ​ព្រះ​គម្ពីរ​ពីរ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា​ការ​យល់​ធ្លុះ​ជ្រៅ​នឹង​បទ​គម្ពីរ។ បើ​សិន​ជា​អ្នក​មាន​សៀវភៅ​នេះ​ក្នុង​ភាសា​មួយ​ដែល​អ្នក​អាច​យល់​បាន នេះ​នឹង​ទៅ​ជា​ជំនួយ​របស់​អ្នក​ពេល​អ្នក​សិក្សា។ នេះ​នឹង​ផ្ដល់​ពត៌មាន​បន្ថែម​អំពី​រឿង​ភាគ​ជា​ច្រើន​ក្នុង​ព្រះ​គម្ពីរ។ សៀវភៅ​មួយ​ទៀត​ដែល​ស្រដៀង​គ្នា​នឹង​នេះ គឺ​ជា«គ្រប់​ទាំង​បទ​គម្ពីរ​គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ក៏​មាន​ប្រយោជន៍»។ ពេល​ដែល​ចាប់​ផ្ដើម​អាន​សៀវភៅ​ថ្មី​មួយ​ក្នុង​ព្រះ​គម្ពីរ គឺ​មាន​ប្រយោជន៍​បើ​សិន​ជា​អ្នក​អាន​មេ​រៀន​ក្នុង​សៀវភៅ«គ្រប់​ទាំង​បទ​ព្រះ​គម្ពីរ» ដើម្បី​យល់​ដឹង​ពី​ទី​កន្លែង​និង​ប្រវត្ដិសាស្ត្រ​ទាក់​ទង​នឹង​សៀវភៅ​នោះ ថែម​ទាំង​ការ​សង្ខេប​នៃ​សាច់​រឿង​សៀវភៅ​ព្រះ​គម្ពីរ​នោះ និង​ប្រយោជន៍​ពី​របស់​ទាំង​នោះ​ដែល​មាន​ចំពោះ​យើង។ ការ​បន្ថែម​ថ្មី​ៗ​មួយ​នឹង​ឧបករណ៍​សិក្សា​ជា​ច្រើន​ដែល​បាន​ត្រូវ​បោះ​ពុម្ព​នោះ គឺ​ជា​ស៊ីឌី​កុំព្យូទ័រ«បណ្ណាល័យ​ប៉ម​យាម» ដែល​អាច​ត្រូវ​ទទួល​ជា​៩​ភាសា។

១៩. (ក) ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឧបករណ៍​ល្អ​ៗ​ឲ្យ​យើង​ប្រើ​ដើម្បី​សិក្សា​ព្រះ​គម្ពីរ? (ខ) តើ​អ្វី​ដែល​ត្រូវ​ការ​ដើម្បី​អាន​និង​សិក្សា​ព្រះ​គម្ពីរ​យ៉ាង​ត្រឹម​ត្រូវ​នោះ?

១៩ ព្រះ​យេហូវ៉ា​បាន​ប្រទាន​នូវ​ឧបករណ៍​ជា​ច្រើន​នេះ តាម​រយៈ«អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ» ដើម្បី​ឲ្យ​អ្នក​បំរើ​របស់​ទ្រង់​នៅ​លើ​ផែនដី​មាន​សមត្ថភាព‹ស្វែង​រក​ចំណេះ​របស់​ព្រះ›។ (សុភាសិត ២:៤, ៥) ទម្លាប់​ល្អ​ខាង​ការ​សិក្សា​អនុញ្ញាត​ឲ្យ​យើង​មាន​ចំណេះ​កាន់​តែ​ជាក់​ស្តែង​អំពី​ព្រះ​យេហូវ៉ា និង​កាន់​តែ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាង​ជា​មួយ​នឹង​ទ្រង់។ (ទំនុកដំកើង ៦៣:១​-​៨) ត្រូវ​ហើយ ការ​សិក្សា​តម្រូវ​នូវ​ការ​ខំ​ប្រឹង ក៏​ប៉ុន្តែ​នោះ​ជា​ការ​ខំ​ប្រឹង​ដែល​នាំ​ឲ្យ​រីករាយ​និង​បង្កើត​ផល។ ក៏​ប៉ុន្តែ នោះ​ក៏​តម្រូវ​នូវ​ពេល​វេលា ហើយ​អ្នក​ប្រហែល​ជា​កំពុង​តែ​គិត​ថា ‹តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​មាន​ពេល​គ្រប់​គ្រាន់​សំរាប់​ការ​អាន​ព្រះ​គម្ពីរ​និង​សិក្សា​ផ្ទាល់​ខ្លួន​យ៉ាង​ណា​បាន?›។ ចំណុច​នេះ​នឹង​ត្រូវ​ពិចារណា​ក្នុង​អត្ថបទ​ចុង​ក្រោយ។

[កំណត់​សម្គាល់]

a វចនានុក្រម​សាសន​វិទ្យា​សញ្ញា​ចាស់​សញ្ញា​ថ្មី​និង​ការ​ពន្យល់។ ក្បាល​ទី​៤ ទំព័រ​២០៥, ២០៧

b សូម​មើល ទស្សនាវដ្ដី ប៉ម​យាម ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨ ទំព័រ​ទី​១៣ វគ្គ​ទី​៧។ ការ​មាន​គម្រោង​សិក្សា​ព្រះ​គម្ពីរ ប្រហែល​ជា​អ្នក​អាច​សើរើ​នូវ​អត្ថបទ​សិក្សា​ទាំង​ពីរ​ក្នុង​ទស្សនាវដ្ដី​នោះ ព្រម​ទាំង​អត្ថបទ«យុត្ដិធម៌» «មេត្ដា​ករុណា» និង«សេចក្ដី​សុចរិត»ក្នុង​សព្វវចនាធិប្បាយ​ព្រះ​គម្ពីរ ការ​យល់​ធ្លុះ​ជ្រៅ​នឹង​បទ​គម្ពីរ (ជា​ភាសា​អង់គ្លេស) បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

c បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។ បើ​ឥត​មាន​សៀវភៅ​នេះ​ក្នុង​ភាសា​របស់​អ្នក​ទេ នោះ​ឱវាទ​ដ៏​ល្អ​ចំពោះ​វិធី​សិក្សា អាច​មាន​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម នៃ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​១៩៩៦ ទំព័រ ២៣,២៤ ៣០ និង ៣១ និង ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៦ ទំព័រ ១៣

សំនួរ​សំរាប់​រៀន​សា​ឡើង​វិញ

តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ការ​សិក្សា​ផ្ទាល់​ខ្លួន​របស់​យើង​ជា​អ្វី ដែល​លំហើយ​ចិត្ត​យើង​និង​បង្កើត​ផល?

ដូច​ជា​អ្នក​តែង​បទ​ទំនុកដំកើង តើ​យើង​អាច​បង្ហាញ‹ចំណូល​ចិត្ត› និង‹ការ​យក​ចិត្ត​ទុក​ដាក់›ទៅ​លើ​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

តើ​សុភាសិត ២:១​-​៦ បង្ហាញ​នូវ​សេចក្ដី​ត្រូវ​ការ​ចំពោះ​ការ​ខិត​ខំ​ក្នុង​ការ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ណា?

តើ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ឧបករណ៍​សិក្សា​ល្អ​ៗ​អ្វី​ខ្លះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១៣]

ការ​ជញ្ជឹង​គិត​ដោយ​ស្ងាត់​ៗ​និង​អធិស្ឋាន ក៏​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ