លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការអានព្រះគម្ពីរ គឺជាអ្វីដែលមានប្រយោជន៍និងជាទីពេញចិត្ត

ការអានព្រះគម្ពីរ គឺជាអ្វីដែលមានប្រយោជន៍និងជាទីពេញចិត្ត

ការ​អាន​ព្រះ​គម្ពីរ គឺ​ជា​អ្វី​ដែល​មាន​ប្រយោជន៍​និង​ជា​ទី​ពេញ​ចិត្ត

«ត្រូវ​ឲ្យ​នឹក​ជញ្ជឹង​ទាំង​យប់​ទាំង​ថ្ងៃ»។—យ៉ូស្វេ ១:៨

១. តើ​អ្វី​ផល​ប្រយោជន៍​ខ្លះ​ៗ​ចំពោះ​ការ​អាន និង​ជា​ពិសេស​ចំពោះ​ការ​អាន​ព្រះ​គម្ពីរ?

 ការ​អាន​ពត៌មាន​ដែល​មាន​ប្រយោជន៍​គឺ​ជា​សកម្មភាព​មួយ​ដែល​បង្កើត​លទ្ធផល​ល្អ។ ទស្សនវិទូ​ខាង​នយោបាយ​ជន​ជាតិ​បារាំង​ម្នាក់ ឈ្មោះ​លោក មនតិគ្យូ (ឆាល លូអិស ដិ​ សិខន) បាន​សរសេរ​ថា៖ «ចំពោះ​ខ្ញុំ​វិញ ការ​សិក្សា​តែង​តែ​ជា​ថ្នាំ​ព្យាបាល​ដ៏​សក្ដិ​សិទ្ធិ​បំផុត​ចំពោះ​ការ​ដោះ​ស្រាយ​ភាព​ច្រំ​ដែល​នៃ​ជីវិត។ ខ្ញុំ​មិន​ដែល​ប្រឈម​មុខ​នឹង​បញ្ហា​ណា​ដែល​មិន​អាច​បំបាត់​ចោល ដោយ​ការ​អាន​អស់​រយៈ​ពេល​មួយ​ម៉ោង​ទេ»។ នោះ​គឺ​ជា​ការ​ពិត​យ៉ាង​ខ្លាំង​ចំពោះ​ការ​អាន​ព្រះ​គម្ពីរ។ អ្នក​តែង​បទ​ទំនុកដំកើង​ដែល​បាន​បណ្ដាល​ដោយ​ព្រះ បាន​មាន​ប្រសាសន៍​ថា៖ «ឯ​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​នោះ​គ្រប់ល័ក្ខណ៍ ក៏​កែ​ព្រលឹង​ឡើង​វិញ។ សេចក្ដី​បន្ទាល់​នៃ​ព្រះ​យេហូវ៉ា​ជា​ពិត ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា សេចក្ដី​បញ្ញត្ត​របស់​ព្រះ​យេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់ ក៏​បណ្ដាល​ឲ្យ​ចិត្ត​រីករាយ​សប្បាយ»។—១៩:៧, ៨

២. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​បាន​រក្សា​ការ​ពារ​ទុក​ព្រះ​គម្ពីរ​អស់​ជា​ច្រើន​សម័យ​នោះ ហើយ​តើ​ព្រះ​តម្រូវ​ឲ្យ​រាស្ត្រ​របស់​ទ្រង់​ធ្វើ​អ្វី​ជា​មួយ​នឹង​ព្រះ​គម្ពីរ?

ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​និពន្ធ​ព្រះ​គម្ពីរ នោះ​ទ្រង់​បាន​ការ​ពារ​ទុក​សៀវភៅ​នោះ​អស់​រយៈ​ច្រើន​សតវត្ស ដោយ​ឆ្លង​កាត់​ការ​ប្រឆាំង​ដ៏​កាច​សាហាវ​ពី​ពួក​សត្រូវ​នៃ​សៀវភៅ​នេះ ពី​ខាង​សាសនា​និង​ខាង​លោកីយ៍​ផង​ដែរ។ ពីព្រោះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ចង់​ឲ្យ«មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត» នោះ​ទ្រង់​បាន​ចាត់​វិធានការ​ឲ្យ​មនុស្សជាតិ​ទាំង​អស់ អាច​ទទួល​បន្ទូល​របស់​ទ្រង់​បាន។ (ធីម៉ូថេ​ទី​១ ២:៤) គឺ​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា ៨០​ភាគ​រយ​នៃ​មនុស្ស​លើ​ផែនដី​នេះ អាច​ត្រូវ​ទាក់​ទង​ដោយ​ប្រើ​តែ​១០០​ភាសា​ផ្សេង​ៗ​ទេ។ ឯ​ព្រះ​គម្ពីរ​វិញ នោះ​អាច​ត្រូវ​ទទួល​ជា​៣៧០​ភាសា និង​ផ្នែក​ផ្សេង​ៗ​នៃ​ព្រះ​គម្ពីរ​អាច​ត្រូវ​ទទួល​ជា​១.៨៦០​ភាសា​និង​គ្រាម​ភាសា​ថែម​ទៀត​ផង។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​រាស្ត្រ​របស់​ទ្រង់​អាន​ព្រះ​បន្ទូល​របស់​ទ្រង់។ ទ្រង់​ប្រទាន​ពរ​ដល់​អ្នក​បំរើ​របស់​ទ្រង់​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​បន្ទូល​របស់​ទ្រង់ គឺ​ជា​អ្នក​ដែល​អាន​នោះ​ជា​រៀង​រាល់​ថ្ងៃ។—ទំនុកដំកើង ១:១, ២

អ្នក​ត្រួត​ពិនិត្យ​ត្រូវ​តែ​អាន​ព្រះ​គម្ពីរ

៣, ៤. តើ​ព្រះ​យេហូវ៉ា​បាន​តម្រូវ​ឲ្យ​ស្តេច​អ៊ីស្រាអែល​ធ្វើ​អ្វី ហើយ​តើ​ហេតុ​ណា​ខ្លះ​សំរាប់​ការ​តម្រូវ​នេះ ដែល​មាន​ទំនាក់​ទំនង​នឹង​គ្រីស្ទាន​ដែល​ជា​អ្នក​ចាស់​ទុំ​សព្វ​ថ្ងៃ​នេះ?

ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​សំដៅ​ទៅ​ពេល​ដែល​សាសន៍​អ៊ីស្រាអែល​នឹង​មាន​ស្តេច​ជា​មនុស្ស ដោយ​មាន​បន្ទូល​ថា៖ «កាល​ណា​ស្តេច​នោះ បាន​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ​ហើយ នោះ​ត្រូវ​ឲ្យ​ចម្លង​ក្រិត្យ​វិន័យ តាម​គម្ពីរ​ដែល​នៅ​មុខ​ពួក​លេវី​ដ៏​ជា​សង្ឃ ទុក​ក្នុង​សៀវភៅ​សំរាប់​ខ្លួន ត្រូវ​ឲ្យ​សៀវភៅ​នោះ​នៅ​ជា​មួយ​នឹង​ខ្លួន ហើយ​ត្រូវ​មើល​រាល់​តែ​ថ្ងៃ​ជា​និច្ច អស់​១​ជីវិត​ផង ដើម្បី​នឹង​ទំលាប់​ខ្លួន ឲ្យ​ចេះ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ប្រយោជន៍​ឲ្យ​បាន​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​នៅ​ក្នុង​ក្រិត្យ​វិន័យ​នឹង​ច្បាប់​ទាំង​នេះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង ហើយ​កុំ​ឲ្យ​កើត​មាន​ចិត្ត​ធំ​លើ​ពួក​បង​ប្អូន​ខ្លួន ឬ​ងាក​បែរ​ចេញ​ពី​សេចក្ដី​បង្គាប់ ទៅ​ខាង​ស្ដាំ​ឬ​ខាង​ឆ្វេង​ឡើយ»។—ចោទិយកថា ១៧:១៨​-​២០

សូម​កត់​សម្គាល់​នូវ​មូលហេតុ ដែល​ព្រះ​យេហូវ៉ា​បាន​តម្រូវ​ឲ្យ​អ្នក​ដែល​នឹង​ធ្វើ​ជា​ស្តេច​អាន​សៀវភៅ​នៃ​ច្បាប់​របស់​ព្រះ។ (១) «ដើម្បី​នឹង​ទំលាប់​ខ្លួន ឲ្យ​ចេះ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ប្រយោជន៍​ឲ្យ​បាន​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​នៅ​ក្នុង​ក្រិត្យ​វិន័យ​នឹង​ច្បាប់​ទាំង​នេះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង»។ (២) «កុំ​ឲ្យ​កើត​មាន​ចិត្ត​ធំ​លើ​ពួក​បង​ប្អូន​ខ្លួន»។ (៣) កុំ​ឲ្យ«ងាក​បែរ​ចេញ​ពី​សេចក្ដី​បង្គាប់ ទៅ​ខាង​ស្ដាំ​ឬ​ខាង​ឆ្វេង​ឡើយ»។ សព្វ​ថ្ងៃ​នេះ គ្រីស្ទាន​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ក៏​ត្រូវ​តែ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា គោរព​តាម​ច្បាប់របស់​ទ្រង់ ជៀស​វាង​ពី​ការ​លើក​ខ្លួន​ឲ្យ​ធំ​លើស​ជាង​បង​ប្អូន និង​មិន​ងាក​បែរ​ចេញ​ពី​បទ​បញ្ជា​របស់​ព្រះ​យេហូវ៉ា មែន​ទេ? ដូច្នេះ ការ​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​គឺ​សំខាន់​ចំពោះ​ពួក​គេ ដូច​ចំពោះ​ពួក​ស្តេច​នៃ​អ៊ីស្រាអែល​ដែរ។

៥. តើ​គណៈ​អភិបាល​បាន​សរសេរ​អ្វី​ទៅ​កាន់​សមាជិក​គណៈ​កម្មាធិការ​អំពី​ការ​អាន​ព្រះ​គម្ពីរ ហើយ​ហេតុ​អ្វី​គ្រីស្ទាន​ដែល​ជា​អ្នក​ចាស់​ទុំ​គួរ​ធ្វើ​តាម​ដំបូន្មាន​នោះ?

សព្វ​ថ្ងៃ​នេះ គ្រីស្ទាន​ដែល​ជា​អ្នក​ចាស់​ទុំ​គឺ​រវល់​ណាស់ ហើយ​នេះ​ធ្វើ​ឲ្យ​ការ​អាន​ព្រះ​គម្ពីរ​រៀង​រាល់​ថ្ងៃ​ជា​ការ​ដ៏​ពិបាក​មួយ។ ជា​ឧទាហរណ៍ សមាជិក​នៃ​គណៈ​អភិបាល​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា និង​សមាជិក​នៃ​គណៈ​កម្មាធិការ​សាខា​ទូទាំង​ពិភព​លោក គឺ​ទាំង​អស់​ជា​បុរស​រវល់​មែន​ទែន។ ក៏​ប៉ុន្តែ ពេល​ថ្មី​ៗ​នេះ​សំបុត្រ​មួយ​ពី​គណៈ​អភិបាល​ទៅ​កាន់​គណៈ​កម្មាធិការ​សាខា​ទាំង​អស់ បាន​បញ្ជាក់​នូវ​ភាព​ចាំ​បាច់​ចំពោះ​ការ​អាន​ព្រះ​គម្ពីរ​រៀង​រាល់​ថ្ងៃ​និង​ទម្លាប់​ល្អ​ខាង​ការ​សិក្សា។ សំបុត្រ​នោះ​បាន​បញ្ជាក់​ថា នេះ​នឹង​បង្កើន​នូវ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចំពោះ​សេចក្ដី​ពិត ថែម​ទាំង«ជួយ​យើង​រក្សា​ទុក​នូវ​ជំនឿ​របស់​យើង អំណរ​របស់​យើង និង​សមត្ថភាព​ត​ស៊ូ​រហូត​ទៅ​ដល់​ទី​បញ្ចប់​ដ៏​រុង​រឿង»។ អ្នក​ចាស់​ទុំ​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​ភាព​ចាំ​បាច់​នេះ​ដែរ។ ការ​អាន​ព្រះ​គម្ពីរ​រៀង​រាល់​ថ្ងៃ​នឹង​ជួយ​ពួក​គាត់​ឲ្យ‹ប្រព្រឹត្ត​ដោយ​ប្រាជ្ញា›។ (យ៉ូស្វេ ១:៧, ៨) ចំពោះ​ពួក​គាត់​ជា​ពិសេស ការ​អាន​ព្រះ​គម្ពីរ​គឺ«មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត»។—ធីម៉ូថេ​ទី​២ ៣:១៦

គឺ​ជា​ចាំ​បាច់​សំរាប់​មនុស្ស​ក្មេង​ចាស់

៦. ហេតុ​អ្វី​បាន​ជា​យ៉ូស្វេ​បាន​អាន​ឮ​ៗ​នូវ​បន្ទូល​ក្នុង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា នៅ​មុខ​កុលសម្ព័ន្ធ​អ៊ីស្រាអែល​និង​ពួក​អ្នក​ប្រទេស​ក្រៅ?

នៅ​សម័យ​បុរាណ មនុស្ស​ម្នាក់​មិន​អាច​ទទួល​ព្រះ​គម្ពីរ​មួយ​ច្បាប់​សំរាប់​ខ្លួន​ផ្ទាល់​ទេ។ ដូច្នេះ ព្រះ​គម្ពីរ​ត្រូវ​អាន​នៅ​មុខ​មនុស្ស​ដែល​មាន​ហ្វូង​យ៉ាង​ធំ​ដែល​បាន​ជួប​ជុំ​គ្នា។ បន្ទាប់​ពី​ព្រះ​យេហូវ៉ា​បាន​ជួយ​យ៉ូស្វេ​យក​ជ័យ​ជំនះ​ពី​ទី​ក្រុង​អៃយ​ហើយ នោះ​យ៉ូស្វេ​បាន​បង្រួប​បង្រួម​កុលសម្ព័ន្ធ​សាសន៍​អ៊ីស្រាអែល​នៅ​ភ្នំ​អេបាល​និង​ភ្នំ​កេរិស៊ីម។ ក្រោយ​នោះ​ដំណើរ​រឿង​បាន​ប្រាប់​យើង​ថា៖ «លោក​ក៏​អាន​មើល​អស់​ទាំង​ពាក្យ​នៃ​ក្រិត្យ​វិន័យ ទោះ​ទាំង​ព្រះ​ពរ នឹង​សេចក្ដី​បណ្ដាសា​ទាំង​ប៉ុន្មាន​ផង តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រិត្យ​វិន័យ ក្នុង​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក​យ៉ូស្វេ នោះ​គ្មាន​ពាក្យ​ណា​មួយ​ដែល​យ៉ូស្វេ​មិន​បាន​អាន​មើល នៅ​មុខ​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​នោះ​ទេ ហើយ​ក៏​មាន​ពួក​ស្រី​ៗ ពួក​ក្មេង​ៗ នឹង​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ជា​មួយ​នឹង​គេ​ដែរ»។ (យ៉ូស្វេ ៨:៣៤, ៣៥) មនុស្ស​ចាស់​និង​មនុស្ស​ក្មេង ទាំង​សាសន៍​អ៊ីស្រាអែល​និង​ពួក​អ្នក​ប្រទេស​ក្រៅ​ត្រូវ​តែ​ផ្ដិត​ជាប់​ក្នុង​ចិត្ត​គំនិត នូវ​ចរិយា​បែប​ណា​ដែល​នឹង​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធិពរ​ពី​ព្រះ​យេហូវ៉ា និង​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​ទ្រង់​មិន​ពេញ​ព្រះ​ហឫទ័យ។ ការ​អាន​ព្រះ​គម្ពីរ​ជា​ទៀង​ទាត់​ប្រាកដ​ជា​នឹង​ជួយ​យើង​ក្នុង​រឿង​នេះ។

៧, ៨. (ក) តើ​អ្នក​ណា​សព្វ​ថ្ងៃ​នេះ​ដែល​ប្រៀប​ដូច​ជា«ពួក​អ្នក​ប្រទេស​ក្រៅ» ហើយ​ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​តែ​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​នោះ? (ខ) តើ«ពួក​ក្មេង​ៗ»ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា អាច​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច​បាន?

សព្វ​ថ្ងៃ​នេះ អ្នក​បំរើ​រាប់​លាន​នាក់​របស់​ព្រះ​យេហូវ៉ា គឺ​ប្រៀប​ដូច​ជា«ពួក​អ្នក​ប្រទេស​ក្រៅ»ខាង​វិញ្ញាណ។ ពី​មុន ពួក​គេ​ធ្លាប់​រស់​នៅ​តាម​គោល​ការណ៍​របស់​លោកីយ៍​នេះ ក៏​ប៉ុន្តែ​ពួក​គេ​បាន​កែ​ប្រែ​ជីវិត​របស់​ខ្លួន។ (អេភេសូរ ៤:២២​-​២៤; កូល៉ុស ៣:៧, ៨) ពួក​គេ​ត្រូវ​តែ​រំឭក​ខ្លួន​ជា​និច្ច​ពី​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ (អេម៉ុស ៥:១៤, ១៥) ការ​អាន​ព្រះ​បន្ទូល​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ​ក៏​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ។—ហេព្រើរ ៤:១២; យ៉ាកុប ១:២៥

ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ក៏​មាន«ពួក​ក្មេង​ៗ»ជា​ច្រើន​នាក់ ដែល​ត្រូវ​មាតា​បិតា​របស់​គេ​បង្រៀន​នូវ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា ក៏​ប៉ុន្តែ​ត្រូវ​តែ​ធ្វើ​ឲ្យ​ពួក​គេ​ផ្ទាល់​ជឿ​ជាក់​ថា ព្រះ​ហឫទ័យ​របស់​ទ្រង់​គឺ​ត្រឹម​ត្រូវ។ (រ៉ូម ១២:១, ២) តើ​គេ​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច​ទៅ? នៅ​ប្រទេស​អ៊ីស្រាអែល​ពួក​សង្ឃ​និង​ពួក​អ្នក​ចាស់​ទុំ​បាន​ត្រូវ​បង្គាប់​ថា៖ «នោះ​ត្រូវ​ឲ្យ​មើល​ក្រិត្យ​វិន័យ​នេះ នៅ​ចំពោះ​មុខ​គេ ឲ្យ​បាន​ស្ដាប់​ទាំង​អស់​គ្នា ត្រូវ​ឲ្យ​ប្រមូល​បណ្ដា​ជន​ទាំង​ប្រុស​ទាំង​ស្រី​នឹង​កូន​ក្មេង ហើយ​នឹង​ពួក​អ្នក​ដទៃ​ដែល​នៅ​អស់​ទាំង​ទី​ក្រុង​របស់​ឯង​មក ដើម្បី​ឲ្យ​គេ​ស្ដាប់ ហើយ​បាន​រៀន ព្រម​ទាំង​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទាំង​ប្រយ័ត​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រិត្យ​វិន័យ​នេះ ហើយ​ឲ្យ​កូន​ចៅ​គេ​ដែល​មិន​ដឹង បាន​ឮ​ដែរ ហើយ​បាន​ទំលាប់​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង»។ (ចោទិយកថា ៣១:១១​-​១៣) ដោយ​ព្រះ​យេស៊ូ​រស់​នៅ​ក្រោម​ក្រិត្យ​វិន័យ​នេះ នោះ​ទ្រង់​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​យល់​ច្បាប់​របស់​ព្រះ​វរបិតា​ដែរ ពេល​ទ្រង់​មាន​ព្រះ​ជន្មាយុ​១២​ឆ្នាំ។ (លូកា ​២:៤១​-​៤៩) ក្រោយ​មក ទ្រង់​មាន​ទម្លាប់​ស្ដាប់​និង​ចូល​រួម​អាន​បទ​គម្ពីរ​នៅ​ឯ​សាលា​ប្រជុំ។ (លូកា ៤:១៦; កិច្ច​ការ ១៥:២១) យុវជន​សព្វ​ថ្ងៃ​នេះ គឺ​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ ដោយ​អាន​ព្រះ​បន្ទូល​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ និង​ទៅ​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់​ដែល​ជា​កន្លែង​ដែល​គេ​អាន​និង​សិក្សា​ព្រះ​គម្ពីរ។

ការ​អាន​ព្រះ​គម្ពីរ​ត្រូវ​ទុក​ជា​អាទិភាព

៩. (ក) ហេតុ​អ្វី​ក៏​យើង​ត្រូវ​តែ​ចេះ​ជ្រើស​រើស​ចំពោះ​អ្វី​ដែល​យើង​អាន? (ខ) តើ​អារម្ភកថា​នៃ​ទស្សនាវដ្ដី​នេះ​បាន​សរសេរ​ថា​យ៉ាង​ដូច​ម្ដេច ចំពោះ​សៀវភៅ​ដែល​ជា​ជំនួយ​សិក្សា​ព្រះ​គម្ពីរ?

ស្តេច​សាឡូម៉ូន​ដែល​មាន​ប្រាជ្ញា បាន​សរសេរ​ថា៖ «ចូរ​ទទួល​ដំបូន្មាន​ចុះ ដ្បិត​ការ​ដែល​ធ្វើ​សៀវភៅ​ជា​ច្រើន នោះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ឡើយ ហើយ​ការ​ដែល​រៀន​ជា​ច្រើន នោះ​រមែង​នាំ​ឲ្យ​អផ្សុក​ដល់​រូប​សាច់»។ (សាស្ដា ១២:១២) យើង​ក៏​អាច​និយាយ​ថា ការ​អាន​សៀវភៅ​ជា​ច្រើន​ដែល​ត្រូវ​បោះ​ពុម្ព​សព្វ​ថ្ងៃ​នេះ មិន​គ្រាន់​តែ​នាំ​ឲ្យ​តប់​ប្រមល់​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​បើ​និយាយ​ឲ្យ​ត្រង់​ទៅ នោះ​អាច​ផ្ដល់​គ្រោះ​ថ្នាក់​ដល់​គំនិត។ ដូច្នេះ គឺ​សំខាន់​ដែល​យើង​ចេះ​ជ្រើស​រើស។ បន្ថែម​នឹង​ការ​អាន​សៀវភៅ​របស់​យើង​សំរាប់​ការ​សិក្សា​ព្រះ​គម្ពីរ យើង​ក៏​ត្រូវ​តែ​អាន​ព្រះ​គម្ពីរ​ផ្ទាល់​តែ​ម្ដង។ អារម្ភកថា​របស់​ទស្សនាវដ្ដី​នេះ​បាន​សរសេរ​ទៅ​កាន់​អ្នក​អាន​ថា៖ «ចូរ​នឹក​ចាំ​ជា​និច្ច​ថា ព្រះ​គម្ពីរ​គឺ​ជា​ខ្នាត​គំរូ​របស់​យើង ហើយ​ទោះ​បី​ជំនួយ​របស់​យើង​មក​ពី​ព្រះ​ក៏​ដោយ នោះ​គឺ​ជា‹ជំនួយ›ប៉ុណ្ណោះ​និង​មិន​មែន​ជំនួស​ព្រះ​គម្ពីរ​ទេ»។ a ដូច្នេះ យើង​ត្រូវ​តែ​អាន​ព្រះ​គម្ពីរ​ផ្ទាល់​តែ​ម្ដង ទាំង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ប្រកាសនវត្ថុ​ផ្សេង​ទៀត ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​គម្ពីរ។

១០. តើ«អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ» បាន​បញ្ជាក់​នូវ​សារ​សំខាន់​នៃ​ការ​អាន​ព្រះ​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

១០ ដោយ​យល់​ដឹង​ពី​សេចក្ដី​ត្រូវ​ការ​នេះ អស់​ជា​ច្រើន​ឆ្នាំ​ទៅ​ហើយ ដែល«អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ»បាន​កំណត់​អំនាន​ព្រះ​គម្ពីរ​មួយ​ជា​ផ្នែក​នៃ​សាលា​កិច្ច​បំរើ​ព្រះ​ធិបតេយ្យ​ក្នុង​ក្រុម​ជំនុំ​និមួយ​ៗ។ (ម៉ាថាយ ២៤:៤៥, ព.ថ.) កម្ម​វិធី​អំនាន​ព្រះ​គម្ពីរ​នេះ​ជួយ​ឲ្យ​អាន​ចប់​នូវ​ព្រះ​គម្ពីរ​ក្នុង​រយៈ​ពេល​ប្រមាណ​ប្រាំ​ពីរ​ឆ្នាំ។ កម្ម​វិធី​នេះ​មាន​ប្រយោជន៍​សំរាប់​យើង​ទាំង​អស់​គ្នា ប៉ុន្តែ​ជា​ពិសេស​សំរាប់​អ្នក​ថ្មី​ដែល​មិន​ធ្លាប់​បាន​អាន​ព្រះ​គម្ពីរ​ទាំង​មូល​នោះ។ អ្នក​ដែល​រៀន​នៅ​សាលា​ព្រះ​គម្ពីរ​គីលាត​នៃ​សមាគម​ប៉ម​យាម​សំរាប់​សាសនទូត​និង​សាលា​បង្ហាត់​ខាង​កិច្ច​បំរើ ព្រម​ទាំង​សមាជិក​ថ្មី​នៃ​ក្រុម​គ្រួសារ​បេតអែល គឺ​តម្រូវ​ឲ្យ​អាន​ព្រះ​គម្ពីរ​ទាំង​មូល​ក្នុង​មួយ​ឆ្នាំ។ មិន​ថា​អ្នក​ធ្វើ​តាម​កម្ម​វិធី​ណា​ក៏​ដោយ ជា​មនុស្ស​ម្នាក់​ៗ​ឬ​ក៏​ជា​ក្រុម​គ្រួសារ ការ​អាន​ឲ្យ​ទាន់​កម្ម​វិធី​នោះ​តម្រូវ​ឲ្យ​ទុក​ការ​អាន​ព្រះ​គម្ពីរ​ជា​អាទិភាព​ចំបង។

តើ​ទម្លាប់​របស់​អ្នក​ខាង​ការ​អាន​បង្ហាញ​អ្វី​ខ្លះ?

១១. ហេតុ​អ្វី​និង​តើ​តាម​របៀប​ណា​ដែល​យើង​បរិភោគ​ពី​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ?

១១ បើ​សិន​ជា​អ្នក​មាន​ការ​ពិបាក​មិន​អាច​អាន​ព្រះ​គម្ពីរ​ឲ្យ​ទាន់​កម្ម​វិធី​របស់​អ្នក នោះ​ប្រហែល​ជា​សម​ដែល​អ្នក​សួរ​ខ្លួន​ឯង​ថា៖ ‹តើ​ទម្លាប់​របស់​ខ្ញុំ​ខាង​ការ​អាន​ឬ​ក៏​ខាង​ការ​មើល​ទូរទស្សន៍​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ពេល​វេលា​របស់​ខ្ញុំ​ដើម្បី​អាន​បន្ទូល​របស់​ព្រះ​យេហូវ៉ា?›។ សូម​នឹក​ចាំ​ពី​ពាក្យ​ដែល​ម៉ូសេ​បាន​សរសេរ ហើយ​ព្រះ​យេស៊ូ​ក៏​បាន​មាន​បន្ទូល​ម្ដង​ទៀត​ដែល​ថា៖ «មនុស្ស​មិន​មែន​រស់ ដោយ​សារ​តែ​នំ​ប៉័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​នៃ​ព្រះ​យេហូវ៉ា​មក​ដែរ»។ (ម៉ាថាយ ៤:៤; ចោទិយកថា ៨:៣) ដូច​ជា​យើង​ត្រូវ​តែ​បរិភោគ​នំ​ប៉័ង ឬ​អ្វី​ដែល​ស្មើ​នឹង​នំ​ប៉័ង​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ជីវិត​ដើម្បី​ទ្រ​ទ្រង់​រាង​កាយ​របស់​យើង នោះ​យើង​ក៏​ត្រូវ​តែ​ក្រេប​យក​ឲ្យ​បាន​នូវ​គំនិត​របស់​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ទ្រ​ទ្រង់​ភាព​ខាង​វិញ្ញាណ​របស់​យើង​ដែរ។ យើង​អាច​ទទួល​នូវ​គំនិត​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ​តាម​រយៈ​ការ​អាន​បទ​គម្ពីរ។

១២, ១៣. (ក) តើ​តាម​របៀប​ណា​ដែល​ពេត្រុស​បាន​ពណ៌នា​ពី​ចំណង់​ដែល​យើង​គួរ​មាន​ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ? (ខ) តើ​របៀប​ដែល​ប៉ុល​ប្រើ​ឧទាហរណ៍​ពី​ទឹក​ដោះ​គឺ​ខុស​គ្នា​ពី​ឧទាហរណ៍​របស់​ពេត្រុស​យ៉ាង​ណា?

១២ បើ​សិន​ជា​យើង​យល់​តម្លៃ​នៃ​ព្រះ​គម្ពីរ‹មិន​ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ និង​បាន​ទទួល​តាម​ភាព​ដ៏​ពិត​នៃ​ដំណឹង​នោះ​វិញ គឺ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ› នោះ​យើង​នឹង​មាន​ចំណង់​ខ្លាំង​ចំពោះ​ព្រះ​គម្ពីរ ដូច​កូន​ង៉ា​ម្នាក់​មាន​ចំណង់​យ៉ាង​ខ្លាំង​ចំពោះ​ទឹក​ដោះ​របស់​ម្ដាយ​ដែរ។ (ថែស្សាឡូនីច​ទី​១ ២:១៣) សាវ័ក​ពេត្រុស​បាន​ប្រៀប​ធៀប​នឹង​រឿង​នោះ ដោយ​បាន​សរសេរ​ថា៖ «នោះ​ត្រូវ​ឲ្យ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំរើន​ធំ​ឡើង ដរាប​ដល់​បាន​សង្គ្រោះ គឺ​បើ​អ្នក​រាល់​គ្នា​បាន​ភ្លក់​ឲ្យ​ដឹង​ថា ព្រះ​អម្ចាស់​ទ្រង់​ល្អ​មែន»។ (ពេត្រុស​ទី​១ ២:២, ៣) បើ​សិន​ជា​យើង​បាន​ភ្លក់​មែន​តាម​រយៈ​បទ​ពិសោធន៍​របស់​ខ្លួន​ថា «ព្រះ​អម្ចាស់​ទ្រង់​ល្អ​មែន» នោះ​យើង​ចាប់​ផ្ដើម​មាន​ចំណង់​ចំពោះ​ការ​អាន​ព្រះ​គម្ពីរ។

១៣ គឺ​គួរ​ឲ្យ​កត់​សម្គាល់​ដែរ​ថា ពេត្រុស​បាន​ប្រើ​ពាក្យ​ប្រៀប​ធៀប​អំពី​ទឹក​ដោះ​តាម​របៀប​ផ្សេង​ពី​សាវ័ក​ប៉ុល។ ចំពោះ​កូន​ង៉ា​ម្នាក់ ទឹក​ដោះ​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​ចំណី​អាហារ។ ការ​ប្រៀប​ធៀប​របស់​ពេត្រុស​បង្ហាញ​ថា ព្រះ​បន្ទូល​របស់​ព្រះ​មាន​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ត្រូវ​ការ ដើម្បី«ចំរើន​ធំ​ឡើង ដរាប​ដល់​បាន​សង្គ្រោះ»។ ផ្ទុយ​ទៅ​វិញ ប៉ុល​បាន​ប្រើ​សេចក្ដី​ត្រូវ​ការ​ចំពោះ​ទឹក​ដោះ ដើម្បី​ពណ៌នា​អំពី​អ្នក​ខ្លះ​ដែល​អះអាង​ថា​ខ្លួន​ពេញ​វ័យ​ខាង​វិញ្ញាណ គេ​មិន​បាន​ទទួល​ម្ហូប​អាហារ​ខាង​វិញ្ញាណ​គ្រប់​គ្រាន់​ទេ។ ក្នុង​សំបុត្រ​របស់​គាត់​ទៅ​កាន់​គ្រីស្ទាន​នៅ​ហេព្រើរ ប៉ុល​បាន​សរសេរ​ថា៖ «គួរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ជា​គ្រូ ដោយ​ព្រោះ​ជឿ​ជា​យូរ​មក​ហើយ តែ​អ្នក​រាល់​គ្នា​ត្រូវ​ការ ឲ្យ​គេ​បង្រៀន​ទាំង​ខ្លឹម​របស់​បឋម​សិក្សា នៃ​ព្រះ​បន្ទូល​ម្ដង​ទៀត ហើយ​មិន​ត្រូវ​ការ​នឹង​អាហារ​រឹង គឺ​ត្រូវ​ការ​នឹង​ទឹក​ដោះ​វិញ ដ្បិត​អស់​អ្នក​ណា​ដែល​ទទួល​ទាន​ទឹក​ដោះ នោះ​មិន​ប្រសប់​ខាង​ឯ​ព្រះ​បន្ទូល​នៃ​សេចក្ដី​សុចរិត​ទេ ពីព្រោះ​អ្នក​នោះ​ជា​កូន​តូច​នៅ​ឡើយ ឯ​អាហារ​រឹង នោះ​សំរាប់​តែ​មនុស្ស​ធំ ដែល​បាន​បង្ហាត់​ឥន្ទ្រី​យ ដោយ​ធ្លាប់​ខ្លួន​ហើយ ដើម្បី​ឲ្យ​បាន​ដឹង​ខុស​ត្រូវ»។ (ហេព្រើរ ៥:១២​-​១៤) ការ​អាន​ព្រះ​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់​អាច​ជួយ​ជា​ច្រើន​ខាង​ការ​បណ្ដុះ​បណ្ដាល​សមត្ថភាព​យល់​ដឹង​របស់​យើង និង​ធ្វើ​ឲ្យ​ចំណង់​របស់​យើង​ចំពោះ​អ្វី​ខាង​វិញ្ញាណ​មាន​រឹត​តែ​ខ្លាំង​ឡើង​ទៀត។

របៀប​អាន​ព្រះ​គម្ពីរ

១៤, ១៥. (ក) តើ​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ប្រទាន​ឲ្យ​យើង​នូវ​ឯកសិទ្ធិ​អ្វី? (ខ) តើ​យើង​អាច​ទទួល​ប្រយោជន៍​ពី​ប្រាជ្ញា​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? (សូម​ប្រាប់​ឧទាហរណ៍​ខ្លះ​ៗ)។

១៤ ការ​អាន​ព្រះ​គម្ពីរ​តាម​របៀប​ល្អ​បំផុត គឺ​មិន​បាន​ចាប់​ផ្ដើម​ដោយ​ការ​អាន​ទេ ក៏​ប៉ុន្តែ​ដោយ​អធិស្ឋាន​ទៅ​វិញ។ សេចក្ដី​អធិស្ឋាន​គឺ​ជា​ឯកសិទ្ធិ​មួយ​ដ៏​ប្រសើរ​មែន។ សេចក្ដី​អធិស្ឋាន​គឺ​ប្រៀប​ដូច​ជា​យើង​ចាប់​ផ្ដើម​អាន​សៀវភៅ​អំពី​រឿង​ជ្រាល​ជ្រៅ​មួយ ដោយ​សូម​ជំនួយ​របស់​អ្នក​និពន្ធ​ដើម្បី​យល់​អ្វី​ដែល​អ្នក​នឹង​អាន។ នោះ​អាច​មាន​ប្រយោជន៍​ច្រើន​យ៉ាង​ណា​ទៅ​ហ្ន៎! ព្រះ​យេហូវ៉ា​ជា​អ្នក​និពន្ធ​របស់​ព្រះ​គម្ពីរ​ប្រទាន​ឲ្យ​ឯកសិទ្ធិ​នោះ​ដល់​អ្នក។ សមាជិក​ម្នាក់​នៃ​គណៈ​អភិបាល​នៅ​សតវត្ស​ទី​មួយ បាន​សរសេរ​ទៅ​កាន់​បង​ប្អូន​របស់​គាត់​ថា៖ «តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ តែ​ត្រូវឲ្យ​អ្នក​នោះ​សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ»។ (យ៉ាកុប ​១:៥, ៦) គណៈ​អភិបាល​សព្វ​ថ្ងៃ​នេះ​ក៏​ដាស់​តឿន​យើង​ជា​និច្ច​ឲ្យ​អាន​ព្រះ​គម្ពីរ​ដោយ​អធិស្ឋាន។

១៥ ប្រាជ្ញា​គឺ​ជា​ការ​អនុវត្តន៍​នូវ​ចំណេះ។ ដូច្នេះ មុន​ដែល​អ្នក​បើក​ព្រះ​គម្ពីរ ចូរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​យល់​ដឹង​នូវ​ចំណុច​ក្នុង​កំឡុង​ពេល​អាន ដែល​អ្នក​ត្រូវ​ការ​អនុវត្ត​ក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់។ ចូរ​ទទួល​ស្គាល់​ទំនាក់​ទំនង​រវាង​អ្វី​ថ្មី​ដែល​អ្នក​រៀន​នឹង​ចំណេះ​ដែល​អ្នក​មាន​ហើយ។ ទាក់​ទង​ចំណេះ​នោះ​ជា​មួយ​នឹង«ពាក្យ​ត្រឹម​ត្រូវ»ដែល​អ្នក​បាន​រៀន។ (ធីម៉ូថេ​ទី​២ ១:១៣) ការ​គិត​ពិចារណា​ពី​ព្រឹត្ដិការណ៍​ក្នុង​ជីវិត​របស់​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ពី​សម័យ​ដើម ហើយ​សូម​គិត​ថា តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា​បើ​សិន​ជា​អ្នក​នៅ​ក្នុង​កាលៈទេសៈ​នោះ។—លោកុប្បត្តិ ៣៩:៧​-​៩; ដានីយ៉ែល ៣:៣​-​៦, ១៦​-​១៨; កិច្ច​ការ ​៤:១៨​-​២០

១៦. តើ​យោបល់​ណា​ដែល​អាច​ជួយ​យើង​ធ្វើ​ឲ្យ​ការ​អាន​ព្រះ​គម្ពីរ​របស់​យើង ទៅ​ជា​អ្វី​ដែល​មាន​ប្រយោជន៍​ច្រើន​ជាង?

១៦ ចូរ​កុំ​អាន​ដោយ​គ្រាន់​តែ​ចង់​បំពេញ​កម្ម​វិធី​ប៉ុណ្ណោះ។ ចូរ​កុំ​អាន​យ៉ាង​ប្រញាប់​ប្រញាល់​ឲ្យ​សោះ។ ចូរ​គិត​អំពី​អ្វី​ដែល​អ្នក​កំពុង​តែ​អាន។ បើ​សិន​ជា​ប្រទះ​ចំណុច​ណា​ដែល​ធ្វើ​ឲ្យ​ឆ្ងល់ ចូរ​មើល​បទ​គម្ពីរ​យោង​បើ​សិន​ជា​ព្រះ​គម្ពីរ​របស់​អ្នក​មាន។ បើ​សិន​ជា​ចំណុច​នោះ​នៅ​តែ​មិន​ច្បាស់ ចូរ​ស្រាវ​ជ្រាវ​ថែម​ទៀត​ក្រោយ​មក។ ពេល​អ្នក​អាន គូស​បទ​គម្ពីរ​ណា​ដែល​អ្នក​ចង់​ចាំ​ឬ​ក៏​ត្រូវ​កត់​សរសេរ​ក៏​បាន។ អ្នក​ក៏​អាច​សរសេរ​កំណត់​របស់​ខ្លួន​និង​បទ​គម្ពីរ​យោង​នៅ​រឹម​ដើម​ទំព័រ​នោះ។ ចំពោះ​បទ​គម្ពីរ​ដែល​អ្នក​គិត​ថា​អ្នក​ប្រហែល​ជា​នឹង​ត្រូវ​ការ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ និង​ក្នុង​ការ​បង្រៀន នោះ​ត្រូវ​កត់​សម្គាល់​ពាក្យ​សំខាន់​ៗ​និង​ឆែក​មើល​លិបិក្រម​ពាក្យ​គម្ពីរ ដែល​នៅ​ខាង​ក្រោយ​គម្ពីរ​របស់​អ្នក។ b

ចូរ​ធ្វើ​ឲ្យ​ការ​អាន​ព្រះ​គម្ពីរ​ជា​អ្វី​ដ៏​សប្បាយ

១៧. ហេតុ​អ្វី​បាន​ជា​យើង​គួរ​អរ​សប្បាយ​នឹង​ការ​អាន​ព្រះ​គម្ពីរ?

១៧ អ្នក​តែង​បទ​ទំនុកដំកើង​បាន​និយាយ​ពី​បុរស​ម្នាក់​ដ៏​សប្បាយ ដែល«ត្រេក​អរ​តែ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រិត្យ​វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ»។ (ទំនុកដំកើង ១:២) ការ​អាន​របស់​យើង​នូវ​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ មិន​គួរ​ជា​អ្វី​ដ៏​ពិបាក​ទេ ក៏​ប៉ុន្តែ​គួរ​ធ្វើ​ឲ្យ​យើង​បាន​សប្បាយ​ចិត្ត​វិញ។ របៀប​មួយ​ដែល​អាច​ធ្វើ​ឲ្យ​នោះ​ជា​អ្វី​ដ៏​គួរ​ឲ្យ​សប្បាយ គឺ​ដោយ​គិត​ជា​និច្ច​ពី​តម្លៃ​នៃ​អ្វី​ដែល​បាន​រៀន​ហើយ។ ស្តេច​សាឡូម៉ូន​ដែល​មាន​ប្រាជ្ញា​នោះ​បាន​សរសេរ​ថា៖ «សប្បាយ​ហើយ! អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា . . . អស់​ទាំង​ផ្លូវ​របស់​ប្រាជ្ញា សុទ្ធ​តែ​ជា​ផ្លូវ​សោមនស្ស ហើយ​អស់​ទាំង​ផ្លូវ​ច្រក​នោះ​ក៏​ជា​សេចក្ដី​សុខ​ដែរ ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត ដល់​អស់​អ្នក​ណា​ដែល​ចាប់​យក​បាន ហើយ​អស់​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ក៏​សប្បាយ​ហើយ!»។ (សុភាសិត ៣:១៣, ១៧, ១៨) ការ​ខិត​ខំ​នោះ​គឺ​មាន​ប្រយោជន៍ ដ្បិត​អស់​ទាំង​ផ្លូវ​នោះ​សុទ្ធ​តែ​មាន​ប្រយោជន៍ សន្ដិភាព សុភមង្គល និង​នៅ​ទី​បំផុត​គឺ​ជា​ជីវិត។

១៨. តើ​អ្វី​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់​ក្រៅ​ពី​ការ​អាន​ព្រះ​គម្ពីរ និង​តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អ​ត្ត​បទ​ជា​បន្ទាប់?

១៨ ត្រូវ​ហើយ ការ​អាន​ព្រះ​គម្ពីរ​គឺ​មាន​ប្រយោជន៍​ផង​និង​គួរ​ឲ្យ​សប្បាយ​រីករាយ​ផង​ដែរ។ ក៏​ប៉ុន្តែ តើ​នោះ​គឺ​គ្រប់​គ្រាន់​ទេ? សមាជិក​ពិភព​គ្រីស្ទ​សាសនា​បាន​អាន​ព្រះ​គម្ពីរ​អស់​រាប់​សតវត្ស​ទៅ​ហើយ «គេ​រៀន​ជា​និច្ច ប៉ុន្តែ ពុំ​អាច​នឹង​ចេះ​ដល់​ថ្នាក់​នៃ​សេចក្ដី​ពិត​ឡើយ»។ (ធីម៉ូថេ​ទី​២ ៣:៧) បើ​សិន​ជា​ការ​អាន​ព្រះ​គម្ពីរ​នឹង​បង្កើត​ផល នោះ​យើង​ត្រូវ​តែ​អាន​ដោយ​មាន​គោល​បំណង​អនុវត្ត​ក្នុង​ជីវិត​របស់​យើង​នូវ​ចំណេះ​ដែល​យើង​បាន​ទទួល និង​ប្រើ​ចំណេះ​នោះ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​របស់​យើង។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) នេះ​តម្រូវ​ឲ្យ​ព្យាយាម​និង​មាន​វិធី​សិក្សា​ដ៏​ល្អ ដែល​អាច​ជា​អ្វី​ដ៏​គួរ​ឲ្យ​រីករាយ​និង​បង្កើត​ផល​ល្អ ដូច​យើង​នឹង​ឃើញ​ក្នុង​អ​ត្ត​បទ​ជា​បន្ទាប់។

[កំណត់​សម្គាល់]

a សូម​មើល ស្មរបន្ទាល់​ព្រះ​យេហូវ៉ា គឺ​ជា​ពួក​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក ទំព័រ​២៤១ (ជា​ភាសា​អង់គ្លេស)។

b សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​១៩៩៥ ទំព័រ​១៤​-​១៥ «ការ​ឲ្យ​យោបល់​ដើម្បី​នឹង​បង្កើន​ការ​អាន​ព្រះ​គម្ពីរ​របស់​អ្នក»។

សំនួរ​រៀន​សា​ឡើង​វិញ

តើ​ដំបូន្មាន​អ្វី​ដែល​បាន​ត្រូវ​ជូន​ពួក​ស្តេច​នៃ​អ៊ីស្រាអែល ដែល​មាន​ទំនាក់​ទំនង​នឹង​អ្នក​ត្រួត​ពិនិត្យ​សព្វ​ថ្ងៃ​នេះ និង​ហេតុ​អ្វី​ក៏​ដូច្នេះ?

សព្វ​ថ្ងៃ​នេះ តើ«ពួក​អ្នក​ប្រទេស​ក្រៅ»និង«ពួក​ក្មេង​ៗ» ប្រៀប​ដូច​ជា​អ្នក​ណា​ដែរ និង​ហេតុ​អ្វី​ដែល​គេ​គួរ​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ?

តើ​តាម​របៀប​ណា​ខ្លះ​ដែល​មាន​ប្រយោជន៍ ដោយ«អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ»បាន​ជួយ​យើង​អាន​ព្រះ​គម្ពីរ​ជា​ទៀង​ទាត់​នោះ?

តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ទទួល​នូវ​ប្រយោជន៍​និង​អំណរ​ពិត​ប្រាកដ​ពី​ការ​អាន​ព្រះ​គម្ពីរ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​៨]

ជា​ពិសេស ពួក​អ្នក​ចាស់​ទុំ​ត្រូវ​តែ​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ

[រូប​ភាព​នៅ​ទំព័រ​៩]

ការ​ចូល​រួម​អាន ព្រះ​គម្ពីរ​នៅ​សាលា​ប្រជុំ​គឺ​ជា​ទម្លាប់​របស់​ព្រះ​យេស៊ូ