លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ឆ្លៀតពេលដើម្បីអាននិងសិក្សា

ឆ្លៀតពេលដើម្បីអាននិងសិក្សា

ឆ្លៀត​ពេល​ដើម្បី​អាន​និង​សិក្សា

«លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពីព្រោះ​សម័យ​នេះ​អាក្រក់​ណាស់»។—អេភេសូរ ៥:១៦

១. ហេតុ​អ្វី​ជា​ការ​ឆ្លាត​ដែល​យើង​ចេះ​បែង​ចែក​ពេល​វេលា​របស់​យើង ហើយ​តើ​របៀប​ដែល​យើង​បែង​ចែក​ពេល​វេលា​នោះ​សម្ដែង​អ្វី​ខ្លះ​អំពី​យើង​ផ្ទាល់?

 ធ្លាប់​មាន​គេ​និយាយ​ថា «ការ​ចេះ​រើស​យក​ពេល​វេលា​គឺ​ជា​ការ​សន្សំ​សំចៃ​ពេល​វេលា​ដែរ»។ មនុស្ស​ម្នាក់​ដែល​ឆ្លៀត​ពេល​មួយ​ចំនួន​ដើម្បី​ធ្វើ​កិច្ច​ការ​អ្វី​ដែល​ចាំ​បាច់ នោះ​ច្រើន​តែ​នឹង​បាន​ការ​ច្រើន​ជាង​ពី​ពេល​វេលា​របស់​គាត់។ ស្តេច​សាឡូម៉ូន​ដែល​មាន​ប្រាជ្ញា​បាន​សរសេរ​ថា៖ «មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ»។ (សាស្ដា ៣:១) យើង​ទាំង​អស់​គ្នា​មាន​ចំនួន​ម៉ោង​ដូច​គ្នា តែ​របៀប​ដែល​យើង​ប្រើ​ពេល​នោះ​គឺ​ស្រេច​នឹង​យើង។ អ្វី​ៗ​ដែល​យើង​ចាត់​ទុក​ជា​អាទិភាព​និង​របៀប​ដែល​យើង​បែង​ចែក​ពេល​វេលា​របស់​យើង នោះ​សម្ដែង​យ៉ាង​ជាក់​ច្បាស់​នូវ​អ្វី​ដែល​យើង​ស្រឡាញ់​ជាង​គេ។—ម៉ាថាយ ៦:២១

២. (ក) ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ​របស់​ព្រះ​យេស៊ូ តើ​ទ្រង់​បាន​មាន​បន្ទូល​យ៉ាង​ណា​អំពី​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ? (ខ) តើ​ការ​ពិនិត្យ​លើ​ខ្លួន​ឯង​យ៉ាង​ណា ដែល​សម​នឹង​ធ្វើ​នោះ?

យើង​ត្រូវ​តែ​ចំណាយ​ពេល​ទៅ​លើ​ការ​បរិភោគ​និង​ការ​សម្រាន្ត ពីព្រោះ​នេះ​ជា​សេចក្ដី​ត្រូវ​ការ​ខាង​រាង​កាយ។ ក៏​ប៉ុន្តែ ចុះ​យ៉ាង​ណា​ចំពោះ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​យើង? យើង​ដឹង​ថា​យើង​ក៏​ត្រូវ​តែ​បំពេញ​សេចក្ដី​ត្រូវ​ការ​នោះ​ដែរ។ ក្នុង​ធម្មទាន​របស់​ព្រះ​យេស៊ូ​នៅ​លើ​ភ្នំ ទ្រង់​បាន​ប្រកាស​ថា៖ «អ្នក​ណា​ដែល​ទទួល​ស្គាល់​ថា​ខ្លួន​មាន​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ អ្នក​នោះ​មាន​សុភមង្គល​ហើយ»។ (ម៉ាថាយ ៥:៣, ព.ថ.) ហេតុ​នេះ​ហើយ«អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ» ជួយ​រំឭក​យើង​ជា​ទៀង​ទាត់​ពី​សារៈ​សំខាន់​ដែល​មក​ពី​ការ​ចំណាយ​ពេល ទៅ​លើ​ការ​អាន​ព្រះ​គម្ពីរ​និង​ការ​សិក្សា។ (ម៉ាថាយ ២៤:៤៥, ព.ថ.) អ្នក​ប្រហែល​ជា​ទទួល​ស្គាល់​សារ​សំខាន់​នៃ​ការ​ទាំង​នោះ​ហើយ ក៏​ប៉ុន្តែ​ប្រហែល​ជា​អ្នក​គិត​ថា អ្នក​គ្មាន​ពេល​ដើម្បី​សិក្សា​ឬ​ក៏​អាន​ព្រះ​គម្ពីរ​ទេ។ បើ​ដូច្នេះ​មែន សូម​ឲ្យ​យើង​ពិចារណា​នូវ​របៀប​និង​វិធី​ដែល​យើង​អាច​លៃ​យក​ពេល​ច្រើន​ជាង​ក្នុង​ជីវិត​របស់​យើង ដើម្បី​អាន​ព្រះ​បន្ទូល​របស់​ព្រះ ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ចំពោះ​ការ​រំពឹង​គិត។

ការ​រក​ពេល​ដើម្បី​អាន​និង​សិក្សា​ព្រះ​គម្ពីរ

៣, ៤. (ក) តើ​សាវ័ក​ប៉ុល​បាន​ជូន​ឱវាទ​អ្វី​ខ្លះ​ស្តី​អំពី​ការ​ប្រើ​ពេល​វេលា និង​តើ​នេះ​រួម​បញ្ចូល​អ្វី​ខ្លះ? (ខ) តើ​ប៉ុល​ចង់​បញ្ជាក់​អ្វី​ខ្លះ ពេល​គាត់​ជូន​ឱវាទ​ថា «លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល»?

ដោយ​គិត​ពី​សម័យ​យើង​នេះ យើង​ទាំង​អស់​គ្នា​គួរ​ស្ដាប់​តាម​ពាក្យ​របស់​សាវ័ក​ប៉ុល​ដែល​ថា៖ «ដូច្នេះ ត្រូវ​ប្រយ័ត​ដោយ​មធ្យ័ត ដែល​អ្នករាល់​គ្នា​ដើរ​យ៉ាង​ណា កុំ​ឲ្យ​ដើរ​ដូច​ជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវ​តែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពីព្រោះ​សម័យ​នេះ​អាក្រក់​ណាស់ ដូច្នេះ កុំ​ឲ្យ​ខ្លៅ​ល្ងង់​ឡើយ ត្រូវ​ខំ​ឲ្យ​យល់​បំណង​ព្រះ​ហឫទ័យ​ព្រះ​អម្ចាស់​វិញ»។ (អេភេសូរ ៥:១៥​-​១៧) ពិត​មែន​ហើយ ដំបូន្មាន​នេះ​ទាក់​ទង​នឹង​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​យើង​ដែល​ជា​គ្រីស្ទាន​ដែល​បាន​ថ្វាយ​ខ្លួន​ហើយ រួម​បញ្ចូល​ការ​ឆ្លៀត​ពេល​សំរាប់​ការ​អធិស្ឋាន ការ​សិក្សា ទៅ​កិច្ច​ប្រជុំ និង​ការ​ចូល​រួម​ឲ្យ​បាន​ច្រើន​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ការ​ផ្សព្វ​ផ្សាយ‹ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ›។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០

សព្វ​ថ្ងៃ​នេះ ពួក​អ្នក​បំរើ​ជា​ច្រើន​នាក់​របស់​ព្រះ​យេហូវ៉ា ហាក់​ដូច​ជា​មាន​ការ​ពិបាក​ក្នុង​ការ​ឆ្លៀត​ពេល​ក្នុង​ជីវិត​របស់​គេ សំរាប់​ការ​អាន​ព្រះ​គម្ពីរ​និង​ការ​សិក្សា​ឲ្យ​ស៊ី​ជំរៅ។ យើង​ច្បាស់​ជា​មិន​អាច​ថែម​មួយ​ម៉ោង​ក្នុង​ថ្ងៃ​ណា​មួយ​នោះ​ទេ ដូច្នេះ​ដំបូន្មាន​របស់​ប៉ុល​ត្រូវ​តែ​មាន​ន័យ​ផ្សេង​ទៀត។ ក្នុង​ភាសា​ក្រិក ឃ្លា​ដែល​ថា«លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល» សំដៅ​ទៅ​លើ​ការ​យក​អ្វី​មួយ​ដោយ​សុខ​ចិត្ត​លះ​បង់​អ្វី​ផ្សេង​ទៀត។ ក្នុង​វចនានុក្រម​របស់​លោក​វ៉ាញ លោក​បក​ស្រាយ​ន័យ​ថា«ការ​ឆ្លៀត​យក​ប្រយោជន៍​ពី​គ្រប់​ឱកាស ដោយ​ប្រើ​ឱកាស​និមួយ​ៗ​ដើម្បី​ឲ្យ​បាន​ប្រយោជន៍​ច្រើន​បំផុត ពីព្រោះ​ឱកាស​ដែល​បាន​ត្រូវ​ខាត​បង់​មិន​អាច​ស្ដារ​ជា​ថ្មី​ទេ»។ តើ​យើង​អាច​យក​ពេល​វេលា​ពី​ណា​មក​ដើម្បី​អាន​និង​សិក្សា​ព្រះ​គម្ពីរ?

យើង​ត្រូវ​តែ​កំណត់​អាទិភាព

៥. ហេតុ​អ្វី​និង​តាម​របៀប​ណា​ដែល​យើង​គួរ«ស្គាល់​អស់​ទាំង​សេចក្ដី​ដែល​ប្រសើរ»?

បន្ថែម​នឹង​ភារកិច្ច​របស់​យើង​ខាង​លោកីយ៍​នេះ យើង​ក៏​មាន​កិច្ច​ការ​ទាក់​ទង​នឹង​អ្វី​ៗ​ខាង​វិញ្ញាណ​ដែល​យើង​ត្រូវ​តែ​បំពេញ​ផង​ដែរ។ ជា​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ថ្វាយ​ខ្លួន នោះ​យើង«ធ្វើ​ការ​ព្រះ​អម្ចាស់ ឲ្យ​បរិបូរ»។ (កូរិនថូស​ទី​១ ១៥:៥៨) ហេតុ​នេះ​ហើយ ប៉ុល​បាន​ណែនាំ​គ្រីស្ទាន​ទាំង​ឡាយ​នៅ​ទី​ក្រុង​ភីលីព​ឲ្យ«ស្គាល់​អស់​ទាំង​សេចក្ដី​ដែល​ប្រសើរ»។ (ភីលីព ១:១០) នេះ​មាន​ន័យ​ថា​អាទិភាព​ត្រូវ​រៀបចំ​ជា​ចាំ​បាច់។ អ្វី​ៗ​ខាង​វិញ្ញាណ​គួរ​មាន​អាទិភាព​មុន​អ្វី​ៗ​ខាង​វត្ថុ​ទ្រព្យ​ជា​និច្ច។ (ម៉ាថាយ ៦:៣១​-​៣៣) ក៏​ប៉ុន្តែ ត្រូវ​មាន​តុល្យភាព​ផង​ដែរ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​យើង​ខាង​វិញ្ញាណ។ តើ​យើង​កំពុង​តែ​សម្រេច​បាន​ល្អ​យ៉ាង​ណា​ហើយ ក្នុង​ការ​បែង​ចែក​ពេល​វេលា​របស់​យើង រវាង​ផ្នែក​ផ្សេង​ៗ​នៃ​ការ​រស់​នៅ​តាម​ផ្លូវ​គ្រីស្ទាន? ពួក​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​បាន​រាយ​ការណ៍​ថា ក្នុង​ចំណោម«សេចក្ដី​ប្រសើរ»ជាង ដែល​គ្រីស្ទាន​ម្នាក់​គួរ​យក​ចិត្ត​ទុក​ដាក់​នោះ មាន​ការ​សិក្សា​ផ្ទាល់​ខ្លួន​និង​ការ​អាន​ព្រះ​គម្ពីរ ដែល​ច្រើន​តែ​មិន​ត្រូវ​អើពើ​នោះ។

៦. ចំពោះ​ការ​រក​ស៊ី​ឬ​ក៏​កិច្ច​ការ​ផ្ទះ តើ​ការ​លៃ​យក​ឱកាស​រួម​បញ្ចូល​អ្វី​ខ្លះ?

ដូច​យើង​បាន​សង្កេត​ឃើញ​ហើយ ការ​លៃ​យក​ពេល​រួម​បញ្ចូល«ការ​ឆ្លៀត​យក​ប្រយោជន៍​ពី​គ្រប់​ឱកាស» និង​ការ«ប្រើ​ឱកាស​និមួយ​ៗ​ដើម្បី​ឲ្យ​បាន​ប្រយោជន៍​ច្រើន​បំផុត»។ ដូច្នេះ បើ​សិន​ជា​ទម្លាប់​របស់​យើង​ចំពោះ​ការ​អាន​និង​ការ​សិក្សា​ព្រះ​គម្ពីរ​គឺ​អត់​ល្អ នោះ​គឺ​មាន​ប្រយោជន៍​ជាង បើ​សិន​ជា​យើង​ពិនិត្យ​មើល​ទម្លាប់​របស់​ខ្លួន ដើម្បី​ឲ្យ​ដឹង​ពី​របៀប​ដែល​យើង​ចំណាយ​ពេល​របស់​យើង។ បើ​សិន​ជា​ការ​រក​ស៊ី​របស់​យើង​ស៊ី​ពេល​និង​កម្លាំង​យើង​ច្រើន​ពេក នោះ​យើង​គួរ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​អំពី​រឿង​នោះ។ (ទំនុកដំកើង ៥៥:២២) យើង​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ខ្លះ​ៗ​ដែល​នឹង​ឲ្យ​យើង​មាន​ពេល​ច្រើន​ជាង សំរាប់​អ្វី​ដ៏​សំខាន់​ជាង ដែល​ទាក់​ទង​នឹង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា រួម​បញ្ចូល​ការ​សិក្សា​និង​ការ​អាន​ព្រះ​គម្ពីរ។ គឺ​បាន​ត្រូវ​និយាយ​យ៉ាង​ត្រឹម​ត្រូវ​ថា ការងារ​របស់​ស្ត្រី​មិន​ដែល​អស់​ទេ។ ហេតុ​នេះ​ហើយ បង​ប្អូន​ស្រី​គ្រីស្ទាន​ក៏​ត្រូវ​តែ​កំណត់​អាទិភាព​និង​ធ្វើ​ឲ្យ​បាន​យ៉ាង​ជាក់​លាក់​ផង ដើម្បី​ទុក​ពេល​ខ្លះ​អាន​និង​សិក្សា​ព្រះ​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់។

៧, ៨. (ក) តើ​ពេល​សំរាប់​ការ​អាន​និង​ការ​សិក្សា​អាច​ត្រូវ​ឆ្លៀត​យក​ពី​សកម្មភាព​ផ្សេង​ៗ​អ្វី​ខ្លះ? (ខ) តើ​ការ​កំសាន្ត​មាន​គោល​បំណង​អ្វី ហើយ​តើ​យ៉ាង​ដូច​ម្ដេច​ដែល​ការ​នឹក​ចាំ​ពី​គោល​បំណង​នោះ​អាច​ជួយ​យើង​កំណត់​អាទិភាព​នោះ?

បើ​និយាយ​ទូទៅ យើង​ទាំង​អស់​គ្នា​អាច​ឆ្លៀត​ពេល​ដើម្បី​សិក្សា ដោយ​សុខ​ចិត្ត​លះ​បង់​ចោល​សកម្មភាព​ដែល​មិន​ត្រូវ​ការ​ចាំ​បាច់​នោះ។ យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​ចំណាយ​ពេល​ប៉ុន្មាន​ក្នុង​ការ​អាន​ទស្សនាវដ្ដី ឬ​កាសែត​លោកីយ៍​នេះ ការ​មើល​កម្ម​វិធី​ទូរទស្សន៍ ការ​ស្ដាប់​ភ្លេង ឬ​ការ​លេង​ហ្គេម​វីដេអូ? តើ​ខ្ញុំ​ចំណាយ​ពេល​អង្គុយ​ចុច​កុំព្យូទ័រ​ច្រើន​ជាង​ការ​អាន​ព្រះ​គម្ពីរ​ទេ?› ប៉ុល​និយាយ​ថា៖ «កុំ​ឲ្យ​ខ្លៅ​ល្ងង់​ឡើយ ត្រូវ​ខំ​ឲ្យ​យល់​បំណង​ព្រះ​ហឫទ័យ​ព្រះ​អម្ចាស់​វិញ»។ (អេភេសូរ ៥:១៧) ការ​ប្រើ​ដោយ​ឥត​សម​ហេតុ​ផល​ចំពោះ​ទូរទស្សន៍ គឺ​ជា​ហេតុ​ធំ​បំផុត​ដែល​ស្មរបន្ទាល់​ជា​ច្រើន​នាក់ មិនចំណាយ​ពេល​គ្រប់​គ្រាន់​ទៅ​លើ​ការ​សិក្សា​ផ្ទាល់​ខ្លួន​និង​ការ​អាន​ព្រះ​គម្ពីរ។—ទំនុកដំកើង ១០១:៣; ១១៩:៣៧, ៤៧, ៤៨

អ្នក​ខ្លះ​ប្រហែល​ជា​នឹង​និយាយ​ថា គេ​មិន​អាច​សិក្សា​ច្រើន​អ៊ីចឹង​ទេ គេ​ថា​ត្រូវ​ការ​ពេល​សំរាប់​លេង​កំសាន្ត​ដែរ។ ទោះ​បី​នេះ​គឺ​ជា​ការ​ពិត​ក៏​ដោយ យើង​ប្រហែល​ជា​នឹង​បាន​ប្រយោជន៍​ពី​ការ​គិត​អំពី​ពេល​ដែល​យើង​ចំណាយ​ទៅ​លើ​ការ​កំសាន្ត ប្រៀប​ពេល​នោះ​នឹង​ពេល​ដែល​យើង​ចំណាយ​ទៅ​លើ​ការ​សិក្សា និង​អាន​ព្រះ​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់។ លទ្ធផល​ពី​ការ​ប្រៀប​ធៀប​នោះ​ប្រហែល​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មែន។ ទោះ​បី​ការ​កំសាន្ត​និង​ការ​សំរាក​គឺ​ជា​ការ​ចាំ​បាច់​ក៏​ដោយ តែ​ក៏​ត្រូវ​ចាត់​ទុក​វា​ឲ្យ​បាន​ត្រឹម​ត្រូវ​ដែរ។ គោល​បំណង​របស់​ការ​កំសាន្ត​គឺ​ដើម្បី​ឲ្យ​យើង​ទទួល​កម្លាំង​ជា​ថ្មី និង​ជួយ​ឲ្យ​មាន​សកម្មភាព​ខាង​វិញ្ញាណ​ត​ទៅ​ទៀត។ កម្ម​វិធី​ទូរទស្សន៍​ខ្លះ និង​ហ្គេម​វីដេអូ​ខ្លះ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​អស់​កម្លាំង រីឯ​ការ​អាន​និង​ការ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​វិញ នាំ​ឲ្យ​មាន​ចិត្ត​ត្រជាក់​ត្រ​ជុំ​និង​ចំរើន​កម្លាំង​ទៀត​ផង។—ទំនុកដំកើង ១៩:៧, ៨

របៀប​ដែល​អ្នក​ខ្លះ​លៃ​យក​ពេល​សំរាប់​ការ​សិក្សា

៩. តើ​អ្វី​ជា​ប្រយោជន៍​ពី​ការ​ធ្វើ​តាម​ឱវាទ​ក្នុង​ការ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ ឆ្នាំ​១៩៩៩?

បុព្វកថា​នៃ​សៀវភៅ​ការ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ បោះ​ពុម្ព​ឆ្នាំ​១៩៩៩​ប្រាប់​ថា៖ «អ្នក​អាច​ទទួល​ប្រយោជន៍​ដ៏​ល្អ​បំផុត ដោយ​ការ​ពិចារណា​ខ​បទ​គម្ពីរ​និង​អត្ថាធិប្បាយ​ពី​សៀវភៅ​នេះ​នៅ​ពេល​ព្រឹក។ អ្នក​នឹង​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​ដែល​ជា​គ្រូ​ដ៏​ឧត្តម កំពុង​តែ​ដាស់​យើង​ដោយ​ការ​ណែនាំ​របស់​ទ្រង់។ ព្រះ​យេស៊ូ​បាន​ត្រូវ​សំដៅ​ក្នុង​បទ​ទំនាយ ដែល​ថា​ទ្រង់​ទទួល​ប្រយោជន៍​ពី​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​រាល់​ៗ​ព្រឹក៖ ‹[ព្រះ​យេហូវ៉ា]ទ្រង់​ដាស់​ខ្ញុំ​រាល់​តែ​ព្រឹក គឺ​ទ្រង់​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្ដាប់ ដូច​ជា​អ្នក​ដែល​កំពុង​តែ​រៀង​សូត្រ›។ ការ​ណែនាំ​បែប​នេះ​បាន​ឲ្យ​ព្រះ​យេស៊ូ ‹មាន​វោហារ​ដូច​ជា​អ្នក​ដែល​បាន​រៀន​សូត្រ​ហើយ› ដើម្បី​ឲ្យ​ទ្រង់‹ចេះ​ប្រើ​ពាក្យ​សំដី នឹង​ជ្រោង​មនុស្ស​គ្រាក​ចិត្ត​ឡើង›។ (អេសាយ ៣០:២០; ៥០:៤; ម៉ាថាយ ១១:២៨​-​៣០) ការ​ឲ្យ​ដំបូន្មាន​ពី​បន្ទូល​របស់​ព្រះ​ដាស់​យើង​រៀង​រាល់​ព្រឹក នឹង​មិន​គ្រាន់​តែ​ជួយ​យើង​ឲ្យ​ចេះ​ដោះ​ស្រាយ​បញ្ហា​របស់​យើង​ផ្ទាល់​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ផ្ដល់​ឲ្យ​យើង​នូវ‹វោហារ​ដូច​ជា​អ្នក​ដែល​បាន​រៀន​សូត្រ​ហើយ›ដើម្បី​ជួយ​អ្នក​ដទៃ»។ a

១០. តើ​អ្នក​ខ្លះ​ធ្វើ​អ្វី​ដើម្បី​ឆ្លៀត​ពេល​សំរាប់​ការ​អាន​និង​ការ​សិក្សា និង​តើ​នោះ​មាន​ប្រយោជន៍​អ្វី?

១០ ពួក​គ្រីស្ទាន​ជា​ច្រើន​នាក់​ធ្វើ​តាម​ដំបូន្មាន​នេះ ដោយ​សារ​អាន​ខ​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ​និង​ការ​ពន្យល់ ថែម​ទាំង​អាន​ព្រះ​គម្ពីរ​ឬ​សិក្សា​នៅ​ពី​ព្រលឹម​ដែរ។ នៅ​ប្រទេស​បារាំង អ្នក​ត្រួស​ត្រាយ​ដ៏​ស្មោះ​ត្រង់​ម្នាក់​ក្រោក​ពេល​ព្រលឹម និង​ចំណាយ​ពេល​៣០​នាទី​ចំពោះ​ការ​អាន​ព្រះគម្ពីរ។ តើ​អ្វី​ដែល​បាន​ជួយ​ឲ្យ​គាត់​ធ្វើ​អ៊ីចឹង​អស់​ច្រើន​ឆ្នាំ​ហើយ? គាត់​ប្រាប់​ថា៖ «ខ្ញុំ​មាន​ចំណង់​ខ្លាំង និង​ខ្ញុំ​ខំ​កាន់​តាម​កាល​វិភាគ​របស់​ខ្ញុំ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ!»។ មិន​ថា​យើង​រើស​យក​ពេល​ណា​ក៏​ដោយ អ្វី​ដែល​សំខាន់​គឺ​ថា យើង​កាន់​តាម​កាល​វិភាគ​របស់​យើង។ បង​ប្រុស រេណេ មីកា ដែល​បាន​ត្រួស​ត្រាយ​ជាង​៤០​ឆ្នាំ​នៅ​ទ្វីប​អឺរ៉ុប​និង​អាហ្វ្រិក​ខាង​ជើង បាន​មាន​ប្រសាសន៍​ថា៖ «តាំង​តែ​ពី​ឆ្នាំ​១៩៥០​ខ្ញុំ​បាន​មាន​គោល​ដៅ​អាន​ព្រះ​គម្ពីរ​ទាំង​មូល​ជា​រៀង​រាល់​ឆ្នាំ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​អស់​៤៩​ដង​ហើយ។ ខ្ញុំ​មាន​អារម្មណ៍​ថា នេះ​គឺ​ជា​ការ​សំខាន់ ចំពោះ​ការ​រក្សា​នូវ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​ដ៏​ជា​អ្នក​បង្កើត​របស់​ខ្ញុំ។ ការ​រំពឹង​គិត​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ជួយ​ខ្ញុំ​យល់​បាន​ច្រើន​អំពី​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា និង​អំពី​គុណសម្បត្ដិ​ផ្សេង​ទៀត​របស់​ទ្រង់ ថែម​ទាំង​បាន​ទៅ​ជា​ប្រភព​មួយ​នៃ​កម្លាំង​ដ៏​ខ្លាំង​លើស​លប់»។ b

«អាហារ​ឲ្យ​គេ​បរិភោគ​តាម​ត្រូវ​ពេល»

១១, ១២. (ក) តើ«អាហារ»អ្វី​ខាង​វិញ្ញាណ​ដែល​បាន​ត្រូវ​ផ្ដល់​ដោយ«នាយ​ដំរួត​ការ​ដែល​ស្មោះ​ត្រង់»? (ខ) តើ​យ៉ាង​ដូច​ម្ដេច​ដែល«អាហារ»នោះ​ត្រូវ​ផ្ដល់​តាម​ត្រូវ​ពេល?

១១ ដូច​ជា​ទម្លាប់​ក្នុង​ការ​បរិភោគ​ជា​ទៀង​ទាត់​នាំ​ឲ្យ​មាន​សុខភាព​ល្អ​ខាង​រាង​កាយ នោះ​ទម្លាប់​សិក្សា​និង​អាន​ព្រះ​គម្ពីរ​ជា​ទៀង​ទាត់​នាំ​ឲ្យ​មាន​សុខភាព​ដ៏​ល្អ​ខាង​វិញ្ញាណ​ដែរ។ ក្នុង​ដំណឹង​ល្អ​តាម​លូកា យើង​អាន​បន្ទូល​របស់​ព្រះ​យេស៊ូ​ថា៖ «តើ​អ្នក​ណា​ជា​នាយ​ដំរួត​ការ​ដែល​ស្មោះ​ត្រង់ មាន​មារយាទ​ល្អ ដែល​ចៅហ្វាយ​នឹង​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក ដើម្បី​នឹង​បើក​អាហារ​ឲ្យ​គេ​បរិភោគ​តាម​ត្រូវ​ពេល?»។ (លូកា ១២:៤២) ជាង​១២០​ឆ្នាំ​ទៅ​ហើយ ‹ម្ហូប​អាហារ​តាម​ត្រូវ​ពេល›ខាង​វិញ្ញាណ បាន​ផ្ដល់​មក​តាម​រយៈ​ទស្សនាវដ្ដី​ប៉ម​យាម និង​ប្រកាសនវត្ថុ​ផ្សេង​ទៀត​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ។

១២ សូម​កត់​សម្គាល់​ឃ្លា​ដែល​ថា«តាម​ត្រូវ​ពេល»។ នៅ​ពេល​ត្រឹម​ត្រូវ នោះ​ព្រះ​យេហូវ៉ា​ដ៏​ជា«គ្រូ​ដ៏​ឧត្តម»របស់​យើង តាម​រយៈ​ព្រះ​រាជបុត្រា​របស់​ទ្រង់​និង​ក្រុម​អ្នក​បំរើ បាន​ណែនាំ​រាស្ត្រ​របស់​ទ្រង់​អំពី​រឿង​លទ្ធិ​និង​ចរិយា។ គឺ​ប្រៀប​ដូច​ជា​យើង​ទាំង​អស់​គ្នា​បាន​ឮ​សូរ​សម្លេង​ប្រាប់​យើង​ថា៖ ‹គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ បើ​កាល​ណា​ឯង​រាល់​គ្នា​បែរ​ទៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​នោះ›។ (អេសាយ ៣០:២០, ២១) ម្យ៉ាង​ទៀត ពេល​មនុស្ស​ម្នាក់​ប្រឹង​ស្មារតី​អាន​នូវ​ព្រះ​គម្ពីរ​ឬ​ក៏​ប្រកាសនវត្ថុ​ផ្សេង​ទៀត​អំពី​ព្រះ​គម្ពីរ នោះ​ជា​ញយ​ៗ​គេ​មាន​អារម្មណ៍​ថា​អ្វី​ក្នុង​នោះ​សំដៅ​ទៅ​លើ​គេ​ផ្ទាល់។ ពិត​មែន ដំបូន្មាន​ពី​ព្រះ​និង​ការ​ណែនាំ​នឹង​មក​ត្រូវ​ពេល​សំរាប់​យើង ហើយ​ថែម​ទាំង​ជួយ​យើង​ទប់​ទល់​នឹង​ការ​ល្បួង​និង​ធ្វើ​ការ​សម្រេច​ដែល​ប្រកប​ដោយ​ប្រាជ្ញា។

ការ​បង្កើត​នូវ​ទម្លាប់​ដ៏​ល្អ​ខាង​ការ​បរិភោគ​ម្ហូប​អាហារ

១៣. តើ​អ្វី​ជា​ទម្លាប់​អាក្រក់​ខ្លះ​ៗ​ខាង​ការ​បរិភោគ​ម្ហូប​អាហារ​ខាង​វិញ្ញាណ?

១៣ ដើម្បី​ទទួល​ប្រយោជន៍​ឲ្យ​បាន​ពេញ​លេញ​ពី«អាហារ»ដែល​បាន​ត្រូវ​ផ្ដល់​មក​តាម​ត្រូវ​ពេល​បែប​នេះ យើង​ក៏​ត្រូវ​ការ​ទម្លាប់​ល្អ​ខាង​ការ​បរិភោគ​ម្ហូប​អាហារ​ដែរ។ គឺ​ជា​ការ​ចាំ​បាច់​ដែល​យើង​មាន​កម្ម​វិធី​សំរាប់​ការ​អាន​ព្រះ​គម្ពីរ​និង​ការ​សិក្សា​ផ្ទាល់​ខ្លួន ហើយ​យើង​កាន់​តាម​នោះ​យ៉ាង​ហ្មត់​ចត់។ តើ​អ្នក​មាន​ទម្លាប់​ដ៏​ល្អ​មួយ​ចំពោះ​ការ​បរិភោគម្ហូប​អាហារ​ខាង​វិញ្ញាណ ដោយ​សិក្សា​យ៉ាង​ស៊ី​ជំរៅ​ជា​ទៀង​ទាត់​ទេ? តើ​អ្នក​ដូច​ជា​បរិភោគ​ប្រញាប់​ប្រញាល់​គ្រាន់​តែ​អាន​សើៗ​នូវ​ពត៌មាន ដែល​បាន​ត្រូវ​រៀបចំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​សំរាប់​យើង ឬ​ក៏​រហូត​ដល់​ខាន​បរិភោគ​អាហារ​ខ្លះ​ទាំង​ស្រុង​តែ​ម្ដង​នោះ? ទម្លាប់​ដ៏​មិន​ល្អ​ខាង​ការ​បរិភោគ​ម្ហូប​អាហារ​ខាង​វិញ្ញាណ បាន​នាំ​ឲ្យ​អ្នក​ខ្លះ​ទៅ​ជា​ខ្សោយ​ខាង​វិញ្ញាណ ឬ​ក៏​រហូត​ដល់​ចាក​ចេញ​ពី​សេចក្ដី​ពិត​ទៀត​ផង។—ធីម៉ូថេ​ទី​១ ១:១៩; ៤:១៥, ១៦

១៤. ហេតុ​អ្វី​ការ​អាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ នូវ​ពត៌មាន​ដែល​យើង​ស្គាល់​ហើយ​មាន​ប្រយោជន៍?

១៤ អ្នក​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា ខ្លួន​យល់​ដឹង​ពី​សេចក្ដី​បង្រៀន​បឋម​ៗ​ហើយ និង​អត្ថបទ​ខ្លះ​មិន​មាន​ពត៌មាន​ថ្មី​ទាំង​ស្រុង​នោះ​ទេ។ អ៊ីចឹង​ហើយ​ការ​សិក្សា​និង​ការ​ទៅ​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់​គឺ​មិន​ចាំ​បាច់​ទេ។ ក៏​ប៉ុន្តែ ព្រះ​គម្ពីរ​បញ្ជាក់​ថា យើង​ត្រូវ​ការ​ការ​រំឭក​ពី​អ្វី​ដែល​យើង​បាន​រៀន​ហើយ។ (ទំនុកដំកើង ១១៩:៩៥, ៩៩; ពេត្រុស​ទី​២ ៣:១; យូដាស ៥) ដូច​ជា​អ្នក​ចំអិន​អាហារ​ដ៏​ពូកែ​ម្នាក់​ប្រើ​គ្រឿង​ផ្សំ​ដដែល​ៗ តាម​របៀប​ផ្សេង​ៗ​ដ៏​ឈ្ងុយ​ឆ្ងាញ់ នោះ​ក្រុម​អ្នក​បំរើ​ផ្ដល់​នូវ​ម្ហូប​អាហារ​ខាង​វិញ្ញាណ ដែល​ចិញ្ចឹម​ភាព​ខាង​វិញ្ញាណ​តាម​របៀប​ផ្សេង​ៗ​ដែរ។ សូម្បី​តែ​ក្នុង​អត្ថបទ​ដែល​រៀប​រាប់​ពី​រឿង​ខ្លះ​ដែល​បាន​ត្រូវ​ពណ៌នា​ជា​ញឹក​ញយ​ក្នុង​ពេល​មុន​ៗ នោះ​ក៏​មាន​ចំណុច​ល្អិត​ល្អន់​ផ្សេង​ទៀត​ដែល​យើង​មិន​ចង់​ខាន​ទទួល​ទេ។ ហេតុ​ការណ៍​ពិត​គឺ​ថា ប្រយោជន៍​ដែល​យើង​នឹង​ទទួល​ពី​ពត៌មាន​ដែល​យើង​អាន​នោះ អាស្រ័យ​ទៅ​លើ​ពេល​និង​ការ​ខំ​ប្រឹង​ទាំង​ប៉ុន្មាន​ដែល​យើង​ចំណាយ​ទៅ​លើ​ការ​សិក្សា។

ប្រយោជន៍​ខាង​វិញ្ញាណ​ពី​ការ​អាន​និង​ការ​សិក្សា

១៥. តើ​យ៉ាង​ដូច​ម្ដេច​ដែល​ការ​អាន​និង​សិក្សា​នូវ​ព្រះ​គម្ពីរ ជួយ​យើង​ធ្វើ​ជា​អ្នក​បំរើ​ល្អ​ប្រសើរ​ខាង​ព្រះ​គម្ពីរ?

១៥ ប្រយោជន៍​ដែល​យើង​ទទួល​ពី​ការ​អាន​និង​ការ​សិក្សា​ព្រះ​គម្ពីរ​គឺ​មាន​ច្រើន​ណាស់។ យើង​បាន​ត្រូវ​ជួយ​ឲ្យ​បំពេញ​ភារកិច្ច​មួយ​ដ៏​បឋម​ខាង​ជំនឿ​គ្រីស្ទាន គឺ​ថា យើង​ទៅ​ជា«អ្នក​ធ្វើ​ការ ដែល​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ»។ (ធីម៉ូថេ​ទី​២ ២:១៥) កាល​ណា​យើង​អាន​និង​សិក្សា​ព្រះ​គម្ពីរ​កាន់​តែ​ច្រើន​ឡើង នោះ​គំនិត​របស់​យើង​នឹង​បាន​ពេញ​ទៅ​ដោយ​ព្រះ​តំរិះ​របស់​ព្រះ​កាន់​តែ​ច្រើន​ឡើង​ដែរ។ ពេល​នោះ​ហើយ យើង​នឹង​បាន​ដូច​ជា​សាវ័ក​ប៉ុល​ដែរ និង​មាន​សមត្ថភាព‹វែក​ញែក​គម្ពីរ​ជា​មួយ​មនុស្ស ទាំង​បញ្ជាក់​ដោយ​ប្រើ​ខ​គម្ពីរ​យោង› នូវ​សេចក្ដី​ពិត​ដ៏​ប្រសើរ​នៃ​គោល​បំណង​ទាំង​ប៉ុន្មាន​របស់​ព្រះ​យេហូវ៉ា។ (កិច្ច​ការ ១៧:២, ៣, ព.ថ.) ការ​ប៉ិន​ប្រសប់​របស់​យើង​ក្នុង​ការ​បង្រៀន​នឹង​កាន់​តែ​ប្រសើរ ហើយ​ការ​សន្ទនា សុន្ទរកថា និង​ឱវាទ​របស់​យើង​នឹង​ជា​គ្រឿង​ដ៏​ល្អ​ចំពោះ​ការ​ស្អាង​ចិត្ត​ខាង​វិញ្ញាណ។—សុភាសិត ១:៥

១៦. តើ​ដោយ​ដូច​ម្ដេច​ដែល​យើង​ទទួល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ពី​ការ​អាន​និង​ការ​សិក្សា​ព្រះ​គម្ពីរ?

១៦ បន្ថែម​ទៅ​ទៀត ពេល​វេលា​ដែល​ត្រូវ​ចំណាយ​ទៅ​លើ​ការ​ពិនិត្យ​មើល​ព្រះ​បន្ទូល​របស់​ព្រះ នឹង​ជួយ​យើង​កែ​ប្រែ​ជីវិត​យើង​ឲ្យ​សម​ស្រប​នឹង​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ពេញ​លេញ។ (ទំនុកដំកើង ២៥:៤; ១១៩:៩, ១០; សុភាសិត ៦:២០​-​២៣) នោះ​នឹង​ពង្រឹង​នូវ​គុណសម្បត្ដិ​ខាង​វិញ្ញាណ​របស់​យើង ដូច​ជា​ចិត្ត​សុភាពរាបសា ភាព​ស្មោះ​ត្រង់ និង​សុភមង្គល។ (ចោទិយកថា ១៧:១៩, ២០; វិវរណៈ ១:៣) ពេល​យើង​អនុវត្ត​នូវ​ចំណេះ​ដែល​យើង​ទទួល​ពី​ការ​អាន​និង​សិក្សា​ព្រះ​គម្ពីរ នោះ​យើង​ទទួល​វិញ្ញាណ​របស់​ព្រះ​យ៉ាង​បរិបូរ​ក្នុង​ជីវិត​យើង ទាំង​មាន​លទ្ធផល​ជា​ផល​ផ្លែ​ដ៏​ច្រើន​នៃ​ព្រះ​វិញ្ញាណ​នោះ​ក្នុង​គ្រប់​កិច្ច​ការ​របស់​យើង។—កាឡាទី ៥:២២, ២៣

១៧. តើ​ចំនួន​និង​គុណ​ភាព​នៃ​ការ​អាន​និង​ការ​សិក្សា​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន មាន​អានុភាព​យ៉ាង​ណា​ទៅ​លើ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា?

១៧ គឺ​ជា​ការ​សំខាន់​បំផុត ពេល​វេលា​ដែល​ត្រូវ​លៃ​យក​ពី​សកម្មភាព​ឯ​ទៀត ដើម្បី​ចំណាយ​ទៅ​លើ​ការ​អាន​និង​ការ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ នឹង​នាំ​ឲ្យ​មាន​ប្រយោជន៍​ជា​បរិបូរ​ចំពោះ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះ។ ប៉ុល​បាន​អធិស្ឋាន​ថា ពួក​គ្រីស្ទាន​គ្នី​គ្នា​នឹង«ស្គាល់​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ​យ៉ាង​ច្បាស់ ដោយ​មាន​គ្រប់​ប្រាជ្ញា និង តំរិះ​ដែល​មក​ពី​ព្រះ​វិញ្ញាណ . . . [ដើម្បី]រស់​នៅ​បាន​សមរម្យ​នឹង​ព្រះ​អម្ចាស់ . . . អោយ​បាន​គាប់​ព្រះ​ហឫទ័យ​ព្រះ​អង្គ ក្នុង​គ្រប់​វិស័យទាំង​អស់»។ (កូល៉ុស ១:៩, ១០, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ដូច​គ្នា​ដែរ ដើម្បី​ឲ្យ​យើង‹រស់​នៅ​បាន​សមរម្យ​នឹង​ព្រះ​យេហូវ៉ា› យើង​ក៏​ត្រូវ​តែ«ស្គាល់​ព្រះ​ហឫទ័យ របស់​ព្រះ​អង្គ​យ៉ាង​ច្បាស់ ដោយ​មាន​ប្រាជ្ញា និង តំរិះ​ដែល​មក​ពី​ព្រះ​វិញ្ញាណ»។ យ៉ាង​ច្បាស់​ណាស់ ការ​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា​និង​ការ​គាប់​ព្រះ​ហឫទ័យ​ទ្រង់ អាស្រ័យ​ទៅ​លើ​មួយ​ភាគ​ធំ​នៃ​ចំនួន​និង​គុណ​ភាព​នៃ​ការ​អាន​និង​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​យើង។

១៨. តើ​យើង​អាច​ទទួល​ពរ​អ្វី​ខ្លះ​ដោយ​ធ្វើ​តាម​ពាក្យ​របស់​ព្រះ​យេស៊ូ​ក្នុង​យ៉ូហាន ១៧:៣?

១៨ «នេះ​ជា​ជីវិត​អស់​កល្ប​ជា​និច្ច គឺ​ឲ្យ​គេ​មាន​ចំណេះ​អំពី​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង»។ (យ៉ូហាន ១៧:៣, ព.ថ.) នោះ​គឺ​ជា​ខ​គម្ពីរ​មួយ​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ប្រើ​ច្រើន​ជាង​គេ ដើម្បី​ជួយ​អ្នក​ឯ​ទៀត​យល់​ដឹង​ពី​សារៈ​សំខាន់​នៃ​ការ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ។ គឺ​សំខាន់​ដូច​គ្នា​ដែល​យើង​ម្នាក់​ៗ​ធ្វើ​អ៊ីចឹង​ផ្ទាល់​ខ្លួន។ សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​ជីវិត​ជា​រៀង​រហូត គឺ​ពឹង​ពាក់​ទៅ​លើ​ការ​ចំរើន​នូវ​ចំណេះ​របស់​យើង​អំពី​ព្រះ​យេហូវ៉ា និង​ព្រះ​រាជបុត្រា​របស់​ទ្រង់ ព្រះ​យេស៊ូ​គ្រីស្ទ។ ហើយ​សូម​គិត​អំពី​អត្ថន័យ​នៃ​សេចក្ដី​នោះ។ ការ​រៀន​អំពី​ព្រះ​យេហូវ៉ា​នឹង​មិន​ដែល​ចប់​ទេ ហើយ​និង​យើង​មាន​ពេល​ដ៏​អស់​កល្ប​ដើម្បី​រៀន​អំពី​ទ្រង់!—សាស្ដា ៣:១១; រ៉ូម ១១:៣៣

[កំណត់​សម្គាល់]

a បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក

b សូម​មើល​អត្ថបទ «ពេល​ដែល​គេ​អាន និង​របៀប​ដែល​គេ​ទទួល​ប្រយោជន៍» ដែល​បាន​ត្រូវ​បោះ​ពុម្ព​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​១៩៩៥ ទំព័រ​២០​-​២១ (ជា​ភាសា​អង់គ្លេស)។

សំនួរ​សំរាប់​រៀន​សា​ឡើង​វិញ

តើ​របៀប​ដែល​យើង​ប្រើ​ពេល​របស់​យើង​សម្ដែង​អ្វី​ខ្លះ?

តើ​ពេល​សំរាប់​ការ​អាន​និង​ការ​សិក្សា​ព្រះ​គម្ពីរ​អាច​ត្រូវ​លៃ​យក​ពី​សកម្មភាព​ណា​ខ្លះ?

ហេតុ​អ្វី​បាន​ជា​យើង​គួរ​ប្រុង​ប្រយ័ត្ន​នូវ​ទម្លាប់​នៃ​ការ​បរិភោគ​ម្ហូប​អាហារ​ខាង​វិញ្ញាណ​របស់​យើង?

តើ​ការ​អាន​និង​ការ​សិក្សា​ព្រះ​គម្ពីរ​មាន​ប្រយោជន៍​អ្វី?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១៨, ១៩]

ការ​អាន​និង​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​ទៀង​ទាត់ នឹង​ជួយ​យើង «កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ»

[រូប​ភាព​នៅ​ទំព័រ​២១]

ការ​ចេះ​ថ្លឹង​ថ្លែង​ពី​សកម្មភាព​ឯ​ទៀត​ជា​មួយ​នឹង​ការ​ស្វះ​ស្វែង​ខាង​វិញ្ញាណ​ក្នុង​ជីវិត​ដ៏​រវល់​របស់​យើង នាំ​ឲ្យ​មាន​ប្រយោជន៍​ជា​បរិបូរ