លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ផែនដី តើគ្រាន់តែជាកន្លែងសាកល្បងរបស់មនុស្សលោកឬ?

ផែនដី តើគ្រាន់តែជាកន្លែងសាកល្បងរបស់មនុស្សលោកឬ?

ផែនដី តើ​គ្រាន់​តែ​ជា​កន្លែង​សាក​ល្បង​របស់​មនុស្ស​លោក​ឬ?

ជា​ការ​គួរ​ឲ្យ​ធូរ​ស្បើយ​មែន! នាង​បាន​ប្រឡង​ជាប់​ហើយ។ សិស្ស​នេះ​ដែល​បាន​ជាប់​ប្រឡង​យ៉ាង​យ៉ាប់​យ៉ឺន​អស់​រយៈ​ពីរ​សប្ដាហ៍​ហើយ នៅ​ទី​បំផុត​នោះ​បាន​ទទួល​របាយការណ៍​ដ៏​ជា​ទី​ពេញ​ចិត្ត។ ឥឡូវ​នេះ នាង​ក៏​អាច​មាន​មុខ​របរ ដែល​នាង​តែង​ប្រាថ្នា​ចង់​បាន​នោះ។

មនុស្ស​ជា​ច្រើន​ចាត់​ទុក​ជីវិត​លើ​ផែនដី​នេះ​តាម​របៀប​ស្រដៀង​គ្នា​ដែរ។ ពួក​គេ​គិត​អំពី​ជីវិត​ជា​ការ​សាក​ល្បង​ដំបូង ដែល​មនុស្ស​ទាំង​អស់​ត្រូវ​តែ​ទទួល។ អស់​អ្នក​ដែល​បាន«ជោគ​ជ័យ»ពី​ការ​សាក​ល្បង ក៏​ទទួល​អ្វី​មួយ​ដែល​ប្រសើរ​ជាង​តាម​បែប​បរលោក​ណា​មួយ។ ប្រាកដ​ហើយ ជា​ការ​គួរ​ឲ្យ​សោក​ស្ដាយ​មែន ប្រសិន​បើ​ជីវិត​បច្ចុប្បន្ន​នេះ គ្រាន់​តែ​ជា​អត្ថិភាព​ចំពោះ​មនុស្ស​ជា​ច្រើន នេះ​ជា​អ្វី​ដ៏​ប្រសើរ​បំផុត​ដែល​មនុស្ស​អាច​សង្ឃឹម​នោះ។ ទោះ​ជា​យ៉ូប​ជា​បុគ្គល​ម្នាក់​ក្នុង​ព្រះ​គម្ពីរ មាន​សុខភាព​ល្អ​និង​ការ​រីក​ចំរើន​ក្នុង​ជីវិត​គាត់​ភាគ​ច្រើន​ក៏​ដោយ ក៏​បាន​សង្កេត​ឃើញ​ថា៖ «មនុស្ស​ដែល​កើត​ពី​ស្រី​មក សុទ្ធ​តែ​មាន​អាយុ​ខ្លី​ទាំង​អស់ ហើយ​ក៏​មាន​សេចក្ដី​លំបាក​ជា​និច្ច​ផង»។—យ៉ូប ១៤:១

ដោយ​បង្ហាញ​ឲ្យ​ឃើញ​នូវ​គំនិត​នៃ​មនុស្ស​ជា​ច្រើន​នោះ សព្វវចនាធិប្បាយ​កាតូលិក​ថ្មី​ចែង​ថា៖ «សិរី​រុង​រឿង​ខាង​ស្ថាន​សួគ៌​គឺ​ជា​វាសនា​ដែល​ព្រះ​បំរុង​ទុក​ឲ្យ​មនុស្ស​លោក។ . . . ក៏​អាច​ឃើញ​ថា សុភមង្គល​របស់​មនុស្ស​លោក​គឺ​ពឹង​ពាក់​លើ​ការ​ទទួល​បរមសុខ​នៅ​ស្ថាន​សួគ៌»។ ការ​ស្ទង់​មួយ​ក្នុង​ពេល​ថ្មី​ៗ​នេះ ពី​សាសនា​របស់​ព្រះ​គ្រីស្ទ​នៅ​សហរដ្ឋ​អាមេរិក​បាន​អះអាង​ថា ៨៧​ភាគ​រយ​នៃ​ពួក​អ្នក​ដែល​ជឿ​ឆ្លើយ​ថា ពួក​គេ​ប្រហែល​ជា​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌​ក្រោយ​ពី​គេ​ស្លាប់​ទៅ។

មនុស្ស​ជា​ច្រើន​ដែល​មិន​កាន់​សាសនា​គ្រីស្ទាន ក៏​មាន​សង្ឃឹម​ទៅ​លើ​ការ​ចាក​ចេញ​ពី​ផែនដី​នេះ​ទៅ​ឯ​កន្លែង​ដ៏​ប្រសើរ​ជាង ក្រោយ​ពី​ស្លាប់​ដែរ។ ជា​ឧទាហរណ៍ ពួក​អ៊ីស្លាម​សង្ឃឹម​ទៅ​ឯ​សួន​មនោរម្យ​នៅ​ស្ថាន​សួគ៌។ ពួក​អ្នក​កាន់​ពុទ្ធ​សាសនា​ខាង​និកាយ​នៃ​ស្រុក​បរិសុទ្ធ​នៅ​ប្រទេស​ចិន​និង​ប្រទេស​ជប៉ុន​ជឿ​ថា ការ​សូត្រ​អត់​ឈប់​ឈរ​នូវ«អមីដរ» ដែល​ជា​ឈ្មោះ​របស់​ព្រះ​ពុទ្ធ​នៃ​ពន្លឺ​ដ៏​បរិបូរ នោះ​ពួក​គេ​នឹង​កើត​ម្ដង​ទៀត​ក្នុង​ស្រុក​បរិសុទ្ធ ឬ​សួន​មនោរម្យ​ខាង​លិច ដែល​គេ​នឹង​រស់​នៅ​ដោយ​មាន​សុភមង្គល​ដ៏​ឧត្តម។

ជា​ការ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ ដែល​ព្រះ​គម្ពីរ​ជា​សៀវភៅ​បាន​ត្រូវ​បក​ប្រែ និង​បាន​ត្រូវ​ចែក​ចាយ​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភព​លោក មិន​បាន​ថ្លែង​ប្រាប់​អំពី​ផែនដី​ជា​កន្លែង​ដែល​ត្រូវ​រត់​គេច​ចេញ ឬ​ជា​មធ្យោបាយ​បែប​ណា​មួយ​សំរាប់​ធ្វើ​អោយ​សម្រេច​ទិស​ដៅ​នោះ​ទេ។ ជា​ឧទាហរណ៍ ព្រះ​គម្ពីរ​ចែង​ថា៖ «ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច»។ (ទំនុកដំកើង ៣៧:២៩) នៅ​ក្នុង​ព្រះ​គម្ពីរ​ក៏​មាន​បន្ទូល​ដ៏​ល្បី​នេះ​របស់​ព្រះ​យេស៊ូ​ដែរ ដែល​ចែង​ថា៖ «មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លូត​ត្រង់ ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​បាន​ផែនដី​ជា​មរដក»។—ម៉ាថាយ ៥:៥

ទស្សនៈ​ដែល​មាន​ទូទៅ​ថា ការ​រស់​នៅ​លើ​ផែនដី​នេះ​គឺ​ជា​ការ​បណ្ដោះ​អាសន្ន នោះ​ជួយ​បញ្ជាក់​ថា​សេចក្ដី​ស្លាប់​ជា​ផ្លូវ​ចូល​ទៅ​បរលោក​ដ៏​បរមសុខ។ បើ​អ៊ីចឹង​មែន នោះ​សេចក្ដី​ស្លាប់​ប្រាកដ​ជា​ប្រសិទ្ធិពរ​ហើយ។ ប៉ុន្តែ​តើ​មនុស្ស​ទូទៅ​ចាត់​ទុក​សេចក្ដី​ស្លាប់​តាម​របៀប​ហ្នឹង​ទេ ឬ​ក៏​ពួក​គេ​ចង់​ពន្យារ​ជីវិត​របស់​គេ​នោះ? បទ​ពិសោធន៍​បង្ហាញ​ថា កាល​ណា​មនុស្ស​មាន​សុខភាព​ល្អ​និង​សន្ដិសុខ ពួក​គេ​មិន​ចង់​ស្លាប់​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ ពីព្រោះ​ជីវិត​នៅ​លើ​ផែនដី​នេះ គឺ​មាន​ពោរ​ពេញ​ទៅ​ដោយ​អំពើ​អាក្រក់​និង​ការ​រង​ទុក្ខ​វេទនា នោះ​មនុស្ស​ជា​ច្រើន​នៅ​តែ​ចាត់​ទុក​ស្ថាន​សួគ៌ ជា​កន្លែង​តែ​មួយ​គត់​ដើម្បី​ស្វែង​រក​នូវ​សន្ដិភាព​និង​សុភមង្គល​ពិត។ តើ​ស្ថាន​សួគ៌​គ្រាន់​តែ​ជា​កន្លែង​ដែល​មាន​សន្ដិភាព​ដ៏​បរមសុខ ដែល​គេច​ផុត​ពី​អំពើ​អាក្រក់​និង​ការ​មិន​ស្រុះ​ស្រួល​គ្នា​ទាំង​ស្រុង​ឬ? ហើយ​តើ​បរលោក​គ្រាន់​តែ​ត្រូវ​ចាត់​ទុក​ជា​វិស័យ​ខាង​ស្ថាន​សួគ៌​ឬ? លោក​អ្នក​ប្រហែល​ជា​មាន​ចិត្ត​ភ្ញាក់​ផ្អើល​នឹង​ចម្លើយ​ទាំង​ប៉ុន្មាន​របស់​ព្រះ​គម្ពីរ។ សូម​អាន​ជា​បន្ត។