លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះរាជាណាចក្រនៃព្រះ គឺជាការគ្រប់គ្រងថ្មីរបស់ផែនដី

ព្រះរាជាណាចក្រនៃព្រះ គឺជាការគ្រប់គ្រងថ្មីរបស់ផែនដី

ព្រះ​រាជាណាចក្រ​នៃ​ព្រះ គឺ​ជា​ការ​គ្រប់​គ្រង​ថ្មី​របស់​ផែនដី

«នគរ​១ . . . នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច»។—ដានីយ៉ែល ២:៤៤

១. តើ​យើង​អាច​មាន​ទំនុក​ចិត្ត​យ៉ាង​ណា​លើ​ព្រះ​គម្ពីរ?

 ព្រះ​គម្ពីរ​ជា​ការ​លាត​ត្រដាង​របស់​ព្រះ​ជូន​មនុស្សជាតិ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «កាល​អ្នក​រាល់​គ្នា​បាន ទទួល​ព្រះ​បន្ទូល ជា​ដំណឹង​ពី​ព្រះ ដោយ​សារ​យើង​ខ្ញុំ នោះ​មិន​បាន​ទទួល ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ បាន​ទទួល តាម​ភាព​ដ៏​ពិត​នៃ​ដំណឹង​នោះ​វិញ គឺ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ»។ (ថែស្សាឡូនីច​ទី​១ ២:១៣) ព្រះ​គម្ពីរ​មាន​ពត៌មាន​ដែល​យើង​ត្រូវ​ការ​ដើម្បី​ឲ្យ​ស្គាល់​ព្រះ ពត៌មាន​អំពី​បុគ្គលិក​លក្ខណៈ គោល​បំណង និង​សេចក្ដី​តម្រូវ​របស់​ទ្រង់​ចំពោះ​យើង។ ព្រះ​គម្ពីរ​មាន​ឱវាទ​ដ៏​ល្អ​បំផុត​ស្តី​អំពី​ជីវភាព​គ្រួសារ និង​ចរិយា​ដែល​គួរ​មាន​ជា​ប្រចាំ​ថ្ងៃ។ ព្រះ​គម្ពីរ​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​ទំនាយ​ទាំង​ឡាយ ដែល​បាន​ត្រូវ​សម្រេច​នៅ​អតីតកាល ដែល​កំពុង​តែ​សម្រេច​ឥឡូវ​នេះ ព្រម​ទាំង​ទំនាយ​ដែល​នឹង​ត្រូវ​សម្រេច​នៅ​នា​អនាគត​កាល។ ត្រូវ​ហើយ«គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ​សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ»។—ធីម៉ូថេ​ទី​២ ៣:១៦, ១៧

២. តើ​ព្រះ​យេស៊ូ​បាន​បញ្ជាក់​អំពី​ផ្ទៃ​រឿង​ទាំង​មូល​នៃ​ព្រះ​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

ផ្ទៃ​រឿង​ទាំង​មូល​របស់​ព្រះ​គម្ពីរ​គឺ​ជា​អ្វី​ដ៏​សំខាន់​បំផុត នោះ​គឺ​ថា៖ ការ​ធ្វើ​យុត្ដិកម្ម​នៃ​អធិបតេយ្យភាព​របស់​ព្រះ (សិទ្ធិ​របស់​ទ្រង់​ដើម្បី​គ្រប់​គ្រង) តាម​រយៈ​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​របស់​ទ្រង់។ ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​ព្រះ​រាជាណាចក្រ​នោះ ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​កិច្ច​បំរើ​របស់​ទ្រង់។ «ព្រះ​យេស៊ូវ​ក៏​ចាប់​តាំង​ប្រកាស ដោយ​មាន​បន្ទូល​ថា៖ ‹ចូរ​ប្រែ​ចិត្ត​ឡើង ដ្បិត​នគរ​ស្ថាន​សួគ៌​ជិត​ដល់​ហើយ›»។ (ម៉ាថាយ ៤:១៧) ទ្រង់​បាន​បង្ហាញ​ថា ព្រះ​រាជាណាចក្រ​គួរ​តែ​មាន​អាទិភាព​យ៉ាង​ណា​ក្នុង​ជីវិត​របស់​យើង ដោយ​ដាស់​តឿន​ថា៖ «ចូរ​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន»។ (ម៉ាថាយ ៦:៣៣) ទ្រង់​បាន​បង្ហាញ​ថា​មាន​សារៈ​សំខាន់​ណាស់ ដោយ​បង្រៀន​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​អធិស្ឋាន​ទៅ​ព្រះ​ថា៖ «សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ»។—ម៉ាថាយ ៦:១០

ការ​គ្រប់​គ្រង​ថ្មី​របស់​ផែនដី

៣. ហេតុ​អ្វី​ក៏​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មាន​សារៈ​សំខាន់​ចំពោះ​យើង​ម្ល៉េះ នៅ​ពេល​ឥឡូវ​នេះ?

ហេតុ​អ្វី​ក៏​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មាន​សារៈ​សំខាន់​ម្ល៉េះ​ចំពោះ​មនុស្សជាតិ? ពីព្រោះ​មិន​យូរ​ប៉ុន្មាន​ទៀត ព្រះ​រាជាណាចក្រ​នេះ​នឹង​ចាត់​វិធានការ​ដើម្បី​ផ្លាស់​ប្ដូរ​ជា​រៀង​រហូត នូវ​ការ​គ្រប់​គ្រង​នៃ​ផែនដី​នេះ។ ទំនាយ​នៅ​ដានីយ៉ែល ២:៤៤ ចែង​ថា៖ «រីឯ​នៅ​គ្រា​នៃ​ស្តេច​ទាំង​នោះ[ដែល​កំពុង​តែ​គ្រប់​គ្រង​លើ​ផែនដី] ព្រះ​នៃ​ស្ថាន​សួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង[រដ្ឋាភិបាល​មួយ​នៅ​ស្ថាន​សួគ៌] ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ[រដ្ឋាភិបាល​ទាំង​ប៉ុន្មាន​លើ​ផែនដី] នគរ​នោះ​នឹង​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច»។ នៅ​ពេល​ដែល​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​របស់​ព្រះ​គ្រប់​គ្រង​ទាំង​ស្រុង នោះ​មនុស្សជាតិ​នឹង​លែង​កាន់​កាប់​ផែនដី​ទៀត​ហើយ។ ការ​គ្រប់​គ្រង​របស់​មនុស្ស​ដែល​មិន​ជា​ទី​ពេញ​ចិត្ត​និង​មាន​ភាព​បែក​បាក់​គ្នា​នោះ ជា​អ្វី​ដែល​នឹង​កន្លង​បាត់​ទៅ​ជា​រៀង​រហូត។

៤, ៥. (ក) ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​មាន​សមត្ថភាព​ជាង​គេ​បំផុត ដើម្បី​ធ្វើ​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ? (ខ) តើ​កិច្ច​ការ​អ្វី​ដែល​ព្រះ​យេស៊ូ​នឹង​មាន​នៅ​នា​អនាគត​នេះ?

អ្នក​គ្រប់​គ្រង​ដ៏​សំខាន់​ជាង​គេ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​យេហូវ៉ា គឺ​ជា​បុគ្គល​ដែល​មាន​សមត្ថភាព​ជាង​គេ​បំផុត គឺ​ព្រះ​គ្រីស្ទ​យេស៊ូ។ មុន​នឹង​យាង​មក​ផែនដី​នេះ ទ្រង់​បាន​មាន​អត្ថិភាព​នៅ​ក្នុង​ស្ថាន​សួគ៌ ជា«មេ​ជាង» ដោយ​ព្រោះ​ទ្រង់​ជា​ការ​បង្កើត​របស់​ព្រះ​មុន​គេ​បង្អស់។ (សុភាសិត ៨:២២​-​៣១) «ដែល​ទ្រង់​ជា​រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ ជា​បង​ច្បង​នៃ​គ្រប់​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក ដ្បិត​គឺ​ទ្រង់​ហើយ ដែល​បង្កើត​គ្រប់​ទាំង​អស់ ទាំង​របស់​នៅ​ស្ថាន​សួគ៌ នឹង​នៅ​ផែនដី»។ (កូល៉ុស ១:១៥, ១៦) ហើយ​នៅ​ពេលដែល​ព្រះ​បាន​បញ្ជូន​ព្រះ​យេស៊ូ​ឲ្យ​មក​ផែនដី នោះ​ទ្រង់​បាន​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ​ក្នុង​គ្រប់​ប្រការ។ ទ្រង់​បាន​ស៊ូ​ទ្រាំ​ការ​សាក​ល្បង​ដ៏​ពិបាក​បំផុត ហើយ​បាន​សោយ​ទិវង្គត​ដោយ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​វរបិតា​របស់​ទ្រង់។—យ៉ូហាន ៤:៣៤; ១៥:១០

ព្រះ​យេស៊ូ​បាន​ទទួល​រង្វាន់​ដោយ​ព្រោះ​សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​ព្រះ រហូត​ដល់​សោយ​ទិវង្គត។ ព្រះ​ទ្រង់​បាន​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​ទៅ​ស្ថាន​សួគ៌ ហើយ​បាន​ប្រទាន​ឲ្យ​ទ្រង់​នូវ​សិទ្ធិ​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។ (កិច្ច​ការ ២:៣២​-​៣៦) ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ នោះ​ព្រះ​គ្រីស្ទ​យេស៊ូ​នឹង​មាន​កិច្ចការ​ដែល​គួរ​ឲ្យ​ស្ងើច​ពី​ព្រះ ដើម្បី​នាំ​មុខ​សត្តនិករ​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា​ជា​ច្រើន​អនេក និង​ដើម្បី​ដក​ចេញ​នូវ​ការ​គ្រប់​គ្រង​របស់​មនុស្ស​ពី​ផែនដី​នេះ ថែម​ទាំង​កំចាត់​ចេញ​ពី​ផែនដី​យើង​នូវ​អំពើ​អាក្រក់​ជួជាតិ​ទាំង​អស់។ (សុភាសិត ២:២១, ២២; ថែស្សាឡូនីច​ទី​២ ១:៦​-​៩; វិវរណៈ ១៩:១១​-​២១; ២០:១​-​៣) រួច​មក ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​របស់​ព្រះ​ដែល​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​គ្រីស្ទ នឹង​ជា​អំណាច​គ្រប់​គ្រង​ថ្មី ជា​រដ្ឋាភិបាល​តែ​មួយ​គត់​ដែល​គ្រប់​គ្រង​ទៅ​លើ​ផែនដី​ទាំង​មូល​នេះ។—វិវរណៈ ១១:១៥

៦. តើ​ការ​គ្រប់​គ្រង​បែប​ណា​ដែល​យើង​អាច​សង្ឃឹម​ថា​នឹង​មាន​ពី​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​នេះ?

បន្ទូល​របស់​ព្រះ​ចែង​អំពី​អ្នក​គ្រប់​គ្រង​ថ្មី​របស់​ផែនដី​នេះ​ថា៖ «នោះ​បាន​ប្រទាន​ឲ្យ​ទ្រង់​មាន​អំណាច​គ្រប់​គ្រង នឹង​សិរី​ល្អ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ​ផង ដើម្បី​ឲ្យ​បណ្ដា​ជន​ទាំង​ឡាយ សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា បាន​គោរព​ដល់​ទ្រង់»។ (ដានីយ៉ែល ៧:១៤) ពីព្រោះ​ព្រះ​យេស៊ូ​នឹង​យក​តម្រាប់​តាម​សេចក្ដី​ស្រឡាញ់​របស់​ព្រះ នោះ​នឹង​មាន​សន្ដិភាព​និង​សុភមង្គល​ដ៏​បរិបូរ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ទ្រង់។ (ម៉ាថាយ ៥:៥; យ៉ូហាន ៣:១៦; យ៉ូហាន​ទី​១ ៤:៧​-​១០) «ឯ​សេចក្ដី​ចំរើន​នៃ​រដ្ឋបាល​ទ្រង់​នឹង​សេចក្ដី​សុខ​សាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត . . . ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់​ទល់ ដោយ​សេចក្ដី​យុត្ដិធម៌ នឹង​សេចក្ដី​សុចរិត»។ (អេសាយ ៩:៧) នេះ​គឺ​ជា​ប្រសិទ្ធិពរ​យ៉ាង​ណា​ទៅ​ហ្ន៎! ដោយ​មាន​អ្នក​គ្រប់​គ្រង​មួយ​អង្គ ដែល​គ្រប់​គ្រង​ដោយ​សេចក្ដី​ស្រឡាញ់ យុត្ដិធម៌ និង​សេចក្ដី​សុចរិត​នោះ។ ដូច្នេះ​ហើយ ពេត្រុស​ទី​២ ៣:១៣ បាន​ទាយ​ប្រាប់​ថា៖ «តែ​តាម​សេចក្ដី​សន្យា​របស់​ទ្រង់ នោះ​យើង​រាល់​គ្នា​ទន្ទឹង​ចាំ​ផ្ទៃ​មេឃ​ថ្មី[ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​របស់​ព្រះ] នឹង​ផែនដី​ថ្មី[សង្គម​ផែនដី​ថ្មី] ដែល​មាន​សុទ្ធ​តែ​សេចក្ដី​សុចរិត​វិញ»។

៧. តើ​ម៉ាថាយ ២៤:១៤ កំពុង​តែ​សម្រេច​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

យ៉ាង​ប្រាកដ​ហើយ ព្រះ​រាជាណាចក្រ​នៃ​ព្រះ​គឺ​ជា​ដំណឹង​ល្អ​បំផុត​ចំពោះ​មនុស្ស​គ្រប់​រូប ដែល​ស្រឡាញ់​អ្វី​ដែល​ត្រឹម​ត្រូវ​នោះ។ ហេតុ​ដូច្នេះ​ហើយ នេះ​ជា​ផ្នែក​នៃ​ទី​សម្គាល់​ដែល​ថា​យើង​កំពុង​តែ​រស់​នៅ​ក្នុង«ថ្ងៃ​ជាន់​ក្រោយ​បង្អស់»នៃ​របប​លោកីយ៍​ដ៏​អាក្រក់​ជួជាតិ​នេះ ព្រះ​យេស៊ូ​បាន​ទាយ​ប្រាប់​ថា៖ «ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។ (ធីម៉ូថេ​ទី​២ ៣:១​-​៥; ម៉ាថាយ ២៤:១៤) ទំនាយ​នេះ​កំពុង​តែ​សម្រេច​នៅ​ឥឡូវ​នេះ កាល​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ប្រមាណ​ប្រាំ​មួយ​លាន​នាក់​ក្នុង​២៣៤​ប្រទេស ចំណាយ​ជាង​មួយ​ពាន់​លាន​ម៉ោង​ក្នុង​មួយ​ឆ្នាំ ប្រាប់​អ្នក​ដទៃ​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។ ដោយ​សម​ត្រឹម​ត្រូវ កន្លែង​ថ្វាយ​បង្គំ​របស់​គេ ដែល​មាន​ប្រមាណ​៩០.០០០​ក្រុម​ជំនុំ​ទូទាំង​ពិភព​លោក គឺ​បាន​ហៅ​ជា​សាល​ព្រះ​រាជាណាចក្រ។ នៅ​ទី​នោះ មនុស្ស​មក​រៀន​អំពី​រដ្ឋាភិបាល​ថ្មី ដែល​នឹង​ចូល​កាន់​តំណែង។

អ្នក​គ្រប់​គ្រង​ជា​មួយ

៨, ៩. (ក) តើ​ពួក​អ្នក​គ្រប់​គ្រង​ជា​មួយ​ព្រះ​គ្រីស្ទ​នឹង​យក​មក​ពី​ណា? (ខ) តើ​យើង​អាច​មាន​ទំនុក​ចិត្ត​អ្វី​លើ​ការ​គ្រប់​គ្រង​របស់​ស្តេច​នេះ និង​ពួក​អ្នក​គ្រប់​គ្រង​ជា​មួយ​ទ្រង់​នោះ?

គឺ​នឹង​មាន​អ្នក​គ្រប់​គ្រង​ជា​មួយ​ព្រះ​គ្រីស្ទ​យេស៊ូ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌។ វិវរណៈ ១៤:១​-​៤ បាន​ទាយ​ប្រាប់​ថា​មាន​មនុស្ស​១៤៤.០០០​នាក់ នឹង​ត្រូវ​យក«ចេញ​ពី​ពួក​មនុស្ស​លោក» ហើយ​នឹង​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ឲ្យ​មាន​ជីវិត​នៅ​ស្ថាន​សួគ៌។ ពួក​អ្នក​ទាំង​នេះ​រួម​បញ្ចូល​មនុស្ស​ប្រុស​ស្រី ដែល​បាន​បំរើ​ព្រះ​ព្រម​ទាំង​គ្នី​គ្នា​របស់​គេ ដោយ​ជា​ជាង​ឲ្យ​គេ​បំរើ​ខ្លួន​ឯង​វិញ​នោះ។ «អ្នក​ទាំង​នោះ​នឹង​ធ្វើ​ជា​ពួក​សង្ឃ​នៃ​ព្រះ នឹង​ព្រះ​គ្រីស្ទ ហើយ​នឹង​សោយ​រាជ្យ​ជា​មួយ​នឹង​ទ្រង់​អស់​១​ពាន់​ឆ្នាំ»។ (វិវរណៈ ២០:៦) ពួក​គេ​មាន​ចំនួន​តិច​ជាង​ឆ្ងាយ​ណាស់​ពី«មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា» ដែល​នឹង​រួច​រស់​ជីវិត​ពី​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ។ ពួក​អ្នក​ទាំង​នេះ​ក៏​បំរើ​ព្រះ«នៅ​ក្នុង​ព្រះ​វិហារ​ទាំង​យប់​ទាំង​ថ្ងៃ»ដែរ ប៉ុន្តែ​ពួក​គេ​ឥត​មាន​ចំណែក​ខាង​ស្ថាន​សួគ៌​ទេ។ (វិវរណៈ ៧:៩, ១៥) ពួក​គេ​ធ្វើ​ជា​គ្រឹះ​នៃ​ផែនដី​ថ្មី​ជា​អនុ​រាស្ត្រ​របស់​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។—ទំនុកដំកើង ៣៧:២៩; យ៉ូហាន ១០:១៦

ក្នុង​ការ​ជ្រើស​រើស​អស់​អ្នក​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​ព្រះ​គ្រីស្ទ​នៅ​ក្នុង​ស្ថាន​សួគ៌ នោះ​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​មនុស្ស​ដ៏​ស្មោះ​ត្រង់ ដែល​បាន​ដក​ពិសោធ​នូវ​បញ្ហា​ទាំង​អស់​ក្នុង​ជីវិត​នោះ។ ពួក​ស្តេច​និង​ពួក​សង្ឃ​ទាំង​នេះ ក៏​បាន​ដក​ពិសោធ​អ្វី​ៗ​ទាំង​អស់ ដែល​មនុស្ស​យើង​បាន​ដក​ពិសោធ​នោះ​ដែរ។ ដូច្នេះ​ជីវិត​របស់​គេ​នៅ​លើ​ផែនដី នឹង​បង្កើន​ឲ្យ​គេ​មាន​សមត្ថភាព​បន្ថែម ដើម្បី​គ្រប់​គ្រង​លើ​មនុស្ស​លោក។ សូម្បី​តែ​ព្រះ​យេស៊ូ​អង្គ​ទ្រង់​ក៏«បាន​រៀន​ស្ដាប់​បង្គាប់ ដោយ​សារ​ការ​ដែល​ទ្រង់​រង​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​នោះ​ដែរ»។ (ហេព្រើរ ៥:៨) សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​អំពី​ទ្រង់​ថា៖ «ដ្បិត​សំ​ដេ​ច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិត​អាសូរ ដល់​សេចក្ដី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្ដី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ»។ (ហេព្រើរ ៤:១៥) ជា​ការ​គួរ​ឲ្យ​សម្រាល​ទុក្ខ​មែន​ហ្ន៎! ដែល​នៅ​ក្នុង​ពិភព​លោក​ថ្មី​ដ៏​ប្រកប​ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ នោះ​មនុស្ស​នឹង​មាន​ពួក​ស្តេច​និង​ពួក​សង្ឃ​ដែល​គ្រប់​គ្រង​លើ​គេ ដោយ​សេចក្ដី​ស្រឡាញ់​និង​ដោយ​ការ​អាណិត​អាសូរ។

តើ​ព្រះ​រាជាណាចក្រ​នេះ​មាន​ក្នុង​គោល​បំណង​របស់​ព្រះ​ឬ​ទេ?

១០. ហេតុ​អ្វី​ក៏​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌ មិន​មែន​ជា​គោល​បំណង​ដំបូង​របស់​ព្រះ​នោះ?

១០ តើ​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​នេះ​ជា​ផ្នែក​នៃ​គោល​បំណង​ដំបូង​របស់​ព្រះ ពេល​ដែល​ទ្រង់​បាន​បង្កើត​អ័ដាម​និង​អេវ៉ា​នោះ​ទេ? នៅ​ក្នុង​ដំណើរ​រឿង​នៃ​លោកុប្បត្តិ​អំពី​ការ​បង្កើត គឺ​ឥត​មាន​រៀប​រាប់​អំពី​ព្រះ​រាជាណាចក្រ​មួយ​ដែល​នឹង​គ្រប់​គ្រង​មនុស្ស​លោក​ឡើយ។ ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​របស់​គេ ហើយ​ឲ្យ​តែ​ពួក​គេ​បាន​ស្ដាប់​បង្គាប់​ទ្រង់ នោះ​គឺ​មិន​ចាំ​បាច់​ឲ្យ​មាន​ការ​គ្រប់​គ្រង​ណា​ទៀត​ឡើយ។ លោកុប្បត្តិ​ជំពូក​ទី​មួយ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​បាន​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​អ័ដាម​និង​អេវ៉ា ប្រហែល​ជា​តាម​រយៈ​បុត្រ​ច្បង​របស់​ទ្រង់​នៅ​ស្ថាន​សួគ៌។ ដំណើរ​រឿង​នេះ​បាន​ប្រើ​ឃ្លា​ដូច​ជា «ទ្រង់​មាន​បន្ទូល​ថា» និង‹ព្រះ​ទ្រង់​បាន​មាន​បន្ទូល›ទៅ​គេ។—លោកុប្បត្តិ ១:២៨, ២៩; យ៉ូហាន ១:១

១១. តើ​មនុស្ស​លោក​បាន​មាន​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​គ្រប់ល័ក្ខណ៍​យ៉ាង​ណា?

១១ ព្រះ​គម្ពីរ​ចែង​ថា៖ «ព្រះ​ទ្រង់​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ»។ (លោកុប្បត្តិ ១:៣១) អ្វី​ៗ​ទាំង​អស់​នៅ​ក្នុង​សួន​ច្បារ​អេដែន គឺ​ល្អ​គ្រប់ល័ក្ខណ៍​ទាំង​អស់។ អ័ដាម​និង​អេវ៉ា​បាន​រស់​នៅ​ក្នុង​សួន​មនោរម្យ។ ពួក​គេ​មាន​គំនិត​គ្រប់ល័ក្ខណ៍​និង​រូប​កាយ​គ្រប់ល័ក្ខណ៍​ដែរ។ ពួក​គេ​អាច​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​ព្រះ​ដ៏​ជា​អ្នក​បង្កើត​គេ ហើយ​ទ្រង់​ក៏​ប្រស្រ័យ​ទាក់​ទង​នឹង​គេ​ដែរ។ ហើយ​ដោយ​ចេះ​តែស្មោះ​ត្រង់ នោះ​ពួក​គេ​អាច​មាន​កូន​ៗ​ដ៏​ល្អ​គ្រប់ល័ក្ខណ៍។ គឺ​មិន​ត្រូវ​ការ​ចាំ​បាច់​នូវ​រដ្ឋាភិបាល​ថ្មី​នៅ​ស្ថាន​សួគ៌​នោះ​ទេ។

១២, ១៣. កាល​ដែល​មនុស្ស​ល្អ​គ្រប់ល័ក្ខណ៍​បាន​កើន​ឡើង ហេតុ​អ្វី​ក៏​ព្រះ​នៅ​តែ​អាច​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​ពួក​គេ​បាន​នោះ?

១២ កាល​ដែល​ក្រុម​គ្រួសារ​មនុស្ស​បាន​កើន​ច្រើន​ឡើង តើ​ព្រះ​ទ្រង់​នឹង​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​គេ​យ៉ាង​ដូច​ម្ដេច? ចូរ​ពិចារណា​មើល​ផ្កាយ​ទាំង​ឡាយ​នៅ​ក្នុង​មេឃ។ ផ្កាយ​ទាំង​នេះ​បាន​ត្រូវ​ដាក់​ជា​មួយ​គ្នា​ក្នុង​សកល​លោក​ជា​កញ្ចុំ​ៗ ដែល​ហៅ​ថា​តារា​វលី។ តារា​វលី​ខ្លះ​មាន​មួយ​ពាន់​លាន​ផ្កាយ។ តារា​វលី​ខ្លះ​ទៀត​មាន​ប្រមាណ​១​លាន​លាន​ផ្កាយ។ ហើយ​ពួក​អ្នក​វិទ្យា​សាស្ត្រ​ស្មានថា​មាន​ប្រមាណ​១០០​ពាន់​លាន​តារា​វលី ដែល​អាច​មើល​ឃើញ​ក្នុង​សកល​លោក​យើង​នេះ! ក៏​ប៉ុន្តែ ព្រះ​ដ៏​ជា​អ្នក​បង្កើត​មាន​បន្ទូល​ថា៖ «ចូរ​ងើយ​ភ្នែក​ឯង​មើល​ទៅ​លើ ហើយ​ពិចារណា​ពី​អ្នក​ណា​ដែល​បាន​បង្កើត​របស់​ទាំង​នេះ ដែល​នាំ​ពួក​ពល​បរិវារ​ចេញ​មក​តាម​ចំនួន​ដូច្នេះ ទ្រង់​ក៏​ហៅ​របស់​ទាំង​នោះ​តាម​ឈ្មោះ​រៀង​រាល់​តួ ដោយ​ព្រះ​ចេស្ដា​ដ៏​ធំ​របស់​ទ្រង់ ហើយ​គ្មាន​ណា​មួយ​ខាន​ឡើយ ដោយ​ព្រោះ​តេជានុភាព​ដ៏​ខ្លាំង​ក្លា​ដែរ»។—អេសាយ ៤០:២៦

១៣ ដោយ​ព្រោះ​ព្រះ​អាច​ចាំ​ផ្កាយ​និង​តារា​វលី​ទាំង​ឡាយ យ៉ាង​ប្រាកដ​ណាស់​គឺ​មិន​ជា​បញ្ហា​ចំពោះ​ទ្រង់ ឲ្យ​ចាំ​ចំនួន​ដ៏​តិច​ជាង​នៃ​មនុស្ស​ឡើយ។ សូម្បី​តែ​ឥឡូវ ពួក​អ្នក​បំរើ​របស់​ទ្រង់​រាប់​លាន​នាក់​អធិស្ឋាន​ទៅ​រក​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ។ សេចក្ដី​អធិស្ឋាន​ទាំង​នោះ​ទៅ​ដល់​ព្រះ​មួយ​រំពេច​ភ្លាម។ ដូច្នេះ​ការ​ប្រស្រ័យ​ទាក់​ទង​នឹង​មនុស្ស​គ្រប់ល័ក្ខណ៍​ទាំង​អស់ មិន​ជា​បញ្ហា​ចំពោះ​ទ្រង់​ឡើយ។ ទ្រង់​មិន​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​ដើម្បី​ឲ្យ​ចង​ចាំ​ពួក​គេ​នោះ​ទេ។ នេះ​ជា​របៀប​រៀបចំ​ដ៏​អស្ចារ្យ​យ៉ាង​ណា​ទៅ​ហ្ន៎! ដោយ​មាន​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង នោះ​អាច​ទាក់​ទង​ដោយ​ចំ​ៗ​ជា​មួយ​ទ្រង់ និង​ដើម្បី​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​នៃ​ការ​មិន​ចេះ​ស្លាប់ ដោយ​រស់​នៅ​ជា​រៀង​រហូត​លើ​ផែនដី​មនោរម្យ។

«មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ»

១៤. ហេតុ​អ្វី​ក៏​មនុស្ស​លោក​ត្រូវ​ការ​នូវ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត?

១៤ ក៏​ប៉ុន្តែ​មនុស្ស​លោក ទោះ​ជា​ពួក​គេ​ជា​មនុស្ស​គ្រប់ល័ក្ខណ៍​ក៏​ដោយ ក៏​ត្រូវ​ការ​នូវ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត​ដែរ។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​យេហូវ៉ា​មិន​បាន​បង្កើត​គេ​ឲ្យ​មាន​សមត្ថភាព​បាន​ជោគ​ជ័យ ដោយ​ឥត​ពឹង​ទៅ​លើ​ការ​គ្រប់​គ្រង​របស់​ទ្រង់​នោះ​ឡើយ។ នោះ​ហើយ​ជា​ក្រិត្យ​វិន័យ​របស់​មនុស្ស​លោក ដូច​ជា​ព្យាការី​យេរេមា​បាន​ទទួល​ស្គាល់​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! ទូល​បង្គំ​ដឹង​ថា ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​ដំរង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ។ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ផ្ចាល​ទូល​បង្គំ​ចុះ»។ (យេរេមា ១០:២៣, ២៤) គឺ​នឹង​ប្រកប​ដោយ​ភាព​ល្ងង់​ខ្លៅ​ហើយ បើ​មនុស្ស​លោក​គិត​ថា​គេ​អាច​គ្រប់​គ្រង​សង្គម​នេះ​ដោយ​ជោគ​ជ័យ ដោយ​មិន​ឲ្យ​ព្រះ​យេហូវ៉ា​គ្រប់​គ្រង​លើ​ពួក​គេ​នោះ។ នេះ​នឹង​ខុស​ផ្ទុយ​ពី​របៀប​ដែល​គេ​បាន​ត្រូវ​បង្កើត​មក​ហើយ។ ភាព​មិន​ពឹង​លើ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា ក្រោយ​មក​នឹង​ពិត​ជា​មាន​អត្តទត្ថភាព សេចក្ដី​ស្អប់ ភាព​សាហាវ​ព្រៃ​ផ្សៃ អំពើ​ឃោរឃៅ សង្គ្រាម និង​សេចក្ដី​ស្លាប់​ជា​ពុំ​ខាន។ ‹មនុស្ស​នឹង​ត្រួត​ត្រា​លើ​មនុស្ស ដែល​ធ្វើ​ឲ្យ​គេ​រង​ទុក្ខ​វេទនា›។—សាស្ដា ៨:៩

១៥. តើ​បាន​មាន​លទ្ធផល​យ៉ាង​ណា ពី​ការ​សម្រេច​ចិត្ត​ដ៏​អាក្រក់​របស់​ឪពុក​ម្ដាយ​ដំបូង​របស់​យើង?

១៥ គួរ​ឲ្យ​សោក​ស្ដាយ​មែន ដែល​ឪពុក​ម្ដាយ​ដំបូង​របស់​យើង​បាន​សម្រេច​ចិត្ត​ថា ពួក​គេ​មិន​ត្រូវ​ការ​ព្រះ​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ​ទេ ហើយ​ពួក​គេ​បាន​សម្រេច​ចិត្ត​រស់​នៅ ដោយ​ឥត​ពឹង​ពាក់​លើ​ទ្រង់។ ជា​លទ្ធផល ព្រះ​ទ្រង់​ក៏​លែង​ទ្រ​ទ្រង់​ពួក​គេ​ឲ្យ​មាន​ភាព​គ្រប់ល័ក្ខណ៍​ទៀត។ ឥឡូវ​នេះ ពួក​គេ​ហាក់​ដូច​ជា​គ្រឿង​ប្រើ​អគ្គីសនី ដែល​បាន​ដាច់​ពី​ប្រភព​អគ្គីសនី។ ដូច្នេះ​នៅ​ពេល​ក្រោយ​មក ពួក​គេ​នឹង​បង្អង់​ល្បឿន​ហើយ​ក៏​ឈប់ ដោយ​ទទួល​មរណភាព។ ពួក​គេ​បាន​ក្លាយ​ទៅ​ជា​គំរូ​ដែល​មាន​ខ្ចោះ ហើយ​ពួក​គេ​អាច​ផ្ដល់​ស្ថានភាព​នោះ​ទៅ​ដល់​កូន​ចៅ​របស់​គេ។ (រ៉ូម ៥:១២) «[ព្រះ​យេហូវ៉ា]ទ្រង់​ជា​ថ្ម​ដា ការ​របស់​ទ្រង់​សុទ្ធ​តែ​គ្រប់ល័ក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធ​តែ​ប្រកប​ដោយ​យុត្ដិធម៌ . . . គេ​បាន​បង្ខូច​ខ្លួន​ហើយ សេចក្ដី​សៅហ្មង​របស់​គេ​មិន​មែន​ជា​របស់​ពួក​កូន​ទ្រង់​ទេ គេ​ជា​ដំណ​មនុស្ស​វៀច​ហើយ​ក្រ​វិច​ក្រ​វៀន»។ (ចោទិយកថា ៣២:៤, ៥) ពិត​មែន សត្តនិករ​វិញ្ញាណ​ដ៏​បះ​បោរ​ដែល​បាន​ក្លាយ​ទៅ​ជា​សាតាំង បាន​មាន​ឥទ្ធិពល​លើ​អ័ដាម​និង​អេវ៉ា ក៏​ប៉ុន្តែ​ពួក​គេ​មាន​សតិ​ដ៏​គ្រប់ល័ក្ខណ៍ ហើយ​អាច​បដិសេធ​ចោល​នូវ​យោបល់​ដ៏​អាក្រក់​របស់​វា។—លោកុប្បត្តិ ៣:១​-​១៩; យ៉ាកុប ៤:៧

១៦. តើ​ប្រវត្ដិសាស្ត្រ​ផ្ដល់​ភស្តុ​តាង​យ៉ាង​ណា ចំពោះ​លទ្ធផល​មក​ពី​ការ​មិន​ពឹង​ពាក់​លើ​ព្រះ​នោះ?

១៦ ប្រវត្ដិសាស្ត្រ​ផ្ដល់​ភស្តុ​តាង​ដែល​មាន​ច្រើន​ចំពោះ​លទ្ធផល​នៃ​ភាព​មិន​ពឹង​ពាក់​លើ​ព្រះ។ រាប់​ពាន់​ឆ្នាំ​មក​ហើយ មនុស្ស​លោក​បាន​សាក​ល្បង​គ្រប់​បែប​យ៉ាង​នៃ​ការ​គ្រប់​គ្រង ហើយ​ប្រព័ន្ធ​ខាង​សេដ្ឋកិច្ច​និង​របប​សង្គម​ទាំង​អស់​របស់​មនុស្ស។ ក៏​ប៉ុន្តែ អំពើ​អាក្រក់​ជួជាតិ​បន្ត«មាន​ជំនឿន​ជឿន​ទៅ​ខាង​សេចក្ដី​អាក្រក់ កាន់​តែ​ខ្លាំង​ឡើង»។ (ធីម៉ូថេ​ទី​២ ៣:១៣) សតវត្ស​ទី​២០​បាន​ស​ឲ្យ​ឃើញ​អំពី​រឿង​នោះ។ សតវត្ស​នោះ​គឺ​មាន​ពេញ​ដោយ​សេចក្ដី​ស្អប់​ដ៏​សាហាវ​ព្រៃ​ផ្សៃ និង​អំពើ​ឃោរឃៅ​បំផុត សង្គ្រាម សេចក្ដី​ស្រេក​ឃ្លាន ភាព​ក្រី​ក្រ និង​ការ​រង​ទុក្ខ​វេទនា​ច្រើន​ជាង​ពេល​ណា​ៗ​ទៅ​ទៀត​ក្នុង​ប្រវត្ដិសាស្ត្រ។ ហើយ​ទោះ​ជា​មាន​ការ​ជឿន​លឿន​ខាង​វិជ្ជា​ពេទ្យ​ក៏​ដោយ មិន​យូរ​មិន​ឆាប់ មនុស្ស​គ្រប់​គ្នា​នៅ​តែ​ស្លាប់​ទៅ​វិញ។ (សាស្ដា ៩:៥, ១០) ដោយ​ខំ​តម្រង់​ជំហាន​របស់​គេ នោះ​មនុស្ស​លោក​បាន​អនុញ្ញាត​ឲ្យ​ខ្លួន​ទទួល​រង​គ្រោះ​ពី​សាតាំង​និង​ពួក​បិសាច​របស់​វា ដល់​ម្ល៉េះ​ដែល​ព្រះ​គម្ពីរ​ហៅ​សាតាំង​ជា«ព្រះ​របស់​លោកីយ​នេះ»។—កូរិនថូស​ទី​២ ៤:៤

អំណោយ​ទាន​នៃ​ចិត្ត​សេរី

១៧. តើ​អំណោយ​ទាន​របស់​ព្រះ​ជា​ចិត្ត​សេរី​ត្រូវ​ឲ្យ​ប្រើ​យ៉ាង​ដូច​ម្ដេច?

១៧ ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​មនុស្ស​ធ្វើ​តាម​តែ​ចិត្ត​គេ​ដូច្នេះ? ពីព្រោះ​ទ្រង់​បាន​បង្កើត​គេ​ដោយ​មាន​អំណោយ​ទាន​ជា​ចិត្ត​សេរី​ដ៏​អស្ចារ្យ ដែល​ជា​ញាណ​សតិ​នៃ​សេរី​ភាព​ខាង​ការ​ជ្រើស​រើស។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា៖ «កន្លែង​ណា​ដែល​មាន​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ នោះ​ក៏​មាន​សេរី​ភាព​ដែរ»។ (កូរិនថូស​ទី​២ ៣:១៧) គ្មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​ជា​មនុស្ស​យន្ត ដោយ​ឲ្យ​អ្នក​ណា​ម្នាក់​ទៀត​សម្រេច​ចិត្ត​រាល់​តែ​ដង​នូវ​អ្វី​ដែល​គាត់​នឹង​និយាយ ព្រម​ទាំង​ធ្វើ​នោះ​ឡើយ។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​មនុស្ស​ប្រើ​ឲ្យ​បាន​ត្រឹម​ត្រូវ​នូវ​អំណោយ​ទាន​នោះ​ជា​ចិត្ត​សេរី ឲ្យ​បាន​ឃើញ​នូវ​ប្រាជ្ញា​នៃ​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់ ហើយ​រក្សា​នូវ​ការ​ចុះ​ចូល​នឹង​ទ្រង់។ (កាឡាទី ៥:១៣) ដូច្នេះ​សេរី​ភាព​គឺ​មិន​មាន​ទាំង​ស្រុង​នោះ​ទេ ព្រោះ​នេះ​នឹង​នាំ​ឲ្យ​មាន​អនាធិបតេយ្យ។ គឺ​ត្រូវ​ប្រើ​សេរី​ភាព​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ព្រំ​ដែន​នៃ​ក្រិត្យ​វិន័យ​ល្អ​ប្រសើរ​របស់​ព្រះ។

១៨. តើ​ព្រះ​ទ្រង់​បាន​សម្ដែង​ឲ្យ​ឃើញ​អ្វី ដោយ​អនុញ្ញាត​ឲ្យ​មនុស្ស​ប្រើ​ការ​ជ្រើស​រើស​ដោយ​ចិត្ត​សេរី​នោះ?

១៨ ដោយ​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​មនុស្ស​ធ្វើ​តាម​ផ្លូវ​របស់​ខ្លួន​នោះ ព្រះ​បាន​សម្ដែង​ឲ្យ​ឃើញ​ជា​ស្ថាពរ​ថា យើង​ត្រូវ​ការ​ការ​គ្រប់​គ្រង​របស់​ទ្រង់។ របៀប​គ្រប់​គ្រង​របស់​ទ្រង់ គឺ​អធិបតេយ្យភាព​របស់​ទ្រង់ ជា​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​តែ​មួយ​គត់។ ការ​គ្រប់​គ្រង​នេះ​នាំ​ឲ្យ​មាន​សុភមង្គល ភាព​ស្កប់​ស្កល់​ចិត្ត និង​ភាព​ចំរើន​យ៉ាង​ខ្លាំង​បំផុត។ នេះ​គឺ​ពីព្រោះ​សតិ​និង​រូប​កាយ​របស់​យើង បាន​ត្រូវ​បង្កើត​មក​ដោយ​ព្រះ​យេហូវ៉ា ឲ្យ​មាន​ដំណើរ​ប្រសើរ​បំផុត កាល​ដែល​មាន​ការ​សម​ស្រប​នឹង​ក្រិត្យ​វិន័យ​របស់​ទ្រង់។ «អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ»។ (អេសាយ ៤៨:១៧) ការ​ជ្រើស​រើស​ដោយ​ចិត្ត​សេរី​ក្នុង​ព្រំ​ដែន​នៃ​ក្រិត្យ​វិន័យ​របស់​ព្រះ មិន​មែន​ជា​បន្ទុក​ទេ ក៏​ប៉ុន្តែ​នឹង​នាំ​ឲ្យ​មាន​អាហារ ផ្ទះ​សម្បែង សិល្បៈ និង​ភ្លេង​គ្រប់​បែប​យ៉ាង​ដ៏​ជា​ទី​ចូល​ចិត្ត​វិញ។ បើ​បាន​អនុវត្ត​ត្រឹម​ត្រូវ នូវ​ចិត្ត​សេរី​នឹង​នាំ​ឲ្យ​មាន​ជីវិត​ដ៏​អស្ចារ្យ ដែល​ជាប់​ចិត្ត​ជា​និច្ច​ក្នុង​ផែនដី​មនោរម្យ។

១៩. តើ​ទី​ភ្នាក់ងារ​អ្វី​ដែល​ព្រះ​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​លោក​ផ្សះ​ផ្សា​នឹង​ទ្រង់​នោះ?

១៩ ប៉ុន្តែ ដោយ​ការ​សម្រេច​ចិត្ត​ដ៏​ខុស​របស់​គេ នោះ​មនុស្ស​លោក​ក៏​បាន​ឃ្លាត​ចេញ​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា ក្លាយ​ទៅ​ជា​មិន​គ្រប់ល័ក្ខណ៍ ដែល​ចេះ​តែ​ឱនថយ​ទៅ​រហូត​ដល់​ស្លាប់។ ដូច្នេះ​ពួក​គេ​ត្រូវ​ការ​ទ្រង់​ឲ្យ​រំដោះ​គេ​ចេញ​ពី​ស្ថានភាព​ដ៏​សោក​ស្ដាយ​នេះ ហើយ​នាំ​ឲ្យ​មាន​ទំនាក់​ទំនង​ត្រឹម​ត្រូវ​ជា​មួយ​នឹង​ព្រះ ជា​កូន​ប្រុស​ស្រី​របស់​ទ្រង់។ ទី​ភ្នាក់ងារ​ដែល​ព្រះ​បាន​ប្រើ​ដើម្បី​សម្រេច​រឿង​នេះ គឺ​តាម​រយៈ​ព្រះ​រាជាណាចក្រ និង​អ្នក​លោះគឺ​ជា​ព្រះ​យេស៊ូ​គ្រីស្ទ។ (យ៉ូហាន ៣:១៦) តាម​រយៈ​របៀប​រៀបចំ​នេះ ពួក​មនុស្ស​ដែល​បាន​ប្រែ​ចិត្ត​ដោយ​ស្មោះ ដូច​ជា​កូន​បង្ហិន​ទ្រព្យ​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ នឹង​បាន​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ​វិញ ហើយ​ទ្រង់​នឹង​ទទួល​ពួក​គេ​មក​វិញ ជា​កូន​ៗ​របស់​ទ្រង់។—លូកា ១៥:១១​-​២៤; រ៉ូម ៨:២១; កូរិនថូស​ទី​២ ៦:១៨

២០. តើ​គោល​បំណង​របស់​ព្រះ​នឹង​ត្រូវ​សម្រេច​ដោយ​ព្រះ​រាជាណាចក្រ​នេះ​យ៉ាង​ដូច​ម្ដេច?

២០ បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​នឹង​បាន​ត្រូវ​សម្រេច​នៅ​លើ​ផែនដី​នេះ​ជា​ពុំ​ខាន។ (អេសាយ ១៤:២៤, ២៧; ៥៥:១១) តាម​រយៈ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​គ្រីស្ទ នោះ​ព្រះ​ទ្រង់​នឹង​ធ្វើ​យុត្ដិកម្ម​យ៉ាង​ពេញ​លេញ (ស​ឲ្យ​ឃើញ)នូវ​សិទ្ធិ​របស់​ទ្រង់​ជា​ព្រះ​មហា​ក្សត្រ​របស់​យើង។ ព្រះ​រាជាណាចក្រ​នេះ​នឹង​នាំ​ឲ្យ​មាន​ទី​បញ្ចប់​ដល់​ការ​គ្រប់​គ្រង​របស់​មនុស្ស និង​របស់​ពួក​បិសាច​ទៅ​លើ​ផែនដី​នេះ ហើយ​មាន​តែ​ព្រះ​រាជាណាចក្រ​នេះ​ទេ ដែល​នឹង​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌​អស់​មួយ​ពាន់​ឆ្នាំ​នោះ។ (រ៉ូម ១៦:២០; វិវរណៈ ​២០:១​-​៦) ក៏​ប៉ុន្តែ​ក្នុង​កំឡុង​ពេល​នោះ តើ​ភាព​ខ្ពង់​ខ្ពស់​នៃ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា នឹង​ត្រូវ​សម្ដែង​ឲ្យ​ឃើញ​យ៉ាង​ដូច​ម្ដេច? ហើយ​បន្ទាប់​ពី​មួយ​ពាន់​ឆ្នាំ តើ​ព្រះ​រាជាណាចក្រ​នេះ​នឹង​មាន​មុខ​នាទី​យ៉ាង​ណា? អត្ថបទ​ជា​បន្ទាប់​នឹង​ពិនិត្យ​មើល​នូវ​សំនួរ​ទាំង​នេះ។

ចំណុច​ផ្សេង​ៗ​សំរាប់​រៀន​សា​ឡើង​វិញ

តើ​ផ្ទៃ​រឿង​ទាំង​មូល​នៃ​ព្រះ​គម្ពីរ​ជា​អ្វី?

តើ​អ្នក​ណា​ដែល​មាន​ចំណែក​ក្នុង​ការ​គ្រប់​គ្រង​ថ្មី​របស់​ផែនដី​នេះ?

ហេតុ​អ្វី​ក៏​ការ​គ្រប់​គ្រង​របស់​មនុស្ស​ដោយ​មិន​ពឹង​ពាក់​ទៅ​លើ​ព្រះ ពុំ​អាច​ទទួល​បាន​ជោគ​ជ័យ​ឡើយ?

តើ​ចិត្ត​សេរី​ត្រូវ​ឲ្យ​អនុវត្ត​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២៣]

ការ​បង្រៀន​របស់​ព្រះ​យេស៊ូ​បាន​បញ្ជាក់​ដោយ​ការ​គ្រប់​គ្រង​របស់​ព្រះ តាម​រយៈ​ព្រះ​រាជាណាចក្រ

[រូប​ភាព​នៅ​ទំព័រ​២៤]

នៅ​ក្នុង​ប្រទេស​និមួយ​ៗ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​រាប់​ទុក​ព្រះ​រាជាណាចក្រ​ជា​ការ​បង្រៀន​ដ៏​សំខាន់​បំផុត​របស់​គេ

[រូប​ភាព​នៅ​ទំព័រ​២៦]

ប្រវត្ដិសាស្ត្រ​ផ្ដល់​ភស្តុ​តាង​នូវ​លទ្ធផល​ដ៏​អាក្រក់​មក​ពី​ការ​មិន​ពឹង​ពាក់​ទៅ​លើ​ព្រះ

[អ្នក​ផ្ដល់​សិទ្ធិ]

WWI soldiers: U.S. National Archives photo; concentration camp: O​ś​wi​ę​cim Museum; child: UN PHOTO 186156/J. Isaac