លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សុភមង្គលដែលគ្មានទីបញ្ចប់ នៅលើស្ថានសួគ៌ឬនៅលើផែនដី?

សុភមង្គលដែលគ្មានទីបញ្ចប់ នៅលើស្ថានសួគ៌ឬនៅលើផែនដី?

សុភមង្គល​ដែល​គ្មាន​ទី​បញ្ចប់ នៅ​លើ​ស្ថាន​សួគ៌​ឬ​នៅ​លើ​ផែនដី?

តើ​សុភមង្គល​របស់​អ្នក​ភាគ​ច្រើន​ស្រេច​តែ​នឹង​កន្លែង​ដែល​អ្នក​រស់​នៅ​ឬ? មនុស្ស​ភាគ​ច្រើន​នឹង​ឆាប់​ព្រម​ទទួល​ស្គាល់​ថា សុភមង្គល​ស្រេច​តែ​នឹង​កត្ដា​ៗ​ដូច​ជា​សុខភាព​ល្អ ជីវិត​ដែល​មាន​គោល​បំណង ហើយ​ទំនាក់​ទំនង​ដ៏​ពេញ​ចិត្ត​ជា​មួយ​នឹង​អ្នក​ដទៃ។ សុភាសិត​មួយ​ក្នុង​ព្រះ​គម្ពីរ​ចែង​ដូច​នេះ​ថា៖ «ស៊ូ​ឲ្យ​មាន​តែ​បន្លែ​ជា​ម្ហូប នៅ​កន្លែង​ណា​ដែល​មាន​សេចក្ដី​ស្រឡាញ់ ជា​ជាង​មាន​សាច់​គោ​ដែល​បំប៉ន​ឲ្យ​ធាត់​ហើយ​មាន​សេចក្ដី​សំអប់​វិញ»។—សុភាសិត ១៥:១៧

ក៏​ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ​ណាស់ ដែល​ផែនដី​ជា​លំនៅ​របស់​យើង​នេះ មាន​ប្រវត្ដិ​ជា​យូរ​យារ​មក​ហើយ​នូវ​សេចក្ដី​ស្អប់ អំពើ​ឃោរឃៅ និង​អំពើ​អាក្រក់​ជួជាតិ​បែប​ផ្សេង​ៗ​ទៀត។ ក៏​ប៉ុន្តែ​ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ស្ថាន​សួគ៌ ឬ​វិស័យ​វិញ្ញាណ​ដែល​មនុស្ស​ជា​ច្រើន​សង្ឃឹម​ចង់​ទៅ​ក្រោយ​ពី​ពួក​គេ​ទទួល​មរណភាព​នោះ? ដូច​ជា​តាម​ការ​ស្មានជា​ទូទៅ តើ​ស្ថាន​សួគ៌​តែង​តែ​ជា​កន្លែង​ដែល​មាន​សន្ដិភាព​សុខ​សាន្ត​និង​ភាព​ស្ងប់​ស្ងាត់ ដោយ​ឥត​មាន​ការ​រំខាន​បែប​ណា​ទាល់​តែ​សោះ​ឬ?

ព្រះ​គម្ពីរ​បង្រៀន​ថា​ព្រះ​គង់​នៅ​លើ​ស្ថាន​សួគ៌ រួម​ជា​មួយ​សត្តនិករ​វិញ្ញាណ​រាប់​លាន​រូប ដែល​ហៅ​ថា​ពួក​ទេវតា។ (ម៉ាថាយ ១៨:១០; វិវរណៈ ៥:១១) ពួក​ទាំង​នេះ​បាន​ត្រូវ​រៀប​រាប់​ជា‹កូន​ៗ​ខាង​វិញ្ញាណ​របស់​ព្រះ›។ (យ៉ូប ៣៨:៤, ៧) ដូច​ជា​មនុស្សជាតិ ពួក​ទេវតា​ក៏​មាន​ចិត្ត​សេរី​ដែរ ពួក​គេ​មិន​មែន​ជា​រូប​យន្ត​នោះ​ទេ។ ដូច្នេះ ជា​បន្ទាប់​ពួក​គេ​ក៏​អាច​សម្រេច​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ឬ​អ្វី​ដែល​ខុស​នោះ​ដែរ។ តើ​ពួក​ទេវតា​នឹង​ជ្រើស​រើស​ធ្វើ​ខុស​ឬ​ទេ? គឺ​ប្រហែល​ជា​ការ​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ភ្ញាក់​ផ្អើល​ដោយ​ដឹង​ថា រាប់​ពាន់​ឆ្នាំ​កន្លង​ទៅ​នេះ ពួក​ទេវតា​មួយ​ចំនួន​ធំ​បាន​ធ្វើ​អ៊ីចឹង​មែន ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​នឹង​ព្រះ ពិត​ហើយ​ពួក​គេ​បាន​បះ​បោរ​ប្រឆាំង​នឹង​ទ្រង់!—យូដាស ៦

ពួក​អ្នក​បះ​បោរ​នៅ​ក្នុង​ស្ថាន​សួគ៌

បាប​បាន​លេច​ឡើង​នៅ​ក្នុង​វិស័យ​វិញ្ញាណ ពីព្រោះ​ដោយ​ការ​បះ​បោរ​ពី​ទេវតា​មួយ​អង្គ ដែល​បាន​ទៅ​ជា​មាន​ឈ្មោះ​ថា​សាតាំង (អ្នក​ប្រឆាំង) និង​អារក្ស (អ្នក​និយាយ​បង្ខូច)។ ទេវតា​នេះ​ដែល​ធ្លាប់​ចេះ​តែ​ស្ដាប់​បង្គាប់ បាន​សម្រេច​ចិត្ត​ធ្វើ​អំពើ​ខុស​តាម​តែ​ចិត្ត​សេរី​របស់​វា។ ក្រោយ​ពី​នោះ​មក វា​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​អានុភាព​ដ៏​អាក្រក់​ដល់​សត្តនិករ​វិញ្ញាណ​ឯ​ទៀត។ ដូច្នេះ​មក​ដល់​គ្រា​នៃ​សម័យ​របស់​លោក​ណូអេ មុន​នឹង​ទឹក​ជំនន់ នោះ​ពួក​ទេវតា​មួយ​ចំនួន​ធំ​បាន​ចូល​រួម​នឹង​សាតាំង​ក្នុង​ការ​បះ​បោរ​ប្រឆាំង​នឹង​ព្រះ។—លោកុប្បត្តិ ៦:២; ពេត្រុស​ទី​២ ២:៤

ពួក​ទេវតា​ទាំង​នេះ​ដែល​ប្រព្រឹត្ត​អំពើ​បាប​ឥត​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​ស្ថាន​សួគ៌​ភ្លាម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​បាន​ត្រូវ​ត្រា​ប្រណី​ឲ្យ​ពួក​គេ​ចូល​ទី​នោះ តាម​មើល​ទៅ​ប្រហែល​ជា​មាន​ល័ក្ខខ័ណ្ឌ​ខ្លះ អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ។ a ក៏​ប៉ុន្តែ នៅ​ពេល​ដែល​ការ​ត្រា​ប្រណី​របស់​ព្រះ​បាន​ចប់​ទៅ​ចំពោះ​ពួក​អ្នក​ធ្វើ​អាក្រក់​ទាំង​នេះ នោះ​ពួក​គេ​បាន​ត្រូវ«បោះ​ទំលាក់»ពី​ស្ថាន​សួគ៌ ដែល​នឹង​ត្រូវ​កំទេច​ចោល​នៅ​ទី​បំផុត។ ពេល​នោះ​ឮ​សម្លេង​ចេញ​ពី​ស្ថាន​សួគ៌​មក​ថា៖ «ដោយ​ហេតុ​នោះ ឱ​ស្ថាន​សួគ៌! នឹង​ពួក​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ! ចូរ​អរ​សប្បាយ​ឡើង!»។ (វិវរណៈ ១២:៧​-​១២) តាម​មើល​ទៅ ពួក​ទេវតា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​បាន​អរ​សប្បាយ​យ៉ាង​ខ្លាំង ដែល​នៅ​ទី​បំផុត​ស្ថាន​សួគ៌​បាន​ត្រូវ​បោស​សំអាត​ចេញ​នូវ​ពួក​ទេវតា​ដែល​នាំ​ឲ្យ​មាន​បញ្ហា!

ដោយ​ការ​ពិនិត្យ​មើល​នូវ​ពត៌មាន​ដ៏​ល្អិត​ល្អន់​ទាំង​នេះ ដែល​ជា​ទូទៅ​គ្មាន​អ្នក​ណា​ដឹង គឺ​ឃើញ​យ៉ាង​ច្បាស់​ថា មិន​អាច​មាន​សន្ដិភាព​ពិត​ទេ កាល​ណា សត្តនិករ​ដ៏​វាង​វៃ​បដិសេធ​ចោល​ក្រិត្យ​វិន័យ​និង​គោល​ការណ៍​របស់​ព្រះ។ (អេសាយ ៥៧:២០, ២១; យេរេមា ១៤:១៩, ២០) ម្យ៉ាង​វិញ​ទៀត នៅ​ពេល​ដែល​មនុស្ស​ទាំង​អស់​គ្នា​ស្ដាប់​បង្គាប់​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ នោះ​នឹង​មាន​សន្ដិភាព​និង​ភាព​ស្ងប់​ស្ងៀម។ (ទំនុកដំកើង ១១៩:១៦៥; អេសាយ ៤៨:១៧, ១៨) ដូច្នេះ​បើ​មនុស្សជាតិ​ទាំង​អស់​បាន​ស្រឡាញ់​និង​បាន​ស្ដាប់​បង្គាប់​ព្រះ ហើយ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក តើ​ផែនដី​នេះ​នឹង​មិន​មែន​ជា​ទី​លំនៅ​ដ៏​ពេញ​ចិត្ត និង​ដ៏​សប្បាយ​ទេ​ឬ? ព្រះ​គម្ពីរ​ឆ្លើយ​ថា​អ៊ីចឹង​មែន​ហើយ!

ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​អស់​អ្នក​ដែល​បដិសេធ​ដោយ​មាន​ចិត្ត​កំណាញ់ មិន​ចង់​ផ្លាស់​ប្ដូរ​ផ្លូវ​ដ៏​អាក្រក់​របស់​គេ​នោះ? តើ​ពួក​គេ​នឹង​រំខាន​ជា​រៀង​រហូត ដល់​សន្ដិភាព​នៃ​អស់​អ្នក​ដែល​ពិត​ជា​ចង់​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ​ឬ​ទេ? អត់​ទេ! ព្រះ​ទ្រង់​បាន​ប្រឈម​មុខ​ដោះ​ស្រាយ​នឹង​ពួក​ទេវតា​អាក្រក់​នៅ​ស្ថាន​សួគ៌ ហើយ​ទ្រង់​នឹង​ធ្វើ​អ៊ីចឹង​ដែរ​ដល់​ពួក​មនុស្ស​អាក្រក់​នៅ​លើ​ផែនដី​នេះ។

ផែនដី​ដែល​បាន​បោស​សំអាត

ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​អញ ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​អញ»។ (អេសាយ ៦៦:១) ដោយ​ទ្រង់​មាន​ភាព​បរិសុទ្ធ​ដ៏​ខ្ពស់​បំផុត នោះ​ព្រះ​នឹង​មិន​អនុញ្ញាត​ឲ្យ«កំណល់​កល់​ជើង»របស់​ទ្រង់ បាន​ខូច​ដោយ​អំពើ​អាក្រក់​ជា​រៀង​រហូត​នោះ​ឡើយ។ (អេសាយ ៦:១​-​៣; វិវរណៈ ៤:៨) ដូច​ជា​ទ្រង់​បាន​កំចាត់​ចេញ​ពួក​វិញ្ញាណ​អាក្រក់​ចេញ​ពី​ស្ថាន​សួគ៌ ដូច្នេះ​ហើយ​ទ្រង់​ក៏​នឹង​កំចាត់​ចេញ​ពួក​មនុស្ស​អាក្រក់​ទាំង​អស់​ចេញ​ពី​ផែនដី​នេះ​ដែរ ដូច​ជា​ខ​បទ​គម្ពីរ​ជា​បន្ត​បន្ទាប់​បង្ហាញ​ឲ្យ​ឃើញ:

«ពួក​អ្នក​ដែល​ធ្វើ​អាក្រក់ នឹង​ត្រូវ​កាត់​ចេញ តែ​អស់​អ្នក​ដែល​រង់​ចាំ​ព្រះ​យេហូវ៉ា នោះ​នឹង​បាន​ផែនដី​ជា​មរដក»។—ទំនុកដំកើង ៣៧:៩

«មនុស្ស​ទៀង​ត្រង់​នឹង​អាស្រ័យ​នៅ​ផែនដី ហើយ​មនុស្ស​គ្រប់​លក្ខណ៍​នឹង​បាន​នៅ​ជាប់ តែ​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ឲ្យ​សូន​ចេញ​ពី​ផែនដី​វិញ ហើយ​មនុស្ស​ប្រទូសរ៉ាយ​នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ»។—សុភាសិត ២:២១, ២២

«សេចក្ដី​សុចរិត​នៅ​ចំពោះ​ព្រះ គឺ​នឹង​សង​សេចក្ដី​ទុក្ខ​លំបាក ដល់​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ដល់​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​នោះ បាន​សំរាក​ជា​មួយ​នឹង​យើង​ខ្ញុំ​វិញ ក្នុង​កាល​ដែល​ព្រះ​អម្ចាស់​យេស៊ូវ ទ្រង់​លេច​មក​ពី​ស្ថាន​សួគ៌ ជា​មួយ​នឹង​ពួក​ទេវតា​នៃ​ព្រះ​ចេស្ដា​ទ្រង់ នៅ​ក្នុង​អណ្ដាត​ភ្លើង ទាំង​សង​សឹក​នឹង​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ ហើយ​នឹង​ពួក​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់​នៃ​យើង គេ​នឹង​រង​ទុក្ខ​ទោស ជា​សេចក្ដី​ហិន​វិនាស​អស់​កល្ប​ជា​និច្ច ឃ្លាត​ពី​ព្រះ​ភក្ដ្រ​នៃ​ព្រះ​អម្ចាស់​ហើយ​ពី​សិរី​ល្អ​នៃ​ព្រះ​ចេស្ដា​ទ្រង់»។—ថែស្សាឡូនីច​ទី​២ ១:៦​-​៩

«ឯ​លោកីយ​នេះ[មនុស្ស​លោក​ដ៏​អាក្រក់] នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់​កល្ប​ជា​និច្ច​វិញ»។—យ៉ូហាន​ទី​១ ២:១៧

តើ​ផែនដី​នេះ​នឹង​មាន​សន្ដិភាព​ជា​រៀង​រហូត​ឬ​ទេ?

ទោះ​ជា​បទ​គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​លាស់ ថា​ការ​ត្រា​ប្រណី​របស់​ព្រះ​ចំពោះ​ពួក​មនុស្ស​អាក្រក់​មាន​ព្រំ​ដែន តើ​តាម​របៀប​ណា​ដែល​យើង​អាច​ដឹង​ប្រាកដ​ក្នុង​ចិត្ត​ថា ពេល​ដែល​បាន​កំចាត់​ចោល​នូវ​អំពើ​អាក្រក់​ហើយ នោះ​នឹង​មិន​មាន​ម្ដង​ទៀត​នោះ? ដ្បិត​ក្រោយ​ពី​ទឹក​ជំនន់​នៃ​សម័យ​របស់​លោក​ណូអេ នោះ​មិន​យូរ​ប៉ុន្មាន​មក​អំពើ​អាក្រក់​ក៏​មាន​ម្ដង​ទៀត​ដល់​ម្ល៉េះ ដែល​ព្រះ​ត្រូវ​តែ​ធ្វើ​ឲ្យ​ខក​ខាន​ដល់​គម្រោង​ការណ៍​ដ៏​អាក្រក់​របស់​មនុស្សជាតិ ដោយ​ធ្វើ​ឲ្យ​ច្របូក​ច្របល់​ដល់​ភាសា​របស់​គេ។—លោកុប្បត្តិ ១១:១​-​៨

មូលហេតុ​ដ៏​សំខាន់​របស់​យើង​ចំពោះ​ទំនុក​ចិត្ត​ថា អំពើ​អាក្រក់​នឹង​មិន​មាន​ម្ដង​ទៀត​នោះ ដោយ​ព្រោះ​ថា​ផែនដី​នេះ​នឹង​មិន​ត្រូវ​គ្រប់​គ្រង​ដោយ​មនុស្សជាតិ​ដូច​ក្រោយ​ពី​ទឹក​ជំនន់​មិន​យូរ​ប៉ុន្មាន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ផែនដី​នេះ​នឹង​ត្រូវ​គ្រប់​គ្រង​ដោយ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។ ព្រះ​រាជាណាចក្រ​នេះ​នឹង​ជា​រដ្ឋាភិបាល​តែ​មួយ​គត់​របស់​ផែនដី​ទាំង​មូល ដោយ​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌​មក។ (ដានីយ៉ែល ២:៤៤; ៧:១៣, ១៤) រដ្ឋាភិបាល​នេះ​នឹង​ចាត់​វិធានការ​ភ្លាម ប្រឆាំង​អស់​អ្នក​ណា​ដែល​ប៉ុន​ប៉ង​នាំ​ឲ្យ​មាន​អំពើ​អាក្រក់​ម្ដង​ទៀត​នោះ។ (អេសាយ ៦៥:២០) តាម​ការ​ពិត នៅ​ទី​បំផុត រដ្ឋាភិបាល​នេះ​នឹង​កំទេច​ចោល​អ្នក​ផ្ដើម​ធ្វើ​អំពើ​អាក្រក់​ជួជាតិ ដែល​ជា​អារក្ស​សាតាំង រួម​និង​ពួក​បិសាច ដែល​ជា​ពួក​ទេវតា​ដ៏​អាក្រក់​ដែល​បាន​ធ្វើ​តាម​វា​នោះ។—រ៉ូម ១៦:២០

បន្ថែម​ទៀត​នោះ មនុស្សជាតិ​នឹង​គ្មាន​បុព្វហេតុ​ចំពោះ​ការ​ព្រួយ​បារម្ភ​អំពី​ម្ហូប​អាហារ សំលៀក​បំពាក់ ទី​ជម្រក និង​ការងារ​ធ្វើ​ឡើយ។ សព្វ​ថ្ងៃ​នេះ ដោយ​គ្មាន​របស់​ទាំង​នេះ ក៏​អាច​នាំ​ឲ្យ​មនុស្ស​ខ្លះ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។ ត្រូវ​ហើយ ផែនដី​ទាំង​មូល​នឹង​បាន​កែ​ប្រែ​ទៅ​ជា​សួន​មនោរម្យ​មួយ ដែល​បង្កើត​ផល​បាន​ជា​ច្រើន​ហូរ​ហៀរ​សំរាប់​មនុស្ស​ទាំង​អស់​គ្នា។—អេសាយ ៦៥:២១​-​២៣; លូកា ២៣:៤៣

អ្វី​ដែល​សំខាន់​ទៅ​ទៀត​នោះ​គឺ ព្រះ​រាជាណាចក្រ​នេះ​នឹង​អប់រំ​អនុ​រាស្ត្រ​ទាំង​ឡាយ​តាម​របៀប​ដ៏​មាន​សន្ដិសុខ​ខាង​ជីវភាព ហើយ​នៅ​ពេល​ដំណាល​គ្នា នឹង​តម្លើង​ពួក​គេ​ឲ្យ​ដល់​កំពូល​ខ្ពស់​បំផុត​នៃ​ភាព​គ្រប់ល័ក្ខណ៍​របស់​មនុស្សជាតិ។ (យ៉ូហាន ១៧:៣; រ៉ូម ៨:២១) ក្រោយ​ពី​នោះ​មក មនុស្សជាតិ​នឹង​លែង​ពុះ​ពារ​នឹង​ភាព​ទន់​ខ្សោយ​និង​ការ​ទោរ​ទន់​ដ៏​មាន​បាប ថែម​ទាំង​ក៏​មាន​ការ​ស្ដាប់​បង្គាប់​ដ៏​ឥត​ខ្ចោះ​ដល់​ព្រះ គឺ​អាច​ធ្វើ​បាន​និង​ជា​ទី​ចូល​ចិត្ត​ទៀត​ផង ដូច​ក្នុង​ករណី​របស់​បុរស​ដ៏​គ្រប់ល័ក្ខណ៍ គឺ​ព្រះ​យេស៊ូ។ (អេសាយ ១១:៣) តាម​ការពិត ព្រះ​យេស៊ូ​បាន​រក្សា​នៅ​ភាព​ស្មោះ​ត្រង់​ដល់​ព្រះ ទោះ​បី​បាន​ប្រឈម​មុខ​នឹង​សេចក្ដី​ល្បួង​ដ៏​ខ្លាំង​និង​ទារុណកម្ម​ផង​ក៏​ដោយ នោះ​ជា​អ្វី​ៗ​ដែល​នឹង​មិន​មាន​សោះ​ចំពោះ​ជីវិត​នៅ​ក្នុង​សួន​មនោរម្យ។—ហេព្រើរ ៧:២៦

មូលហេតុ​ដែល​មនុស្ស​ខ្លះ​ទៅ​ស្ថាន​សួគ៌

ពួក​អ្នក​អាន​ជា​ច្រើន​នៃ​ព្រះ​គម្ពីរ គឺ​ដឹង​អំពី​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​ថា៖ «នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​វរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន . . . ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា»។ (យ៉ូហាន ១៤:២, ៣) តើ​នេះ​មិន​ចែង​ប្រឆាំង​នឹង​គំនិត​នៃ​ជីវិត​អស់​កល្ប​ជា​និច្ច​នៅ​លើ​ផែនដី​មនោរម្យ​ទេ​ឬ?

សេចក្ដី​បង្រៀន​ទាំង​នេះ មិន​មែន​និយាយ​ផ្ទុយ​គ្នា​នោះ​ទេ។ តាម​ការ​ពិត សេចក្ដី​បង្រៀន​មួយ​គាំទ្រ​សេចក្ដី​បង្រៀន​មួយ​ទៀត។ ជា​ដំបូង ព្រះ​គម្ពីរ​ចែង​ថា​មាន​តែ​ពួក​គ្រីស្ទាន​ស្មោះ​ត្រង់​មួយ​ចំនួន​តូច​ទេ ដែល​មាន​ចំនួន​១៤៤.០០០​នាក់ នឹង​ត្រូវ​ប្រោស​ឲ្យ​ក្លាយ​ជា​សត្តនិករ​វិញ្ញាណ​រស់​នៅ​ស្ថាន​សួគ៌។ ហេតុ​អ្វី​ក៏​ពួក​គេ​បាន​ទទួល​នូវ​រង្វាន់​ដ៏​អស្ចារ្យ​ម្ល៉េះ​នេះ? ពីព្រោះ​ពួក​គេ​ជា​ផ្នែក​នៃ​ក្រុម​ដែល​យ៉ូហាន​បាន​ឃើញ​ក្នុង​ចក្ខុនិមិត្ត ដែល«អ្នក​ទាំង​នោះ​បាន​រស់​វិញ ហើយ​ក៏​សោយ​រាជ្យ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ នៅ​១​ពាន់​ឆ្នាំ»។ (វិវរណៈ ១៤:១, ៣; ២០:៤​-​៦) បើ​ប្រៀប​ធៀប​នឹង​មនុស្ស​រាប់​ពាន់​កោដិ​នាក់​នៅ​លើ​ផែនដី​នេះ នោះ​ពួក​១៤៤.០០០​នាក់​គឺ​ពិត​ជា«ហ្វូង​តូច»មែន។ (លូកា ១២:៣២) ម្យ៉ាង​វិញ​ទៀត ដោយ​បាន​ដក​ពិសោធ​នូវ​បញ្ហា​ទាំង​ឡាយ​ដែល​មាន​ចំពោះ​មនុស្សជាតិ នោះ​ដូច​ព្រះ​យេស៊ូ​ពួក​គេ​នឹង​អាច«អាណិត​អាសូរ ដល់​សេចក្ដី​កំសោយ​របស់​យើង​រាល់​គ្នា» កាល​ដែល​ពួក​គេ​ត្រួត​ត្រា​មើល​ការ​ធ្វើ​ឲ្យ​បាន​ល្អ​ឡើង​វិញ​ដល់​មនុស្សជាតិ​និង​ផែនដី​នេះ។—ហេព្រើរ ៤:១៥

ផែនដី​នេះ ជា​ទី​លំនៅ​ជា​រៀង​រហូត​របស់​មនុស្សជាតិ

ដោយ​ប្រទាន​នូវ​យញ្ញ​បូជា​លោះ​គឺ​ព្រះ​យេស៊ូ​គ្រីស្ទ នោះ​ព្រះ​ទ្រង់​បាន​ចាប់​ផ្ដើម​ប្រមូល​ពួក​១៤៤.០០០​នាក់​ជិត​២០០០​ឆ្នាំ​កន្លង​មក​ហើយ ហើយ​មាន​សេចក្ដី​បញ្ជាក់​ដែល​ថា ក្រុម​នេះ​ឥឡូវ​គឺ​គ្រប់​ចំនួន​ហើយ។ (កិច្ច​ការ ​២:១​-​៤; កាឡាទី ៤:៤​-​៧) ក៏​ប៉ុន្តែ យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ​មិន​មែន​គ្រាន់​តែ​សំរាប់​អំពើ​បាប​របស់​ពួក​១៤៤.០០០​នាក់​ប៉ុណ្ណោះ​ទេ «គឺ​នឹង​បាប​របស់​លោកីយ​ទាំង​មូល​ដែរ»។ (យ៉ូហាន​ទី​១ ២:២) ដូច្នេះ​ហើយ អស់​អ្នក​ដែល​អនុវត្ត​ជំនឿ​លើ​ព្រះ​យេស៊ូ មាន​សេចក្ដី​សង្ឃឹម​ចំពោះ​ជីវិត​អស់​កល្ប​ជា​និច្ច។ (យ៉ូហាន ៣:១៦) ចំពោះ​អស់​អ្នក​ដែល​ស្លាប់​ក្នុង​ផ្នូរ​ពួក​គេ​ស្ថិត​នៅ​ក្នុង​សេចក្ដី​នឹក​ចាំ​របស់​ព្រះ នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ មិន​មែន​ឲ្យ​ទៅ​ស្ថាន​សួគ៌​នោះ​ទេ ប៉ុន្តែ​ឲ្យ​មាន​ជីវិត​លើ​ផែនដី​ដ៏​ស្អាត​នេះ។ (សាស្ដា ៩:៥; យ៉ូហាន ១១:១១​-​១៣, ២៥; កិច្ច​ការ ២៤:១៥) តើ​អ្វី​ទៅ​ដែល​នឹង​មាន​ចំពោះ​ពួក​អ្នក​នៅ​ទី​នោះ?

វិវរណៈ ២១:១​-​៤ ឆ្លើយ​ប្រាប់​ដោយ​ចែង​ថា៖ «មើល​រោង​ឧបោសថ​របស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ . . . ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោកសង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ»។ ចូរ​នឹក​ស្រមៃ​ទៅ​ដល់​ពេល​ដែល​មនុស្សជាតិ​កំពុង​តែ​ដោះ​លែង​ពី​សេចក្ដី​ស្លាប់ និង​ការ​ឈឺ​ចាប់​ថែម​ទាំង​ពី​សេចក្ដី​យំ​ទួញ​ដែល​មាន​មក​ពី​សេចក្ដី​ស្លាប់ នឹង​លែង​មាន​ទៀត​ជា​រៀង​រហូត! នៅ​ទី​បំផុត គោល​បំណង​ដើម​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ផែនដី​នេះ​និង​មនុស្សជាតិ នឹង​បាន​សម្រេច​យ៉ាង​រុង​រឿង។—លោកុប្បត្តិ ១:២៧, ២៨

ការ​ជ្រើស​រើស​របស់​យើង ជីវិត​ឬ​សេចក្ដី​ស្លាប់

អ័ដាម​និង​អេវ៉ា​មិន​ដែល​មាន​ការ​ជ្រើស​រើស​ឲ្យ​ទៅ​ស្ថាន​សួគ៌​នោះ​ឡើយ។ ការ​ជ្រើស​រើស​របស់​គេ​គឺ ការ​ស្ដាប់​បង្គាប់​ព្រះ​និង​រស់​នៅ​ជា​រៀង​រហូត​នៅ​លើ​ផែនដី​មនោរម្យ ឬ​ក៏​ការ​មិន​ស្ដាប់​បង្គាប់​ទ្រង់​ហើយ​ស្លាប់​ទៅ។ គួរ​ឲ្យ​ស្ដាយ​មែន ពួក​គេ​បាន​ជ្រើស​រើស​យក​ការ​មិន​ស្ដាប់​បង្គាប់ ដូច្នេះ​ហើយ​ពួក​គេ​ក៏​បាន​ត្រឡប់​ទៅ​ជា«ដី»វិញ។ (លោកុប្បត្តិ ២:១៦, ១៧; ៣:២​-​៥, ១៩) គឺ​មិន​មែន​ជា​គោល​បំណង​របស់​ព្រះ​ទេ ដែល​ឲ្យ​ក្រុម​គ្រួសារ​របស់​មនុស្សជាតិ​ទូទៅ​ស្លាប់​នោះ ហើយ​ធ្វើ​ឲ្យ​មាន​មនុស្ស​នៅ​ស្ថាន​សួគ៌​តាម​រយៈ​ផ្នូរ​នោះ។ ព្រះ​ទ្រង់​បាន​បង្កើត​ពួក​ទេវតា​ច្រើន​អនេក​ឲ្យ​រស់​នៅ​លើ​ស្ថាន​សួគ៌។ ពួក​សត្តនិករ​វិញ្ញាណ​ទាំង​នេះ​មិន​មែន​ជា​មនុស្សជាតិ ដែល​បាន​ទទួល​មរណភាព ហើយ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​នោះ​ឡើយ។—ទំនុកដំកើង ១០៤:១, ៤; ដានីយ៉ែល ៧:១០

តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​ដើម្បី​ទទួល​ប្រសិទ្ធិពរ ចំពោះ​ការ​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​លើ​ផែនដី​នេះ? ជំហាន​ទី​មួយ គឺ​ត្រូវ​សិក្សា​បន្ទូល​របស់​ព្រះ គឺ​ព្រះ​គម្ពីរ​បរិសុទ្ធ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​នេះ​ក្នុង​សេចក្ដី​អធិស្ឋាន​ថា៖ «នេះ​ជា​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច គឺ​ឲ្យ​គេ​មាន​ចំណេះ​អំពី​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង»។—យ៉ូហាន ១៧:៣, ព.ថ.

ជំហាន​មួយ​ទៀត ដើម្បី​ឲ្យ​មាន​សុភមង្គល​ជា​រៀង​រហូត​ក្នុង​សួន​មនោរម្យ គឺ​ការ​អនុវត្ត​ទៅ​លើ​ចំណេះ​នោះ។ (យ៉ាកុប ១:២២​-​២៤) អស់​អ្នក​ដែល​រស់​នៅ​ស្រប​តាម​បន្ទូល​របស់​ព្រះ នឹង​មាន​សេចក្ដី​សង្ឃឹម​ឃើញ​ដោយ​ភ្នែក​ផ្ទាល់ នូវ​ការ​សម្រេច​ទំនាយ​ដ៏​អស្ចារ្យ​ទាំង​នេះ ដូច​ទំនាយ​មួយ​ដែល​បាន​កត់​ទុក​ក្នុង​អេសាយ ១១:៩ ដែល​ចែង​ថា៖ «វា​រាល់​គ្នា[មនុស្សជាតិ]នឹង​មិន​ធ្វើ​ទុក្ខ ឬ​បំផ្លាញ​គ្នា នៅ​គ្រប់​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ ដ្បិត​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ​យេហូវ៉ា នៅ​ពេញ​ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ​ពាស​ក្នុង​សមុទ្រ​ដែរ»។

[កំណត់​សម្គាល់]

a ចំពោះ​ការ​ពិគ្រោះ​នូវ​មូលហេតុ​ដែល​ព្រះ​បាន​ត្រា​ប្រណី​នឹង​អំពើ​អាក្រក់​លើ​ស្ថាន​សួគ៌​និង​ផែនដី សូម​មើល​សៀវភៅ ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច ដែល​បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក ទំព័រ ៧០​-​៧៩