លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គោលការណ៍ខាងសីលធម៌កំពុងតែអាប់ឱនចុះ

គោលការណ៍ខាងសីលធម៌កំពុងតែអាប់ឱនចុះ

គោល​ការណ៍​ខាង​សីលធម៌​កំពុង​តែ​អាប់​ឱន​ចុះ

លោក​ហិលមិត ស្មិត ដែល​ជា​អតីត​អធិការបតី​នៃ​ប្រទេស​អាល្លឺម៉ង់​បាន​មាន​ប្រសាសន៍​ថា៖ «រឿង​អ៊ីចឹង​មិន​ធ្លាប់​កើត​ឡើង​ពី​មុន​មក​ទេ»។ លោក​កំពុង​តែ​សោក​ស្ដាយ​ចំពោះ​រឿង​ថ្មី​ៗ​ដ៏​អាក្រក់​ជួជាតិ ដែល​ទាក់​ទង​នឹង​ភាព​មិន​ទៀង​ត្រង់​នៃ​មន្ត្រី​រដ្ឋ​ការ ដែល​បាន​ត្រូវ​ចុះ​ផ្សាយ​ក្នុង​កាសែត។ លោក​ក៏​បាន​មាន​ប្រសាសន៍​ថា៖ «គោល​ការណ៍​ខាង​សីលធម៌​បាន​ត្រូវ​បាត់​បង់​ដោយ​សារ​ចិត្ត​លោភ​លន់»។

មនុស្ស​ជា​ច្រើន​នឹង​ឯកភាព​ជា​មួយ​នឹង​លោក​ដែរ។ គោល​ការណ៍​សីលធម៌​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​បន្ទូល​របស់​ព្រះ ជា​ព្រះ​គម្ពីរ និង​ដែល​បាន​ត្រូវ​មនុស្ស​ទទួល​ស្គាល់​ជា​សៀវភៅ​ណែនាំ​ឲ្យ​ចេះ​ដឹង​ខុស​ត្រូវ​ជា​យូរ​យារ​មក​ហើយ ឥឡូវ​កំពុង​តែ​ចាត់​ទុក​ថា​ជា​ឥត​សំខាន់​ទៅ​វិញ។ សូម្បី​តែ​ក្នុង​ប្រទេស​ដែល​អះអាង​ថា​ជា​គ្រីស្ទាន ក៏​មាន​ករណី​អ៊ីចឹង​ដែរ។

តើ​គោល​ការណ៍​សីលធម៌​ក្នុង​ព្រះ គម្ពីរ​មាន​សារៈ​សំខាន់​ទេ?

សីលធម៌​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​សេចក្ដី​បង្រៀន​ព្រះ​គម្ពីរ រួម​បញ្ចូល​សេចក្ដី​ទៀង​ត្រង់​និង​ភក្ដី​ភាព។ ក៏​ប៉ុន្តែ ការ​បោក​ប្រាស់ ការ​ពុក​រលួយ និង​ការ​លួច​បន្លំ​គឺ​មាន​ជា​ទូទៅ។ កាសែត​ទស្សនាវដ្ដី ថែម្ស នៃ​ទី​ក្រុង​ឡុងដ៍​រាយ​ការណ៍​ថា អ្នក​ស៊ើប​អង្កេត​ខ្លះ«ត្រូវ​គេ​ចោទ​ថា​បាន​ទទួល​លុយ​ដល់​១០០.០០០​ផោន​ក្នុង​មួយ​ពេល​ៗ ដោយ​ការ​យក​គ្រឿង​ញៀន​ដែល​សមត្ថកិច្ច​បាន​រឹប​អូស ទៅ​ឲ្យ​ពួក​ឧក្រិដ្ឋជន​ដើម្បី​លក់​វិញ ឬ​ក៏​បំបាត់​ចោល​នូវ​ភស្តុ​តាង​ប្រឆាំង​នឹង​ពួក​ឧក្រិដ្ឋជន​សម្ងាត់​ដែល​មាន​ឋានៈ​ធំ​ដុំ​ជាង​គេ»។ នៅ​ប្រទេស​អូទ្រីស ការ​បន្លំ​លួច​ផ្នែក​ធានា​រ៉ាប់​រង​គឺ​ជា​រឿង​ធម្មតា​មួយ។ ហើយ​នៅ​ប្រទេស​អាល្លឺម៉ង់ ពួក​អ្នក​វិទ្យា​សាស្ត្រ​បាន​ស្រឡាំងកាំង​ពេល​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​នូវ«រឿង​បន្លំ​ដ៏​អាស្រូវ​ជាង​គេ​ខាង​វិទ្យា​សាស្ត្រ​ក្នុង​ប្រទេស​អាល្លឺម៉ង់»។ សាស្ដ្រាចារ្យ​ម្នាក់ដែល​ជា«អ្នក​ល្បី​ក្នុង​ចំណោម​អ្នក​ឯកទេស​ខាង​ផ្នែក​ពូជ​វិទ្យា» បាន​ត្រូវ​គេ​ចោទ​ប្រកាន់​ថា លោក​បាន​បន្លំ​ឬ​ក៏​ប្រឌិត​ឡើង​នូវ​ទិន្នន័យ​ដ៏​មាន​កំរិត​យ៉ាង​ធំ។

សីលធម៌​ព្រះ​គម្ពីរ​ក៏​រួម​បញ្ចូល​ភាព​ស្មោះ​ត្រង់​ក្នុង​អាពាហ៍ពិពាហ៍ ដែល​ត្រូវ​ជា​ចំណង​ដ៏​ស្ថាពរ​មួយ។ ក៏​ប៉ុន្តែ គូ​ស្វាមីភរិយា​រឹត​តែ​ច្រើន​បែក​គ្នា​ដោយ​ការ​លែង​លះ។ កាសែត​កាតូលិក​មួយ​ឈ្មោះ គ្រីស្ទអិន ដឺ កិកិនវ៉ត (គ្រីស្ទាន​ទាន់​សម័យ)បាន​រាយ​ការណ៍​ថា៖ «សូម្បី​តែ​ក្នុង​ប្រទេស​ស្វីស‹ដ៏​អភិរក្ស›នោះ អាពាហ៍ពិពាហ៍​រឹត​តែ​ច្រើន​កំពុង​តែ​បែក​បាក់​គ្នា»។ នៅ​ប្រទេស​ហូឡង់ អាពាហ៍ពិពាហ៍​លែង​លះ​គ្នា​មាន​៣៣​ភាគ​រយ។ ស្ត្រី​ម្នាក់​ដែល​បាន​កត់​សម្គាល់​នូវ​ការ​ប្រែ​ប្រួល​ក្នុង​សង្គម​នៅ​ប្រទេស​អាល្លឺម៉ង់​ក្នុង​កន្លង​ពីរ​បី​ឆ្នាំ​មុន បាន​សរសេរ​អំពី​ការ​ខ្វល់​ខ្វាយ​របស់​គាត់​ថា៖ «ឥឡូវ​នេះ អាពាហ៍ពិពាហ៍​ត្រូវ​ចាត់​ទុក​ជា​អ្វី​ដែល​គេ​លែង​និយម​និង​ដ៏​ហួស​សម័យ​ទៀត​ផង។ មនុស្ស​លែង​រៀប​ការ​ដើម្បី​នៅ​ជា​មួយ​គ្នា​អស់​មួយ​ជីវិត​ទៀត​ហើយ»។

ផ្ទុយ​ទៅ​វិញ មនុស្ស​រាប់​លាន​នាក់​ចាត់​ទុក​គោល​ការណ៍​សីលធម៌​ដែល​ត្រូវ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ ជា​ការ​គួរ​ឲ្យ​ទុក​ចិត្ត​និង​ទាក់​ទង​ជា​មួយ​នឹង​ជីវិត​ក្នុង​លោកីយ៍​ដ៏​ទំនើប​នេះ។ គូ​អាពាហ៍ពិពាហ៍​ដែល​រស់​នៅ​ព្រំ​ប្រទល់​នៃ​ប្រទេស​ស្វីស​និង​ប្រទេស​អាល្លឺម៉ង់ បាន​រក​ឃើញ​ថា​ការ​រៀន​ឲ្យ​ចេះ​រស់​នៅ​សម​ស្រប​តាម​សីលធម៌​ព្រះ​គម្ពីរ​បាន​ធ្វើ​ឲ្យ​គេ​សប្បាយ​ចិត្ត​ជាង។ ចំពោះ​គេ​វិញ «គឺ​មាន​ការ​ណែនាំ​តែ​មួយ​គត់​ចំពោះ​គ្រប់​វិស័យ​នៃ​ជីវិត។ ការ​ណែនាំ​នោះ​គឺ​ជា​ព្រះ​គម្ពីរ»។

តើ​អ្នក​គិត​យ៉ាង​ណា​ដែរ? តើ​ព្រះ​គម្ពីរ​អាច​ជា​គោល​ការណ៍​ណែនាំ​មួយ​ដ៏​មាន​តម្លៃ​ឬ​ទេ? តើ​សីលធម៌​ព្រះ​គម្ពីរ​មាន​ប្រយោជន៍​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ?