តើអ្នកណាជាពួកអ្នកបំរើរបស់ព្រះនៅសព្វថ្ងៃនេះ?
តើអ្នកណាជាពួកអ្នកបំរើរបស់ព្រះនៅសព្វថ្ងៃនេះ?
«តែដែលយើងខ្ញុំពូកែ នោះមកតែពីព្រះទេ ដែលទ្រង់បានប្រោស ឲ្យយើងខ្ញុំអាចនឹងធ្វើជាអ្នកបំរើនៃកិច្ចព្រមព្រៀងថ្មីបាន»។—កូរិនថូសទី២ ៣:៥, ៦, ព.ថ.
១, ២. តើភារកិច្ចអ្វីដែលពួកគ្រីស្ទានគ្រប់គ្នានៅសតវត្សទីមួយមាន ប៉ុន្តែតើព្រឹត្ដិការណ៍នេះបានកែប្រែទៅជាយ៉ាងណា?
នៅក្នុងសតវត្សទីមួយនៃសករាជយើងនេះ ពួកគ្រីស្ទានគ្រប់គ្នាមានភារកិច្ចដ៏សំខាន់មួយ នោះគឺជាកាតព្វកិច្ចនៃការផ្សព្វផ្សាយដំណឹងល្អ។ ពួកគេទាំងអស់បានត្រូវចាក់ប្រេងតាំង ហើយជាពួកអ្នកបំរើនៃកិច្ចព្រមព្រៀងថ្មីនេះ។ អ្នកខ្លះមានភារកិច្ចបន្ថែម ដូចជាការបង្រៀននៅក្នុងក្រុមជំនុំជាដើម។ (កូរិនថូសទី១ ១២:២៧-២៩; អេភេសូរ ៤:១១) មាតាបិតាទាំងឡាយមានកាតព្វកិច្ចដ៏ធ្ងន់ធ្ងរនៅក្នុងក្រុមគ្រួសារ។ (កូល៉ុស ៣:១៨-២១) ក៏ប៉ុន្តែទាំងអស់គ្នាបានចូលរួមក្នុងកិច្ចការផ្សព្វផ្សាយដ៏សំខាន់នេះ។ នៅក្នុងភាសាក្រិកពីដើមនៃបទគម្ពីរគ្រីស្ទាន នោះភារកិច្ចនេះគឺជា ឌីអកូនីអា (di·a·ko·niʹa) ដែលជាកិច្ចបំរើ។—កូល៉ុស ៤:១៧
២ កាលដែលពេលវេលាបានកន្លងទៅ នោះក៏មានការផ្លាស់ប្ដូរ។ ក្រុមមួយដែលបានបណ្ដុះបណ្ដាលឲ្យមានឡើងគឺជាគណៈបព្វជិត ដែលបានរក្សានូវឯកសិទ្ធិនៃការផ្សព្វផ្សាយសំរាប់តែខ្លួនគេ។ (កិច្ចការ ២០:៣០) គណៈបព្វជិតគឺជាមនុស្សមួយក្រុមតូច នៃអស់អ្នកដែលហៅខ្លួនគេជាគ្រីស្ទាន។ មនុស្សភាគច្រើនគឺបានស្គាល់ជាគ្រហស្ថ។ កាលដែលពួកគ្រហស្ថបានបង្រៀនថាគេមានកាតព្វកិច្ចខ្លះៗ រួមបញ្ចូលការដាក់វិភាគទានចំពោះការមើលថែរក្សាគណៈបព្វជិត តែស្តីអំពីរឿងផ្សព្វផ្សាយវិញ នោះពួកគេភាគច្រើនគ្រាន់តែជាអ្នកស្ដាប់ដ៏អសកម្មប៉ុណ្ណោះ។
៣, ៤. (ក) តើបុគ្គលម្នាក់ៗនៅក្នុងពិភពគ្រីស្ទសាសនាក្លាយទៅជាបព្វជិតយ៉ាងដូចម្ដេច? (ខ) តើអ្នកណាដែលគេបានចាត់ទុកជាអ្នកបំរើនៅក្នុងពិភពគ្រីស្ទសាសនា ហើយហេតុអ្វីក៏មានស្ថានភាពផ្សេងក្នុងចំណោមស្មរបន្ទាល់ព្រះយេហូវ៉ា?
៣ គណៈបព្វជិតអះអាងថាជាអ្នកបំរើ (ពីភាសាក្រិក ឌីអកូណូស (di·aʹko·nos) «អ្នកបំរើ»)។ a ដើម្បីឲ្យបានជាបព្វជិត ពួកគេគួរតែចប់ការសិក្សាពីមហាវិទ្យាល័យ ឬសិក្ខាសាលា និងបានត្រូវតែងតាំងឡើងដែរ។ សព្វវចនាធិប្បាយព្រះគម្ពីរខ្នាតអន្តរជាតិ ចែងថា៖ «‹ការតែងតាំង› និង‹បព្វជ្ជាកម្ម› ជាធម្មតាសំដៅទៅឋានៈដ៏ពិសេស ដែលបានឲ្យទៅពួកបព្វជិតឬសង្ឃតាមរយៈក្បួនរីតិ៍ដែលបានអនុម័តជាផ្លូវការ ជាពិសេសឲ្យគេមានអំណាចដើម្បីប្រកាសបន្ទូល ឬការចាត់ចែងប្រសិទ្ធិពរ ឬមានភារកិច្ចធ្វើទាំងពីរ»។ តើអ្នកណាដែលតែងតាំងឲ្យពួកបព្វជិតនោះ? សព្វវចនាធិប្បាយប៊្រីធែណនីកាថ្មី ចែងថា៖ «នៅក្នុងសាសនាទាំងឡាយ ដែលបានរក្សាទុកឋានៈខាងអេវ៉ែកក្នុងប្រវត្ដិសាស្ត្រ នោះបព្វជិតដែលធ្វើការតែងតាំងគឺជាអេវ៉ែកម្នាក់។ នៅក្នុងសាសនាប្រេប៊ីធារាន នោះបព្វជ្ជាកម្មគឺបានប្រគល់ឲ្យបព្វជិតនៃគណៈសាសនាប្រេប៊ីធារាន»។
៤ ដូច្នោះហើយ នៅក្នុងសាសនាទាំងឡាយនៃពិភពគ្រីស្ទសាសនា នោះឯកសិទ្ធិធ្វើជាបព្វជិតគឺបានរឹតត្បិតយ៉ាងខ្លាំង។ ក៏ប៉ុន្តែ ក្នុងចំណោមស្មរបន្ទាល់ព្រះយេហូវ៉ា គឺមិនមែនដូច្នេះឡើយ។ ហេតុអ្វីក៏មិនអ៊ីចឹង? ពីព្រោះនេះគឺមិនធ្លាប់មានអ៊ីចឹង នៅក្នុងក្រុមជំនុំគ្រីស្ទាននៅសតវត្សទីមួយទេ។
តើអ្នកណាដែលពិតជាពួកអ្នកបំរើរបស់ព្រះ?
៥. យោងទៅតាមព្រះគម្ពីរ អស់អ្នកដែលជាពួកអ្នកបំរើ រួមបញ្ចូលអ្នកណាខ្លះ?
៥ យោងទៅតាមព្រះគម្ពីរ ពួកអ្នកថ្វាយបង្គំទាំងអស់របស់ព្រះយេហូវ៉ា មិនថាអ្នកទៅស្ថានសួគ៌និងអ្នករស់នៅលើផែនដី គឺជាពួកអ្នកបំរើ។ ពួកទេវតាបានបំរើព្រះយេស៊ូ។ (ម៉ាថាយ ៤:១១; ២៦:៥៣; លូកា ២២:៤៣) ពួកទេវតាក៏«បំរើ . . . ដល់ពួកដែលត្រូវទទួលសេចក្ដីសង្គ្រោះជាមរដក»ដែរ។ (ហេព្រើរ ១:១៤; ម៉ាថាយ ១៨:១០) ព្រះយេស៊ូក៏ធ្លាប់ជាអ្នកបំរើមួយអង្គ។ ទ្រង់បានមានបន្ទូលថា៖ «កូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង»។ (ម៉ាថាយ ២០:២៨; រ៉ូម ១៥:៨) ហេតុដូច្នេះ ដោយព្រោះពួកអ្នកកាន់តាមព្រះយេស៊ូបានតម្រូវឲ្យ«ដើរតាមលំអានដាននៃទ្រង់» អ៊ីចឹងហើយគឺមិនជាការគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលពួកគេក៏ត្រូវតែជាអ្នកបំរើនោះដែរ។—ពេត្រុសទី១ ២:២១
៦. តើតាមរបៀបណាដែលព្រះយេស៊ូបញ្ជាក់ថា ពួកសិស្សរបស់ទ្រង់គួរតែជាអ្នកបំរើនោះ?
៦ ពេលបន្ដិចមុននឹងទ្រង់យាងឡើងទៅស្ថានសួគ៌ នោះព្រះយេស៊ូបានមានបន្ទូលទៅពួកសិស្សទ្រង់ថា៖ «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។ (ម៉ាថាយ ២៨:១៩, ២០) ពួកសិស្សរបស់ទ្រង់ត្រូវបង្កើតឲ្យមានសិស្ស ដូច្នេះពួកគេជាអ្នកបំរើ។ ពួកសិស្សថ្មីៗដែលគេបានបង្កើតនោះ នឹងត្រូវរៀនធ្វើតាមរបស់ទាំងអស់ដែលព្រះយេស៊ូបានបង្គាប់មក រួមបញ្ចូលនឹងសេចក្ដីបង្គាប់ឲ្យទៅបញ្ចុះបញ្ចូលឲ្យមានសិស្ស។ បុរសឬស្ត្រី ចាស់ឬក្មេង នោះជាសិស្សពិតម្នាក់របស់ព្រះយេស៊ូគ្រីស្ទនឹងជាអ្នកបំរើ។—យ៉ូអែល ២:២៨, ២៩
៧, ៨. (ក) តើបទគម្ពីរណាដែលបង្ហាញថា ពួកគ្រីស្ទានពិតទាំងអស់ជាពួកអ្នកបំរើនោះ? (ខ) តើសំនួរអ្វីខ្លះដែលបានសួរអំពីការតែងតាំង?
៧ សមស្របនឹងរឿងនេះ នៅបុណ្យថ្ងៃទី៥០នៃឆ្នាំ៣៣ ស.យ. នោះសិស្សទាំងអស់របស់ព្រះយេស៊ូដែលមានវត្តមាន គឺប្រុសស្រី បានចូលរួមក្នុងការប្រាប់«ពីអស់ទាំងការអស្ចារ្យរបស់ព្រះ»។ (កិច្ចការ ២:១-១១) បន្ថែមទៀតនោះ សាវ័កប៉ុលបានសរសេរថា៖ «ដ្បិតយើងបានសុចរិត ដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះ ដោយមាត់ទទួលថ្លែងប្រាប់»។ (រ៉ូម ១០:១០) ប៉ុលបានថ្លែងអំពីពាក្យទាំងនោះ មិនមែនចំពោះពួកគណៈបព្វជិតដែលរឹតត្បិតនោះទេ តែ«មកអស់អ្នក នៅក្រុងរ៉ូមជាពួកស្ងួនភ្ងានៃព្រះ»។ (រ៉ូម ១:១, ៧) ស្រដៀង គ្នាដែរ ‹ពួកបរិសុទ្ធដែលនៅក្នុងក្រុងអេភេសូរ និងពួកអ្នកស្មោះត្រង់ក្នុងព្រះគ្រីស្ទយេស៊ូ› នឹងត្រូវឲ្យ«ពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្ដីសុខសាន្ត ទុកជាស្បែកជើង»។ (អេភេសូរ ១:១; ៦:១៥) ហើយអស់អ្នកដែលបានឮសំបុត្រនេះដែលផ្ញើជូនពួកសាសន៍ហេព្រើរ ត្រូវឲ្យ«កាន់ខ្ជាប់ តាមសេចក្ដីបន្ទាល់របស់សេចក្ដីសង្ឃឹមនោះ ឥតរវើរវាយ»។—ហេព្រើរ ១០:២៣
៨ ប៉ុន្តែ តើនៅពេលណាដែលបុគ្គលម្នាក់ក្លាយទៅជាអ្នកបំរើម្នាក់នោះ? បើនិយាយឲ្យចំទៅ តើនៅពេលណាទៅ ដែលគាត់បានត្រូវតែងតាំងឡើងនោះ? ហើយតើអ្នកណាតែងតាំងគាត់?
ការតែងតាំងជាអ្នកបំរើម្នាក់ តើនៅពេលណា?
៩. តើព្រះយេស៊ូបានត្រូវតែងតាំងឡើងនៅពេលណា ហើយដោយអ្នកណា?
៩ សូមពិចារណាគំរូរបស់ព្រះយេស៊ូគ្រីស្ទ ស្តីអំពីពេលណានិងដោយអ្នកណាដែលបុគ្គលម្នាក់នឹងត្រូវតែងតាំងឡើងនោះ។ ទ្រង់ឥតមានសារលិខិតនៃការតែងតាំង ឬសញ្ញាប័ត្រពីសិក្ខាសាលាណាមួយ ដើម្បីសឲ្យឃើញថាទ្រង់ជាអ្នកបំរើមួយរូបទេ ហើយទ្រង់ក៏មិនបានត្រូវតែងតាំងដោយមនុស្សណាម្នាក់ឡើយ។ បើអ៊ីចឹង ហេតុអ្វីក៏យើងអាចនិយាយថាទ្រង់ធ្លាប់ជាអ្នកបំរើម្នាក់ដែរនោះ? ពីព្រោះពាក្យរបស់អេសាយដែលព្រះវិញ្ញាណបណ្ដាលឲ្យតែងបានត្រូវសម្រេចនឹងទ្រង់ដែលថា៖ «ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អ»។ (លូកា ៤:១៧-១៩; អេសាយ ៦១:១) ពាក្យទាំងនោះធ្វើឲ្យប្រាកដប្រជាថាព្រះយេស៊ូបានត្រូវប្រគល់មុខងារឲ្យផ្សាយដំណឹងល្អ។ តើមកពីអ្នកណា? ដោយព្រោះវិញ្ញាណរបស់ព្រះយេហូវ៉ាបានចាក់លើទ្រង់ចំពោះកិច្ចការនេះ នោះយ៉ាងច្បាស់ណាស់ ដែលព្រះយេស៊ូបានត្រូវតែងតាំងដោយព្រះយេហូវ៉ាតែម្ដង។ តើនេះបានកើតឡើងនៅពេលណា? តាមពិត វិញ្ញាណរបស់ព្រះយេហូវ៉ាបានចាក់មកលើព្រះយេស៊ូ ពេលដែលទ្រង់បានទទួលបុណ្យជ្រមុជទឹក។ (លូកា ៣:២១, ២២) ដូច្នេះហើយ គឺនៅឯពិធីបុណ្យជ្រមុជទឹករបស់ទ្រង់ ដែលទ្រង់បានត្រូវតែងតាំងឡើងនោះ។
១០. តើអ្នកបំរើជាគ្រីស្ទានម្នាក់បានទៅជា‹មានសមត្ថភាពគ្រប់គ្រាន់› តាមរយៈអ្នកណា?
១០ ចុះយ៉ាងណាវិញចំពោះពួកអ្នកកាន់តាមព្រះយេស៊ូនៅសតវត្សទីមួយ? ឋានៈរបស់គេជាអ្នកបំរើ ក៏បានមកពីព្រះយេហូវ៉ានោះដែរ។ ប៉ុលបានមានប្រសាសន៍ថា៖ «តែដែលយើងខ្ញុំពូកែ នោះមកតែពីព្រះទេ ដែលទ្រង់បានប្រោស ឲ្យយើងខ្ញុំអាចនឹងធ្វើជាអ្នកបំរើនៃកិច្ចព្រមព្រៀងថ្មីបាន»។ (កូរិនថូសទី២ ៣:៥, ៦, ព.ថ.) តើតាមរបៀបណា ដែលព្រះយេហូវ៉ាធ្វើឲ្យពួកអ្នកថ្វាយបង្គំរបស់ទ្រង់ មានសមត្ថភាពធ្វើជាអ្នកបំរើនោះ? សូមពិនិត្យមើលនូវគំរូរបស់ធីម៉ូថេ ដែលប៉ុលបានហៅគាត់ជា«អ្នកបំរើនៃព្រះ . . . ក្នុងដំណឹងល្អនៃព្រះគ្រីស្ទ»។—ថែស្សាឡូនីចទី១ ៣:២
១១, ១២. តើតាមរបៀបណាដែលធីម៉ូថេ បានរីកចំរើនឆ្ពោះទៅដល់ជាអ្នកបំរើម្នាក់នោះ?
១១ ពាក្យទាំងឡាយជាបន្តបន្ទាប់ដែលជូនធីម៉ូថេ ជួយយើងឲ្យយល់នូវរបៀបដែលគាត់បានទៅជាអ្នកបំរើម្នាក់ដែលចែងថា៖ «តែឯអ្នក ចូរ ឲ្យអ្នកនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀន ហើយជឿប្រាកដវិញ ដោយដឹងថា អ្នកបានរៀនសេចក្ដីនោះពីអ្នកណា ហើយថា តាំងពីក្មេងតូចមក អ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង»។ (ធីម៉ូថេទី២ ៣:១៤, ១៥) គ្រឹះនៃជំនឿរបស់ធីម៉ូថេ ដែលនឹងជំរុញគាត់ឲ្យធ្វើសេចក្ដីប្រកាសជាសាធារណៈ គឺដោយសារចំណេះលើបទគម្ពីរទាំងឡាយ។ តើត្រូវការតែការអានផ្ទាល់ខ្លួនប៉ុណ្ណោះឬ? អត់ទេ។ ធីម៉ូថេបានត្រូវការជំនួយឲ្យទទួលនូវចំណេះត្រឹមត្រូវ និងការយល់ខាងវិញ្ញាណនូវអ្វីដែលគាត់បានអាន។ (កូល៉ុស ១:៩) អ៊ីចឹងហើយ ធីម៉ូថេបានត្រូវ‹បញ្ចុះបញ្ចូលឲ្យជឿ›។ ដោយព្រោះគាត់បានដឹងអំពីបទគម្ពីរ«តាំងពីក្មេងតូចមក» នោះគ្រូបង្រៀនដំបូងរបស់គាត់ ប្រាកដជាម្ដាយនិងជីដូនរបស់គាត់ហើយ។ តាមមើលទៅ ឪពុកគាត់មិនមែនជាអ្នកជឿព្រះនោះទេ។—ធីម៉ូថេទី២ ១:៥
១២ ប៉ុន្តែ គឺមានអ្វីច្រើនទៀតដែលទាក់ទងនឹងធីម៉ូថេដែលបានក្លាយទៅជាអ្នកបំរើនោះ។ ចំពោះហេតុមួយ ជំនឿរបស់គាត់បានត្រូវពង្រឹងដោយការចូលរួមជាមួយពួកគ្រីស្ទាន ដែលនៅក្នុងក្រុមជំនុំជិតៗនោះ។ តើយ៉ាងដូចម្ដេចដែលយើងដឹង? ពីព្រោះ នៅពេលដែលប៉ុលបានជួបធីម៉ូថេដំបូង នោះយុវបុរសនេះ«ជាអ្នកមានកេរ្ដិ៍ឈ្មោះល្អក្នុងពួកជំនុំនៅលីស្ដ្រា នឹងអ៊ីកូនាម»។ (កិច្ចការ ១៦:២) បន្ថែមទៅទៀត នៅសម័យនោះ បងប្រុសៗខ្លះបានសរសេរសំបុត្រទៅក្រុមជំនុំទាំងឡាយ ដើម្បីពង្រឹងកម្លាំងពួកគេ។ ហើយពួកអ្នកត្រួតពិនិត្យបានទៅលេងពួកគេ ដើម្បីស្អាងចិត្តពួកគេឡើង។ សំវិធានការបែបនេះបានជួយពួកគ្រីស្ទានទាំងឡាយដូចធីម៉ូថេ ឲ្យបានរីកចំរើនខាងវិញ្ញាណ។—កិច្ចការ ១៥:២២-៣២; ពេត្រុសទី១ ១:១
១៣. តើនៅពេលណាដែលធីម៉ូថេ បានត្រូវតែងតាំងជាអ្នកបំរើម្នាក់ ហើយហេតុអ្វីក៏អ្នកអាចនិយាយថា ការរីកចំរើនខាងវិញ្ញាណរបស់គាត់ឥតបានឈប់នៅពេលនោះ?
១៣ ដោយដឹងអំពីសេចក្ដីបង្គាប់របស់ព្រះយេស៊ូ ដែលបានកត់ទុកនៅម៉ាថាយ ២៨:១៩, ២០ នោះយើងអាចប្រាកដក្នុងចិត្តថា នៅពេលណាមួយ ជំនឿរបស់ធីម៉ូថេបានជំរុញគាត់ឲ្យយកតម្រាប់តាមព្រះយេស៊ូ ហើយក៏ទទួលបុណ្យជ្រមុជទឹកទៅ។ (ម៉ាថាយ ៣:១៥-១៧; ហេព្រើរ ១០:៥-៩) នេះជាសញ្ញានៃការថ្វាយខ្លួនអស់ពីចិត្តរបស់ធីម៉ូថេចំពោះព្រះ។ នៅពិធីបុណ្យជ្រមុជទឹករបស់ធីម៉ូថេ នោះគាត់បានក្លាយទៅជាអ្នកបំរើម្នាក់។ តាំងពីពេលនោះមក ជីវិត កម្លាំង និងអ្វីៗដែលគាត់មានគឺជារបស់ផងព្រះ។ នេះជាផ្នែកដ៏សំខាន់នៃការថ្វាយបង្គំរបស់គាត់ ដែលជា‹កិច្ចបំរើដ៏ពិសិដ្ឋ›។ ក៏ប៉ុន្តែ ធីម៉ូថេឥតបានពេញចិត្តតែនឹងកិត្ដិយសជាអ្នកបំរើនោះទេ។ គាត់បានបន្តរីកចំរើនខាងវិញ្ញាណ ក្លាយទៅជាអ្នកបំរើគ្រីស្ទានដែលមានគំនិតចាស់ទុំ។ នេះបានកើតឡើងដោយព្រោះធីម៉ូថេបានចូលរួមដ៏ជិតស្និទ្ធជាមួយប៉ុល ដែលជាគ្រីស្ទានដែលមានគំនិតចាស់ទុំ រួមបញ្ចូលនឹងការសិក្សាផ្ទាល់ខ្លួន និងការផ្សព្វផ្សាយដ៏ខ្នះខ្នែងរបស់គាត់។—ធីម៉ូថេទី១ ៤:១៤; ធីម៉ូថេទី២ ២:២; ហេព្រើរ ៦:១
១៤. សព្វថ្ងៃនេះ តើតាមរបៀបណាដែលបុគ្គលម្នាក់«ត្រូវបានជីវិតអស់កល្បជានិច្ច» ធ្វើការរីកចំរើនទៅជាអ្នកបំរើម្នាក់នោះ?
១៤ សព្វថ្ងៃនេះ ការតែងតាំងចំពោះកិច្ចបំរើគ្រីស្ទានក៏ស្រដៀងគ្នាដែរ។ បុគ្គលដែលគួរ«ត្រូវបានជីវិតអស់កល្បជានិច្ច» គឺបានត្រូវជួយឲ្យរៀនអំពីព្រះ និងគោលបំណងរបស់ទ្រង់ តាមរយៈការសិក្សាព្រះគម្ពីរ។ (កិច្ចការ ១៣:៤៨) បុគ្គលម្នាក់នោះនឹងរៀនឲ្យចេះអនុវត្តតាមគោលការណ៍ព្រះគម្ពីរក្នុងជីវិតរបស់គាត់ និងឲ្យចេះអធិស្ឋានដែលមានខ្លឹមសារជូនព្រះ។ (ទំនុកដំកើង ១:១-៣; សុភាសិត ២:១-៩; ថែស្សាឡូនីចទី១ ៥:១៧, ១៨) គាត់ចូលរួមជាអ្នកជឿគ្នីគ្នា ហើយឆ្លៀតយកប្រយោជន៍ពីសំវិធានការនិងរបៀបរៀបចំ ពី«អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ»។ (ម៉ាថាយ ២៤:៤៥-៤៧, ព.ថ.; សុភាសិត ១៣:២០; ហេព្រើរ ១០:២៣-២៥) ដូច្នេះហើយ គាត់នឹងបានរីកចំរើនតាមដំណើរដែលមានទម្រង់ការខាងការរៀនសូត្រ។
១៥. តើមានអ្វីកើតឡើងពេលដែលបុគ្គលម្នាក់ទទួលបុណ្យជ្រមុជទឹក? (សូមមើលកំណត់ចំណាំផងដែរ)។
១៥ ជាយថាហេតុ សិស្សព្រះគម្ពីរនេះ ដែលបានបណ្ដុះនូវសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា និងជំនឿដ៏មុតមាំលើយញ្ញបូជាលោះ ចង់ថ្វាយខ្លួនគាត់ទាំងស្រុងជូនព្រះវរបិតានៅស្ថានសួគ៌។ (យ៉ូហាន ១៤:១) គាត់ធ្វើការថ្វាយខ្លួនដល់ព្រះតាមរយៈសេចក្ដីអធិស្ឋានផ្ទាល់ខ្លួន ហើយរួចមក គាត់ទទួលបុណ្យជ្រមុជទឹក ដែលជានិមិត្តរូបជាសាធារណៈនៃការប្រព្រឹត្តដ៏ផ្ទាល់ខ្លួននោះ។ ពិធីជ្រមុជទឹករបស់គាត់គឺជាការតែងតាំងគាត់ឡើង ពីព្រោះនោះគឺជាពេលដែលគេទទួលស្គាល់គាត់ជាអ្នកបំរើដែលបានថ្វាយខ្លួនពេញលេញ គឺឌីអកូណូសនៃព្រះ។ គាត់ត្រូវតែរក្សាខ្លួនញែកចេញពីលោកីយ៍នេះ។ (យ៉ូហាន ១៧:១៦; យ៉ាកុប ៤:៤) គាត់បានប្រគល់ខ្លួនគាត់ទាំងស្រុង«ថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ» ដោយឥតស្ទាក់ស្ទើរ ឬមានល័ក្ខខ័ណ្ឌនោះឡើយ។ (រ៉ូម ១២:១) b គាត់ជាអ្នកបំរើរបស់ព្រះ ដែលយកតម្រាប់តាមព្រះគ្រីស្ទ។
តើកិច្ចបំរើគ្រីស្ទានជាអ្វីទៅ?
១៦. តើធីម៉ូថេមានភារកិច្ចអ្វីខ្លះជាអ្នកបំរើម្នាក់?
១៦ តើកិច្ចបំរើរបស់ធីម៉ូថេរួមបញ្ចូលអ្វីខ្លះ? គាត់មានភារកិច្ចដ៏ពិសេសជាមិត្តដែលធ្វើដំណើរជាមួយប៉ុល។ ហើយពេលដែលគាត់បានក្លាយទៅជាអ្នកចាស់ទុំម្នាក់ នោះធីម៉ូថេខំប្រឹងបង្រៀន និងពង្រឹងពួកគ្រីស្ទានគ្នីគ្នា។ ក៏ប៉ុន្តែផ្នែកដ៏សំខាន់នៃកិច្ចបំរើរបស់គាត់ ដូចនឹងករណីរបស់ព្រះយេស៊ូនិងប៉ុល នោះគឺការផ្សព្វផ្សាយដំណឹងល្អ និងការបង្កើតឲ្យមានសិស្ស។ (ម៉ាថាយ ៤:២៣; កូរិនថូសទី១ ៣:៥) ប៉ុលបានប្រាប់ធីម៉ូថេថា៖ «តែឯអ្នក ចូរឲ្យមានគំនិតនឹងធឹង ក្នុងគ្រប់ការទាំងអស់វិញ ចូរទ្រាំទ្រនឹងសេចក្ដីលំបាក ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ ព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង»។—ធីម៉ូថេទី២ ៤:៥
១៧, ១៨. (ក) តើក្នុងកិច្ចបំរើអ្វី ដែលពួកគ្រីស្ទានធ្វើ? (ខ) តើកិច្ចការផ្សព្វផ្សាយមានសារៈសំខាន់យ៉ាងណាចំពោះអ្នកបំរើជាគ្រីស្ទានម្នាក់?
១៧ ពួកអ្នកបំរើគ្រីស្ទានសព្វថ្ងៃនេះក៏ស្រដៀងគ្នាដែរ។ ពួកគេចូលរួមក្នុងកិច្ចបំរើសាធារណៈ គឺជាកិច្ចការផ្សាយដំណឹងល្អ ដែលចង្អុលប្រាប់អ្នកដទៃអំពីការសង្គ្រោះដែលមានមូលដ្ឋានលើយញ្ញបូជារបស់ព្រះយេស៊ូ ហើយបង្រៀនពួករាបសាឲ្យអំពាវនាវរកព្រះនាមរបស់ព្រះយេហូវ៉ា។ (កិច្ចការ ២:២១; ៤:១០-១២; រ៉ូម ១០:១៣) ពួកគេបង្ហាញឲ្យឃើញពីព្រះគម្ពីរថា ព្រះរាជាណាចក្រជាសេចក្ដីសង្ឃឹមតែមួយគត់ចំពោះមនុស្សជាតិដែលរងទុក្ខវេទនា ហើយបង្ហាញថាសូម្បីតែឥឡូវស្ថានភាពក៏បានប្រសើរជាងដែរ បើយើងរស់នៅតាមគោលការណ៍របស់ព្រះ។ (ទំនុកដំកើង ១៥:១-៥; ម៉ាកុស ១៣:១០) ក៏ប៉ុន្តែអ្នកបំរើគ្រីស្ទានម្នាក់ មិនមែនផ្សាយថា គោលការណ៍គ្រីស្ទាននឹងដោះស្រាយបញ្ហាក្នុងសង្គមទេ។ ផ្ទុយទៅវិញ គាត់បង្រៀនថា«សេចក្ដីគោរពប្រតិបត្ដិដល់ព្រះ . . . ក៏មានសេចក្ដីសន្យាឲ្យបានជីវិតនៅជាន់ឥឡូវនេះ ហើយទៅខាងនាយផង»។—ធីម៉ូថេទី១ ៤:៨
១៨ ពិតមែនហើយ ពួកអ្នកបំរើជាច្រើនមានរបៀបបន្ថែមក្នុងការបំរើ ដែលប្រហែលជាមានផ្សេងៗនឹងគ្នាចំពោះគ្រីស្ទាននិមួយៗ។ ពួកអ្នកបំរើជាច្រើនមានកាតព្វកិច្ចក្នុងគ្រួសារ។ (អេភេសូរ ៥:២១–៦:៤) ពួកអ្នកចាស់ទុំនិងពួកអ្នកងារជំនួយ មានភារកិច្ចក្នុងក្រុមជំនុំ។ (ធីម៉ូថេទី១ ៣:១, ១២, ១៣; ទីតុស ១:៥; ហេព្រើរ ១៣:៧) ពួកគ្រីស្ទានជាច្រើនជួយសាងសង់សាលព្រះរាជាណាចក្រ។ អ្នកខ្លះមានឯកសិទ្ធិដ៏អស្ចារ្យ ដោយធ្វើការជាជនស្ម័គ្រចិត្តក្នុងគេហដ្ឋានបេតអែលរបស់សមាគមប៉មយាម។ ប៉ុន្តែ ពួកអ្នកបំរើជាគ្រីស្ទានទាំងអស់ចូលរួមក្នុងការផ្សព្វផ្សាយដំណឹងល្អ។ គឺឥតមានអ្នកណាដែលប្លែកពីគេនោះឡើយ។ គឺដោយការចូលរួមនឹងកិច្ចការទាំងនេះហើយ ដែលសម្គាល់បុគ្គលម្នាក់ជាសាធារណៈ ជាអ្នកបំរើគ្រីស្ទានដ៏ពិតម្នាក់។
អាកប្បកិរិយានៃអ្នកបំរើជាគ្រីស្ទានម្នាក់
១៩, ២០. តើពួកអ្នកបំរើជាគ្រីស្ទានត្រូវតែបណ្ដុះបណ្ដាលឲ្យមានអាកប្បកិរិយាណាខ្លះ?
១៩ បព្វជិតភាគច្រើនរបស់ពិភពគ្រីស្ទសាសនា ទន្ទឹងរកសេចក្ដីគោរពដ៏ពិសេស ហើយពួកគេទទួលយកឋានន្តរដូចជា«លោកបូជាចារ្យ» និង«លោកឪពុក»។ ប៉ុន្តែ អ្នកបំរើជាគ្រីស្ទានម្នាក់ដឹងថា មានតែព្រះយេហូវ៉ាទេដែលសមទទួលនូវការគោរពយ៉ាងជ្រាលជ្រៅនោះ។ (ធីម៉ូថេទី១ ២:៩, ១០) គ្មានអ្នកបំរើគ្រីស្ទានណាម្នាក់អះអាងថាចង់បានសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់បែបនេះទេ ឬប្រាថ្នារកឋានន្តរដ៏ពិសេសនេះឡើយ។ (ម៉ាថាយ ២៣:៨-១២) គាត់ដឹងថាអត្ថន័យជាគោលចំពោះពាក្យឌីអកូនីអា គឺជា«កិច្ចបំរើ»។ ពេលប្រើជាកិរិយាសព្ទ ពាក្យនេះគឺជួនកាលបានប្រើនៅក្នុងព្រះគម្ពីរ ដែលស្តីអំពីកិច្ចបំរើផ្ទាល់ខ្លួន ដូចជាការរត់តុ។ (លូកា ៤:៣៩; ១៧:៨; យ៉ូហាន ២:៥) ទោះជាទម្លាប់ប្រើពាក្យនេះស្តីអំពីកិច្ចបំរើគ្រីស្ទាន គឺមានឋានៈខ្ពស់ជាងក៏ដោយ តែឌីអកូណូសម្នាក់នេះ ក៏នៅតែជាអ្នកបំរើដដែល។
២០ ដូច្នេះហើយ គ្មានអ្នកបំរើជាគ្រីស្ទានណាម្នាក់មានមូលហេតុថាខ្លួនគឺសំខាន់ឡើយ។ ពួកអ្នកបំរើជាគ្រីស្ទានដ៏ស្មោះ សូម្បីអស់អ្នកដែលមានភារកិច្ចដ៏ពិសេសនៅក្នុងក្រុមជំនុំ គឺជាពួកអ្នកបំរើដែលមានចិត្តរាបទាប។ ព្រះយេស៊ូបានមានបន្ទូលថា៖ «អ្នកណាក្នុងពួកអ្នករាល់គ្នា ដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ ហើយអ្នកណាក្នុងពួកអ្នក ដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញដែរ»។ (ម៉ាថាយ ២០:២៦, ២៧) នៅពេលដែលបង្ហាញពួកសិស្សទ្រង់នូវអាកប្បកិរិយាត្រឹមត្រូវ ដែលពួកគេត្រូវបណ្ដុះបណ្ដាល នោះព្រះយេស៊ូបានលាងជើងពួកគេ ដោយធ្វើកិច្ចការរបស់បាវដ៏ទាបជាងគេបង្អស់។ (យ៉ូហាន ១៣:១-១៥) នេះជាកិច្ចបំរើដ៏រាបទាបយ៉ាងណាទៅហ្ន៎! ដូច្នេះហើយ ពួកអ្នកបំរើជាគ្រីស្ទាន បំរើព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទដោយចិត្តរាបទាប។ (កូរិនថូសទី២ ៦:៤; ១១:២៣) ពួកគេសម្ដែងនូវចិត្តបន្ទាបខ្លួន កាលដែលបំរើគ្នីគ្នា។ ហើយនៅពេលដែលគេផ្សព្វផ្សាយដំណឹងល្អ ពួកគេបំរើពួកអ្នកជិតខាងដែលឥតជឿព្រះ ដោយចិត្តសប្បុរស។—រ៉ូម ១:១៤, ១៥; អេភេសូរ ៣:១-៧
ស៊ូទ្រាំក្នុងកិច្ចបំរើ
២១. តើប៉ុលបានទទួលរង្វាន់យ៉ាងណា ដោយស៊ូទ្រាំនឹងកិច្ចបំរើរបស់គាត់នោះ?
២១ ចំពោះប៉ុល ជាអ្នកបំរើម្នាក់បានតម្រូវឲ្យមានការស៊ូទ្រាំ។ គាត់បានប្រាប់ពួកកូល៉ុស ថាគាត់បានរងទុក្ខយ៉ាងច្រើន ដើម្បីផ្សព្វផ្សាយដំណឹងល្អជូនពួកគេ។ (កូល៉ុស ១:២៤, ២៥) ប៉ុន្តែ ដោយគាត់បានស៊ូទ្រាំ នោះមនុស្សជាច្រើនបានទទួលយកដំណឹងល្អ និងបានក្លាយទៅជាអ្នកបំរើ។ ពួកគេបានត្រូវកើតជារាជបុត្រានៃព្រះ និងជាប្អូនៗរបស់ព្រះយេស៊ូគ្រីស្ទ ដោយមានសេចក្ដីសង្ឃឹមក្លាយទៅជាសត្តនិករវិញ្ញាណជាមួយទ្រង់នៅឯស្ថានសួគ៌។ នេះជារង្វាន់ដ៏រុងរឿងម្ល៉េះហ្ន៎! ដោយការចេះស៊ូទ្រាំបែបនោះ។
២២, ២៣. (ក) ហេតុអ្វីក៏ពួកអ្នកបំរើជាគ្រីស្ទាននៅសព្វថ្ងៃនេះត្រូវការការស៊ូទ្រាំ? (ខ) តើការស៊ូទ្រាំជាគ្រីស្ទាននឹងនាំឲ្យមានផលផ្លែដ៏អស្ចារ្យណាខ្លះ?
២២ ការស៊ូទ្រាំគឺត្រូវការជាចាំបាច់នៅសព្វថ្ងៃនេះ ចំពោះអស់អ្នកដែលពិតជាអ្នកបំរើរបស់ព្រះ។ ពួកគេជាច្រើនខំពុះពាររៀងរាល់ថ្ងៃនឹងជម្ងឺឬការឈឺចាប់ដោយអាយុចាស់ជរា។ ឪពុកម្ដាយខំប្រឹងធ្វើការ ហើយពួកគេជាច្រើននាក់ឥតមានគូទេ ដើម្បីចិញ្ចឹមកូនៗខ្លួន។ ដោយអង់អាច នោះកូនក្មេងនៅឯសាលាទប់ទល់នឹងអានុភាពអាក្រក់ ដែលមានជុំវិញពួកគេ។ ពួកគ្រីស្ទានជាច្រើននាក់ប្រឈមមុខនឹងទុក្ខលំបាកយ៉ាងខ្លាំងខាងសេដ្ឋកិច្ច។ ហើយជាច្រើននាក់រងទុក្ខការបៀតបៀន ឬទុក្ខលំបាកដោយព្រោះ«មានគ្រាលំបាកណាស់»សព្វថ្ងៃនេះ។ (ធីម៉ូថេទី២ ៣:១) មែនហើយ ពួកអ្នកបំរើជាគ្រីស្ទានជិតប្រាំមួយលាននាក់របស់ព្រះយេហូវ៉ា អាចនិយាយដូចសាវ័កប៉ុលដោយថា៖ «ក្នុងគ្រប់ការទាំងអស់ នោះយើងខ្ញុំខំផ្ទុកផ្ដាក់ខ្លួន ទុកដូចជាអ្នកបំរើព្រះ គឺក្នុងការទ្រាំទ្រជាច្រើន»។ (កូរិនថូសទី២ ៦:៤) ពួកអ្នកបំរើជាគ្រីស្ទានឥតចុះចាញ់នោះទេ។ ពួកគេពិតជាសមទទួលការសរសើរចំពោះការស៊ូទ្រាំរបស់គេមែន។
២៣ ម្យ៉ាងវិញទៀត ដូចជាក្នុងករណីរបស់ប៉ុលដែរ នោះការស៊ូទ្រាំនាំឲ្យមានផលផ្លែដ៏អស្ចារ្យ។ ដោយស៊ូទ្រាំ យើងរក្សាទុកនូវទំនាក់ទំនងដ៏ជិតស្និទ្ធនឹងព្រះយេហូវ៉ា ហើយធ្វើឲ្យទ្រង់មានព្រះទ័យរីករាយឡើង។ (សុភាសិត ២៧:១១) យើងពង្រឹងជំនឿរបស់យើង និងបង្កើតឲ្យមានសិស្ស ដែលថែមនឹងភាតរភាពគ្រីស្ទាន។ (ធីម៉ូថេទី១ ៤:១៦) ព្រះយេហូវ៉ាបានជួយផ្គត់ផ្គង់ពួកអ្នកបំរើរបស់ទ្រង់ ហើយបានប្រទានពរដល់កិច្ចបំរើរបស់គេ ក្នុងកំឡុងថ្ងៃជាន់ក្រោយបង្អស់នេះ។ ជាលទ្ធផល គឺបានត្រូវប្រមូលនូវអ្នកសំណល់នៃពួក១៤៤.០០០នាក់ ហើយមនុស្សជាច្រើនលាននាក់ទៀត ដែលមានសេចក្ដីសង្ឃឹមយ៉ាងទុកចិត្តទៅលើការទទួលនូវជីវិតដ៏អស់កល្បជានិច្ចនៅលើផែនដីមនោរម្យ។ (លូកា ២៣:៤៣; វិវរណៈ ១៤:១) មែនហើយ កិច្ចបំរើគ្រីស្ទានជាការសម្ដែងនៃសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា។ (កូរិនថូសទី២ ៤:១) សូមឲ្យយើងរាល់គ្នាចាត់ទុកកិច្ចបំរើគ្រីស្ទានជាអ្វីដ៏មានតម្លៃក្រៃលែង ហើយឲ្យចេះដឹងគុណថាផលផ្លែនៃកិច្ចបំរើគ្រីស្ទាននឹងមានជារៀងរហូតតទៅ។—យ៉ូហានទី១ ២:១៧
[កំណត់សម្គាល់]
a ពាក្យភាសាក្រិក ឌីអកូណូស ជាប្រភពនៃពាក្យ«ឌីគិន» (deacon) ជាអ្នកផ្លូវការនៅក្នុងសាសនានេះ។
b ទោះជារ៉ូម ១២:១ បានសំដៅយ៉ាងចំៗចំពោះពួកគ្រីស្ទានចាក់ប្រេងតាំងក៏ដោយ តែគោលការណ៍នេះក៏ទាក់ទងនឹង«ចៀមឯទៀត»ដែរ។ (យ៉ូហាន ១០:១៦) ពួកអ្នកទាំងនេះ‹ភ្ជាប់ខ្លួននឹងព្រះយេហូវ៉ា ដើម្បីបំរើទ្រង់ និងស្រឡាញ់ព្រះនាមនៃព្រះយេហូវ៉ា ដើម្បីឲ្យបានជាអ្នកបំរើរបស់ទ្រង់›។—អេសាយ ៥៦:៦
តើអ្នកអាចពន្យល់បានទេ?
• តើពួកគ្រីស្ទានទាំងអស់នៅសតវត្សទីមួយមានភារកិច្ចអ្វី?
• តើនៅពេលណានិងដោយអ្នកណា ដែលអ្នកបំរើជាគ្រីស្ទានម្នាក់បានត្រូវតែងតាំងឡើងនោះ?
• តើអ្នកបំរើជាគ្រីស្ទានម្នាក់គួរតែបណ្ដុះឲ្យមានអាកប្បកិរិយាបែបណា?
• ហេតុអ្វីក៏អ្នកបំរើជាគ្រីស្ទានម្នាក់គួរតែស៊ូទ្រាំពេលមានទុក្ខលំបាកនោះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៤, ២៥]
ធីម៉ូថេបានត្រូវបង្រៀនអំពីបន្ទូលរបស់ព្រះតាំងពីក្មេង មកម្ល៉េះ។ គាត់បានក្លាយទៅជាអ្នកបំរើដែលបានតែងតាំងឡើង ពេលដែលគាត់បានទទួលបុណ្យជ្រមុជទឹក
[រូបភាពនៅទំព័រ២៦]
ពិធីបុណ្យជ្រមុជទឹកតំណាងការថ្វាយខ្លួនដល់ព្រះ ហើយសម្គាល់នូវការតែងតាំងខ្លួនជាអ្នកបំរើម្នាក់
[រូបភាពនៅទំព័រ២៨]
ពួកអ្នកបំរើជាគ្រីស្ទានគឺបំរើដោយស្ម័គ្រចិត្ត