ទស្សនៈដូចព្រះចំពោះភាពស្អាតស្អំខាងសីលធម៌
ទស្សនៈដូចព្រះចំពោះភាពស្អាតស្អំខាងសីលធម៌
«អញនេះ គឺយេហូវ៉ា ជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ»។—អេសាយ ៤៨:១៧
១, ២. (ក) តើមនុស្សជាទូទៅមានទស្សនៈអ្វីចំពោះសីលធម៌ខាងការរួមភេទ? (ខ) តើពួកគ្រីស្ទានមានទស្សនៈយ៉ាងណាចំពោះសីលធម៌ខាងការរួមភេទ?
នៅកន្លែងជាច្រើនលើផែនដីនេះ សព្វថ្ងៃនេះចរិយាខាងសីលធម៌បានក្លាយទៅជាអ្វីដែលត្រូវចាត់ទុកជារឿង ដែលមនុស្សម្នាក់ៗអាចសម្រេចដោយខ្លួនឯងផ្ទាល់។ មនុស្សចាត់ទុកការរួមភេទជាការសម្ដែងធម្មតានូវសេចក្ដីស្រឡាញ់ ដែលគេអាចប្រព្រឹត្តទៅនៅពេលណាក៏ដោយដែលគេចង់ធ្វើ ហើយមិនចាត់ទុកនោះជាអ្វីដែលគួរត្រូវកំណត់សំរាប់តែអាពាហ៍ពិពាហ៍ទេ។ ពួកគេគិតថា បើសិនជាគេមិនធ្វើឲ្យអ្នកណាម្នាក់ឈឺចាប់ទេ នោះការសម្រេចចិត្តដោយខ្លួនឯងថានឹងប្រព្រឹត្តយ៉ាងណា គឺមិនខុសទេ។ តាមទស្សនៈរបស់គេ មនុស្សមិនគួរត្រូវទទួលការវិនិច្ឆ័យចំពោះរឿងខាងសីលធម៌ទេ ជាពិសេសចំពោះរឿងរួមភេទ។
២ អស់អ្នកដែលបានទទួលចំណេះអំពីព្រះយេហូវ៉ាមានទស្សនៈផ្សេងពីនេះ។ ពួកគេមានអំណរនឹងប្រព្រឹត្តតាមគោលការណ៍ណែនាំក្នុងបទគម្ពីរ ពីព្រោះពួកគេស្រឡាញ់ព្រះយេហូវ៉ានិងចង់ផ្គាប់ព្រះហឫទ័យរបស់ទ្រង់។ ពួកគេទទួលស្គាល់ថា ព្រះយេហូវ៉ាស្រឡាញ់ពួកគេថែមទាំងផ្ដល់នូវការណែនាំដែលជួយពួកគេ នោះជាការណែនាំដែលនឹងមានប្រយោជន៍ពិតប្រាកដនិងធ្វើឲ្យគេមានសុភមង្គល។ (អេសាយ ៤៨:១៧) ដោយព្រោះព្រះគឺជាប្រភពនៃជីវិត គឺជាការសមហេតុសមផលដែលពួកគេស្វែងរកការណែនាំពីទ្រង់ អំពីរបៀបដែលគេប្រើប្រាស់រាងកាយរបស់ខ្លួន ជាពិសេសក្នុងរឿងដែលទាក់ទងយ៉ាងជិតដិតនឹងការបញ្ជូនជីវិត។
អំណោយពីព្រះដ៏ជាអ្នកបង្កើតដែលប្រកបដោយសេចក្ដីស្រឡាញ់
៣. តើមនុស្សជាច្រើនក្នុងពិភពគ្រីស្ទសាសនាបានត្រូវគេបង្រៀនអ្វីខ្លះអំពីការរួមភេទ ហើយតើសេចក្ដីបង្រៀននោះគឺខុសគ្នាយ៉ាងណានឹងអ្វីដែលព្រះគម្ពីរបង្រៀន?
៣ ផ្ទុយពីលោកីយ៍សព្វថ្ងៃនេះ អ្នកខ្លះក្នុងពិភពគ្រីស្ទសាសនាបានបង្រៀនថា ការរួមភេទគឺជាអ្វីដ៏គួរឲ្យខ្មាសណាស់ដែលជាបាប និងក៏បង្រៀនថា«បាបទីមួយ»ក្នុងសួនច្បារអេដែន គឺដោយអេវ៉ាបាន ទាក់ទាញអ័ដាមឲ្យរួមភេទ។ ទស្សនៈបែបនេះគឺខុសស្រឡះពីអ្វីដែលបទគម្ពីរចែងមក ដែលព្រះបានបណ្ដាលឲ្យសរសេរនោះ។ កំណត់ហេតុព្រះគម្ពីរពណ៌នាពីមនុស្សដែលជាគូដំបូង សំដៅទៅ«អ័ដាមនិងប្រពន្ធគាត់»។ (លោកុប្បត្តិ ២:២៥) ព្រះទ្រង់បានបង្គាប់គេឲ្យបង្កើតកូន ដោយមានបន្ទូលថា៖ «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ»។ (លោកុប្បត្តិ ១:២៨) គឺមិនសមហេតុសមផលទេ ដែលព្រះបង្គាប់អ័ដាមនិងអេវ៉ាឲ្យបង្កើតកូនហើយដាក់ទោសទៅលើគេ ដោយព្រោះពួកគេបានធ្វើតាមសេចក្ដីបង្គាប់នោះ។—ទំនុកដំកើង ១៩:៨
៤. ហេតុអ្វីបានជាព្រះបានប្រគល់ឲ្យមនុស្សមានសមត្ថភាពរួមភេទ?
៤ នៅក្នុងសេចក្ដីបង្គាប់នោះដែលបានត្រូវផ្ដល់ដល់មាតាបិតាទីមួយរបស់យើង និងបានត្រូវផ្ដល់ម្ដងទៀតដល់លោកណូអេនិងកូនប្រុសៗរបស់គាត់ផងដែរ យើងអាចយល់ដឹងពីគោលបំណងចម្បងនៃការរួមភេទ នោះគឺជា ការបង្កើតកូន។ (លោកុប្បត្តិ ៩:១) ក៏ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះក៏បង្ហាញថា អ្នកបំរើរបស់ទ្រង់ដែលបានរៀបការហើយ មិនចាំបាច់កំណត់ការរួមភេទសំរាប់តែការបង្កើតកូនប៉ុណ្ណោះទេ។ ការរួមភេទអាចបំពេញនូវសេចក្ដីត្រូវការខាងផ្លូវចិត្តនិងរាងកាយបានយ៉ាងត្រឹមត្រូវ ថែមទាំងអាចជាប្រភពមួយនៃសេចក្ដីសប្បាយចំពោះគូអាពាហ៍ពិពាហ៍ទៀតផង។ នេះគឺជារបៀបមួយដើម្បីសម្ដែងសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដល់គ្នាទៅវិញទៅមក។—លោកុប្បត្តិ ២៦:៨, ៩; សុភាសិត ៥:១៨, ១៩; កូរិនថូសទី១ ៧:៣-៥
ល័ក្ខខ័ណ្ឌពីព្រះ
៥. តើព្រះបានដាក់បំរាមអ្វីខ្លះទៅលើការរួមភេទរបស់មនុស្ស?
៥ ទោះបីការរួមភេទគឺជាអំណោយមួយពីព្រះ នោះមិនត្រូវប្រព្រឹត្តទៅដោយគ្មានល័ក្ខខ័ណ្ឌនោះទេ។ គោលការណ៍នេះក៏ត្រូវអនុវត្តក្នុងអាពាហ៍ពិពាហ៍ផងដែរ។ (អេភេសូរ ៥:២៨-៣០; ពេត្រុសទី១ ៣:១, ៧) ការរួមភេទក្រៅអាពាហ៍ពិពាហ៍ គឺត្រូវហាមឃាត់ជាដាច់ខាត។ ព្រះគម្ពីរចែងយ៉ាងច្បាស់លាស់អំពីរឿងនេះ។ ក្នុងក្រិត្យវិន័យដែលព្រះបានប្រទានដល់សាសន៍អ៊ីស្រាអែល នោះបានចែងថា៖ «កុំឲ្យផិតគ្នាឲ្យសោះ»។ (និក្ខមនំ ២០:១៤) ក្រោយមក ព្រះយេស៊ូបានរួមបញ្ចូល«សហាយស្មន់» និង«សេចក្ដីកំផិត» ជាមួយគ្នានឹង«គំនិតអាក្រក់» ដែលកើតក្នុងចិត្តមនុស្សនិងធ្វើឲ្យគេស្មោកគ្រោក។ (ម៉ាកុស ៧:២១, ២២) សាវ័កប៉ុលបានត្រូវបណ្ដាលឲ្យដាស់តឿនពួកគ្រីស្ទាននៅឯទីក្រុងកូរិនថូសថា៖ «ចូររត់ពីការសហាយស្មន់ចេញ»។ (កូរិនថូសទី១ ៦:១៨) ហើយក្នុងសំបុត្ររបស់ប៉ុលទៅកាន់ពួកហេព្រើរ នោះគាត់បានសរសេរថា៖ «ការវិវាហមង្គលជាការប្រសើរដល់គ្រប់គ្នា ហើយដែលរួមដំណេក នោះក៏ជាការឥតសៅហ្មងដែរ តែព្រះទ្រង់នឹងជំនុំជំរះមនុស្សកំផិត ហើយនឹងមនុស្សសហាយស្មន់គ្នាវិញ»។—ហេព្រើរ ១៣:៤
៦. ក្នុងព្រះគម្ពីរ តើពាក្យ«សហាយស្មន់»រួមបញ្ចូលអំពើអ្វីខ្លះ?
៦ តើពាក្យ«សហាយស្មន់»មានន័យអ្វី? ពាក្យនោះមកពីពាក្យក្រិកភរនៀរ ដែលជួនកាលសំដៅទៅការរួមភេទរវាងមនុស្សដែលមិនបានរៀបការទេ។ (កូរិនថូសទី១ ៦:៩) នៅកន្លែងផ្សេងទៀត ដូចនៅម៉ាថាយ ៥:៣២ និង ម៉ាថាយ ១៩:៩ ពាក្យនោះមានន័យទូលំទូលាយជាង និងសំដៅទៅសេចក្ដីកំផិត ការស្មន់នឹងសាច់ញាតិជិត និងការរួមសង្វាសនឹងសត្វ។ ការប្រព្រឹត្តឯទៀតខាងការរួមភេទរវាងមនុស្សដែលមិនបានរៀបការជាមួយគ្នា ដូចជាការរួមភេទតាមមាត់ ការរួមភេទតាមផ្លូវបាទ និងការស្ទាបអង្អែលនូវសរីរាង្គភេទរបស់អ្នកឯទៀត ក៏អាចត្រូវហៅជាភរនៀរផងដែរ។ រៀងរាល់ការប្រព្រឹត្តបែបនេះត្រូវផ្ដន្ទាទោសក្នុងព្រះបន្ទូលរបស់ព្រះយ៉ាងចំៗ ឬក៏ដោយគោលការណ៍។—លេវីវិន័យ ២០:១០, ១៣, ១៥,១៦; រ៉ូម ១:២៤,២៦,២៧,៣២ a
ការទទួលប្រយោជន៍ពីក្រិត្យវិន័យខាងសីលធម៌របស់ព្រះ
៧. តើយើងទទួលប្រយោជន៍អ្វីពីការរក្សាខ្លួនឲ្យស្អាតស្អំខាងសីលធម៌?
៧ ការស្ដាប់តាមការណែនាំរបស់ព្រះយេហូវ៉ាចំពោះចរិយាខាងការរួមភេទ អាចជាអ្វីដ៏ពិបាកសំរាប់មនុស្សមិនគ្រប់ល័ក្ខណ៍។ ទស្សនវិទូម្នាក់ពីសតវត្សទី១២ ឈ្មោះលោក ម៉ាយម៉ូនីដ បានសរសេរថា៖ «គ្មានការហាមណាក្នុងច្បាប់តូរា[ក្រិត្យវិន័យម៉ូសេ] ដែលមានការពិបាកកាន់តាមជាងច្បាប់ចំពោះទំនាក់ទំនងដែលត្រូវហាមជាដាច់ខាតនិងការរួមភេទខុសច្បាប់នោះទេ»។ ក៏ប៉ុន្តែ បើសិនជាយើងធ្វើតាមការណែនាំរបស់ព្រះ យើងទទួលប្រយោជន៍ច្រើនណាស់។ (អេសាយ ៤៨:១៨) ជាឧទាហរណ៍ ការស្ដាប់បង្គាប់ក្នុងរឿងនេះនឹងជួយការពារយើងពីការឆ្លងកាមរោគ ដែលរោគខ្លះគ្មានវិធីព្យាបាលឲ្យជាថែមទាំងអាចសម្លាប់មនុស្សបានទៀតផង។ b យើងត្រូវការពារពីការមានកូនឥតខាន់ស្លា។ ការអនុវត្តន៍តាមប្រាជ្ញារបស់ព្រះនាំឲ្យមានមនសិការជ្រះថ្លា។ ការធ្វើអ៊ីចឹងជួយឲ្យមានការគោរពចំពោះខ្លួនឯងនិងធ្វើឲ្យអ្នកដទៃគោរពដែរ រួមបញ្ចូលសាច់ញាតិ គូអាពាហ៍ពិពាហ៍របស់យើង កូនរបស់យើង និងបងប្អូនប្រុសស្រីគ្រីស្ទានរបស់យើង។ នោះក៏នាំឲ្យយើងមានទស្សនៈដ៏ត្រឹមត្រូវនិងដ៏វិជ្ជមានចំពោះការរួមភេទ និងនាំឲ្យមានសុភមង្គលក្នុងអាពាហ៍ពិពាហ៍។ ស្ត្រីគ្រីស្ទានម្នាក់បានសរសេរថា៖ «សេចក្ដីពិតពីព្រះបន្ទូលរបស់ព្រះ គឺជាគ្រឿងការពារល្អបំផុតដែលអាចមាន។ ខ្ញុំកំពុងតែរង់ចាំរៀបការ និងពេលដែលខ្ញុំរៀបការ ខ្ញុំនឹងសប្បាយចិត្តប្រាប់បុរស គ្រីស្ទានដែលខ្ញុំរៀបការជាមួយនោះ ថាខ្ញុំបានរក្សាភាពបរិសុទ្ធរបស់ខ្លួន»។
៨. តើដោយដូចម្ដេចដែលចរិយាដ៏ពិសុទ្ធរបស់យើង អាចជួយគាំទ្រការថ្វាយបង្គំដ៏បរិសុទ្ធ?
៨ ដោយរក្សាឲ្យមានចរិយាដ៏ពិសុទ្ធ យើងអាចជួយបានយ៉ាងច្រើនខាងការតបឆ្លើយនឹងការយល់ច្រឡំអំពីការថ្វាយបង្គំពិត និងទាក់ទាញមនុស្សឲ្យមកដល់ព្រះដែលយើងថ្វាយបង្គំ។ សាវ័កពេត្រុសបានសរសេរថា៖ «ទាំងប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃដើម្បីនៅកន្លែងណា ដែលគេនិយាយដើម ពីអ្នករាល់គ្នាទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ»។ (ពេត្រុសទី១ ២:១២) សូម្បីតែបើសិនជាអ្នកដែលមិនបំរើព្រះយេហូវ៉ាមិនទទួលស្គាល់ ឬក៏មិនពេញចិត្តនឹងចរិយាដ៏ពិសុទ្ធរបស់យើងក៏ដោយ យើងអាចប្រាកដក្នុងចិត្តថា ព្រះវរបិតានៅស្ថានសួគ៌របស់យើងទតឃើញ សព្វព្រះហឫទ័យ និងមានអំណរក្នុងការខិតខំរបស់យើងដើម្បីធ្វើតាមការណែនាំរបស់ទ្រង់។—សុភាសិត ២៧:១១; ហេព្រើរ ៤:១៣
៩. ទោះបីយើងប្រហែលជាមិនយល់ទាំងស្រុងនូវមូលហេតុចំពោះការណែនាំរបស់ព្រះក៏ដោយ ហេតុអ្វីក៏យើងគួរទុកចិត្តទៅលើការណែនាំរបស់ទ្រង់? សូមប្រាប់ឧទាហរណ៍។
៩ ជំនឿទៅលើព្រះរួមបញ្ចូលទំនុកចិត្តថា ទ្រង់ជ្រាបដឹងពីអ្វីដែលមានប្រយោជន៍ដល់យើង សូម្បីតែបើសិនជាយើងមិនយល់ពីមូលហេតុទាំងអស់ដែលទ្រង់ណែនាំយើងទៅតាមរបៀបណាមួយនោះក៏ដោយ។ សូមពិចារណាឧទាហរណ៍មួយពីក្រិត្យវិន័យលោកម៉ូសេ។ វិន័យមួយស្តីអំពីជំរំទាហាន គឺបានតម្រូវឲ្យគេកប់លាមកនៅក្រៅជំរំ។ (ចោទិយកថា ២៣:១៣, ១៤) ប្រហែលជាពួកអ៊ីស្រាអែលបានឆ្ងល់ពីមូលហេតុដែលមានការណែនាំបែបនេះ ប្រហែលជាក៏មានអ្នកខ្លះដែលគិតថានោះមិនជាការចាំបាច់ទេ។ ក៏ប៉ុន្តែ តាំងពីពេលនោះមកវិទ្យាសាស្ត្រពេទ្យបានទទួលស្គាល់ថា វិន័យនេះបានជួយរក្សាប្រភពទឹកឲ្យគ្មានភាពក្រខ្វក់ និងបានការពារពីជម្ងឺទាំងឡាយដែលឆ្លងពីសត្វល្អិត។ ស្រដៀងគ្នាដែរ មានមូលហេតុជាច្រើនដែលទាក់ទងនឹងអ្វីខាងវិញ្ញាណ សង្គម ផ្លូវចិត្ត រាងកាយ និងសតិអារម្មណ៍ ដែលព្រះបានកំណត់ការរួមភេទសំរាប់តែអាពាហ៍ពិពាហ៍នោះ។ សូមឲ្យយើងពិចារណាគំរូខ្លះៗ ពីអ្នកដែលបានរក្សាភាពស្អាតស្អំខាងសីលធម៌។
យ៉ូសែបបានទទួលពរដោយព្រោះចរិយាខាងសីលធម៌របស់គាត់
១០. តើអ្នកណាដែលខំប្រឹងល្បួងយ៉ូសែប ហើយតើគាត់បានតបឆ្លើយយ៉ាងដូចម្ដេច?
១០ ប្រហែលជាអ្នកស្គាល់គំរូក្នុងព្រះគម្ពីរអំពីយ៉ូសែប ដែលជាកូនរបស់យ៉ាកុប។ ពេលយ៉ូសែបមានអាយុ១៧ឆ្នាំ គាត់ជាបាវបំរើរបស់ប៉ូទីផារ ដែលជាមេក្រុមរក្សាអង្គរបស់ស្តេចផារ៉ោននៅប្រទេសអេស៊ីប។ ព្រះយេហូវ៉ាបានប្រទានពរឲ្យយ៉ូសែប ហើយក្រោយមកគាត់បានត្រូវគេតែងតាំងជាអ្នកត្រួតត្រាលើផ្ទះរបស់ប៉ូទីផារ។ ពេលដែលយ៉ូសែបមានអាយុ២០ឆ្នាំជាង គាត់បានទៅជា«មានរូបឆោមដ៏ពិសី ហើយស្រៀវស្រស់ល្អ»។ ប្រពន្ធរបស់ប៉ូទីផារចាប់ចិត្តទៅលើគាត់ នឹងបានខិតខំទាក់ទាញគាត់ឲ្យរួមដំណេកនឹងនាង។ យ៉ូសែបបានប្រាប់យ៉ាងច្បាស់លាស់អំពីជំហររបស់គាត់ ដោយពន្យល់ថាបើសិនជាគាត់យល់ព្រមនឹងនាង នោះមិនគ្រាន់តែជាការក្បត់ចៅហ្វាយរបស់គាត់ប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ជា«បាបនៅចំពោះព្រះ»ផង។ ហេតុអ្វីបានជាយ៉ូសែបបានវែកញែកដូច្នេះ?—លោកុប្បត្តិ ៣៩:១-៩
១១, ១២. ទោះបីគ្មានក្រិត្យវិន័យពីព្រះជាលាយល័ក្ខអក្សរហាមចំពោះការសហាយស្មន់និងការកំផិតក៏ដោយ ហេតុអ្វីក៏យ៉ូសែបត្រូវតែបានវែកញែកអ៊ីចឹង?
១១ តាមមើលទៅ ការសម្រេចចិត្តរបស់យ៉ូសែប មិនមានមូលដ្ឋានទៅលើការភិតភ័យថា មនុស្សនឹងថាគាត់មានទោសនោះទេ។ ក្រុមគ្រួសាររបស់យ៉ូសែបនៅឆ្ងាយ ហើយឪពុករបស់គាត់គិតថាគាត់បានស្លាប់ទៅហើយ។ បើសិនជាយ៉ូសែបបានប្រព្រឹត្តអំពើអសីលធម៌ខាងកាម នោះក្រុមគ្រួសាររបស់គាត់នឹងមិនដឹងទាល់តែសោះ។ អំពើបាបបែបនេះប្រហែលជាអាចត្រូវលាក់កំបាំងពីប៉ូទីផារ និងបាវបំរើប្រុសៗឯទៀតរបស់គាត់ ដោយព្រោះមានពេលខ្លះដែលគេអត់នៅក្នុងផ្ទះទេ។ (លោកុប្បត្តិ ៣៩:១១) ក៏ប៉ុន្តែ យ៉ូសែបដឹងថា ចរិយាបែបនេះមិនអាចត្រូវលាក់កំបាំងពីព្រះបានឡើយ។
១២ យ៉ូសែបច្បាស់ជាបានវែកញែកអំពីអ្វីដែលគាត់ដឹងអំពីព្រះយេហូវ៉ាហើយ។ គាត់មុខជាបានដឹងអំពីអ្វីដែលព្រះយេហូវ៉ាបានប្រកាស ក្នុងសួនច្បារអេដែនដែលថា៖ «ដោយហេតុនោះ បានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ»។ (លោកុប្បត្តិ ២:២៤) ម្យ៉ាងទៀត យ៉ូសែបប្រហែលជាដឹងអំពីអ្វីដែលព្រះយេហូវ៉ាបានមានបន្ទូលទៅស្តេចសាសន៍ភីលីស្ទីន ដែលបានព្យាយាមទាក់ទាញសារ៉ាដែលត្រូវជាជីដូនរបស់យ៉ូសែបនោះ។ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ស្តេចនោះថា៖ «មើល ឯងទុកដូចជាមនុស្សស្លាប់ ដោយព្រោះស្ត្រីដែលឯងបានយកនេះ ពីព្រោះនាងជាប្រពន្ធគេទេ។ . . . ហើយអញក៏បានឃាត់មិនឲ្យឯងធ្វើបាបនឹងអញដែរ ហេតុនោះបានជាអញមិនបើកឲ្យឯងពាល់នាងឡើយ»។ (លោកុប្បត្តិ ២០:៣, ៦) ដូច្នេះ ទោះបីព្រះយេហូវ៉ាមិនទាន់បានផ្ដល់ឲ្យក្រិត្យវិន័យជាលាយល័ក្ខអក្សរក៏ដោយ ទស្សនៈរបស់ទ្រង់ចំពោះអាពាហ៍ពិពាហ៍គឺច្បាស់លាស់។ ការចេះដឹងរបស់យ៉ូសែបខាងសីលធម៌ ថែមទាំងចំណង់របស់គាត់ដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះយេហូវ៉ា បានធ្វើឲ្យគាត់បដិសេធចោលអំពើឥតសីលធម៌។
១៣. ហេតុអ្វីបានជាយ៉ូសែបទំនងជាមិនអាចជៀសចេញពីប្រពន្ធរបស់ប៉ូទីផារបាន?
១៣ ក៏ប៉ុន្តែ ប្រពន្ធរបស់ប៉ូទីផារបានលួងលោមហៅគាត់ ដោយអង្វរគាត់«ជារាល់ថ្ងៃ»ឲ្យមករួមដំណេកជាមួយនឹងនាង។ ហេតុអ្វីយ៉ូសែបមិនគ្រាន់តែជៀសចេញពីនាងទៅ? ដោយព្រោះគាត់ជាបាវបំរើម្នាក់ គាត់មានកិច្ចការដែលគាត់ត្រូវតែបំពេញ ហើយមិនអាចប្ដូរស្ថានការណ៍នោះទេ។ ភស្តុតាងពីបុរាណវត្ថុវិទ្យាបង្ហាញថា ប្លង់នៃផ្ទះនៅស្រុកអេស៊ីបបានត្រូវរៀបចំឡើង ដែលតម្រូវឲ្យគេដើរកាត់បន្ទប់ធំបំផុត ដើម្បីចូលទៅដល់ឃ្លាំងផ្សេងៗ។ ដូច្នេះ យ៉ូសែបប្រហែលជាគ្មានលទ្ធភាពជៀសចេញពីប្រពន្ធរបស់ប៉ូទីផារបានឡើយ។—លោកុប្បត្តិ ៣៩:១០
១៤. (ក) តើអ្វីបានកើតឡើងដល់យ៉ូសែបក្រោយពេលគាត់បានរត់ចេញពីប្រពន្ធរបស់ប៉ូទីផារ? (ខ) តើព្រះយេហូវ៉ាបានប្រទានពរអ្វីចំពោះយ៉ូសែបដោយព្រោះភាពស្មោះត្រង់របស់គាត់?
១៤ ថ្ងៃមួយបានមកដល់ពេលមានតែពួកគេពីរនាក់ក្នុងផ្ទះ។ ប្រពន្ធរបស់ប៉ូទីផារបានចាប់ទាញយ៉ូសែប ហើយស្រែកថា៖ «មកដេកនឹងអញសិន!»។ គាត់ក៏បានរត់ចេញ។ ដោយនាងបានឈឺចិត្តនឹងការបដិសេធរបស់គាត់ នោះនាងបានចោទថាយ៉ូសែបបានប៉ុនប៉ងរំលោភនាង។ តើមានលទ្ធផលអ្វី? តើព្រះយេហូវ៉ាបានប្រទានរង្វាន់ភ្លាមៗទេ ដោយសារគាត់មានចិត្តស្មោះគ្រប់ល័ក្ខណ៍នោះ? អត់ទេ! យ៉ូសែបបានជាប់គុកនិងត្រូវជាប់ខ្នោះ។ (លោកុប្បត្តិ ៣៩:១២-២០; ទំនុកដំកើង ១០៥:១៨) ព្រះយេហូវ៉ាបានទតឃើញរឿងអយុត្ដិធម៌នោះ ហើយក្រោយមកបានលើកដំកើងយ៉ូសែបពីគុកទៅនៅក្នុងរាជវាំង។ គាត់បានទៅជាអ្នកធំបំផុតទីពីរក្នុងស្រុកអេស៊ីប និងបានទទួលពរជាប្រពន្ធនិងកូនៗ។ (លោកុប្បត្តិ ៤១:១៤, ១៥, ៣៩-៤៥, ៥០-៥២) ម្យ៉ាងទៀត ដំណើររឿងអំពីចិត្តស្មោះគ្រប់ល័ក្ខណ៍របស់យ៉ូសែប បានត្រូវកត់ទុក៣.៥០០ឆ្នាំកន្លងទៅហើយ ដើម្បីឲ្យអ្នកបំរើរបស់ព្រះតាំងតែពីពេលនោះមកអាចពិចារណាមើល។ នេះគឺជាពរដ៏ប្រសើរណាស់ហ្ន៎! ចំពោះការកាន់ខ្ជាប់នឹងច្បាប់ដ៏សុចរិតរបស់ព្រះ។ ស្រដៀងគ្នាដែរ យើងប្រហែលជាមិនតែងតែឃើញប្រយោជន៍ភ្លាមៗពីការរក្សាភាពស្មោះត្រង់ខាងសីលធម៌នោះទេ ក៏ប៉ុន្តែ យើងអាចប្រាកដក្នុងចិត្តថា ព្រះយេហូវ៉ា ទតឃើញហើយទ្រង់នឹងប្រទានពរតាមត្រូវពេល។—របាក្សត្រទី២ ១៦:៩
«ខសន្យា»របស់លោកយ៉ូបនឹង‹ភ្នែករបស់គាត់›
១៥. តើអ្វីជា«ខសន្យា»របស់លោកយ៉ូបនឹង‹ភ្នែករបស់គាត់›?
១៥ បុគ្គលម្នាក់ទៀតដែលបានរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ គឺជាយ៉ូប។ ក្នុងកំឡុងនៃការសាកល្បងពីអារក្ស យ៉ូបបានសើរើគិតពីជីវិតរបស់គាត់ និងបានប្រកាសថាខ្លួនគឺសុខចិត្តរងទុក្ខទោសបើសិនជាគាត់បានបំពានច្បាប់របស់ព្រះយេហូវ៉ា ស្តីអំពីកាមសីលធម៌។ យ៉ូបបាននិយាយថា៖ «ខ្ញុំបានចុះខសន្យានឹងភ្នែកខ្ញុំហើយ ដូច្នេះ ធ្វើដូចម្ដេចឲ្យខ្ញុំមើលស្ត្រីក្រមុំដោយចាប់ចិត្តបាន?»។ (យ៉ូប ៣១:១, ព.ថ.) ដោយនិយាយអ៊ីចឹង យ៉ូបចង់និយាយថា ក្នុងការតាំងចិត្តរក្សាភាពស្មោះត្រង់នឹងព្រះ គាត់បានប្ដេជ្ញាជៀសវាងពីការមើលដោយចាប់ចិត្តនឹងស្ត្រីណាម្នាក់។ ពិតមែន គាត់ច្បាស់ជាបានឃើញស្រីៗរាល់ថ្ងៃក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ និងប្រាកដជាគាត់នឹងជួយគេបើសិនជាគេត្រូវការជំនួយ។ ក៏ប៉ុន្តែ ចំពោះការចាប់អារម្មណ៍ក្នុងន័យថា ចង់បង្កើតស្នេហា គាត់មិនធ្វើអ៊ីចឹងសោះឡើយ។ មុនការសាកល្បងរបស់គាត់បានចាប់ផ្ដើម គាត់ជាបុរសដ៏មានស្តុកស្តម្ភ ជា«លោកធំជាងអស់ទាំងមនុស្ស នៅប្រទេសខាងកើត»។ (យ៉ូប ១:៣) ក៏ប៉ុន្តែ គាត់មិនបានប្រើអំណាចនោះដើម្បីទាក់ទាញស្រីៗជាច្រើននោះទេ។ យ៉ាងច្បាស់ណាស់ គាត់មិនបានគិតអំពីការរួមភេទខុសច្បាប់ជាមួយស្រីៗក្មេងជាងនោះឡើយ។
១៦. (ក) ហេតុអ្វីបានជាយ៉ូបគឺជាគំរូល្អសំរាប់គ្រីស្ទានទាំងឡាយដែលបានរៀបការហើយ? (ខ) ហេតុដូចម្ដេចដែលចរិយារបស់បុរសៗនៅសម័យរបស់លោកម៉ាឡាគី គឺខុសគ្នាពីចរិយារបស់យ៉ូប ហើយចុះយ៉ាងណាវិញចំពោះចរិយារបស់មនុស្សនៅសព្វថ្ងៃនេះ?
១៦ ដូច្នេះ ក្នុងគ្រាពិបាកនិងគ្រាស្រួលក៏ដោយ យ៉ូបបានបង្ហាញនូវចិត្តស្មោះគ្រប់ល័ក្ខណ៍ខាងសីលធម៌។ ព្រះយេហូវ៉ាបានទតឃើញនិងបានប្រទានពរយ៉ាងវិសេសដល់គាត់។ (យ៉ូប ១:១០; ៤២:១២) យ៉ូបជាគំរូល្អយ៉ាងណាទៅហ្ន៎! សំរាប់គ្រីស្ទានដែលបានរៀបការហើយ ទាំងប្រុសទាំងស្រី។ អ៊ីចឹងហើយបានជាព្រះយេហូវ៉ាស្រឡាញ់គាត់ខ្លាំងណាស់! ផ្ទុយទៅវិញ ចរិយារបស់មនុស្សជាច្រើននៅសព្វថ្ងៃនេះ គឺស្រដៀងនឹងអ្វីដែលបានកើតឡើងនៅសម័យលោកម៉ាឡាគី។ ព្យាការីនោះបានសម្ដែងសេចក្ដីមិនយល់ព្រមនឹងរបៀបដែលប្ដីជាច្រើនបានចាកចោលគូរបស់គេ ច្រើនតែដើម្បីរៀបការស្រីៗវ័យក្មេងជាង។ អាសនៈរបស់ព្រះយេហូវ៉ាត្រូវគ្របបាំងដោយទឹកភ្នែករបស់ប្រពន្ធដែលប្ដីរត់ចោល និងព្រះបានផ្ដន្ទាទោសអស់អ្នកដែលបាន«ប្រព្រឹត្ត ដោយក្បត់»ចំពោះគូរបស់គេ។—ម៉ាឡាគី ២:១៣-១៦
នារីម្នាក់ដែលមានលក្ខណៈពិសុទ្ធ
១៧. តើដូចម្ដេចដែលនារីសាសន៍ស៊ូឡាមនោះគឺប្រៀបដូចជា«សួនច្បារ ដែលរាំងផ្លូវចូល»?
១៧ អ្នកទីបីដែលបានរក្សានូវចិត្តស្មោះគ្រប់ល័ក្ខណ៍គឺជានារីសាសន៍ស៊ូឡាម។ ដោយនាងនៅជំទង់និងស្រស់ស្អាត នោះនាងមិនគ្រាន់តែបានទាក់ចិត្តរបស់ប្រុសម្នាក់ជាអ្នកគង្វាលចៀមប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែស្តេចនៃសាសន៍អ៊ីស្រាអែលដ៏មានទ្រព្យស្តុកស្តម្ភនោះក៏ត្រូវទាក់ចិត្តដូចគ្នាដែរ ស្តេចនោះគឺស្តេចសាឡូម៉ូន។ ក្នុងរឿងដ៏ពីរោះស្ដាប់ដែលបានត្រូវរៀបរាប់ក្នុងសៀវភៅបទចំរៀងសាឡូម៉ូន នោះនាងបានរក្សាលក្ខណៈពិសុទ្ធ អ៊ីចឹងហើយបានជានាងទទួលការគោរពពីអ្នកដែលនៅជុំវិញនាង។ ទោះសាឡូម៉ូនបានត្រូវនាងបដិសេធទ្រង់ក៏ដោយ ទ្រង់បានត្រូវបណ្ដាលឲ្យសរសេររឿងនោះអំពីនាង។ អ្នកគង្វាលនោះដែលនាងបានស្រឡាញ់ក៏បានគោរពចរិយាដ៏ពិសុទ្ធរបស់នាងដែរ។ នៅពេលមួយគាត់បាននិយាយថានាងសាសន៍ស៊ូឡាមនោះ គឺប្រៀបដូចជា«សួនច្បារ ដែលរាំងផ្លូវចូល»។ (បទចំរៀងសាឡូម៉ូន ៤:១២) នៅអ៊ីស្រាអែលពីសម័យបុរាណនោះ សួនច្បារដ៏ស្អាតបំព្រងមានបន្លែគ្រប់យ៉ាង ផ្កាដែលក្រអូបឈ្ងុយឈ្ងប់ និងដើមឈើដ៏ខ្ពស់ៗ។ តាមធម្មតា សួនច្បារបែបនេះត្រូវ ព័ទ្ធដោយរបងឈើឬក៏ជញ្ជាំងមួយ ហើយមនុស្សអាចចូលបានតាមតែរបងមួយដែលជាប់កូនសោប៉ុណ្ណោះ។ (អេសាយ ៥:៥) ចំពោះអ្នកគង្វាលនោះ ភាពបរិសុទ្ធខាងសីលធម៌និងសម្រស់របស់នាងសាសន៍ស៊ូឡាមនោះ គឺប្រៀបដូចជាសួនច្បារមួយដែលប្រកបដោយភាពស្អាតដែលកម្រឃើញ។ នាងមានលក្ខណៈពិសុទ្ធទាំងស្រុង។ សេចក្ដីស្រឡាញ់របស់នាងនឹងជារបស់ផង តែអ្នកដែលនឹងទៅជាប្ដីរបស់នាងប៉ុណ្ណោះ។
១៨. តើដំណើររឿងអំពីយ៉ូសែប យ៉ូប និងនារីសាសន៍ស៊ូឡាមនោះ ជួយរំឭកយើងអំពីអ្វី?
១៨ ដោយមានចិត្តស្មោះគ្រប់ល័ក្ខណ៍ខាងសីលធម៌ នោះនារីសាសន៍ស៊ូឡាមគឺជាគំរូដ៏ប្រសើរសំរាប់ស្ត្រីគ្រីស្ទាននៅសព្វថ្ងៃនេះ។ ព្រះយេហូវ៉ាទតឃើញនិងបានអបអរគុណធម៌របស់នារីសាសន៍ស៊ូឡាមនោះ និងបានប្រទានពរដូចជាទ្រង់បានប្រទានពរទៅដល់យ៉ូសែបនិងយ៉ូបដែរ។ សំរាប់ជាការណែនាំដល់យើង ដំណើររឿងអំពីភាពស្មោះត្រង់របស់គេត្រូវកត់ទុកក្នុងបន្ទូលរបស់ព្រះ។ ទោះបីការខិតខំរបស់យើងដើម្បីរក្សានូវចិត្តស្មោះគ្រប់ល័ក្ខណ៍របស់យើងមិនត្រូវកត់ទុកក្នុងព្រះគម្ពីរក៏ដោយ ព្រះយេហូវ៉ាមាន«សៀវភៅរំឭក»មួយ សំរាប់អស់អ្នកណាដែលស្វះស្វែងធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។ សូមកុំឲ្យយើងភ្លេចព្រះយេហូវ៉ាកំពុងតែ«ប្រុងស្ដាប់» ហើយទ្រង់មានព្រះហឫទ័យសប្បាយ ពេលយើងបន្តខិតខំរក្សាខ្លួនឲ្យស្អាតស្អំខាងសីលធម៌។—ម៉ាឡាគី ៣:១៦
១៩. (ក) តើយើងគួរមានទស្សនៈយ៉ាងណាចំពោះភាពស្អាតស្អំខាងសីលធម៌? (ខ) តើយើងនឹងពិគ្រោះរឿងអ្វីក្នុងអត្ថបទជាបន្ទាប់?
១៩ ទោះបីអ្នកដែលគ្មានជំនឿសើចចំអកដាក់យើងក៏ដោយ យើងអរសប្បាយក្នុងការស្ដាប់បង្គាប់របស់យើងចំពោះព្រះដ៏ជាអ្នកបង្កើតរបស់យើង។ យើងមានគោលការណ៍សីលធម៌ដ៏ខ្ពង់ខ្ពស់ជាង។ នោះគឺជាអ្វីដែលគួរឲ្យយើងមានមោទនភាព គឺជាអ្វីដែលយើងគួររាប់ទុកជាមានតម្លៃលើសលប់។ ដោយរក្សាជំហរខាងសីលធម៌ដ៏ស្អាតស្អំ យើងអាចអរសប្បាយដោយទទួលពរពីព្រះ និងអាចមានសេចក្ដីសង្ឃឹមមួយដ៏ភ្លឺស្វាង គឺជាអនាគតមួយដ៏គ្មានទីបញ្ចប់ដោយទទួលពរ។ ក៏ប៉ុន្តែ ដោយគិតពីអ្វីដែលមានប្រយោជន៍វិញ តើយើងអាចធ្វើអ្វីដើម្បីរក្សាខ្លួនឲ្យនៅស្អាតស្អំខាងសីលធម៌? អត្ថបទជាបន្ទាប់នឹងពិគ្រោះសំនួរដ៏សំខាន់នេះ។
[កំណត់សម្គាល់]
a សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៨៣ ទំព័រ២៩-៣១ (ជាភាសាអង់គ្លេស)។
b គួរឲ្យសោកស្ដាយមែន មានកាលៈទេសៈជាច្រើនដែលគ្រីស្ទានម្នាក់ឆ្លងកាមរោគពីគូអាពាហ៍ពិពាហ៍របស់គេដែលមិនមែនជាអ្នកជឿ ដែលមិនធ្វើតាមការណែនាំរបស់ព្រះ។
តើអ្នកអាចពន្យល់បានទេ?
• តើព្រះគម្ពីរបង្រៀនអ្វីខ្លះអំពីការរួមភេទ?
• តើពាក្យ«សហាយស្មន់»សំដៅទៅលើអ្វីខ្លះក្នុងព្រះគម្ពីរ?
• តើយើងទទួលប្រយោជន៍អ្វីពីការរក្សាខ្លួនឲ្យស្អាតស្អំខាងសីលធម៌?
• ហេតុអ្វីបានជាយ៉ូសែប យ៉ូប និងនារីក្រមុំសាសន៍ស៊ូឡាមនោះគឺជាគំរូល្អសំរាប់គ្រីស្ទានសព្វថ្ងៃនេះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ៩]
យ៉ូសែបបានរត់ចេញពីអំពើឥតសីលធម៌
[រូបភាពនៅទំព័រ១០]
នារីសាសន៍ស៊ូឡាមនោះបានត្រូវប្រៀបដូចជា«សួនច្បារ ដែលរាំងផ្លូវចូល»
[រូបភាពនៅទំព័រ១១]
យ៉ូបបានចុះ ‹ខសន្យាជាមួយនឹងភ្នែករបស់គាត់›