លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកគ្រីស្ទានរកបានសុភមង្គលពីការបំរើ

ពួកគ្រីស្ទានរកបានសុភមង្គលពីការបំរើ

ពួក​គ្រីស្ទាន​រក​បាន​សុភមង្គល​ពី​ការ​បំរើ

«ដែល​ឲ្យ នោះ​បាន​ពរ​ជា​ជាង​ទទួល»។—កិច្ច​ការ ២០:៣៥

១. តើ​អាកប្បកិរិយា​ដ៏​ខុស​ណា​ដែល​មាន​ជា​ទូទៅ​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​ហេតុ​អ្វី​ក៏​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍?

 ក្នុង​កំឡុង​ទសវត្សរ៍​នានា​នៃ​ចុង​សតវត្ស​ទី​២០ ពាក្យ«អាត្មា​និយម» បាន​ឮ​ជា​ញឹក​ញយ។ «អាត្មា​និយម»មាន​ន័យ​ថា«អត្តទត្ថភាព» ហើយ​ជា​សញ្ញា​នៃ​អាកប្បកិរិយា​មួយ ដែល​រួម​បញ្ចូល​អត្តទត្ថភាព និង​សេចក្ដី​លោភ ដែល​ឥត​ចេះ​ខ្វល់​ខ្វាយ​នឹង​អ្នក​ដទៃ។ យើង​អាច​ដឹង​ប្រាកដ​ក្នុង​ចិត្ត​ថា នៅ​ក្នុង​ឆ្នាំ​២០០០​នេះ អាត្មា​និយម​មិន​មែន​សាប​សូន្យ​បាត់​ទៅ​ឡើយ។ តើ​មាន​ប៉ុន្មាន​ដង​ដែល​អ្នក​ឮ​សំនួរ​ទាំង​ឡាយ​ដូច​ជា «តើ​មាន​អ្វី​សំរាប់​ខ្ញុំ​នោះ?» ឬ​ក៏ «តើ​ខ្ញុំ​បាន​អ្វី​ពី​នេះ?»។ អាកប្បកិរិយា​ដែល​ប្រកប​ដោយ​អត្តទត្ថភាព​បែប​នេះ គឺ​មិន​នាំ​ឲ្យ​មាន​សុភមង្គល​ឡើយ។ នេះ​គឺ​ផ្ទុយ​ស្រឡះ​នឹង​គោល​ការណ៍​មួយ ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ដែល​ឲ្យ នោះ​បាន​ពរ​ជា​ជាង​ទទួល»។—កិច្ច​ការ ២០:៣៥

២. តើ​បាន​ស​ឲ្យ​ឃើញ​យ៉ាង​ណា​ថា ការ​ឲ្យ​នាំ​ឲ្យ​មាន​សុភមង្គល​នោះ?

តើ​ពិត​មែន​ឬ​ដែល​ការ​ឲ្យ​នាំ​ឲ្យ​មាន​សុភមង្គល​ជាង​ការ​ទទួល​នោះ? មែន​ហើយ។ សូម​គិត​អំពី​ព្រះ​យេហូវ៉ា។ ទ្រង់​ជា‹ប្រភព​នៃ​ជីវិត›។ (ទំនុកដំកើង ៣៦:៩) ទ្រង់​ផ្ដល់​របស់​ទាំង​អស់​ដែល​យើង​ត្រូវ​ការ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​សប្បាយ​និង​បង្កើត​ផល​បាន។ ប្រាកដ​ហើយ ទ្រង់​ជា​ប្រភព​នៃ«គ្រប់​ទាំង​របស់​ដ៏​ល្អ . . . នឹង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍»។ (យ៉ាកុប ១:១៧) ព្រះ​យេហូវ៉ា​ដែល​ជា«ព្រះ​ដ៏​សប្បាយ» គឺ​តែង​តែ​ផ្ដល់​ឲ្យ​ជា​និច្ច។ (ធីម៉ូថេ​ទី​១ ១:១១ ព.ថ.) ទ្រង់​ស្រឡាញ់​មនុស្ស​ដែល​ជា​ការ​បង្កើត​របស់​ទ្រង់ ដោយ​ទ្រង់​បាន​ប្រទាន​អ្វី​ៗ​ជា​ច្រើន​ឲ្យ​ពួក​គេ។ (យ៉ូហាន ៣:១៦) ចូរ​គិត​ដែរ​អំពី​ក្រុម​គ្រួសារ​ជា​មនុស្ស​លោក។ ប្រសិន​បើ​អ្នក​ជា​មាតា​ឬ​បិតា នោះ​អ្នក​នឹង​ដឹង​ថា​មាន​ពលិកម្ម​ប៉ុន្មាន និង​ការ​ឲ្យ​ប៉ុន្មាន​ដែល​ត្រូវ​ការ​ដើម្បី​ចិញ្ចឹម​កូន​ម្នាក់​នោះ។ ហើយ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ កូន​នោះ​ឥត​ដឹង​នូវ​ពលិកម្ម​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ធ្វើ​នោះ​ឡើយ។ គាត់​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ពលិកម្ម​ទាំង​អស់​របស់​អ្នក​ទេ។ ក៏​ប៉ុន្តែ គឺ​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ដោយ​ឃើញ​កូន​របស់​អ្នក​កំពុង​តែ​រីក​ចំរើន ដោយ​ព្រោះ​ការ​ឲ្យ​ដ៏​ឥត​កំណាញ់​របស់​អ្នក។ តើ​ហេតុ​អ្វី? ពីព្រោះ​អ្នក​ស្រឡាញ់​កូន។

៣. ហេតុ​អ្វី​ក៏​ជា​ការ​រីករាយ​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា និង​ពួក​អ្នក​ជឿ​គ្នី​គ្នា​របស់​យើង​នោះ?

តាម​របៀប​ស្រដៀង​គ្នា​នេះ ការ​ថ្វាយ​បង្គំ​ពិត​គឺ​មាន​ជា​លក្ខណៈ​ដោយ​ការ​ឲ្យ ដែល​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់។ ដោយ​ព្រោះ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា និង​យើង​ស្រឡាញ់​ពួក​អ្នក​ជឿ​គ្នី​គ្នា នោះ​គឺ​ជា​ការ​រីករាយ​ក្នុង​ការ​បំរើ​គេ ដើម្បី​ប្រគល់​ខ្លួន​យើង​ឲ្យ​ពួក​គេ​នោះ។ (ម៉ាថាយ ២២:៣៧​-​៣៩) អ្នក​ណា​ម្នាក់​ដែល​ថ្វាយ​បង្គំ​ដោយ​មាន​បំណង​ដែល​ប្រកប​ដោយ​អត្តទត្ថភាព នឹង​ពុំ​សូវ​មាន​អំណរ​ឡើយ។ ក៏​ប៉ុន្តែ អស់​អ្នក​ដែល​បំរើ​ដោយ​មិន​ប្រកប​ដោយ​អត្តទត្ថភាព ដែល​មាន​ចិត្ត​ខ្វល់​ខ្វាយ​តែ​នឹង​អ្វី​ដែល​គេ​អាច​ឲ្យ ជា​ជាង​លើ​អ្វី​ដែល​គេ​សង្ឃឹម​ថា​នឹង​ទទួល នោះ​រក​បាន​សុភមង្គល​ពិត​ប្រាកដ​មែន។ សេចក្ដី​ពិត​នេះ​គឺ​ឃើញ​ច្បាស់​បាន ដោយ​ពិនិត្យ​មើល​នូវ​របៀប​ដែល​ពាក្យ​ខ្លះ​ក្នុង​ព្រះ​គម្ពីរ ដែល​បាន​ទាក់​ទង​នឹង​ការ​ថ្វាយ​បង្គំ​របស់​យើង បាន​ត្រូវ​ប្រើ​ក្នុង​បទ​គម្ពីរ​នោះ។ យើង​នឹង​ពិគ្រោះ​ពាក្យ​ទាំង​បី​នេះ​ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​ជា​បន្ទាប់។

កិច្ច​បំរើ​សាធារណៈ​របស់​ព្រះ​យេស៊ូ

៤. តើ«កិច្ច​បំរើ​សាធារណៈ»របស់​ពិភព​គ្រីស្ទ​សាសនា មាន​លក្ខណៈ​យ៉ាង​ណា?

នៅ​ក្នុង​ភាសា​ក្រិក​ពី​ដើម ពាក្យ​ដ៏​សំខាន់​មួយ​ដែល​ទាក់​ទង​នឹង​ការ​ថ្វាយ​បង្គំ​គឺ លីទូយីអរ (lei·tour·gi​ʹ​a) ដែល​បាន​បក​ប្រែ​ថា«កិច្ច​បំរើ​សាធារណៈ» នៅ​ក្នុង​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ពិភព​លោក​ថ្មី។ នៅ​ក្នុង​ពិភព​គ្រីស្ទ​សាសនា ពាក្យ​លីទូយីអរ បាន​បង្កើត​ឃ្លា​នេះ​ឲ្យ​ទៅ​ជា«របៀប​របប​បុណ្យ​សាសនា»។ a ក៏​ប៉ុន្តែ របៀប​របប​បុណ្យ​សាសនា​តាម​ទម្រង់​ការ​របស់​ពិភព​គ្រីស្ទ​សាសនា គឺ​មិន​មែន​ជា​កិច្ច​បំរើ​សាធារណៈ​ដែល​មាន​ប្រយោជន៍​ដ៏​ពិត​នោះ​ទេ។

៥, ៦. (ក) តើ​កិច្ច​បំរើ​សាធារណៈ​អ្វី ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ហើយ​មាន​ប្រយោជន៍​យ៉ាង​ណា? (ខ) តើ​កិច្ច​បំរើ​សាធារណៈ​ដ៏​ធំ​ជាង​ណា ដែល​នឹង​ត្រូវ​ផ្លាស់​ជំនួស​កិច្ច​បំរើ​សាធារណៈ​ក្នុង​ស្រុក​អ៊ីស្រាអែល ហើយ​ហេតុ​អ្វី?

សាវ័ក​ប៉ុល​បាន​ប្រើ​ពាក្យ​ក្រិក​មួយ ដែល​ទាក់​ទង​នឹង​ពាក្យ​លីទូយីអរ ដែល​សំដៅ​ទៅ​ពួក​សង្ឃ​របស់​សាសន៍​អ៊ីស្រាអែល។ គាត់​បាន​មាន​ប្រសាសន៍​ថា៖ «អស់​ទាំង​សង្ឃ​ក៏​ឈរ​ធ្វើ​ការងារ[បែប​យ៉ាង​នៃ​លីទូយីអរ]រាល់​តែ​ថ្ងៃ ទាំង​ថ្វាយ​យញ្ញ​បូជា​ដដែល​ជា​ញឹក​ញយ»។ (ហេព្រើរ ១០:១១) ពួក​សង្ឃ​លេវី​ធ្វើ​កិច្ច​បំរើ​សាធារណៈ​ដែល​មាន​តម្លៃ​ណាស់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល។ ពួក​គេ​បាន​បង្រៀន​ក្រិត្យ​វិន័យ​របស់​ព្រះ និង​ថ្វាយ​យញ្ញ​បូជា ដែល​គ្រប​បាំង​អំពើ​បាប​របស់​បណ្ដា​ជន។ (របាក្សត្រ​ទី​២ ១៥:៣; ម៉ាឡាគី ២:៧) នៅ​ពេល​ដែល​ពួក​សង្ឃ​និង​បណ្ដា​ជន​ធ្វើ​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា នោះ​សាសន៍​នេះ​មាន​មូលហេតុ​ដើម្បី​អរ​សប្បាយ។—ចោទិយកថា ១៦:១៥

ការ​ធ្វើ​កិច្ច​បំរើ​សាធារណៈ​ក្រោម​ក្រិត្យ​វិន័យ​នេះ ជា​ឯកសិទ្ធិ​ដ៏​ល្អ​ចំពោះ​ពួក​សង្ឃ​ជន​ជាតិ​អ៊ីស្រាអែល ក៏​ប៉ុន្តែ​កិច្ច​បំរើ​របស់​គេ​លែង​មាន​តម្លៃ​ទៀត ពេល​ដែល​សាសន៍​អ៊ីស្រាអែល​បាន​ត្រូវ​បោះ​បង់​ចោល​ដោយ​ព្រោះ​ភាព​មិន​ស្មោះ​ត្រង់។ (ម៉ាថាយ ២១:៤៣) ព្រះ​យេហូវ៉ា​បាន​រៀបចំ​អ្វី​មួយ​ដែល​ធំ​អស្ចារ្យ​ជាង—នោះ​ជា​កិច្ច​បំរើ​សាធារណៈ​ដែល​បាន​ធ្វើ​ដោយ​សម្ដេច​សង្ឃ​ធំ​ជាង គឺ​ព្រះ​យេស៊ូ។ ស្តី​អំពី​ទ្រង់ នោះ​យើង​អាន​ថា៖ «ទ្រង់​មាន​ការងារ​ជា​សង្ឃ​ឥត​ផ្ទេរ​ឡើយ ពីព្រោះ​ទ្រង់​នៅ​ជាប់​អស់​កល្ប​ជា​និច្ច​វិញ ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​អាច​នឹង​ជួយ​សង្គ្រោះ​សព្វ​គ្រប់​បាន ដល់​មនុស្ស​ទាំង​អស់ ដែល​ចូល​ទៅ​ឯ​ព្រះ ដោយ​សារ​ទ្រង់ ដ្បិត​ទ្រង់​មាន​ព្រះ​ជន្ម​រស់​នៅ​ជា​និច្ច ដើម្បី​នឹង​ជួយ​អង្វរ​ជំនួស​គេ»។—ហេព្រើរ ៧:២៤, ២៥

៧. ហេតុ​អ្វី​ក៏​កិច្ច​បំរើ​សាធារណៈ​របស់​ព្រះ​យេស៊ូ​នាំ​ឲ្យ​មាន​ផល​ប្រយោជន៍ ដែល​ពុំ​អាច​ប្រៀប​ផ្ទឹម​បាន?

ព្រះ​យេស៊ូ​នឹង​បន្ត​ធ្វើ​ជា​សង្ឃ​រៀង​រហូត​ត​ទៅ​ដោយ​គ្មាន​អ្នក​ស្នង។ ដូច្នេះ​ហើយ មាន​តែ​ទ្រង់​ទេ​ដែល​អាច​សង្គ្រោះ​មនុស្ស​យ៉ាង​ពេញ​លេញ​នោះ។ ទ្រង់​ធ្វើ​កិច្ច​បំរើ​សាធារណៈ​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន មិន​មែន​នៅ​ក្នុង​ព្រះ​វិហារ​ដែល​ធ្វើ​ដោយ​មនុស្ស​ទេ ក៏​ប៉ុន្តែ​នៅ​ក្នុង​ព្រះ​វិហារ​ដូច​គំរូ​ដើម គឺ​ក្នុង​របៀប​រៀបចំ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា ចំពោះ​ការ​ថ្វាយ​បង្គំ ដែល​ចាប់​ប្រតិបត្ដិ​ការ​នៅ​ក្នុង​ឆ្នាំ​២៩ ស.យ.។ ឥឡូវ​នេះ ព្រះ​យេស៊ូ​បំរើ​នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​នៃ​ព្រះ​វិហារ​នោះ គឺ​នៅ​ស្ថាន​សួគ៌។ ទ្រង់​ជា«អ្នក​មាន​ការងារ[លីទូយីហ្គូ]ក្នុង​ទី​បរិសុទ្ធ ហើយ​ក្នុង​រោង​ឧបោសថ​ដ៏​ពិត ដែល​ព្រះ​អម្ចាស់​បាន​ដំឡើង មិន​មែន​ជា​មនុស្ស​ទេ»។ (ហេព្រើរ ៨:២; ៩:១១, ១២) ទោះ​ជា​ព្រះ​យេស៊ូ​មាន​ឋានៈ​ដ៏​ខ្ពង់​ខ្ពស់​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​ជា‹អ្នក​បំរើ​សាធារណៈ›។ ទ្រង់​ប្រើ​អំណាច​គ្រប់​គ្រង​ដ៏​ខ្ពស់​របស់​ទ្រង់​ដើម្បី​ផ្ដល់​ឲ្យ មិន​មែន​ដើម្បី​យក​នោះ​ទេ។ ហើយ​ការ​ឲ្យ​បែប​នេះ​នាំ​ឲ្យ​ទ្រង់​មាន​អំណរ។ នេះ​ជា​ផ្នែក​នៃ«សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់» ហើយ​នោះ​បាន​ពង្រឹង​ទ្រង់​ឲ្យ​ស៊ូ​ទ្រាំ​អស់​មួយ​ជីវិត​របស់​ទ្រង់​នៅ​លើ​ផែនដី​នេះ។—ហេព្រើរ ១២:២

៨. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ធ្វើ​កិច្ច​បំរើ​សាធារណៈ ដើម្បី​ផ្លាស់​ជំនួស​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ?

គឺ​មាន​ទិដ្ឋភាព​មួយ​ទៀត​ស្តី​អំពី​កិច្ច​បំរើ​សាធារណៈ​របស់​ព្រះ​យេស៊ូ។ ប៉ុល​បាន​សរសេរ​ថា៖ «[ព្រះ​យេស៊ូ]ទ្រង់​ជា​អ្នក​កណ្ដាល​របស់​សេចក្ដី​សញ្ញា​១​ដ៏​ប្រសើរ​ជាង​ប៉ុណ្ណា ដែល​សេចក្ដី​សញ្ញា​នោះ​បាន​តាំង​ឡើង លើ​ពាក្យ​សន្យា​ប្រសើរ​ជាង​ផង នោះ​ទ្រង់​ក៏​បាន​ទទួល​ការងារ​ដ៏​ប្រសើរ​ជាង​ប៉ុណ្ណោះ​ដែរ»។ (ហេព្រើរ ៨:៦) លោក​ម៉ូសេ​បាន​សម្រុះ​សម្រួល​កិច្ច​ព្រម​ព្រៀង​នេះ ដែល​ជា​មូលដ្ឋាន​នៃ​ទំនាក់​ទំនង​របស់​អ៊ីស្រាអែល​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (និក្ខមនំ ១៩:៤, ៥) ព្រះ​យេស៊ូ​បាន​សម្រុះ​សម្រួល​កិច្ច​ព្រម​ព្រៀង​ថ្មី ដោយ​អាច​ធ្វើ​ឲ្យ​មាន​កំណើត​នៃ​សាសន៍​ថ្មី​មួយ ជា«អ៊ីស្រាអែល​នៃ​ព្រះ» ដែល​មាន​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង ដែល​ចេញ​ពី​សាសន៍​ជា​ច្រើន។ (កាឡាទី ៦:១៦; ហេព្រើរ ៨:៨, ១៣; វិវរណៈ ៥:៩, ១០) នេះ​ជា​កិច្ច​បំរើ​សាធារណៈ​ដ៏​ល្អ​ប្រសើរ​យ៉ាង​ណា​ទៅ​ហ្ន៎! យើង​មាន​ចិត្ត​រីករាយ​ណាស់ ដែល​បាន​ស្គាល់​ព្រះ​យេស៊ូ ដែល​ជា​អ្នក​បំរើ​សាធារណៈ នោះ​តាម​រយៈ​ទ្រង់ យើង​អាច​ផ្ដល់​ការ​ថ្វាយ​បង្គំ​ដែល​ត្រឹម​ត្រូវ​ជូន​ព្រះ​យេហូវ៉ា។—យ៉ូហាន ១៤:៦

ពួក​គ្រីស្ទាន​ក៏​ធ្វើ​កិច្ច​បំរើ​សាធារណៈ​ដែរ

៩, ១០. តើ​មាន​កិច្ច​បំរើ​សាធារណៈ​អ្វី​ខ្លះ ដែល​ពួក​គ្រីស្ទាន​បាន​ធ្វើ​នោះ?

គ្មាន​មនុស្ស​ណា​ដែល​ធ្វើ​កិច្ច​បំរើ​សាធារណៈ ដែល​បាន​ខ្ពង់​ខ្ពស់​ដូច​ព្រះ​យេស៊ូ​នោះ​ទេ។ ក៏​ប៉ុន្តែ នៅ​ពេល​ដែល​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទទួល​រង្វាន់​របស់​គេ​ខាង​ស្ថាន​សួគ៌ នោះ​ពួក​គេ​នឹង​ទទួល​ចំណែក​នៅ​ជិត​ព្រះ​យេស៊ូ និង​ចូល​រួម​ក្នុង​កិច្ច​បំរើ​សាធារណៈ ជា​ស្តេច​និង​ជា​សង្ឃ​នៅ​ស្ថាន​សួគ៌។ (វិវរណៈ ២០:៦; ២២:១​-​៥) ប៉ុន្តែ ពួក​គ្រីស្ទាន​នៅ​លើ​ផែនដី​ក៏​ធ្វើ​កិច្ច​បំរើ​សាធារណៈ​ដែរ ហើយ​ពួក​គេ​ថែម​ទាំង​មាន​អំណរ​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ដូច្នេះ។ ជា​ឧទាហរណ៍ ពេល​ដែល​មាន​ការ​ខ្វះ​ខាត​ចំណី​អាហារ​នៅ​ស្រុក​ប៉ាឡេស្ទីន នោះ​សាវ័ក​ប៉ុល​បាន​យក​វិភាគទាន​ពី​បង​ប្អូន​នៅ​ទ្វីប​អឺរ៉ុប ដើម្បី​ជួយ​សម្រាល​ទុក្ខ​វេទនា​នៃ​ពួក​គ្រីស្ទាន​ជនជាតិ​យូដា នៅ​ស្រុក​យូដា។ នោះ​ជា​កិច្ច​បំរើ​សាធារណៈ​មួយ។ (រ៉ូម ១៥:២៧; កូរិនថូស​ទី​២ ៩:១២) សព្វ​ថ្ងៃ​នេះ ពួក​គ្រីស្ទាន​ក៏​ធ្វើ​ការងារ​ស្រដៀង​គ្នា​ដែរ ដោយ​ផ្ដល់​ជំនួយ​ភ្លាម​ៗ ពេល​ដែល​បង​ប្អូន​របស់​គេ​រង​ទុក្ខ​វេទនា ដោយ​មហន្តរាយ​ធម្មជាតិ ឬ​វិបត្ដិ​ភ័យ​ផ្សេង​ៗ​ទៀត។—សុភាសិត ១៤:២១

១០ ប៉ុល​បាន​សំដៅ​ទៅ​កិច្ច​បំរើ​សាធារណៈ​មួយ​ទៀត ពេល​ដែល​គាត់​បាន​សរសេរ​ថា៖ «បើ​សិន​ជា​ត្រូវ​ច្រួច​ខ្ញុំ​ចេញ​លើ​យញ្ញ​បូជា នឹង​ការ​ជំនួយ​របស់​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​ក៏​អរ ហើយ​មាន​សេចក្ដី​អំណរ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ទាំង​អស់​ដែរ»។ (ភីលីព ២:១៧) ការ​ខំ​ប្រឹង​ធ្វើ​ការ​ជា​ប្រយោជន៍​ដល់​ពួក​ភីលីព គឺ​ជា​កិច្ច​បំរើ​សាធារណៈ​ដែល​បាន​ធ្វើ​ឡើង ដោយ​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់។ សព្វ​ថ្ងៃ​នេះ​ក៏​ស្រដៀង​គ្នា​ដែរ កិច្ច​បំរើ​សាធារណៈ​កំពុង​តែ​ប្រព្រឹត្ត​ឡើង ជា​ពិសេស​ដោយ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង ដែល​បំរើ​ជា‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› ដោយ​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​តាម​ពេល​ដ៏​ត្រឹម​ត្រូវ។ (ម៉ាថាយ ២៤:៤៥​-​៤៧) បន្ថែម​ទៅ​ទៀត​ជា​ក្រុម​មួយ ពួក​ទាំង​នេះ​ជា«ពួក​សង្ឃ​បរិសុទ្ធ» ដែល​បាន​ប្រគល់​មុខ​ងារ​ឲ្យ«ថ្វាយ​គ្រឿង​បូជា​ខាង​ព្រលឹង​វិញ្ញាណ ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ទទួល ដោយ​ព្រះ​យេស៊ូវ​គ្រីស្ទ» និង​ឲ្យ«សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់»។ (ពេត្រុស​ទី​១ ២:៥,) ដូច​ជា​ប៉ុល​ដែរ ពួក​គេ​អរ​សប្បាយ​នឹង​ឯកសិទ្ធិ​នោះ កាល​ដែល​គេ‹ខំ​ប្រឹង​អស់​ពី​សមត្ថភាព› ក្នុង​ការ​បំពេញ​ភារកិច្ច​ទាំង​ឡាយ​របស់​គេ។ ហើយ«ចៀម​ឯ​ទៀត»គឺ​ជា​គូកន​របស់​គេ ក៏​ចូល​រួម​និង​គាំទ្រ​ពួក​គេ​ក្នុង​កិច្ច​ការ​នៃ​ការ​ប្រកាស​ប្រាប់​មនុស្ស​អំពី​ព្រះ​យេហូវ៉ា និង​អំពី​គោល​បំណង​របស់​ទ្រង់​ផង​ដែរ។ b (យ៉ូហាន ១០:១៦; ម៉ាថាយ ២៤:១៤) នេះ​ជា​កិច្ច​បំរើ​សាធារណៈ​ដ៏​អស្ចារ្យ​ហើយ​ដ៏​សប្បាយ​យ៉ាង​ណា​ទៅ​ហ្ន៎!—ទំនុកដំកើង ១០៧:២១, ២២

ការ​ផ្ដល់​នូវ​កិច្ច​បំរើ​ដ៏​ពិសិដ្ឋ

១១. តើ​តាម​របៀប​ណា​ដែល​ព្យាការី​នី​អាណ ផ្ដល់​នូវ​គំរូ​ដ៏​ល្អ​សំរាប់​ពួក​គ្រីស្ទាន​ទាំង​អស់​គ្នា​នោះ?

១១ ពាក្យ​ក្រិក​មួយ​ទៀត​ដែល​ទាក់​ទង​នឹង​ការ​ថ្វាយ​បង្គំ​របស់​យើង​គឺ ឡរទ្រីអរ ដែល​បាន​បក​ប្រែ​ជា«កិច្ច​បំរើ​ពិសិដ្ឋ» នៅ​ក្នុង​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ពិភព​លោក​ថ្មី។ កិច្ច​បំរើ​ពិសិដ្ឋ​ទាក់​ទង​នឹង​កិច្ច​ការ​នៃ​ការ​ថ្វាយ​បង្គំ។ ជា​ឧទាហរណ៍ ស្ត្រី​មេម៉ាយ​ម្នាក់​ជា​ព្យាការី​នី​អាណ​ដែល​មាន​អាយុ​៨៤​ឆ្នាំ គឺ​បាន​រៀប​រាប់​ថា«ក៏​នៅ​តែ​ក្នុង​ព្រះ​វិហារ មិន​ដែល​ចេញ​ឡើយ គាត់​គោរព[ពាក្យ​ក្រិក​ដែល​ទាក់​ទង​នឹង​ឡរទ្រីអរ]ទាំង​យប់​ទាំង​ថ្ងៃ ដោយ​ការ​តម​ហើយ​អធិស្ឋាន»។ (លូកា ២:៣៦, ៣៧) អាណ​បាន​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដោយ​ឥត​ឈប់​ឈរ។ គាត់​ជា​គំរូ​ដ៏​ល្អ​មួយ​ចំពោះ​យើង​រាល់​គ្នា ទាំង​ក្មេង​និង​ចាស់ ទាំង​ប្រុស​និង​ស្រី។ ដូច​ជា​អាណ​បាន​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា​យ៉ាង​ខ្នះ​ខ្នែង ហើយ​បាន​ថ្វាយ​បង្គំ​ទ្រង់​ជា​ទៀង​ទាត់​នៅ​ឯ​ព្រះ​វិហារ នោះ​កិច្ច​បំរើ​ពិសិដ្ឋ​របស់​យើង​ក៏​រួម​បញ្ចូល​ការ​អធិស្ឋាន​និង​ការ​ចូល​រួម​ប្រជុំ​នោះ​ដែរ។—រ៉ូម ១២:១២; ហេព្រើរ ១០:២៤, ២៥

១២. តើ​អ្វី​ជា​លក្ខណៈ​ដ៏​ចំបង​នៃ​កិច្ច​បំរើ​ពិសិដ្ឋ​របស់​យើង ហើយ​តើ​តាម​របៀប​ណា​ដែល​នេះ​ជា​កិច្ច​ការ​សាធារណៈ​នោះ?

១២ សាវ័ក​ប៉ុល​បាន​រៀប​រាប់​នូវ​លក្ខណៈ​ដ៏​ធំ​មួយ​ទៀត​នៃ​កិច្ច​បំរើ​ពិសិដ្ឋ​របស់​យើង ពេល​ដែល​គាត់​បាន​សរសេរ​ថា៖ «ដ្បិត​ព្រះ​ដែល​ខ្ញុំ​បំរើ​ដោយ​វិញ្ញាណ​ខ្ញុំ ក្នុង​ដំណឹង​ល្អ​ពី​ព្រះ​រាជបុត្រា​ទ្រង់ នោះ​ជា​ស្មរបន្ទាល់​ពី​ខ្ញុំ​ថា ខ្ញុំ​ទូល​ដំណាល​ពី​អ្នក​រាល់​គ្នា ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​ជា​និច្ច»។ (រ៉ូម ១:៩) ត្រូវ​ហើយ ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ គឺ​មិន​គ្រាន់​តែ​ជា​មុខ​ងារ​សាធារណៈ​ដល់​អស់​អ្នក​ដែល​ឮ​នោះ​ទេ ក៏​ប៉ុន្តែ​ជា​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​នូវ​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ ទោះ​ជា​យើង​រក​ឃើញ​អ្នក​ព្រម​ស្ដាប់​ឬ​អត់​ក៏​ដោយ នោះ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នេះ ជា​កិច្ច​បំរើ​ពិសិដ្ឋ​ដែល​បាន​ផ្ដល់​ជូន​ព្រះ​យេហូវ៉ា។ ការ​ខំ​ប្រឹង​ប្រាប់​អ្នក​ដទៃ​អំពី​គុណសម្បត្ដិ​និង​គោល​បំណង​ដ៏​មាន​ប្រយោជន៍ របស់​ព្រះ​វរបិតា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​នៅ​ស្ថាន​សួគ៌ ប្រាកដ​ជា​នាំ​ឲ្យ​យើង​មាន​អំណរ​ខ្លាំង​មែន។—ទំនុកដំកើង ៧១:២៣

តើ​យើង​ផ្ដល់​នូវ​កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​នៅ​ឯ​ណា?

១៣. តើ​ពួក​អ្នក​ដែល​នឹង​ផ្ដល់​កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​នៅ​ទី​ធ្លា​ខាង​ក្នុង​នៃ​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ណា ហើយ​តើ​អ្នក​ណា​អរ​សប្បាយ​ជា​មួយ​នឹង​ពួក​គេ​នោះ?

១៣ ជូន​ចំពោះ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង នោះ​ប៉ុល​បាន​សរសេរ​ថា៖ «ដែល​ទទួល​នគរ​១​ដ៏​កក្រើក​រញ្ជួយ​ពុំ​បាន នោះ​ត្រូវ​ឲ្យ​យើង​ដឹង​គុណ ដែល​ដោយ​សារ​សេចក្ដី​នោះ យើង​នឹង​បំរើ​ព្រះ​បែប​ឲ្យ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ទាំង​មាន​ចិត្ត​គោរព​ប្រតិបត្ដិ ហើយ​កោត​ខ្លាច​ដល់​ទ្រង់»។ (ហេព្រើរ ១២:២៨) ដោយ​មាន​សេចក្ដី​សង្ឃឹម​ដ៏​ទុក​ចិត្ត​ចំពោះ​ការ​ទទួល​ព្រះ​រាជាណាចក្រ​នេះ នោះ​ពួក​ចាក់​ប្រេង​តាំង​មាន​ជំនឿ​យ៉ាង​មុត​មាំ កាល​ដែល​គេ​ថ្វាយ​បង្គំ​ព្រះ​ដ៏​ខ្ពស់​បំផុត។ មាន​តែ​ពួក​គេ​ទេ​ដែល​អាច​ផ្ដល់​នូវ​កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​ក្នុង​កន្លែង​បរិសុទ្ធ និង​ទី​ធ្លា​ខាង​ក្នុង​នៃ​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា។ ហើយ​ពួក​គេ​ទន្ទឹង​ចាំ​ដោយ​រំភើប​ចិត្ត​ក្នុង​ការ​បំរើ​ជា​មួយ​នឹង​ព្រះ​យេស៊ូ​នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត គឺ​ជា​ស្ថាន​សួគ៌​នោះ​តែ​ម្ដង។ ពួក​គូកន​នៃ​ក្រុម​ខាង​ចៀម​ឯ​ទៀត អរ​សប្បាយ​ជា​មួយ​នឹង​ពួក​គេ ចំពោះ​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នេះ​របស់​គេ។—ហេព្រើរ ៦:១៩, ២០; ១០:១៩​-​២២

១៤. តើ​ពួក​ហ្វូង​ធំ​ទទួល​ប្រយោជន៍​ពី​កិច្ច​បំរើ​សាធារណៈ​របស់​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

១៤ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​អស់​អ្នក​ដែល​ជា​ផ្នែក​នៃ​ចៀម​ឯ​ទៀត? ដូច​ជា​សាវ័ក​យ៉ូហាន​បាន​ឃើញ​ជា​មុន នោះ​មនុស្ស​មួយ​ហ្វូង​ធំ​បាន​លេច​ខ្លួន​មក​នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ ហើយ«គេ​បាន​បោក​អាវ ហើយ​ធ្វើ​ឲ្យ​ឡើង​ស​ក្នុង​ឈាម​របស់​កូន​ចៀម»។ (វិវរណៈ ៧:១៤) នេះ​បាន​សេចក្ដី​ថា ដូច​ពួក​អ្នក​ថ្វាយ​បង្គំ​ដែល​ចាក់​ប្រេង​តាំង​របស់​គេ នោះ​ពួក​គេ​ក៏​អនុវត្ត​ជំនឿ​លើ​កិច្ច​បំរើ​សាធារណៈ​របស់​ព្រះ​យេស៊ូ គឺ​ការ​ថ្វាយ​ជីវិត​ដ៏​គ្រប់ល័ក្ខណ៍​របស់​ទ្រង់ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​លោក។ ពួក​ចៀម​ឯ​ទៀត ក៏​ទទួល​ផល​ប្រយោជន៍​ពី​កិច្ច​បំរើ​សាធារណៈ​របស់​ព្រះ​យេស៊ូ​ដែរ ក្នុង​ន័យ​ថា​ពួក​គេ«កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់[ព្រះ​យេហូវ៉ា]»។ (អេសាយ ៥៦:៦) ទេ! ពួក​គេ​មិន​មែន​ជា​អ្នក​ចូល​រួម​កិច្ច​ព្រម​ព្រៀង​ថ្មី​ទេ ក៏​ប៉ុន្តែ​ពួក​គេ​កាន់​ខ្ជាប់​តាម​កិច្ច​ព្រម​ព្រៀង​នេះ ដោយ​ស្ដាប់​បង្គាប់​ក្រិត្យ​វិន័យ​ទាំង​ប៉ុន្មាន​ដែល​ទាក់​ទង​នឹង​នោះ ហើយ​ធ្វើ​កិច្ច​សហប្រតិបត្ដិការ​ជា​មួយ​នឹង​របៀប​រៀបចំ ដែល​បាន​ធ្វើ​ឡើង​តាម​រយៈ​នោះ។ ពួក​គេ​ចូល​រួម​នឹង​អ៊ីស្រាអែល​នៃ​ព្រះ ដោយ​បរិភោគ​អាហារ​នៅ​ឯ​តុ​ខាង​វិញ្ញាណ​ដូច​គ្នា និង​ធ្វើ​ការ​ជា​មួយ​សមាជិក​នោះ ដោយ​សរសើរ​ព្រះ​ជា​សាធារណៈ និង​ថ្វាយ​យញ្ញ​បូជា​ខាង​វិញ្ញាណ ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ទ្រង់។—ហេព្រើរ ១៣:១៥

១៥. តើ​ពួក​ហ្វូង​ធំ​ផ្ដល់​នូវ​កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​នៅ​ឯ​ណា ហើយ​តើ​ប្រសិទ្ធិពរ​នេះ​មាន​អានុភាព​លើ​គេ​យ៉ាង​ដូច​ម្ដេច?

១៥ ដូច្នេះ​ហើយ ពួក​ហ្វូង​ធំ​បាន​ត្រូវ​ឃើញ«ឈរ​នៅ​មុខ​បល្ល័ង្ក នឹង​កូន​ចៀម​ទាំង​ពាក់​អាវ​ស​វែង»។ បន្ថែម​ទៀត «គេ​ស្ថិត​នៅ​ចំពោះ​បល្ល័ង្ក​ព្រះ ព្រម​ទាំង​បំរើ​ទ្រង់ នៅ​ក្នុង​ព្រះ​វិហារ​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ព្រះ​អង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក​នោះ ទ្រង់​នឹង​ធ្វើ​ជា​ត្រសាល​បាំង​ឲ្យ​គេ»។ (វិវរណៈ ៧:៩, ១៥) នៅ​ស្រុក​អ៊ីស្រាអែល ពួក​អ្នក​ចូល​សាសនា​យូដា​បាន​ថ្វាយ​បង្គំ​នៅ​ទី​លាន​ខាង​ក្រៅ​នៃ​ព្រះ​វិហារ​របស់​សាឡូម៉ូន។ តាម​របៀប​ស្រដៀង​គ្នា​នេះ ពួក​ហ្វូង​ធំ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នៅ​ទី​លាន​ខាង​ក្រៅ​នៃ​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ទ្រង់។ ការ​បំរើ​នៅ​ទី​នោះ​ធ្វើ​ឲ្យ​គេ​មាន​ចិត្ត​អរ​សប្បាយ​ណាស់។ (ទំនុកដំកើង ១២២:១) ទោះ​ជា​ក្រោយ​ពី​ពួក​អ្នក​ចាក់​ប្រេង​តាំង​ចុង​ក្រោយ​ទទួល​មរតក​ខាង​ស្ថាន​សួគ៌​របស់​គេ ក៏​ពួក​គេ​នឹង​បន្ត​ផ្ដល់​នូវ​កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​ដល់​ព្រះ​យេហូវ៉ា​ជា​រាស្ត្រ​របស់​ទ្រង់​ដែរ។—វិវរណៈ ២១:៣

កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​ដែល​មិន​មាន​ការ​យល់​ព្រម

១៦. តើ​ការ​ព្រមាន​អ្វី​ដែល​បាន​ផ្ដល់​មក​ស្តី​អំពី​កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​នោះ?

១៦ នៅ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​ត្រូវ​តែ​ផ្ដល់​ឲ្យ​ស្រប​តាម​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា។ (និក្ខមនំ ៣០:៩; លេវីវិន័យ ១០:១, ២) អ៊ីចឹង​ដែរ​សព្វ​ថ្ងៃ​នេះ គឺ​ត្រូវ​ធ្វើ​តាម​សេចក្ដី​តម្រូវ​ផ្សេង​ៗ ប្រសិន​បើ​យើង​ចង់​ឲ្យ​កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​របស់​យើង បាន​ទទួល​ការ​យល់​ព្រម​ពី​ព្រះ​យេហូវ៉ា​នោះ។ ដូច្នេះ​ហើយ​បាន​ជា​ប៉ុល​បាន​សរសេរ​ជូន​ពួក​អ្នក​នៅ​ក្រុង​កូល៉ុស​ថា៖ «យើង​ខ្ញុំ​ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ឈប់​ឈរ ហើយ​ទូល​សូម ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ​ហឫទ័យ​ទ្រង់​សព្វ​គ្រប់ ដោយ​គ្រប់​ទាំង​ប្រាជ្ញា នឹង​ចំណេះ​ខាង​ឯ​វិញ្ញាណ ដើម្បី​ឲ្យ​បាន​ដើរ​បែប​គួរ​នឹង​ព្រះ​អម្ចាស់ ទាំង​គាប់​ចិត្ត​ដល់​មនុស្ស​ទាំង​អស់ ឲ្យ​បាន​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ឡើង»។ (កូល៉ុស ១:៩, ១០) គឺ​មិន​ស្រេច​លើ​យើង​នោះ​ទេ​ឲ្យ​សម្រេច​ចិត្ត​នូវ​ផ្លូវ​ត្រឹម​ត្រូវ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​នោះ។ ចំណេះ​ត្រឹម​ត្រូវ​ពី​ព្រះ​គម្ពីរ ការ​យល់​ដឹង​ខាង​វិញ្ញាណ និង​ប្រាជ្ញា​ពី​ព្រះ គឺ​សំខាន់​ជា​ចាំ​បាច់។ បើ​មិន​ដូច្នោះ​ទេ នោះ​អាច​មាន​លទ្ធផល​ដ៏​អាក្រក់។

១៧. (ក) តើ​កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​បាន​ត្រូវ​ធ្វើ​ឲ្យ​ខូច​ក្នុង​សម័យ​លោក​ម៉ូសេ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​អាច​ឲ្យ​ការ​ណែនាំ​ខុស​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ?

១៧ សូម​ចង​ចាំ​អំពី​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ក្នុង​សម័យ​លោក​ម៉ូសេ។ យើង​អាន​ថា៖ «ព្រះ​ទ្រង់​ផ្លាស់​ប្រែ​ទៅ​ជា​បញ្ជូន​គេ ឲ្យ​គោរព​ប្រតិបត្ដិ​ដល់​ពួក​បរិវារ​ដែល​នៅ​លើ​មេឃ​វិញ»។ (កិច្ច​ការ ៧:៤២) ពួក​អ៊ីស្រាអែល​ទាំង​នោះ​បាន​ឃើញ​ការ​ប្រព្រឹត្ត​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា ដែល​ជា​ប្រយោជន៍​ចំពោះ​ពួក​គេ។ ក៏​ប៉ុន្តែ ពួក​គេ​បាន​ពឹង​ព្រះ​ឯ​ទៀត ពេល​ដែល​គេ​បាន​គិត​ថា នេះ​នឹង​បាន​ជា​ប្រយោជន៍​ចំពោះ​គេ​វិញ។ ពួក​គេ​ឥត​មាន​ចិត្ត​ស្មោះ​ត្រង់​ទេ ហើយ​គឺ​ត្រូវ​តែ​មាន​សេចក្ដី​ស្មោះ​ត្រង់ ប្រសិន​បើ​យើង​ចង់​ឲ្យ​កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​របស់​យើង ជា​ទី​ផ្គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ​នោះ។ (ទំនុកដំកើង ១៨:២៥) ពិត​មែន​ហើយ មាន​មនុស្ស​មួយ​ចំនួន​តូច​នៅ​សព្វ​ថ្ងៃ​នេះ ដែល​បែរ​ចេញ​ពី​ព្រះ​យេហូវ៉ា​ទៅ​ថ្វាយ​បង្គំ​ផ្កាយ កូន​គោ​មាស ក៏​ប៉ុន្តែ​ក៏​មាន​បែប​ការ​ថ្វាយ​បង្គំ​រូប​ផ្សេង​ៗ​ទៀត​ដែរ។ ព្រះ​យេស៊ូ​បាន​ព្រមាន​នឹង​ការ​បំរើ​ទ្រព្យ​សម្បត្ដិ ហើយ​ប៉ុល​បាន​ហៅ​ការ​ច្រណែន​លោភ​ចង់​បាន ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ។ (ម៉ាថាយ ៦:២៤; កូល៉ុស ៣:៥) សាតាំង​បាន​តម្កើង​ខ្លួន​វា​ជា​ព្រះ​មួយ​អង្គ។ (កូរិនថូស​ទី​២ ៤:៤) ការ​ថ្វាយ​បង្គំ​រូប​បែប​នេះ គឺ​មាន​ជា​ទូទៅ ហើយ​ក៏​ជា​អន្ទាក់​ផង​ដែរ។ ជា​ឧទាហរណ៍ ចូរ​គិត​អំពី​បុគ្គល​ម្នាក់ ដែល​អះអាង​ថា​នឹង​ធ្វើ​តាម​ព្រះ​យេស៊ូ ប៉ុន្តែ​គោល​បំណង​ពិត​ក្នុង​ជីវិត​របស់​គាត់ គឺ​ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​មាន ឬ​ក៏​ទំនុក​ចិត្ត​ដ៏​ពិត​របស់​គាត់​គឺ​ទៅ​លើ​ខ្លួន​ឯង និង​លើ​គំនិត​របស់​គាត់។ តើ​គាត់​ពិត​ជា​បំរើ​អ្នក​ណា​គេ? តើ​គាត់​គឺ​មិន​ខុស​គ្នា​ពី​ពួក​យូដា​នៅ​សម័យ​អ៊ីស្រាអែល​ទេ​ឬ ដែល​បាន​ស្បថ​ក្នុង​ព្រះ​នាម​ព្រះ​យេហូវ៉ា ប៉ុន្តែ​ចំពោះ​ការ​សម្ដែង​អ្វី​ដ៏​អស្ចារ្យ​របស់​ទ្រង់​បែរ​ជា​ផ្ដល់​ឲ្យ​សិរី​ល្អ​ដល់​រូប​សំណាក​ដ៏​ស្មោក​គ្រោក​នោះ​ទៅ​វិញ?—អេសាយ ៤៨:១, ៥

១៨. តើ​កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​បាន​ធ្វើ​ដោយ​ខុស​យ៉ាង​ណា​នៅ​សម័យ​ពី​ដើម និង​សព្វ​ថ្ងៃ​នេះ?

១៨ ព្រះ​យេស៊ូ​ក៏​បាន​ព្រមាន​ថា៖ «នឹង​មាន​ពេល​វេលា​មក នោះ​អស់​អ្នក​ណា ដែល​សំឡាប់​អ្នក​រាល់​គ្នា នឹង​គិត​ស្មានថា ខ្លួន​បំរើ​ដល់​ព្រះ​ដែរ»។ (យ៉ូហាន ១៦:២) សុល​ដែល​បាន​ក្លាយ​ទៅ​ជា​សាវ័ក​ប៉ុល ប្រាកដ​ជា​បាន​គិត​ថា​គាត់​កំពុង​តែ​បំរើ​ព្រះ ពេល​ដែល​គាត់‹បាន​យល់​ព្រម​នឹង​ការ​សម្លាប់​ស្ទេផាន› និង‹បញ្ចេញ​សេចក្ដី​គំរាម នឹង​ពាក្យ​កំហែង ព្រម​ទាំង​ការ​សម្លាប់ ដល់​ពួក​សិស្ស​នៃ​ព្រះ​អម្ចាស់›។ (កិច្ច​ការ ៨:១; ៩:១) សព្វ​ថ្ងៃ​នេះ ពួក​អ្នក​ប្រព្រឹត្ត​ការ​បោស​សំអាត​ជាតិ​សាសន៍​និង​ការ​ប្រល័យ​ពូជ​សាសន៍ ក៏​អះអាង​ថា​ថ្វាយ​បង្គំ​ព្រះ​ដែរ។ គឺ​មាន​មនុស្ស​ជា​ច្រើន​ដែល​អះអាង​ថា​ថ្វាយ​បង្គំ​ព្រះ ក៏​ប៉ុន្តែ​ការ​ថ្វាយ​បង្គំ​របស់​គេ គឺ​ពិត​ជា​សំដៅ​ទៅ​ព្រះ​ផ្សេង​ៗ​ខាង​ជាតិ​និយម កុលសម្ព័ន្ធ​និយម ទ្រព្យ​សម្បត្ដិ​និយម គំនិត​សួន​តួ ឬ​ព្រះ​ឯ​ទៀត។

១៩. (ក) តើ​យើង​មាន​ទស្សនៈ​យ៉ាង​ណា​នឹង​កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​របស់​យើង? (ខ) តើ​កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​បែប​ណា ដែល​នឹង​នាំ​ឲ្យ​យើង​មាន​អំណរ​នោះ?

១៩ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ឯង​ត្រូវ​ថ្វាយ​បង្គំ​ដល់[ព្រះ​យេហូវ៉ា] ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ»។ (ម៉ាថាយ ៤:១០) ទ្រង់​កំពុង​តែ​មាន​បន្ទូល​ទៅ​សាតាំង ក៏​ប៉ុន្តែ​គឺ​ជា​ការ​សំខាន់​ចាំ​បាច់​ណាស់! ដែល​យើង​រាល់​គ្នា​ធ្វើ​តាម​បន្ទូល​របស់​ទ្រង់​នោះ។ ការ​ផ្ដល់​នូវ​កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​ជូន​ព្រះ​អម្ចាស់​មហា​ក្សត្រ​នៃ​សកល​លោក​នេះ ជា​ឯកសិទ្ធិ​មួយ​ដ៏​ខ្ពស់ ដែល​គួរ​ឲ្យ​ស្ញែង​ខ្លាច។ ហើយ​តើ​អាច​និយាយ​យ៉ាង​ណា​បាន អំពី​ការ​ធ្វើ​កិច្ច​បំរើ​សាធារណៈ ដែល​ទាក់​ទង​នឹង​ការ​ថ្វាយ​បង្គំ​របស់​យើង​នោះ? ការ​ធ្វើ​ដូច្នេះ​សំរាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្នី​គ្នា​របស់​យើង គឺ​ជា​កិច្ច​ការ​ដ៏​អរ​សប្បាយ ដែល​នាំ​ឲ្យ​មាន​សុភមង្គល​យ៉ាង​ខ្លាំង។ (ទំនុកដំកើង ៤១:១, ២; ៥៩:១៦) ក៏​ប៉ុន្តែ កិច្ច​បំរើ​បែប​នេះ​នាំ​ឲ្យ​មាន​សុភមង្គល​ពិត បើ​កិច្ច​បំរើ​នេះ​បាន​ត្រូវ​ថ្វាយ​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​តាម​របៀប​ដ៏​ត្រឹម​ត្រូវ​នោះ។ តើ​ពួក​ណា​ដែល​ពិត​ជា​ថ្វាយ​បង្គំ​ព្រះ​យ៉ាង​ត្រឹម​ត្រូវ​នោះ? តើ​កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​របស់​អ្នក​ណា​ដែល​ព្រះ​យេហូវ៉ា​យល់​ព្រម? យើង​អាច​ឆ្លើយ​សំនួរ​បែប​នេះ ប្រសិន​បើ​យើង​ពិនិត្យ​មើល​នូវ​ពាក្យ​ទី​បី​ក្នុង​ព្រះ​គម្ពីរ ដែល​ទាក់​ទង​នឹង​ការ​ថ្វាយ​បង្គំ​របស់​យើង។ យើង​នឹង​ពិគ្រោះ​ពាក្យ​នេះ​នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

[កំណត់​សម្គាល់]

a របៀប​របប​បុណ្យ​សាសនា​ខាង​ពិភព​គ្រីស្ទ​សាសនា ជា​ទូទៅ​មាន​ក្បួន​រីតិ៍​ខាង​ការ​ថ្វាយ​បង្គំ ឬ​មាន​ក្បួន​រីតិ៍​ដ៏​ចំ​ៗ ដូច​ជា​បុណ្យ​ចែក​នំ​ប៉័ង​និង​ស្រា​ក្នុង​សាសនា​កាតូលិក។

b នៅ​ឯ​កិច្ច​ការ ១៣:២ នេះ​គឺ​បាន​រាយ​ការណ៍​ថា ពួក​ព្យាការី​និង​ពួក​គ្រូ​ៗ​នៅ​ទី​ក្រុង​អាន់ទីយ៉ូក​បាន‹បំរើ​សាធារណៈ› (បក​ប្រែ​ពី​ពាក្យ​ក្រិក​ដែល​ទាក់​ទង​នឹង​លីទូយីអរ) ចំពោះ​ព្រះ​យេហូវ៉ា។ ការ​បំរើ​សាធារណៈ​នេះ​ប្រហែល​ជា​រួម​បញ្ចូល​ការ​ផ្សព្វ​ផ្សាយ​ទៅ​ពួក​សាធារណជន។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​កិច្ច​បំរើ​សាធារណៈ​ដ៏​ធំ​យ៉ាង​ណា ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ?

តើ​កិច្ច​បំរើ​សាធារណៈ​អ្វី​ដែល​ពួក​គ្រីស្ទាន​នឹង​ធ្វើ?

តើ​កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​របស់​ពួក​គ្រីស្ទាន​ជា​អ្វី ហើយ​តើ​ត្រូវ​ធ្វើ​កិច្ច​ការ​នេះ​នៅ​ឯ​ណា?

តើ​យើង​ត្រូវ​តែ​ទទួល​អ្វី បើ​យើង​ចង់​ឲ្យ​កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​របស់​យើង​គាប់​ព្រះ​ហឫទ័យ​ព្រះ​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១៨]

មាតា​បិតា​មាន​អំណរ​យ៉ាង​ខ្លាំង​ក្នុង​ការ​ឲ្យ

[រូប​ភាព​នៅ​ទំព័រ​២០, ២១]

ពួក​គ្រីស្ទាន​ផ្ដល់​នូវ​កិច្ច​បំរើ​សាធារណៈ ពេល​ដែល​គេ​ជួយ​អ្នក​ដទៃ និង​ពេល​ដែល​គេ​ប្រកាស​ដំណឹង​ល្អ

[រូប​ភាព​នៅ​ទំព័រ​២២]

យើង​ត្រូវ​ការ​ចំណេះ​ត្រឹម​ត្រូវ​និង​ការ​យល់​ដឹង ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​កិច្ច​បំរើ​បរិសុទ្ធ​របស់​យើង គឺ​ជា​អ្វី​ដែល​ទទួល​ការ​យល់​ព្រម​ពី​ព្រះ