លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីបានជាអ្នកគួរតែអធិស្ឋាន?

ហេតុអ្វីបានជាអ្នកគួរតែអធិស្ឋាន?

ហេតុ​អ្វី​បាន​ជា​អ្នក​គួរ​តែ​អធិស្ឋាន?

«អ្នក​រាល់​គ្នា​ក៏​សូម​ដែរ តែ​មិន​បាន​ទេ ដ្បិត​សេចក្ដី​សំណូម​នោះ​បែប​អាក្រក់ . . . ត្រូវ​ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ»។ (យ៉ាកុប ៤:៣, ៨) ពាក្យ​ទាំង​នោះ​នៃ​សិស្ស​ម្នាក់​របស់​ព្រះ​យេស៊ូ​ឈ្មោះ​យ៉ាកុប ក៏​ប្រហែល​ជា​ជំរុញ​ឲ្យ​យើង​ពិចារណា​នូវ​ហេតុ​ដែល​យើង​អធិស្ឋាន។

សេចក្ដី​អធិស្ឋាន​មិន​គ្រាន់​តែ​ជា​របៀប​មួយ​ដើម្បី​ទូល​ព្រះ​ពី​អ្វី​ដែល​យើង​ត្រូវ​ការ​នោះ​ទេ។ ក្នុង​ធម្មទាន​ដ៏​ល្បី​ល្បាញ​របស់​ព្រះ​យេស៊ូ​នៅ​លើ​ភ្នំ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ព្រះ​វរបិតា​នៃ​អ្នក ទ្រង់​ជ្រាប​នូវ​របស់​អ្វី​ដែល​អ្នក​ត្រូវ​ការ មុន​ដែល​អ្នក​សូម​ផង»។ ប៉ុន្តែ ព្រះ​យេស៊ូ​ថែម​ទាំង​បាន​មាន​បន្ទូល​ថា៖ «ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក»។ (ម៉ាថាយ ៦:៨; ៧:៧) ដូច្នេះ​ហើយ ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​យើង​ទូល​ទ្រង់​ពី​អ្វី​ដែល​យើង​គិត​ថា យើង​ត្រូវ​ការ​នោះ។ ប៉ុន្តែ​សេចក្ដី​អធិស្ឋាន​រួម​បញ្ចូល​ច្រើន​ជាង​នោះ​ទៅ​ទៀត។

មិត្ត​ជិត​ស្និទ្ធ​មិន​គ្រាន់​តែ​ទាក់​ទង​គ្នា នៅ​ពេល​ដែល​ត្រូវ​ការ​អ្វី​ប៉ុណ្ណោះ​ទេ។ ពួក​គេ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មិត្តភាព​របស់​គេ​ក៏​រឹង​មាំ​ឡើង ពេល​ដែល​ពួក​គេ​ថ្លែង​ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន​នោះ។ ស្រដៀង​គ្នា​ដែរ សេចក្ដី​អធិស្ឋាន​មាន​គោល​ដៅ​សំខាន់​ជាង មិន​គ្រាន់​តែ​ជា​ការ​សុំ​របស់​ដ៏​ជា​ចាំ​បាច់​នោះ​ទេ។ សេចក្ដី​អធិស្ឋាន​ក៏​បើក​ឱកាស​ឲ្យ​យើង​ពង្រឹង​នូវ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ដោយ​ថ្លែង​ប្រាប់​ពី​ភក្ដី​ភាព​អស់​ពី​ដួង​ចិត្ត​របស់​យើង​ចំពោះ​ទ្រង់។

មែន​ហើយ ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​នូវ​ឯកសិទ្ធិ​ជា​សេចក្ដីអធិស្ឋាន ដើម្បី​ឲ្យ​យើង​អាច​ចូល​ទៅ​ជិត​ទ្រង់​បាន។ លុះ​ត្រា​តែ​យើង​ថ្លែង​ប្រាប់​ពី​មនោសញ្ចេតនា​របស់​ខ្លួន​ថ្វាយ​ព្រះ មិន​មែន​សូត្រ​សេចក្ដី​អធិស្ឋាន​ទាំង​ប៉ុន្មាន​ដែល​បាន​ទន្ទេញ​ចាំ​រត់​មាត់ ទើប​យើង​អាច​ចូល​ទៅ​ជិត​ទ្រង់​បាន​នោះ​ទេ។ ការ​និយាយ​ទូល​ថ្វាយ​ព្រះ​យេហូវ៉ា​តាម​រយៈ​សេចក្ដី​អធិស្ឋាន គឺ​ជា​ទី​ពេញ​ចិត្ត​ណាស់​ហ្ន៎! ម្យ៉ាង​វិញ​ទៀត សុភាសិត​មួយ​ពី​ព្រះ​គម្ពីរ​ចែង​ថា៖ «សេចក្ដី​អធិស្ឋាន​នៃ​មនុស្ស​ទៀង​ត្រង់​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ដល់​ទ្រង់​វិញ»។—សុភាសិត ១៥:៨

អ្នក​តែង​បទ​ទំនុកដំកើង​ឈ្មោះ​អេសាភ បាន​ច្រៀង​ថា៖ «ឯ​ទូល​បង្គំ ដែល​ទូល​បង្គំ​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ល្អ​ដល់​ទូល​បង្គំ»។ (ទំនុកដំកើង ៧៣:២៨) ប៉ុន្តែ ដើម្បី​ចូល​ទៅ​ជិត​ព្រះ យើង​ត្រូវ​ធ្វើ​អ្វី​ៗ​បន្ថែម​ទៀត​ពី​លើ​ការ​អធិស្ឋាន​នោះ។ សូម​កត់​សម្គាល់​នូវ​របៀប​ដែល​ដំណើរ​រឿង​ជា​បន្ត​បន្ទាប់​នេះ​នឹង​បង្ហាញ៖

«សិស្ស​ម្នាក់​ទូល[ព្រះ​យេស៊ូ]ថា៖ ‹សូម​ទ្រង់​បង្រៀន​យើង​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន​ផង›»។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​តប​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន នោះ​ត្រូវ​ថា៖ ‹ឱ​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌​អើយ! សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់›»។ (លូកា ១១:១, ២) តើ​យើង​អាច​អធិស្ឋាន​បែប​ណា​ដែល​មាន​ខ្លឹម​សារ​ដូច​នេះ បើ​យើង​មិន​ទាំង​ទាន់​រៀន​ស្គាល់​ព្រះ​នាម​របស់​ព្រះ និង​របៀប​ដែល​ព្រះ​នាម​នោះ​នឹង​ត្រូវ​បាន​លើក​ជា​បរិសុទ្ធ​នោះ​ផង? ហើយ​តើ​យើង​អាច​អធិស្ឋាន​សម​ស្រប​ទៅ​តាម​ពាក្យ​បន្ទូល​ទាំង​នេះ​របស់​ព្រះ​យេស៊ូ​ឬ​ទេ បើ​យើង​មិន​បាន​យល់​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី​នោះ? យើង​អាច​យល់​សេចក្ដី​ទាំង​នេះ​បាន បើ​សិន​ជា​យើង​ពិនិត្យ​មើល​ព្រះ​គម្ពីរ​យ៉ាង​ប្រយ័ត្ន​ប្រយែង។ ចំណេះ​ដែល​យើង​ទទួល​ដោយ​ធ្វើ​ដូច្នេះ នឹង​ជួយ​ឲ្យ​យើង​ស្គាល់​ព្រះ​និង​យល់​អំពី​ផ្លូវ​របស់​ទ្រង់​ដែរ។ បន្ថែម​ទៅ​ទៀត​នោះ ការ​ខំ​ស្គាល់​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​យើង​មាន​ភាព​ស្និទ្ធ​ស្នាល​ឡើង​ជា​មួយ​នឹង​ទ្រង់ ទាំង​មាន​ចិត្ត​ភក្ដី​ចំពោះ​ទ្រង់​ច្រើន​ជាង​ទៀត​ផង។ ជា​លទ្ធផល នេះ​នឹង​ជួយ​ឲ្យ​យើង​ទូល​ប្រាប់​ដល់​ទ្រង់​ដោយ​សេរី តាម​រយៈ​សេចក្ដី​អធិស្ឋាន។

សេចក្ដី​អធិស្ឋាន​អាច​ដោះ​ស្រាយ​បញ្ហា​បាន

ការ​បណ្ដុះ​ឲ្យ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា នឹង​ជួយ​យើង​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ។ សូម​កត់​សម្គាល់​នូវ​របៀប​ដែល​ពិត​ជា​មាន​អ៊ីចឹង​មែន ក្នុង​កាលៈទេសៈ​និមួយ​ៗ​ជា​បន្ត​បន្ទាប់​នេះ។ រឿង​ទាំង​នេះ​បង្ហាញ​ថា ពួក​អ្នក​អធិស្ឋាន​ទាំង​នោះ បាន​ទទួល​ឱកាស​ពង្រឹង​ទំនាក់​ទំនង​របស់​គេ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។

នៅ​ប្រទេស​ប្រេស៊ីល ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ារា​បាន​អធិស្ឋាន​សុំ​ព្រះ​ជួយ។ គាត់​ធ្លាប់​ចង់​បះ​បោរ​នឹង​ទម្លាប់​ធម្មតា​របស់​សង្គម​មនុស្ស មូលហេតុ​ខ្លះ​ដោយ​ព្រោះ​តែ​ការ​លាក់​ពុត​ដែល​គាត់​បាន​ឃើញ​ក្នុង​សង្គម​មនុស្ស។ ម៉ារា​ក៏​បាន​ចាក​ចេញ​ពី​ប្ដី កូន​ៗ និង​ផ្ទះ​របស់​គាត់។ គាត់​ក៏​បាន​ចាប់​ផ្ដើម​ប្រើ​គ្រឿង​ញៀន​ដែរ។ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ស្វែង​រក​សុភមង្គល​ពុំ​បាន​ទេ​នោះ គាត់​បាន​បើក​ចំហ​ចិត្ត​អធិស្ឋាន​ទូល​ថ្វាយ​ព្រះ​វិញ ដើម្បី​សុំ​ជំនួយ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ពីរ​នាក់​បាន​ទៅ​លេង និង​បាន​ឲ្យ​ម៉ារា​នូវ​ទស្សនាវដ្ដី​ប៉ម​យាម​មួយ​ច្បាប់ ដែល​មាន​ពត៌មាន​រៀប​រាប់​ពី​តម្លៃ​នៃ​ការ​ទទួល​សេចក្ដី​ណែនាំ​ពី​ព្រះ។ ពត៌មាន​នោះ​បាន​មាន​ឥទ្ធិពល​លើ​ចិត្ត​គាត់ ហើយ​គាត់​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ពួក​ស្មរបន្ទាល់​នៅ​ថ្ងៃ​នោះ​តែ​ម្ដង។ ជា​ទី​បំផុត ការ​ធ្វើ​ដូច​នោះ​បាន​នាំ​ឲ្យ​ស្ដារ​ឡើង​វិញ​នូវ​ជីវភាព​គ្រួសារ​របស់​គាត់។ កាល​ដែល​គាត់​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា គាត់​ក៏​ចង់​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ទ្រង់។ ម៉ារា​បាន​និយាយ​ថា៖ «ខ្ញុំ​បាន​កែ​ប្រែ​ចរិយា​ខ្លួន​ឲ្យ​បាន​ប្រសើរ​ឡើង។ មុន​ដំបូង​នោះ ប្ដី​និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​បាន​ជំទាស់​នឹង​ខ្ញុំ​សិក្សា​ព្រះ​គម្ពីរ។ ប៉ុន្តែ ពេល​ដែល​គេ​បាន​ឃើញ​នូវ​ការ​កែ​ប្រែ​របស់​ខ្ញុំ​នោះ គេ​បាន​ចាប់​ផ្ដើម​លើក​ទឹក​ចិត្ត​ខ្ញុំ​វិញ»។ ក្រោយ​មក ម៉ារា​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ដើម្បី​បំរើ​ព្រះ​អង្គ​ដែល​សណ្ដាប់​នូវ​សេចក្ដី​អធិស្ឋាន។

នៅ​ប្រទេស​បូលីវី ទោះ​ជា​លោក​ហូសេ​មាន​ប្រពន្ធ​ដ៏​ស្អាត​ម្នាក់ និង​ក្រុម​ហ៊ុន​មួយ​ដ៏​រីក​ចំរើន​ក៏​ដោយ គាត់​នៅ​តែ​មិន​សប្បាយ​ចិត្ត​ទេ។ ដោយ​គាត់​មាន​សហាយ នោះ​បាន​បណ្ដាល​ឲ្យ​ប្រពន្ធ​គាត់​ចាក​ចេញ​ពី​គាត់​ទៅ។ គាត់​បាន​ផឹក​ស្រា​ហួស​ហេតុ ហើយ​មាន​អារម្មណ៍​ថា ខ្លួន​ឥត​បាន​ការ​ទេ។ ហូសេ​និយាយ​ប្រាប់​ថា៖ «ខ្ញុំ​បាន​ចាប់​ផ្ដើម​អធិស្ឋាន​អស់​ពី​ដួង​ចិត្ត ទាំង​សួរ​ថា តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​នោះ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ក៏​បាន​មក​ឯ​ក្រុម​ហ៊ុន​ខ្ញុំ ទាំង​អញ្ជើញ​ឲ្យ​សិក្សា​ព្រះ​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ឯ​ផ្ទះ តែ​ខ្ញុំ​បាន​បណ្ដេញ​គេ​ចេញ​វិញ។ នេះ​បាន​កើត​ឡើង​បី​ដង។ ជា​រៀង​រាល់​ដង​ដែល​ខ្ញុំ​បាន​អធិស្ឋាន​សុំ​ជំនួយ នោះ​ពួក​ស្មរបន្ទាល់​បាន​មក​ទៀត។ ជា​ទី​បំផុត ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា លើក​ក្រោយ​ខ្ញុំ​នឹង​ស្ដាប់​សារ​របស់​គេ។ ខ្ញុំ​ធ្លាប់​អាន​ព្រះ​គម្ពីរ​ចប់ ក៏​មាន​សំនួរ​ជា​ច្រើន ប៉ុន្តែ​គេ​តែង​តែ​មាន​ចម្លើយ​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ពេញ​ចិត្ត។ ការ​រៀន​អំពី​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ខ្ញុំ​មាន​គោល​បំណង​ថ្មី​ខាង​ជីវិត ហើយ​ពួក​ម៉ាក​របស់​ខ្ញុំ​ក្នុង​ចំណោម​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា បាន​ជា​គំរូ​ដ៏​លើក​ទឹក​ចិត្ត​ណាស់! ខ្ញុំ​បាន​ចាក​ចេញ​ពី​សង្សារ​និង​គូកន​ស៊ី​ផឹក​របស់​ខ្ញុំ​ចោល។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ខ្ញុំ​បាន​ទៅ​នៅ​ជា​មួយ​ប្រពន្ធ​និង​កូន​ៗ​របស់​ខ្ញុំ​វិញ។ ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ដើម​ឆ្នាំ​១៩៩៩»។

នៅ​ប្រទេស​អ៊ីតាលី អាពាហ៍ពិពាហ៍​របស់​អ្នក​ស្រី​ឈ្មោះ​ថាម៉ារ៉ា​មាន​បញ្ហា ដូច្នេះ​ហើយ​គាត់​បាន​អធិស្ឋាន​សុំ​ប្រាជ្ញា។ គាត់​បាន​បណ្ដុះ​នូវ​បុគ្គលិក​លក្ខណៈ​កាច​ឆ្នាស់ ដោយ​បាន​ត្រូវ​គេ​វាយ​ហើយ​បណ្ដេញ​ចេញ​ពី​ក្រុម​គ្រួសារ​តាំង​ពី​អាយុ​១៤​ឆ្នាំ​មក​ម្ល៉េះ។ ថាម៉ារ៉ា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​រក​ឃើញ​ព្រះ​គម្ពីរ​មួយ​ក្បាល ហើយ​ក៏​បាន​ចាប់​ផ្ដើម​អាន​ទៅ។ នៅ​ល្ងាច​មួយ ខ្ញុំ​បាន​អាន​ថា៖ ‹ការ​ស្វែង​រក​ប្រាជ្ញា ក៏​ប្រៀប​ដូច​ជា​ការ​រក​កំណប់​ទ្រព្យ​ដែរ›។ ខ្ញុំ​បាន​អធិស្ឋាន​សុំ​ប្រាជ្ញា​នោះ។ (សុភាសិត ២:១​-​៦) ព្រឹក​ស្អែក​ឡើង ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​មក​លេង។ ខ្ញុំបាន​ចាប់​ផ្ដើម​រៀន​ព្រះ​គម្ពីរ​ជា​មួយ​ពួក​គេ ក៏​ប៉ុន្តែ​បាន​ត្រូវ​ចំណាយ​ពេល​យូរ ទើប​បាន​អនុវត្ត​តាម​អ្វី​ដែល​ខ្ញុំ​បាន​រៀន។ នៅ​ទី​បំផុត ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​តាម​ផ្លូវ​ជីវិត​របស់​ពួក​គ្រីស្ទាន ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ឥឡូវ​នេះ ខ្ញុំ​និង​ប្ដី​ខ្ញុំ​ផង​ដែរ​ក៏​ជួយ​អ្នក​ដទៃ​ទទួល​ប្រយោជន៍​ពី​ប្រាជ្ញា​របស់​ព្រះ»។

លោក​ស្រី​ឈ្មោះ​ប៊ីអេទ្រីស​ធ្លាប់​រួម​ចំណែក​ក្នុង​សង្គម​មនុស្ស​ដែល​មាន​វណ្ណៈ​ខ្ពស់​ៗ នៅ​ទី​ក្រុង​ការ៉ាកាស ប្រទេស​វេនីហ្សូអេឡា។ តែ​គាត់​បាន​លែង​លះ​ពី​ប្ដី និង​មាន​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង។ ដោយ​អស់​សង្ឃឹម នៅ​ពេល​មួយ​គាត់​បាន​ចំណាយ​ពេល​រាប់​ម៉ោង​អធិស្ឋាន។ ថ្ងៃ​ស្អែក​ឡើង ក៏​ឮ​សូរ​កណ្ដឹង។ ដោយ​មាន​ចិត្ត​មួម៉ៅ​នោះ គាត់​បាន​លួច​មើល​តាម​ប្រហោង​ទ្វារ ហើយ​បាន​ឃើញ​មនុស្ស​ពីរ​នាក់​កាន់​កាតាប។ គាត់​បាន​ធ្វើ​ពុត​ដូច​ជា​អត់​នៅ​ផ្ទះ​ទេ តែ​មុន​នឹង​មនុស្ស​មួយ​គូ​នោះ​បាន​ចេញ​ទៅ គេ​បាន​ដាក់​ប័ណ្ណ​កម្ម​វិធី​ប្រជុំ​ចូល​តាម​ចន្លោះ​ក្រោម​ទ្វារ។ ក្រដាស​នោះ​ចែង​ថា៖ «ចូរ​យល់​ដឹង​ពី​ព្រះ​គម្ពីរ​របស់​អ្នក»។ តើ​ការ​មក​លេង​របស់​គេ​អាច​ទាក់​ទង​នឹង​សេចក្ដី​អធិស្ឋាន​របស់​គាត់​ពី​យប់​មិញ​ឬ​ទេ? គាត់​បាន​ហៅ​គេ​មក​វិញ។ មិន​យូរ​ប៉ុន្មាន​ទៀត​គាត់​បាន​សិក្សា​ព្រះ​គម្ពីរ ហើយ​ក្រោយ​មក​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ នៅ​ទី​បំផុត ប៊ីអេទ្រីស​មាន​ចិត្ត​សប្បាយ​រីករាយ និង​ឥឡូវ​នេះ​គាត់​ក៏​បង្រៀន​អ្នក​ដទៃ​អំពី​របៀប​រក​សុភមង្គល​ដែរ។

អ្នក​ស្រី​ខាមិន​បាន​អធិស្ឋាន​ស្តី​អំពី​ការ​ខំ​ពុះ​ពារ​នឹង​ភាព​ក្រី​ក្រ​របស់​គាត់។ គាត់​មាន​កូន​ដប់​នាក់ និង​ប្ដី​ប្រមឹក​ម្នាក់​ឈ្មោះ​រ៉ាហ្វាអ៊ែល។ ខាមិន​ប្រាប់​ថា៖ «ខ្ញុំ​បាន​ខំ​រក​លុយ​ដោយ​បោក​ខោ​អាវ​ឲ្យ​គេ»។ ប៉ុន្តែ​ទំលាប់​ផឹក​ស្រា​របស់​រ៉ាហ្វាអ៊ែល​បាន​កាន់​តែ​អាក្រក់​ឡើង​ៗ។ «ពេល​ដែល​យើង​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នឹង​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ទើប​ប្ដី​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម​ប្រែ​ចិត្ត​វិញ។ យើង​បាន​រៀន​អំពី​សេចក្ដី​សន្យា​ខាង​ឯ​ព្រះ​រាជាណាចក្រ ថា​ឆាប់​ៗ​ខាង​មុខ​នេះ ព្រះ​យេហូវ៉ា​នឹង​ដក​ភាព​ក្រី​ក្រ​និង​ការ​ជិះ​ជាន់​ពី​ផែនដី​ចេញ។ សេចក្ដី​ដែល​ខ្ញុំ​បាន​អធិស្ឋាន​ទូល​ថ្វាយ​ព្រះ បាន​ត្រូវ​ឆ្លើយ​នៅ​ទី​បំផុត​មែន!»។ ការ​រៀន​អំពី​ផ្លូវ​របស់​ព្រះ​យេហូវ៉ា បាន​ជួយ​លោក​រ៉ាហ្វាអ៊ែល​ឈប់​ផឹក​ស្រា ហើយ​គាត់​បាន​បំពាក់​នូវ«ចរិយា​សម្បត្ដិ​ថ្មី»។ (អេភេសូរ ៤:២៤, ព.ថ.) គាត់​និង​គ្រួសារ​របស់​គាត់​បាន​លូត​លាស់​ខាង​កំរិត​ជីវភាព​របស់​គេ​ដែរ។ លោក​រ៉ាហ្វាអ៊ែល​ប្រាប់​ថា៖ «ថ្វី​បើ​យើង​មិន​មែន​ជា​អ្នក​មាន និង​មិន​មែន​ជា​ម្ចាស់​ផ្ទះ​ផ្ទាល់​ក៏​ដោយ ប៉ុន្តែ​យើង​មាន​របស់​ចាំ​បាច់​សំរាប់​ទ្រ​ទ្រង់​ជីវិត ហើយ​ក៏​សប្បាយ​ដែរ»។

នៅ​ពេល​ដែល​សេចក្ដី​អធិស្ឋាន​ទាំង​អស់​នឹង​ត្រូវ​សម្រេច

តើ​ការ​អធិស្ឋាន​បាន​នាំ​ឲ្យ​មនុស្ស​ទាំង​នេះ​មាន​ប្រយោជន៍​ឬ​ទេ? ពិត​មែន​ហើយ! តើ​អ្នក​បាន​កត់​សម្គាល់​ទេ ថា​ក្នុង​កាលៈទេសៈ​ភាគ​ច្រើន សេចក្ដី​អធិស្ឋាន​របស់​គេ​បាន​ត្រូវ​ឆ្លើយ​ដោយ​មាន​នរណា​ម្នាក់​ពី​ក្រុម​ជំនុំ​គ្រីស្ទាន មក​ជួយ​គេ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ដោយ​សិក្សា​ព្រះ​គម្ពីរ?—កិច្ច​ការ ៩:១១

ដូច្នេះ​ហើយ​បាន​ជា​យើង​មាន​មូលហេតុ​ដ៏​ល្អ​ៗ​ឲ្យ​យើង​អធិស្ឋាន។ បន្ដិច​ទៀត​នេះ សេចក្ដី​អធិស្ឋាន​សូម​ឲ្យ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មក​ដល់ និង​ការ​សូម​ឲ្យ​ព្រះ​ហឫទ័យ​របស់​ទ្រង់​ឲ្យ​សម្រេច​នៅ​លើ​ផែនដី នោះ​នឹង​ត្រូវ​សម្រេច​មែន។ (ម៉ាថាយ ៦:១០) ក្រោយ​ពី​ព្រះ​ទ្រង់​នឹង​បោស​សំអាត​ផែនដី​យើង​នេះ​ពី​អស់​អ្នក​ដែល​ប្រឆាំង​ទ្រង់ នោះ«គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ​យេហូវ៉ា នៅ​ពេញ​ពាស​លើ​ផែនដី»។ (អេសាយ ១១:៩) នៅ​ពេល​នោះ អស់​អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា នឹង«បាន​សេរី​ភាព​នៃ​សិរី​ល្អ​របស់​ពួក​កូន​ព្រះ» ហើយ​សេចក្ដី​អធិស្ឋាន​ទាំង​ប៉ុន្មាន​របស់​គេ​នឹង​ត្រូវ​សម្រេច​មែន។—រ៉ូម ៨:១៨​-​២១

[រូប​ភាព​នៅ​ទំព័រ​៣១]

តើ​អ្នក​ដឹង​ពី​ហេតុ​អ្វី​បាន​ជា​យើង​គួរ​តែ​អធិស្ឋាន​នោះ​ទេ?