អ្នកអាចរក្សាខ្លួនឲ្យស្អាតស្អំខាងសីលធម៌
អ្នកអាចរក្សាខ្លួនឲ្យស្អាតស្អំខាងសីលធម៌
«នេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់»។—យ៉ូហានទី១ ៥:៣
១. សព្វថ្ងៃនេះ តើយើងអាចមើលឃើញភាពខុសគ្នាអ្វីខ្លះក្នុងចរិយារបស់មនុស្ស?
យូរណាស់មកហើយ ព្យាការីម៉ាឡាគីបានត្រូវបណ្ដាលឲ្យទាយអំពីពេលមួយ ដែលចរិយារបស់រាស្ត្ររបស់ព្រះនឹងត្រូវឃើញថា ខុសគ្នាឆ្ងាយពីចរិយារបស់អ្នកដែលមិនបំរើព្រះ។ ព្យាការីនេះបានសរសេរថា៖ «ឯងរាល់គ្នានឹងត្រឡប់ជាចេះញែកសេចក្ដីសុចរិត នឹងសេចក្ដីអាក្រក់ចេញពីគ្នា ហើយនឹងមនុស្សដែលគោរពដល់ព្រះ នឹងមនុស្សដែលមិនគោរពផង»។ (ម៉ាឡាគី ៣:១៨) ទំនាយនេះកំពុងតែត្រូវបំពេញនៅសព្វថ្ងៃនេះ។ ការបំពេញតាមបញ្ញត្ដិរបស់ព្រះ រួមបញ្ចូលបញ្ញត្ដិស្តីពីភាពស្អាតស្អំខាងសីលធម៌ គឺជាផ្លូវដែលប្រកបទៅដោយប្រាជ្ញា និងគឺជាការត្រឹមត្រូវទៀតផង។ ក៏ប៉ុន្តែ ផ្លូវនោះមិនតែងតែជាផ្លូវស្រួលដើរតាមនោះទេ។ ដោយមានហេតុល្អ ព្រះយេស៊ូបានមានបន្ទូលថា គ្រីស្ទានទាំងឡាយត្រូវតែខំប្រឹងយ៉ាងអស់ពីចិត្តដើម្បីទទួលសេចក្ដីសង្គ្រោះ។—លូកា ១៣:២៣, ២៤
២. តើមានការបង្ខិតបង្ខំអ្វីពីខាងក្រៅ ដែលធ្វើឲ្យអ្នកខ្លះពិបាករក្សាលក្ខណៈពិសុទ្ធខាងសីលធម៌នោះ?
២ ហេតុអ្វីបានជាការរក្សាលក្ខណៈពិសុទ្ធខាងសីលធម៌គឺពិបាកម្ល៉េះ? ហេតុមួយគឺថា មានការបង្ខិតបង្ខំខាងក្រៅ។ ផលិតកម្មខាងការកំសាន្ត បានបញ្ចាំងដោយសម្ដែងពីការរួមភេទខុសច្បាប់ទម្លាប់ជាអ្វីដ៏ទាក់ចិត្ត គួរឲ្យសប្បាយ និងជាអ្វីដែលមនុស្សពេញវ័យប្រព្រឹត្ត ហើយធ្វើមិនដឹងមិនឮចំពោះលទ្ធផលអាក្រក់ពីការប្រព្រឹត្តបែបនោះ។ (អេភេសូរ ៤:១៧-១៩) ការរួមសង្វាសភាគច្រើនដែលត្រូវបង្ហាញគឺរវាងគូដែលមិនបានរៀបការជាមួយគ្នា។ កុននិងកម្មវិធីទូរទស្សន៍ ច្រើនតែបញ្ចាំងការរួមភេទជាអ្វីដែលត្រូវធ្វើទៅ ដោយគ្មានការសន្យាគ្នាទៅវិញទៅមកទេ។ តាមធម្មតា គ្មានភាពកក់ក្ដៅនិងការគោរពគ្នាទៅវិញទៅមកនោះឡើយ។ មនុស្សជាច្រើនបានទទួលអានុភាពពីរឿងបែបនេះតាំងពីកុមារភាពមកម្ល៉េះ។ ម្យ៉ាងវិញទៀត មានការបង្ខិតបង្ខំជាខ្លាំងពីពួកម៉ាក ដើម្បីឲ្យ អនុលោមតាមបរិយាកាសដែលនិយមខាងសីលធម៌សេរី ហើយអស់អ្នកដែលមិនអនុលោមតាម ជួនកាលត្រូវគេចំអកមើលងាយឬក៏រហូតដល់ជេរប្រមាថទៀតផង។—ពេត្រុសទី១ ៤:៤
៣. តើមានមូលហេតុអ្វីខ្លះដែលមនុស្សជាច្រើនក្នុងលោកីយ៍នេះប្រព្រឹត្តអំពើអសីលធម៌?
៣ ការបង្ខិតបង្ខំពីចិត្តរបស់ខ្លួនក៏នាំឲ្យពិបាករក្សាលក្ខណៈពិសុទ្ធខាងសីលធម៌ដែរ។ ព្រះយេហូវ៉ាបានបង្កើតមនុស្សមក ទាំងមានចំណង់ចំពោះការរួមភេទ ហើយចំណង់នោះអាចខ្លាំងណាស់។ ចំណង់របស់យើងច្រើនតែអាស្រ័យទៅលើអ្វីដែលយើងគិត ហើយអំពើឥតសីលធម៌ជាប់ទាក់ទងនឹងរបៀបគិតដែលមិនសមស្របនឹងគំនិតរបស់ព្រះយេហូវ៉ា។ (យ៉ាកុប ១:១៤, ១៥) ជាឧទាហរណ៍ យោងទៅតាមការស្ទង់មតិមួយដែលបានត្រូវបោះពុម្ពផ្សាយក្នុងឯកសារពេទ្យប្រទេសអង់គ្លេសនោះប្រាប់ថា ជាច្រើននាក់ដែលបានរួមភេទលើកដំបូង បានធ្វើអ៊ីចឹងគ្រាន់តែដោយសារការឆ្ងល់ថា ការរួមភេទគឺយ៉ាងម៉េចទៅ។ អ្នកឯទៀតបានជឿថា មនុស្សភាគច្រើនដែលមានអាយុស្រករគ្នានឹងគេ ក៏បានរួមភេទជាញឹកញយ ដូច្នេះគេក៏ចង់បាត់បង់នូវព្រហ្មចារីរបស់ខ្លួនដែរ។ ក៏មានអ្នកផ្សេងទៀតដែលនិយាយថា គេបានត្រូវអារម្មណ៍របស់ខ្លួនបង្ខិតបង្ខំឬក៏នៅពេលនោះគេ«ស្រវឹងបន្ដិច»។ បើសិនជាយើងចង់ផ្គាប់ព្រះហឫទ័យរបស់ព្រះ យើងត្រូវតែវែកញែកទៅតាមរបៀបផ្សេង។ តើការគិតបែបណាអាចជួយយើងរក្សាខ្លួនឲ្យមានភាពស្អាតស្អំខាងសីលធម៌?
កសាងនូវជំនឿរឹងមាំ
៤. ដើម្បីរក្សាលក្ខណៈពិសុទ្ធខាងសីលធម៌ តើយើងត្រូវតែធ្វើយ៉ាងដូចម្ដេច?
៤ ដើម្បីរក្សាលក្ខណៈពិសុទ្ធខាងសីលធម៌ យើងត្រូវតែទទួលស្គាល់ថា ការរស់នៅបែបនោះពិតជាមានប្រយោជន៍។ នេះគឺសមស្របនឹងអ្វីដែលសាវ័កប៉ុលបានសរសេរទៅកាន់ពួកគ្រីស្ទាននៅទីក្រុងរ៉ូមដែលថា៖ «លមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់ល័ក្ខណ៍ផង»។ (រ៉ូម ១២:២) ការទទួលស្គាល់ថា ភាពស្អាតស្អំខាងសីលធម៌មានប្រយោជន៍ គឺរួមបញ្ចូលច្រើនជាងការដឹងថាព្រះផ្ដន្ទាទោសអំពើឥតសីលធម៌។ នោះរួមបញ្ចូលការយល់ដឹងពីមូលហេតុដែលអំពើឥតសីលធម៌ត្រូវផ្ដន្ទាទោស និងរបៀបដែលយើងទទួលប្រយោជន៍ពីការបដិសេធចោលនូវអំពើទាំងនោះ។ មូលហេតុខ្លះៗបានត្រូវពិគ្រោះក្នុងអត្ថបទមុននេះ។
៥. តើអ្វីជាហេតុដ៏ចំបងដែលគ្រីស្ទានទាំងឡាយគួរចង់រក្សាលក្ខណៈពិសុទ្ធខាងសីលធម៌?
៥ ក៏ប៉ុន្តែតាមការពិត ចំពោះគ្រីស្ទានទាំងឡាយ មូលហេតុដ៏ធំបំផុតចំពោះការជៀសវាងអំពើឥតសីលធម៌ខាងការរួមភេទ គឺត្រូវជាប់ទាក់ទងនឹងទំនាក់ទំនងរបស់យើងជាមួយនឹងព្រះ។ យើងបានរៀនដឹងថាទ្រង់ជ្រាបពីអ្វីដែលមានប្រយោជន៍ល្អបំផុតចំពោះយើង។ សេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ នឹងជួយយើងស្អប់អំពើអាក្រក់។ (ទំនុកដំកើង ៩៧:១០) ព្រះគឺជាអ្នកប្រទាន«គ្រប់ទាំងរបស់ដ៏ល្អ . . . នឹងអស់ទាំងអំណោយទានដ៏គ្រប់ល័ក្ខណ៍»។ (យ៉ាកុប ១:១៧) ទ្រង់ស្រឡាញ់យើងណាស់។ យើងបង្ហាញថាយើងស្រឡាញ់ទ្រង់ និងអបអរនឹងអ្វីទាំងអស់ដែលទ្រង់បានប្រព្រឹត្តដើម្បីយើង ដោយយើងស្ដាប់បង្គាប់តាមទ្រង់។ (យ៉ូហានទី១ ៥:៣) យើងមិនចង់ធ្វើឲ្យព្រះយេហូវ៉ាខកព្រះទ័យ និងមានព្រះទ័យឈឺចាប់ ដោយយើងប្រព្រឹត្តអំពើរំលងនឹងសេចក្ដីបង្គាប់ដ៏សុចរិតរបស់ទ្រង់នោះទេ។ (ទំនុកដំកើង ៧៨:៤១) យើងមិនចង់ធ្វើអ្វីដែលនឹងនាំឲ្យមនុស្សនិយាយអាក្រក់ ពីរបៀបថ្វាយបង្គំដ៏បរិសុទ្ធនិងសុចរិតរបស់ទ្រង់ឡើយ។ (ទីតុស ២:៥; ពេត្រុសទី២ ២:២) យើងអាចធ្វើឲ្យព្រះអាទិទេពមានព្រះទ័យរីករាយ ពេលយើងរក្សាលក្ខណៈពិសុទ្ធខាងសីលធម៌។—សុភាសិត ២៧:១១
៦. តើការប្រាប់អ្នកឯទៀតអំពីខ្នាតតម្រាសីលធម៌របស់យើង អាចជាជំនួយយ៉ាងដូចម្ដេច?
៦ ក្រោយពីយើងបានតាំងចិត្តដោយប្ដេជ្ញារក្សាខ្លួនឲ្យស្អាតស្អំខាងសីលធម៌ហើយ នោះការការពារមួយទៀតគឺជាការឲ្យអ្នកឯទៀតដឹងពី ការតាំងចិត្តនោះ។ ចូរឲ្យមនុស្សដឹងថាអ្នកគឺជាអ្នកបំរើរបស់ព្រះយេហូវ៉ា និងអ្នកបានតាំងចិត្តធ្វើតាមខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់ទ្រង់។ នេះគឺជាជីវិតរបស់អ្នក រូបកាយរបស់អ្នក និងការជ្រើសរើសរបស់អ្នក។ តើអ្វីអាចត្រូវបាត់បង់ទៅ? គឺជាទំនាក់ទំនងដ៏ពិសិដ្ឋរបស់អ្នកចំពោះព្រះវរបិតានៅស្ថានសួគ៌របស់អ្នក។ ដូច្នេះ ចូរបញ្ជាក់ឲ្យគេដឹងច្បាស់លាស់ថា ភាពស្មោះត្រង់របស់អ្នកចំពោះគោលការណ៍សីលធម៌ មិនអាចត្រូវលះបង់ទេ។ ចូរមានមោទនភាពក្នុងការតំណាងព្រះ ដោយគាំទ្រគោលការណ៍របស់ទ្រង់។ (ទំនុកដំកើង ៦៤:១០) កុំអៀនខ្មាសក្នុងការនិយាយប្រាប់អ្នកដទៃអំពីការតាំងចិត្តរបស់អ្នក។ ការប្រាប់ឲ្យគេដឹងអាចជួយពង្រឹងអ្នក ការពារអ្នក និងលើកទឹកចិត្តអ្នកឯទៀតឲ្យធ្វើតាមគំរូរបស់អ្នកដែរ។—ធីម៉ូថេទី១ ៤:១២
៧. តើយ៉ាងដូចម្ដេចដែលយើងអាចរក្សាការប្ដេជ្ញារបស់យើងដើម្បីរក្សាខ្លួនឲ្យស្អាតស្អំខាងសីលធម៌?
៧ បន្ទាប់ពីនោះ ដោយសារយើងបានតាំងចិត្តប្ដេជ្ញារក្សាខ្នាតតម្រាខ្ពង់ខ្ពស់ខាងសីលធម៌ និងបានប្រាប់ឲ្យមនុស្សដឹងពីជំហររបស់យើង នោះយើងត្រូវតែចាត់វិធានការដើម្បីកាន់ខ្ជាប់នឹងការតាំងចិត្តនោះ។ វិធីមួយគឺដោយយើងប្រុងប្រយ័ត្នពេលយើងជ្រើសរើសពួកម៉ាក។ ព្រះគម្ពីរចែងថា៖ «អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ»។ ចូរសេពគប់អ្នកដែលមានគោលការណ៍សីលធម៌ដូចអ្នក ព្រោះពួកគេនឹងជួយពង្រឹងអ្នក។ បទគម្ពីរនោះក៏ចែងដែរថា៖ «តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ»។ (សុភាសិត ១៣:២០) ដល់កំរិតដែលអ្នកមានលទ្ធភាពធ្វើទៅបាន ចូរជៀសឲ្យឆ្ងាយពីមនុស្សដែលប្រហែលជានឹងធ្វើឲ្យអ្នកទៅជាខ្សោយខាងការតាំងចិត្តរបស់អ្នក។—កូរិនថូសទី១ ១៥:៣៣
៨. (ក) ហេតុអ្វីបានជាយើងគួរបញ្ចូលក្នុងគំនិតយើងនូវអ្វីៗដ៏ល្អត្រឹមត្រូវ? (ខ) តើយើងគួរជៀសវាងអ្វីខ្លះ?
៨ ម្យ៉ាងទៀត យើងត្រូវតែបញ្ចូលក្នុងគំនិតយើងនូវអ្វីៗដែលជា«សេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្ដីសរសើរណា»នោះ។ (ភីលីព ៤:៨) យើងធ្វើអ៊ីចឹងដោយធ្វើការជ្រើសរើសយ៉ាងត្រឹមត្រូវនូវអ្វីដែលយើងទស្សនានិងអាន និងចំពោះបទភ្លេងដែលយើងស្ដាប់។ បើនិយាយថា សៀវភៅដែលប្រកបដោយអំពើឥតសីលធម៌គ្មានឥទ្ធិពលអាក្រក់ នោះគឺដូចជានិយាយថា សៀវភៅដែលប្រកបដោយអំពើសីលធម៌គ្មានឥទ្ធិពលដ៏ល្អនោះដែរ។ ចូរចាំថា មនុស្សឥតគ្រប់ល័ក្ខណ៍អាចប្រព្រឹត្តអំពើឥតសីលធម៌យ៉ាងងាយស្រួលបាន។ ហេតុនេះហើយ សៀវភៅ ទស្សនាវដ្ដី កុន និងបទភ្លេងដែលបង្កើតឲ្យមានចំណង់ខាងការរួមភេទ ក៏នឹងនាំទៅដល់សេចក្ដីប៉ងប្រាថ្នាអាក្រក់ ហើយនោះនៅទីបំផុតអាចនាំទៅដល់អំពើបាប។ ដើម្បីរក្សាខ្លួនឲ្យស្អាតស្អំខាងសីលធម៌ យើងត្រូវតែបញ្ចូលប្រាជ្ញារបស់ព្រះក្នុងគំនិតរបស់យើង។—យ៉ាកុប ៣:១៧
ជំហានដែលនាំទៅដល់អំពើឥតសីលធម៌
៩-១១. ដូចសាឡូម៉ូនបានរៀបរាប់ តើមានជំហានអ្វីខ្លះដែលបាននាំឲ្យកំលោះម្នាក់ធ្លាក់ទៅដល់អំពើឥតសីលធម៌?
៩ ជាញឹកញយនោះ មានជំហានដែលអាចត្រូវសម្គាល់បានដែលនាំទៅដល់អំពើឥតសីលធម៌។ ការឈានទៅដល់ជំហាននិមួយៗនោះ ធ្វើឲ្យការបែរមកវិញទៅជាអ្វីដ៏រឹតតែពិបាក។ សូមកត់សម្គាល់ដែលនេះត្រូវពណ៌នានៅសុភាសិត ៧:៦-២៣។ សាឡូម៉ូនបានសង្កេតឃើញថា៖ «កំឡោះៗមានម្នាក់ដែលឥតយោបល់» ឬក៏គ្មានបំណងចិត្តល្អទេ។ កំឡោះនោះ«កំពុងតែដើរទៅតាមជ្រុងផ្លូវរបស់ស្ត្រីនោះ ក៏ដំរង់ទៅឯផ្ទះនាង គឺនៅពេលព្រលប់ កាលពន្លឺនៅព្រិលៗនៅឡើយ»។ នេះគឺជាកំហុសទីមួយរបស់គាត់។ នៅពេលព្រលប់ ចិត្តរបស់គាត់មិនបាននាំទៅរកផ្លូវធម្មតាទេ ក៏ប៉ុន្តែទៅដល់ផ្លូវដែលគាត់ដឹងថា ស្រីពេស្យាអាចរកឃើញយ៉ាងងាយស្រួលបាន។
១០ យើងអានបន្ទាប់ពីនោះបានប្រាប់ថា៖ «នោះឃើញមានស្ត្រីម្នាក់មកជួបនឹងវា នាងនោះតែងខ្លួនរបៀបជាស្រីសំផឹង ហើយមានចិត្តចេះឧបាយ»។ កំលោះនោះឃើញនាងហើយ! គាត់អាចបែរក្រោយត្រឡប់ទៅផ្ទះវិញ តែជំហាននោះគឺពិបាកដោយសារគាត់គឺខ្សោយខាងសីលធម៌។ នាងក៏ចាប់ឱបថើបគាត់ទៅ។ ដោយកំលោះនោះបានអនុញ្ញាតឲ្យនាងថើប នោះគាត់ព្រមស្ដាប់ពាក្យដែលមានឧបាយកលលួងលោមរបស់នាង នាងនិយាយថា៖ «នៅថ្ងៃនេះ ខ្ញុំបានត្រូវថ្វាយយញ្ញបូជាជាដង្វាយមេត្រី ក៏បានលាបំណន់នោះស្រេចហើយ»។ យញ្ញបូជាដែលជាដង្វាយមេត្រីរួមបញ្ចូលសាច់ ម្សៅ ប្រេង និងស្រា។ (លេវីវិន័យ ១៩:៥, ៦; ២២:២១; ជនគណនា ១៥:៨-១០) ដោយសារនាងបាននិយាយបែបនេះ នាងប្រហែលជាចង់បង្ហើបថាខ្លួនមិនខ្វះខាតភាពខាងវិញ្ញាណទេ ហើយក៏ប្រហែលជាខំប្រាប់គាត់ថា នាងមានរបស់សំរាប់ស៊ីផឹកឆ្ងាញ់ៗក្នុងផ្ទះរបស់នាង។ នាងអង្វរគាត់ថា៖ «ចូរមក យើងនឹងបានឆ្អែតចិត្តដោយសេចក្ដីស្នេហាដរាបដល់ភ្លឺ ចូរយើងមានចិត្តត្រេកត្រអាលក្នុងសេចក្ដីស្រឡាញ់ចុះ»។
១១ លទ្ធផលគឺមិនពិបាកស្មានទេ។ «ដោយពាក្យបញ្ចើចនៃបបូរមាត់នាង ក៏បង្ខំឲ្យវាទៅ»។ គាត់តាមនាងទៅផ្ទះ«ប្រៀបដូចជាគោដែលទៅឯទីសំឡាប់» និង«ដូចសត្វស្លាបហើរដំរង់ទៅជាប់លប់»។ សាឡូម៉ូនបញ្ចប់សេចក្ដីដោយប្រើពាក្យយ៉ាងខ្លាំងៗថា៖ «ឥតដឹងថានឹងចាប់យកជីវិតខ្លួនទេ»។ ព្រលឹងឬក៏ជីវិតរបស់គាត់គឺជាប់ទាក់ទង ពីព្រោះ«ព្រះទ្រង់នឹងជំនុំជំរះមនុស្សកំផិត ហើយនឹងមនុស្សសហាយស្មន់»។ (ហេព្រើរ ១៣:៤) នេះគឺជាមេរៀនដ៏ប្រសើរសំរាប់ប្រុសៗនិង ស្រីៗដែរ! យើងគួរជៀសវាងចេញឲ្យឆ្ងាយ សូម្បីតែជំហានដំបូងតាមផ្លូវមួយដែលអាចនាំទៅដល់ការមិនសព្វព្រះហឫទ័យរបស់ព្រះក៏ដោយ។
១២. (ក) តើពាក្យដែលថា«ឥតយោបល់»មានន័យអ្វី? (ខ) តើយើងអាចកសាងនូវកម្លាំងដោយកាន់ខ្ជាប់តាមសីលធម៌យ៉ាងដូចម្ដេច?
១២ សូមកត់សម្គាល់ថា កំលោះក្នុងដំណើររឿងនេះគឺ«ឥតយោបល់»។ ពាក្យនេះបញ្ជាក់ថា គំនិត ចំណង់ ចំណូលចិត្ត អារម្មណ៍ និងគោលដៅរបស់គាត់ គឺមិនសមស្របនឹងអ្វីដែលព្រះយល់ព្រមទេ។ ភាពទន់ខ្សោយខាងសីលធម៌របស់គាត់បានមានលទ្ធផលអាក្រក់។ ក្នុងគ្រា«ជាន់ក្រោយបង្អស់»ដ៏លំបាកនេះ យើងត្រូវតែប្រឹងប្រែងពង្រឹងកម្លាំងរបស់យើងឲ្យកាន់ខ្ជាប់នឹងគោលការណ៍សីលធម៌។ (ធីម៉ូថេទី២ ៣:១) ព្រះបានផ្ដល់សំវិធានការដើម្បីជួយយើង។ ទ្រង់បានផ្ដល់កិច្ចប្រជុំជាក្រុមជំនុំគ្រីស្ទានជួយលើកទឹកចិត្តយើងឲ្យទៅតាមផ្លូវត្រឹមត្រូវ និងនាំឲ្យយើងទាក់ទងអ្នកឯទៀតដែលមានគោលបំណងដូចគ្នានឹងយើង។ (ហេព្រើរ ១០:២៤, ២៥) ក៏មានពួកអ្នកចាស់ទុំក្នុងក្រុមជំនុំដែលនឹងណែនាំយើង និងបង្រៀនយើងនូវផ្លូវនៃសេចក្ដីសុចរិត។ (អេភេសូរ ៤:១១, ១២) យើងមានព្រះគម្ពីរដ៏ជាបន្ទូលរបស់ព្រះ ដើម្បីណែនាំយើង។ (ធីម៉ូថេទី២ ៣:១៦) ហើយគ្រប់ពេលវេលា យើងអាចអធិស្ឋានសូមព្រះវិញ្ញាណរបស់ព្រះដើម្បីជួយយើង។—ម៉ាថាយ ២៦:៤១
ការរៀនពីបាបរបស់ដាវីឌ
១៣, ១៤. តើដោយដូចម្ដេចដែលដាវីឌបានប្រព្រឹត្តអំពើបាបដ៏លាមក?
១៣ ក៏ប៉ុន្តែ គួរឲ្យសោកស្ដាយមែនដែលសូម្បីតែអ្នកបំរើដ៏ប្រសើររបស់ព្រះយេហូវ៉ា ក៏បានប្រព្រឹត្តអំពើឥតសីលធម៌ដែរ។ មនុស្សម្នាក់នោះគឺជាស្តេចដាវីឌ ដែលទ្រង់បានបំរើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់អស់ជាច្រើនទសវត្សរ៍មកហើយ។ គ្មានការសង្ស័យថាគាត់មិនបានស្រឡាញ់ព្រះយ៉ាងខ្លាំងនោះទេ។ ក៏ប៉ុន្តែ ទ្រង់នៅតែបានធ្លាក់ចូលក្នុងអំពើបាប។ ដូចជាក្នុងករណីរបស់កំលោះនោះដែលសាឡូម៉ូនបានពិពណ៌នា នោះក៏មានជំហានដែលបាននាំទៅដល់អំពើបាបរបស់ដាវីឌនិងបានធ្វើឲ្យបាបនោះរឹតតែខ្លាំង។
១៤ នៅពេលនោះដាវីឌប្រហែលជាមានព្រះជន្មាយុជាង៥០ឆ្នាំហើយ។ ដោយមើលពីដំបូលដំណាក់របស់ទ្រង់ នោះទ្រង់អាចទតឃើញនាងបាតសេបាដ៏ស្រស់ស្អាតនោះកំពុងតែងូតទឹក។ ទ្រង់បានសាកសួរអំពីនាង ហើយបានដឹងថានាងគឺជាអ្នកណា។ ទ្រង់បានយល់ដឹងថាប្ដីរបស់នាង ឈ្មោះអ៊ូរី បានជាប់ឡោមព័ទ្ធវាយទីក្រុងរ៉ាបាតដែលជារបស់ផងពួកអាំម៉ូន។ ដាវីឌបានបង្គាប់ឲ្យគេនាំនាងមកដំណាក់របស់ទ្រង់ ហើយទ្រង់បានរួមដំណេកជាមួយនាងទៅ។ ក្រោយមក បញ្ហានោះបានទៅជាស្មុគស្មាញ ពីព្រោះនាងបានយល់ដឹងថានាងមានគភ៌ជាមួយដាវីឌ។ ដោយព្រោះដាវីឌបានសង្ឃឹមថាអ៊ូរីនឹងស្នាក់នៅមួយយប់ជាមួយប្រពន្ធរបស់គាត់ នោះទ្រង់បានហៅឲ្យអ៊ូរីត្រឡប់មកវិញពីសង្គ្រាមនោះ។ ដោយធ្វើអ៊ីចឹង មើលទៅដូចជាអ៊ូរីគឺជាឪពុកនៃកូនរបស់បាតសេបា។ ក៏ប៉ុន្តែ អ៊ូរីមិនបានទៅផ្ទះទេ។ ដោយព្រោះដាវីឌទ័លគំនិតខំរកវិធីលាក់បាំងបាបរបស់ខ្លួនមិនបាន នោះទ្រង់បានចាត់ឲ្យអ៊ូរីត្រឡប់ទៅក្រុងរ៉ាបាតវិញ ទាំងផ្ញើសំបុត្រមួយសំរាប់មេទ័ព ដែលថាអ៊ូរីគួរត្រូវដាក់នៅកន្លែងមួយដែលគាត់នឹងត្រូវគេសម្លាប់។ អ៊ូរីបានបាត់បង់ជីវិត ហើយដាវីឌបានរៀបការជាមួយស្រីមេម៉ាយនោះ មុនដែលប្រជាជនដឹងជាទូទៅថានាងមានគភ៌។—សាំយូអែលទី២ ១១:១-២៧
១៥. (ក) តើតាមរបៀបណាដែលបាបរបស់ដាវីឌបានត្រូវលាតត្រដាង? (ខ) តើដាវីឌបានមានប្រតិកម្មយ៉ាងណាចំពោះការប្រដៅតំរង់ដ៏ប៉ិនប្រសប់របស់ណាថាន់?
១៥ ផែនការណ៍របស់ដាវីឌដើម្បីលាក់បាំងអំពើបាបរបស់ទ្រង់ ហាក់បីដូចជាបានសម្រេចមែន។ ប៉ុន្មានខែកន្លងផុតទៅ កូនប្រុសមួយបានកើតមក។ បើសិនជាដាវីឌកំពុងតែគិតអំពីរឿងនេះពេលដែលទ្រង់បានតែងទំនុកទី៣២ នោះគឺច្បាស់ណាស់ដែលមនសិការរបស់ទ្រង់បានធ្វើទុក្ខទោសដល់ទ្រង់។ (ទំនុកដំកើង ៣២:៣-៥) ក៏ប៉ុន្តែ អំពើបាបនោះមិនបានលាក់កំបាំងពីព្រះនោះទេ។ ព្រះគម្ពីរចែងថា៖ «អំពើដែលដាវីឌបានប្រព្រឹត្តនោះ ជាទីទាស់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ាណាស់»។ (សាំយូអែលទី២ ១១:២៧) ព្រះយេហូវ៉ាបានចាត់ឲ្យព្យាការីណាថាន់ទៅ ហើយគាត់បាននិយាយដោយប៉ិនប្រសប់ និងបើកសម្ដែងកំហុសរបស់ដាវីឌនៅមុខព្រះភក្ដ្រទ្រង់។ ដាវីឌបានសារភាពភ្លាមនិងបានអង្វរ សូមការលើកលែងទោសពីព្រះយេហូវ៉ា។ ការប្រែចិត្តដ៏ស្មោះរបស់ទ្រង់បាននាំមកនូវការផ្សះផ្សានឹងព្រះវិញ។ (សាំយូអែលទី២ ១២:១-១៣) ដាវីឌមិនបានតូចចិត្តនឹងការប្រដៅតំរង់នោះទេ។ ផ្ទុយទៅវិញ ទ្រង់បានសម្ដែងអាកប្បកិរិយាដែលត្រូវពណ៌នាក្នុងទំនុកដំកើង ១៤១:៥ ដែលចែងថា៖ «សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ នោះនឹងបានជាគុណ ហើយឲ្យគេប្រដៅទូលបង្គំផង នោះនឹងបានដូចជាប្រេងចាក់លាបលើក្បាល ឯក្បាលរបស់ទូលបង្គំនឹងមិនប្រកែកទេ»។
១៦. តើសាឡូម៉ូនបានព្រមាននិងទូន្មានអ្វីចំពោះអ្នកប្រព្រឹត្តការរំលង?
១៦ សាឡូម៉ូន ដែលជាកូនទីពីររបស់ដាវីឌនិងបាតសេបា ប្រហែលជាបានគិតអំពីទិដ្ឋភាពដ៏អាក្រក់នោះក្នុងជីវិតរបស់បិតាទ្រង់។ ក្រោយមកទ្រង់បានសរសេរថា៖ «អ្នកណាដែលគ្របបាំងការរំលងរបស់ខ្លួន នោះនឹងមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្ដាករុណាវិញ»។ (សុភាសិត ២៨:១៣) បើសិនជាយើងភ្លាត់ធ្វើអំពើបាបធ្ងន់ធ្ងរ យើងគួរធ្វើតាមដំបូន្មានដែលបានត្រូវបណ្ដាលឲ្យសរសេរនេះ ដែលជាពាក្យព្រមាននិងជាឱវាទដែរ។ យើងគួរសារភាពចំពោះព្រះយេហូវ៉ា និងនិយាយជាមួយពួកអ្នកចាស់ទុំក្នុងក្រុមជំនុំដើម្បីឲ្យបានជំនួយ។ ភារកិច្ចមួយដ៏សំខាន់របស់ពួកអ្នកចាស់ទុំ គឺជាការជួយកែតំរង់អស់អ្នកដែលបានភ្លាត់ធ្វើអំពើខុសឆ្គង។—យ៉ាកុប ៥:១៤, ១៥
ការស៊ូទ្រាំនឹងលទ្ធផលពីអំពើបាប
១៧. ទោះបីព្រះយេហូវ៉ាលើកលែងទោសក៏ដោយ តើទ្រង់មិនការពារយើងពីអ្វីទៅ?
១៧ ព្រះយេហូវ៉ាបានលើកលែងទោសចំពោះដាវីឌ។ ហេតុអ្វី? ពីព្រោះដាវីឌគឺជាបុគ្គលម្នាក់ដែលមានចិត្តស្មោះគ្រប់ល័ក្ខណ៍ ទ្រង់បានបង្ហាញសេចក្ដីមេត្ដាករុណាចំពោះអ្នកឯទៀត និងពីព្រោះការប្រែចិត្តរបស់ទ្រង់គឺពិតប្រាកដ។ យ៉ាងណាក៏ដោយ ដាវីឌមិនបានត្រូវការពារពីអន្តរាយដែលមានជាលទ្ធផលនោះទេ។ (សាំយូអែលទី២ ១២:៩-១៤) ហេតុការណ៍នោះគឺពិតដែរនៅសព្វថ្ងៃនេះ។ ទោះបីព្រះយេហូវ៉ាមិនដាក់អន្តរាយពីមុខមនុស្សដែលប្រែចិត្តក៏ដោយ ក៏ទ្រង់មិនការពារគេពីលទ្ធផលធម្មតាពីអំពើខុសឆ្គងរបស់គេដែរ។ (កាឡាទី ៦:៧) លទ្ធផលពីអំពើឥតសីលធម៌ខាងការរួមភេទប្រហែលជាការលែងលះគ្នា កូនឥតខាន់ស្លា កាមរោគ និងការបាត់បង់នូវការទុកចិត្តនិងការគោរព។
១៨. (ក) តើប៉ុលបានប្រាប់ក្រុមជំនុំកូរិនថូសឲ្យដោះស្រាយយ៉ាងដូចម្ដេចនូវបញ្ហាមួយ ចំពោះការប្រព្រឹត្តដ៏លាមកខាងការរួមភេទ? (ខ) តើព្រះយេហូវ៉ាសម្ដែងសេចក្ដីស្រឡាញ់និងសេចក្ដីមេត្ដាករុណាយ៉ាងណាចំពោះអ្នកដែលធ្វើបាប?
១៨ បើសិនជាយើងមានកំហុសធ្ងន់ធ្ងរមែន ការធ្លាក់ទឹកចិត្តគឺជាងាយស្រួល ពេលយើងទទួលលទ្ធផលពីកំហុសរបស់យើង។ យ៉ាងណាក៏ដោយ យើងមិនគួរឲ្យអ្វីឃាត់យើងមិនឲ្យយើងប្រែចិត្ត និងមិនឲ្យយើងបានផ្សះផ្សានឹងព្រះវិញឡើយ។ ក្នុងកំឡុងសតវត្សទី១ ប៉ុលបានសរសេរទៅកាន់ពួកកូរិនថូសថា ពួកគេគួរបណ្ដេញបុរសម្នាក់ពីក្រុមជំនុំដែលកំពុងតែធ្វើសហាយស្មន់នឹងសាច់ញាតិរបស់ខ្លួន។ (កូរិនថូសទី១ ៥:១, ១៣) ក្រោយពីបុរសនោះបានប្រែចិត្តយ៉ាងពិតប្រាកដ នោះប៉ុលបានណែនាំក្រុមជំនុំថា៖ «ស៊ូឲ្យអត់ទោស ហើយកំសាន្តចិត្តមនុស្សនោះ . . . [និង]សំដែងសេចក្ដីស្រឡាញ់ ដល់អ្នកនោះឲ្យជាក់លាក់»។ (កូរិនថូសទី២ ២:៥-៨) ក្នុងឱវាទដែលបានត្រូវបណ្ដាលឲ្យសរសេរនោះ យើងអាចឃើញសេចក្ដីស្រឡាញ់និងសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា ចំពោះអ្នកធ្វើបាបតែបានប្រែចិត្តវិញ។ ពួកទេវតានៅស្ថានសួគ៌ក៏អរសប្បាយពេលដែលអ្នកធ្វើបាបបានប្រែចិត្តវិញ។—លូកា ១៥:១០
១៩. ការសោកស្ដាយដ៏ស្មោះចំពោះកំហុសរបស់ខ្លួនអាចមានប្រយោជន៍អ្វី?
១៩ ទោះបីយើងមានអារម្មណ៍សោកស្ដាយដោយព្រោះកំហុសរបស់យើងក៏ដោយ អារម្មណ៍សោកស្ដាយនោះអាចជួយយើង«ឲ្យប្រយ័តនឹងជៀសចេញពីសេចក្ដីទុច្ចរិត»។ (យ៉ូប ៣៦:២១) ពិតមែនហើយ លទ្ធផលដ៏នាំឲ្យឈឺចាប់នោះ គួរធ្វើឲ្យយើងញញើតពីការធ្វើខុសម្ដងទៀត។ ម្យ៉ាងវិញទៀត ដាវីឌបានប្រើបទពិសោធន៍ដ៏គួរឲ្យសោកស្ដាយរបស់ទ្រង់ដើម្បីទូន្មានអ្នកដទៃ។ ទ្រង់បានមានបន្ទូលថា៖ «នោះទូលបង្គំនឹងបង្រៀនពីអស់ទាំងផ្លូវនៃទ្រង់ ដល់មនុស្សដែលប្រព្រឹត្តអំពើរំលង ដូច្នេះ នឹងមានមនុស្សបាបប្រែចិត្តត្រឡប់មកឯទ្រង់»។—ទំនុកដំកើង ៥១:១៣
សុភមង្គលមានមកពីការបំរើព្រះយេហូវ៉ា
២០. តើការស្ដាប់តាមតម្រូវការដ៏សុចរិតរបស់ព្រះមានប្រយោជន៍អ្វី?
២០ ព្រះយេស៊ូបានមានបន្ទូលថា៖ «មានពរហើយ អស់អ្នកដែលស្ដាប់ព្រះបន្ទូល ហើយកាន់តាម»។ (លូកា ១១:២៨) ការស្ដាប់តាមតម្រូវការដ៏សុចរិតរបស់ព្រះ នាំឲ្យមានសុភមង្គលនៅឥឡូវនេះនិងទៅដល់អនាគតដ៏អនន្ត។ បើសិនជាយើងបានរក្សាខ្លួនឲ្យស្អាតស្អំខាងសីលធម៌ សូមឲ្យយើងបន្តដើរតាមផ្លូវនោះ ដោយឆ្លៀតប្រយោជន៍ពីគ្រប់សំវិធានការដែលព្រះយេហូវ៉ាបានផ្គត់ផ្គង់ដើម្បីជួយយើង។ បើសិនជាយើងបានភ្លាត់ចូលរួមធ្វើអំពើឥតសីលធម៌ ចូរឲ្យយើងយកចិត្តទុកដាក់ដោយដឹងថា ព្រះយេហូវ៉ាប្រុងប្រៀបនឹងលើកលែងទោសឲ្យអ្នកដែលពិតជាប្រែចិត្ត ហើយចូរឲ្យយើងតាំងចិត្តមិនធ្វើអំពើបាបនោះម្ដងទៀតឲ្យសោះ។—អេសាយ ៥៥:៧
២១. តើការអនុវត្តដំបូន្មានអ្វីពីសាវ័កពេត្រុស ដែលអាចជួយយើងរក្សាខ្លួនឲ្យស្អាតស្អំខាងសីលធម៌?
២១ បន្ដិចទៀត លោកីយ៍ដ៏ទុច្ចរិតនេះនឹងកន្លងផុតទៅហើយ ទាំងអាកប្បកិរិយានិងការប្រព្រឹត្តរបស់វាដ៏ប្រកបទៅដោយអំពើឥតសីលធម៌។ ដោយយើងរក្សាខ្លួនឲ្យស្អាតស្អំខាងសីលធម៌ យើងនឹងទទួលប្រយោជន៍ពីឥឡូវនេះនិងជារៀងរហូត។ សាវ័កពេត្រុសបានសរសេរថា៖ «ឱពួកស្ងួនភ្ងាអើយ! ដែលទន្ទឹងចាំសេចក្ដីទាំងនោះ ចូរមានចិត្តឧស្សាហ៍ ឲ្យទ្រង់បានឃើញអ្នករាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងមានសេចក្ដីមេត្រីផង . . . ដោយព្រោះអ្នករាល់គ្នាដឹងសេចក្ដីនោះជាមុនហើយ ក្រែងលោធ្លាក់ពីសេចក្ដីខ្ជាប់ខ្ជួនរបស់អ្នករាល់គ្នាចេញ ដោយបណ្ដោយតាមសេចក្ដីវង្វេងរបស់ពួកទទឹងច្បាប់នោះ»។—ពេត្រុសទី២ ៣:១៤, ១៧
តើអ្នកអាចពន្យល់បានទេ?
• ហេតុអ្វីបានជាការរក្សាខ្លួនឲ្យស្អាតស្អំខាងសីលធម៌អាចជាអ្វីដ៏ពិបាកមួយ?
• តើមានវិធីអ្វីខ្លះដែលយើងអាចគាំទ្រការតាំងចិត្តរបស់យើងឲ្យកាន់ខ្ជាប់តាមខ្នាតតម្រាសីលធម៌ដ៏ខ្ពង់ខ្ពស់?
• តើយើងអាចរៀនមេរៀនអ្វីខ្លះពីអំពើបាបរបស់កំលោះនោះដែលសាឡូម៉ូនបានរៀបរាប់?
• តើគំរូរបស់ដាវីឌបង្រៀនយើងយ៉ាងណាអំពីការប្រែចិត្ត?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៣]
វាគឺជាគ្រឿងការពារមួយ បើសិនជាអ្នកឲ្យអ្នកដទៃដឹងពីការសម្រេចរបស់អ្នកចំពោះរឿងសីលធម៌
[រូបភាពនៅទំព័រ១៧]
ដោយព្រោះដាវីឌបានប្រែចិត្តដោយស្មោះ នោះព្រះយេហូវ៉ាបានលើកលែងទោសឲ្យទ្រង់