លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជួយអ្នកដទៃឲ្យបានដើរបែបគួរនឹងព្រះយេហូវ៉ា

ជួយអ្នកដទៃឲ្យបានដើរបែបគួរនឹងព្រះយេហូវ៉ា

ជួយ​អ្នក​ដទៃ​ឲ្យ​បាន​ដើរ​បែប​គួរ​នឹង​ព្រះ​យេហូវ៉ា

‹យើង​ខ្ញុំ​ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ឈប់​ឈរ ហើយ​ទូល​សូម ឲ្យ​អ្នក​រាល់​គ្នា . . . បាន​ដើរ​បែប​គួរ​នឹង​ព្រះ​អម្ចាស់ ទាំង​គាប់​ព្រះ​ហឫទ័យ​របស់​ទ្រង់ ឲ្យ​បាន​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ឡើង›។—កូល៉ុស ១:៩, ១០

១, ២. ជា​ពិសេស តើ​អ្វី​ទៅ​អាច​ជា​ប្រភព​នៃ​អំណរ​និង​ភាព​ស្កប់​ចិត្ត?

 គូ​ស្វាមីភរិយា​មួយ​គូ ដែល​ជា​អ្នក​បំរើ​ពេញ​ពេល​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង បាន​និយាយ​ថា៖ «យើង​រស់​នៅ​ក្នុង​ផ្ទះ​សណ្ដោង​មួយ​នៅ​ឯ​ចំការ​មួយ​កន្លែង។ ការ​ប្រើ​ជីវិត​របស់​យើង​គឺ​ដោយ​ភាព​ឥត​ស្មុគ​ស្មាញ​ទេ យើង​មាន​ពេល​ច្រើន​ជាង​ដើម្បី​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស។ យើង​បាន​ទទួល​ពរ​យ៉ាង​វិសេស​នូវ​ឯកសិទ្ធិ​នៃ​ការ​ជួយ​មនុស្ស​ជា​ច្រើន ឲ្យ​ថ្វាយ​ជីវិត​ខ្លួន​ដល់​ព្រះ​យេហូវ៉ា»។

តើ​អ្នក​មិន​យល់​ស្រប​ថា ការ​ជួយ​អ្នក​ដទៃ​នាំ​ឲ្យ​មាន​អំណរ​ទេ​ឬ? ជា​ញឹក​ញយ​មនុស្ស​ខ្លះ​ខំ​ជួយ​មនុស្ស​ឈឺ មនុស្ស​ដែល​ខ្វះ​ខាត ឬ​មនុស្ស​ដែល​នៅ​តែ​ម្នាក់​ឯង ពួក​គេ​មាន​ភាព​ស្កប់​ចិត្ត​ដោយ​ការ​ធ្វើ​ដូច្នេះ។ ពួក​គ្រីស្ទាន​ពិត​គឺ​ប្រាកដ​ក្នុង​ចិត្ត​ថា ការ​ចែក​ប្រាប់​ដល់​អ្នក​ដទៃ​នូវ​ចំណេះ​អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ ជា​ជំនួយ​ដ៏​ឧត្តម​បំផុត ដែល​គេ​អាច​ផ្ដល់​ឲ្យ។ មាន​តែ​ចំណេះ​នេះ​ទេ​ដែល​អាច​នាំ​ឲ្យ​អ្នក​ដទៃ​ទទួល​យក​តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ និង​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ទំនាក់​ទំនង​ដ៏​ល្អ​ជា​មួយ​ព្រះ ហើយ​រួច​មក​នឹង​ទទួល​នូវ​ជីវិត​អស់​កល្ប​ជា​និច្ច​បាន។—កិច្ច​ការ ៣:១៩​-​២១; ១៣:៤៨

៣. តើ​ជំនួយ​បែប​ណា​ដែល​សម​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​នោះ?

ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ការ​ជួយ​អស់​អ្នក​ដែល​បំរើ​ព្រះ​រួច​ទៅ​ហើយ ដែល​កំពុង​តែ​ធ្វើ​តាម«ផ្លូវ​នោះ»? (កិច្ច​ការ ១៩:៩) ការ​ចាប់​អារម្មណ៍​នឹង​គេ​ប្រាកដ​ជា​នៅ​តែ​ខ្លាំង ក៏​ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​អាច​ឃើញ​នូវ​របៀប​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​បាន​ច្រើន​ទៀត ឬ​បន្ត​ក្នុង​ជំនួយ​នោះ​ត​ទៅ​ទៀត​បាន​ឡើយ។ ឬ​ក៏​ស្ថានការណ៍​របស់​អ្នក​ហាក់​ដូច​ជា​មាន​ព្រំ​ដែន​ក្នុង​ការ​ជួយ​គេ ដូច្នេះ​ហើយ​ក៏​រឹត​ត្បិត​ភាព​ស្កប់​ចិត្ត ដែល​អ្នក​អាច​ទទួល​នោះ។ (កិច្ច​ការ ២០:៣៥) យើង​អាច​រៀន​ពី​សៀវភៅ​កូល៉ុស ស្តី​អំពី​ទិដ្ឋភាព​ទាំង​ពីរ​នេះ។

៤. (ក) ក្នុង​ការ​សរសេរ​សំបុត្រ​របស់​ប៉ុល​ជូន​ពួក​អ្នក​នៅ​ទី​ក្រុង​កូល៉ុស តើ​គាត់​ស្ថិត​នៅ​ក្រោម​ស្ថានភាព​បែប​ណា? (ខ) តើ​អេប៉ាប្រាស​បាន​មាន​ការ​ទាក់​ទង​យ៉ាង​ណា?

នៅ​ពេល​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ទៅ​ពួក​គ្រីស្ទាន​នៅ​ទី​ក្រុង​កូល៉ុស នោះ​គាត់​បាន​ត្រូវ​គេ​ឃុំ​ខ្លួន​ទុក​នៅ​ក្នុង​ផ្ទះ​នៅ​ឯ​ទី​ក្រុង​រ៉ូម តែ​មាន​ភ្ញៀវ​អាច​មក​លេង​គាត់​បាន។ ដូច​ជា​អ្នក​ដឹង​ស្រាប់​ហើយ ប៉ុល​បាន​ប្រើ​សេរី​ភាព​ដែល​មាន​កំរិត ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ។ (កិច្ច​ការ ២៨:១៦​-​៣១) ពួក​គ្រីស្ទាន​គ្នី​គ្នា​អាច​មក​លេង​ប៉ុល ហើយ​នៅ​ពេល​ខ្លះ ប្រហែល​ជា​អ្នក​ខ្លះ​បាន​ទាំង​ឃុំ​ទុក​នៅ​ផ្ទះ​ជា​មួយ​គាត់​ផង។ (កូល៉ុស ១:៧, ៨; ៤:១០) បុគ្គល​ម្នាក់​គឺ​អេប៉ាប្រាស​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ដ៏​ខ្នះ​ខ្នែង​ពី​ទី​ក្រុង​កូល៉ុស​ស្រុក​ព្រីគា នៅ​តាម​ខ្ពង់​រាប​ខាង​ជើង​ទី​ក្រុង​អេភេសូរ ភូមិ​ភាគ​អាស៊ីមីនើរ (សព្វ​ថ្ងៃ​នេះ​គឺ​ជា​ប្រទេស​ទួរគី)។ អេប៉ាប្រាស​បាន​ជួយ​ក្នុង​ការ​ស្ថាបនា​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​កូល៉ុស ហើយ​គាត់​បាន​ជួយ​បំរើ​ក្រុម​ជំនុំ​នៅ​ក្រុង​ឡៅឌីសេ និង​ក្រុង​ហេរ៉ាប៉ូល​ដែល​នៅ​ជិត​នោះ។ (កូល៉ុស ៤:១២, ១៣) ហេតុ​អ្វី​ក៏​អេប៉ាប្រាស​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ប៉ុល​នៅ​ឯ​ទី​ក្រុង​រ៉ូម ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​ការ​តប​ឆ្លើយ​របស់​ប៉ុល?

ជំនួយ​ដែល​មាន​ប្រសិទ្ធិភាព​សំរាប់​ពួក​អ្នក​នៅ​ទី​ក្រុង​កូល៉ុស

៥. ហេតុ​អ្វី​ក៏​ប៉ុល​បាន​សរសេរ​ដូច​នោះ​ជូន​ពួក​អ្នក​នៅ​ទី​ក្រុង​កូល៉ុស?

ដើម្បី​នឹង​ពិគ្រោះ​ជា​មួយ​ប៉ុល​អំពី​ស្ថានភាព​នៅ​ក្នុង​ក្រុម​ជំនុំ​កូល៉ុស នោះ​អេប៉ាប្រាស​បាន​ធ្វើ​ដំណើរ​ដ៏​ពិបាក​ក្រៃ​លែង​ទៅ​ទី​ក្រុង​រ៉ូម។ គាត់​បាន​រាយ​ការណ៍​អំពី​ជំនឿ សេចក្ដី​ស្រឡាញ់ និង​ការ​ខំ​ប្រឹង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​របស់​ពួក​គ្រីស្ទាន​ទាំង​នោះ។ (កូល៉ុស ១:៤​-​៨) ក៏​ប៉ុន្តែ គាត់​ត្រូវ​តែ​ប្រាប់​នូវ​សេចក្ដី​ខ្វល់​ខ្វាយ​របស់​គាត់​អំពី​អានុភាព​ដ៏​អវិជ្ជមាន ដែល​គំរាម​កំហែង​ដល់​ភាព​ខាង​វិញ្ញាណ​នៃ​ពួក​អ្នក​នៅ​ទី​ក្រុង​កូល៉ុស​នោះ។ ប៉ុល​បាន​តប​ឆ្លើយ​ដោយ​សរសេរ​សំបុត្រ​ដែល​ព្រះ​បណ្ដាល​ឲ្យ​តែង ដែល​បាន​រៀប​រាប់​បញ្ច្រាស​នឹង​ទស្សនៈ​ខ្លះ​ៗ​ដែល​ពួក​គ្រូ​ក្លែង​ក្លាយ​បាន​ផ្សាយ​ឲ្យ​សាយភាយ​នោះ។ ជា​ពិសេស គាត់​បាន​ដៅ​បញ្ជាក់​លើ​មុខ​នាទី​ដ៏​សំខាន់បំផុត ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​គួរ​មាន​នោះ។ a តើ​ជំនួយ​របស់​គាត់​គ្រាន់​តែ​បញ្ជាក់​នូវ​សេចក្ដី​ពិត​ដ៏​សំខាន់​ៗ​ពី​ព្រះ​គម្ពីរ​នោះ​ទេ​ឬ? តើ​មាន​វិធី​ណា​ទៀត​ដែល​គាត់​អាច​ជួយ​ពួក​អ្នក​នៅ​ទី​ក្រុង​កូល៉ុស ហើយ​តើ​មេ​រៀន​អ្វី​ដែល​យើង​អាច​រៀន​អំពី​ការ​ជួយ​អ្នក​ដទៃ?

៦. តើ​ប៉ុល​បាន​បញ្ជាក់​អំពី​អ្វី​ក្នុង​សំបុត្រ​របស់​គាត់​ជូន​ពួក​អ្នក​នៅ​ទី​ក្រុង​កូល៉ុស?

នៅ​ក្នុង​សេចក្ដី​ផ្ដើម​នៃ​សំបុត្រ​របស់​គាត់ ប៉ុល​បាន​ផ្ដល់​នូវ​ការ​យល់​ធ្លុះ​ជ្រៅ​នឹង​បែប​បទ​ជំនួយ ដែល​យើង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់។ នេះ​ជា​ខ្សែ​រយៈ​នៃ​ការ​ឲ្យ​ជំនួយ​ដែល​មាន​ប្រសិទ្ធិភាព​មក​ពី​ទី​ឆ្ងាយ ដោយ​ព្រោះ​ប៉ុល​និង​អេប៉ាប្រាស​គឺ​នៅ​ឆ្ងាយ​ពី​ក្រុង​កូល៉ុស។ ប៉ុល​បាន​បញ្ជាក់​ថា៖ «យើង​ខ្ញុំ​អរ​ព្រះ​គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ជា​និច្ច»។ ត្រូវ​ហើយ នេះ​ជា​សេចក្ដី​អធិស្ឋាន​យ៉ាង​ចំ​ៗ​សំរាប់​ពួក​គ្រីស្ទាន​នៅ​ទី​ក្រុង​កូល៉ុស។ ប៉ុល​បាន​និយាយ​បន្ថែម​ថា៖ «ហេតុ​នោះ ចាប់​តាំង​ពី​ថ្ងៃ ដែល​យើង​ខ្ញុំ​ឮ​និយាយ នោះ​យើង​ខ្ញុំ​ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ឈប់​ឈរ ហើយ​ទូល​សូម ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ​ហឫទ័យ​ទ្រង់​សព្វ​គ្រប់ ដោយ​គ្រប់​ទាំង​ប្រាជ្ញា នឹង​ចំណេះ​ខាង​ឯ​វិញ្ញាណ»។—កូល៉ុស ១:៣, ៩

៧, ៨. តើ​សេចក្ដី​អធិស្ឋាន​ផ្ទាល់​ខ្លួន​និង​ខាង​ក្រុម​ជំនុំ តែង​តែ​រួម​បញ្ចូល​រឿង​អ្វី​ខ្លះ?

យើង​ដឹង​ថា ព្រះ​យេហូវ៉ា​ជា«ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន» ដូច្នេះ​យើង​អាច​ទុក​ចិត្ត​ថា ទ្រង់​ប្រុង​ប្រៀប​ជា​ស្រេច​ដើម្បី​សណ្ដាប់​នូវ​សេចក្ដី​អធិស្ឋាន​របស់​យើង ដែល​សម​ស្រប​នឹង​ព្រះ​ហឫទ័យ​របស់​ទ្រង់។ (ទំនុកដំកើង ៦៥:២; ៨៦:៦; សុភាសិត ១៥:៨, ២៩; យ៉ូហាន​ទី​១ ៥:១៤) ប៉ុន្តែ ពេល​យើង​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ តើ​សេចក្ដី​អធិស្ឋាន​របស់​យើង​មាន​លក្ខណៈ​បែប​ណា?

ជា​ញឹក​ញាប់​យើង​ប្រហែល​ជា​គិត​និង​អធិស្ឋាន​អំពី‹ពួក​បង​ប្អូន​របស់​យើង​រាល់​គ្នា​ដែល​នៅ​ក្នុង​លោកីយ៍​នេះ›។ (ពេត្រុស​ទី​១ ៥:៩) ឬ​យើង​អាច​អធិស្ឋាន​ជូន​ព្រះ​យេហូវ៉ា​អំពី​ពួក​គ្រីស្ទាន​និង​អ្នក​ដទៃ​ក្នុង​តំបន់​នោះ ដែល​បាន​ប្រឈម​មុខ​នឹង​មហន្តរាយ​ឬ​សោកនាដកម្ម។ នៅ​សតវត្ស​ទី​មួយ ពេល​ពួក​សិស្ស​នៅ​កន្លែង​ផ្សេង​ទៀត​បាន​ឮ​អំពី​ទុរភិក្ស​នៅ​ស្រុក​យូដា ពួក​គេ​ច្បាស់​ជា​បាន​អធិស្ឋាន​យ៉ាង​ច្រើន​សំរាប់​បង​ប្អូន​របស់​គេ មុន​នឹង​បញ្ជូន​ប្រាក់​ជំនួយ​នោះ​មក។ (កិច្ច​ការ ១១:២៧​-​៣០) នៅ​សម័យ​យើង​នេះ សេចក្ដី​អធិស្ឋាន​អំពី​ភាតរភាព​ទាំង​មូល ឬ​អំពី​បង​ប្អូន​មួយ​ក្រុម​ធំ តែង​តែ​បាន​ឮ​នៅ​កិច្ច​ប្រជុំ​គ្រីស្ទាន ដែល​មនុស្ស​ជា​ច្រើន​ត្រូវ​ការ​ដឹង​និង​អាច​និយាយ​ថា«អាម៉ែន»។—កូរិនថូស​ទី​១ ១៤:១៦

ចូរ​អធិស្ឋាន​យ៉ាង​ចំ​ៗ

៩, ១០. (ក) តើ​មាន​គំរូ​ណា​ខ្លះ​ដែល​បង្ហាញ​ថា ការ​អធិស្ឋាន​អំពី​បុគ្គល​ណា​ម្នាក់​គឺ​សម​ត្រឹម​ត្រូវ​នោះ? (ខ) តើ​តាម​របៀប​ណា​ដែល​គេ​បាន​អធិស្ឋាន​យ៉ាង​ចំ​ៗ​ឲ្យ​ប៉ុល​នោះ?

ក៏​ប៉ុន្តែ ព្រះ​គម្ពីរ​ផ្ដល់​ឲ្យ​យើង​នូវ​គំរូ​នៃ​សេចក្ដី​អធិស្ឋាន​សំរាប់​អ្នក​ដទៃ ដែល​មាន​យ៉ាង​ចំ​ៗ សំរាប់​បុគ្គល​ម្នាក់​ៗ។ សូម​ជញ្ជឹង​គិត​លើ​បន្ទូល​របស់​ព្រះ​យេស៊ូ ដែល​បាន​កត់​ទុក​នៅ​លូកា ២២:៣១, ៣២។ ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​១១​នាក់​បាន​នៅ​ជុំ​វិញ​ទ្រង់។ ពួក​គេ​រាល់​គ្នា​ត្រូវ​ការ​ការ​គាំទ្រ​របស់​ព្រះ ពេល​មាន​គ្រា​ពិបាក​នៅ​ខាង​មុខ ហើយ​ព្រះ​យេស៊ូ​បាន​អធិស្ឋាន​ឲ្យ​គេ​ដែរ។ (យ៉ូហាន ១៧:៩​-​១៤) ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​បាន​រើស​យក​ពេត្រុស ដោយ​ថ្លែង​សេចក្ដី​អង្វរ​យ៉ាង​ចំ​ៗ​ចំពោះ​សិស្ស​ម្នាក់​នោះ។ គំរូ​ឯ​ទៀត​គឺ អេលីសេ​បាន​អធិស្ឋាន​ឲ្យ​ព្រះ​ជួយ​បុរស​ម្នាក់ គឺ​ជា​អ្នក​បំរើ​របស់​លោក។ (ពង្សាវតារ​ក្សត្រ​ទី​២ ៦:១៥​-​១៧) សាវ័ក​យ៉ូហាន​បាន​អធិស្ឋាន​ឲ្យ​កៃយុស​បន្ត​មាន​សុខភាព​ល្អ​ខាង​រូប​កាយ​និង​ខាង​វិញ្ញាណ។ (យ៉ូហាន​ទី​៣ ១, ២) ហើយ​សេចក្ដី​អធិស្ឋាន​ឯ​ទៀត​បាន​បញ្ជាក់​ចំ​ៗ​ចំពោះ​ក្រុម​មួយ​ចំនួន។—យ៉ូប ៤២:៧, ៨; លូកា ៦:២៨; កិច្ច​ការ ៧:៦០; ធីម៉ូថេ​ទី​១ ២:១, ២

១០ សំបុត្រ​របស់​ប៉ុល​បញ្ជាក់​នូវ​រឿង​អំពី​សេចក្ដី​អធិស្ឋាន​យ៉ាង​ចំ​ៗ។ គាត់​បាន​សុំ​ឲ្យ​គេ​អធិស្ឋាន​ចំពោះ​លោក ឬ​ចំពោះ​លោក​និង​ពួក​គូកន​របស់​លោក។ កូល៉ុស ៤:២, ៣ អាន​ថា៖ «ចូរ​ព្យាយាម​ក្នុង​សេចក្ដី​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្ដី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះ​គុណ ព្រម​ទាំង​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ព្រះ​បាន​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ផ្សាយ​ព្រះ​បន្ទូល ជា​សេចក្ដី​អាថ៌​កំបាំង​នៃ​ព្រះ​គ្រីស្ទ ដែលខ្ញុំ​ជាប់​ចំណង ដោយ​ព្រោះ​ព្រះ​បន្ទូល​នោះ​ឯង»។ ចូរ​ពិចារណា​ដែរ​នូវ​គំរូ​ឯ​ទៀត​នៅ រ៉ូម ១៥:៣០; ថែស្សាឡូនីច​ទី​១ ៥:២៥; ថែស្សាឡូនីច​ទី​២ ៣:១; ហេព្រើរ ១៣:១៨

១១. ពេល​នៅ​ទី​ក្រុង​រ៉ូម តើ​អេប៉ាប្រាស​បាន​អធិស្ឋាន​ឲ្យ​អ្នក​ណា?

១១ គឺ​ដូច​គ្នា​នឹង​គូកន​របស់​ប៉ុល​នៅ​ក្រុង​រ៉ូម​ដែរ។ «អ្នក​អេប៉ាប្រាស . . . ដែល​មក​ពី​ពួក​អ្នក​រាល់​គ្នា គាត់​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ គាត់​ខំ​ប្រឹង​អធិស្ឋាន​ជា​និច្ច ឲ្យ​អ្នក​រាល់​គ្នា»។ (កូល៉ុស ៤:១២) ពាក្យ​ដែល​បាន​បក​ប្រែ​ថា«ខំ​ប្រឹង» អាច​មាន​ន័យ​ថា«ព្យាយាម» ដូច​ជា​អ្នក​ហាត់​កីឡា​កាយ​សម្ព័ន្ធ​ពី​សម័យ​ដើម។ តើ​អេប៉ាប្រាស​បាន​ខំ​ប្រឹង​អធិស្ឋាន​ប្រយោជន៍​ឲ្យ​ក្រុម​អ្នក​ជឿ​ទូទៅ ឬ​ក៏​ឲ្យ​ពួក​អ្នក​ថ្វាយ​បង្គំ​ពិត​ទាំង​អស់ ដែល​នៅ​ទូទាំង​ភូមិ​ភាគ​អាស៊ីមីនើរ​នោះ? ប៉ុល​បាន​បង្ហាញ​ថា​អេប៉ាប្រាស បាន​អធិស្ឋាន​យ៉ាង​ចំ​ៗ​ចំពោះ​អស់​អ្នក​ដែល​នៅ​ទី​ក្រុង​កូល៉ុស។ អេប៉ាប្រាស​បាន​ដឹង​អំពី​ស្ថានការណ៍​របស់​គេ។ យើង​មិន​ស្គាល់​ឈ្មោះ​របស់​គេ​ទាំង​អស់​ទេ ហើយ​យើង​ក៏​មិន​ដឹង​ថា​បញ្ហា​បែប​ណា​ដែល​គេ​បាន​ប្រឈម​មុខ​នោះ​ឡើយ ប៉ុន្តែ​សូម​គិត​នូវ​លទ្ធភាព​ខ្លះ​ចុះ។ ប្រហែល​ជា​យុ​វ​លីណុស​កំពុង​តែ​ត​យុទ្ធ​នឹង​អានុភាព​ខាង​ទស្សនវិជ្ជា​ដែល​មាន​ទូទៅ និង​រូ​ភូស​ប្រហែល​ជា​ត្រូវ​ការ​កម្លាំង​ដើម្បី​ត​ទល់​នឹង​ការ​ទាក់​ទាញ​នៃ​អតីត​ការ​ប្រព្រឹត្ត​ខាង​សាសនា​យូដា។ ដោយ​មាន​ប្ដី​ដែល​ជា​អ្នក​មិន​ជឿ នាង​ពើស៊ីស​ត្រូវ​ការ​នូវ​ការ​ស៊ូ​ទ្រាំ​និង​ប្រាជ្ញា ដើម្បី​ចិញ្ចឹម​កូន​ក្នុង​ព្រះ​អម្ចាស់ ហើយ​តើ​អ័ស៊ីងគ្រីត​ក៏​ត្រូវ​ការ​នូវ​ការ​សម្រាល​ទុក្ខ​បន្ថែម ដោយ​ព្រោះ​គាត់​រង​ទុក្ខ​នឹង​ជម្ងឺ​ដែល​មុខ​ជា​នឹង​ស្លាប់​នោះ​ឬ? ត្រូវ​ហើយ អេប៉ាប្រាស​បាន​ស្គាល់​អស់​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​នៅ​ស្រុក​កំណើត​គាត់ ហើយ​គាត់​បាន​ខំ​ប្រឹង​អធិស្ឋាន​ឲ្យ​គេ ពីព្រោះ​គាត់​និង​ប៉ុល​បាន​ចង់​ឲ្យ​ពួក​ដែល​មាន​ភក្ដី​បែប​នេះ ឲ្យ​ដើរ​បែប​សម​គួរ​នឹង​ព្រះ​យេហូវ៉ា។

១២. តើ​យើង​អាច​និយាយ​ចំ​ៗ​ក្នុង​សេចក្ដី​អធិស្ឋាន​ផ្ទាល់​ខ្លួន​យ៉ាង​ដូច​ម្ដេច?

១២ តើ​អ្នក​ឃើញ​នូវ​លំនាំ​សំរាប់​យើង ដែល​ជា​វិធី​មួយ​សំរាប់​ឲ្យ​យើង​ជួយ​អ្នក​ដទៃ​នោះ​ឬ​ទេ? ដូច​បាន​បញ្ជាក់​មក​ហើយ សេចក្ដី​អធិស្ឋាន​ជា​សាធារណៈ​នៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន​មិន​មាន​សភាព​ចំ​ៗ​ទេ ដោយ​សារ​មាន​ពួក​អ្នក​ស្ដាប់​ផ្សេង​ៗ​ពី​គ្នា។ ក៏​ប៉ុន្តែ​សេចក្ដី​អធិស្ឋាន​ផ្ទាល់​ខ្លួន​និង​សេចក្ដី​អធិស្ឋាន​ក្នុង​ក្រុម​គ្រួសារ គឺ​អាច​និយាយ​យ៉ាង​ចំ​ៗ។ ថ្វី​បើ​នៅ​ពេល​ខ្លះ​យើង​សុំ​ឲ្យ​ព្រះ​ដឹក​នាំ​និង​ប្រទាន​ពរ​ដល់​ពួក​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ ឬ​ពួក​អ្នក​គង្វាល​ខាង​វិញ្ញាណ តើ​យើង​អាច​និយាយ​ចំ​ៗ​នៅ​ពេល​ខ្លះ​បាន​ទេ? ជា​ឧទាហរណ៍ ម្ដេច​ក៏​មិន​អធិស្ឋាន​ដោយ​ប្រើ​ឈ្មោះ​របស់​អ្នក​ត្រួត​ពិនិត្យ​តាម​មណ្ឌល ដែល​មក​លេង​ក្រុម​ជំនុំ​របស់​អ្នក ឬ​សំរាប់​អ្នក​ដឹក​នាំ​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ​របស់​អ្នក​ទៅ? ភីលីព ២:២៥​-​២៨ និង​ធីម៉ូថេ​ទី​១ ៥:២៣ បង្ហាញ​នូវ​កង្វល់​របស់​ប៉ុល​ចំពោះ​បុគ្គល​ម្នាក់​ៗ ស្តី​អំពី​សុខភាព​របស់​ធីម៉ូថេ​និង​អេប៉ាប្រូឌីត។ តើ​យើង​អាច​ជញ្ជឹង​គិត​បែប​នេះ​ដល់​ពួក​អ្នក​ឈឺ ដែល​យើង​ស្គាល់​ឈ្មោះ​នោះ​ឬ​ទេ?

១៣. តើ​មាន​ស្ថានការណ៍​បែប​ណា ដែល​ជា​ការ​សម​ត្រឹម​ត្រូវ​ឲ្យ​យើង​រួម​បញ្ចូល​រឿង​នោះ ក្នុង​សេចក្ដី​អធិស្ឋាន​ផ្ទាល់​ខ្លួន​របស់​យើង​នោះ?

១៣ ត្រូវ​ហើយ យើង​ត្រូវ​តែ​ជៀស​វាង​ពី​ការ​ជ្រៀត​ជ្រែក​ក្នុង​រឿង​ផ្ទាល់​ខ្លួន​របស់​អ្នក​ដទៃ ក៏​ប៉ុន្តែ​គឺ​ជា​ការ​សម​ត្រឹម​ត្រូវ​ឲ្យ​សម្ដែង​នូវ​ចំណាប់​អារម្មណ៍​ដ៏​ស្មោះ ចំពោះ​អស់​អ្នក​ដែល​យើង​ស្គាល់​និង​យក​ចិត្ត​ទុក​ដាក់​នោះ តាម​រយៈ​សេចក្ដី​អធិស្ឋាន​របស់​យើង។ (ធីម៉ូថេ​ទី​១ ៥:១៣; ពេត្រុស​ទី​១ ៤:១៥) បង​ប្រុស​ម្នាក់​ប្រហែល​ជា​លែង​មាន​ការងារ​ធ្វើ ហើយ​យើង​មិន​អាច​ឲ្យ​គាត់​នូវ​ការងារ​មួយ​ទៀត​បាន​ទេ។ ក៏​ប៉ុន្តែ យើង​អាច​រៀប​រាប់​អំពី​គាត់​នូវ​ឈ្មោះ​និង​សំដៅ​លើ​ភាព​ពិបាក​របស់​គាត់ តាម​រយៈ​សេចក្ដី​អធិស្ឋាន​ផ្ទាល់​ខ្លួន​របស់​យើង។ (ទំនុកដំកើង ៣៧:២៥; សុភាសិត ១០:៣) តើ​យើង​ស្គាល់​បង​ស្រី​នៅ​លីវ​ម្នាក់​ដែល​បាន​ទៅ​ជា​ចាស់​ដោយ​ឥត​មាន​ប្ដី​និង​កូន ពីព្រោះ​គាត់​បាន​តាំង​ចិត្ត​រៀប​ការ«ក្នុង​ព្រះ​អម្ចាស់»ទេ? (កូរិនថូស​ទី​១ ៧:៣៩) តាម​រយៈ​សេចក្ដី​អធិស្ឋាន​ផ្ទាល់​ខ្លួន​របស់​អ្នក ម្ដេច​ក៏​មិន​សុំ​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ឲ្យ​គាត់ និង​ជួយ​គាត់​ឲ្យ​បន្ត​ក្នុង​កិច្ច​បំរើ​របស់​គាត់​ដោយ​មាន​ចិត្ត​ស្មោះ​ត្រង់​ទៅ? ដូច​ជា​ឧទាហរណ៍​មួយ​ទៀត ពួក​អ្នក​ចាស់​ទុំ​ពីរ​នាក់​ប្រហែល​ជា​ឲ្យ​ឱវាទ​បង​ប្រុស​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស។ ពួក​គេ​ម្នាក់​ៗ​អាច​រៀប​រាប់​អំពី​ឈ្មោះ​របស់​គាត់ តាម​រយៈ​សេចក្ដី​អធិស្ឋាន​ផ្ទាល់​ខ្លួន​ពី​ពេល​មួយ​ទៅ​ពេល​មួយ។

១៤. តើ​សេចក្ដី​អធិស្ឋាន​ដោយ​ចំ​ៗ​បាន​ទាក់​ទង​នឹង​ជួយ​អ្នក​ដទៃ​យ៉ាង​ដូច​ម្ដេច?

១៤ គឺ​មាន​ឱកាស​ជា​ច្រើន​សំរាប់​ឲ្យ​អ្នក​រួម​បញ្ចូល​ក្នុង​សេចក្ដី​អធិស្ឋាន​ផ្ទាល់​ខ្លួន អំពី​បុគ្គល​ដែល​អ្នក​ស្គាល់ ដែល​ត្រូវ​ការ​នូវ​ការ​គាំទ្រ​របស់​ព្រះ​យេហូវ៉ា សេចក្ដី​សម្រាល​ទុក្ខ ប្រាជ្ញា និង​វិញ្ញាណ​បរិសុទ្ធ ឬ​ផល​ផ្លែ​ដែល​មាន​ជា​លទ្ធផល​នោះ។ ដោយ​ព្រោះ​ចម្ងាយ ឬ​កាលៈទេសៈ​ឯ​ណា​ទៀត អ្នក​ប្រហែល​គិត​ថា​វត្ថុ​ឬ​ជំនួយ​ដែល​អ្នក​អាច​ផ្ដល់​ឲ្យ​គឺ​មាន​កំរិត។ ក៏​ប៉ុន្តែ​សូម​កុំ​ភ្លេច​អធិស្ឋាន​ឲ្យ​បង​ប្អូន​ប្រុស​ស្រី​របស់​អ្នក។ អ្នក​ដឹង​ថា គេ​ចង់​ដើរ​បែប​គួរ​នឹង​ព្រះ​យេហូវ៉ា ក៏​ប៉ុន្តែ ពួក​គេ​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​នោះ​មែន ដើម្បី​ឲ្យ​ធ្វើ​អ៊ីចឹង​ជា​រៀង​រហូត​ទៅ​បាន។ ចំណុច​សំខាន់​ចំពោះ​ការ​ជួយ គឺ​ជា​សេចក្ដី​អធិស្ឋាន​របស់​អ្នក។—ទំនុកដំកើង ១៨:២; ២០:១, ២; ៣៤:១៥; ៤៦:១; ១២១:១​-​៣

ធ្វើ​ការ​ដើម្បី​ពង្រឹង​កម្លាំង​ពួក​អ្នក​ដទៃ

១៥. ហេតុ​អ្វី​ក៏​យើង​គួរ​មាន​ចំណាប់​អារម្មណ៍​នឹង​ផ្នែក​បញ្ចប់​នៃ​សៀវភៅ​កូល៉ុស?

១៥ ប្រាកដ​ហើយ សេចក្ដី​អធិស្ឋាន​ដែល​ចំ​ៗ​តែ​ប្រកប​ដោយ​ចិត្ត​ក្លៀវ​ក្លា មិន​មែន​ជា​ផ្លូវ​តែ​មួយ​នៃ​ការ​ជួយ​អ្នក​ដទៃ ជា​ពិសេស​អស់​អ្នក​ដែល​ជិត​ស្និទ្ធ ហើយ​ជា​ទី​ស្រឡាញ់​ចំពោះ​អ្នក​នោះ​ទេ។ សៀវភៅ​កូល៉ុស​ធ្វើ​ឲ្យ​ឃើញ​ជាក់​ស្តែង​អំពី​រឿង​នេះ។ ពួក​វិជ្ជាករ​ជា​ច្រើន​ជឿ​ថា ក្រោយ​ពី​ប៉ុល​បាន​ផ្ដល់​នូវ​សេចក្ដី​ណែនាំ​ខាង​លទ្ធិ និង​ឱវាទ​ដែល​មាន​ប្រយោជន៍ នោះ​គាត់​បាន​និយាយ​បន្ថែម​នូវ​ការ​គំនាប់​ឬ​និង​ការ​ជំរាប​សួរ​ផ្ទាល់​ខ្លួន។ (កូល៉ុស ៤:៧​-​១៨) ផ្ទុយ​ទៅ​វិញ នៅ​ផ្នែក​ចុង​បញ្ចប់​នៃ​សៀវភៅ​នេះ យើង​បាន​រក​ឃើញ​នូវ​ឱវាទ​ដែល​គួរ​កត់​សម្គាល់ ហើយ​នៅ​មាន​ពត៌មាន​ច្រើន​ទៀត​ដើម្បី​រៀន​ពី​ផ្នែក​នេះ។

១៦, ១៧. តើ​យើង​អាច​និយាយ​យ៉ាង​ណា​អំពី​បង​ប្អូន ដែល​បាន​រៀប​រាប់​នៅ​កូល៉ុស ៤:១០, ១១?

១៦ ប៉ុល​បាន​សរសេរ​ថា៖ «អ្នក​អើរីស្ដាក​ដែល​ជាប់​គុក​ជា​មួយ​នឹង​ខ្ញុំ ហើយ​ម៉ាកុស ជា​ក្មួយ​បាណាបាស គាត់​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​បាន​ទទួល​បង្គាប់ ពី​រឿង​គាត់​រួច​ទៅ​ហើយ​ថា បើ​គាត់​មក​ឯ​អ្នក​រាល់​គ្នា នោះ​ត្រូវ​ទទួល​គាត់​ចុះ ឯ​អ្នក​យេស៊ូវ ដែល​ហៅ​ថា យូស្ទុស គាត់​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ អ្នក​ទាំង​នោះ​ជា​ពួក​កាត់​ស្បែក ឯ​ពួក​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ​ខាង​ឯ​នគរ​ព្រះ មាន​តែ​ប៉ុណ្ណឹង​ទេ ដែល​កំសាន្ត​ចិត្ត​ខ្ញុំ»។—កូល៉ុស ៤:១០, ១១

១៧ នៅ​ទី​នោះ​ប៉ុល​បាន​ប្រាប់​អំពី​បង​ប្អូន​ខ្លះ​ៗ ដែល​សម​ទទួល​នូវ​ការ​សរសើរ​ដ៏​ពិសេស។ គាត់​បាន​និយាយ​ថា​ពួក​គេ​គឺ​ក្នុង​ចំណោម​ដែល​បាន​កាត់​ស្បែក ដែល​មាន​សាវតារ​ខាង​សាសន៍​យូដា។ គឺ​មាន​ពួក​យូដា​ជា​ច្រើន​ដែល​បាន​កាត់​ស្បែក​នៅ​ក្នុង​ទី​ក្រុង​រ៉ូម ហើយ​ឥឡូវ​នេះ​អ្នក​ខ្លះ​ជា​គ្រីស្ទាន​ហើយ។ ក៏​ប៉ុន្តែ អស់​អ្នក​ដែល​ប៉ុល​បាន​រៀប​រាប់​ទាំង​នេះ​បាន​មក​ជួយ​គាត់។ ដូច​គ្នា​ដែរ ពួក​គេ​ប្រហែល​ជា​ឥត​មាន​ចិត្ត​ស្ទាក់​ស្ទើរ​ក្នុង​ការ​សេព​គប់​ជា​មួយ​នឹង​ពួក​គ្រីស្ទាន ដែល​មក​ពី​សាសន៍​ដទៃ​ទេ។ ហើយ​ពួក​គេ​ច្បាស់​ជា​ត្រេក​អរ​នឹង​ចូល​រួម​ជា​មួយ​ប៉ុល ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដល់​សាសន៍​ដទៃ​ដែរ។—រ៉ូម ១១:១៣; កាឡាទី ១:១៦; ២:១១​-​១៤

១៨. តើ​តាម​របៀប​ណា​ដែល​ប៉ុល​បាន​សរសើរ​មនុស្ស​ខ្លះ ដែល​បាន​បំរើ​ជា​មួយ​គាត់​នោះ?

១៨ ចូរ​កត់​សម្គាល់​នូវ​ការ​ពន្យល់​របស់​ប៉ុល​ដែល​ថា៖ ‹ពួក​អ្នក​ទាំង​នេះ​បាន​ទៅ​ជា​ជំនួយ​ដែល​ពង្រឹង​កម្លាំង​ខ្ញុំ›។ គាត់​បាន​ប្រើ​ពាក្យ​ក្រិក​មួយ ដែល​មាន​តែ​ម្ដង​គត់​ក្នុង​ព្រះ​គម្ពីរ។ ពួក​អ្នក​បក​ប្រែ​ជា​ច្រើន​បាន​បក​ស្រាយ​ជា«សម្រាល​ទុក្ខ»។ ក៏​ប៉ុន្តែ មាន​ពាក្យ​ក្រិក​មួយ​ទៀត​គឺ ផារ៉ាកាលីអូ (pa·ra·ka·le’o) បាន​បក​ស្រាយ​ជា​ទូទៅ​ថា«សម្រាល​ទុក្ខ»។ ប៉ុល​បាន​ប្រើ​ពាក្យ​នេះ​នៅ​កន្លែង​ផ្សេង​ៗ​ក្នុង​សំបុត្រ​នេះ ប៉ុន្តែ​ឥត​ប្រើ​ពាក្យ​ហ្នឹង​នៅ​ឯ​កូល៉ុស ៤:១១​នោះ​ទេ។—ម៉ាថាយ ៥:៤; កិច្ច​ការ ៤:៣៦; ៩:៣១; កូរិនថូស​ទី​២ ១:៤; កូល៉ុស ២:២; ៤:៨

១៩, ២០. (ក) តើ​អ្វី​ជា​ន័យ​នៃ​ឃ្លា​ដែល​ប៉ុល​បាន​ប្រើ​សំដៅ​ទៅ​បង​ប្អូន​ដែល​បាន​ជួយ​គាត់​នៅ​ទី​ក្រុង​រ៉ូម​នោះ? (ខ) តើ​តាម​របៀប​ណា​ខ្លះ​ដែល​បង​ប្អូន​ទាំង​នោះ​អាច​ជួយ​ប៉ុល​បាន​នោះ?

១៩ អស់​អ្នក​ដែល​បាន​រាប់​ឈ្មោះ ច្បាស់​ជា​បាន​សម្រេច​ច្រើន មិន​គ្រាន់​តែ​ផ្ដល់​នូវ​ការ​សម្រាល​ទុក្ខ​ដោយ​មាត់​ទទេ​ឡើយ។ ពាក្យ​ក្រិក​ដែល​បាន​បក​ស្រាយ​ថា‹ជំនួយ​ដែល​ពង្រឹង› នៅ​ឯ​កូល៉ុស ៤:១១ ជួន​កាល​បាន​ប្រើ​តាម​ពាក្យ​ខាង​លោកីយ៍​នេះ សំរាប់​ជា​ថ្នាំ​ដើម្បី​សម្រាល​ការ​តាន​តឹង។ សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ជីវិត​ថ្មី អាន​ថា៖ «ពួក​គេ​បាន​ជួយ​ដល់​ខ្ញុំ​មែន​ហ្ន៎!»។ សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​អង់គ្លេស​សំរាប់​សព្វ​ថ្ងៃ​នេះ បាន​ប្រើ​ឃ្លា​នេះ​ថា៖ «ពួក​គេ​បាន​ជា​ជំនួយ​យ៉ាង​ខ្លាំង​ចំពោះ​ខ្ញុំ»។ តើ​បង​ប្អូន​គ្រីស្ទាន​ទាំង​នោះ​ដែល​រស់​នៅ​ជិត​ប៉ុល ប្រហែល​ជា​បាន​ធ្វើ​អ្វី​ដើម្បី​ជួយ​គាត់?

២០ ប្រហែល​ពួក​ភ្ញៀវ​អាច​មក​លេង​ប៉ុល​បាន ក៏​ប៉ុន្តែ​គឺ​មាន​របស់​ជា​ច្រើន ដែល​គាត់​មិន​អាច​ធ្វើ​បាន ដូច​ជា​ការ​ទិញ​នូវ​របស់​ដែល​ត្រូវ​ការ​ចាំ​បាច់​ដូច​ជា ម្ហូប​អាហារ និង​សំលៀក​បំពាក់​សំរាប់​រដូវ​រងា។ តើ​គាត់​អាច​បាន​ក្រាំង​សំរាប់​សិក្សា ឬ​ទិញ​គ្រឿង​សរសេរ​យ៉ាង​ដូច​ម្ដេច​បាន? (ធីម៉ូថេ​ទី​២ ៤:១៣) តើ​អ្នក​អាច​នឹក​ក្នុង​មនោ​គតិ​ថា បង​ប្អូន​ទាំង​នោះ​កំពុង​តែ​ជួយ​ប៉ុល​ក្នុង​សេចក្ដី​ត្រូវ​ការ​ទាំង​នេះ ដោយ​ធ្វើ​របស់​ដ៏​សំខាន់​ៗ​ទាំង​នេះ ដូច​ជា​ការ​ដើរ​ទិញ​អីវ៉ាន់ ឬ​ធ្វើ​កិច្ច​ការ​អ្វី​មួយ​ឲ្យ​គាត់? គាត់​ប្រហែល​ជា​ចង់​ពិនិត្យ​មើល​ឬ​ស្អាង​ឡើង​នូវ​ក្រុម​ជំនុំ​ណា​មួយ។ ដោយ​នៅ​ជាប់​គុក នោះ​គាត់​មិន​អាច​ធ្វើ​អ៊ីចឹង​បាន​ទេ ដូច្នេះ​បង​ប្អូន​ទាំង​នោះ​អាច​ធ្វើ​ទស្សនកិច្ច​បែប​នោះ​សំរាប់​ប៉ុល ដោយ​នាំ​សារ​ទាំង​ឡាយ នឹង​នាំ​មក​វិញ​នូវ​សេចក្ដី​រាយ​ការណ៍។ នេះ​ជា​ការ​ពង្រឹង​កម្លាំង​មែន​ហ្ន៎!

២១, ២២. (ក) ហេតុ​អ្វី​ក៏​ពាក្យ​នៅ​កូល៉ុស ៤:១១ ជា​ទី​ចាប់​អារម្មណ៍​ដល់​យើង? (ខ) តើ​មាន​ផ្លូវ​ណា​ខ្លះ​ដែល​យើង​អាច​អនុវត្ត​តាម​នូវ​ឧទាហរណ៍​នៃ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ប៉ុល?

២១ អ្វី​ដែល​ប៉ុល​បាន​សរសេរ​អំពី‹ជំនួយ​ដែល​ពង្រឹង​កម្លាំង› ផ្ដល់​នូវ​ការ​យល់​ធ្លុះ​នូវ​របៀប​ដែល​យើង​អាច​ជួយ​អ្នក​ដទៃ។ ពួក​គេ​អាច​ដើរ​បែប​គួរ​នឹង​ព្រះ​យេហូវ៉ា ស្តី​អំពី​ខ្នាត​តម្រា​ខាង​សីលធម៌​របស់​ទ្រង់ ទៅ​កិច្ច​ប្រជុំ​គ្រីស្ទាន និង​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ ចំពោះ​រឿង​នេះ ពួក​គេ​គួរ​ទទួល​នូវ​ពាក្យ​អបអរ​ពី​យើង។ ប៉ុន្តែ តើ​យើង​អាច​ធ្វើ​ឲ្យ​បាន​ច្រើន​ទៀត​ជា‹ជំនួយ​ដែល​ពង្រឹង​កម្លាំង› ដូច​អស់​អ្នក​ដែល​បាន​នៅ​ជា​មួយ​នឹង​ប៉ុល​ឬ​ទេ?

២២ បើ​សិន​ជា​អ្នក​ស្គាល់​បង​ស្រី​ម្នាក់ ដែល​កាន់​ខ្ជាប់​ដោយ​ប្រាជ្ញា​តាម​កូរិនថូស​ទី​១ ៧:៣៧ តែ​ឥឡូវ​ឥត​មាន​ក្រុម​គ្រួសារ​នៅ​ជិត​គាត់ តើ​អ្នក​អាច​រួម​បញ្ចូល​គាត់​ក្នុង​សកម្មភាព​ជា​គ្រួសារ​បាន​ឬ​ទេ ប្រហែល​ជា​អញ្ជើញ​គាត់​មក​បរិភោគ​អាហារ ឬ​ទៅ​ឯ​ការ​ប្រជុំ​ជា​មួយ​គ្នា​ឬ​ចូល​រួម​ការ​កំសាន្ត​ដ៏​តូច​ជា​មួយ​មិត្ត​ភក្ដិ​ឬ​សាច់​ញាតិ​របស់​អ្នក? ចុះ​យ៉ាង​ណា​ដែរ បើ​អញ្ជើញ​គាត់​ឲ្យ​ធ្វើ​ដំណើរ​ជា​មួយ​គ្រួសារ​អ្នក​ទៅ​ឯ​មហា​សន្និបាត ឬ​ទៅ​ដើរ​លេង​នោះ? ឬ​ក៏​សុំ​គាត់​ឲ្យ​ចូល​រួម​ជា​មួយ​អ្នក​នៅ​ពេល​ដ៏​សម​គួរ ពេល​ដែល​ទៅ​ផ្សារ​ទិញ​អីវ៉ាន់​នោះ។ យើង​ក៏​អាច​ធ្វើ​អ៊ីចឹង​ដល់​ស្ត្រី​មេម៉ាយ​ឬ​ពោះ​ម៉ាយ ឬ​ក៏​ប្រហែល​ដល់​អស់​អ្នក​ដែល​ឥឡូវ​ពុំ​អាច​បើក​បរ​បាន។ អ្នក​នឹង​ឃើញ​ថា​គឺ​មាន​ប្រយោជន៍ ដោយ​ឮ​នូវ​បទ​ពិសោធន៍​របស់​គេ ឬ​ទទួល​នូវ​យោបល់​ពី​គេ​នូវ​របស់​ជា​ការ​ធម្មតា ដូច​ជា​ការ​ជ្រើស​រើស​ផ្លែ​ឈើ ឬ​ក៏​ទិញ​ខោ​អាវ​សំរាប់​កូន​ៗ។ (លេវីវិន័យ ១៩:៣២; សុភាសិត ១៦:៣១) ជា​លទ្ធផល​ធម្មតា នោះ​គឺ​ជា​ការ​ចំរើន​នូវ​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា។ អ៊ីចឹង​ហើយ ពួក​គេ​អាច​មាន​អារម្មណ៍​ស្រួល​នឹង​សុំ​ឲ្យ​អ្នក​ជួយ បើ​សិន​ជា​គេ​ត្រូវ​ការ​ថ្នាំ​ពី​ឱសថស្ថាន​ជា​ដើម។ បង​ប្អូន​ដែល​នៅ​ជា​មួយ​ប៉ុល​នៅ​ក្នុង​ទី​ក្រុង​រ៉ូម ច្បាស់​ជា​បាន​ផ្ដល់​ឲ្យ​ជំនួយ​ដែល​ពង្រឹង​កម្លាំង ដែល​មាន​ប្រយោជន៍ ហើយ​អ្នក​ក៏​អាច​ធ្វើ​អ៊ីចឹង​ដែរ។ ដូច​នៅ​ពេល​នោះ និង​នៅ​ឥឡូវ​នេះ ប្រសិទ្ធិពរ​ដែល​មាន​ជា​បន្ថែម គឺ​ចំណង​នៃ​សេចក្ដី​ស្រឡាញ់​បាន​ត្រូវ​ពង្រឹង និង​បង្កើន​នូវ​ការ​តាំង​ចិត្ត​ឲ្យ​បំរើ​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា​ដោយ​ភក្ដី​ភាព។

២៣. តើ​ជា​ការ​ល្អ​សំរាប់​យើង​ម្នាក់​ៗ​ឲ្យ​ចំណាយ​ពេល​ធ្វើ​អ្វី?

២៣ យើង​ម្នាក់​ៗ​អាច​ជញ្ជឹង​គិត​លើ​ស្ថានការណ៍ ដែល​បាន​រៀប​រាប់​នៅ​ក្នុង​អត្ថបទ​នេះ។ ទាំង​នេះ​គឺ​គ្រាន់​តែ​ជា​គំរូ តែ​គំរូ​ទាំង​នេះ​អាច​ជួយ​រំឭក​យើង​នូវ​ស្ថានការណ៍​ដ៏​ពិត ដែល​យើង​អាច​ទៅ​ជា‹ជំនួយ​ដែល​ពង្រឹង​កម្លាំង› ដល់​បង​ប្អូន​ប្រុស​ស្រី​របស់​យើង។ អ្វី​ដែល​សំខាន់​នោះ​គឺ​ថា យើង​មិន​យក​តម្រាប់​តាម​អាកប្បកិរិយា​នៃ​ពួក​សប្បុរសជន​នោះ​ទេ។ នោះ​មិន​មែន​ជា​គោល​ដៅ​នៃ​បង​ប្អូន ដែល​បាន​រៀប​រាប់​នៅ​កូល៉ុស ៤:១០, ១១ នោះ​ទេ។ ពួក​គេ​ជា«ពួក​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ​ខាង​ឯ​នគរ​ព្រះ»។ លទ្ធផល​ខាង​ការ​ពង្រឹង​កម្លាំង គឺ​បាន​ទាក់​ទង​យ៉ាង​ចំ​ៗ​ដល់​ការងារ​នោះ។ សូម​ឲ្យ​នេះ​បាន​ដូច​គ្នា​នឹង​ករណី​របស់​យើង​ដែរ។

២៤. តើ​អ្វី​ជា​មូលហេតុ​ដ៏​សំខាន់​បំផុត​ដែល​យើង​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ ទាំង​ស្វះ​ស្វែង​រក​ពង្រឹង​កម្លាំង​គេ?

២៤ យើង​រៀប​រាប់​អ្នក​ដទៃ​ដោយ​ប្រើ​ឈ្មោះ​របស់​គេ​ក្នុង​សេចក្ដី​អធិស្ឋាន​ផ្ទាល់​ខ្លួន ហើយ​ខំ​ប្រឹង​ពង្រឹង​កម្លាំង​គេ ដោយ​ព្រោះ​ហេតុ​នេះ​គឺ​ថា៖ យើង​ជឿ​ថា​បង​ប្អូន​ប្រុស​ស្រី​របស់​យើង ចង់«ដើរ​បែប​គួរ​នឹង​ព្រះ​អម្ចាស់»។ (កូល៉ុស ១:១០) ហេតុ​ការណ៍​នេះ​គឺ​ទាក់​ទង​អ្វី​មួយ ដែល​ប៉ុល​បាន​រៀប​រាប់​ឡើង ពេល​សរសេរ​អំពី​សេចក្ដី​អធិស្ឋាន​របស់​អេប៉ាប្រាស​បាន ស្តី​អំពី​ពួក​កូល៉ុស​ឲ្យ​គេ«រក្សា​ជំហរ​ឲ្យ​បាន​ពេញ​ខ្នាត ទាំង​មាន​ជំនឿ​ដ៏​មុត​មាំ​ចំពោះ​ព្រះ​ហឫទ័យ​នៃ​ព្រះ គ្រប់​ជំពូក»។ (កូល៉ុស ៤:១២, ព.ថ.) តើ​យើង​អាច​សម្រេច​ការ​នោះ​ផ្ទាល់​ខ្លួន​យ៉ាង​ដូច​ម្ដេច? សូម​ឲ្យ​យើង​ពិនិត្យ​មើល។

[កំណត់​សម្គាល់]

a សូម​មើល​សៀវភៅ​ការ​យល់​ធ្លុះ​ជ្រៅ​នឹង​បទ​គម្ពីរ ក្បាល​ទី​១ ទំព័រ ៤៩០​-​៤៩១ និង​សៀវភៅ «គ្រប់​ទាំង​បទ​គម្ពីរ​គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ក៏​មាន​ប្រយោជន៍» ទំព័រ ២២៦​-​២២៨ បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។ (ជា​ភាសា​អង់គ្លេស)

តើ​អ្នក​បាន​កត់​សម្គាល់​ឬ​ទេ?

តើ​តាម​របៀប​ណា​ដែល​យើង​អាច​ជួយ​គេ​ច្រើន​ទៀត​បាន តាម​រយៈ​សេចក្ដី​អធិស្ឋាន​ផ្ទាល់​ខ្លួន​របស់​យើង?

តើ​ក្នុង​ន័យ​អ្វី​ដែល​ពួក​គ្រីស្ទាន​ខ្លះ​ជា‹ជំនួយ​ដែល​ពង្រឹង​កម្លាំង›ដល់​ប៉ុល?

តើ​នៅ​ក្នុង​ស្ថានការណ៍​បែប​ណា ដែល​យើង​អាច​ជា‹ជំនួយ​ដែល​ពង្រឹង​កម្លាំង›?

តើ​អ្វី​ជា​គោល​ដៅ​ដែល​ជំរុញ​ឲ្យ​យើង​អធិស្ឋាន​ឲ្យ​គេ និង​ស្វះ​ស្វែង​រក​ពង្រឹង​កម្លាំង​នៃ​បង​ប្អូន​ប្រុស​ស្រី​របស់​យើង?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២៤]

តើ​អ្នក​អាច​រួម​បញ្ចូល​គ្រីស្ទាន​ម្នាក់​ទៀត​ក្នុង​ដំណើរ​កំសាន្ត​ជា​គ្រួសារ​របស់​អ្នក​បាន​ទេ?

[អ្នក​ផ្ដល់​សិទ្ធិ]

Courtesy of Green Chimney’s Farm