លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកបំរើព្រះដោយព្រោះតែអ្វី?

តើអ្នកបំរើព្រះដោយព្រោះតែអ្វី?

តើ​អ្នក​បំរើ​ព្រះ​ដោយ​ព្រោះ​តែ​អ្វី?

ស្តេច​មួយ​អង្គ​ដែល​ជា​អ្នក​កោត​ខ្លាច​ព្រះ​ធ្លាប់​ជូន​យោបល់​នេះ​ចំពោះ​បុត្រា​ទ្រង់​ថា៖ «ចូរ​ឲ្យ​ឯង​បាន​ស្គាល់​ព្រះ​នៃ​ឪពុក​ឯង​ចុះ ព្រម​ទាំង​ប្រតិបត្ដិ​តាម​ទ្រង់ ដោយ​អស់​ពី​ចិត្ត ហើយ​ស្ម័គ្រ​ស្មោះ​ផង»។ (របាក្សត្រ​ទី​១ ២៨:៩) ព្រះ​យេហូវ៉ា​ច្បាស់​ជា​ចង់​ឲ្យ​អស់​អ្នក​បំរើ​របស់​ទ្រង់ បំរើ​ដោយ​ចិត្ត​អបអរ​ទាំង​ដឹង​គុណ​ផង។

ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា យើង​ឆាប់​នឹង​ព្រម​ទទួល​ថា នៅ​ពេល​ដែល​គេ​បាន​ពន្យល់​ជា​ដំបូង​នោះ ពី​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​ក្នុង​ព្រះ​គម្ពីរ ចិត្ត​យើង​បាន​ពេញ​ដោយ​កតញ្ញូ​ធម៌។ ជា​រៀង​រាល់​ថ្ងៃ យើង​បាន​រៀន​ចំណុច​ថ្មី​ៗ​អំពី​គោល​បំណង​របស់​ព្រះ។ កាល​ណា​យើង​បាន​រៀន​កាន់​តែ​ច្រើន​អំពី​ព្រះ​យេហូវ៉ា នោះ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ចង់​បំរើ​ទ្រង់«ដោយ​អស់​ពី​ចិត្ត ហើយ​ស្ម័គ្រ​ស្មោះ​ផង» ក៏​មាន​កាន់​តែ​ខ្លាំង​ឡើង​ៗ​ដែរ។

មនុស្ស​ជា​ច្រើន​នាក់​ដែល​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ក៏​បន្ត​បំរើ​ព្រះ​យេហូវ៉ា​ដោយ​អំណរ​ដ៏​ឥត​មាន​កំរិត​រហូត​ដល់​អស់​មួយ​ជីវិត​របស់​គេ។ ក៏​ប៉ុន្តែ គ្រីស្ទាន​ខ្លះ​ចាប់​ផ្ដើម​យ៉ាង​ល្អ តែ​ក្រោយ​មក ពួក​គេ​លែង​យក​ចិត្ត​ទុក​ដាក់​នឹង​មូលហេតុ​ផ្សេង​ៗ​ដែល​ជំរុញ​ចិត្ត​យើង​ឲ្យ​បំរើ​ព្រះ​នោះ។ តើ​អ្នក​ដែល​ពិសោធ​អារម្មណ៍​បែប​នេះ​ទេ? បើ​មាន​មែន សូម​កុំ​ខក​ចិត្ត​ឡើយ។ អំណរ​ដែល​បាន​បាត់​បង់​ទៅ ក៏​អាច​ទទួល​មក​វិញ​បាន​ដែរ។ តើ​តាម​របៀប​ណា​ទៅ?

ចូរ​គិត​ពី​ប្រសិទ្ធិពរ​ដែល​អ្នក​បាន​ទទួល

ជា​ដំបូង​នោះ សូម​រំពឹង​គិត​ពី​ប្រសិទ្ធិពរ​ទាំង​ប៉ុន្មាន​ដែល​អ្នក​កំពុង​តែ​ទទួល​ជា​រៀង​រាល់​ថ្ងៃ​ពី​ព្រះ។ សូម​គិត​អំពី​អំណោយ​ទាន​នានា​ដ៏​ល្អ​ពី​ព្រះ​យេហូវ៉ា​ដូច​ជា ស្នា​ព្រះ​ហស្ត​របស់​ទ្រង់​ខាង​ការ​បង្កើត​ដែល​មាន​សំរាប់​មនុស្ស​គ្រប់​ៗ​គ្នា មិន​ថា​ក្នុង​វណ្ណៈ​ណា​ខាង​សង្គម​ឬ​សេដ្ឋកិច្ច​ណា​ទេ ព្រម​ទាំង​ការ​ផ្ដល់​អាហារ​និង​ភេសជ្ជៈ​តាម​ធម្មជាតិ និង​សុខភាព​ដ៏​ល្អ​ដែល​អ្នក​អាច​មាន ឬ​មិន​គ្រាន់​តែ​ចំណេះ​ដែល​អ្នក​មាន​ខាង​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អំណោយ​ទាន​ដ៏​សំខាន់​បំផុត​នោះ គឺ​ជា​ព្រះ​រាជបុត្រា​របស់​ទ្រង់។ ការ​សោយ​ទិវង្គត​របស់​ទ្រង់​បាន​បើក​ផ្លូវ​សំរាប់​អ្នក​ឲ្យ​បំរើ​ព្រះ​ដោយ​មាន​មនសិការ​ដ៏​ជ្រះ​ថ្លា។ (យ៉ូហាន ៣:១៦; យ៉ាកុប ១:១៧) កាល​ណា​អ្នក​រំពឹង​គិត​ពី​សេចក្ដី​សប្បុរស​របស់​ព្រះ​កាន់​តែ​ច្រើន​នោះ ចិត្ត​អបអរ​ចំពោះ​ទ្រង់​នឹង​ដុះ​លូត​លាស់​កាន់​តែ​ច្រើន​ឡើង​ដែរ។ រួច​មក ចិត្ត​របស់​អ្នក​នឹង​ជំរុញ​ឲ្យ​អ្នក​បំរើ​ទ្រង់ ដោយ​មាន​កតញ្ញូ​ធម៌​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ទ្រង់​បាន​ធ្វើ។ យ៉ាង​ច្បាស់​ណាស់ អ្នក​នឹង​ចាប់​ផ្ដើម​មាន​អារម្មណ៍​បែប​នេះ​ម្ដង​ទៀត ដូច​ជា​អ្នក​តែង​បទ​ទំនុកដំកើង ដែល​បាន​សរសេរ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ទូល​បង្គំ​អើយ! ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ នោះ​មាន​ច្រើន​ណាស់ ព្រម​ទាំង​គំនិត​ដែល​ទ្រង់​នឹក​ដល់​យើង​ខ្ញុំ​ផង គ្មាន​អ្នក​ណា​អាច​នឹង​រៀប​រាប់​ដោយ​លំដាប់​ពី​ការ​ទាំង​នោះ នៅ​ចំពោះ​ទ្រង់​បាន​ឡើយ . . . នោះ​មាន​ច្រើន​ហួស​កំណត់​នឹង​រាប់​បាន»។—ទំនុកដំកើង ៤០:៥

ពាក្យ​ទាំង​នេះ​បាន​ត្រូវ​សរសេរ​ដោយ​ដាវីឌ ជា​បុរស​ម្នាក់​ដែល​មាន​ជីវិត​ច្រើន​តែ​ជួប​បញ្ហា​ជា​ច្រើន​អនេក​ដែល​ជៀស​មិន​រួច។ ជា​យុវជន​ម្នាក់ ដាវីឌ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន ជា​អ្នក​រត់​គេច​ទៅ​ពួន​សំងំ កាល​ដែល​សូល​ដែល​ជា​ស្តេច​អាក្រក់​និង​អង្គរក្ស​របស់​ទ្រង់ បាន​រក​ចាប់​គាត់​ដើម្បី​សម្លាប់។ (សាំយូអែល​ទី​១ ២៣:៧, ៨, ១៩​-​២៣) ដាវីឌ​ក៏​មាន​ភាព​ខ្សោយ​ផ្ទាល់​ខ្លួន​ដែរ កាល​ដែល​គាត់​ត្រូវ​ត​ទល់។ គាត់​បាន​រៀប​រាប់​ប្រាប់​ពី​ការ​ពិបាក​នោះ​ក្នុង​បទ​ទំនុកដំកើង​ទី​៤០ គឺ​ថា៖ «មាន​សេចក្ដី​អាក្រក់​ឥត​គណនា​ព័ទ្ធ​ទូល​បង្គំ​ជុំ​វិញ អំពើ​ទុច្ចរិត​របស់​ទូល​បង្គំ បាន​តាម​ទូល​បង្គំ​ទាន់​ហើយ បាន​ជា​ទូល​បង្គំ​មិន​អាច​នឹង​ងើប​ឡើង​មើល​បាន​ឡើយ អំពើ​ទាំង​នោះ​ច្រើន​ជាង​សរសៃ​សក់​លើ​ក្បាល​ទូល​បង្គំ»។ (ទំនុកដំកើង ៤០:១២) ប្រាកដ​ហើយ ដាវីឌ​មាន​បញ្ហា​ច្រើន​មែន តែ​គាត់​មិន​បាន​ចុះ​ចាញ់​ទាំង​ស្រុង​នឹង​បញ្ហា​ទាំង​នោះ​ឡើយ។ គាត់​បាន​ខំ​ជញ្ជឹង​គិត​ទៅ​លើ​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ឲ្យ​គាត់ ទោះ​ជា​មាន​បញ្ហា​យ៉ាង​ណា​ក៏​ដោយ និង​គាត់​បាន​ជ្រាប​ថា មាន​ប្រសិទ្ធិពរ​ច្រើន​ជាង​ការ​មាន​ភាព​វឹកវរ​ទៅ​ទៀត។

នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា ត្រូវ​បាន​ព័ទ្ធ​ជុំ​វិញ​ដោយ​បញ្ហា​ផ្ទាល់​ខ្លួន ឬ​មាន​អារម្មណ៍​ថា​ខ្លួន​ខ្វះ​សមត្ថភាព គឺ​ជា​ការ​ល្អ​បើ​អ្នក​ឈប់​មួយ​ភ្លែត​ហើយ​គិត​ពី​ប្រសិទ្ធិពរ​ដែល​អ្នក​បាន​ទទួល ដូច​ជា​ដាវីឌ​បាន​ធ្វើ​ដែរ។ ចិត្ត​អបអរ​ចំពោះ​ប្រសិទ្ធិពរ​បែប​នេះ ប្រាកដ​ជា​បាន​ជំរុញ​ឲ្យ​អ្នកឧទ្ទិស​ថ្វាយ​ខ្លួន​ដល់​ព្រះ​យេហូវ៉ា។ គំនិត​បែប​នេះ​ក៏​អាច​ជួយ​អ្នក​បង្កើត​សារ​ជា​ថ្មី​នូវ​អំណរ​ដែល​បាន​បាត់​ទៅ និង​ជួយ​អ្នក​ឲ្យ​បំរើ​ព្រះ​ដោយ​មាន​ចិត្ត​អបអរ។

កិច្ច​ប្រជុំ​ក្រុម​ជំនុំ​អាច​ជួយ​បាន

បន្ថែម​ទៅ​លើ​ការ​រំពឹង​គិត​ចំពោះ​ខ្លួន​ឯង​ពី​សេចក្ដី​សប្បុរស​របស់​ព្រះ​យេហូវ៉ា យើង​ត្រូវ​ការ​នូវ​ការ​សេព​គប់​ជា​មួយ​ពួក​គ្រីស្ទាន​គ្នា​យើង។ ការ​ជួប​យ៉ាង​ទៀង​ទាត់​ជា​មួយ​បុរស ស្ត្រី និង​យុវជន​ដែល​ស្រឡាញ់​ព្រះ​និង​បាន​ប្ដេជ្ញា​ចិត្ត​បំរើ​ទ្រង់ នោះ​ជា​ការ​លើក​ទឹក​ចិត្ត​មែន។ គំរូ​របស់​គេ​អាច​ជំរុញ​ឲ្យ​យើង​មាន​សកម្មភាព​អស់​ពី​ចិត្ត​ក្នុង​កិច្ច​បំរើ​ព្រះ​យេហូវ៉ា។ វត្តមាន​របស់​យើង​នៅ​ឯ​សាល​ព្រះ​រាជាណាចក្រ​ក៏​អាច​លើក​ទឹក​ចិត្ត​គេ​បាន​ដែរ។

តាម​ការ​ពិត នៅ​ពេល​ដែល​យើង​ត្រឡប់​មក​ឯ​ផ្ទះ​ក្រោយ​ពី​បាន​ធ្វើ​ការ​នឿយ​ហត់​អស់​មួយ​ថ្ងៃ ឬ​ក៏​ពេល​ដែល​យើង​ធ្លាក់​ទឹក​ចិត្ត​ដោយ​ព្រោះ​មាន​បញ្ហា​ឬ​ភាព​ខ្សោយ​ណា​មួយ គឺ​មិន​សូវ​ស្រួល​គិត​អំពី​ការ​ចូល​រួម​កិច្ច​ប្រជុំ​មួយ​នៅ​ឯ​សាល​ព្រះ​រាជាណាចក្រ​ទេ។ នៅ​ពេល​បែប​នោះ យើង​ប្រហែល​ជា​ត្រូវ​តឹង​រឹង​នឹង​ខ្លួន ហាក់​ដូច​ជា‹វាយ​ដំ​រូប​កាយ​ខ្លួន› ដើម្បី​ឲ្យ​យើង​ស្ដាប់​តាម​បង្គាប់​ឲ្យ​ទៅ​ជួប​ជុំ​ជា​មួយ​ពួក​គ្រីស្ទាន​គ្នី​គ្នា។—កូរិនថូស​ទី​១ ៩:២៦, ២៧; ហេព្រើរ ១០:២៣​-​២៥

បើ​យើង​ត្រូវ​ធ្វើ​អ៊ីចឹង តើ​យើង​ត្រូវ​សន្និដ្ឋាន​ថា យើង​ពិត​ជា​មិន​មែន​ស្រឡាញ់​ព្រះ​យេហូវ៉ា​ទេ​ឬ? មិន​មែន​ទាល់​តែ​សោះ។ ពួក​គ្រីស្ទាន​ចាស់​ទុំ​ពី​បុរាណ ដែល​មាន​សេចក្ដី​ស្រឡាញ់​ជាក់​ស្តែង​ចំពោះ​ព្រះ ក៏​ត្រូវ​ខំ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ដែរ។ (លូកា ១៣:២៤) សាវ័ក​ប៉ុល​បាន​ទៅ​ជា​គ្រីស្ទាន​ម្នាក់​បែប​នេះ​ដែរ។ គាត់​ពណ៌នា​យ៉ាង​ឥត​លាក់​លៀម​ពី​អារម្មណ៍​របស់​គាត់ ដូច​ត​ទៅ​នេះ៖ «ខ្ញុំ​ដឹង​ថា នៅ​ក្នុង​ខ្លួន​ខ្ញុំ គឺ​ក្នុង​សាច់​ឈាម​ខ្ញុំ គ្មាន​អ្វី​ល្អ​ទេ ព្រោះ​ខ្ញុំ​មាន​ចិត្ត​ចង់​ធ្វើ​ល្អ​ជា​និច្ច ប៉ុន្តែ រក​ធ្វើ​មិន​កើត​សោះ ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរ​ជា​ខ្ញុំ​ធ្វើ​វិញ»។ (រ៉ូម ៧:១៨, ១៩) គាត់​ក៏​បាន​ប្រាប់​ពួក​អ្នក​នៅ​កូរិនថូស​ថា៖ «បើ​ខ្ញុំ​ផ្សាយ​ដំណឹង​ល្អ​ទៅ នោះ​មិន​មែន​ជា​ហេតុ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ដ្បិត​ខ្ញុំ​ជាប់​ក្នុង​សេចក្ដី​បង្ខំ . . . បើ​ខ្ញុំ​ធ្វើ​ដោយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ខ្ញុំ​បាន​រង្វាន់ តែ​បើ​ធ្វើ​ទាំង​ទើស​ទ័ល នោះ​គង់​តែ​មាន​ការងារ​ចែក​ចាយ​ផ្ញើ​ទុក​នឹង​ខ្ញុំ​ដែរ»។—កូរិនថូស​ទី​១ ៩:១៦, ១៧

ដូច​ជា​ពួក​យើង​ជា​ច្រើន​នាក់ ប៉ុល​ក៏​មាន​ទំនោរ​ចិត្ត​ដ៏​មាន​បាប​ដែរ ដែល​បាន​រំខាន​នូវ​សេចក្ដី​ប្រាថ្នា​របស់​គាត់ ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ យ៉ាង​ណា​ក៏​ដោយ គាត់​បាន​ខំ​ត​យុទ្ធ​ជា​ខ្លាំង ប្រឆាំង​នឹង​ទំនោរ​ចិត្ត​ទាំង​នោះ ហើយ​គាត់​ច្រើន​តែ​បាន​ជោគ​ជ័យ​មែន។ ប្រាកដ​ហើយ ប៉ុល​មិន​បាន​សម្រេច​ការ​នេះ​ដោយ​កម្លាំង​ខ្លួន​គាត់​បាន​ឡើយ។ គាត់​បាន​សរសេរ​ថា៖ «ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ​សារ . . . ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ»។ (ភីលីព ៤:១៣) ព្រះ​យេហូវ៉ា ដែល​ជា​បុគ្គល​ដែល​បាន​ចំរើន​កម្លាំង​ដល់​ប៉ុល ក៏​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ដែរ បើ​អ្នក​សុំ​ជំនួយ​ពី​ទ្រង់។ (ភីលីព ៤:៦, ៧) ដូច្នេះ​ហើយ ចូរ«ខំ​ត​យុទ្ធ ដើម្បី​ការ​ពារ​សេចក្ដី​ជំនឿ» ហើយ​ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​ជា​ពុំ​ខាន។—យូដាស ៣

អ្នក​មិន​ចាំ​បាច់​ធ្វើ​ការ​ត​យុទ្ធ​នេះ​ដោយ​ម្នាក់​ឯង​ទេ។ ក្នុង​ក្រុម​ជំនុំ​នានា​នៃ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា មាន​អ្នក​ចាស់​ទុំ​គ្រីស្ទាន​ដ៏​ពេញ​ខ្នាត ដែល​កំពុង​តែ​ខំ​ព្យាយាម«ត​យុទ្ធ ដើម្បី​ការ​ពារ​សេចក្ដី​ជំនឿ»ខ្លួន​ឯង ដែល​ប្រុង​ប្រៀប​នឹង​ជួយ​អ្នក​បាន​ដែរ។ បើ​សិន​ជា​អ្នក​ទៅ​សុំ​ជំនួយ​ពី​អ្នក​ចាស់​ទុំ​ណា​ម្នាក់ គាត់​នឹង​ខំ‹និយាយ​ដោយ​របៀប​សំរាល​ទុក្ខ›អ្នក។ (ថែស្សាឡូនីច​ទី​១ ៥:១៤) គោល​ដៅ​របស់​គាត់​គឺ​ដើម្បី​ធ្វើ«ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ នឹង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា»។—អេសាយ ៣២:២

«ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​នោះ​ឯង» និង​ទ្រង់​ចង់​ឲ្យ​ពួក​អ្នក​បំរើ​ទ្រង់ បំរើ​ដោយ​សេចក្ដី​ស្រឡាញ់។ (យ៉ូហាន​ទី​១ ៤:៨) ប្រសិន​បើ​ត្រូវ​បង្កើត​ឲ្យ​មាន​ម្ដង​ទៀត​នូវ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ សូម​ធ្វើ​អ្វី​ៗ​ដែល​សម​ត្រឹម​ត្រូវ តាម​សេចក្ដី​ដែល​បាន​រៀប​រាប់​នៅ​ខាង​លើ​នេះ។ អ្នក​នឹង​មាន​ចិត្ត​សប្បាយ​ដោយ​ធ្វើ​ដូច្នេះ។