តើអ្នកស្រឡាញ់សេចក្ដីរំឭករបស់ព្រះយេហូវ៉ាខ្លាំងបំផុតទេ?
តើអ្នកស្រឡាញ់សេចក្ដីរំឭករបស់ព្រះយេហូវ៉ាខ្លាំងបំផុតទេ?
«ព្រលឹងទូលបង្គំបានកាន់តាមសេចក្ដីរំឭករបស់ទ្រង់ ហើយទូលបង្គំស្រឡាញ់សេចក្ដីរំឭកនោះខ្លាំងបំផុត»។—ទំនុកដំកើង ១១៩:១៦៧, ព.ថ.
១. តើយើងរកឃើញនូវសេចក្ដីរំឭក ម្ដងហើយម្ដងទៀតរបស់ព្រះយេហូវ៉ានៅកន្លែងណា?
ព្រះយេហូវ៉ាចង់ឲ្យរាស្ត្ររបស់ទ្រង់មានចិត្តសប្បាយ។ ប្រាកដហើយ ដើម្បីឲ្យមានសុភមង្គលពិត យើងត្រូវតែដើរតាមក្រិត្យវិន័យរបស់ព្រះ និងប្រតិបត្ដិតាមសេចក្ដីបង្គាប់របស់ទ្រង់។ ដើម្បីនឹងសម្រេចសេចក្ដីទាំងនេះ ទ្រង់ប្រទានឲ្យយើងនូវសេចក្ដីរំឭកទាំងឡាយ។ សេចក្ដីរំឭកទាំងនេះបានរៀបរាប់ម្ដងហើយម្ដងទៀតក្នុងបទគម្ពីរ ជាពិសេសនៅទំនុកដំកើង១១៩ ដែលប្រហែលជាតែងឡើងដោយរាជបុត្រស្តេចរបស់សាសន៍យូដា ព្រះនាមហេសេគា។ ចំរៀងដ៏ពីរោះនេះ ចាប់ផ្ដើមដោយប្រើពាក្យដូចនេះថា៖ «មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្តរបស់ខ្លួនបានគ្រប់លក្ខណ៍ គឺជាអ្នកដែលដើរតាមក្រិត្យវិន័យរបស់ព្រះយេហូវ៉ា មានពរហើយ អស់អ្នកដែលរក្សាទុកនូវសេចក្ដីបន្ទាល់[សេចក្ដីរំឭក, ព.ថ.]របស់ទ្រង់ ជាអ្នកដែលស្វែងរកទ្រង់ឲ្យអស់ពីចិត្ត»។—ទំនុកដំកើង ១១៩:១, ២
២. តើតាមរបៀបណាដែលសេចក្ដីរំឭករបស់ព្រះយេហូវ៉ាទាក់ទងនឹងសុភមង្គល?
២ យើង‹ដើរតាមក្រិត្យវិន័យរបស់ព្រះយេហូវ៉ា› ដោយយកចូលនូវចំណេះត្រឹមត្រូវអំពីបន្ទូលរបស់ទ្រង់ និងដោយអនុវត្តចំណេះនោះក្នុងជីវិតរបស់យើង។ ក៏ប៉ុន្តែ ដោយព្រោះយើងជាមនុស្សឥតគ្រប់ល័ក្ខណ៍ យើងត្រូវការនូវសេចក្ដីរំឭកជាច្រើន។ ពាក្យហេព្រើរដែលបានបកស្រាយ«សេចក្ដីរំឭក»បញ្ជាក់ថា ព្រះប្រាប់ឲ្យយើងដឹងនូវក្រិត្យវិន័យ សេចក្ដីបង្គាប់ បទបញ្ជា បញ្ញត្ត និងក្រិត្យក្រម។ (ម៉ាថាយ ១០:១៨-២០) យើងនឹងនៅមានចិត្តសប្បាយ បើយើងបន្តធ្វើតាមសេចក្ដីរំឭកទាំងនេះ ដ្បិតសេចក្ដីរំឭកទាំងនេះជួយយើងឲ្យជៀសវាងគ្រោះថ្នាក់ខាងវិញ្ញាណ ដែលនាំឲ្យមានវិបត្ដិនិងសេចក្ដីទុក្ខសោក។
កាន់ខ្ជាប់តាមសេចក្ដីរំឭករបស់ព្រះយេហូវ៉ា
៣. តើយើងមានទំនុកចិត្តយ៉ាងណា ដោយមានមូលដ្ឋានលើទំនុកដំកើង ១១៩:៦០, ៦១?
៣ សេចក្ដីរំឭករបស់ព្រះជាអ្វីដ៏មានតម្លៃសម្រាប់អ្នកតែងបទទំនុកដំកើង នេះ ដែលបានច្រៀងថា៖ «ទូលបង្គំមិនបានបង្អែបង្អង់ឡើយ គឺបានប្រញាប់នឹងរក្សាអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ ចំណងរបស់មនុស្សអាក្រក់បានរុំព័ទ្ធទូលបង្គំជុំវិញ តែទូលបង្គំមិនបានភ្លេចក្រិត្យវិន័យរបស់ទ្រង់ឡើយ»។ (ទំនុកដំកើង ១១៩:៦០, ៦១) សេចក្ដីរំឭករបស់ព្រះយេហូវ៉ាជួយយើងឲ្យស៊ូទ្រាំនឹងការបៀតបៀន ពីព្រោះយើងមានទំនុកចិត្តថា ព្រះវរបិតារបស់យើងដែលនៅស្ថានសួគ៌ អាចបញ្ឈប់បម្រាមដែលពួកសត្រូវដាក់លើយើង។ ដល់ពេលកំណត់ ទ្រង់នឹងរំដោះយើងចេញពីឧបសគ្គទាំងឡាយ ដើម្បីឲ្យយើងធ្វើកិច្ចការផ្សព្វផ្សាយព្រះរាជាណាចក្រ។—ម៉ាកុស ១៣:១០
៤. តើយើងគួរតែប្រព្រឹត្តតបនឹងសេចក្ដីរំឭករបស់ព្រះយ៉ាងដូចម្ដេច?
៤ នៅពេលខ្លះ យើងបានត្រូវកែតម្រង់ដោយសេចក្ដីរំឭករបស់ព្រះយេហូវ៉ា។ សូមឲ្យយើងតែងតែអបអរនូវសេចក្ដីកែតម្រង់បែបនេះ ដូចជាអ្នកតែងបទទំនុកដំកើងនេះដែរ។ តាមរយៈសេចក្ដីអធិស្ឋាន គាត់បានទូលព្រះថា៖ ‹ទូលបង្គំយកសេចក្ដីរំឭកទ្រង់ ទុកជាសេចក្ដីអំណររបស់ខ្លួន . . . ទូលបង្គំស្រឡាញ់សេចក្ដីរំឭករបស់ទ្រង់›។ (ទំនុកដំកើង ១១៩:២៤, ១១៩) យើងមានសេចក្ដីរំឭករបស់ព្រះច្រើនជាងអ្នកតែងបទទំនុកដំកើងនេះទៅទៀត។ ការស្រង់រាប់រយពីបទគម្ពីរភាសាហេព្រើរ ដែលមាននៅក្នុងបទគម្ពីរភាសាក្រិក មិនគ្រាន់តែរំឭកយើងអំពីសេចក្ដីបង្គាប់របស់ព្រះយេហូវ៉ាដល់រាស្ត្រទ្រង់ក្រោមក្រិត្យវិន័យប៉ុណ្ណោះទេ ក៏ប៉ុន្តែរំឭកយើងអំពីគោលបំណងរបស់ទ្រង់ ស្តីអំពីក្រុមជំនុំគ្រីស្ទានដែរ។ នៅពេលដែលព្រះចាត់ទុកថាត្រឹមត្រូវ ក្នុងការរំឭកយើងនូវអ្វីៗដែលទាក់ទងនឹងក្រិត្យវិន័យរបស់ទ្រង់ នោះយើងដឹងគុណចំពោះការដឹកនាំបែបនេះ។ ហើយដោយ‹កាន់ខ្ជាប់តាមសេចក្ដីរំឭករបស់ព្រះយេហូវ៉ា› នោះយើងជៀសវាងពីការល្បួងដែលមានបាប ដែលមិនផ្គាប់ព្រះហឫទ័យព្រះដ៏ជាអ្នកបង្កើតយើង និងធ្វើឲ្យយើងឥតមានសុភមង្គលទេ។—ទំនុកដំកើង ១១៩:៣១
៥. តើតាមរបៀបណាដែលយើងអាចស្រឡាញ់សេចក្ដីរំឭករបស់ព្រះយេហូវ៉ាខ្លាំងបំផុតនោះ?
៥ តើយើងគួរតែស្រឡាញ់សេចក្ដីរំឭករបស់ព្រះយេហូវ៉ាដល់កំរិតណាទៅ? អ្នកតែងបទទំនុកដំកើងនេះបានច្រៀងថា៖ «ព្រលឹងទូលបង្គំបានកាន់តាមសេចក្ដីរំឭករបស់ទ្រង់ ហើយទូលបង្គំស្រឡាញ់សេចក្ដីរំឭកនោះខ្លាំងបំផុត»។ (ទំនុកដំកើង ១១៩:១៦៧, ព.ថ.) យើងនឹងស្រឡាញ់សេចក្ដីរំឭករបស់ព្រះយេហូវ៉ាខ្លាំងបំផុត បើយើងចាត់ទុកនិងទទួលយកសេចក្ដីរំឭកនោះ ជាការដាស់តឿនពីព្រះវរបិតាមួយអង្គ ដែលពិតជាយកព្រះទ័យទុកដាក់នឹងយើង។ (ពេត្រុសទី១ ៥:៦, ៧) យើងត្រូវការសេចក្ដីរំឭករបស់ទ្រង់ ហើយសេចក្ដីស្រឡាញ់របស់យើងចំពោះសេចក្ដីរំឭកទាំងនោះនឹងរីកចំរើនឡើង កាលដែលយើងឃើញនូវរបៀបដែលមានប្រយោជន៍ដល់យើងនោះ។
ហេតុដែលយើងត្រូវការសេចក្ដីរំឭករបស់ព្រះយេហូវ៉ា
៦. តើអ្វីជាមូលហេតុមួយដែលយើងត្រូវការសេចក្ដីរំឭករបស់ព្រះយេហូវ៉ា ហើយតើអ្វីដែលនឹងជួយយើងឲ្យនឹកចាំសេចក្ដីរំឭកទាំងនោះ?
៦ មូលហេតុមួយដែលយើងត្រូវការសេចក្ដីរំឭករបស់ព្រះយេហូវ៉ា គឺថាយើងចេះតែភ្លេច។ សព្វវចនាធិប្បាយសៀវភៅពិភពលោក ចែងថា៖ «ជាទូទៅ កាលដែលពេលវេលាកន្លងទៅ នោះមនុស្សចេះតែភ្លេចច្រើនឡើងៗ។ . . . អ្នកប្រហែលជាធ្លាប់ពិសោធការគិតមិនឃើញអំពីឈ្មោះ ឬពត៌មានឯណាទៀត ដែលអ្នកសឹងតែមិនអាចចងចាំបាននោះ។ . . . ការបាត់បង់នូវសតិជាបណ្ដោះអាសន្ន ដែលមានជាញឹកញាប់ គឺហៅថាការបរាជ័យក្នុងការនឹកឃើញ។ ពួកអ្នកវិទ្យាសាស្ត្រប្រៀបធៀបនេះទៅនឹងការខំប្រឹងរកវត្ថុដែលច្រឡំដៃក្នុងបន្ទប់ដែលរាយប៉ាយ។ . . . វិធីដ៏ល្អដើម្បីចាំឲ្យបានប្រាកដចំពោះពត៌មានណាមួយ គឺត្រូវខំសិក្សា ក្រោយពីអ្នកគិតថាបានដឹងយ៉ាងល្អនោះហើយ»។ ការសិក្សាដោយយកចិត្តទុកដាក់និងការថាឡើងវិញ នឹងជួយយើងឲ្យនឹកចាំនូវសេចក្ដីរំឭករបស់ព្រះ ហើយធ្វើតាមសេចក្ដីរំឭកនោះ សំរាប់ជាប្រយោជន៍ដល់យើង។
៧. ហេតុអ្វីក៏ត្រូវការសេចក្ដីរំឭករបស់ព្រះសំរាប់សព្វថ្ងៃនេះជាងពេលណាៗទៅទៀត?
៧ យើងត្រូវការសេចក្ដីរំឭករបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះច្រើនជាងពេលណាៗទៅទៀត ពីព្រោះអំពើអាក្រក់ជួជាតិបានមកដល់កំពូលបំផុតក្នុងប្រវត្ដិសាស្ត្ររបស់មនុស្សជាតិ។ បើសិនជាយើងយកចិត្តទុកដាក់នឹងសេចក្ដីរំឭករបស់ព្រះ នោះយើងនឹងទទួលនូវការយល់ធ្លុះជ្រៅ ដែលត្រូវការដើម្បីជៀសវាងពីការជាប់ល្បួងឲ្យចូលក្នុងផ្លូវដ៏អាក្រក់របស់លោកីយ៍នេះ។ អ្នកតែងបទទំនុកដំកើងបានមានប្រសាសន៍ថា៖ «ទូលបង្គំមានយោបល់ជាងអស់ទាំងគ្រូរបស់ទូលបង្គំទៅទៀត ដ្បិតសេចក្ដីបន្ទាល់ទ្រង់ជាទីនឹករំពឹងរបស់ទូលបង្គំ ទូលបង្គំយល់បានច្រើនជាងពួកចាស់ៗ ពីព្រោះទូលបង្គំបានរក្សាអស់ទាំងបញ្ញត្តរបស់ទ្រង់ ទូលបង្គំបានបង្ខាំងជើងឲ្យវៀរចាកពីផ្លូវអាក្រក់ ដើម្បីឲ្យទូលបង្គំបានកាន់តាមព្រះបន្ទូលនៃទ្រង់»។ (ទំនុកដំកើង ១១៩:៩៩-១០១) ដោយធ្វើតាមសេចក្ដីរំឭករបស់ព្រះ នោះយើងនឹងជៀសចេញពី«ផ្លូវអាក្រក់» ហើយថែមទាំងជៀសវាងកុំបីឲ្យដូចជាមនុស្សលោកទាំងមូលដែល«គំនិតគេត្រូវបង្អាប់ ហើយគេដាច់ចេញពីព្រះជន្មព្រះ»។—អេភេសូរ ៤:១៧-១៩
៨. តើតាមរបៀបណាដែលយើងអាចប្រដាប់ខ្លួន ដើម្បីឲ្យចេះដោះស្រាយនូវការសាកល្បងនៃជំនឿដោយជោគជ័យនោះ?
៨ សេចក្ដីរំឭករបស់ព្រះក៏ត្រូវការជាចាំបាច់ដែរ ពីព្រោះនោះពង្រឹងយើងឲ្យស៊ូទ្រាំនឹងសេចក្ដីទុក្ខលំបាកជាច្រើនរបស់យើង ក្នុង‹គ្រាចុងបញ្ចប់›នេះ។ (ដានីយ៉ែល ១២:៤) បើឥតមានសេចក្ដីរំឭកបែបនេះទេ នោះយើងនឹងទៅជា«ភ្លេចសេចក្ដីដែលស្ដាប់នោះ»ហើយ។ (យ៉ាកុប ១:២៥) ក៏ប៉ុន្តែ ការសិក្សាផ្ទាល់ខ្លួននិងតាមក្រុមជំនុំអំពីបទគម្ពីរ ដោយមានជំនួយនៃប្រកាសនវត្ថុពី‹អ្នកបំរើស្មោះត្រង់ ដែលមានវិនិច្ឆ័យល្អ› នឹងជួយយើងឲ្យបំពេញនូវការសាកល្បងជំនឿដោយជោគជ័យបាន។ (ម៉ាថាយ ២៤:៤៥-៤៧) សំវិធានវត្ថុខាងវិញ្ញាណបែបនេះ នឹងជួយយើងឲ្យឃើញថាយើងត្រូវតែធ្វើអ្វី ដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះយេហូវ៉ា ពេលដែលយើងកំពុងតែប្រឈមមុខនឹងកាលៈទេសៈដ៏ពិបាកនោះ។
មុខនាទីដ៏សំខាន់នៃកិច្ចប្រជុំរបស់យើង
៩. តើ‹អំណោយទានជាមនុស្ស›ជាអ្នកណា ហើយតើតាមរបៀបណា ដែលគេជួយពួកអ្នកជឿគ្នីគ្នា?
៩ សេចក្ដីត្រូវការរបស់យើងចំពោះសេចក្ដីរំឭករបស់ព្រះ គឺបានបំពេញមួយចំណែកនៅឯកិច្ចប្រជុំគ្រីស្ទាន ដែលសេចក្ដីបង្ហាត់បង្រៀនគឺបានផ្ដល់ឲ្យដោយបងប្អូនដែលបានរើសតាំង។ សាវ័កប៉ុលបានសរសេរថា នៅពេលដែលព្រះយេស៊ូ«បានយាងឡើងទៅស្ថានខ្ពស់ នោះទ្រង់បានចាប់យកពួកខ្លះជាឈ្លើយ។ ទ្រង់ក៏បានប្រទានអំណោយទានជាមនុស្ស»។ ប៉ុលបានមានប្រសាសន៍បន្ថែមទៀតថា៖ «ហើយ[ព្រះគ្រីស្ទ]បានប្រទានឲ្យអ្នកខ្លះបានធ្វើជាសាវក ខ្លះជាគ្រូអធិប្បាយ ខ្លះជាគ្រូផ្សាយដំណឹងល្អ ខ្លះជាគ្រូគង្វាល ហើយខ្លះជាគ្រូបង្រៀន ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សំរាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង»។ (អេភេសូរ ៤:៨, ១១, ១២) យើងមានអំណរគុណយ៉ាងក្រៃលែង! ដែល‹អំណោយទានជាមនុស្ស›ទាំងនេះ គឺជាពួកអ្នកចាស់ទុំដែលបានរើសតាំង ធ្វើឲ្យយើងប្រុងស្មារតីលើសេចក្ដីរំឭករបស់ព្រះយេហូវ៉ា នៅពេលដែលយើងប្រជុំគ្នាដើម្បីថ្វាយបង្គំនោះ។
១០. តើអ្វីជាចំណុចដ៏សំខាន់នៃបទគម្ពីរហេព្រើរ ១០:២៤, ២៥?
១០ ការដឹងគុណចំពោះសំវិធានការរបស់ព្រះ នឹងជំរុញយើងឲ្យមានវត្តមាននៅឯកិច្ចប្រជុំទាំងប្រាំនៅឯក្រុមជំនុំជារៀងរាល់សប្ដាហ៍។ ការតម្រូវឲ្យប្រជុំគ្នាជាទៀងទាត់ បានត្រូវបញ្ជាក់ដោយប៉ុល។ គាត់បានសរសេរថា៖ «ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ»។—ហេព្រើរ ១០:២៤, ២៥
១១. តើកិច្ចប្រជុំប្រចាំសប្ដាហ៍មានប្រយោជន៍ដល់យើងយ៉ាងដូចម្ដេច?
១១ តើអ្នកមានចិត្តអបអរនូវអ្វីដែលកិច្ចប្រជុំរបស់យើងធ្វើសំរាប់យើងឬទេ? ការសិក្សាទស្សនាវដ្ដីប៉មយាមប្រចាំសប្ដាហ៍ ក៏ពង្រឹងជំនឿរបស់យើង ជួយយើងឲ្យធ្វើតាមសេចក្ដីរំឭករបស់ព្រះយេហូវ៉ា និងធ្វើឲ្យយើងមានកម្លាំងតស៊ូនឹង«វិញ្ញាណរបស់លោកីយ»។ (កូរិនថូសទី១ ២:១២; កិច្ចការ ១៥:៣១) នៅឯកិច្ចប្រជុំសាធារណៈ នោះអ្នកថ្លែងសុន្ទរកថាផ្ដល់នូវការបង្ហាត់បង្រៀនពីបន្ទូលរបស់ព្រះ រួមបញ្ចូលសេចក្ដីរំឭករបស់ព្រះយេហូវ៉ា និង«ព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច»របស់ព្រះយេស៊ូ។ (យ៉ូហាន ៦:៦៨; ៧:៤៦; ម៉ាថាយ ៥:១–៧:២៩) ជំនាញខាងការបង្រៀនរបស់យើងគឺបានធ្វើឲ្យប្រសើរឡើង នៅឯសាលាកិច្ចបំរើព្រះធិបតេយ្យ។ ការប្រជុំអប់រំកិច្ចបំរើគឺមានតម្លៃណាស់ ក្នុងការជួយយើងឲ្យបានប្រសើរឡើងក្នុងការសម្ដែងដំណឹងល្អពីផ្ទះមួយទៅផ្ទះមួយ ពេលត្រឡប់ទៅជួបគេវិញ នៅឯការសិក្សាជាមួយសិស្សព្រះគម្ពីរ និងនៅឯវិធីផ្សេងៗទៀតនៃកិច្ចបំរើរបស់យើង។ ការសិក្សាសៀវភៅតាមក្រុមជំនុំដែលមានចំនួនតិចជាង ផ្ដល់ឲ្យយើងនូវឱកាសច្រើនជាង ដើម្បីសម្ដែងពីអ្វីដែលច្រើនតែទាក់ទងនឹងសេចក្ដីរំឭករបស់ព្រះ។
១២, ១៣. តើរាស្ត្ររបស់ព្រះនៅក្នុងប្រទេសមួយនៃភូមិភាគអាស៊ី បានបង្ហាញការអបអរចំពោះកិច្ចប្រជុំគ្រីស្ទានយ៉ាងដូចម្ដេច?
១២ ការមានវត្តមានជាទៀងទាត់នៅឯកិច្ចប្រជុំក្រុមជំនុំ មានបំណង ដើម្បីរំឭកយើងនូវសេចក្ដីតម្រូវរបស់ព្រះ និងជួយយើងឲ្យមានកម្លាំងមុតមាំខាងវិញ្ញាណ ពេលមានសង្គ្រាម ការពិបាកខាងសេដ្ឋកិច្ច និងសេចក្ដីសាកល្បងឯទៀតនៃជំនឿរបស់យើង។ ពួកគ្រីស្ទាន៧០នាក់នៅប្រទេសមួយក្នុងភូមិភាគអាស៊ី មានអារម្មណ៍ខ្វល់ខ្វាយយ៉ាងខ្លាំងចំពោះសារៈសំខាន់នៃកិច្ចប្រជុំ ដែលបានផ្លាស់ទីលំនៅរបស់គេ និងបានបង្ខំឲ្យគេទៅរស់នៅក្នុងព្រៃ។ ដោយតាំងចិត្តបន្តប្រជុំគ្នាជាទៀងទាត់ ពួកគេបានត្រឡប់ទៅក្រុងដែលបានបំផ្លាញដោយសង្គ្រាម ហើយបានរុះរើអ្វីដែលនៅសល់ពីសាលប្រជុំ ហើយបានសង់ម្ដងទៀតនៅក្នុងព្រៃនោះទៅ។
១៣ ក្រោយពីបានស៊ូទ្រាំនឹងសង្គ្រាមជាច្រើនឆ្នាំក្នុងភូមិភាគមួយទៀតក្នុងប្រទេសដដែលនេះ នោះរាស្ត្ររបស់ព្រះយេហូវ៉ាក៏នៅតែកំពុងបំរើយ៉ាងខ្នះខ្នែង។ អ្នកចាស់ទុំម្នាក់ដែលនៅកន្លែងនោះ បានត្រូវគេសួរថា៖ «តើអ្វីដែលបានជួយច្រើនជាងគេបំផុត ក្នុងការរក្សាបងប្អូនឲ្យនៅជាមួយគ្នានោះ?»។ គាត់បានតបឆ្លើយថា៖ «ក្នុងកំឡុងពេល១៩ឆ្នាំ យើងមិនដែលខានទៅប្រជុំទេ។ ជួនកាលដោយសារការទម្លាក់គ្រាប់បែក ឬការពិបាកឯទៀត នោះបងប្អូនខ្លះរបស់យើងមិនអាចទៅកន្លែងប្រជុំបាន ក៏ប៉ុន្តែយើងមិនដែលលុបចោលកម្មវិធីនៃកិច្ចប្រជុំឡើយ»។ បងប្អូនប្រុសស្រីដ៏ជាទីស្រឡាញ់ទាំងនេះអបអរនូវសារៈសំខាន់នៃការ‹ឥតលែងប្រជុំគ្នា›។
១៤. តើអ្វីដែលយើងអាចរៀនពីទម្លាប់របស់អាណដ៏ជាស្ត្រីចំណាស់ម្នាក់នោះ?
១៤ ស្ត្រីមេម៉ាយឈ្មោះអាណ ដែលមានអាយុ៨៤ឆ្នាំ«នៅតែក្នុងព្រះវិហារ មិនដែលចេញឡើយ»។ ជាលទ្ធផល គាត់បានមានវត្តមាននៅឯព្រះវិហារពេលដែលព្រះយេស៊ូនៅជាទារកបាននាំមកទីនោះ មិនយូរប៉ុន្មានបន្ទាប់ពីទ្រង់បានប្រសូតមកនោះ។ (លូកា ២:៣៦-៣៨) តើអ្នកប្ដេជ្ញាចិត្តនឹងមិនខានទៅប្រជុំទាំងឡាយឬទេ? តើអ្នកតាំងចិត្តដើម្បីឲ្យមានវត្តមាននៅគ្រប់ផ្នែកនៃសន្និបាតនិងមហាសន្និបាតរបស់យើងឬទេ? សេចក្ដីបង្ហាត់បង្រៀនដែលមានប្រយោជន៍ខាងវិញ្ញាណដែលបានទទួលនៅឯកន្លែងប្រជុំទាំងនេះ ផ្ដល់ឲ្យយើងនូវភស្តុតាងយ៉ាងច្បាស់លាស់ថា ព្រះវរបិតារបស់យើងដែលនៅស្ថានសួគ៌ ទ្រង់យកព្រះទ័យទុកដាក់នឹងរាស្ត្ររបស់ទ្រង់។ (អេសាយ ៤០:១១) គ្រាបែបនេះនាំឲ្យមានអំណរផងដែរ និងវត្តមានរបស់យើងសម្ដែងនូវការអបអររបស់យើងចំពោះសេចក្ដីរំឭករបស់ព្រះយេហូវ៉ា។—នេហេមា ៨:៥-៨, ១២
ញែកដាច់ឡែកដោយសេចក្ដីរំឭករបស់ព្រះយេហូវ៉ា
១៥, ១៦. តើការធ្វើតាមសេចក្ដីរំឭករបស់ព្រះយេហូវ៉ា មានអានុភាពលើចរិយារបស់យើងយ៉ាងដូចម្ដេច?
១៥ ការធ្វើតាមសេចក្ដីរំឭករបស់ព្រះ ជួយយើងឲ្យញែកខ្លួនដាច់ឡែកពីពិភពលោកដ៏អាក្រក់ជួជាតិនេះ។ ជាឧទាហរណ៍ ការធ្វើតាមសេចក្ដីរំឭករបស់ព្រះ បង្ការយើងពីការប្រព្រឹត្តអំពើអសីលធម៌ខាងកាម។ (ចោទិយកថា ៥:១៨; សុភាសិត ៦:២៩-៣៥; ហេព្រើរ ១៣:៤) ការប៉ុនប៉ងចង់និយាយភូតភរ ឥតទៀងត្រង់ ឬចង់លួច គឺអាចបង្ក្រាបដោយជោគជ័យបាន ដោយធ្វើតាមសេចក្ដីរំឭករបស់ព្រះ។ (និក្ខមនំ ២០:១៥, ១៦; លេវីវិន័យ ១៩:១១; សុភាសិត ៣០:៧-៩; អេភេសូរ ៤:២៥, ២៨; ហេព្រើរ ១៣:១៨) ការធ្វើតាមសេចក្ដីរំឭករបស់ព្រះយេហូវ៉ា ក៏ជួយទប់យើងពីការសងសឹក ចងគំនុំ ឬពីការនិយាយបង្កាច់អ្នកណាម្នាក់។—លេវីវិន័យ ១៩:១៦, ១៨; ទំនុកដំកើង ១៥:១, ៣
១៦ ដោយធ្វើតាមសេចក្ដីរំឭករបស់ព្រះ នោះយើងរក្សានៅជាបរិសុទ្ធ ឬញែកដាច់ឡែកសំរាប់កិច្ចបំរើទ្រង់។ ហើយគឺសំខាន់យ៉ាងណាទៅហ្ន៎! ដែលយើងនៅដាច់ឡែកពីលោកីយ៍នេះ។ ក្នុងសេចក្ដីអធិស្ឋានជូនព្រះយេហូវ៉ានៅរាត្រីចុងក្រោយនៃព្រះជន្មលើផែនដីនេះ នោះព្រះយេស៊ូបានទូលសេចក្ដីអង្វរនេះសំរាប់ពួកអ្នកកាន់តាមទ្រង់ថា៖ «ទូលបង្គំបានឲ្យព្រះបន្ទូលទ្រង់ដល់គេ ហើយលោកីយបានស្អប់គេ ពីព្រោះគេមិនមែនជារបស់លោកីយទេ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ ទូលបង្គំមិនសូមឲ្យយកគេចេញពីលោកីយទេ គឺសូមឲ្យទ្រង់រក្សាគេ ឲ្យរួចពីសេចក្ដីអាក្រក់វិញ គេមិនមែនជារបស់ផងលោកីយ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់»។ (យ៉ូហាន ១៧:១៤-១៧) សូមឲ្យយើងបន្តអបអរយ៉ាងខ្លាំងនូវបន្ទូលរបស់ព្រះ ដែលញែកយើងដាច់ឡែកសំរាប់កិច្ចបំរើបរិសុទ្ធរបស់ទ្រង់។
១៧. តើអ្វីដែលអាចកើតមានឡើងបើយើងឥតអើពើនឹងសេចក្ដីរំឭករបស់ព្រះនោះ បើអ៊ីចឹងតើយើងគួរតែធ្វើអ្វី?
១៧ ជាពួកអ្នកបំរើរបស់ព្រះយេហូវ៉ា យើងចង់រក្សាឲ្យមានការយល់ព្រមចំពោះកិច្ចបំរើរបស់ទ្រង់។ ប៉ុន្តែ បើសិនជាយើងមិនអើពើចំពោះសេចក្ដីរំឭករបស់ព្រះទេ នោះវិញ្ញាណនៃលោកីយ៍នេះនឹងមានអានុភាពលើយើង តាមរយៈពាក្យសំដី ប្រកាសនវត្ថុ គ្រឿងកំសាន្ត និងចរិយា។ ប្រាកដហើយ យើងមិនចង់ក្លាយទៅជាអ្នកស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ រមិលគុណ មិនស្មោះត្រង់ មានចិត្តសាហាវ មិនចេះទប់ចិត្ត មានចិត្តធំ ចូលចិត្តនឹងល្បែងលេងជាជាងព្រះ នេះគឺគ្រាន់តែរៀបរាប់នូវលក្ខណៈខ្លះៗដែលបានប្រព្រឹត្តដោយអស់អ្នកដែលបានឃ្លាតឆ្ងាយពីព្រះ។ (ធីម៉ូថេទី២ ៣:១-៥) ដោយព្រោះយើងកំពុងតែរស់នៅថ្ងៃជាន់ក្រោយបង្អស់នៃរបបលោកីយ៍នេះ សូមឲ្យយើងបន្តអធិស្ឋានរកជំនួយពីព្រះ ដើម្បីឲ្យយើងអាចបន្តធ្វើតាមសេចក្ដីរំឭករបស់ព្រះយេហូវ៉ា ហើយថែមទាំង«ដោយប្រយ័តនឹងប្រព្រឹត្តតាមព្រះបន្ទូលនៃទ្រង់»។—ទំនុកដំកើង ១១៩:៩
១៨. តើការធ្វើតាមសេចក្ដីរំឭករបស់ព្រះនឹងបណ្ដាលឲ្យយើងចាត់វិធានការដ៏វិជ្ជមានអ្វីខ្លះ?
១៨ សេចក្ដីរំឭករបស់ព្រះយេហូវ៉ា មិនគ្រាន់តែធ្វើឲ្យយើងប្រុងស្មារតីលើអ្វីដែលយើងមិនត្រូវតែធ្វើនោះទេ នេះគឺទាក់ទងនឹងអ្វីច្រើនទៀត។ ការធ្វើតាមសេចក្ដីរំឭកទាំងប៉ុន្មានរបស់ទ្រង់ នឹងបណ្ដាលឲ្យយើងចាត់វិធានការវិជ្ជមាន ដោយជំរុញយើងឲ្យទុកចិត្តលើព្រះយេហូវ៉ាទាំងស្រុង ថែមទាំងឲ្យស្រឡាញ់ទ្រង់ឲ្យអស់ពីចិត្ត ពីព្រលឹង ពីគំនិត និងពីកម្លាំងរបស់យើង។ (ចោទិយកថា ៦:៥; ទំនុកដំកើង ៤:៥; សុភាសិត ៣:៥, ៦; ម៉ាថាយ ២២:៣៧; ម៉ាកុស ១២:៣០) សេចក្ដីរំឭករបស់ព្រះក៏ជំរុញយើងឲ្យស្រឡាញ់អ្នកជិតខាងយើងដែរ។ (លេវីវិន័យ ១៩:១៨; ម៉ាថាយ ២២:៣៩) ជាពិសេសយើងសម្ដែងនូវសេចក្ដីស្រឡាញ់ចំពោះព្រះនិងសេចក្ដីស្រឡាញ់ដល់អ្នកជិតខាង ដោយធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ និងចែកប្រាប់អ្នកដទៃពី«ចំណេះអំពីព្រះ» ដែលផ្ដល់ឲ្យជីវិតនោះ។—សុភាសិត ២:១-៥, ព.ថ.
ការធ្វើតាមសេចក្ដីរំឭករបស់ព្រះយេហូវ៉ានឹងជួយឲ្យបានជីវិត!
១៩. តើតាមរបៀបណាដែលយើងបង្ហាញអ្នកឯទៀត ថាការធ្វើតាមសេចក្ដីរំឭករបស់ព្រះយេហូវ៉ាគឺមានប្រយោជន៍នោះ?
១៩ បើសិនជាយើងធ្វើតាមសេចក្ដីរំឭករបស់ព្រះយេហូវ៉ា ព្រមទាំងជួយអ្នកឯទៀតឲ្យធ្វើតាមដែរ នោះយើងនឹងសង្គ្រោះខ្លួនយើងនិងអស់អ្នកដែលស្ដាប់តាមយើងផងដែរ។ (ធីម៉ូថេទី១ ៤:១៦) តើតាមរបៀបណាដែលយើងបង្ហាញអ្នកឯទៀតថា ការធ្វើតាមសេចក្ដីរំឭករបស់ព្រះយេហូវ៉ា ពិតជាមានប្រយោជន៍នោះ? ដោយអនុវត្តតាមគោលការណ៍ព្រះគម្ពីរក្នុងជីវិតរបស់យើងផ្ទាល់។ អស់អ្នក«ដែលត្រូវបានជីវិតអស់កល្បជានិច្ច» នឹងមានទីសំអាងថា គោលការណ៍ដែលមានក្នុងបន្ទូលរបស់ព្រះ គឺពិតជាប្រសើរបំផុតដើម្បីបន្តធ្វើតាម។ (កិច្ចការ ) ពួកគេក៏នឹងឃើញថា‹ព្រះគឺពិតជានៅចំណោមយើង› និងបានត្រូវជំរុញទឹកចិត្តយើងឲ្យចូលរួមក្នុងការថ្វាយបង្គំព្រះអម្ចាស់មហាក្សត្រ ព្រះយេហូវ៉ា។— ១៣:៤៨កូរិនថូសទី១ ១៤:២៤, ២៥
២០, ២១. សេចក្ដីរំឭករបស់ព្រះនិងវិញ្ញាណបរិសុទ្ធរបស់ទ្រង់ នឹងជួយយើងឲ្យធ្វើអ្វី?
២០ ដោយបន្តសិក្សាព្រះគម្ពីរ និងឆ្លៀតយកប្រយោជន៍ពេញលេញពីសំវិធានការខាងវិញ្ញាណរបស់ព្រះយេហូវ៉ា នោះយើងនឹងចេះស្រឡាញ់សេចក្ដីរំឭករបស់ទ្រង់ខ្លាំងបំផុត។ បើសិនជាធ្វើតាម នោះសេចក្ដីរំឭកទាំងនេះនឹងជួយយើងឲ្យ«ប្រដាប់ខ្លួនដោយចរិយាសម្បត្ដិថ្មី ដែលបានត្រូវបង្កើតមកតាមបំណងព្រះហឫទ័យព្រះ ដោយសេចក្ដីសុចរិតនិងភក្ដីភាពដ៏ពិតប្រាកដនោះ»។ (អេភេសូរ ៤:២០-២៤, ព.ថ.) សេចក្ដីរំឭករបស់ព្រះយេហូវ៉ានិងវិញ្ញាណបរិសុទ្ធរបស់ទ្រង់នឹងជួយយើងឲ្យបង្ហាញសេចក្ដីស្រឡាញ់ អំណរ សន្ដិភាព សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ ជំនឿ សេចក្ដីស្លូតបូត និងការចេះទប់ចិត្ត ដែលជាគុណសម្បត្ដិមិនដូចលក្ខណៈនៃលោកីយ៍នេះ ដែលស្ថិតនៅក្រោមអំណាចរបស់សាតាំង! (កាឡាទី ៥:២២, ២៣; យ៉ូហានទី១ ៥:១៩) ដូច្នេះ យើងអាចមានអំណរគុណ ពេលដែលយើងត្រូវរំឭកអំពីសេចក្ដីតម្រូវរបស់ព្រះយេហូវ៉ា ក្នុងកំឡុងពេលសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ដោយពួកអ្នកចាស់ទុំដែលបានរើសតាំង និងតាមរយៈកិច្ចប្រជុំ សន្និបាត និងមហាសន្និបាត។
២១ ពីព្រោះយើងធ្វើតាមសេចក្ដីរំឭករបស់ព្រះយេហូវ៉ា យើងមានចិត្តអរសប្បាយ ទោះជារងទុក្ខដោយសារសេចក្ដីសុចរិតក៏ដោយ។ (លូកា ៦:២២, ២៣) យើងពឹងពាក់លើព្រះឲ្យសង្គ្រោះយើងចេញពីស្ថានការណ៍ដែលគំរាមកំហែងបំផុត។ ជាពិសេសនេះគឺសំខាន់សំរាប់ឥឡូវនេះ ដែលគ្រប់សាសន៍កំពុងតែប្រមូលគ្នាមកឯ«ក្នុងចំបាំង នៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្ដាបំផុត» គឺអើម៉ាគេដូន។—វិវរណៈ ១៦:១៤-១៦
២២. តើយើងគួរតាំងចិត្តធ្វើអ្វី ស្តីអំពីសេចក្ដីរំឭករបស់ព្រះយេហូវ៉ា?
២២ បើសិនជាយើងចង់ទទួលនូវអំណោយគឺជីវិតជារៀងរហូត យើងត្រូវតែស្រឡាញ់សេចក្ដីរំឭករបស់ព្រះយេហូវ៉ាខ្លាំងបំផុត និងធ្វើតាមសេចក្ដីរំឭកនោះឲ្យអស់ពីចិត្ត។ ដូច្នេះសូមឲ្យយើងមានទឹកចិត្តដូចអ្នកតែងបទទំនុកដំកើង ដែលបានច្រៀងថា៖ ‹សេចក្ដីរំឭករបស់ទ្រង់ សុទ្ធតែសុចរិតនៅជាដរាប សូមប្រោសឲ្យទូលបង្គំមានយោបល់ នោះទូលបង្គំនឹងបានរស់នៅ›។ (ទំនុកដំកើង ១១៩:១៤៤) ហើយសូមឲ្យយើងសម្ដែងនូវការតាំងចិត្ត ដែលឃើញជាក់ស្តែងនៅក្នុងពាក្យរបស់អ្នកតែងបទទំនុកដំកើងនេះដែលថា៖ ‹ទូលបង្គំបានអំពាវនាវដល់[ព្រះយេហូវ៉ា]ហើយ សូមជួយសង្គ្រោះទូលបង្គំផង នោះទូលបង្គំនឹងកាន់តាមសេចក្ដីរំឭករបស់ទ្រង់›។ (ទំនុកដំកើង ១១៩:១៤៦) ត្រូវហើយ តាមរយៈពាក្យសំដីនិងការប្រព្រឹត្ត សូមឲ្យយើងបង្ហាញជាភស្តុតាងថា យើងពិតជាស្រឡាញ់សេចក្ដីរំឭករបស់ព្រះយេហូវ៉ាខ្លាំងបំផុត។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើអ្នកតែងបទទំនុកដំកើងមានទស្សនៈយ៉ាងណានឹងសេចក្ដីរំឭករបស់ព្រះយេហូវ៉ា?
• ហេតុអ្វីក៏យើងត្រូវការសេចក្ដីរំឭករបស់ព្រះ?
• តើកិច្ចប្រជុំរបស់យើងមានមុខនាទីយ៉ាងណា ស្តីអំពីសេចក្ដីរំឭករបស់ព្រះ?
• តើសេចក្ដីរំឭករបស់ព្រះយេហូវ៉ាញែកយើងដាច់ឡែកពីលោកីយ៍នេះយ៉ាងដូចម្ដេច?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៥]
អ្នកតែងបទទំនុកដំកើងបាន ស្រឡាញ់សេចក្ដីរំឭករបស់ព្រះយេហូវ៉ាខ្លាំងបំផុត
[រូបភាពនៅទំព័រ១៧]
ដោយការធ្វើតាមគំរូរបស់អាណ តើអ្នកប្ដេជ្ញាចិត្ត កុំឲ្យខានទៅប្រជុំឬទេ?
[រូបភាពនៅទំព័រ១៨]
ការធ្វើតាមសេចក្ដីរំឭករបស់ព្រះយេហូវ៉ា នោះញែកយើងដាច់ឡែកជាមនុស្សស្អាតស្អំនិងដ៏គួរឲ្យយល់ព្រមសំរាប់កិច្ចបំរើរបស់ទ្រង់