លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះគម្ពីរបានត្រូវគេស្រឡាញ់និងបានត្រូវហាមប្រាម

ព្រះគម្ពីរបានត្រូវគេស្រឡាញ់និងបានត្រូវហាមប្រាម

ព្រះ​គម្ពីរ​បាន​ត្រូវ​គេ​ស្រឡាញ់​និង​បាន​ត្រូវ​ហាមប្រាម

វិជ្ជាករ​ជន​ជាតិ​ហូឡង់​ម្នាក់​ឈ្មោះ ដេស៊ីដេរីយុស អេរ៉ាសមុស ដែល​បាន​ត្រូវ​គេ​កោត​សរសើរ​ជា​ទូទៅ​នៅ​សតវត្ស​ទី​១៦ បាន​សរសេរ​ថា៖ «ខ្ញុំ​ចង់​ឲ្យ​មាន​ការ​បក​ប្រែ​សៀវភៅ​បរិសុទ្ធ​នេះ​នៅ​គ្រប់​ភាសា​ទាំង​អស់»។

សេចក្ដី​សង្ឃឹម​របស់​លោក​អេរ៉ាសមុស​គឺ​ថា ចង់​ឲ្យ​មនុស្ស​ទាំង​អស់​អាច​មាន​លទ្ធភាព​អាន​និង​យល់​ពី​បទ​គម្ពីរ។ ក៏​ប៉ុន្តែ ពួក​អ្នក​ប្រឆាំង​នឹង​ព្រះ​គម្ពីរ​បាន​បដិសេធ​គំនិត​នេះ​ចោល​ទាំង​ស្រុង។ តាម​ពិត នៅ​ពេល​នោះ​ទ្វីប​អឺរ៉ុប​ជា​កន្លែង​មួយ ដែល​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ចំពោះ​អ្នក​ណា​ដែល​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​សាច់​រឿង​ព្រះ​គម្ពីរ សូម្បី​តែ​បន្ដិច​ប៉ុណ្ណោះ។ នៅ​ប្រទេស​អង់គ្លេស សភា​តំណាង​រាស្ត្រ​បាន​អនុវត្ត​លក្ខន្ដិកៈ​មួយ ដែល​បាន​បញ្ជា​ថា៖ «អ្នក​ណា​ដែល​អាន​ព្រះ​គម្ពីរ​ជា​អក្សរ​អង់គ្លេស​ត្រូវ​បាត់​បង់​ដី​ធ្លី កម្មសិទ្ធិ ទ្រព្យ​សម្បត្ដិ និង​ជីវិត​តែ​ម្ដង . . . ថែម​ទាំង បើ​សិន​ជា​នៅ​តែ​រឹង​ចចេស​ឬ​ក៏​ភ្លាត់​ធ្វើ​ម្ដង​ទៀត​ក្រោយ​ដែល​បាន​ត្រូវ​លើក​លែង​ទោស ពួក​គេ​នឹង​ត្រូវ​គេ​ព្យួរ​ក​សំរាប់​ការ​ក្បត់​ជាតិ​ប្រឆាំង​នឹង​ស្តេច ព្រម​ទាំង​នឹង​ត្រូវ​ដុត​ចោល​សំរាប់​ការ​បដិសេធ​លទ្ធិ​ប្រឆាំង​នឹង​ព្រះ»។

នៅ​ទ្វីប​អឺរ៉ុប ទារុណកម្ម​សាសនា​ពី​ពួក​កាតូលិក​បាន​ដេញ​តាម​យ៉ាង​សាហាវ និង​គ្មាន​មេត្ដា​នូវ​និកាយ​ដែល«បដិសេធ​លទ្ធិ» ដូច​ជា​និកាយ​សាសនា​បារាំង​ឈ្មោះ​វ៉លដិន បាន​ត្រូវ​គេ​រើស​ចេញ​មក​ដោយ​ឡែក​ដើម្បី​ឲ្យ​ទទួល​ការ​បៀត​បៀន ដោយ​ព្រោះ​ការ​ផ្សព្វ​ផ្សាយ«ពី​ដំណឹង​ល្អ សំបុត្រ​និង​បទ​គម្ពីរ​បរិសុទ្ធ​ឯ​ទៀត . . . ពីព្រោះ​ការ​ផ្សព្វ​ផ្សាយ​និង​ការ​ពន្យល់​ពី​បទ​គម្ពីរ​បរិសុទ្ធ ត្រូវ​ហាម​ជា​ដាច់​ខាត​ចំពោះ​មនុស្ស​ធម្មតា»។ មនុស្ស​ច្រើន​ឥត​គណនា​បាន​រង​ទុក្ខ​ទោស​ជា​ទារុណកម្ម​និង​សេចក្ដី​ស្លាប់ ដោយ​សារ​សេចក្ដី​ស្រឡាញ់​របស់​គេ​ចំពោះ​ព្រះ​គម្ពីរ។ ពួក​គេ​បាន​ប្រថុយ​នូវ​ទោស​ធ្ងន់​បំផុត គ្រាន់​តែ​ដើម្បី​សូត្រ​ការ​អធិស្ឋាន​របស់​ព្រះ​អម្ចាស់ ឬ​ក៏​ក្រិត្យ​វិន័យ​ដប់​ប្រការ​និង​បង្រៀន​កូន​ចៅ​ពី​សេចក្ដី​នោះ។

ភក្ដី​ភាព​ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ បាន​មាន​ជា​បន្ត​ក្នុង​ចិត្ត​គំនិត​របស់​អ្នក ដែល​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​អង់គ្លេស​ទៅ​អាមេរិក​ខាង​ជើង​ដើម្បី​តាំង​អាណានិគម។ សៀវភៅ​ប្រវត្ដិសាស្ត្រ​ពី​អាថ៌​កំបាំង​នៃ​ជីវិត​ផ្ទាល់​ខ្លួន ឆន្ទ:នៃ​សម័យ​បដិវត្តន៍​ប្រាប់​ថា នៅ​ប្រទេស​អាមេរិក​ពី​សម័យ​មុន​ៗ«ការ​អាន​និង​សាសនា​គឺ​ជាប់​ទាក់​ទង​គ្នា​ជា​អ្វី​ដែល​ពង្រាត់​មិន​បាន និង​បាន​ជួយ​កសាង​វប្បធម៌​មួយ​ដែល​មាន​មូលដ្ឋាន​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​លើ​ការ​ស្គាល់​ព្រះ​គម្ពីរ»។ តាម​ពិត ធម្មទាន​ដែល​បាន​ត្រូវ​បោះ​ពុម្ព​នៅ​ទី​ក្រុង​បូស្តន​នៅ​ឆ្នាំ​១៧៦៧​បាន​ជូន​យោបល់​ថា៖ «ចូរ​អាន​យ៉ាង​ខ្នះ​ខ្នែង​នូវ​បទ​គម្ពីរ​បរិសុទ្ធ​ទាំង​អស់។ រាល់​ព្រឹក​និង​រាល់​ល្ងាច​អ្នក​ត្រូវ​អាន​មួយ​ជំពូក​ពី​ព្រះ​គម្ពីរ​របស់​អ្នក»។

យោង​ទៅ​តាម​ការ​ស្រាវ​ជ្រាវ​ក្រុម​បាណា​នៅ​ទី​ក្រុង​វិនឈូរ៉ា រដ្ឋ​កាលីហ្វូញ៉ា នោះ​បាន​ឃើញ​ថា​ជន​ជាតិ​អាមេរិក​៩០​ភាគ​រយ​មាន​ព្រះ​គម្ពីរ​បី​ក្បាល​ជា​មធ្យម។ ការ​ស្រាវ​ជ្រាវ​នា​ពេល​ថ្មី​ៗ​នេះ​បាន​សម្ដែង​ថា ទោះ​បី​ព្រះ​គម្ពីរ​នៅ​តែ​ត្រូវ​គេ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​នៅ​ទី​នោះ​ក៏​ដោយ «ការ​ចំណាយ​ពេល​អាន​និង​សិក្សា​ព្រះ​គម្ពីរ​និង​ការ​អនុវត្តន៍​តាម​នោះ . . . គឺ​ជា​អ្វី​ដែល​គេ​លែង​ធ្វើ​ត​ទៅ​ទៀត​ហើយ»។ មនុស្ស​ភាគ​ច្រើន​មាន​ចំណាប់​អារម្មណ៍​តែ​បន្ដិច​ប៉ុណ្ណោះ​ទៅ​លើ​មាតិកា​ព្រះ​គម្ពីរ។ អ្នក​កាសែត​ម្នាក់​បាន​សង្កេត​ឃើញ​ថា៖ «មនុស្ស​អត់​សូវ​មាន​គំនិត​ថា ព្រះ​គម្ពីរ​អាច​ជាប់​ទាក់​ទង​នឹង​បញ្ហា​និង​កង្វល់​ដែល​មាន​នា​ពេល​បុ​ច្ច​ប្ប​ន្ន​នេះ​ទេ»។

និន្នាការ​នៃ​ទស្សនៈ​លោកីយ៍​នេះ

ជំនឿ​មួយ​ដែល​ត្រូវ​និយម​ជា​ទូទៅ​គឺ​ថា យើង​អាច​ជោគ​ជ័យ​ក្នុង​ជីវិត​ដោយ​ប្រើ​តែ​វិចារណញ្ញាណ និង​ដោយ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ចំណោម​មនុស្សជាតិ​ប៉ុណ្ណោះ។ ព្រះ​គម្ពីរ​ត្រូវ​ចាត់​ទុក​ជា​សៀវភៅ​មួយ​ក្នុង​ចំណោម​សៀវភៅ​ជា​ច្រើន ដែល​ប្រាប់​តែ​ទស្សនៈ​ខាង​សាសនា​និង​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ផ្សេង​ៗ ហើយ​មិន​ត្រូវ​រាប់​ទុក​ជា​សៀវភៅ​នៃ​ហេតុ​ការណ៍​ពិត​ប្រាកដ​និង​សេចក្ដី​ពិត​នោះ​ទេ។

ដូច្នេះ តើ​មនុស្ស​ភាគ​ច្រើន​ដោះ​ស្រាយ​បញ្ហា​ដ៏​រឹត​តែ​ពិបាក​ឡើង​ៗ​ក្នុង​ជីវិត​យ៉ាង​ដូច​ម្ដេច? ពួក​គេ​ធ្វើ​ការ​ក្នុង​ស្ថានភាព​មួយ​ដែល​ប្រាស​ចាក​ពី​អ្វី​ខាង​វិញ្ញាណ ទាំង​គ្មាន​ខ្នាត​តម្រា​និង​ការ​ណែនាំ​ដ៏​ជាក់​លាក់​ខាង​សីលធម៌​និង​សាសនា។ ពួក​គេ​បាន​ទៅ​ដូច​ជា​កប៉ាល់​ដែល​គ្មាន​ចង្កូត ‹ទាំង​ត្រូវ​គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្ដី​បង្រៀន​បោក​ប្រាស ហើយ​ផាត់​គេ​ចុះ​ឡើង ដោយ​សេចក្ដី​ឆបោក​របស់​ផង​មនុស្ស ហើយ​ដោយ​ឧបាយ​កល›។—អេភេសូរ ៤:១៤

ហេតុ​នេះ​ហើយ យើង​ត្រូវ​តែ​សួរ​ថា តើ​ព្រះ​គម្ពីរ​គ្រាន់​តែ​ជា​សៀវភៅ​សាសនា​ធម្មតា​ដូច​សៀវភៅ​ឯ​ទៀត​ឬ? ឬ​ក៏ តើ​ព្រះ​គម្ពីរ​ពិត​ជា​បន្ទូល​របស់​ព្រះ​ទាំង​មាន​ពត៌មាន​ដ៏​មាន​ប្រយោជន៍ ថែម​ទាំង​មាន​ពត៌មាន​ដ៏​ចាំ​បាច់​ដែរ​ឬ? (ធីម៉ូថេ​ទី​២ ៣:១៦, ១៧) តើ​យើង​គួរ​តែ​ពិចារណា​មើល​ព្រះ​គម្ពីរ​ឬ​ទេ? អត្ថបទ​ជា​បន្ត​បន្ទាប់​នឹង​វែក​ញែក​សំនួរ​ទាំង​នេះ។

[រូប​ភាព​នៅ​ទំព័រ​៣]

ដេស៊ីដេរីយុស អេរ៉ាសមុស

[អ្នក​ផ្ដល់​សិទ្ធិ]

From the book Deutsche Kulturgeschichte 

[រូប​ភាព​នៅ​ទំព័រ​៤]

ពួក​វ៉លដិន​បាន​ត្រូវ​គេ​រើស​ចេញ​មក​ដោយ​ឡែក​ដើម្បី​ឲ្យ​ទទួល​ការ​បៀត​បៀន ដោយ​ព្រោះ​ពួក​គេ​ផ្សព្វ​ផ្សាយ​ពី​ព្រះ​គម្ពីរ

[អ្នក​ផ្ដល់​សិទ្ធិ]

Stichting Atlas van Stolk, Rotterdam