លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះគម្ពីរ សៀវភៅមួយដែលបញ្ជាក់ពីរបៀបរស់នៅ

ព្រះគម្ពីរ សៀវភៅមួយដែលបញ្ជាក់ពីរបៀបរស់នៅ

ព្រះ​គម្ពីរ សៀវភៅ​មួយ​ដែល​បញ្ជាក់​ពី​របៀប​រស់​នៅ

«ព្រះ​បន្ទូល​នៃ​ព្រះ​នោះ​រស់​នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២ . . . ទាំង​ពិចារណា​អស់​ទាំង​គំនិត​ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ»។ (ហេព្រើរ ៤:១២) ការ​ពណ៌នា​បែប​នេះ​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​អាច​សម្រេច​បាន ច្បាស់​ជា​បញ្ជាក់​ថា​ព្រះ​គម្ពីរ​មិន​គ្រាន់​តែ​ជា​សៀវភៅ​ដ៏​ល្អ​ប៉ុណ្ណោះ​ទេ។

អ្នក​និពន្ធ​ម្នាក់​ខាង​សាសនា​បាន​ប្រាប់​យ៉ាង​ត្រង់​ៗ​ថា៖ «សារ​ក្នុង​ព្រះ​គម្ពីរ​គឺ​សំខាន់​ជា​ចាំ​បាច់​ដល់​ជីវិត​យើង ដូច​ជា​ការ​ដក​ដង្ហើម​អ៊ីចឹង»។ រួច​មក គាត់​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា៖ «ពេល​ដែល​យើង​ពិចារណា​នូវ​ចំណង់ និង​សេចក្ដី​ត្រូវ​ការ​របស់​យើង​ចំពោះ​ការ​ស្ដារ​ឡើង​វិញ​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​អាន​ព្រះ​គម្ពីរ​ដោយ​កាន់​ទស្សនៈ​បែប​នេះ នោះ​នឹង​មាន​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល»។ ដូច​ជា​ចង្កៀង​មួយ​ដែល​ភ្លឺ​យ៉ាង​ខ្លាំង នោះ​ព្រះ​គម្ពីរ​ក៏​ជះ​ពន្លឺ​ទៅ​លើ​រឿង​ស្មុគ​ស្មាញ​និង​បញ្ហា​ទាក់​ទង​នឹង​របៀប​រស់​នៅ​ក្នុង​សម័យ​ទំនើប​នេះ។—ទំនុកដំកើង ១១៩:១០៥

ពិត​មែន ប្រាជ្ញា​ដែល​ត្រូវ​សម្ដែង​ក្នុង​ព្រះ​គម្ពីរ​មាន​ឥទ្ធិពល​កែ​ប្រែ​គំនិត​របស់​យើង ជួយ​យើង​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ ជួយ​ឲ្យ​ជីវិត​របស់​យើង​មាន​ភាព​ប្រសើរ​ឡើង​ៗ និង​ប្រដាប់​យើង​ដោយ​ការ​ប៉ិន​ប្រសប់​ដើម្បី​ទ្រាំ​ទ្រ​នឹង​កាលៈទេសៈ​ណា​ដែល​យើង​កែ​ប្រែ​មិន​បាន។ ពិត​ជា​ការ​សំខាន់​មែន ដែល​ព្រះ​គម្ពីរ​ជួយ​យើង​មាន​សមត្ថភាព​ស្គាល់​និង​ស្រឡាញ់​ព្រះ។

សៀវភៅ​មួយ​ដែល​ផ្ដល់​ឲ្យ​គោល​បំណង

ព្រះ​យេហូវ៉ា ជា​អ្នក​និពន្ធ​ព្រះ​គម្ពីរ ទ្រង់‹ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​យើង›។ ទ្រង់​ជ្រាប​ដឹង​ច្រើន​ជាង​យើង​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ​ខាង​រាង​កាយ ផ្លូវ​ចិត្ត និង​ខាង​វិញ្ញាណ។ (ទំនុកដំកើង ១៣៩:១​-​៣) ដោយ​គិត​អំពី​ប្រយោជន៍​របស់​យើង នោះ​ទ្រង់​បាន​ដាក់​កំរិត​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​មនុស្ស។ (មីកា ៦:៨) គឺ​ជា​ការ​សម​ហេតុ​សម​ផល​ដែល​យើង​ខំ​ស្វែង​រក​ឲ្យ​យល់​ពី​កំរិត​និង​ការ​ណែនាំ​នោះ ថែម​ទាំង​រៀន​អនុវត្ត​តាម​នោះ​ផង​ដែរ។ អ្នក​សរសេរ​បទ​ទំនុកដំកើង​ប្រាប់​ថា មាន​សុភមង្គល​ហើយ អ្នក​ណា​ដែល«ត្រេក​អរ​តែ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា» ពីព្រោះ«ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំង​អស់»។ (ទំនុកដំកើង ១:១​-​៣) លទ្ធភាព​បែប​នេះ​ប្រាកដ​ជា​គួរ​នឹង​ពិចារណា​មើល។

លោក​មូរីស ជា​លោក​គ្រូ​បង្រៀន​ដែល​បាន​ចូល​និវត្ត​ហើយ ធ្លាប់​ជឿ​តាំង​ពី​ដើម​មក​ថា ព្រះ​គម្ពីរ​មាន​សារៈ​សំខាន់​ផ្នែក​ប្រវត្ដិសាស្ត្រ​និង​អក្សរ​សាស្ត្រ។ ក៏​ប៉ុន្តែ គាត់​ធ្លាប់​មាន​ការ​សង្ស័យ​ថា ព្រះ​គម្ពីរ​មិន​បាន​ត្រូវ​ព្រះ​បណ្ដាល​ឲ្យ​សរសេរ​ទេ។ ក្រោយ​គាត់​បាន​ស្ដាប់​ការ​ពន្យល់​ពី​មូលហេតុ ដែល​ព្រះ​បាន​ប្រទាន​នូវ​ព្រះ​បន្ទូល​របស់​ទ្រង់​ជា​លាយ​លក្ខណ៍​អក្សរ​ចំពោះ​មនុស្សជាតិ នោះ​លោក​មូរីស​បាន​ពិនិត្យ​មើល​បទ​ទំនាយ​ផ្សេង​ៗ​ក្នុង​ព្រះ​គម្ពីរ។ នៅ​ពេល​គាត់​ជា​យុវបុរស គាត់​បានសិក្សា​ប្រវត្ដិសាស្ត្រ​ពី​បុរាណ អក្សរ​សាស្ត្រ វិទ្យា​សាស្ត្រ និង​ភូមិ​វិទ្យា។ គាត់​បាន​សារភាព​ថា គាត់​បាន​ចាត់​ទុក​ខ្លួន​ឯង​ជា​មនុស្ស​ពូកែ​ដល់​ម្ល៉េះ ដែល​គាត់​មិន​អាច​មើល​យល់​ពី​ឧទាហរណ៍​ជា​ច្រើន​ដែល​គាំទ្រ​យថាភាព​របស់​ព្រះ​គម្ពីរ។ «ខ្ញុំ​ធ្លាប់​ជាប់​ក្នុង​ការ​តាម​រក​ដោយ​ឥត​ចេះ​គិត​នូវ​ភាព​សុខ​ស្រួល ទ្រព្យ​សម្បត្ដិ និង​ការ​ភ្លើត​ភ្លើន។ តែ​អភ័ព្វ​មែន ខ្ញុំ​គ្មាន​ចំណេះ​ដឹង​និង​នៅ​ងងឹត​ល្ងង់​អំពី​ភាព​ប្រសើរ​និង​ភាព​ត្រឹម​ត្រូវ​នៃ​សៀវភៅ​ល្អ​បំផុត ដែល​បាន​ត្រូវ​សរសេរ​មក»។

ឥឡូវ​លោក​មូរីស​មាន​អាយុ​ជាង​៧០​ឆ្នាំ​ហើយ ហើយ​ដោយ​សំដៅ​ទៅ​ដំណើរ​រឿង​អំពី​ពេល​ដែល​ព្រះ​យេស៊ូ​បាន​លេច​ចំពោះ​មុខ​សាវ័ក​ថូម៉ាស គាត់​ប្រាប់​ដោយ​អបអរ​ថា៖ «ដៃ​របស់​ខ្ញុំ​បាន​ត្រូវ​នាំ​ទៅ​ដល់‹របួស​ចេញ​ឈាម› ដែល​នឹង​បំបាត់​ជា​ស្ថាពរ​ពី​គំនិត​របស់​ខ្ញុំ​នូវ​ការ​សង្ស័យ​ទាំង​អស់​ថា ព្រះ​គម្ពីរ​មិន​មែន​ជា​សេចក្ដី​ពិត​ទេ»។ (យ៉ូហាន ២០:២៤​-​២៩) ដូច​សាវ័ក​ប៉ុល​បាន​និយាយ​យ៉ាង​ត្រឹម​ត្រូវ​ថា ព្រះ​គម្ពីរ​លាត​ត្រដាង​បំណង​ចិត្ត​និង​បន្ថែម​អត្ថន័យ​ចំពោះ​ជីវិត។ នោះ​ច្បាស់​ជា​សៀវភៅ​មួយ​ដែល​បញ្ជាក់​ពី​របៀប​រស់​នៅ​មែន។

ការ​បន្ថែម​នូវ​ស្ថេរ​ភាព​នឹង​ជីវិត​មួយ​ដែល ប្រកប​ទៅ​ដោយ​ការ​ពិបាក

ព្រះ​គម្ពីរ​ក៏​ជូន​ឱវាទ​ដែល​ជួយ​មនុស្ស​បំបាត់​ចោល​នូវ​ទម្លាប់​អាក្រក់។ ដានីអែល​បាន​ឈ្នះ​លើ​ទម្លាប់​ស្មោក​គ្រោក​មួយ​គឺ​ជា​ការ​ជក់​បារី ព្រម​ទាំង​ការ​ជប់​លៀង​អ៊ូអែ​គ្មាន​របៀប​និង​ការ​ចំណូល​ស្រា​ច្រើន​ហួស​ហេតុ។ (រ៉ូម ១៣:១៣; កូរិនថូស​ទី​២ ៧:១; កាឡាទី ៥:១៩​-​២១) បើ​គិត​ឲ្យ​បាន​ប្រាកដ​ប្រជា ការ​បំបាត់​នូវ​ទម្លាប់​បែប​នេះ​និង​ការ​ប្រដាប់​ខ្លួន​ដោយ«ចរិយា​សម្បត្ដិ​ថ្មី»តម្រូវ​នូវ​ការ​ខំ​ព្យាយាម។ (អេភេសូរ ៤:២២​-​២៤) ដានីអែល​ប្រាប់​ថា៖ «នោះ​គឺ​ពិបាក​មែន​ទែន​ពីព្រោះ​យើង​ជា​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍»។ យ៉ាង​ណា​ក៏​ដោយ គាត់​បាន​ជោគ​ជ័យ។ ឥឡូវ ដានីអែល​អាន​ព្រះ​បន្ទូល​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ និង​ការ​ធ្វើ​អ៊ីចឹង​ជួយ​គាត់​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា។

ពេល​គាត់​កំពុង​តែ​ធំ​ឡើង ដានីអែល​តែង​តែ​មាន​ការ​គោរព​ចំពោះ​ព្រះ​គម្ពីរ​ជា​និច្ច ទោះ​បី​គាត់​មិន​ដែល​អាន​វា​ក៏​ដោយ ក៏​គាត់​ធ្លាប់​អធិស្ឋាន​ទូល​ព្រះ​ជា​រៀង​រាល់​យប់​ដែរ។ ក៏​ប៉ុន្តែ ជីវិត​គាត់​មាន​ការ​ខ្វះ​ខាត។ សុភមង្គល​គឺ​ជា​អ្វី​ដែល​គាត់​រក​ចាប់​មិន​បាន​ទេ។ ពេល​ដែល​គាត់​បាន​ឃើញ​ជា​លើក​ទី​មួយ​នូវ​ព្រះ​នាម​របស់​ព្រះ​ក្នុង​ព្រះ​គម្ពីរ នោះ​បាន​ទៅ​ជា​ពេល​នៃ​ការ​ផ្លាស់​ប្ដូរ​សំរាប់​គាត់។ (និក្ខមនំ ៦:៣; ទំនុកដំកើង ៨៣:១៨) ក្រោយ​នោះ​មក គាត់​បាន​ប្រើ​ព្រះ​នាម​ព្រះ​យេហូវ៉ា​ពេល​គាត់​អធិស្ឋាន និង​សេចក្ដី​អធិស្ឋាន​របស់​គាត់​បង្ហាញ​នូវ​ភាព​ជិត​ស្និទ្ធ​ខ្លាំង​ជាង។ គាត់​ប្រាប់​ថា៖ «ព្រះ​យេហូវ៉ា​បាន​ទៅ​ជា​បុគ្គល​ដ៏​ជិត​ស្និទ្ធ​បំផុត​នឹង​ខ្ញុំ។ ហើយ​ទ្រង់​នៅ​តែ​ជា​មិត្ត​សំឡាញ់​ដ៏​ជិត​ស្និទ្ធ​បំផុត​របស់​ខ្ញុំ»។

មុន​ដែល​គាត់​បាន​រៀន​ព្រះ​គម្ពីរ ទស្សនៈ​របស់​ដានីអែល​ធ្លាប់​ប្រកប​ដោយ​ទុទ្ទិដ្ឋិនិយម។ គាត់​ប្រាប់​ទៀត​ថា៖ «យើង​មិន​ចាំ​បាច់​ពូកែ​ប៉ុន្មាន​ទេ​ដើម្បី​មើល​ឃើញ​បញ្ហា​ក្នុង​លោកីយ៍​នេះ។ ខ្ញុំ​ធ្លាប់​ភ័យ និង​ក៏​ធ្លាប់​ខំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​រវល់​ច្រើន​ដើម្បី​ឈប់​គិត​ពី​បញ្ហា​នោះ»។ ក្រោយ​មក គាត់​បាន​រៀន​ដឹង​ថា ព្រះ​នឹង​រៀបចំ​ឲ្យ​មាន​យុត្ដិធម៌​សំរាប់​មនុស្ស​ទាំង​អស់​គ្នា​នៅ​លើ​ផែនដី​មួយ​ដែល​បាន​ត្រូវ​សំអាត ជា​កន្លែង​ដែល​មនុស្ស​ស្ដាប់​បង្គាប់​នឹង​ទទួល​បាន​សន្ដិភាព​និង​សុភមង្គល​ជា​និច្ច​ជា​កាល។ (ទំនុកដំកើង ៣៧:១០, ១១; ដានីយ៉ែល ២:៤៤; វិវរណៈ ២១:៣, ៤) ឥឡូវ​ដានីអែល​មាន​សេចក្ដី​សង្ឃឹម​ដ៏​ទុក​ចិត្ត​បាន។ ឥទ្ធិពល​នេះ​គឺ​មក​ពី​ព្រះ​គម្ពីរ​ដែល​ជួយ​ឲ្យ​មាន​ស្ថេរ​ភាព និង​ជួយ​គាត់​មាន​ទស្សនៈ​វិជ្ជមាន​អំពី​ជីវិត។

ជំនួយ​ក្នុង​ការ​ឈ្នះ​បញ្ហា​ខាង​ផ្លូវ​ចិត្ត

ជោច​មាន​អាយុ​៧​ឆ្នាំ​ពេល​ដែល​ម្ដាយ​គាត់​ស្លាប់​ទៅ។ គាត់​ធ្លាប់​ភ័យ​មិន​ចង់​ដេក​ពេល​យប់​ដោយ​ខ្លាច​ថា គាត់​ប្រហែល​ជា​នឹង​ស្លាប់​មិន​អាច​ក្រោក​នៅ​ថ្ងៃ​ស្អែក​បាន​ទេ។ ក្រោយ​នោះ​មក គាត់​អាន​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​សេចក្ដី​ស្លាប់ នឹង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ថា៖ «មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ នឹង​ឮ​សំឡេង​ទ្រង់[ព្រះ​យេស៊ូ] ហើយ​នឹង​ចេញ​មក»។ បន្ទូល​របស់​ព្រះ​យេស៊ូ​ក៏​បាន​មាន​អានុភាព​លើ​គាត់​ដែរ ដែល​ថា៖ «ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ»។ (យ៉ូហាន ៥:២៨, ២៩; ១១:២៥) គំនិត​បែប​នេះ​បាន​ស្ដាប់​ទៅ​ដូច​ជា​សម​ហេតុ​ផល មាន​ទំនង និង​ជួយ​សម្រាល​ទុក្ខ​ទៀត​ផង។ ជោច​ប្រាប់​ថា៖ «សេចក្ដី​ពិត​មិន​គ្រាន់​តែ​ទាក់​ទាញ​សតិ​របស់​យើង តែ​ក៏​មាន​អានុភាព​ទៅ​លើ​ចិត្ត​យើង​ដែរ»។

ដានីអែល ដែល​បាន​រៀប​រាប់​មុន​នេះ​ក៏​ធ្លាប់​មាន​ការ​ភិត​ភ័យ​ដែរ។ ម្ដាយ​គាត់​មិន​អាច​ចិញ្ចឹម​អប់រំ​គាត់​ដោយ​ខ្លួន​ឯង​ទេ ដូច្នេះ​គាត់​បាន​ត្រូវ​បញ្ជូន​ទៅ​នៅ​មណ្ឌល​កុមារ​កំព្រា។ គាត់​តែង​តែ​មាន​អារម្មណ៍​ថា ខ្លួន​គាត់​គឺ​ជា​មនុស្ស​ប្លែក​ពី​គេ​ហើយ​ចង់​បាន​ស្ថេរ​ភាព​មក​ពី​ការ​រស់​នៅ​ជា​មួយ​គ្រួសារ​មួយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ នៅ​ទី​បំផុត គាត់​បាន​រក​ឃើញ​អ្វី​ដែល​គាត់​ធ្លាប់​ស្វែង​រក គឺ​តាម​រយៈ​ការ​សិក្សា​ព្រះ​គម្ពីរ។ ដានីអែល​ចាប់​ផ្ដើម​សេព​គប់​នឹង​ក្រុម​ជំនុំ​គ្រីស្ទាន​របស់​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា និង​បាន​ទៅ​ជា​សមាជិក​នៃ​គ្រួសារ​មួយ​ខាង​វិញ្ញាណ ជា​កន្លែង​ដែល​គាត់​បាន​ទទួល​នៅ​អារម្មណ៍​ថា ខ្លួន​គាត់​បាន​ត្រូវ​គេ​រាប់​អាន​និង​ស្រឡាញ់។ ពិត​មែន ព្រះ​គម្ពីរ​មាន​ប្រយោជន៍​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​និង​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​ផ្លូវ​ចិត្ត​ដែរ។

សូម​ចាំ​ថា ព្រះ​យេហូវ៉ា​ជ្រាប​ពី​អ្វី​ដែល​ក្នុង​ចិត្ត​យើង និង​ទ្រង់​ក៏​ជ្រាប​ពី​អ្វី​ដែល​យើង​កំពុង​តែ​ស្វែង​រក​ដែរ។ ព្រះ«ថ្លឹង​ចិត្ត»និង«សង​ដល់​មនុស្ស​ទាំង​អស់​តាម​ផ្លូវ​គេ​ប្រព្រឹត្ត»។—សុភាសិត ២១:២; យេរេមា ១៧:១០

ឱវាទ​ដែល​មាន​ប្រយោជន៍​ស្តី​ពី​ជីវភាព​គ្រួសារ

ព្រះ​គម្ពីរ​ក៏​ឲ្យ​ឱវាទ​ដែល​មាន​ប្រយោជន៍​ខាង​ទំនាក់​ទំនង​រវាង​មនុស្ស។ ជោច​និយាយ​ថា៖ «ការ​ប្រឆាំង​គ្នា​រវាង​លក្ខណៈ​សម្បត្ដិ ឬ​ក៏​ការ​មិន​យោគ​យល់​គ្នា គឺ​ជា​បញ្ហា​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​តាន​តឹង​ចិត្ត​ខ្លាំង​ជា​ទី​បំផុត»។ តើ​គាត់​ស៊ូ​ទ្រាំ​បញ្ហា​នេះ​បាន​យ៉ាង​ដូច​ម្ដេច? គាត់​ប្រាប់​ថា៖ «បើ​សិន​ជា​ខ្ញុំ​គិត​ថា​មនុស្ស​ម្នាក់​ខឹង​ខ្ញុំ នោះ​ខ្ញុំ​អនុវត្ត​តាម​ឱវាទ​ដ៏​ចំ​ៗ​ដែល​មាន​ក្នុង​ម៉ាថាយ ៥:២៣, ២៤ ដែល​ថា ‹ទៅ​ស្រុះ​ស្រួល​នឹង​បង​ប្អូន​របស់​អ្នក​ជា​មុន​សិន›។ ហេតុ​ការណ៍​ដែល​ថា ខ្ញុំ​សុខ​ចិត្ត​និយាយ​អំពី​បញ្ហា​នោះ​ក៏​ជួយ​បង្កើត​ផល​ដែរ។ ខ្ញុំ​អាច​ពិសោធ​នូវ​សន្ដិភាព​របស់​ព្រះ​ដែល​ព្រះ​គម្ពីរ​រៀប​រាប់​អំពី​នោះ។ ឱវាទ​នៅ​ក្នុង​ព្រះ​គម្ពីរ​ពិត​ជា​មាន​ប្រសិទ្ធិភាព​មែន ហើយ​ក៏​មាន​ប្រយោជន៍​ជា​ច្រើន​ណាស់»។—ភីលីព ៤:៦, ៧

ពេល​ដែល​ប្ដី​និង​ប្រពន្ធ​មិន​យល់​ព្រម​គ្នា នោះ​ទាំង​ពីរ​នាក់​ត្រូវ​តែ«ឆាប់​នឹង​ស្ដាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ»។ (យ៉ាកុប ១:១៩) ដំបូន្មាន​បែប​នេះ​នាំ​ឲ្យ​មាន​ទំនាក់​ទំនង​កាន់​តែ​ល្អ។ ជោច​ពន្យល់​ទៀត​ថា៖ «ពេល​ខ្ញុំ​អនុវត្ត​តាម​ឱវាទ​ស្តី​ពី​សេចក្ដី​ស្រឡាញ់ និង​ប្រព្រឹត្ត​ចំពោះ​ប្រពន្ធ​ខ្ញុំ​ដូច​ខ្ញុំ​ធ្វើ​ចំពោះ​ខ្លួន​ខ្ញុំ​ដែរ នោះ​ខ្ញុំ​ឃើញ​លទ្ធផល​ភ្លាម​ៗ។ នាង​អាច​គោរព​ខ្ញុំ​យ៉ាង​ស្រួល​ជាង»។ (អេភេសូរ ៥:២៨​-​៣៣) ត្រូវ​ហើយ ព្រះ​គម្ពីរ​បង្រៀន​យើង​ឲ្យ​ទទួល​ស្គាល់​ហើយ​ទ្រាំ​ទ្រ​នឹង​ភាព​មិន​គ្រប់ល័ក្ខណ៍​របស់​យើង​ផ្ទាល់ និង​បង្រៀន​យើង​ពី​របៀប​ជោគ​ជ័យ​ក្នុង​ការ​ទ្រាំ​ទ្រ​នឹង​ភាព​មិន​គ្រប់ល័ក្ខណ៍​របស់​អ្នក​ឯ​ទៀត។

ឱវាទ​ដែល​មាន​ជា​ស្ថាពរ

ស្តេច​សាឡូម៉ូន​ដែល​មាន​ប្រាជ្ញា​បាន​មាន​បន្ទូល​ថា៖ «ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង»។ (សុភាសិត ៣:៥, ៦) ពាក្យ​នេះ​គឺ​ស្រួល​យល់​តែ​មាន​ន័យ​ដ៏​ជ្រាល​ជ្រៅ​ណាស់​ហ្ន៎!

ព្រះ​គម្ពីរ​គឺ​ជា​ឥទ្ធិពល​មួយ​ដែល​បង្កើត​ផល​ល្អ។ ព្រះ​គម្ពីរ​ជួយ​អ្នក​ស្រឡាញ់​ព្រះ​ឲ្យ​មាន​សមត្ថភាព​សំ​រ​ប​ជីវិត​របស់​គេ​ទៅ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់ និង​រក​ឃើញ​នូវ​សុភមង្គល​ក្នុង​ការ«ដើរ​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា»។ (ទំនុកដំកើង ១១៩:១) មិន​ថា​យើង​មាន​កាលៈទេសៈ​យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​មាន​ការ​ណែនាំ​និង​ឱវាទ​ដែល​យើង​ត្រូវ​ការ។ (អេសាយ ៤៨:១៧, ១៨) ចូរ​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ រំពឹង​គិត​អំពី​អ្វី​ដែល​អ្នក​អាន និង​អនុវត្ត​តាម​អ្វី​ដែល​អ្នក​អាន។ នោះ​នឹង​ជួយ​គំនិត​របស់​អ្នក​ឲ្យ​យល់​ច្បាស់ និង​បាន​ប្រុង​ស្មារតី​ទៅ​លើ​អ្វី​ដ៏​បរិសុទ្ធ​និង​មាន​ប្រយោជន៍។ (ភីលីព ៤:៨, ៩) អ្នក​នឹង​មិន​គ្រាន់​តែ​រៀន​ពី​របៀប​រស់​នៅ និង​អរ​សប្បាយ​នឹង​ជីវិត​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​នឹង​រៀន​នូវ​របៀប​ស្រឡាញ់​ព្រះ​ដ៏​ជា​អ្នក​បង្កើត​ជីវិត​ទៀត​ផង។

ដោយ​ការ​ដើរ​តាម​ផ្លូវ​បែប​នេះ ព្រះ​គម្ពីរ​នឹង​ទៅ​ជា​មាន​ន័យ​ច្រើន​ជាង មិន​គ្រាន់​តែ​ជា​សៀវភៅ​ដ៏​ល្អ​តែ​ប៉ុណ្ណោះ​ទេ ចំពោះ​មនុស្ស​រាប់​លាន​នាក់​ឯ​ទៀត។ ព្រះ​គម្ពីរ​ពិត​ជា​នឹង​ទៅ​ជា​សៀវភៅ​សំរាប់​ការ​រស់​នៅ​មែន!

[រូប​ភាព​នៅ​ទំព័រ​៦]

ព្រះ​គម្ពីរ​ជួយ​ពង្រឹង​ការ​តាំង ចិត្ត​របស់​ខ្លួន​ដើម្បី​ឈ្នះ​លើ​ទម្លាប់​អាក្រក់

[រូប​ភាព​នៅ​ទំព័រ​៧]

ព្រះ​គម្ពីរ​បង្រៀន​អ្នក​ឲ្យ​ចេះ​ចូល​ទៅ​ជិត​នឹង​ព្រះ