លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

រក្សាជំហរឲ្យបានពេញខ្នាត ទាំងមានជំនឿដ៏មុតមាំ

រក្សាជំហរឲ្យបានពេញខ្នាត ទាំងមានជំនឿដ៏មុតមាំ

រក្សា​ជំហរ​ឲ្យ​បាន​ពេញ​ខ្នាត ទាំង​មាន​ជំនឿ​ដ៏​មុត​មាំ

«គាត់​ខំ​ប្រឹង​អធិស្ឋាន​ជា​និច្ច ឲ្យ​អ្នក​រាល់​គ្នា​រក្សា​ជំហរ​ឲ្យ​បាន​ពេញ​ខ្នាត ទាំង​មាន​ជំនឿ​ដ៏​មុត​មាំ​ចំពោះ​ព្រះ​ហឫទ័យ​នៃ​ព្រះ គ្រប់​ជំពូក»។—កូល៉ុស ៤:១២, ព.ថ.

១, ២. (ក) តើ​ពួក​អ្នក​ដែល​មិន​កាន់​សាសនា​គ្រីស្ទាន​បាន​កត់​សម្គាល់​អ្វី​ស្តី​អំពី​ពួក​គ្រីស្ទាន​សម័យ​ដើម? (ខ) តើ​សៀវភៅ​កូល៉ុស បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច?

 ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ បាន​ចាប់​អារម្មណ៍​យ៉ាង​ជ្រាល​ជ្រៅ​នឹង​ពួក​អ្នក​ថ្វាយ​បង្គំ​គ្នី​គ្នា។ លោក​ធើធូលាន (អ្នក​និពន្ធ​នៅ​សតវត្ស​ទី​ពីរ​និង​ទី​បី ស.យ.) បាន​ប្រាប់​អំពី​សេចក្ដី​សប្បុរស ដែល​ពួក​គេ​បាន​បង្ហាញ​ដល់​ក្មេង​កំព្រា អ្នក​ក្រី​ក្រ និង​មនុស្ស​ចាស់​ជរា។ ទី​សំអាង​នៃ​សេចក្ដី​ស្រឡាញ់​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ឥត​ជឿ​ព្រះ​មាន​ចិត្ត​អស្ចារ្យ​ដល់​ម្ល៉េះ ដែល​អ្នក​ខ្លះ​បាន​និយាយ​អំពី​ពួក​គ្រីស្ទាន​ថា ‹ឃើញ​នូវ​របៀប​ដែល​គេ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក›។

សៀវភៅ​កូល៉ុស​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​បែប​នេះ ដោយ​សាវ័ក​ប៉ុល​និង​គូកន​របស់​គាត់​អេប៉ាប្រាស ធ្វើ​ចំពោះ​បង​ប្អូន​ប្រុស​ស្រី​នៅ​ទី​ក្រុង​កូល៉ុស។ ប៉ុល​បាន​សរសេរ​ជូន​ពួក​គេ​ថា៖ អេប៉ាប្រាស«គាត់​ខំ​ប្រឹង​អធិស្ឋាន​ជា​និច្ច ឲ្យ​អ្នក​រាល់​គ្នា​រក្សា​ជំហរ​ឲ្យ​បានពេញ​ខ្នាត ទាំង​មាន​ជំនឿ​ដ៏​មុត​មាំ​ចំពោះ​ព្រះ​ហឫទ័យ​នៃ​ព្រះ គ្រប់​ជំពូក»។ ក្នុង​កំឡុង​ឆ្នាំ​២០០១ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នឹង​មាន​ខ​គម្ពីរ​ប្រចាំ​ឆ្នាំ​ដោយ​ប្រើ​ពាក្យ​ទាំង​នេះ​ពី​កូល៉ុស ៤:១២ ដែល​ថា៖ «រក្សា​ជំហរ​ឲ្យ​បាន​ពេញ​ខ្នាត ទាំង​មាន​ជំនឿ​ដ៏​មុត​មាំ​ចំពោះ​ព្រះ​ហឫទ័យ​នៃ​ព្រះ គ្រប់​ជំពូក»។

៣. តើ​អេប៉ាប្រាស​បាន​អធិស្ឋាន​សុំ​របស់​ពីរ​យ៉ាង​អ្វី?

អ្នក​អាច​ឃើញ​ថា សេចក្ដី​អធិស្ឋាន​របស់​អេប៉ាប្រាស​ចំពោះ​ពួក​ស្ងួន​ភ្ងា​របស់​គាត់ គឺ​មាន​ទិដ្ឋភាព​ពីរ​យ៉ាង៖ (១) គឺ​ឲ្យ​ពួក​គេ​មាន«ជំហរ​ឲ្យ​បាន​ពេញ​ខ្នាត» និង (២) គឺ​ឲ្យ​ពួក​គេ«មាន​ជំនឿ​ដ៏​មុត​មាំ​ចំពោះ​ព្រះ​ហឫទ័យ​នៃ​ព្រះ គ្រប់​ជំពូក»។ ពត៌មាន​នេះ​បាន​រួម​បញ្ចូល​ក្នុង​បទ​គម្ពីរ សំរាប់​ជា​ប្រយោជន៍​ដល់​យើង។ ដូច្នេះ​សូម​សួរ​ខ្លួន​អ្នក​ចុះ ‹តើ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​អ្វី​ផ្ទាល់​ខ្លួន ដើម្បី​រក្សា​ជំហរ​ឲ្យ​បាន​ពេញ​ខ្នាត ទាំង​មាន​ជំនឿ​ដ៏​មុត​មាំ​ចំពោះ​ព្រះ​ហឫទ័យ​នៃ​ព្រះ គ្រប់​ជំពូក​នោះ? ហើយ​កាល​ដែល​ខ្ញុំ​ធ្វើ​អ៊ីចឹង តើ​នឹង​មាន​លទ្ធផល​យ៉ាង​ណា?›។ សូម​ឲ្យ​យើង​ពិនិត្យ​មើល។

ខំ​ប្រឹង​ឲ្យ​មាន«ជំហរ​បាន​ពេញ​ខ្នាត»

៤. តើ​ពួក​កូល៉ុស​ត្រូវ​ការ​ឲ្យ​បាន«ពេញ​ខ្នាត»ក្នុង​ន័យ​យ៉ាង​ណា?

អេប៉ាប្រាស​បាន​មាន​សេចក្ដី​ប្រាថ្នា​ជា​ខ្លាំង​ឲ្យ​បង​ប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ ដែល​រស់​នៅ​ទី​ក្រុង​កូល៉ុស«រក្សា​ជំហរ​ឲ្យ​បាន​ពេញ​ខ្នាត»។ ពាក្យ​ដែល​ប៉ុល​បាន​ប្រើ ដែល​បាន​បក​ស្រាយ​នៅ​ទី​នេះ​ថា«ពេញ​ខ្នាត» ក៏​អាច​មាន​ន័យ​ថា​គ្រប់ល័ក្ខណ៍ ពេញ​វ័យ ឬ​ដែល​មាន​គំនិត​ចាស់​ទុំ។ (ម៉ាថាយ ១៩:២១; ហេព្រើរ ៥:១៤; យ៉ាកុប ១:៤, ២៥) អ្នក​ប្រហែល​ជា​ដឹង​ថា ទោះ​ជា​បុគ្គល​ម្នាក់​ជា​ស្មរបន្ទាល់​របស់​ព្រះ​យេហូវ៉ា ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ​ក៏​ដោយ ក៏​មិន​មែន​បាន​សេចក្ដី​ថា គាត់​ជា​គ្រីស្ទាន​ពេញ​វ័យ​នោះ​ទេ។ ប៉ុល​បាន​សរសេរ​ទៅ​ពួក​អេភេសូរ ដែល​រស់​នៅ​ខាង​លិច​ទី​ក្រុង​កូល៉ុស​ដែល​ថា ពួក​អ្នក​គង្វាល​និង​ពួក​គ្រូ​ខំ​ប្រឹង​ជួយ​ឲ្យ«យើង​រាល់​គ្នា​បាន​រួប​រួម ខាង​ឯ​សេចក្ដី​ជំនឿ​រួច​ជា​ស្រេច ហើយ​បាន​ស្គាល់​ព្រះ​រាជបុត្រា​នៃ​ព្រះ ដូច​គ្នា​ទាំង​អស់ គឺ​ដល់​បាន​ពេញ​ជា​មនុស្ស ហើយ​ដល់​ខ្នាត​កំពស់​នៃ​សេចក្ដី​ពោរ​ពេញ​ផង​ព្រះ​គ្រីស្ទ»។ នៅ​កន្លែង​ផ្សេង​ៗ​ទៀត ប៉ុល​បាន​ដាស់​តឿន​ពួក​គ្រីស្ទាន​ឲ្យ«ចេះ​គិត​អោយ​សម​ជា​មនុស្ស​ពេញ​វ័យ»។—អេភេសូរ ៤:៨​-​១៣; កូរិនថូស​ទី​១ ១៤:២០, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

៥. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ធ្វើ​ឲ្យ​មាន​ភាព​ពេញ​ខ្នាត ដែល​ជា​គោល​ដៅ​ដ៏​សំខាន់​នោះ?

បើ​សិន​ជា​ពួក​អ្នក​ខ្លះ​នៅ​ទី​ក្រុង​កូល៉ុស មិន​ទាន់​ពេញ​វ័យ​ឬ​មិន​មាន​គំនិត​ចាស់​ទុំ​ខាង​វិញ្ញាណ​ទេ នោះ​ត្រូវ​ជា​គោល​ដៅ​របស់​គេ​វិញ។ តើ​នេះ​មិន​គួរ​ជា​អ៊ីចឹង​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ​ទេ​ឬ? មិន​ថា​យើង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​ច្រើន​ទសវត្ស​មក​ហើយ ឬ​នៅ​ពេល​ថ្មី​ៗ​នេះ​ក៏​ដោយ តើ​យើង​អាច​ឃើញ​យ៉ាង​ច្បាស់​ថា​យើង​បាន​លូត​លាស់ ស្តី​អំពី​សមត្ថភាព​ខាង​ការ​វែក​ញែក​និង​ទស្សនៈ​របស់​យើង​ទេ? តើ​យើង​ពិនិត្យ​មើល​គោល​ការណ៍​ព្រះ​គម្ពីរ មុន​នឹង​យើង​ធ្វើ​ការ​សម្រេច​ទេ? តើ​រឿង​ដែល​ទាក់​ទង​នឹង​ព្រះ និង​ផល​ប្រយោជន៍​ខាង​ក្រុម​ជំនុំ មាន​មុខ​នាទី​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ជីវិត​របស់​យើង ជា​ជាង​កើត​ឡើង​ដោយ​ចៃដន្យ​ទេ? នៅ​ទី​នេះ យើង​មិន​អាច​ពន្យល់​នូវ​វិធី​គ្រប់​យ៉ាង ដែល​យើង​អាច​បង្ហាញ​នូវ​ការ​រីក​ចំរើន​ដែល​ឆ្ពោះ​ទៅ​ភាព​ពេញ​ខ្នាត​ទេ ប៉ុន្តែ​សូម​ពិចារណា​មើល​នូវ​ឧទាហរណ៍​ពីរ​នេះ។

៦. តើ​អ្វី​ជា​ផ្នែក​មួយ​ដែល​បុគ្គល​ម្នាក់​អាច​មាន​ការ​លូត​លាស់​ឲ្យ​បាន​គ្រប់ល័ក្ខណ៍ ដូច​ជា​ព្រះ​យេហូវ៉ា​ជា​បុគ្គល​គ្រប់ល័ក្ខណ៍​នោះ?

ឧទាហរណ៍​ទី​មួយ ឧបមា​ថា​យើង​បាន​ធំ​ឡើង​ក្នុង​បរិយាកាស ដែល​ពេញ​ដោយ​ការ​ប្រកាន់​សាសន៍​ឬ​ការ​ស្អប់​ចំពោះ​ជាតិ​សាសន៍ សញ្ជាតិ ឬ​ក៏​តំបន់​ផ្សេង​ៗ។ ឥឡូវ​នេះ យើង​ដឹង​ថា ព្រះ​មិន​រើស​មុខ​ឡើយ ហើយ​យើង​ក៏​មិន​គួរ​រើស​មុខ​ដែរ។ (កិច្ច​ការ ១០:១៤, ១៥, ៣៤, ៣៥) នៅ​ក្នុង​ក្រុម​ជំនុំ​ឬ​ក៏​មណ្ឌល​របស់​យើង គឺ​មាន​បុគ្គល​ដែល​មក​ពី​សាសន៍ផ្សេង​ៗ​នោះ ដូច្នេះ​យើង​នៅ​ជុំ​វិញ​គេ។ ក៏​ប៉ុន្តែ តើ​ដល់​កំរិត​ណា​ដែល​យើង​មាន​អារម្មណ៍​អវិជ្ជមាន ឬ​សង្ស័យ​នឹង​មនុស្ស​ដែល​មក​ពី​សាសន៍​នោះ? តើ​យើង​មាន‹អាកប្បកិរិយា​ដែល​រក​រឿង​ប្រទូស› ដោយ​រហ័ស​នឹង​គិត​ថា​មាន​អ្វី​ដ៏​អវិជ្ជមាន បើ​សិន​ជា​បុគ្គល​ពី​សាសន៍​នោះ​ធ្វើ​ខុស ឬ​ធ្វើ​ឲ្យ​យើង​អាក់​អន់​ចិត្ត​តាម​របៀប​ដ៏​តូច​ណា​មួយ​ឬ? សូម​សួរ​ខ្លួន​អ្នក​មើល ‹តើ​ខ្ញុំ​ត្រូវ​តែ​ខំ​ប្រឹង​លូត​លាស់​ច្រើន​ទៀត​ឲ្យ​មាន​ទស្សនៈ​ដ៏​ឥត​រើស​មុខ​ដូច​ព្រះ​បាន​ទេ?›។

៧. ដើម្បី​ឲ្យ​បាន​ពេញ​ខ្នាត​ជា​គ្រីស្ទាន​ម្នាក់ តើ​នោះ​ប្រហែល​ជា​ទាក់​ទង​នឹង​ការ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្នក​ដទៃ?

ឧទាហរណ៍​ទី​ពីរ យោង​ទៅ​តាម​ភីលីព ២:៣ យើង​គួរ​តែ«កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់​ទែង​គ្នា ឬ​ដោយ​សេចក្ដី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ»។ តើ​យើង​មាន​ការ​លូត​លាស់​យ៉ាង​ណា​ដែរ​ក្នុង​ករណី​នេះ? បុគ្គល​ម្នាក់​ៗ​មាន​ភាព​ទន់​ខ្សោយ​ផ្សេង​ៗ​និង​មាន​ភាព​ខ្លាំង​ផ្សេង​ៗ។ បើ​ពី​មុន យើង​ធ្លាប់​រហ័ស​មើល​ឃើញ​ចំណុច​ខ្សោយ​របស់​អ្នក​ដទៃ តើ​យើង​បាន​លូត​លាស់ លែង​តម្រូវ​ឲ្យ​គេ​សឹង​តែ«គ្រប់ល័ក្ខណ៍»ឬ​ទេ? (យ៉ាកុប ៣:២) ឥឡូវ​នេះ ជាង​មុន​ៗ​ទៅ​ទៀត តើ​យើង​អាច​មើល​ឃើញ​បែប​ហ្នឹង ដោយ​រាប់​ទុក​អ្នក​ដទៃ​ថា​ប្រសើរ​ជាង​យើង​ឬ​ទេ? ‹ខ្ញុំ​ត្រូវ​តែ​សារភាព​ថា បង​ស្រី​នេះ​គឺ​ប្រសើរ​ជាង​ខ្ញុំ ដោយ​មាន​ចិត្ត​អត់​ធ្មត់›។ ‹បុគ្គល​នោះ​បង្ហាញ​នូវ​ជំនឿ​ដែល​ប្រកប​ដោយ​សុទិដ្ឋិនិយម​ច្រើន​ជាង›។ ‹បើ​និយាយ​ឲ្យ​ចំ​ទៅ គាត់​ជា​គ្រូ​បង្រៀន​ដ៏​ប្រសើរ​ជាង​ខ្ញុំ›។ ‹នាង​គឺ​ល្អ​ប្រសើរ​ជាង​ខ្ញុំ​ក្នុង​ការ​ចេះ​ទប់​កំហឹង›។ ប្រហែល​ជា​ពួក​ខ្លះ​នៅ​ទី​ក្រុង​កូល៉ុស​ត្រូវ​ការ​លូត​លាស់​ក្នុង​ករណី​នេះ។ ចុះ​ចំណែក​យើង​វិញ​នោះ?

៨, ៩. (ក) តើ​ក្នុង​ន័យ​យ៉ាង​ណា ដែល​អេប៉ាប្រាស​បាន​អធិស្ឋាន​ឲ្យ​ពួក​អ្នក​នៅ​ក្រុង​កូល៉ុស​ឲ្យ«មាន​ជំហរ»ពេញ​ខ្នាត​នោះ? (ខ) តើ‹ការ​មាន​ជំហរ​ឲ្យ​បាន​ពេញ​ខ្នាត› បាន​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អនាគត?

អេប៉ាប្រាស​បាន​អធិស្ឋាន​ឲ្យ​ពួក​អ្នក​នៅ​ទី​ក្រុង​កូល៉ុស «រក្សា​ជំហរ​ឲ្យ​បាន​ពេញ​ខ្នាត»។ យ៉ាង​ច្បាស់​ណាស់ អេប៉ាប្រាស​បាន​អធិស្ឋាន​ទៅ​ព្រះ ថា​ដល់​កំរិត​ណា​ដែល​ពួក​កូល៉ុស​បាន​ពេញ​ខ្នាត មាន​គំនិត​ចាស់​ទុំ និង​ពេញ​វ័យ​ជា​គ្រីស្ទាន នោះ​ពួក​គេ​នឹង«មាន​ជំហរ» ឬ​រក្សា​ឲ្យ​មាន​គំនិត​ចាស់​ទុំ​បាន។

យើង​មិន​អាច​សន្មត​ថា បុគ្គល​ម្នាក់​ដែល​ក្លាយ​ទៅ​ជា​គ្រីស្ទាន សូម្បី​តែ​ពួក​អ្នក​ដែល​មាន​គំនិត​ចាស់​ទុំ នឹង​ខំ​ប្រឹង​រក្សា​ឲ្យ​មាន​សភាព​បែប​នេះ​បាន​ទេ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា បុត្រ​របស់​ព្រះ​ដ៏​ជា​ទេវតា​មួយ​រូប«មិន​បាន​នៅ​ជាប់​ក្នុង​សេចក្ដី​ពិត»។ (យ៉ូហាន ៨:៤៤) ហើយ​ប៉ុល​បាន​រំឭក​ពួក​អ្នក​នៅ​ក្រុង​កូរិនថូស​អំពី​បុគ្គល​ខ្លះ​ៗ​ដែល​នៅ​សម័យ​ដើម បាន​បំរើ​ព្រះ​យេហូវ៉ា​អស់​មួយ​រយៈ ប៉ុន្តែ​ក្រោយ​មក ក៏​លែង​ធ្វើ​ត​ទៅ​ទៀត។ គាត់​បាន​ព្រមាន​បង​ប្អូន​ដែល​បាន​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​ថា៖ «អ្នក​ណា​ដែល​ស្មាន​ថា​ខ្លួន​ឈរ នោះ​ត្រូវ​ប្រយ័ត ក្រែង​លោ​ដួល»។ (កូរិនថូស​ទី​១ ១០:១២) នេះ​បន្ថែម​នូវ​ទម្ងន់​នឹង​សេចក្ដី​អធិស្ឋាន​នេះ ដែល​ថា​ឲ្យ​ពួក​កូល៉ុស«រក្សា​ជំហរ​ឲ្យ​បាន​ពេញ​ខ្នាត»។ កាល​ណា​ពួក​គេ​បាន​ទៅ​ជា​ពេញ​ខ្នាត ពេញ​វ័យ នោះ​ពួក​គេ​ត្រូវ​តែ​ខំ​ព្យាយាម មិន​មែន​ថយ​ទៅ​វិញ ទៅ​ជា​អស់​កម្លាំង ឬ​រសាត់​ចេញ​នោះ​ទេ។ (ហេព្រើរ ២:១; ៣:៧; ៦:៦; ១០:៣៩; ១២:២៥) អ៊ីចឹង​ហើយ ពួក​គេ​នឹង​បាន«ពេញ​ខ្នាត»ក្នុង​ថ្ងៃ​ចំពោះ​ការ​មក​ពិនិត្យ​មើល​របស់​គេ និង​ការ​យល់​ព្រម​ផ្ដាច់​ព្រាត់​នោះ។—កូរិនថូស​ទី​២ ៥:១០; ពេត្រុស​ទី​១ ២:១២

១០, ១១. (ក) តើ​អេប៉ាប្រាស​បាន​ទុក​គំរូ​អ្វី​សំរាប់​យើង​ស្តី​អំពី​សេចក្ដី​អធិស្ឋាន? (ខ) ស្រប​ទៅ​តាម​អ្វី​ដែល​អេប៉ាប្រាស​បាន​ធ្វើ តើ​អ្នក​តាំង​ចិត្ត​ចង់​ធ្វើ​អ្វី?

១០ យើង​បាន​ពិគ្រោះ​រួច​ហើយ​នូវ​សារៈ​សំខាន់​នៃ​ការ​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ ដោយ​ប្រើ​ឈ្មោះ ដោយ​និយាយ​ចំ​ៗ​ក្នុង​ការ​ទូល​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​គេ សម្រាល​ទុក្ខ​គេ ប្រទាន​ពរ​ឲ្យ​គេ និង​ប្រទាន​ឲ្យ​គេ​នូវ​វិញ្ញាណ​បរិសុទ្ធ។ សេចក្ដី​អធិស្ឋាន​របស់​អេប៉ាប្រាស​សំរាប់​ពួក​កូល៉ុស គឺ​មាន​សភាព​បែប​នោះ។ ហើយ​យើង​អាច​ធ្វើ​ដូច​នេះ​បាន តាម​ការ​ពិត យើង​គួរ​តែ​រក​នៅ​ក្នុង​ពាក្យ​របស់​អេប៉ាប្រាស​ទាំង​នោះ​នូវ​យោបល់​ដ៏​មាន​តម្លៃ អំពី​អ្វី​ដែល​យើង​អាច​ទូល​ព្រះ​យេហូវ៉ា តាម​រយៈ​សេចក្ដី​អធិស្ឋាន​អំពី​ខ្លួន​យើង។ យ៉ាង​ប្រាកដ​ហើយ យើង​គួរ​តែ​ទូល​សុំ​ជំនួយ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​មាន​គោល​ដៅ​ប្រព្រឹត្ត​អ៊ីចឹង ដែល​យើង​ម្នាក់​ៗ​នឹង«រក្សា​ជំហរ​ឲ្យ​បាន​ពេញ​ខ្នាត»។ តើ​អ្នក​ធ្វើ​អ៊ីចឹង​ឬ​ទេ?

១១ ម្ដេច​ក៏​មិន​រៀប​រាប់​ស្ថានការណ៍​របស់​អ្នក​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ទៅ? ចូរ​ទូល​ប្រាប់​ព្រះ​អំពី​កំរិត​ដែល​អ្នក​បាន​លូត​លាស់​ឲ្យ​បាន«ពេញ​ខ្នាត» ពេញ​វ័យ ហើយ​មាន​គំនិត​ចាស់​ទុំ​នោះ។ សូម​អង្វរ​ទ្រង់​ឲ្យ​ជួយ​អ្នក​ទទួល​ស្គាល់​នូវ​ផ្នែក​ណា ដែល​អ្នក​មិន​ទាន់​បាន​លូត​លាស់​ខាង​វិញ្ញាណ​នោះ។ (ទំនុកដំកើង ១៧:៣; ១៣៩:២៣, ២៤) យ៉ាង​ប្រាកដ​ណាស់ អ្នក​មាន​ចំណុច​ខ្លះ​បែប​នេះ​ហើយ។ ក្រោយ​មក ជា​ជាង​ទៅ​ជា​ធ្លាក់​ទឹក​ចិត្ត​ដោយ​ព្រោះ​រឿង​នេះ សូម​ទូល​អង្វរ​ព្រះ​ឲ្យ​បាន​ច្បាស់​លាស់ ដោយ​ចំ​ៗ​ចំពោះ​ជំនួយ​ឲ្យ​បាន​លូត​លាស់​នោះ។ ចូរ​ធ្វើ​អ៊ីចឹង​ច្រើន​ជាង​មួយ​ដង។ តាម​ការ​ពិត ម្ដេច​ក៏​មិន​តាំង​ចិត្ត​ថា សប្ដាហ៍​ខាង​មុខ​នេះ អ្នក​នឹង​អធិស្ឋាន​អស់​រយៈ​យូរ​ថា អ្នក​នឹង​មាន«ជំហរ​ឲ្យ​បាន​ពេញ​ខ្នាត»។ ហើយ​រៀបចំ​ដើម្បី​ធ្វើ​អ៊ីចឹង​ឲ្យ​បាន​ច្រើន កាល​ដែល​អ្នក​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ។ ក្នុង​សេចក្ដី​អធិស្ឋាន​របស់​អ្នក ប្រុង​ស្មារតី​លើ​ការ​ទោរ​ទន់​ដែល​អ្នក​ប្រហែល​ជា​មាន​ក្នុង​ការ​ថយ​ចេញ ទៅ​ជា​អស់​កម្លាំង ឬ​ក៏​រសាត់​ចេញ​ពី​កិច្ច​បំរើ​ព្រះ​និង​របៀប​ដែល​អ្នក​អាច​ជៀស​វាង​ពី​ការ​ធ្វើ​អ៊ីចឹង។—អេភេសូរ ៦:១១, ១៣, ១៤, ១៨

អធិស្ឋាន​សុំ​ជំនឿ​ដ៏​មុត​មាំ

១២. ជា​ពិសេស តើ​ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​នៅ​ក្រុង​កូល៉ុស​ត្រូវ​ការ«មាន​ជំនឿ​ដ៏​មុត​មាំ»?

១២ អេប៉ាប្រាស​ក៏​បាន​អធិស្ឋាន​សុំ​របស់​មួយ​ទៀត​ដែល​មាន​សារៈ​សំខាន់ បើ​ពួក​អ្នក​នៅ​ក្រុង​កូល៉ុស​ចង់​រក្សា​ជំហរ​ឲ្យ​មាន​ការ​យល់​ព្រម​ពី​ព្រះ​នោះ។ នេះ​គឺ​ជា​ការ​ចាំ​បាច់​ចំពោះ​យើង​រាល់​គ្នា​ដែរ។ តើ​នោះ​ជា​អ្វី​ទៅ? គាត់​បានអធិស្ឋាន​ឲ្យ​គេ«មាន​ជំនឿ​ដ៏​មុត​មាំ​ចំពោះ​ព្រះ​ហឫទ័យ​នៃ​ព្រះ គ្រប់​ជំពូក»។ ពួក​គេ​បាន​ត្រូវ​ព័ទ្ធ​ជុំ​វិញ​ដោយ​អ​ញ្ញ​មតិ និង​ទស្សនវិជ្ជា​ដ៏​ស៊ី​រូង ហើយ​ខ្លះ​មាន​អាការ​ដែល​ឆបោក​ខាង​ការ​ថ្វាយ​បង្គំ​ពិត។ ជា​ឧទាហរណ៍ ពួក​គេ​បាន​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ពិធី​បុណ្យ​ចំពោះ​ថ្ងៃ​ពិសេស​ៗ ដែល​ស្តី​អំពី​ការ​តម និង​ពិធី​បុណ្យ​ដែល​ធ្លាប់​ត្រូវ​ការ​ជា​ចាំ​បាច់​នៅ​ក្នុង​ការ​ថ្វាយ​បង្គំ​របស់​សាសន៍​យូដា។ ពួក​គ្រូ​ក្លែង​ក្លាយ​ប្រុង​ស្មារតី​លើ​ពួក​ទេវតា គឺ​អស់​បុគ្គល​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា​ដែល​បាន​ប្រើ​ឲ្យ​ផ្ដល់​នូវ​ក្រិត្យ​វិន័យ​ដល់​លោក​ម៉ូសេ។ ចូរ​គិត​អំពី​ការ​នៅ​ក្រោម​អំណាច​នៃ​ការ​បង្ខិត​បង្ខំ​បែប​នោះ! គឺ​មាន​ការ​ខ្វែង​គំនិត​ជា​ច្រើន ដែល​នាំ​ឲ្យ​វង្វេង។—កាឡាទី ៣:១៩; កូល៉ុស ២:៨, ១៦​-​១៨

១៣. តើ​ការ​ទទួល​ស្គាល់​នូវ​កត្ដា​អ្វី ដែល​ជួយ​ពួក​អ្នក​នៅ​ក្រុង​កូល៉ុស ហើយ​តើ​នេះ​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

១៣ ប៉ុល​បាន​ផ្ដល់​ចម្លើយ​ដោយ​បញ្ជាក់​នូវ​មុខ​នាទី​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ «ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់ បែប​យ៉ាង​ណា នោះ​ចូរ​ដើរ​ក្នុង​ទ្រង់​តាម​បែប​យ៉ាង​នោះ​ចុះ ដោយ​បាន​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ទ្រង់ ទាំង​តាំង​នៅ​ខ្ជាប់​ខ្ជួន​ក្នុង​សេចក្ដី​ជំនឿ ដូច​ជា​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​ហើយ»។ ត្រូវ​ហើយ (ពួក​អ្នក​នៅ​ក្រុង​កូល៉ុស និង​យើង​ដែរ) គឺ​ត្រូវ​ការ​ឲ្យ​មាន​ជំនឿ​ដ៏​មុត​មាំ​លើ​មុខ​នាទី​របស់​ព្រះ​គ្រីស្ទ​ក្នុង​គោល​បំណង​របស់​ព្រះ និង​នៅ​ក្នុង​ជីវិត​របស់​យើង។ ប៉ុល​បាន​ពន្យល់​ថា៖ «ដ្បិត​មាន​គ្រប់​ទាំង​សេចក្ដី​ពោរ​ពេញ​របស់​ព្រះ សណ្ឋិត​នៅ​ក្នុង​ទ្រង់​ទាំង​មាន​រូប​អង្គ​ផង ហើយ​អ្នក​រាល់​គ្នា​ក៏​ពេញ​លេញ ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា​លើ​អស់​ទាំង​ពួក​គ្រប់​គ្រង នឹង​អំណាច​ទាំង​ប៉ុន្មាន»។—កូល៉ុស ២:៦​-​១០

១៤. ហេតុ​អ្វី​ក៏​សេចក្ដី​សង្ឃឹម​ជា​អ្វី​ដ៏​ពិត​ប្រាកដ​ចំពោះ​អស់​អ្នក​ដែល​នៅ​ទី​ក្រុង​កូល៉ុស?

១៤ ពួក​អ្នក​នៅ​ក្រុង​កូល៉ុស គឺ​ជា​ពួក​គ្រីស្ទាន​ដែល​បាន​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ។ ពួក​គេ​បាន​មាន​សេចក្ដី​សង្ឃឹម​ដ៏​ជាក់​លាក់ គឺ​ជីវិត​នៅ​ស្ថាន​សួគ៌ ហើយ​ពួក​គេ​មាន​មូលហេតុ​ក្នុង​ការ​រក្សា​ទុក​សេចក្ដី​សង្ឃឹម​នោះ​ឲ្យ​បាន​ភ្លឺ​ស្វាង។ (កូល៉ុស ១:៥) គឺ​ជា«ព្រះ​ហឫទ័យ​នៃ​ព្រះ» ដែល​ពួក​គេ​មាន​ជំនឿ​ដ៏​មុត​មាំ​អំពី​ភាព​ពិត​ប្រាកដ​នៃ​សេចក្ដី​សង្ឃឹម​របស់​គេ។ តើ​មាន​ពួក​គេ​ណា​ម្នាក់​គួរ​មាន​ចិត្ត​សង្ស័យ​អំពី​សេចក្ដី​សង្ឃឹម​នោះ​ឬ​ទេ? មិន​មាន​ទាល់​តែ​សោះ! តើ​សព្វ​ថ្ងៃ​នេះ​គួរ​មាន​ការ​ខុស​គ្នា​ឬ​ទេ ចំពោះ​អស់​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​នៃ​ជីវិត​លើ​ផែនដី​មនោរម្យ ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​នោះ? ប្រាកដ​ជា​មិន​អ៊ីចឹង​សោះ​ឡើយ! សេចក្ដី​សង្ឃឹម​ដ៏​ពិត​ប្រាកដ​នោះ ច្បាស់​ជា​រួម​បញ្ចូល«ព្រះ​ហឫទ័យ​នៃ​ព្រះ»។ ឥឡូវ​សូម​ពិនិត្យ​មើល​នូវ​សំនួរ​ដូច​ត​ទៅ​នេះ៖ បើ​សិន​ជា​អ្នក​កំពុង​តែ​ខំ​ឲ្យ​បាន​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម«ហ្វូង​ធំ» ដែល​នឹង​នៅ​រួច​រស់​ពី«សេចក្ដី​វេទនា​ជា​ខ្លាំង» តើ​សេចក្ដី​សង្ឃឹម​របស់​អ្នក​ពិត​យ៉ាង​ណា​ដែរ? (វិវរណៈ ៧:៩, ១៤) តើ​សេចក្ដី​សង្ឃឹម​នេះ​ជា​ផ្នែក​នៃ«ជំនឿ​ដ៏​មុត​មាំ​ចំពោះ​ព្រះ​ហឫទ័យ​នៃ​ព្រះ គ្រប់​ជំពូក»ឬ​ទេ?

១៥. តើ​ប៉ុល​បាន​រៀប​រាប់​ចំណុច​អ្វី​ជា​លំដាប់ ដែល​បាន​រួម​បញ្ចូល​នឹង​សេចក្ដី​សង្ឃឹម?

១៥ ដោយ«សេចក្ដី​សង្ឃឹម» នោះ​យើង​មិន​មែន​មាន​ន័យ​ថា​មាន​សេចក្ដី​ប្រាថ្នា​ដ៏​ស្រ​ពិច​ស្រពិល ឬ​ក៏​ការ​មាន​គំនិត​រវើ​រវាយ​នោះ​ទេ។ យើង​អាច​យល់​អ៊ីចឹង​ពី​ចំណុច​ជា​លំដាប់ ដែល​ប៉ុល​បាន​បង្ហាញ​ជា​មុន​ជូន​ពួក​អ្នក​នៅ​ទី​ក្រុង​រ៉ូម។ ក្នុង​ចំណុច​ជា​បន្ត​បន្ទាប់​នោះ របស់​និមួយ​ៗ​ដែល​បាន​រៀប​រាប់ គឺ​ភ្ជាប់​ទៅ​នឹង ឬ​ក៏ នាំ​ទៅ​ដល់​ចំណុច​មួយ​ទៀត។ សូម​កត់​សម្គាល់​ថា ប៉ុល​បាន​រៀប​រាប់​ពី«សេចក្ដី​សង្ឃឹម» ជា​ចំណុច​ទី​ប៉ុន្មាន ក្នុង​ការ​វែក​ញែក​របស់​គាត់ ដោយ​ចែង​ថា៖ «យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្ដី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្ដី​ទ្រាំ​ទ្រ សេចក្ដី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្ដី​ស៊ាំ​ថ្នឹក សេចក្ដី​ស៊ាំ​ថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្ដី​សង្ឃឹម ឯ​សេចក្ដី​សង្ឃឹម​ក៏​មិន​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស​ឡើយ ពីព្រោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុង​ចិត្ត​យើង​រាល់​គ្នា ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ»។—រ៉ូម ៥:៣​-​៥

១៦. កាល​ដែល​អ្នក​បាន​រៀន​អំពី​សេចក្ដី​ពិត​នោះ តើ​អ្នក​បាន​ទទួល​នូវ​សេចក្ដី​សង្ឃឹម​អ្វី?

១៦ នៅ​ពេល​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា បាន​ចែក​ប្រាប់​សារ​ព្រះ​គម្ពីរ​ជា​មួយ​អ្នក​ជា​លើក​ដំបូង នោះ​អ្នក​ប្រហែល​ជា​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ពិត​ណា​មួយ ដូច​ជា​ស្ថានភាព​នៃ​មនុស្ស​ស្លាប់ ឬ​អំពី​ដំណើរ​រស់​ឡើង​វិញ។ ចំពោះ​មនុស្ស​ជា​ច្រើន ការ​យល់​ដឹង​ជា​លើក​ដំបូង​ដ៏​សំខាន់​បំផុត គឺ​ពី​លទ្ធភាព​នៃ​ជីវិត​លើ​ផែនដី​មនោរម្យ ដែល​មាន​មូលដ្ឋាន​ពី​ព្រះ​គម្ពីរ។ ចូរ​នឹក​ចាំ​ពី​ពេល​ដែល​អ្នក​បាន​ឮ​ជា​លើក​ដំបូង​អំពី​សេចក្ដី​បង្រៀន​នោះ។ ជីវិត​លើ​ផែនដី​មនោរម្យ​នោះ ជា​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​មែន! ដែល​ជម្ងឺ​និង​អាយុ​ចាស់​ជរា​នឹង​លែង​មាន​ទៀត អ្នក​អាច​រស់​នៅ​ជា​រហូត ដោយ​ទទួល​នូវ​ផល​នៃ​ការ​ធ្វើ​របស់​អ្នក ហើយ​និង​មាន​ភាព​សុខ​សាន្ត​ជា​មួយ​សត្វ​ដែរ។ (សាស្ដា ៩:៥, ១០; អេសាយ ៦៥:១៧​-​២៥; យ៉ូហាន ៥:២៨, ២៩; វិវរណៈ ២១:៣, ៤) អ្នក​បាន​ទទួល​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​មែន!

១៧, ១៨. (ក) តើ​ចំណុច​ជា​លំដាប់​ដែល​ប៉ុល​បាន​រៀប​រាប់​ជូន​ពួក​អ្នក​នៅ​ទី​ក្រុង​រ៉ូម បាន​នាំ​ទៅ​ដល់​សេចក្ដី​សង្ឃឹម​យ៉ាង​ដូច​ម្ដេច? (ខ) តើ​រ៉ូម ៥:៤, ៥ សំដៅ​ទៅ​សេចក្ដី​សង្ឃឹម​យ៉ាង​ណា ហើយ​តើ​អ្នក​មាន​សេចក្ដី​សង្ឃឹម​បែប​នោះ​ឬ​ទេ?

១៧ ក្រោយ​មក អ្នក​ប្រហែល​ជា​បាន​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​ឬ​ការ​បៀត​បៀន​ខ្លះ​ៗ។ (ម៉ាថាយ ១០:៣៤​-​៣៩; ២៤:៩) សូម្បី​តែ​នៅ​ពេល​ថ្មី​ៗ​នេះ ពួក​ស្មរបន្ទាល់​នៅ​ប្រទេស​ផ្សេង​ៗ មាន​គេ​ចូល​លួច​ប្លន់​ផ្ទះ​របស់​ខ្លួន ឬ​បាន​ត្រូវ​ជំរុញ​ឲ្យ​ទៅ​ជា​ជន​ភៀស​ខ្លួន។ ពួក​ស្មរបន្ទាល់​ខ្លះ​បាន​ត្រូវ​គេ​វាយ​តប់ បាន​ត្រូវ​គេ​រឹប​អូស​យក​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​ខ្លួន ឬ​មាន​សេចក្ដី​រាយ​ការណ៍​ដ៏​កុហក​តាម​គ្រឿង​ផ្សាយ​ពត៌មាន​អំពី​ពួក​គេ។ ទោះ​ជា​អ្នក​បាន​ប្រឈម​មុខ​នឹង​បែប​បទ​នៃ​ការ​បៀត​បៀន​ណា​ក៏​ដោយ ដូច​ជា​រ៉ូម ៥:៣ ចែង​មក អ្នក​អាច​អរ​សប្បាយ​នឹង​សេចក្ដី​វេទនា ហើយ​នេះ​បាន​នាំ​ឲ្យ​មាន​ផល​ល្អ។ ដូច​ជា​ប៉ុល​បាន​សរសេរ​មក សេចក្ដី​វេទនា​បាន​នាំ​ឲ្យ​អ្នក​ចេះ​ស៊ូ​ទ្រាំ។ រួច​មក ការ​ស៊ូ​ទ្រាំ​បាន​នាំ​ឲ្យ​មាន​ការ​យល់​ព្រម។ អ្នក​បាន​ដឹង​ថា អ្នក​បាន​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ គឺ​ជា​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ ដូច្នេះ​អ្នក​មាន​អារម្មណ៍​យ៉ាង​ប្រាកដ​ថា អ្នក​មាន​ការ​យល់​ព្រម​ពី​ទ្រង់។ តាម​ពាក្យ​សំដី​របស់​ប៉ុល អ្នក​ដឹង​ថា​អ្នក​នៅ​ក្នុង‹សភាព​ដែល​មាន​ការ​យល់​ព្រម›។ ប៉ុល​បាន​សរសេរ​ជា​បន្ត​ថា«សេចក្ដី​ស៊ាំ​ថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្ដី​សង្ឃឹម»។ នោះ​ប្រហែល​ហាក់​ដូច​ជា​ចម្លែក។ ហេតុ​អ្វី​ក៏​ប៉ុល​បាន​រៀប​រាប់​អំពី«សេចក្ដី​សង្ឃឹម»ជា​ចំណុច​ក្រោយ​គេ​អ៊ីចឹង? តើ​អ្នក​មិន​មាន​សេចក្ដី​សង្ឃឹម​ជា​យូរ​មក​ហើយ ពេល​ដែល​អ្នក​បាន​ឮ​ដំណឹង​ល្អ​ជា​លើក​ដំបូង​ទេ​ឬ?

១៨ យ៉ាង​ច្បាស់​ណាស់ នៅ​ទី​នេះ​ប៉ុល​មិន​សំដៅ​ទៅ​អារម្មណ៍​ដំបូង​នៃ​សេចក្ដី​សង្ឃឹម​អំពី​ជីវិត​ដ៏​គ្រប់ល័ក្ខណ៍​ឡើយ។ អ្វី​ដែល​គាត់​បាន​សំដៅ​ទៅ គឺ​មាន​ហួស​ពី​នោះ​ទៅ​ទៀត គឺ​មាន​ជំរៅ​ជ្រៅ​ជាង ហើយ​ជំរុញ​ទឹក​ចិត្ត​ជាង។ នៅ​ពេល​ដែល​យើង​ស៊ូ​ទ្រាំ​ដោយ​ស្មោះ​ត្រង់ ហើយ​ដឹង​ថា​យើង​មាន​ការ​យល់​ព្រម​ពី​ព្រះ នេះ​មាន​អានុភាព​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​ការ​បន្ថែម និង​ពង្រឹង​សេចក្ដី​សង្ឃឹម​ដំបូង​របស់​យើង។ ឥឡូវ​នេះ សេចក្ដី​សង្ឃឹម​ដែល​យើង​មាន​គឺ​កាន់​តែ​ពិត​ឡើង​ៗ ហើយ​កាន់​តែ​មុត​មាំ​ឡើង​ៗ ដែល​ប៉ះ​ទង្គិច​ទៅ​ដល់​រឿង​ផ្ទាល់​ខ្លួន​ទៀត​ផង។ សេចក្ដី​សង្ឃឹម​នេះ​ដែល​មាន​យ៉ាង​ជ្រាល​ជ្រៅ​ជាង​មុន គឺ​បញ្ចេញ​ពន្លឺ​កាន់​តែ​ភ្លឺ​ឡើង។ វា​ជ្រួត​ជ្រាប​ដល់​ជីវិត​របស់​យើង គឺ​ដល់​គ្រប់​សរសៃ​ប្រសាទ​របស់​យើង។ «ឯ​សេចក្ដី​សង្ឃឹម​ក៏​មិន​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស​ឡើយ ពីព្រោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុង​ចិត្ត​យើង​រាល់​គ្នា ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ»។

១៩. តើ​សេចក្ដី​សង្ឃឹម​របស់​អ្នក គួរ​តែ​ជា​ផ្នែក​នៃ​សេចក្ដី​អធិស្ឋាន​ជា​ទៀង​ទាត់​យ៉ាង​ដូច​ម្ដេច?

១៩ គឺ​ជា​សេចក្ដី​អធិស្ឋាន​របស់​អេប៉ាប្រាស ដែល​បង​ប្អូន​ប្រុស​ស្រី​របស់​គាត់​ដែល​នៅ​ទី​ក្រុង​កូល៉ុស រក្សា​ការ​ទាក់​ទាញ​ចិត្ត​និង​បាន​ជឿ​យ៉ាង​មុត​មាំ​នូវ​អ្វី​ដែល​មាន​នៅ​ខាង​មុខ​គេ ដោយ​មាន«ជំនឿ​ដ៏​មុត​មាំ​ចំពោះ​ព្រះ​ហឫទ័យ​នៃ​ព្រះ គ្រប់​ជំពូក»។ ស្រដៀង​គ្នា​ដែរ សូម​ឲ្យ​យើង​ម្នាក់​ៗ​ទូល​ប្រាប់​ព្រះ​ជា​ទៀង​ទាត់​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង។ តាម​រយៈ​សេចក្ដី​អធិស្ឋាន​ផ្ទាល់​ខ្លួន សូម​រួម​បញ្ចូល​សេចក្ដី​សង្ឃឹម​របស់​អ្នក ស្តី​អំពី​ពិភព​លោក​ថ្មី។ សូម​មាន​បន្ទូល​ប្រាប់​ព្រះ​យេហូវ៉ា​នូវ​ការ​ចង់​បាន​ជា​ខ្លាំង​នូវ​ពិភព​លោក​ថ្មី​នោះ ដោយ​មាន​ជំនឿ​ដ៏​មុត​មាំ​ថា​នឹង​មាន​ជា​ពុំ​ខាន។ សូម​ទូល​អង្វរ​ទ្រង់​ឲ្យ​ជួយ​អ្នក​មាន​ជំនឿ​ដ៏​មុត​មាំ​កាន់​តែ​ជ្រៅ​ឡើង។ កាល​ដែល​អេប៉ាប្រាស​បាន​អធិស្ឋាន​ឲ្យ​ពួក​អ្នក​នៅ​ក្រុង​កូល៉ុស ឲ្យ​មាន«ជំនឿ​ដ៏​មុត​មាំ​ចំពោះ​ព្រះ​ហឫទ័យ​នៃ​ព្រះ គ្រប់​ជំពូក» សូម​ធ្វើ​អ៊ីចឹង​ដែរ​ចុះ។ សូម​ធ្វើ​ជា​រឿយ​ៗ​ផង។

២០. ប្រសិន​បើ​មនុស្ស​មួយ​ចំនួន​តូច​បាន​ចាក​ចេញ​ពី​ផ្លូវ​គ្រីស្ទាន ហេតុ​អ្វី​ក៏​នេះ​មិន​មែន​ជា​មូលហេតុ​ដ៏​ចាំ​បាច់​ដែល​នាំ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត​នោះ​ទេ?

២០ អ្នក​មិន​គួរ​មាន​ចិត្ត​រំខាន​ឬ​ទៅ​ជា​ធ្លាក់​ទឹក​ចិត្ត​ឡើយ ដោយ​ហេតុ​ការណ៍​ដែល​ថា មិន​មែន​មនុស្ស​ទាំង​អស់​រក្សា​ជំហរ​ឲ្យ​បាន​ពេញ​ខ្នាត ទាំង​មាន​ជំនឿ​ដ៏​មុត​មាំ​នោះ​ទេ។ អ្នក​ខ្លះ​ប្រហែល​ជា​ទទួល​បរាជ័យ បាន​បែរ​ចេញ ឬ​ក៏​ចុះ​ចាញ់​តែ​ម្ដង។ នោះ​បាន​កើត​ឡើង​ក្នុង​ចំណោម​មិត្ត​ដ៏​ជិត​ស្និទ្ធ​នឹង​ព្រះ​យេស៊ូ គឺ​ជា​ពួក​សាវ័ក​របស់​ទ្រង់។ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​យូដាស​បាន​ទៅ​ជា​អ្នក​ក្បត់ តើ​ពួក​សាវ័ក​ឯ​ទៀត​បាន​បង្អន់​ល្បឿន​ឬ​ក៏​លះ​បង់​ចោល​ឬ? ប្រាកដ​ជា​មិន​អ៊ីចឹង​ទេ! ពេត្រុស​បាន​អនុវត្ត​តាម​ទំនុកដំកើង ១០៩:៨ ដើម្បី​បង្ហាញ​ថា​មាន​មនុស្ស​ម្នាក់​ទៀត​នឹង​ផ្លាស់​មក​ជំនួស​យូដាស។ គឺ​បាន​ជ្រើស​រើស​បុគ្គល​ម្នាក់​ដើម្បី​ផ្លាស់​មក​ជំនួស និង​ពួក​អ្នក​ស្មោះ​ត្រង់​របស់​ព្រះ​បាន​ចាប់​ផ្ដើម​បន្ត​កិច្ច​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម។ (កិច្ច​ការ ១:១៥​-​២៦) ពួក​គេ​បាន​តាំង​ចិត្ត​ដើម្បី​រក្សា​ជំហរ​ឲ្យ​បាន​ពេញ​ខ្នាត ទាំង​មាន​ជំនឿ​ដ៏​មុត​មាំ។

២១, ២២. តើ​ក្នុង​ន័យ​យ៉ាង​ណា ដែល​ការ​រក្សា​ជំហរ​ឲ្យ​បាន​ពេញ​ខ្នាត ទាំង​មាន​ជំនឿ​ដ៏​មុត​មាំ​នឹង​មាន​គេ​កត់​សម្គាល់​នោះ?

២១ អ្នក​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា ការ​រក្សា​ជំហរ​ឲ្យ​បាន​ពេញ​ខ្នាត ទាំង​មាន​ជំនឿ​ដ៏​មុត​មាំ​ចំពោះ​ព្រះ​ហឫទ័យ​នៃ​ព្រះ​គ្រប់​ជំពូក នឹង​មាន​គេ​កត់​សម្គាល់។ ជំហរ​បែប​នេះ​នឹង​ត្រូវ​បាន​សង្កេត​ឃើញ​និង​សរសើរ​អបអរ​ទៀត​ផង។ តើ​ដោយ​អ្នក​ណា​ទៅ?

២២ ត្រូវ​ហើយ បង​ប្អូន​ប្រុស​ស្រី​របស់​អ្នក ដែល​ស្គាល់​និង​ស្រឡាញ់​អ្នក នឹង​កត់​សម្គាល់។ ទោះ​ជា​ពួក​គេ​ជា​ច្រើន​មិន​សម្ដែង​ដោយ​ពាក្យ​ក៏​ដោយ នោះ​លទ្ធផល​គឺ​មាន​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​យើង​អាន​នៅ​ថែស្សាឡូនីច​ទី​១ ១:២​-​៦ ដែល​ថា៖ «យើង​ខ្ញុំ​អរ​ព្រះ​គុណ​ដល់​ព្រះ​ជា​និច្ច ពី​ដំណើរ​អ្នក​រាល់​គ្នា ហើយ​កាល​ណា​យើង​ខ្ញុំ​អធិស្ឋាន នោះ​ក៏​តែង​ដំណាល​ពី​អ្នក​រាល់​គ្នា ដោយ​នឹក​ចាំ​ជា​ដរាប ពី​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ដោយ​សេចក្ដី​ជំនឿ នឹង​ពី​ការ​នឿយ​ហត់ ដែល​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​មាំ​មួន ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​យើង​ផង . . . ដ្បិត​ដំណឹង​ល្អ​របស់​យើង​ខ្ញុំ មិន​បាន​ផ្សាយ​មក​ដល់​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សំដី​តែ​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ព្រះ​ចេស្ដា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែរ ហើយ​ដោយ​សេចក្ដី​ជំនឿ​ដ៏​មោះ​មុត​ជា​ខ្លាំង​ថែម​ទៀត​ផង . . . អ្នក​រាល់​គ្នា​ក៏​បាន​ត្រាប់​តាម​យើង​ខ្ញុំ ហើយ​នឹង​ព្រះ​អម្ចាស់»។ ពួក​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់​ដែល​នៅ​ជុំ​វិញ​អ្នក នឹង​មាន​អារម្មណ៍​ស្រដៀង​គ្នា​នេះ កាល​ដែល​គេ​សង្កេត​ឃើញ​ថា​អ្នក«រក្សា​ជំហរ​ឲ្យ​បាន​ពេញ​ខ្នាត ទាំង​មាន​ជំនឿ​ដ៏​មុត​មាំ​ចំពោះព្រះ​ហឫទ័យ​នៃ​ព្រះ គ្រប់​ជំពូក»។—កូល៉ុស ១:២៣

២៣. ក្នុង​កំឡុង​ឆ្នាំ​នេះ តើ​យើង​គួរ​តែ​តាំង​ចិត្ត​ធ្វើ​អ្វី?

២៣ អ្វី​ដែល​ពិត​ប្រាកដ​ដែរ គឺ​ថា​ព្រះ​វរបិតា​របស់​អ្នក​ដែល​គង់​នៅ​ស្ថាន​សួគ៌ នឹង​សង្កេត​ឃើញ ហើយ​សព្វ​ព្រះ​ហឫទ័យ។ សូម​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត​អំពី​នេះ​ចុះ។ ហេតុ​អ្វី? ពីព្រោះ​អ្នក​កំពុង​តែ​រក្សា​ជំហរ​ឲ្យ​បាន​ពេញ​ខ្នាត ទាំង​មាន​ជំនឿ​ដ៏​មុត​មាំ«ចំពោះ​ព្រះ​ហឫទ័យ​នៃ​ព្រះ គ្រប់​ជំពូក»។ ប៉ុល​បាន​សរសេរ​ដោយ​លើក​ទឹក​ចិត្ត​ជូន​ពួក​អ្នក​នៅ​ក្រុង​កូល៉ុស អំពី​ការ​ដើរ«បែប​គួរ​នឹង​ព្រះ​អម្ចាស់ ទាំង​គាប់​ចិត្ត​ដល់​មនុស្ស​ទាំង​អស់»។ (កូល៉ុស ១:១០) ត្រូវ​ហើយ មនុស្ស​ឥត​គ្រប់ល័ក្ខណ៍​អាច​ផ្គាប់​ព្រះ​ហឫទ័យ​ទ្រង់​យ៉ាង​ពេញ​លេញ។ បង​ប្អូន​ប្រុស​ស្រី​របស់​អ្នក​នៅ​ទី​ក្រុង​កូល៉ុស​បាន​ធ្វើ​អ៊ីចឹង។ ឥឡូវ​នេះ​ពួក​គ្រីស្ទាន​នៅ​ជុំ​វិញ​អ្នក​ក៏​កំពុង​តែ​ធ្វើ​អ៊ីចឹង​ដែរ។ អ្នក​ក៏​អាច​ធ្វើ​អ៊ីចឹង​បាន​ដែរ! ដូច្នេះ​ហើយ ក្នុង​កំឡុង​ឆ្នាំ​នេះ សូម​ឲ្យ​សេចក្ដី​អធិស្ឋាន​ប្រចាំ​ថ្ងៃ និង​ការ​ប្រព្រឹត្ត​ជា​ទៀង​ទាត់​របស់​អ្នក ស​ឲ្យ​ឃើញ​ថា​អ្នក​បាន​តាំង​ចិត្ត«រក្សា​ជំហរ​ឲ្យ​បាន​ពេញ​ខ្នាត ទាំង​មាន​ជំនឿ​ដ៏​មុត​មាំ​ចំពោះ​ព្រះ​ហឫទ័យ​នៃ​ព្រះ គ្រប់​ជំពូក»។

តើ​អ្នក​អាច​នឹក​ចាំ​ឬ​ទេ?

តើ‹ការ​រក្សា​ជំហរ​ឲ្យ​បាន​ពេញ​ខ្នាត›របស់​យើង ទាក់​ទង​នឹង​អ្វី​ខ្លះ?

តើ​របស់​អ្វី​ខ្លះ​អំពី​ខ្លួន​អ្នក ដែល​អ្នក​គួរ​រួម​បញ្ចូល​ក្នុង​សេចក្ដី​អធិស្ឋាន?

ដូច​បាន​ឲ្យ​យោបល់​នៅ​រ៉ូម ៥:៤, ៥ តើ​សេចក្ដី​សង្ឃឹម​បែប​ណា ដែល​អ្នក​ចង់​បាន​នោះ?

តើ​ការ​សិក្សា​របស់​យើង​បាន​ជំរុញ​ទឹក​ចិត្ត​អ្នក​ឲ្យ​មាន​គោល​ដៅ​អ្វី​ក្នុង​កំឡុង​នៃ​ឆ្នាំ​នេះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២៧]

អេប៉ាប្រាស​បាន​អធិស្ឋាន​ឲ្យ​បង​ប្អូន​របស់​គាត់​រក្សា​ជំហរ​ជា​គ្រីស្ទាន​ដែល​មាន​គំនិត​ចាស់​ទុំ ទាំង​មាន​ជំនឿ​ដ៏​មុត​មាំ​អំពី​ព្រះ​គ្រីស្ទ​និង​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ

[រូប​ភាព​នៅ​ទំព័រ​៣១]

មនុស្ស​រាប់​លាន​នាក់​ឯ​ទៀត​ក៏​មាន​សេចក្ដី​សង្ឃឹម​ដ៏​ពិត​ប្រាកដ​និង​ជំនឿ​ដ៏​មុត​មាំ​ដូច​អ្នក​ដែរ