ការឈានទៅមុខតាមអង្គការរបស់ព្រះយេហូវ៉ា
ការឈានទៅមុខតាមអង្គការរបស់ព្រះយេហូវ៉ា
‹សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ប្រដាប់ឲ្យអ្នករាល់គ្នានូវរបស់ល្អគ្រប់យ៉ាងដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់›។—ហេព្រើរ ១៣:២០, ២១
១. តើចំនួនប្រជាជនក្នុងពិភពលោកមានប៉ុន្មាននាក់ ហើយតើមានប៉ុន្មាននាក់ដែលបានរាប់ជាសមាជិកក្នុងសាសនានិមួយៗនោះ?
នាឆ្នាំ១៩៩៩ ចំនួនប្រជាជនក្នុងពិភពលោកបានកើនដល់ប្រាំមួយពាន់លាននាក់! ក្នុងចំណោមចំនួននោះ សៀវភៅមហាសង្ក្រានពិភពលោក ប្រាប់យើងថា មានពួកអ៊ីស្លាម១.១៦៥.០០០.០០០នាក់ មានពួកកាតូលិករ៉ូម៉ាំង១.០៣០.០០០.០០០នាក់ មានពួកហិណ្ឌូ៧៦២.០០០.០០០នាក់ អ្នកកាន់ពុទ្ធសាសនា៣៥៤.០០០.០០០នាក់ ពួកប្រូតេស្តង់៣១៦.០០០.០០០នាក់ និងពួកអូធូដុក្ស២១៤.០០០.០០០នាក់។
២. តើអាចនិយាយយ៉ាងណាអំពីស្ថានការណ៍ខាងសាសនាទាំងឡាយ ដែលមាននៅសព្វថ្ងៃនេះ?
២ ដោយដឹងអំពីការបែកខ្ញែកខាងសាសនា និងការវង្វេងដែលមាននៅសព្វថ្ងៃនេះ តើមនុស្សរាប់លាននាក់ទាំងនេះអាចប្រព្រឹត្តសមស្របតាមបំណងព្រះហឫទ័យព្រះឬទេ? អត់ទេ! «ដ្បិតព្រះទ្រង់មិនមែនជាព្រះនៃសេចក្ដីវឹកវរទេ គឺទ្រង់ជាព្រះនៃសេចក្ដីសុខសាន្តវិញ»។ (កូរិនថូសទី១ ១៤:៣៣) ផ្ទុយទៅវិញ ចុះយ៉ាងណាដែរចំពោះភាតរភាពអន្តរជាតិនៃពួកអ្នកបំរើរបស់ព្រះយេហូវ៉ានោះ? (ពេត្រុសទី១ ២:១៧) ការស៊ើបអង្កេតយ៉ាងប្រយ័ត្នប្រយែងសឲ្យឃើញថា‹ព្រះនៃសេចក្ដីសុខសាន្តប្រដាប់ពួកគេនូវរបស់ល្អគ្រប់យ៉ាង ដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់›។—ហេព្រើរ ១៣:២០, ២១
៣. តើមានអ្វីបានកើតឡើងនៅទីក្រុងយេរូសាឡិមនៅបុណ្យថ្ងៃទី៥០នៅឆ្នាំ៣៣ ស.យ.? ហើយហេតុអ្វី?
៣ ប្រាកដហើយ ចំនួននៃអស់អ្នកដែលបានចូលរួមជាមួយនឹងស្មរបន្ទាល់ព្រះយេហូវ៉ា មិនមែនជាលក្ខណៈវិនិច្ឆ័យថាគេមិនបានទទួលព្រះគុណរបស់ព្រះឡើយ។ ហើយស្ថិតិលេខក៏មិនធ្វើឲ្យព្រះចាប់អារម្មណ៍នោះទេ។ ទ្រង់មិនបានជ្រើសរើសសាសន៍អ៊ីស្រាអែល ពីព្រោះពួកគេ«មានគ្នាច្រើនជាងសាសន៍ឯទៀតនោះទេ»។ តាមការពិត ពួកគេ«ជាសាសន៍តិចជាងសាសន៍ទាំងអស់»។ (ចោទិយកថា ៧:៧) ប៉ុន្តែដោយអ៊ីស្រាអែលឥតបាននៅស្មោះត្រង់ចំពោះព្រះជានិច្ចទេ នោះនៅបុណ្យថ្ងៃទី៥០នៅឆ្នាំ៣៣ ស.យ. ព្រះយេហូវ៉ាបានផ្ទេរព្រះគុណជូនក្រុមជំនុំគ្រីស្ទានថ្មី ដែលមានពួកអ្នកកាន់តាមព្រះយេស៊ូគ្រីស្ទ។ ពួកគេបានត្រូវចាក់ប្រេងតាំងដោយវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ា ហើយបានទៅប្រកាសប្រាប់សេចក្ដីពិតអំពីព្រះ និងព្រះគ្រីស្ទដល់អ្នកដទៃយ៉ាងខ្នះខ្នែង។—កិច្ចការ ២:៤១, ៤២
ការឈានទៅមុខជានិច្ច
៤. ហេតុអ្វីបានជាអ្នកនឹងនិយាយថា ក្រុមជំនុំគ្រីស្ទានសម័យដើមបានឈានទៅមុខជានិច្ច?
៤ នៅក្នុងសតវត្សទីមួយ ក្រុមជំនុំគ្រីស្ទានបានឈានទៅមុខជានិច្ច ដោយមានតំបន់ផ្សព្វផ្សាយថ្មីៗ ការធ្វើឲ្យមានសិស្ស និងការទទួលនូវការយល់ដឹងច្រើនទៀតអំពីបំណងព្រះហឫទ័យរបស់ព្រះ។ ពួកគ្រីស្ទានសម័យដើមបានឈានទៅមុខតាមពន្លឺខាងវិញ្ញាណ ដែលបានលាតត្រដាងមកដោយសំបុត្រ ដែលព្រះបានបណ្ដាលឲ្យសរសេរនោះ។ ដោយបានជំរុញទឹកចិត្តពីទស្សនៈកិច្ចរបស់ពួកសាវ័កនិងពួកអ្នកឯទៀត នោះពួកគេបានសម្រេចកិច្ចបំរើរបស់គេ។ សេចក្ដីទាំងអស់នេះបានត្រូវកត់ទុកយ៉ាងល្អនៅបទគម្ពីរគ្រីស្ទានភាសាក្រិក។—កិច្ចការ ១០:២១, ២២; ១៣:៤៦, ៤៧; ធីម៉ូថេទី២ ១:១៣; ៤:៥; ហេព្រើរ ៦:១-៣; ពេត្រុសទី២ ៣:១៧, ១៨
៥. ហេតុអ្វីបានជាអង្គការរបស់ព្រះកំពុងតែមានដំណើរទៅមុខ និងហេតុអ្វីដែលយើងគួរដើរឲ្យទាន់អង្គការរបស់ព្រះ?
៥ ដូចពួកគ្រីស្ទានសម័យដើម ស្មរបន្ទាល់របស់ព្រះយេហូវ៉ានៅសម័យយើងនេះ បានរីកចំរើនពីការចាប់ផ្ដើមដ៏តូចមកដែរ។ (សាការី ៤:៨-១០) ពីចុងសតវត្សទី១៩មកគឺមានទីសំអាងយ៉ាងច្បាស់ថា វិញ្ញាណរបស់ព្រះយេហូវ៉ាបានគង់លើអង្គការរបស់ទ្រង់។ ពីព្រោះយើងបានទុកចិត្តលើការណែនាំរបស់វិញ្ញាណបរិសុទ្ធ មិនមែនលើអំណាចរបស់មនុស្ស នោះយើងបានបន្តជឿនទៅមុខ ស្តីអំពីការយល់ដឹងរបស់យើងខាងបទគម្ពីរ និងការធ្វើតាមបំណងព្រះហឫទ័យព្រះ។ (សាការី ) ឥឡូវនេះ ដោយយើងកំពុងតែរស់នៅថ្ងៃ«ជាន់ក្រោយបង្អស់» ជាចាំបាច់ដែលយើងដើរឲ្យទាន់នឹងអង្គការរបស់ព្រះដែលមានដំណើរទៅមុខ។ ( ៤:៦ធីម៉ូថេទី២ ៣:១-៥) ការធ្វើបែបនេះ អាចជួយយើងរក្សាឲ្យនៅមានសេចក្ដីសង្ឃឹម ហើយឲ្យចូលរួមធ្វើបន្ទាល់អំពីព្រះរាជាណាចក្ររបស់ព្រះដែលបានស្ថាបនាហើយ មុននឹងរបបលោកីយ៍នេះមកដល់ទីបញ្ចប់ជាមិនខាន។—ម៉ាថាយ ២៤:៣-១៤
៦, ៧. តើយើងនឹងពិនិត្យមើលនូវចំណុចបីផ្នែកណា ដែលអង្គការរបស់ព្រះយេហូវ៉ាបានឈានទៅមុខ?
៦ នៅក្នុងចំណោមយើង គឺមានពួកអ្នកដែលបានចាប់ផ្ដើមចូលរួមជាមួយអង្គការរបស់ព្រះយេហូវ៉ា តាំងពីទសវត្សនៃឆ្នាំ១៩២០ ឆ្នាំ១៩៣០ និងឆ្នាំ១៩៤០មកម្ល៉េះ។ ក្នុងកំឡុងពេលដើមដំបូងនោះ តើអ្នកណាក្នុងចំណោមយើងដែលបានស្រមៃឃើញថា នឹងមានការរីកចំរើនដ៏អស្ចារ្យ ហើយមានការរីកចំរើនជាបណ្ដើរៗនៃអង្គការនេះ រហូតមកដល់សព្វថ្ងៃនេះ? ចូរគិតអំពីព្រឹត្ដិការណ៍សំខាន់ដែលបានត្រូវពិសោធក្នុងប្រវត្ដិសាស្ត្រទំនើបរបស់យើងនេះ! ប្រាកដហើយ គឺពិតជាមានប្រយោជន៍ខាងវិញ្ញាណមែន ក្នុងការសញ្ជឹងគិតលើអ្វីដែលព្រះយេហូវ៉ាបានសម្រេច តាមរយៈរាស្ត្ររបស់ទ្រង់ដែលបានត្រូវរៀបចំតាមព្រះធិបតេយ្យ។
៧ ដាវីឌពីបុរាណបានមានចិត្តស្ញប់ស្ញែងយ៉ាងខ្លាំង ពេលដែលគាត់បានសញ្ជឹងគិតពីកិច្ចការដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា។ គាត់បាននិយាយថា៖ «បើទូលបង្គំនឹងចង់និទានប្រាប់ នោះមានច្រើនហួសកំណត់នឹងរាប់បាន»។ (ទំនុកដំកើង ៤០:៥) យើងមានកំរិតអ៊ីចឹងដែរ ដោយមិនអាចរៀបរាប់ពីរបស់ជាច្រើនទាំងអស់ ដែលព្រះយេហូវ៉ាបានសម្រេចក្នុងសម័យយើងនេះទេ។ យ៉ាងណាក៏ដោយ សូមឲ្យយើងពិនិត្យមើលនូវចំណុចបីផ្នែកដែលអង្គការរបស់ព្រះយេហូវ៉ាបានឈានទៅមុខ: (១) ពន្លឺខាងវិញ្ញាណកាន់តែភ្លឺឡើងៗ (២) កិច្ចបំរើបានប្រសើរនិងពង្រីកឡើង និង (៣) ការកែតម្រង់តាមត្រូវពេលខាងទម្រង់ការរបស់អង្គការនេះ។
ការដឹងគុណចំពោះការបំភ្លឺខាងវិញ្ញាណ
៨. ស្របទៅតាមសុភាសិត ៤:១៨ តើការបំភ្លឺខាងវិញ្ញាណជួយយើងឲ្យយល់ស្របអ្វីស្តីអំពីព្រះរាជាណាចក្រ?
៨ ស្តីអំពីការបំភ្លឺខាងវិញ្ញាណដែលមានជាបណ្ដើរនេះ អ្វីដែលចែងនៅសុភាសិត ៤:១៨ គឺសឲ្យឃើញថាពិតមែន ដែលចែងថា៖ «តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកំឡាំង»។ យើងមានអំណរគុណណាស់ហ្ន៎! ចំពោះការបំភ្លឺខាងវិញ្ញាណ ដែលមានជាបណ្ដើរៗ ដែលយើងបានពិសោធនោះ។ នៅឯមហាសន្និបាតក្នុងឆ្នាំ១៩១៩ នៅតំបន់ស៊ីដាផូញ រដ្ឋអូហៃយ៉ូ នោះព្រះរាជាណាចក្ររបស់ព្រះបានត្រូវដៅបញ្ជាក់។ ព្រះរាជាណាចក្រនេះជាខ្សែរយៈដែលព្រះយេហូវ៉ាប្រើដើម្បីធ្វើឲ្យព្រះនាមទ្រង់បានបរិសុទ្ធ និងដើម្បីធ្វើយុត្ដិកម្មនឹងអធិបតេយ្យរបស់ទ្រង់។ តាមការពិត ការបំភ្លឺខាងវិញ្ញាណបានជួយយើងឲ្យយល់ស្រប ថាពីសៀវភៅលោកុប្បត្តិ រហូតទៅដល់សៀវភៅវិវរណៈ នោះព្រះគម្ពីរធ្វើជាកសិណសាក្សីពីគោលបំណងនៃព្រះយេហូវ៉ា ដើម្បីធ្វើឲ្យព្រះនាមរបស់ទ្រង់បានបរិសុទ្ធ តាមរយៈព្រះរាជាណាចក្រដែលត្រូវគ្រប់គ្រងដោយបុត្រារបស់ទ្រង់។ ត្រង់នោះហើយជាសេចក្ដីសង្ឃឹមដ៏រុងរឿងចំពោះអស់អ្នកដែលស្រឡាញ់សេចក្ដីសុចរិត។—ម៉ាថាយ ១២:១៨, ២១
៩, ១០. នៅទសវត្សនៃឆ្នាំ១៩២០ តើបានរៀនដឹងអ្វីអំពីព្រះរាជាណាចក្រ និងអំពីអង្គការពីរដែលប្រឆាំងគ្នា និងតើការយល់នេះបានមានប្រយោជន៍យ៉ាងដូចម្ដេច?
៩ នៅឯមហាសន្និបាតនៅតំបន់ស៊ីដាផូញ រដ្ឋអូហៃយ៉ូ ក្នុងឆ្នាំ១៩២២ បងប្រុសរ៉ូធើហ្វឺតជាអ្នកថ្លែងពិសេសបានដាស់តឿនរាស្ត្ររបស់ព្រះឲ្យ«ប្រកាស! ប្រកាស! ប្រកាស! ស្តេច និងព្រះរាជាណាចក្ររបស់ទ្រង់!»។ នៅក្នុងអត្ថបទដែលមានប្រធាន«កំណើតនៃសាសន៍មួយ» ដែលបោះពុម្ពក្នុងទស្សនាវដ្ដីប៉មយាម នៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩២៥ បានប្រមូលអារម្មណ៍ទៅឯការយល់ធ្លុះជ្រៅខាងវិញ្ញាណ ស្តីអំពីបទទំនាយទាំងប៉ុន្មាន ដែលធ្លាប់ចង្អុលបញ្ជាក់ពីការស្ថាបនាឡើងនូវព្រះរាជាណាចក្ររបស់ព្រះនៅឆ្នាំ១៩១៤។ ហើយនៅទសវត្សនៃឆ្នាំ១៩២០ក៏បានយល់ឃើញថា មានអង្គការពីរដែលប្រឆាំងគ្នា គឺអង្គការរបស់ព្រះយេហូវ៉ានិងអង្គការរបស់សាតាំង ដែលកំពុងតែមានការវាយប្រយុទ្ធរវាងពួកគេ។ ហើយយើងនឹងនៅខាងអ្នកដែលមានជ័យជំនះ លុះត្រាតែយើងខំឈានទៅមុខតាមអង្គការរបស់ព្រះយេហូវ៉ា។
១០ តើការបំភ្លឺខាងវិញ្ញាណបែបនេះបានជួយយើងយ៉ាងដូចម្ដេច? ដោយព្រោះព្រះរាជាណាចក្រនៃព្រះ និងស្តេចដែលជាព្រះយេស៊ូគ្រីស្ទ ឥតមានចំណែកខាងលោកីយ៍នេះទេ យើងក៏មិនអាចមានចំណែកនឹងលោកីយ៍នេះដែរ។ ដោយញែកខ្លួនចេញពីលោកីយ៍នេះ យើងបង្ហាញថាយើងនៅខាងឯសេចក្ដីពិត។ (យ៉ូហាន ១៧:១៦; ១៨:៣៧) នៅពេលដែលយើងសង្កេតឃើញបញ្ហាស្មុគស្មាញ ដែលញាំញីក្នុងរបបលោកីយ៍ដ៏អាក្រក់នេះ យើងមានអំណរគុណមែន! ដែលយើងមិនមានចំណែកក្នុងអង្គការរបស់សាតាំង។ ហើយយើងមានព្រះគុណយ៉ាងណាទៅហ្ន៎! ដែលយើងមានសុវត្ថិភាពខាងវិញ្ញាណក្នុងអង្គការនេះរបស់ព្រះយេហូវ៉ា។
១១. នៅក្នុងឆ្នាំ១៩៣១ តើរាស្ត្ររបស់ព្រះបានព្រមទទួលយកឈ្មោះអ្វីស្របតាមព្រះគម្ពីរ?
១១ នៅឯមហាសន្និបាតនៅទីក្រុងកូឡាំបឺស រដ្ឋអូហៃយ៉ូ នៅឆ្នាំ១៩៣១ មានការអនុវត្តន៍យ៉ាងត្រឹមត្រូវនូវអេសាយ ៤៣:១០-១២។ ពួកសិស្សព្រះគម្ពីរបានព្រមទទួលនូវឈ្មោះដ៏ខុសប្លែក ជាស្មរបន្ទាល់ព្រះយេហូវ៉ា។ នេះគឺជាឯកសិទ្ធិដ៏ឧត្តមយ៉ាងណាទៅហ្ន៎! ក្នុងការធ្វើឲ្យមនុស្សដឹងឮអំពីព្រះនាមរបស់ព្រះ ដើម្បីឲ្យអ្នកដទៃអាចអំពាវនាវរកព្រះនាមនោះ ឲ្យបានសេចក្ដីសង្គ្រោះដែរ។—ទំនុកដំកើង ៨៣:១៨; រ៉ូម ១០:១៣
១២. តើការបំភ្លឺខាងវិញ្ញាណអ្វីស្តីអំពីពួកហ្វូងធំ ដែលបានផ្ដល់មកនៅក្នុងឆ្នាំ១៩៣៥?
១២ មុនទសវត្សនៃឆ្នាំ១៩៣០ នោះរាស្ត្ររបស់ព្រះជាច្រើននាក់ឥតបានប្រាកដក្នុងចិត្តទេ ស្តីអំពីសេចក្ដីសង្ឃឹមរបស់គេចំពោះជីវិតនៅអនាគត។ អ្នកខ្លះមានអារម្មណ៍បន្ដិចបន្តួចចង់បានជីវិតនៅស្ថានសួគ៌ តែនៅពេលដំណាលគ្នានោះ បានចាប់អារម្មណ៍នឹងការបង្រៀនក្នុងព្រះគម្ពីរស្តីអំពីផែនដីមនោរម្យ។ នៅឯមហាសន្និបាតក្នុងឆ្នាំ១៩៣៥ នៅទីក្រុងវ៉ាស៊ីនតោន នោះមានដំណឹងដ៏រំភើបចិត្តថា មនុស្សមួយហ្វូងយ៉ាងធំក្នុងវិវរណៈជំពូកទី៧ គឺជាក្រុមដែលមានសេចក្ដីសង្ឃឹមនៅលើផែនដី។ តាំងពីពេលនោះមក ការប្រមូលពួកមនុស្សមួយហ្វូងយ៉ាងធំបានឈានទៅមុខ ដោយមានល្បឿនកាន់តែខ្លាំងឡើង។ តើយើងមានអំណរគុណមែនឬ ដែលអត្ថសញ្ញាណនៃ«មនុស្សមួយហ្វូងយ៉ាងធំ»លែងជារឿងអាថ៌កំបាំងចំពោះយើងនោះ? ហេតុការណ៍ពិតដែលមនុស្សកំពុងតែបានប្រមូលមក មានចំនួនជាច្រើនពីអស់ទាំងសាសន៍ កុលសម្ព័ន្ធ និងភាសា នោះជំរុញយើងឲ្យតាំងចិត្តយ៉ាងមុតមាំ និងបោះជំហានរបស់យើងឲ្យបានលឿនឡើង កាលដែលកំពុងដើរឲ្យទាន់នឹងអង្គការរបស់ព្រះយេហូវ៉ា។
១៣. តើរឿងដ៏ធំណាដែលបានដៅបញ្ជាក់នៅឆ្នាំ១៩៤១ នៅឯមហាសន្និបាតនៅទីក្រុងសេញលូវីស?
១៣ រឿងដ៏ធំមួយដែលគួរធ្វើឲ្យសង្គមមនុស្សខ្វល់ខ្វាយ គឺបានដៅបញ្ជាក់នៅឆ្នាំ១៩៤១ នៅឯមហាសន្និបាតនៅទីក្រុងសេញលូវីស រដ្ឋមីហ្សូរី។ គឺជាការគ្រប់គ្រងសកលលោកឬក៏អធិបតេយ្យ។ នេះជារឿងដែលត្រូវដោះស្រាយជាបន្ទាន់ និងថ្ងៃដ៏គួរឲ្យស្ញែងខ្លាចដើម្បីឲ្យសម្រេចការនេះកាន់តែលឿនឡើងៗ! អ្វីទៀតដែលបានបញ្ជាក់នៅឆ្នាំ១៩៤១ គឺជារឿងដែលទាក់ទងខាងចិត្តស្មោះគ្រប់លក្ខណ៍ ដែលអនុញ្ញាតឲ្យយើងបង្ហាញ ថាយើងនៅខាងណាស្តីអំពីអធិបតេយ្យរបស់ព្រះ។
១៤. នៅឯមហាសន្និបាតអន្តរជាតិនៅឆ្នាំ១៩៥០ តើត្រូវបានរៀនអ្វីអំពីពួកចៅហ្វាយដែលបានរៀបរាប់ក្នុងអេសាយ ៣២:១, ២?
១៤ នៅឯមហាសន្និបាតអន្តរជាតិនៅឆ្នាំ១៩៥០ នៅទីក្រុងញូវយ៉ក នោះពួកចៅហ្វាយដែលបានចែងនៅអេសាយ ៣២:១, ២ បានត្រូវសម្គាល់យ៉ាងចំៗ។ ជាពេលដ៏រំភើបជាខ្លាំងមែនដែលបងប្រុសហ្វ្រីឌីរិក ហ្វ្រេន្ស បានថ្លែងតាមប្រធាននិងបានពន្យល់ថា ពួកចៅហ្វាយរបស់ផែនដីថ្មីនោះ គឺនៅក្នុងចំណោមយើងហើយ។ នៅឯមហាសន្និបាតនោះនិងមហាសន្និបាតក្រោយមកទាំងប៉ុន្មាន គឺមានការបញ្ចេញពន្លឺនៃការបំភ្លឺខាងវិញ្ញាណជាច្រើន។ (ទំនុកដំកើង ៩៧:១១) យើងមានអំណរគុណមែនទែន! ដែលផ្លូវរបស់យើង«ដូចជាពន្លឺដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង»។
ការឈានទៅមុខក្នុងកិច្ចបំរើរបស់យើង
១៥, ១៦. (ក) ក្នុងកំឡុងទសវត្សនៃឆ្នាំ១៩២០និងឆ្នាំ១៩៣០ តើយើងបានឆ្ពោះទៅមុខយ៉ាងណា ស្តីអំពីកិច្ចការបំរើរបស់យើង? (ខ) នៅទសវត្សថ្មីៗនេះ តើប្រកាសនវត្ថុណាខ្លះ ដែលបានផ្ដល់ឲ្យការជំរុញទឹកចិត្តចំពោះកិច្ចបំរើគ្រីស្ទាន?
១៥ វិធីទីពីរដែលអង្គការរបស់ព្រះយេហូវ៉ាបានឆ្ពោះទៅមុខ គឺទាក់ទងនឹងកិច្ចការដ៏សំខាន់របស់យើង ជាការផ្សព្វផ្សាយព្រះរាជាណាចក្រនិងការបង្កើតឲ្យមានសិស្ស។ (ម៉ាថាយ ២៨:១៩, ២០; ម៉ាកុស ១៣:១០) ដើម្បីនឹងសម្រេចកិច្ចការនេះ អង្គការនេះបានរំឭកយើងជានិច្ចពីសារៈសំខាន់នៃការចំរើនឡើងនូវកិច្ចបំរើយើង។ នៅឆ្នាំ១៩២២ គ្រីស្ទានគ្រប់គ្នាបានត្រូវដាស់តឿនឲ្យចូលរួមក្នុងកិច្ចការផ្សព្វផ្សាយ។ គឺស្រេចទៅលើបុគ្គលម្នាក់ៗបញ្ចេញពន្លឺរបស់គាត់ ហើយដូច្នេះក៏មានចំណែកផ្ទាល់ក្នុងការធ្វើបន្ទាល់អំពីសេចក្ដីពិត។ (ម៉ាថាយ ៥:១៤-១៦) នៅក្នុងឆ្នាំ១៩២៧ វិធានការបានត្រូវរៀបចំឡើង ដើម្បីទុកថ្ងៃអាទិត្យជាថ្ងៃធ្វើកិច្ចផ្សាយបំរើ។ ចាប់ផ្ដើមពីខែកុម្ភៈ ឆ្នាំ១៩៤០ គឺបានឃើញស្មរបន្ទាល់ទូទៅតាមផ្លូវក្នុងតំបន់ពាណិជ្ជកម្ម ស្នើផ្ដល់ទស្សនាវដ្ដីប៉មយាម និងទស្សនាវដ្ដីសំរាលទុក្ខ (ឥឡូវ ទស្សនាវដ្ដីភ្ញាក់រឭក!)
១៦ កូនសៀវភៅ ការសិក្សាដែលជាគំរូ បានចេញមកនៅឆ្នាំ១៩៣៧ ដែលបញ្ជាក់ពីតម្រូវការឲ្យត្រឡប់ទៅជួបគេវិញ ដើម្បីបង្រៀនសេចក្ដីពិតពីព្រះគម្ពីរដល់អ្នកឯទៀត។ ក្នុងកំឡុងប៉ុន្មានឆ្នាំក្រោយមក សកម្មភាពបង្រៀនព្រះគម្ពីរ បានត្រូវដៅបញ្ជាក់យ៉ាងខ្លាំង។ ការជំរុញខាងទិដ្ឋភាពនេះនៃកិច្ចបំរើ បានប្រគល់ឲ្យដោយការបោះពុម្ពសៀវភៅ «សូមឲ្យព្រះរាប់ជាពិត»នៅឆ្នាំ១៩៤៦ និងសៀវភៅ«សេចក្ដីពិតដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច»នៅឆ្នាំ១៩៦៨។ នៅពេលឥឡូវនេះ យើងប្រើសៀវភៅ ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ ការពិគ្រោះពត៌មានទាំងនេះ នឹងចាក់គ្រឹះដ៏មាំដើម្បីបង្កើតឲ្យមានសិស្ស។
ការឈានទៅមុខតាមការកែប្រែខាងទម្រង់ការរបស់អង្គការ
១៧. ស្របទៅតាមអេសាយ ៦០:១៧ តើអង្គការរបស់ព្រះយេហូវ៉ាបានឈានទៅមុខយ៉ាងដូចម្ដេច?
១៧ វិធីទីបីដែលអង្គការរបស់ព្រះយេហូវ៉ាបានឆ្ពោះទៅមុខ គឺទាក់ទងនឹងការកែប្រែខាងទម្រង់ការរបស់អង្គការ។ យោងទៅតាមអេសាយ ៦០:១៧ នោះព្រះយេហូវ៉ាបានសន្យាថា៖ «អញនឹងនាំមាសមកឲ្យជំនួសលង្ហិន ប្រាក់ឲ្យជំនួសដែក លង្ហិនឲ្យជំនួសឈើ ហើយដែកឲ្យជំនួសថ្មផង អញនឹងយកសេចក្ដីសុខធ្វើជារដ្ឋបាលឯង ហើយឲ្យសេចក្ដីសុចរិតជាអ្នកគ្រប់គ្រងលើឯងផង»។ ក្នុងការធ្វើតាមទំនាយនេះ មានវិធានការដែលបានចាត់ចែងឲ្យមានការត្រួតពិនិត្យដ៏ល្អថែមទៀត ចំពោះកិច្ចការផ្សព្វផ្សាយដំណឹងល្អនេះ និងដើម្បីឲ្យមើលថែរក្សាចៀម។
១៨, ១៩. តើមានការកែប្រែទម្រង់ការណាខ្លះ ខាងអង្គការដែលមានជាច្រើនឆ្នាំមកហើយនេះ?
១៨ នៅឆ្នាំ១៩១៩ សមាគមបានរើសតាំងអ្នកចាត់ចែងខាងកិច្ចបំរើក្នុងក្រុមជំនុំនិមួយៗ ដែលបានសុំឲ្យរៀបចំធ្វើកិច្ចបំរើផ្សាយ។ របៀបរៀបចំថ្មីនេះបានជំរុញឲ្យមានសកម្មភាពឡើងខាងកិច្ចបំរើរបស់យើង។ ការបោះឆ្នោតរើសយកពួកអ្នកចាស់ទុំនិងអ្នកជំនួយក្នុងក្រុមជំនុំនានា បានត្រូវបំបាត់ចោលក្នុងឆ្នាំ១៩៣២ ដែលបានសម្គាល់នូវរបៀបជាប្រជាធិបតេយ្យ។ ព្រឹត្ដិការណ៍ដ៏សំខាន់មួយទៀតនៅឆ្នាំ១៩៣៨ ពេលដែលសមាគមបានចាប់ផ្ដើមតែងតាំងអ្នកបំរើទាំងអស់ក្នុងក្រុមជំនុំ។ នេះបាននាំឲ្យមានការស្របគ្នានឹងរបៀបរៀបចំរបស់ក្រុមជំនុំគ្រីស្ទានពីដើម។ (កិច្ចការ ១៤:២៣; ធីម៉ូថេទី១ ៤:១៤) នៅក្នុងឆ្នាំ១៩៧២ សមាគមបានតែងតាំងពួកអ្នកត្រួតពិនិត្យនិងពួកអ្នកងារជំនួយដើម្បីឲ្យបំរើ ដូចជាពួកបុរសក្នុងចំណោមពួកគ្រីស្ទានសម័យដើម។ ជាជាងមានតែបុរសម្នាក់បំរើជាអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំ នោះភីលីព ១:១ និងបទគម្ពីរឯទៀតបង្ហាញថា អស់អ្នកដែលបំពេញតាមតម្រូវការខាងបទគម្ពីរចំពោះអ្នកត្រួតពិនិត្យ នោះនឹងទៅជាក្រុមអ្នកចាស់ទុំវិញ។—កិច្ចការ ២០:២៨; អេភេសូរ ៤:១១, ១២
១៩ នៅឆ្នាំ១៩៧៥ បានចាប់ផ្ដើមនូវរបៀបរៀបចំឲ្យគណៈកម្មាធិការរបស់គណៈអភិបាលនៃស្មរបន្ទាល់ព្រះយេហូវ៉ា មើលត្រួតពិនិត្យសកម្មភាពពេញពិភពនៃអង្គការរបស់ព្រះ។ គណៈកម្មាធិការសាខាបានត្រូវតែងតាំងឲ្យត្រួតពិនិត្យមើលកិច្ចការ ក្នុងតំបន់របស់គេរៀងៗខ្លួន។ តាំងពីនោះមក គេបានយកចិត្តទុកដាក់នឹងការសម្រួលនូវកិច្ចការនៅឯមន្ទីរចាត់ការ និងកន្លែងសាខានានារបស់សមាគមប៉មយាម ដើម្បីឲ្យ«ចេះពិចារណាមើលថា ការអ្វីប្រសើរជាងគេ»។ (ភីលីព ១:៩, ១០ ព្រះគម្ពីរភាសាខ្មែរសម្រាយ) ភារកិច្ចទាំងឡាយដែលមានមកលើពួកអ្នកអនុគង្វាលរបស់ព្រះគ្រីស្ទ រួមបញ្ចូលការនាំមុខក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អ ការបង្រៀនក្នុងក្រុមជំនុំ និងការមើលថែរក្សាយ៉ាងត្រឹមត្រូវនូវចៀមរបស់ព្រះ។—ធីម៉ូថេទី១ ៤:១៦; ហេព្រើរ ១៣:៧, ១៧; ពេត្រុសទី១ ៥:២, ៣
ការដឹកនាំយ៉ាងសកម្មរបស់ព្រះយេស៊ូ
២០. តើការដើរឲ្យទាន់នឹងអង្គការរបស់ព្រះយេហូវ៉ាតម្រូវឲ្យយើងទទួលស្គាល់អ្វី ស្តីអំពីឋានៈរបស់ព្រះយេស៊ូ?
២០ ការដើរឲ្យទាន់នឹងអង្គការរបស់ព្រះយេហូវ៉ាដែលឆ្ពោះទៅមុខជាបណ្ដើរៗ តម្រូវឲ្យយើងទទួលស្គាល់នូវមុខនាទីដែលព្រះបានប្រទានឲ្យព្រះយេស៊ូគ្រីស្ទ ជា«សិរសានៃពួកជំនុំ»។ (អេភេសូរ ៥:២២, ២៣) អ្វីដែលគួរឲ្យកត់ចំណាំដែរ គឺអេសាយ ៥៥:៤ ដែលបានប្រាប់យើងថា៖ «មើល! អញ[ព្រះយេហូវ៉ា]បានតាំង[ទ្រង់, ព.ថ.]ទុកជាទីបន្ទាល់ដល់ប្រជាជាតិទាំងឡាយ គឺជាអ្នកនាំមុខ ហើយជាអ្នកបង្គាប់ដល់គេ»។ យ៉ាងប្រាកដហើយ ព្រះយេស៊ូចេះនាំមុខ។ ទ្រង់ស្គាល់ចៀមរបស់ទ្រង់ ហើយដឹងអំពីការប្រព្រឹត្តរបស់គេ។ តាមការពិត ពេលដែលទ្រង់បានពិនិត្យមើលក្រុមជំនុំទាំងប្រាំពីរនៅភូមិភាគអាស៊ីមីនើរ ទ្រង់បានមានបន្ទូលប្រាំដងថា៖ «អញស្គាល់អស់ទាំងការដែលឯងធ្វើ»។ (វិវរណៈ ២:២, ១៩; ៣:១, ៨, ១៥) ព្រះយេស៊ូក៏ដឹងអំពីសេចក្ដីត្រូវការរបស់យើង ដូចជាព្រះយេហូវ៉ាដ៏ជាព្រះវរបិតារបស់ទ្រង់ជ្រាបដឹងដែរ។ មុននឹងប្រទានឲ្យនូវសេចក្ដីអធិស្ឋានជាគំរូ ព្រះយេស៊ូបានថ្លែងថា៖ «ព្រះវរបិតានៃអ្នក ទ្រង់ជ្រាបនូវរបស់អ្វីដែលអ្នកត្រូវការ មុនដែលអ្នកសូមផង»។—ម៉ាថាយ ៦:៨-១៣
២១. តើការដឹកនាំរបស់ព្រះយេស៊ូបានត្រូវសម្ដែងឲ្យឃើញក្នុងក្រុមជំនុំគ្រីស្ទានយ៉ាងដូចម្ដេច?
២១ តើការដឹកនាំរបស់ព្រះយេស៊ូបានត្រូវសម្ដែងឲ្យឃើញយ៉ាងដូចម្ដេច? វិធីមួយគឺតាមរយៈពួកអ្នកត្រួតពិនិត្យគ្រីស្ទាន ដែលជា«អំណោយទានជាមនុស្ស»។ (អេភេសូរ ៤:៨, ព.ថ.) វិវរណៈ ១:១៦ ពណ៌នាពួកអ្នកត្រួតពិនិត្យចាក់ប្រេងតាំងគឺ នៅក្នុងព្រះហស្តស្ដាំរបស់ព្រះគ្រីស្ទ ក្រោមការកាន់កាប់របស់ទ្រង់។ សព្វថ្ងៃនេះ ព្រះយេស៊ូដឹកនាំរបៀបរៀបចំខាងពួកអ្នកចាស់ទុំ ទោះជាបុរសបែបនេះមានសេចក្ដីសង្ឃឹមខាងស្ថានសួគ៌ឬក៏ខាងផែនដីក៏ដោយ។ ដូចបានពន្យល់ក្នុងអត្ថបទមុននេះ ពួកគេបានត្រូវតែងតាំងដោយវិញ្ញាណបរិសុទ្ធ ដែលសមស្របនឹងសេចក្ដីតម្រូវខាងបទគម្ពីរ។ (ធីម៉ូថេទី១ ៣:១-៧; ទីតុស ១:៥-៩) នៅក្នុងសតវត្សទីមួយ ពួកបុរសចាស់ៗមួយក្រុមនៅក្នុងទីក្រុងយេរូសាឡិម បានធ្វើជាគណៈអភិបាលដើម្បីត្រួតពិនិត្យមើលក្រុមជំនុំទាំងប៉ុន្មាន និងសកម្មភាពផ្សព្វផ្សាយព្រះរាជាណាចក្រជាទូទៅ។ លំនាំដដែលនេះក៏បានធ្វើតាមក្នុងចំណោមអង្គការរបស់ព្រះយេហូវ៉ាសព្វថ្ងៃនេះដែរ។
បន្តដើរឲ្យទាន់!
២២. តើគណៈអភិបាលផ្ដល់ជំនួយអ្វី?
២២ របស់ទាំងអស់នៅលើផែនដីនេះខាងព្រះរាជាណាចក្រ បានត្រូវប្រគល់ឲ្យ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›ដែលត្រូវតំណាងដោយគណៈអភិបាលរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។ (ម៉ាថាយ ២៤:៤៥-៤៧) គណៈអភិបាលនោះគឺច្រើនតែខ្វល់ខ្វាយនឹងការផ្ដល់ឲ្យនូវសេចក្ដីបង្ហាត់បង្រៀនខាងវិញ្ញាណ និងការដឹកនាំសំរាប់ក្រុមជំនុំគ្រីស្ទាន។ (កិច្ចការ ៦:១-៦) ប៉ុន្តែ នៅពេលដែលមហន្តរាយខាងធម្មជាតិមានអានុភាពលើពួកអ្នកថ្វាយបង្គំគ្នីគ្នា នោះគណៈអភិបាលសុំសាជីវកម្មមួយឬច្រើនទៀតដើម្បីផ្ដល់ជំនួយ និងជួសជុលឬក៏សង់ផ្ទះនិងសាលព្រះរាជាណាចក្រដែលបានបាក់បែក។ បើសិនជាពួកគ្រីស្ទានខ្លះបានត្រូវគេប្រព្រឹត្តយ៉ាងឃោរឃៅ ឬបានត្រូវគេបៀតបៀន នោះមានវិធានការដែលរៀបចំដើម្បីលើកទឹកចិត្តពួកគេខាងវិញ្ញាណ។ ហើយទោះបីនៅ‹ខុសពេលក្ដី› នោះគឺបានខំប្រឹងដើម្បីធ្វើឲ្យកិច្ចការផ្សព្វផ្សាយមានដំណើរទៅមុខជានិច្ច។—ធីម៉ូថេទី២ ៤:១, ២
២៣, ២៤. ទោះជាមានស្ថានការណ៍យ៉ាងណាក៏ដោយ ដែលមានមកលើរាស្ត្រទ្រង់ តើព្រះយេហូវ៉ាប្រទានឲ្យអ្វីជានិច្ច ហើយតើយើងគួរតាំងចិត្តធ្វើអ្វី?
២៣ ទោះជាមានស្ថានការណ៍យ៉ាងណាក៏ដោយ ដែលមានមកលើរាស្ត្ររបស់ព្រះយេហូវ៉ា នោះទ្រង់នឹងផ្ដល់នូវអាហារខាងវិញ្ញាណនិងការដឹកនាំជានិច្ច។ ព្រះក៏ប្រទានឲ្យបងប្អូនប្រុសៗ ដែលទទួលខុសត្រូវឲ្យចេះយោគយល់និងមានការយល់ធ្លុះជ្រៅ ដើម្បីរៀបចំឲ្យមានជំនឿននិងការកែប្រែទម្រង់ការខាងការរៀបចំតាមព្រះធិបតេយ្យ។ (ចោទិយកថា ៣៤:៩; អេភេសូរ ១:១៦, ១៧) ដោយឥតខាន ព្រះយេហូវ៉ាផ្ដល់ឲ្យអ្វីដែលយើងត្រូវការ ដើម្បីបំពេញមុខងារដើម្បីបង្កើតឲ្យមានសិស្ស និងដើម្បីសម្រេចកិច្ចបំរើរបស់យើងទូទាំងពិភពលោក។—ធីម៉ូថេទី២ ៤:៥
២៤ យើងអាចប្រាកដក្នុងចិត្តទាំងស្រុងថា ព្រះយេហូវ៉ានឹងមិនបោះបង់ចោលរាស្ត្រដ៏ស្មោះត្រង់របស់ទ្រង់ឡើយ។ ទ្រង់នឹងសង្គ្រោះពួកគេពី‹សេចក្ដីវេទនាជាខ្លាំង›ដែលកំពុងតែមកនេះ។ (វិវរណៈ ៧:៩-១៤; ទំនុកដំកើង ៩៤:១៤; ពេត្រុសទី២ ២:៩) យើងមានគ្រប់មូលហេតុដើម្បីរក្សាទំនុកចិត្ត ដែលយើងមាននៅដើមដំបូងឲ្យមុតមាំរហូតដល់ទីបញ្ចប់។ (ហេព្រើរ ៣:១៤) ដូច្នេះហើយ សូមឲ្យយើងតាំងចិត្តរក្សានូវការដើរឲ្យបានទាន់នឹងអង្គការរបស់ព្រះយេហូវ៉ា។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ហេតុអ្វីបានជាយើងអាចនិយាយថា អង្គការរបស់ព្រះយេហូវ៉ាកំពុងតែឈានទៅមុខ?
• តើមានទីសំអាងឯណាថា រាស្ត្ររបស់ព្រះកំពុងតែទទួលនូវការបំភ្លឺខាងវិញ្ញាណ ដែលមានជាបណ្ដើរៗ?
• តើមានការធ្វើឲ្យប្រសើរឡើងយ៉ាងណាស្តីអំពីកិច្ចបំរើគ្រីស្ទាន?
• តើមានការកែសម្រួលតាមត្រូវពេលខាងទម្រង់ការរបស់អង្គការ ក្នុងចំណោមពួកអ្នកបំរើព្រះយេហូវ៉ាយ៉ាងណា?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៥]
ដូចដាវីឌផងដែរ យើងមិនអាចរាប់បានទាំងអស់ នូវកិច្ចការដ៏អស្ចារ្យរបស់ព្រះយេហូវ៉ាឡើយ
[រូបភាពនៅទំព័រ២៦]
ហ្វូងរបស់ព្រះបានទទួលប្រយោជន៍ពីការកែសម្រួល តាមត្រូវពេលខាងទម្រង់ការរបស់អង្គការ