ការធ្វើឲ្យសះស្បើយនូវស្នាមរបួសដែលបន្សល់ទុកពីសង្គ្រាម
ការធ្វើឲ្យសះស្បើយនូវស្នាមរបួសដែលបន្សល់ទុកពីសង្គ្រាម
អាប្រាហាំបាននៅរួមជាមួយកងទ័ពឈ្លប អស់រយៈពេល២០ឆ្នាំ។ a ប៉ុន្តែ គាត់បានឈប់ធ្វើការប្រយុទ្ធហើយ ក៏នឹងលែងចូលចំបាំងទៀតដែរ។ តាមការពិត អតីតសត្រូវខ្លះៗរបស់គាត់ ជាមិត្តជិតស្និទ្ធជាងគេរបស់គាត់នៅពេលឥឡូវនេះ។ តើអ្វីដែលបានបណ្ដាលឲ្យគាត់ផ្លាស់ប្រែអ៊ីចឹង? គឺព្រះគម្ពីរ។ ព្រះគម្ពីរបានឲ្យអាប្រាហាំមានសេចក្ដីសង្ឃឹមនិងការយល់ធ្លុះជ្រៅ ទាំងបានជួយគាត់ឲ្យមានទស្សនៈដូចព្រះអំពីរឿងលោកីយ៍។ ព្រះគម្ពីរបានដកចេញនូវចិត្តចង់វាយប្រយុទ្ធពីខ្លួនគាត់ និងគាត់បានចាប់ផ្ដើមជាសះស្បើយនូវចិត្តទុក្ខព្រួយ សេចក្ដីសោកសង្រេង សំអប់ និងអារម្មណ៍ជូរចត់របស់គាត់ចេញ។ គាត់បានពិសោធន៍ថា ព្រះគម្ពីរមានថ្នាំផ្សះចិត្តយ៉ាងពូកែ។
តើព្រះគម្ពីរអាចជួយបុគ្គលម្នាក់ ឲ្យសះជាពីស្នាមរបួសខាងផ្លូវចិត្តបានយ៉ាងណា? ព្រះគម្ពីរមិនអាចកែប្រែអ្វីដែលអាប្រាហាំបានពិសោធន៍នោះទេ។ យ៉ាងណាក៏ដោយ ការអាននិងការរំពឹងគិតទៅលើព្រះបន្ទូលរបស់ព្រះ បានធ្វើឲ្យគំនិតរបស់គាត់សមស្របតាមគំនិតរបស់ព្រះអាទិទេពវិញ។ ឥឡូវនេះ គាត់មានសេចក្ដីសង្ឃឹមចំពោះពេលអនាគត ព្រមទាំងមានអ្វីថ្មីៗដែលទុកជាសំខាន់ផងដែរ។ អ្វីដែលព្រះចាត់ទុកថាជាសំខាន់ នោះគាត់បានចាត់ទុកថាជាសំខាន់ដែរ។ ពេលដែលចាប់ផ្ដើមមានគំនិតបែបនេះ នោះស្នាមរបួសក្នុងចិត្តគាត់ក៏បានចាប់ផ្ដើមសះស្បើយវិញដែរ។ គឺតាមរបៀបនេះហើយដែលអាប្រាហាំបានទទួលជំនួយកែប្រែឡើងវិញ។
បានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល
អាប្រាហាំបានកើតនៅទសវត្សនៃឆ្នាំ១៩៣០ នៅទ្វីបអាហ្វ្រិក។ ក្រោយពីសង្គ្រាមលោកលើកទី២នោះ ប្រទេសរបស់គាត់បានត្រូវកាន់កាប់ដោយប្រទេសជិតខាងដ៏ខ្លាំងមួយ តែពួកជនជាច្រើនរួមជាតិរបស់អាប្រាហាំ ចង់បានឯករាជ្យវិញ។ នៅឆ្នាំ១៩៦១ អាប្រាហាំបានចូលធ្វើទាហានក្នុងកងទ័ពដើម្បីសេរីភាព ដែលបានធ្វើសង្គ្រាមឧទ្ទាមច្បាំងទាស់នឹងប្រទេសជិតខាងដ៏ខ្លាំងនោះ។
អាប្រាហាំពន្យល់ថា៖ «ពួកគេជាសត្រូវរបស់យើង។ គេមានផែនការសម្លាប់យើង ដូច្នេះយើងក៏បានចាត់ការសម្លាប់គេមុន»។
អាប្រាហាំបានប្រថុយជីវិតជាញឹកញាប់ ដូច្នេះនៅឆ្នាំ១៩៨២ ក្រោយពីបានចំណាយអស់រយ:ពេល២០ឆ្នាំក្នុងការវាយប្រយុទ្ធ គាត់បានភៀសខ្លួនចេញទៅទ្វីបអឺរ៉ុបវិញ។ ដល់ពេលនោះឯង គាត់មានអាយុ៤០ឆ្នាំជាង និងដោយព្រោះមានពេលទំនេរជាច្រើន គាត់បានគិតពិចារណាពីផ្លូវជីវិតរបស់គាត់។ តើសេចក្ដីប្រាថ្នារបស់គាត់ពីមុនៗបានទៅជាយ៉ាងណា? តើនឹងមានអនាគតយ៉ាងណាដែរ? អាប្រាហាំបានជួបស្មរបន្ទាល់ព្រះយេហូវ៉ាខ្លះៗ និងបានចាប់ផ្ដើមចូលរួមកម្មវិធីប្រជុំរបស់ពួកគេ។ គាត់បាននឹកចាំថា នៅទ្វីបអាហ្វ្រិកជាច្រើនឆ្នាំទៅហើយ គាត់ធ្លាប់អានខិត្តប័ណ្ណមួយសន្លឹកដែលស្មរបន្ទាល់ម្នាក់បានឲ្យគាត់ដែរ។ ខិត្តប័ណ្ណនោះបានពណ៌នាពីសួនមនោរម្យនៅលើផែនដី
នាអនាគតកាល និងរដ្ឋាភិបាលមួយនៅស្ថានសួគ៌ដែលនឹងគ្រប់គ្រងទៅលើមនុស្សលោក។ តើពិតជាអាចមានអ៊ីចឹងមែនឬ?អាប្រាហាំនិយាយថា៖ «ខ្ញុំបានរៀនពីព្រះគម្ពីរថា ឆ្នាំទាំងប៉ុន្មានដែលខ្ញុំបានចំណាយក្នុងការវាយប្រយុទ្ធនោះ គឺជាអសារឥតការទេ។ រដ្ឋាភិបាលតែមួយគត់ដែលនឹងប្រព្រឹត្តដោយយុត្ដិធម៌ទៅលើមនុស្សទាំងអស់ នោះគឺជាព្រះរាជាណាចក្ររបស់ព្រះ»។
មិនយូរប៉ុន្មានក្រោយពីអាប្រាហាំបានទទួលបុណ្យជ្រមុជទឹក ជាស្មរបន្ទាល់ម្នាក់របស់ព្រះយេហូវ៉ា មានបុរសម្នាក់ឈ្មោះរ៉ូបឺត បានភៀសខ្លួនចេញពីអាហ្វ្រិកទៅទីក្រុងមួយនៅទ្វីបអឺរ៉ុប ជាទីក្រុងដែលអាប្រាហាំរស់នៅដែរ។ រ៉ូបឺតនិងអាប្រាហាំធ្លាប់រួមធ្វើសង្គ្រាមតែមួយ តែបាននៅប៉ែកជាខ្មាំងសត្រូវនឹងគ្នា។ រ៉ូបឺតធ្លាប់តែឆ្ងល់ជារឿយៗពីន័យពិតប្រាកដនៃជីវិត។ គាត់ជាអ្នកកាន់សាសនារបស់គាត់ដ៏ស៊ប់ និងដោយព្រោះធ្លាប់អានចំណែកផ្សេងៗពីព្រះគម្ពីរ ក៏បានដឹងហើយថា ព្រះនាមរបស់ព្រះគឺជាយេហូវ៉ា។ នៅពេលដែលស្មរបន្ទាល់ពីក្រុមជំនុំរបស់អាប្រាហាំ បានសូមជួយរ៉ូបឺតឲ្យយល់ព្រះគម្ពីរកាន់តែច្បាស់ឡើង គាត់បានសប្បាយរីករាយយល់ព្រមនឹងសំនើរនោះ។
រ៉ូបឺតពន្យល់ថា៖ «តាំងពីដំបូងនោះ ខ្ញុំពេញចិត្តដែលស្មរបន្ទាល់ប្រើព្រះនាមរបស់ព្រះយេហូវ៉ានិងព្រះយេស៊ូយ៉ាងនោះ ដោយទទួលស្គាល់ថា ទ្រង់ទាំងពីរអង្គជាបុគ្គលផ្សេងពីគ្នា។ សេចក្ដីនោះសមស្របនឹងអ្វីដែលខ្ញុំបានដឹងស្រាប់ហើយពីព្រះគម្ពីរ។ ពួកស្មរបន្ទាល់ក៏ស្លៀកពាក់យ៉ាងថ្លៃថ្នូរ និងប្រព្រឹត្តដោយសេចក្ដីសប្បុរសចំពោះអ្នកដទៃ ទោះជាជនជាតិណាក៏ដោយ។ របស់ផ្សេងៗបែបនេះបានមានឥទ្ធិពលជាខ្លាំងមកលើខ្ញុំ»។
ខ្មាំងសត្រូវទៅជាមិត្តសំឡាញ់វិញ
ឥឡូវនេះ រ៉ូបឺតនិងអាប្រាហាំដែលជាអតីតសត្រូវនឹងគ្នា ក៏ជាមិត្តជិតស្និទ្ធគ្នាវិញ។ ពួកគេបំរើជាអ្នកផ្សព្វផ្សាយពេញពេល ក្នុងក្រុមជំនុំជាមួយគ្នានៃពួកស្មរបន្ទាល់ព្រះយេហូវ៉ា។ អាប្រាហាំពន្យល់ថា៖ «ក្នុងកំឡុងសង្គ្រាមនោះ ខ្ញុំធ្លាប់ឆ្ងល់ជារឿយៗពីហេតុដែលមនុស្សពីប្រទេសជិតខាង អាចស្អប់គ្នាទៅវិញទៅមក ថ្វីបើច្រើនតែជាអ្នកកាន់សាសនាតែមួយក៏ដោយ។ រ៉ូបឺតនិងខ្ញុំបានរួមសាសនាតែមួយដែរ តែយើងបានទៅជាធ្វើសង្គ្រាមទាស់នឹងគ្នាវិញ។ ឥឡូវនេះ យើងទាំងពីរនាក់ជាស្មរបន្ទាល់ព្រះយេហូវ៉ា និងជំនឿរបស់យើងបានឲ្យយើងមានឯកភាព»។
រ៉ូបឺតបានមានប្រសាសន៍បន្ថែមទៀតថា៖ «គឺខុសពីមុនត្រង់ចំណុចនោះឯង។ ឥឡូវនេះយើងរួមជំនឿដែលឲ្យយើងមានចំណែកក្នុងភាតរភាពមួយដ៏ពិតប្រាកដ។ យើងមិនអាចចូលរួមក្នុងចំបាំងទៀតឡើយ»។ ព្រះគម្ពីរបានមានឥទ្ធិពលដ៏ខ្លាំងក្លាទៅលើចិត្តនៃអតីតគូសត្រូវនេះ។ សេចក្ដីស្អប់និងចិត្តជូរចត់បានបន្ទន់ជាបណ្ដើរៗទៅជាទំនុកចិត្តនិងមិត្តភាពវិញ។
ដំណាលគ្នានឹងពេលដែលអាប្រាហាំនិងរ៉ូបឺតបានច្បាំងទាស់នឹងគ្នានោះ មានយុវបុរសពីរនាក់ទៀតដែលបានកាន់ជំហរទាស់ទែងនឹងគ្នា ខាងរឿងរ៉ាវមួយទៀតរវាងប្រទេសជិតខាងពីរ។ មិនយូរប៉ុន្មានក្រោយមក ព្រះគម្ពីរប្រៀបដូចជាថ្នាំដ៏ខ្លាំងពូកែដើម្បីធ្វើឲ្យចិត្តគេសះស្បើយដែរ។ តើតាមរបៀបណា?
សម្លាប់គេសិន និងក្រោយមកព្រម ស្លាប់ជាទុក្ករបុគ្គលដែរ
កាព្រីយែលដែលត្រូវបានចិញ្ចឹមអប់រំដោយគ្រួសារដែលប្រកាន់សាសនា ក៏បានត្រូវគេបង្រៀនថា ប្រទេសកំណើតរបស់គាត់ក៏ជាប់មានសង្គ្រាមបរិសុទ្ធ។ ដូច្នេះហើយបានជាកាលដែលគាត់គ្រប់អាយុ១៩ឆ្នាំ គាត់បានស្ម័គ្រចិត្តធ្វើទាហាន និងបានសុំចូលសមរមុទ្ធា។ អស់រយៈពេល១៣ខែគាត់មានចំណែកក្នុងចំបាំងដ៏សាហាវជាងគេ ជួនកាលតែមួយគីឡូម៉ែត្រកន្លះប៉ុណ្ណោះពីពួកខ្មាំង។ គាត់ថា៖ «ខ្ញុំនឹកចាំច្រើនជាងគេ ពីពេលវេលាមួយនោះ។ មេបញ្ជាការរបស់យើងបានប្រាប់យើងថា ខ្មាំងនឹងវាយរុករាននៅវេលាយប់នោះឯង។ យើងបានមានចិត្តរំជួលដល់ម្ល៉េះបានជាយើងបានបាញ់កាំភ្លើងត្បាល់របស់យើងអស់មួយយប់»។ គាត់បានចាត់ទុកប្រជាជនពីប្រទេសជិតខាង
នោះ ជាខ្មាំងសត្រូវដែលគួរនឹងស្លាប់។ «ខ្ញុំធ្លាប់តែគិតចង់រកសម្លាប់គេច្រើនប៉ុនណាដែលអាចធ្វើទៅបាន។ ក្រោយមក ដូចជាពួកម៉ាកជាច្រើនរបស់ខ្ញុំ ក៏មានចិត្តចង់ស្លាប់ជាទុក្ករបុគ្គលម្នាក់ដែរ»។ក៏ប៉ុន្តែយូរៗទៅ កាព្រីយែលបានទៅជាមានចិត្តស្រងាកជាខ្លាំង។ គាត់បានរត់ទៅឯភ្នំ បានឆ្លងដែនដោយប្រយ័ត្នប្រយែងចូលប្រទេសមួយដ៏អព្យាក្រឹត ហើយបានធ្វើដំណើរទៅអឺរ៉ុបវិញ។ គាត់បានសួរព្រះជានិច្ច អំពីមូលហេតុដែលជីវិតពិបាកម្ល៉េះ និងតើបញ្ហាបណ្ដាលមកពីព្រះផ្ដន្ទាទោសឬក៏យ៉ាងណា។ គាត់បានជួបស្មរបន្ទាល់ព្រះយេហូវ៉ា ដែលបានបង្ហាញពីព្រះគម្ពីរ នូវហេតុដែលជីវិតពោរពេញទៅដោយបញ្ហាច្រើនម្ល៉េះនៅសព្វថ្ងៃនេះ។—ម៉ាថាយ ២៤:៣-១៤; ធីម៉ូថេទី២ ៣:១-៥
កាលណាកាព្រីយែលបានរៀនកាន់តែច្រើនពីព្រះគម្ពីរ គាត់ក៏បានយល់កាន់តែច្រើនថា ព្រះគម្ពីរមានសេចក្ដីដ៏ពិតត្រឹមត្រូវ។ «ខ្ញុំបានរៀនថា យើងអាចរស់នៅជានិរន្តរ៍លើផែនដីជាសួនមនោរម្យ។ គួរឲ្យចំឡែកមែន ដែលខ្ញុំធ្លាប់តែមានចិត្តចង់បានជាខ្លាំងតាំងពីតូចមកម្ល៉េះ»។ ព្រះគម្ពីរបានសំរាលទុក្ខរបស់កាព្រីយែល និងរហូតមកដល់សព្វថ្ងៃនេះ ចិត្តថប់ព្រួយរបស់គាត់បានធូរស្បើយ។ ស្នាមរបួសដ៏ជ្រៅជាទីបំផុតខាងផ្លូវចិត្តរបស់គាត់ ក៏បានត្រូវចាប់ផ្ដើមសះស្បើយដែរ។ ដូច្នេះ ដល់ពេលដែលកាព្រីយែលបានជួបដានីយ៉ែល ដែលជាអតីតសត្រូវផងដែរ គាត់ក៏លែងប្រកាន់ចិត្តសំអប់ទៀតឡើយ។ ប៉ុន្តែ តើអ្វីដែលបានជំរុញឲ្យដានីយ៉ែលមកឯទ្វីបអឺរ៉ុបអ៊ីចឹង?
«បើពិតជាមានទ្រង់មែន សូមជួយផង!»
ដានីយ៉ែលបានត្រូវចិញ្ចឹមអប់រំជាអ្នកកាន់សាសនាកាតូលិក និងមកដល់អាយុ១៨ឆ្នាំ បានត្រូវគេកេណ្ឌឲ្យធ្វើជាយោធា។ គេបានចាត់ឲ្យគាត់ចូលចំបាំងដូចដែលកាព្រីយែលចូលនោះដែរ តែបាននៅជាខ្មាំងសត្រូវទៅវិញ។ ជិតដល់សមរមុទ្ធា ដានីយ៉ែលបានជិះរថក្រោះដែលបានគេបាញ់ត្រូវ។ មិត្តៗរបស់គាត់បានស្លាប់អស់ និងគាត់បានរងរបួសជាខ្លាំងទាំងបានគេចាប់គាត់ដែរ។ គាត់បានចំណាយពេលជាច្រើនខែដេកពេទ្យ និងនៅក្នុងជំរំមួយ មុននឹងគេបានបណ្ដេញគាត់ចេញទៅឯប្រទេសអព្យាក្រឹតមួយ។ ដោយនៅតែម្នាក់ឯង និងទ័លក្រ គាត់បានគិតធ្វើអត្តឃាត។ ដានីយ៉ែលបានអធិស្ឋានទូលព្រះថា៖ «បើពិតជាមានទ្រង់មែន សូមជួយផង!»។ ថ្ងៃស្អែកឡើង ស្មរបន្ទាល់ព្រះយេហូវ៉ាបានទៅលេងគាត់ និងបានឆ្លើយសំនួរជាច្រើនរបស់គាត់ដែរ។ នៅទីបំផុត គាត់បានធ្វើដំណើរទៅទ្វីបអឺរ៉ុបជាជនភៀសខ្លួន។ ម្ដងទៀតនោះ គាត់បានទាក់ទងពួកស្មរបន្ទាល់ និងបានសិក្សាព្រះគម្ពីរ។ អ្វីៗដែលគាត់បានរៀននោះ បានសំរាលនូវអារម្មណ៍ជូរចត់និងការថប់បារម្ភរបស់គាត់។
ឥឡូវនេះ កាព្រីយែលនិងដានីយ៉ែលជាមិត្តសំឡាញ់ ទាំងបានសាមគ្គីគ្នាក្នុងភាតរភាពមួយខាងវិញ្ញាណ ជាស្មរបន្ទាល់ព្រះយេហូវ៉ាដែលបានទទួលបុណ្យជ្រមុជទឹករួចទៅហើយ។ កាព្រីយែលមានប្រសាសន៍ថា៖ «សេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះព្រះយេហូវ៉ា ព្រមទាំងចំណេះអំពីព្រះគម្ពីរ បានជួយខ្ញុំរកឃើញអ្វីៗតាមតែទ្រង់ឃើញដែរ។ ដានីយ៉ែលលែងធ្វើជាខ្មាំងរបស់ខ្ញុំទៀតហើយ។ ជាច្រើនឆ្នាំមុនៗ ខ្ញុំនឹងសម្លាប់គាត់ដោយតាំងចិត្តជាស្រេច។ តែព្រះគម្ពីរបានបង្រៀនយ៉ាងផ្ទុយស្រឡះទៅវិញ គឺឲ្យខ្ញុំសុខចិត្តស្លាប់ជំនួសគាត់វិញ»។
ដានីយ៉ែលរៀបរាប់ថា៖ «ខ្ញុំបានឃើញមនុស្សពីសាសនាផ្សេងៗ ដែលជាជនជាតិផ្សេង ចេះតែសម្លាប់គ្នាទៅវិញទៅមក។ ហើយមានមនុស្សពីសាសនាតែមួយចេះតែទាស់គ្នាទាំងសងខាង និងសម្លាប់គ្នាឯងដែរ។ ពេលដែលខ្ញុំបានឃើញអ៊ីចឹង ខ្ញុំបានគិតថា ព្រះមានកំហុស។ ឥឡូវនេះខ្ញុំដឹងថា សាតាំងជាឥទ្ធិពលបណ្ដាលឲ្យមានសង្គ្រាម។ សព្វថ្ងៃនេះ កាព្រីយែលនិងខ្ញុំក៏ជាអ្នករួមជំនឿជាមួយគ្នា។ យើងនឹងលែងច្បាំងគ្នាទៀតហើយ!»។
«ព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង»
ហេតុអ្វីបានជាអាប្រាហាំ រ៉ូបឺត កាព្រីយែល និងដានីយ៉ែលបានកែប្រែច្រើនអ៊ីចឹង? តើគេអាចលុបបំបាត់នូវសេចក្ដីស្អប់ និងទុក្ខព្រួយដ៏ជ្រាលជ្រៅចេញពីចិត្តគេបានយ៉ាងណា?
បុរសម្នាក់ៗទាំងនេះបានអាន បានរំពឹងគិត និងបានរៀននូវសេចក្ដីពិតពីព្រះគម្ពីរ ដែល«រស់នៅ ហើយពូកែផង»។ (ហេព្រើរ ៤:១២) អ្នកនិពន្ធព្រះគម្ពីរជាព្រះដែលបានបង្កើតមនុស្សជាតិ ជាព្រះដែលអាចមានឥទ្ធិពលទៅលើចិត្តអ្នកណាម្នាក់ ដែលសុខចិត្តស្ដាប់និងរៀន ប្រយោជន៍ឲ្យអ្នកទាំងនោះវិញ។ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត»។ នៅពេលដែលអ្នកណាម្នាក់អានព្រះគម្ពីរ ដោយអនុញ្ញាតឲ្យសៀវភៅនោះណែនាំផ្លូវរបស់ខ្លួន នោះគាត់ក៏អាចកាន់តាមគោលការណ៍និងខ្នាតតម្រាដ៏ថ្មីៗបានដែរ។ គាត់ចាប់ផ្ដើមរៀនអំពីទស្សនៈរបស់ព្រះយេហូវ៉ាខាងរឿងផ្សេងៗ។ ដំណើរការនេះក៏នាំឲ្យមានប្រយោជន៍ជាច្រើន រួមទាំងធ្វើឲ្យសះស្បើយនូវស្នាមរបួសពីសង្គ្រាមដែរ។—ធីម៉ូថេទី២ ៣:១៦
ព្រះបន្ទូលរបស់ព្រះពន្យល់ថា គ្មានជនជាតិ ពូជសាសន៍ ឬអាណិកជនក្រុមណា ដែលល្អឬអាក្រក់ជាងមួយទៀតនោះទេ។ «ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ»។ អ្នកណាដែលអាននិងយល់ព្រមតាមសេចក្ដីនេះ ក៏នឹងទទួលជំនួយដើម្បីគ្របសង្កត់ជាបណ្ដើរៗ ទៅលើអារម្មណ៍ស្អប់ពូជសាសន៍ឬជនជាតិគេ។—កិច្ចការ ១០:៣៤, ៣៥
បទទំនាយក្នុងព្រះគម្ពីរក៏បញ្ជាក់ថា បន្ដិចទៀតនេះព្រះនឹងប្ដូររបបគ្រប់គ្រងរបស់មនុស្សលោកបច្ចុប្បន្ននេះ ជំនួសដោយព្រះរាជាណាចក្រព្រះមេស្ស៊ីរបស់ទ្រង់វិញ។ តាមរយៈរដ្ឋាភិបាលនេះ ព្រះ«បណ្ដាលឲ្យការសង្គ្រាមស្ងប់រំងាប់ រហូតដល់ចុងផែនដី»។ ស្ថាប័នណាដែលជំរុញឲ្យមានសង្គ្រាម និងដាស់តឿនឲ្យមនុស្សចូលចំបាំងនោះ នឹងត្រូវបានដកចេញ។ ពួកអ្នករងគ្រោះដោយសង្គ្រាម នឹងត្រូវបានប្រោសឲ្យរស់ឡើងវិញ និងទទួលឱកាសរស់នៅលើផែនដីមនោរម្យ។ គ្មានអ្នកណានឹងត្រូវរត់ចេញ ដោយព្រោះមានអ្នកគំរាមកំហែង ឬអ្នកប្រឆាំងគេទៀតទេ។—ទំនុកដំកើង ៤៦:៩; ដានីយ៉ែល ២:៤៤; កិច្ចការ ២៤:១៥
ព្រះគម្ពីររៀបរាប់អំពីមនុស្សដែលនឹងរស់នៅគ្រានោះថា៖ «មនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង ក៏នឹងដាំចំការទំពាំងបាយជូរ ហើយនឹងបរិភោគផលដែរ គេនឹងមិនសង់ រួចមានម្នាក់ទៀតអាស្រ័យនៅ . . . គេនឹងមិនខំធ្វើជាឥតប្រយោជន៍ ឬបង្កើតមកឲ្យតែបានត្រូវវិនាសទៅនោះឡើយ»។ គ្មានរបស់ខូចខាតណា ឬរបួសណានឹងខានព្យាបាលទេ។ ការមានជំនឿទៅលើសេចក្ដីសង្ឃឹមបែបនេះ នឹងដកហូតជាបណ្ដើរៗ នូវសេចក្ដីសោកសង្រេងនិងទុក្ខព្រួយពីចិត្តមនុស្សចេញ។—អេសាយ ៦៥:២១-២៣
ព្រះគម្ពីរពិតជាថ្នាំផ្សះដ៏ខ្លាំងពូកែសំរាប់សំរាលទុក្ខ។ ការបង្រៀនពីព្រះគម្ពីរកំពុងតែធ្វើឲ្យសះស្បើយនូវស្នាមរបួសពីសង្គ្រាមរួចទៅហើយ។ អតីតសត្រូវកំពុងតែសាមគ្គីគ្នាក្នុងភាតរភាពអន្តរជាតិមួយ។ ដំណើរសះស្បើយបែបនេះនឹងមានជាបន្តក្នុងរបបថ្មីរបស់ព្រះ រហូតដល់លែងមានសេចក្ដីសំអប់និងភាពជូរចត់ ឬសេចក្ដីសោកសង្រេងនិងទុក្ខព្រួយក្នុងចិត្តមនុស្សជាតិទៀត។ ព្រះអាទិទេពសន្យាថា«របស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹកចាំទៀត»ទេ។—អេសាយ ៦៥:១៧
[កំណត់សម្គាល់]
a ឈ្មោះខ្លះក្នុងអត្ថបទនេះបានត្រូវប្ដូរ។
[ឃ្លាអក្សរធំនៅទំព័រ៤]
«ខ្ញុំបានរៀនពីព្រះគម្ពីរថា ឆ្នាំទាំងប៉ុន្មានដែលខ្ញុំបានចំណាយក្នុងការវាយប្រយុទ្ធនោះ គឺជាអសារឥតការទេ»
[ឃ្លាអក្សរធំនៅទំព័រ៥]
ព្រះគម្ពីរអាចមាន ឥទ្ធិពលដ៏ខ្លាំងទៅលើចិត្តនៃអតីតសត្រូវ
[ឃ្លាអក្សរធំនៅទំព័រ៦]
សេចក្ដីស្អប់និងចិត្តជូរចត់បន្ទន់ជាបណ្ដើរៗទៅជាទំនុកចិត្តនិងមិត្តភាពវិញ
[ឃ្លាអក្សរធំនៅទំព័រ៦]
នៅពេលដែលអ្នកណាម្នាក់អានព្រះគម្ពីរ និងអនុញ្ញាតឲ្យសៀវភៅនោះណែនាំផ្លូវខ្លួន នោះគាត់ក៏អាចកាន់តាមគោលការណ៍និងខ្នាតតម្រាដ៏ថ្មីៗបានដែរ
[រូបភាពនៅទំព័រ៧]
នាបច្ចុប្បន្ននេះ អតីតសត្រូវកំពុងតែមានសាមគ្គីគ្នាក្នុងភាតរភាពអន្តរជាតិមួយ
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៦]
Refugee camp: UN PHOTO 186811/J. Isaac