លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរឲ្យសេចក្ដីស្រឡាញ់ស្អាងចិត្តអ្នកឡើង

ចូរឲ្យសេចក្ដីស្រឡាញ់ស្អាងចិត្តអ្នកឡើង

ចូរ​ឲ្យ​សេចក្ដី​ស្រឡាញ់​ស្អាង​ចិត្ត​អ្នក​ឡើង

«ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ​អម្ចាស់[ព្រះ​យេហូវ៉ា] ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង»។—ម៉ាថាយ ២២:៣៧

១. (ក) តើ​គ្រីស្ទាន​ម្នាក់​ត្រូវ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​លក្ខណៈ​អ្វី​ខ្លះ? (ខ) តើ​គុណសម្បត្ដិ​គ្រីស្ទាន​មួយ​ណា​គឺ​សំខាន់​ជាង​គេ?

 គ្រីស្ទាន​ម្នាក់​ត្រូវ​តែ​បណ្ដុះ​បណ្ដាល​លក្ខណៈ​ជា​ច្រើន ដើម្បី​ជា​អ្នក​បំរើ​ដ៏​មាន​ប្រសិទ្ធិភាព។ សៀវភៅ​សុភាសិត បញ្ជាក់​នូវ​សារៈ​សំខាន់​នៃ​ចំណេះ យោបល់ និង​ប្រាជ្ញា។ (សុភាសិត ២:១​-​១០) សាវ័ក​ប៉ុល​បាន​ពិគ្រោះ​អំពី​ភាព​ចាំ​បាច់​នៃ​ជំនឿ​មុត​មាំ​និង​សេចក្ដី​សង្ឃឹម​ដ៏​ខ្លាំង។ (រ៉ូម ១:១៦, ១៧; កូល៉ុស ១:៥; ហេព្រើរ ១០:៣៩) ការ​ស៊ូ​ទ្រាំ​និង​ការ​ចេះ​ទប់​ចិត្ត​គឺ​ជា​ចាំ​បាច់​ដែរ។ (កិច្ច​ការ ២៤:២៥; ហេព្រើរ ១០:៣៦) ប៉ុន្តែ នៅ​មាន​លក្ខណៈ​មួយ​ដែល​បើ​សិន​ជា​គ្មាន​លក្ខណៈ​នោះ​ទេ អាច​ធ្វើ​ឲ្យ​គុណសម្បត្ដិ​ឯ​ទៀត​ទៅ​ជា​ឱនថយ និង​រហូត​ដល់​ធ្វើ​ឲ្យ​លក្ខណៈ​ទាំង​នោះ​គ្មាន​ប្រយោជន៍​ទៀត​ផង។ លក្ខណៈ​នោះ​គឺ​ជា​សេចក្ដី​ស្រឡាញ់។—កូរិនថូស​ទី​១ ១៣:១​-​៣, ១៣

២. តើ​ព្រះ​យេស៊ូ​បាន​បង្ហាញ​នូវ​សារៈ​សំខាន់​នៃ​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​នេះ​លើក​ឡើង​នូវ​សំនួរ​អ្វី​ខ្លះ?

ព្រះ​យេស៊ូ​បាន​បញ្ជាក់​នូវ​សារៈ​សំខាន់​នៃ​សេចក្ដី​ស្រឡាញ់ ពេល​ដែល​ទ្រង់​មាន​បន្ទូល​ថា៖ «គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។ (យ៉ូហាន ១៣:៣៥) បើ​សិន​ជា​សេចក្ដី​ស្រឡាញ់​គឺ​ជា​សញ្ញា​ដែល​សម្គាល់​គ្រីស្ទាន​ពិត នោះ​យើង​ត្រូវ​តែ​សួរ​សំនួរ​ខ្លះ​ៗ​ដូច​ជា តើ​សេចក្ដី​ស្រឡាញ់​គឺ​ជា​អ្វី? ហេតុ​អ្វី​បាន​ជា​សំខាន់​ដល់​ម្ល៉េះ​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល ថា​លក្ខណៈ​នោះ​នឹង​សម្គាល់​សិស្ស​របស់​ទ្រង់​ជា​ជាង​លក្ខណៈ​ផ្សេង​ទៀត? តើ​យើង​អាច​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច? តើ​អ្នក​ណា​ខ្លះ​គួរ​ទទួល​សេចក្ដី​ស្រឡាញ់​របស់​យើង? សូម​ឲ្យ​យើង​ពិចារណា​សំនួរ​ទាំង​នេះ។

តើ​សេចក្ដី​ស្រឡាញ់​ជា​អ្វី?

៣. តើ​សេចក្ដី​ស្រឡាញ់​អាច​ត្រូវ​ពណ៌នា​ដោយ​ដូច​ម្ដេច និង​ហេតុ​អ្វី​បាន​ជា​នេះ​រួម​បញ្ចូល​ទាំង​ចិត្ត​និង​គំនិត​ផង?

ការ​ពណ៌នា​មួយ​អំពី​សេចក្ដី​ស្រឡាញ់ បក​ស្រាយ​ថា​ជា‹អារម្មណ៍​កក់​ក្ដៅ​ដោយ​សារ​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ឬ​ក៏​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ។ គឺ​ជា​ការ​ពេញ​ចិត្ត​ឬ​មាន​ចំណូល​ចិត្ត​នឹង​អ្នក​ឯ​ទៀត›។ សេចក្ដី​ស្រឡាញ់​គឺ​ជា​គុណសម្បត្ដិ​មួយ​ដែល​ជំរុញ​ឲ្យ​មនុស្ស​ខំ​ជួយ​អ្នក​ឯ​ទៀត ជួន​កាល​ទោះ​បី​ខ្លួន​ត្រូវ​ធ្វើ​ពលិកម្ម​ក៏​ដោយ។ សេចក្ដី​ស្រឡាញ់​នេះ​ដូច​ដែល​ព្រះ​គម្ពីរ​ពណ៌នា​នោះ រួម​បញ្ចូល​ទាំង​ចិត្ត​និង​គំនិត។ គំនិត​ឬ​សតិបញ្ញា រួម​តួ​នាទី​ក្នុង​នោះ ពីព្រោះ​មនុស្ស​ម្នាក់​ដែល​ចេះ​ស្រឡាញ់​បង្ហាញ​ការ​ធ្វើ​នេះ ដោយ​មិន​ងងឹត​ងងល់​ទេ។ គាត់​ទទួល​ស្គាល់​ថា​ខ្លួន​គាត់​ព្រម​ទាំង​មនុស្ស​ឯ​ទៀត​ដែល​គាត់​ស្រឡាញ់ មាន​ទាំង​ភាព​ខ្សោយ​និង​គុណសម្បត្ដិ​ដ៏​មាន​កម្លាំង​ទាក់​ទាញ​ដែរ។ សតិបញ្ញា​ក៏​ចូល​រួម​ក្នុង​នេះ​ដែរ ព្រោះ​ថា ជួន​កាល មាន​អ្នក​ដែល​គ្រីស្ទាន​ម្នាក់​ស្រឡាញ់ ទោះ​បី​នេះ​ប្រហែល​ជា​ខុស​ផ្ទុយ​ពី​ចំណង់​របស់​ខ្លួន​គាត់​ក៏​ដោយ ដោយ​ព្រោះ​គាត់​ជ្រាប​ដឹង​ពី​ព្រះ​គម្ពីរ​ថា ព្រះ​មាន​ព្រះ​ហឫទ័យ​ចង់​ឲ្យ​គាត់​ធ្វើ​ដូច្នោះ។ (ម៉ាថាយ ៥:៤៤; កូរិនថូស​ទី​១ ១៦:១៤) យ៉ាង​ណា​ក៏​ដោយ បើ​និយាយ​ជា​គោល សេចក្ដី​ស្រឡាញ់​ចេញ​មក​ពី​ដួង​ចិត្ត។ សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ​ដូច​ដែល​បាន​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ គឺ​មិន​ដែល​ចេញ​ពី​សតិបញ្ញា​ប៉ុណ្ណោះ​ទេ។ សេចក្ដី​ស្រឡាញ់​នេះ​រួម​បញ្ចូល​ភាព​ស្មោះ​ត្រង់​ដ៏​ជ្រាល​ជ្រៅ និង​ភក្ដី​ភាព​ទាំង​ស្រុង​ចេញ​ពី​ដួង​ចិត្ត។—ពេត្រុស​ទី​១ ១:២២

៤. តើ​ដូច​ម្ដេច​ដែល​សេចក្ដី​ស្រឡាញ់​គឺ​ជា​ចំណង​ដ៏​មាំ?

មនុស្ស​ដែល​ចិត្ត​អាក្រក់​កម្រ​មាន​សមត្ថភាព​ក្នុង​ការ​ទាក់​ទង ដែល​ពិត​ជា​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ពីព្រោះ​អ្នក​ណា​ដែល​ចេះ​ស្រឡាញ់ ប្រុង​ប្រៀប​នឹង​ស្វែង​រក​ការ​បំរើ​ប្រយោជន៍​អ្នក​ឯ​ទៀត​មុន​ប្រយោជន៍​ផ្ទាល់​ខ្លួន។ (ភីលីព ២:២​-​៤) បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​ថា«ដែល​ឲ្យ នោះ​បាន​ពរ​ជា​ជាង​ទទួល»គឺ​ពិត ជា​ពិសេស ពេល​ដែល​ការ​ឲ្យ​នោះ​ចេញពី​សេចក្ដី​ស្រឡាញ់។ (កិច្ច​ការ ២០:៣៥) សេចក្ដី​ស្រឡាញ់​គឺ​ជា​ចំណង​ដ៏​មាំ។ (កូល៉ុស ៣:១៤) សេចក្ដី​ស្រឡាញ់​នោះ​ច្រើន​តែ​រួម​បញ្ចូល​មិត្តភាព ក៏​ប៉ុន្តែ​ចំណង​ខាង​សេចក្ដី​ស្រឡាញ់​គឺ​ខ្លាំង​ជាង​ចំណង​ខាង​មិត្តភាព​ទៅ​ទៀត។ ស្នេហា​រវាង​ប្ដី​និង​ប្រពន្ធ​ត្រូវ​ពណ៌នា​ជា​សេចក្ដី​ស្រឡាញ់​ដែរ។ ក៏​ប៉ុន្តែ សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​គម្ពីរ​លើក​ទឹក​ចិត្ត​ឲ្យ​យើង​បណ្ដុះ​បណ្ដាល​ឲ្យ​មាន នោះ​ស្ថិត​ស្ថេរ​យូរ​ជាង​ការ​ទាក់​ទាញ​ខាង​រូបសម្បត្ដិ។ ពេល​គូ​មួយ​ស្រឡាញ់​គ្នា​ស្មោះ ពួក​គេ​នៅ​រួម​រស់​ជា​មួយ​គ្នា សូម្បី​តែ​ក្នុង​ពេល​ដែល​គ្មាន​សមត្ថភាព​មាន​ទំនាក់​ទំនង​ស្និទ្ធ​ស្នាល​ខាង​រាង​កាយ ដោយ​ព្រោះ​ការ​ពិបាក​ដោយ​សារ​អាយុ​ចាស់​ឬ​ក៏​ដោយ​សារ​ម្នាក់​គឺ​ពិការ​នោះ។

សេចក្ដី​ស្រឡាញ់ ជា​គុណសម្បត្ដិ​ដ៏​ចាំ​បាច់

៥. ហេតុ​អ្វី​បាន​ជា​សេចក្ដី​ស្រឡាញ់​គឺ​ជា​គុណសម្បត្ដិ​ដ៏​ចាំ​បាច់​ចំពោះ​គ្រីស្ទាន​ម្នាក់?

ហេតុ​អ្វី​បាន​ជា​សេចក្ដី​ស្រឡាញ់​គឺ​ជា​គុណសម្បត្ដិ​មួយ​ដ៏​ចាំ​បាច់​សំរាប់​គ្រីស្ទាន​ម្នាក់? មុន​បង្អស់ ដោយ​សារ​ព្រះ​យេស៊ូ​បាន​បញ្ជា​ឲ្យ​សិស្ស​របស់​ទ្រង់​ស្រឡាញ់​គ្នា។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ជា​ពួក​សំឡាញ់​ខ្ញុំ​ហើយ។ ខ្ញុំ​បង្គាប់​សេចក្ដី​នេះ​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ»។ (យ៉ូហាន ១៥:១៤, ១៧) ហេតុ​ទី​ពីរ​គឺ​ព្រោះ​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​ស្រឡាញ់​នោះ​ឯង ហើយ​ដោយ​ព្រោះ​យើង​ជា​អ្នក​ថ្វាយ​បង្គំ​ទ្រង់ នោះ​យើង​គួរ​ធ្វើ​តម្រាប់​តាម​ទ្រង់។ (អេភេសូរ ៥:១; យ៉ូហាន​ទី​១ ៤:១៦) ព្រះ​គម្ពីរ​ចែង​ថា ការ​ក្រេប​ជញ្ជក់​នូវ​ចំណេះ​អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​នាំ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច។ តើ​យើង​អាច​អះអាង​ថា​យើង​ស្គាល់​ព្រះ​យ៉ាង​ដូច​ម្ដេច​បាន បើ​សិន​ជា​យើង​មិន​ខំ​ធ្វើ​តម្រាប់​តាម​ទ្រង់​ផង​នោះ? សាវ័ក​យ៉ូហាន​បាន​វែក​ញែក​ថា៖ «អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​មិន​ស្គាល់​ព្រះ​វិញ ពីព្រោះ​ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​នោះ​ឯង»។—យ៉ូហាន​ទី​១ ៤:៨

៦. តើ​ដូច​ម្ដេច​ដែល​សេចក្ដី​ស្រឡាញ់​អាច​ជួយ​ឲ្យ​មាន​តុល្យភាព​រវាង​ផ្នែក​ផ្សេង​ៗ​នៃ​ជីវិត?

ហេតុ​ទី​៣​ដែល​សេចក្ដី​ស្រឡាញ់​គឺ​សំខាន់ ពីព្រោះ​នោះ​ជួយ​យើង​មាន​តុល្យភាព​ក្នុង​ផ្នែក​ផ្សេង​ៗ​នៃ​ជីវិត ព្រម​ទាំង​ក៏​បន្ថែម​នូវ​បំណង​ល្អ​ចំពោះ​អ្វី​ក៏​ដោយ​ដែល​យើង​ធ្វើ។ ជា​ឧទាហរណ៍ គឺ​ជា​ការ​សំខាន់​ក្នុង​ការ​បន្ត​ក្រេប​ជញ្ជក់​នូវ​ចំណេះ​អំពី​ព្រះ​បន្ទូល​របស់​ព្រះ។ ចំពោះ​គ្រីស្ទាន​ម្នាក់ ចំណេះ​គឺ​ស្មើ​នឹង​ម្ហូប​អាហារ។ នោះ​ជួយ​គាត់​លូត​លាស់​ដល់​ពេញ​វ័យ​និង​ប្រព្រឹត្ត​សម​ស្រប​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ។ (ទំនុកដំកើង ១១៩:១០៥; ម៉ាថាយ ៤:៤; ធីម៉ូថេ​ទី​២ ៣:១៥, ១៦) ក៏​ប៉ុន្តែ ប៉ុល​បាន​ព្រមាន​ថា៖ «ឯ​ចំណេះ នោះ​នាំ​ឲ្យ​ចិត្ត​ប៉ោង​ឡើង តែ​សេចក្ដី​ស្រឡាញ់​ស្អាង​ចិត្ត​ឡើង​វិញ»។ (កូរិនថូស​ទី​១ ៨:១) ចំណេះ​ត្រឹម​ត្រូវ​មិន​មែន​ជា​អ្វី​ដ៏​អាក្រក់​ទេ។ ក៏​ប៉ុន្តែ បញ្ហា​មក​ពី​យើង​វិញ ដោយ​សារ​យើង​មាន​ទំនោរ​ទៅ​ខាង​អំពើ​បាប។ (លោកុប្បត្តិ ៨:២១) បើ​សិន​ជា​គ្មាន​ឥទ្ធិពល​ពី​សេចក្ដី​ស្រឡាញ់​ដែល​នាំ​ឲ្យ​មាន​តុល្យភាព នោះ​ចំណេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ក្រអឺត​ក្រអោង និង​គិត​ថា​ខ្លួន​គឺ​ល្អ​ជាង​អ្នក​ឯ​ទៀត។ នោះ​នឹង​មិន​កើត​ឡើង​ទេ បើ​សិន​ជា​គាត់​ត្រូវ​ជំរុញ​ដោយ​សេចក្ដី​ស្រឡាញ់​ជា​គោល។ «សេចក្ដី​ស្រឡាញ់ . . . មិន​ចេះ​អួត​ខ្លួន ក៏​មិន​ដែល​មាន​ចិត្ត​ធំ​ផង»។ (កូរិនថូស​ទី​១ ១៣:៤) គ្រីស្ទាន​ម្នាក់​ដែល​ត្រូវ​ជំរុញ​ដោយ​សេចក្ដី​ស្រឡាញ់ មិន​ដែល​អួត​ខ្លួន​ថ្វី​បើ​គាត់​មាន​ចំណេះ​ជ្រៅ​ជ្រះ​ក៏​ដោយ។ សេចក្ដី​ស្រឡាញ់​ជួយ​គាត់​មាន​ចិត្ត​រាប​ទាប និង​បង្ការ​មិន​ឲ្យ​គាត់​ចង់​ធ្វើ​ឲ្យ​ខ្លួន​ល្បី​ឈ្មោះ​នោះ​ទេ។—ទំនុកដំកើង ១៣៨:៦; យ៉ាកុប ៤:៦

៧, ៨. តើ​សេចក្ដី​ស្រឡាញ់​ជួយ​យើង​ប្រមូល​អារម្មណ៍​ទៅ​លើ​សេចក្ដី​ដ៏​ប្រសើរ​ជាង​យ៉ាង​ដូច​ម្ដេច?

ប៉ុល​បាន​សរសេរ​ទៅ​កាន់​ពួក​អ្នក​នៅ​ក្រុង​ភីលីព​ថា៖ «ខ្ញុំ​ក៏​អធិស្ឋាន​សូម​សេចក្ដី​នេះ គឺ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង ដោយ​នូវ​សេចក្ដី​ចេះ​ដឹង នឹង​យោបល់​គ្រប់​ជំពូក ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ល​មើល ឲ្យ​ស្គាល់​អស់​ទាំង​សេចក្ដី​ដែល​ប្រសើរ»។ (ភីលីព ១:៩, ១០) សេចក្ដី​ស្រឡាញ់​ជា​គ្រីស្ទាន​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​តាម​សេចក្ដី​លើក​ទឹក​ចិត្ត​នេះ ឲ្យ​ស្គាល់​អស់​សេចក្ដី​ដ៏​ប្រសើរ​ជាង។ ជា​ឧទាហរណ៍ សូម​ពិចារណា​ពាក្យ​របស់​ប៉ុល​ទៅ​កាន់​ធីម៉ូថេ​ដែល​ថា៖ «បើ​អ្នក​ណា​ប្រាថ្នា​ចង់​ធ្វើ​ជា​អ្នក​ត្រួត​ត្រា នោះ​ឈ្មោះ​ថា​ចង់​បាន​ការ​ល្អ​ប្រសើរ​ហើយ»។ (ធីម៉ូថេ​ទី​១ ៣:១) ក្នុង​កំឡុង​ឆ្នាំ​កិច្ច​បំរើ​២០០០​នេះ ចំនួន​ក្រុម​ជំនុំ​ទូទាំង​ពិភព​លោក​បាន​ចំរើន​ឡើង​ពី​១.៥០២​ក្រុម​ជំនុំ​ទៅ​ដល់​ចំនួន​៩១.៤៨៧។ ដូច្នេះ​ហើយ មាន​សេចក្ដី​ត្រូវ​ការ​ជា​ខ្លាំង​ចំពោះ​អ្នក​ចាស់​ទុំ​ឯ​ទៀត និង​អ្នក​ដែល​ខិត​ខំ​ទទួល​នូវ​ឯកសិទ្ធិ​នេះ​គឺ​គួរ​ឲ្យ​សរសើរ​មែន។

ក៏​ប៉ុន្តែ អស់​អ្នក​ដែល​ខិត​ខំ​ទទួល​ឯកសិទ្ធិ​ចំពោះ​ការ​ត្រួត​ពិនិត្យ​នឹង​រក្សា​ឲ្យ​មាន​តុល្យភាព​ល្អ បើ​សិន​ជា​ពួក​គាត់​នឹក​ចាំ​ពី​គោល​បំណង​នៃ​ឯកសិទ្ធិ​នេះ។ ការ​គ្រាន់​តែ​មាន​អំណាច​គ្រប់​គ្រង​ឬ​ក៏​មាន​មុខ​មាត់​ធំ​ជាង​មិន​មែន​ជា​អ្វី​ដ៏​សំខាន់​ទេ។ ពួក​អ្នក​ចាស់​ទុំ​ដែល​ពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា ត្រូវ​ជំរុញ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ទ្រង់​និង​បង​ប្អូន​របស់​គាត់។ ពួក​គាត់​មិន​មែន​រក​ឲ្យ​បាន​ឈ្មោះ​ល្បី​ឬ​ក៏​ធ្វើ​ឲ្យ​ខ្លួន​មាន​ឥទ្ធិពល​ឡើយ។ ក្រោយ​ពី​សាវ័ក​ពេត្រុស​បាន​ជូន​ឱវាទ​ចំពោះ​អ្នក​ចាស់​ទុំ​ក្រុម​ជំនុំ​ឲ្យ​រក្សា​មាន​ទស្សនៈ​ត្រឹម​ត្រូវ នោះ​គាត់​បាន​បញ្ជាក់​នូវ​ភាព​ចាំ​បាច់​នៃ«ចិត្ត​សុភាព»។ គាត់​ក៏​បាន​ជូន​ឱវាទ​ឲ្យ​ទាំង​អស់​គ្នា​ក្នុង​ក្រុម​ជំនុំ «បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះ​ហស្ត​ដ៏​ពូកែ​របស់​ព្រះ»។ (ពេត្រុស​ទី​១ ៥:១​-​៦) អ្នក​ណា​ក៏​ដោយ​ដែល​រក​ទទួល​នូវ​ឯកសិទ្ធិ​ថែម​ទៀត នឹង​ទទួល​ប្រយោជន៍​ពី​ការ​ពិចារណា​នូវ​គំរូ​របស់​អ្នក​ចាស់​ទុំ​ជា​ច្រើន​នាក់ ទូទាំង​ពិភព​លោក​ដែល​ខំ​ធ្វើ​ការ មាន​ចិត្ត​រាប​ទាប និង​ដែល​ធៀប​នឹង​ពរ​មួយ​ដែល​បាន​ត្រូវ​ជូន​ចំពោះ​ក្រុម​ជំនុំ​របស់​ខ្លួន។—ហេព្រើរ ១៣:៧

ការ​មាន​បំណង​ល្អ​ក៏​ជួយ​យើង​ស៊ូ​ទ្រាំ

៩. ហេតុ​អ្វី​បាន​ជា​ពួក​គ្រីស្ទាន​នឹក​ចាំ​ជា​និច្ច ពី​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ការ​ប្រទាន​ពរ?

សារៈ​សំខាន់​នៃ​ការ​ឲ្យ​ខ្លួន​ត្រូវ​ជំរុញ​ដោយ​សេចក្ដី​ស្រឡាញ់​ក៏​មាន​លក្ខណៈ​ឯ​ទៀត​ដែរ។ ចំពោះ​អស់​អ្នក​ដែល​សេចក្ដី​ស្រឡាញ់​ជំរុញ​ឲ្យ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ នោះ​ព្រះ​គម្ពីរ​សន្យា​ថា គេ​នឹង​ទទួល​ពរ​ជា​ច្រើន​នៅ​គ្រា​ឥឡូវ​នេះ និង​ពរ​ដ៏​ប្រសើរ​ដែល​ខ្លួន​នឹក​ស្មាន​មិន​ដល់​នា​ពេល​អនាគត។ (ធីម៉ូថេ​ទី​១ ៤:៨) គ្រីស្ទាន​ម្នាក់​ដែល​ជឿ​ជាក់​ទៅ​លើ​សេចក្ដី​សន្យា​ទាំង​នេះ និង​ដែល​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា«ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់» នេះ​ក៏​នឹង​ជួយ​រក្សា​ឲ្យ​មាន​ជំនឿ​មុត​មាំ​ដែរ។ (ហេព្រើរ ១១:៦) យើង​ភាគ​ច្រើន​មាន​ចំណង់​ខ្លាំង​ចំពោះ​ការ​សម្រេច​នូវ​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​របស់​ព្រះ និង​មាន​អារម្មណ៍​ដូច​នឹង​សាវ័ក​យ៉ូហាន​ដែល​ថា៖ «អាម៉ែន ព្រះ​អម្ចាស់​យេស៊ូវ​អើយ! សូម​យាង​មក!»។ (វិវរណៈ ២២:២០) ត្រូវ​ហើយ ការ​រំពឹង​គិត​អំពី​ពរ​ដែល​យើង​អាច​ទទួល បើ​សិន​ជា​យើង​រក្សា​ខ្លួន​ឲ្យ​ស្មោះ​ត្រង់ ក៏​ជួយ​ពង្រឹង​យើង​ឲ្យ​ចេះ​ស៊ូ​ទ្រាំ ដូច​ជា​ការ​នឹក​ចាំ​ពី«សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ»ព្រះ​យេស៊ូ​បាន​ជួយ​ទ្រង់​ស៊ូ​ទ្រាំ​ដែរ។—ហេព្រើរ ១២:១, ២

១០, ១១. តើ​ដោយ​ដូច​ម្ដេច​ដែល​ការ​អនុញ្ញាត​ឲ្យ​សេចក្ដី​ស្រឡាញ់​ជំរុញ​ឲ្យ​យើង​ចេះ​ស៊ូ​ទ្រាំ?

១០ ក៏​ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​សិន​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​យើង​ចំពោះ​ការ​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី គឺ​ជា​បំណង​ដ៏​ចំបង​របស់​យើង​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា​នោះ? បំណង​បែប​នេះ​អាច​ធ្វើ​ឲ្យ​យើង​ទៅ​ជា​អន្ទះអន្ទែង ឬ​ក៏​មាន​ទោមនស្ស​យ៉ាង​ងាយ​ស្រួល ពេល​ដែល​មាន​ការ​ពិបាក​ឬ​ក៏​ពេល​ព្រឹត្ដិការណ៍​ផ្សេង​ៗ​មិន​កើត​ឡើង​នៅ​ពេល ឬ​ក៏​តាម​របៀប​ដែល​ចំណង់​ចិត្ត​របស់​យើង​គិត។ យើង​អាច​មាន​គ្រោះ​ថ្នាក់​ខ្លាំង​នៃ​ការ​រសាត់​ចេញ​ពី​សេចក្ដី​ពិត។ (ហេព្រើរ ២:១; ៣:១២) ប៉ុល​បាន​និយាយ​អំពី​អតីត​គូកន​ម្នាក់​របស់​គាត់​ឈ្មោះ​ដេម៉ាស ដែល​បាន​បោះ​បង់​ចោល​គាត់។ ហេតុ​អ្វី? ពីព្រោះ«គាត់​ស្រឡាញ់​លោកីយ​នេះ»។ (ធីម៉ូថេ​ទី​២ ៤:១០) អ្នក​ណា​ដែល​ថ្វាយ​បង្គំ​សំរាប់​តែ​ប្រយោជន៍​ខ្លួន អាច​រង​គ្រោះ​ដូច​ជា​គាត់​ដែរ។ ពួក​គេ​អាច​ត្រូវ​ទាក់​ទាញ​ដោយ​លទ្ធភាព​រីក​ចំរើន​ភ្លាម​ៗ​ខាង​លោកីយ៍​នេះ និង​ទៅ​ជា​មិន​សុខ​ចិត្ត​ធ្វើ​ពលិកម្ម​ឥឡូវ​នេះ​ដោយ​មាន​សេចក្ដី​សង្ឃឹម​ខាង​មុខ។

១១ ទោះ​បី​ជា​ការ​ធម្មតា​ដែល​យើង​ប៉ង​ប្រាថ្នា​ចង់​ទទួល​ពរ​នា​ពេល​អនាគត ហើយ​និង​ទទួល​នូវ​ការ​រំដោះ​ពី​ការ​ល្បួង​ក៏​ដោយ នោះ​សេចក្ដី​ស្រឡាញ់​នឹង​ស្អាង​នូវ​ការ​យល់​ដឹង​ពី​អ្វី ដែល​គួរ​មាន​អាទិភាព​ក្នុង​ជីវិត​របស់​យើង។ គឺ​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​សំខាន់​បំផុត មិន​មែន​ចំណង់​របស់​យើង​ផ្ទាល់​ទេ។ (លូកា ២២:៤១, ៤២) ត្រូវ​ហើយ សេចក្ដី​ស្រឡាញ់​ស្អាង​យើង​ឡើង។ នោះ​ធ្វើ​ឲ្យ​យើង​សុខ​ចិត្ត​រង់​ចាំ​ព្រះ ដោយ​មាន​ចិត្ត​ស្កប់​ស្កល់​នឹង​ពរ​អ្វី​ក៏​ដោយ​ដែល​ទ្រង់​ប្រទាន​មក​យើង និង​ក៏​ធ្វើ​ឲ្យ​យើង​មាន​ជំនឿ​ស៊ប់​ថា នៅ​ពេល​កំណត់​របស់​ទ្រង់ យើង​នឹង​ទទួល​អ្វី​ទាំង​អស់​ដែល​ទ្រង់​បាន​សន្យា និង​អ្វី​លើស​ពី​ហ្នឹង​ទៅ​ទៀត។ (ទំនុកដំកើង ១៤៥:១៦; កូរិនថូស​ទី​២ ១២:៨, ៩) ក្នុង​កំឡុង​ពេល​នេះ សេចក្ដី​ស្រឡាញ់​ជួយ​យើង​ឲ្យ​បន្ត​បំរើ​ដោយ​មិន​គិត​អំពី​តែ​ប្រយោជន៍​ខ្លួន ពីព្រោះ«សេចក្ដី​ស្រឡាញ់ . . . មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន»។—កូរិនថូស​ទី​១ ១៣:៤, ៥

តើ​គ្រីស្ទាន​គួរ​ស្រឡាញ់​អ្នក​ណា?

១២. យោង​ទៅ​តាម​ព្រះ​យេស៊ូ តើ​យើង​គួរ​ស្រឡាញ់​អ្នក​ណា​ខ្លះ?

១២ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពី​ខ្នាត​តម្រា​ទូទៅ​មួយ​ដែល​ថា តើ​យើង​គួរ​ស្រឡាញ់​អ្នក​ណា ពេល​ទ្រង់​បាន​ដក​ស្រង់​សេចក្ដី​ថ្លែង​ពីរ​ចេញ​ពី​ក្រិត្យ​វិន័យ​លោក​ម៉ូសេ។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពីគំនិត​ឯង» និង«ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង»។—ម៉ាថាយ ២២:៣៧​-​៣៩

១៣. តើ​យើង​អាច​រៀន​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដោយ​ដូច​ម្ដេច ទោះ​ជា​យើង​មិន​អាច​មើល​ឃើញ​ទ្រង់​ក៏​ដោយ?

១៣ យោង​ទៅ​តាម​បន្ទូល​របស់​ព្រះ​យេស៊ូ គឺ​ច្បាស់​ដែល​មុន​បង្អស់​និង​សំខាន់​បំផុត​គឺ​ថា យើង​គួរ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ក៏​ប៉ុន្តែ យើង​មិន​បាន​កើត​មក​ទាំង​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​ស្រាប់​នោះ​ទេ។ នោះ​គឺ​ជា​អ្វី​មួយ​ដែល​យើង​ត្រូវ​តែ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​វិញ។ ពេល​យើង​ទើប​តែ​ឮ​អំពី​ទ្រង់ នោះ​បាន​ត្រូវ​ទាក់​ទាញ​ឲ្យ​មក​ឯ​ទ្រង់​ដោយ​សារ​អ្វី​ដែល​យើង​បាន​ឮ។ បន្ដិច​ម្ដង​ៗ យើង​បាន​រៀន​អំពី​របៀប​ដែល​ទ្រង់​បាន​រៀបចំ​ផែនដី​សំរាប់​មនុស្សជាតិ។ (លោកុប្បត្តិ ២:៥​-​២៣) យើង​បាន​រៀន​អំពី​របៀប​ដែល​ទ្រង់​បាន​ទាក់​ទង​នឹង​មនុស្សជាតិ ដោយ​មិន​បោះ​បង់​យើង​ចោល ពេល​ដែល​បាប​បាន​ឈ្លានពាន​មក​លើ​មនុស្សជាតិ ក៏​ប៉ុន្តែ ទ្រង់​បាន​ចាត់​វិធានការ​ដើម្បី​រំដោះ​យើង​វិញ។ (លោកុប្បត្តិ ៣:១​-​៥, ១៥) ទ្រង់​បាន​ប្រព្រឹត្ត​ដោយ​សប្បុរស​ជា​មួយ​អ្នក​ស្មោះ​ត្រង់ និង​ក្រោយ​មក​បាន​ប្រទាន​រាជបុត្រ​តែ​មួយ​គត់​ដែល​ទ្រង់​បាន​បង្កើត​ផ្ទាល់ ដើម្បី​អត់​ឱន​ទោស​ចំពោះ​បាប​របស់​យើង។ (យ៉ូហាន ៣:១៦, ៣៦) ការ​ចំរើន​ឡើង​នូវ​ចំណេះ​នេះ ក៏​បាន​ធ្វើ​ឲ្យ​ការ​អបអរ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​រីក​ចំរើន​ឡើង​ដែរ។ (អេសាយ ២៥:១) ស្តេច​ដាវីឌ​បាន​មាន​បន្ទូល​ថា​ទ្រង់​ស្រឡាញ់​ព្រះ​យេហូវ៉ា ដោយ​ព្រោះ​ការ​ថែ​រក្សា​ដ៏​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់។ (ទំនុកដំកើង ១១៦:១​-​៩) សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ថែ​រក្សា​យើង ណែនាំ​យើង ចំរើន​កម្លាំង​របស់​យើង និង​លើក​ទឹក​ចិត្ត​យើង។ សេចក្ដី​ស្រឡាញ់​របស់​យើង​ទៅ​ជា​កាន់​តែ​ជ្រៅ ដោយ​សារ​យើង​ចេះ​កាន់​តែ​ច្រើន​អំពី​ទ្រង់​នោះ។—ទំនុកដំកើង ៣១:២៣; សេផានា ៣:១៧; រ៉ូម ៨:២៨

តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១៤. តើ​តាម​របៀប​ណា​ដែល​យើង​អាច​បង្ហាញ​ថា សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​គឺ​ពិត​ត្រង់​នោះ?

១៤ ពិត​មែន មនុស្ស​ជា​ច្រើន​ទូទាំង​ពិភព​លោក​និយាយ​ថា​ខ្លួន​ស្រឡាញ់​ព្រះ ក៏​ប៉ុន្តែ ចរិយា​របស់​គេ​បង្ហាញ​ឲ្យ​ឃើញ​ថា ពាក្យ​នោះ​គឺ​មិន​ពិត។ តើ​ដូច​ម្ដេច​ដែល​យើង​អាច​ដឹង​ប្រាកដ​ថា ខ្លួន​យើង​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា? យើង​អាច​ទូល​ទ្រង់​តាម​រយៈ​ការ​អធិស្ឋាន និង​ប្រាប់​ទ្រង់​ពី​អារម្មណ៍​របស់​យើង។ យើង​អាច​ប្រព្រឹត្ត​តាម​របៀប​មួយ​ដែល​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​របស់​យើង។ សាវ័ក​យ៉ូហាន​បាន​និយាយ​ថា៖ «តែ​អ្នក​ណា​ដែល​កាន់​តាម​ព្រះ​បន្ទូល​ទ្រង់​វិញ នោះ​ប្រាកដ​ជា​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​បាន​ពេញ​ខ្នាត នៅ​ក្នុង​អ្នក​នោះ​ហើយ គឺ​ដោយ​សេចក្ដី​នោះ​ឯង ដែល​យើង​ដឹង​ថា យើង​នៅ​ក្នុង​ទ្រង់»។ (យ៉ូហាន​ទី​១ ២:៥; ៥:៣) ក្រៅ​ពី​រឿង​ផ្សេង​ទៀត ព្រះ​គម្ពីរ​ក៏​ប្រាប់​យើង​ឲ្យ​សេព​គប់​គ្នា​និង​រស់​នៅ​តាម​របៀប​ដ៏​ស្អាត​ស្អំ ដែល​ប្រកប​ដោយ​សីលធម៌។ យើង​ជៀស​វាង​ពី​ការ​ធ្វើ​ពុត យើង​និយាយ​ពិត​ត្រង់ និង​រក្សា​ឲ្យ​គំនិត​របស់​យើង​ស្អាត​ស្អំ​ដែរ។ (កូរិនថូស​ទី​២ ៧:១; អេភេសូរ ៤:១៥; ធីម៉ូថេ​ទី​១ ១:៥; ហេព្រើរ ១០:២៣​-​២៥) យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ការ​ផ្ដល់​ជំនួយ ផ្នែក​ទ្រព្យ​សម្បត្ដិ​ដល់​អ្នក​ដែល​ត្រូវ​ការ។ (យ៉ូហាន​ទី​១ ៣:១៧, ១៨) យើង​មិន​បិទ​មាត់​ពី​ការ​និយាយ​អំពី​ព្រះ​យេហូវ៉ា​ទេ។ នេះ​រួម​បញ្ចូល​ការ​រួម​ចំណែក​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ។ (ម៉ាថាយ ២៤:១៤; រ៉ូម ១០:១០) ការ​ស្ដាប់​តាម​ព្រះ​បន្ទូល​របស់​ព្រះ​ក្នុង​រឿង​បែប​នេះ ក៏​បង្ហាញ​ថា​សេចក្ដី​ស្រឡាញ់​របស់​យើង​គឺ​ពិត​ប្រាកដ។

១៥, ១៦. តើ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​បាន​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស​ជា​ច្រើន​នៅ​ឆ្នាំ​មុន​យ៉ាង​ណា?

១៥ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​ជួយ​មនុស្ស​ធ្វើ​ការ​សម្រេច​ល្អ។ ឆ្នាំ​មុន សេចក្ដី​ស្រឡាញ់​បែប​នេះ​បាន​ជំរុញ​មនុស្ស​២៨៨.៩០៧​នាក់​ឲ្យ​ថ្វាយ​ជីវិត​របស់​គេ​ចំពោះ​ទ្រង់ និង​សម្ដែង​នូវ​ការ​សម្រេច​នោះ ដោយ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ (ម៉ាថាយ ២៨:១៩, ២០) ការ​ថ្វាយ​ខ្លួន​របស់​គេ​គឺ​មាន​ខ្លឹម​សារ។ នោះ​បាន​បង្ហាញ​នូវ​ការ​កែ​ប្រែ​ក្នុង​ជីវិត​របស់​គេ។ ជា​ឧទាហរណ៍ កាស​ម៉ាន គឺ​ជា​បុគ្គល​ម្នាក់​ដែល​ជា​កីឡាករ​ជើង​ឯក​ខាង​កីឡា​បាស់ស្កេតប័ល នៅ​ប្រទេស​អាល់បានី។ អស់​ប៉ុន្មាន​ឆ្នាំ គាត់​និង​ប្រពន្ធ​របស់​គាត់​បាន​សិក្សា និង​ទោះ​បី​មាន​ឧបសគ្គ​ក៏​ដោយ នៅ​ទី​បំផុត​គេ​បាន​ទៅ​ជា​អ្នក​ផ្សាយ។ ឆ្នាំ​មុន កាស​ម៉ាន​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ក្នុង​ចំណោម​មនុស្ស​៣៦៦​នាក់ ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ប្រទេស​អាល់បានី​នៅ​ឆ្នាំ​កិច្ច​បំរើ​២០០០។ កាសែត​មួយ​បាន​បោះ​ពុម្ព​អត្ថបទ​មួយ​អំពី​គាត់​និង​ចែង​ថា៖ «ជីវិត​គាត់​មាន​អត្ថន័យ និង​ដោយ​ហេតុ​នេះ​ហើយ គាត់​និង​គ្រួសារ​របស់​គាត់​មាន​ជីវិត​សប្បាយ​ជា​ទី​បំផុត។ ចំពោះ​គាត់ ការស្វះ​ស្វែង​ថា​ខ្លួន​អាច​បាន​ប្រយោជន៍​ច្រើន​ប៉ុន​ណា​ពី​ជីវិត បាន​លែង​ជា​អ្វី​ដ៏​សំខាន់​ហើយ។ ក៏​ប៉ុន្តែ ផ្ទុយ​ទៅ​វិញ គឺ​ជា​ការ​ស្វះ​ស្វែង​ថា​ខ្លួន​អាច​ផ្ដល់​ប្រយោជន៍​ច្រើន​ប៉ុន​ណា​ដល់​អ្នក​ឯ​ទៀត»។

១៦ ស្រដៀង​គ្នា​ដែរ បង​ស្រី​ម្នាក់​ដែល​ធ្វើ​ការ​សំរាប់​ក្រុម​ហ៊ុន​ប្រេង​នៅ​ប្រទេស​ហ្កាវ៉ាម ហើយ​និង​ទើប​តែ​ទទួល​បុណ្យ​ជ្រមុជ​ទឹក បាន​ទទួល​នូវ​សំណើ​ផ្ដល់​ការងារ​ដ៏​ទាក់​ទាញ​ចិត្ត​មួយ។ ក្រោយ​គាត់​បាន​ឡើង​ឋានៈ​ក្នុង​ក្រុម​ហ៊ុន​នោះ​អស់​ជា​ច្រើន​ឆ្នាំ​ហើយ នៅ​ទី​បំផុត គាត់​បាន​ត្រូវ​គេ​ស្នើ​បើក​ឱកាស​ឲ្យ​គាត់​ទៅ​ជា​អនុប្រធាន​ទី​មួយ​ក្នុង​ប្រវត្ដិ​ក្រុម​ហ៊ុន​នោះ​ដែល​ជា​ភេទ​ស្រី។ ក៏​ប៉ុន្តែ គាត់​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះ​យេហូវ៉ា​ហើយ។ ដូច្នេះ ក្រោយ​គាត់​បាន​ពិគ្រោះ​ជា​មួយ​ប្ដី​អំពី​រឿង​នេះ គាត់​បាន​បដិសេធ​ការងារ​នោះ និង​ផ្ទុយ​ទៅ​វិញ បាន​រៀបចំ​ធ្វើ​ការ​ក្រៅ​ម៉ោង​ដើម្បី​ឲ្យ​គាត់​លូត​លាស់​ទៅ​ជា​អ្នក​បំរើ​ពេញ​ពេល ជា​អ្នក​ត្រួស​ត្រាយ។ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​បាន​ជំរុញ​គាត់​ឲ្យ​ចង់​បំរើ​ទ្រង់​ជា​អ្នក​ត្រួស​ត្រាយ ជា​ជាង​តាម​រក​ប្រយោជន៍​លុយ​កាក់​ក្នុង​លោកីយ៍​នេះ។ តាម​ការ​ពិត សេចក្ដី​ស្រឡាញ់​បែប​នេះ​បាន​ជំរុញ​មនុស្ស​៨០៥.២០៥​នាក់​ទូទាំង​ពិភព​លោក ឲ្យ​ចូល​រួម​ក្នុង​ផ្នែក​ផ្សេង​ៗ​នៃ​កិច្ច​បំរើ​ត្រួស​ត្រាយ​ក្នុង​កំឡុង​ឆ្នាំ​កិច្ច​បំរើ​២០០០។ អ្នក​ត្រួស​ត្រាយ​ទាំង​នោះ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ជំនឿ​ដ៏​ប្រសើរ​ម្ល៉េះ​ហ្ន៎!

ត្រូវ​ជំរុញ​ឲ្យ​ស្រឡាញ់​ព្រះ​យេស៊ូ

១៧. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​ជា​គំរូ​ដ៏​ប្រសើរ​ខាង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់?

១៧ ព្រះ​យេស៊ូ​គឺ​ជា​គំរូ​ល្អ​ប្រពៃ​អំពី​អ្នក​ដែល​ត្រូវ​ជំរុញ​ដោយ​សេចក្ដី​ស្រឡាញ់។ អត្ថិភាព​មុន​ពេល​មាន​កំណើត​ជា​មនុស្ស នោះ​ទ្រង់​បាន​ស្រឡាញ់​ព្រះ​វរបិតា​របស់​ទ្រង់​និង​បាន​ស្រឡាញ់​មនុស្សជាតិ​ដែរ។ ដោយ​ទ្រង់​ជា​តួ​អង្គ​ប្រាជ្ញា នោះ​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «អញ​បាន​នៅ​ជិត​ទ្រង់[ព្រះ​យេហូវ៉ា]ដូច​ជា​មេ​ជាង​ហើយ​អញ​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ទ្រង់​រាល់​ៗ​ថ្ងៃ ព្រម​ទាំង​មាន​សេចក្ដី​រីករាយ​នៅ​ចំពោះ​ទ្រង់​ជា​និច្ច ក៏​មាន​សេចក្ដី​រីករាយ​ចំពោះ​ផែនដី​ទាំង​ដុំ​មូល​នៃ​ទ្រង់ ហើយ​បាន​សេចក្ដី​អំណរ ដោយ​នៅ​ជា​មួយ​នឹង​ពួក​មនុស្ស​លោក»។ (សុភាសិត ៨:៣០, ៣១) សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូ​បាន​ជំរុញ​ទ្រង់​ឲ្យ​លះ​ចោល​លំនៅ​របស់​ទ្រង់ នៅ​ឯ​ស្ថាន​សួគ៌​និង​ប្រសូត​មក​ជា​កូន​ង៉ា​មួយ​ដែល​មិន​អាច​ជួយ​ខ្លួន។ ទ្រង់​បាន​ប្រព្រឹត្ត​តាម​របៀប​អត់​ធ្មត់​និង​សប្បុរស​ជា​មួយ​នឹង​មនុស្ស​រាប​សា​និង​រាប​ទាប ហើយ​ក៏​បាន​រង​ទុក្ខ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​សត្រូវ​របស់​ព្រះ​យេហូវ៉ា។ នៅ​ទី​បំផុត ទ្រង់​បាន​សោយ​ទិវង្គត​ជាប់​លើ​បង្គោល​ទារុណកម្ម ជំនួស​មនុស្សជាតិ​ទាំង​ឡាយ។ (យ៉ូហាន ៣:៣៥; ១៤:៣០, ៣១; ១៥:១២, ១៣; ភីលីព ២:៥​-​១១) នេះ​ជា​គំរូ​ល្អ​ណាស់​ហ្ន៎! ដែល​សម្ដែង​ពី​ការ​មាន​សេចក្ដី​ជំរុញ​ទឹក​ចិត្ត​ដ៏​ល្អ។

១៨. (ក) តើ​យើង​បណ្ដុះ​បណ្ដាល​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេស៊ូ​ដោយ​ដូច​ម្ដេច? (ខ) តើ​តាម​របៀប​ណា​ដែល​យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេស៊ូ?

១៨ ពេល​អស់​អ្នក​ដែល​មាន​សន្ដាន​ចិត្ត​ត្រឹម​ត្រូវ អាន​នូវ​ដំណើរ​រឿង​អំពី​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ​ក្នុង​សៀវភៅ​ដំណឹង​ល្អ និង​រំពឹង​គិត​អំពី​ពរ​ទាំងប៉ុន្មាន​ដែល​គេ​បាន​ទទួល​ដោយ​សារ​ដំណើរ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់ នោះ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​នឹង​ដុះ​ដាល​ក្នុង​ចិត្ត​របស់​គេ។ យើង​សព្វ​ថ្ងៃ​នេះ​គឺ​ដូច​នឹង​អស់​អ្នក ដែល​ពេត្រុស​បាន​និយាយ​ទៅ​កាន់​ដោយ​ថា៖ «អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទ្រង់​ទេ តែ​បាន​ស្រឡាញ់​ទ្រង់[ព្រះ​យេស៊ូ]»។ (ពេត្រុស​ទី​១ ១:៨) យើង​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​របស់​យើង ពេល​យើង​អនុវត្ត​ជំនឿ​ទៅ​លើ​ទ្រង់​និង​ធ្វើ​តម្រាប់​តាម​ដំណើរ​ព្រះ​ជន្ម​របស់​ទ្រង់ ដែល​ប្រកប​ដោយ​ការ​ធ្វើ​ពលិកម្ម​ខ្លួន។ (កូរិនថូស​ទី​១ ១១:១; ថែស្សាឡូនីច​ទី​១ ១:៦; ពេត្រុស​ទី​១ ២:២១​-​២៥) នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០០០ ប្រមាណ​១៤.៨៧២.០៨៦​នាក់​បាន​ត្រូវ​រំឭក​ពី​មូលហេតុ​ដែល​ជំរុញ​ឲ្យ​ស្រឡាញ់​ព្រះ​យេស៊ូ ពេល​ដែល​បាន​ចូល​រួម​ពិធី​បុណ្យ​រំឭក​ប្រចាំ​ឆ្នាំ​នូវ​ការ​សោយ​ទិវង្គត​របស់​ទ្រង់។ នោះ​គឺ​ជា​ចំនួន​ច្រើន​ណាស់​ហ្ន៎! ហើយ​គឺ​ជា​អ្វី​ដែល​លើក​ទឹក​ចិត្ត​មែន ដែល​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ទទួល​សេចក្ដី​សង្គ្រោះ តាម​រយៈ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ។ យើង​ពិត​ជា​ត្រូវ​ស្អាង​ឡើង​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​ចំពោះ​យើង និង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់​ទាំង​ពីរ​អង្គ។

១៩. តើ​សំនួរ​អ្វី​ខ្លះ​ទាក់​ទង​នឹង​សេចក្ដី​ស្រឡាញ់​ដែល​នឹង​ត្រូវ​ពិគ្រោះ​ក្នុង​អត្ថបទ​ជា​បន្ទាប់?

១៩ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​យើង​គួរ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​ចិត្ត ព្រលឹង គំនិត និង​កម្លាំង។ ក៏​ប៉ុន្តែ ទ្រង់​ក៏​បាន​មាន​បន្ទូល​ថា យើង​គួរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ជា​ស្រឡាញ់​ខ្លួន​ឯង​ដែរ។ (ម៉ាកុស ១២:២៩​-​៣១) តើ​នោះ​រួម​បញ្ចូល​អ្នក​ណា​ខ្លះ? តើ​ដោយ​ដូច​ម្ដេច​ដែល​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង ជួយ​យើង​រក្សា​តុល្យភាព​និង​បំណង​ចិត្ត​ល្អ? សំនួរ​ទាំង​នេះ​នឹង​ត្រូវ​យក​មក​ពិគ្រោះ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

តើ​អ្នក​ចាំ​ទេ?

ហេតុ​អ្វី​បាន​ជា​សេចក្ដី​ស្រឡាញ់​គឺ​ជា​គុណសម្បត្ដិ​មួយ​ដ៏​ចាំ​បាច់?

តើ​តាម​របៀប​ណា​ដែល​យើង​អាច​រៀន​ឲ្យ​ចេះ​ស្រឡាញ់​ព្រះ​យេហូវ៉ា?

តើ​តាម​របៀប​ណា​ដែល​ចរិយា​របស់​យើង​បញ្ជាក់​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា?

តើ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេស៊ូ​ដោយ​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១០, ១១]

សេចក្ដី​ស្រឡាញ់​ជួយ​យើង​ឲ្យ​រង់​ចាំ ដោយ​អត់​ធ្មត់​ចំពោះ​ការ​ធូរ​ស្បើយ

[រូប​ភាព​នៅ​ទំព័រ​១២]

យញ្ញ​បូជា​ដ៏​ធំ​របស់​ព្រះ​យេស៊ូ​ជំរុញ​យើង​ឲ្យ ស្រឡាញ់​ទ្រង់