លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើសេចក្ដីស្រឡាញ់របស់អ្នកមានទំហំធំទូលាយប៉ុនណា?

តើសេចក្ដីស្រឡាញ់របស់អ្នកមានទំហំធំទូលាយប៉ុនណា?

តើ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​មាន​ទំហំ​ធំ​ទូលាយ​ប៉ុន​ណា?

«ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង»។—ម៉ាថាយ ២២:៣៩

១. បើ​សិន​ជា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​តែ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង​ដែរ?

 ពេល​ព្រះ​យេស៊ូ​បាន​ត្រូវ​គេ​សួរ​ថា តើ​បញ្ញត្ត​ណា​គឺ​សំខាន់​បំផុត នោះ​ទ្រង់​បាន​ឆ្លើយ​ថា៖ «ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង»។ បន្ទាប់​មក ទ្រង់​បាន​ដក​ស្រង់​ដោយ​ប្រាប់​ពី​បញ្ញត្ត​មួយ​ទៀត​ស្រដៀង​គ្នា​នឹង​បញ្ញត្ត​ទី​មួយ​ដែរ គឺ​ថា៖ «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង»។ (ម៉ាថាយ ២២:៣៧, ៣៩) មែន​ហើយ សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង​គឺ​ជា​អ្វី​ដែល​សម្គាល់​គ្រីស្ទាន​ម្នាក់។ ពិត​មែន បើ​សិន​ជា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា យើង​ត្រូវ​តែ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង។ ហេតុ​អ្វី​អ៊ីចឹង? ពីព្រោះ​យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​ដោយ​ស្ដាប់​តាម​ព្រះ​បន្ទូល​របស់​ទ្រង់ និង​ព្រះ​បន្ទូល​របស់​ទ្រង់​បង្គាប់​ឲ្យ​យើង​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង។ ដូច្នេះ បើ​សិន​ជា​យើង​មិន​ស្រឡាញ់​បង​ប្អូន​របស់​យើង នោះ​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ​មិន​អាច​ពិត​ប្រាកដ​បាន​ទេ។—រ៉ូម ១៣:៨; យ៉ូហាន​ទី​១ ២:៥; ៤:២០, ២១

២. តើ​យើង​គួរ​មាន​សេចក្ដី​ស្រឡាញ់​បែប​ណា​ចំពោះ​អ្នក​ជិត​ខាង​របស់​យើង?

ពេល​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​យើង​គួរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង ទ្រង់​កំពុង​តែ​សំដៅ​ទៅ​លើ​អ្វី​ខ្លាំង​ជាង​មិត្តភាព។ ទ្រង់​បាន​សំដៅ​ចំពោះ​សេចក្ដី​ស្រឡាញ់​បែប​ផ្សេង​ពី​សេចក្ដី​ស្រឡាញ់​ដែល​មាន​ជា​ធម្មតា ក្នុង​ក្រុម​គ្រួសារ​ឬ​ក៏​រវាង​បុរស​និង​ស្ត្រី។ ទ្រង់​កំពុង​តែ​មាន​បន្ទូល​អំពី​សេចក្ដី​ស្រឡាញ់​ដូច​នឹង​ព្រះ​យេហូវ៉ា មាន​ចំពោះ​អ្នក​បំរើ​របស់​ទ្រង់​ដែល​បាន​ថ្វាយ​ខ្លួន និង​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​នោះ​មាន​ចំពោះ​ទ្រង់​ដែរ។ (យ៉ូហាន ១៧:២៦; យ៉ូហាន​ទី​១ ៤:១១, ១៩) ស្មៀន​សាសន៍​យូដា​ម្នាក់ ដែល​ព្រះ​យេស៊ូ​បាន​សង្កេត​ឃើញ​ថា​ចេះ​និយាយ​ដោយ​ប្រាជ្ញា បាន​ឯកភាព​នឹង​ព្រះ​យេស៊ូ​ថា សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​គួរ​មាន​ដោយ«អស់​អំពី​ចិត្ត . . . អស់​អំពី​គំនិត ហើយអស់​អំពី​កំឡាំង»។ (ម៉ាកុស ១២:២៨​-​៣៤) គាត់​បាន​និយាយ​ត្រឹម​ត្រូវ​មែន។ សេចក្ដី​ស្រឡាញ់​ដែល​គ្រីស្ទាន​ម្នាក់​បណ្ដុះ​បណ្ដាល​ចំពោះ​ព្រះ​និង​អ្នក​ជិត​ខាង ក៏​រួម​បញ្ចូល​ចិត្ត​និង​គំនិត​របស់​យើង។ សេចក្ដី​ស្រឡាញ់​នោះ​មាន​អានុភាព​ទៅ​លើ​ចិត្ត​ហើយ​ត្រូវ​កាន់​កាប់​ដោយ​គំនិត។

៣. (ក) តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន«អ្នក​ប្រាជ្ញ​ច្បាប់»ម្នាក់​ថា គាត់​គួរ​មាន​ទស្សនៈ​ទូលំ​ទូលាយ​ចំពោះ​រឿង​ដែល​ថា អ្នក​ណា​ជា​អ្នក​ជិត​ខាង​របស់​គាត់? (ខ) តើ​ឧទាហរណ៍​របស់​ព្រះ​យេស៊ូ មាន​ទំនាក់​ទំនង​នឹង​ពួក​គ្រីស្ទាន​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ណា?

យោង​ទៅ​តាម​សេចក្ដី​រាយ​ការណ៍​របស់​លូកា ពេល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា យើង​គួរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង នោះ«អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់»បាន​សួរ​ទ្រង់​ថា៖ «តើ​អ្នក​ណា​ជា​អ្នក​ជិត​ខាង​ខ្ញុំ?»។ ព្រះ​យេស៊ូ​បាន​តប​ឆ្លើយ​ដោយ​ប្រើ​ឧទាហរណ៍និទស្សន៍​មួយ។ មាន​បុរស​ម្នាក់​ត្រូវ​គេ​ប្លន់​ហើយ​វាយ​ដល់​ជិត​ស្លាប់ និង​បាន​ទុក​គាត់​ចោល​នៅ​ក្បែរ​ផ្លូវ។ មុន​ដំបូង​មាន​សង្ឃ​ម្នាក់​បាន​ដើរ​កាត់ និង​ក្រោយ​មក​សាសន៍​លេវី​ម្នាក់។ បុគ្គល​ទាំង​ពីរ​នាក់​នេះ​មិន​បាន​អើពើ​ចំពោះ​គាត់​ទេ។ នៅ​ទី​បំផុត សាសន៍​សាម៉ារី​ម្នាក់​មក ឃើញ​បុរស​រង​របួស​នេះ និង​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដី​សប្បុរស​ដ៏​លើស​លប់​ចំពោះ​គាត់។ តើ​បុរស​មួយ​ណា​បាន​ធ្វើ​ជា​អ្នក​ជិត​ខាង​របស់​បុរស​រង​របួស​នេះ? ចម្លើយ​គឺ​ច្បាស់​លាស់​ណាស់។ (លូកា ១០:២៥​-​៣៧) អ្នក​ប្រាជ្ញ​ច្បាប់​នោះ​ប្រហែល​ជា​បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដោយ​ឮ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា សាសន៍​សាម៉ារី​ម្នាក់​អាច​ជា​អ្នក​ជិត​ខាង​មួយ​ដ៏​ល្អ​ជាង​សង្ឃ​ម្នាក់ ឬ​ក៏​សាសន៍​លេវី​ម្នាក់​ទៅ​ទៀត។ យ៉ាង​ច្បាស់​ហើយ ព្រះ​យេស៊ូ​កំពុង​តែ​ជួយ​បុរស​នោះ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​គាត់ ឲ្យ​មាន​ទំហំ​ធំ​ទូលាយ​ជាង។ ដូច្នេះ​ជន​គ្រីស្ទាន​ក៏​សម្ដែង​សេចក្ដី​ស្រឡាញ់​ដូច​នេះ​ដែរ។ សូម​ពិចារណា​មើល​ដូច​ត​ទៅ​នេះ នូវ​គំរូ​អស់​អ្នក​ដែល​សេចក្ដី​ស្រឡាញ់​របស់​គេ​ក្រសោប​បញ្ចូល។

សេចក្ដី​ស្រឡាញ់​ក្នុង​ក្រុម​គ្រួសារ

៤. តើ​គ្រីស្ទាន​ម្នាក់​បង្ហាញ​សេចក្ដី​ស្រឡាញ់​នៅ​កន្លែង​ណា​មុន​បង្អស់?

ជន​គ្រីស្ទាន​ស្រឡាញ់​សមាជិក​គ្រួសារ​របស់​គេ គឺ​ថា ភរិយា​ស្រឡាញ់​ស្វាមី ស្វាមី​ស្រឡាញ់​ភរិយា មាតា​បិតា​ស្រឡាញ់​បុត្រា​បុត្រី។ (សាស្ដា ៩:៩; អេភេសូរ ៥:៣៣; ទីតុស ២:៤) ពិត​មែន ចំណង​នៃ​សេចក្ដី​ស្រឡាញ់​បែប​ធម្មតា​មាន​ក្នុង​ក្រុម​គ្រួសារ​ភាគ​ច្រើន។ ក៏​ប៉ុន្តែ សេចក្ដី​រាយ​ការណ៍​ជា​ច្រើន​ស្តី​ពី​ការ​បាក់​បែក​គ្នា​ក្នុង​អាពាហ៍ពិពាហ៍ ការ​ធ្វើ​ទុក្ខ​ទោស​ដល់​ស្វាមី​ឬ​ភរិយា និង​ការ​មិន​ចិញ្ចឹម​ឬ​ក៏​ធ្វើ​ទុក្ខ​ទោស​ដល់​ក្មេង​ៗ ក៏​បង្ហាញ​ថា សព្វ​ថ្ងៃ​នេះ ក្រុម​គ្រួសារ​កំពុង​តែ​ពិសោធ​ភាព​តាន​តឹង​ជា​ខ្លាំង ហើយ​អារម្មណ៍​ធម្មតា​ក្នុង​ក្រុម​គ្រួសារ ប្រហែល​ជា​មិន​មែន​គ្រប់​គ្រាន់​ដើម្បី​ជួយ​គ្រួសារ​ឲ្យ​នៅ​គង់​វង្ស​ទេ។ (ធីម៉ូថេ​ទី​២ ៣:១​-​៣) ដើម្បី​មាន​ជីវភាព​គ្រួសារ​ដ៏​ជោគ​ជ័យ នោះ​ជន​គ្រីស្ទាន​ត្រូវ​មាន​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​មាន។—អេភេសូរ ៥:២១​-​២៧

៥. តើ​មាតា​បិតា​ពឹង​ពាក់​លើ​អ្នក​ណា​ឲ្យ​បាន​ជំនួយ​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន និង​តើ​មាតា​បិតា​ជា​ច្រើន​បាន​ទទួល​លទ្ធផល​យ៉ាង​ណា?

មាតា​បិតា​គ្រីស្ទាន​ចាត់​ទុក​កូន​របស់​ខ្លួន​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា ហើយ​ពួក​គាត់​ពឹង​ពាក់​លើ​ទ្រង់​ឲ្យ​បាន​ជំនួយ​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន​ៗ​របស់​ខ្លួន។ (ទំនុកដំកើង ១២៧:៣​-​៥; សុភាសិត ២២:៦) អ៊ីចឹង​ហើយ​ពួក​គាត់​អាច​បណ្ដុះ​បណ្ដាល​សេចក្ដី​ស្រឡាញ់​បែប​ជា​គ្រីស្ទាន ដែល​ជួយ​ពួក​គាត់​ការ​ពារ​កូន​ៗ​ឲ្យ​រួច​ពី​អានុភាព​ដែល​នាំ​ឲ្យ​ខូច​អាក្រក់ ដែល​យុវជន​ប្រហែល​ជា​ធ្លាក់​ខ្លួន​ក្នុង​នោះ។ ជា​លទ្ធផល មាតា​បិតា​គ្រីស្ទាន​ជា​ច្រើន​បាន​មាន​អំណរ​ស្រដៀង​នឹង​មាតា​ម្នាក់​នៅ​ប្រទេស​ហូឡង់​ដែរ។ ក្រោយ​គាត់​បាន​មើល​កូន​ប្រុស​របស់​គាត់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ក្នុង​ចំណោម​៥៧៥​នាក់ ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ប្រទេស​ហូឡង់​នា​ឆ្នាំ​មុន​នេះ នោះ​គាត់​បាន​សរសេរ​ថា៖ «ឥឡូវ​នេះ ការ​ព្យាយាម​របស់​ខ្ញុំ​អស់​២០​ឆ្នាំ​បាន​បង្កើត​ផល​មែន។ ពេល​វេលា​និង​កម្លាំង​ដែល​បាន​ត្រូវ​ចំណាយ ថែម​ទាំង​ការ​ឈឺ​ចាប់ ការ​ប្រឹង​ប្រែង និង​ទុក្ខ​ព្រួយ​ផង​ដែរ​បាន​ត្រូវ​បំភ្លេច​ចោល​ហើយ»។ គាត់​សប្បាយ​ចិត្ត​ណាស់ ដែល​កូន​ប្រុស​របស់​គាត់​បាន​សម្រេច​បំរើ​ព្រះ​យេហូវ៉ា ដោយ​ស្ម័គ្រ​ពី​ចិត្ត។ អ្នក​ផ្សាយ​ចំនួន​សរុប​៣១.០៨៩​នាក់ ដែល​បាន​ដាក់​សេចក្ដី​រាយ​ការណ៍​នៅ​ប្រទេស​ហូឡង់​នា​ឆ្នាំ​មុន ក៏​រួម​បញ្ចូល​បុគ្គល​ជា​ច្រើន​នាក់​ដែល​បាន​រៀន​ពី​មាតា​បិតា​របស់​ខ្លួន ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា។

៦. តើ​ដោយ​ដូច​ម្ដេច​ដែល​សេចក្ដី​ស្រឡាញ់​បែប​គ្រីស្ទាន​អាច​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍?

ប៉ុល​បាន​ហៅ​សេចក្ដី​ស្រឡាញ់«ជា​ចំណង​នៃ​សេចក្ដី​គ្រប់ល័ក្ខណ៍» ហើយ​នោះ​អាច​ជួយ​រក្សា​អាពាហ៍ពិពាហ៍​មួយ សូម្បី​តែ​ក្នុង​ពេល​ពិបាក​ក៏​ដោយ។ (កូល៉ុស ៣:១៤, ១៨, ១៩; ពេត្រុស​ទី​១ ៣:១​-​៧) នៅ​ពេល​បុរស​ម្នាក់​ដែល​រស់​នៅ​កោះ​រូរូទូ ដែល​ស្ថិត​៧០០​គីឡូ​ម៉ែត្រ​ពី​កោះ​ថាហ៊ីធី បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នោះ​ប្រពន្ធ​របស់​គាត់​បាន​ប្រឆាំង​គាត់​ខ្លាំង​ណាស់។ នៅ​ទី​បំផុត នាង​បាន​យក​កូន​ៗ​រត់​ចោល​គាត់​ទៅ​រស់​នៅ​កោះ​ថាហ៊ីធី។ ក៏​ប៉ុន្តែ គាត់​នៅ​តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ផ្ញើ​លុយ​ទៅ​ឲ្យ​នាង និង​ដោយ​ទូរស័ព្ទ​ទៅ​សួរ​ថា​តើ​នាង​ឬ​ក៏​កូន​មាន​ត្រូវ​ការ​អ្វី។ ដូច្នេះ គាត់​បាន​ខិត​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បំពេញ​ភារកិច្ច​របស់​គាត់​ជា​គ្រីស្ទាន​ម្នាក់។ (ធីម៉ូថេ​ទី​១ ៥:៨) គាត់​បាន​អធិស្ឋាន​ជា​និច្ច​ថា ក្រុម​គ្រួសារ​របស់​គាត់​នឹង​នៅ​ជា​មួយ​គ្នា​ម្ដង​ទៀត ហើយ​ក្រោយ​មក​ប្រពន្ធ​របស់​គាត់​បាន​ត្រឡប់​មក​វិញ​មែន។ ពេល​ប្រពន្ធ​គាត់​បាន​មក​វិញ នោះ​គាត់​បាន​ប្រព្រឹត្ត​នឹង​នាង​ដោយ«សេចក្ដី​ស្រឡាញ់ ចិត្ត​អត់​ធ្មត់ [និង]ចិត្ត​ស្លូត​បូត»។ (ធីម៉ូថេ​ទី​១ ៦:១១, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) នៅ​ឆ្នាំ​១៩៩៨ គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​បាន​អរ​សប្បាយ​ក្រៃ​លែង​ពេល​ប្រពន្ធ​របស់​គាត់​បាន​យល់​ព្រម​សិក្សា​ព្រះ​គម្ពីរ។ ការ​សិក្សា​នោះ​គឺ​នៅ​ក្នុង​ចំណោម​១.៣៥១​នាក់​ដែល​បាន​ត្រូវ​ដឹក​នាំ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ការិយាល័យ​សាខា​នៅ​កោះ​ថាហ៊ីធី​នា​ឆ្នាំ​មុន។

៧. យោង​ទៅ​តាម​បុរស​ម្នាក់​នៅ​ប្រទេស​អាល្លឺម៉ង់ តើ​អ្វី​បាន​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​គាត់?

នៅ​ប្រទេស​អាល្លឺម៉ង់ បុរស​ម្នាក់​បាន​ប្រឆាំង​នឹង​ការ​ចាប់​អារម្មណ៍​របស់​ប្រពន្ធ​គាត់​ទៅ​លើ​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ និង​បាន​ជឿ​ជាក់​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចង់​បោក​បញ្ឆោត​នាង។ ក៏​ប៉ុន្តែ ក្រោយ​មក​គាត់​បាន​សរសេរ​សំបុត្រ​មួយ​ទៅ​កាន់​ស្មរបន្ទាល់ ដែល​បាន​ជួប​ប្រពន្ធ​គាត់​លើក​ដំបូង​ថា៖ «សូម​អរគុណ​ដោយ​បាន​នាំ​ប្រពន្ធ​ខ្ញុំ​ឲ្យ​ស្គាល់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ដើម​ដំបូង​ខ្ញុំ​បាន​ព្រួយ​ចិត្ត​ពីព្រោះ​ខ្ញុំ​បាន​ឮ​រឿង​អាក្រក់​ៗ​ជា​ច្រើន​អំពី​ពួក​គេ។ ក៏​ប៉ុន្តែ ឥឡូវ​នេះ​ដោយ​សារ​បាន​ទៅ​កិច្ច​ប្រជុំ​ជា​មួយ​នឹង​ប្រពន្ធ​របស់​ខ្ញុំ នោះ​ខ្ញុំ​ទទួល​ស្គាល់​ថា​គំនិត​ខ្ញុំ​គឺ​ខុស​ស្រឡះ​ហើយ។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​កំពុង​តែ​ស្ដាប់​សេចក្ដី​ពិត ហើយ​នោះ​បាន​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​យើង​ឲ្យ​បាន​រឹង​មាំ​ជាង​មែន»។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែល​មាន​១៦២.៩៣២​នាក់​នៅ​ប្រទេស​អាល្លឺម៉ង់ និង​១.៧៧៣​នាក់​នៅ​កោះ​ថាហ៊ីធី ក៏​រួម​បញ្ចូល​ជា​មួយ​ក្រុម​គ្រួសារ​ជា​ច្រើន ដែល​រួប​រួម​គ្នា​ដោយ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ។

ស្រឡាញ់​បង​ប្អូន​គ្រីស្ទាន​របស់​យើង

៨, ៩. (ក) តើ​អ្នក​ណា​បង្រៀន​ឲ្យ​យើង​ស្រឡាញ់​បង​ប្អូន​របស់​យើង ហើយ​តើ​សេចក្ដី​ស្រឡាញ់​នេះ​ជំរុញ​ឲ្យ​យើង​ធ្វើ​អ្វី? (ខ) សូម​ប្រាប់​ឧទាហរណ៍​មួយ​ពី​របៀប​ដែល​សេចក្ដី​ស្រឡាញ់ ជួយ​បង​ប្អូន​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក។

ប៉ុល​បាន​និយាយ​ទៅ​កាន់​គ្រីស្ទាន​នៅ​ទី​ក្រុង​ថែស្សាឡូនីច​ថា៖ «ព្រះ​ទ្រង់​បង្រៀន ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ»។ (ថែស្សាឡូនីច​ទី​១ ៤:៩) ត្រូវ​ហើយ អស់​អ្នក​ដែល«ព្រះ​ទ្រង់​បង្រៀន» គឺ​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ (អេសាយ ៥៤:១៣) សេចក្ដី​ស្រឡាញ់​របស់​គេ​ត្រូវ​សម្ដែង​ដោយ​សកម្មភាព ដូច​ប៉ុល​បាន​បញ្ជាក់​ពេល​គាត់​និយាយ​ថា៖ «បំរើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់»។ (កាឡាទី ៥:១៣; យ៉ូហាន​ទី​១ ៣:១៨) ជា​ឧទាហរណ៍ ពួក​គេ​ធ្វើ​អ៊ីចឹង​ពេល​គេ​ទៅ​លេង​បង​ប្អូន​ដែល​ឈឺ លើក​ទឹក​ចិត្ត​អ្នក​ដែល​បាន​ធ្លាក់​ទឹក​ចិត្ត ហើយ​ជួយ​គាំទ្រ​អ្នក​ដែល​ខ្សោយ។ (ថែស្សាឡូនីច​ទី​១ ៥:១៤) សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​បែប​គ្រីស្ទាន​របស់​យើង ជួយ​ឲ្យ​យើង​មាន​សួន​មនោរម្យ​ខាង​វិញ្ញាណ​ទាំង​ធ្វើ​ឲ្យ​នោះ​រីក​ចំរើន​ទៀត​ផង។

នៅ​ក្រុម​ជំនុំ​អាង​ខូន ក្នុង​ចំណោម​៥៤៤​ក្រុម​ជំនុំ​ដែល​នៅ​ប្រទេស​អេក្វាទ័រ បង​ប្អូន​នៅ​ទី​នោះ​បាន​សម្ដែង​សេចក្ដី​ស្រឡាញ់​តាម​របៀប ដែល​មាន​ប្រយោជន៍​ដល់​ជីវិត​ប្រចាំ​ថ្ងៃ។ វិបត្ដិ​មួយ​បាន​នាំ​ឲ្យ​គេ​គ្មាន​ការងារ​ធ្វើ​ឬ​ក៏​ប្រាក់​ចំណូល ដូច្នេះ​អ្នក​ផ្សាយ​បាន​សម្រេច​ចិត្ត​រក​លុយ​ដោយ​លក់​ម្ហូប​ដល់​អ្នក​នេសាទ​តាម​តំបន់ ពេល​ពួក​អ្នក​នោះ​ត្រឡប់​មក​ពី​នេសាទ​ពេល​យប់​វិញ។ បង​ប្អូន​ទាំង​អស់​បាន​សហការ សូម្បី​តែ​ក្មេង​ក៏​លក់​ដែរ។ ពួក​គេ​ត្រូវ​តែ​ចាប់​ផ្ដើម​ពី​ម៉ោង​១​យប់ ដើម្បី​រៀបចំ​ម្ហូប​ឲ្យ​បាន​ឆ្អិន​ទាន់​ម៉ោង​៤ ពេល​អ្នក​នេសាទ​មក​វិញ។ បង​ប្អូន​បាន​យក​លុយ​ដែល​គេ​បាន​ទទួល ចែក​គ្នា​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​រៀង​ៗ​ខ្លួន។ ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​បែប​នេះ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ពិត​ប្រាកដ​បែប​គ្រីស្ទាន។

១០, ១១. តើ​តាម​វិធី​ណា​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន ដែល​យើង​មិន​ស្គាល់​ទេ?

១០ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​គឺ​មិន​មែន​សំរាប់​តែ​គ្រីស្ទាន​ដែល​យើង​ស្គាល់​នោះ​ទេ។ សាវ័ក​ពេត្រុស​បាន​ប្រាប់​ថា៖ «ស្រឡាញ់​បង​ប្អូន[ទាំង​អស់ ព.ថ.]»។ (ពេត្រុស​ទី​១ ២:១៧) យើង​ស្រឡាញ់​បង​ប្អូន​ទាំង​អស់​របស់​យើង ដោយ​សារ​គេ​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា​នឹង​យើង។ ពេល​មាន​វិបត្ដិ​កើត​ឡើង នោះ​ប្រហែល​ជា​នឹង​មាន​ឱកាស​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ។ ជា​ឧទាហរណ៍ ក្នុង​កំឡុង​ឆ្នាំ​កិច្ច​បំរើ​២០០០ ទឹក​ជន់​ដ៏​ធំ​មួយ​បាន​បំផ្លិច​បំផ្លាញ​ប្រទេស​ម៉ូហ្សំប៊ិច ហើយ​សង្គ្រាម​ស៊ីវិល​កំពុង​តែ​មាន​ឡើង​នៅ​ប្រទេស​អង់ហ្គោឡា បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ធ្លាក់​ខ្លួន​ក្រ។ បង​ប្អូន​ជា​ច្រើន​ក្នុង​ចំណោម​៣១.៧២៥​នាក់​នៅ​ប្រទេស​ម៉ូហ្សំប៊ិច និង​៤១.២២២​នាក់​នៅ​ប្រទេស​អង់ហ្គោឡា បាន​រង​គ្រោះ​ដោយ​សារ​ព្រឹត្ដិការណ៍​នេះ។ ហេតុ​នេះ​ហើយ ស្មរបន្ទាល់​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ជា​ប្រទេស​ជិត​ខាង បាន​ផ្ញើ​ស្បៀង​ជា​ច្រើន​ដើម្បី​រំលែក​ការ​ពិបាក​របស់​បង​ប្អូន​នៅ​ប្រទេស​ទាំង​នោះ។ ពួក​គេ​បាន​សម្ដែង​សេចក្ដី​ស្រឡាញ់​របស់​គេ ដោយ​សុខ​ចិត្ត​ផ្ដល់​សេចក្ដី«បរិបូរ»របស់​គេ ដើម្បី​ជួយ​បង​ប្អូន​ដែល​ខ្វះ​ខាត។—កូរិនថូស​ទី​២ ៨:៨, ១៣​-​១៥, ២៤

១១ សេចក្ដី​ស្រឡាញ់​អាច​ត្រូវ​ឃើញ​ពេល​បង​ប្អូន​នៅ​ប្រទេស​ជា​ច្រើន ជូន​វិភាគទាន​ដើម្បី​គាំទ្រ​សាល​ព្រះ​រាជាណាចក្រ​និង​សាល​សន្និបាត នៅ​ប្រទេស​ដែល​ឥត​សូវ​រីក​ចំរើន។ ឧទាហរណ៍​មួយ គឺ​នៅ​បណ្ដា​កោះ​សូឡូម៉ុង។ ទោះ​បី​មាន​ចលាចល​ស៊ីវិល​ក៏​ដោយ ចំនួន​អ្នក​ផ្សាយ​នៅ​បណ្ដា​កោះ​សូឡូម៉ុង​បាន​ចំរើន​ឡើង​ដល់​៦​ភាគ​រយ​នា​ឆ្នាំ​មុន ដោយ​មាន​ចំនួន​សរុប​១.៦៩៧​នាក់។ ពួក​គេ​បាន​រៀបចំ​ដើម្បី​សាង​សង់​សាល​សន្និបាត​មួយ។ ទោះ​ជា​មនុស្ស​ជា​ច្រើន​កំពុង​តែ​ចាក​ចេញ​ពី​ប្រទេស​នោះ អ្នក​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​ពី​ប្រទេស​អូស្ដ្រាលី​បាន​មក​ជួយ​សាង​សង់​នោះ។ នៅ​ទី​បំផុត អ្នក​ស្ម័គ្រ​ចិត្ត​ត្រូវ​តែ​ចាក​ចេញ​មែន ក៏​ប៉ុន្តែ ពួក​គេ​មិន​បាន​ចេញ​មុន​គេ​បាន​បង្រៀន​បង​ប្អូន​នៅ​នោះ​ឲ្យ​ចេះ​បង្ហើយ​គ្រឹះ​អាគារ​នោះ​ទេ។ គ្រោង​សាល​នោះ​បាន​ត្រូវ​ធ្វើ​ពី​ដែក​ទុក​ជា​មុន​ហើយ​បញ្ជូន​ពី​ប្រទេស​អូស្ដ្រាលី​មក។ ម្យ៉ាង​ទៀត ទោះ​បី​អាគារ​ដទៃ​ទៀត​បាន​ត្រូវ​គេ​ទុក​ចោល​ពេល​មិន​សង់​ចប់​ក៏​ដោយ តែ​អាគារ​សំរាប់​ការ​ថ្វាយ​បង្គំ​នោះ​ត្រូវ​សង់​ហើយ ការ​នោះ​នឹង​ជា​ទី​បន្ទាល់​ដ៏​ប្រសើរ​មួយ​ចំពោះ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា និង​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន។

ដូច​ជា​ព្រះ​យេហូវ៉ា នោះ​យើង​ស្រឡាញ់​លោកីយ៍

១២. តើ​យើង​ធ្វើ​តម្រាប់​តាម​ព្រះ​យេហូវ៉ា​ចំពោះ​ទស្សនៈ​របស់​យើង ដល់​អ្នក​ដែល​មិន​មាន​ជំនឿ​ដូច​យើង​យ៉ាង​ណា?

១២ តើ​សេចក្ដី​ស្រឡាញ់​របស់​យើង​ត្រូវ​សម្ដែង​ចំពោះ​តែ​ក្រុម​គ្រួសារ និង​ភាតរភាព​របស់​យើង​ឬ? បើ​សិន​ជា​យើង​ជា​អ្នក​ដែល«ត្រាប់​តាម​ព្រះ» យើង​មិន​ធ្វើ​អ៊ីចឹង​ទេ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ»។ (អេភេសូរ ៥:១; យ៉ូហាន ៣:១៦) ដោយ​ធ្វើ​តម្រាប់​តាម​ព្រះ​យេហូវ៉ា យើង​ក៏​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ទាំង​អស់ ទាំង​អ្នក​ដែល​មិន​មាន​ជំនឿ​ដូច​យើង​ដែរ។ (លូកា ៦:៣៥, ៣៦; កាឡាទី ៦:១០) ហេតុ​នេះ​ហើយ យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ និង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​ព្រះ​បាន​ប្រព្រឹត្ត ដែល​ជា​ការ​សម្ដែង​យ៉ាង​ប្រសើរ​ឧត្តម​នូវ​សេចក្ដី​ស្រឡាញ់​ចំពោះ​គេ។ លទ្ធផល​អាច​ជា​សេចក្ដី​សង្គ្រោះ​សំរាប់​អ្នក​ណា​ដែល​ស្ដាប់។—ម៉ាកុស ១៣:១០; ធីម៉ូថេ​ទី​១ ៤:១៦

១៣, ១៤. តើ​មាន​ឧទាហរណ៍​ណា​ខ្លះ ពី​បង​ប្អូន​ដែល​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ដែល​មិន​មែន​ជា​ស្មរបន្ទាល់ សូម្បី​តែ​ពេល​នោះ​នាំ​ឲ្យ​ខ្លួន​គេ​ពិបាក?

១៣ សូម​ពិចារណា​គំរូ​របស់​អ្នក​ត្រួស​ត្រាយ​ពិសេស​បួន​នាក់​នៅ​ប្រទេស​នេប៉ាល់។ បង​ប្អូន​បួន​នាក់​នេះ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ទី​ក្រុង​មួយ នៅ​ខាង​ត្បូង​ឆៀង​ខាង​លិច​នៅ​ប្រទេស​នោះ។ អស់​ប្រាំ​ឆ្នាំ​ហើយ​ពួក​គេ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​គេ ដោយ​ផ្សព្វ​ផ្សាយ​យ៉ាង​អត់​ធ្មត់​នៅ​ក្នុង​ទី​ក្រុង​និង​នៅ​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជាយ​ក្រុង។ ដើម្បី​ផ្សព្វ​ផ្សាយ​ទូទាំង​តំបន់​នោះ ជា​ញឹក​ញយ​ពួក​គេ​ធ្វើ​ដំណើរ​ដោយ​ជិះ​កង់​អស់​ច្រើន​ម៉ោង ហើយ​ទាំង​ទ្រាំ​នឹង​អាកាសធាតុ​នៅ​ស៊ី​តុ​ណ្ហ​ភាព​៤០​អង្សា។ សេចក្ដី​ស្រឡាញ់​របស់​គេ និង​ដែល​គេ«កាន់​ខ្ជាប់​ក្នុង​ការ​ល្អ» បាន​បង្កើត​លទ្ធផល​ល្អ ពេល​ដែល​ក្រុម​សិក្សា​មួយ​ត្រូវ​បង្កើត​នៅ​ភូមិ​មួយ។ (រ៉ូម ២:៧) នៅ​ខែ​មីនា ឆ្នាំ​២០០០ ៣២​នាក់​បាន​មក​ស្ដាប់​សុន្ទរកថា​សាធារណៈ​មួយ​ដែល​អ្នក​ត្រួត​ពិនិត្យ​តាម​មណ្ឌល​បាន​ថ្លែង។ ឆ្នាំ​មុន​ប្រទេស​នេប៉ាល់​មាន​ចំនួន​អ្នក​ផ្សាយ​សរុប​៤៣០​នាក់ ដែល​ជា​ការ​កើន​ឡើង​៩​ភាគ​រយ។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​ប្រទាន​ពរ​ទៅ​លើ​ការ​ខ្នះ​ខ្នែង​និង​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន​នៅ​ប្រទេស​នោះ។

១៤ នៅ​ប្រទេស​កូឡុំប៊ី មាន​អ្នក​ផ្សព្វ​ផ្សាយ​ពិសេស​បណ្ដោះ​អាសន្ន​ខ្លះ បាន​ទៅ​ផ្សព្វ​ផ្សាយ​ដល់​ពួក​វី​យូ​ជា​ជន​ជាតិ​ដើម។ ដើម្បី​ធ្វើ​អ៊ីចឹង ពួក​គេ​ត្រូវ​តែ​រៀន​ភាសា​ថ្មី​មួយ ក៏​ប៉ុន្តែ ចំណាប់​អារម្មណ៍​របស់​គេ​ដែល​ត្រូវ​ជំរុញ​ដោយ​សេចក្ដី​ស្រឡាញ់​បាន​បង្កើត​លទ្ធផល​ល្អ នៅ​ពេល​២៧​នាក់​បាន​មក​ស្ដាប់​សុន្ទរកថា​សាធារណៈ​មួយ ទោះ​ជា​មាន​ភ្លៀង​ខ្លាំង​ក៏​ដោយ។ ការ​ខ្នះ​ខ្នែង​ជំរុញ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ត្រួស​ត្រាយ​ទាំង​នេះ​បាន​នាំ​ឲ្យ​មាន​ការ​កើន​ឡើង​៥​ភាគ​រយ​នៅ​ប្រទេស​កូឡុំប៊ី ហើយ​អ្នក​ផ្សាយ​ចំនួន​សរុប​១០៧.៦១៣​នាក់​ជា​ចំនួន​ច្រើន​បំផុត​ដែល​ធ្លាប់​មាន។ នៅ​ប្រទេស​ដាណឺម៉ាក បង​ស្រី​ម្នាក់​ដែល​មាន​វ័យ​ចាស់ ចង់​ប្រាប់​អ្នក​ដទៃ​អំពី​ដំណឹង​ល្អ ក៏​ប៉ុន្តែ គាត់​ជា​មនុស្ស​ពិការ។ ដោយ​មិន​រេ​រា​ទេ នោះ​គាត់​បាន​ទាក់​ទង​អ្នក​ចាប់​អារម្មណ៍​ដោយ​សរសេរ​សំបុត្រ។ ឥឡូវ​នេះ គាត់​កំពុង​តែ​មាន​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​៤២​នាក់ និង​កំពុង​ដឹក​នាំ​ការ​សិក្សា​ជា​មួយ​មនុស្ស​១១​នាក់។ គាត់​ចូល​រួម​ចំនួន​អ្នក​ផ្សាយ​១៤.៨៨៥នាក់​ជា​ចំនួន​ច្រើន​បំផុត​ដែល​ធ្លាប់​មាន ដែល​បាន​រាយ​ការណ៍​នៅ​ប្រទេស​ដាណឺម៉ាក​ឆ្នាំ​មុន។

ស្រឡាញ់​សត្រូវ​របស់​អ្នក

១៥, ១៦. (ក) យោង​ទៅ​តាម​បន្ទូល​របស់​ព្រះ​យេស៊ូ តើ​សេចក្ដី​ស្រឡាញ់​របស់​យើង​គួរ​មាន​ទំហំ​ធំ​ទូលាយ​ប៉ុន​ណា? (ខ) តើ​ដោយ​ដូច​ម្ដេច​ដែល​បង​ប្អូន​មើល​ខុស​ត្រូវ​បាន​ទាក់​ទង​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​នឹង​មនុស្ស​ម្នាក់ ដែល​បាន​ចោទ​ប្រកាន់​ដ៏​ខុស​ប្រឆាំង​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា?

១៥ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​បុរស​អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់​ថា សាសន៍​សាម៉ារី​ម្នាក់​អាច​ត្រូវ​ចាត់​ទុក​ជា​អ្នក​ជិត​ខាង។ ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ ព្រះ​យេស៊ូ​បាន​ពន្យល់​ទៀត​ថា៖ «អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​ថ្លែង​ទុក​មក​ថា ‹ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ឯង តែ​ស្អប់​ខ្មាំង​សត្រូវ​ឯង​វិញ›។ ប៉ុន្តែ​ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្ដាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​របស់​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​សួគ៌»។ (ម៉ាថាយ ៥:៤៣​-​៤៥) សូម្បី​តែ​ពេល​មនុស្ស​ម្នាក់​ប្រឆាំង​យើង នោះ​យើង​ក៏​ខិត​ខំ«ឈ្នះ​សេចក្ដី​អាក្រក់ ដោយ​សារ​សេចក្ដី​ល្អ​វិញ»។ (រ៉ូម ១២:១៩​-​២១) បើ​សិន​ជា​យើង​អាច​ធ្វើ​ទៅ​បាន នោះ​យើង​វិភាគ​ពី​កម្មសិទ្ធិ​ដ៏​ថ្លៃ​បំផុត​របស់​យើង គឺ​ជា សេចក្ដី​ពិត។

១៦ នៅ​ប្រទេស​អ៊ុយក្រែន អត្ថបទ​មួយ​ក្នុង​កាសែត ក្រិមិនឈូក ហេរ៉ល បាន​ចែង​ថា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គឺ​ជា​និកាយ​មួយ​ដែល​បង្ក​គ្រោះ​ថ្នាក់។ នេះ​គឺ​ជា​រឿង​ធ្ងន់​ធ្ងរ​មែន ដោយ​ព្រោះ​នៅ​អឺរ៉ុប មនុស្ស​ខ្លះ​និយាយ​អ៊ីចឹង​អំពី​ព្រះ​យេហូវ៉ា​ដើម្បី​បញ្ចុះ​បញ្ចូល​មនុស្ស​ឯ​ទៀត​ឲ្យ​ជឿ​ថា សកម្មភាព​របស់​ស្មរបន្ទាល់​គួរ​ត្រូវ​គេ​ដាក់​បំរាម​ឬ​ក៏​ហាមឃាត់។ ដូច្នេះ អ្នក​ទទួល​ខុស​ត្រូវ​រៀបចំ​កាសែត បាន​ត្រូវ​គេ​សុំ​ឲ្យ​បោះ​ពុម្ព​អត្ថបទ​មួយ​ដើម្បី​កែ​ពត៌មាន​ដ៏​ខុស​នោះ។ គាត់​បាន​យល់​ព្រម ក៏​ប៉ុន្តែ ជា​មួយ​គ្នា​នឹង​អត្ថបទ​ថ្មី​នោះ គាត់​ក៏​បាន​ដាក់​ការ​ពន្យល់​មួយ​ថា អត្ថបទ​ដើម​មាន​មូលដ្ឋាន​ទៅ​លើ​ហេតុ​ការណ៍​ពិត។ ដូច្នេះ បង​ប្អូន​ប្រុស​ខ្លះ​ដែល​មើល​ខុស​ត្រូវ​បាន​និយាយ​ជា​មួយ​គាត់​ម្ដង​ទៀត ទាំង​ឲ្យ​ពត៌មាន​បន្ថែម។ នៅ​ទី​បំផុត អ្នក​ទទួល​ខុស​ត្រូវ​រៀបចំ​កាសែត​បាន​ទទួល​ស្គាល់​ថា អត្ថបទ​ដើម​គឺ​ខុស ហើយ​គាត់​បាន​បោះ​ពុម្ព​អត្ថបទ​មួយ​ដើម្បី​ដក​ពាក្យ​ក្នុង​អត្ថបទ​ដើម​វិញ។ ការ​និយាយ​ជា​មួយ​គាត់​តាម​របៀប​ដ៏​ត្រង់​ៗ​និង​សប្បុរស គឺ​ជា​វិធី​ទាក់​ទង​បញ្ហា​នេះ​ដោយ​សេចក្ដី​ស្រឡាញ់ និង​បាន​បង្កើត​លទ្ធផល​ល្អ។

របៀប​ដែល​យើង​អាច​បណ្ដុះ​បណ្ដាល​សេចក្ដី​ស្រឡាញ់

១៧. តើ​អ្វី​បង្ហាញ​ថា ការ​ប្រព្រឹត្ត​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​មិន​តែង​តែ​ងាយ​ស្រួល​ទេ?

១៧ ពេល​ដែល​ទារក​ម្នាក់​កើត​មក នោះ​មាតា​បិតា​របស់​វា​ស្រឡាញ់​វា​ភ្លាម​ៗ។ ការ​ទាក់​ទង​នឹង​មនុស្ស​ពេញ​វ័យ​វិញ មិន​ងាយ​អ៊ីចឹង​ទេ។ នេះ​ទំនង​ជា​ហេតុ​ដែល​ព្រះ​គម្ពីរ​ប្រាប់​យើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ត្រូវ​ស្រឡាញ់​គ្នា ព្រោះ​នោះ​គឺ​ជា​អ្វី​មួយ​យើង​ត្រូវ​តែ​បណ្ដុះ​បណ្ដាល។ (ពេត្រុស​ទី​១ ១:២២; ៤:៨; យ៉ូហាន​ទី​១ ៣:១១) ព្រះ​យេស៊ូ​ជ្រាប​ដឹង​ថា សេចក្ដី​ស្រឡាញ់​របស់​យើង​នឹង​ត្រូវ​ល្បង​ល ពេល​ទ្រង់​មាន​បន្ទូល​ថា យើង​គួរ​អត់​ទោស​បង​ប្អូន​របស់​យើង«ដល់​៧​ចិតសិប​ដង»។ (ម៉ាថាយ ១៨:២១, ២២) ប៉ុល​ក៏​បាន​ជំរុញ​ឲ្យ​យើង«ទ្រាំ​ទ្រ​គ្នា»។ (កូល៉ុស ៣:១២, ១៣) គ្មាន​អ្វី​ប្លែក​ទេ ដែល​យើង​ត្រូវ​ប្រាប់​ថា «ចូរ​ដេញ​តាម​សេចក្ដី​ស្រឡាញ់​ចុះ!»។ (កូរិនថូស​ទី​១ ១៤:១) តើ​យើង​អាច​ធ្វើ​អ៊ីចឹង​យ៉ាង​ដូច​ម្ដេច?

១៨. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​បណ្ដុះ​បណ្ដាល​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត?

១៨ មុន​បង្អស់ យើង​អាច​នឹក​ចាំ​ជា​និច្ច​អំពី​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ​យេហូវ៉ា។ សេចក្ដី​ស្រឡាញ់​នេះ​គឺ​ជា​ហេតុ​ល្អ​ដែល​នាំ​ឲ្យ​យើង​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង។ ហេតុ​អ្វី? ពីព្រោះ​ពេល​យើង​ប្រព្រឹត្ត​អ៊ីចឹង នេះ​ក៏​លើក​កិត្ដិយស​ចំពោះ​ព្រះ​វរបិតា​យើង​នៅ​ស្ថាន​សួគ៌ និង​នាំ​មក​នូវ​សិរី​ល្អ​និង​សេចក្ដី​សរសើរ​ដល់​ទ្រង់។ (យ៉ូហាន ១៥:៨​-​១០; ភីលីព ១:៩​-​១១) ទី​ពីរ​គឺ​ថា យើង​អាច​ខិត​ខំ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ដែរ។ ជា​រៀង​រាល់​ដង​ដែល​យើង​ធ្វើ​ខុស នោះ​យើង​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា។ ក៏​ប៉ុន្តែ ម្ដង​ហើយ​ម្ដង​ទៀត​ទ្រង់​អត់​ឱន​ទោស​យើង​និង​បន្ត​ស្រឡាញ់​យើង។ (ទំនុកដំកើង ៨៦:៥; ១០៣:២, ៣; យ៉ូហាន​ទី​១ ១:៩; ៤:១៨) បើ​សិន​ជា​យើង​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា យើង​នឹង​ទន់​ទោរ​ទៅ​រក​ការ​ស្រឡាញ់​អ្នក​ដទៃ និង​អត់​ឱន​ទោស​ចំពោះ​កំហុស​របស់​គេ​ដែល​ទាស់​នឹង​យើង។ (ម៉ាថាយ ៦:១២) ទី​បី យើង​អាច​ប្រព្រឹត្ត​នឹង​អ្នក​ដទៃ​បែប​ដែល​យើង​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​នឹង​យើង​វិញ។ (ម៉ាថាយ ៧:១២) ដោយ​ព្រោះ​យើង​មិន​គ្រប់ល័ក្ខណ៍ នោះ​យើង​ត្រូវ​មាន​ការ​អត់​ឱន​ទោស​ជា​ញឹក​ញយ។ ជា​ឧទាហរណ៍ ពេល​យើង​និយាយ​អ្វី​ដែល​បញ្ឈឺ​ចិត្ត​អ្នក​ឯ​ទៀត យើង​សង្ឃឹម​ថា ពួក​គេ​នឹង​នឹក​ចាំ​ថា​មនុស្ស​ទាំង​អស់​ធ្វើ​បាប​តាម​រយៈ​ពាក្យ​សំដី​ម្ដង​ម្កាល។ (យ៉ាកុប ៣:២) បើ​សិន​ជា​យើង​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ប្រព្រឹត្ត​នឹង​យើង​ដោយ​សេចក្ដី​ស្រឡាញ់ នោះ​យើង​ក៏​គួរ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​គេ​វិញ។

១៩. តើ​តាម​របៀប​ណា​ដែល​យើង​អាច​រក​ជំនួយ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ក្នុង​ការ​បណ្ដុះ​បណ្ដាល​សេចក្ដី​ស្រឡាញ់?

១៩ ទី​បួន យើង​ពឹង​ពាក់​លើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ ពីព្រោះ​សេចក្ដី​ស្រឡាញ់​គឺ​ជា​ផល​ផ្លែ​មួយ​នៃ​ព្រះ​វិញ្ញាណ។ (កាឡាទី ៥:២២, ២៣) មិត្តភាព មនោសញ្ចេតនា​ក្នុង​ក្រុម​គ្រួសារ និង​ស្នេហា​ច្រើន​កើត​មាន​ដោយ​ឯកឯង។ ក៏​ប៉ុន្តែ យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា ដើម្បី​បណ្ដុះ​បណ្ដាល​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​យេហូវ៉ា​មាន គឺ​ជា​សេចក្ដី​ដែល​ជា​ចំណង​គ្រប់ល័ក្ខណ៍។ យើង​អាច​រក​ជំនួយ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដោយ​អាន​ព្រះ​គម្ពីរ ដែល​ព្រះ​វិញ្ញាណ​បាន​បណ្ដាល​ឲ្យ​តែង។ ជា​ឧទាហរណ៍ បើ​សិន​ជា​យើង​សិក្សា​អំពី​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ នោះ​យើង​នឹង​មើល​ឃើញ​របៀប​ដែល​ទ្រង់​ប្រព្រឹត្ត​នឹង​អ្នក​ឯ​ទៀត និង​យើង​អាច​រៀន​ធ្វើ​តម្រាប់​តាម​ទ្រង់។ (យ៉ូហាន ១៣:៣៤, ៣៥; ១៥:១២) ម្យ៉ាង​ទៀត យើង​អាច​ទូល​ព្រះ​យេហូវ៉ា​សុំ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ជា​ពិសេស​ពេល​យើង​ស្ថិត​ក្នុង​កាលៈទេសៈ ដែល​នាំ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ប្រព្រឹត្ត​តាម​របៀប​មួយ ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ (លូកា ១១:១៣) នៅ​ទី​បំផុត យើង​អាច​ស្វះ​ស្វែង​សេចក្ដី​ស្រឡាញ់​ដោយ​នៅ​ជិត​ស្និទ្ធ​នឹង​ក្រុម​ជំនុំ​គ្រីស្ទាន។ បើ​សិន​ជា​យើង​សេព​គប់​បង​ប្អូន​ប្រុស​ស្រី​ដែល​ចេះ​ស្រឡាញ់ នោះ​ក៏​ជួយ​យើង​បណ្ដុះ​បណ្ដាល​សេចក្ដី​ស្រឡាញ់​ដែរ។—សុភាសិត ១៣:២០

២០, ២១. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​សម្ដែង​សេចក្ដី​ស្រឡាញ់​យ៉ាង​ប្រសើរ​ដូច​ម្ដេច ក្នុង​ឆ្នាំ​កិច្ច​បំរើ​២០០០?

២០ ឆ្នាំ​មុន មាន​អ្នក​ផ្សាយ​ចំនួន​សរុប​៦.០៣៥.៥៦៤​នាក់ ផ្សាយ​ដំណឹង​ល្អ​ទូទាំង​ពិភព​លោក ជា​ចំនួន​ច្រើន​បំផុត​ដែល​ធ្លាប់​មាន។ បើ​សរុប​ទៅ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ចំណាយ​អស់​១.១៧១.២៧០.៤២៥​ម៉ោង ក្នុង​ការ​ស្វែង​រក​មនុស្ស​ដើម្បី​ប្រាប់​គេ​អំពី​ដំណឹង​ល្អ។ សេចក្ដី​ស្រឡាញ់​បាន​បង្ខំ​ឲ្យ​គេ​ទ្រាំ​នឹង​អាកាសធាតុ​ក្ដៅ ភ្លៀង និង​ត្រជាក់​ពេល​គេ​ធ្វើ​កិច្ច​ការ​នេះ។ សេចក្ដី​ស្រឡាញ់​បាន​បង្ខំ​ឲ្យ​គេ​និយាយ​ជា​មួយ​មិត្ត​រួម​ថ្នាក់​និង​អ្នក​ធ្វើ​ការ​គ្នី​គ្នា និង​ចាប់​ផ្ដើម​និយាយ​ជា​មួយ​មនុស្ស​ដែល​គេ​មិន​ស្គាល់ តាម​ផ្លូវ​និង​កន្លែង​ផ្សេង​ទៀត។ មនុស្ស​ជា​ច្រើន​នាក់​ដែល​ស្មរបន្ទាល់​បាន​ទៅ​ជួប គេ​បាន​ធ្វើ​កន្តើយ និង​ខ្លះ​បាន​ប្រឆាំង​ពួក​គេ។ ក៏​ប៉ុន្តែ អ្នក​ខ្លះ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ។ ហេតុ​នោះ​ហើយ​បាន​ជា​មាន​៤៣៣.៤៥៤.០៤៩​ការ​ត្រឡប់​ទៅ​ជួប និង​បាន​ដឹក​នាំ​៤.៧៦៦.៦៣១​ការ​សិក្សា​ព្រះ​គម្ពីរ។

២១ នេះ​គឺ​ជា​ការ​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ណាស់​ហ្ន៎! ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ចំពោះ​ព្រះ​នឹង​អ្នក​ជិត​ខាង​របស់​គេ។ សេចក្ដី​ស្រឡាញ់​នោះ​នឹង​មិន​រលត់​ទេ។ យើង​ជឿ​ជាក់​ថា ឆ្នាំ​កិច្ច​បំរើ​២០០១ នឹង​ប្រកប​ទៅ​ដោយ​ការ​បន្ទាល់​យ៉ាង​ប្រសើរ​ឧត្តម​ជាង​នេះ​ទៅ​ទៀត។ សូម​ឲ្យ​ព្រះ​យេហូវ៉ា​បន្ត​ប្រទាន​ពរ​ទៅ​លើ​អស់​អ្នក​ថ្វាយ​បង្គំ​ដ៏​ស្មោះ​ត្រង់​និង​ឧស្សាហ៍​ព្យាយាម កាល​ដែល​គេ«ធ្វើ​ការ​ទាំង​អស់ ដោយ​សេចក្ដី​ស្រឡាញ់!»។—កូរិនថូស​ទី​១ ១៦:១៤

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

ពេល​យើង​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង តើ​យើង​ធ្វើ​តម្រាប់​តាម​អ្នក​ណា?

តើ​សេចក្ដី​ស្រឡាញ់​របស់​យើង​គួរ​មាន​ទំហំ​ធំ​ទូលាយ​ប៉ុន​ណា?

តើ​មាន​បទ​ពិសោធន៍​ណា​ខ្លះ​ដែល​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​បែប​ជា​គ្រីស្ទាន?

តើ​យើង​អាច​បណ្ដុះ​បណ្ដាល​សេចក្ដី​ស្រឡាញ់​បែប​គ្រីស្ទាន​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១៥]

សេចក្ដី​ស្រឡាញ់​បែប​ជា​គ្រីស្ទាន អាច​ជួយ​រក្សា​គ្រួសារ​មួយ ឲ្យ​នៅ​មូល​គ្នា

[រូប​ភាព​នៅ​ទំព័រ​១៧]

សេចក្ដី​ស្រឡាញ់​ជំរុញ​ឲ្យ​យើង ប្រាប់​អ្នក​ដទៃ​អំពី​សេចក្ដី សង្ឃឹម​របស់​យើង