លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបដែលគណៈអភិបាលគឺផ្សេងពីសាជីវកម្មតាមច្បាប់

របៀបដែលគណៈអភិបាលគឺផ្សេងពីសាជីវកម្មតាមច្បាប់

របៀប​ដែល​គណៈ​អភិបាល​គឺ​ផ្សេង​ពី​សាជីវកម្ម​តាម​ច្បាប់

ធ្លាប់​មាន​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ប៉ិនស៊ីវ៉ានី តាំង​ពី​ខែ​មករា ឆ្នាំ​១៨៨៥​មក​ម្ល៉េះ។ នៅ​ពេល​ដែល​ការ​ប្រមូល​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​មាន​ឡើង​នៅ​ចុង​សតវត្ស​ទី​១៩ នោះ​ពួក​ប្រធាន​និង​ពួក​អ្នក​ចាត់​ចែង​នៃ​សាជីវកម្ម​នេះ មាន​សេចក្ដី​សង្ឃឹម​ខាង​ស្ថាន​សួគ៌។ តាម​ការ​ពិត សឹង​តែ​មាន​ដូច្នោះ​ជា​និច្ច។

លើក​លែង​តែ​ម្នាក់។ នៅ​ឆ្នាំ​១៩៤០ លោក​ហេឌិន គូពើ កូវិងតន់ ដែល​នៅ​ពេល​នោះ​ជា​មេធាវី​របស់​សមាគម និង​ជា​អ្នក​រួម​ចំណែក​ពួក«ចៀម​ឯ​ទៀត»ដែល​មាន​សេចក្ដី​សង្ឃឹម​ខាង​ផែនដី ក៏​បាន​ត្រូវ​គេ​បោះ​ឆ្នោត​ធ្វើ​ជា​ប្រធាន​ម្នាក់​របស់​សមាគម​ដែរ។ (យ៉ូហាន ១០:១៦) គាត់​បាន​បំរើ​ជា​អនុប្រធាន​សមាគម ពី​ឆ្នាំ​១៩៤២ ដល់​ឆ្នាំ​១៩៤៥។ នៅ​ពេល​នោះ​ឯង បង​ប្រុស​កូវិងតន់​បាន​លា​ឈប់​ពី​មុខ​តំណែង​ជា​ប្រធាន​ម្នាក់ ឲ្យ​សម​ស្រប​ទៅ​តាម​អ្វី​ដែល​នៅ​គ្រា​នោះ មើល​ទៅ​ដូច​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​ពួក​ប្រធាន​និង​ពួក​អ្នក​ចាត់​ចែង​ទាំង​អស់​គ្នា​នៃ​សាជីវកម្ម​រដ្ឋ​ប៉ិនស៊ីវ៉ានី ជា​គ្រីស្ទាន​ចាក់​ប្រេង​តាំង។ បង​ប្រុស​ឡែមាន ស៊្វីងហ្កាល បាន​ចូល​រួម​គណៈ​ពួក​ប្រធាន​ជំនួស​បង​ប្រុស​ហេឌិន គូពើ កូវិងតន់ និង​បង​ប្រុស​ហ្វ្រីឌីរិក ហ្វ្រេន្ស បាន​ត្រូវ​ជាប់​ឆ្នោត​ធ្វើ​ជា​អនុប្រធាន​វិញ។

ហេតុ​អ្វី​បាន​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​បាន​ជឿ​ថា ពួក​ប្រធាន​និង​ពួក​អ្នក​ចាត់​ចែង​ទាំង​អស់​គ្នា​នៃ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ប៉ិនស៊ីវ៉ានី ត្រូវ​តែ​ជា​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដូច្នេះ? ពីព្រោះ​នៅ​ជំនាន់​នោះ គណៈ​ពួក​ប្រធាន​និង​ពួក​អ្នក​ចាត់​ចែង​នៃ​សាជីវកម្ម​រដ្ឋ​ប៉ិនស៊ីវ៉ានី បាន​ត្រូវ​សម្គាល់​យ៉ាង​ច្បាស់​ជា​គណៈ​អភិបាល​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ដែល​ធ្លាប់​តែ​សហការ​ទាំង​ស្រុង​ជា​មួយ​បុរស​តែង​តាំង​ដោយ​វិញ្ញាណ។

កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​មួយ​ដ៏​គួរ ឲ្យ​កត់​សម្គាល់​តាម​ប្រវត្ដិសាស្ត្រ

នៅ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ដែល​មាន​ឡើង​នៅ​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​១៩៤៤ នៅ​ទី​ក្រុង​ភិតបឺក សមាជិក​នានា​នៃ​សាជីវកម្ម​រដ្ឋ​ប៉ិនស៊ីវ៉ានី បាន​យល់​ព្រម​នឹង​សេចក្ដី​សម្រេច​ប្រាំ​មួយ​យ៉ាង ដើម្បី​កែ​ប្រែ​ធម្មនុញ្ញ​សាជីវកម្ម​នោះ។ ធម្មនុញ្ញ​នោះ​ធ្លាប់​អនុញ្ញាត​ឲ្យ​អ្នក​ជូន​វិភាគទាន​គាំទ្រ​កិច្ច​ការ​របស់​សមាគម ឲ្យ​ទទួល​ចំណែក​បោះ​ឆ្នោត តែ​ចំណុច​កែ​ប្រែ​ទី​បី​នោះ​បាន​ទប់​ស្កាត់​នូវ​ឱកាស​នោះ​វិញ។ សេចក្ដី​រាយ​ការណ៍​មួយ​អំពី​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នោះ បាន​កត់​សម្គាល់​ថា៖ «ចំនួន​សមាជិក​ខាង​សមាគម​នឹង​ត្រូវ​បាន​កំណត់​មិន​ឲ្យ​លើស​ពី​៥០០​នាក់ . . . ម្នាក់​ៗ​ដែល​ត្រូវ​រើស​ចូល​នោះ ត្រូវ​តែ​ជា​អ្នក​បំរើ​ពេញ​ពេល​ខាង​សមាគម ឬ​ក៏​ជា​អ្នក​បំរើ​មិន​ពេញ​ពេល​ខាង​ក្រុម[ក្រុម​ជំនុំ]នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា និង​ត្រូវ​បង្ហាញ​នូវ​ចិត្ត​គំនិត​ដូច​ព្រះ​អង្គ​ម្ចាស់»។

បន្ទាប់​ពី​នោះ​មក ពួក​ប្រធាន​របស់​សមាគម​បាន​ត្រូវ​គេ​បោះ​ឆ្នោត​ឲ្យ​មាន​តំណែង ហើយ​ពួក​គាត់​ជា​បុគ្គល​ដែល​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះ​យេហូវ៉ា​យ៉ាង​ពេញ​លេញ មិន​ថា​គេ​ជូន​វិភាគទាន​ប៉ុណ្ណា​ក៏​ដោយ ដើម្បី​ពង្រីក​ជំនឿន​កិច្ច​ការ​ខាង​ព្រះ​រាជាណាចក្រ។ ការ​ធ្វើ​អ៊ីចឹង​បាន​សម​ស្រប​នឹង​ការ​រីក​ចំរើន​ជា​បណ្ដើរ​ៗ​ដែល​បាន​ទាយ​ទុក​នៅ​អេសាយ ៦០:១៧ ដែល​នៅ​ទី​នោះ​យើង​អាន​ថា៖ «អញ​នឹង​នាំ​មាស​មក​ឲ្យ​ជំនួស​លង្ហិន ប្រាក់​ជំនួស​ដែក លង្ហិន​ឲ្យ​ជំនួស​ឈើ ហើយ​ដែក​ឲ្យ​ជំនួស​ថ្ម​ផង អញ​នឹង​យក​សេចក្ដី​សុខ​ធ្វើ​ជា​រដ្ឋបាល​ឯង ហើយ​ឲ្យ​សេចក្ដី​សុចរិត​ជា​អ្នក​គ្រប់​គ្រង​លើ​ឯង​ផង»។ ក្នុង​ការ​សំដៅ​ទៅ​លើ«រដ្ឋបាល» និង«អ្នក​គ្រប់​គ្រង» នោះ​បទ​ទំនាយ​នេះ​បាន​ចង្អុល​បញ្ជាក់​ពី​ការ​លូត​លាស់​ឲ្យ​បាន​ប្រសើរ​ឡើង​ខាង​ទម្រង់​ការ​អង្គការ​នៃ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។

ជំហាន​ដ៏​សំខាន់​មួយ​នេះ​ដើម្បី​នាំ​អង្គការ​ទៅ​តាម​របៀប​រៀប​រយ​ខាង​ព្រះ​ធិបតេយ្យ ក៏​បាន​មក​ដល់​នៅ​ទី​បញ្ចប់​នៃ«២៣០០​ព្រឹក​នឹង​ល្ងាច» ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ដានីយ៉ែល ៨:១៤។ នៅ​ពេល​នោះ​ឯង«ទើប​ទី​បរិសុទ្ធ . . . បាន​ស្អាត​ឡើង​វិញ»។

ក៏​ប៉ុន្តែ ក្រោយ​ពី​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​១៩៤៤​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​តាម​ប្រវត្ដិសាស្ត្រ​នោះ នៅ​មាន​សំនួរ​ដ៏​សំខាន់​មួយ​នៅ​ឡើយ។ ដោយ​ព្រោះ​គណៈ​អភិបាល​នៅ​ពេល​នោះ បាន​ត្រូវ​សម្គាល់​យ៉ាង​ច្បាស់​ជា​គណៈ​ពួក​ប្រធាន​ដែល​មាន​សមាជិក​ចំនួន​ប្រាំ​ពីរ​នាក់​របស់​សាជីវកម្មរដ្ឋ​ប៉ិនស៊ីវ៉ានី តើ​នេះ​មាន​ន័យ​ថា គណៈ​អភិបាល​មិន​អាច​មាន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ចំនួន​លើស​ពី​ប្រាំ​ពីរ​នាក់​ប៉ុណ្ណោះ​ទេ​ឬ? ម្យ៉ាង​វិញ​ទៀត ដោយ​ព្រោះ​ពួក​ប្រធាន​ត្រូវ​បាន​សមាជិក​សាជីវកម្ម​បោះ​ឆ្នោត​ឲ្យ តើ​សមាជិក​នៃ​សាជីវកម្ម​នោះ​បោះ​ឆ្នោត​ជ្រើស​រើស​នូវ​សមាជិក​នៃ​គណៈ​អភិបាល​នៅ​ឯ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ឬ​យ៉ាង​ណា? តើ​ពួក​ប្រធាន​និង​ពួក​អ្នក​ចាត់​ចែង​នៃ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ប៉ិនស៊ីវ៉ានី និង​សមាជិក​នៃ​គណៈ​អភិបាល​ដូច​គ្នា​ឬ​ខុស​ពី​គ្នា?

កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​មួយ​ទៀត​ដ៏​គួរ​ឲ្យ​ចង​ចាំ

សំនួរ​ទាំង​នេះ​បាន​ត្រូវ​ឆ្លើយ​នៅ​ឯ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​១៩៧១។ នៅ​កម្ម​វិធី​នោះ​ឯង អ្នក​អធិប្បាយ​ម្នាក់​បាន​ជំរាប​ដោយ​បញ្ជាក់​ថា មាន​គណៈ​អភិបាល​នៃ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›រាប់​រយ​ឆ្នាំ មុន​ដែល​មាន​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ប៉ិនស៊ីវ៉ានី​ទៅ​ទៀត។ (ម៉ាថាយ ២៤:៤៥​-​៤៧) គណៈ​អភិបាល​មួយ​បាន​ត្រូវ​ប្រារព្ធ​ឡើង​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣​ស.យ. អស់​ជាង​១៨​សតវត្ស​មក​ហើយ មុន​នឹង​សាជីវកម្ម​រដ្ឋ​ប៉ិនស៊ីវ៉ានី​បាន​លេច​មាន​ឡើង​នោះ។ ជា​ដំបូង​នោះ គណៈ​អភិបាល​មាន​រួម​ទាំង​សាវ័ក​១២​នាក់ មិន​មែន​៧​នាក់​ប៉ុណ្ណោះ​ទេ។ តាម​មើល​ទៅ ចំនួន​នោះ​បាន​ត្រូវ​ពង្រីក​ក្រោយ​មក ពីព្រោះ«ពួក​សាវក នឹង​ពួក​ចាស់​ទុំ នៅ​ក្រុង​យេរូសាឡិម»បាន​ធ្វើ​ការ​ដឹក​នាំ​វិញ។—កិច្ច​ការ ១៥:២

នៅ​ឆ្នាំ​១៩៧១ អ្នក​អធិប្បាយ​ដដែល​នេះ​បាន​ពន្យល់​ថា សមាជិក​នៃ​សមាគម​ប៉ម​យាម​មិន​អាច​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​នៃ​គណៈ​អភិបាល​ដែល​ចាក់​ប្រេង​តាំង​នោះ​ទេ។ ហេតុ​អ្វី? គាត់​បាន​និយាយ​ថា៖ «ពីព្រោះ គណៈ​អភិបាល​ពី​ក្រុម‹អ្នក​បំរើ›នោះ គ្មាន​មនុស្ស​ណា​រើស​តាំង​គេ​ទេ។ ក្រុម​នោះ​បាន​ត្រូវ​រើស​តាំង​ដោយ . . . ព្រះ​យេស៊ូ​គ្រីស្ទ ជា​សិរសា​នៃ​ក្រុម​ជំនុំ​ពិត​នៃ​ពួក​គ្រីស្ទាន ក៏​ទ្រង់​ជា​ព្រះ​អង្គ​ម្ចាស់​នៃ​ក្រុម‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›នោះ​ដែរ»។ គឺ​ច្បាស់​ណាស់​ថា អ្នក​រួម​ជា​សមាជិក​នៃ​សាជីវកម្ម​ណា​មួយ​តាម​ច្បាប់​នោះ មិន​អាច​បោះ​ឆ្នោត​រើស​តាំង​សមាជិក​នៃ​គណៈ​អភិបាល​បាន​ឡើយ។

ដោយ​បន្ត​និយាយ អ្នក​អធិប្បាយ​នោះ​បាន​ថ្លែង​សេចក្ដី​ដ៏​សំខាន់ ដូច​ត​ទៅ​នេះ៖ «គណៈ​អភិបាល​មិន​មាន​ពួក​អ្នក​ចាត់​ចែង​ដូច​ជា​គណៈ​ពួក​ប្រធាន​របស់​សមាគម​ឡើយ ដែល​មាន​តំណែង​ដូច​ជា ប្រធាន អនុប្រធាន លេខាធិការ​និង​ហេរញ្ញិក ព្រម​ទាំង​អនុ​លេខាធិការ​និង​អនុ​ហេរញ្ញិក​ដែរ។ គឺ​មាន​តែ​អធិការី​ប៉ុណ្ណោះ»។ ជា​ច្រើន​ឆ្នាំ​មក​ហើយ ប្រធាន​នៃ​សាជីវកម្ម​រដ្ឋ​ប៉ិនស៊ីវ៉ានី​ក៏​បាន​ធ្វើ​ជា​អគ្គ​សមាជិក​ក្នុង​គណៈ​អភិបាល​ដែរ។ នេះ​ត្រូវ​លែង​មាន​អ៊ីចឹង​ទៀត​ហើយ។ ទោះ​ជា​មិន​មាន​បទ​ពិសោធន៍​ឬ​សមត្ថភាព​ស្មើ​ៗ​នឹង​គ្នា​ក៏​ដោយ តែ​សមាជិក​និមួយ​ៗ​នៃ​គណៈ​អភិបាល​មាន​ភារកិច្ច​ស្មើ​គ្នា​វិញ។ អ្នក​អធិប្បាយ​បាន​បន្ថែម​ទៀត​ថា៖ «សមាជិក​ណា​មួយ​នៃ​គណៈ​អភិបាល អាច​ដើរ​តួ​ជា​អធិការី​នោះ​បាន ដោយ​ដំណាល​គ្នា​នោះ​មិន​ធ្វើ​ជា​ប្រធាន​នៃ . . . សមាគម​ទេ។ . . . គឺ​ស្រេច​ទៅ​លើ​ការ​ទទួល​តំណែង​តាម​វេន​នោះ ជា​អធិការី​នៃ​គណៈ​អភិបាល»។

នៅ​ឯ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​១៩៧១​ដែល​ជា​គ្រា​គួរ​ឲ្យ​ចង​ចាំ​នោះ គេ​ក៏​បាន​វែក​ញែក​ដោយ​ឡែក​ពី​គ្នា​នូវ​ភាព​ខុស​គ្នា​រវាង​សមាជិក​នៃ​គណៈ​អភិបាល​ដែល​ត្រូវ​បាន​វិញ្ញាណ​បរិសុទ្ធ​ចាក់​ប្រេង​តាំង​ឲ្យ និង​ពួក​ប្រធាន​របស់​សាជីវកម្ម​រដ្ឋ​ប៉ិនស៊ីវ៉ានី​វិញ។ យ៉ាង​ណា​ក៏​ដោយ សមាជិក​នៃ​គណៈ​អភិបាល​ក៏​បាន​បន្ត​បំរើ​ជា​ប្រធាន​និង​អ្នក​ចាត់​ចែង​នៃ​សមាគម​ដដែល។ ក៏​ប៉ុន្តែ បច្ចុប្បន្ន​នេះ​មាន​សំនួរ​មួយ​លេច​ឡើង៖ តើ​មាន​មូលហេតុ​ណា​តាម​បទ​គម្ពីរ​ដែល​ថា ពួក​ប្រធាន​របស់​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ប៉ិនស៊ីវ៉ានី ត្រូវ​តែ​ជា​សមាជិក​នៃ​គណៈ​អភិបាល​ឬ​ទេ?

ត្រូវ​ឆ្លើយ​ថា អត់​ទេ។ សាជីវកម្ម​រដ្ឋ​ប៉ិនស៊ីវ៉ានី​មិន​មែន​ជា​សាជីវកម្ម​តែ​មួយ​ជា​ក្រុម​ដែល​គេ​ទទួល​ស្គាល់​តាម​ច្បាប់​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ប្រើ​នោះ​ទេ។ គឺ​មាន​សាជីវកម្ម​ផ្សេង​ៗ​ទៀត​ដែរ។ សាជីវកម្ម​មួយ​គឺ​ជា​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។ សាជីវកម្ម​មួយ​នេះ​ជួយ​សម្រេច​កិច្ច​ការ​របស់​យើង​នៅ​សហរដ្ឋ​អាមេរិក។ ច្បាស់​ជា​មាន​ប្រសិទ្ធិពរ​ពី​ព្រះ​យេហូវ៉ា​ទៅ​លើ​សាជីវកម្ម​មួយ​នោះ ទោះ​ជា​ពួក​ប្រធាន​និង​ពួក​អ្នក​ចាត់​ចែង​របស់​សាជីវកម្ម​នោះ ច្រើន​តែ​មក​ពី«ចៀម​ឯ​ទៀត»ក៏​ដោយ។ នៅ​ប្រទេស​អង់គ្លេស គេ​មាន​សមាគម​សិស្ស​ព្រះ​គម្ពីរ​អន្តរជាតិ។ ក្រុម​ដែល​គេ​ទទួល​ស្គាល់​តាម​ច្បាប់​ឯ​ទៀត​ក៏​បាន​ត្រូវ​ប្រើ ដើម្បី​ជំនឿន​អ្វី​ៗ​ខាង​ព្រះ​រាជាណាចក្រ​នៅ​ឯ​ប្រទេស​ផ្សេង​ៗ​ទៀត​ដែរ។ នីតិ​ក្រុម​ទាំង​អស់​នេះ​សហការ​គ្នា​ព្រម​ទាំង​មាន​មុខ​តំណែង​ដើម្បី​សម្រេច​នូវ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ទូទាំង​ផែនដី។ ទោះ​ជា​មាន​ក្រុម​ដែល​គេ​ទទួល​ស្គាល់​តាម​ច្បាប់​នៅ​កន្លែង​ណា​ក៏​ដោយ ឬ​មាន​នរណា​បំរើ​ជា​ប្រធាន​និង​អ្នក​ចាត់​ចែង​ក្ដី នីតិ​ក្រុម​ទាំង​នោះ​ត្រូវ​បាន​ដឹក​នាំ​តាម​ព្រះ​ធិបតេយ្យ និង​មាន​គណៈ​អភិបាល​ប្រើ​ប្រាស់​ព្រម​ទាំង​ពិនិត្យ​មើល​នឹង​យល់​ព្រម​នូវ​ធម្មនុញ្ញ​របស់​គេ​ដែរ។ ដូច្នេះ​ហើយ​បាន​ជា​នីតិ​ក្រុម​បែប​នេះ​មាន​កិច្ចការ​ដែល​បាន​ត្រូវ​ប្រគល់​ឲ្យ ដែល​គេ​ត្រូវ​សម្រេច​ដែរ ដើម្បី​ជំនឿន​របស់​របរ​ខាង​ព្រះ​រាជាណាចក្រ។

ការ​មាន​ក្រុម​ទាំង​នេះ​ដែល​គេ​ទទួល​ស្គាល់​តាម​ច្បាប់ នោះ​ផ្ដល់​ប្រយោជន៍​ដល់​យើង។ យ៉ាង​នោះ​ដែល​យើង​សម្រប​ទៅ​តាម​ច្បាប់ជាតិ​និង​អន្តរជាតិ ដូច​បាន​តម្រូវ​តាម​បន្ទូល​របស់​ព្រះ។ (យេរេមា ៣២:១១; រ៉ូម ១៣:១) ក្រុម​ទាំង​នេះ​ដែល​គេ​ទទួល​ស្គាល់​តាម​ច្បាប់ ក៏​ជួយ​សម្រេច​កិច្ច​ការ​របស់​យើង​ខាង​ការ​ចែក​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ ដោយ​បោះ​ពុម្ព​ព្រះ​គម្ពីរ សៀវភៅ ទស្សនាវដ្ដី សៀវភៅ​ស្តើង និង​ឯកសារ​ផ្សេង​ៗ​ទៀត​ដែរ។ ក្រុម​ទាំង​នេះ​ក៏​ធ្វើ​ជា​ឧបករណ៍​តាម​ច្បាប់​ដើម្បី​ដោះ​ស្រាយ​រឿង​ទាក់​ទង​សិទ្ធិ​ជា​ម្ចាស់​ដី ការ​ជួយ​ផ្នែក​មនុស្ស​ធម៌ និង​ខាង​កិច្ច​សន្យា​ប្រើ​ប្រាស់​កន្លែង​សន្និបាត​ជា​ដើម។ យើង​ដឹង​គុណ​មែន​ទែន ដែល​នីតិ​ក្រុម​ទាំង​នេះ​បំរើ​ការ​ផ្សេង​ៗ។

ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​នៅ​ពី​មុខ​គេ

នៅ​ឆ្នាំ​១៩៤៤ លក្ខ​ន្ដិ​ក:ទី​២​នៃ​ធម្មនុញ្ញ​របស់​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ប៉ិនស៊ីវ៉ានី បាន​ត្រូវ​កែ​ប្រែ​ដើម្បី​បញ្ជាក់​នូវ​គោល​ដៅ​នៃ​សាជីវកម្ម​នេះ។ យោង​ទៅ​តាម​ធម្មនុញ្ញ​នោះ គោល​បំណង​នៃ​សមាគម​ក៏​រួម​បញ្ចូល​របស់​ដូច​ត​ទៅ​នេះ៖ «ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ក្រោម​ព្រះ​គ្រីស្ទ​យេស៊ូ ជូន​ចំពោះ​សាសន៍​ទាំង​ឡាយ​ជា​ទី​បន្ទាល់​ពី​ព្រះ​នាម ព្រះ​បន្ទូល និង​ភាព​ខ្ពង់​ខ្ពស់​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​បំផុត គឺ​ព្រះ​យេហូវ៉ា»។

តាំង​ពី​ឆ្នាំ​១៩២៦ «អ្នក​បំរើ​ស្មោះ​ត្រង់»បាន​លើក​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​ឲ្យ​នៅ​ពី​មុខ​គេ។ គួរ​កត់​សម្គាល់​ជា​ពិសេស​នៅ​ឆ្នាំ​១៩៣១ ជា​ពេល​ដែល​និស្សិត​ព្រះ​គម្ពីរ​បាន​ទទួល​នូវ​ឈ្មោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ (អេសាយ ៤៣:១០​-​១២) ប្រកាសនវត្ថុ​របស់​សមាគម​នេះ ដែល​បាន​លើក​បញ្ជាក់​ពី​ព្រះ​នាម​របស់​ព្រះ ក៏​រួម​បញ្ចូល​សៀវភៅ​នានា​ដូច​ជា ព្រះ​យេហូវ៉ា (ឆ្នាំ​១៩៣៤) សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​ញែក​ជា​បរិសុទ្ធ (ឆ្នាំ​១៩៦១) និង«សាសន៍​នឹង​ដឹង​ថា​អញ​នេះ​ហើយ​ជា​ព្រះ​យេហូវ៉ា» ដោយ​ដូច​ម្ដេច? (ឆ្នាំ​១៩៧១)។

ក៏​ត្រូវ​រៀប​រាប់​ជា​ពិសេស​ដែរ​អំពី​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ ដែល​បាន​ត្រូវ​បោះ​ពុម្ព​ជា​ព្រះ​គម្ពីរ​ទាំង​មូល​ជា​ភាសា​អង់គ្លេស នៅ​ឆ្នាំ​១៩៦០។ ព្រះ​គម្ពីរ​នោះ​មាន​ព្រះ​នាម​ព្រះ​យេហូវ៉ា​នៅ​គ្រប់​កន្លែង​ដែល​បទ​គម្ពីរ​ភាសា​ហេព្រើរ​មាន​អក្សរ​បួន​តួ​តំណាង​នាម​របស់​ព្រះ។ សេចក្ដី​បក​ប្រែ​មួយ​នេះ​ក៏​ថែម​ទាំង​មាន​ព្រះ​នាម​ទ្រង់​នៅ​២៣៧​កន្លែង​ក្នុង​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក ដែល​ពិចារណា​មើល​យ៉ាង​ប្រយ័ត្ន​ប្រយែង នោះ​បញ្ជាក់​ថា​គួរ​ដាក់​ដែរ។ យើង​អរគុណ​ណាស់​ដែល​ថា តាម​របៀប​ផ្សេង​ៗ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ«អ្នក​បំរើ»និង​គណៈ​អភិបាល​នោះ ប្រើ​នូវ​ធន​ធាន​ខាង​ការ​បោះពុម្ព និង​ក្រុម​ដែល​គេ​ទទួល​ស្គាល់​តាម​ច្បាប់​ដែរ ដើម្បី​ប្រកាស​ផ្សាយ​ឲ្យ​គេ​ស្គាល់​ព្រះ​នាម​ទ្រង់​ទូទាំង​ផែនដី!

បាន​ត្រូវ​លើក​ទឹក​ចិត្ត​ចែក​ព្រះ​បន្ទូល​របស់​ព្រះ

អនុ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​បន្ទាល់​ជា​ទៀង​ទាត់​អំពី​ព្រះ​នាម​ទ្រង់ ក៏​បាន​លើក​ដំកើង​ព្រះ​បន្ទូល​របស់​ទ្រង់​ដោយ​បោះ​ពុម្ព​និង​ចែក​ចាយ​ព្រះ​គម្ពីរ​និង​ប្រកាសនវត្ថុ​រាប់​លាន​ក្បាល​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ​ដែរ។ នៅ​ដើម​សតវត្ស​នៃ​ឆ្នាំ​១៩០០ សមាគម​ប៉ម​យាម​បាន​ទទួល​តំណែង​ជា​ម្ចាស់​រក្សា​សិទ្ធិ​និពន្ធ ឌឺ​អិមហ្វាទិច​ដែយ៉ូក្លត់ ដែល​ជា​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក​របស់​លោក​បេន្យ៉ាមិន វិលសុន ដែល​បោះ​ពុម្ព​មាន​ភាសា​ក្រិក​និង​ភាសា​អង់គ្លេស​ដំណាល​គ្នា​នោះ។ សមាគម​ក៏​បាន​បោះ​ពុម្ព​នូវ​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ឃីងជេម្ស​សំរាប់​និស្សិត​ព្រះ​គម្ពីរ ដែល​រួម​ទាំង​មាន​ឯកសារ​បន្ថែម​អស់​៥០០​ទំព័រ​ទៀត។ នៅ​ឆ្នាំ​១៩៤២ សមាគម​ក៏​បាន​បោះ​ពុម្ព​នូវ​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ឃីងជេម្ស​ដែល​ថែម​ទាំង​មាន​ឯកសារ​យោង​តាម​រឹម​ដើម​ទំព័រ។ រួច​មក​នៅ​ឆ្នាំ​១៩៤៤ សមាគម​បាន​ចាប់​ផ្ដើម​បោះ​ពុម្ព​នូវ​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​បមាណីយ​អាមេរិកាំង​ពី​ឆ្នាំ​១៩០១ ដែល​មាន​កត់​ព្រះ​នាម​របស់​ព្រះ​ដែរ។ ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​ក៏​បាន​ត្រូវ​ជា​ទី​កត់​សម្គាល់​ក្នុង​ព្រះ​គម្ពីរ​ជា​ភាសា​អង់គ្លេស​ដ៏​រស់​រវើក​ដោយ​លោក​ស្ទេផាន បែយិងតន់ ដែល​បាន​ត្រូវ​បោះ​ពុម្ព​ដោយ​សមាគម​យើង​នៅ​ឆ្នាំ​១៩៧២។

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ប្រើ​ក្រុម​ដែល​គេ​ទទួល​ស្គាល់​តាម​ច្បាប់​នានា ឲ្យ​ជួយ​បោះ​ពុម្ព​និង​ចែក​ចាយ​នូវ​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ផ្សេង​ៗ​ទាំង​អស់​នេះ។ ប៉ុន្តែ អ្វី​ដែល​គួរ​កត់​សម្គាល់​ជា​ទី​បំផុត គឺ​ជា​ការ​សហប្រតិបត្ដិការ​រវាង​សមាគម​ប៉ម​យាម​និង​អ្នក​ចាក់​ប្រេង​តាំង​មួយ​ក្រុម​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ដែល​រួម​ជា​គណៈ​កម្មាធិការ​បក​ប្រែ​នូវ​ព្រះ​គម្ពីរ​ពិភព​លោក​ថ្មី។ យើង​រីករាយ​ណាស់​ដោយ​ព្រោះ​មក​ដល់​សព្វ​ថ្ងៃ​នេះ មាន​ជាង​១០៦.៤០០.០០០​ក្បាល​នៃ​សេចក្ដី​បក​ប្រែ​នេះ បាន​ត្រូវ​បោះ​ពុម្ព​ទាំង​មូល​ឬ​ជា​ផ្នែក​ក្នុង​៣៨​ភាសា។ សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ប៉ិនស៊ីវ៉ានី ពិត​ជា​សមាគម​មួយ​ខាង​ព្រះ​គម្ពីរ​មែន!

«អ្នក​បំរើ​ស្មោះ​ត្រង់»បាន​ត្រូវ‹តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក​ចៅហ្វាយ​ខ្លួន›។ របស់​ទាំង​នេះ​រួម​បញ្ចូល​នូវ​ទី​តាំង​នៅ​ឯ​មន្ទីរ​ចាត់​ការ​នៅ​រដ្ឋ​ញូវយ៉ក ស.រ.អ​. និង​ការិយាល័យ​១១០​សាខា​ទូទាំង​ផែនដី​ដែល​កំពុង​តែ​មាន​ដំណើរ​ការ។ សមាជិក​នៃ​ក្រុម​អ្នក​បំរើ​នោះ​ដឹង​ថា គេ​នឹង​ត្រូវ​រាយ​រាប់​ពី​របៀប​ដែល​គេ​បាន​ប្រើ​នូវ​របស់​ដែល​បាន​ត្រូវ​ប្រគល់​ឲ្យ​គេ​ទទួល​ខុស​ត្រូវ​នោះ។ (ម៉ាថាយ ២៥:១៤​-​៣០) តែ​នេះ​មិន​បង្អាក់«អ្នក​បំរើ»នោះ ពី​ការ​ពឹង​អ្នក​ត្រួត​ពិនិត្យ​ពី​ចំណោម​ពួក«ចៀម​ឯ​ទៀត»ដ៏​មាន​គុណវុឌ្ឍិ ឲ្យ​ទទួល​ខុស​ត្រូវ​នឹង​ភារកិច្ចចាត់​ចែង​ការ​ដ៏​ធម្មតា​នោះ​ទេ។ តាម​ការ​ពិត នេះ​អនុញ្ញាត​ឲ្យ​សមាជិក​នៃ​គណៈ​អភិបាល​ចំណាយ​ពេល​ច្រើន​ជាង ក្នុង​ការ«អធិស្ឋាន នឹង​ការ​ផ្សាយ​ព្រះ​បន្ទូល​វិញ»។—កិច្ច​ការ ៦:៤

ដរាប​ណា​ដែល​មាន​ស្ថានការណ៍​លោកីយ៍​នេះ​អនុញ្ញាត​ឲ្យ នោះ​គណៈ​អភិបាល​ដែល​តំណាង‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›នោះ នឹង​ប្រើ​ប្រាស់​នូវ​នីតិ​ក្រុម​ទាំង​នេះ។ ក្រុម​ទាំង​នេះ​គឺ​ល្អ​ប្រើ​មែន តែ​មិន​មែន​ចាំ​បាច់​ខ្វះ​ពុំ​បាន​ឡើយ។ បើ​ក្រិត្យ​ណា​ពី​រដ្ឋាភិបាល រំលាយ​ចោល​នូវ​នីតិ​ក្រុម​ណា​មួយ នោះ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នឹង​នៅ​មាន​ជា​បន្ត​ដដែល។ សូម្បី​តែ​ពេល​ឥឡូវ​នេះ ក្នុង​ប្រទេស​នានា​ដែល​មាន​បំរាម​ហើយ និង​គ្មាន​ក្រុម​ដែល​គេ​ទទួល​ស្គាល់​តាម​ច្បាប់​ទេ នោះ​គេ​នៅ​តែ​ប្រកាស​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ បណ្ដុះ​បណ្ដាល​ឲ្យ​មាន​សិស្ស និង​មាន​ការ​រីក​ចំរើន​ខាង​ព្រះ​ធិបតេយ្យ​ជា​និច្ច​ដែរ។ នេះ​កំពុង​តែ​កើត​មាន​ឡើង​ដោយ​ព្រោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​តែ​សាប​ព្រោះ និង​ស្រោច​ទឹក ហើយ‹ព្រះ​នៅ​ធ្វើ​ឲ្យ​ដុះ​វិញ›។—កូរិនថូស​ទី​១ ៣:៦, ៧

នៅ​ពេល​ដែល​យើង​មើល​ទៅ​ឯ​អនាគត​កាល យើង​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា​ព្រម​ទាំង​ប្រទាន​ឲ្យ​អ្វី​ៗ​ដែល​រាស្ត្រ​របស់​ទ្រង់​ត្រូវ​ការ​ខាង​វិញ្ញាណ​ព្រម​ទាំង​ខាង​សាច់​ឈាម​ដែរ។ ទ្រង់​និង​បុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ នឹង​បន្ត​ប្រទាន​នូវ​ការ​ណែនាំ​ពី​ស្ថាន​សួគ៌ និង​សេចក្ដី​គាំទ្រ​ណា​ដែល​ត្រូវ​ការ​ដើម្បី​បង្ហើយ​នូវ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ។ ទោះ​ជា​អ្វី​ក៏​ដោយ​ដែល​យើង​សម្រេច​ជា​អ្នក​បំរើ​ព្រះ នោះ​ធ្វើ​ឡើង‹មិន​មែន​ដោយ​ឥទ្ធិឫទ្ធិ ​ឬ​ដោយ​អំណាច​ទេ តែ​ដោយ​សារ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​វិញ›។ (សាការី ៤:៦) ហេតុ​នោះ​ហើយ​បាន​ជា​យើង​អធិស្ឋាន​សុំ​ជំនួយ​ពី​ព្រះ ដោយ​ដឹង​ថា តាម​រយៈ​កម្លាំង​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ នោះ​យើង​នឹង​អាច​បង្ហើយ​នូវ​កិច្ចការ​ដែល​ទ្រង់​បាន​ឲ្យ​យើង​ធ្វើ​នៅ​គ្រា​ចុង​បញ្ចប់​នេះ!