សេចក្ដីជូនដំណឹងដ៏ពិសេសមួយ
សេចក្ដីជូនដំណឹងដ៏ពិសេសមួយ
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០០ នៅទីបញ្ចប់នៃកិច្ចប្រជុំប្រចាំឆ្នាំនៃសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋប៉ិនស៊ីវ៉ានី នោះមានសេចក្ដីជូនដំណឹងដ៏ពិសេសមួយ ដោយអធិការីជាបងប្រុសចនបរ ពីគណៈអភិបាល។ សេចក្ដីជូនដំណឹងមួយនេះបានបន្ថែមទៅលើសុន្ទរកថានិមួយៗដែលបានត្រូវថ្លែងពីមុនៗនៅថ្ងៃនោះឯង ដោយបងប្រុសៗ ធីអូឌ័រចារ៉ាស និងដានីយ៉ែលស៊ិដលិក។—សូមមើលទំព័រ ១៩-២៣ និងទំព័រ ២៩-៣២ ក្នុងទស្សនាវដ្ដីនេះ។
ដោយបញ្ជាក់ចំណុចដ៏សំខាន់មួយ បងប្រុសបរបានមានប្រសាសន៍ថា៖ «‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› និងគណៈអភិបាលរបស់អ្នកនោះដែរ បានទទួលនូវរបស់ដ៏សំខាន់ដែលខ្ពស់ជាង និងទូលំទូលាយជាងភារកិច្ចដែលសាជីវកម្មនិមួយៗជានីតិបុគ្គលបានទទួលនោះ។ គោលដៅធម្មនុញ្ញនៃក្រុមដែលគេទទួលស្គាល់តាមច្បាប់និមួយៗនេះ ទាក់ទងអ្វីៗដែលមានកំរិត។ ក៏ប៉ុន្តែ ម្ចាស់របស់យើង គឺព្រះយេស៊ូគ្រីស្ទ បានចាត់តាំងក្រុមអ្នកបំរើស្មោះត្រង់របស់ទ្រង់ត្រួតលើ‹របស់ទ្រព្យ›ទាំងអស់ ឬអ្វីៗនៅលើផែនដីនេះដែលប្រយោជន៍ឲ្យព្រះរាជាណាចក្ររបស់ទ្រង់»។—ម៉ាថាយ ២៤:៤៥-៤៧
ស្តីអំពីសាជីវកម្មនៃរដ្ឋប៉ិនស៊ីវ៉ានីនោះ បងប្រុសបរបានបន្ថែមទៀតថា៖ «ចាប់តាំងពីបានបង្កើតសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋប៉ិនស៊ីវ៉ានីជាដំបូងនៅឆ្នាំ១៨៨៤ សមាគមនេះបានមានមុខនាទីដ៏សំខាន់ក្នុងប្រវត្ដិសាស្ត្រនាសម័យយើងនេះ។ យ៉ាងណាក៏ដោយ សមាគមនេះនៅតែជានីតិបុគ្គលប៉ុណ្ណោះ ដែល‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›អាចប្រើនៅពេលណាដែលចាំបាច់នោះ»។
ក្នុងសុន្ទរកថារបស់បងស៊ិដលិក និងបងចារ៉ាស នោះគាត់បានពន្យល់ថា ទោះជា‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›បានទទួលខុសត្រូវរបស់ទ្រព្យទាំងអស់របស់ព្រះអង្គម្ចាស់នៅលើផែនដីនេះក្ដី នេះក៏មិនបានហាមក្រុមអ្នកបំរើនោះពីការរើសតាំងបុរសដ៏មានគុណវុឌ្ឍិ ពីចំណោមពួក«ចៀមឯទៀត» ដើម្បីមើលខុសត្រូវនូវភារកិច្ចធម្មតាដែលចាត់ចែងការនោះដែរ។ (យ៉ូហាន ១០:១៦) ក៏គ្មានមូលហេតុតាមបទគម្ពីរ ដែលតម្រូវឲ្យពួកប្រធានទាំងឡាយឬនរណាម្នាក់នោះ ពីក្រុមណាមួយដែលគេទទួលស្គាល់តាមច្បាប់ដែលស្មរបន្ទាល់ព្រះយេហូវ៉ាប្រើនោះ ធ្វើជាអ្នកចាក់ប្រេងតាំងនោះទេ។
បងប្រុសបរបានប្រាប់ពួកអ្នកស្ដាប់ថា ពេលថ្មីៗនេះ សមាជិកខ្លះៗពីគណៈអភិបាលនៃស្មរបន្ទាល់ព្រះយេហូវ៉ា ដែលបានបំរើជាពួកប្រធាននិងអ្នកចាត់ចែងនោះ បានលះបង់តំណែងរៀងៗខ្លួនស្មោះស្ម័គ្រពីចិត្ត ពីក្រុមពួកប្រធានរបស់សាជីវកម្មទាំងឡាយដែល‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›មាននៅសហរដ្ឋអាមេរិក។ បុរសដ៏ទុកចិត្តបានពីក្រុមចៀមឯទៀត បានត្រូវគេបោះឆ្នោតរើសជំនួសវិញ។
ការសម្រេចចិត្តរបស់គណៈអភិបាល ឲ្យបុរសដ៏មានសមត្ថភាពពីពួកចៀមឯទៀតនោះ បំរើជាប្រធាននៃសាជីវកម្មនានាដែលស្មរបន្ទាល់ព្រះយេហូវ៉ាប្រើ នោះមានប្រយោជន៍មែនទែន។ នេះអនុញ្ញាតឲ្យសមាជិកនៃគណៈអភិបាលចំណាយពេលច្រើនជាងក្នុងការរៀបចំអាហារខាងវិញ្ញាណ និងការមើលថែរក្សាផ្សេងៗទៀតខាងវិញ្ញាណនៃភាតរភាពពេញពិភពលោក។
ជាសេចក្ដីបញ្ចប់ អធិការីបានប្រាប់ពួកអ្នកដែលស្ដាប់ដោយចិត្តរំភើប ថា៖ «ថ្វីបើករណីយកិច្ចផ្សេងៗតាមនីតិក្រម បានត្រូវប្រគល់ឲ្យអ្នកត្រួតពិនិត្យដ៏មានបទពិសោធន៍នោះ . . . ពួកគេទាំងអស់គ្នាបំរើក្រោមការដឹកនាំនៃគណៈអភិបាលវិញ។ . . . យើងទាំងអស់គ្នាអធិស្ឋានសុំព្រះយេហូវ៉ាប្រទានពរមកលើការខំប្រឹងរបស់យើង ដោយរួមកម្លាំងធ្វើតាមព្រះហឫទ័យរបស់ទ្រង់ ដើម្បីលើកកិត្ដិយសនិងសរសើរព្រះនាមដ៏ថ្កុំថ្កើងរបស់ទ្រង់»។