ស្នាមរបួសដែលបន្សល់ទុកពីសង្គ្រាម
ស្នាមរបួសដែលបន្សល់ទុកពីសង្គ្រាម
អតីតទាហានម្នាក់ដែលបានចូលក្នុងចំបាំងជាសង្គ្រាមលោកលើកទី២ បានមានប្រសាសន៍ថា៖ «គ្មានពួកណាឈ្នះសង្គ្រាមបានឡើយ។ មានតែពួកអ្នកចាញ់ប៉ុណ្ណោះ»។ មនុស្សជាច្រើននឹងអនុម័តតាមគំនិតគាត់។ ផលពីសង្គ្រាមជាទុក្ខវេទនាដ៏ក្រៃលែង។ ទាំងពួកអ្នកឈ្នះនិងពួកអ្នកចាញ់ក៏ខូចបង់ខ្លាំងណាស់។ សូម្បីតែក្រោយពីសង្គ្រាមបានចប់ហើយក៏ដោយ មនុស្សរាប់លាននាក់នៅតែរងទុក្ខនឹងផលដ៏អាក្រក់ក្រៃលែងពីសង្គ្រាមដដែល។
តើមានស្នាមរបួសណាខ្លះ? សង្គ្រាមអាចប្រល័យជីវិតប្រជាជនជាច្រើននាក់ ទាំងបន្សល់ទុកនូវក្មេងកំព្រានិងស្រីមេម៉ាយជាច្រើនឥតគណនា។ ពួកអ្នករួចរស់ជីវិត ក៏មានរបួសផ្នែករាងកាយដ៏សម្បើម ថែមទាំងរបួសខាងផ្លូវចិត្តទៀតផង។ មនុស្សរាប់លាននាក់ទៀតអាចទៅជាអ្នកខ្វះខាតដុនដាប ឬក៏បានត្រូវជំរុញឲ្យធ្វើជាជនភៀសខ្លួន។ តើយើងអាចប៉ាន់ស្មានថា មានសេចក្ដីសំអប់និងទុក្ខសោកប៉ុនណា ជាប់ក្នុងចិត្តរបស់ពួកអ្នកដែលរួចរស់ជីវិតពីចំបាំងបែបនោះ?
ស្នាមរបួសដែលកាន់តែពើតផ្សាឡើងៗ
ស្នាមរបួសដែលមានជាប់ក្នុងចិត្តមនុស្សដោយសារសង្គ្រាម ក៏កាន់តែជូរចត់ឡើងៗជាយូរយារមកហើយ រហូតក្រោយពីបានយល់ព្រមឈប់បាញ់គ្នា និងពួកទ័ពបានត្រឡប់ទៅផ្ទះគេវិញ។ តំណរបស់មនុស្សតៗមក ប្រហែលជានៅមានគំនិតជូរចត់ដ៏ខ្លាំងជាប់ក្នុងចិត្ត ចំពោះគ្នាទៅវិញទៅមក។ តាមរបៀបនេះឯងដែលស្នាមរបួសពីសង្គ្រាមមួយ អាចទៅជាហេតុបណ្ដាលឲ្យមានសង្គ្រាមមួយទៀត។
ជាឧទាហរណ៍ សន្ធិសញ្ញានៅទីក្រុងវើសាយ ដែលបានត្រូវគេចុះហត្ថលេខានៅឆ្នាំ១៩១៩ ដើម្បីបញ្ឈប់តាមផ្លូវការនូវសង្គ្រាមលោកលើកទី១ បានដាក់ល័ក្ខខ័ណ្ឌទៅលើប្រទេសអាល្លឺម៉ង់ដែលពលរដ្ឋនៅប្រទេសនោះបានចាត់ទុកថា តឹងរឹងពេកទាំងបង្ហាញនូវចិត្តចង់សងសឹកទៀតផង។ យោងទៅតាមសព្វវចនាធិប្បាយប្រីធែណនីកា ល័ក្ខខ័ណ្ឌនៃសន្ធិសញ្ញានោះ «បានបណ្ដាលឲ្យពួកអាល្លឺម៉ង់មានចិត្តគុំគួន ទាំងបានជួយជំរុញចិត្តគេឲ្យរកផ្លូវសងសឹកវិញ»។ ប៉ុន្មានឆ្នាំក្រោយមក «ចិត្តគំនុំចំពោះសន្ធិសញ្ញានោះ បានឲ្យលោកហ៊ីទ្លែមានគោលចាប់ផ្ដើម» ទាំងជាកត្ដាមួយដែលបាននាំឲ្យមានសង្គ្រាមលោកលើកទី២។
សង្គ្រាមលោកលើកទី២បានចាប់ផ្ដើមនៅប្រទេសប៉ូឡូញ និងបានរីកធំឡើងដែលរួមបញ្ចូលប្រទេសទាំងឡាយនៅអឺរ៉ុបភាគអាគ្នេយ៍។ ស្នាមរបួសដែលប្រជាជននានាតាមតំបន់នោះបានបណ្ដាលឲ្យមានចំពោះគ្នាទៅវិញទៅមកនៅទសវត្សពីឆ្នាំ១៩៤០នោះ ក៏បានត្រាយផ្លូវឲ្យមានសង្គ្រាមក្នុងប្រទេសនិមួយៗនៅអឺរ៉ុបភាគអាគ្នេយ៍នៅទសវត្សពីឆ្នាំ១៩៩០វិញ។ កាសែតឌីត្ស៊ីត ពីប្រទេសអាល្លឺម៉ង់ បានចែងថា៖ «ចិត្តស្អប់ចង់សងសឹកទៅវិញទៅមកដូច្នេះ បានក្លាយជាអ្វីដែលធំលូតលាស់រហូតមកដល់បច្ចុប្បន្នយើងនេះ»។
បើសិនជាមនុស្សជាតិនឹងរស់នៅជាមួយគ្នាដោយសន្ដិភាព នោះត្រូវតែឲ្យស្នាមរបួសពីសង្គ្រាមបានសះស្បើយសិនដែរ។ តើអាចសម្រេចការនេះបានយ៉ាងណា? តើអាចធ្វើអ្វីខ្លះដើម្បីលុបបំបាត់ចោលនូវសេចក្ដីសំអប់និងចិត្តសោកសង្រេងចេញនោះ? តើអ្នកណាគេដែលអាចធ្វើឲ្យសះស្បើយនូវស្នាមរបួសដែលបន្សល់ទុកពីសង្គ្រាម?
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
U.S. Coast Guard photo; UN PHOTO 158297/J. Isaac