លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការរស់នៅទាំងមានការប្រថុយផ្សេងៗ

ការរស់នៅទាំងមានការប្រថុយផ្សេងៗ

ការ​រស់​នៅ​ទាំង​មាន​ការ​ប្រថុយ​ផ្សេង​ៗ

«ជា​ធម្មតា​ក្នុង​មួយ​ថ្ងៃ​ៗ គ្មាន​អ្វី​សោះ​ដែល​យើង​អាច​ធ្វើ ដែល​មិន​ប្រកប​ទៅ​ដោយ​ការ​ប្រថុយ​ដល់​ជីវិត​យើង សូម្បី​តែ​ពេល​សម្រាន្ត​ក៏​ដូច​គ្នា​ដែរ»។—ទស្សនាវដ្ដី ឌីសខូវើរ

ជីវិត​បាន​ត្រូវ​ប្រៀប​ប្រដូច​នឹង​ការ​ដើរ​ឆ្លង​កាត់​វាល​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​គ្រាប់​មីន ដ្បិត​យើង​អាច​ត្រូវ​របួស​ឬ​ក៏​អាច​ស្លាប់​នៅ​ពេល​ណា​ក៏​បាន ដែល​ច្រើន​តែ​មក​ដោយ​គ្មាន​ការ​ព្រមាន​ទុក​ជា​មុន​ទេ។ កត្ដា​ដែល​នាំ​ឲ្យ​មាន​ការ​ប្រថុយ​នោះ គឺ​ខុស​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។ កត្ដា​នោះ​រួម​បញ្ចូល​គ្រោះ​ថ្នាក់​ចរាចរណ៍ សង្គ្រាម​ស៊ីវិល ការ​អត់​បាយ ជម្ងឺ​អេដស៍ រោគ​មហារីក ជម្ងឺ​បេះ​ដូង និង​អ្វី​ៗ​ជា​ច្រើន​ទៀត។ ជា​ឧទាហរណ៍ នៅ​ទ្វីប​អាហ្វ្រិក នៅ​តំបន់​ខាង​ត្បូង​វាល​ខ្សាច់​សាហារ៉ា ជម្ងឺ​អេដស៍​បាន​ក្លាយ​ជា​ឃាតករ​ទី​១ ហើយ​យោង​ទៅ​តាម​ទស្សនាវដ្ដី​ពត៌មាន​សហរដ្ឋ និង​សេចក្ដី​រាយ​ការណ៍​ពិភព​លោក (ជា​ភាសា​អង់គ្លេស) នៅ​ថ្មី​ៗ​នេះ​ក្នុង​មួយ​ឆ្នាំ«បាន​សម្លាប់​អស់​២​លាន​២​សែន​នាក់ ដែល​ជា​ចំនួន​អ្នក​ត្រូវ​បាត់​បង់​ជីវិត​ក្នុង​សង្គ្រាម​ស៊ីវិល ១០​ដង​ច្រើន​ជាង​សង្គ្រាម​ទាំង​អស់​នៅ​ទ្វីប​អាហ្វ្រិក»។

ទន្ទឹម​គ្នា​នឹង​នេះ ពិភព​លោក​ទាំង​មូល​ចំណាយ​រាប់​សិប​កោដិ​ដុល្លារ​ទៅ​លើ​ការ​ពន្យា​ជីវិត និង​ការ​កាត់​បន្ថយ​នូវ​លទ្ធភាព​ឆ្លង​ជម្ងឺ​និង​ការ​ធ្លាក់​ខ្លួន​ពិការ។ គំនិត​ជា​ច្រើន​ដែល​ត្រូវ​គាំទ្រ​ផ្សព្វ​ផ្សាយ ដូច​ជា​ចំពោះ​ការ​ផឹក ការ​បរិភោគ​ដែល​នាំ​ឲ្យ​មាន​សុខភាព​ល្អ​និង​ការ​ហាត់​ប្រាណ ក៏​អាច​បង្កើត​លទ្ធផល​ល្អ​ខ្លះ​ៗ។ ក៏​ប៉ុន្តែ មាន​ប្រភព​មួយ ដែល​មាន​ពត៌មាន​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត ស្តី​អំពី​រាល់​ផ្នែក​ដ៏​សំខាន់​នៃ​ជីវិត ដែល​អាច​ជួយ​អ្នក​មាន​ជីវិត​ប្រកប​ទៅ​ដោយ​សុវត្ថិភាព​និង​សន្ដិសុខ​ច្រើន​ជាង។ ប្រភព​នោះ​គឺ​ជា​ព្រះ​គម្ពីរ។ ព្រះ​គម្ពីរ​មាន​ការ​ណែនាំ​ដែល​ទាក់​ទង​នឹង​ការ​ដោះ​ស្រាយ​រឿង​ច្រើន​បែប​ច្រើន​យ៉ាង ដែល​ទាក់​ទង​នឹង​សុខភាព​ហើយ​សុខុមាលភាព​របស់​យើង។ មែន​ហើយ ព្រះ​គម្ពីរ​មិន​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​បញ្ហា​ទាំង​អស់​ទេ។ ក៏​ប៉ុន្តែ ព្រះ​គម្ពីរ​ផ្ដល់​នូវ​គោល​ការណ៍​ដ៏​ល្អ​ប្រពៃ ដែល​អាច​ណែនាំ​ផ្លូវ​យើង​ក្នុង​រឿង​ដូច​ជា​ការ​បរិភោគ សុខភាព​ខាង​រាង​កាយ ចិត្ត​គំនិត ការ​រួម​ភេទ ការ​ញ៉ាំ​ស្រា ការ​ប្រើ​ថ្នាំ​ជក់​និង​ថ្នាំ​ដែល​ត្រូវ​ហៅ​ជា​ថ្នាំ​កំសាន្ត ព្រម​ទាំង​រឿង​ជា​ច្រើន​ទៀត។

ជីវិត​របស់​មនុស្ស​ជា​ច្រើន​នាក់​គឺ​ពោរ​ពេញ​ទៅ​ដោយ​ភាព​ឥត​ស្ថេរ​ភាព​ខាង​សេដ្ឋកិច្ច។ ក្នុង​រឿង​នេះ ព្រះ​គម្ពីរ​ក៏​ជួយ​ដែរ។ ព្រះ​គម្ពីរ​មិន​គ្រាន់​តែ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​លុយ​និង​ការ​ចាយ​លុយ​ទេ ក៏​ប៉ុន្តែ ថែម​ទាំង​បង្ហាញ​ពី​របៀប​ដែល​យើង​អាច​ធ្វើ​ជា​និយោជិត​ឬ​និយោជក​ម្នាក់​ដ៏​ល្អ​ជាង។ បើ​និយាយ​ឲ្យ​ចំ​ទៅ ព្រះ​គម្ពីរ​ជា​សៀវភៅ​ណែនាំ​មួយ​សំរាប់​ជីវិត​តែ​ម្ដង មិន​គ្រាន់​តែ​សំរាប់​ការ​ណែនាំ​ចំពោះ​បញ្ហា​ស្ថេរ​ភាព​ខាង​សេដ្ឋកិច្ច​និង​សុខុមាលភាព​ខាង​រាង​កាយ​ប៉ុណ្ណោះ​ទេ។ តើ​អ្នក​ចង់​ដឹង​អំពី​ប្រយោជន៍​ដែល​មក​ពី​ព្រះ​គម្ពីរ​នៅ​សព្វ​ថ្ងៃ​នេះ​ទេ? អ៊ីចឹង សូម​អាន​បន្ត​ទៅ​ទៀត។