លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការស្វែងរកសន្ដិសុខក្នុងពិភពលោកមួយដ៏ប្រកបទៅដោយការប្រថុយ

ការស្វែងរកសន្ដិសុខក្នុងពិភពលោកមួយដ៏ប្រកបទៅដោយការប្រថុយ

ការ​ស្វែង​រក​សន្ដិសុខ​ក្នុង​ពិភព​លោក​មួយ​ដ៏​ប្រកប​ទៅ​ដោយ​ការ​ប្រថុយ

បើ​សិន​ជា​អ្នក​ដើរ​ក្នុង​វាល​មួយ​ដែល​ពេញ​ដោយ​គ្រាប់​មីន អ្នក​អាច​ស្លាប់​មែន។ ក៏​ប៉ុន្តែ តើ​ផែនទី​មួយ​ដែល​បង្ហាញ​ថា គ្រាប់​មីន​នៅ​កន្លែង​ណា​អាច​ជួយ​អ្នក​បាន​ទេ? ម្យ៉ាង​ទៀត ឧបមា​ថា អ្នក​បាន​ត្រូវ​គេ​បង្ហាត់​បង្រៀន​ឲ្យ​ចេះ​មើល​ឃើញ​មីន​ផ្សេង​ៗ​នោះ។ ចំណេះ​បែប​នេះ​ច្បាស់​ជា​នឹង​កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​លទ្ធភាព​ដែល​អ្នក​អាច​នឹង​រង​របួស​ជា​ទំងន់​ឬ​ក៏​ដល់​ស្លាប់។

ព្រះ​គម្ពីរ​អាច​ត្រូវ​ប្រៀប​ប្រដូច​ទៅ​នឹង​ផែនទី​នោះ ថែម​ទាំង​មាន​ការ​បង្ហាត់​បង្រៀន​ឲ្យ​ចេះ​សម្គាល់​មើល​ឃើញ​គ្រាប់​មីន។ ព្រះ​គម្ពីរ​មាន​ប្រាជ្ញា​ដែល​ប្រៀប​ផ្ទឹម​គ្មាន ចំពោះ​ការ​ជួយ​ឲ្យ​ជៀស​វាង​ពី​គ្រោះ​ថ្នាក់​និង​ការ​ទាក់​ទង​បញ្ហា​ផ្សេង​ៗ​ដែល​កើត​ឡើង​ក្នុង​ជីវិត។

សូម​កត់​សម្គាល់​សេចក្ដី​សន្យា​នេះ​ដែល​បង្កើត​ឲ្យ​មាន​ទំនុក​ចិត្ត នៅ​សុភាសិត ២:១០, ១១ ចែង​ថា៖ «ដ្បិត​ប្រាជ្ញា​នឹង​ចូល​មក​ស្ថិត​នៅ​ក្នុង​ចិត្ត​ឯង ហើយ​ការ​ចេះ​ដឹង​នឹង​គាប់​ចិត្ត​ដល់​ឯង គំនិត​វាង​វៃ​នឹង​ការ​ពារ​ឯង ហើយ​យោបល់​នឹង​ថែ​រក្សា​ឯង»។ ប្រាជ្ញា​និង​គំនិត​វាង​វៃ​ដែល​ត្រូវ​រៀប​រាប់​មក​ខាង​លើ​នេះ មិន​មែន​មក​ពី​មនុស្ស​ទេ ក៏​ប៉ុន្តែ​មក​ពី​ព្រះ​វិញ។ «តែ​អ្នក​ណា​ដែល​ស្ដាប់​តាម[ប្រាជ្ញា​របស់​ព្រះ] នោះ​នឹង​នៅ​ដោយ​សេចក្ដី​សុខ​ពិត ហើយ​នឹង​មាន​សេចក្ដី​សំរាក ឥត​ភ័យ​ខ្លាច​ចំពោះ​ការ​អាក្រក់​ឡើយ»។ (សុភាសិត ១:៣៣) សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​របៀប​ដែល​ព្រះ​គម្ពីរ​អាច​បង្កើន​នូវ​សន្ដិសុខ​របស់​យើង និង​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​បញ្ហា​ជា​ច្រើន។

ការ​ជៀស​វាង​នូវ​គ្រោះ​ថ្នាក់​ដែល​បណ្ដាល​ឲ្យ​ស្លាប់

ស្ថិតិ​លេខ​ដែល​អង្គការ​សុខភាព​ពិភព​លោក​បោះ​ពុម្ព បង្ហាញ​ថា​១.១៧១.០០០​នាក់​ត្រូវ​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍។ ស្ទើរ​តែ​៤០​លាន​នាក់​ឯ​ទៀត​ត្រូវ​រង​របួស និង​ជាង​៨​លាន​នាក់​ទៅ​ជា​ពិការ​អស់​មួយ​រយៈ​យ៉ាង​យូរ។

ទោះ​បី​មិន​អាច​មាន​សុវត្ថិភាព​ទាំង​ស្រុង​ក្នុង​ការ​បើក​បរ​ក៏​ដោយ សុវត្ថិភាព​របស់​យើង​ផ្ទាល់​ត្រូវ​បង្កើន​ឡើង​ពេល​យើង​ធ្វើ​តាម​ច្បាប់​ចរាចរណ៍។ ព្រះ​គម្ពីរ​ចែង​ពី​អាជ្ញាធរ​ដែល​បង្កើត​និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ទាំង​នេះ​ថា៖ «ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​ចុះ​ចូល​នឹង​រាជការ»។ (រ៉ូម ១៣:១) អ្នក​បើក​បរ​ដែល​គោរព​តាម​ឱវាទ​នេះ ក៏​កាត់​បន្ថយ​នូវ​លទ្ធភាព​មាន​គ្រោះ​ថ្នាក់​ដែល​ច្រើន​តែ​មាន​លទ្ធផល​ដ៏​គួរ​ឲ្យ​រន្ធត់​មែន។

ហេតុ​មួយ​ទៀត​ដែល​នាំ​ឲ្យ​ការ​បើក​បរ​ប្រកប​ដោយ​សុវត្ថិភាព គឺ​ជា​ការ​គោរព​ជីវិត។ ព្រះ​គម្ពីរ​ចែង​អំពី​ព្រះ​យេហូវ៉ា​ថា៖ «ដ្បិត​ឯ​ជ្រោះ​នៃ​ជីវិត នោះ​នៅ​ជា​មួយ​នឹង​ទ្រង់»។ (ទំនុកដំកើង ៣៦:៩) ដូច្នេះ​ហើយ ជីវិត​គឺ​ជា​អំណោយ​មួយ​ពី​ព្រះ។ ហេតុ​នេះ​ហើយ យើង​គ្មាន​សិទ្ធិ​ដក​ហូត​អំណោយ​នោះ​ពី​អ្នក​ណា​ម្នាក់​ទេ ឬ​ក៏​បង្ហាញ​ថា​យើង​មិន​គោរព​ចំពោះ​ជីវិត រួម​បញ្ចូល​ជីវិត​របស់​ខ្លួន​ផង​ដែរ។—លោកុប្បត្តិ ៩:៥, ៦

គឺ​ជា​ការ​ធម្មតា​ដែល​ការ​គោរព​ជីវិត​មនុស្ស​រួម​បញ្ចូល​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា ឡាន​និង​ផ្ទះ​របស់​យើង​ប្រកប​ទៅ​ដោយ​សុវត្ថិភាព​ច្រើន​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន។ នៅ​សម័យ​អ៊ីស្រាអែល​ពី​បុរាណ សុវត្ថិភាព​មាន​អាទិភាព​ក្នុង​គ្រប់​វិស័យ​នៃ​ជីវិត។ ជា​ឧទាហរណ៍ ពេល​ដែល​ផ្ទះ​មួយ​បាន​ត្រូវ​សង់​ហើយ ច្បាប់​របស់​ព្រះ​តម្រូវ​ឲ្យ​ដំបូល​វា​មាន​បង្កាន់​ដៃ ដោយ​ព្រោះ​ជា​កន្លែង​ដែល​គ្រួសារ​មាន​សកម្មភាព​ច្រើន​នៅ​ទី​នោះ។ «ត្រូវ​ឲ្យ​ធ្វើ​បង្កាន់​ដៃ​លើ​ដំបូល ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ធ្លាក់​ពី​លើ​នោះ​ទៅ​ក្រោម​នឹង​នាំ​ឲ្យ​មាន​ទោស​ចំពោះ​ឈាម​គេ​លើ​ផ្ទះ​ឯង​ឡើយ»។ (ចោទិយកថា ២២:៨) បើ​សិន​ជា​មនុស្ស​ម្នាក់​ធ្លាក់​ពី​លើ​ផ្ទះ​ព្រោះ​ច្បាប់​សុវត្ថិភាព​នេះ​បាន​ត្រូវ​គេ​គោរព ព្រះ​បាន​ចាត់​ទុក​ម្ចាស់​ផ្ទះ​ជា​អ្នក​ទទួលខុស​ត្រូវ។ ប្រាកដ​ហើយ ការ​អនុវត្ត​គោល​ការណ៍​ដ៏​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​មាន​ក្នុង​ច្បាប់​នេះ នឹង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៅ​កន្លែង​ធ្វើ​ការ ឬ​ក៏​សូម្បី​តែ​ពេល​លេង​កំសាន្ត​ផង​ដែរ។

ការ​ត​ទល់​នឹង​ការ​ញៀន​ដែល​បណ្ដាល​ឲ្យ​ស្លាប់

យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភព​លោក ឥឡូវ​នេះ ទូទាំង​ពិភព​លោក​មាន​មនុស្ស​ជាង​មួយ​ពាន់​លាន​នាក់​ដែល​ជក់​បារី និង​រាល់​ឆ្នាំ​ប្រមាណ​៤​លាន​នាក់​ស្លាប់​ដោយ​សារ​ថ្នាំ​ជក់។ គេ​យល់​ថា​លេខ​នៃ​ស្ថិតិ​នេះ​នឹង​កើន​ឡើង​ដល់​១០​លាន​ក្នុង​រវាង​ពី​២០​ទៅ​ដល់​៣០​ឆ្នាំ។ រាប់​លាន​នាក់​ឯ​ទៀត​ដែល​ជក់​បារី​ព្រម​ទាំង​អ្នក​ប្រើ​ថ្នាំ​ប្រភេទ​មួយ​ដែល​ហៅ​ជា​ថ្នាំ«កំសាន្ត» នឹង​បង្ខូច​សុខភាព​របស់​ខ្លួន​និង​គុណ​ភាព​នៃ​ជីវិត ដោយ​ព្រោះ​ការ​ញៀន​របស់​គេ។

ទោះ​បី​ព្រះ​គម្ពីរ​មិន​បញ្ជាក់​ច្បាស់​អំពី​ការ​ប្រើ​ថ្នាំ​ជក់​និង​ការ​ប្រើ​ថ្នាំ​ញៀន​ក៏​ដោយ គោល​ការណ៍​ទាំង​ប៉ុន្មាន​ក្នុង​ព្រះ​គម្ពីរ​អាច​ការ​ពារ​យើង​ពី​ការ​ប្រព្រឹត្ត​បែប​នេះ​បាន។ ជា​ឧទាហរណ៍ កូរិនថូស​ទី​២ ៧:១ ទូន្មាន​ថា៖ «ត្រូវ​ឲ្យ​យើង​រាល់​គ្នា​សំអាត​ខ្លួន​យើង ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ប្រឡាក់​ខាង​សាច់​ឈាម​ចេញ ហើយ​ខាង​ព្រលឹង​វិញ្ញាណ​ផង»។ ថ្នាំ​ជក់​និង​ថ្នាំ​ញៀន​ប្រាកដ​ជា​ធ្វើ​ឲ្យ​រូប​កាយ​ក្រខ្វក់​ឬ​ក៏​ប្រឡាក់​ដោយ​គីមី​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់។ លើស​ពី​នេះ​ទៅ​ទៀត ព្រះ​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​រូប​កាយ​របស់​យើង«បរិសុទ្ធ» គឺ​ថា​ស្អាត​និង​មិន​ប្រឡាក់។ (រ៉ូម ១២:១) តើ​អ្នក​យល់​ព្រម​ថា ការ​អនុវត្ត​តាម​គោល​ការណ៍​ទាំង​នេះ នឹង​កាត់​បន្ថយ​យ៉ាង​ច្រើន​នូវ​ការ​ប្រថុយ​ជីវិត​របស់​ខ្លួន​ឬ​ទេ?

ការ​ឈ្នះ​លើ​ទម្លាប់​ដែល​ប្រកប​ទៅ​ដោយ​ការ​ប្រថុយ

មនុស្ស​ជា​ច្រើន​បរិភោគ​និង​ផឹក​ច្រើន​ហួស​ហេតុ។ លទ្ធផល​ពី​ការ​បរិភោគ​ច្រើន​ពេក​ក៏​រួម​បញ្ចូល ជម្ងឺ​ទឹក​នោម​ផ្អែម រោគ​មហារីក និង​ជម្ងឺ​បេះ​ដូង។ ការ​ញ៉ាំ​ស្រា​ច្រើន​ពេក​នាំ​ឲ្យ​មាន​បញ្ហា​ផ្សេង​ទៀត ដូច​ជា​ញៀន​ស្រា រោគ​ថ្លើម ការ​បែក​បាក់​គ្នា​នូវ​ក្រុម​គ្រួសារ និង​គ្រោះ​ថ្នាក់​ចរាចរណ៍។ ម្យ៉ាង​វិញ​ទៀត ការ​តម​អាហារ​ច្រើន​ហួស​ហេតុ​ក៏​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដែរ និង​បើក​ផ្លូវ​នាំ​មក​នូវ​បញ្ហា​ខាង​ការ​បរិភោគ​ដែល​អាច​គំរាម​ដល់​ជីវិត ដូច​ជា​ជម្ងឺ​បាត់​បង់​ចំណង់​បរិភោគ។

ថ្វី​ត្បិត​ព្រះ​គម្ពីរ​មិន​មែន​ជា​សៀវភៅ​វិជ្ជា​ពេទ្យ​ក៏​ដោយ ព្រះ​គម្ពីរ​នៅ​តែ​ផ្ដល់​នូវ​ឱវាទ​ចំ​ៗ​ចំពោះ​ភាព​ចាំ​បាច់​នៃ​តុល្យភាព​ក្នុង​ការ​បរិភោគ​និង​ការ​ផឹក។ «កូន​អើយ! ចូរ​ប្រុង​ស្ដាប់ ហើយ​មាន​ប្រាជ្ញា​ចុះ ត្រូវ​ឲ្យ​ដំរង់​ចិត្ត​ទៅ​តាម​ផ្លូវ កុំ​ឲ្យ​នៅ​កណ្ដាល​ពួក​អ្នក​ប្រមឹក​ស្រា ឬ​ក្នុង​ពួក​ល្មោភ​ស៊ី​ឡើយ ដ្បិត​មនុស្ស​ប្រមឹក នឹង​មនុស្ស​ល្មោភ​នឹង​ទៅ​ជា​ក្រ»។ (សុភាសិត ២៣:១៩​-​២១) ក៏​ប៉ុន្តែ ព្រះ​គម្ពីរ​ប្រាប់​ថា ការ​បរិភោគ​និង​ការ​ផឹក​គួរ​ជា​អ្វី​ដ៏​នាំ​ឲ្យ​សប្បាយ។ «គ្រប់​មនុស្ស​បាន​ស៊ី​ហើយ​ផឹក ព្រម​ទាំង​រីករាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់​ទាំង​ការ​នឿយ​ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ​ទាន​នៃ​ព្រះ​ទេ»។—សាស្ដា ៣:១៣

ព្រះ​គម្ពីរ​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​មាន​តុល្យភាព​ចំពោះ​ការ​ហាត់​ប្រាណ ដោយ​បញ្ជាក់​ថា៖ «ការ​បង្ហាត់​ខ្លួន​ប្រាណ នោះ​មាន​ប្រយោជន៍​តែ​បន្ដិច» ក៏​ប៉ុន្តែ​នេះ​ប្រាប់​បន្ថែម​ថា«តែ​សេចក្ដី​គោរព​ប្រតិបត្ដិ​ដល់​ព្រះ នោះ​ទើប​មាន​ប្រយោជន៍​គ្រប់​ជំពូក​វិញ ក៏​មាន​សេចក្ដី​សន្យា​ឲ្យ​បាន​ជីវិត​នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ខាង​នាយ​ផង»។ (ធីម៉ូថេ​ទី​១ ៤:៨) ប្រហែល​ជា​អ្នក​នឹង​សួរ​ថា៖ ‹តើ​ដោយ​ដូច​ម្ដេច​ដែល​សូម្បី​តែ​ឥឡូវ​នេះ ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​មាន​ប្រយោជន៍›? នោះ​មាន​ប្រយោជន៍​ច្រើន​យ៉ាង។ ក្រៅ​ពី​ការ​បន្ថែម​នូវ​ភាព​ខាង​វិញ្ញាណ​ចំពោះ​ជីវិត​របស់​មនុស្ស​ម្នាក់ ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​ក៏​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​គុណសម្បត្ដិ​ដែល​មាន​ប្រយោជន៍​ដូច​ជា សេចក្ដី​ស្រឡាញ់ អំណរ សន្ដិភាព និង​សមត្ថភាព​ចេះ​ទប់​ចិត្ត ហើយ​គុណសម្បត្ដិ​ទាំង​អស់​នេះ​នាំ​ឲ្យ​ខ្លួន​មាន​ទស្សនៈ​សុទិដ្ឋិនិយម​ថែម​ទាំង​មាន​សុខភាព​ល្អ​ទៀត​ផង។—កាឡាទី ៥:២២, ២៣

លទ្ធផល​ជូរ​ចត់​ដែល​មក​ពី​អំពើ​អសីលធម៌

នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​រាប់​លាន​នាក់​បាន​បោះ​បង់​ចោល​នូវ​គោល​ការណ៍​ទាំង​អស់​ខាង​សីលធម៌។ ការ​ឆ្លង​រាល​ដាល​នៃ​ជម្ងឺ​អេដស៍​គឺ​ជា​លទ្ធផល​ម្យ៉ាង។ យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភព​លោក មនុស្ស​ជាង​១៦​លាន​នាក់​បាន​ស្លាប់​តាំង​តែ​ពី​ពេល​ជម្ងឺ​អេដស៍​បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល ហើយ​នា​ពេល​បុ​ច្ច​ប្ប​ន្ន​ ប្រមាណ​៣៤​លាន​នាក់​មាន​មេ​រោគ​អេច្ចអាយវី គឺ​ជា​មេ​រោគ​ដែល​បង្កើត​ជម្ងឺ​អេដស៍។ មនុស្ស​ជា​ច្រើន​ដែល​មាន​ជម្ងឺ​អេដស៍​បាន​កើត​មាន​ជម្ងឺ​នោះ ដោយ​ការ​រួម​ដំណេក​មិន​រើស​មុខ ម្ជុល​ដ៏​មិន​ស្អាត​ដែល​អ្នក​ញៀន​ថ្នាំ​ប្រើ ឬ​ក៏​ដោយ​បាន​ត្រូវ​គេ​បញ្ចូល​ឈាម​ដ៏​មិន​ស្អាត។

លទ្ធផល​ឯ​ទៀត​ពី​ការ​មិន​គោរព​តាម​គោល​ការណ៍​សីលធម៌ ក៏​រួមបញ្ចូល រោគ​ពង​បែក(Herpes)រោគ​ប្រ​មះ​ រោគ​រលាក​ថ្លើម(Hepatitis B, C) និង​រោគ​ស្វាយ។ ទោះ​បី​ពាក្យ​វិជ្ជា​ពេទ្យ​មិន​ត្រូវ​ប្រើ​នៅ​សម័យ​ព្រះ​គម្ពីរ​ក៏​ដោយ គេ​ដឹង​ទូទៅ​ថា សរីរាង្គ​ណា​ដែល​រង​គ្រោះ​ដោយ​កាមរោគ។ ជា​ឧទាហរណ៍ សុភាសិត ៧:២៣ ពណ៌នា​អំពី​លទ្ធផល​ដ៏​គួរ​ឲ្យ​រន្ធត់​ដែល​មក​ពី​ការ​សហាយស្មន់ ដោយ​ថា‹ព្រួញ​ទំ​លុះ​ថ្លើម​ខ្លួន›។ រោគ​រលាក​ថ្លើម​និង​រោគ​ស្វាយ​ច្រើន​តែ​ស៊ី​ថ្លើម។ ត្រូវ​ហើយ ឱវាទ​ក្នុង​ព្រះ​គម្ពីរ​ថា‹ជៀស​វាង​ពី​ឈាម​និង​ការ​សហាយស្មន់› គឺ​ទាន់​សម័យ​មែន និង​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ទៅ​ហ្ន៎!—កិច្ច​ការ ១៥:២៨, ២៩

ការ​ស្រឡាញ់​លុយ​គឺ​ជា​អន្ទាក់

ដោយ​សារ​មនុស្ស​ជា​ច្រើន​ចង់​ទៅ​ជា​អ្នក​មាន​យ៉ាង​ឆាប់​រហ័ស នោះ​គេ​ប្រថុយ​លុយ​របស់​គេ​ច្រើន​ណាស់។ គួរ​ឲ្យ​សោក​ស្ដាយ ការ​ប្រថុយ​បែប​នេះ​ច្រើន​តែ​នាំ​ទៅ​ដល់​អន្តរាយ​ខាង​សេដ្ឋកិច្ច។ ក៏​ប៉ុន្តែ ចំពោះ​អ្នក​ថ្វាយ​បង្គំ​ព្រះ ព្រះ​គម្ពីរ​ថា៖ «ស៊ូ​ឲ្យ​អ្នក​នោះ​ទ្រាំ​នឿយ​ហត់​ជា​ជាង ទាំង​ធ្វើ​ការ​ល្អ​ដោយ​ដៃ​ខ្លួន​វិញ ដើម្បី​ឲ្យ​មាន​អ្វី​នឹង​ចែក​ដល់​អ្នក​ណា​ដែល​ត្រូវ​ការ​ផង»។ (អេភេសូរ ៤:២៨) ពិត​មែន អ្នក​ដែល​ធ្វើ​ការ​នឿយ​ហត់​ប្រហែល​ជា​នឹង​មិន​តែង​តែ​ទៅ​ជា​អ្នក​មាន​ទេ។ ក៏​ប៉ុន្តែ គាត់​មាន​អារម្មណ៍​ស្រួល​ហើយ​ស្ងប់​ចិត្ត និង​មាន​សេចក្ដី​គោរព​ចំពោះ​ខ្លួន ហើយ​ក៏​ប្រហែល​ជា​អាច​មាន​លុយ​តិច​តួច​ដើម្បី​ជួយ​អាច​បរិច្ចាគ​ចំពោះ​អ្នក​ណា​ដែល​មាន​ការ​ខ្វះ​ខាត​ទៀត​ផង។

ព្រះ​គម្ពីរ​ព្រមាន​ថា៖ «ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុកស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង នឹង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្ដេស​ផ្ដាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិន​វិនាស នឹង​សេចក្ដី​អន្តរធាន​វិញ ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ . . . ចាក់​ទំ​លុះ​ខ្លួន​គេ ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន»។ (ធីម៉ូថេ​ទី​១ ៦:៩, ១០) ប្រាកដ​ហើយ មនុស្ស​ជា​ច្រើន​ដែល«ចង់​ធ្វើ​ជា​អ្នក​ស្តុកស្តម្ភ» ពិត​ជា​ទៅ​ជា​អ្នក​មាន​ស្តុកស្តម្ភ​មែន។ ក៏​ប៉ុន្តែ តើ​គេ​ត្រូវ​តែ​លះ​បង់​អ្វី​ខ្លះ? ពួក​គេ​កើត​មាន​បញ្ហា​ខាង​សុខភាព ក្រុម​គ្រួសារ ភាព​ខាង​វិញ្ញាណ រហូត​ដល់​មិន​អាច​ដេក​លក់​ស្រួល​ទៀត​ផង?—សាស្ដា ៥:១២

អ្នក​ដែល​មាន​ប្រាជ្ញា​ទទួល​ស្គាល់​ថា«ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្ដិ​ជា​បរិបូរ​ទេ»។ (លូកា ១២:១៥) លុយ​និង​ទ្រព្យ​សម្បត្ដិ​ខ្លះ​ៗ គឺ​ចាំ​បាច់​ក្នុង​សង្គម​មនុស្ស​ភាគ​ច្រើន។ តាម​ពិត ព្រះ​គម្ពីរ​ប្រាប់​ថា៖ «ប្រាក់​ក៏​ជា​គ្រឿង​ការ​ពារ​ខ្លួន» ប៉ុន្តែ​ក៏​ប្រាប់​បន្ត​ទៀត​ថា៖ «ការ​ដែល​វិសេស​ជាង​ខាង​ចំណេះ គឺ​ថា​ប្រាជ្ញា​រមែង​តែ​រក្សា​ជីវិត​របស់​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​គង់​នៅ»។ (សាស្ដា ៧:១២) ខុស​គ្នា​ពី​លុយ ចំណេះ​ត្រឹម​ត្រូវ​និង​ប្រាជ្ញា​អាច​ជួយ​យើង​ក្នុង​កាលៈទេសៈ​ទាំង​អស់ ជា​ពិសេស​ក្នុង​រឿង​ដែល​ទាក់​ទង​នឹង​ជីវិត​យើង។—សុភាសិត ៤:៥​-​៩

ពេល​ដែល​មាន​តែ​ប្រាជ្ញា​អាច​ការ​ពារ​យើង​បាន

បន្ដិច​ទៀត ប្រាជ្ញា​ពិត​ប្រាកដ​នឹង«រក្សា​ជីវិត​របស់​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​គង់​នៅ»តាម​វិធី​មួយ​ដែល​មិន​ធ្លាប់​មាន​ទេ​គឺ​ថា នឹង​ការ​ពារ​ឲ្យ​រួច​ពី«សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់»ដែល​កំពុង​តែ​ឆ្ពោះ​មក​ដល់​យ៉ាង​លឿន គឺ​ជា​ពេល​ដែល​ព្រះ​នឹង​បំផ្លាញ​មនុស្ស​អាក្រក់។ (ម៉ាថាយ ២៤:២១) យោង​ទៅ​តាម​ព្រះ​គម្ពីរ នៅ​ពេល​នោះ​មនុស្ស​នឹង​បោះ​ចោល​លុយ​របស់​គេ​តាម​ផ្លូវ ដោយ​ចាត់​ទុក​នោះ​ជា«របស់​មិន​ស្អាត»។ ហេតុ​អ្វី​អ៊ីចឹង? ពីព្រោះ​ពួក​គេ​នឹង​បាន​រៀន​ហើយ​ដោយ​បទ​ពិសោធន៍​ជូរ​ចត់​មួយ គេ​អាច​ដឹង​ថា មាស​និង​ប្រាក់​នឹង​មិន​អាច​ទិញ​នូវ​ជីវិត​របស់​គេ​ក្នុង«ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ​យេហូវ៉ា»ឡើយ។ (អេសេគាល ៧:១៩) ម្យ៉ាង​វិញ​ទៀត «មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ»ដែល​បាន«ប្រមូល​ទ្រព្យ​សម្បត្ដិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថាន​សួគ៌»ដោយ​ទុក​អ្វី​ខាង​វិញ្ញាណ​ជា​អាទិភាព​ក្នុង​ជីវិត​របស់​គេ នឹង​ទទួល​នូវ​ប្រយោជន៍​ពី​ការ​វិនិយោគ​របស់​គេ គឺ​ជា​ជីវិត​ជា​រៀង​រហូត​នៅ​លើ​ផែនដី​មនោរម្យ​មួយ។—វិវរណៈ ៧:៩, ១៤; ២១:៣, ៤; ម៉ាថាយ ៦:១៩,២០

តើ​យើង​អាច​ទទួល​អនាគត​ដ៏​ប្រាកដ​ប្រជា​នេះ​ដោយ​ដូច​ម្ដេច? ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​តប​ថា៖ «នេះ​ជា​ជីវិត​អស់​កល្ប​ជា​និច្ច គឺ​ឲ្យ​គេ​បាន​ចំណេះ​អំពី​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង»។ (យ៉ូហាន ១៧:៣, ព.ថ.) រាប់​លាន​នាក់​បាន​រក​ឃើញ​ចំណេះ​នេះ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​គឺ​ជា ព្រះ​គម្ពីរ។ អ្នក​ទាំង​នេះ​មិន​គ្រាន់​តែ​មាន​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ​មួយ​ចំពោះ​អនាគត​ទេ ក៏​ប៉ុន្តែ ពួក​គេ​ក៏​មាន​សន្ដិភាព​និង​សន្ដិសុខ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ គឺ​ដូច​ជា​អ្នក​តែង​ទំនុកដំកើង​បាន​ពោល​ថា៖ «ទូល​បង្គំ​នឹង​សំរាក​កាយ ហើយ​ដេក​លក់​ទៅ ដោយ​សេចក្ដី​ស្ងប់ ដ្បិត​ឱ​ព្រះ​យេហូវ៉ា​អើយ! មាន​តែ​ទ្រង់​ទេ ដែល​ប្រោស​ឲ្យ​ទូល​បង្គំ​នៅ​ដោយ​សាន្ត​ត្រាណ​បាន»។—ទំនុកដំកើង ៤:៨

តើ​អ្នក​ដឹង​ពី​ប្រភព​ពត៌មាន​ឯ​ទៀត​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រថុយ​នូវ​សុខភាព​និង​ជីវិត​ដល់​កំរិត​ដែល​ព្រះ​គម្ពីរ​អាច​ជួយ​នោះ​ឬ​ទេ? គ្មាន​សៀវភៅ​ឯ​ទៀត​ណា​ដែល​មាន​អំណាច​ដូច​ជា​ព្រះ​គម្ពីរ​ទេ ហើយ​គ្មាន​សៀវភៅ​ឯ​ទៀត​ណា​ដែល​អាច​ជួយ​អ្នក​រក​ឃើញ​នូវ​សន្ដិសុខ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ ដែល​ប្រកប​ទៅ​ដោយ​ការ​ប្រថុយ​នោះ​ទេ។ សូម​អញ្ជើញ​ពិនិត្យ​មើល​ព្រះ​គម្ពីរ​បន្ត​ទៅ​ទៀត។