លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកកំពុងតែរស់នៅដោយបំពេញតាមការឧទ្ទិសថ្វាយខ្លួនរបស់អ្នកទេ?

តើអ្នកកំពុងតែរស់នៅដោយបំពេញតាមការឧទ្ទិសថ្វាយខ្លួនរបស់អ្នកទេ?

តើ​អ្នក​កំពុង​តែ​រស់​នៅ​ដោយ​បំពេញ​តាម​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​អ្នក​ទេ?

«ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះ​អម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ»។—កូល៉ុស ៣:២៣

១. តាម​ទស្សនៈ​លោកីយ៍ តើ​ពាក្យ«ឧទ្ទិស​ថ្វាយ​ខ្លួន»ទាក់​ទង​អ្វី​ខ្លះ?

 តើ​កីឡាករ​កីឡា​ការីនី​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​អាច​លេង​បាន​ដល់​កំពូល​បំផុត? ខាង​ឯ​កីឡា​តេនីស កីឡា​បាល់​ទាត់ កីឡា​បាល់​បោះ កីឡា​បេហ្ស៍បាល់ កីឡា​រត់​ប្រណាំង​និង​លោត​កំពស់ កីឡា​វាយ​កូន​ហ្គោល ឬ​កីឡា​ណា​ទៀត​ក៏​ដោយ នោះ​កីឡាករ​កីឡា​ការីនី​អាច​លេង​ដល់​កំពូល​បាន គឺ​ស្រេច​តែ​នឹង​គាត់​បូជា​ខ្លួន​ទាំង​ស្រុង​ដោយ​គ្មាន​ការ​ទើស​ទាល់។ ការ​រៀបចំ​រាង​កាយ​និង​សតិ​អារម្មណ៍​ជា​អ្វី​ដ៏​សំខាន់​ទី​មួយ។ នេះ​ក៏​ទាក់​ទង​យ៉ាង​ល្អ​នឹង​អត្ថន័យ​មួយ​នៃ​ពាក្យ«ឧទ្ទិស​ថ្វាយ​ខ្លួន» គឺ​ថា«បាន​បម្រុង​ទាំង​ស្រុង​ចំពោះ​ដំណើរ​ការ​មួយ​ខាង​មតិ​ឬ​សកម្មភាព​ណា​មួយ»។

២. តាម​ព្រះ​គម្ពីរ តើ«ការ​ឧទ្ទិស​ថ្វាយ​ខ្លួន»មាន​ន័យ​យ៉ាង​ណា? សូម​លើក​ឧទាហរណ៍។

ក៏​ប៉ុន្តែ តើ«ការ​ឧទ្ទិស​ថ្វាយ​ខ្លួន»មាន​ន័យ​យ៉ាង​ណា​តាម​ព្រះ​គម្ពីរ? កិរិយា​ស័ព្ទ​ភាសា​ហេព្រើរ​ដែល​ត្រូវ​បក​ប្រែ​ថា «ឧទ្ទិស​ថ្វាយ​ខ្លួន» ក៏​មាន​ន័យ​ថា «រក្សា​ដោយ​ឡែក បាន​ទុក​ដាច់​ឡែក​ពី​គេ ដក​ខ្លួន​ចេញ»។ a នៅ​ប្រទេស​អ៊ីស្រាអែល​ពី​បុរាណ អើរ៉ុន​ដ៏​ជា​សម្ដេច​សង្ឃ​នោះ បាន​ពាក់​ភ្ជាប់​មួក​គាត់​នូវ«សញ្ញា​បរិសុទ្ធ​ពី​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន» ដែល​ជា​ស្លាក​មាស​សុទ្ធ​ដ៏​ភ្លឺ​ផ្លេក​ៗ ដែល​មាន​អក្សរ​ឆ្លាក់​ជា​ពាក្យ​ភាសា​ហេព្រើរ​ថា «ភាព​បរិសុទ្ធ​ជា​របស់​ផង​ព្រះ​យេហូវ៉ា»។ របស់​នោះ​បាន​ទុក​ជា​ទី​រំឭក​សម្ដេច​សង្ឃ​នោះ​ថា គាត់​ត្រូវ​ជៀស​ចេញ​ពី​ការ​ធ្វើ​អ្វី​ក៏​ដោយ​ដែល​អាច​បង្អាប់​បង្អោន​ទី​បរិសុទ្ធ​នោះ «ដោយ​ព្រោះ​ប្រេង​ចាក់​តាំង​នោះ​ដែល​មក​ពី​ព្រះ​របស់​គាត់ នៅ​លើ​គាត់​ហើយ ជា​សញ្ញា​បរិសុទ្ធ​ពី​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន»។—និក្ខមនំ ២៩:៦; ៣៩:៣០; លេវីវិន័យ ២១:១២, ព.ថ.

៣. តើ​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​ចរិយា​របស់​យើង?

យើង​អាច​ឃើញ​ពី​សេចក្ដី​នេះ​ថា ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​តាម​បែប​បទ​នេះ គឺ​ជា​រឿង​ធ្ងន់​ធ្ងរ​ណាស់។ នេះ​បញ្ជាក់​ពី​ការ​សម្គាល់​ខ្លួន​យ៉ាង​ស្មោះ​ស្ម័គ្រ​ពី​ចិត្ត ថា​ជា​អ្នក​បំរើ​ព្រះ ព្រម​ទាំង​តម្រូវ​នូវ​ចរិយា​ដ៏​ស្អាត​ស្អំ​ដែរ។ ដូច្នេះ​ហើយ​បាន​ជា​យើង​អាច​យល់​នូវ​មូលហេតុ​ដែល​សាវ័ក​ពេត្រុស​បាន​ស្រង់​ចេញ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ដោយ​ថា៖ «ចូរ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ ដ្បិត​អញ​ជា​បរិសុទ្ធ»។ (ពេត្រុស​ទី​១ ​១:១៥, ១៦) ជា​ពួក​គ្រីស្ទាន​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ហើយ យើង​មាន​ភារកិច្ច​ដ៏​ធ្ងន់​តម្រូវ​ឲ្យ​រស់​សម​ស្រប​ទៅ​តាម​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង ដោយ​រក្សា​ភាព​ស្មោះ​ត្រង់​ដរាប​ដល់​ចុង​បំផុត។ ក៏​ប៉ុន្តែ​តើ​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​ជា​គ្រីស្ទាន​នោះ មាន​ទាក់​ទង​អ្វី​ខ្លះ?—លេវីវិន័យ ១៩:២; ម៉ាថាយ ២៤:១៣

៤. តើ​យើង​មក​ដល់​ជំហាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ដោយ​ដូច​ម្ដេច និង​តើ​នេះ​អាច​ប្រៀប​ប្រដូច​ទៅ​នឹង​អ្វី?

ក្រោយ​ពី​យើង​បាន​ទទួល​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​ទ្រង់ ព្រម​ទាំង​អំពី​ព្រះ​យេស៊ូ​និង​មុខ​តំណែង​របស់​ទ្រង់​ក្នុង​បំណង​ទាំង​ប៉ុន្មាន​នោះ​ហើយ យើង​ក៏​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​ចង់​បំរើ​ព្រះ​យេហូវ៉ា​អស់​ពី​ដួង​ចិត្ត អស់​ពី​គំនិត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង​ផង​ដែរ។ (ម៉ាកុស ៨:៣៤; ១២:៣០; យ៉ូហាន ១៧:៣) ការ​សម្រេច​ចិត្ត​នោះ​ក៏​អាច​រាប់​ទុក​ជា​ពាក្យ​ស្បថ​ផ្ទាល់​ខ្លួន គឺ​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​ដល់​ព្រះ​យ៉ាង​ឥត​លាក់​លៀម។ ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង​បាន​ធ្វើ​ឡើង មិន​មែន​ជា​លទ្ធផល​ពី​ការ​សម្រេច​ចិត្ត​ភ្លាម​ៗ​ឡើយ។ យើង​បាន​យក​ចិត្ត​ទុក​ដាក់​អធិស្ឋាន​និង​បាន​គិត​ពិចារណា​មើល​ដោយ​វែក​ញែក។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា នេះ​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​ដ៏​បណ្ដោះ​អាសន្ន​បាន​ឡើយ។ យើង​មិន​អាច​ធ្វើ​ដូច​ជា​បុគ្គល​ម្នាក់​ដែល​ចាប់​ផ្ដើម​ភ្ជួរ​ដី ដែល​មក​ដល់​ពាក់​កណ្ដាល​កិច្ច​ការ​នោះ គាត់​ឈប់​តែ​ម្ដង​ដោយ​ព្រោះ​កិច្ច​ការ​ពិបាក​ពេក ឬ​ដោយ​ព្រោះ​ចំរូត​មើល​ទៅ​ដូច​ជា​យូរ​ពេក​ទៅ​មុខ​ទៀត ឬ​ប្រហែល​ជា​គិត​ថា​នឹង​គ្មាន​ទទួល​ផល​បាន​ទេ។ សូម​ពិនិត្យ​មើល​នូវ​គំរូ​នៃ​អ្នក​ខ្លះ​ដែល​បាន«ដាក់​ដៃ​កាន់​នង្គ័ល»ស្តី​អំពី​ភារកិច្ច​ខាង​ព្រះ​ធិបតេយ្យ ទោះ​ជា​ក្នុង​គ្រា​លំបាក​យ៉ាង​ណា​ក្ដី។—លូកា ៩:៦២; រ៉ូម ១២:១, ២

ពួក​គេ​មិន​បាន​លះ​បង់​ចោល​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​គេ​ទាល់​តែ​សោះ

៥. តើ​យេរេមា​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ​អស្ចារ្យ​យ៉ាង​ណា ជា​អ្នក​បំរើ​ព្រះ​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​នោះ?

កិច្ច​បំរើ​ផ្សាយ​ខាង​ទំនាយ​នៅ​ទី​ក្រុង​យេរូសាឡិម ដោយ​លោក​យេរេមា​នោះ មាន​រយៈ​ពេល​ជាង​៤០​ឆ្នាំ (ពី​ឆ្នាំ​៦៤៧ ដល់​ឆ្នាំ​៦០៧ ម.​ស.យ.) និង​មិន​មែន​ជា​កិច្ច​ការ​ងាយ​ស្រួល​ធ្វើ​ទេ។ គាត់​ប្រាកដ​ជា​បាន​ដឹង​នូវ​កំរិត​របស់​ខ្លួន។ (យេរេមា ១:២​-​៦) គាត់​ត្រូវ​ការ​ចិត្ត​ក្លាហាន​និង​ការ​ស៊ូ​ទ្រាំ​ដើម្បី​ប្រឈម​មុខ​នឹង​សាសន៍​យូដា​ដ៏​រឹង​ចចេស​ជា​រៀង​រាល់​ថ្ងៃ។ (យេរេមា ១៨:១៨; ៣៨:៤​-​៦) ក៏​ប៉ុន្តែ យេរេមា​បាន​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា ដែល​បាន​ពង្រឹង​កម្លាំង​គាត់​ដល់​ម្ល៉េះ​បាន​ជា​គាត់​បាន​ស​ឲ្យ​ឃើញ​ថា ខ្លួន​ជា​អ្នក​បំរើ​ព្រះ​ដែល​ពិត​ជា​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​មែន។—យេរេមា ១:១៨, ១៩

៦. តើ​សាវ័ក​យ៉ូហាន​បាន​តាំង​គំរូ​អ្វី​ឲ្យ​យើង?

ចុះ​យ៉ាង​ណា​ចំពោះ​សាវ័ក​យ៉ូហាន​ដ៏​ស្មោះ​ត្រង់ ដែល​បាន​ធ្វើ​និរទេស​ទៅ​ឯ​កោះ​ដ៏​សោះ​កក្រោះ​មួយ​ឈ្មោះ​ប៉ាត់ម៉ុស ដោយ​ព្រោះ«បាន​និយាយ​អំពី​ព្រះ និង​ការ​ធ្វើ​បន្ទាល់​ពី​ព្រះ​យេស៊ូ​គ្រីស្ទ» ពេល​ដែល​គាត់​ចាស់​ណាស់​ហើយ​នោះ? (វិវរណៈ ១:៩, ព.ថ.) លោក​បាន​រស់​នៅ​ដោយ​បំពេញ​តាម​ជំហរ​ជា​អ្នក​ឧទ្ទិស​ថ្វាយ​ខ្លួន​និង​ជា​គ្រីស្ទាន​ម្នាក់ អស់​រយៈ​ពេល​ប្រមាណ​ជា​៦០​ឆ្នាំ។ គាត់​បាន​រស់​ឆ្លង​ផុត​ពី​ការ​បំផ្លាញ​ទី​ក្រុង​យេរូសាឡិម​ដោយ​ពួក​ទ័ព​រ៉ូម។ គាត់​មាន​ឯកសិទ្ធិ​សរសេរ​សៀវភៅ​ដំណឹង​ល្អ​មួយ​ក្បាល សំបុត្រ​បី​ច្បាប់​ដែល​ត្រូវ​បាន​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង និង​សៀវភៅ​វិវរណៈ​ផង​ដែរ ដែល​ក្នុង​នោះ​គាត់​ក៏​បាន​ឃើញ​ទុក​ជា​មុន​នូវ​សង្គ្រាម​អើម៉ាគេដូន។ តើ​គាត់​បាន​លះ​ចោល​កិច្ច​ការ​ខ្លួន កាល​ដែល​ដឹង​ថា សង្គ្រាម​អើម៉ាគេដូន​នឹង​មិន​មក​ក្នុង​កំឡុង​ពេល​ជីវិត​របស់​គាត់​នោះ​ឬ? តើ​គាត់​បាន​ធ្លាក់​ទឹក​ចិត្ត​ឥត​ខ្ចី​អើពើ​ទៀត​ឬ? អត់​ទេ! យ៉ូហាន​បាន​បន្ត​យ៉ាង​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់ ដោយ​ដឹង​ថា ថ្វី​បើ‹ពេល​វេលា​កំណត់ បាន​ជិត​ដល់​ហើយ›ក៏​ដោយ នោះ​ការ​សម្រេច​នៃ​ចក្ខុនិមិត្ត​របស់​គាត់​គឺ​សំដៅ​ដល់​ពេល​ក្រោយ​ៗ​មក​ទៀត។—វិវរណៈ ១:៣; ដានីយ៉ែល ១២:៤

គំរូ​នៅ​សម័យ​នេះ​ពី​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន

៧. តើ​បង​ប្រុស​ម្នាក់​បាន​តាំង​គំរូ​យ៉ាង​ណា ពី​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​ជា​គ្រីស្ទាន?

នៅ​សម័យ​ទំនើប​យើង​នេះ គ្រីស្ទាន​ស្មោះ​ត្រង់​រាប់​ពាន់​នាក់​បាន​កាន់​ខ្ជាប់​យ៉ាង​ខ្នះ​ខ្នែង​នឹង​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​គេ ទោះ​ជា​មិន​បាន​រស់​រហូត​ដល់​ឃើញ​សង្គ្រាម​អើម៉ាគេដូន​ក៏​ដោយ។ បុគ្គល​ម្នាក់​បែប​នេះ​គឺ​ជា​លោក​អឺនិស ប៊ីវ័រ នៅ​ប្រទេស​អង់គ្លេស។ គាត់​បាន​ទៅ​ជា​ស្មរបន្ទាល់​ម្នាក់​នៅ​ឆ្នាំ​១៩៣៩​នៅ​ដើម​សង្គ្រាម​លោក​លើក​ទី​២ និង​គាត់​បាន​លះ​ចោល​នូវ​ក្រុម​ហ៊ុន​ជា​រោង​បោះ​ពុម្ព​រូប​ថត ដើម្បី​ទទួល​ធ្វើ​កិច្ច​បំរើ​ផ្សាយ​ពេញ​ពេល​វិញ។ ដោយ​ព្រោះ​គាត់​បាន​រក្សា​អព្យាក្រឹតភាព​ជា​គ្រីស្ទាន​នោះ គាត់​បាន​ជាប់​គុក​អស់​ពីរ​ឆ្នាំ។ ក្រុម​គ្រួសារ​របស់​គាត់​បាន​គាំទ្រ​គាត់​ដោយ​ស្មោះ និង​នៅ​ឆ្នាំ​១៩៥០ កូន​បី​នាក់​របស់​គាត់​បាន​ទៅ​រៀន​នៅ​សាលា​គីលាត​ខាង​ព្រះ​គម្ពីរ​និង​ប៉ម​យាម ដែល​បង្ហាត់​ពួក​សាសនទូត​នៅ​រដ្ឋ​ញូវយ៉ក។ បង​ប៊ីវ័រ​បាន​មាន​ចិត្ត​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​ដល់​ម្ល៉េះ​បាន​ជា​ពួក​ម៉ាក​របស់​គាត់​បាន​ឲ្យ​ឈ្មោះ​ក្រៅ​គាត់​ថា អឺ​នី​អើម៉ាគេដូន។ គាត់​បាន​បំពេញ​តាម​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​គាត់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត និង​រហូត​ដល់​គាត់​បាន​ទទួល​មរណភាព​នៅ​ឆ្នាំ​១៩៨៦ គាត់​បាន​ប្រកាស​ផ្សាយ​ថា អើម៉ាគេដូន​ជិត​ដល់​ហើយ។ គាត់​ប្រាកដ​ជា​មិន​ដែល​ចាត់​ទុក​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​គាត់​ជា​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ព្រះ ដែល​មាន​តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ​ទេ! bកូរិនថូស​ទី​១ ១៥:៥៨

៨, ៩. (ក) តើ​យុវបុរស​ជា​ច្រើន​នាក់​នៅ​ប្រទេស​អេស្ប៉ាញ​ក្នុង​កំឡុង​ពេល​នៃ​របប​ឧត្តមសេនីយ៍​ហ្វ្រាំង​កូរ​នោះ បាន​តាំង​គំរូ​អ្វី? (ខ) តើ​សំនួរ​អ្វី​ខ្លះ​ដែល​សម​នឹង​សួរ?

គំរូ​មួយ​ទៀត​ពី​ចិត្ត​ខ្នះ​ខ្នែង​ដ៏​មិន​ឈប់​ឈរ​នោះ គឺ​ពី​ប្រទេស​អេស្ប៉ាញ។ ក្នុង​កំឡុង​ពេល​នៃ​របប​ឧត្តមសេនីយ៍​ហ្វ្រាំង​កូរ (ពី​ឆ្នាំ​១៩៣៩ ដល់​ឆ្នាំ​១៩៧៥) ស្មរបន្ទាល់​រាប់​រយ​នាក់​ដែល​ជា​យុវជន បាន​កាន់​ជំហរ​អព្យាក្រឹត​ជា​ពួក​គ្រីស្ទាន។ ពួក​គេ​ភាគ​ច្រើន​បាន​ជាប់​គុក​ដែល​ត្រួត​ត្រា​ដោយ​យោធា អស់​ដប់​ឆ្នាំ​ឬ​ច្រើន​ជាង។ ស្មរបន្ទាល់​ម្នាក់​ឈ្មោះ ហេស៊ូស ម៉ាធីន បាន​ត្រូវ​គេ​កាត់​ទោស​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ជាប់​គុក ដែល​បាន​កើន​ឡើង​រហូត​ដល់​២២​ឆ្នាំ​ឯ​ណោះ។ នៅ​ពេល​ដែល​គាត់​បាន​ជាប់​គុក​ដែល​ត្រួត​ត្រា​ដោយ​យោធា​នៅ​ទ្វីប​អាហ្វ្រិក​ប៉ែក​ខាង​ជើង គេ​បាន​វាយ​ធ្វើ​បាប​គាត់​យ៉ាង​សាហាវ។ នេះ​គឺ​ជា​ការ​មិន​ស្រួល​ទេ តែ​គាត់​នៅ​តែ​បដិសេធ​មិន​ព្រម​សម្រប​សម្រួល​ទៅ​តាម​គេ​ឡើយ។

យុវជន​ទាំង​នេះ​ច្រើន​តែ​មិន​ដឹង​ទេ ថា​តើ​នៅ​ពេល​ណា អាច​ត្រូវ​ដោះ​លែង​បាន ដ្បិត​គេ​បាន​ទទួល​ទោស​ប៉ុន្មាន​ដង​ឲ្យ​ជាប់​គុក​ត​ៗ​មក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​បាន​រក្សា​ចិត្ត​ខ្នះ​ខ្នែង​របស់​គេ​ចំពោះកិច្ច​បំរើ​ផ្សាយ​នោះ ថ្វី​បើ​នៅ​ជាប់​ឃុំ​ឃាំង​នៅ​ឡើយ។ នៅ​ពេល​ដែល​មាន​ស្ថានការណ៍​ធូរ​ស្បើយ​បន្ដិច នៅ​ឆ្នាំ​១៩៧៣ ស្មរបន្ទាល់​ជា​ច្រើន​ដែល​អាយុ​គេ​ដល់​៣០​ឆ្នាំ​ហើយ បាន​ត្រូវ​ដោះ​លែង​ចេញ​ពី​គុក​និង​បាន​ចូល​ធ្វើ​កិច្ច​បំរើ​ផ្សាយ​ពេញ​ពេល​ភ្លាម​ៗ នោះ​មាន​អ្នក​ខ្លះ​បាន​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​និង​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ដែរ។ ពួក​គេ​បាន​រស់​នៅ​ដោយ​បំពេញ​តាម​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​គេ​នៅ​ក្នុង​គុក និង​ប្រាកដ​ជា​បាន​បន្ត​ធ្វើ​អ៊ីចឹង​ក្រោយ​ពេល​បាន​ត្រូវ​ដោះ​លែង​ចេញ​វិញ​ដែរ។ c ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ពួក​យើង​នៅ​សព្វ​ថ្ងៃ​នេះ? តើ​យើង​កំពុង​តែ​រក្សា​នូវ​ភាព​ស្មោះ​ត្រង់​ចំពោះ​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង ដូច​ជា​ពួក​អ្នក​ស្មោះ​ត្រង់​ទាំង​នោះ​ដែរ​ឬ​ទេ?—ហេព្រើរ ១០:៣២​-​៣៤; ១៣:៣

ទស្សនៈ​ត្រឹម​ត្រូវ​អំពី​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង

១០. (ក) តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង​នោះ? (ខ) តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​កិច្ច​បំរើ​របស់​យើង​ថ្វាយ​ទ្រង់?

១០ តើ​យើង​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង​ចំពោះ​ព្រះ ដើម្បី​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់​នោះ? តើ​នេះ​ជា​អ្វី​ដ៏​សំខាន់​ទី​មួយ​ក្នុង​ជីវិត​របស់​យើង​ឬ​ទេ? មិន​ថា​យើង​មាន​កាលៈទេសៈ​យ៉ាង​ណា ទោះ​ជា​ចាស់​ឬ​ក្មេង រៀប​ការ​ហើយ​ឬ​នៅ​លីវ មាន​សុខភាព​ល្អ​ឬ​ចេះ​តែ​ឈឺ​ក៏​ដោយ យើង​គួរ​តែ​ខំ​ប្រឹង​រស់​នៅ​ដោយ​បំពេញ​តាម​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង ឲ្យ​សម​ស្រប​ទៅ​តាម​កាលៈទេសៈ​របស់​យើង​ផ្ទាល់។ កាលៈទេសៈ​របស់​បុគ្គល​ម្នាក់​ប្រហែល​ជា​អនុញ្ញាត​ឲ្យ​គាត់​ចូល​រួម​ធ្វើ​កិច្ច​បំរើ​ពេញ​ពេល​ជា​អ្នក​ត្រួស​ត្រាយ​ម្នាក់ ជា​អ្នក​ស្ម័គ្រ​ចិត្ត​បំរើ​នៅ​ឯ​ការិយាល័យ​សាខា​នៃ​សមាគម​ប៉ម​យាម ធ្វើ​ជា​សាសនទូត ឬ​ចូល​ធ្វើ​កិច្ច​បំរើ​ផ្សាយ​ជា​អ្នក​ធ្វើ​ដំណើរ​ក៏​បាន។ ផ្ទុយ​ទៅ​វិញ មាតា​បិតា​ទាំង​ឡាយ​ប្រហែល​ជា​រវល់​ណាស់ ក្នុង​ការ​ថែ​ទាំ​ក្រុម​គ្រួសារ​ខាង​សាច់​ឈាម​និង​ខាង​វិញ្ញាណ​នោះ។ តើ​ចំនួន​ម៉ោង​ដែល​មាន​តែ​បន្ដិច ដែល​គេ​ចំណាយ​ក្នុង​កិច្ច​បំរើ​ផ្សាយ​ប្រចាំ​ខែ​នោះ មាន​តម្លៃ​តែ​បន្ដិច​ទេ​ឬ​តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា បើ​ប្រៀប​ទៅ​នឹង​ចំនួន​ម៉ោង​ដែល​អ្នក​បំរើ​ពេញ​ពេល​ម្នាក់​បាន​ចំណាយ​នោះ? គឺ​មិន​មែន​ទេ។ ព្រះ​ទ្រង់​មិន​តម្រូវ​ពី​យើង​នូវ​អ្វី​ដែល​យើង​មិន​មាន​ទេ។ សាវ័ក​ប៉ុល​បាន​ថ្លែង​ប្រាប់​ពី​គោល​ការណ៍​មួយ​នេះ៖ «បើ​សិន​ជា​ប្រុង​ប្រៀប​នឹង​ធ្វើ​ហើយ នោះ​ព្រះ​ទ្រង់​ទទួល​អ្នក​តាម​ដែល​មាន មិន​មែន​តាម​ដែល​គ្មាន​នោះ​ទេ»។—កូរិនថូស​ទី​២ ៨:១២

១១. តើ​សេចក្ដី​សង្គ្រោះ​របស់​យើង​ស្រេច​ទៅ​លើ​អ្វី?

១១ យ៉ាង​ណា​ក៏​ដោយ សេចក្ដី​សង្គ្រោះ​របស់​យើង​មិន​ស្រេច​ទៅ​លើ​អ្វី​ដែល​យើង​អាច​ធ្វើ​នោះ​ទេ តែ​ស្រេច​នឹង​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល​ពី​ព្រះ​យេហូវ៉ា តាម​រយៈ​ព្រះ​គ្រីស្ទ​យេស៊ូ ជា​ព្រះ​អង្គ​ម្ចាស់​របស់​យើង។ ប៉ុល​បាន​ពន្យល់​យ៉ាង​ក្បោះ​ក្បាយ​ថា៖ «គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ តែ​ដោយ​ពឹង​ដល់​ព្រះ​គុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយ​សារ​សេចក្ដី​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ»។ ក៏​ប៉ុន្តែ កិច្ច​ការ​របស់​យើង​គឺ​ជា​ទី​សំអាង​ពី​ជំនឿ​សកម្ម​ទៅ​លើ​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​របស់​ព្រះ។—រ៉ូម ៣:២៣, ២៤; យ៉ាកុប ២:១៧, ១៨, ២៤

១២. ហេតុ​អ្វី​បាន​ជា​យើង​មិន​គួរ​ប្រៀប​ធៀប​គ្នា​ទេ?

១២ យើង​មិន​ចាំ​បាច់​ប្រៀប​ធៀប​នឹង​អ្នក​ដទៃ ស្តី​អំពី​ចំនួន​ម៉ោង​ដែល​ខ្លួន​ចំណាយ​ក្នុង​កិច្ច​បំរើ​ផ្សាយ ឬ​ក៏​ប្រកាសនវត្ថុ​ខាង​ព្រះ​គម្ពីរ​មាន​ចំនួន​ប៉ុន្មាន​ក្បាល​ដែល​យើង​ចែក​ឲ្យ ឬ​ចំនួន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​យើង​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នោះ​ទេ។ (កាឡាទី ៦:៣, ៤) មិន​ថា​យើង​សម្រេច​ការ​ប៉ុណ្ណា​ក៏​ដោយ​ក្នុង​កិច្ច​បំរើ​ផ្សាយ​ជា​គ្រីស្ទាន យើង​គ្រប់​គ្នា​ត្រូវ​តែ​ចាំ​ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​គួរ​បន្ទាប​ខ្លួន​យើង គឺ​ថា៖ «ឯ​អ្នក​រាល់​គ្នា ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​បង្គាប់​គ្រប់​ជំពូក​ហើយ នោះ​ត្រូវ​រាប់​ថា៖ ‹យើង​ជា​បាវ​បំរើ​ឥត​កំរៃ​ដល់​ម្ចាស់​ទេ។ ដ្បិត​យើង​បាន​ធ្វើ​ត្រឹម​តែ​ការ​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ›»។ (លូកា ១៧:១០) តើ​យើង​ពិត​ជា​អាច​ថា យើង​បាន«ធ្វើ​តាម​បង្គាប់​គ្រប់​ជំពូក​ហើយ» យ៉ាង​ញឹក​ញយ​ប៉ុណ្ណា​ទៅ? ដូច្នេះ​គួរ​ចង់​សួរ​ថា តើ​កិច្ច​បំរើ​របស់​យើង​ថ្វាយ​ព្រះ នោះ​គួរ​មាន​គុណ​ភាព​យ៉ាង​ណា?—កូរិនថូស​ទី​២ ១០:១៧, ១៨

ការ​ធ្វើ​ឲ្យ​ថ្ងៃ​និមួយ​ៗ​រាប់​ជា​សំខាន់

១៣. តើ​យើង​ត្រូវ​ការ​អាកប្បកិរិយា​បែប​ណា កាល​ដែល​យើង​សម្រេច​តាម​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង​នោះ?

១៣ ក្រោយ​ពី​បាន​ជូន​ឱវាទ​ឲ្យ​ស្វាមី ភរិយា ក្មេង​ៗ មាតា​បិតា និង​ពួក​បាវ​បំរើ នោះ​ប៉ុល​ក៏​សរសេរ​ថា៖ «ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះ​អម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​ជា​មរដក​អំពី​ព្រះ​អម្ចាស់​មក។ ដ្បិត​អ្នក​រាល់​គ្នា​ជា​អ្នក​បំរើ​របស់​ព្រះ​គ្រីស្ទ ជា​ព្រះ​អម្ចាស់»។ (កូល៉ុស ៣:២៣, ២៤) យើង​មិន​បំរើ​ដើម្បី​ឲ្យ​មនុស្ស​កោត​ស្ងើច​នឹង​អ្វី​ដែល​យើង​សម្រេច​ក្នុង​កិច្ច​បំរើ​ថ្វាយ​ព្រះ​យេហូវ៉ា​នោះ​ឡើយ។ យើង​កំពុង​តែ​ព្យាយាម​បំរើ​ព្រះ​ដោយ​ធ្វើ​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ ទ្រង់​បាន​សម្រេច​កិច្ច​បំរើ​ផ្សាយ​ដ៏​ខ្លី​បន្ដិច​របស់​ទ្រង់ ដោយ​ដឹង​ថា​ជា​ពេល​បន្ទាន់។—ពេត្រុស​ទី​១ ២:២១

១៤. តើ​ពេត្រុស​បាន​ព្រមាន​យ៉ាង​ណា ស្តី​អំពី​ថ្ងៃ​ជាន់​ក្រោយ​នោះ?

១៤ សាវ័ក​ពេត្រុស​ក៏​បាន​បង្ហាញ​នូវ​ទឹក​ចិត្ត​ដែល​ដឹង​ថា​នេះ​ជា​ពេល​បន្ទាន់​ដែរ។ ក្នុង​សំបុត្រ​ទី​ពីរ​របស់​គាត់​នោះ គាត់​បាន​ព្រមាន​ថា នៅ​ថ្ងៃ​ជាន់​ក្រោយ​នោះ នឹង​មាន​មនុស្ស​ចំអក គឺ​ជា​អ្នក​ក្បត់​ជំនឿ​និង​អ្នក​សង្ស័យ​ដែរ ដែល​តាម​សេចក្ដី​ប្រាថ្នា​របស់​ខ្លួន​គេ នឹង​សួរ​ដេញ​ដោល​អំពី​វត្តមាន​របស់​ព្រះ​គ្រីស្ទ​វិញ។ ក៏​ប៉ុន្តែ ពេត្រុស​បាន​មាន​ប្រសាសន៍​ថា៖ «ព្រះ​អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ទ្រង់ ដូច​ជា​មាន​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អត់​ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ។ រីឯ​ថ្ងៃ​នៃ​ព្រះ​អម្ចាស់ នោះ​នឹង​មក​ដូច​ជា​ចោរ​ប្លន់»។ មែន​ហើយ ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នឹង​មក​ជា​ពុំ​ខាន​ឡើយ។ ដូច្នេះ​ហើយ​បាន​ជា​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ជា​រៀង​រាល់​ថ្ងៃ​ថា តើ​ជំនឿ​របស់​យើង​ទៅ​លើ​សេចក្ដី​សន្យា​នៃ​ព្រះ ពិត​ជា​ប្រាកដ​ប្រជា​និង​មាំ​មួន​ប៉ុណ្ណា​ទៅ។—ពេត្រុស​ទី​២ ៣:៣, ៤, ៩, ១០

១៥. តើ​យើង​គួរ​ពិនិត្យ​មើល​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ដោយ​ដូច​ម្ដេច?

១៥ ដើម្បី​រស់​នៅ​ដោយ​បំពេញ​តាម​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង​តាម​បែប​យក​ចិត្ត​ទុក​ដាក់​នោះ យើង​គួរ​ឆ្លៀត​ប្រយោជន៍​ពី​ថ្ងៃ​និមួយ​ៗ​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា។ នៅ​ចុង​ថ្ងៃ​និមួយ​ៗ​នោះ តើ​យើង​អាច​មើល​សារ​ឡើង​វិញ​ថា ខ្លួន​បាន​ជួយ​លើក​ព្រះ​នាម​ព្រះ​ឲ្យ​បាន​បរិសុទ្ធ និង​បាន​ជួយ​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ​ប៉ុណ្ណា​ទៅ? គឺ​ប្រហែល​ជា​ដោយ​ចរិយា​ដ៏​ស្អាត​ស្អំ​របស់​យើង ការ​សន្ទនា​បែប​កំឡា​ចិត្ត ឬ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​ដោយ​សេចក្ដី​ស្រឡាញ់​ក៏​បាន។ តើ​យើង​បាន​ឆ្លៀត​ប្រយោជន៍​ពី​ឱកាស​ដោយ​ជំរាប​ប្រាប់​អ្នក​ដទៃ​ពី​សេចក្ដី​សង្ឃឹម​របស់​យើង​ជា​គ្រីស្ទាន​ឬ? តើ​យើង​បាន​ជួយ​នរណា​ម្នាក់​ឲ្យ​គិត​យ៉ាង​ប្រាកដ​ប្រជា​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​ឬ​ទេ? ចូរ​ឲ្យ​យើង​ប្រមូល​ទុក​ជា​រៀង​រាល់​ថ្ងៃ នូវ​អ្វី​ដែល​មាន​តម្លៃ​ខាង​វិញ្ញាណ ហាក់​ដូច​ជា​ប្រមូល​ទុក​ទ្រព្យ​ជា​ច្រើន​ដាក់​ក្នុង​គណនី​ខាង​វិញ្ញាណ​អ៊ីចឹង។—ម៉ាថាយ ៦:២០; ពេត្រុស​ទី​១ ២:១២; ៣:១៥; យ៉ាកុប ៣:១៣

ចូរ​រក្សា​ចក្ខុ​វិញ្ញាណ​របស់​អ្នក​ឲ្យ​បាន​ច្បាស់​លាស់

១៦. តើ​តាម​របៀប​ណា​ខ្លះ​ដែល​សាតាំង​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង​ចំពោះ​ព្រះ​ទៅ​ជា​ខ្សោយ​ទៅ​ៗ​នោះ?

១៦ យើង​កំពុង​តែ​រស់​នៅ​គ្រា​ដែល​កាន់​តែ​ពិបាក​ឡើង​ៗ​ចំពោះ​ពួក​គ្រីស្ទាន។ សាតាំង​និង​គ្នា​របស់​វា​ខំ​ធ្វើ​ឲ្យ​ស្រពេចស្រពិល​នូវ​ភាព​ខុស​គ្នា​រវាង​អ្វី​ដែល​ល្អ​និង​អាក្រក់ ស្អាត​និង​កខ្វក់ សីលធម៌​និង​អសីលធម៌ ការ​ប្រព្រឹត្ត​ដ៏​ត្រឹម​ត្រូវ​និង​មិន​ត្រឹម​ត្រូវ។ (រ៉ូម ១:២៤​-​២៨; ១៦:១៧​-​១៩) វា​បាន​បើក​ផ្លូវ​ឲ្យ​យើង​ក្រខ្វក់​ចិត្ត​គំនិត​របស់​យើង​យ៉ាង​ងាយ​ស្រួល​ណាស់ តាម​រយៈ​កម្ម​វិធី​ទូរទស្សន៍​ឬ​ប្រព័ន្ធ​កុំព្យូទ័រ​ក៏​បាន។ ចក្ខុ​វិញ្ញាណ​របស់​យើង​ខាង​វិញ្ញាណ​អាច​ទៅ​ជា​ព្រិល​ឬ​ក៏​មិន​ច្បាស់ រហូត​ដល់​យើង​ខាន​ទទួល​ស្គាល់​អ្វី​ជា​ឧបាយ​កល​របស់​វា​ទៀត​ផង។ ការ​តាំង​ចិត្ត​រស់​នៅ​ដោយ​បំពេញ​តាម​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង​អាច​ទៅ​ជា​ខ្សោយ និង​ការ​កាន់​នូវ«នង្គ័ល»នោះ ក៏​អាច​ទៅ​ជា​មិន​ជាប់​ដែរ បើ​យើង​ធ្វើ​ឲ្យ​ខូច​ដល់​គោល​ការណ៍​របស់​យើង​ខាង​វិញ្ញាណ។—លូកា ៩:៦២; ភីលីព ៤:៨

១៧. តើ​ឱវាទ​របស់​ប៉ុល​អាច​ជួយ​យើង​រក្សា​ទុក​នូវ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះ​បាន​យ៉ាង​ណា?

១៧ ហេតុ​នេះ​ហើយ​បាន​ជា​ពាក្យ​របស់​ប៉ុល​ផ្ញើ​ទៅ​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​ថែស្សាឡូនីច គឺ​ត្រូវ​ពេល​ណាស់​ដែល​ថា៖ «ព្រះ​ទ្រង់​សព្វព្រះ​ហឫទ័យ ឲ្យ​អ្នក​រាល់​គ្នា​បាន​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ជៀស​ពី​សេចក្ដី​កំផិត​ចេញ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​និមួយ​ៗ​ចេះ​រក្សា​អត្តភាព​ខ្លួន ដោយ​សេចក្ដី​បរិសុទ្ធ នឹង​សេចក្ដី​ប្រសើរ មិន​មែន​ដោយ​សេចក្ដី​រំជួល​ក្នុង​តណ្ហា ដូច​ជា​សាសន៍​ដទៃ​ដែល​មិន​ស្គាល់​ព្រះ​នោះ​ឡើយ»។ (ថែស្សាឡូនីច​ទី​១ ៤:៣​-​៥) ដោយ​សារ​អំពើ​អសីលធម៌ នោះ​អ្នក​ខ្លះ​បាន​ត្រូវ​ក្រុម​ជំនុំ​គ្រីស្ទាន​បណ្ដាច់​មិត្តភាព​ជា​មួយ​គេ ដោយ​មិន​បាន​អើពើ​នឹង​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​គេ​ដល់​ព្រះ​ទេ។ គេ​បាន​អនុញ្ញាត​ឲ្យ​ទំនាក់​ទំនង​របស់​ខ្លួន​ជា​មួយ​នឹង​ព្រះ​ខ្សោយ​ទៅ​ៗ ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​លែង​មាន​ថ្នាក់​ដ៏​សំខាន់​ក្នុង​ជីវិត​របស់​គេ​ទៀត​ឡើយ។ តែ​ប៉ុល​បាន​មាន​ប្រសាសន៍​ថា៖ «ព្រះ​មិន​បាន​ហៅ​យើង​រាល់​គ្នា មក​ក្នុង​សេចក្ដី​ស្មោក​គ្រោក​ទេ គឺ​មក​ក្នុង​សេចក្ដី​បរិសុទ្ធ​វិញ។ ដូច្នេះ អ្នក​ណា​ដែល​មិន​ព្រម​ទទួល នោះ​មិន​មែន​បោះ​បង់​ចោល​មនុស្ស ឈ្មោះ​ថា បោះ​បង់​ចោល​ព្រះ​វិញ ដែល​ទ្រង់​បាន​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​ទ្រង់​មក​យើង»។—ថែស្សាឡូនីច​ទី​១ ៤:៧, ៨

តើ​អ្នក​បាន​តាំង​ចិត្ត​ធ្វើ​យ៉ាង​ណា?

១៨. តើ​យើង​គួរ​មាន​ចិត្ត​ប្ដេជ្ញា​ធ្វើ​អ្វី?

១៨ បើ​យើង​ទទួល​យល់​ព្រម​ថា ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង​ដល់​ព្រះ​យេហូវ៉ា​គឺ​សំខាន់​នោះ តើ​យើង​គួរ​នឹង​តាំង​ចិត្ត​ធ្វើ​អ្វី? យើង​គួរ​ប្ដេជ្ញា​ចិត្ត​រក្សា​ឲ្យ​មាន​មនសិការ​ជ្រះ​ថ្លា ស្តី​អំពី​ចរិយា​និង​កិច្ច​បំរើ​ផ្សាយ​រស់​យើង​ដែរ។ ពេត្រុស​បាន​ដាស់​តឿន​ថា៖ «[ចូរ]មាន​បញ្ញាចិត្ត​ជ្រះ​ថ្លា ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​និយាយ​ដើម​ពី​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ បាន​អៀន​ខ្មាស​វិញ ដោយ​ព្រោះ​គេ​និយាយ​បង្កាច់​ពី​កិរិយា​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ក្នុង​ព្រះ​គ្រីស្ទ»។ (ពេត្រុស​ទី​១ ៣:១៦) យើង​ប្រហែល​ជា​នឹង​ត្រូវ​រង​ទុក្ខ ហើយ​ជួប​ប្រទះ​នឹង​ពាក្យ​ប្រមាថ​មើល​ងាយ​ដោយ​ព្រោះ​ចរិយា​គ្រីស្ទាន​របស់​យើង ប៉ុន្តែ​ព្រះ​គ្រីស្ទ​បាន​រង​ទុក្ខ​អ៊ីចឹង​ដែរ ដោយ​ព្រោះ​ទ្រង់​ស្មោះ​ត្រង់​និង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ។ ពេត្រុស​បាន​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ​ដែល​ព្រះ​គ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ក្នុង​សាច់​ឈាម​ជំនួស​យើង​រួច​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​ដូច្នោះ​ដែរ ទុក​ជា​គ្រឿង​ការ​ពារ​ខ្លួន ដ្បិត​អ្នក​ណា​ដែល​បាន​រង​ទុក្ខ​ក្នុង​សាច់​ឈាម នោះ​បាន​ឈប់​ខាង​ឯ​អំពើ​បាប​ហើយ»។—ពេត្រុស​ទី​១ ៤:១

១៩. តើ​យើង​ចង់​ឲ្យ​គេ​និយាយ​យ៉ាង​ណា​អំពី​យើង?

១៩ ការ​តាំង​ចិត្ត​ឲ្យ​បាន​មាំ​មួន​ដោយ​ប្ដេជ្ញា​រស់​នៅ​ឲ្យ​សម​ស្រប​តាម​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង នោះ​ប្រាកដ​ជា​នឹង​ការ​ពារ​យើង​ពី​អន្ទាក់​ក្នុង​លោកីយ៍​របស់​សាតាំង​ដែល​ឈឺ​ចាប់​ខាង​វិញ្ញាណ ខាង​សីលធម៌ និង​ខាង​សាច់​ឈាម​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ យើង​នឹង​ទទួល​ទំនុក​ចិត្ត​ថា ខ្លួន​មាន​ការ​យល់​ព្រម​ពី​ព្រះ ដែល​ល្អ​ប្រសើរ​ជាង​អ្វី​ៗ​ទាំង​អស់​ណា​ដែល​សាតាំង​និង​គ្នា​របស់​វា​អាច​ផ្ដល់​ឲ្យ។ អ៊ីចឹង​ហើយ កុំ​ឲ្យ​គេ​ថា យើង​បាន​ចាក​ចោល​សេចក្ដី​ស្រឡាញ់​ដែល​យើង​ធ្លាប់​មាន​តាំង​ពី​ស្គាល់​សេចក្ដី​ពិត​ពី​ដំបូង​មក​នោះ។ ផ្ទុយ​ទៅ​វិញ សូម​ឲ្យ​គេ​និយាយ​អំពី​យើង បែប​ដូច​ជា​បាន​រៀប​រាប់​អំពី​ក្រុម​ជំនុំ​គ្រីស្ទាន​សតវត្ស​ទី​មួយ​នៅ​ទី​ក្រុង​ធាទេរ៉ា​ដែរ គឺ​ថា៖ «អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ​ហើយ ព្រម​ទាំង​សេចក្ដី​ស្រឡាញ់ សេចក្ដី​ជំនួយ សេចក្ដី​ជំនឿ សេចក្ដី​អត់​ធ្មត់​របស់​ឯង​ដែរ ហើយ​ថា ការ​ដែល​ឯង​ធ្វើ​ជាន់​ក្រោយ បាន​ច្រើន​លើស​ជាង​ជាន់​មុន​ទៅ​ទៀត»។ (វិវរណៈ ២:៤, ១៨, ១៩) មែន​ហើយ កុំ​ឲ្យ​យើង​មាន​ចិត្ត​ស្ទើរ​ៗ ក្នុង​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង តែ​ចូរ​ឲ្យ​យើង«មាន​ចិត្ត​ក្លៀវ​ក្លា​ដោយ​វិញ្ញាណ​ចុះ» គឺ​មាន​ចិត្ត​ខ្នះ​ខ្នែង​ដរាប​ដល់​ទី​បញ្ចប់ ដ្បិត​ទី​បញ្ចប់​នោះ​ឯង​កៀក​ណាស់​ហើយ។—រ៉ូម ១២:១១, ព.ថ.; វិវរណៈ ៣:១៥, ១៦

[កំណត់​សម្គាល់]

a សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​១៩៨៧ ទំព័រ​៣១ (ជា​ភាសា​អង់គ្លេស)។

b សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​១៩៨០ ទំព័រ​៨​-​១១ (ជា​ភាសា​អង់គ្លេស) អាច​ជួយ​រៀប​រាប់​ឲ្យ​បាន​ល្អិត​ល្អន់​ពី​កំណត់​ហេតុ​នៃ​ជីវិត​របស់​អឺនិស ប៊ីវ័រ។

c សូម​មើល​សៀវភៅ​ប្រចាំ​ឆ្នាំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា—ឆ្នាំ​១៩៧៨ ទំព័រ ១៥៦​-​១៥៨, ២០១​-​២១៨ (ជា​ភាសា​អង់គ្លេស) ដែល​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

តើ​អ្នក​នៅ​នឹក​ចាំ​ទេ?

តើ​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​ទាក់​ទង​អ្វី​ខ្លះ?

តើ​មាន​គំរូ​ណា​ខ្លះ​ពី​បុរាណ​និង​នៅ​សម័យ​នេះ ដែល​យើង​គួរ​ធ្វើ​តម្រាប់​តាម ស្តី​អំពី​អ្នក​បំរើ​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ដល់​ព្រះ?

តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា អំពី​កិច្ច​បំរើ​របស់​យើង​ថ្វាយ​ព្រះ?

តើ​យើង​គួរ​មាន​ចិត្ត​ប្ដេជ្ញា​ធ្វើ​អ្វី ស្តី​អំពី​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង​ដល់​ព្រះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១៥]

យេរេមា​បាន​រក្សា​ភាព​ស្មោះ​ត្រង់​ទោះ​ជា​បាន​ត្រូវ​គេ​ធ្វើ​បាប​ជា​ខ្លាំង​ក៏​ដោយ

[រូប​ភាព​នៅ​ទំព័រ​១៦]

ស្មរបន្ទាល់​រាប់​រយ​នាក់​ជា​យុវជន​ជាប់​គុក​នៅ​ប្រទេស​អេស្ប៉ាញ ដោយ​បាន​រក្សា​ចិត្ត​ភក្ដី​របស់​គេ

[រូប​ភាព​នៅ​ទំព័រ​១៧]

ចូរ​ឲ្យ​យើង​ធ្វើ​ថ្ងៃ​និមួយ​ៗ​ជា​ឱកាស​ប្រមូល​ទុក​នូវ​អ្វី​ដែល​មាន​តម្លៃ​ខាង​វិញ្ញាណ