លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកបានធ្វើឲ្យសេចក្ដីពិតទៅជារបស់ខ្លួនទេ?

តើអ្នកបានធ្វើឲ្យសេចក្ដីពិតទៅជារបស់ខ្លួនទេ?

តើ​អ្នក​បាន​ធ្វើ​ឲ្យ​សេចក្ដី​ពិត​ទៅ​ជា​របស់​ខ្លួន​ទេ?

«ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង ដើម្បី​នឹង​អាច​ល​មើល​ឲ្យ​បាន​ស្គាល់​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ​ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង»។—រ៉ូម ១២:២

១, ២. ហេតុ​អ្វី​បាន​ជា​មិន​មែន​ជា​ការ​ស្រួល​ទេ ក្នុង​ការ​នៅ​ធ្វើ​ជា​គ្រីស្ទាន​ពិត​ម្នាក់​នៅ​សព្វ​ថ្ងៃ​នេះ?

 ការ​ធ្វើ​ជា​គ្រីស្ទាន​ពិត​នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ ដែល​ជា«គ្រា​លំបាក​ណាស់» គឺ​មិន​មែន​ជា​ការ​ស្រួល​ទេ។ (ធីម៉ូថេ​ទី​២ ៣:១) តាម​ការ​ពិត យើង​ត្រូវ​តែ​ឈ្នះ​លើ​លោកីយ៍​ដើម្បី​ធ្វើ​តាម​គំរូ​របស់​ព្រះ​គ្រីស្ទ។ (យ៉ូហាន​ទី​១ ៥:៤) សូម​នឹក​ចាំ​ពី​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​ផ្លូវ​របស់​គ្រីស្ទាន​ថា៖ «ចូរ​ឲ្យ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​ឯ​សេចក្ដី​ហិន​វិនាស នោះ​ធំ ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​តាម​ទ្វារ​នោះ តែ​ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ»។ ទ្រង់​ក៏​បាន​មាន​បន្ទូល​ថា៖ «បើ​អ្នក​ណា​ចង់​ដើរ​តាម​ពី​ក្រោយ​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​បង់​ខ្លួន​ឯង​ចោល និង​លី​បង្គោល​ឈើ​ទារុណកម្ម​របស់​ខ្លួន​រៀង​រាល់​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ជា​ដរាប​ចុះ»។—ម៉ាថាយ ៧:១៣, ១៤; លូកា ៩:២៣, ព.ថ.

ដោយ​បាន​រក​ឃើញ​នូវ​ផ្លូវ​ដ៏​ចង្អៀត​ដែល​នាំ​ទៅ​ឯ​ជីវិត គ្រីស្ទាន​ម្នាក់​ៗ​ក៏​ត្រូវ​តែ​ខិត​ខំ​ជា​បន្ត​បន្ទាប់ ដើម្បី​អាច​រក្សា​ខ្លួន​ឲ្យ​ដើរ​តាម​ផ្លូវ​នោះ​បាន។ ហេតុ​អ្វី​បាន​ជា​ត្រូវ​ខិត​ខំ​អ៊ីចឹង? គឺ​ដោយ​ព្រោះ​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​និង​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង ក៏​ធ្វើ​ឲ្យ​យើង​ជា​គោល​ដៅ​ដែល​សាតាំង​ចង់​ចាប់​ដោយ​ឧបាយ​កល​ឬ​កលល្បិច​របស់​វា។ (អេភេសូរ ៦:១១; ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) វា​កត់​សម្គាល់​ថា យើង​មាន​ភាព​ទន់​ខ្សោយ​ណា​ខ្លះ និង​វា​ខំ​ទាញ​យក​ផល​ប្រយោជន៍​ពី​ភាព​ទន់​ខ្សោយ​នោះ ដើម្បី​នឹង​បំផ្លាញ​ភាព​ខាង​វិញ្ញាណ​របស់​យើង។ មែន​ហើយ តើ​យើង​មាន​មូលហេតុ​សង្ឃឹម​ថា វា​នឹង​មិន​មក​រក​រឿង​នឹង​យើង​ឬ បើ​វា​បាន​ខំ​ប្រឹង​ល្បួង​ដើម្បី​បំបាក់​កម្លាំង​ចិត្ត​របស់​ព្រះ​យេស៊ូ​នោះ?—ម៉ាថាយ ៤:១​-​១១

ឧបាយ​កល​ដ៏​ប៉ិន​ប្រសប់​របស់​សាតាំង

៣. តើ​សាតាំង​បាន​បញ្ចូល​ការ​សង្ស័យ​ទៅ​ក្នុង​សតិ​របស់​អេវ៉ា​យ៉ាង​ណា?

មធ្យោបាយ​មួយ​ដែល​សាតាំង​ប្រើ គឺ​វា​បញ្ចូល​ការ​សង្ស័យ​ផ្សេង​ៗ​ទៅ​ក្នុង​សតិ​របស់​យើង។ វា​តែង​រក​ភាព​ទន់​ខ្សោយ​ក្នុង​អាវ​ក្រោះ​ខាង​វិញ្ញាណ​របស់​យើង។ តាំង​តែ​ពី​ដើម​ដំបូង​មក វា​បាន​ប្រើ​ស្នៀត​មួយ​នោះ ដោយ​សួរ​អេវ៉ា​ថា៖ «តើ​ព្រះ​មាន​បន្ទូល​ហាម​មិន​ឲ្យ​អ្នក​បរិភោគ​ផ្លែ​ឈើ​ណា​នៅ​ក្នុង​សួន​ច្បារ​មែន​ឬ?»។ (លោកុប្បត្តិ ៣:១) ដោយ​មាន​ន័យ​ដូច​គ្នា​នោះ ហាក់​ដូច​ជា​សាតាំង​បាន​និយាយ​ថា៖ ‹តើ​ព្រះ​ពិត​ជា​បាន​ដាក់​បំរាម​មួយ​នោះ​ទៅ​លើ​អ្នក​មែន​ឬ? តើ​ទ្រង់​មិន​ព្រម​ឲ្យ​អ្នក​នូវ​អ្វី​មួយ​ដ៏​ល្អ​ឬ? ដ្បិត​ព្រះ​ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ​ពី​ដើម​នោះ ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុស​ត្រូវ​ផង!›។ សាតាំង​បាន​បញ្ចូល​ការ​សង្ស័យ​ទៅ​ក្នុង​សតិ​របស់​អេវ៉ា ដូច​ជា​បាន​ព្រោះ​គ្រាប់​ពូជ​អ៊ីចឹង។—លោកុប្បត្តិ ៣:៥

៤. តើ​មាន​ការ​សង្ស័យ​បែប​ណា ដែល​អាច​មាន​ឥទ្ធិពល​លើ​អ្នក​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ?

តើ​សាតាំង​ប្រើ​ស្នៀត​មួយ​នេះ​នៅ​សព្វ​ថ្ងៃ​យ៉ាង​ណា? បើ​សិន​ជា​យើង​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​អំនាន​ព្រះ​គម្ពីរ ការ​សិក្សា​ផ្ទាល់​ខ្លួន សេចក្ដី​អធិស្ឋាន និង​ការ​ចូល​រួម​កិច្ច​បំរើ​ផ្សាយ​និង​កិច្ច​ប្រជុំ​ទេ គឺ​យើង​បើក​ផ្លូវ​យ៉ាង​ងាយ​ស្រួល​ឲ្យ​ទទួល​ការ​សង្ស័យ ដែល​អ្នក​ឯ​ទៀត​បាន​លើក​ឡើង​នោះ​ហើយ។ ឧបមា​ថា៖ «តើ​ដោយ​ដូច​ម្ដេច​ដែល​យើង​ដឹង​ថា នេះ​ប្រាកដ​ជា​សេចក្ដី​ពិត​ដូច​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​នោះ?»។ «តើ​របប​នេះ​ពិត​ជា​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​ឬ? ព្រោះ​តាម​ការ​ពិត យើង​បាន​ចូល​សតវត្ស​ទី​២១​ហើយ»។ «តើ​យើង​បាន​មក​ដល់​ពេល​អើម៉ាគេដូន​ផ្ទុះ​ឡើង ឬ​ក៏​នៅ​យូរ​ទៅ​មុខ​ទៀត​មក​នោះ?»។ បើ​មាន​ការ​សង្ស័យ​បែប​នេះ​លេច​ឡើង តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​លុប​បំបាត់​វា​ចោល?

៥, ៦. តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី បើ​មាន​ការ​សង្ស័យ​នោះ?

យ៉ាកុប​បាន​ជូន​ឱវាទ​ដ៏​មាន​ប្រយោជន៍ ពេល​ដែល​គាត់​បាន​សរសេរ​ថា៖ «បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ។ តែ​ត្រូវ​ឲ្យ​អ្នក​នោះ​សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ណា​ដែល​សង្ស័យ នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ ដែល​ត្រូវ​ផាត់​ដោយ​ខ្យល់ ទាំង​រំពើក​ចុះ​ឡើង។ កុំ​ឲ្យ​មនុស្ស​យ៉ាង​នោះ​នឹក​ស្មាន​ថា ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះ​អម្ចាស់​ឡើយ ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​២ ចេះ​តែ​សាវ៉ា​ក្នុង​គ្រប់​ទាំង​ផ្លូវ»។—យ៉ាកុប ១:៥​-​៨

បើ​អ៊ីចឹង តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី? តាម​រយៈ​សេចក្ដី​អធិស្ឋាន យើងគួរ‹បន្ត​សូម​ព្រះ›ឲ្យ​ប្រទាន​ជំនឿ​និង​ការ​យល់​ដឹង ព្រម​ទាំង​ធ្វើ​ឲ្យ​មាំ​ឡើង​នូវ​ចិត្ត​ព្យាយាម​របស់​យើង​ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន ស្តី​អំពី​សំនួរ ឬ​ក៏​ការ​សង្ស័យ​ណា​ក៏​ដោយ។ យើង​អាច​ថែម​ទាំង​សុំ​ជំនួយ​ពី​ពួក​អ្នក​ដែល​មាន​កម្លាំង​ខាង​ជំនឿ ដោយ​មិន​សង្ស័យ​ឡើយ ថា​ព្រះ​យេហូវ៉ា​នឹង​ប្រទាន​នូវ​ការ​ទ្រ​ទ្រង់​ណា​ដែល​យើង​ត្រូវ​ការ។ យ៉ាកុប​ក៏​បាន​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ ត្រូវ​ចុះ​ចូល​ចំពោះ​ព្រះ ហើយ​ត​ស៊ូ​នឹង​អារក្ស​វិញ​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ។ ត្រូវ​ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ»។ មែន​ហើយ ការ​សង្ស័យ​របស់​យើង​នឹង​រសាយ​បាត់​ទៅ កាល​ដែល​យើង​ចូល​ទៅ​ជិត​ព្រះ តាម​រយៈ​ការ​សិក្សា​និង​ការ​អធិស្ឋាន។—យ៉ាកុប ៤:៧, ៨

៧, ៨. តើ​មាន​តម្រូវ​ការ​ណា​ខ្លះ ដែល​អាច​ធ្វើ​ជា​មូលដ្ឋាន​សម្គាល់​នូវ​របៀប​ថ្វាយ​បង្គំ​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន? និង​តើ​អ្នក​ណា​គេ​ដែល​តាម​លក្ខណៈ​ទាំង​នេះ?

ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​សំនួរ​នេះ​ដែល​ថា តើ​ដោយ​ដូច​ម្ដេច​ដែល​យើង​ដឹង​ថា យើង​កំពុង​តែ​ថ្វាយ​បង្គំ​បែប​ដូច​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​នោះ? ដើម្បី​ឆ្លើយ​រឿង​នេះ តើ​ត្រូវ​គិត​ពិចារណា​ពី​តម្រូវ​ការ​ណា​ខ្លះ? ព្រះ​គម្ពីរ​បញ្ជាក់​ថា ពួក​គ្រីស្ទាន​ពិត​ត្រូវ​តែ​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ (យ៉ូហាន ១៣:៣៤, ៣៥) ពួក​គេ​ត្រូវ​តែ​លើក​ដំកើង​ព្រះ​នាម​របស់​ព្រះ គឺ​យេហូវ៉ា​ឲ្យ​បាន​បរិសុទ្ធ។ (អេសាយ ១២:៤, ៥; ម៉ាថាយ ៦:៩) ហើយ​ពួក​គេ​ត្រូវ​តែ​ផ្សាយ​ឲ្យ​អ្នក​ដទៃ​ស្គាល់​ព្រះ​នាម​នោះ។—និក្ខមនំ ៣:១៥; យ៉ូហាន ១៧:២៦

លក្ខណៈ​មួយ​ទៀត​ដែល​សម្គាល់​នូវ​ការ​ថ្វាយ​បង្គំ​ពិត គឺ​ជា​ការ​គោរព​ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ គឺ​ព្រះ​គម្ពីរ។ ព្រះ​គម្ពីរ​ជា​សៀវភៅ​ដ៏​ល្អ​ឯក​ដែល​លាត​ត្រដាង​នូវ​បុគ្គលិក​លក្ខណៈ និង​គោល​បំណង​របស់​ព្រះ។ (យ៉ូហាន ១៧:១៧; ធីម៉ូថេ​ទី​២ ៣:១៦, ១៧) បន្ថែម​ទៅ​ទៀត​នោះ ពួក​គ្រីស្ទាន​ពិត​ក៏​ប្រកាស​ផ្សាយ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​របស់​មនុស្ស ដើម្បី​ឲ្យ​បាន​ជីវិត​ជា​និរន្តរ៍​នៅ​លើ​ផែនដី​មនោរម្យ។ (ម៉ាកុស ១៣:១០; វិវរណៈ ២១:១​-​៤) ពួក​គេ​រក្សា​ខ្លួន​ដោយ​ឡែក​ពី​រឿង​នយោបាយ​ដ៏​ពុក​រលួយ​របស់​លោកីយ៍​នេះ និង​ពី​របៀប​រស់​នៅ​ដ៏​សៅហ្មង​របស់​លោកីយ៍​ដែរ។ (យ៉ូហាន ១៥:១៩; យ៉ាកុប ១:២៧; ៤:៤) តើ​អ្នក​ណា​គេ​នៅ​សព្វ​ថ្ងៃ​នេះ​ដែល​ពិត​ជា​បាន​ធ្វើ​តាម​លក្ខណៈ​ទាំង​នេះ? ហេតុ​ការណ៍​ពិត​នានា​ក៏​ទុក​ជា​មូលដ្ឋាន​សំរាប់​ឲ្យ​ដឹង​នូវ​ចម្លើយ​ដែល​មាន​តែ​មួយ​គត់​គឺ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

ចុះ​យ៉ាង​ណា​បើ​យើង​នៅ​តែ​មាន​ចិត្ត​សង្ស័យ?

៩, ១០. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ឈ្នះ​លើ​ការ​សង្ស័យ?

ចុះ​យ៉ាង​ណា​បើ​យើង​ឆ្លង​កាត់​គ្រា​សង្ស័យ​ដែរ​នោះ? តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា? ស្តេច​សាឡូម៉ូន​ដែល​ប្រកប​ទៅ​ដោយ​ប្រាជ្ញា បាន​ប្រទាន​ចម្លើយ​ដោយ​ថា៖ «កូន​អើយ! បើ​ឯង​នឹង​ទទួល​ពាក្យ​អញ ហើយ​នឹង​ប្រមូល​ពាក្យ​បណ្ដាំ​របស់​អញ ទុក​នៅ​ជាប់​នឹង​ឯង ដើម្បី​ឲ្យ​បាន​ប្រុង​ត្រចៀក​ស្ដាប់​តាម​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ឲ្យ​បាន​យោបល់ អើ! បើ​ឯង​ស្រែក​ហៅ​រក​ដំរិះ ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោបល់ បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្ដី​ស្គាល់​ដល់​ព្រះ​អង្គ»។សុភាសិត ២:១​-​៥

១០ តើ​នេះ​ជា​អ្វី​ដ៏​ចម្លែក​ឬ? បើ​យើង​សុខ​ចិត្ត​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រាជ្ញា​ដែល​មក​ពី​ព្រះ យើង​នឹង‹រក​ឃើញ​ចំណេះ​ដ៏​សំខាន់​អំពី​ព្រះ›។ មែន​ហើយ យើង​អាច​ឈោង​ចាប់​បាន​នូវ​ចំណេះ​អំពី​ព្រះ​អង្គ​ម្ចាស់មហា​ក្សត្រ​នៃ​សកល​លោក បើ​សិន​ជា​យើង​សុខ​ចិត្ត​ទទួល​ព្រម និង​រក្សា​ទុក​នូវ​ពាក្យ​បន្ទូល​របស់​ទ្រង់។ នេះ​រួម​បញ្ចូល​ការ​បែរ​មក​រក​ព្រះ​យេហូវ៉ា តាម​រយៈ​សេចក្ដី​អធិស្ឋាន​និង​ការ​សិក្សា​ផ្ទាល់​ខ្លួន។ រតនៈ​សម្បត្ដិ​ដែល​លាក់​ទុក​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់ អាច​លុប​បំបាត់​ចោល​នូវ​ការ​សង្ស័យ​ណា​ក៏​ដោយ តាម​រយៈ​ពន្លឺ​ខាង​ឯ​សេចក្ដី​ពិត។

១១. តើ​ចិត្ត​សង្ស័យ​បាន​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​អ្នក​បំរើ​ការ​លោក​អេលីសេ?

១១ គំរូ​មួយ​ដ៏​ជាក់​ច្បាស់​ដែល​បង្ហាញ​នូវ​របៀប​ដែល​សេចក្ដី​អធិស្ឋាន​បាន​ជួយ​អ្នក​បំរើ​ម្នាក់​របស់​ព្រះ ដែល​មាន​ចិត្ត​ខ្លាច​គេ​ព្រម​ទាំង​សង្ស័យ​ផង​ដែរ គឺ​អាច​រក​ឃើញ​នៅ​ពង្សាវតារ​ក្សត្រ​ទី​២ ៦:១១​-​១៨។ អ្នក​បំរើ​ការ​លោក​អេលីសេ បាន​ខ្វះ​ស្មារតី​ខាង​វិញ្ញាណ។ គាត់​ពុំ​អាច​យល់​ឃើញ​ថា មាន​ពួក​ពល​បរិវារ​នៅ​ស្ថាន​សួគ៌​ដែល​នៅ​ទី​នោះ ដើម្បី​ការ​ពារ​ព្យាការី​របស់​ព្រះ​ដែល​បាន​ត្រូវ​ឡោម​ព័ទ្ធ​ដោយ​ពល​ទ័ព​ជាតិ​ស៊ីរី។ ដោយ​ចិត្ត​រន្ធត់ អ្នក​បំរើ​ការ​នោះ​បាន​ស្រែក​ឡើង​ថា៖ «វរ​ហើយ ចៅហ្វាយ​ខ្ញុំ​អើយ! តើ​យើង​នឹង​ធ្វើ​ដូច​ម្ដេច?»។ តើ​អេលីសេ​បាន​ឆ្លើយ​តប​យ៉ាង​ណា? «កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត»។ ប៉ុន្តែ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​អ្នក​បំរើ​ការ​នោះ​ជឿ​ទៅ? បើ​គាត់​មើល​ពួក​ពល​បរិវារ​នៅ​ស្ថាន​សួគ៌​នោះ​មិន​ឃើញ​ផង។

១២. (ក) តើ​ការ​សង្ស័យ​របស់​អ្នក​បំរើ​ការ​នោះ បាន​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា? (ខ) តើ​ដោយ​វិធី​ណា​ដែល​យើង​អាច​ដោះ​ស្រាយ​នឹង​ការ​សង្ស័យ​ផ្សេង​ៗ ដែល​យើង​ប្រហែល​ជា​មាន​នោះ?

១២ «អេលីសេ​ក៏​អធិស្ឋាន​ថា៖ ‹ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​វា​បាន​មើល​ឃើញ›។ ព្រះ​យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ភ្នែក​អ្នក​បំរើ​នោះ ហើយ​វា​ក៏​មើល​ទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ នឹង​រទេះ​ចំបាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំ​វិញ​អេលីសេ»។ ក្នុង​ករណី​នោះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​អ្នក​បំរើ​ការ​នោះ​មើល​ឃើញ​នូវ​ពល​ទ័ព​ស្ថាន​សួគ៌ ដែល​បាន​ការ​ពារ​អេលីសេ។ ក៏​ប៉ុន្តែ យើង​មិន​គួរ​សង្ឃឹម​នឹង​ទទួល​ជំនួយ​ដូច​គ្នា​ពី​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ​ទេ។ សូម​ចង​ចាំ​ថា អ្នក​បំរើ​ការ​របស់​ព្យាការី​នេះ មិន​មាន​ព្រះ​គម្ពីរ​ទាំង​មូល​ដើម្បី​សិក្សា​និង​ពង្រឹង​នូវ​ជំនឿ​របស់​គាត់​ទេ។ តែ​យើង​មាន​ព្រះ​គម្ពីរ។ បើ​យើង​ប្រើ​ព្រះ​គម្ពីរ​ឲ្យ​បាន​ច្រើន ជំនឿ​របស់​យើង​ត្រូវ​បាន​ពង្រឹង​ឡើង​ដូច​គ្នា​ដែរ។ ជា​ឧទាហរណ៍ យើង​អាច​ជញ្ជឹង​គិត​ពី​កំណត់​ហេតុ​ទាំង​ប៉ុន្មាន ដែល​ពណ៌នា​អំពី​ព្រះ​យេហូវ៉ា​ក្នុង​ដំណាក់​ទ្រង់​នៅ​ស្ថាន​សួគ៌។ សេចក្ដី​ទាំង​ប៉ុន្មាន​នោះ​ដក​នូវ​ហេតុ​សង្ស័យ​ចេញ ស្តី​អំពី​អង្គការ​របស់​ព្រះ​យេហូវ៉ា​ដែល​ពិត​ជា​មាន​នៅ​ស្ថាន​សួគ៌ ហើយ​កំពុង​តែ​គាំទ្រ​ពួក​អ្នក​បំរើ​ទ្រង់ ដើម្បី​ធ្វើ​ការ​អប់រំ​ទូទាំង​ពិភព​លោក​នៅ​សព្វ​ថ្ងៃ​នេះ។—អេសាយ ៦:១​-​៤; អេសេគាល ១:៤​-​២៨; ដានីយ៉ែល ៧:៩, ១០; វិវរណៈ ៤:១​-​១១; ១៤:៦, ៧

ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ឧបាយ​កល​របស់​សាតាំង!

១៣. តើ​តាម​រយៈ​មធ្យោបាយ​ណា ដែល​សាតាំង​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​សេចក្ដី​ពិត​ដែល​យើង​កាន់​តាម​ទៅ​ជា​ខ្សោយ​ទៅ​ៗ​នោះ?

១៣ តើ​មធ្យោបាយ​ណា​ទៀត​ដែល​សាតាំង​មាន ដើម្បី​ធ្វើ​ឲ្យ​ភាព​ខាង​វិញ្ញាណ​របស់​យើង​និង​ការ​កាន់​តាម​សេចក្ដី​ពិត​ទៅ​ជា​ខ្សោយ​នោះ? របៀប​មួយ​គឺ​ជា​អំពើ​ឥត​សីលធម៌ ដែល​មាន​លក្ខណៈ​ច្រើន​បែប​ច្រើន​យ៉ាង។ ក្នុង​លោកីយ៍​ដែល​វក់​តែ​នឹង​ការ​រួម​រក្ស​បច្ចុប្បន្ន​នេះ អ្វី​ដែល​គេហៅ​ថា មាន​សហាយ(ដែល​ជា​ពាក្យ​ពីរោះ​ជាង​ថា ការ​ក្បត់​ប្ដី​ប្រពន្ធ) ឬ​ក៏​ការ​រួម​រក្ស​តែ​មួយ​យប់ (គឺ​ការ​រួម​ដំណេក​ដែល​ឥត​ទទួល​ខុស​ត្រូវ) បាន​ក្លាយ​ជា​របស់​ធម្មតា​វិញ ចំពោះ​មនុស្ស​តម្រេក​និយម​មួយ​ដំណ​នេះ ដែល​មាន​តែ​ចិត្ត​ចង់​លេង​សប្បាយ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ។ ភាពយន្ត ទូរទស្សន៍ និង​វីដេអូ​និមួយ​ៗ ក៏​លើក​ដំកើង​របៀប​រស់​នៅ​បែប​នេះ​ដែរ។ ការ​និពន្ធ​រឿង​អាសអាភាស​ក៏​មាន​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់ តាម​រយៈ​សំ​ភារៈ​ឃោសនា ជា​ពិសេស​តាម​ប្រព័ន្ធ​អ៊ិនថឺណិត។ មាន​ការ​ល្បង​ល​មែន​ចំពោះ​អស់​អ្នក​ដែល​ចង់​ឮ​ចង់​ដឹង។—ថែស្សាឡូនីច​ទី​១ ៤:៣​-​៥; យ៉ាកុប ១:១៣​-​១៥

១៤. ហេតុ​អ្វី​បាន​ជា​ពួក​គ្រីស្ទាន​ខ្លះ​បាន​ចុះ​ចាញ់​នឹង​ឧបាយ​កល​របស់​សាតាំង?

១៤ ពួក​គ្រីស្ទាន​ខ្លះ​បាន​អនុញ្ញាត​ឲ្យ​ចិត្ត​ចង់​ឮ​ចង់​ដឹង​មាន​អានុភាព​លើ​គេ ហើយ​បាន​នាំ​ឲ្យ​គេ​មាន​ចិត្ត​គំនិត​ដ៏​ក្រខ្វក់ ដោយ​ទស្សនា​រូប​អាសអាភាស​មិន​ថា​រូប​ជាក់​ច្បាស់​ឬ​មិន​ច្បាស់​ក៏​ដោយ។ ពួក​គេ​បាន​អនុញ្ញាត​ឲ្យ​ខ្លួន​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​របស់​សាតាំង​ដ៏​ទាក់​ទាញ​ចិត្ត។ ការ​ធ្វើ​ដូច្នេះ​ច្រើន​តែ​នាំ​ឲ្យ​ខូច​បង់​ខាង​វិញ្ញាណ​វិញ។ មនុស្ស​បែប​នេះ​បាន​ខក​ខាន​រក្សា​ខ្លួន​ឲ្យ‹នៅ​ខ្ចី​ខាង​ឯ​បំណង​អាក្រក់›។ ពួក​គេ​មិន​បាន​ក្លាយ‹ជា​មនុស្ស​ពេញ​អាយុ ខាង​ឯ​គំនិត›ទេ។ (កូរិនថូស​ទី​១ ១៤:២០) ជា​រៀង​រាល់​ឆ្នាំ រាប់​ពាន់​នាក់​ទទួល​ផល​វិបាក​ដោយ​ព្រោះ​មិន​បាន​កាន់​ខ្ជាប់​នូវ​គោល​ការណ៍​និង​ខ្នាត​តម្រា​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ។ ពួក​គេ​បាន​ខាន​យក​ចិត្ត​ទុក​ដាក់​ពាក់​និង​រក្សា​ទុក​នូវ«គ្រប់​គ្រឿង​សឹក​របស់​ព្រះ»។—អេភេសូរ ៦:១០​-​១៣; កូល៉ុស ៣:៥​-​១០; ធីម៉ូថេ​ទី​១ ១:១៨, ១៩

ចូរ​ចាត់​ទុក​អ្វី​ដែល​ជា​របស់​យើង ជា​មាន​តម្លៃ

១៥. ហេតុ​អ្វី​បាន​ជា​អ្នក​ខ្លះ​ប្រហែល​ជា​ពិបាក​នឹង​អបអរ​ចំពោះ​មរតក​ខាង​វិញ្ញាណ​របស់​គេ?

១៥ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច»។ (យ៉ូហាន ៨:៣២) ស្មរបន្ទាល់​ភាគ​ច្រើន​បាន​ត្រូវ​ផ្ដាច់​ខ្លួន​ចេញ​ពី​អតីត​ផ្លូវ​ជីវិត និង​ទំនាក់​ទំនង​ខាង​សាសនា​ដែរ។ ហេតុ​នោះ​ហើយ​បាន​ជា​គេ​អាច​អបអរ​កាន់​តែ​ឆាប់​នឹង​សេរី​ភាព ដែល​មក​ពី​ផ្លូវ​ពិត​នេះ។ ផ្ទុយ​ទៅ​វិញ ពួក​យុវវ័យ​ដែល​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ដោយ​មាតា​បិតា​ដែល​កាន់​នូវ​សេចក្ដី​ពិត ក៏​ប្រហែល​ជា​ពិបាក​នឹង​អបអរ​ចំពោះ​មរតក​ខាង​វិញ្ញាណ​របស់​គេ។ ពួក​គេ​មិន​ធ្លាប់​រួម​ចំណែក​សាសនា​មិន​ពិត​ណា​មួយ ឬ​មិន​ធ្លាប់​ចូល​រួម​លោកីយ៍​នេះ​ដែល​ផ្ដោត​អារម្មណ៍​ចំពោះ​តែ​ការ​លេង​សប្បាយ ការ​ញៀន​ថ្នាំ​ផ្ដេស​ផ្ដាស និង​អំពើ​ឥត​សីលធម៌។ ជា​លទ្ធផល​នោះ ពួក​គេ​ប្រហែល​ជា​ខាន​ទទួល​ឃើញ​នូវ​ភាព​ខុស​គ្នា​ឆ្ងាយ រវាង​មនោរម្យ​ខាង​វិញ្ញាណ​របស់​យើង និង​លោកីយ៍​ដ៏​ពុក​រលួយ​របស់​សាតាំង​វិញ។ អ្នក​ខ្លះ​ប្រហែល​ជា​ព្រម​ចុះ​ចាញ់​នឹង​សេចក្ដី​ល្បួង​ដោយ​ព្រម​ភ្លក់​នូវ​សេចក្ដី​ពិស​ពុល​របស់​លោកីយ៍​នេះ ដើម្បី​ដឹង​ថា តើ​ខ្លួន​បាន​ខាន​ទទួល​អ្វី!—យ៉ូហាន​ទី​១ ២:១៥​-​១៧; វិវរណៈ ១៨:១​-​៥

១៦. (ក) តើ​យើង​អាច​សួរ​ខ្លួន​យើង​នូវ​សំនួរ​អ្វី​ខ្លះ? (ខ) តើ​យើង​ត្រូវ​បាន​បង្រៀន​និង​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​អ្វី?

១៦ តើ​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​រលាក​ម្រាម​ដៃ ដើម្បី​ដឹង​អំពី​ការ​ឈឺ​ចាប់​និង​ការ​រង​ទុក្ខ​ជា​អ្វី​ទៅ​ឬ? តើ​យើង​អាច​រៀន​ពី​បទ​ពិសោធ​ដ៏​អវិជ្ជមាន​របស់​អ្នក​ដទៃ​បាន​ឬ​ទេ? តើ​យើង​ត្រូវ​ចូល​ក្នុង«ខ្នាច»ជា​លោកីយ៍​នេះ ដើម្បី​ដឹង​ថា ខ្លួន​បាន​ខាន​ទទួល​អ្វី​មួយ​ឬ? (ពេត្រុស​ទី​២ ២:២០​-​២២) ពេត្រុស​បាន​រំឭក​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ ដែល​ធ្លាប់​រួម​ចំណែក​លោកីយ៍​របស់​សាតាំង​ថា៖ «ដែល​ពី​ដើម យើង​រាល់​គ្នា​បាន​ធ្វើ​តាម​បំណង​ចិត្ត​របស់​សាសន៍​ដទៃ ទាំង​ដើរ​ក្នុង​សេចក្ដី​អាសអាភាស ការ​ស្រើប​ស្រាល ការ​ចំណូល​ស្រា ស៊ី​ផឹក​ជ្រុល ការ​ប្រមឹក នឹង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ដែល​សុទ្ធ​តែ​ខុស​ច្បាប់ នោះ​ល្មម​ដល់​យើង​ហើយ»។ ជា​ប្រាកដ​ហើយ យើង​មិន​បាច់​ពិសោធ​នូវ«សេចក្ដី​ខូច​អាក្រក់​ដ៏​ហូរ​ហៀរ»របស់​លោកីយ៍​នេះ​ទេ ដើម្បី​ដឹង​ថា​ជីវិត​អាច​បាទ​ផ្សារ​ដល់​កំរិត​ណា​នោះ។ (ពេត្រុស​ទី​១ ៤:៣, ៤) ផ្ទុយ​ទៅ​វិញ នៅ​ឯ​សាល​ព្រះ​រាជាណាចក្រ​របស់​យើង​ដែល​ជា​មជ្ឈមណ្ឌល​អប់រំ​ខាង​ផ្នែក​ព្រះ​គម្ពីរ យើង​ទទួល​ការបង្រៀន​អំពី​ខ្នាត​តម្រា​សីលធម៌​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា​វិញ។ ហើយ​យើង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​នូវ​ការ​ចេះ​វែក​ញែក​របស់​យើង ដើម្បី​បញ្ជាក់​ទី​សំអាង​ឲ្យ​ខ្លួន​ជ្រាប​ថា យើង​មាន​សេចក្ដី​ពិត​ហើយ ក៏​ចង់​ធ្វើ​ឲ្យ​សេចក្ដី​ពិត​នោះ​ទៅ​ជា​របស់​ផង​ខ្លួន​ដែរ។—យ៉ូស្វេ ១:៨; រ៉ូម ១២:១, ២; ធីម៉ូថេ​ទី​២ ៣:១៤​-​១៧

ឈ្មោះ​របស់​យើង​មិន​គ្រាន់​តែ​ជា​ពាក្យ​ដែល​សម្គាល់​ប៉ុណ្ណោះ​ទេ

១៧. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ធ្វើ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែល​មាន​ប្រសិទ្ធិភាព?

១៧ បើ​យើង​ធ្វើ​ឲ្យ​សេចក្ដី​ពិត​ទៅ​ជា​របស់​ខ្លួន យើង​នឹង​ឆ្លៀត​ចែក​សេចក្ដី​ពិត​នេះ​ឲ្យ​អ្នក​ដទៃ​នៅ​គ្រប់​ឱកាស​ដ៏​សម​គួរ។ នេះ​មិន​មាន​ន័យ​ថា យើង​នឹង​បង្ខំ​ឲ្យ​ពួក​អ្នក​ដែល​គ្មាន​ចំណាប់​អារម្មណ៍​ទទួល​ស្ដាប់​ទេ។ (ម៉ាថាយ ៧:៦) យ៉ាង​ណា​មិញ យើង​នឹង​មិន​មាន​ចិត្ត​អៀន​ខ្មាស​ក្នុង​ការ​សម្គាល់​ខ្លួន​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទេ។ ប្រសិន​បើ​មនុស្ស​ម្នាក់​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​បន្ដិច​បន្តួច​ក៏​ដោយ ដោយ​សួរ​សំនួរ​ស្មោះ​ពី​ចិត្ត ឬ​ដោយ​ព្រម​ទទួល​ប្រកាសនវត្ថុ​មួយ​ខាង​ព្រះ​គម្ពីរ​នោះ យើង​ត្រូវ​ប្រុង​ប្រៀប​ជា​ស្រេច​ដើម្បី​ចែក​សេចក្ដី​សង្ឃឹម​របស់​យើង​ជូន​គេ។ តាម​ការ​ពិត នេះ​បាន​សេចក្ដី​ថា យើង​ត្រូវ​តែ​មាន​ឧបករណ៍​ផ្សាយ​បែប​ណា​ក៏​បាន យក​ទៅ​ជា​មួយ​យើង​ជា​និច្ច ទោះ​ជា​យើង​នៅ​កន្លែង​ណា​ក៏​ដោយ នៅ​ផ្ទះ នៅ​កន្លែង​ធ្វើ​ការ នៅ​សាលា​រៀន នៅ​ឯ​ផ្សារ ឬ​នៅ​កន្លែង​ដើរ​កំសាន្ត​ជា​ដើម។—ពេត្រុស​ទី​១ ៣:១៥

១៨. តើ​ការ​សម្គាល់​ខ្លួន​យ៉ាង​ជាក់​ច្បាស់​ជា​គ្រីស្ទាន អាច​មាន​ប្រយោជន៍​យ៉ាង​ណា​ក្នុង​ជីវិត​របស់​យើង?

១៨ នៅ​ពេល​ដែល​យើង​សម្គាល់​ខ្លួន​យ៉ាង​ជាក់​ច្បាស់​ជា​ពួក​គ្រីស្ទាន​ហើយ យើង​ត្រូវ​ពង្រឹង​នូវ​របៀប​ដែល​ខ្លួន​អាច​ត​ទល់​ទាស់​នឹង​ការ​វាយ​លុក​ដ៏​ឆបោក​របស់​សាតាំង។ បើ​គេ​ជប់​លៀង​ធ្វើ​បុណ្យ​ខួប​កំណើត បុណ្យ​ណូអែល ឬ​លេង​ឆ្នោត​ក្នុង​ការិយាល័យ​ធ្វើ​ការ​នោះ ពួក​អ្នក​ធ្វើ​ការ​គ្នា​ឯង​នឹង​ច្រើន​តែ​និយាយ​ថា៖ «មិន​បាច់​អញ្ជើញ​គាត់​ទេ។ គាត់​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា»។ ដោយ​ហេតុ​ដូច​នេះ​ហើយ គេ​មិន​សូវ​ហ៊ាន​និយាយ​លេង​សើច​បែប​អាសអាភាស​នៅ​ពី​មុខ​យើង​ទេ។ ដូច្នេះ​ហើយ ការ​ប្រាប់​ឲ្យ​គេ​ស្គាល់​ជំហរ​របស់​យើង​ជា​គ្រីស្ទាន ក៏​មាន​ប្រយោជន៍​ក្នុង​ជីវិត​របស់​យើង ដូច​ជា​សាវ័ក​ពេត្រុស​បាន​បញ្ជាក់​ដែរ​ដោយ​ថា៖ «បើ​អ្នក​រាល់​គ្នា​ឧស្សាហ៍​នឹង​ប្រព្រឹត្ត​ការ​ល្អ នោះ​តើ​មាន​អ្នក​ណា​នឹង​ធ្វើ​បាប​ដល់​អ្នក​រាល់​គ្នា? តែ​បើ​អ្នក​រាល់​គ្នា​ត្រូវ​រង​ទុក្ខ ដោយ​ព្រោះ​សេចក្ដី​សុចរិត​វិញ នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ពិត»។—ពេត្រុស​ទី​១ ៣:១៣, ១៤

១៩. តើ​ដោយ​ដូច​ម្ដេច​បាន​ជា​យើង​ដឹង​ថា យើង​កំពុង​តែ​រស់​នៅ​គ្រា​ជាន់​ក្រោយ​បង្អស់​ណាស់​ហើយ​នោះ?

១៩ ផល​ប្រយោជន៍​ម្យ៉ាង​ទៀត​ដែល​យើង​ទទួល​ពី​ការ​ធ្វើ​ឲ្យ​សេចក្ដី​ពិត​ទៅ​ជា​របស់​ផង​ខ្លួន​គឺ​ថា យើង​នឹង​ជឿ​ស៊ប់​ថា នេះ​ពិត​ជា​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នៃ​របប​បច្ចុប្បន្នកាល​នេះ។ យើង​នឹង​ដឹង​ថា បទ​ទំនាយ​ជា​ច្រើន​ក្នុង​ព្រះ​គម្ពីរ​កំពុង​តែ​មក​ដល់​ការ​សម្រេច​ផ្ដាច់​ព្រាត់​នៅ​គ្រា​យើង​នេះ។ a ការ​ព្រមាន​របស់​ប៉ុល​ដែល​ថា៖ «នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក​ណាស់» នោះ​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ច្បាស់​ដោយ​ព្រឹត្ដិការណ៍​ដ៏​អាក្រក់​ជួជាតិ ក្នុង​កំឡុង​ពេល​មួយ​សតវត្ស​កន្លង​ទៅ​ហើយ​នេះ។ (ធីម៉ូថេ​ទី​២ ៣:១​-​៥; ម៉ាកុស ១៣:៣​-​៣៧) ក្នុង​កាសែត​មួយ អត្ថបទ​ថ្មី​ៗ​នេះ​ស្តី​អំពី​សតវត្ស​ទី​២០ មាន​ចំណង​ជើង​ថា៖ «គេ​នឹង​បាន​នឹក​ចាំ​ពី​សតវត្ស​ទី​២០​ជា​គ្រា​អាប់​ឱន​ដ៏​ថោក​ទាប»។ អត្ថបទ​នោះ​បាន​ចែង​ថា៖ «ក្នុង​កំឡុង​ពេល​មួយ​សតវត្ស​ដែល​គេ​បាន​សម្លាប់​គ្នា​មាន​ចំនួន​ច្រើន​ជាង​សតវត្ស​មុន​ៗ នោះ​ឆ្នាំ​១៩៩៩​បាន​ក្លាយ​ជា​ឆ្នាំ​ដែល​គេ​បាន​សម្លាប់​គ្នា​ច្រើន​បំផុត តាំង​ពី​ពាក់​កណ្ដាល​សតវត្ស​នោះ​ឯង»។

២០. តើ​ពេល​ឥឡូវ​នេះ ជា​គ្រា​គួរ​មាន​សកម្មភាព​បែប​ណា?

២០ នេះ​មិន​មែន​ជា​គ្រា​ស្ទាក់​ស្ទើរ​ទេ។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​កំពុង​តែ​ប្រទាន​ពរ​មក​លើ​កិច្ច​ការ​អប់រំ​ខាង​ផ្នែក​ព្រះ​គម្ពីរ ដែល​ជា​ការ​អប់រំ​ដ៏​ឧត្តម​បំផុត​ដែល​ធ្វើ​ឡើង​ទូទាំង​ផែនដី ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍។ (ម៉ាថាយ ២៤:១៤) ចូរ​ធ្វើ​ឲ្យ​សេចក្ដី​ពិត​ទៅ​ជា​របស់​ខ្លួន និង​ចែក​សេចក្ដី​នោះ​ឲ្យ​អ្នក​ដទៃ​ដែរ។ អនាគត​ដ៏​អនន្ត​របស់​អ្នក ក៏​ពឹង​ពាក់​ទៅ​លើ​អ្វី​ដែល​អ្នក​ធ្វើ​នៅ​ពេល​ឥឡូវ​នេះ​ដែរ។ ការ​ខ្ជី​ខ្ជា​នឹង​មិន​នាំ​ឲ្យ​មាន​ប្រសិទ្ធិពរ​ពី​ព្រះ​យេហូវ៉ា​បាន​ឡើយ។ (លូកា ៩:៦២) ផ្ទុយ​ទៅ​វិញ នេះ​ជា​គ្រា​ឲ្យ​នៅ«ខ្ជាប់​ខ្ជួន ដោយ​ឥត​រង្គើ ទាំង​ធ្វើ​ការ​ព្រះ​អម្ចាស់ ឲ្យ​បរិបូរ​ជា​ដរាប​ចុះ ដោយ​ដឹង​ថា ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះ​អម្ចាស់ នោះ​មិន​មែន​ឥត​ប្រយោជន៍​ទេ»។—កូរិនថូស​ទី​១ ១៥:៥៨

[កំណត់​សម្គាល់]

a សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០០០ ទំព័រ​២០​-​២១ វគ្គ​ទី​១៣​-​១៨​សើរើ​ឡើង​វិញ​នូវ​ទី​សំអាង​ដ៏​ជាក់​ច្បាស់​ប្រាំ​មួយ​យ៉ាង​ដែល​បង្ហាញ​ថា តាំង​ពី​ឆ្នាំ​១៩១៤​យើង​កំពុង​តែ​រស់​ក្នុង​គ្រា​ជាន់​ក្រោយ​បង្អស់។

តើ​អ្នក​នៅ​នឹក​ចាំ​ទេ?

តើ​យើង​អាច​លុប​បំបាត់​ចោល​នូវ​ការ​សង្ស័យ​ដោយ​របៀប​ណា?

តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​អ្នក​បំរើ​ការ​លោក​អេលីសេ?

តើ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​នឹង​សេចក្ដី​ល្បួង​ណា​ខ្លះ​ខាង​សីលធម៌?

ហេតុ​អ្វី​បាន​ជា​យើង​គួរ​សម្គាល់​ខ្លួន​យ៉ាង​ជាក់​ច្បាស់​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​៨]

ការ​អាន​ព្រះ​គម្ពីរ​និង​សេចក្ដី​អធិស្ឋាន​ជា​ទៀង​ទាត់​នោះ អាច​ជួយ​លុប​បំបាត់​ចោល​នូវ​ការ​សង្ស័យ​ផ្សេង​ៗ

[រូប​ភាព​នៅ​ទំព័រ​៩]

ការ​សង្ស័យ​របស់​អ្នក​បំរើ​ការ​លោក​អេលីសេ គឺ​បាន​ត្រូវ​ដោះ​ស្រាយ​ចេញ​ដោយ​ចក្ខុនិមិត្ត​មួយ

[រូប​ភាព​នៅ​ទំព័រ​១០]

យើង​ទទួល​ការ​បង្រៀន​អំពី​ខ្នាត​តម្រា​សីលធម៌​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា នៅ​ឯ​សាល​ព្រះ​រាជាណាចក្រ​និមួយ​ៗ ដូច​សាល​នេះ​នៅ​ឯ​ប្រទេស​បេណាំង