ថ្ងៃជំនុំជំរះរបស់ព្រះយេហូវ៉ាគឺជិតមកដល់ហើយ!
ថ្ងៃជំនុំជំរះរបស់ព្រះយេហូវ៉ាគឺជិតមកដល់ហើយ!
«ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់ គឺបានមកជិតហើយ ក៏ប្រញឹកណាស់ដែរ»។—សេផានា ១:១៤
១. តើសេចក្ដីព្រមានអ្វីដែលព្រះមានបន្ទូលមក តាមរយៈព្យាការីសេផានា?
ព្រះយេហូវ៉ាហៀបនឹងចាប់ផ្ដើមប្រឆាំងពួកមនុស្សអាក្រក់។ ចូរស្ដាប់ចុះ! នេះជាសេចក្ដីព្រមានរបស់ទ្រង់ គឺថា៖ «អញនឹងរំលីង . . . មនុស្ស . . . អញនឹងកាត់ផ្ដិលមនុស្សពីលើផែនដីចេញ»។ (សេផានា ១:៣) ពាក្យទាំងនោះរបស់ព្រះយេហូវ៉ាជាព្រះអម្ចាស់មហាក្សត្រ បានមានបន្ទូលមកតាមរយៈព្យាការីសេផានា ប្រហែលជាចៅលួតនៃស្តេចដ៏ស្មោះត្រង់មួយអង្គ ព្រះនាមហេសេគា។ សេចក្ដីប្រកាសនោះដែលបានថ្លែងនៅសម័យនៃស្តេចយ៉ូសៀស ដែលជាស្តេចដ៏ល្អមួយអង្គ គឺឥតបានទាយប្រាប់នូវលទ្ធផលដ៏ល្អសំរាប់ពួកមនុស្សអាក្រក់ ដែលកំពុងតែរស់នៅក្នុងប្រទេសយូដានោះទេ។
២. ហេតុអ្វីបានជាការប្រព្រឹត្តរបស់យ៉ូសៀសមិនបានបង្ការថ្ងៃជំនុំជំរះរបស់ព្រះយេហូវ៉ា?
២ ទំនាយរបស់សេផានាប្រាកដជាបានធ្វើឲ្យយុវបុរសយ៉ូសៀស បានដឹងកាន់តែខ្លាំងឡើងនូវតម្រូវការឲ្យកំចាត់ចោលការថ្វាយបង្គំដ៏ស្មោកគ្រោកចេញពីប្រទេសយូដា។ ក៏ប៉ុន្តែ ការប្រព្រឹត្តរបស់ស្តេចនេះ ដើម្បីកំចាត់ចេញពីប្រទេសនូវសាសនាមិនពិត មិនបានដកចេញនូវអំពើអាក្រក់ជួជាតិទាំងអស់ចេញពីប្រជាជន ឬបានលាងអំពើបាបទាំងប៉ុន្មានដែលស្តេចម៉ាន៉ាសេជាជីតារបស់ទ្រង់បានធ្វើ ដែលបាន«ធ្វើឲ្យក្រុងយេរូសាឡិម ពេញដោយឈាមដែលឥតទោសនោះ»ទេ។ (ពង្សាវតារក្សត្រទី២ ២៤:៣,៤; របាក្សត្រទី២ ៣៤:៣) ដូច្នេះថ្ងៃជំនុំជំរះរបស់ព្រះយេហូវ៉ានឹងមកដល់ជាពុំខាន។
៣. តើយ៉ាងដូចម្ដេចដែលយើងដឹងប្រាកដក្នុងចិត្តថា នឹងអាចរួចរស់ជីវិតពី«ថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា»បាន?
៣ ប៉ុន្តែ នឹងមានពួកអ្នករួចរស់ជីវិតពីថ្ងៃគួរឲ្យស្ញែងខ្លាចនោះ។ ដូច្នេះហើយ ព្យាការីរបស់ព្រះបានដាស់តឿនថា៖ «មុនកំណត់ដែលត្រូវសំរេចតាមច្បាប់ គឺមុនដែលថ្ងៃនោះកន្លងបាត់ទៅដូចជាអង្កាម មុនដែលសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ាមកលើអ្នករាល់គ្នា។ អើ! មុនដែលថ្ងៃមកដល់ ក្នុងកាលដែលសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាមកលើអ្នករាល់គ្នា អស់អ្នករាបសានៅផែនដីដែលរក្សាអស់ទាំងបញ្ញត្តច្បាប់របស់ព្រះយេហូវ៉ាអើយ! ចូរស្វែងរកទ្រង់ ចូរស្វែងរកសេចក្ដីសុចរិត ចូរស្វែងរកសេចក្ដីសុភាពចុះ ប្រហែលជាអ្នករាល់គ្នានឹងបានបាំងទុក នៅក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាទេដឹង»។ (សេផានា ២:២,៣) ដោយនឹកចាំសេចក្ដីសង្ឃឹមនៃការរួចរស់ជីវិតក្នុងកំឡុងថ្ងៃជំនុំជំរះរបស់ព្រះយេហូវ៉ា សូមឲ្យយើងពិនិត្យមើលនូវសៀវភៅមួយក្នុងព្រះគម្ពីរគឺសេផានា។ សៀវភៅនេះបានត្រូវសរសេរនៅប្រទេសយូដា មុនឆ្នាំ៦៤៨ ម.ស.យ. ហើយនេះជាផ្នែកនៃ«ពាក្យទំនាយ»របស់ព្រះ ដែលយើងរាល់គ្នាគួរប្រុងស្មារតីអស់ពីចិត្តនោះ។—ពេត្រុសទី២ ១:១៩
ព្រះយេហូវ៉ាលើកព្រះហស្តរបស់ទ្រង់
៤, ៥. តើសេផានា ១:១-៣ បានសម្រេចលើពួកមនុស្សអាក្រក់នៅប្រទេសយូដាយ៉ាងដូចម្ដេច?
៤ «ព្រះបន្ទូលនៃព្រះយេហូវ៉ា»ដែលមកដល់សេផានា ចាប់ផ្ដើមដោយពាក្យព្រមាន ដែលរៀបរាប់មុននេះ។ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា៖ ‹អញនឹងរំលីងរបស់ទាំងអស់ឲ្យបាត់ពីលើផែនដីទៅ›។ អញនឹងរំលីងទាំងមនុស្សនឹងសត្វ ក៏នឹងរំលីងទាំងសត្វហើរលើអាកាស នឹងត្រីនៅសមុទ្រ ព្រមទាំងរបស់អ្វីដែលនាំឲ្យរវាតចិត្ត ជាមួយនឹងពួកមនុស្សអាក្រក់ផង។ គឺអញនឹងកាត់ផ្ដិលមនុស្សពីលើផែនដីចេញ។ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា»។—សេផានា ១:១-៣
៥ ត្រូវហើយ ព្រះយេហូវ៉ានឹងនាំមកដល់នូវទីបញ្ចប់នៃអំពើអាក្រក់ជួជាតិដ៏លាមក នៅក្នុងប្រទេសយូដា។ តើព្រះទ្រង់នឹងប្រើអ្នកណាដើម្បី«រំលីងរបស់ទាំងអស់ឲ្យបាត់ពីលើផែនដីទៅ?»។ តាមមើលទៅ ដោយព្រោះសេផានាបានទាយក្នុងកំឡុងពេលនៃដើមការសោយរាជ្យរបស់ស្តេចយ៉ូសៀស ដែលបានចាប់ផ្ដើមនៅឆ្នាំ៦៥៩ ម.ស.យ. ពាក្យទំនាយទាំងនោះបានសម្រេច ពេលប្រទេសយូដានិងរាជធានីក្រុងយេរូសាឡិមបានត្រូវទទួលការហិនហោច ក្រោមកណ្ដាប់ដៃនៃពួកបាប៊ីឡូននៅឆ្នាំ៦០៧ ម.ស.យ.។ នៅពេលនោះ គឺមាន‹ការបំបាត់អស់›ពួកមនុស្សអាក្រក់នៅក្នុងប្រទេសយូដា។
៦-៨. តើសេផានា ១:៤-៦ បានទាយប្រាប់អំពីអ្វី? ហើយតើទំនាយនោះបានត្រូវសម្រេចយ៉ាងណា នៅក្នុងប្រទេសយូដាពីបុរាណ?
៦ ដោយទាយអំពីការប្រព្រឹត្តរបស់ព្រះប្រឆាំងនឹងពួកអ្នកថ្វាយបង្គំក្លែងក្លាយ នោះសេផានា ១:៤-៦ ចែងថា៖ «អញនឹងលូកដៃទៅលើស្រុកយូដា ហើយលើពួកអ្នកនៅក្រុងយេរូសាឡិមទាំងប៉ុន្មានដែរ ក៏នឹងកាត់ផ្ដិលសំណល់របស់ព្រះបាល ពីទីនេះចេញ ព្រមទាំងឈ្មោះពួកអ្នកធ្វើការងារចំពោះរូបព្រះជាមួយនឹងពួកសង្ឃផង។ នឹងពួកអ្នកដែលឡើងទៅលើដំបូលផ្ទះ ដើម្បីថ្វាយបង្គំដល់ពលបរិវារនៅលើមេឃ ហើយពួកអ្នកដែលថ្វាយបង្គំ គឺដែលស្បថដល់ទាំងព្រះយេហូវ៉ា នឹងដល់ព្រះម៉ូឡុកផង ហើយពួកអ្នកដែលបានរាថយ ចេញពីការគោរពតាមព្រះយេហូវ៉ា នឹងពួកអ្នកដែលមិនបានស្វែងរកព្រះយេហូវ៉ា ឬស៊ើបសួរតាមទ្រង់សោះ»។
៧ ព្រះហស្តរបស់ព្រះយេហូវ៉ាបានលើកឡើងប្រឆាំងនឹងប្រជាជននៅប្រទេសយូដានិងទីក្រុងយេរូសាឡិម។ ទ្រង់បានប្ដេជ្ញានឹងកំទេចចោលពួកអ្នកថ្វាយបង្គំព្រះបាល ដែលជាព្រះបង្កកំណើតរបស់សាសន៍កាណាន។ ព្រះផ្សេងៗទៀតក៏បានត្រូវហៅថាព្រះបាលដែរ ពីព្រោះពួកអ្នកថ្វាយបង្គំនោះបានគិតថា ព្រះទាំងនោះមានអានុភាពលើតំបន់ណាមួយ។ ជាឧទាហរណ៍ គឺមានការថ្វាយបង្គំព្រះបាលដោយពួកម៉ូអាប់ និងពួកម៉ាឌាននៅឯភ្នំពេអរ។ (ជនគណនា ២៥:១, ៣, ៦) ទូទាំងប្រទេសយូដា ព្រះយេហូវ៉ានឹងកំទេចចោលពួកសង្ឃដែលថ្វាយបង្គំព្រះបាល ព្រមទាំងពួកលេវីដ៏ជាសង្ឃមិនស្មោះត្រង់ ដែលបំពានលើក្រិត្យវិន័យរបស់ព្រះ ដោយចូលសេពគប់ជាមួយនឹងពួកគេ។—និក្ខមនំ ២០:២, ៣
៨ ព្រះយេហូវ៉ាក៏នឹងកំទេចចោលអស់អ្នក‹ដែលថ្វាយបង្គំដល់ពលបរិវារនៅលើមេឃ› ដែលតាមមើលទៅ គឺកាន់តាមហោរាសាស្ត្រនិងថ្វាយបង្គំព្រះអាទិត្យ។ (ពង្សាវតារក្សត្រទី២ ២៣:១១; យេរេមា ១៩:១៣; ៣២:២៩) សេចក្ដីខ្ញាល់របស់ព្រះនឹងជះទៅលើអស់អ្នក ដែលរួមបញ្ចូលការថ្វាយបង្គំពិត ជាមួយនឹងសាសនាមិនពិត ‹ដែលស្បថដល់ទាំងព្រះយេហូវ៉ា និងដល់ព្រះម៉ាលកាម›។ ព្រះម៉ាលកាមប្រហែលជាឈ្មោះមួយទៀតសំរាប់ព្រះម៉ូឡុក ដែលជាមេព្រះនៃពួកអាំម៉ូន។ ការថ្វាយបង្គំព្រះម៉ូឡុកបានរួមបញ្ចូលការបូជាកូនក្មេង។—ពង្សាវតារក្សត្រទី១ ១១:៥; យេរេមា ៣២:៣៥
ទីបញ្ចប់របស់ពិភពគ្រីស្ទសាសនាគឺជិតមកដល់ហើយ!
៩. (ក) តើពិភពគ្រីស្ទសាសនាមានកំហុសអ្វី? (ខ) មិនដូចពួកឥតស្មោះត្រង់នៅប្រទេសយូដា តើយើងគួរប្ដេជ្ញាចិត្តធ្វើអ្វី?
៩ រឿងទាំងនេះអាចរំឭកយើងអំពីពិភពគ្រីស្ទសាសនា ដែលជាប់ទាក់ទងយ៉ាងជ្រៅនឹងការថ្វាយបង្គំមិនពិត និងហោរាសាស្ត្រ។ ហើយមុខនាទីរបស់វាក្នុងការបូជាមនុស្សរាប់លាននាក់ក្នុងចំបាំងដែលប្រៀបដូចជាអាសនៈ ដែលបានគ្រាំទ្រដោយពួកបព្វជិត ដ៏គួរឲ្យស្អប់ខ្ពើមមែនទែន! សូមកុំឲ្យយើងធ្វើដូចជាពួកឥតស្មោះត្រង់នៅប្រទេសយូដា ដែល‹ដកខ្លួនចេញពីការដើរតាមព្រះយេហូវ៉ា› ដែលទៅជាកន្តើយនិងលែងស្វែងរកទ្រង់ ឬស្វែងរកការណែនាំរបស់ទ្រង់នោះ។ ផ្ទុយទៅវិញ សូមឲ្យយើងរក្សានូវចិត្តស្មោះគ្រប់លក្ខណ៍របស់យើងចំពោះព្រះជានិច្ច។
១០. តើអ្នកនឹងពន្យល់យ៉ាងណាអំពីសារៈសំខាន់ជាទំនាយនៅសេផានា ១:៧?
១០ ពាក្យជាបន្ទាប់របស់ព្យាការីនេះ ត្រូវម៉ាច់តែម្ដងនឹងមនុស្សប្រព្រឹត្តអាក្រក់នៅប្រទេសយូដា និងពួកមនុស្សអាក្រក់នៅសម័យយើងនេះ។ សេផានា ១:៧ ចែងថា៖ «ចូរឲ្យនៅស្ងៀមចំពោះព្រះអម្ចាស់យេហូវ៉ាចុះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាត់ចែងយញ្ញបូជា។ ទ្រង់បានរើសពួកអ្នកដែលត្រូវអញ្ជើញមកហើយ»។ តាមមើលទៅ «ពួកអ្នកដែលត្រូវអញ្ជើញមក»ទាំងនេះ គឺជាពួកខាល់ដេដែលជាសត្រូវរបស់ប្រទេសយូដា។ «យញ្ញបូជា»គឺជាប្រទេសយូដានោះតែម្ដង ដែលរួមបញ្ចូលរាជធានីនោះ។ ដូច្នេះហើយ សេផានាបានប្រកាសនូវគោលបំណងរបស់ព្រះដើម្បីកំទេចចោលទីក្រុងយេរូសាឡិម ហើយទំនាយនេះក៏ចង្អុលប្រាប់ទៅដល់សេចក្ដីហិនវិនាសនៃពិភពគ្រីស្ទសាសនាដែរ។ តាមការពិត ដោយថ្ងៃជំនុំជំរះរបស់ព្រះកាន់តែជិតណាស់ហើយនៅសព្វថ្ងៃនេះ នោះមនុស្សទាំងអស់ក្នុងលោកីយ៍គួរ«នៅស្ងៀមចំពោះព្រះអម្ចាស់យេហូវ៉ា» និងស្ដាប់អ្វីដែលទ្រង់មានបន្ទូលមកតាមរយៈ«ហ្វូងតូច»ជាអ្នកកាន់តាមព្រះយេស៊ូ ដែលបានត្រូវចាក់ប្រេងតាំង និងពួកគូកនរបស់គេ ដែលជា«ចៀមឯទៀត»របស់ទ្រង់។ (លូកា ១២:៣២; យ៉ូហាន ១០:១៦) សេចក្ដីហិនវិនាសនឹងមានមកលើអស់អ្នកដែលមិនព្រមស្ដាប់ និងដោយហេតុនោះក៏បានតាំងខ្លួនប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះរាជាណាចក្រនៃព្រះ។—ទំនុកដំកើង ២:១, ២
មិនយូរប៉ុន្មានទៀត គឺជាថ្ងៃនៃការទ្រហោយំ!
១១. តើន័យដ៏ជាគោលនៅសេផានា ១:៨-១១ គឺជាអ្វី?
១១ ស្តីអំពីថ្ងៃនៃព្រះយេហូវ៉ា នោះសេផានា ១:៨-១១ ចែងទៀតថា៖ «នៅថ្ងៃដែលថ្វាយយញ្ញបូជារបស់ព្រះយេហូវ៉ា នោះអញនឹងធ្វើទោសដល់ទាំងពួកចៅហ្វាយនឹងពួកកូនស្តេច ហើយពួកអ្នកដែលតែងខ្លួន ដោយសំលៀកបំពាក់របស់សាសន៍ដទៃផង។ នៅថ្ងៃនោះ អញនឹងធ្វើទោសដល់ពួកអ្នកដែលលោតរំលងមេទ្វារ ហើយបំពេញផ្ទះរបស់ចៅហ្វាយគេ ដោយសេចក្ដីច្រឡោតនឹងសេចក្ដីឆបោក។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះ នឹងឮសូរសំរែកពីទ្វារត្រី នឹងសូរទ្រហោយំពីឃុំទី២ ហើយសូរគ្រាំគ្រេងពីភ្នំទាំងប៉ុន្មាន។ ម្នាល ពួកអ្នកនៅម៉ាកថេសអើយ! ចូរទ្រហោយំចុះ! ពីព្រោះពួកធ្វើជំនួញទាំងប៉ុន្មានត្រូវបំផ្លាញ អស់អ្នកដែលផ្ទុកដោយប្រាក់បានត្រូវវិនាសហើយ»។
១២. តើដោយដូចម្ដេចដែលមានអ្នកខ្លះបានស្លៀក«សំលៀកបំពាក់របស់សាសន៍ដទៃ»?
១២ បន្ទាប់ពីស្តេចយ៉ូសៀសនោះនឹងមានស្តេចយ៉ូអាហាស ស្តេចយេហូយ៉ាគីម និងស្តេចយ៉ូយ៉ាគីន។ រួចមកនឹងមានការគ្រប់គ្រងរបស់ស្តេចសេដេគា ដែលបានឃើញជាក់ស្តែងដោយសេចក្ដីហិនវិនាសនៃទីក្រុងយេរូសាឡិម។ ទោះជាពួកគេប្រឈមមុខនឹងវិបត្ដិភ័យបែបនេះក៏ដោយ តែបង្ហាញឲ្យឃើញថា ពួកអ្នកខ្លះបានស្វែងរកការយល់ព្រមពីសាសន៍ទាំងឡាយដែលនៅជិតៗនោះ ដោយស្លៀក«សំលៀកបំពាក់របស់សាសន៍ដទៃ»។ ស្រដៀងគ្នាដែរ មនុស្សជាច្រើននៅសព្វថ្ងៃនេះ តាមរបៀបផ្សេងៗធ្វើឲ្យឃើញជាក់ស្តែងថា ពួកគេឥតមានចំណែកក្នុងអង្គការរបស់ព្រះយេហូវ៉ាទេ។ ដូចជាសម្ដែងឲ្យឃើញថាមានចំណែកខាងអង្គការរបស់សាតាំង នោះពួកគេនឹងត្រូវទទួលទណ្ឌកម្ម។
១៣. ស្របទៅតាមទំនាយរបស់សេផានា តើអ្វីនឹងកើតឡើង ពេលដែលពួកបាប៊ីឡូនបានវាយប្រហារទីក្រុងយេរូសាឡិមនោះ?
១៣ «នៅថ្ងៃនោះ»នៃការជំនុំជំរះសំរាប់ប្រទេសយូដា គឺស្មើនឹងថ្ងៃធ្វើការជំនុំជំរះរបស់ព្រះយេហូវ៉ាលើពួកសត្រូវទ្រង់ ដើម្បីបញ្ចប់នូវអំពើអាក្រក់ជួជាតិ និងដើម្បីសឲ្យឃើញនូវអំណាចខ្ពង់ខ្ពស់របស់ទ្រង់។ កាលដែលពួកបាប៊ីឡូនបានវាយប្រហារទីក្រុងយេរូសាឡិម នោះនឹងឮសូរសំរែកពីទ្វារត្រី។ ប្រហែលជាបានត្រូវដាក់ឈ្មោះអ៊ីចឹង ពីព្រោះនេះគឺនៅជិតផ្សារលក់ត្រី។ (នេហេមា ១៣:១៦) ពួកទ័ពបាប៊ីឡូនទាំងហ្វូងនឹងចូលតំបន់ដែលបានហៅថាឃុំទីពីរ និង«សូរគ្រាំគ្រេងពីភ្នំទាំងប៉ុន្មាន» អាចជាសញ្ញានៃសូររបស់ពួកខាល់ដេកំពុងតែមកជិត។ ពួកអ្នកនៅម៉ាកថេស ដែលប្រហែលជានៅជ្រលងថែរូពានខាងជើង នឹង«ទ្រហោយំ»។ ហេតុអ្វីបានជាពួកគេនឹងទ្រហោយំ? ពីព្រោះសកម្មភាពខាងពាណិជ្ជកម្ម ដែលរួមបញ្ចូល«អស់អ្នកដែលផ្ទុកដោយប្រាក់»នឹងសាបសូន្យអស់ទៅ។
១៤. តើការពិនិត្យមើលរបស់ព្រះចំពោះពួកអ្នកដែលអះអាងថា ជាពួកអ្នកថ្វាយបង្គំទ្រង់នឹងមានដល់កំរិតណាទៅ?
១៤ តើការពិនិត្យរបស់ព្រះយេហូវ៉ាដល់ពួកអ្នកដែលអះអាងថា ជាពួកថ្វាយបង្គំទ្រង់នឹងមានដល់កំរិតណាទៅ? ទំនាយនេះបន្តថា៖ «នៅគ្រានោះ អញនឹងឆែកឆេរក្រុងយេរូសាឡិមដោយពន្លឺចង្កៀង នោះអញនឹងធ្វើទោសដល់ពួកអ្នកដែលបានរងនៅលើកកររបស់គេ ជាពួកអ្នកដែលគិតក្នុងចិត្តថា ព្រះយេហូវ៉ានឹងមិនធ្វើ ទោះល្អឬអាក្រក់ផង។ ទ្រព្យសម្បត្ដិរបស់គេនឹងត្រូវរឹបជាន់ ហើយផ្ទះគេនឹងត្រូវចោលស្ងាត់ទទេ។ អើ! គេនឹងសង់ផ្ទះ តែមិនបានអាស្រ័យនៅទេ។ គេនឹងដាំចំការទំពាំងបាយជូរ តែមិនបានផឹកអ្វីពីនោះឡើយ»។—សេផានា ១:១២, ១៣
១៥. (ក) តើអ្វីដែលនឹងកើតឡើងដល់ពួកសង្ឃដែលជាអ្នកក្បត់ជំនឿនៅទីក្រុងយេរូសាឡិម? (ខ) តើពួកអ្នកដែលកាន់តាមសាសនាមិនពិតនៅបច្ចុប្បន្នកាលនឹងទទួលអ្វី?
១៥ ពួកសង្ឃដែលជាអ្នកក្បត់ជំនឿនៅទីក្រុងយេរូសាឡិម បានលាយបញ្ចូលការថ្វាយបង្គំព្រះយេហូវ៉ា ជាមួយនឹងសាសនាមិនពិត។ ទោះជាពួកគេមានអារម្មណ៍ផុតពីគ្រោះថ្នាក់ក៏ដោយ ព្រះទ្រង់នឹងស្វែងរកពួកគេ ដូចជាប្រើពន្លឺចង្កៀង ដែលនឹងជ្រៀតចូលភាពងងឹតខាងវិញ្ញាណ ដែលគេបានយកជាទីជ្រកពួនក្នុងនោះ។ គ្មានអ្នកណាម្នាក់នឹងគេចផុតពីសេចក្ដីប្រកាសនិងការធ្វើជំនុំជំរះរបស់ព្រះឡើយ។ ពួកអ្នកក្បត់ជំនឿដ៏ឥតកង្វល់នោះបានអាស្រ័យនៅមួយកន្លែង ដូចជាកករអាស្រ័យនៅក្នុងធុងស្រាទំពាំងបាយជូរអ៊ីចឹង។ ពួកគេមិនចង់ឲ្យមានការរំខានដោយសេចក្ដីប្រកាសអំពីអន្តរាគមន៍របស់ព្រះ លើរឿងរ៉ាវរបស់មនុស្សជាតិនោះទេ។ ក៏ប៉ុន្តែ ពួកគេនឹងគេចមិនរួចពីសេចក្ដីជំនុំជំរះរបស់ព្រះឡើយ។ ស្រដៀងគ្នាដែរ ពួកអ្នកប្រកាន់យកសាសនាមិនពិតនៅសម័យនេះ ដែលរួមបញ្ចូលពួកសមាជិកនៃពិភពគ្រីស្ទសាសនា និងអស់អ្នកដែលបានក្បត់ជំនឿចេញពីការថ្វាយបង្គំព្រះយេហូវ៉ា ក៏គេចមិនរួចពីគ្រោះថ្នាក់ឡើយ។ ដោយបដិសេធថានេះជាថ្ងៃ«ជាន់ក្រោយបង្អស់» នោះពួកគេគិតក្នុងចិត្តថា៖ «ព្រះយេហូវ៉ានឹងមិនធ្វើ ទោះល្អឬអាក្រក់ផង»។ ពួកគេគឺគិតខុសស្រឡះហើយហ្ន៎!—ធីម៉ូថេទី២ ៣:១-៥; ពេត្រុសទី២ ៣:៣, ៤, ១០
១៦. តើអ្វីបានកើតមានឡើងពេលដែលព្រះបានធ្វើការជំនុំជំរះនូវប្រទេសយូដានោះ? ហើយតើការយល់ដឹងអំពីរឿងនោះគួរមានឥទ្ធិពលអ្វីលើយើង?
១៦ ពួកអ្នកក្បត់ជំនឿនៅប្រទេសយូដាបានត្រូវព្រមានថា ពួកបាប៊ីឡូននឹងលួចប្លន់ទ្រព្យសម្បត្ដិរបស់គេ ធ្វើឲ្យហិនហោចដល់ផ្ទះសម្បែងរបស់គេ និងយកផលពីចំការទំពាំងបាយជូររបស់គេ។ វត្ថុទ្រព្យនឹងឥតមានតម្លៃសោះ ពេលដែលសេចក្ដីជំនុំជំរះរបស់ព្រះបានសម្រេចលើប្រទេសយូដានោះ។ នៅពេលដែលថ្ងៃជំនុំជំរះរបស់ព្រះយេហូវ៉ាមានមកលើរបបលោកីយ៍សម័យនេះ ក៏នឹងមានដូចគ្នាដែរ។ ដូច្នេះហើយ សូមឲ្យយើងមានទស្សនវិស័យខាងវិញ្ញាណវិញ និង‹ប្រមូលទ្រព្យសម្បត្ដិទុកនៅស្ថានសួគ៌› ដោយខំរក្សាទុកកិច្ចបំរើរបស់ព្រះយេហូវ៉ា ឲ្យមានអាទិភាពក្នុងជីវិតរបស់យើង!—ម៉ាថាយ ៦:១៩-២១, ៣៣
«ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់»
១៧. យោងទៅតាមសេផានា ១:១៤-១៦ តើថ្ងៃជំនុំជំរះរបស់ព្រះយេហូវ៉ាគឺជិតមកដល់យ៉ាងណាហើយ?
១៧ តើថ្ងៃជំនុំជំរះរបស់ព្រះយេហូវ៉ាគឺជិតមកដល់យ៉ាងណាហើយ? យោងទៅតាមសេផានា ១:១៤-១៦ នោះព្រះបានប្រទាននូវការធានារ៉ាប់រងនេះថា៖ «ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់ គឺបានមកជិតហើយ ក៏ប្រញឹកណាស់ដែរ គឺឮសូរថ្ងៃនៃព្រះយេហូវ៉ាហើយ វេលានោះ ពួកមនុស្សខ្លាំងពូកែ នឹងស្រែកឡើងយ៉ាងជូរចត់ ថ្ងៃនោះជាថ្ងៃនៃសេចក្ដីខ្ញាល់ក្រោធ គឺជាថ្ងៃដ៏វេទនា ហើយមានទុក្ខ ជាថ្ងៃបំផ្លាញ ហើយរំលាង ជាថ្ងៃងងឹត ហើយស្រអាប់ ជាថ្ងៃមេឃមីរស្រទំ ហើយងងឹតយ៉ាងក្រាស់ ជាថ្ងៃឮសូរត្រែ នឹងសំរែកដ៏ពន្លឹក ទាស់នឹងក្រុងដែលមានគ្រឿងការពារ ហើយទាស់នឹងកំផែងយ៉ាងខ្ពស់»។
១៨. ហេតុអ្វីបានជាយើងពុំគួរសន្និដ្ឋានថា ថ្ងៃជំនុំជំរះរបស់ព្រះយេហូវ៉ានឹងកើតឡើងនៅអនាគតដ៏យូរអង្វែងនោះ?
១៨ ពួកសង្ឃ ពួកស្តេច និងប្រជាជនដ៏អាក្រក់នៅប្រទេសយូដា បានត្រូវព្រមានថា«ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់»។ ចំពោះប្រទេសយូដាវិញ នោះ‹ថ្ងៃរបស់ព្រះយេហូវ៉ានឹងមកដល់ក្នុងពេលឆាប់ៗ›។ នៅក្នុងសម័យយើងនេះក៏ស្រដៀងគ្នាដែរ ចូរកុំឲ្យអ្នកណាម្នាក់គិតថា សេចក្ដីជំនុំជំរះរបស់ព្រះយេហូវ៉ាមកលើពួកមនុស្សអាក្រក់ជួជាតិ នឹងកើតឡើងនៅអនាគតដ៏យូរអង្វែងនោះទេ។ ផ្ទុយទៅវិញ ដូចជាព្រះបានប្រព្រឹត្តយ៉ាងរហ័សចំពោះប្រទេសយូដា នោះទ្រង់ក៏នឹង‹ធ្វើឲ្យបានប្រញាប់›ដល់ថ្ងៃជំនុំជំរះរបស់ទ្រង់ដែរ។ (វិវរណៈ ១៦:១៤, ១៦) នេះជាគ្រានៃសេចក្ដីរងទុក្ខវេទនាយ៉ាងណាទៅហ្ន៎! ចំពោះអស់អ្នកដែលធ្វើកន្តើយនឹងសេចក្ដីព្រមានរបស់ព្រះយេហូវ៉ា ដែលឥតកាន់តាមការថ្វាយបង្គំពិត ដែលបានផ្ដល់មកតាមរយៈពួកស្មរបន្ទាល់ទ្រង់។
១៩, ២០. (ក) តើការសម្រេចនូវសេចក្ដីខ្ញាល់របស់ព្រះមកលើប្រទេសយូដានិងទីក្រុងយេរូសាឡិម បានមានទិដ្ឋភាពយ៉ាងណាខ្លះ? (ខ) ដោយដឹងនូវសេចក្ដីហិនវិនាសដែលធ្វើឡើងដោយសំរិតសំរាំង តើមានសំនួរអ្វីដែលបានសួរឡើង?
១៩ ការសម្រេចនូវសេចក្ដីខ្ញាល់របស់ព្រះមកលើប្រទេសយូដានិង ទីក្រុងយេរូសាឡិម គឺជា«ថ្ងៃដ៏វេទនា ហើយមានទុក្ខ»។ ពួករុករានសាសន៍បាប៊ីឡូនបានបណ្ដាលឲ្យមានការរងទុក្ខវេទនាជាច្រើន ដល់ប្រជាជននៅប្រទេសយូដា រួមបញ្ចូលការឈឺចាប់យ៉ាងខ្លាំងខាងគំនិត ពេលប្រឈមមុខនឹងសេចក្ដីស្លាប់និងសេចក្ដីហិនវិនាសនោះ។ «ថ្ងៃបំផ្លាញ ហើយរំលាង»នោះ គឺជាថ្ងៃដ៏ងងឹត ដែលមានពពក ងងឹតអាប់អួរ។ ប្រហែលជាមិនគ្រាន់តែជាអត្ថបដិរូបប៉ុណ្ណោះ ក៏ប៉ុន្តែគឺពិតមែនទែនផងដែរ ដ្បិតមានផ្សែងនិងការសម្លាប់រង្គាលគ្រប់កន្លែង។ នោះគឺជា«ថ្ងៃឮសូរត្រែ នឹងសំរែកដ៏ពន្លឹក» ប៉ុន្តែសេចក្ដីព្រមានទាំងប៉ុន្មានបានបន្លឺឡើងដោយគ្មានប្រយោជន៍ទេ។
២០ ពួកអ្នកយាមរបស់ទីក្រុងយេរូសាឡិម ឥតបានមានសមត្ថភាពធ្វើអ្វីឡើយ កាលដែលប្រដាប់បុកទម្លាយទ្វារកំផែងរបស់ពួកបាប៊ីឡូន បានរំលំ«កំផែងយ៉ាងខ្ពស់»។ សំណង់ការពាររបស់របបលោកីយ៍ដ៏អាក្រក់ជួជាតិនៅសម័យនេះ ក៏គ្មានប្រយោជន៍អ៊ីចឹងដែរ ដើម្បីទាស់នឹងសាស្ដ្រាវុធដែលមានក្នុងឃ្លាំងអាវុធរបស់ព្រះនៅស្ថានសួគ៌ ដែលប្រុងប្រៀបជាស្រេចដើម្បីឲ្យទ្រង់ប្រើក្នុងសេចក្ដីហិនវិនាស ដែលធ្វើឡើងដោយសំរិតសំរាំង។ តើអ្នកសង្ឃឹមឲ្យបានសង្គ្រោះឬទេ? តើអ្នកបានកាន់ជំហរដ៏មុតមាំខាងព្រះយេហូវ៉ា ដែល«រមែងការពារអស់អ្នកដែលស្រឡាញ់ទ្រង់ តែនឹងបំផ្លាញពួកមនុស្សអាក្រក់វិញ»ឬទេ?។—ទំនុកដំកើង ១៤៥:២០
២១, ២២. តើសេផានា ១:១៧, ១៨ នឹងបានសម្រេចយ៉ាងណានៅសម័យយើងនេះ?
២១ សេចក្ដីដែលបានទាយប្រាប់នៅសេផានា ១:១៧, ១៨ ជាថ្ងៃជំនុំជំរះដ៏គួរឲ្យស្ញែងខ្លាចណាស់ហ្ន៎! ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា៖ «អញនឹងធ្វើឲ្យមនុស្សកើតមានទុក្ខលំបាកឲ្យគេបានដើរដូចជាមនុស្សខ្វាក់ ដោយព្រោះគេបានធ្វើបាបនឹងព្រះយេហូវ៉ា ឈាមគេនឹងត្រូវចាក់ចេញដូចជាធូលី ហើយសាច់របស់គេ ដូចជាលាមក ទោះទាំងប្រាក់ នឹងមាសរបស់គេ ក៏មិនអាចនឹងជួយគេឲ្យរួច ក្នុងថ្ងៃនៃសេចក្ដី ខ្ញាល់របស់ព្រះយេហូវ៉ាដែរ គឺស្រុកទាំងមូលនឹងត្រូវឆេះអស់ទៅ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់ទ្រង់ ដ្បិតទ្រង់នឹងធ្វើឲ្យផុតទៅ។ អើ! ទ្រង់នឹងធ្វើឲ្យអស់អ្នកដែលអាស្រ័យនៅក្នុងស្រុក បានផុតទៅជាមួយរំពេច»។
២២ ដូចជាទ្រង់បានធ្វើនៅសម័យសេផានា នោះមិនយូរប៉ុន្មានទៀត ព្រះយេហូវ៉ានឹងនាំឲ្យមានទុក្ខលំបាកលើ‹អស់អ្នកដែលអាស្រ័យនៅលើផែនដី› គឺអស់អ្នកដែលបដិសេធឥតធ្វើតាមសេចក្ដីព្រមានរបស់ទ្រង់។ ដោយព្រោះគេប្រព្រឹត្តអំពើបាបនឹងព្រះ នោះពួកគេនឹងដើរដូចជាមនុស្សខ្វាក់ ដែលមិនអាចរកសេចក្ដីរំដោះបានឡើយ។ នៅថ្ងៃជំនុំជំរះរបស់ព្រះយេហូវ៉ា នោះឈាមរបស់គេ«នឹងត្រូវចាក់ចេញដូចជាធូលី» ដូចជាអ្វីដែលឥតមានប្រយោជន៍។ ជីវិតរបស់គេនឹងមកដល់ទីបញ្ចប់ដែលធ្វើឲ្យខូចកិត្ដិយសមែន ដ្បិតព្រះនឹងបាចសាចរូបកាយ ព្រមទាំងពោះវៀននៃពួកមនុស្សអាក្រក់មកលើផែនដី«ដូចជាលាមក»។
២៣. ទោះបីមនុស្សប្រព្រឹត្តអាក្រក់នឹងមិនអាចគេចផុតពី«ថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា» តើទំនាយរបស់សេផានា មានសេចក្ដីសង្ឃឹមអ្វី?
២៣ គ្មានមនុស្សណាម្នាក់អាចសង្គ្រោះអស់អ្នកដែលប្រឆាំងនឹងព្រះ និងរាស្ត្ររបស់ទ្រង់នោះទេ។ ទោះទាំងប្រាក់និងមាស ក៏មិនអាចជួយរំដោះមនុស្សដែលប្រព្រឹត្តអាក្រក់នៅប្រទេសយូដាដែរ។ ហើយទោះទាំងទ្រព្យសម្បត្ដិដែលគេលាក់ទុកនិងសំណូក ក៏មិនអាចផ្ដល់ការការពារ ឬជួយឲ្យគេរួច«ក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា» មកលើពិភពគ្រីស្ទសាសនា និងរបស់ទាំងប៉ុន្មាននៃរបបលោកីយ៍នេះឡើយ។ នៅថ្ងៃនៃសេចក្ដីសម្រេចនោះ ‹ផែនដីទាំងមូលនឹងត្រូវឆេះអស់ទៅ› ដោយសេចក្ដីប្រចណ្ឌរបស់ព្រះ កាលដែលទ្រង់កំទេចចោលពួកមនុស្សអាក្រក់ជួជាតិ។ ដោយព្រោះយើងមានជំនឿលើពាក្យទំនាយរបស់ព្រះ នោះយើងបានជឿស៊ប់ថា ឥឡូវយើងចូលកាន់តែកៀកនៅក្នុង«គ្រាចុងបញ្ចប់»ហើយ។ (ដានីយ៉ែល ១២:៤) ថ្ងៃជំនុំជំរះរបស់ព្រះយេហូវ៉ាគឺជិតដល់ហើយ និងមិនយូរប៉ុន្មានទៀត ទ្រង់នឹងធ្វើការសងសឹកលើពួកសត្រូវរបស់ទ្រង់។ ក៏ប៉ុន្តែ ទំនាយរបស់សេផានា ក៏មានសេចក្ដីសង្ឃឹមជាការសង្គ្រោះនោះដែរ។ បើអ៊ីចឹង តើអ្វីទៅដែលតម្រូវពីយើង បើយើងនឹងបានបាំងទុកនៅថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ានោះ?
តើអ្នកនឹងតបឆ្លើយយ៉ាងណា?
• តើទំនាយរបស់សេផានាបានសម្រេចយ៉ាងណា ស្តីអំពីប្រទេសយូដានិងទីក្រុងយេរូសាឡិម?
• តើអ្វីដែលនឹងមាននៅខាងមុខចំពោះពិភពគ្រីស្ទសាសនា និងពួកមនុស្សអាក្រក់ជួជាតិនៅសម័យយើងនេះ?
• ហេតុអ្វីបានជាយើងពុំគួរគិតថា ថ្ងៃជំនុំជំរះរបស់ព្រះយេហូវ៉ានឹងកើតឡើងនៅអនាគតដ៏យូរអង្វែងនោះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៩]
សេផានាបានប្រកាសយ៉ាងក្លាហានថាថ្ងៃជំនុំជំរះរបស់ព្រះយេហូវ៉ាជិតដល់ហើយ
[អ្នកផ្ដល់សិទ្ធិ]
From the Self-Pronouncing Edition of the Holy Bible, containing the King James and the Revised versions