លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

រាស្ត្ររបស់ព្រះយេហូវ៉ាដែលបានស្ដារឡើងវិញ សរសើរទ្រង់ពាសពេញលើផែនដី

រាស្ត្ររបស់ព្រះយេហូវ៉ាដែលបានស្ដារឡើងវិញ សរសើរទ្រង់ពាសពេញលើផែនដី

រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ស្ដារ​ឡើង​វិញ សរសើរ​ទ្រង់​ពាស​ពេញ​លើ​ផែនដី

«អញ​នឹង​ឲ្យ​ជន​ជាតិ​ទាំង​ឡាយ មាន​បបូរ​មាត់​ស្អាត[ភាសា​បរិសុទ្ធ, «ព.ថ.»] ដើម្បី​ឲ្យ​គេ​បាន​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​ទាំង​អស់​គ្នា»។—សេផានា ៣:៩

១. ហេតុ​អ្វី​ក៏​សារ​នៃ​សេចក្ដី​ហិន​វិនាស​បាន​សម្រេច​លើ​ប្រទេស​យូដា និង​សាសន៍​ឯ​ទៀត​ទាំង​ឡាយ?

 នេះ​ជា​សារ​ជំនុំ​ជំរះ​ដ៏​ខ្លាំង​ណាស់​ហ្ន៎! ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​សេផានា​ប្រកាស​នោះ។ ពាក្យ​ទាំង​នោះ​នៃ​សេចក្ដី​ហិន​វិនាស​បាន​សម្រេច​លើ​សាសន៍​យូដា និង​រាជធានី​នៃ​ទី​ក្រុង​យេរូសាឡិម ពីព្រោះ​ពួក​មេ​ដឹក​នាំ​និង​ប្រជាជន​ជា​ក្រុម ឥត​បាន​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​ទេ។ សាសន៍​ទាំង​ឡាយ​ដែល​នៅ​ជិត​ខាង ដូច​ជា​សាសន៍​ភីលីស្ទីន សាសន៍​ម៉ូអាប់ និង​សាសន៍​អាំម៉ូន ក៏​នឹង​ពិសោធ​នូវ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​ដែរ។ ហេតុ​អ្វី? ដោយ​ព្រោះ​ការ​ប្រឆាំង​ដ៏​កាច​សាហាវ​របស់​គេ ដែល​មាន​ជា​យូរ​យារ​មក​ហើយ​នឹង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ ចំពោះ​មូលហេតុ​ដូច​គ្នា​នេះ នោះ​ក៏​នឹង​ត្រូវ​កំទេច​ចោល​មហា​អំណាច​ប្រទេស​អាសស៊ើរ ដែល​នឹង​លែង​មាន​ទៀត​ហើយ។

២. តាម​មើល​ទៅ តើ​សេផានា ៣:៨ បាន​សំដៅ​ទៅ​ពួក​ណា?

ប៉ុន្តែ គឺ​មាន​មនុស្ស​ខ្លះ​ដែល​មាន​ចរិយា​ត្រឹម​ត្រូវ​នៅ​ប្រទេស​យូដា​ពី​បុរាណ។ ពួក​គេ​បាន​ទន្ទឹង​ចាំ​ទៅ​ដល់​ពេល​ដែល​ព្រះ​ធ្វើ​ការ​ជំនុំ​ជំរះ​ប្រឆាំង​នឹង​ពួក​មនុស្ស​អាក្រក់ ហើយ​តាម​មើល​ទៅ នេះ​ជា​ពាក្យ​ដែល​សំដៅ​ទៅ​ចំពោះ​ពួក​គេ ដែល​ថា៖ «ដូច្នេះ ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​រង់​ចាំ ដរាប​ដល់​ថ្ងៃ​ដែល​អញ​ក្រោក​ឡើង​សង្គ្រុប​លើ​គេ ពីព្រោះ​អញ​បាន​គិត​សំរេច នឹង​ប្រមូល​អស់​ទាំង​សាសន៍​ដើម្បី​នឹង​ភ្ជុំ​នគរ​ទាំង​ប៉ុន្មាន ប្រយោជន៍​នឹង​ចាក់​សេចក្ដី​គ្នាន់​ក្នាញ់​របស់​អញ គឺ​ជា​សេចក្ដី​ក្រេវ​ក្រោធ​ដ៏​សហ័ស​របស់​អញ​ទៅ​លើ​គេ ដ្បិត​ផែនដី​ទាំង​មូល​នឹង​ត្រូវ​ឆេះ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​អញ»។—សេផានា ៣:៨

‹ភាសា​បរិសុទ្ធ›តើ​សំរាប់​អ្នក​ណា?

៣. តើ​សារ​ដ៏​ប្រកប​ដោយ​សេចក្ដី​សង្ឃឹម​អ្វី ដែល​សេផានា​បាន​ត្រូវ​បណ្ដាល​ឲ្យ​ប្រកាស​នោះ?

ត្រូវ​ហើយ សេផានា​បាន​ប្រកាស​នូវ​សារ​នៃ​សេចក្ដី​ហិន​វិនាស​របស់​ព្រះ​យេហូវ៉ា។ ក៏​ប៉ុន្តែ ព្យាការី​នេះ​ក៏​បាន​បណ្ដាល​ឲ្យ​រួម​បញ្ចូល​នូវ​សារ​ដ៏​អស្ចារ្យ​អំពី​សេចក្ដី​សង្ឃឹម។ នេះ​ជា​សេចក្ដី​សង្ឃឹម​ដែល​នឹង​សម្រាល​ទុក្ខ​ដល់​អស់​អ្នក ដែល​បាន​រក្សា​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ ដូច​បាន​កត់​ទុក​នៅ​សេផានា ៣:៩ នោះ​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា៖ «នៅ​គ្រា​នោះ អញ​នឹង​ឲ្យ​ជន​ជាតិ​ទាំង​ឡាយ មានបបូរ​មាត់​ស្អាត[ភាសា​បរិសុទ្ធ, ព.ថ.] ដើម្បី​ឲ្យ​គេ​បាន​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​ទាំង​អស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​នឹង​គោរព​ដល់​ទ្រង់»។

៤, ៥. (ក) តើ​នឹង​មាន​អ្វី​កើត​ឡើង​ដល់​ពួក​មនុស្ស​ទុច្ចរិត? (ខ) តើ​អ្នក​ណា​ដែល​នឹង​ទទួល​ប្រយោជន៍​ពី​នេះ និង​ហេតុ​អ្វី?

មនុស្ស​ខ្លះ​នឹង​មិន​បាន​ទទួល​នូវ​ភាសា​បរិសុទ្ធ​ឡើយ។ ទំនាយ​នេះ​កត់​ចំណាំ​ពួក​គេ ដោយ​ចែង​ថា៖ «អញ​នឹង​ដក​យក​ពួក​អ្នក​ដែល​អួតអាង ដោយ​ឆ្មើង​ឆ្មៃ ចេញ​ពី​កណ្ដាល​ឯង​ទៅ»។ (សេផានា ៣:១១) ដូច្នេះ​ពួក​មនុស្ស​អួតអាង​ដែល​បាន​មើល​ងាយ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ ហើយ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នឹង​ត្រូវ​ដក​ចេញ។ ហើយ​តើ​ពួក​ណា​ដែល​ទទួល​ប្រយោជន៍​ពី​នេះ? សេផានា ៣:១២, ១៣ ចែង​ថា៖ «តែ​អញ[ព្រះ​យេហូវ៉ា]នឹង​ទុក​ជន​មួយ​ពួក​ដែល​វេទនា ហើយ​កំសត់​ទុគ៌ត​នៅ​កណ្ដាល​ឯង។ ឯ​ពួក​នោះ គេ​នឹង​ពឹង​ដល់​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា។ ពួក​សំណល់​នៃ​អ៊ីស្រាអែល នឹង​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ឬ​ពោល​កុហក​ទៀត​ឡើយ ក៏​នឹង​ឥត​ឃើញ​មាន​អណ្ដាត​ឆបោក​នៅ​ក្នុង​មាត់​គេ​ដែរ ដ្បិត​គេ​នឹង​រក​ស៊ី ហើយ​ដេក​ចុះ​ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ»។

អ្នក​សំណល់​ដែល​មាន​ចិត្ត​ស្មោះ​នៅ​ប្រទេស​យូដា​ពី​បុរាណ នឹង​ទទួល​ផល​ប្រយោជន៍។ ហេតុ​អ្វី? ពីព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​ស្រប​តាម​ពាក្យ​ទាំង​នេះ ដែល​ថា៖ «អស់​អ្នក​រាប​សា​នៅ​ផែនដី​ដែល​រក្សា​អស់​ទាំង​បញ្ញត្ត​ច្បាប់​របស់​ព្រះ​យេហូវ៉ា​អើយ! ចូរ​ស្វែង​រក​ទ្រង់ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ចូរ​ស្វែង​រក​សេចក្ដី​សុភាព​ចុះ ប្រហែល​ជា​អ្នក​រាល់​គ្នា​នឹង​បាន​បាំង​ទុក នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា​ទេ​ដឹង!»។—សេផានា ២:៣

៦. តើ​មាន​អ្វី​កើត​ឡើង​ក្នុង​សេចក្ដី​សម្រេច​ដំបូង​នៃ​ទំនាយ​របស់​សេផានា?

នៅ​ក្នុង​ការ​សម្រេច​ដំបូង​នៃ​ទំនាយ​របស់​សេផានា នោះ​ព្រះ​បាន​ដាក់​ទណ្ឌកម្ម​ប្រទេស​យូដា​ដ៏​ឥត​ស្មោះ​ត្រង់ ដោយ​អនុញ្ញាត​ឲ្យ​មហា​អំណាច​ប្រទេស​បាប៊ីឡូន​បាន​ឈ្នះ​លើ​ប្រទេស​នោះ និង​ប្រជាជន​ក្លាយ​ជា​ឈ្លើយ​នៅ​ក្នុង​ឆ្នាំ​៦០៧ ម.​ស.យ.។ មនុស្ស​ខ្លះ រួម​បញ្ចូល​ព្យាការី​យេរេមា​និង​ពួក​អ្នក​ឯ​ទៀត ដែល​បាន​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​ក្នុង​កាល​ជាប់​ឃុំ​ឃាំង​នោះ គឺ​បាន​សង្គ្រោះ​ជីវិត។ នៅ​ឆ្នាំ​៥៣៩ ម.​ស.យ. នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្តេច​ស៊ីរូស នោះ​ពួក​សាសន៍​មេឌី​និង​ពើស៊ី​បាន​ឈ្នះ​លើ​ពួក​បាប៊ីឡូន។ ប្រមាណ​ពីរ​ឆ្នាំ​ក្រោយ​មក នោះ​ស្តេច​ស៊ីរូស​បាន​ចេញ​ក្រិត្យ​ដែល​បាន​អនុញ្ញាត​ឲ្យ​សាសន៍​យូដា​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​គេ​វិញ។ ក្រោយ​មក ព្រះ​វិហារ​នៅ​ក្នុង​ទី​ក្រុង​យេរូសាឡិម​បាន​សាង​សង់​ឡើង​វិញ និង​ការងារ​ជា​សង្ឃ​គឺ​មាន​មុខ​ងារ​ម្ដង​ទៀត ដើម្បី​បង្ហាត់​បង្រៀន​ក្រិត្យ​វិន័យ​ដល់​ប្រជាជន។ (ម៉ាឡាគី ២:៧) ដូច្នេះ​ហើយ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ចំរើន​ដល់​ពួក​អ្នក​សំណល់​ដែល​បាន​ស្ដារ​ឡើង​វិញ ដរាប​ណា​ពួក​គេ​រក្សា​ទុក​នូវ​ចិត្ត​ស្មោះ​ត្រង់។

៧, ៨. តើ​ពាក្យ​ទំនាយ​នៅ​សេផានា ៣:១៤​-​១៧ ទាក់​ទង​នឹង​ពួក​ណា ហើយ​ហេតុ​អ្វី​ក៏​អ្នក​ឆ្លើយ​អ៊ីចឹង?

ស្តី​អំពី​អស់​អ្នក​ដែល​នឹង​ទទួល​នូវ​ការ​ស្ដារ​ឡើង​វិញ​នេះ នោះ​សេផានា​បាន​ទាយ​ថា៖ «ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ! ចូរ​ច្រៀង​ឡើង ឱ​អ៊ីស្រាអែល​អើយ! ចូរ​ស្រែក​ឡើង​ចុះ ឱ​កូន​ស្រី​យេរូសាឡិម​អើយ! ចូរ​អរ​សប្បាយ ហើយ​រីករាយ​ឲ្យ​អស់​អំពី​ចិត្ត​ទៅ ព្រះ​យេហូវ៉ា​ទ្រង់​បាន​លើក​ទោស​ឯង​ចោល ទ្រង់​បាន​បោះ​ខ្មាំង​សត្រូវ​របស់​ឯង​ចេញ​ហើយ ឯ​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល គឺ​ព្រះ​យេហូវ៉ា ទ្រង់​គង់​នៅ​កណ្ដាល​ឯង ឯង​មិន​ត្រូវ​រង​ការ​អាក្រក់​ទៀត​ឡើយ នៅ​ថ្ងៃ​នោះ នឹង​មាន​ពាក្យ​ពោល​ដល់​ក្រុង​យេរូសាឡិម​ថា ‹កុំ​ឲ្យ​ខ្លាច​ឡើយ ឱ​ស៊ីយ៉ូន​អើយ! កុំ​ឲ្យ​ដៃ​ឯង​អន់​ថយ​ឲ្យ​សោះ ព្រះ​យេហូវ៉ា ដ៏​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​នៅ​កណ្ដាល​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ ​ដើម្បី​ជួយ​សង្គ្រោះ ទ្រង់​មាន​សេចក្ដី​រីករាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង›»។—សេផានា ៣:១៤​-​១៧

ពាក្យ​ទំនាយ​ទាំង​នោះ​បាន​សំដៅ​ទៅ​ពួក​អ្នក​សំណល់ ដែល​បាន​ប្រមូល​ចេញ​ពី​ការ​ឃុំ​ឃាំង​នៅ​បាប៊ីឡូន និង​បាន​ត្រឡប់​ទៅ​ឯ​ស្រុក​ជា​ឰយុកោ​របស់​គេ​វិញ។ នេះ​គឺ​បាន​ស​ឲ្យ​ឃើញ​ច្បាស់​នៅ​ឯ​សេផានា ៣:១៨​-​២០ ដែល​យើង​អាន​ថា៖ «អញ[ព្រះ​យេហូវ៉ា]នឹង​ប្រមូល​អស់​អ្នក ក្នុង​ពួក​ឯង ដែល​ស្ដាយ​ជំនុំ​មុត​មាំ ជា​ពួក​អ្នក​ដែល​សេចក្ដី​ដំនៀល​នោះ បាន​សង្កត់​សង្កិន​លើ មើល! នៅ​គ្រា​នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​អស់​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ឯង អញ​នឹង​ជួយ​សង្គ្រោះ​ណា​ដែល​ខ្វិន ហើយ​នឹង​ប្រមូល​ណា​ដែល​ត្រូវ​បណ្ដេញ​ឲ្យ​មក​វិញ រួច​អញ​នឹង​តាំង​គេ​ដែល​ពី​ដើម​មាន​សេចក្ដី​ខ្មាស​នៅ​ពេញ​លើ​ផែនដី ឲ្យ​ឡើង​ជា​ទី​សរសើរ នឹង​ជា​កិត្ដិសព្ទ​វិញ នៅ​គ្រា​នោះ អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចូល​មក ហើយ​នៅ​គ្រា​នោះ អញ​នឹង​ប្រមូល​ឯង​ឲ្យ​មូល​គ្នា ដ្បិត​អញ​នឹង​លើក​ឯង​រាល់​គ្នា​ឲ្យ​មាន​ឈ្មោះ ហើយ​ឲ្យ​ជា​ទី​សរសើរ នៅ​កណ្ដាល​អស់​ទាំង​សាសន៍​នៅ​ផែនដី គឺ​ក្នុង​កាល​ដែល​អញ​នាំ​ពួក​ឯង​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ នៅ​ចំពោះ​ភ្នែក​ឯង​រាល់​គ្នា នេះ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា»។

៩. តើ​ព្រះ​យេហូវ៉ា​បាន​តម្កើង​ព្រះ​នាម​ទ្រង់​យ៉ាង​ដូច​ម្ដេច ស្តី​អំពី​ប្រទេស​យូដា?

ចូរ​គិត​នូវ​ការ​ភ្ញាក់​ផ្អើល​នៃ​អស់​ទាំង​សាសន៍​ដែល​នៅ​ជុំ​វិញ ដែល​ជា​ពួក​សត្រូវ​រាស្ត្រ​របស់​ព្រះ​នោះ! ពួក​ប្រជាជន​នៅ​ប្រទេស​យូដា​បាន​ត្រូវ​គេ​យក​ទៅ​ជា​ឈ្លើយ ដោយ​សាសន៍​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ដែល​តាមមើល​ទៅ នោះ​ពួក​គេ​ឥត​មាន​សង្ឃឹម​នឹង​បាន​សេរី​ភាព​ឡើយ។ ម្យ៉ាង​វិញ​ទៀត ស្រុក​របស់​គេ​បាន​ទៅ​ជា​សោះ​កក្រោះ។ ក៏​ប៉ុន្តែ តាម​រយៈ​ព្រះ​ចេស្ដា​របស់​ព្រះ នោះ​ពួក​គេ​បាន​ស្ដារ​ឡើង​វិញ​នូវ​ស្រុក​កំណើត​របស់​គេ​ក្រោយ​ពី​៧០​ឆ្នាំ រីឯ​សាសន៍​ទាំង​ឡាយ​ដ៏​ជា​សត្រូវ គឺ​កំពុង​តែ​ឆ្ពោះ​ទៅ​ឯ​សេចក្ដី​ហិន​វិនាស។ ព្រះ​យេហូវ៉ា​បាន​តម្កើង​ព្រះ​នាម​ទ្រង់​មែន ដោយ​យក​ពួក​សំណល់​ចាក់​ប្រេង​តាំង​មក​វិញ! ទ្រង់​បាន​ធ្វើ​ឲ្យ​គេ«រាល់​គ្នា​ឲ្យ​មាន​ឈ្មោះ ហើយ​ឲ្យ​ជា​ទី​សរសើរ នៅ​កណ្ដាល​អស់​ទាំង​សាសន៍​នៅ​ផែនដី»។ ការ​ស្ដារ​ឡើង​វិញ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​សរសើរ​ដល់​ព្រះ​យេហូវ៉ា និង​ដល់​អស់​អ្នក​ដែល​កាន់​តាម​ព្រះ​នាម​របស់​ទ្រង់​មែន!

ការ​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​លើក​សរសើរ

១០, ១១. តើ​ការ​សម្រេច​ដ៏​ធំ​នៃ​ទំនាយ​របស់​សេផានា​ស្តី​អំពី​ការ​ស្ដារ​ឡើង​វិញ នឹង​កើត​មាន​ឡើង​នៅ​ពេល​ណា? ហើយ​ដោយ​ដូច​ម្ដេច​បាន​ជា​យើង​ដឹង?

១០ ការ​ស្ដារ​ឡើង​វិញ​មួយ​ទៀត បាន​កើត​ឡើង​នៅ​សតវត្ស​ទី​មួយ​នៅ​សករាជ​យើង ពេល​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ប្រមូល​ពួក​សំណល់​សាសន៍​អ៊ីស្រាអែល មក​ឯ​ការ​ថ្វាយ​បង្គំ​ពិត។ នោះ​គឺ​ការ​ឃើញ​ជា​មុន​នូវ​អ្វី​ដែល​នឹង​កើត​ឡើង ដ្បិត​សេចក្ដី​សម្រេច​ដ៏​ធំ​នៃ​ការ​ស្ដារ​ឡើង​វិញ គឺ​នៅ​អនាគត​នៅ​ឡើយ។ ទំនាយ​របស់​មីកា​បាន​ទាយ​ប្រាប់​ថា៖ «តែ​នៅ​ជាន់​ក្រោយ ភ្នំ​ដែល​ជា​ទី​តាំង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា នឹង​បាន​ដំកើង​ឡើង​ជា​កំពូល​នៃ​អស់​ទាំង​ភ្នំ​ធំ ហើយ​នឹង​បាន​លើក​ឡើង​ខ្ពស់​ជាង​អស់​ទាំង​ភ្នំ​តូច នោះ​ជន​ជាតិ​ទាំង​ឡាយ​នឹង​ឡើង​ទៅ​ហូរហែ»។—មីកា ៤:១

១១ តើ​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? ដូច​ជា​ទំនាយ​នេះ​បាន​ចែង គឺ«នៅ​ជាន់​ក្រោយ» ត្រូវ​ហើយ ក្នុង​កំឡុង​ថ្ងៃ«ជាន់​ក្រោយ​បង្អស់»។ (ធីម៉ូថេ​ទី​២ ៣:១) នេះ​នឹង​កើត​ឡើង​មុន​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ កាល​ដែល​សាសន៍​ទាំង​ឡាយ​បាន​ថ្វាយ​បង្គំ​ព្រះ​មិន​ពិត។ មីកា ៤:៥ ចែង​ថា៖ «អស់​ទាំង​សាសន៍​ប្រព្រឹត្ត​តាម​ឈ្មោះ​របស់​ព្រះ​នៃ​គេ​រៀង​ខ្លួន»។ ហើយ​ចុះ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ថ្វាយ​បង្គំ​ពិត? ទំនាយ​របស់​មីកា​ឆ្លើយ​ថា៖ «គង់​តែ​យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង ជា​ដរាប​រៀង​ត​ទៅ​វិញ»។

១២. តើ​ដោយ​ដូច​ម្ដេច​ដែល​ការ​ថ្វាយ​បង្គំ​ពិត​បាន​ត្រូវ​លើក​ដំកើង នៅ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ?

១២ ដូច្នេះ នៅ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ «ភ្នំ​ដែល​ជា​ទី​តាំង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា នឹង​បាន​ដំកើង​ឡើង​ជា​កំពូល​នៃ​អស់​ទាំង​ភ្នំ​ធំ»។ ភាព​ខ្ពង់​ខ្ពស់​នៃ​ការ​ថ្វាយ​បង្គំ​ពិត​របស់​ព្រះ​យេហូវ៉ា បាន​ស្ថាបនា​ឡើង​យ៉ាង​មុត​មាំ និង​បាន​ដំកើង​ឡើង​ដល់​កំពូល​លើស​សាសនា​ផ្សេង​ៗ​ណា​ទៀត។ ទំនាយ​របស់​មីកា​ក៏​បាន​ទាយ​ប្រាប់​ថា«នោះ​ជន​ជាតិ​ទាំង​ឡាយ​នឹង​ឡើង​ទៅ​ហូរហែ»។ ហើយ​អស់​អ្នក​ដែល​កាន់​សាសនា​ពិត«នឹង​ប្រព្រឹត្ត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង ជា​ដរាប​រៀង​ត​ទៅ​វិញ»។

១៣, ១៤. តើ​លោកីយ៍​នេះ​បាន​ចូល​ទៅ​ដល់​គ្រា«ជាន់​ក្រោយ»បង្អស់ នៅ​ពេល​ណា? ហើយ​មាន​អ្វី​ដែល​បាន​កើត​ឡើង​តាំង​ពី​ពេល​នោះ​មក ស្តី​អំពី​ការ​ថ្វាយ​បង្គំ​ពិត?

១៣ ព្រឹត្ដិការណ៍​ទាំង​ឡាយ​ដែល​មាន​ការ​សម្រេច​តាម​ទំនាយ​របស់​ព្រះ​គម្ពីរ ស​ឲ្យ​ឃើញ​ថា​លោកីយ៍​បាន​ចូល​ទៅ​ដល់​គ្រា«ជាន់​ក្រោយ»បង្អស់ គឺ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​តាំង​ពី​ឆ្នាំ​១៩១៤។ (ម៉ាកុស ១៣:៤​-​១០) ប្រវត្ដិសាស្ត្រ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​ប្រមូល​ពួក​អ្នក​សំណល់​ចាក់​ប្រេង​តាំង​ស្មោះ​ត្រង់ ដែល​មាន​សេចក្ដី​សង្ឃឹម​ខាង​ស្ថាន​សួគ៌ មក​ឯ​ការ​ថ្វាយ​បង្គំ​ពិត។ បន្ទាប់​មក គឺ​មាន​ការ​ប្រមូល​នៃ«មនុស្ស​១​ហ្វូង​យ៉ាង​ធំ . . . មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា» គឺ​អស់​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ជា​និរន្តរ៍​លើ​ផែនដី​នេះ។—វិវរណៈ ៧:៩

១៤ តាំង​ពី​សង្គ្រាម​លោក​លើក​ទី​១ និង​មក​ដល់​សព្វ​ថ្ងៃ​នេះ ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដោយ​អស់​អ្នក​ដែល​កាន់​តាម​ព្រះ​នាម​ទ្រង់ បាន​ឈាន​ទៅ​មុខ​យ៉ាង​ខ្លាំង ក្រោម​ការ​ដឹក​នាំ​របស់​ទ្រង់។ ដោយ​មាន​ការ​រីក​ចំរើន​ពី​បី​បួន​ពាន់​នាក់​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​១ មក​ដល់​ឥឡូវ​នេះ ពួក​អ្នក​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា​មាន​ចំនួន​ប្រមាណ​ប្រាំ​មួយ​លាន​នាក់ ដែល​ជួប​ជុំ​គ្នា​ក្នុង​៩១.០០០​ក្រុម​ជំនុំ ក្នុង​២៣៥​ប្រទេស។ ជា​រៀង​រាល់​ឆ្នាំ​ពួក​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​ទាំង​នេះ ចំណាយ​ពេល​ជាង​មួយ​ពាន់​លាន​ម៉ោង ក្នុង​ការ​សរសើរ​ព្រះ​តាម​សាធារណៈ។ គឺ​ឃើញ​ច្បាស់​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទាំង​នេះ គឺ​ជា​បុគ្គល​ដែល​កំពុង​តែ​សម្រេច​ពាក្យ​ទំនាយ​របស់​ព្រះ​យេស៊ូ ដែល​ថា៖ «ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។—ម៉ាថាយ ២៤:១៤

១៥. តើ​សេផានា ២:៣ កំពុង​តែ​សម្រេច​នៅ​ឥឡូវ​នេះ​យ៉ាង​ដូច​ម្ដេច?

១៥ សេផានា ៣:១៧ កត់​សម្គាល់​ថា៖ «ព្រះ​យេហូវ៉ា ដ៏​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​នៅ​កណ្ដាល​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ ​ដើម្បី​ជួយ​សង្គ្រោះ»។ ភាព​រីក​ចំរើន​ខាង​វិញ្ញាណ​ដែល​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា មាន​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ គឺ​ជា​លទ្ធផល​ដ៏​ជាក់​ស្តែង​ដែល​បង្ហាញ​ថា ពិត​ជា​មាន​ទ្រង់‹នៅ​កណ្ដាល​ពួក​គេ› ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​បំផុត​មែន។ នេះ​គឺ​ពិត​នៅ​សព្វ​ថ្ងៃ​នេះ ដូច​ជា​ក្នុង​ពេល​ស្ដារឡើង​វិញ​នៃ​ប្រទេស​យូដា​ពី​បុរាណ​ដែរ នៅ​ក្នុង​ឆ្នាំ​៥៣៧ ម.​ស.យ.។ ដូច្នេះ យើង​អាច​ឃើញ​នូវ​របៀប​ដែល​សេផានា ២:៣ មាន​ការ​សម្រេច​ដ៏​ធំ​ក្នុង​សម័យ​យើង​នេះ ពេល​ដែល​ចែង​ថា៖ ‹អ្នក​រាប​សា​ទាំង​អស់​នៅ​ផែនដី​អើយ! ចូរ​ស្វែង​រក​ព្រះ​យេហូវ៉ា›។ (សេផានា ២:៣) នៅ​ក្នុង​ឆ្នាំ​៥៣៧ ម.​ស.យ. ‹ទាំង​អស់›បាន​រួម​បញ្ចូល​ពួក​អ្នក​សំណល់​សាសន៍​យូដា ដែល​បាន​ត្រឡប់​ពី​ការ​ឃុំ​ឃាំង​នៅ​បាប៊ីឡូន។ ឥឡូវ​នេះ គឺ​តំណាង​ពួក​អ្នក​រាប​សា​ពី​សាសន៍​ទាំង​ឡាយ​ទូទាំង​ផែនដី​នេះ ដែល​បាន​ប្រព្រឹត្ត​តប​ឲ្យ​ស្រប​នឹង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ព្រះ​រាជាណាចក្រ​នៅ​ជុំ​វិញ​ផែនដី ហើយ​ដើរ​ទៅ​ឯ«ភ្នំ​ដែល​ជា​ទី​តាំង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា»។

ការ​ថ្វាយ​បង្គំ​ពិត​កំពុង​រីក​ចំរើន

១៦. តើ​ពួក​សត្រូវ​របស់​យើង​ទំនង​ជា​មាន​ប្រតិកម្ម​បែប​ណា នឹង​ភាព​រីក​ចំរើន​នៃ​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ក្នុង​សម័យ​ទំនើប​នេះ?

១៦ ក្រោយ​ពី​ឆ្នាំ​៥៣៧ ម.​ស.យ. នោះ​មនុស្ស​ជា​ច្រើន​ពី​សាសន៍​ដែល​នៅ​ជុំ​វិញ​នោះ បាន​មាន​ចិត្ត​អស្ចារ្យ​នឹង​ការ​ស្ដារ​ឡើង​វិញ​នៃ​ពួក​អ្នក​បំរើ​របស់​ព្រះ មក​ឯ​ការ​ថ្វាយ​បង្គំ​ពិត​ក្នុង​ស្រុក​កំណើត​របស់​គេ។ ក៏​ប៉ុន្តែ ការ​ស្ដារ​ឡើង​វិញ​នោះ​បាន​កើត​ឡើង​ក្នុង​ទំហំ​ដ៏​តូច​ប៉ុណ្ណោះ។ តើ​អ្នក​អាច​គិត​ស្មានថា​មនុស្ស​ខ្លះ សូម្បី​តែ​ពួក​សត្រូវ​នៃ​រាស្ត្រ​របស់​ព្រះ​កំពុង​តែ​និយាយ​យ៉ាង​ណា​ឥឡូវ ពេល​ដែល​គេ​ឃើញ​នូវ​ការ​កើន​ឡើង ភាព​រីក​ចំរើន និង​ការ​ឈាន​ទៅ​មុខ​នៃ​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ក្នុង​សម័យ​ទំនើប​នេះ? ទំនង​ដូច​ជា ពួក​សត្រូវ​ទាំង​នេះ​ខ្លះ​ប្រហែល​ជា​មាន​ចិត្ត​ដូច​ពួក​ផារីស៊ី ពេល​ដែល​គេ​បាន​ឃើញ​នូវ​របៀប​ដែល​បណ្ដា​ជន​បាន​មក​ឯ​ព្រះ​យេស៊ូ។ ពួក​គេ​បាន​លាន់​មាត់​ថា៖ «ឃើញ​ឬ​ទេ លោកីយ​ទាំង​ស្រុង​ទៅ​តាម​អ្នក​នោះ​ហើយ!»។—យ៉ូហាន ១២:១៩

១៧. តើ​អ្នក​និពន្ធ​ម្នាក់​បាន​និយាយ​អ្វី​អំពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​តើ​ពួក​គេ​បាន​មាន​ការ​កើន​ឡើង​អ្វី?

១៧ សាស្ដ្រាចារ្យ ឆាល្ស សាំយូអែល ប្រេដិន ក្នុង​សៀវភៅ​របស់​លោក ពួក​ទាំង​នេះ​ក៏​ជឿ​ដែរ នោះ​លោក​បាន​មាន​ប្រសាសន៍​ថា៖ «ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​រីក​សាយ​ពាស​ពេញ​ផែនដី ដោយ​ការ​ធ្វើ​បន្ទាល់​របស់​គេ។ គឺ​ប្រាកដ​ជា​អាច​និយាយ​បាន​ថា គ្មាន​ក្រុម​សាសនា​ឯ​ណា​មួយ​ក្នុង​ពិភព​លោក​នេះ ដែល​បាន​សម្ដែង​នូវ​ចិត្ត​ខ្នះ​ខ្នែង​និង​ការ​ព្យាយាម ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ ដូច​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នោះ​ឡើយ។ សកម្មភាព​នេះ​ច្បាស់​ជា​បន្ត​កើន​ឡើង​ហើយ»។ លោក​បាន​និយាយ​ត្រូវ​មែន! នៅ​ពេល​ដែល​លោក​បាន​សរសេរ​ពាក្យ​ទាំង​នោះ​ហើយ គ្រាន់​តែ​៥០​ឆ្នាំ​ក្រោយ​មក នោះ​មាន​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កំពុង​តែ​ផ្សព្វ​ផ្សាយ​នៅ​ជុំ​វិញ​ពិភព​លោក តែ​៣០០.០០០​នាក់​ប៉ុណ្ណោះ។ តើ​លោក​នឹង​និយាយ​យ៉ាង​ណា​ចំពោះ​សព្វ​ថ្ងៃ​នេះ ពេល​ដែល​ចំនួន​មនុស្ស​កើន​ទៅ​ដល់​ជាង​២០​ដង​នោះ គឺ​ប្រមាណ​ប្រាំ​មួយ​លាន​នាក់ កំពុង​តែ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នោះ?

១៨. តើ​ភាសា​បរិសុទ្ធ​ជា​អ្វី? ហើយ​តើ​ព្រះ​បាន​ប្រទាន​ដល់​អ្នក​ណា?

១៨ តាម​រយៈ​ព្យាការី​របស់​ទ្រង់ ព្រះ​បាន​សន្យា​ថា៖ «នៅ​គ្រា​នោះ អញ​នឹង​ឲ្យ​ជន​ជាតិ​ទាំង​ឡាយ មាន​បបូរ​មាត់​ស្អាត[ភាសា​បរិសុទ្ធ, ព.ថ.] ដើម្បី​ឲ្យ​គេ​បាន​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​ទាំង​អស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​នឹង​គោរព​ដល់​ទ្រង់»។ (សេផានា ៣:៩) ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ គឺ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែល​អំពាវនាវ​ដល់​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ដែល​បំរើ​ទ្រង់​ដោយ​សាមគ្គីភាព ទាំង​មាន​ចំណង​ជា​សេចក្ដី​ស្រឡាញ់ ដែល​មិន​អាច​បំបាក់​បាន។ ត្រូវ​ហើយ «ព្រម​ចិត្ត​គ្នា​នឹង​គោរព​ដល់​ទ្រង់»។ ពួក​គេ​ជា​មនុស្ស​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​នូវ​ភាសា​បរិសុទ្ធ។ ភាសា​បរិសុទ្ធ​នេះ​រួម​បញ្ចូល​ការ​យល់​សេចក្ដី​ពិត​អំពី​ព្រះ និង​អំពី​គោល​បំណង​របស់​ទ្រង់។ មាន​តែ​ព្រះ​យេហូវ៉ា​ទេ​ដែល​ផ្ដល់​ឲ្យ​ការ​យល់​នេះ តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់។ (កូរិនថូស​ទី​១ ២:១០) តើ​ទ្រង់​ប្រទាន​វិញ្ញាណ​របស់​ទ្រង់​ឲ្យ​ពួក​ណា? គឺ​បាន​ប្រទាន​ដល់«អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ទ្រង់»តែ​ប៉ុណ្ណោះ។ (កិច្ច​ការ ៥:៣២) មាន​តែ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទេ ដែល​សុខ​ចិត្ត​គោរព​តាម​ព្រះ​ដ៏​ជា​អ្នក​គ្រប់​គ្រង​លើ​របស់​សព្វសារពើ​ទាំង​អស់​នោះ។ ហេតុ​នេះ​ហើយ ទើប​គេ​ជា​ពួក​អ្នក​ដែល​ទទួល​នូវ​វិញ្ញាណ​របស់​ព្រះ និង​និយាយ​ភាសា​បរិសុទ្ធ គឺ​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា និង​គោល​បំណង​ទាំង​ឡាយ​ដ៏​អស្ចារ្យ​របស់​ទ្រង់។ ពួក​គេ​ប្រើ​ភាសា​បរិសុទ្ធ ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា​ទូទាំង​ផែនដី ដែល​កំពុង​តែ​កើន​ធំ​ឡើង​ៗ​នោះ។

១៩. ការ​និយាយ​ភាសា​បរិសុទ្ធ​ទាក់​ទង​អ្វី​ខ្លះ?

១៩ ការ​និយាយ​ភាសា​បរិសុទ្ធ មិន​គ្រាន់​តែ​ទាក់​ទង​នឹង​ការ​ជឿ​លើ​សេចក្ដី​ពិត និង​បង្រៀន​សេចក្ដី​ពិត​ដល់​អ្នក​ដទៃ​នោះ​ទេ ក៏​ប៉ុន្តែ​រួម​បញ្ចូល​ការ​សម្រប​ចរិយា​របស់​យើង ជា​មួយ​នឹង​ក្រិត្យ​វិន័យ​និង​គោល​ការណ៍​របស់​ព្រះ។ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​នាំ​មុខ​ក្នុង​ការ​ស្វែង​រក​ព្រះ​យេហូវ៉ា និង​ការ​និយាយ​ភាសា​បរិសុទ្ធ។ ចូរ​គិត​អំពី​អ្វី​ដែល​បាន​សម្រេច​រួច​ទៅ​ហើយ​ចុះ! ទោះ​ជា​ពួក​អ្នក​ចាក់​ប្រេង​តាំង​បាន​ថយ​ចំនួន​តិច​ជាង​៨.៧០០​នាក់​ក៏​ដោយ តែ​នៅ​មាន​ជិត​ប្រាំ​មួយ​លាន​នាក់​ទៀត ដែល​កំពុង​តែ​យក​តម្រាប់​តាម​ជំនឿ​របស់​គេ ដោយ​ស្វែង​រក​ព្រះ​យេហូវ៉ា និង​និយាយ​ភាសា​បរិសុទ្ធ។ ពួក​ទាំង​នេះ​ជា​ចំនួន​ដែល​កំពុង​តែ​កើន​ក្នុង​ពួក​ហ្វូង​ធំ ដែល​មក​ពី​គ្រប់​សាសន៍ ដែល​អនុវត្ត​ជំនឿ​លើ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ ដែល​ផ្ដល់​កិច្ច​បំរើ​បរិសុទ្ធ​នៅ​ទី​ធ្លា​ផែនដី​នៃ​ព្រះ​វិហារ​ខាង​វិញ្ញាណ ហើយ​និង​រួច​រស់​ជីវិត​ពី‹សេចក្ដី​វេទនា​ជា​ខ្លាំង› ដែល​មិន​យូរ​ប៉ុន្មាន​ទៀត នឹង​មាន​មក​លើ​លោកីយ៍​ដ៏​ទុច្ចរិត​នេះ។—វិវរណៈ ៧:៩, ១៤, ១៥

២០. តើ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដ៏​ស្មោះ​ត្រង់​និង​ពួក​អ្នក​ដែល​មាន​ចំណែក​ជា​ហ្វូង​ធំ រង់​ចាំ​អ្វី​នៅ​ខាង​មុខ?

២០ ពួក​ហ្វូង​ធំ​នឹង​បាន​ត្រូវ​គេ​អញ្ជើញ​ឲ្យ​ចូល​ពិភព​លោក​ថ្មី​ខាង​សេចក្ដី​សុចរិត​របស់​ព្រះ។ (ពេត្រុស​ទី​២ ៣:១៣) ព្រះ​យេស៊ូ​គ្រីស្ទ​និង​ពួក​អ្នក​ចាក់​ប្រេង​តាំង​១៤៤.០០០​នាក់ នឹង​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​នៅ​ស្ថាន​សួគ៌ ដើម្បី​បំរើ​ជា​ស្តេច​និង​ជា​សង្ឃ​ជា​មួយ​នឹង​ទ្រង់ ដែល​នឹង​ទៅ​ជា​រដ្ឋាភិបាល​គ្រប់​គ្រង​ថ្មី​របស់​ផែនដី។ (រ៉ូម ៨:១៦, ១៧; វិវរណៈ ៧:៤; ២០:៦) ពួក​អ្នក​ដែល​រស់​រាន​មាន​ជីវិត​ពី​សេចក្ដី​វេទនា​ជា​ខ្លាំង នឹង​ធ្វើ​ការ​ដើម្បី​ឲ្យ​ផែនដី​ទាំង​មូល​នេះ​ទៅ​ជា​សួន​មនោរម្យ ហើយ​បន្ត​និយាយ​ភាសា​បរិសុទ្ធ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ។ ជា​គោល​ការណ៍ ពាក្យ​ទាំង​នេះ​ក៏​ទាក់​ទង​ជា​មួយ​ពួក​គេ​ដែរ ដែល​ថា៖ «ឯ​កូន​ចៅ​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេហូវ៉ា ហើយ​វា​រាល់​គ្នា​នឹង​មាន​សន្ដិសុខ​ជា​បរិបូរ។ ឯង​នឹង​បាន​តាំង​មាំ​មួន​នៅ​ដោយ​សេចក្ដី​សុចរិត»។—អេសាយ ៥៤:១៣, ១៤

កិច្ច​ការ​បង្រៀន​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ

២១, ២២. (ក) ដូច​បាន​បញ្ជាក់​នៅ​កិច្ច​ការ ២៤:១៥ តើ​ពួក​ណា​ដែល​នឹង​ត្រូវ​ការ​ឲ្យ​គេ​បង្រៀន​ភាសា​បរិសុទ្ធ​នោះ? (ខ) តើ​អ្វី​ជា​កិច្ច​ការ​បង្រៀន​ដែល​រក​ប្រដូច​គ្មាន ដែល​នឹង​មាន​ឡើង​នៅ​លើ​ផែនដី​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​រាជាណាចក្រ?

២១ ក្រុម​មួយ​ដ៏​ធំ​ដែល​នឹង​មាន​ឱកាស រៀន​និយាយ​ភាសា​បរិសុទ្ធ​ក្នុង​ពិភព​លោក​ថ្មី គឺ​អស់​អ្នក​ដែល​សៀវភៅ​កិច្ច​ការ ២៤:១៥ បាន​ចែង​អំពី​មនុស្ស​ទាំង​នេះ​ថា៖ «ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត នឹង​បាន​រស់​ឡើង​វិញ​ទាំង​អស់​គ្នា»។ នៅ​ពី​ដើម មនុស្ស​រាប់​ពាន់​លាន​នាក់​បាន​រស់​នៅ​និង​បាន​ស្លាប់ ដែល​ឥត​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​យេហូវ៉ា​ទេ។ ទ្រង់​នឹង​ប្រោស​ឲ្យ​គេ​មាន​ជីវិត​ឡើង​វិញ ដោយ​មាន​របៀប​រៀប​រយ។ ហើយ​ពួក​អ្នក​ដែល​បាន​ប្រោស​ឲ្យ​មាន​ជីវិត​ឡើង​នេះ នឹង​ត្រូវ​ការ​ជា​ចាំ​បាច់​ឲ្យ​គេ​បង្រៀន​ខ្លួន​ឲ្យ​ចេះ​និយាយ​ភាសា​បរិសុទ្ធ។

២២ នេះ​ជា​ឯកសិទ្ធិ​ដ៏​ល្អ​មែន​ហ្ន៎! ដោយ​មាន​ចំណែក​ក្នុង​កិច្ច​ការ​បង្រៀន​ដ៏​ធំ​នេះ។ នេះ​នឹង​ជា​កិច្ច​ការ​អប់រំ​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ​របស់​មនុស្សជាតិ។ សេចក្ដី​ទាំង​នេះ​នឹង​បាន​សម្រេច​ក្រោម​ការ​គ្រប់​គ្រង​ដ៏​ល្អ​របស់​ព្រះ​គ្រីស្ទ​យេស៊ូ ក្នុង​អំណាច​ព្រះ​រាជាណាចក្រ។ ជា​លទ្ធផល នៅ​ទី​បំផុត នោះ​មនុស្សជាតិ​នឹង​ឃើញ​នូវ​ការ​សម្រេច​នៃ​អេសាយ ១១:៩ ដែល​ចែង​ថា៖ «គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ​យេហូវ៉ា នៅ​ពេញ​ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ​ពាស​ក្នុង​សមុទ្រ​ដែរ»។

២៣. ហេតុ​អ្វី​បាន​ជា​អ្នក​នឹង​និយាយ​ថា យើង​មាន​ឯកសិទ្ធិ​ដ៏​ល្អ​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា?

២៣ ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ យើង​មាន​ឯកសិទ្ធិ​ដ៏​ល្អ​មែន​ហ្ន៎! ដើម្បី​រៀបចំ​សំរាប់​ពេល​វេលា​ដ៏​អស្ចារ្យ​នោះ ដែល​ចំណេះ​អំពី​ព្រះ​យេហូវ៉ា​នឹង​មាន​ពាស​ពេញ​លើ​ផែនដី​យ៉ាង​ប្រាកដ។ ហើយ​ឥឡូវ​នេះ យើង​ក៏​មាន​ឯកសិទ្ធិ​ដ៏​ល្អ​ដែរ​ជា​រាស្ត្រ​របស់​ព្រះ ហើយ​ជា​អស់​អ្នក​ដែល​នឹង​ពិសោធ​នូវ​ការ​សម្រេច​ដ៏​ធំ​នៃ​ពាក្យ​ទំនាយ ដែល​បាន​កត់​ទុក​នៅ​សេផានា ៣:២០​នោះ។ យើង​ឃើញ​នូវ​ការ​ធានា​រ៉ាប់​រង​របស់​ព្រះ​យេហូវ៉ា​ក្នុង​ពាក្យ​ទំនាយ​នោះ ដែល​ថា៖ «អញ​នឹង​លើក​ឯង​រាល់​គ្នា​ឲ្យ​មាន​ឈ្មោះ ហើយ​ឲ្យ​ជា​ទី​សរសើរ នៅ​កណ្ដាល​អស់​ទាំង​សាសន៍​នៅ​ផែនដី»។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ទំនាយ​នៃ​ការ​ស្ដារ​ឡើង​វិញ​របស់​សេផានា ធ្លាប់​មាន​ការ​សម្រេច​យ៉ាង​ណា​ខ្លះ?

តើ​ការ​ថ្វាយ​បង្គំ​ពិត​បាន​រីក​ចំរើន​យ៉ាង​ណា​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ?

តើ​កិច្ច​ការ​បង្រៀន​ដ៏​ឧត្តម​ណា ដែល​នឹង​កើត​ឡើង​ក្នុង​ពិភព​លោក​ថ្មី?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​៣២]

ដោយ​និយាយ‹ភាសា​បរិសុទ្ធ› ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​សារ​ដ៏​សម្រាល​ទុក្ខ​ដល់​មនុស្ស