លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការទទួលជោគជ័យពីភាពទន់ខ្សោយជាមនុស្ស

ការទទួលជោគជ័យពីភាពទន់ខ្សោយជាមនុស្ស

ការ​ទទួល​ជោគ​ជ័យ​ពី​ភាព​ទន់​ខ្សោយ​ជា​មនុស្ស

«ដ្បិត​គំនិត​ខាង​សាច់​ឈាម នោះ​ជា​សេចក្ដី​ស្លាប់​ទទេ»។—រ៉ូម ៨:៦

១. តើ​មនុស្ស​ខ្លះ​ចាត់​ទុក​រូប​កាយ​មនុស្ស​ជា​អ្វី និង​តើ​មាន​សំនួរ​អ្វី​ដែល​សម​នឹង​ពិនិត្យ​មើល​នោះ?

 «ទូល​បង្គំ​នឹង​អរ​ព្រះ​គុណ​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូល​បង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ»។ (ទំនុកដំកើង ១៣៩:១៤) ដាវីឌ​ដ៏​ជា​អ្នក​តែង​បទ​ទំនុកដំកើង​បាន​ច្រៀង​អ៊ីចឹង ពេល​ដែល​សញ្ជឹង​គិត​អំពី​ការ​បង្កើត​មួយ​របស់​ព្រះ​យេហូវ៉ា គឺ​ជា​រូប​កាយ​នៃ​មនុស្ស។ ផ្ទុយ​នឹង​សេចក្ដី​សរសើរ​ដែល​មាន​ហេតុ​ដ៏​ល្អ នោះ​មាន​ពួក​គ្រូ​ខាង​សាសនា ដែល​ចាត់​ទុក​រូប​កាយ​ជា​ទី​លាក់​បាំង​នូវ​អំពើ​បាប និង​ជា​គ្រឿង​ប្រើ​ប្រាស់​នៃ​បាប​ដែរ។ រូប​កាយ​បាន​ត្រូវ​ហៅ«ជា​គ្រឿង​សំរាប់​ក្លែង​ខាង​អវិជ្ជា គ្រឹះ​នៃ​អបាយមុខ ចំណង​នៃ​ការ​ពុក​រលួយ ទ្រុង​ដ៏​ងងឹត ជីវិត​សឹង​តែ​ជីវង្គត ខ្មោច​ដែល​មាន​ស្មារតី សព​ដែល​អាច​ដើរ​បាន»។ ពិត​មែន សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា៖ «ក្នុង​សាច់​ឈាម​ខ្ញុំ គ្មាន​អ្វី​ល្អ​ទេ»។ (រ៉ូម ៧:១៨) ក៏​ប៉ុន្តែ តើ​នេះ​មាន​ន័យ​ថា យើង​បាន​ជាប់​ក្នុង​រូប​កាយ​ដែល​មាន​បាប ដោយ​គ្មាន​សង្ឃឹម​ទេ​ឬ?

២. (ក) តើ«គំនិត​ខាង​សាច់​ឈាម»មាន​ន័យ​យ៉ាង​ណា? (ខ) តើ​មាន​ការ​ត​យុទ្ធ​អ្វី​រវាង«សាច់​ឈាម»និង«វិញ្ញាណ» ដែល​មាន​ក្នុង​មនុស្ស ដែល​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​នោះ?

ជួន​កាល​បទ​គម្ពីរ​ប្រើ​ពាក្យ«សាច់​ឈាម» ដើម្បី​តំណាង​មនុស្ស​ដែល​ឥត​គ្រប់ល័ក្ខណ៍ ជា​កូន​ចៅ​ដែល​មាន​បាប​ពី​អ័ដាម​ដ៏​ជា​អ្នក​បះ​បោរ។ (អេភេសូរ ២:៣; ទំនុកដំកើង ៥១:៥; រ៉ូម ៥:១២) មរតក​របស់​យើង​ពី​គាត់​បាន​បង្កើត‹សេចក្ដី​ទន់​ខ្សោយ​របស់​សាច់​ឈាម›។ (រ៉ូម ៦:១៩) ហើយ​ប៉ុល​បាន​ព្រមាន​ថា៖ «ដ្បិត​គំនិត​ខាង​សាច់​ឈាម នោះ​ជា​សេចក្ដី​ស្លាប់​ទទេ»។ (រ៉ូម ៨:៦) «គំនិត​ខាង​សាច់​ឈាម» មាន​ន័យ​ថា​បាន​កាន់​កាប់​និង​បាន​ជំរុញ​ដោយ​សេចក្ដី​ប្រាថ្នា​របស់​សាច់​ឈាម​ដែល​មាន​បាប។ (យ៉ូហាន​ទី​១ ២:១៦) ដូច្នេះ​បើ​យើង​ខំ​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ នោះ​គឺ​មាន​ការ​ត​យុទ្ធ​គ្នា​ជា​និច្ច​រវាង​ភាព​វិញ្ញាណ​របស់​យើង និង​សភាព​ដ៏​មាន​បាប ដែល​បង្ខំ​យើង​ដោយ​ឥត​ឈប់​ឈរ​ឲ្យ​ធ្វើ​តាម«កិច្ច​ការ​ខាង​សាច់​ឈាម»។ (កាឡាទី ៥:១៧​-​២៣; ពេត្រុស​ទី​១ ២:១១) ក្រោយ​ពី​បាន​រៀប​រាប់​នូវ​ការ​ត​យុទ្ធ​ដ៏​ឈឺ​ចាប់ ដែល​មាន​ក្នុង​គាត់ នោះ​ប៉ុល​បាន​លាន់​មាត់​ថា៖ «វេទនា​ណាស់​ខ្ញុំ តើ​អ្នក​ណា​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច ពី​តួ​សេចក្ដី​ស្លាប់​នេះ​ទៅ​បាន?»។ (រ៉ូម ៧:២៤) តើ​ប៉ុល​ជា​អ្នក​រង​គ្រោះ​ដែល​គ្មាន​ការ​ការ​ពារ​ពី​សេចក្ដី​ល្បួង​ទេ​ឬ? ព្រះ​គម្ពីរ​ឆ្លើយ​យ៉ាង​ខ្ទរ​ថា ទេ!

ហេតុ​ការណ៍​ពិត​នៃ​សេចក្ដី​ល្បួង​និង​អំពើ​បាប

៣. តើ​មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អំពើ​បាប​និង​សេចក្ដី​ល្បួង? ប៉ុន្តែ​តើ​ព្រះ​គម្ពីរ​ព្រមាន​ចំពោះ​ការ​មាន​អាកប្បកិរិយា​បែប​នេះ​យ៉ាង​ដូច​ម្ដេច?

ចំពោះ​មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ អំពើ​បាប​ជា​គំនិត​ដែល​គេ​ឥត​ទទួល​ព្រម​ឡើយ។ មនុស្ស​ខ្លះ​ប្រើ​ពាក្យ«អំពើ​បាប»ជា​អ្វី​ដែល​កំប្លែង ជា​ពាក្យ​មិន​ទាន់​សម័យ ដើម្បី​រៀប​រាប់​ភាព​ទន់​ខ្សោយ​របស់​មនុស្ស។ ពួក​គេ​ឥត​ដឹង​ថា«យើង​ទាំង​អស់​គ្នា​ត្រូវ​ទៅ​នៅ​មុខ​ទី​ជំនុំ​ជំរះ​របស់​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​តាម​ការ​ដែល​បាន​ធ្វើ ពី​កាល​នៅ​ក្នុង​រូប​កាយ​រៀង​ខ្លួន ទោះ​ល្អ​ឬ​អាក្រក់​ក្ដី»។ (កូរិនថូស​ទី​២ ៥:១០) ពួក​អ្នក​ដទៃ​ទៀត​និយាយ​មិន​ស្មោះ​ថា៖ «ខ្ញុំ​អាច​ទប់​ទល់​នឹង​អ្វី​ទាំង​អស់​បាន លើក​លែង​តែ​សេចក្ដី​ល្បួង​ប៉ុណ្ណោះ!»។ មនុស្ស​ខ្លះ​រស់​នៅ​ក្នុង​វប្បធម៌ ដែល​មាន​ការ​ចំអែត​ភ្លាម​ៗ​ទុក​ជា​ស្នូល មិន​ថា​ទាក់​ទង​នឹង​អាហារ ការ​រួម​ភេទ ការ​សប្បាយ ឬ​ការ​សម្រេច​ណា​មួយ។ ពួក​គេ​មិន​គ្រាន់​តែ​ចង់​បាន​អ្វី​ទាំង​អស់​តែ​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ចង់​បាន​ភ្លាម​ៗ​តែ​ម្ដង! (លូកា ១៥:១២) ពួក​គេ​មិន​ចេះ​គិត​ឲ្យ​ហួស​ឆ្ងាយ​ពី​ការ​កំសាន្ត​នៅ​ឥឡូវ​នេះ ហើយ​ទៅ​ឯ​អំណរ​នៅ​អនាគត​នៃ‹ជីវិត​ដ៏​ពិត›នោះ​ទេ។ (ធីម៉ូថេ​ទី​១ ៦:១៩) ក៏​ប៉ុន្តែ ព្រះ​គម្ពីរ​បង្រៀន​យើង​ឲ្យ​គិត​យ៉ាង​ប្រយ័ត្ន​ប្រយែង និង​គិត​ឲ្យ​បាន​វែង​ឆ្ងាយ ដោយ​ជៀស​ចេញ​ពី​អ្វី​ៗ​ដែល​នឹង​ធ្វើ​ឲ្យ​យើង​មាន​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ។ សុភាសិត​មួយ​ដែល​បាន​ត្រូវ​បណ្ដាល​ឲ្យ​តែង ចែង​ថា៖ «មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ​ឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន តែ​មនុស្ស​ល្ងង់​ខ្លៅ គេ​ចេះ​តែ​ដើរ​ទៅ ហើយ​ក៏​ត្រូវ​មាន​ទុក្ខ»។—សុភាសិត ២៧:១២

៤. តើ​សេចក្ដី​ដាស់​តឿន​អ្វី ដែល​ប៉ុល​បាន​ឲ្យ​នៅ​កូរិនថូស​ទី​១ ១០:១២, ១៣?

នៅ​ពេល​ដែល​ប៉ុល​បាន​សរសេរ​ទៅ​ពួក​គ្រីស្ទាន ដែល​រស់​នៅ​ទី​ក្រុង​កូរិនថូស ដែល​ល្បី​ឈ្មោះ​ចំពោះ​ភាព​ថោក​ទាប​ខាង​សីលធម៌ នោះ​គាត់​បាន​ផ្ដល់​នូវ​ការ​ព្រមាន​ដែល​សម​ហេតុ​សម​ផល​ចំពោះ​សេចក្ដី​ល្បួង​និង​អំណាច​នៃ​អំពើ​បាប។ គាត់​បាន​និយាយ​ថា៖ «បាន​ជា​អ្នក​ណា​ដែល​ស្មាន​ថា​ខ្លួន​ឈរ នោះ​ត្រូវ​ប្រយ័ត ក្រែង​លោ​ដួល ដ្បិត​គ្មាន​សេចក្ដី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ល្បួង ដែល​ត្រូវ​ខាង​មនុស្ស​លោក​ទេ រីឯ​ព្រះ​ទ្រង់​ក៏​ស្មោះ​ត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្ដី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន»។ (កូរិនថូស​ទី​១ ១០:១២, ១៣) យើង​គ្រប់​ៗ​គ្នា ក្មេង​និង​ចាស់ ប្រុស​និង​ស្រី ជួប​ប្រទះ​សេចក្ដី​ល្បួង​ជា​ច្រើន​នៅ​ឯ​សាលា​រៀន នៅ​ឯ​កន្លែង​ធ្វើ​ការ ឬ​កន្លែង​ផ្សេង​ៗ​ទៀត។ ដូច្នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​ពាក្យ​របស់​ប៉ុល និង​មើល​ថា​តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង​រាល់​គ្នា។

កុំ​ទុក​ចិត្ត​លើ​ខ្លួន​ហួស​ហេតុ​ពេក

៥. ហេតុ​អ្វី​ក៏​ការ​ទុក​ចិត្ត​លើ​ខ្លួន​ហួស​ហេតុ​គឺ​ប្រកប​ដោយ​គ្រោះ​ថ្នាក់?

ប៉ុល​ថ្លែង​ថា៖ «បាន​ជា​អ្នក​ណា​ដែល​ស្មាន​ថា​ខ្លួន​ឈរ នោះ​ត្រូវ​ប្រយ័ត ក្រែង​លោ​ដួល»។ (កូរិនថូស​ទី​១ ១០:១២) ការ​ទុក​ចិត្ត​លើ​ខ្លួន​ហួស​ហេតុ​ពេក​អំពី​កម្លាំង​សីលធម៌​របស់​យើង គឺ​ប្រកប​ដោយ​គ្រោះ​ថ្នាក់។ នេះ​គឺ​លាត​ត្រដាង​ការ​មិន​យល់​នូវ​សភាព​និង​អំណាច​នៃ​អំពើ​បាប។ ដោយ​ព្រោះ​មាន​មនុស្ស​ដូច​ជា​ម៉ូសេ ដាវីឌ សាឡូម៉ូន និង​សាវ័ក​ពេត្រុស​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប តើ​យើង​គួរ​មាន​អារម្មណ៍​ថា នេះ​មិន​អាច​កើត​ឡើង​ដល់​យើង​ឬ? (ជន​គណនា ២០:២​-​១៣; សាំយូអែល​ទី​២ ១១:១​-​២៧; ពង្សាវតារ​ក្សត្រ​ទី​១ ១១:១​-​៦; ម៉ាថាយ ២៦:៦៩​-​៧៥) សុភាសិត ១៤:១៦ ចែង​ថា៖ «មនុស្ស​ដែល​មាន​ប្រាជ្ញា​រមែង​កោត​ខ្លាច ហើយ​ក៏​ចៀស​ចេញ​ពី​ផ្លូវ​អាក្រក់ តែ​មនុស្ស​ល្ងី​ល្ងើ​គេ​មាន​ចិត្ត​ចើង​ម៉ើង ហើយ​ទុក​ចិត្ត​តែ​នឹង​ខ្លួន​ឯង​វិញ»។ ម្យ៉ាង​វិញ​ទៀត ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ឯ​វិញ្ញាណ ក៏​ប្រុង​ជា​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ»។ (ម៉ាថាយ ២៦:៤១) ដោយ​ព្រោះ​គ្មាន​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍​ណា​ម្នាក់ អាច​ស៊ាំ​នឹង​ចំណង់​ពុក​រលួយ នោះ​យើង​ត្រូវ​តែ​រាប់​សេចក្ដី​ព្រមាន​របស់​ប៉ុល​ជា​អ្វី​ដ៏​ធ្ងន់​ធ្ងរ ហើយ​ទប់​ទល់​នឹង​សេចក្ដី​ល្បួង បើ​មិន​អ៊ីចឹង​ទេ នោះ​យើង​នឹង​អាច​ដួល​បាន។—យេរេមា ១៧:៩

៦. តើ​នៅ​ពេល​ណា​និង​តាម​របៀប​ណា ដែល​យើង​គួរ​ប្រុង​ប្រៀប​នឹង​សេចក្ដី​ល្បួង?

គឺ​ប្រកប​ដោយ​ប្រាជ្ញា​ដើម្បី​ប្រុង​ប្រៀប​នឹង​បញ្ហា ដែល​អាច​កើត​មាន​ឡើង​ដោយ​ឥត​សង្ឃឹម​ទុក​ជា​មុន។ ស្តេច​អេសា​បាន​ទទួល​ស្គាល់​ថា ក្នុង​កំឡុង​ពេល​មាន​សន្ដិភាព គឺ​ជា​ពេល​ត្រឹម​ត្រូវ​សំរាប់​ឲ្យ​ទ្រង់​សាង​សង់​បន្ទាយ​ការ​ពារ។ (របាក្សត្រ​ទី​២ ១៤:២, ៦, ៧) ទ្រង់​បាន​ជ្រាប​ថា ពេល​មាន​ការ​វាយ​ប្រហារ​គ្នា​នោះ​គឺ​ហួស​ពេល​ទៅ​ហើយ​ឲ្យ​រៀបចំ។ ស្រដៀង​គ្នា​ដែរ សេចក្ដី​សម្រេច​អំពី​អ្វី​ដែល​គួរ​នឹង​ធ្វើ​ពេល​មាន​សេចក្ដី​ល្បួង នោះ​ជា​ពេល​ដ៏​ប្រសើរ​បំផុត​ដែល​មិន​ត្រូវ​ឆេវ​ឆាវ តែ​ស្ថិត​ក្នុង​បរិយាកាស​ដ៏​ស្ងប់​ស្ងៀម​វិញ។ (ទំនុកដំកើង ៦៣:៦) ដានីយ៉ែល​និង​មិត្ត​ភ័ក្ដ្រ​របស់​គាត់ ដែល​កោត​ខ្លាច​ព្រះ បាន​សម្រេច​ចិត្ត​រក្សា​ចិត្ត​ស្មោះ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា មុន​នឹង​គេ​បាន​ត្រូវ​គាប​សង្កត់​ឲ្យ​ទទួល​ទាន​អាហារ​ដ៏​ប្រណិត​របស់​ស្តេច។ ដូច្នេះ​ហើយ ពួក​គេ​ឥត​មាន​ចិត្ត​ស្ទាក់​ស្ទើរ​ក្នុង​ការ​កាន់​តាម​ជំនឿ​ស៊ប់​របស់​គេ និង​មិន​បរិភោគ​អាហារ​ដ៏​ស្មោក​គ្រោក​នោះ​ទេ។ (ដានីយ៉ែល ១:៨) មុន​នឹង​ស្ថានភាព​ល្បួង​នេះ​បាន​កើត​ឡើង សូម​ឲ្យ​យើង​ពង្រឹង​ការ​តាំង​ចិត្ត​របស់​យើង​ឲ្យ​រក្សា​ខ្លួន​ស្អាត​ស្អំ​ខាង​សីលធម៌។ រួច​មក យើង​នឹង​មាន​កម្លាំង​ដើម្បី​ទប់​ទល់​នឹង​អំពើ​បាប។

៧. ហេតុ​អ្វី​ក៏​ជា​ការ​ធូរ​ស្បើយ​ក្នុង​ចិត្ត​ដោយ​ដឹង​ថា មាន​អ្នក​ដទៃ​បាន​ទប់​ទល់​ដោយ​ជោគ​ជ័យ​នឹង​សេចក្ដី​ល្បួង​នោះ?

ចិត្ត​របស់​យើង​បាន​ធូរ​ស្បើយ​ដោយ​ពាក្យ​របស់​ប៉ុល ដែល​ថា៖ «ដ្បិត​គ្មាន​សេចក្ដី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ល្បួង ដែល​ត្រូវ​ខាង​មនុស្ស​លោក​ទេ»។ (កូរិនថូស​ទី​១ ១០:១៣) សាវ័ក​ពេត្រុស​បាន​សរសេរ​ថា៖ «ចូរ​ត​ស៊ូ​នឹង​វា[អារក្ស] ដោយ​មាន​ចិត្ត​ជឿ​មាំ​មួន ទាំង​ដឹង​ថា ពួក​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ក្នុង​លោកីយ​នេះ គេ​កំពុង​តែ​រង​ទុក្ខ​លំបាក​ដូច​គ្នា​ដែរ»។ (ពេត្រុស​ទី​១ ៥:៩) ត្រូវ​ហើយ មាន​អ្នក​ឯ​ទៀត​ដែល​បាន​ប្រឈម​មុខ​នឹង​សេចក្ដី​ល្បួង​ស្រដៀង​នេះ​ដែរ ហើយ​ដោយ​មាន​ជំនួយ​ពី​ព្រះ គេ​បាន​ទប់​ទល់​ដោយ​ជោគ​ជ័យ ហើយ​យើង​ក៏​អាច​ទទួល​បាន​ជោគ​ជ័យ​ដែរ។ ក៏​ប៉ុន្តែ ជា​ពួក​គ្រីស្ទាន​ពិត ដែល​កំពុង​តែ​រស់​នៅ​ក្នុង​លោកីយ៍​ដ៏​ថោក​ទាប​នេះ នោះ​មិន​យូរ​មិន​ឆាប់ យើង​ដឹង​ថា​នឹង​បាន​ជួប​ការ​ល្បួង​នោះ​ដែរ។ បើ​អ៊ីចឹង តើ​យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​យ៉ាង​ណា ថា​យើង​នឹង​ឈ្នះ​លើ​ភាព​ទន់​ខ្សោយ​របស់​មនុស្ស និង​សេចក្ដី​ល្បួង​ជា​អំពើ​បាប​នោះ?

យើង​អាច​ទប់​ទល់​នឹង​សេចក្ដី​ល្បួង!

៨. តើ​អ្វី​ជា​វិធី​ដ៏​សំខាន់​ដើម្បី​ជៀស​វាង​ពី​សេចក្ដី​ល្បួង​នោះ?

វិធី​ដ៏​សំខាន់​មួយ​ដើម្បី​ឈប់«បំរើ​អំពើ​បាប​ទៀត»គឺ​ដោយ​ជៀស​វាង​ពី​សេចក្ដី​ល្បួង ពេល​ដែល​អាច​ធ្វើ​ទៅ​បាន។ (រ៉ូម ៦:៦) សុភាសិត ៤:១៤, ១៥ ដាស់​តឿន​យើង​ថា៖ «កុំ​ឲ្យ​ចូល​ក្នុង​ផ្លូវ​របស់​មនុស្ស​អាក្រក់​ដែរ ចូរ​ចៀស​ចេញ កុំ​ឲ្យ​ដើរ​ជិត​ផ្លូវ​នោះ​ឲ្យ​សោះ ត្រូវ​ឲ្យ​ងាក​ចេញ ហើយ​បង្ហួស​ទៅ​ឲ្យ​ផុត»។ យើង​តែង​តែ​ដឹង​ជា​មុន ថា​មាន​កាលៈទេសៈ​ណា​ខ្លះ ដែល​នឹង​នាំ​ទៅ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។ ដូច្នេះ​ជា​ពួក​គ្រីស្ទាន អ្វី​ដែល​យើង​គួរ​ធ្វើ គឺ«បង្ហួស​ទៅ​ឲ្យ​ផុត» ជៀស​ចេញ​ពី​បុគ្គល​ណា អ្វី​ណា និង​កន្លែង​ណា ដែល​អាច​បង្ក​ឲ្យ​មាន​សេចក្ដី​ប្រាថ្នា​ដ៏​ខុស និង​ធ្វើ​ឲ្យ​យើង​កញ្ជ្រោល​ឡើង​នូវ​តណ្ហា​ដ៏​ស្មោក​គ្រោក។

៩. តើ​បាន​ត្រូវ​បញ្ជាក់​យ៉ាង​ណា​ក្នុង​ព្រះ​គម្ពីរ ស្តី​អំពី​ការ​រត់​ចេញ​ពី​ស្ថានការណ៍​ដែល​នាំ​ឲ្យ​ល្បួង​ចិត្ត​យើង​នោះ?

ការ​រត់​ចេញ​ពី​ស្ថានការណ៍​ដែល​អាច​ល្បួង​ចិត្ត គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ទៀត ដែល​ឆ្ពោះ​ទៅ​ឯ​ការ​មាន​ជ័យ​ជំនះ​លើ​សេចក្ដី​ល្បួង។ ប៉ុល​បាន​ឲ្យ​ឱវាទ​ថា៖ «ចូរ​រត់​ពី​ការ​សហាយស្មន់​ចេញ»។ (កូរិនថូស​ទី​១ ៦:១៨) គាត់​បាន​សរសេរ​ថា៖ «ចូរ​រត់​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ចេញ»។ (កូរិនថូស​ទី​១ ១០:១៤) សាវ័ក​ប៉ុល​ក៏​បាន​ព្រមាន​ធីម៉ូថេ​ឲ្យ​រត់​ចេញ​ពី​ការ​ចង់​បាន​ហួស​ហេតុ​នូវ​ទ្រព្យ​សម្បត្ដិ ព្រម​ទាំង«រត់​ពី​សេចក្ដី​ស្រើប​ស្រាល​របស់​ក្មេង​ៗ​ចេញ»។—ធីម៉ូថេ​ទី​២ ២:២២; ធីម៉ូថេ​ទី​១ ៦:៩​-​១១

១០. តើ​មាន​ឧទាហរណ៍​ពីរ​ដ៏​ផ្ទុយ​ពី​គ្នា​ណា ដែល​បង្ហាញ​ថា ការ​រត់​ចេញ​ពី​សេចក្ដី​ល្បួង​មាន​ប្រយោជន៍?

១០ ចូរ​ពិនិត្យ​មើល​ករណី​របស់​ស្តេច​ដាវីឌ​ពី​ប្រទេស​អ៊ីស្រាអែល។ កាល​ដែល​ទ្រង់​បាន​សម្លឹង​ឥត​ដាក់​ភ្នែក​ពី​ដំបូល​វាំង នោះ​ទ្រង់​បាន​ទត​ឃើញ​ស្ត្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​កំពុង​តែ​ងូត​ទឹក ហើយ​សេចក្ដី​ប្រាថ្នា​ដ៏​អាក្រក់​បាន​មាន​ពេញ​ក្នុង​ព្រះ​ទ័យ​ទ្រង់។ ទ្រង់​គួរ​តែ​ចាក​ចេញ​ពី​ដំបូល​នោះ និង​រត់​ចេញ​ពី​សេចក្ដី​ល្បួង​ទៅ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ស៊ើប​សួរ​អំពី​ស្ត្រី​នេះ គឺ​នាង​បាត​សេបា ​ហើយ​លទ្ធផល​គឺ​បាន​បំផ្លាញ​យ៉ាង​ខ្ទេច​ខ្ទី។ (សាំយូអែល​ទី​២ ១១:១–១២:២៣) ផ្ទុយ​ទៅ​វិញ តើ​យ៉ូសែប​បាន​ធ្វើ​យ៉ាង​ណា​ទៅ ពេល​ដែល​ភរិយា​ដ៏​ឥត​សីលធម៌​នៃ​ចៅហ្វាយ​របស់​គាត់ បាន​បង្ខំ​ឲ្យ​គាត់​រួម​ដំណេក​នឹង​នាង​នោះ។ ដំណើរ​រឿង​នេះ​ប្រាប់​យើង​ថា៖ «ឯ​នាង​ចេះ​តែ​និយាយ​នឹង​យ៉ូសែប​ជា​រាល់​ថ្ងៃ តែ​គាត់​មិន​ព្រម​ស្ដាប់​តាម នឹង​ទៅ​ដេក​ជា​មួយ​នឹង​នាង ឬ​នឹង​ទៅ​ជិត​នាង​សោះ»។ ទោះ​ជា​ឥត​មាន​បទ​បញ្ជា​ពី​ក្រិត្យ​វិន័យ​លោក​ម៉ូសេ ដែល​មិន​ទាន់​បាន​ផ្ដល់​ឲ្យ​នោះ ក៏​យ៉ូសែប​បាន​តប​ឆ្លើយ​នឹង​នាង​ដោយ​និយាយ​ថា៖ «ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ការ​ដែល​អាក្រក់​យ៉ាង​ធំ​នេះ​ទៅ​បាន ធ្វើ​យ៉ាង​នោះ​នឹង​មាន​បាប​នៅ​ចំពោះ​ព្រះ​ផង»។ នៅ​ថ្ងៃ​មួយ នាង​បាន​ចាប់​ទាញ​គាត់ ដោយ​និយាយ​ថា៖ «មក​ដេក​នឹង​អញ​សិន!»។ តើ​យ៉ូសែប​បាន​ឈប់​នៅ​ទី​នេះ និង​ខំ​វែក​ញែក​ជា​មួយ​នាង​ឬ​ទេ? អត់​ទេ។ គាត់​បាន«រត់​ចេញ​ទៅ​ក្រៅ​ទៅ»។ យ៉ូសែប​មិន​អនុញ្ញាត​ឲ្យ​សេចក្ដី​ល្បួង​ខាង​កាម កើត​មាន​ឡើង​នោះ​ឡើយ។ គាត់​បាន​រត់​ចេញ​ទៅ!—លោកុប្បត្តិ ៣៩:៧​-​១៦

១១. តើ​អាច​ធ្វើ​អ្វី​ទៅ បើ​យើង​កំពុង​ពិសោធ​នូវ​សេចក្ដី​ល្បួង​ដែល​មាន​ម្ដង​ទៀត​នោះ?

១១ ជួន​កាល ការ​រត់​ចេញ​គឺ​ត្រូវ​ចាត់​ទុក​ជា​ការ​កំសាក ក៏​ប៉ុន្តែ​ការ​ដក​ខ្លួន​ចេញ​ពី​ស្ថានការណ៍​អ៊ីចឹង គឺ​តែង​តែ​ជា​ដំណើរ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​វិញ។ ប្រហែល​ជា​យើង​កំពុង​តែ​ពិសោធ​ការ​ល្បួង​មួយ​ដែល​មាន​ម្ដង​ទៀត​នៅ​កន្លែង​ធ្វើ​ការ។ ទោះ​ជា​យើង​មិន​អាច​ផ្លាស់​ប្ដូរ​ការងារ​ក៏​ដោយ ក៏​អាច​មាន​វិធី​ឯ​ទៀត​ដើម្បី​ដក​ខ្លួន​ចេញ​ពី​កាលៈទេសៈ​ដែល​ល្បួង​ចិត្ត​យើង។ យើង​ត្រូវ​តែ​រត់​ចេញ​ពី​អ្វី​ៗ​ក៏​ដោយ ដែល​យើង​ដឹង​ថា​ជា​ការ​ខុស ហើយ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ប៉ុណ្ណោះ។ (អេម៉ុស ៥:១៥) នៅ​កន្លែង​ផ្សេង​ៗ​ទៀត ការ​រត់​ចេញ​ពី​សេចក្ដី​ល្បួង​នឹង​តម្រូវ​ឲ្យ​យើង​ជៀស​វាង​ពី​ទី​កន្លែង​អិនថឺណិត​ដែល​មាន​រូប​អាសអាភាស និង​កន្លែង​កំសាន្ត​ដែល​គួរ​ឲ្យ​សង្ស័យ។ នេះ​ប្រហែល​ជា​មាន​ន័យ​ថា យើង​ត្រូវ​តែ​បោះ​ចោល​នូវ​ទស្សនាវដ្ដី ឬ​ស្វែង​រក​មិត្ត​ថ្មី​ៗ គឺ​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ និង​ពួក​អ្នក​ដែល​អាច​ជួយ​យើង​បាន។ (សុភាសិត ១៣:២០) ទោះ​ជា​អ្វី​ក៏​ដោយ​ដែល​ល្បួង​យើង​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប យើង​នឹង​មាន​ប្រាជ្ញា បើ​យើង​តាំង​ចិត្ត​បដិសេធ​វា​ចោល​នោះ។—រ៉ូម ១២:៩

របៀប​ដែល​សេចក្ដី​អធិស្ឋាន​អាច​ជួយ​បាន

១២. តើ​យើង​ទូល​សុំ​អ្វី​ពី​ព្រះ ពេល​យើង​អធិស្ឋាន​ថា៖ «សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ»?

១២ ប៉ុល​ផ្ដល់​នូវ​ការ​ធានា​អះអាង​ដ៏​លើក​ទឹក​ចិត្ត​នេះ​ថា៖ «រីឯ​ព្រះ​ទ្រង់​ក៏​ស្មោះ​ត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្ដី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន»។ (កូរិនថូស​ទី​១ ១០:១៣) វិធី​មួយ​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង គឺ​ដោយ​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​យើង ដែល​សុំ​រក​ជំនួយ​ពី​ទ្រង់ ដើម្បី​ប្រឈម​មុខ​ដោះ​ស្រាយ​នឹង​សេចក្ដី​ល្បួង​នោះ។ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​បង្រៀន​យើង​ឲ្យ​អធិស្ឋាន​ថា៖ «សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួច​ពី​សេចក្ដី​អាក្រក់​វិញ»។ (ម៉ាថាយ ៦:១៣) ក្នុង​ការ​តប​ឆ្លើយ​ដល់​សេចក្ដី​អធិស្ឋាន​ដ៏​ស្មោះ​អស់​ពី​ចិត្ត ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​ចោល​យើង ពេល​មាន​សេចក្ដី​ល្បួង​នោះ​ទេ។ ទ្រង់​នឹង​រំដោះ​យើង​ពី​សាតាំង​និង​កិច្ច​កល​ដ៏​ប៉ិន​ប្រសប់​របស់​វា។ (អេភេសូរ ៦:១១) យើង​គួរ​តែ​សុំ​ព្រះ​ឲ្យ​ជួយ​យើង​ទទួល​ស្គាល់​នូវ​សេចក្ដី​ល្បួង និង​ឲ្យ​មាន​កម្លាំង​ដើម្បី​ទប់​ទល់​នឹង​សេចក្ដី​ល្បួង​ទាំង​នោះ។ បើ​សិន​ជា​យើង​អង្វរ​ទ្រង់​កុំ​ឲ្យ​យើង​ទទួល​បរាជ័យ ពេល​ដែល​យើង​បាន​ត្រូវ​ល្បួង នោះ​ទ្រង់​នឹង​ជួយ​យើង ដើម្បី​កុំ​ឲ្យ​សាតាំង​ជា«មេ​កំណាច»ឈ្នះ​លើ​យើង​បាន​ឡើយ។

១៣. តើ​យើង​គួរ​តែ​ធ្វើ​អ្វី ពេល​ដែល​បាន​ប្រឈម​មុខ​នឹង​សេចក្ដី​ល្បួង​ដែល​មាន​ឥត​ឈប់​ឈរ​នោះ?

១៣ ជា​ពិសេស យើង​ត្រូវ​ការ​អធិស្ឋាន​អស់​ពី​ចិត្ត ពេល​ដែល​បាន​ជួប​ប្រទះ​ដោយ​សេចក្ដី​ល្បួង​ដែល​មាន​មិន​ចេះ​ឈប់។ សេចក្ដី​ល្បួង​ខ្លះ​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ជាប់​នឹង​ខ្លួន ដែល​មាន​គំនិត​និង​អាកប្បកិរិយា​ដែល​រំឭក​យើង​ថា យើង​ទន់​ខ្សោយ​បែប​យ៉ាង​ណា។ (ទំនុកដំកើង ៥១:៥) ជា​ឧទាហរណ៍ តើ​យើង​អាច​ធ្វើ​អ្វី បើ​សិន​ជា​យើង​បាន​រង​ទុក្ខ​ព្រួយ​ដោយ​ការ​នឹក​ឃើញ​នូវ​ការ​ប្រព្រឹត្ត​ដ៏​ថោក​ទាប ដែល​ធ្លាប់​ប្រព្រឹត្ត​ពី​ពេល​មុន​ៗ​នោះ? ចុះ​យ៉ាង​ណា​វិញ បើ​យើង​បាន​ត្រូវ​ល្បួង​ឲ្យ​ត្រឡប់​ទៅ​ធ្វើ​អ៊ីចឹង​ទៀត? ជា​ជាង​ខំ​ទប់​អារម្មណ៍​បែប​នេះ យើង​ត្រូវ​តែ​អធិស្ឋាន​ជូន​ព្រះ​យេហូវ៉ា​អំពី​រឿង​នេះ ម្ដង​ហើយ​ម្ដង​ទៀត​បើ​ត្រូវ​ការ។ (ទំនុកដំកើង ៥៥:២២) ទ្រង់​អាច​ជួយ​យើង​ឲ្យ​សំអាត​គំនិត​របស់​យើង ពី​ការ​ទោរ​ទន់​ដ៏​ស្មោក​គ្រោក តាម​រយៈ​អំណាច​នៃ​ព្រះ​បន្ទូល និង​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់។—ទំនុកដំកើង ១៩:៨, ៩

១៤. ហេតុ​អ្វី​បាន​ជា​សេចក្ដី​អធិស្ឋាន​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់ ដើម្បី​ប្រឈម​មុខ​ដោះ​ស្រាយ​នឹង​ភាព​ទន់​ខ្សោយ​ជា​មនុស្ស?

១៤ នៅ​ក្នុង​សួន​គែតសេម៉ានី ដោយ​បាន​ទត​ឃើញ​ពួក​សាវ័ក​របស់​ទ្រង់​ងងុយ​ដេក នោះ​ព្រះ​យេស៊ូ​បាន​ដាស់​តឿន​ថា៖ «ចូរ​ចាំ​យាម ហើយ​អធិស្ឋាន​ចុះ! ដើម្បី​មិន​ឲ្យ​កើត​សេចក្ដី​ល្បួង​នាំ​ចិត្ត​ឡើយ ឯ​វិញ្ញាណ ក៏​ប្រុង​ជា​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ»។ (ម៉ាថាយ ២៦:៤១) វិធី​មួយ​ដើម្បី​ឲ្យ​បាន​ឈ្នះ​លើ​សេចក្ដី​ល្បួង គឺ​ឲ្យ​ចាំ​យាម​នឹង​បែប​បទ​ផ្សេង​ៗ​នៃ​សេចក្ដី​ល្បួង និង​ឲ្យ​ឆាប់​ដឹង​នូវ​កលល្បិច​របស់​វា។ ហើយ​ក៏​ជា​ការ​សំខាន់​ដែរ ដែល​យើង​អធិស្ឋាន​អំពី​សេចក្ដី​ល្បួង​នោះ​ជា​បន្ទាន់ ដើម្បី​ឲ្យ​យើង​អាច​ប្រដាប់​ខ្លួន​ខាង​វិញ្ញាណ ក្នុង​ការ​ត​យុទ្ធ​ជា​មួយ​វា។ យើង​មិន​អាច​ត​យុទ្ធ​នឹង​សេចក្ដី​ល្បួង​ដោយ​ម្នាក់​ឯង​នោះ​ទេ ពីព្រោះ​សេចក្ដី​ល្បួង​នឹង​មាន​ឡើង​ចំពោះ​ផ្នែក​ដែល​យើង​ខ្សោយ​ក្នុង​ការ​ទប់​ទល់។ សេចក្ដី​អធិស្ឋាន​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់ ពីព្រោះ​កម្លាំង​របស់​ព្រះ អាច​គាំទ្រ​វិធី​ត​យុទ្ធ​របស់​យើង​ប្រឆាំង​នឹង​សាតាំង។ (ភីលីព ៤:៦, ៧) យើង​ក៏​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ខាង​វិញ្ញាណ​និង​សេចក្ដី​អធិស្ឋាន​ពី«ពួក​ចាស់​ទុំ​ក្នុង​ពួក​ជំនុំ»។—យ៉ាកុប ៥:១៣​-​១៨

ទប់​ទល់​យ៉ាង​សកម្ម​នឹង​សេចក្ដី​ល្បួង

១៥. តើ​ការ​ទប់​ទល់​នឹង​សេចក្ដី​ល្បួង​ទាក់​ទង​អ្វី​ខ្លះ?

១៥ ក្រៅ​ពី​ជៀស​វាង​សេចក្ដី​ល្បួង​ពេល​អាច​ធ្វើ​ទៅ​បាន យើង​ត្រូវ​តែទប់​ទល់​យ៉ាង​សកម្ម​នឹង​សេចក្ដី​ល្បួង រហូត​ដល់​សេចក្ដី​ល្បួង​នោះ​ផុត​ទៅ ឬ​ស្ថានការណ៍​ផ្លាស់​ប្ដូរ​វិញ។ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ត្រូវ​ល្បួង​ដោយ​សាតាំង ទ្រង់​បាន​ទប់​ទល់​រហូត​ដល់​អារក្ស​ចាក​ចេញ​បាត់​ទៅ។ (ម៉ាថាយ ៤:១​-​១១) យ៉ាកុប​ជា​សិស្ស​ម្នាក់​បាន​សរសេរ​ថា៖ «ត​ស៊ូ​នឹង​អារក្ស​វិញ​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ»។ (យ៉ាកុប ៤:៧) ការ​ទប់​ទល់ ចាប់​ផ្ដើម​ដោយ​ប្រើ​បន្ទូល​របស់​ព្រះ​ដើម្បី​ពង្រឹង​ចិត្ត​គំនិត​របស់​យើង និង​សម្រេច​ចិត្ត​យ៉ាង​មុត​មាំ ថា​យើង​នឹង​កាន់​តាម​ខ្នាត​តម្រា​របស់​ទ្រង់។ ជា​ការ​ប្រសើរ​សំរាប់​យើង ក្នុង​ការ​ទន្ទេញ​និង​រំពឹង​គិត​លើ​បទ​គម្ពីរ​សំខាន់​ៗ ដែល​ទាក់​ទង​នឹង​ភាព​ទន់​ខ្សោយ​ចំ​ៗ​របស់​យើង។ គឺ​ប្រកប​ដោយ​ប្រាជ្ញា​ក្នុង​ការ​រក​គ្រីស្ទាន​ពេញ​វ័យ​ម្នាក់ ប្រហែល​ជា​អ្នក​ចាស់​ទុំ​ម្នាក់ ដើម្បី​ចែក​រំលែក​នូវ​កង្វល់​របស់​យើង ហើយ​យើង​អាច​ហៅ​ឲ្យ​គាត់​ជួយ ពេល​ដែល​មាន​សេចក្ដី​ល្បួង​កើត​ឡើង​នោះ។—សុភាសិត ២២:១៧

១៦. តើ​យើង​អាច​រក្សា​ចិត្ត​ទៀង​ត្រង់​ខាង​សីលធម៌​យ៉ាង​ដូច​ម្ដេច?

១៦ បទ​គម្ពីរ​ដាស់​តឿន​យើង​ឲ្យ​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី។ (អេភេសូរ ៤:២៤) នេះ​មាន​ន័យ​ថា អនុញ្ញាត​ឲ្យ​ព្រះ​យេហូវ៉ា​បំពាក់​បំប៉ន​និង​កែ​ប្រែ​យើង។ ប៉ុល​សរសេរ​ទៅ​កាន់​ធីម៉ូថេ ដែល​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​គ្នា​ថា៖ «ហើយ​ដេញ​តាម​សេចក្ដី​សុចរិត សេចក្ដី​គោរព​ប្រតិបត្ដិ​ដល់​ព្រះ សេចក្ដី​ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​ខ្ជាប់​ខ្ជួន នឹង​សេចក្ដី​សំឡូត​វិញ ចូរ​ខំ​ប្រឹង​ត​ស៊ូ ដោយ​ការ​ត​យ៉ាង​ល្អ​នៃ​សេចក្ដី​ជំនឿ ចូរ​តោង​ចាប់​ជីវិត​អស់​កល្ប​ជា​និច្ច​ឲ្យ​ខ្ជាប់ ដែល​ព្រះ​បាន​ហៅ​អ្នក​មក​ទទួល»។ (ធីម៉ូថេ​ទី​១ ៦:១១, ១២) យើង​អាច«ដេញ​តាម​សេចក្ដី​សុចរិត» ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា​បន្ទូល​របស់​ព្រះ ដើម្បី​ឲ្យ​បាន​ស្គាល់​អំពី​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់​យ៉ាង​ច្បាស់​លាស់ ហើយ​រួច​មក ដោយ​ប្រព្រឹត្ត​សម​ស្រប​តាម​សេចក្ដី​តម្រូវ​របស់​ទ្រង់។ តារាង​មួយ​ដែល​ពេញ​ដោយ​សកម្មភាព​គ្រីស្ទាន ដូច​ជា​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ និង​ការ​ទៅ​ប្រជុំ ក៏​សំខាន់​ផង​ដែរ។ ការ​ចូល​ទៅ​ជិត​ព្រះ និង​ឆ្លៀត​យក​ប្រយោជន៍​នូវ​សំ​វិធានការ​ខាង​វិញ្ញាណ​របស់​ទ្រង់ នឹង​ជួយ​យើង​ឲ្យ​រីក​ចំរើន​ខាង​វិញ្ញាណ ហើយ​រក្សា​ចិត្ត​ទៀង​ត្រង់​ខាង​សីលធម៌។—យ៉ាកុប ៤:៨

១៧. តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា ព្រះ​នឹង​មិន​បោះ​បង់​ចោល​យើង ពេល​មាន​សេចក្ដី​ល្បួង​នោះ?

១៧ ប៉ុល​ធានា​រ៉ាប់​រង​យើង​ថា សេចក្ដី​ល្បួង​ណា​ក៏​ដោយ​ដែល​យើង​ពិសោធ នឹង​មិន​មាន​ហួស​ពី​សមត្ថភាព​ដែល​ព្រះ​ប្រទាន​ឲ្យ ដើម្បី​នឹង​ប្រឈម​ដោះ​ស្រាយ​នោះ​ឡើយ។ ព្រះ​យេហូវ៉ា​នឹង‹រៀប​ផ្លូវ​ឲ្យ​ជៀស​រួច ដើម្បី​ឲ្យ​យើង​អាច​ស៊ូ​ទ្រាំ​បាន›។ (កូរិនថូស​ទី​១ ១០:១៣) ប្រាកដ​ហើយ ព្រះ​មិន​អនុញ្ញាត​ឲ្យ​សេចក្ដី​ល្បួង​ទៅ​ជា​ខ្លាំង​ដល់​ម្ល៉េះ​ទេ ដែល​យើង​ឥត​មាន​កម្លាំង​ខាង​វិញ្ញាណ​គ្រប់​គ្រាន់ ដើម្បី​នឹង​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍ បើ​យើង​បន្ត​ទុក​ចិត្ត​លើ​ទ្រង់​នោះ។ ទ្រង់​ចង់​ឲ្យ​យើង​មាន​ជោគ​ជ័យ ក្នុង​ការ​ទប់​ទល់​យ៉ាង​សកម្ម​ប្រឆាំង​នឹង​សេចក្ដី​ល្បួង​ដែល​បណ្ដាល​ឲ្យ​ធ្វើ​ខុស ចំពោះ​ព្រះ​នេត្រ​របស់​ទ្រង់។ ម្យ៉ាង​វិញ​ទៀត យើង​អាច​មាន​ជំនឿ​លើ​សេចក្ដី​សន្យា​របស់​ទ្រង់ ដែល​ថា៖ «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ»។—ហេព្រើរ ១៣:៥

១៨. ហេតុ​អ្វី​បាន​ជា​យើង​ប្រាកដ​ក្នុង​ចិត្ត​ថា​អាច​ទទួល​បាន​ជ័យ​ជំនះ​លើ​ភាព​ទន់​ខ្សោយ​ជា​មនុស្ស?

១៨ ប៉ុល​បាន​ដឹង​ប្រាកដ​ក្នុង​ចិត្ត​អំពី​លទ្ធផល​នៃ​ការ​ពុះ​ពារ​របស់​គាត់ ប្រឆាំង​នឹង​ភាព​ទន់​ខ្សោយ​ជា​មនុស្ស។ គាត់​មិន​បាន​ចាត់​ទុក​ខ្លួន​គាត់​ជា​អ្នក​រង​គ្រោះ​ដែល​គួរ​ឲ្យ​អាណិត​ហើយ​តែលតោល ស្តី​អំពី​សេចក្ដី​ប្រាថ្នា​ខាង​សាច់​ឈាម​របស់​គាត់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​មាន​ប្រសាសន៍​ថា៖ «បាន​ជា​ខ្ញុំ​ខំ​រត់​យ៉ាង​ដូច្នោះ មិន​មែន​បែប​ដូច​ជា​មិន​ស្គាល់​ផ្លូវ​ទេ ខ្ញុំ​ក៏​ខំ​ប្រដាល់​យ៉ាង​ដូច្នោះ​ដែរ មិន​មែន​ដូច​ជា​ដាល់​ខ្យល់​ទេ គឺ​ខ្ញុំ​វាយ​ដំ​រូប​កាយ​ខ្ញុំ ទាំង​បង្ខំ​ឲ្យ​ចុះ​ចូល ក្រែង​ក្រោយ​ដែល​ខ្ញុំ​បាន​ប្រដៅ​មនុស្ស​ឯ​ទៀត​ហើយ នោះ​ខ្លួន​ខ្ញុំ​ត្រូវ​ចោល​ចេញ​វិញ»។ (កូរិនថូស​ទី​១ ៩:២៦, ២៧) យើង​ក៏​អាច​ទប់​ទល់​ទាំង​មាន​ជ័យ​ជំនះ​លើ​រូប​សាច់​ដ៏​មិន​គ្រប់ល័ក្ខណ៍​ដែរ។ តាម​រយៈ​បទ​គម្ពីរ ប្រកាសនវត្ថុ​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ កិច្ច​ប្រជុំ​គ្រីស្ទាន និង​ពួក​គ្រីស្ទាន​ដែល​មាន​គំនិត​ចាស់​ទុំ នោះ​ព្រះ​វរបិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​គង់​នៅ​ស្ថាន​សួគ៌ ផ្ដល់​នូវ​ការ​រំឭក​ជា​រឿយ​ៗ ដើម្បី​ជួយ​យើង​ឲ្យ​ស្វះ​ស្វែង​ក្នុង​ការ​រក្សា​ឲ្យ​នៅ​ទៀង​ត្រង់។ ដោយ​មាន​ជំនួយ​ពី​ទ្រង់ យើង​អាច​ទទួល​បាន​ជ័យ​ជំនះ​លើ​ភាព​ទន់​ខ្សោយ​ជា​មនុស្ស!

តើ​អ្នក​នឹក​ចាំ​បាន​ទេ?

តើ​ការ​មាន‹គំនិត​ខាង​សាច់​ឈាម› មាន​ន័យ​យ៉ាង​ណា?

តើ​តាម​របៀប​ណា ដែល​យើង​ប្រុង​ខ្លួន​ចំពោះ​សេចក្ដី​ល្បួង?

តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ប្រឈម​មុខ​ដោះ​ស្រាយ​នឹង​សេចក្ដី​ល្បួង?

ក្នុង​ការ​ប្រឈម​មុខ​ដោះ​ស្រាយ​នឹង​សេចក្ដី​ល្បួង តើ​សេចក្ដី​អធិស្ឋាន​មាន​មុខ​នាទី​យ៉ាង​ណា?

ហេតុ​អ្វី​បាន​ជា​យើង​ដឹង​ថា យើង​អាច​ទទួល​ជ័យ​ជំនះ​លើ​ភាព​ទន់​ខ្សោយ​ជា​មនុស្ស?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២៣]

ព្រះ​គម្ពីរ​មិន​បង្រៀន​ថា យើង​ជា​អ្នក​រង​គ្រោះ​ដែល​តែលតោល ស្តី​អំពី​សេចក្ដី​ប្រាថ្នា​ខាង​សាច់​ឈាម​របស់​យើង​នោះ​ឡើយ

[រូប​ភាព​នៅ​ទំព័រ​២៦]

ការ​រត់​ចេញ​ពី​សេចក្ដី​ល្បួង ជា​វិធី​ដ៏​សំខាន់​មួយ​ដើម្បី​ជៀស​វាង​ពី​អំពើ​បាប