លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរគិតខាងវិញ្ញាណ និងរស់នៅចុះ!

ចូរគិតខាងវិញ្ញាណ និងរស់នៅចុះ!

ចូរ​គិត​ខាង​វិញ្ញាណ និង​រស់​នៅ​ចុះ!

‹ការ​គិត​ខាង​វិញ្ញាណ​នាំ​អោយ​មាន​ជីវិត›។—រ៉ូម ៨:៦

១, ២. តើ​ព្រះ​គម្ពីរ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​យ៉ាង​ណា​រវាង«សាច់​ឈាម»និង«វិញ្ញាណ»?

 គឺ​មិន​មែន​ជា​ការ​ស្រួល​ទេ ដើម្បី​រក្សា​ជំហរ​ដ៏​ស្អាត​ស្អំ​ខាង​សីលធម៌​ចំពោះ​ព្រះ ក្នុង​សង្គម​ដ៏​ថោក​ទាប​នេះ ដែល​លើក​សរសើរ​តែ​ការ​បំពេញ​សេចក្ដី​ប្រាថ្នា​ខាង​សាច់​ឈាម​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ បទ​គម្ពីរ​ប្រៀប​ធៀប«សាច់​ឈាម»និង«វិញ្ញាណ» ដោយ​បញ្ជាក់​នូវ​កំរិត​យ៉ាង​ច្បាស់​រវាង​កម្មផល​ដ៏​អាក្រក់ ពី​ការ​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​ត្រូវ​គ្រប​សង្កត់​ដោយ​សាច់​ឈាម​ដ៏​មាន​បាប និង​ការ​ទទួល​ប្រសិទ្ធិពរ​ពី​ការ​បន្ទន់​ទៅ​តាម​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ។

ជា​ឧទាហរណ៍ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​មាន​ប្រសាសន៍​ថា៖ «គឺ​ជា​វិញ្ញាណ​ដែល​ឲ្យ​មាន​ជីវិត រូប​សាច់​គ្មាន​ប្រយោជន៍​អ្វី​ទេ ឯ​ពាក្យ​ដែល​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា នោះ​ត្រូវ​ខាង​វិញ្ញាណ​នឹង​ជីវិត​វិញ»។ (យ៉ូហាន ៦:៦៣) ចំពោះ​ពួក​គ្រីស្ទាន​នៅ​ទី​ក្រុង​កាឡាទី នោះ​សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «សាច់​ឈាម​តែង​តែ​ប៉ង​ប្រាថ្នា​ទាស់​នឹង​ព្រះ​វិញ្ញាណ ឯ​ព្រះ​វិញ្ញាណ ទ្រង់​ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ សេចក្ដី​ទាំង​២​នេះ​ប្រឆាំង​នឹង​គ្នា ដល់​ម្ល៉េះ​បាន​ជា​អ្នក​រាល់​គ្នា​រក​ធ្វើ​ការ ដែល​ចង់​ធ្វើ​ទៅ​មិន​កើត»។ (កាឡាទី ៥:១៧) ប៉ុល​ក៏​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​សាច់​ឈាម​របស់​ខ្លួន នឹង​ច្រូត​បាន​សេចក្ដី​ពុក​រលួយ​ពី​សាច់​ឈាម​នោះ​ឯង តែ​អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​ព្រះ​វិញ្ញាណ នោះ​នឹង​ច្រូត​បាន​ជីវិត​អស់​កល្ប​ជា​និច្ច ពី​ព្រះ​វិញ្ញាណ​វិញ»។—កាឡាទី ៦:៨

៣. តើ​ត្រូវ​ការ​អ្វី​ជា​ចាំ​បាច់ ដើម្បី​ឲ្យ​រួច​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​និង​ទំនោរ​ដ៏​អាក្រក់​នោះ?

វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា គឺ​ជា​សកម្មពល​របស់​ទ្រង់ ដែល​អាច​ដក​ចេញ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​នូវ«សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម» និង​ការ​គ្រប​សង្កត់​ដ៏​ហិនហោច ដោយ​សាច់​ឈាម​ដ៏​មាន​បាប​របស់​យើង។ (ពេត្រុស​ទី​១ ២:១១) ដើម្បី​ឲ្យ​រួច​ពី​សេវកភាព​នៃ​ទំនោរ​អាក្រក់ គឺ​ជា​ការ​សំខាន់​ដែល​យើង​មាន​ជំនួយ​ពី​វិញ្ញាណ​របស់​ព្រះ ដ្បិត​ប៉ុល​បាន​សរសេរ​ថា៖ ‹ការ​គិត​ខាង​លោកីយ៍​នាំ​អោយ​ស្លាប់ រីឯ​ការ​គិត​ខាង​វិញ្ញាណ​នាំ​អោយ​មាន​ជីវិត​និង​សេចក្ដី​សុខ​សាន្ត​វិញ›។ (រ៉ូម ៨:៦, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) តើ​ការ​គិត​ខាង​វិញ្ញាណ​មាន​ន័យ​យ៉ាង​ណា?

‹ការ​គិត​ខាង​វិញ្ញាណ›

៤. តើ‹ការ​គិត​ខាង​វិញ្ញាណ›មាន​ន័យ​យ៉ាង​ណា?

នៅ​ពេល​ដែល​ប៉ុល​បាន​សរសេរ​អំពី‹ការ​គិត​ខាង​វិញ្ញាណ› នោះ​គាត់​បាន​ប្រើ​ពាក្យ​ក្រិក ដែល​មាន​ន័យ​ថា«វិធី​គិត (ការ​តាំង)ចិត្ត​គំនិត . . . គោល​ដៅ សេចក្ដី​ប្រាថ្នា ការ​ខំ​ប្រឹង​យ៉ាង​ខ្លាំង»។ កិរិយា​ស័ព្ទ​ដែល​ទាក់​ទង​នឹង​នោះ​មាន​ន័យ​ថា«គិត យក​ចិត្ត​ទុក​ដាក់​តាម​របៀប​ណា​មួយ»។ ដូច្នេះ​ហើយ ការ​គិត​ខាង​វិញ្ញាណ​មាន​ន័យ​ថា បាន​ត្រូវ​កាន់​កាប់ បាន​ត្រូវ​ត្រួត​ត្រា និង​បាន​ជំរុញ​ដោយ​សកម្មពល​របស់​ព្រះ​យេហូវ៉ា។ ការ​គិត​បែប​នេះ​គឺ​បញ្ជាក់​ជា​ភស្តុ​តាង​ថា​យើង​សុខ​ចិត្ត​ឲ្យ​គំនិត ចំណូល​ចិត្ត និង​សេចក្ដី​ប្រាថ្នា​របស់​យើង​ស្ថិត​ក្រោម​អានុភាព​នៃ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​ទាំង​ស្រុង។

៥. តើ​ដល់​កំរិត​ណា​ដែល​យើង​គួរ​ចុះ​ចូល​នឹង​អានុភាព​នៃ​វិញ្ញាណ​បរិសុទ្ធ?

កំរិត​ដែល​យើង​គួរ​តែ​ចុះ​ចូល​នឹង​អានុភាព​របស់​វិញ្ញាណ​បរិសុទ្ធ បាន​ត្រូវ​បញ្ជាក់​ដោយ​ប៉ុល ពេល​ដែល​គាត់​បាន​និយាយ​អំពី​ការ​ធ្វើ‹ជា​អ្នក​បំរើ​ដោយ​វិញ្ញាណ›។ (រ៉ូម ៧:៦) ដោយ​មាន​មូលដ្ឋាន​លើ​ជំនឿ​នៃ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ នោះ​ពួក​គ្រីស្ទាន​បាន​ត្រូវ​រំដោះ​ពី​ការ​គ្រប​សង្កត់​ដោយ​អំពើ​បាប អ៊ីចឹង​ហើយ ក៏​បាន«ស្លាប់»ពី​ស្ថានភាព​ដើម​របស់​គេ ជា​បាវ​បំរើ​នោះ។ (រ៉ូម ៦:២, ១១) អស់​អ្នក​ដែល​ស្លាប់​តាម​របៀប​នេះ​ជា​អត្ថបដិរូប ក៏​នៅ​តែ​រស់​ខាង​សាច់​ឈាម ហើយ​ឥឡូវ​នេះ​មាន​សេរី​ភាព​ដើម្បី​កាន់​តាម​ព្រះ​គ្រីស្ទ ជា«បាវ​បំរើ​នៃ​សេចក្ដី​សុចរិត​វិញ»។—រ៉ូម ៦:១៨​-​២០

ការ​ប្រែ​ប្រួល​ដ៏​អស្ចារ្យ

៦. តើ​ការ​ប្រែ​ប្រួល​អ្វី​ដែល​បាន​ពិសោធន៍ ដោយ​អស់​អ្នក​ដែល​ក្លាយ​ទៅ​ជា«បាវ​បំរើ​នៃ​សេចក្ដី​សុចរិត»?

ការ​ប្រែ​ប្រួល​ពី«បាវ​បំរើ​របស់​អំពើ​បាប» ដើម្បី​បំរើ​ព្រះ​ជា«បាវ​បំរើ​នៃ​សេចក្ដី​សុចរិត»វិញ គឺ​ប្រាកដ​ជា​អស្ចារ្យ​មែន។ ស្តី​អំពី​បុគ្គល​ខ្លះ​ដែល​បាន​ពិសោធន៍​នឹង​ការ​កែ​ប្រែ​នេះ ប៉ុល​បាន​សរសេរ​ថា៖ ‹អ្នក​រាល់​គ្នា​បាន​លាង​ស្អាត​ហើយ ក៏​បាន​ញែក​ជា​បរិសុទ្ធ ហើយ​រាប់​ជា​សុចរិត​ផង ដោយ​នូវ​ព្រះ​នាម​ព្រះ​អម្ចាស់​យេស៊ូ និង​ព្រះ​វិញ្ញាណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា›។—រ៉ូម ៦:១៧, ១៨; កូរិនថូស​ទី​១ ៦:១១

៧. ហេតុ​អ្វី​បាន​ជា​សំខាន់ ក្នុង​ការ​គិត​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​លើ​រឿង​ខ្លះ​ៗ?

ដើម្បី​នឹង​ពិសោធន៍​នូវ​ការ​ប្រែ​ប្រួល​ដ៏​អស្ចារ្យ​នេះ មុន​ដំបូង យើង​ត្រូវ​តែ​រៀន​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​លើ​រឿង​ខ្លះ​ៗ។ ជា​ច្រើន​សតវត្ស​កន្លង​ទៅ​ហើយ ដាវីឌ​ជា​អ្នក​តែង​បទ​ទំនុកដំកើង​បាន​ទូល​អង្វរ​ព្រះ​យ៉ាង​អស់​ពី​ចិត្ត​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់​ដល់​ទូល​បង្គំ . . . សូម​នាំ ហើយ​បង្រៀន​ទូល​បង្គំ ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់​ផង»។ (ទំនុកដំកើង ២៥:៤, ៥) ព្រះ​យេហូវ៉ា​បាន​សណ្ដាប់​ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​ដាវីឌ ហើយ​ទ្រង់​អាច​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​បែប​នេះ ចំពោះ​ពួក​អ្នក​បំរើ​របស់​ទ្រង់​នៅ​សម័យ​ទំនើប​នេះ​ដែរ។ ដោយ​ព្រោះ​ផ្លូវ​របស់​ព្រះ​និង​សេចក្ដី​ពិត​របស់​ទ្រង់​គឺ​ស្អាត​និង​បរិសុទ្ធ នោះ​ការ​រំពឹង​គិត​ទៅ​លើ​រឿង​នោះ នឹង​មាន​ប្រយោជន៍​បើ​យើង​បាន​ត្រូវ​ល្បួង​ឲ្យ​បំពេញ​តែ​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម​នោះ។

មុខ​នាទី​ដ៏​សំខាន់​នៃ​បន្ទូល​របស់​ព្រះ

៨. ហេតុ​អ្វី​ក៏​ជា​ការ​ចាំ​បាច់​ដែល​យើង​ត្រូវ​តែ​សិក្សា​ព្រះ​គម្ពីរ?

បន្ទូល​របស់​ព្រះ គឺ​ព្រះ​គម្ពីរ​ជា​ផល​មក​ពី​ព្រះ​វិញ្ញាណ​របស់​ទ្រង់។ ដូច្នេះ​ហើយ ផ្លូវ​ដ៏​សំខាន់​មួយ​ដើម្បី​ឲ្យ​ព្រះ​វិញ្ញាណ​មាន​អានុភាព​លើ​យើង គឺ​ដោយ​អាន​និង​សិក្សា​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ បើ​អាច​ធ្វើ​ទៅ​បាន។ (កូរិនថូស​ទី​១ ២:១០, ១១; អេភេសូរ ៥:១៨) ការ​បំពេញ​ចិត្ត​គំនិត​របស់​យើង​ដោយ​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​និង​គោល​ការណ៍​នោះ នឹង​ជួយ​យើង​ឲ្យ​ទប់​ទល់​ចំពោះ​ការ​ប្រយុទ្ធ​មក​លើ​ភាព​ខាង​វិញ្ញាណ​របស់​យើង។ ត្រូវ​ហើយ នៅ​ពេល​មាន​សេចក្ដី​ល្បួង​ខាង​រឿង​អសីលធម៌ នោះ​វិញ្ញាណ​របស់​ព្រះ​អាច​ធ្វើ​ឲ្យ​យើង​នឹក​ចាំ​នូវ​សេចក្ដី​រំឭក​ខាង​បទ​គម្ពីរ​និង​គោល​ការណ៍​ណែនាំ ដែល​ពង្រឹង​ការ​តាំង​ចិត្ត​របស់​យើង ដើម្បី​ប្រព្រឹត្ត​ឲ្យ​សម​ស្រប​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ។ (ទំនុកដំកើង ១១៩:១, ២, ៩៩; យ៉ូហាន ១៤:២៦) ដូច្នេះ​ហើយ យើង​ពុំ​បាន​ល្បួង​ឲ្យ​ធ្វើ​តាម​ផ្លូវ​អាក្រក់​នោះ​ទេ។—កូរិនថូស​ទី​២ ១១:៣

៩. តើ​ការ​សិក្សា​ព្រះ​គម្ពីរ​ពង្រឹង​ការ​តាំង​ចិត្ត​ចំពោះ​ខ្លួន​យើង ឲ្យ​រក្សា​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​យ៉ាង​ណា?

កាល​ដែល​យើង​បន្ត​សិក្សា​បទ​គម្ពីរ​ដោយ​ស្មោះ​និង​យក​ចិត្ត​ទុក​ដាក់ ហើយ​ដោយ​មាន​ជំនួយ​ពី​ប្រកាសនវត្ថុ​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ នោះ​វិញ្ញាណ​របស់​ព្រះ​នឹង​មាន​អានុភាព​លើ​ចិត្ត​គំនិត​របស់​យើង ដែល​បណ្ដាល​ឲ្យ​សេចក្ដី​គោរព​របស់​យើង​ចំពោះ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​មាន​កាន់​តែ​ខ្លាំង​ឡើង។ ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះ ក្លាយ​ទៅ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ ពេល​ដែល​ប្រឈម​មុខ​នឹង​សេចក្ដី​ល្បួង នោះ​នឹង​ឥត​មាន​គំនិត​ឲ្យ​ចូល​ប្រព្រឹត្ត​អំពើ​ខុស​ទំនង​ឡើយ។ ផ្ទុយ​ទៅ​វិញ កង្វល់​បន្ទាន់​របស់​យើង គឺ​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​ចំពោះ​ព្រះ​យេហូវ៉ា។ ការ​អបអរ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ទ្រង់ ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​ត​យុទ្ធ​នឹង​ចំណូល​ចិត្ត​ណា ដែល​អាច​ធ្វើ​ឲ្យ​បាក់​បែក​ឬ​បំផ្លាញ​ចោល​ទំនាក់​ទំនង​នោះ។

«ឱ​ទូល​បង្គំ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎!»

១០. ហេតុ​អ្វី​បាន​ជា​ការ​ស្ដាប់​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា គឺ​ត្រូវ​ការ​ចាំ​បាច់​ដើម្បី​គិត​ខាង​វិញ្ញាណ?

១០ បើ​យើង​ចង់​គិត​ខាង​វិញ្ញាណ នោះ​ចំណេះ​អំពី​បន្ទូល​របស់​ព្រះ គឺ​មិន​គ្រប់​គ្រាន់​ទេ។ ស្តេច​សាឡូម៉ូន​បាន​យល់​យ៉ាង​ច្បាស់​អំពី​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា ក៏​ប៉ុន្តែ​ទ្រង់​ឥត​បាន​ធ្វើ​តាម​ទេ ក្នុង​កំឡុង​គ្រា​ចុង​ក្រោយ​នៃ​ជីវិត​របស់​ទ្រង់។ (ពង្សាវតារ​ក្សត្រ​ទី​១ ៤:២៩, ៣០; ១១:១​-​៦) បើ​យើង​មាន​គំនិត​ខាង​វិញ្ញាណ យើង​នឹង​ឃើញ​នូវ​សេចក្ដី​ត្រូវ​ការ ថា​មិន​គ្រាន់​តែ​ស្គាល់​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង ក៏​ប៉ុន្តែ​ស្ដាប់​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ​យ៉ាង​អស់​ពី​ចិត្ត​ទៀត​ផង។ នេះ​មាន​ន័យ​ថា ការ​ពិនិត្យ​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា និង​ខំ​ប្រឹង​ធ្វើ​តាម​ខ្នាត​តម្រា​នោះ។ អ្នក​តែង​បទ​ទំនុកដំកើង​មាន​អាកប្បកិរិយា​បែប​នេះ​ដែរ។ គាត់​បាន​ច្រៀង​ថា៖ «ឱ​ទូល​បង្គំ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎! ទូល​បង្គំ​រំពឹង​គិត​ពី​ក្រិត្យ​វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ»។ (ទំនុកដំកើង ១១៩:៩៧) នៅ​ពេល​ដែល​យើង​ពិត​ជា​មាន​ចិត្ត​ខ្វល់​ខ្វាយ​អំពី​ក្រិត្យ​វិន័យ​របស់​ព្រះ នោះ​យើង​ចាប់​ផ្ដើម​បង្ហាញ​នូវ​គុណសម្បត្ដិ​របស់​ព្រះ។ (អេភេសូរ ៥:១, ២) ជា​ជាង​បាន​ទាក់​ចិត្ត​នឹង​អំពើ​ខុស​ទំនង នោះ​យើង​បង្ហាញ​នូវ​ផល​ផ្លែ​ខាង​វិញ្ញាណ ហើយ​ការ​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា នឹង​ធ្វើ​ឲ្យ​យើង​បែរ​ចេញ​ពី«កិច្ច​ការ​ខាង​សាច់​ឈាម»។—កាឡាទី ៥:១៦, ១៩​-​២៣; ទំនុកដំកើង ១៥:១, ២

១១. តើ​អ្នក​នឹង​ពន្យល់​យ៉ាង​ណា​ថា ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​ដែល​ហាម​ពី​អំពើ​សហាយស្មន់ គឺ​ជា​ការ​ការ​ពារ​សំរាប់​យើង​នោះ?

១១ តើ​តាម​របៀប​ណា​ដែល​យើង​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​គោរព​យ៉ាង​ជ្រាល​ជ្រៅ និង​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​នោះ? វិធី​មួយ​គឺ​ដោយ​ពិនិត្យ​យ៉ាង​ប្រយ័ត្ន​ប្រយែង​ក្នុង​ព្រះ​គម្ពីរ​ថា​មាន​តម្លៃ​ប៉ុណ្ណា។ ចូរ​ពិនិត្យ​មើល​នូវ​ក្រិត្យ​វិន័យ​របស់​ព្រះ ដែល​ដាក់​កំរិត​ចំពោះ​ការ​រួម​ដំណេក​តែ​ក្នុង​អាពាហ៍ពិពាហ៍ និង​ហាមឃាត់​អំពើ​សហាយស្មន់​និង​ការ​ផិត​គ្នា។ (ហេព្រើរ ១៣:៤) តើ​ការ​ស្ដាប់​តាម​ក្រិត្យ​វិន័យ​នេះ​បង្អត់​យើង​ពី​អ្វី​ដែល​ល្អ​ឬ​ទេ? តើ​ព្រះ​វរបិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ នឹង​បង្កើត​ច្បាប់ ដែល​បង្អត់​យើង​ពី​អ្វី​ដែល​មាន​ប្រយោជន៍​នោះ​ឬ​ទេ? ប្រាកដ​ជា​មិន​អ៊ីចឹង​ទេ! ចូរ​យក​ចិត្ត​ទុក​ដាក់​នូវ​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​ដល់​ជីវិត​មនុស្ស​ជា​ច្រើន ដែល​ឥត​បាន​រស់​នៅ​ស្រប​នឹង​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ​យេហូវ៉ា។ ការ​មាន​ផ្ទៃ​ពោះ​ជា​ច្រើន​ដែល​ឥត​ចង់​បាន ច្រើន​តែ​នាំ​ឲ្យ​គេ​ពន្លូត​កូន ឬ​ក៏​ប្រហែល​ជា​មានអាពាហ៍ពិពាហ៍​ឥត​សប្បាយ​ដែល​ធ្វើ​ឡើង​មុន​កាល​កំណត់​ទៀត​ផង។ ពួក​គេ​ជា​ច្រើន​នាក់​ត្រូវ​តែ​ចិញ្ចឹម​កូន​ដោយ​ឥត​មាន​ប្ដី​ឬ​ប្រពន្ធ។ ម្យ៉ាង​វិញ​ទៀត អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​សហាយស្មន់ នាំ​ឲ្យ​ខ្លួន​គេ​មាន​ជម្ងឺ​កាមរោគ។ (កូរិនថូស​ទី​១ ៦:១៨) ហើយ​បើ​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ម្នាក់​ប្រព្រឹត្ត​អំពើ​សហាយស្មន់ នោះ​នាំ​ឲ្យ​មាន​លទ្ធផល​ដ៏​ហិនហោច​ដល់​ផ្លូវ​ចិត្ត។ ការ​ខំ​ទប់​ចំពោះ​ការ​ឈឺ​ចាប់​ពី​មនសិការ អាច​នាំ​ឲ្យ​ដេក​មិន​លក់​ជា​ច្រើន​យប់​និង​ការ​ឈឺ​ចាប់​ខាង​គំនិត។ (ទំនុកដំកើង ៣២:៣, ៤; ៥១:៣) បើ​អ៊ីចឹង តើ​មិន​ជា​ការ​ជាក់​ស្តែង​ទេ​ឬ ដែល​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​ហាម​ពី​អំពើ​សហាយស្មន់ គឺ​មាន​បំណង​ដើម្បី​ការ​ពារ​យើង​នោះ? ត្រូវ​ហើយ គឺ​ប្រាកដ​ជា​មាន​ផល​ប្រយោជន៍​ច្រើន ក្នុង​ការ​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌!

ចូរ​អធិស្ឋាន​រក​ជំនួយ​ពី​ព្រះ​យេហូវ៉ា

១២, ១៣. ហេតុ​អ្វី​ក៏​សម​ហេតុ​ផល​ក្នុង​ការ​អធិស្ឋាន ពេល​ដែល​ឡោម​ព័ទ្ធ​ជុំ​វិញ​ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​មាន​បាប​នោះ?

១២ ការ​គិត​ខាង​វិញ្ញាណ​ប្រាកដ​ជា​តម្រូវ​ឲ្យ​មាន​សេចក្ដី​អធិស្ឋាន​អស់​ពី​ចិត្ត។ គឺ​សម​ហេតុ​ផល ដើម្បី​ទូល​សុំ​ជំនួយ​ពី​វិញ្ញាណ​របស់​ព្រះ ដ្បិត​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា . . . ចេះ​ឲ្យ​អំណោយ​ល្អ​ទៅ​កូន​ចៅ​របស់​អ្នក ចំណែក​ឯ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌​វិញ នោះ​ទ្រង់​នឹង​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មក​ដល់​អ្នក​ដែល​សុំ ជាង​អម្បាលម៉ាន​ទៅ​ទៀត!»។ (លូកា ១១:១៣, ព.ថ.) តាម​រយៈ​សេចក្ដី​អធិស្ឋាន យើង​អាច​សម្ដែង​នូវ​ការ​ពឹង​ពាក់​លើ​ព្រះ​វិញ្ញាណ​ផ្ដល់​ឲ្យ​ជំនួយ ចំពោះ​ភាព​ទន់​ខ្សោយ​របស់​យើង។ (រ៉ូម ៨:២៦, ២៧) បើ​សិន​ជា​យើង​ដឹង​ថា សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​មាន​បាប ឬ​អាកប្បកិរិយា​មាន​ឥទ្ធិពល​លើ​យើង ឬ​ក៏​បើ​អ្នក​ជឿ​គ្នី​គ្នា​បាន​ធ្វើ​ឲ្យ​យើង​ដឹង​អំពី​រឿង​នេះ នោះ​គឺ​ប្រសើរ​ជាង​បើ​យើង​អធិស្ឋាន​ចំ​ៗ​អំពី​បញ្ហា​នេះ និង​ទូល​សុំ​រក​ជំនួយ​របស់​ព្រះ ដើម្បី​មាន​ជ័យ​ជំនះ​លើ​ការ​ទោរ​ទន់​ទាំង​នេះ។

១៣ ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​ប្រឹង​ស្មារតី​លើ​សេចក្ដី​ណា​ដែល​សុចរិត ពិសុទ្ធ ប្រកប​ដោយ​គុណធម៌ និង​សេចក្ដី​សរសើរ​វិញ។ ហើយ​គឺ​សម​ហេតុ​សម​ផល​មែន ក្នុង​ការ​ទូល​អង្វរ​ទ្រង់​ដោយ​អស់​ពី​ចិត្ត ដើម្បី​ឲ្យ«សេចក្ដី​សុខ​សាន្ត​របស់​ព្រះ»នឹង​ការ​ពារ​ចិត្ត​របស់​យើង និង​វិចារណញ្ញាណ​របស់​យើង! (ភីលីព ៤:៦​-​៨) ដូច្នេះ សូម​ឲ្យ​យើង​អធិស្ឋាន​រក​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ឲ្យ​បាន«ដេញ​តាម​សេចក្ដី​សុចរិត សេចក្ដី​គោរព​ប្រតិបត្ដិ​ដល់​ព្រះ សេចក្ដី​ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​ខ្ជាប់​ខ្ជួន នឹង​សេចក្ដី​សំឡូត​វិញ»។ (ធីម៉ូថេ​ទី​១ ៦:១១​-​១៤) ដោយ​មាន​ជំនួយ​ពី​ព្រះ​វរបិតា​របស់​យើង នោះ​សេចក្ដី​ទុក្ខ​ព្រួយ​និង​សេចក្ដី​ល្បួង​នឹង​មិន​រីក​ចំរើន​ដល់​កំរិត ដែល​មិន​អាច​ទប់​ទល់​បាន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ជីវិត​របស់​យើង​នឹង​បាន​សម្គាល់​ដោយ​ភាព​សុខ​សាន្ត ដែល​ព្រះ​ប្រទាន​ឲ្យ។

កុំ​ធ្វើ​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ​ព្រួយ​ឡើយ

១៤. ហេតុ​អ្វី​ក៏​វិញ្ញាណ​របស់​ព្រះ ជា​កម្លាំង​ចំពោះ​ការ​ស្អាត​ស្អំ?

១៤ ពួក​អ្នក​បំរើ​ដែល​មាន​គំនិត​ចាស់​ទុំ​របស់​ព្រះ​យេហូវ៉ា បាន​អនុវត្ត​តាម​ដោយ​ផ្ទាល់​នូវ​ឱវាទ​របស់​ប៉ុល ដែល​ថា៖ «កុំ​ឲ្យ​ពន្លត់​ព្រះ​វិញ្ញាណ»។ (ថែស្សាឡូនីច​ទី​១ ៥:១៩) ដោយ​ព្រោះ​វិញ្ញាណ​របស់​ព្រះ​ជា«ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​បរិសុទ្ធ» នោះ​គឺ​ស្អាត​ស្អំ ពិសុទ្ធ និង​ពិសិដ្ឋ។ (រ៉ូម ១:៤) នៅ​ពេល​ដែល​មាន​ឥទ្ធិពល​លើ​យើង នោះ​វិញ្ញាណ​គឺ​ជា​កម្លាំង​សំរាប់​ភាព​បរិសុទ្ធ ឬ​ភាព​ស្អាត​ស្អំ។ ព្រះ​វិញ្ញាណ​នេះ​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ផ្លូវ​ដ៏​ស្អាត​បាត​ខាង​ជីវិត ដែល​បាន​គូស​សម្គាល់​ដោយ​សេចក្ដី​ស្ដាប់​បង្គាប់​ព្រះ។ (ពេត្រុស​ទី​១ ១:២) ការ​ប្រព្រឹត្ត​ដ៏​ស្មោក​គ្រោក​ណា​ដែល​នាំ​ឲ្យ​ឥត​គោរព​ដល់​ព្រះ​វិញ្ញាណ នោះ​គឺ​លទ្ធផល​អាច​មាន​ជា​ការ​បំផ្លាញ។ តើ​តាម​របៀប​ណា​ទៅ?

១៥, ១៦. (ក) តើ​តាម​របៀប​ណា​ដែល​យើង​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​ព្រះ​ព្រួយ? (ខ) តើ​តាម​របៀប​ណា​ដែល​យើង​អាច​ជៀស​វាង​ពី​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​ព្រួយ?

១៥ ប៉ុល​បាន​សរសេរ​ថា៖ «កុំ​ធ្វើ​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ​បាន​ព្រួយ​ព្រះ​ហឫទ័យ ដែល​ទ្រង់​ដៅ​ចំណាំ​អ្នក​រាល់​គ្នា ទុក​សំរាប់​ដល់​ថ្ងៃ​ប្រោស​លោះ​នោះ​ឡើយ»។ (អេភេសូរ ៤:៣០) បទ​គម្ពីរ​សម្គាល់​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​ថា​ដៅ​ចំណាំ ឬ​ក៏‹បញ្ចាំ​អ្វី​ដែល​នឹង​មក› ចំពោះ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដ៏​ស្មោះ​ត្រង់។ ហើយ​នោះ​ជា​ជីវិត​អមតៈ​លើ​ស្ថាន​សួគ៌។ (កូរិនថូស​ទី​២ ១:២២; កូរិនថូស​ទី​១ ១៥:៥០​-​៥៧; វិវរណៈ ២:១០) វិញ្ញាណ​របស់​ព្រះ​អាច​ដឹក​នាំ​ពួក​អ្នក​ចាក់​ប្រេង​តាំង​និង​ពួក​គូកន​របស់​គេ ដែល​មាន​ជីវិត​ស្មោះ​ត្រង់​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី ហើយ​អាច​ជួយ​គេ​ឲ្យ​ជៀស​វាង​កិច្ចការ​ដែល​មាន​បាប។

១៦ សាវ័ក​ប៉ុល​បាន​ព្រមាន​ពី​ការ​ទោរ​ទន់​ទៅ​រក​សេចក្ដី​ក្លែង​ក្លាយ ការ​លួច ការ​ប្រព្រឹត្ត​ដ៏​អាម៉ាស់​មុខ​ជា​ដើម។ បើ​សិន​ជា​យើង​អនុញ្ញាត​ឲ្យ​ខ្លួន​ទាក់​ទាញ​ចិត្ត​នឹង​របស់​បែប​នេះ នោះ​យើង​នឹង​ដើរ​បញ្ច្រាស​ពី​ឱវាទ​ដែល​បណ្ដាល​ដោយ​វិញ្ញាណ​នៃ​បន្ទូល​របស់​ព្រះ​ហើយ។ (អេភេសូរ ៤:១៧​-​២៩; ៥:១​-​៥) នេះ​នឹង​ដល់​កំរិត​មួយ​ដែល​យើង​នឹង​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​ព្រះ​ព្រួយ។ យ៉ាង​ប្រាកដ​ហើយ នោះ​ជា​អ្វី​ដែល​យើង​ចង់​ជៀស​វាង។ ចំពោះ​រឿង​នេះ បើ​សិន​ជា​យើង​ណា​ម្នាក់​បាន​ចាប់​ផ្ដើម​ធ្វើ​កន្តើយ​នឹង​ឱវាទ​នៃ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​យើង​ប្រហែល​ជា​នឹង​ចាប់​ផ្ដើម​បណ្ដុះ​នូវ​អាកប្បកិរិយា ឬ​លក្ខណៈ​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ចេតនា ព្រម​ទាំង​បាត់​បង់​ទាំង​ស្រុង​នូវ​ព្រះ​គុណ​របស់​ព្រះ។ (ហេព្រើរ ៦:៤​-​៦) ទោះ​ជា​យើង​មិន​ប្រព្រឹត្ត​អំពើ​បាប​ឥឡូវ​ក៏​ដោយ យើង​ក៏​អាច​ឆ្ពោះ​ទៅ​រក​ទិស​ដៅ​នោះ​ដែរ។ ដោយ​ដើរ​ផ្ទុយ​នឹង​ការ​ដឹក​នាំ​ខាង​វិញ្ញាណ នោះ​យើង​នឹង​ធ្វើ​ឲ្យ​ព្រះ​វិញ្ញាណ​ព្រួយ​ហើយ។ ព្រម​ទាំង​យើង​ក៏​ត​ទល់ និង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ព្រួយ​ព្រះ​ហឫទ័យ ដែល​ទ្រង់​ជា​ប្រភព​នៃ​វិញ្ញាណ​បរិសុទ្ធ។ ជា​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ នោះ​យើង​មិន​ចង់​ធ្វើ​អ៊ីចឹង​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​អធិស្ឋាន​សុំ​ជំនួយ​របស់​ព្រះ​យេហូវ៉ា ដើម្បី​កុំ​ឲ្យ​យើង​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​ទ្រង់​ព្រួយ តែ​ដោយ​ផ្ដល់​នូវ​កិត្ដិយស​ដល់​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ដោយ​បន្ត​គិត​ខាង​វិញ្ញាណ។

ចូរ​បន្ត​គិត​ខាង​វិញ្ញាណ

១៧. តើ​យើង​អាច​តាំង​គោល​ដៅ​ខាង​វិញ្ញាណ​ណា​ខ្លះ ហើយ​ហេតុ​អ្វី​ក៏​នេះ​ជា​អ្វី​ដែល​មាន​ប្រាជ្ញា?

១៧ វិធី​ដែល​គួរ​កត់​សម្គាល់​សំរាប់​យើង​ក្នុង​ការ​បន្ត​គិត​ខាង​វិញ្ញាណ គឺ​ការ​តាំង​គោល​ដៅ​ខាង​វិញ្ញាណ និង​ខំ​ធ្វើ​ដើម្បី​ឲ្យ​បាន​សម្រេច។ ស្រេច​ទៅ​លើ​សេចក្ដី​ត្រូវ​ការ​និង​កាលៈទេសៈ​របស់​យើង នោះ​គោល​ដៅ​របស់​យើង​អាច​រួម​បញ្ចូល ការ​ធ្វើ​ឲ្យ​ទម្លាប់​ការ​សិក្សា​របស់​យើង​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង បង្កើន​នូវ​ការ​ចែក​ប្រាប់​ដំណឹង​ល្អ ឬ​ឈោង​ចាប់​យក​ឯកសិទ្ធិ​ខាង​កិច្ច​បំរើ ដូច​ជា​កិច្ច​បំរើ​ពេញ​ពេល កិច្ច​បំរើ​នៅ​បេតអែល ឬ​កិច្ច​ការ​ខាង​សាសនទូត។ គោល​ដៅ​បែប​នេះ​នឹង​រក្សា​ឲ្យ​គំនិត​របស់​យើង​នៅ​ជាប់​នឹង​ប្រយោជន៍​ខាង​វិញ្ញាណ ហើយ​និង​ជួយ​យើង​ឲ្យ​ទប់​ទល់​នឹង​ការ​ទោរ​ទន់​ទៅ​តាម​ភាព​ទន់​ខ្សោយ​របស់​មនុស្ស ឬ​បាន​ត្រូវ​បង្ខំ​ដោយ​គោល​ដៅ​ខាង​វត្ថុ​និយម ព្រម​ទាំង​សេចក្ដី​ប្រាថ្នា​ដ៏​ឥត​ស្រប​តាម​បទ​គម្ពីរ ដែល​មាន​ទូទៅ​ក្នុង​លោកីយ៍​នេះ។ នេះ​ប្រាកដ​ជា​ដំណើរ​ដ៏​មាន​ប្រាជ្ញា​មែន ដ្បិត​ព្រះ​យេស៊ូ​បាន​ដាស់​តឿន​ថា៖ «កុំ​ឲ្យ​ប្រមូល​ទ្រព្យ​សម្បត្ដិ ទុក​សំរាប់​ខ្លួន នៅ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត នឹង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទំ​លុះ​ប្លន់​នោះ​ឡើយ ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្ដិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថាន​សួគ៌​វិញ ដែល​ជា​កន្លែង​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទំ​លុះ ឬ​ប្លន់​ផង ពីព្រោះ​សម្បត្ដិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ»។—ម៉ាថាយ ៦:១៩​-​២១

១៨. ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ ដើម្បី​មាន​ការ​គិត​ខាង​វិញ្ញាណ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ?

១៨ ការ​គិត​ខាង​វិញ្ញាណ ហើយ​ការ​ទប់​ទល់​នឹង​សេចក្ដី​ប្រាថ្នា​ខាង​លោកីយ៍ ប្រាកដ​ជា​ដំណើរ​ប្រកប​ដោយ​ប្រាជ្ញា​ក្នុង​ថ្ងៃ«ជាន់​ក្រោយ​បង្អស់»នេះ។ (ធីម៉ូថេ​ទី​២ ៣:១​-​៥) យ៉ាង​ណា​មិញ «ឯ​លោកីយ​នេះ នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់​កល្ប​ជា​និច្ច​វិញ»។ (យ៉ូហាន​ទី​១ ២:១៥​-​១៧) ជា​ឧទាហរណ៍ បើ​គ្រីស្ទាន​ក្មេង​ម្នាក់​ស្វែង​រក​គោល​ដៅ​ខាង​កិច្ច​បំរើ​ពេញ​ពេល នេះ​អាច​នាំ​ឲ្យ​ពិបាក​ក្នុង​កំឡុង​គ្រា​ជា​ក្មេង​ជំទង់​ឬ​យុវវ័យ។ ពេល​ដែល​បាន​ត្រូវ​បង្ខំ​ឲ្យ​ចុះ​ចាញ់ នោះ​បុគ្គល​បែប​នេះ​នឹង​ដឹង​ច្បាស់ នូវ​អ្វី​ដែល​គាត់​ចង់​សម្រេច​ក្នុង​កិច្ច​បំរើ​របស់​ព្រះ​យេហូវ៉ា។ បុគ្គល​ដែល​មាន​ភាព​ខាង​វិញ្ញាណ​បែប​នេះ​នឹង​យល់​ថា​មិន​ប្រកប​ដោយ​ប្រាជ្ញា​ទេ ហើយ​ព្រម​ទាំង​ខ្វះ​វិចារណញ្ញាណ​ផង ក្នុង​ការ​បាត់​បង់​នូវ​ការ​សម្រេច​គោល​ដៅ​ខាង​វិញ្ញាណ ប្រយោជន៍​សំរាប់​ការ​ស្វះ​ស្វែង​រក​វត្ថុ​ទ្រព្យ ឬ​ការ​កំសាន្ត​ណា​ដែល​នឹង​មាន​បាប​ជា​ពុំ​ខាន​នោះ។ នៅ​ចាំ​ទេ! ម៉ូសេ​ដែល​មាន​ភាព​ខាង​វិញ្ញាណ‹បាន​រង​ទុក្ខ​លំបាក​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ ជា​ជាង​មាន​សេចក្ដី​អំណរ​ខាង​អំពើ​បាប ដែល​នៅ​តែ​មួយ​ភ្លែត​នោះ​វិញ›។ (ហេព្រើរ ១១:២៤, ២៥) មិន​ថា​ក្មេង​ឬ​ចាស់ យើង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ស្រដៀង​គ្នា​នេះ​ដែរ ពេល​ដែល​យើង​ខំ​បន្ត​ការ​គិត​ខាង​វិញ្ញាណ ជា​ជាង​តាម​គំនិត​ខាង​សាច់​ឈាម។

១៩. តើ​ផល​ប្រយោជន៍​អ្វី​ដែល​យើង​នឹង​មាន បើ​សិន​ជា​យើង​ខំ​បន្ត​គិត​ខាង​វិញ្ញាណ?

១៩ «ការ​គិត​ខាង​លោកីយ៍ ទាស់​នឹង​ព្រះ» រីឯ‹ការ​គិត​ខាង​វិញ្ញាណ នាំ​អោយ​មាន​ជីវិត​និង​សេចក្ដី​សុខ​សាន្ត​វិញ›។ (រ៉ូម ៨:៦, ៧, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) បើ​សិន​ជា​យើង​ខំ​បន្ត​គិត​ខាង​វិញ្ញាណ នោះ​យើង​នឹង​ពិសោធន៍​នូវ​សន្ដិភាព​ដ៏​មាន​តម្លៃ។ ចិត្ត​គំនិត​និង​វិចារណញ្ញាណ​របស់​យើង​នឹង​ទទួល​បាន​ការ​ការ​ពារ​យ៉ាង​ពេញ​លេញ ពី​អានុភាព​នៃ​ស្ថានភាព​ដ៏​មាន​បាប​របស់​យើង។ យើង​នឹង​បាន​ប្រសើរ​ទៀត​ក្នុង​ការ​ទប់​ទល់​នឹង​សេចក្ដី​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ទំនង។ ហើយ​យើង​នឹង​មាន​ជំនួយ​ពី​ព្រះ ដើម្បី​ប្រឈម​មុខ​ដោះ​ស្រាយ​នឹង​ការ​ប្រយុទ្ធ​ដែល​មាន​ជា​បន្ត​រវាង​សាច់​ឈាម​និង​វិញ្ញាណ។

២០. ហេតុ​អ្វី​ក៏​យើង​អាច​ដឹង​ប្រាកដ​ថា អាច​មាន​ជ័យ​ជំនះ​លើ​ការ​ប្រយុទ្ធ​រវាង​សាច់​ឈាម​និង​ព្រះ​វិញ្ញាណ​នោះ?

២០ ដោយ​ខំ​បន្ត​គិត​ខាង​វិញ្ញាណ នោះ​យើង​រក្សា​នូវ​ការ​ទាក់​ទង​ដ៏​សំខាន់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ដែល​ជា​ប្រភព​នៃ​ជីវិត​និង​វិញ្ញាណ​បរិសុទ្ធ។ (ទំនុកដំកើង ៣៦:៩; ៥១:១១) អារក្ស​សាតាំង​និង​ពួក​ភ្នាក់ងារ​របស់​វា​កំពុង​តែ​ធ្វើ​អ្វី​ៗ ដើម្បី​កំទេច​ចោល​នូវ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ពួក​វា​នឹង​ខំ​កាន់​កាប់​គំនិត​របស់​យើង ដោយ​ដឹង​ថា​បើ​យើង​ចុះ​ចាញ់ នោះ​ជា​យថាហេតុ នឹង​នាំ​ទៅ​ជា​សត្រូវ​នឹង​ព្រះ និង​សេចក្ដី​ស្លាប់​ជា​ពុំ​ខាន។ ក៏​ប៉ុន្តែ យើង​អាច​មាន​ជ័យ​ជំនះ​ក្នុង​ការ​ប្រយុទ្ធ​នេះ​រវាង​សាច់​ឈាម​និង​ព្រះ​វិញ្ញាណ។ នោះ​ហើយ​ជា​បទ​ពិសោធន៍​របស់​ប៉ុល ដ្បិត​ក្នុង​ការ​សរសេរ​អំពី​ការ​ប្រយុទ្ធ​របស់​គាត់ នោះ​គាត់​បាន​សួរ​ជា​ដំបូង​ថា៖ «តើ​អ្នក​ណា​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច ពី​តួ​សេចក្ដី​ស្លាប់​នេះ​ទៅ​បាន?»។ រួច​មក ដោយ​បង្ហាញ​ថា​អាច​មាន​ការ​សង្គ្រោះ​បាន នោះ​គាត់​បាន​ប្រកាស​ថា៖ «អរ​ព្រះ​គុណ​ដល់​ព្រះ​អង្គ គឺ​ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា!»។ (រ៉ូម ៧:២១​-​២៥) យើង​ក៏​អាច​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​ដែរ ដែល​តាម​រយៈ​ព្រះ​គ្រីស្ទ ទ្រង់​ផ្ដល់​នូវ​ខ្សែ​រយៈ​ដើម្បី​ប្រឈម​មុខ​ដោះ​ស្រាយ​នឹង​ភាព​ទន់​ខ្សោយ​ជា​មនុស្ស និង​ខំ​បន្ត​គិត​ខាង​វិញ្ញាណ ដោយ​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​អំពី​ជីវិត​អស់​កល្ប​ជា​និច្ច។—រ៉ូម ៦:២៣

តើ​អ្នក​នឹក​ចាំ​បាន​ទេ?

តើ​ការ​គិត​ខាង​វិញ្ញាណ មាន​ន័យ​យ៉ាង​ណា?

តើ​តាម​របៀប​ណា​ដែល​យើង​អាច​អនុញ្ញាត​ឲ្យ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា មាន​អានុភាព​លើ​យើង?

សូម​ពន្យល់​នូវ​មូលហេតុ​ក្នុង​ការ​ប្រយុទ្ធ​នឹង​អំពើ​បាប ដែល​ជា​ការ​សំខាន់​ដើម្បី​អាច​សិក្សា​ព្រះ​គម្ពីរ គោរព​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា និង​អធិស្ឋាន​ទូល​ថ្វាយ​ទ្រង់​នោះ។

តើ​ការ​តាំង​ឲ្យ​មាន​គោល​ដៅ​ខាង​វិញ្ញាណ អាច​នាំ​ឲ្យ​យើង​ទៅ​ដល់​ដំណើរ​នៃ​ជីវិត​បែប​ណា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​៣០]

ការ​សិក្សា​ព្រះ​គម្ពីរ​ជួយ​យើង​ឲ្យ​ទប់​ទល់​នឹង​ការ​ប្រយុទ្ធ​មក​លើ​ភាព​វិញ្ញាណ​របស់​យើង

[រូប​ភាព​នៅ​ទំព័រ​៣១]

គឺ​ជា​ការ​ត្រឹម​ត្រូវ​ក្នុង​ការ​អធិស្ឋាន​សុំ​ជំនួយ​របស់​ព្រះ​យេហូវ៉ា ដើម្បី​ឲ្យ​ឈ្នះ​លើ​សេចក្ដី​ប្រាថ្នា​ដ៏​មាន​បាប

[រូប​ភាព​នៅ​ទំព័រ​៣២]

គោល​ដៅ​ខាង​វិញ្ញាណ​អាច​ជួយ​យើង​ឲ្យ​បន្ត​រក្សា​ការ​គិត​ខាង​វិញ្ញាណ