លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញមែនឬ?

តើព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញមែនឬ?

តើ​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មែន​ឬ?

មេ​អេវ៉ែក​នៅ​ស្រុក​ខេនថឺបារី ដែល​មាន​ឋានៈ​ដ៏​ខ្ពង់​ខ្ពស់​ខាង​សាសនា​របស់​ប្រទេស​អង់គ្លេស លោក​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​អាច​ប្រាប់​អ្នក​យ៉ាង​ត្រង់​ថា ថ្វី​បើ​យើង​ដឹង​យ៉ាង​ប្រាកដ​ថា ព្រះ​យេស៊ូ​បាន​មាន​ព្រះ​ជន្ម​រស់​មែន . . . តែ​យើង​មិន​អាច​និយាយ​យ៉ាង​ប្រាកដ​ក្នុង​ចិត្ត​មួយ​រយ​ភាគ​រយ​ទេ​ថា ព្រះ​បាន​ប្រោស​ទ្រង់​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​នោះ»។

សាវ័ក​ប៉ុល​មិន​ដែល​មាន​ចិត្ត​សង្ស័យ​ដូច​នោះ​ឡើយ។ ក្នុង​ជំពូក​ទី​១៥​នៃ​សំបុត្រ​ទី​មួយ​ដែល​ប៉ុល​បាន​សរសេរ​ដោយ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​បណ្ដាល​ឲ្យ​តែង​នោះ ជា​សំបុត្រ​ផ្ញើ​ទៅ​គ្រីស្ទាន​គ្នី​គ្នា​នៅ​ទី​ក្រុង​កូរិនថូស​ពី​បុរាណ គាត់​បាន​សរសេរ​ថា៖ «មុន​ដំបូង ខ្ញុំ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ដែរ គឺ​ថា​ព្រះ​គ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា តាម​បទ​គម្ពីរ ហើយ​ថា ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ដល់​ថ្ងៃ​ទី​៣ នោះ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ក៏​តាម​បទ​គម្ពីរ»។—កូរិនថូស​ទី​១ ១៥:៣, ៤

ជំនឿ​ទៅ​លើ​ដំណើរ​រស់​ឡើង​វិញ​នោះ​ឯង​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ជា​អ្វី​ដែល​បាន​ជំរុញ​សិស្ស​ទ្រង់​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នោះ​ទូទាំង​តំបន់​របស់​ជន​ជាតិ​ក្រិក​និង​ជន​ជាតិ​រ៉ូម គឺ​ថា«ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ»។ (កូល៉ុស ១:២៣) តាម​ការ​ពិត ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ ជា​មូលដ្ឋាន​នៃ​ជំនឿ​គ្រីស្ទាន​តែ​ម្ដង។

ក៏​ប៉ុន្តែ តាំង​ពី​ដំបូង​មក ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ​បាន​ត្រូវ​គេ​សង្ស័យ​និង​រហូត​ដល់​មិន​ជឿ​ទៀត​ផង។ ជនជាតិ​យូដា​ទូទៅ​បាន​ចាត់​ទុក​ពាក្យ​របស់​អ្នក​កាន់​តាម​ព្រះ​យេស៊ូ ដែល​អះអាង​ថា បុគ្គល​ដែល​ត្រូវ​បាន​ចង​ព្យួរ​នោះ​ជា​ព្រះ​មេស្ស៊ី គឺ​ជា​ពាក្យ​ប្រមាថ​មើល​ងាយ​ទៅ​វិញ។ ចំពោះ​ជន​ជាតិ​ក្រិក​ភាគ​ច្រើន​វិញ ដែល​ជា​អ្នក​រៀន​បាន​ខ្ពង់​ខ្ពស់ ទាំង​ជឿ​ទៅ​លើ​ព្រលឹង​អមតៈ ក៏​បាន​ចាត់​ទុក​នូវ​ដំណើរ​រស់​ឡើង​វិញ​ជា​ទី​ស្អប់​ខ្ពើម​ដែរ។—កិច្ច​ការ ១៧:៣២​-​៣៤

អ្នក​សង្ស័យ​នៅ​សម័យ​ទំនើប​នេះ

នា​ឆ្នាំ​ថ្មី​ៗ​នេះ វិជ្ជាករ​ខ្លះ​ៗ​ដែល​អះអាង​ថា ខ្លួន​ជា​គ្រីស្ទាន​ដែរ បាន​និពន្ធ​សៀវភៅ​និង​អត្ថបទ​នានា​ដែល​បន្ទាប​នូវ​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ​ជា​រឿង​ប្រឌិត ទាំង​បាន​ផ្ដើម​នូវ​សេចក្ដី​ផ្ចាញ់​ផ្ចាល​ជា​ខ្លាំង​អំពី​រឿង​នេះ។ ក្នុង​ការ​ស្វែង​រក«ព្រះ​យេស៊ូ​តាម​ប្រវត្ដិសាស្ត្រ» វិជ្ជាករ​ផ្សេង​ៗ​ចោទ​ថា សេចក្ដី​ដែល​សៀវភៅ​ដំណឹង​ល្អ​រៀប​រាប់​អំពី​ផ្នូរ​ដែល​នៅ​ទទេ​នោះ និង​អំពី​ការ​លេច​ខ្លួន​ឡើង​របស់​ព្រះ​យេស៊ូ​ក្រោយ​ពី​បាន​រស់​ឡើង​វិញ នោះ​ជា​រឿង​ប្រលោម​លោក​ទាំង​ស្រុង ដែល​បាន​ប្រឌិត​ឡើង​ជា​យូរ​យារ​មក​ហើយ ក្រោយ​ពី​ការ​សោយ​ទិវង្គត​របស់​ទ្រង់ ដើម្បី​គាំទ្រ​នូវ​ការ​អះអាង​ថា ទ្រង់​នឹង​មាន​អំណាច​នៅ​ស្ថាន​សួគ៌។

ជា​ឧទាហរណ៍ សូម​គិត​ទៅ​មើល​ពី​ទស្សនៈ​នៃ​វិជ្ជាករ​ម្នាក់​ជន​ជាតិ​អាល្លឺម៉ង់ ឈ្មោះ​ហ្កឺត​លឺដឺម៉ាន ជា​សាស្ដ្រាចារ្យ​ខាង​សញ្ញា​ថ្មី និង​ជា​អ្នក​និពន្ធ​នូវ​សៀវភៅ​អ្វី​ដែល​ពិត​ជា​បាន​កើត​ឡើង​ចំពោះ​ព្រះ​យេស៊ូ ជា​ការ​ពិនិត្យ​មើល​នូវ​ដំណើរ​រស់​ឡើង​វិញ​តាម​ប្រវត្ដិសាស្ត្រ។ គាត់​បញ្ចេញ​មតិ​ថា ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ ជា«សេចក្ដី​ដែល​ឥត​មាន​មូលដ្ឋាន» ហើយ​អ្នក​ណា​ម្នាក់​ដែល​មាន«ទស្សនៈ​ខាង​វិទ្យា​សាស្ត្រ​អំពី​លោកីយ៍» ក៏​ត្រូវ​បដិសេធ​ទាស់​នឹង​ដំណើរ​រស់​ឡើង​វិញ​នោះ​ដែរ។

សាស្ដ្រាចារ្យ​លោក​លឺដឺម៉ាន អះអាង​ថា ព្រះ​គ្រីស្ទ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នោះ ព្រម​ទាំង​បាន​លេច​ខ្លួន​ឲ្យ​សាវ័ក​ពេត្រុស​ឃើញ តាម​ការ​ពិត​ទៅ​ជា​ចក្ខុនិមិត្ត​ដែល​ជា​លទ្ធផល​ពី​ចិត្ត​សោកសង្រេង​និង​គំនិត​មាន​ទោស​ដ៏​លើស​លប់ ដោយ​ព្រោះ​គាត់​បាន​បដិសេធ​នឹង​ព្រះ​យេស៊ូ​ពី​មុន។ យោង​ទៅ​តាម​លោក​លឺដឺម៉ាន ការ​បង្ហាញ​ខ្លួន​របស់​ព្រះ​យេស៊ូ​ពី​មុខ​អ្នក​ជឿ​ជាង​៥០០​នាក់​នោះ គ្រាន់​តែ​ជា«មនុស្ស​គ្នា​ច្រើន​ដែល​មាន​ចិត្ត​អណ្ដែត​អណ្ដូង»ប៉ុណ្ណោះ។ (កូរិនថូស​ទី​១ ១៥:៥, ៦) បើ​សង្ខេប​ទៅ វិជ្ជាករ​ជា​ច្រើន​នាក់​បង្រួម​កំណត់​ហេតុ​នានា​ក្នុង​ព្រះ​គម្ពីរ​អំពី​ព្រះ​យេស៊ូ​ដែល​បាន​រស់​ឡើង​វិញ ទៅ​ជា​បទ​ពិសោធន៍​មួយ​ៗ​តាម​មតិ​ប៉ុណ្ណោះ ដែល​បាន​ជួយ​សិស្ស​ទ្រង់​បង្កើត​ឲ្យ​មាន​ទំនុក​ចិត្ត​សារ​ជា​ថ្មី​ខាង​វិញ្ញាណ ព្រម​ទាំង​ចិត្ត​ខ្នះ​ខ្នែង​ធ្វើ​ជា​សាសនទូត​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​សូវ​មាន​អ្នក​ណា​ម្នាក់​ចាប់​អារម្មណ៍​ចង់​ដេញ​ដោល​ពី​រឿង​មតិ​ទាំង​នេះ​ឡើយ។ ក៏​ប៉ុន្តែ យើង​គ្រប់​ៗ​គ្នា​គួរ​ចង់​ចាប់​អារម្មណ៍​នឹង​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ​វិញ។ តើ​ហេតុ​អ្វី? ពីព្រោះ​បើ​ទ្រង់​មិន​បាន​រស់​ឡើង​វិញ​ទេ នោះ​សាសនា​គ្រីស្ទាន​មាន​មូលដ្ឋាន​មិន​ពិត។ ផ្ទុយ​ទៅ​វិញ បើ​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ​ជា​ហេតុ​ការណ៍​ពិត​តាម​ប្រវត្ដិសាស្ត្រ​មែន នោះ​សាសនា​គ្រីស្ទាន​មាន​មូលដ្ឋាន​លើ​សេចក្ដី​ពិត​វិញ​ដែរ។ ក្រោម​កាលៈទេសៈ​ទាំង​នោះ គឺ​មិន​ត្រឹម​តែ​ជា​ការ​អះអាង​របស់​ព្រះ​យេស៊ូ​ប៉ុណ្ណោះ​ដែល​ត្រូវ​ស​ឲ្យ​ឃើញ​ថា​ត្រឹម​ត្រូវ​នោះ​ទេ តែ​រួម​ទាំង​សេចក្ដី​សន្យា​របស់​ទ្រង់​ផង​ដែរ។ ម្យ៉ាង​វិញ​ទៀត បើ​មាន​ដំណើរ​រស់​ឡើង​វិញ​មែន នោះ​សេចក្ដី​ស្លាប់​មិន​មែន​ជា​អ្វី​ដែល​ឈ្នះ​រហូត​នោះ​ទេ តែ​ជា​សត្រូវ​ដែល​អាច​ចាញ់​បាន។—កូរិនថូស​ទី​១ ១៥:៥៥

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូប​ភាព​នៅ​ទំព័រ​៣]

From the Self​-​Pronouncing Edition of the Holy Bible, containing the King James and the Revised versions