លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ព្រះអម្ចាស់ ទ្រង់មានព្រះជន្មរស់ឡើងវិញមែន!»

«ព្រះអម្ចាស់ ទ្រង់មានព្រះជន្មរស់ឡើងវិញមែន!»

«ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មែន!»

សូម​គិត​ទៅ​មើល​ថា ពេល​ដែល​ព្រះ​យេស៊ូ​បាន​ត្រូវ​គេ​ធ្វើ​គុត​នោះ សិស្ស​របស់​ព្រះ​អង្គ​ម្ចាស់​មាន​ចិត្ត​អន្ទះអន្ទែង​យ៉ាង​ណា​ទៅ។ សេចក្ដី​សង្ឃឹម​របស់​គេ​គឺ​ហាក់​ដូច​ជា​រលាយ​សាប​សូន្យ​អស់ ដូច​ជា​សាក​សព​ឥត​មាន​ជីវិត ដែល​លោក​យ៉ូសែប​ពី​ទី​ក្រុង​អើរីម៉ាថេ​បាន​ដាក់​ក្នុង​ផ្នូរ​នោះ​អ៊ីចឹង។ សេចក្ដី​សង្ឃឹម​មួយ​ដែល​ថា ព្រះ​យេស៊ូ​នឹង​ប្រោស​ពួក​យូដា​ចេញ​ពី​នឹម​របស់​ពួក​រ៉ូម ក៏​បាន​រលត់​អស់​ទៅ​ដែរ។

បើ​រឿង​ចប់​តែ​ប៉ុណ្ណេះ សិស្ស​របស់​ព្រះ​យេស៊ូ​ប្រាកដ​ជា​ត្រូវ​បាត់​អស់​ទៅ​ដែរ ដូច​ជា​ពួក​អ្នក​ដែល​បាន​កាន់​តាម​មនុស្ស​ទាំង​ប៉ុន្មាន​ទៀត ដែល​បាន​អះអាង​ថា​ខ្លួន​ជា​ព្រះ​មេស្ស៊ី​នោះ។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​នៅ​មាន​ព្រះ​ជន្ម​រស់​នៅ​ឡើយ! យោង​ទៅ​តាម​បទ​គម្ពីរ​នានា ព្រះ​យេស៊ូ​បាន​លេច​អង្គ​ទ្រង់​ផ្ទាល់​ឲ្យ​អ្នក​កាន់​តាម​ទ្រង់​ឃើញ​ប៉ុន្មាន​ដង មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ការ​សោយ​ទិវង្គត​របស់​ទ្រង់។ ហេតុ​នោះ​ហើយ​បាន​ជា​អ្នក​ខ្លះ​បាន​ត្រូវ​ជំរុញ​ឲ្យ​លាន់​មាត់​ថា៖ «ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មែន!»។—លូកា ២៤:៣៤

សិស្ស​របស់​ទ្រង់​ត្រូវ​តែ​ការ​ពារ​ជំនឿ​របស់​ខ្លួន​ទៅ​លើ​ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី។ ក្នុង​ការ​ធ្វើ​អ៊ីចឹង គេ​បាន​ចង្អុល​បញ្ជាក់​ជា​ពិសេស​ទៅ​លើ​ដំណើរ​រស់​ឡើង​វិញ​ពី​ការ​អស់​ព្រះ​ជន្ម​របស់​ទ្រង់ ជា​ទី​សំអាង​ជាក់​លាក់​ថា ទ្រង់​ជា​ព្រះ​មេស្ស៊ី​មែន។ យ៉ាង​ប្រាកដ​ណាស់ «ពួក​សាវក​ក៏​ធ្វើ​បន្ទាល់ ដោយ​ព្រះ​ចេស្ដា​ដ៏​ធំ ពី​ដំណើរ​ដែល​ព្រះ​អម្ចាស់​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ»ដែរ។—កិច្ច​ការ ៤:៣៣

បើ​មាន​អ្នក​ណា​ម្នាក់​អាច​បង្ហាញ​ថា ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់​នោះ​មិន​ពិត​ទេ ប្រហែល​ជា​ដោយ​ឲ្យ​សិស្ស​ម្នាក់​របស់​ទ្រង់​សារភាព​ប្រាប់​អ៊ីចឹង ឬ​ដោយ​បង្ហាញ​ថាស​ព​របស់​ព្រះ​យេស៊ូ​នៅ​មាន​ក្នុង​ផ្នូរ​នៅ​ឡើយ បើ​ដូច​នេះ​នោះ​សាសនា​គ្រីស្ទាន​ត្រូវ​បរាជ័យ​តាំង​តែ​ពី​ដើម​មក​ម្ល៉េះ។ តែ​មិន​មែនអ៊ីចឹង​ទេ។ ដោយ​ដឹង​ថា​ព្រះ​គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​នៅ​ឡើយ អ្នក​កាន់​តាម​ព្រះ​យេស៊ូ​បាន​ដើរ​ផ្សាយ​យ៉ាង​សុសសាយ​ទូទៅ ដោយ​ប្រកាស​ប្រាប់​ពី​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់ និង​មនុស្ស​ទាំង​ហ្វូង​ៗ​បាន​ក្លាយ​ជា​អ្នក​ជឿ​ទៅ​លើ​ព្រះ​គ្រីស្ទ​ដែល​បាន​រស់​ឡើង​វិញ​នោះ។

ហេតុ​អ្វី​បាន​ជា​អ្នក​អាច​ជឿ​ដែរ​ទៅ​លើ​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ? តើ​មាន​ភស្តុ​តាង​អ្វី​ខ្លះ​ដែល​ថា ដំណើរ​រស់​ឡើង​វិញ​នោះ​ជា​ហេតុ​ការណ៍​ពិត​មែន?

ហេតុ​ដែល​គួរ​ពិនិត្យ​មើល​ទី​សំអាង

សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន​ក៏​រាយ​ការណ៍​ប្រាប់​អំពី​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ។ (ម៉ាថាយ ២៨:១​-​១០; ម៉ាកុស ១៦:១​-​៨; លូកា ២៤:១​-​១២; យ៉ូហាន ២០:១​-​២៩) a ផ្នែក​ផ្សេង​ៗ​ទៀត​នៃ​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក ក៏​ចែង​យ៉ាង​ប្រាកដ​ដែរ​អំពី​ការ​ប្រោស​ព្រះ​គ្រីស្ទ​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ។

អ៊ីចឹង​យើង​មិន​ងឿង​ឆ្ងល់​ឡើយ ពី​ហេតុ​ដែល​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​បាន​ប្រកាស​ផ្សាយ​អំពី​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់! បើ​ព្រះ​ប្រាកដ​ជា​បាន​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​មែន នេះ​គឺ​ជា​ដំណឹង​ដ៏​អស្ចារ្យ​ជា​ទី​បំផុត​ដែល​លោកីយ៍​ធ្លាប់​បាន​ឮ​ហើយ។ នេះ​មាន​ន័យ​ថា មាន​ព្រះ​មែន។ បន្ថែម​ទៅ​ទៀត​ក៏​មាន​ន័យ​ថា ព្រះ​យេស៊ូ​កំពុង​តែ​មាន​ព្រះ​ជន្ម​រស់​នៅ​នៅ​ឡើយ​ក្នុង​ពេល​នេះ។

តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង? ព្រះ​យេស៊ូ​បាន​អធិស្ឋាន​ថា៖ «នេះ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច គឺ​ឲ្យ​គេ​បាន[ចំណេះ​អំពី, ព.ថ.]ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង»។ (យ៉ូហាន ១៧:៣) មែន​ហើយ យើង​អាច​ទទួល​ចំណេះ​អំពី​ព្រះ​យេស៊ូ​និង​ព្រះ​វរបិតា​របស់​ទ្រង់ ជា​ចំណេះ​ដែល​ប្រទាន​ជីវិត​បាន។ ដោយ​អនុវត្ត​តាម​ចំណេះ​បែប​នេះ សូម្បី​តែ​យើង​ស្លាប់​ក៏​ដោយ យើង​អាច​រស់​ឡើង​វិញ​បាន ដោយ​ព្រោះ​ព្រះ​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ។ (យ៉ូហាន ៥:២៨, ២៩) យើង​អាច​សង្ឃឹម​នឹង​ទទួល​ជីវិត​ជា​រៀង​រហូត​នៅ​លើ​ផែនដី​មនោរម្យ ក្រោម​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌ ដែល​មាន​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​អ្នក​កាន់​កាប់ ជា​ព្រះ​រាជបុត្រា​ដែល​បាន​ត្រូវ​លើក​ឡើង​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច។—អេសាយ ៩:៦, ៧; លូកា ២៣:៤៣; វិវរណៈ ១៧:១៤

ដូច្នេះ​ហើយ មាន​សំនួរ​ដែល​ត្រូវ​សួរ​ថា តើ​ព្រះ​យេស៊ូ​ពិត​ជា​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ពី​ការ​សោយ​ទិវង្គត​ឬ​ក៏​អត់? នេះ​ជា​សំនួរ​ដ៏​សំខាន់​មួយ​មែន។ សំនួរ​នោះ​មាន​អានុភាព​លើ​ជីវិត​យើង​នៅ​ពេល​ឥឡូវ​នេះ ព្រម​ទាំង​លើ​សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​ពេល​អនាគត​ផង​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​អញ្ជើញ​លោក​អ្នក​ពិនិត្យ​មើល​នៅ​ទី​សំអាង​បួន​យ៉ាង​ដែល​បញ្ជាក់​ថា ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត​និង​បាន​រស់​ឡើង​វិញ​មែន។

ព្រះ​យេស៊ូ​ពិត​ជា​បាន​សោយ​ទិវង្គត​នៅ​លើ​បង្គោល​ឈើ​មែន

អ្នក​ខ្លះ​ដែល​ជា​អ្នក​សង្ស័យ​នោះ​អះអាង​ថា ទោះ​ជា​គេ​បាន​ដាក់​ព្រះ​យេស៊ូ​លើ​បង្គោល​ឈើ​ក៏​ដោយ នោះ​ទ្រង់​មិន​បាន​សោយ​ទិវង្គត​នៅ​ទី​នោះ​ទេ។ គេ​ថា ទ្រង់​គ្រាន់​ជិត​ផុត​ដង្ហើម​ទៅ ហើយ​បាន​មាន​ស្មារតី​ឡើង​វិញ​ដោយ​ព្រោះ​ផ្នូរ​នោះ​ត្រជាក់។ ក៏​ប៉ុន្តែ ពត៌មាន​ផ្សេង​ៗ​ដែល​មាន​ស្រាប់ នោះ​បញ្ជាក់​ថា គេ​បាន​ដាក់​រូប​កាយ​ដ៏​ឥត​មាន​ជីវិត​របស់​ព្រះ​យេស៊ូ​ទៅ​ក្នុង​ផ្នូរ​នោះ​ឯង។

ដោយ​សារ​គេ​បាន​ប្រហារ​ជីវិត​របស់​ព្រះ​យេស៊ូ​យ៉ាង​សាធារណៈ​នោះ មាន​សាក្សី​ដែល​អាច​ឲ្យ​ទី​សំអាង​ថា ទ្រង់​ពិត​ជា​បាន​សោយ​ទិវង្គត​នៅ​លើ​បង្គោល​ឈើ​នោះ​មែន។ មេ​ទ័ព​ម្នាក់​ដែល​ទទួល​ខុស​ត្រូវ​នឹង​ការ​ប្រហារ​ជីវិត​គេ ក៏​បាន​បញ្ជាក់​ថា​ទ្រង់​សោយ​ទិវង្គត​ហើយ។ មេ​ទ័ព​ម្នាក់​ជា​អ្នក​ជំនាញ​ដែល​មាន​កិច្ច​ការ​ខាង​នោះ ជា​អ្នក​ដែល​សម្រេច​ឲ្យ​ដឹង​ថា តើ​ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត​ហើយ​ឬ​យ៉ាង​ណា។ បន្ថែម​ទៅ​ទៀត​នោះ លោក​ប៉ុនទាស​ពីឡាត់ ដែល​ជា​ចៅហ្វាយ​ខេត្ត​ជន​ជាតិ​រ៉ូម ក៏​បាន​យល់​ព្រម​ប្រគល់​សព​ព្រះ​យេស៊ូ​ឲ្យ​លោក​យ៉ូសែប​ពី​ក្រុង​អើរីម៉ាថេ ដើម្បី​យក​ទៅ​កប់​នោះ ក្រោយ​ពី​លោក​ដឹង​ប្រាកដ​ជា​មុន ថា​ព្រះ​យេស៊ូ​សោយ​ទិវង្គត​ហើយ។—ម៉ាកុស ១៥:៣៩​-​៤៦

គេ​បាន​មក​ឃើញ​ផ្នូរ​នោះ​នៅ​ទទេ​មែន

ផ្នូរ​នោះ​ដែល​នៅ​ទទេ បាន​ធ្វើ​ជា​ភស្តុ​តាង​ដំបូង​ដែល​សិស្ស​ព្រះ​យេស៊ូ​មាន​អំពី​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់ និង​ទី​សំអាង​នេះ​នៅ​តែ​ជា​អ្វី​ដែល​គ្មាន​អ្នក​ណា​ជំទាស់​ទេ។ គេ​បាន​កប់​ព្រះ​យេស៊ូ​នៅ​ក្នុង​ផ្នូរ​ដ៏​ថ្មី​មួយ ជា​ផ្នូរ​ដែល​គ្មាន​នរណា​ដែល​ប្រើ​ទេ។ ផ្នូរ​នោះ​នៅ​ក្បែរ​ទី​កន្លែង​ដែល​ត្រូវ​គេ​ធ្វើ​គុត និង​នៅ​គ្រា​នោះ​ស្រួល​រក​ឃើញ​ដែរ។ (យ៉ូហាន ១៩:៤១, ៤២) កំណត់​ហេតុ​ពី​សៀវភៅ​ដំណឹង​ល្អ​និមួយ​ៗ ក៏​ឯកភាព​ថា នៅ​ពេល​ដែល​មិត្ត​សំឡាញ់​របស់ព្រះ​យេស៊ូ​បាន​មក​ដល់​ផ្នូរ​នោះ នៅ​ពេល​ព្រលឹម​ថ្ងៃ​ទី​ពីរ​ក្រោយ​ពី​ទ្រង់​បាន​សោយ​ទិវង្គត​ហើយ នោះ​បាន​បាត់​សព​របស់​ទ្រង់​ទៅ​ហើយ។—ម៉ាថាយ ២៨:១​-​៧; ម៉ាកុស ១៦:១​-​៧; លូកា ២៤:១​-​៣; យ៉ូហាន ២០:១​-​១០

ផ្នូរ​ទទេ​នោះ​បាន​ធ្វើ​ឲ្យ​សត្រូវ​របស់​ព្រះ​យេស៊ូ​ភាំង​ស្មារតី ដូច​ជា​មិត្ត​ទ្រង់​ក៏​បាន​ភាំង​ស្មារតី​ដែរ។ បច្ចាមិត្ត​របស់​ទ្រង់​ធ្លាប់​ប្រឹង​ប្រែង​ជា​យូរ​យារ​មក​ហើយ ដើម្បី​ធ្វើ​គុត​និង​កប់​ទ្រង់​ចោល។ ដោយ​បាន​សម្រេច​គោល​ដៅ​របស់​គេ​ហើយ គេ​ក៏​បាន​ចាត់​វិធាន​ការណ៍​ចាត់​តាំង​អ្នក​យាម​ម្នាក់ និង​បាន​បិទ​ផ្នូរ​នោះ​យ៉ាង​ជាប់​ទៅ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ព្រលឹម​ថ្ងៃ​ទី​មួយ​ក្នុង​កំឡុង​សប្ដាហ៍​នោះ ក៏​ផ្នូរ​នោះ​នៅ​តែ​ទទេ​ដែរ។

តើ​មិត្ត​ៗ​របស់​ព្រះ​យេស៊ូ​បាន​យក​ព្រះ​សព​ទ្រង់​ចេញ​ពី​ផ្នូរ​ឬ? ប្រាកដ​ជា​អត់​ទេ! ដោយ​ព្រោះ​សៀវភៅ​ដំណឹង​ល្អ​និមួយ​ៗ​បង្ហាញ​ថា គេ​មាន​ចិត្ត​ទុក្ខ​ព្រួយ​ជា​ខ្លាំង​ក្រោយ​ពី​ការ​ប្រហារ​ព្រះ​ជន្ម​ទ្រង់​មក​នោះ។ ម្យ៉ាង​ទៀត​ដែរ សិស្ស​របស់​ទ្រង់​ក៏​ប្រាកដ​ជា​នឹង​មិន​ព្រម​រង​ទុក្ខ​សេចក្ដី​បៀត​បៀន​និង​ការ​ស្លាប់ ដើម្បី​អ្វី​ដែល​គេ​ដឹង​ថា​ជា​រឿង​ក្លែង​ក្លាយ​នោះ​ឡើយ។

តើ​អ្នក​ណា​គេ​បាន​ដក​យក​សព​ទ្រង់​ចេញ​នោះ? គ្មាន​ទំនង​ថា ពួក​សត្រូវ​របស់​ព្រះ​យេស៊ូ​យក​សព​ចេញ​ទេ។ តែ​បើ​អ៊ីចឹង​មែន គេ​ប្រាកដ​ជា​នឹង​ចង់​ប្រគល់​ឲ្យ​សព​នោះ​នៅ​ក្រោយ​មក ដើម្បី​បដិសេធ​នឹង​ការ​អះអាង​របស់​សិស្ស​ព្រះ​យេស៊ូ​ដែល​ថា ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នោះ។ តែ​មិន​មាន​អ្វី​ៗ​បែប​នោះ​កើត​ឡើង​ទេ ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​ជា​អ្នក​សម្រេច​ការ​នោះ​តែ​ម្ដង។

ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក​ទៀត ពួក​សត្រូវ​របស់​ព្រះ​យេស៊ូ​មិន​ដែល​តវ៉ា​ទាស់​ទទែង​ដោយ​បដិសេធ​ទេ កាល​ដែល​ពេត្រុស​បាន​មាន​ប្រសាសន៍​ជា​កសិណសាក្សី​ថា៖ «ឱ​ពួក​សាសន៍​អ៊ីស្រាអែល​អើយ! សូម​ស្ដាប់​ពាក្យ​នេះ​ចុះ! ព្រះ​យេស៊ូវ ជា​អ្នក​ស្រុក​ណាសារ៉ែត ដែល​ព្រះ​បាន​សំដែង​បង្ហាញ​មក​អ្នក​រាល់​គ្នា ដោយ​ការ​ឫទ្ធិ​បារមី ការ​អស្ចារ្យ នឹង​ទី​សំគាល់ ដែល​ព្រះ​ទ្រង់​បាន​ធ្វើ នៅ​កណ្ដាល​អ្នក​រាល់​គ្នា ដោយ​សារ​ទ្រង់ ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ ព្រះ​អង្គ​នោះ​ទ្រង់​ត្រូវ​បញ្ជូន​ទៅ តាម​ការ​សំរេច នឹង​ប​ព្វ​ញាណ​នៃ​ព្រះ ហើយ​អ្នក​រាល់​គ្នា​បាន​ចាប់​ទ្រង់ ដោយ​សារ​ដៃ​មនុស្ស​ទទឹង​ច្បាប់ ព្រម​ទាំង​ឆ្កាង​សំឡាប់​ទ្រង់​ផង។ ប៉ុន្តែ ព្រះ​បាន​ប្រោស​ទ្រង់ ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដោយ​បាន​ស្រាយ​ចំណង​នៃ​សេចក្ដី​ស្លាប់​ចេញ ពីព្រោះ​សេចក្ដី​ស្លាប់ គ្មាន​អំណាច​នឹង​ឃុំ​ឃាំង​ទ្រង់​ទុក​បាន​ឡើយ។ ដ្បិត​ហ្លួង​ដាវីឌ​មាន​បន្ទូល​ពី​ទ្រង់​ថា៖ ‹ទូល​បង្គំ​បាន​ឃើញ​ព្រះ​អម្ចាស់ នៅ​មុខ​ទូល​បង្គំ​ជា​និច្ច . . . ១​ទៀត រូប​សាច់​ទូល​បង្គំ​នឹង​ស្នាក់​នៅ ដោយ​សេចក្ដី​សង្ឃឹម​ដែរ។ ដ្បិត​ទ្រង់​នឹង​មិន​ទុក​ព្រលឹង​ទូល​បង្គំ ឲ្យ​ជាប់​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ក៏​មិន​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ទ្រង់​ឃើញ​សេចក្ដី​ពុក​រលួយ​ដែរ›»។កិច្ច​ការ ២:២២​-​២៧

មនុស្ស​ជា​ច្រើន​បាន​ឃើញ​ព្រះ​យេស៊ូ​រស់​ឡើង​វិញ

នៅ​ក្នុង​សៀវភៅ​កិច្ច​ការ លោក​លូកា​ដែល​ជា​អ្នក​សរសេរ​ដំណឹង​ល្អ​មួយ​ក្បាល​ដែរ បាន​មាន​ប្រសាសន៍​ថា៖ «កាល[ព្រះ​យេស៊ូ]បាន​រង​ទុក្ខ​រួច​ហើយ នោះ​ក៏​បាន​សំដែង​អង្គ​ទ្រង់​មក​ទាំង​រស់ ឲ្យ​ពួក​សាវក​នោះ​ឃើញ​ដោយ​សារ​ភស្តុ​តាង​ជា​ច្រើន ព្រម​ទាំង​លេច​មក​ឯ​គេ ក៏​សំដែង​ពី​អស់​ទាំង​សេចក្ដី​ខាង​ឯ​នគរ​ព្រះ ក្នុង​រវាង​៤០​ថ្ងៃ»។ (កិច្ច​ការ ១:២, ៣) សិស្ស​មួយ​ចំនួន​ក៏​បាន​ឃើញ​ព្រះ​យេស៊ូ​ជា​អ្នក​រស់​ឡើង​វិញ​នៅ​ពេល​ផ្សេង​ៗ​ពី​គ្នា នៅ​ក្នុង​សួន​ច្បារ​មួយ តាម​ផ្លូវ ពេល​បរិភោគ​អាហារ និង​នៅ​ក្បែរ​សមុទ្រ​ទី​បេរា​ស​ជា​ដើម។—ម៉ាថាយ ២៨:៨​-​១០; លូកា ២៤:១៣​-​៤៣; យ៉ូហាន ២១:១​-​២៣

ពួក​អ្នក​រក​កំហុស​ក៏​ដេញ​ដោល​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​លេច​អង្គ​ទ្រង់​ឡើង​ទាំង​នេះ។ ពួក​គេ​ថា អ្នក​សរសេរ​បាន​ប្រឌិត​ដំណើរ​រឿង​នោះ ឬ​ដោយ​បញ្ជាក់​ពី​អ្វី​ដែល​ទំនង​ជា​ការ​ទាស់​គំនិត​នៅ​ក្នុង​ហ្នឹង​ដែរ។ តាម​ការ​ពិត ភាព​ខុស​គ្នា​បន្ដិច​បន្តួច​រវាង​កំណត់​ហេតុ​ជា​ដំណឹង​ល្អ​នោះ ក៏​បញ្ជាក់​ថា​គ្មាន​ការ​ផ្សំ​គំនិត​គ្នា​ជា​មុន​ទេ។ ចំណេះ​របស់​យើង​អំពី​ព្រះ​យេស៊ូ​អាច​កាន់​តែ​ទូលំ​ទូលាយ​ឡើង ដោយ​អ្នក​សរសេរ​ម្នាក់​កត់​ចំណុច​ល្អិត​ល្អន់​ណា​ដែល​បន្ថែម​ទៅ​លើ​កំណត់​ហេតុ​ឯ​ទៀត ពី​ព្រឹត្ដិការណ៍​ផ្សេង​ៗ​ក្នុង​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី។

តើ​ការ​លេច​ខ្លួន​ឡើង​ដោយ​ព្រះ​យេស៊ូ​ក្រោយ​ពី​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នោះ គ្រាន់​តែ​ជា​ការ​មមើ​មមាយ​ឬ? ការ​និយាយ​អ៊ីចឹង​ក៏​មិន​គួរ​ជឿ​ដែរ ដោយ​ព្រោះ​មាន​គ្នា​ច្រើន​នាក់​ដែល​បាន​ឃើញ​ទ្រង់។ ក្នុង​ចំណោម​ពួក​អ្នក​ឃើញ​នោះ រួម​ទាំង​អ្នក​នេសាទ​ត្រី ម្នាក់​ដែល​ធ្វើ​ការ​រដ្ឋ ព្រម​ទាំង​សាវ័ក​ថូម៉ាស​ដែល​ចេះ​តែ​សង្ស័យ​នោះ ដែល​បាន​ជឿ​ជាក់​ដោយ​ឃើញ​នូវ​ភស្តុ​តាង​ដែល​បដិសេធ​មិន​បាន បញ្ជាក់​ថា​ព្រះ​យេស៊ូ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​មែន។ (យ៉ូហាន ២០:២៤​-​២៩) ប៉ុន្មាន​ដង​នោះ សិស្ស​របស់​ព្រះយេស៊ូ​មិន​បាន​ស្គាល់​ភ្លាម​ៗ​នូវ​មុខ​ព្រះ​អង្គ​ម្ចាស់​របស់​គេ​ដែល​បាន​រស់​ឡើង​វិញ​ទេ។ មាន​ម្ដង​នោះ​ដែល​មនុស្ស​ជាង​៥០០​នាក់​បាន​ឃើញ​ទ្រង់ ដែល​គេ​ភាគ​ច្រើន​នោះ​បាន​នៅ​រស់​នៅ​ឡើយ ពេល​ដែល​សាវ័ក​ប៉ុល​បាន​សំដៅ​ទៅ​លើ​ព្រឹត្ដិការណ៍​នោះ ជា​ទី​សំអាង​ពី​ដំណើរ​រស់​ឡើង​វិញ។—កូរិនថូស​ទី​១ ១៥:៦

ព្រះ​យេស៊ូ​ដែល​មាន​ព្រះ​ជន្ម​រស់ ទ្រង់​មាន​អានុភាព​ទៅ​លើ​មនុស្សជាតិ

ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ​មិន​មែន​ជា​រឿង​ចង់​ឮ​ចង់​ដឹង ឬ​រឿង​ដេញ​ដោល​ប៉ុណ្ណោះ​ទេ។ ហេតុ​ដែល​ទ្រង់​មាន​ព្រះ​ជន្ម​រស់​នោះ បាន​មាន​ឥទ្ធិពល​ដ៏​ល្អ​លើ​មនុស្សជាតិ​ទូទៅ។ តាំង​ពី​សតវត្ស​ទី​មួយ​មក​ម្ល៉េះ មនុស្ស​ច្រើន​រាប់​ពុំ​អស់​បាន​បែរ​ចេញ​ពី​ភាព​កន្តើយ ឬ​ការ​ប្រឆាំង​សាសនា​គ្រីស្ទាន​ទាំង​ស្រុង ទៅ​ជា​មាន​ចិត្ត​ដឹង​ប្រាកដ​ប្រជា​ថា ជា​សាសនា​ពិត​ទៅ​វិញ។ អ្វី​ទៅ​ដែល​បាន​កែ​ប្រែ​គំនិត​គេ? គឺ​ជា​ការ​សិក្សា​បទ​គម្ពីរ​នានា​ដែល​បាន​ធ្វើ​ជា​ទី​សំអាង​បញ្ជាក់​ថា ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ​យេស៊ូ​រស់​ឡើង​វិញ​មាន​ព្រះ​ជន្ម​ជា​បុគ្គល​វិញ្ញាណ​ដ៏​មាន​សិរី​រុង​រឿង​នៅ​ស្ថាន​សួគ៌។ (ភីលីព ២:៨​-​១១) គេ​បាន​អនុវត្ត​ជំនឿ​ទៅ​លើ​ព្រះ​យេស៊ូ ព្រម​ទាំង​លើ​សំ​វិធានការ​ពី​ព្រះ​យេហូវ៉ា ដើម្បី​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ​តាម​រយៈ​យញ្ញ​បូជា​លោះ​របស់​ព្រះ​គ្រីស្ទ។ (រ៉ូម ៥:៨) បុគ្គល​ម្នាក់​ៗ​បែប​នេះ​បាន​រក​សុភមង្គល​ពិត​ឃើញ ដោយ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ និង​ដោយ​រស់​សម​ស្រប​ទៅ​តាម​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ។

សូម​គិត​ទៅ​មើល​ថា ការ​ធ្វើ​ជា​គ្រីស្ទាន​ម្នាក់​នៅ​សតវត្ស​ទី​មួយ​នោះ បាន​រួម​បញ្ចូល​អ្វី​ខ្លះ។ គ្មាន​ការ​ទទួល​កិត្យានុភាព អំណាច ឬ​វត្ថុ​ទ្រព្យ​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ គ្រីស្ទាន​ដើម​ភាគ​ច្រើន​នោះ បាន‹ទ្រាំ​ដោយ​អំណរ​ឲ្យ​មនុស្ស​ប្លន់​យក​របស់​ទ្រព្យ​ខ្លួន› ប្រយោជន៍​ដល់​ជំនឿ​របស់​ខ្លួន។ (ហេព្រើរ ១០:៣៤) ការ​កាន់​តាម​សាសនា​គ្រីស្ទាន បាន​តម្រូវ​ឲ្យ​គេ​ចេះ​ពលី​ខ្លួន​និង​ទទួល​ការ​បៀត​បៀន ដែល​ជា​ច្រើន​ដង​នោះ​ក៏​នាំ​ឲ្យ​ស្លាប់​ដោយ​ព្រោះ​ជំនឿ​ដែរ។

មុន​នឹង​ក្លាយ​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូ អ្នក​ខ្លះ​អាច​ទទួល​កិត្យានុភាព​និង​វត្ថុ​ទ្រព្យ​ជា​ច្រើន​ដែរ។ លោក​សូល​ពី​ទី​ក្រុង​តើសុស​បាន​រៀន​ពី​លោក​គ្រូ​ដ៏​ល្បី​ម្នាក់​ខាង​ក្រិត្យ​វិន័យ ឈ្មោះ​កាម៉ាលាល ហើយ​ក៏​បាន​ចាប់​ផ្ដើម​បង្កើត​ឈ្មោះ​ល្បី​ពី​មុខ​ពួក​សាសន៍​យូដា​ដែរ។ (កិច្ច​ការ ៩:១, ២; ២២:៣; កាឡាទី ១:១៤) ក៏​ប៉ុន្តែ សូល​បាន​ទៅ​ជា​សាវ័ក​ប៉ុល​វិញ។ គាត់​និង​មនុស្ស​ច្រើន​នាក់​ទៀត​បាន​បែរ​ខ្នង​បដិសេធ​នឹង​កិត្យានុភាព​និង​អំណាច​ដែល​លោកីយ៍​នេះ​ប្រទាន​ឲ្យ។ ហេតុ​អ្វី? ដើម្បី​ផ្សព្វ​ផ្សាយ​សារ​ពី​សេចក្ដី​សង្ឃឹម​ពិត ដែល​មាន​មូលដ្ឋាន​លើ​សេចក្ដី​សន្យា​របស់​ព្រះ និង​លើ​ហេតុ​ការណ៍​ពិត​ដែល​ថា ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ត្រូវ​ប្រោស​ពី​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ (កូល៉ុស ១:២៨) គេ​បាន​សុខ​ចិត្ត​រង​ទុក្ខ​ប្រយោជន៍​ឲ្យ​អ្វី​ដែល​គេ​ដឹង​ថា មាន​មូលដ្ឋាន​ទៅ​លើ​សេចក្ដី​ពិត​មែន។

សព្វ​ថ្ងៃ​នេះ​ក៏​មាន​រាប់​លាន​នាក់​ដែល​ធ្វើ​អ៊ីចឹង​ដែរ។ លោក​អ្នក​អាច​រក​ពួក​គេ​ឃើញ​នៅ​ក្នុង​ក្រុម​ជំនុំ​នានា​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទូទាំង​ផែនដី។ ស្មរបន្ទាល់​ទាំង​ឡាយ សូម​អញ្ជើញ​លោក​អ្នក​ដោយ​កក់​ក្ដៅ មក​រួម​ចំណែក​ធ្វើ​ពិធី​បុណ្យ​រំឭក​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ​ដែល​ធ្វើ​ឡើង​ជា​ប្រចាំ​ឆ្នាំ។ ពួក​គេ​នឹង​សប្បាយ​ចិត្ត​បើ​លោក​អ្នក​មាន​វត្តមាន​នៅ​ពិធី​នោះ និង​នៅ​ឯ​កិច្ច​ប្រជុំ​នានា​នៅ​សាល​ព្រះ​រាជាណាចក្រ​របស់​ពួក​គេ ដើម្បី​សិក្សា​ព្រះ​គម្ពីរ។

សូម​អញ្ជើញ​រៀន​បន្ថែម​ទៀត មិន​គ្រាន់​តែ​អំពី​ការ​សោយ​ទិវង្គត និង​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ​ប៉ុណ្ណោះ​ទេ តែ​អំពី​ព្រះ​ជន្ម​និង​ការ​បង្រៀន​របស់​ទ្រង់​ផង​ដែរ។ ទ្រង់​អញ្ជើញ​យើង​មក​ឯ​ទ្រង់។ (ម៉ាថាយ ១១:២៨​-​៣០) ចូរ​សម្រេច​ការ​នៅ​ពេល​ឥឡូវ​នេះ​ចុះ ដើម្បី​ទទួល​បាន​នូវ​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ។ ការ​ធ្វើ​ដូច្នេះ​ក៏​អាច​នាំ​ឲ្យ​មាន​ជីវិត​ជា​និរន្តរ៍ ក្រោម​ព្រះ​រាជាណាចក្រ​របស់​ព្រះ ដែល​ស្ថិត​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ​រាជបុត្រា​ដ៏​ស្ងួន​ភ្ងា​របស់​ទ្រង់។

[កំណត់​សម្គាល់]

a ដើម្បី​ឃើញ​ទី​សំអាង​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​សៀវភៅ​ដំណឹង​ល្អ​ទាំង​ប៉ុន្មាន សូម​មើល​អត្ថបទ​ជា​ភាសា​អង់គ្លេស ដែល​មាន​ប្រធាន «តើ​សៀវភៅ​ដំណឹង​ល្អ​នានា​ជា​ប្រវត្ដិសាស្ត្រ​មែន​ទែន ឬ​ជា​រឿង​ប្រពៃណី​ប៉ុណ្ណោះ?» ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០០០។

[រូប​ភាព​នៅ​ទំព័រ​៧]

មនុស្ស​រាប់​លាន​នាក់​រក​សុភមង្គល​ពិត​ឃើញ ដោយ​ធ្វើ​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​គ្រីស្ទ

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូប​ភាព​នៅ​ទំព័រ​៦]

From the Self​-​Pronouncing Edition of the Holy Bible, containing the King James and the Revised versions