លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អស់អ្នកដែលជ្រើសរើសយកពន្លឺនឹងទទួលសេចក្ដីសង្គ្រោះ

អស់អ្នកដែលជ្រើសរើសយកពន្លឺនឹងទទួលសេចក្ដីសង្គ្រោះ

អស់​អ្នក​ដែល​ជ្រើស​រើស​យក​ពន្លឺ​នឹង​ទទួល​សេចក្ដី​សង្គ្រោះ

«ព្រះ​យេហូវ៉ា​ទ្រង់​ជា​ពន្លឺ ហើយ​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ តើ​ខ្ញុំ​នឹង​ត្រូវ​ខ្លាច​ចំពោះ​អ្នក​ណា?»។—ទំនុកដំកើង ២៧:១

១. តើ​ព្រះ​យេហូវ៉ា​ប្រទាន​សំ​វិធានការ​អ្វី​ដើម្បី​ជួយ​ទ្រ​ទ្រង់​ជីវិត​យើង?

 ព្រះ​យេហូវ៉ា​គឺ​ជា​ប្រភព​នៃ​ពន្លឺ​ថ្ងៃ ដែល​ជួយ​ទ្រ​ទ្រង់​ជីវិត​នៅ​លើ​ផែនដី។ (លោកុប្បត្តិ ១:២, ១៤) ទ្រង់​ក៏​ជា​អ្នក​ដែល​បង្កើត​ពន្លឺ​ខាង​វិញ្ញាណ​ដែរ គឺ​ជា​ពន្លឺ​ដែល​កំចាត់​នូវ​ភាព​ងងឹត​ក្នុង​លោកីយ៍​របស់​សាតាំង​ដែល​បណ្ដាល​ឲ្យ​ស្លាប់​នោះ។ (អេសាយ ៦០:២; កូរិនថូស​ទី​២ ៤:៦; អេភេសូរ ៥:៨​-​១១; ៦:១២) អ្នក​ដែល​ជ្រើស​រើស​យក​ពន្លឺ ក៏​អាច​និយាយ​យល់​ព្រម​នឹង​អ្នក​សរសេរ​ទំនុកដំកើង​ដែល​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​ជា​ពន្លឺ ហើយ​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ តើ​ខ្ញុំ​នឹង​ត្រូវ​ខ្លាច​ចំពោះ​អ្នក​ណា?» (ទំនុកដំកើង ២៧:១​ក) ក៏​ប៉ុន្តែ អ្នក​ដែល​ជ្រើស​រើស​យក​ភាព​ងងឹត នឹង​ទន្ទឹង​ចាំ​តែ​ទទួល​នូវ​ការ​កាត់​ទោស​វិញ​ប៉ុណ្ណោះ ដូច​ជា​នៅ​សម័យ​របស់​ព្រះ​យេស៊ូ​ដូច្នោះ​ដែរ។—យ៉ូហាន ១:៩​-​១១; ៣:១៩​-​២១, ៣៦

២. នៅ​សម័យ​បូរាណ តើ​អ្វី​បាន​កើត​ឡើង​ដល់​អស់​អ្នក​ដែល​បាន​បដិសេធ​ពន្លឺ​របស់​ព្រះ​យេហូវ៉ា? ហើយ​ចុះ​អ្នក​ដែល​បាន​ស្ដាប់​តាម​ព្រះ​បន្ទូល​របស់​ទ្រង់​វិញ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​គេ?

នៅ​សម័យ​របស់​លោក​អេសាយ​នោះ មនុស្ស​ភាគ​ច្រើន​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​ដែល​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ទ្រង់ ក៏​បាន​បដិសេធ​មិន​ព្រម​ទទួល​ពន្លឺ​នោះ​ទេ។ ជា​លទ្ធផល អេសាយ​បាន​ឃើញ​ព្រះ​រាជាណាចក្រ​ខាង​ជើង​របស់​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​បំផ្លាញ​ចោល​តែ​ម្ដង។ បន្ថែម​ទៅ​ទៀត នៅ​ឆ្នាំ​៦០៧ ម.​ស.យ. ទី​ក្រុង​យេរូសាឡិម​និង​ព្រះ​វិហារ​នៅ​ឯ​ណោះ ត្រូវ​បំផ្លាញ​ចោល​និង​ប្រជាជន​ទាំង​ឡាយ​នៅ​ក្នុង​ទី​ក្រុង​នោះ ក៏​ត្រូវ​នាំ​ចេញ​ជា​និរទេស​ជន។ ក៏​ប៉ុន្តែ អ្នក​ដែល​បាន​ស្ដាប់​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​បាន​ទទួល​នូវ​កម្លាំង​ឲ្យ​ទប់​ទល់​នឹង​ការ​ក្បត់​ជំនឿ​ដែល​មាន​នៅ​សម័យ​នោះ។ ចំពោះ​ឆ្នាំ៦០៧​ម.​ស.យ. ព្រះ​យេហូវ៉ា​បាន​សន្យា​ថា អ្នក​ដែល​ស្ដាប់​បង្គាប់​ទ្រង់​នឹង​រួច​រស់​ជីវិត។ (យេរេមា ២១:៨, ៩) សព្វ​ថ្ងៃ​នេះ យើង​ទាំង​អស់​គ្នា​ដែល​ស្រឡាញ់​ពន្លឺ​អាច​រៀន​អ្វី​ជា​ច្រើន​ទៀត​ពី​អ្វី​ៗ​ដែល​កើត​ឡើង​នៅ​សម័យ​នោះ។—អេភេសូរ ៥:៥

សុភមង្គល​របស់​អ្នក​ដែល​នៅ​ក្នុង​ពន្លឺ

៣. នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​មាន​ទំនុក​ចិត្ត​ទៅ​លើ​អ្វី? តើ​យើង​ស្រឡាញ់«សាសន៍​សុចរិត»មួយ​ណា? ហើយ​តើ«សាសន៍»នោះ​មាន‹ទី​ក្រុង​ដ៏​មាំ​មួន›អ្វី?

«យើង​មាន​ទី​ក្រុង​១​ដ៏​មាំ​មួន ទ្រង់​នឹង​ដំរូវ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ ទុក​ជា​កំផែង ហើយ​ជា​ទី​ការ​ពារ​យើង ចូរ​បើក​ទ្វារ ដើម្បី​ឲ្យ​សាសន៍​សុចរិត ដែល​រក្សា​សេចក្ដី​ស្មោះ​ត្រង់​បាន​ចូល​មក​ចុះ!»។ (អេសាយ ២៦:១, ២) នេះ​ជា​ពាក្យ​ដែល​បញ្ជាក់​ពី​អំណរ​របស់​អ្នក​ដែល​បាន​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា។ នៅ​សម័យ​របស់​អេសាយ សាសន៍​យូដា​ដែល​បាន​ស្មោះ​ត្រង់​នោះ បាន​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​សន្ដិសុខ​ពិត​ប្រាកដ មិន​មែន​ទៅ​លើ​ព្រះ​មិន​ពិត​របស់​ជន​រួម​ជាតិ​ជា​មួយ​គេ​នោះ​ទេ។ សព្វ​ថ្ងៃ​នេះ យើង​មាន​ទំនុក​ចិត្ត​ដូច​គ្នា​ដែរ។ ម្យ៉ាង​ទៀត យើង​ស្រឡាញ់«សាសន៍​សុចរិត»របស់​ព្រះ​យេហូវ៉ា គឺ​ជា«អ៊ីស្រាអែល​នៃ​ព្រះ»។ (កាឡាទី ៦:១៦; ម៉ាថាយ ២១:៤៣) ព្រះ​យេហូវ៉ា​ក៏​ទ្រង់​ស្រឡាញ់​សាសន៍​នោះ​ដែរ ដោយ​ព្រោះ​ចរិយា​ដ៏​ស្មោះ​ត្រង់​របស់​អ្នក​រួម​សាសន៍​នោះ។ ដោយ​សារ​ព្រះ​យេហូវ៉ា​ប្រទាន​ពរ នោះ​អ៊ីស្រាអែល​នៃ​ព្រះ​មាន«ទី​ក្រុង​១​ដ៏​មាំ​មួន» គឺ​ជា​អង្គការ​មួយ​ដែល​គាំទ្រ​និង​ការ​ពារ​ពួក​គេ ដែល​នោះ​ប្រៀប​ដូច​ជា​ទី​ក្រុង​មួយ​អ៊ីចឹង។

៤. តើ​យើង​គួរ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​គំនិត​បែប​ណា?

អ្នក​ដែល​នៅ​ក្នុង«ទី​ក្រុង»នេះ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា«អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម[ព្រះ​យេហូវ៉ា] នោះ​ទ្រង់​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្ដី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ទ្រង់»។ ព្រះ​យេហូវ៉ា​គាំទ្រ​អ្នក​ដែល​មាន​គំនិត​ចង់​ទុក​ចិត្ត​នឹង​ទ្រង់​និង​អនុវត្ត​តាម​គោល​ការណ៍​ដ៏​សុចរិត​របស់​ទ្រង់។ ដូច្នេះ អ្នក​ស្មោះ​ត្រង់​ក្នុង​សាសន៍​យូដា​បាន​ធ្វើ​តាម​ការ​ដាស់​តឿន​របស់​អេសាយ​ដែល​ថា៖ «ចូរ​ទុក​ចិត្ត​ដល់​ព្រះ​យេហូវ៉ា​ជា​ដរាប​ចុះ ដ្បិត​ព្រះ​ដ៏​ជា​ព្រះ​យេហូវ៉ា​ទ្រង់​ជា​ថ្ម​ដា​ដ៏​នៅ​អស់​កល្ប​ជា​និច្ច»។ (អេសាយ ២៦:៣, ៤; ទំនុកដំកើង ៩:១០; ៣៧:៣; សុភាសិត ៣:៥) អ្នក​ដែល​មាន​គំនិត​អ៊ីចឹង​ពឹង«ព្រះ​ដ៏​ជា​ព្រះ​យេហូវ៉ា»ជា​ថ្ម​ដា​តែ​មួយ​គត់​ដែល​អាច​ការ​ពារ​គេ​បាន។ ពួក​គេ​ក៏«មាន​សេចក្ដី​សុខ​ពេញ​ខ្នាត»ជា​មួយ​នឹង​ទ្រង់។—ភីលីព ១:២; ៤:៦, ៧

ព្រះ​នឹង​ធ្វើ​ឲ្យ​សត្រូវ​របស់​ទ្រង់​អាម៉ាស់​មុខ

៥, ៦. (ក) តើ​តាម​របៀប​ណា​ដែល​បាប៊ីឡូន​ពី​បុរាណ​បាន​ត្រូវ​គេ​ធ្វើ​ឲ្យ​អាម៉ាស់​មុខ​នោះ? (ខ) តើ​យ៉ាង​ដូច​ម្ដេច​ដែល«បាប៊ីឡូន​ដ៏​ជា​ធំ»បាន​ត្រូវ​គេ​ធ្វើ​ឲ្យ​អាម៉ាស់​មុខ?

ចុះ​យ៉ាង​ណា​វិញ បើ​សិន​ជា​អ្នក​ដែល​ទុក​ចិត្ត​នឹង​ព្រះ​យេហូវ៉ា​រង​ទុក្ខ​លំបាក​នោះ? ពួក​គេ​មិន​ចាំ​បាច់​ខ្លាច​ទេ។ ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​អ្វី​បែប​នេះ​កើត​ឡើង​មួយ​រយៈ ក៏​ប៉ុន្តែ​ក្រោយ​មក​ទ្រង់​ដោះ​ទុក្ខ​នោះ ហើយ​អ្នក​ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខ​លំបាក​នោះ ត្រូវ​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​ពី​ទ្រង់។ (ថែស្សាឡូនីច​ទី​២ ១:៤​-​៧; ធីម៉ូថេ​ទី​២ ១:៨​-​១០) សូម​ពិចារណា​នូវ​ករណី​របស់‹ទី​ក្រុង​មួយ​យ៉ាង​ខ្ពស់›។ អេសាយ ប្រាប់​ថា៖ «[ព្រះ​យេហូវ៉ា]ទ្រង់​បាន​ទំលាក់​ពួក​អ្នក​ដែល​នៅ​ទី​ខ្ពស់ ឯ​ទី​ក្រុង​យ៉ាង​ខ្ពស់​ទ្រង់​រំលំ​ចុះ គឺ​ទ្រង់​រំលំ​ក្រុង​នោះ​ចុះ​ដល់​ដី ក៏​បន្ទាប​ទៅ​ដល់​ធូលី​ដី​ផង ជើង​មនុស្ស​នឹង​ដើរ​ជាន់ គឺ​ទាំង​ជើង​របស់​មនុស្ស​ទាល់​ក្រ នឹង​ជំហាន​របស់​មនុស្ស​កំសត់​ទុគ៌ត​ផង»។ (អេសាយ ២៦:៥, ៦) ទី​ក្រុង​យ៉ាង​ខ្ពស់​នេះ​ប្រហែល​ជា​ទី​ក្រុង​បាប៊ីឡូន។ ទី​ក្រុង​នោះ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​របស់​ព្រះ​មាន​ទុក្ខ​វេទនា។ ក៏​ប៉ុន្តែ តើ​អ្វី​បាន​កើត​ឡើង​ដល់​ទី​ក្រុង​បាប៊ីឡូន? នៅ​ឆ្នាំ​៥៣៩ ម.​ស.យ. សាសន៍​មេឌី​និង​សាសន៍​ពើស៊ី​បាន​ដណ្ដើម​យក​ទី​ក្រុង​បាប៊ីឡូន។ នេះ​ជា​ការ​ដែល​ធ្វើ​ឲ្យ​គេ​អាម៉ាស់​មុខ​មែន​ហ្ន៎!

នៅ​សម័យ​យើង​នេះ ទំនាយ​របស់​អេសាយ​ពណ៌នា​យ៉ាង​ច្បាស់​ត្រឹម​ត្រូវ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់«បាប៊ីឡូន​ដ៏​ជា​ធំ» ចាប់​តាំង​ពី​ឆ្នាំ​១៩១៩។ ពេល​វា​ត្រូវ​បង្ខំ​ឲ្យ​រំដោះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ពី​សេវកភាព​ខាង​វិញ្ញាណ នោះ​បាប៊ីឡូន​ដ៏​ធំ​ដែល​ជា​ទី​ក្រុង​យ៉ាង​ខ្ពស់​នោះ​បាន​ធ្លាក់​ពី​អំណាច​ទាំង​អាម៉ាស់​មុខ​នៅ​ឆ្នាំ​នោះ។ (វិវរណៈ ១៤:៨) មាន​អ្វី​ដែល​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​ដែល​ធ្វើ​ឲ្យ​អាម៉ាស់​មុខ​កាន់​តែ​ខ្លាំង​ឡើង​ទៅ​ទៀត។ គ្រីស្ទាន​មួយ​ក្រុម​តូច​នោះ​បាន​បែរ​ទៅ«ដើរ​ជាន់»អ្នក​ដែល​ធ្លាប់​ឃុំ​គេ​ទុក​ពី​មុន។ នៅ​ឆ្នាំ​១៩២២ រាស្ត្រ​របស់​ព្រះ​បាន​ចាប់​ផ្ដើម​ប្រកាស​ប្រាប់​ពី​ទី​បញ្ចប់​នៃ​ពិភព​គ្រីស្ទ​សាសនា ទាំង​ផ្សព្វ​ផ្សាយ​ប្រាប់​អំពី​ពេល​ដែល​ទេវតា​៤​អង្គ​បាន​ផ្លុំ​ត្រែ​របស់​ខ្លួន នៅ​វិវរណៈ ៨:៧​-​១២ និង​សេចក្ដី​វេទនា​បី​មុខ​ដែល​មាន​នៅ​វិវរណៈ ៩:១​-​១១:១៥

«សេចក្ដី​ទៀង​ត្រង់​ជា​ផ្លូវ​នៃ​មនុស្ស​សុចរិត»

៧. តើ​អ្នក​ដែល​ទទួល​ពន្លឺ​របស់​ព្រះ​យេហូវ៉ា​បាន​ទទួល​ការ​ណែនាំ​អ្វី? ហើយ​តើ​ពួក​គេ​សង្ឃឹម​ទៅ​លើ​អ្វី និង​រាប់​ទុក​អ្វី​ជា​វិសេស?

ព្រះ​យេហូវ៉ា​ទ្រង់​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​ក្នុង​ពន្លឺ​របស់​ទ្រង់ ហើយ​ទ្រង់​ក៏​នាំ​ផ្លូវ​របស់​គេ ដូច​ជា​អេសាយ​និយាយ​ថា៖ «សេចក្ដី​ទៀង​ត្រង់​ជា​ផ្លូវ​នៃ​មនុស្ស​សុចរិត គឺ​ទ្រង់ ឱ​ព្រះ​ដ៏​ទៀង​ត្រង់​អើយ! ទ្រង់​ពិនិត្យ​ពិចារណា​អស់​ទាំង​ផ្លូវ​ច្រក​របស់​មនុស្ស​សុចរិត។ ហ្នឹង​ហើយ! ឱ​ព្រះ​យេហូវ៉ា​អើយ! យើង​ខ្ញុំ​បាន​រង់​ចាំ​ទ្រង់ នៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​យុត្ដិធម៌​របស់​ទ្រង់ ព្រលឹង​យើង​ខ្ញុំ​ប្រាថ្នា​ដល់​ព្រះ​នាម​ទ្រង់ គឺ​ដល់​សេចក្ដី​ដែល​រំឭក​ពី​ទ្រង់»។ (អេសាយ ២៦:៧, ៨) ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​មួយ​អង្គ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​សុចរិត និង​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ទ្រង់ ក៏​ត្រូវ​គោរព​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ទ្រង់​ដែរ។ ពេល​ដែល​គេ​ធ្វើ​អ៊ីចឹង ព្រះ​យេហូវ៉ា​ក៏​នាំ​ផ្លូវ​របស់​គេ​ទាំង​ធ្វើ​ឲ្យ​ដំណើរ​តាម​ផ្លូវ​នោះ​មាន​ភាព​ស្រួល​ជាង។ ដោយ​ការ​ស្ដាប់​តាម​ការ​ណែនាំ​របស់​ទ្រង់ នោះ​អ្នក​ដ៏​មាន​ចិត្ត​រាប​ទាប​ទាំង​នេះ​ក៏​បង្ហាញ​ថា សេចក្ដី​សង្ឃឹម​របស់​គេ​គឺ​ពឹង​ទៅ​លើ​ព្រះ​យេហូវ៉ា និង​ពួក​គេ​រាប់​ទុក​ព្រះ​នាម​របស់​ទ្រង់​ជា​អ្វី​ដ៏​វិសេស​លើស​លប់ គឺ​ជា«សេចក្ដី​រំឭក»របស់​ទ្រង់។—និក្ខមនំ ៣:១៥

៨. តើ​អេសាយ​បាន​បង្ហាញ​គំនិត​អ្វី ដែល​ជា​គំរូ​ល្អ?

អេសាយ​ក៏​បាន​រាប់​ទុក​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​គឺ​ជា​អ្វី​ដ៏​វិសេស​ដែរ។ ហេតុ​ការណ៍​នោះ​គឺ​ជាក់​ស្តែង​ដោយ​សារ​ពាក្យ​បន្ត​បន្ទាប់​របស់​គាត់​ដែល​ថា៖ «នៅ​វេលា​យប់ ព្រលឹង​នៃ​ទូល​បង្គំ​ប្រាថ្នា​ដល់​ទ្រង់ ហ្នឹង​ហើយ! វិញ្ញាណ​នៅ​ក្នុង​ទូល​បង្គំ​នឹង​ស្វែង​រក​ទ្រង់ ដោយ​ខ្មី​ឃ្មាត​ដែរ ដ្បិត​កំពុង​តែ​ដែល​សេចក្ដី​យុត្ដិធម៌​របស់​ទ្រង់​នៅ​លើ​ផែនដី នោះ​ពួក​មនុស្ស​នៅ​លោកីយ៍ គេ​រៀន​តាម​សេចក្ដី​សុចរិត»។ (អេសាយ ២៦:៩) «ព្រលឹង»របស់​អេសាយ​បាន​ប្រាថ្នា​ដល់​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត​ពី​ថ្លើម។ សូម​នឹក​គិត​ពី​ព្យាការី​នេះ កំពុង​តែ​ឆ្លៀត​ពេល​យប់​ស្ងាត់​ដើម្បី​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា ទាំង​ប្រាប់​ពី​គំនិត​ក្នុង​ដួង​ចិត្ត​របស់​គាត់​ទាំង​ព្យាយាម​រក​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា។ នេះ​ជា​គំរូ​ដ៏​ប្រសើរ​ណាស់​ហ្ន៎! ម្យ៉ាង​ទៀត អេសាយ​បាន​រៀន​អំពី​សេចក្ដី​សុចរិត​ពី​កិច្ច​ការ​ជំនុំ​ជំរះ​របស់​ព្រះ​យេហូវ៉ា។ ក្នុង​រឿង​នេះ គាត់​រំឭក​យើង​ថា​ការ​ប្រុង​ប្រយ័ត្ន​ជា​រៀង​រហូត​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់ ដោយ​ប្រុង​ស្មារតី​ខិត​ខំ​យល់​ដឹង​ពី​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា។

អ្នក​ខ្លះ​បាន​ជ្រើស​រើស​យក​ភាព​ងងឹត​វិញ

៩, ១០. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​សប្បុរស​យ៉ាង​ណា ចំពោះ​សាសន៍​ដ៏​មិន​ស្មោះ​របស់​ទ្រង់​នោះ? ក៏​ប៉ុន្តែ តើ​ពួក​គេ​បាន​ប្រព្រឹត្ត​តប​វិញ​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​សាសន៍​យូដា ក៏​ប៉ុន្តែ គួរ​ឲ្យ​សោក​ស្ដាយ​ដែល​គេទាំង​អស់​គ្នា​មិន​បាន​ប្រព្រឹត្ត​តប​នឹង​នោះ​ទេ។ ជា​ញឹក​ញយ មនុស្ស​ភាគ​ច្រើន​បាន​ជ្រើស​រើស​យក​ការ​បះ​បោរ​និង​ការ​ក្បត់​ជំនឿ​ជា​ជាង​ជ្រើស​រើស​ពន្លឺ​នៃ​សេចក្ដី​ពិត​របស់​ព្រះ​យេហូវ៉ា។ អេសាយ​បាន​និយាយ​ថា៖ «បើ​សិន​ជា​ធ្វើ​គុណ​ដល់​មនុស្ស​អាក្រក់ នោះ​គេ​ក៏​មិន​រៀន​តាម​សេចក្ដី​សុចរិត​ដែរ គេ​នឹង​ប្រព្រឹត្ត​សេចក្ដី​កំហុស​នៅ​ក្នុង​ស្រុក​ទៀង​ត្រង់​ផង ឥត​ដែល​ពិចារណា​មើល​ឫទ្ធានុភាព​នៃ​ព្រះ​យេហូវ៉ា​ឡើយ»។—អេសាយ ២៦:១០

១០ នៅ​សម័យ​របស់​អេសាយ មនុស្ស​សាសន៍​យូដា​ភាគ​ច្រើន​មិន​ព្រម​ទទួល​ស្គាល់​ថា ព្រះ​យេហូវ៉ា​បាន​ការ​ពារ​គេ​ពី​សត្រូវ​របស់​គេ​ទេ។ ពេល​ដែល​ទ្រង់​ប្រទាន​ពរ​ដល់​គេ​ជា​សន្ដិភាព សាសន៍​នោះ​មិន​បាន​បង្ហាញ​នូវ​កតញ្ញូ​ធម៌​សោះ។ ដូច្នេះ​ហើយ ព្រះ​យេហូវ៉ា​បាន​លះ​ចោល​ពួក​គេ​ឲ្យ​គេ​បំរើ«ចៅហ្វាយ​ឯ​ទៀត» នៅ​ទី​បំផុត​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​សាសន៍​យូដា​ត្រូវ​ចាប់​យក​ជា​ឈ្លើយ​ទៅ​បាប៊ីឡូន​នៅ​ឆ្នាំ​៦០៧ ម.​ស.យ.។ (អេសាយ ២៦:១១​-​១៣) យ៉ាង​ណា​ក៏​ដោយ នៅ​ទី​បំផុត សាសន៍​យូដា​មួយ​ចំនួន​ដែល​នៅ​សល់​បាន​ត្រឡប់​ទៅ​មាតុ​ភូមិ​វិញ ក្រោយ​ពី​បាន​ត្រូវ​កែ​តម្រង់។

១១, ១២. (ក) តើ​អ្នក​ដែល​ធ្លាប់​ចាប់​ឃុំ​ឃាំង​សាសន៍​យូដា​បាន​មាន​អនាគត​បែប​ណា? (ខ) នៅ​ឆ្នាំ​១៩១៩ តើ​អ្នក​ដែល​ធ្លាប់​ចាប់​អ្នក​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេហូវ៉ា​ឃុំ​ទុក​នឹង​មាន​អនាគត​បែប​ណា?

១១ ចុះ​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​បាន​ចាប់​សាសន៍​យូដា​ឃុំ​ទុក​នោះ? អេសាយ​ទាយ​ថា៖ «គេ​បាន​ស្លាប់​អស់​ហើយ ឥត​រស់​មក​វិញ​ទៀត​ឡើយ គេ​កន្លង​បង់​ហើយ ឥត​ងើប​ឡើង​វិញ​ទេ ដូច្នេះ ទ្រង់​បាន​ធ្វើ​ទោស ហើយ​បំផ្លាញ​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​សេចក្ដី​នឹក​ចាំ​ពី​គេ​សូន្យ​បាត់​ទៅ»។ (អេសាយ ២៦:១៤) ត្រូវ​ហើយ ក្រោយ​ពី​បាប៊ីឡូន​បាន​រលំ​នៅ​ឆ្នាំ​៥៣៩ ម.​ស.យ. នោះ​វា​លែង​មាន​សេចក្ដី​សង្ឃឹម​នៅ​អនាគត​ត​ទៅ​ទៀត។ បន្ទាប់​មក ទី​ក្រុង​នោះ​នឹង​លែង​មាន​ទៀត។ វា​នឹង​បាន«កន្លង​បង់​ហើយ»ហើយ​ចក្រភព​ដ៏​ធំ​របស់​វា ឥឡូវ​ស្ថិត​តែ​ក្នុង​សៀវភៅ​ប្រវត្ដិសាស្ត្រ​ប៉ុណ្ណោះ។ នេះ​ជា​ការ​ព្រមាន​ខ្លាំង​យ៉ាង​ណា​ទៅ​ហ្ន៎! ចំពោះ​អស់​អ្នក​ដែល​សង្ឃឹម​ទៅ​លើ​អ្នក​ដែល​មាន​អំណាច​ក្នុង​លោកីយ៍​នេះ។

១២ ផ្នែក​ខ្លះ​ៗ​ពី​ទំនាយ​នេះ​បាន​សម្រេច​ពេល​ព្រះ​បាន​អនុញ្ញាត​ឲ្យ​អ្នក​បំរើ​ចាក់​ប្រេង​តាំង​របស់​ទ្រង់​ត្រូវ​ជាប់​ជា​ឈ្លើយ​ខាង​វិញ្ញាណ​នៅ​ឆ្នាំ​១៩១៨​និង​ត្រូវ​រំដោះ​នៅ​ឆ្នាំ​១៩១៩។ ចាប់​ពី​ពេល​នោះ​ទៅ អនាគត​របស់​អ្នក​ដែល​បាន​ឃុំ​គេ​ទុក​ពី​មុន ជា​ពិសេស​ពិភព​គ្រីស្ទ​សាសនា បាន​អស់​សង្ឃឹម​យ៉ាង​ខ្លាំង។ ក៏​ប៉ុន្តែ ប្រសិទ្ធពរ​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នឹង​ទទួល​គឺ​ជា​ពរ​ដ៏​ប្រសើរ​ពិត​មែន។

«ទ្រង់​បាន​ចំរើន​សាសន៍​នេះ»

១៣, ១៤. តើ​អ្នក​បំរើ​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេហូវ៉ា​បាន​ទទួល​ពរ​អ្វី​ខ្លះ​តាំង​ពី​ឆ្នាំ​១៩១៩​មក?

១៣ នៅ​ឆ្នាំ​១៩១៩ ព្រះ​បាន​ប្រទាន​ពរ​ដល់​អ្នក​បំរើ​របស់​ទ្រង់​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តាំង ដោយ​សារ​ពួក​គេ​បាន​ប្រែ​ចិត្ត ម្ល៉ោះ​ហើយ​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​រីក​ចំរើន។ ទី​មួយ នៅ​ពេល​នោះ​ទ្រង់​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​បង្គ្រប់​ចំនួន​នៃ​អ្នក​ដែល​រួម​ជា​មួយ​អ៊ីស្រាអែល​នៃ​ព្រះ បន្ទាប់​មក​ព្រះ​បាន​ចាប់​ផ្ដើម​ប្រមូល«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»ដែល​ជា«ចៀម​ឯ​ទៀត»។ (វិវរណៈ ៧:៩; យ៉ូហាន ១០:១៦) ពរ​ទាំង​ប៉ុន្មាន​នេះ​បាន​ត្រូវ​ទាយ​ទុក​ជា​មុន​ក្នុង​ទំនាយ​របស់​អេសាយ​ដែល​ថា៖ «ទ្រង់​បាន​ចំរើន​សាសន៍​នេះ ឱ​ព្រះ​យេហូវ៉ា​អើយ! ទ្រង់​បាន​ចំរើន​សាសន៍​នេះ​ហើយ គេ​លើក​ដំកើង​ទ្រង់​ឡើង ទ្រង់​បាន​វាត​ព្រំ​ស្រុក​ឲ្យ​ធំ​ទូលាយ​ទៅ។ ឱ​ព្រះ​យេហូវ៉ា​អើយ! ក្នុង​គ្រា​ដែល​មាន​ទុក្ខ នោះ​គេ​បាន​រក​ទ្រង់ គេ​បាន​បញ្ចេញ​ពាក្យ​អធិស្ឋាន​ជា​ហូរហែ​ក្នុង​កាល​ដែល​ទ្រង់​វាយ​ផ្ចាល​គេ»។—អេសាយ ២៦:១៥, ១៦

១៤ សព្វ​ថ្ងៃ​នេះ ព្រំ​ប្រទល់​របស់​អ៊ីស្រាអែល​នៃ​ព្រះ​បាន​រីក​ទាល់​តែ​ព័ទ្ធ​ជុំ​វិញ​ផែនដី​ទាំង​មូល និង​ក៏​មាន​អ្នក​ដែល​រួម​ជា​មួយ​មនុស្ស​១​ហ្វូង​ធំ​នោះ​បាន​ត្រូវ​នាំ​ចូល​ដែរ ឥឡូវ​មាន​ប្រមាណ​៦​លាន​នាក់​ដែល​រួម​ចំណែក​កិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដោយ​ចិត្ត​រំភើប។ (ម៉ាថាយ ២៤:១៤) នេះ​គឺ​ជា​ពរ​ដ៏​ប្រសើរ​ណាស់​ហ្ន៎! ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន។ ហើយ​នេះ​ក៏​នាំ​ឲ្យ​មាន​សិរី​ល្អ​ដ៏​លើស​លប់​យ៉ាង​ណា​ទៅ​ហ្ន៎! មក​ដល់​ព្រះ​នាម​របស់​ទ្រង់។ ព្រះ​នាម​នោះ​ត្រូវ​ផ្សាយ​ទូទៅ​ជាង​២៣៥​ប្រទេស។ នេះ​គឺ​ជា​ការ​សម្រេច​យ៉ាង​អស្ចារ្យ​នូវ​សេចក្ដី​សន្យា​របស់​ទ្រង់។

១៥. នៅ​ឆ្នាំ​១៩១៩ តើ​មាន​អ្វី​កើត​ឡើង​ដែល​ប្រៀប​ដូច​ជា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ?

១៥ សាសន៍​យូដា​បាន​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ដើម្បី​រួច​ពី​សេវកភាព​នៅ​ទី​ក្រុង​បាប៊ីឡូន។ ពួក​គេ​នឹង​មិន​អាច​ធ្វើ​អ៊ីចឹង​បាន​ឡើយ បើ​សិន​ជា​គេ​គ្មាន​ជំនួយ​នោះ។ (អេសាយ ២៦:១៧, ១៨) ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​ទ្រង់​គាំទ្រ​អ៊ីស្រាអែល​នៃ​ព្រះ​ដោយ​ទ្រង់​បាន​រំដោះ​គេ​នៅ​ឆ្នាំ​១៩១៩។ នោះ​នឹង​មិន​បាន​កើត​ឡើង​ទេ បើ​សិន​ជា​គ្មាន​ជំនួយ​ពី​ទ្រង់។ ការ​ផ្លាស់​ប្ដូរ​នូវ​កាលៈទេសៈ​របស់​គេ​បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ដល់​ម្ល៉េះ​បាន​ជា អេសាយ​បាន​ប្រៀប​នោះ​ទៅ​នឹង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដោយ​ថា៖ «ឯ​ពួក​ស្លាប់​របស់​ឯង គេ​នឹង​រស់​ទៀត គេ​នឹង​រស់​ឡើង​វិញ ជា​មួយ​នឹង​សព​របស់​អញ ឯង​រាល់​គ្នា​ដែល​អាស្រ័យ​នៅ​ក្នុង​ធូលី​ដី​អើយ! ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ចុះ! ដ្បិត​ទឹក​សន្សើម​របស់​ឯង ប្រៀប​ដូច​ជា​ទឹក​សន្សើម​ពេល​ព្រលឹម ឯ​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក»។ (អេសាយ ២៦:១៩; វិវរណៈ ១១:៧​-​១១) មែន​ហើយ បើ​និយាយ​ជា​អត្ថបដិរូប មនុស្ស​ស្លាប់​ទាំង​នោះ នឹង​កើត​ឡើង​វិញ​ចំពោះ​សកម្មភាព​ដែល​មាន​ជា​ថ្មី!

ការ​ការ​ពារ​នៅ​សម័យ​មួយ​ដែល​ប្រកប​ទៅ​ដោយ​គ្រោះ​ថ្នាក់

១៦, ១៧. (ក) នៅ​ឆ្នាំ​៥៣៩ ម.​ស.យ. តើ​សាសន៍​យូដា​ត្រូវ​តែ​ធ្វើ​អ្វី​ដើម្បី​រួច​រស់​ជីវិត​ពី​ការ​រលំ​នៃ​បាប៊ីឡូន? (ខ) តាម​មើល​ទៅ សព្វ​ថ្ងៃ​នេះ តើ«បន្ទប់​ខ្លួន»តំណាង​អ្វី​ទៅ ហើយ​តើ​នោះ​មាន​ប្រយោជន៍​អ្វី​សំរាប់​យើង?

១៦ អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​តែង​តែ​ត្រូវ​ការ​ទ្រង់​ដើម្បី​ការ​ពារ​ពួក​គេ។ ក៏​ប៉ុន្តែ បន្ដិច​ទៀត ព្រះ​យេហូវ៉ា​នឹង​លូក​ព្រះ​ហស្ត​មួយ​ដង​ជា​ស្រេច ដើម្បី​ទាស់​នឹង​លោកីយ៍​របស់​សាតាំង និង​អ្នក​ថ្វាយ​បង្គំ​របស់​ទ្រង់​នឹង​ត្រូវ​ការ​ជំនួយ​ពី​ទ្រង់​ច្រើន​ជាង​ពេល​មុន​ៗ​ទៅ​ទៀត។ (យ៉ូហាន​ទី​១ ៥:១៩) ចំពោះ​ពេល​នោះ​ដែល​នឹង​ប្រកប​ទៅ​ដោយ​គ្រោះ​ថ្នាក់​ព្រះ​យេហូវ៉ា​បាន​ព្រមាន​ថា៖ «ចូរ​មក! ជន​ជាតិ​ខ្ញុំ​អើយ! ចូរ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ខ្លួន ហើយ​បិទ​ទ្វារ​ចុះ! ត្រូវ​ឲ្យ​ពួន​ខ្លួន​បន្ដិច​សិន ទាល់​តែ​សេចក្ដី​ក្រោធ​បាន​កន្លង​ហួស​ទៅ ដ្បិត​មើល! ព្រះ​យេហូវ៉ា​ទ្រង់​យាង​ចេញ​ពី​ស្ថាន​របស់​ទ្រង់​មក ដើម្បី​នឹង​សម្រេច ទោស​ដល់​មនុស្ស​នៅ​ផែនដី ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ឯ​ដី នឹង​បើក​បង្ហាញ​ឈាម​គេ​ឲ្យ​ឃើញ ឥត​គ្រប​បាំង​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់​ទៀត​ឡើយ»។ (អេសាយ ២៦:២០, ២១; សេផានា ១:១៤) ការ​ព្រមាន​នេះ​បាន​ប្រាប់​សាសន៍​យូដា​ពី​របៀប​ដែល​គេ​អាច​រួច​រស់​ពី​ការ​រលំ​របស់​បាប៊ីឡូន​នៅ​ឆ្នាំ​៥៣៩ ម.​ស.យ.។ អ្នក​ដែល​បាន​ស្ដាប់​ការ​ព្រមាន​នេះ បាន​នៅ​ក្នុង​ផ្ទះ​របស់​គេ​ដើម្បី​ការ​ពារ​ខ្លួន​ពី​ពួក​ទាហាន​ដែល​ច្បាំង​នៅ​តាម​ផ្លូវ។

១៧ សព្វ​ថ្ងៃ​នេះ «បន្ទប់​ខ្លួន»ដែល​ត្រូវ​រៀប​រាប់​ក្នុង​ទំនាយ​នោះ​ទំនង​ជា​ទាក់​ទង​នឹង​ក្រុម​ជំនុំ​រាប់​ម៉ឺន​ក្រុម​នៃ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទូទាំង​ពិភព​លោក។ សូម្បី​តែ​ឥឡូវ​នេះ ក្រុម​ជំនុំ​ទាំង​នេះ​គឺ​ជា​កន្លែង​ដែល​ការ​ពារ​គ្រីស្ទាន​ទាំង​ឡាយ និង​ជា​កន្លែង​ដែល​គេ​រក​ឃើញ​នូវ​សុវត្ថិភាព​ក្នុង​ចំណោម​បង​ប្អូន​របស់​គេ ទាំង​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ពី​អ្នក​ចាស់​ទុំ​ទាំង​ឡាយ។ (អេសាយ ៣២:១, ២; ហេព្រើរ ១០:២៤, ២៥) គឺ​ដូច្នោះ​មែន ជា​ពិសេស​ដោយ​ដឹង​ថា​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ​គឺ​ជិត​ហើយ និង​ដោយ​ព្រោះ​នោះ​នឹង​ជា​ពេល​មួយ​ដែល​ការ​រួច​រស់​ជីវិត​ពឹង​ពាក់​ទៅ​លើ​ការ​ស្ដាប់​បង្គាប់។—សេផានា ២:៣

១៨. បន្ដិច​ទៀត តើ​ព្រះ​យេហូវ៉ា​នឹង«សម្លាប់​សត្វ​សម្បើម​ដែល​នៅ​ក្នុង​សមុទ្រ​នោះ»ដោយ​របៀប​ណា?

១៨ អេសាយ​បាន​ទាយ​អំពី​ពេល​នោះ​ដោយ​ថា៖ «នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​ទ្រង់​នឹង​យក​ដាវ​មុត​ក្លា​ដ៏​ធំ ហើយ​មាន​កម្លាំង​របស់​ទ្រង់​ទៅ​ធ្វើ​ទោស​ដល់​សត្វ​សម្បើម ជា​នាគ​ដែល​រត់​ពួន គឺ​សត្វ​សម្បើម ជា​នាគ​ក្ងិក​ក្ងក់​នោះ​ឯង ហើយ​ទ្រង់​នឹង​សម្លាប់​សត្វ​សម្បើម​ដែល​នៅ​ក្នុង​សមុទ្រ​នោះ»។ (អេសាយ ២៧:១) តើ​អ្វី​ដែល«សត្វ​សម្បើម»ត្រូវ​តំណាង​នៅ​សព្វ​ថ្ងៃ​នេះ? នោះ​ទំនង​ជា«ពស់​ពី​បុរាណ»ដែល​ជា​សាតាំង ព្រម​ទាំង​របប​ដ៏​អាក្រក់​របស់​វា ដែល​វា​ប្រើ​ដើម្បី​ច្បាំង​នឹង​អ៊ីស្រាអែល​នៃ​ព្រះ។ (វិវរណៈ ១២:៩, ១០, ១៧; ១៣:១៤, ១៦, ១៧) នៅ​ឆ្នាំ​១៩១៩ សត្វ​សម្បើម​នេះ​បាន​បាត់​បង់​អំណាច​ទៅ​លើ​រាស្ត្រ​របស់​ព្រះ។ នៅ​ទី​បំផុត វា​នឹង​លេច​បាត់​តែ​ម្ដង។ (វិវរណៈ ១៩:១៩​-​២១; ២០:១​-​៣, ១០) ដូច្នេះ ព្រះ​យេហូវ៉ា​នឹង«សម្លាប់​សត្វ​សម្បើម​ដែល​នៅ​ក្នុង​សមុទ្រ​នោះ»។ ក្នុង​ពេល​ចន្លោះ​នោះ ទោះ​បី​សត្វ​សម្បើម​នោះ​នឹង​ខិត​ខំ​ប្រឆាំង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ណា​ក៏​ដោយ ក៏​វា​នឹង​មិន​បាន​ជោគ​ជ័យ​ទេ។ (អេសាយ ៥៤:១៧) នេះ​ជា​អ្វី​ដែល​ជួយ​សំរាល​ទុក្ខ​យ៉ាង​ណា​ទៅ​ហ្ន៎!

«ចំការ​សំរាប់​ធ្វើ​ស្រា​ទំពាំង​បាយ​ជូរ»

១៩. សព្វ​ថ្ងៃ​នេះ តើ​អ្នក​សំណល់​នៃ​អ៊ីស្រាអែល​នៃ​ព្រះ​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​អ្វី?

១៩ ដោយ​សារ​យើង​មាន​ពន្លឺ​ពី​ព្រះ​យេហូវ៉ា​ដូច្នេះ យើង​មាន​ហេតុ​ជា​ច្រើន​ដែល​យើង​គួរ​អរ​ឡើង មែន​ទេ? យើង​ពិត​ជា​មាន​មែន! អេសាយបាន​ពណ៌នា​យ៉ាង​ពីរោះ​អំពី​អំណរ​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា ពេល​គាត់​សរសេរ​ថា៖ «នៅ​គ្រា​នោះ នឹង​មាន​ចំការ សំរាប់​ធ្វើ​ស្រា​ទំពាំង​បាយ​ជូរ ចូរ​ច្រៀង​ជូន​ថា អញ​នេះ គឺ​ព្រះ​យេហូវ៉ា ជា​អ្នក​ថែ​រក្សា អញ​នឹង​ស្រោច​ទឹក​ជា​និច្ច ហើយ​នឹង​ថែ​មើល​ទាំង​យប់​ទាំង​ថ្ងៃ ក្រែង​អ្នក​ណា​ធ្វើ​ឲ្យ​អន្តរាយ»។ (អេសាយ ២៧:២, ៣) ព្រះ​យេហូវ៉ា​បាន​ថែ​ទាំ‹ចំការ​ទំពាំង​បាយ​ជូរ›របស់​ទ្រង់ ជា​អ្នក​សំណល់​នៃ​អ៊ីស្រាអែល​នៃ​ព្រះ​ដែល​នៅ​ផែនដី និង​ក៏​បាន​ថែ​រក្សា​អ្នក​ដែល​ធ្វើ​ការ​នឿយ​ហត់​ដោយ​រួម​ធ្វើ​ការ​ជា​មួយ​នឹង​គេ។ (យ៉ូហាន ១៥:១​-​៨) លទ្ធផល​ជា​ផល​ផ្លែ​ដែល​នាំ​សិរី​ល្អ​ដល់​ព្រះ​នាម​របស់​ទ្រង់​នឹង​បណ្ដាល​ឲ្យ​អ្នក​បំរើ​របស់​ទ្រង់​នៅ​លើ​ផែនដី​អរ​សប្បាយ​ជា​ខ្លាំង។

២០. តើ​ព្រះ​យេហូវ៉ា​ការ​ពារ​ក្រុម​ជំនុំ​គ្រីស្ទាន​យ៉ាង​ដូច​ម្ដេច?

២០ យើង​គួរ​រំភើប​ចិត្ត​ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​លែង​មាន​សេចក្ដី​ខ្ញាល់​នឹង​អ្នក​ចាក់​ប្រេង​តាំង​របស់​ទ្រង់ ដែល​ជា​ហេតុ​ដែល​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​គេ​ត្រូវ​ឃុំ​ទុក​ក្នុង​សេវកភាព​ខាង​វិញ្ញាណ​នៅ​ឆ្នាំ​១៩១៨។ ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ផ្ទាល់​បាន​មាន​បន្ទូល​ថា៖ «អញ​មិន​ចេះ​ឃោរ​ឃៅ​ទេ តែ​បើ​មាន​អញ្ចាញ​នឹង​បន្លា​មក​ច្បាំង​នឹង​អញ នោះ​អញ​នឹង​ដើរ​ជាន់​លើ​វា ហើយ​នឹង​ដុត​បញ្ឆេះ​វា​អស់​រលីង បើ​ពុំ​នោះ ឲ្យ​គេ​មក​ពឹង​ពាក់​កម្លាំង​អញ​វិញ ដើម្បី​ឲ្យ​បាន​ជា​មេត្រី​នឹង​អញ ចូរ​ឲ្យ​គេ​ជា​មេត្រី​នឹង​អញ​ចុះ»។ (អេសាយ ២៧:៤, ៥) ដើម្បី​ធានា​ថា ដំណាំ​ទំពាំង​បាយ​ជូរ​របស់​ទ្រង់​បន្ត​បង្កើត«ស្រា​ទំពាំង​បាយ​ជូរ»ជា​ច្រើន នោះ​ព្រះ​យេហូវ៉ា​បំផ្លាញ​ចោល​នូវ​ឥទ្ធិពល​អាក្រក់​ណា​ដែល​អាច​ប្រៀប​ដូច​ជា​អញ្ចាញ​ដែល​បង្ខូច​បង្ខាត​ដំណាំ​ទ្រង់។ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​គំរាម​កំហែង​ដល់​សុខុមាលភាព​របស់​ក្រុម​ជំនុំ​ឡើយ។ ចូរ​ឲ្យ​យើង​ទាំង​អស់​គ្នា‹មក​ពឹង​ពាក់​កម្លាំង​ព្រះ​យេហូវ៉ា› ដោយ​រក​ពេញ​ព្រះ​ហឫទ័យ​របស់​ទ្រង់​និង​ឲ្យ​ទ្រង់​ការ​ពារ។ ដោយ​ធ្វើ​អ៊ីចឹង យើង​មាន​មេត្រី​នឹង​ទ្រង់ ដែល​គឺ​ជា​អ្វី​សំខាន់​ដល់​ម្ល៉េះ​បាន​ជា​អេសាយ​បាន​និយាយ​អំពី​នោះ​ពីរ​ដង។—ទំនុកដំកើង ៨៥:១, ២, ៨; រ៉ូម ៥:១

២១. តើ​ដោយ​ដូច​ម្ដេច​ដែល​ផែនដី​ត្រូវ​ពោរ​ពេញ​ទៅ​ដោយ«ផល»?

២១ ពរ​នឹង​មាន​ជា​បន្ត​បន្ទាប់​ដែរ៖ «នៅ​គ្រា​ខាង​មុខ នោះ​ពួក​យ៉ាកុប​នឹង​ចាក់​ឫស​ទៅ ពួក​អ៊ីស្រាអែល​នឹង​ពន្លក​ចេញ​ឡើង ហើយ​គេ​នឹង​បង្កើត​ផល ផ្សាយ​ទៅ​ពេញ​លើ​ផែនដី»។ (អេសាយ ២៧:៦) ខ​នេះ​បាន​ត្រូវ​សម្រេច​តាំង​ពី​ឆ្នាំ​១៩១៩​មក​ម្ល៉េះ ទាំង​ជា​ភស្តុ​តាង​បញ្ជាក់​ពី​តេជានុភាព​របស់​ព្រះ​យេហូវ៉ា។ អ្នក​ចាក់​ប្រេង​តាំង​បាន​ធ្វើ​ឲ្យ​ផែនដី​ពោរ​ពេញ​ទៅ​ដោយ«ផល» ដែល​ជា​ម្ហូប​អាហារ​ខាង​វិញ្ញាណ។ អ្នក​ចាក់​ប្រេង​តាំង​ទាំង​ឡាយ​រក្សា​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​ដោយ​អំណរ ទោះ​បី​ពួក​គេ​នៅ​ក្នុង​លោកីយ៍​មួយ​ដ៏​ខូច​អាក្រក់​ក៏​ដោយ។ ម្ល៉ោះ​ហើយ ព្រះ​យេហូវ៉ា​បន្ត​ប្រទាន​ពរ​ដល់​គេ ដោយ​ធ្វើ​ឲ្យ​គេ​រីក​ចំរើន។ ជា​លទ្ធផល រាប់​លាន​នាក់​ដែល​ជា​អ្នក​រួម​ធ្វើ​ការ​ជា​មួយ​នឹង​គេ គឺ​ជា​ចៀម​ឯ​ទៀត«បំរើ​ទ្រង់ នៅ​ក្នុង​ព្រះ​វិហារ​ទាំង​យប់​ទាំង​ថ្ងៃ»។ (វិវរណៈ ៧:១៥) កុំ​ឲ្យ​យើង​ភ្លេច​ពី​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​នេះ គឺ​ជា​ការ​បរិភោគ​ពី«ផល»នេះ​និង​ការ​ចែក​ចាយ​ផល​នោះ​ដល់​អ្នក​ឯ​ទៀត។

២២. តើ​អ្នក​ដែល​ព្រម​ទទួល​ពន្លឺ​នឹង​បាន​ពរ​អ្វី​ខ្លះ?

២២ ក្នុង​សម័យ​ដ៏​ពិបាក​រស់​នៅ​នេះ គឺ​ជា​ពេល​ដែល​ភាព​ងងឹត​គ្រប​លើ​ផែនដី​ទាំង​មូល​និង​សាសន៍​ទាំង​ឡាយ​ផង​ដែរ ចំណែក​យើង​វិញ យើង​មាន​អំណរ​គុណ​ដែល​ព្រះ​យេហូវ៉ា​បញ្ចេញ​ពន្លឺ​ខាង​វិញ្ញាណ​ទៅ​លើ​រាស្ត្រ​របស់​ទ្រង់ មែន​ទេ? (អេសាយ ៦០:២; រ៉ូម ២:១៩; ១៣:១២) អស់​អ្នក​ណា​ដែល​ព្រម​ទទួល​ពន្លឺ​នោះ នឹង​ទទួល​នូវ​សេចក្ដី​សុខ​ក្នុង​ចិត្ត​គំនិត​និង​អំណរ​នា​ពេល​ឥឡូវ​នេះ ថែម​ទាំង​ជីវិត​ជា​រៀង​រហូត​នា​ពេល​អនាគត។ ដោយ​មាន​ហេតុ​ល្អ​សម​ស្រប នោះ​យើង​ដែល​ស្រឡាញ់​ពន្លឺ​ក៏​សរសើរ​ដំកើង​ព្រះ​យេហូវ៉ា​ចេញ​ពី​ដួង​ចិត្ត និង​ពោល​ពាក្យ​ដូច​ជា​អ្នក​សរសេរ​ទំនុកដំកើង​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​ជា​ទី​ពឹង​ពំនាក់​នៃ​ជីវិត​ខ្ញុំ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ភ័យ​ចំពោះ​អ្នក​ណា?។ ចូរ​រង់​ចាំ​ព្រះ​យេហូវ៉ា​ចុះ! ចូរ​មាន​កម្លាំង​ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង! អើ! គួរ​រង់​ចាំ​ព្រះ​យេហូវ៉ា​ទៅ!»។—ទំនុកដំកើង ២៧:១​ខ, ១៤

តើ​អ្នក​ចាំ​ទេ?

តើ​អ្នក​ដែល​ជិះ​ជាន់​រាស្ត្រ​របស់​ព្រះ​នឹង​មាន​អនាគត​បែប​ណា?

តើ​អេសាយ​បាន​ទាយ​អំពី​ការ​រីក​ចំរើន​អ្វី?

តើ«បន្ទប់​ខ្លួន»ដែល​យើង​គួរ​ចូល នោះ​ជា​អ្វី? ហើយ​តើ​ហេតុ​អ្វី?

ហេតុ​អ្វី​បាន​ជា​ស្ថានភាព​របស់​រាស្ត្រ​នៃ​ព្រះ​យេហូវ៉ា​ជា​អ្វី​ដ៏​សរសើរ​ដំកើង​ដល់​ទ្រង់?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ប្រអប់​នៅ​ទំព័រ​២២]

ប្រកាសនវត្ថុ​ថ្មី

ពត៌មាន​ភាគ​ច្រើន​ដែល​បាន​មាន​ក្នុង​អត្ថបទ​សិក្សា​ទាំង​ពីរ​នេះ ក៏​បាន​មាន​ក្នុង​សុន្ទរកថា​មួយ​ដែល​មាន​ក្នុង​កម្ម​វិធី​មហា​សន្និបាត​សំរាប់​ឆ្នាំ​២០០០/២០០១។ នៅ​ចុង​សុន្ទរកថា​នោះ ប្រកាសនវត្ថុ​ថ្មី​មួយ​បាន​ត្រូវ​បង្ហាញ ដែល​មាន​ចំណង​ជើង​ថា​បទ​ទំនាយ​របស់​អេសាយ​គឺ​ជា​ពន្លឺ​សំរាប់​មនុស្សជាតិ​ទាំង​ឡាយ ក្បាល​ទី​១។ សៀវភៅ​នេះ​ដែល​មាន​៤១៦​ទំព័រ គឺ​ជា​ការ​ពិគ្រោះ​ខ​និមួយ​ៗ​ពី​ជំពូក​១​-​៤០​ក្នុង​សៀវភៅ​អេសាយ។

[រូប​ភាព​នៅ​ទំព័រ​១៨]

មាន​តែ​មនុស្ស​សុចរិត​ដែល​អាច​ចូល​ក្នុង‹ទី​ក្រុង​ដ៏​មាំ​មួន›របស់​ព្រះ​យេហូវ៉ា ដែល​ជា​អង្គការ​របស់​ទ្រង់

[រូប​ភាព​នៅ​ទំព័រ​១៩]

អេសាយ​បាន​ទូល​ព្រះ​យេហូវ៉ា«នៅ​វេលា​យប់»

[រូប​ភាព​នៅ​ទំព័រ​២១]

ព្រះ​យេហូវ៉ា​ការ​ពារ«ចំការ​ទំពាំង​បាយ​ជូរ»របស់​ទ្រង់ និង​ធ្វើ​ឲ្យ​បង្កើត​ផល