លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អស់អ្នកដែលដើរក្នុងពន្លឺនឹងអរសប្បាយឡើង

អស់អ្នកដែលដើរក្នុងពន្លឺនឹងអរសប្បាយឡើង

អស់​អ្នក​ដែល​ដើរ​ក្នុង​ពន្លឺ​នឹង​អរ​សប្បាយ​ឡើង

«ចូរ​មក! យើង​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះ​យេហូវ៉ា​ចុះ!»។—អេសាយ ២:៥

១, ២. (ក) តើ​ពន្លឺ​ថ្ងៃ​គឺ​សំខាន់​ប៉ុន​ណា? (ខ)ហេតុ​អ្វី​បាន​ជា​នោះ​គឺ​ជា​អ្វី​ដ៏​ធ្ងន់​ធ្ងរ​មែន ដែល​មាន​សេចក្ដី​ព្រមាន​ថា​នឹង​មាន​ភាព​ងងឹត​គ្រប​លើ​ផែនដី?

 ព្រះ​យេហូវ៉ា​គឺ​ជា​ប្រភព​នៃ​ពន្លឺ។ ព្រះ​គម្ពីរ​ហៅ​ទ្រង់​ជា«ព្រះ ដែល​ប្រទាន​ព្រះ​អាទិត្យ សំរាប់​ជា​ពន្លឺ​នៅ​ពេល​ថ្ងៃ ហើយ​តាំង​របៀប​នៃ​ព្រះ​ចន្ទ​នឹង​តារា​ទាំង​ប៉ុន្មាន សំរាប់​បំភ្លឺ​នៅ​ពេល​យប់»។ (យេរេមា ៣១:៣៥; ទំនុកដំកើង ៨:៣) ព្រះ​ទ្រង់​គឺ​ជា​អ្នក​ដែល​បាន​បង្កើត​ព្រះ​អាទិត្យ​របស់​យើង ដែល​ប្រៀប​ដូច​ជា​ឡ​ដែល​មាន​ប្រតិកម្ម​នុយក្លេអែ​រ និង​បញ្ចេញ​ថាមពល​ជា​ច្រើន​ទៅ​ក្នុង​លំហ​អវកាស ដោយ​មាន​ថាមពល​ខ្លះ​មាន​សណ្ឋាន​ជា​ពន្លឺ​និង​កំដៅ។ ថាមពល​មួយ​ចំនួន​តូច​ដែល​ធ្វើ​ដំណើរ​មក​ដល់​យើង​នេះ​មាន​សណ្ឋាន​ជា​ពន្លឺ​ថ្ងៃ ហើយ​ក៏​ជួយ​ទ្រ​ទ្រង់​ជីវិត​ដែល​កំរើក​នៅ​លើ​ផែនដី​នេះ​ដែរ។ បើ​សិន​ជា​គ្មាន​ពន្លឺ​ថ្ងៃ នោះ​យើង​មិន​អាច​មាន​ជីវិត​រស់​នៅ​បាន​ទេ។ ផែនដី​នឹង​ទៅ​ជា​ភព​មួយ​ដែល​គ្មាន​ជីវិត​រស់​នៅ​ទាល់​តែ​សោះ។

សម​ស្រប​ទៅ​តាម​ចំណុច​នោះ យើង​ក៏​អាច​យល់​ពី​ភាព​ធ្ងន់​ធ្ងរ​នៃ​ស្ថានភាព​ដែល​ព្យាការី​អេសាយ​បាន​ពណ៌នា​នោះ​ថា៖ «មើល! សេចក្ដី​ងងឹត​នឹង​គ្រប​លើ​ផែនដី ហើយ​សេចក្ដី​សូន្យសុង​នឹង​គ្រប​លើ​អស់​ទាំង​ជន​ជាតិ»។ (អេសាយ ៦០:២) នេះ​ច្បាស់​ជា​មិន​សំដៅ​ទៅ​លើ​ការ​គ្មាន​ពន្លឺ​ថ្ងៃ​នោះ​ទេ។ អេសាយ​មិន​ចង់​និយាយ​ថា នឹង​មាន​ថ្ងៃ​មួយ​ដែល​សុរិយា លោក​ខែ និង​តារា​ទាំង​ឡាយ​នឹង​លែង​ភ្លឺ​នោះ​ទេ។ (ទំនុកដំកើង ៨៩:៣៦, ៣៧; ១៣៦:៧​-​៩) ផ្ទុយ​ទៅ​វិញ គាត់​បាន​និយាយ​អំពី​ភាព​ងងឹត​ខាង​វិញ្ញាណ។ ក៏​ប៉ុន្តែ ភាព​ងងឹត​ខាង​វិញ្ញាណ​អាច​បណ្ដាល​ឲ្យ​ស្លាប់។ នៅ​ទី​បំផុត យើង​មិន​អាច​រស់​ដោយ​គ្មាន​ពន្លឺ​ខាង​វិញ្ញាណ ក៏​ដូច​ជា​យើង​មិន​អាច​រស់​ដោយ​គ្មាន​ពន្លឺ​ថ្ងៃ​អ៊ីចឹង​ដែរ។—លូកា ១:៧៩

៣. ដោយ​គិត​ពី​ពាក្យ​របស់​លោក​អេសាយ តើ​គ្រីស្ទាន​ទាំង​ឡាយ​គួរ​តែ​ធ្វើ​អ្វី?

ហេតុ​នេះ​ហើយ គឺ​ជា​ការ​សំខាន់​ណាស់​ដែល​យើង​ទទួល​ស្គាល់​ថា ពាក្យ​របស់​អេសាយ ទោះ​បី​បាន​សម្រេច​ម្ដង​ហើយ​ទៅ​លើ​សាសន៍​យូដា​ពី​បុរាណ​ក៏​ដោយ ពាក្យ​នោះ​កំពុង​តែ​សម្រេច​តាម​របៀប​មួយ​ដ៏​ប្រសើរ​ជាង​ទៅ​ទៀត​នៅ​សព្វ​ថ្ងៃ​នេះ។ គឺ​ត្រឹម​ត្រូវ​ហើយ​ដែល​ថា នៅ​សម័យ​យើង​នេះ ពិភព​លោក​ក៏​ត្រូវ​គ្រប​ដណ្ដប់​ដោយ​ភាព​ងងឹត​ខាង​វិញ្ញាណ​ដែរ។ ដោយ​សារ​មាន​ស្ថានភាព​ដែល​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដូច​នេះ នោះ​ពន្លឺ​ខាង​វិញ្ញាណ​គឺ​សំខាន់​ជា​ជាង​ទៅ​ទៀត។ ដូច្នេះ​ហើយ គ្រីស្ទាន​ទាំង​ឡាយ​គួរ​ធ្វើ​តាម​សេចក្ដី​ដាស់​តឿន​របស់​ព្រះ​យេស៊ូ​ដែល​ថា៖ «ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក»។ (ម៉ាថាយ ៥:១៦) គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់​ទាំង​ឡាយ ក៏​អាច​បំភ្លឺ​ឲ្យ​អ្នក​រាប​ទាប​ឲ្យ​អាច​មើល​ឃើញ​បាន ថែម​ទាំង​មាន​ឱកាស​ឲ្យ​បាន​ជីវិត​ទៀត​ផង។—យ៉ូហាន ៨:១២

ពេល​មួយ​ដែល​ប្រកប​ដោយ​សេចក្ដី​អស់​សង្ឃឹម​នៅ​ប្រទេស​អ៊ីស្រាអែល

៤. តើ​ពាក្យ​ទំនាយ​របស់​អេសាយ​បាន​សម្រេច​ដំបូង​នៅ​ពេល​ណា? តើ​មាន​ស្ថានភាព​អ្វី​នៅ​សម័យ​របស់​អេសាយ?

ពាក្យ​របស់​លោក​អេសាយ​ដែល​ថា ភាព​ងងឹត​នឹង​គ្រប​លើ​ផែនដី​ទាំង​មូល បាន​សម្រេច​ជា​លើក​ដំបូង ពេល​ដែល​ស្រុក​យូដា​លែង​មាន​មនុស្ស​រស់​នៅ ហើយ​ប្រជាជន​ទាំង​អស់​បាន​ត្រូវ​ជាប់​ជា​និរទេស​ជន​នៅ​បាប៊ីឡូន។ ក៏​ប៉ុន្តែ សូម្បី​តែ​ក្នុង​ពេល​មុន​នោះ​បាន​កើត​មាន​ឡើង នៅ​សម័យ​លោក​អេសាយ​សាសន៍​អ៊ីស្រាអែល​ច្រើន​តែ​ត្រូវ​គ្រប​ដណ្ដប់​ដោយ​ភាព​ងងឹត​ខាង​វិញ្ញាណ។ នោះ​គឺ​ជា​ហេតុ​ការណ៍​ដែល​បាន​ជំរុញ​ឲ្យ​លោក​អេសាយ​ដាស់​តឿន​ជន​រួម​ជាតិ​របស់​គាត់​ថា៖ «ឱ​ពួក​វង្ស​នៃ​យ៉ាកុប​អើយ! ចូរ​មក! យើង​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះ​យេហូវ៉ា​ចុះ!»។—អេសាយ ២:៥; ៥:២០

៥, ៦. តើ​កត្ដា​អ្វី​ខ្លះ​ដែល​បាន​នាំ​ឲ្យ​សម័យ​របស់​លោក​អេសាយ​ស្ថិត​ក្នុង​ភាព​ងងឹត?

អេសាយ​បាន​ធ្វើ​ជា​ព្យាការី​នៅ​ស្រុក​យូដា«ក្នុង​រាជ្យ​អ៊ូសៀស យ៉ូថាម អេហាស ហើយ​នឹង​ហេសេគា​ជា​ស្តេច​ស្រុក​យូដា»។ (អេសាយ ១:១) គ្រា​នោះ​គឺ​ជា​ពេល​មួយ​ដែល​ប្រកប​ទៅ​ដោយ​ភាព​ចលាចល​ខាង​នយោបាយ ភាព​ពុត​ត្បុត​ខាង​សាសនា ការ​ពុក​រលួយ​ផ្នែក​ច្បាប់​យុត្ដិធម៌ និង​ការ​ជិះ​ជាន់​នូវ​ជន​ក្រី​ក្រ។ សូម្បី​តែ​ក្នុង​រាជ​របស់​ស្តេច​ទាំង​ប៉ុន្មាន​ដែល​បាន​នៅ​ស្មោះ​ត្រង់​ក៏​ដោយ ដូច​ជា​ស្តេច​យ៉ូថាម នោះ​នៅ​តែ​មាន​អាសនៈ​សំរាប់​ការ​ថ្វាយ​បង្គំ​ព្រះ​មិន​ពិត​នៅ​លើ​កំពូល​កូន​ភ្នំ។ ក្នុង​រាជ​របស់​ស្តេច​ទាំង​ប៉ុន្មាន​ដែល​មិន​បាន​នៅ​ស្មោះ​ត្រង់ ស្ថានភាព​គឺ​រឹត​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត។ ជា​ឧទាហរណ៍ ស្តេច​ដ៏​អាក្រក់​មួយ​អង្គ​ដែល​មាន​ព្រះ​នាម​អ័ហាស ក៏​បាន​ធ្វើ​អាក្រក់​ដ៏​ម្ល៉េះ​ដែល​ទ្រង់​បាន​ដុត​កូន​ចៅ​របស់​ទ្រង់ ជា​យញ្ញ​បូជា​ក្នុង​ក្បួន​រីតិ៍​ថ្វាយ​ព្រះ​ម៉ូឡុក។ នេះ​បង្ហាញ​នូវ​ភាព​ងងឹត​ខាង​វិញ្ញាណ​ដ៏​ខ្លាំង​ណាស់​ហ្ន៎!—ពង្សាវតារ​ក្សត្រ​ទី​២ ១៥:៣២​-​៣៤; ១៦:២​-​៤

ចំណែក​ស្ថានភាព​ប្រទេស​ដែល​នៅ​ជុំ​វិញ នោះ​ក៏​បាន​ងងឹត​ផង​ដែរ។ ប្រទេស​ម៉ូអាប់ ប្រទេស​អេដំម និង​ប្រទេស​ភីលីស្ទាន​បាន​គំរាម​កំហែង​ដល់​សាសន៍​យូដា​ពី​ព្រំ​ដែន​នៅ​គ្រប់​ទិស​ទី។ ទោះ​បី​ជា ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​ស្ថិត​នៅ​ខាង​ជើង គឺ​ជាប់​ជា​សាច់​ញាតិ​នឹង​សាសន៍​យូដា​ក៏​ដោយ នោះ​អ៊ីស្រាអែល​បាន​ប្រកាស​ខ្លួន​ជា​ខ្មាំង​សត្រូវ​របស់​យូដា​វិញ។ នៅ​ខាង​ជើង​ឆ្ងាយ​ជាង​នោះ​ទៅ​ទៀត ក៏​មាន​ពួក​ស៊ីរី​គំរាម​យាយី​ដល់​សន្ដិភាព​របស់​ស្រុក​យូដា​ដែរ។ សាសន៍​ដ៏​សាហាវ​ជាង​នេះ​ទៅ​ទៀត​គឺ​ជា​សាសន៍​អាសស៊ើរ ដែល​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​ឆ្លៀត​ឱកាស​ពង្រីក​អំណាច​របស់​ខ្លួន។ ក្នុង​កំឡុង​ពេល​ដែល​អេសាយ​បាន​ធ្វើ​ជា​ព្យាការី​នោះ សាសន៍​អាសស៊ើរ​បាន​បង្ក្រាប​ពង្រាប​សាសន៍​អ៊ីស្រាអែល​និង​ស្ទើរ​តែ​បំផ្លាញ​ស្រុក​យូដា​ផង​ដែរ។ ពី​មុន មាន​គ្រា​មួយ​ដែល​ទី​ក្រុង​ទាំង​អស់​នៅ​ស្រុក​យូដា​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​អាសស៊ើរ លើក​លែង​តែ​ទី​ក្រុង​យេរូសាឡិម។—អេសាយ ១:៧, ៨; ៣៦:១

៧. តើ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​តាម​ផ្លូវ​មួយ​ណា? ហើយ​តើ​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​តប​យ៉ាង​ណា​វិញ?

សាសន៍​អ៊ីស្រាអែល​និង​សាសន៍​យូដា​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ព្រះ ក៏​ប៉ុន្តែ​ពួក​គេ​បាន​ទទួល​រង​នូវ​មហន្តរាយ​បែប​នេះ ដោយ​សារ​គេ​មិន​បាន​នៅ​ស្មោះ​ត្រង់​ចំពោះ​ទ្រង់។ ពួក​គេ​បាន​បង្ហាញ​ថា​ខ្លួន​មាន​លក្ខណៈ​ដូច​ជា​អស់​អ្នក​ណា​ដែល​សៀវភៅ​សុភាសិត​ពណ៌នា​ថា គេ«ជា​អ្នក​ដែល​បោះ​បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ដើម្បី​នឹង​ដើរ​តាម​ផ្លូវ​ងងឹត​វិញ»។ (សុភាសិត ២:១៣) ក៏​ប៉ុន្តែ ទោះ​បី​ជា​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ខ្ញាល់​នឹង​រាស្ត្រ​របស់​ទ្រង់​ក៏​ដោយ តែ​ទ្រង់​មិន​បាន​បោះ​បង់​ពួក​គេ​ចោល​ទាំង​ស្រុង​ទេ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​បង្កើត​ឲ្យ​មាន​ព្យាការី​ដូច​ជា​លោក​អេសាយ​និង​ព្យាការី​ឯ​ទៀត​ដែរ ដើម្បី​ផ្ដល់​នូវ​ពន្លឺ​ខាង​វិញ្ញាណ​សំរាប់​អ្នក​ណា​ក្នុង​សាសន៍​អ៊ីស្រាអែល​ដែល​នៅ​តែ​ចង់​រក​បំរើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​ស្មោះ​ត្រង់។ ពន្លឺ​ដែល​ព្យាការី​ទាំង​ប៉ុន្មាន​នេះ​បាន​ផ្ដល់​ឲ្យ​គឺ​សំខាន់​ណាស់​ហ្ន៎! នោះ​គឺ​ជា​ពន្លឺ​ដែល​នាំ​ឲ្យ​មាន​ជីវិត!

សម័យ​យើង​នេះ​ក៏​ប្រកប​ទៅ​ដោយ​សេចក្ដី​អស់​សង្ឃឹម​ផង​ដែរ

៨, ៩. តើ​កត្ដា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​ស្ថិត​ក្នុង​ភាព​ងងឹត?

ស្ថានភាព​នៅ​សម័យ​របស់​លោក​អេសាយ គឺ​ស្រដៀង​គ្នា​នឹង​ស្ថានភាព​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ នៅ​សម័យ​យើង​នេះ មនុស្សជាតិ​ដែល​ជា​អ្នក​ដឹក​នាំ​ក្នុង​ការ​គ្រប់​គ្រង ក៏​បាន​បដិសេធ​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ទ្រង់​បាន​តែង​តាំង​ជា​ស្តេច។ (ទំនុកដំកើង ២:២, ៣) គ្រូ​គង្វាល​ផ្នែក​ពិភព​គ្រីស្ទ​សាសនា ក៏​បាន​នាំ​ឲ្យ​ហ្វូង​របស់​គេ​ឲ្យ​វង្វេង​ដែរ។ អ្នក​ដឹក​នាំ​ទាំង​នេះ​អះអាង​ថា ខ្លួន​បំរើ​ព្រះ ក៏​ប៉ុន្តែ​តាម​ការ​ពិត​ពួក​គេ​ភាគ​ច្រើន​ចាត់​ទុក​ជា​ធំ​នូវ​អ្វី​ៗ​ដែល​ប្រៀប​ដូច​ជា​ព្រះ​របស់​លោកីយ៍​នេះ​គឺ​ជា ជាតិ​និយម អំណាច​ពល​ទ័ព ទ្រព្យ​សម្បត្ដិ និង​មនុស្ស​ដែល​មាន​មុខ​មាន​មាត់។ មិន​ត្រឹម​តែ​ប៉ុន​ហ្នឹង​ទេ ក៏​ប៉ុន្តែ​ពួក​គេ​ថែម​ទាំង​បង្រៀន​លទ្ធិ​សាសនា​មិន​ពិត​ផង​ដែរ។

នៅ​កន្លែង​ជា​ច្រើន សាសនា​ទាំង​ប៉ុន្មាន​ដែល​រួម​ជា​មួយ​ពិភព​គ្រីស្ទ​សាសនា ក៏​បាន​ចូល​រួម​ក្នុង​សង្គ្រាម​និង​បញ្ហា​ផ្សេង​ៗ​ក្នុង​ប្រទេស ដែល​រួម​បញ្ចូល​ការ​បោស​សំអាត​ជាតិ​សាសន៍​និង​រឿង​ផ្សេង​ទៀត​ដ៏​គួរ​ឲ្យ​រន្ធត់។ ម្យ៉ាង​ទៀត វិហារ​ជា​ច្រើន​កំពុង​តែ​ធ្វើ​មិន​ដឹង​មិន​ឮ​ឬ​ក៏​គាំទ្រ​យ៉ាង​សកម្ម​នូវ​ការ​ប្រព្រឹត្ត​ដ៏​អសីលធម៌ ដូច​ជា​ការ​សហាយស្មន់​និង​ការ​រួម​ដំណេក​រវាង​មនុស្ស​ភេទ​ដូច​គ្នា ជា​ជាង​គាំទ្រ​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​គោល​ការណ៍​សីលធម៌​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ។ លទ្ធផល​ពី​ការ​បដិសេធ​ចោល​ខ្នាត​តម្រា​ព្រះ​គម្ពីរ គឺ​ជា​ហ្វូង​មនុស្ស​មួយ​ក្នុង​ពិភព​គ្រីស្ទ​សាសនា​ដែល​មាន​លក្ខណៈ​ដូច​ជា​អ្វី​ដែល​អ្នក​តែង​ទំនុកដំកើង​ពី​បុរាណ​បាន​រៀប​រាប់​ពី​នោះ​ថា៖ «គេ​មិន​ដឹង ក៏​មិន​យល់​សោះ គេ​តែង​ដើរ​ទៅ​មក​ក្នុង​សេចក្ដី​ងងឹត»។ (ទំនុកដំកើង ៨២:៥) ពិភព​គ្រីស្ទ​សាសនា​គឺ​ដូច​ជា​សាសន៍​យូដា​ពី​បុរាណ​ពិត​មែន ដោយ​សារ​គេ​កំពុង​តែ​ស្ថិត​ក្នុង​សេចក្ដី​ងងឹត​សូន្យ​ឈឹង។—វិវរណៈ ៨:១២

១០. តើ​ដូច​ម្ដេច​ដែល​ពន្លឺ​កំពុង​តែ​ភ្លឺ​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ? ហើយ​តើ​មនុស្ស​រា​បសាទ​ទួល​ប្រយោជន៍​តាម​របៀប​ណា?

១០ ទោះ​បី​ជា​មាន​ភាព​ងងឹត​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​កំពុង​តែ​ធ្វើ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ឡើង ប្រយោជន៍​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប។ ដើម្បី​សម្រេច​ការ​នោះ ទ្រង់​កំពុង​តែ​ប្រើ​អ្នក​ចាក់​ប្រេង​តាំង​ទាំង​ឡាយ​ដែល​ជា​អ្នក​បំរើ​ទ្រង់​នៅ​លើ​ផែនដី​នេះ គឺ​ជា«អ្នក​បំរើ​ស្មោះ​ត្រង់​មាន​មារយាទ» ហើយ​អ្នក​ទាំង​នោះ​កំពុង​តែ«ភ្លឺ . . . ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក»។ (ម៉ាថាយ ២៤:៤៥; ភីលីព ២:១៥) ក្រុម​អ្នក​បំរើ​នោះ ដែល​ទទួលនូវ​ជំនួយ​ពី​មនុស្ស​រាប់​លាន​នាក់​ដែល​ជា«ចៀម​ឯ​ទៀត»និង​ជា​អ្នក​រួម​ធ្វើ​ការ​ជា​មួយ​គ្នា ក៏​ភ្លឺ​ដោយ​ពន្លឺ​ខាង​វិញ្ញាណ​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​បន្ទូល​របស់​ព្រះ​ក្នុង​ព្រះ​គម្ពីរ។ (យ៉ូហាន ១០:១៦) ក្នុង​លោកីយ៍​នេះ​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​អ៊ីចឹង ពន្លឺ​បែប​នេះ​ជួយ​បង្កើត​ឲ្យ​អ្នក​រាប​សា​មាន​សេចក្ដី​សង្ឃឹម ជួយ​ពួក​គេ​ឲ្យ​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ ហើយ​ក៏​ជួយ​គេ​ជៀស​វាង​ពី​អន្ទាក់​ខាង​វិញ្ញាណ។ ពន្លឺ​នោះ​គឺ​មាន​តម្លៃ​វិសេស​វិសាល​និង​ផ្ដល់​ឲ្យ​ជីវិត​ផង​ដែរ។

«ទូល​បង្គំ​នឹង​សរសើរ​ដល់​ព្រះ​នាម​ទ្រង់»

១១. តើ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ឲ្យ​រាស្ត្រ​ទ្រង់​ដឹង​អ្វី​ខ្លះ​នៅ​សម័យ​របស់​លោក​អេសាយ?

១១ តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​ការ​ណែនាំ​បែប​ណា នៅ​សម័យ​របស់​លោក​អេសាយ​ដែល​ជា​សម័យ​មួយ​ប្រកប​ទៅ​ដោយ​សេចក្ដី​អស់​សង្ឃឹម​នោះ? ហើយ​តើ​ទ្រង់​បាន​ផ្ដល់​នូវ​ការ​ណែនាំ​បែប​ណា ក្នុង​សម័យ​ជា​បន្ទាប់​ដែល​ពិបាក​ជាង​នោះ​ទៅ​ទៀត ពេល​សាសន៍​បាប៊ីឡូន​បាន​ចាប់​យក​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ធ្វើ​ជា​ឈ្លើយ​នោះ? បន្ថែម​នឹង​ការ​ណែនាំ​ខាង​សីលធម៌ ព្រះ​យេហូវ៉ា​ក៏​បាន​បញ្ជាក់​ទុក​ជា​មុន​នូវ​របៀប​ដែល​ទ្រង់​នឹង​សម្រេច​គោល​បំណង​របស់​ទ្រង់​ស្តី​ពី​រាស្ត្រ​របស់​ទ្រង់។ ជា​ឧទាហរណ៍ សូម​ពិចារណា​នូវ​បទ​ទំនាយ​ដ៏​អស្ចារ្យ​ៗ​ដែល​មាន​ក្នុង​សៀវភៅ​អេសាយ​ជំពូក​២៥​ដល់​២៧។ ពាក្យ​ក្នុង​ជំពូក​ទាំង​ប៉ុន្មាន​នោះ​បង្ហាញ​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ទាក់​ទង​នឹង​បញ្ហា​នៅ​សម័យ​មុន​ៗ​នោះ និង​របៀប​ដែល​ទ្រង់​ធ្វើ​ដូច​នោះ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។

១២. តើ​អេសាយ​បាន​ពោល​ពាក្យ​អ្វី​ខ្លះ​ចេញ​ពី​ដួង​ចិត្ត​របស់​គាត់?

១២ ជា​មុន​បង្អស់ អេសាយ​បាន​ប្រកាស​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! ទ្រង់​ជា​ព្រះ​នៃ​ទូល​បង្គំ ទូល​បង្គំ​នឹង​លើក​ដំកើង​ទ្រង់​ឡើង ទូល​បង្គំ​នឹង​សរសើរ​ដល់​ព្រះ​នាម​ទ្រង់»។ នេះ​ជា​ការ​សរសើរ​ចេញ​ពី​ដួង​ចិត្ត​ដ៏​ពិរោះ​ស្ដាប់​យ៉ាង​ណា​ទៅ​ហ្ន៎! ក៏​ប៉ុន្តែ តើ​អ្វី​បាន​ជំរុញ​ចិត្ត​ព្យាការី​អេសាយ​ឲ្យ​ទូល​សេចក្ដី​អធិស្ឋាន​មួយ​បែប​នេះ? កត្ដា​ដ៏​សំខាន់​មួយ​ត្រូវ​បើក​ឲ្យ​ឃើញ​ក្នុង​ផ្នែក​ទី​ពីរ​នៃ​ខ​ទី​១ នោះ​អាន​ថា៖ «ពីព្រោះ​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ គឺ​ជា​ការ​ដែល​បាន​គិត​សម្រេច​នឹង​ធ្វើ​តាំង​ពី​បុរាណ​មក ដោយ​សេចក្ដី​ស្មោះ​ត្រង់​ពិត​ប្រាកដ»។—អេសាយ ២៥:១

១៣. (ក) តើ​ចំណេះ​អ្វី​ដែល​បាន​ជួយ​ចំរើន​ការ​អបអរ​របស់​អេសាយ​ចំពោះ​ព្រះ​យេហូវ៉ា? (ខ) តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​លោក​អេសាយ?

១៣ មក​ដល់​សម័យ​លោក​អេសាយ​ហើយ នោះ​ព្រះ​យេហូវ៉ា​បាន​សម្រេច​ការ​អស្ចារ្យ​ជា​ច្រើន​និង​ដើម្បី​ជា​ប្រយោជន៍​ដល់​សាសន៍​អ៊ីស្រាអែល ហើយ​នេះ​បាន​ត្រូវ​កត់​សរសេរ​ក្នុង​ឯកសារ។ មើល​ទៅ​ដូច​ជា​អេសាយ​ស្គាល់​ឯកសារ​ទាំង​ប៉ុន្មាន​នេះ​ហើយ។ ជា​ឧទាហរណ៍ អេសាយ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​រំដោះ​រាស្ត្រ​របស់​ទ្រង់​ពី​សេវកភាព​នៅ​ស្រុក​អេស៊ីប ថែម​ទាំង​បាន​សង្គ្រោះ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្តេច​ផារ៉ោន​នៅ​ឯ​សមុទ្រ​ក្រហម។ គាត់​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​នាំ​រាស្ត្រ​របស់​ទ្រង់​ឆ្លង​កាត់​ទី​រហោ​ស្ថាន​និង​បាន​នាំ​គេ​ចូល​ក្នុង​ស្រុក​សន្យា។ (ទំនុកដំកើង ១៣៦:១, ១០​-​២៦) កំណត់​ហេតុ​ប្រវត្ដិសាស្ត្រ​បែប​នោះ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​គឺ​ស្មោះ​ត្រង់​និង​គួរ​ឲ្យ​ទុក​ចិត្ត​បាន។ ‹ការ​ដែល​ទ្រង់​បាន​គិត​សម្រេច​នឹង​ធ្វើ› គឺ​ទាំង​អស់​ទៅ​ជា​ការ​ពិត​មែន។ ចំណេះ​ពិត​ពី​ព្រះ​បាន​ចំរើន​កម្លាំង​របស់​អេសាយ​ឲ្យ​បន្ត​ដើរ​ក្នុង​ពន្លឺ។ ដូច្នេះ គាត់​ជា​គំរូ​ល្អ​សំរាប់​យើង។ បើ​សិន​ជា​យើង​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​អនុវត្ត​តាម​បន្ទូល​នោះ​ក្នុង​ជីវិត​របស់​យើង យើង​នឹង​បន្ត​ដើរ​ក្នុង​ពន្លឺ​ដែរ។—ទំនុកដំកើង ១១៩:១០៥; កូរិនថូស​ទី​២ ៤:៦

ទី​ក្រុង​មួយ​ដែល​បាន​ត្រូវ​បំផ្លាញ​ចោល

១៤. តើ​មាន​ទំនាយ​អ្វី​ស្តី​អំពី​ទី​ក្រុង​មួយ? តើ​ទី​ក្រុង​នេះ​ទំនង​ជា​ក្រុង​មួយ​ណា?

១៤ ឧទាហរណ៍​មួយ​អំពី​អ្វី​ដែល​ព្រះ​បាន​គិត​សម្រេច​នឹង​ធ្វើ គឺ​ក្នុង​អេសាយ ២៥:២ ដែល​អាន​ថា៖ «ទ្រង់​បាន​ធ្វើ​ឲ្យ​ទី​ក្រុង​ទៅ​ជា​គំនរ​ថ្ម ឲ្យ​ទី​ក្រុង​មាន​បន្ទាយ​ទៅ​ជា​ធារ​បំណែក ឲ្យ​ទី​មាំ​មួន​របស់​សាសន៍​ដទៃ​បាន​លែង​ធ្វើ​ជា​ទី​ក្រុង​រៀង​ត​ទៅ ហើយ​ឥត​មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ»។ តើ​ទី​ក្រុង​នេះ​គឺ​ជា​ទី​ក្រុង​ណា? អេសាយ​ទំនង​ជា​កំពុង​តែ​ទាយ​អំពី​ទី​ក្រុង​បាប៊ីឡូន។ នឹង​មាន​ពេល​មក​ដល់​ពិត​មែន ពេល​ដែល​ទី​ក្រុង​បាប៊ីឡូន​នឹង​ក្លាយ​ទៅ​ជា​គំនរ​ថ្ម។

១៥. នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្វី​ជា«ទី​ក្រុង​ដ៏​ធំ»? ហើយ​តើ​អ្វី​នឹង​កើត​ឡើង​ដល់​វា?

១៥ តើ​មាន​ទី​ក្រុង​មួយ​នៅ​សព្វ​ថ្ងៃ​នេះ ដែល​ត្រូវ​តំណាង​ដោយ​ទី​ក្រុង​ដែល​អេសាយ​បាន​ទាយ​ស្តី​អំពី​នោះ​ទេ? គឺ​មាន​មែន។ សៀវភៅ​វិវរណៈ​និយាយ​អំពី«ទី​ក្រុង​ដ៏​ធំ ដែល​មាន​អំណាច​លើ​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ផែនដី»។ (វិវរណៈ ១៧:១៨) ទី​ក្រុង​ដ៏​ធំ​នោះ​គឺ​ជា«បាប៊ីឡូន​ដ៏​ជា​ធំ»ដែល​តំណាង​ចក្រភព​សាសនា​មិន​ពិត។ (វិវរណៈ ១៧:៥) នៅ​សព្វ​ថ្ងៃ​នេះ ផ្នែក​ដ៏​ធំ​បំផុត​របស់​បាប៊ីឡូន​ដ៏​ធំ​គឺ​ជា​ពិភព​គ្រីស្ទ​សាសនា ដែល​មាន​ពួក​បព្វជិត​នាំ​មុខ​ក្នុង​ការ​ប្រឆាំង​នឹង​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​រាស្ត្រ​របស់​ទ្រង់។ (ម៉ាថាយ ២៤:១៤) ក៏​ប៉ុន្តែ បាប៊ីឡូន​ដ៏​ធំ​នឹង​ត្រូវ​បំផ្លាញ​ចោល​នៅ​ពេល​បន្ដិច​ទៀត​នេះ ដូច​គ្នា​នឹង​ទី​ក្រុង​បាប៊ីឡូន​ពី​បុរាណ ហើយ​នឹង​មិន​លេច​ឡើង​ម្ដង​ទៀត​ទេ។

១៦, ១៧. តើ​ដោយ​ដូច​ម្ដេច​ដែល​សត្រូវ​របស់​ព្រះ​យេហូវ៉ា​បាន​លើក​ដំកើង​សរសើរ​ដល់​ទ្រង់​នៅ​សម័យ​បុរាណ​និង​នៅ​សម័យ​ទំនើប​នេះ​ដែរ?

១៦ តើ​អេសាយ​ទាយ​អ្វី​ទៀត​អំពី«ទី​ក្រុង​មាន​បន្ទាយ»នោះ? អេសាយ​បែរ​មក​ទូល​ព្រះ​យេហូវ៉ា​ដោយ​ថា៖ «នឹង​មាន​សាសន៍​១​ដែល​មាន​កម្លាំង​ខ្លាំង គេ​នឹង​សរសើរ​ដំកើង​ទ្រង់ ទី​ក្រុង​របស់​ព្រះ​រាជាណាចក្រ​គួរ​ស្ញែង​ខ្លាច​ទាំង​ប៉ុន្មាន គេ​នឹង​ភ័យ​ញ័រ​ចំពោះ​ទ្រង់»។ (អេសាយ ២៥:៣) តើ​ទី​ក្រុង​នោះ​ដែល​ជា«ទី​ក្រុង​របស់​ព្រះ​រាជាណាចក្រ​គួរ​ស្ញែង​ខ្លាច​ទាំង​ប៉ុន្មាន»នឹង​លើក​ដំកើង​សរសើរ​ដល់​ព្រះ​យេហូវ៉ា​យ៉ាង​ណា? សូម​នឹក​ចាំ​ពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ស្តេច​នេប៊ូក្នេសា​ដែល​ជា​ស្តេច​ដ៏​ខ្លាំង​បំផុត​របស់​សាសន៍​បាប៊ីឡូន។ ក្រោយ​ពី​នេប៊ូក្នេសា​បាន​មាន​បទ​ពិសោធន៍​មួយ​ដ៏​គួរ​ឲ្យ​រំជួល​ចិត្ត ព្រម​ទាំង​បាន​បើក​សម្ដែង​នូវ​ភាព​ខ្សោយ​របស់​ទ្រង់ នោះ​នេប៊ូក្នេសា​បាន​ត្រូវ​ជំរុញ​ឲ្យ​ទទួល​ស្គាល់​នូវ​ភាព​ឧត្តុង្គ​ឧត្តម​របស់​ព្រះ​យេហូវ៉ា​និង​ទ្រង់​មាន​បន្ទូល​ថា ព្រះ​យេហូវ៉ា​មានគ្រប់​ព្រះ​ចេស្ដា។ (ដានីយ៉ែល ៤:៣៤, ៣៥) ពេល​ព្រះ​យេហូវ៉ា​ប្រើ​ព្រះ​ចេស្ដា​របស់​ទ្រង់ នោះ​សូម្បី​តែ​សត្រូវ​របស់​ទ្រង់​ក៏​ត្រូវ​បង្ខំ​ឲ្យ​ទទួល​ស្គាល់​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ទោះ​បី​គេ​មិន​ចង់​ទទួល​ស្គាល់​ក៏​ដោយ។

១៧ តើ​បាប៊ីឡូន​ដ៏​ធំ​ធ្លាប់​ត្រូវ​បង្ខំ​ឲ្យ​ទទួល​ស្គាល់​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា​ទេ? ធ្លាប់​ត្រូវ​បង្ខំ​ឲ្យ​ទទួល​ស្គាល់​មែន។ ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី​មួយ អ្នក​ចាក់​ប្រេង​តាំង​ដែល​ជា​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​បាន​ផ្សព្វ​ផ្សាយ ទោះ​បី​មាន​ការ​បៀត​បៀន​ក៏​ដោយ។ នៅ​ឆ្នាំ​១៩១៨ ពួក​គេ​បាន​ចូល​ជា​ឈ្លើយ​ខាង​វិញ្ញាណ ពេល​អ្នក​ចាត់​ចែង​ខាង​សមាគម​ប៉ម​យាម​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក។ ការ​រៀបចំ​ផ្សព្វ​ផ្សាយ​មើល​ទៅ​ដូច​ជា​បាន​ឈប់។ លុះ​ដល់​ឆ្នាំ​១៩១៩ ព្រះ​យេហូវ៉ា​បាន​នាំ​គាត់​ត្រឡប់​មក​វិញ​ព្រម​ទាំង​ធ្វើ​ឲ្យ​គេ​មាន​កម្លាំង​ឡើង​វិញ ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់។ នៅ​ពេល​នោះ​គេ​បាន​ចាប់​ផ្ដើម​សម្រេច​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ទូទាំង​ផែនដី។ (ម៉ាកុស ១៣:១០) ព្រឹត្ដិការណ៍​ទាំង​អស់​នេះ​ថែម​ទាំង​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​អ្នក​ប្រឆាំង​នឹង​គេ បាន​ត្រូវ​ទាយ​ទុក​ជា​មុន​ក្នុង​សៀវភៅ​វិវរណៈ។ អ្នក​ប្រឆាំង​ទាំង​នេះ«មាន​ចិត្ត​ភ័យ​ខ្លាច ក៏​សរសើរ​ដំកើង​ដល់​ព្រះ​នៃ​ស្ថាន​សួគ៌»។ (វិវរណៈ ១១:៣, ៧, ១១​-​១៣) នេះ​មិន​មាន​ន័យ​ថា អ្នក​ប្រឆាំង​ទាំង​អស់​បាន​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទេ ក៏​ប៉ុន្តែ​មាន​ន័យ​ថា គេ​បាន​ត្រូវ​បង្ខំ​ឲ្យ​ទទួល​ស្គាល់​តេជានុភាព​របស់​ព្រះ​យេហូវ៉ា​នៅ​គ្រា​នោះ ដូច​តាម​អ្វី​ដែល​អេសាយ​បាន​ទាយ។

«ជា​ទី​មាំ​មួន​ដល់​មនុស្ស​ទាល់​ក្រ»

១៨, ១៩. (ក) តើ​ហេតុ​អ្វី​បាន​ជា​អ្នក​ប្រឆាំង​បាន​ទទួល​បរាជ័យ​ក្នុង​ការ​បំបាក់​បំបែក​ភក្ដី​ភាព​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា? (ខ) តើ​តាម​របៀប​ណា​ដែល«បទ​ច្រៀង​ជ័យ​របស់​ពួក​គួរ​ស្ញែង​ខ្លាច» នឹង​ត្រូវ​អន់​ទៅ?

១៨ ឥឡូវ​អេសាយ​ដូរ​រឿង​និយាយ​អំពី​របៀប​សប្បុរស​ដែល​ព្រះ​យេហូវ៉ា​ទាក់​ទង​នឹង​អ្នក​ដែល​ដើរ​ក្នុង​ពន្លឺ​វិញ។ អេសាយ​ទូល​ប្រាប់​ព្រះ​យេហូវ៉ា​ថា៖ «ទ្រង់​បាន​ធ្វើ​ជា​ទី​មាំ​មួន​ដល់​មនុស្ស​ទាល់​ក្រ គឺ​ជា​ទី​មាំ​មួន​ដល់​មនុស្ស​កំសត់​ទុគ៌ត ក្នុង​គ្រា​ដែល​មាន​ទុក្ខ​លំបាក ជា​ទី​ជ្រក​កោន​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរាជា​ម្លប់​បាំង​កំដៅ ក្នុង​កាល​ដែល​ខ្យល់​គំហុក​របស់​ពួក​គួរ​ស្ញែង​ខ្លាច បាន​ដូច​ជា​មាន​ព្យុះ​បក់​ប៉ះ​នឹង​ជញ្ជាំង ទ្រង់​នឹង​បន្ទាប​សូរ​របស់​ពួក​សាសន៍​ដទៃ​នោះ ដូច​ជា​ចំហាយ​ក្ដៅ នៅ​កន្លែង​ហួត​ហែង ហើយ​ដូច​ជា​កំដៅ​បាន​អន់​ថយដោយ​សារ​ម្លប់​ពពក នោះ​បទ​ច្រៀង​ជ័យ​របស់​ពួក​គួរ​ស្ញែង​ខ្លាច នឹង​ត្រូវ​អន់​ទៅ​ដូច្នោះ​ដែរ»។—អេសាយ ២៥:៤,៥

១៩ តាំង​ពី​ឆ្នាំ​១៩១៩​ពួក​គួរ​ស្ញែង​ខ្លាច​បាន​ខិត​ខំ​អស់​ពី​សមត្ថភាព ដើម្បី​បំបាក់​បំបែក​ភក្ដី​ភាព​របស់​អ្នក​ថ្វាយ​បង្គំ​ដ៏​ពិត ក៏​ប៉ុន្តែ អ្នក​ទាំង​នោះ​មិន​បាន​ជោគ​ជ័យ​ទេ។ តើ​ហេតុ​អ្វី​បាន​ជា​បរាជ័យ​ដូច្នេះ? គឺ​ថា ពីព្រោះ​ព្រះ​យេហូវ៉ា​គឺ​ជា​ទី​មាំ​មួន​និង​ជា​ទី​ពឹង​ជ្រក​របស់​រាស្ត្រ​ទ្រង់។ ទ្រង់​ផ្ដល់​ឲ្យ​នូវ​ទី​ជ្រក​កោន ដើម្បី​ការ​ពារ​ពី​ការ​បៀត​បៀន​ដែល​ប្រៀប​ដូច​ជា​កំដៅ​ថ្ងៃ និង​ទ្រង់​ក៏​ប្រៀប​ដូច​ជា​រនាំង​មួយ​ដែល​ឈរ​យ៉ាង​មាំ​មួន​និង​ការ​ពារ​រាស្ត្រ​ទ្រង់​ពី​ការ​ប្រឆាំង​ដែល​មក​ដូច​ជា​ខ្យល់​ព្យុះ។ យើង​ដែល​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះ មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា នឹង​មាន​ពេល​មួយ​ដែល«បទ​ច្រៀង​ជ័យ​របស់​ពួក​គួរ​ស្ញែង​ខ្លាច នឹង​ត្រូវ​អន់​ទៅ​ដូច្នោះ​ដែរ»។ គឺ​ជា​រឿង​ពិត​មែន​ដែល​ថា យើង​ទន្ទឹង​ចាំ​ដោយ​ចិត្ត​រំភើប​នូវ​ពេល​ដែល​សត្រូវ​របស់​ព្រះ​យេហូវ៉ា​នឹង​លែង​មាន​ត​ទៅ​ទៀត។

២០, ២១. តើ​ព្រះ​យេហូវ៉ា​រៀបចំ​ជប់​លៀង​អ្វី? ហើយ​តើ​ជប់​លៀង​នោះ​នឹង​រួម​បញ្ចូល​អ្វី​ខ្លះ​ក្នុង​ពិភព​លោក​ថ្មី?

២០ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ការ​ពារ​អ្នក​បំរើ​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ។ ទ្រង់​ក៏​ចិញ្ចឹម​គេ​ដោយ​ព្រោះ​ទ្រង់​គឺ​ជា​ព្រះ​វរបិតា​របស់​គេ​និង​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ ក្រោយ​ពី​ទ្រង់​បាន​រំដោះ​រាស្ត្រ​ទ្រង់​ពី​បាប៊ីឡូន​ដ៏​ធំ​នៅ​ឆ្នាំ​១៩១៩ ទ្រង់​បាន​រៀបចំ​ការ​ជប់​លៀង​ដ៏​ធំ​មួយ​ខាង​វិញ្ញាណ​ជា​សញ្ញា​នៃ​ជ័យ​ជំនះ។ អេសាយ​បាន​ទាយ​អំពី​នេះ​ក្នុង​អេសាយ ២៥:៦​ដែល​ថា៖ «នៅ​លើ​ភ្នំ​នេះ ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​នឹង​ចាត់​ចែង​ជប់​លៀង​ដល់​គ្រប់​ទាំង​សាសន៍ ដោយ​ម្ហូប​មាន​ឱ​ជា​រស​ដ៏​វិសេស នឹង​ស្រា​ទំពាំង​បាយ​ជូរ​សំរាំង ជា​ម្ហូប​យ៉ាង​វិសេស​ដោយ​ខួរ​ឆ្អឹង​ជោក ហើយ​នឹង​ស្រា​ទំពាំង​បាយ​ជូរ​សំរាំង​យ៉ាង​ល្អ»។ យើង​មាន​ពរ​ដ៏​ប្រសើរ​ណាស់​ហ្ន៎! ព្រោះ​យើង​អាច​ចូល​រួម​ការ​ជប់​លៀង​នេះ។ (ម៉ាថាយ ៤:៤) «តុ[ព្រះ​យេហូវ៉ា]»គឺ​ពេញ​ទៅ​ដោយ​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់​ខាង​វិញ្ញាណ​ជា​ច្រើន។ (កូរិនថូស​ទី​១ ១០:២១) តាម​រយៈ«អ្នក​បំរើ​ស្មោះ​ត្រង់​មាន​មារយាទ» យើង​ទទួល​នូវ​អ្វី​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​ខាង​វិញ្ញាណ។

២១ ការ​ជប់​លៀង​ខាង​វិញ្ញាណ​នេះ​ដែល​ព្រះ​បាន​រៀបចំ ក៏​មាន​អ្វី​ផ្សេង​ទៀត​ដែរ។ ការ​ជប់​លៀង​ខាង​វិញ្ញាណ​ដែល​យើង​មាន​ឥឡូវ​នេះ ក៏​ជួយ​រំឭក​យើង​ពី​ម្ហូប​អាហារ​មែន​ទែន ដែល​នឹង​មាន​ជា​បរិបូរ​ពេល​ទទួល​បាន​ក្នុង​ពិភព​លោក​ថ្មី​ដែល​ព្រះ​បាន​សន្យា​ថា​នឹង​មក។ នៅ​ពេល​នោះ«ជប់​លៀង . . . ដោយ​ម្ហូប​មាន​ឱ​ជា​រស​ដ៏​វិសេស»នឹង​រួម​បញ្ចូល​ម្ហូប​អាហារ​ជា​ច្រើន​សំរាប់​រូប​កាយ។ គ្មាន​អ្នក​ណា​នឹង​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ​ឬ​ក៏​ខាង​រូប​កាយ​នោះ​ទេ។ នេះ​នឹង​ជា​ការ​ធូរ​ស្រាល​យ៉ាង​ណា​ទៅ​ហ្ន៎! សំរាប់​អស់​អ្នក​ស្មោះ​ត្រង់​ជា​ទី​ស្រឡាញ់ ដែល​កំពុង​តែ​រង​ទុក្ខ​ដោយ​សារ«អំណត់» ដែល​បាន​ត្រូវ​ទាយ​ទុក​ជា​ផ្នែក​មួយ​នៃ«ទី​សម្គាល់»នៃ​វត្តមាន​របស់​ព្រះ​យេស៊ូ។ (ម៉ាថាយ ២៤:៣, ៧) ចំពោះ​អ្នក​ទាំង​នោះ បន្ទូល​របស់​អ្នក​តែង​ទំនុកដំកើង​គឺ​ជា​អ្វី​ដែល​ជួយ​សំរាល​ទុក្ខ​មែន។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក រហូត​ដល់​កំពូល​ភ្នំ។ ឯ​គួរ​ស្រូវ នោះ​នឹង​ទ្រេត​ចុះ​ឡើង»។—ទំនុកដំកើង ៧២:១៦

២២, ២៣. (ក) តើ​អ្វី​ជា«គំរប»ឬ​ក៏«ស្បៃ»ដែល​នឹង​ត្រូវ​ដក​ចេញ​នោះ? ហើយ តើ​នោះ​នឹង​ត្រូវ​ដក​ចេញ​តាម​របៀប​ណា? (ខ) តើ​ដូច​ម្ដេច​ដែល​ព្រះ​យេហូវ៉ា«នឹង​ដក​សេចក្ដី​ត្មះ​តិះ​ដៀល​ចំពោះ​រាស្ត្រ​ទ្រង់»ចេញ?

២២ សូម​ស្ដាប់​នូវ​សេចក្ដី​សន្យា​មួយ​ទៀត​ដ៏​កាន់​តែ​ប្រសើរ។ អេសាយ​បាន​ប្រៀប​បាប​និង​សេចក្ដី​ស្លាប់​ទៅ​នឹង«គំរប»មួយ​ឬ​ក៏«ស្បៃ»មួយ ដោយ​ថា៖ «នៅ​លើ​ភ្នំ​នោះ ទ្រង់​នឹង​បំផ្លាញ​ស្បៃ​ដែល​បាំង​មុខ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​គំរប​ដែល​គ្រប​លើ​ជន​ជាតិ​ទាំង​ប៉ុន្មាន​ផង»។ (អេសាយ ២៥:៧) សូម​គិត​ទៅ​មើល! បាប​និង​សេចក្ដី​ស្លាប់​ដែល​បាន​សង្កត់​សង្កិន​ដល់​មនុស្សជាតិ​ដូច​ជា​គំរប​ធ្ងន់​មួយ នោះ​នឹង​លែង​មាន​ទៀត​ហើយ។ យើង​មាន​ចំណង់​ចង់​បាន​ខ្លាំង​មែន​ពេល​ដែល​ប្រយោជន៍​ពី​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ​ត្រូវ​អនុវត្ត​យ៉ាង​ពេញ​លេញ​ទៅ​លើ​មនុស្សជាតិ​ដែល​ស្ដាប់​បង្គាប់​និង​រក្សា​ខ្លួន​ឲ្យ​ស្មោះ​ត្រង់។—វិវរណៈ ២១:៣, ៤

២៣ ព្យាការី​អេសាយ​បាន​ទាយ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចង្អុល​បញ្ជាក់​ដល់​ពេល​នោះ ទាំង​ធានា​ថា៖ «ទ្រង់​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប នោះ​ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​ពី​មុខ​មនុស្ស​ទាំង​អស់ ហើយ​ទ្រង់​នឹង​ដក​សេចក្ដី​ត្មះ​តិះ​ដៀល​ចំពោះ​រាស្ត្រ​ទ្រង់ ពី​ផែនដី​ទាំង​មូល​ចេញ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ដូច្នេះ​ហើយ»។ (អេសាយ ២៥:៨) គ្មាន​អ្នក​ណា​នឹង​ស្លាប់​ដោយ​ចាស់​និង​ឈឺ ឬ​ក៏​យំ​ដោយ​សារ​អ្នក​ជា​ទី​ស្រឡាញ់​បាន​ស្លាប់​ទៅ​នោះ​ទេ។ នេះ​គឺ​ជា​ការ​ផ្លាស់​ប្ដូរ​ដ៏​ប្រសើរ​យ៉ាង​ណា​ទៅ​ហ្ន៎! ម្យ៉ាង​ទៀត នឹង​គ្មាន​កន្លែង​ណា​លើ​ផែនដី​នេះ​ដែល​ព្រះ​និង​រាស្ត្រ​របស់​ទ្រង់ នឹង​ត្រូវ​តែ​ស៊ូ​ទ្រាំ​នឹង​ការ​តិះ​ដៀល​ហើយ​ការ​ផ្សាយ​ភូត​ភរ​នោះ​ទេ។ តើ​ហេតុ​អ្វី? ពីព្រោះ​ព្រះ​យេហូវ៉ា​នឹង​យក​ចេញ​នូវ​ប្រភព​នៃ​ការ​តិះ​ដៀល​និង​ការ​ភូត​ភរ​ចេញ គឺ​ជា​អារក្ស​សាតាំង​ដែល​ជា​ឪពុក​នៃ​សេចក្ដី​ភូត​ភរ ថែម​ទាំង​ពូជ​របស់​វា​ដែរ។—យ៉ូហាន ៨:៤៤

២៤. តើ​អ្នក​ដែល​កំពុង​តែ​ដើរ​ក្នុង​ពន្លឺ​ត្រូវ​ប្រព្រឹត្ត​តប​យ៉ាង​ណា ចំពោះ​កិច្ច​ការ​របស់​ព្រះ​យេហូវ៉ា ដែល​សម្ដែង​ពី​តេជានុភាព​របស់​ទ្រង់​ដើម្បី​បំរើ​ប្រយោជន៍​ឲ្យ​ពួក​គេ​នោះ?

២៤ ពេល​អ្នក​ដែល​ដើរ​ក្នុង​ពន្លឺ​ពិចារណា​នូវ​ការ​សម្ដែង​បែប​នេះ​នូវ​តេជានុភាព​របស់​ព្រះ​យេហូវ៉ា នោះ​គេ​ប្រកាស​ថា៖ «មើល! នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា យើង​បាន​រង់​ចាំ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង នេះ​គឺ​ជា​ព្រះ​យេហូវ៉ា​ហើយ យើង​បាន​រង់​ចាំ​ទ្រង់ យើង​នឹង​មាន​ចិត្ត​រីករាយ ហើយ​ត្រេក​អរ ដោយ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់»។ (អេសាយ ២៥:៩) បន្ដិច​ទៀត មនុស្សជាតិ​ដ៏​សុចរិត​នឹង​មាន​ហេតុ​ជា​ច្រើន​ឲ្យ​អរ​សប្បាយ​ឡើង។ ភាព​ងងឹត​នឹង​ត្រូវ​បំបាត់​ទាំង​ស្រុង និង​មនុស្ស​ស្មោះ​ត្រង់​នឹង​ទទួល​នូវ​ពន្លឺ​របស់​ព្រះ​យេហូវ៉ា​ជា​និច្ច​ជា​កាល។ តើ​មាន​សេចក្ដី​សង្ឃឹម​ណា​ដ៏​រុង​រឿង​ជាង​នេះ​ឬ​ទេ? គឺ​គ្មាន​សោះ​ឡើយ!

តើ​អ្នក​ចេះ​ពន្យល់​ទេ?

សព្វ​ថ្ងៃ​នេះ តើ​ហេតុ​អ្វី​បាន​ជា​ការ​សំខាន់​ដែល​យើង​ដើរ​ក្នុង​ពន្លឺ?

តើ​ហេតុ​អ្វី​បាន​ជា​អេសាយ​បាន​សរសើរ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា?

តើ​ហេតុ​អ្វី​បាន​ជា​ពួក​សត្រូវ​នឹង​មិន​អាច​បំបាក់​បំបែក​ភក្ដី​ភាព​រាស្ត្រ​របស់​ព្រះ?

តើ​អ្នក​ដែល​ដើរ​ក្នុង​ពន្លឺ​នឹង​ទទួល​នូវ​ប្រសិទ្ធពរ​អ្វី​ខ្លះ​នា​ពេល​អនាគត?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១៣]

អ្នក​ស្រុក​យូដា​ធ្លាប់​បូជា​កូន​គេ​ថ្វាយ​ព្រះ​ម៉ូឡុក

[រូប​ភាព​នៅ​ទំព័រ​១៥]

ចំណេះ​អំពី​កិច្ច​ការ​របស់​ព្រះ​យេហូវ៉ា​ដែល​បង្ហាញ​នូវ​តេជានុភាព​របស់​ទ្រង់ បាន​ជំរុញ​ចិត្ត​អេសាយ​ឲ្យ​សរសើរ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា

[រូប​ភាព​នៅ​ទំព័រ​១៦]

មនុស្ស​សុចរិត​និង​ទទួល​ពន្លឺ​របស់​ព្រះ​យេហូវ៉ា​ជា​និច្ច​ជា​កាល