លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរមើល! ព្រះដ៏ជាអ្នកធ្វើកិច្ចការដ៏អស្ចារ្យ

ចូរមើល! ព្រះដ៏ជាអ្នកធ្វើកិច្ចការដ៏អស្ចារ្យ

ចូរ​មើល! ព្រះ​ដ៏​ជា​អ្នក​ធ្វើ​កិច្ច​ការ​ដ៏​អស្ចារ្យ

«សូម​ឈរ​ឲ្យ​នឹង ហើយ​ពិចារណា​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​សិន»។—យ៉ូប ៣៧:១៤

១, ២. នៅ​ឆ្នាំ​១៩២២ តើ​គេ​បាន​រក​ឃើញ​អ្វី​ដ៏​អស្ចារ្យ? ហើយ​តើ​ពួក​គេ​បាន​មាន​ប្រតិកម្ម​យ៉ាង​ណា?

 បុរាណ​វត្ថុ​វិទូ​និង​សភា​ជាន់​ខ្ពស់​ប្រទេស​អង់គ្លេស បាន​សហការ​គ្នា​ជា​យូរ​យារ​មក​ហើយ ក្នុង​ការ​ស្វែង​រក​រតនសម្បត្ដិ។ នៅ​ទី​បំផុត នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​១៩២២ នៅ​ឯ​កន្លែង​បញ្ចុះ​សព​នៃ​ពួក​ស្តេច​ផារ៉ោន​ជាតិ​អេស៊ីប នៅ​ឯ​ជ្រលង​ភ្នំ​ដ៏​ល្បី​នៃ​ពួក​ស្តេច នោះ​បុរាណ​វត្ថុ​វិទូ​លោក​ហាវ៉ាត់​ខាទ្ដើ និង​លោក​ឧកញ៉ា​ខណ្ណរវិន បាន​រក​ឃើញ​រង្វាន់​នេះ គឺ​ជា​ផ្នូរ​នៃ​ស្តេច​ធូថាន់ខាមិន។ ពេល​មក​ដល់​ទ្វារ​ដែល​បាន​បិទ​ជាប់ នោះ​ពួក​គេ​បាន​ខួង​ប្រហោង​មួយ។ លោក​ខាទ្ដើ​បាន​ស៊ក​ទៀន​ចូល​ក្នុង​ប្រហោង​នោះ និង​បាន​សម្លឹង​មើល​ទៅ​ខាង​ក្នុង។

ក្រោយ​មក​លោក​ខាទ្ដើ​បាន​រៀប​រាប់​ថា៖ «នៅ​ពេល​លោក​ឧកញ៉ា​ខណ្ណរវិន មិន​អាច​ទ្រាំ​នឹង​ការ​រង់​ចាំ​ដោយ​ថប់​បារម្ភ​បាន​ទៀត​ទេ គាត់​ក៏​បាន​សួរ​ទាំង​រសាប់​រសល់​ថា ‹តើ​អ្នក​មើល​ឃើញ​អ្វី​ទេ?›។ ខ្ញុំ​បាន​ខំ​ប្រឹង​ណាស់​ដើម្បី​គ្រាន់​តែ​និយាយ​ថា ‹បាទ! គឺ​ឃើញ​របស់​របរ​ដ៏​អស្ចារ្យ​មែន!›»។ ក្ដារ​មឈូស​ធ្វើ​ពី​មាស​សុទ្ធ គឺ​មាន​ក្នុង​ចំណោម​រតនសម្បត្ដិ​រាប់​ពាន់​ក្នុង​ផ្នូរ​នោះ។ អ្នក​ប្រហែល​ជា​បាន​ឃើញ«របស់​ដ៏​អស្ចារ្យ»ទាំង​នោះ ក្នុង​រូប​ថត​ឬ​នៅ​ឯ​សារមន្ទីរ ដែល​គេ​ដាក់​តាំង​ឲ្យ​មើល។ ក៏​ប៉ុន្តែ ទោះ​ជា​របស់​នៅ​សារមន្ទីរ​អាច​ជា​អ្វី​ៗ​ដ៏​អស្ចារ្យ​ក៏​ដោយ នោះ​ច្បាស់​ជា​ឥត​ទាក់​ទង​នឹង​ជីវិត​របស់​អ្នក​ទេ។ ដូច្នេះ សូម​ឲ្យ​យើង​បែរ​អារម្មណ៍​ទៅ​ឯ​របស់​ដ៏​អស្ចារ្យ ដែល​ប្រាកដ​ជា​ទាក់​ទង​នឹង​អ្នក​ហើយ​មាន​តម្លៃ​ចំពោះ​អ្នក​ផង​ដែរ។

៣. តើ​នៅ​កន្លែង​ណា​ដែល​យើង​អាច​រក​ឃើញ​ពត៌មាន​អំពី​របស់​ដ៏​អស្ចារ្យ ដែល​អាច​មាន​តម្លៃ​ចំពោះ​យើង​រាល់​គ្នា?

ជា​ឧទាហរណ៍ សូម​គិត​អំពី​បុរស​ដែល​បាន​រស់​នៅ​ជា​ច្រើន​សតវត្ស​មក​ហើយ ដែល​ល្បី​ឈ្មោះ​ជាង​តួ​កុន កីឡាករ​ល្បី​ៗ អ្នក​នយោបាយ ឬ​ពូជ​ពង្ស​នៃ​រាជវង្ស​ទៅ​ទៀត។ គេ​បាន​ហៅ​គាត់​ថា​ជា​អ្នក​ឧត្តម​បំផុត​ក្នុង​ចំណោម​អស់​អ្នក​ដែល​រស់​នៅ​បូព៌ា​ប្រទេស។ អ្នក​នឹង​ស្គាល់​ឈ្មោះ​របស់​គាត់ គឺ​យ៉ូប។ ក្នុង​ព្រះ​គម្ពីរ​មាន​សៀវភៅ​មួយ​ទាំង​មូល​ដែល​រៀប​រាប់​អំពី​គាត់។ ក៏​ប៉ុន្តែ យុវបុរស​ម្នាក់​ឈ្មោះ​អេលីហ៊ូវ ជា​បុគ្គល​ម្នាក់​ដែល​បាន​រស់​នៅ​សម័យ​លោក​យ៉ូប បាន​មាន​អារម្មណ៍​ជំរុញ​ឲ្យ​គាត់​កែ​តម្រង់​លោក​យ៉ូប។ បើ​សង្ខេប​ទៅ អេលីហ៊ូវ​បាន​មាន​ប្រសាសន៍​ថា៖ លោក​យ៉ូប​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្លួន​ឯង និង​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​គាត់​យ៉ាង​ហួស​ហេតុ​ពេក។ នៅ​យ៉ូប​ជំពូក​ទី​៣​៧ យើង​នឹង​រក​ឃើញ​នូវ​ឱវាទ​ខ្លះ​ៗ​ដែល​ប្រកប​ដោយ​ប្រាជ្ញា ដែល​ពិត​ជា​មាន​តម្លៃ​ដល់​យើង​រាល់​គ្នា។—យ៉ូប ១:១​-​៣; ៣២:១–៣៣:១២

៤. តើ​អ្វី​ដែល​បាន​នាំ​ឲ្យ​អេលីហ៊ូវ​ធ្វើ​ការ​ដាស់​តឿន​យ៉ូប ដូច​ដែល​បាន​កត់​ទុក​នៅ​បទ​គម្ពីរ​យ៉ូប ៣៧:១៤?

មិត្ត​ក្លែង​ក្លាយ​បី​នាក់​ដែល​សម្រាល​ទុក្ខ​យ៉ូប បាន​ចង្អុល​ប្រាប់​យ៉ាង​វែង ពី​ផ្នែក​ណា​ខ្លះ​ដែល​ពួក​គេ​បាន​ជឿ​ថា យ៉ូបបាន​ធ្វើ​ខុស​តាម​គំនិត​ឬ​អំពើ​នោះ។ (យ៉ូប ១៥:១​-​៦, ១៦; ២២:៥​-​១០) អេលីហ៊ូវ​បាន​រង់​ចាំ​យ៉ាង​អត់​ធ្មត់​ដើម្បី​ឲ្យ​ការ​ពិគ្រោះ​នោះ​ចប់។ រួច​មក គាត់​បាន​និយាយ​ដោយ​មាន​ការ​យល់​ធ្លុះ​និង​ដោយ​ប្រាជ្ញា។ គាត់​បាន​និយាយ​នូវ​ចំណុច​ដ៏​មាន​តម្លៃ តែ​សូម​កត់​សម្គាល់​នូវ​ចំណុច​ដ៏​សំខាន់​នេះ​ដែល​ថា៖ «ឱ​យ៉ូប​អើយ! សូម​ស្ដាប់​សេចក្ដី​នេះ​ចុះ! សូម​ឈរ​ឲ្យ​នឹង ហើយ​ពិចារណា​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​សិន»។—យ៉ូប ៣៧:១៤

ព្រះ​អង្គ​ដែល​បាន​ធ្វើ​កិច្ចការ​ទាំង​នោះ

៥. តើ«អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ» ដែល​អេលីហ៊ូវ​បាន​សំដៅ​ទៅ​នោះ បាន​ទាក់​ទង​នឹង​អ្វី​ខ្លះ?

ចូរ​កត់​សម្គាល់​ថា អេលីហ៊ូវ​មិន​បាន​ប្រាប់​យ៉ូប​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្លួន​ឯង ឬ​នឹង​អេលីហ៊ូវ​ផ្ទាល់ ឬ​ក៏​នឹង​មនុស្ស​ឯ​ទៀត​នោះ​ទេ។ ដោយ​ប្រាជ្ញា​អេលីហ៊ូវ​បាន​ដាស់​តឿន​យ៉ូប​និង​យើង​រាល់​គ្នា ឲ្យ​យក​ចិត្ត​ទុក​ដាក់ នឹង​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា​វិញ។ តើ​អ្នក​គិត​ថា​ឃ្លា«អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ»រួម​បញ្ចូល​អ្វី​ខ្លះ? ម្យ៉ាង​វិញ​ទៀត ដោយ​អ្នក​មាន​ការ​ខ្វល់​ខ្វាយ​អំពី​សុខភាព ប្រាក់​កាស អនាគត ក្រុម​គ្រួសារ​របស់​អ្នក អ្នក​ធ្វើ​ការ​ជា​មួយ​គ្នា និង​អ្នក​ជិត​ខាង ហេតុ​អ្វី​ក៏​អ្នក​ចាំ​បាច់​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ច​ការ​របស់​ព្រះ​វិញ? យ៉ាង​ច្បាស់​ណាស់ អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា រួម​បញ្ចូល​នូវ​ប្រាជ្ញា​របស់​ទ្រង់ និង​អំណាច​គ្រប់​គ្រង​របស់​ទ្រង់​លើ​ការ​បង្កើត​ទាំង​អស់ ដែល​មាន​នៅ​ជុំ​វិញ​យើង។ (នេហេមា ៩:៦; ទំនុកដំកើង ២៤:១; ១០៤:២៤; ១៣៦:៥, ៦) ដើម្បី​ឲ្យ​ឃើញ​បាន​ច្បាស់​ទៀត ចូរ​កត់​សម្គាល់​នូវ​ចំណុច​ពី​សៀវភៅ​យ៉ូស្វេ។

៦, ៧. (ក) តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ការ​អ្វី​ដ៏​អស្ចារ្យ​នៅ​សម័យ​ម៉ូសេ​និង​យ៉ូស្វេ? (ខ) បើ​អ្នក​បាន​ឃើញ​កិច្ច​ការ​ដ៏​អស្ចារ្យ​ទាំង​នោះ​នៅ​សម័យ​របស់​លោក​ម៉ូសេ​និង​សម័យ​របស់​លោក​យ៉ូស្វេ តើ​អ្នក​នឹង​មាន​ទឹក​ចិត្ត​យ៉ាង​ណា​ដែរ?

ព្រះ​យេហូវ៉ា​បាន​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា​មក​លើ​ស្រុក​អេស៊ីប​ពី​បុរាណ ហើយ​រួច​មក​បាន​ញែក​សមុទ្រ​ក្រហម ដើម្បី​ឲ្យ​លោក​ម៉ូសេ​អាច​នាំ​ពួក​អ៊ីស្រាអែល​ពី​បុរាណ​មាន​សេរី​ភាព​វិញ។ (និក្ខមនំ ៧:១–១៤:៣១; ទំនុកដំកើង ១០៦:៧, ២១, ២២) នៅ​សៀវភៅ​យ៉ូស្វេ​ជំពូក​ទី​៣ នោះ​គឺ​បាន​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​ស្រដៀង​គ្នា​នេះ​ដែរ។ យ៉ូស្វេ​ដែល​ជា​អ្នក​ស្នង​របស់​លោក​ម៉ូសេ គឺ​នាំ​រាស្ត្រ​របស់​ព្រះ​ឆ្លង​កាត់​ទន្លេ​មួយ​ទៀត និង​ចូល​ទៅ​ក្នុង​ស្រុក​សន្យា។ យ៉ូស្វេ​បាន​និយាយ​ថា៖ «ចូរ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ចុះ! ពីព្រោះ​ថ្ងៃ​ស្អែក ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ការ​អស្ចារ្យ​នៅ​ក្នុង​ពួក​ឯង»។ (យ៉ូស្វេ ៣:៥) តើ​នឹង​មាន​ការ​ដ៏​អស្ចារ្យ​អ្វី​ខ្លះ​ទៅ?

ដំណើរ​រឿង​នេះ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ក៏​បាន​បើក​ផ្លូវ​ឆ្លង​កាត់​របាំង​ទឹក​គឺ​ទន្លេ​យ័រដាន់ ដើម្បី​ឲ្យ​មនុស្ស​ប្រុស​ស្រី​និង​កូន​ក្មេង​រាប់​សែន​នាក់ អាច​ដើរ​កាត់​លើ​ដី​ស្ងួត។ (យ៉ូស្វេ ៣:៧​-​១៧) ប្រសិន​បើ​យើង​បាន​នៅ​ទី​នោះ​កំពុង​តែ​មើល នូវ​ទន្លេ​បើក​ចំហ ហើយ​ប្រជាជន​ទាំង​នោះ​ឆ្លង​ដោយ​ឥត​គ្រោះ​ថ្នាក់ យើង​ច្បាស់​ជា​ស្ងើច​នឹង​ការ​អស្ចារ្យ​នៃ​គ្រា​នោះ​ហើយ! នេះ​បាន​សម្ដែង​នូវ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ពី​ព្រះ​ចេស្ដា​របស់​ព្រះ​លើ​របស់​ដែល​បាន​បង្កើត​មក។ ក៏​ប៉ុន្តែ ឥឡូវ​នេះ ក្នុង​ជីវិត​របស់​យើង គឺ​មាន​របស់​ផ្សេង​ៗ​ដែល​អស្ចារ្យ​ដូច​គ្នា​ដែរ។ ដើម្បី​យល់​ឃើញ​ថា របស់​ទាំង​នេះ​មាន​អ្វី​ខ្លះ និង​ហេតុ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​នឹង​របស់​ទាំង​នេះ សូម​ពិនិត្យ​មើល​យ៉ូប ៣៧:៥​-​៧

៨, ៩. តើ​យ៉ូប ៣៧:៥​-​៧ សំដៅ​ទៅ​កិច្ច​ការ​ដ៏​អស្ចារ្យ​អ្វី? ប៉ុន្តែ​តើ​ហេតុ​អ្វី​បាន​ជា​យើង​គួរ​គិត​អំពី​កិច្ចការ​ទាំង​នេះ?

អេលីហ៊ូវ​បាន​ប្រកាស​ថា៖ «ព្រះ​ទ្រង់​បញ្ចេញ​សំឡេង​ជា​ផ្គរ​លាន់​យ៉ាង​អស្ចារ្យ ក៏​ធ្វើ​ការ​យ៉ាង​ធំ​ដែល​យើង​រាល់​គ្នា​រក​យល់​មិន​បាន»។ តើ​អេលីហ៊ូវ​បាន​នឹក​គិត​អំពី​អ្វី ស្តី​អំពី​ការ​ដែល​ព្រះ​ធ្វើ«យ៉ាង​អស្ចារ្យ»នោះ? អេលីហ៊ូវ​រៀប​រាប់​អំពី​ហិមៈ​និង​ភ្លៀង​រំលា។ របស់​ទាំង​នេះ​បញ្ឈប់​កិច្ច​ការ​របស់​កសិករ​ម្នាក់​ក្នុង​ចំការ​របស់​គាត់ ហើយ​អនុញ្ញាត​ឲ្យ​គាត់​មាន​ពេល​និង​មូលហេតុ​ពិចារណា​មើល​នូវ​កិច្ច​ការ​របស់​ព្រះ។ យើង​ប្រហែល​មិន​មែន​ជា​កសិករ​ម្នាក់​នោះ​ទេ ក៏​ប៉ុន្តែ ភ្លៀង​និង​ទឹក​កក​ធ្លាក់​ពី​លើ​មេឃ​អាច​មាន​ឥទ្ធិពល​មក​លើ​យើង​រាល់​គ្នា។ ទឹក​កក​និង​ភ្លៀង​អាច​រំខាន​សកម្មភាព​របស់​យើង នោះ​ស្រេច​លើ​កន្លែង​ដែល​យើង​រស់​នៅ​លើ​ផែនដី​នេះ។ តើ​យើង​ឆ្លៀត​ពេល​សញ្ជឹង​គិត​អំពី​អ្នក​ណា​ដែល​បណ្ដាល​ឲ្យ​មាន​របស់​ដ៏​អស្ចារ្យ​បែប​នេះ​ទេ? ហើយ​តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ទៅ? តើ​អ្នក​ធ្លាប់​ដែល​សញ្ជឹង​គិត​ឬ​ទេ?

គឺ​មាន​សារៈ​សំខាន់​ណាស់ កាល​ដែល​យើង​អាន​នៅ​ក្នុង​យ៉ូប​ជំពូក​ទី​៣​៨ ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ផ្ទាល់​ក៏​មាន​គំនិត​ស្រដៀង​គ្នា​នេះ​ដែរ កាល​ដែល​ទ្រង់​មាន​បន្ទូល​សួរ​សំនួរ​ខ្លះ​ៗ​ដ៏​មាន​ខ្លឹម​សារ​ដល់​យ៉ូប។ ទោះ​ជា​ព្រះ​ដ៏​ជា​អ្នក​បង្កើត​បាន​សួរ​សំនួរ​ទាំង​នេះ​ដល់​លោក​យ៉ូប តែ​សំនួរ​ទាំង​នេះ​ក៏​មាន​ឥទ្ធិពល​លើ​អាកប្បកិរិយា អត្ថិភាព និង​អនាគត​របស់​យើង​ដែរ។ ដូច្នេះ​សូម​ឲ្យ​យើង​មើល​នូវ​អ្វី​ដែល​ព្រះ​មាន​បន្ទូល​សួរ និង​គិត​អំពី​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​នេះ។ ត្រូវ​ហើយ សូម​ឲ្យ​យើង​ធ្វើ​តាម​អ្វី​ដែល​យ៉ូប ៣៧:១៤ ដាស់​តឿន​ឲ្យ​យើង​ធ្វើ។

១០. តើ​យ៉ូប​ជំពូក​ទី​៣​៨ គួរ​មាន​អានុភាព​យ៉ាង​ណា​លើ​យើង? ហើយ​តើ​មាន​សំនួរ​អ្វី​ដែល​បាន​ត្រូវ​សួរ​ឡើង​នោះ?

១០ ជំពូក​ទី​៣​៨ ចាប់​ផ្ដើម​ដោយ​ចែង​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ពី​ក្នុង​ខ្យល់​កួច​តប​នឹង​យ៉ូប​ថា៖ ‹តើ​អ្នក​ណា​នេះ​ដែល​បង្អាប់​ព្រះ​ដំរិះ ដោយ​សារ​ពាក្យ​សំដី​ឥត​ប្រាជ្ញា​ដូច្នេះ? ចូរ​ក្រវាត់​ចង្កេះ​ឯង ដូច​ជា​មនុស្ស​ក្លាហាន​ឥឡូវ​ចុះ! អញ​នឹង​សួរ​ឯង ហើយ​ឯង​ត្រូវ​ប្រាប់​ដល់​អញ›»។ (យ៉ូប ៣៨:១​-​៣) សេចក្ដី​នេះ​ក៏​បាន​រៀបចំ​នូវ​បរិយាកាស​ដ៏​ល្អ។ នេះ​បាន​ជួយ​យ៉ូប​ឲ្យ​កែ​សម្រួល​គំនិត​របស់​គាត់ ថា​ខ្លួន​គាត់​ពិត​ជា​ឈរ​ពី​មុខ​ព្រះ​ដ៏​ជា​អ្នក​បង្កើត​សកល​លោក​នេះ ហើយ​ថា​គាត់​គឺ​ទទួល​ខុស​ត្រូវ​ចំពោះទ្រង់។ នេះ​ក៏​ជា​អ្វី​ដ៏​ល្អ​សំរាប់​យើង​និង​ចំពោះ​អស់​អ្នក​ដែល​រស់​នៅ​សម័យ​យើង​ឲ្យ​ធ្វើ​ដូច​នោះ​ដែរ។ រួច​មក ព្រះ​ក៏​បាន​លើក​ឡើង​នូវ​អ្វី​ៗ ដូច​ដែល​អេលីហ៊ូវ​បាន​រៀប​រាប់​នោះ​ដែរ។ «តើ​ឯង​នៅ​ឯ​ណា​ក្នុង​កាល​ដែល​អញ​ចាប់​តាំង​បង្ក​ផែនដី​ឡើង? ចូរ​ប្រាប់​មក បើ​ឯង​មាន​យោបល់។ បើ​ឯង​ដឹង តើ​អ្នក​ណា​បាន​កំណត់​ទំហំ​ផែនដី? តើ​អ្នក​ណា​បាន​សន្ធឹង​ខ្សែ​ទៅ​វាស់? តើ​ឫស​ផែនដី​បាន​ជាប់​នៅ​លើ​អ្វី? តើ​អ្នក​ណា​បាន​បញ្ចុះ​ថ្ម​ជ្រុង​នោះ?»។—យ៉ូប ៣៨:៤​-​៦

១១. តើ​យ៉ូប ៣៨:៤​-​៦ គួរ​ធ្វើ​ឲ្យ​យើង​ដឹង​អំពី​អ្វី?

១១ តើ​យ៉ូប​នៅ​ឯ​ណា? ប្រាកដ​ហើយ តើ​យើង​រាល់​គ្នា​នៅ​ឯ​ណា ពេល​ដែល​ចាប់​តាំង​បង្ក​បង្កើត​ផែនដី​ឡើង​នោះ? តើ​យើង​ជា​និម្មាបនិក ក្នុង​ការ​ធ្វើ​ប្លង់​តួ​ផែនដី​របស់​យើង ហើយ​ពី​តួ​នោះ គូរ​ទំហំ​ដោយ​បន្ទាត់​ឬ​ទេ? ច្បាស់​ជា​មិន​មែន​ទេ! មនុស្សជាតិ​មិន​ទាំង​មាន​វត្តមាន​នៅ​ពេល​នោះ​ផង។ ដោយ​ប្រៀប​ប្រដូច​ផែនដី​របស់​យើង​ទៅ​នឹង​អាគារ​ដ៏​ធំ​មួយ ព្រះ​ទ្រង់​សួរ​ថា៖ «តើ​អ្នក​ណា​បាន​បញ្ចុះ​ថ្ម​ជ្រុង​នោះ?»។ យើង​ដឹង​ថា ផែនដី​បាន​ត្រូវ​ដាក់​ចម្ងាយ​ត្រឹម​ត្រូវ​ពី​សុរិយា ដើម្បី​ឲ្យ​យើង​អាច​រស់​នៅ​ហើយ​ចំរើន​លូត​លាស់​នៅ​ទី​នេះ។ ហើយ​ផែនដី​មាន​ទំហំ​ត្រឹម​ត្រូវ​ទៀត​ផង។ ប្រសិន​បើ​ផែនដី​យើង​ធំ​ជាង​នេះ នោះ​ឧស្ម័ន​អ៊ីដ្រូសែន​នឹង​មិន​អាច​គេច​ចេញ​ពី​បរិយាកាស​យើង ហើយ​ភព​យើង​នឹង​មិន​មែន​ជា​កន្លែង​ល្អ​សំរាប់​ជីវិត​ឡើយ។ យ៉ាង​ច្បាស់​ណាស់ បុគ្គល​មួយ​អង្គ«បាន​បញ្ចុះ​ថ្ម​ជ្រុង»នៅ​កន្លែង​ត្រឹម​ត្រូវ។ តើ​យ៉ូប​សម​ទទួល​កិត្ដិយស​នោះ​ទេ? ចុះ​យើង​វិញ តើ​សម​ទទួល​កិត្ដិយស​នោះ​ទេ? ឬ​ក៏​តើ​ព្រះ​យេហូវ៉ា​សម​នឹង​ទទួល​កិត្ដិយស​នោះ​ទៅ​វិញ​ទេ?—សុភាសិត ៣:១៩; យេរេមា ១០:១២

តើ​មនុស្ស​ណា​ដែល​អាច​ឆ្លើយ​បាន?

១២. សំនួរ​ដែល​មាន​នៅ​ឯ​យ៉ូប ៣៨:៦ នាំ​ឲ្យ​យើង​គិត​អំពី​អ្វី?

១២ ព្រះ​ទ្រង់​ក៏​បាន​សួរ​ថា៖ «តើ​ឫស​ផែនដី​បាន​ជាប់​នៅ​លើ​អ្វី?»។ សំនួរ​ល្អ​ណាស់ មែន​ទេ? ប្រហែល​ជា​យើង​ស្គាល់​ពាក្យ​ដែល​យ៉ូប​មិន​ដែល​ស្គាល់​នោះ​ដែរ គឺ​ជា​ទំនាញ​ផែនដី។ យើង​ភាគ​ច្រើន​យល់​ថា ទំនាញ​ផែនដី​ពី​សុរិយា​ដ៏​ធំ​នោះ ជួយ​រក្សា​ផែនដី​យើង​ឲ្យ​នៅ​ចំ​កន្លែង​ត្រឹម​ត្រូវ ដូច​ជា​មាន​ឫស​ផែនដី​ដែល​បាន​ចាក់​ជាប់។ ក៏​ប៉ុន្តែ តើ​អ្នក​ណា​ម្នាក់​យល់​ពេញ​លេញ​អំពី​ទំនាញ​ផែនដី​ឬ​ទេ?

១៣, ១៤. (ក) តើ​យើង​ត្រូវ​ទទួល​ស្គាល់​អ្វី​ស្តី​អំពី​ទំនាញ​ផែនដី? (ខ) តើ​យើង​គួរ​មាន​ទឹក​ចិត្ត​យ៉ាង​ណា​នឹង​ស្ថានការណ៍ ដែល​យ៉ូប ៣៨:៦ លើក​មក​នោះ?

១៣ សៀវភៅ​មួយ​ដែល​បាន​បោះ​ពុម្ព​ថ្មី​ៗ​នេះ ដែល​មាន​ចំណង​ជើង​ថា៖ ការ​ពន្យល់​ប្រាប់​អំពី​សកល​លោក នោះ​សារភាព​ថា‹ទំនាញ​ផែនដី​ជា​ថាមពល​មួយ​ក្នុង​ធម្មជាតិ​ដែល​យើង​ស្គាល់​ច្រើន​ជាង​គេ តែ​ជា​អ្វី​ដែល​យើង​យល់​តិច​ជាង​គេ​នោះ​ដែរ›។ សៀវភៅ​នេះ​ចែង​បន្ត​ថា៖ «ទំនាញ​ផែនដី​ហាក់​ដូច​ជា​ឆ្លង​កាត់​ទី​ល្ហ​ល្ហេវ​ភ្លាម​មួយ​រំពេច ដោយ​ឥត​មាន​ខ្សែ​រយៈ​ដ៏​ច្បាស់​ដើម្បី​ធ្វើ​អ៊ីចឹង​ឡើយ។ ក៏​ប៉ុន្តែ នៅ​ឆ្នាំ​ថ្មី​ៗ​នេះ អ្នក​រូប​និយម​បាន​ចាប់​ផ្ដើម​ស្មានថា ទំនាញ​ផែនដី​ប្រហែល​ជា​ធ្វើ​ដំណើរ​ជា​រលក ដែល​ធ្វើ​ពី​ចុណ្ណភាគ​ហៅ​ថា​ហ្គ្រាវីតុន(gravitons) . . . ប៉ុន្តែ ឥត​មាន​អ្នក​ណា​ដឹង​ឲ្យ​បាន​ច្បាស់​ថា មាន​មែន​នោះ​ទេ»។ សូម​គិត​ពី​សេចក្ដី​នេះ ថា​មាន​ន័យ​យ៉ាង​ណា​ទៅ​ហ្ន៎!

១៤ វិទ្យា​សាស្ត្រ​បាន​ជឿន​លឿន​អស់​៣០០០​ឆ្នាំ​មក​ហើយ តាំង​ពី​ព្រះ​យេហូវ៉ា​បាន​សួរ​សំនួរ​ទាំង​នោះ​ទៅ​យ៉ូប។ ក៏​ប៉ុន្តែ ពួក​យើង​ព្រម​ទាំង​ពួក​អ្នក​រូប​វិទ្យា​ដ៏​ជំនាញ ក៏​នៅ​តែ​មិន​អាច​ពន្យល់​យ៉ាង​ពេញ​លេញ​អំពី​ទំនាញ​ផែនដី ដែល​រក្សា​ផែនដី​យើង​ឲ្យ​មាន​ដំណើរ​ត្រឹម​ត្រូវ ហើយ​ដែល​អនុញ្ញាត​ឲ្យ​យើង​មាន​ជីវិត​រស់​នៅ​ទី​នេះ​ឲ្យ​បាន​ច្បាស់​លាស់​បាន​នោះ​ទេ។ (យ៉ូប ២៦:៧; អេសាយ ៤៥:១៨) នេះ​គឺ​មិន​មាន​ន័យ​ថា យើង​គ្រប់​គ្នា​គួរ​ខំ​យ៉ាង​លំបាក​ដើម្បី​សិក្សា​ឲ្យ​បាន​ជ្រៅ​ជ្រះ​អំពី​រឿង​អាថ៌​កំបាំង​ខាង​ទំនាញ​ផែនដី​ឡើយ។ ផ្ទុយ​ទៅ​វិញ ការ​យក​ចិត្ត​ទុក​ដាក់​នឹង​លក្ខណៈ​តែ​មួយ​នេះ​នៃ​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ គួរ​មាន​អានុភាព​លើ​ទស្សនៈ​របស់​យើង​ចំពោះ​ទ្រង់។ តើ​អ្នក​មាន​ចិត្ត​ស្ញប់​ស្ញែង​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​ទ្រង់ ព្រម​ទាំង​ចំពោះ​ប្រាជ្ញា​និង​ព្រះ​ដំរិះ​របស់​ទ្រង់​ទេ? ហើយ​តើ​អ្នក​យល់​ដឹង ពី​មូលហេតុ​ដែល​យើង​ត្រូវ​រៀន​ថែម​ទៀត​អំពី​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់​ឬ​ទេ?

១៥​-​១៧. (ក) តើ​យ៉ូប ៣៨:៨​-​១១ សំដៅ​លើ​អ្វី? ហើយ​នេះ​នាំ​ឲ្យ​មាន​សំនួរ​អ្វី? (ខ) តើ​ត្រូវ​តែ​ទទួល​ស្គាល់​អ្វី​ខ្លះ អំពី​ចំណេះ​ខាង​មហា​សាគរ​និង​ការ​បែង​ចែង​លើ​ផែនដី​នេះ?

១៥ ព្រះ​ដ៏​ជា​អ្នក​បង្កើត​បន្ត​សួរ​ទៀត​ថា៖ «តើ​អ្នក​ណា​បាន​បិទ​ទ្វារ​ទប់​សមុទ្រ​ទុក ក្នុង​កាល​ដែល​ធ្លាយ​ចេញ​មក បែប​ដូច​ជា​សំរាល​ចេញ​ពី​ផ្ទៃ​ម្ដាយ គឺ​ក្នុង​កាល​ដែល​អញ​បាន​ហ៊ុម​ដោយ​ពពក ទុក​ដូច​ជា​អាវ ហើយ​រុំ​ព័ទ្ធ​នឹង​សេចក្ដី​ងងឹត​ជា​យ៉ាង​ក្រាស់ ទុក​ជា​កន្សែង ព្រម​ទាំង​ដាក់​គោល​ចារិក​ឲ្យ ហើយ​ក៏​ដាក់​រនុក នឹង​ទ្វារ​ផង ដោយ​ពាក្យ​ថា៖ ‹ឯង​នឹង​មក​បាន​តែ​ត្រឹម​នេះ នឹង​ហួស​ទៅ​ទៀត​មិន​បាន រលក​ដ៏​អង់អាច​របស់​ឯង​ត្រូវ​ឈប់​នៅ​ទី​នេះ›?»។—យ៉ូប ៣៨:៨​-​១១

១៦ ការ​បិទ​ទ្វារ​ទប់​សមុទ្រ ទាក់​ទង​ទ្វីប មហា​សាគរ​នានា និង​លំនាច​ជា​ដើម។ តើ​មនុស្សជាតិ​បាន​សង្កេត​ឃើញ​និង​សិក្សា​របស់​ទាំង​នេះ​បាន​យូរ​ប៉ុន្មាន​ហើយ? គឺ​បាន​ធ្វើ​រាប់​ពាន់​ឆ្នាំ​មក​ហើយ និង​ប៉ុន្មាន​សតវត្ស​កន្លង​ទៅ​នេះ​គឺ​បាន​ខំ​ប្រឹង​ស្រាវ​ជ្រាវ​យ៉ាង​ខ្លាំង។ អ្នក​អាច​គិត​ស្មានថា ការ​ដឹង​ភាគ​ច្រើន​អំពី​របស់​ទាំង​នេះ ត្រូវ​យល់​អស់​ហើយ។ ក៏​ប៉ុន្តែ នៅ​ឆ្នាំ​២០០១​នេះ ប្រសិន​បើ​អ្នក​ស្រាវ​ជ្រាវ​ខាង​ប្រធាន​នោះ នូវ​ឯ​បណ្ណាល័យ​ដ៏​ធំ​សម្បើម​ឬ​ប្រើ​របស់​រិះ​រក​ដ៏​អស្ចារ្យ​ពី​ប្រព័ន្ធ​អ៊ិនថឺណិត ដើម្បី​រក​ហេតុ​ការណ៍​ទំនើប​ៗ តើ​អ្នក​នឹង​រក​ឃើញ​អ្វី​ខ្លះ?

១៧ នៅ​ក្នុង​ឯកសារ​មួយ​ដែល​មាន​គេ​ទទួល​ស្គាល់​ទូទៅ នោះ​អ្នក​នឹង​ឃើញ​សេចក្ដី​សារភាព​នេះ​ថា៖ «ទី​តាំង​នៃ​ទ្វីប​នានា​និង​ជលសីមា​មហា​សាគរ​លើ​ផែនដី ព្រម​ទាំង​លក្ខណៈ​សំខាន់​ៗ​នៃ​ទី​គោក​នេះ ក៏​ធ្លាប់​ជា​បញ្ហា​នៃ​ការ​មាន​ចំណាប់​អារម្មណ៍​ជា​ទី​បំផុត​ដែល​មាន​ជា​យូរ​យារ​មក​ហើយ ឲ្យ​ពួក​អ្នក​វិទ្យា​សាស្ត្រ​ស្រាវ​ជ្រាវ​និង​បង្កើត​ទ្រឹស្តី»។ ក្រោយ​ពី​បាន​ចែង​ដូច​នេះ សព្វវចនាធិប្បាយ​នោះ​ផ្ដល់​ឲ្យ​ការ​ពន្យល់​ដែល​អាច​មាន​បួន​យ៉ាង​ដែល​ចែង​ថា ការ​ពន្យល់​ទាំង​នេះ​គឺ«នៅ​ក្នុង​ចំណោម​សម្មតិកម្ម​ជា​ច្រើន»។ ដូច​ជា​អ្នក​ប្រហែល​ដឹង​ស្រាប់​ហើយ សម្មតិកម្ម«ថ្លែង​ថា គ្មាន​ទី​សំអាង​គ្រប់​គ្រាន់​ទេ អាច​ពន្យល់​ដោយ​ស្ទាក់​ស្ទើរ​តែ​ប៉ុណ្ណោះ»។

១៨. តើ​យ៉ូប ៣៨:៨​-​១១ នាំ​ឲ្យ​អ្នក​សន្និដ្ឋាន​យ៉ាង​ណា?

១៨ របស់​ទាំង​នេះ​ពិត​ជា​បញ្ជាក់​ថា សំនួរ​ទាំង​ឡាយ​ដែល​យើង​អាន​នៅ​យ៉ូប ៣៨:៨​-​១១ តើ​សម​ត្រូវ​ពេល​មែន​ឬ? យ៉ាង​ប្រាកដ​ណាស់ យើង​មិន​អាច​ទទួល​នូវ​កិត្ដិយស​ជា​អ្នក​រៀបចំ​លក្ខណៈ​ផ្សេង​ៗ​នៃ​ផែនដី​យើង​ទាំង​នេះ​បាន​ទេ។ គឺ​មិន​មែន​ពួក​យើង​ទេ ដែល​បាន​រៀប​ដាក់​លោក​ខែ ដើម្បី​ធ្វើ​ឲ្យ​មាន​ទំនាញ​ដែល​នឹង​ជួយ​បង្កើត​ជំនោរ ដែល​ជា​ធម្មតា​ឥត​បង្ខូច​បរិយាកាស​យើង ឬ​ដល់​យើង​ផ្ទាល់​នោះ​ឡើយ។ អ្នក​ដឹង​ថា​ព្រះ​ជា​អ្នក​ធ្វើ​កិច្ច​ការ​ដ៏​អស្ចារ្យ​ទាំង​នេះ។—ទំនុកដំកើង ៣៣:៧; ៨៩:៩; សុភាសិត ៨:២៩; កិច្ច​ការ ៤:២៤; វិវរណៈ ១៤:៧

ថ្វាយ​ព្រះ​យេហូវ៉ា​នូវ​កិត្ដិយស​ដែល​សម​ទទួល

១៩. ឃ្លា​ដូច​កំណាព្យ​នៅ​យ៉ូប ៣៨:១២​-​១៤ នាំ​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​ហេតុ​ការណ៍​ខាង​ផែនដី​យ៉ាង​ណា?

១៩ មនុស្សជាតិ​ក៏​មិន​អាច​ទទួល​កិត្ដិយស​ដោយ​ព្រោះ​ផែនដី​មាន​ដំណើរ​វិល ដូច​បាន​រៀប​រាប់​មក​នៅ​យ៉ូប ៣៨:១២​-​១៤​នោះ​ឡើយ។ ដំណើរ​វិល​នៃ​ផែនដី​ក៏​ធ្វើ​ឲ្យ​ថ្ងៃ​រះ ដែល​ច្រើន​តែ​មាន​សោភ័ណ​ភាព​ដ៏​អស្ចារ្យ។ កាល​ដែល​សុរិយា​រះ​ឡើង នោះ​អាច​ឃើញ​រូប​រាង​ផ្សេង​ៗ​នៅ​លើ​ផែនដី​យើង​កាន់​តែ​ច្បាស់​ឡើង​ៗ។ នៅ​ពេល​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​តែ​បន្ដិច​បន្តួច​ខាង​ដំណើរ​ផែនដី យើង​មាន​ចិត្ត​អស្ចារ្យ​ថា ផែនដី​មិន​វិល​លឿន​ពេក​នោះ​ទេ។ បើ​មាន​អ៊ីចឹង​មែន យើង​អាច​យល់​ដឹង​បាន​ថា នេះ​ប្រកប​ដោយ​មហន្តរាយ​មែន។ ហើយ​ផែនដី​ក៏​មិន​វិល​យឺត​ៗ​ដល់​ម្ល៉េះ ដែល​ធ្វើ​ឲ្យ​ថ្ងៃ​និង​យប់​មាន​រយៈ​ពេល​យូរ​ជាង និង​នាំ​ឲ្យ​មាន​កំដៅ​ក្ដៅ​និង​ត្រជាក់​ហួស​ហេតុ ដែល​នឹង​ធ្វើ​ឲ្យ​ជីវិត​មិន​អាច​រស់​បាន​នោះ​ទេ។ បើ​និយាយ​ឲ្យ​ត្រង់​ទៅ យើង​គួរ​សប្បាយ​ចិត្ត​មែន ដែល​ព្រះ​បាន​កំណត់​ល្បឿន​នៃ​ដំណើរ​វិល​នេះ មិន​មែន​ជា​មនុស្ស​មួយ​ក្រុម​នោះ​ឡើយ។—ទំនុកដំកើង ១៤៨:១​-​៥

២០. តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា​ចំពោះ​សំនួរ​នៅ​យ៉ូប ៣៨:១៦, ១៨?

២០ ឥឡូវ​សូម​នឹក​គិត​ថា ព្រះ​កំពុង​តែ​សួរ​អ្នក​សំនួរ​ថែម​ទៀត​ថា៖ «តើ​ឯង​ដែល​ចូល​ទៅ​ក្នុង​រន្ធ​នៃ​ទឹក​សមុទ្រ ឬ​បាន​ដើរ​ចុះ​ទៅ​រក​ទី​ជំរៅ​នៃ​បាត​សមុទ្រ​ឬ​ទេ?»។ សូម្បី​តែ​អ្នក​សិក្សា​មហា​សាគរ ក៏​មិន​អាច​ឆ្លើយ​សំនួរ​នេះ​ឲ្យ​បាន​ក្បោះ​ក្បាយ​នោះ​ទេ! «តើ​ឯង​បាន​ពិចារណា​ឃើញ​ទទឹង​បណ្ដោយ​នៃ​ផែនដី​ឬ? ចូរ​ប្រាប់​មក​ចុះ! បើ​ឯង​ដឹង​សេចក្ដី​ទាំង​អស់​នេះ​ហើយ»។ (យ៉ូប ៣៨:១៦, ១៨) តើ​អ្នក​ធ្លាប់​ទៅ​លេង​និង​រុក​រក​គ្រប់​ទី​កន្លែង​លើ​ផែនដី​នេះ ឬ​ក៏​ផ្នែក​ភាគ​ច្រើន​នៃ​ផែនដី​ឬ​ទេ? តើ​ការ​យក​ចិត្ត​ទុក​ដាក់​នឹង​កន្លែង​ដ៏​ល្អ​ៗ​ទាំង​ប៉ុន្មាន​នៃ​ផែនដី​យើង​នេះ អាច​តម្រូវ​ឲ្យ​មាន​ជីវិត​ប៉ុន្មាន​តំណ​ទៅ? ហើយ​នោះ​ជា​សម័យ​ដ៏​អស្ចារ្យ​យ៉ាង​ណា​ទៅ​ហ្ន៎!

២១. (ក) សំនួរ​នៅ​យ៉ូប ៣៨:១៩ អាច​នាំ​ឲ្យ​មាន​ទស្សនៈ​ខាង​វិទ្យា​សាស្ត្រ​យ៉ាង​ណា? (ខ) ហេតុ​ការណ៍​ពិត​អំពី​ពន្លឺ​គួរ​ជំរុញ​ឲ្យ​យើង​ធ្វើ​អ្វី?

២១ សូម​មើល​សំនួរ​ដ៏​ជ្រាល​ជ្រៅ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​យ៉ូប ៣៨:១៩ ដែល​ថា៖ «តើ​ផ្លូវ​ឯ​ណា​ដែល​នាំ​ទៅ​ដល់​សំណាក់​នៃ​ពន្លឺ? ឯ​សេចក្ដី​ងងឹត តើ​មាន​កន្លែង​នៅ​ឯ​ណា?»។ អ្នក​ប្រហែល​ជា​ដឹង​ថា អស់​មួយ​រយៈ​យូរ​ហើយ គេ​មាន​ទស្សនៈ​ថា ពន្លឺ​ធ្វើ​ដំណើរ​ដូច​រលក អង្កាញ់​ៗ​ដែល​យើង​អាច​ឃើញ​ក្នុង​ស្រះ។ រួច​មក​នៅ​ឆ្នាំ​១៩០៥ លោក​អាល​បឺត អែនស្តែន​បាន​បង្កើត​ទ្រឹស្តី​ថា ពន្លឺ​គឺ​ដូច​ជា​សំណុំ​តូច ឬ​ក៏​ចុណ្ណភាគ​ជា​ថាមពល។ តើ​នោះ​បាន​ដោះ​ស្រាយ​រឿង​នេះ​ទេ? សព្វវចនាធិប្បាយ​ថ្មី​ៗ​នេះ​បាន​សួរ​ថា៖ «តើ​ពន្លឺ​ជា​រលក​ឬ​ជា​ចុណ្ណភាគ?»។ សៀវភៅ​នេះ​បាន​កត់​សម្គាល់​ថា៖ «មើល​ទៅ​ដូច​ជា[ពន្លឺ]មិន​អាច​ជា​របស់​ទាំង​ពីរ​នេះ​បាន​ទេ ពីព្រោះ​គំរូ​ទាំង​ពីរ[ទាំង​រលក និង​ចុណ្ណភាគ] គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់។ ចម្លើយ​ដ៏​ប្រសើរ​បំផុត​គឺ​ថា ពន្លឺ​មិន​មែន​អ៊ីចឹង​ទាំង​ស្រុង​ទេ»។ ក៏​ប៉ុន្តែ យើង​នៅ​មាន​កំដៅ​តាម​រយៈ​ពន្លឺ​ព្រះ​អាទិត្យ តាម​របៀប​ចំ​ៗ​ឬ​ឥត​ចំ​ៗ​ដដែល ទោះ​ជា​មនុស្សជាតិ​មិន​អាច​ពន្យល់​ឲ្យ​បាន​ពេញ​លេញ​អំពី​កិច្ច​ការ​របស់​ព្រះ​ស្តី​អំពី​រឿង​នេះ​ក៏​ដោយ។ យើង​មាន​អាហារ​និង​អុក​ស៊ី​សែន ដែល​បាន​ផលិត​ឡើង​ដោយ​ព្រោះ​រុក្ខជាតិ​មាន​ប្រតិកម្ម​នឹង​ពន្លឺ។ យើង​អាច​អាន អាច​ឃើញ​មុខ​របស់​បុគ្គល​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង អាច​សម្លឹង​មើល​ថ្ងៃ​លិច។ល។ កាល​ដែល​យើង​ធ្វើ​ដូច្នេះ តើ​យើង​មិន​គួរ​ទទួល​ស្គាល់​នូវ​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ​ទេ​ឬ?—ទំនុកដំកើង ១០៤:១, ២; ១៤៥:៥; អេសាយ ៤៥:៧; យេរេមា ៣១:៣៥

២២. តើ​ដាវីឌ​ពី​សម័យ​បុរាណ​មាន​ទឹក​ចិត្ត​យ៉ាង​ណា នឹង​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ?

២២ តើ​ការ​រំពឹង​គិត​របស់​យើង​លើ​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា គឺ​គ្រាន់​តែ​ដើម្បី​ឲ្យ​យើង​ស្ងើច​ចិត្ត ដែល​ដូច​ជា​ស្ញប់​ស្ញែង ឬ​ស្រឡាំងកាំង​នឹង​កិច្ច​ការ​ដ៏​អស្ចារ្យ​ទាំង​នេះ​ឬ? មិន​មែន​ទេ។ អ្នក​តែង​បទ​ទំនុកដំកើង​ពី​សម័យ​បុរាណ​បាន​សារភាព​ពី​ការ​គ្មាន​លទ្ធភាព​ចំពោះ​ការ​យល់ និង​បាន​ពណ៌នា​អំពី​កិច្ចការ​ទាំង​អស់​របស់​ព្រះ។ ដាវីឌ​បាន​សរសេរ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ទូល​បង្គំ​អើយ ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ នោះ​មាន​ច្រើន​ណាស់ . . . បើ​ទូល​បង្គំ​នឹង​ចង់​និទាន​ប្រាប់ នោះ​មាន​ច្រើន​ហួស​កំណត់​នឹង​រាប់​បាន»។ (ទំនុកដំកើង ៤០:៥) ប៉ុន្តែ គាត់​ប្រាកដ​ជា​មិន​ចង់​និយាយ​ថា គាត់​នឹង​នៅ​ស្ងៀម​ឥត​និយាយ​អំពី​កិច្ច​ការ​ដ៏​អស្ចារ្យ​ទាំង​នេះ​ឡើយ។ ដាវីឌ​បាន​ស​ឲ្យ​ឃើញ​តាម​រយៈ​ការ​តាំង​ចិត្ត​របស់​គាត់ ដូច​បាន​សម្ដែង​មក​នៅ​ឯ​ទំនុកដំកើង ៩:១ ដែល​ថា៖ «ទូល​បង្គំ​នឹង​សរសើរ​ដល់​ព្រះ​យេហូវ៉ា​អស់​អំពី​ចិត្ត ទូល​បង្គំ​នឹង​និទាន ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់»។

២៣. តើ​អ្នក​នឹង​ប្រព្រឹត្ត​តប​យ៉ាង​ណា​ចំពោះ​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ? ហើយ​តើ​អ្នក​អាច​ជួយ​អ្នក​ដទៃ​ទៀត​បាន​យ៉ាង​ណា?

២៣ តើ​យើង​មិន​គួរ​មាន​ចិត្ត​ជំរុញ​ដូច​នេះ​ដែរ​ឬ​ទេ? តើ​ការ​ដឹង​អំពី​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ មិន​គួរ​ជំរុញ​យើង​ឲ្យ​និយាយ​អំពី​ទ្រង់ នូវ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ និង​នូវ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ​ឬ​ទេ? ចម្លើយ​គឺ​ច្បាស់​ណាស់ យើង​គួរ«ថ្លែង​ប្រាប់​ពី​សិរី​ល្អ​ទ្រង់​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ហើយ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់ នៅ​កណ្ដាល​បណ្ដា​ជន​ទាំង​ឡាយ»។ (ទំនុកដំកើង ៩៦:៣​-​៥) ត្រូវ​ហើយ យើង​អាច​សម្ដែង​នូវ​ការ​អបអរ​របស់​យើង​ចំពោះ​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ ដោយ​ជួយ​ចែក​ប្រាប់​អ្នក​ដទៃ​នូវ​អ្វី​ដែល​យើង​បាន​រៀន​អំពី​ទ្រង់។ សូម្បី​មនុស្ស​ខ្លះ​បាន​ធំ​ឡើង​ក្នុង​សង្គម ដែល​មិន​គិត​គូរ​អំពី​ព្រះ​ដ៏​ជា​អ្នក​បង្កើត​ក៏​ដោយ តែ​ការ​សម្ដែង​ដ៏​វិជ្ជមាន ដែល​មាន​ពត៌មាន អាច​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ខ្លួន​ទទួល​ស្គាល់​ព្រះ​វិញ។ អ្វី​ដែល​សំខាន់​ជាង​នោះ នេះ​អាច​ជំរុញ​ឲ្យ​គេ​ចង់​រៀន​និង​បំរើ ព្រះ​មួយ​អង្គ​ដែល«បាន​បង្កើត​របស់​សព្វសារពើ​មក» ទ្រង់​ជា​អ្នក​ធ្វើ​កិច្ច​ការ​ដ៏​អស្ចារ្យ គឺ​ព្រះ​យេហូវ៉ា។—វិវរណៈ ៤:១១

តើ​អ្នក​នឹង​តប​ឆ្លើយ​យ៉ាង​ណា?

តើ​ការ​ដាស់​តឿន​ដែល​បាន​កត់​ទុក​នៅ​យ៉ូប ៣៧:១៤ នាំ​អ្នក​ឲ្យ​គិត​អំពី​កិច្ច​ការ​អ្វី​របស់​ព្រះ?

តើ​មាន​របស់​ណា​ខ្លះ ដែល​បាន​បញ្ជាក់​នៅ​យ៉ូប​ជំពូក ៣៧​និង​៣៨ ដែល​វិទ្យា​សាស្ត្រ​មិន​អាច​ពន្យល់​ឲ្យ​បាន​ពេញ​លេញ​នោះ?

តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ? ហើយ​នេះ​នឹង​ជំរុញ​ឲ្យ​អ្នក​ធ្វើ​អ្វី?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២៣]

តើ​អ្នក​ណា​ដែល​អាច​ទប់​សមុទ្រ​បាន ដោយ​ធ្វើ​ឲ្យ​វា​នៅ​មួយ​កន្លែង​នោះ?

[រូប​ភាព​នៅ​ទំព័រ​២៣]

តើ​អ្នក​ណា​ដែល​បាន​ទៅ​លេង​កន្លែង​ដ៏​ល្អ​ៗ​ទាំង​អស់ លើ​ផែនដី​យើង​នេះ​ដែល​ព្រះ​បាន​បង្កើត​មក?