ចូរយកចិត្តទុកដាក់នឹងកិច្ចការដ៏អស្ចារ្យរបស់ព្រះ
ចូរយកចិត្តទុកដាក់នឹងកិច្ចការដ៏អស្ចារ្យរបស់ព្រះ
«ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ! ការអស្ចារ្យដែលទ្រង់បានធ្វើ នោះមានច្រើនណាស់ ព្រមទាំងគំនិតដែលទ្រង់នឹកដល់យើងខ្ញុំផង គ្មានអ្នកណាអាចនឹងរៀបរាប់ដោយលំដាប់ ពីការទាំងនោះ នៅចំពោះទ្រង់បានឡើយ»។—ទំនុកដំកើង ៤០:៥
១, ២. តើយើងមានទីសំអាងអ្វីអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះ? ហើយតើនេះគួរជំរុញយើងឲ្យធ្វើអ្វី?
នៅពេលដែលអានព្រះគម្ពីរ អ្នកអាចឃើញយ៉ាងច្បាស់ថា ព្រះបានធ្វើការអស្ចារ្យជាច្រើនចំពោះរាស្ត្រពីបុរាណរបស់ទ្រង់ គឺសាសន៍អ៊ីស្រាអែល។ (យ៉ូស្វេ ៣:៥; ទំនុកដំកើង ១០៦:៧, ២១, ២២) ឥឡូវនេះ ទោះជាព្រះយេហូវ៉ាមិនធ្វើអន្តរាគមន៍ក្នុងរឿងរបស់មនុស្សជាតិដូចសម័យមុនក៏ដោយ ក៏យើងរកឃើញនូវភស្តុតាងជាច្រើន អំពីកិច្ចការដ៏អស្ចារ្យរបស់ទ្រង់បានដែរ។ ដូច្នេះហើយ យើង មានមូលហេតុដើម្បីរួមជាមួយអ្នកតែងបទទំនុកដំកើង ក្នុងការនិយាយថា៖ «ឱព្រះយេហូវ៉ាអើយ! អស់ទាំងស្នាដៃរបស់ទ្រង់មានច្រើនប្រការណាស់ហ្ន៎! ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញា ផែនដីបានពេញដោយរបស់ដែលទ្រង់បង្កើត»។—ទំនុកដំកើង ១០៤:២៤; ១៤៨:១-៥
២ មនុស្សជាច្រើនសព្វថ្ងៃនេះមិនអើពើ ឬបដិសេធនូវទីសំអាងដ៏ច្បាស់អំពីសកម្មភាពរបស់ព្រះអាទិទេព។ (រ៉ូម ១:២០) ក៏ប៉ុន្តែ គឺជាការមានប្រយោជន៍ឲ្យយើងសញ្ជឹងគិតលើទីសំអាងទាំងនេះ ដើម្បីឲ្យដឹងនូវសេចក្ដីសន្និដ្ឋានដែលទាក់ទងនឹងជំហរនិងភារកិច្ចរបស់យើងចំពោះព្រះដ៏ជាអ្នកបង្កើត។ យ៉ូបជំពូក៣៨ទៅជំពូក៤១ គឺជាជំនួយដ៏ប្រសើរក្នុងករណីនេះ ពីព្រោះនៅពេលនោះ ព្រះយេហូវ៉ាបានធ្វើឲ្យយ៉ូបប្រុងស្មារតីនឹងទិដ្ឋភាពខ្លះៗនៃកិច្ចការដ៏អស្ចារ្យរបស់ទ្រង់។ សូមពិនិត្យមើលនូវរឿងដ៏សមហេតុផលខ្លះៗ ដែលព្រះបានមានបន្ទូលសួរឡើង។
កិច្ចការដ៏ខ្លាំងក្លានិងអស្ចារ្យ
៣. ដូចបានកត់ទុកនៅយ៉ូប ៣៨:២២, ២៣, ២៥-២៩ តើព្រះបានសួរអំពីរបស់ណាខ្លះ?
៣ នៅម្ដងនោះ ព្រះបានមានបន្ទូលសួរយ៉ូបថា៖ «តើឯងបានចូលទៅក្នុងឃ្លាំងនៃហិមៈហើយឬ? តើបានឃើញឃ្លាំងនៃព្រិល ដែលអញបានបំរុងទុកសំរាប់គ្រាអន្តរាយឬ? គឺដល់ថ្ងៃតតាំងគ្នាក្នុងគ្រាមានចំបាំង»។ នៅភូមិភាគជាច្រើននៅលើផែនដីយើងនេះ ទឹកកកនិងព្រិលជារបស់ធម្មតាក្នុងជីវិត។ ព្រះទ្រង់មានបន្ទូលសួរទៀតថា៖ «តើអ្នកណាបានជីកផ្លូវឲ្យទឹកធំហូរមក ឬផ្លូវឲ្យផ្លេកបន្ទោរនៃផ្គរ ដើម្បីនឹងបង្អុរភ្លៀងមកលើស្រុកដែលឥតមានអ្នកណានៅ ឬមកលើទីរហោស្ថាន ដែលគ្មានមនុស្សអាស្រ័យនោះឡើយ ប្រយោជន៍តែនឹងចំអែតដីចោលទទេ ហើយហួតហែង នឹងធ្វើឲ្យស្មៅពន្លកដុះឡើងនោះ? តើភ្លៀងមានឪពុកឬ? តើអ្នកណាបានបង្កើតដំណក់សន្សើម? តើទឹកកកបានចេញពីផ្ទៃអ្នកណា? តើអ្នកណាបានបង្កើតសន្សើមកកដែលមកពីលើមេឃ?»។—យ៉ូប ៣៨:២២, ២៣, ២៥-២៩
៤-៦. តើក្នុងន័យណាដែលចំណេះរបស់មនុស្សជាតិអំពីទឹកកក គឺឥតមានពេញលេញនោះ?
៤ មនុស្សខ្លះដែលរស់នៅក្នុងសង្គមដែលមានល្បឿនលឿន ហើយត្រូវការធ្វើដំណើរដោយឥតមានការរំខាន ប្រហែលជាគិតថា ទឹកកកជាឧបសគ្គមួយ។ មនុស្សជាច្រើនឯទៀតចាត់ទុកទឹកកក ជាទីពេញចិត្តដែលបង្កើតរដូវត្រជាក់ដែលនាំឲ្យមានឱកាសជាច្រើនចំពោះសកម្មភាពដ៏ពិសេសៗ។ ដោយគិតអំពីសំនួររបស់ព្រះ តើអ្នកមានចំណេះប្រាកដប្រជាអំពីទឹកកកឬទេ ថាវាមានរូបរាងយ៉ាងណានោះ? ពិតមែន យើងប្រហែលជាធ្លាប់ឃើញទឹកកកជាច្រើន មិនថាដោយបទពិសោធន៍ផ្ទាល់ខ្លួន ឬដោយឃើញរូបថតពីទឹកកកមួយគំនរធំនោះក៏ដោយ។ ប៉ុន្តែចុះយ៉ាងណាវិញ ចំពោះបន្ទះទឹកកកស្តើងល្អិតមួយនោះ? តើអ្នកដឹងថា វាមានរូបរាងយ៉ាងណាឬទេ? ប្រហែលដោយបានពិនិត្យមើលនៅឯប្រភពនោះ។
៥ មនុស្សខ្លះបានសិក្សានិងថតរូបបន្ទះទឹកកកស្តើងល្អិតជាច្រើនទសវត្សមកហើយ។ បន្ទះទឹកកកស្តើងល្អិតមួយប្រហែលជាធ្វើពី១០០ដំណក់ទឹកកក ដែលមានរូបរាងច្រើនយ៉ាងដ៏សែនស្អាត។ សៀវភៅ បរិយាកាស ចែងថា៖ «គេដឹងទូទៅថាបន្ទះទឹកកកស្តើងល្អិតមួយមានច្រើនយ៉ាង ហើយទោះជាអ្នកវិទ្យាសាស្ត្រទទូចថា គ្មានច្បាប់ណាក្នុងធម្មជាតិ ដែលមិនអនុញ្ញាតឲ្យចម្លងដូចបេះបិទនឹងគ្នានោះឡើយ តែក៏មិនដែលរកឃើញបន្ទះទឹកកកពីរដែលដូចគ្នាបេះបិទនោះឡើយ។ ការស្វះស្វែងរកដែលមានវិស័យដ៏ខ្ពស់បំផុតបានធ្វើឡើងដោយ . . . លោកបិនទ្លី វ៉ែលសុន ដែលបានចំណាយជាង៤០ឆ្នាំពិនិត្យមើលនិងថតបន្ទះទឹកកកស្តើងល្អិត តាមរយៈអតិសុខុមទស្សន៍នោះ មិនដែលរកឃើញនូវបន្ទះទឹកកកពីរដ៏ស្តើងល្អិតណាដែលដូចគ្នាបេះបិទឡើយ»។ ហើយក្នុងករណីដែលកម្រកើតមានឡើង ដែលបន្ទះទឹកកកស្តើងល្អិតពីរមានទំនងដូចគ្នាក៏ដោយ តើនេះប្ដូរនូវភាពអស្ចារ្យនៃបន្ទះទឹកកកស្តើងល្អិតដែលមានភាពផ្សេងៗគ្នាជាច្រើននោះឬ?
៦ សូមនឹកចាំនូវសំនួររបស់ព្រះ ដែលថា៖ «តើឯងបានចូលទៅក្នុងឃ្លាំងនៃហិមៈហើយឬ?»។ មនុស្សជាច្រើនគិតថាពពកជាឃ្លាំងនៃទឹកកក។ តើអ្នកអាចស្រមៃគិតពីការចូលទៅឯឃ្លាំងបែបនេះ ដើម្បីធ្វើបញ្ជីពីបន្ទះទឹកកកដ៏តូច ដែលមានជាច្រើនបែបច្រើនយ៉ាង រាប់មិនអស់នោះ ហើយខំប្រឹងយល់យ៉ាងពេញលេញអំពីដើមកំណើតវានោះទេ? សព្វវចនាធិប្បាយមួយខាងវិទ្យាសាស្ត្រចែងថា៖ «សភាពនិងដើមកំណើតនៃស្នូលទឹកកក ដែលជាចាំបាច់ដើម្បីនាំឲ្យដំណក់តូចនៃពពកនោះកក ដែលមានសីតុណ្ហភាពប្រមាណ៤០អង្សាក្រោមសូន្យ គឺមិនទាន់យល់ច្បាស់ឡើយ»។—ទំនុកដំកើង ១៤៧:១៦, ១៧; អេសាយ ៥៥:៩, ១០
៧. តើមនុស្សជាតិមានចំណេះដិតដល់យ៉ាងណាអំពីភ្លៀង?
៧ ចុះយ៉ាងណាចំពោះភ្លៀងនោះ? ព្រះទ្រង់បានមានបន្ទូលសួរយ៉ូបថា៖ «តើភ្លៀងមានឪពុកឬ? តើអ្នកណាបានបង្កើតដំណក់សន្សើម?»។ សព្វវចនាធិប្បាយខាងវិទ្យាសាស្ត្រដដែលនេះចែងថា៖ «ដោយព្រោះភាពស្មុគស្មាញនៃដំណើរខាងបរិយាកាស និងភាពផ្លាស់ប្ដូរដ៏ធំនៃចំហាយ និងសំណុំតូចនៃខ្យល់ គឺហាក់ដូចមិនអាចផ្ដើមទ្រឹស្តីទូទៅដ៏ល្អិតល្អន់អំពីរបៀបដែលពពកនិងភ្លៀងកើតឡើងនោះទេ»។ បើនិយាយឲ្យស្រួលយល់ទៅ អ្នកវិទ្យាសាស្ត្របានផ្ដល់នូវទ្រឹស្តីយ៉ាងល្អិតល្អន់ ប៉ុន្តែពួកគេមិនអាចពន្យល់ឲ្យបានពេញលេញអំពីភ្លៀងទេ។ ក៏ប៉ុន្តែ អ្នកដឹងថា ទឹកភ្លៀងគឺសំខាន់ដែលធ្លាក់ ព្រោះនោះគឺស្រោចស្រពដី ទ្រទ្រង់រុក្ខជាតិ និងអាចធ្វើឲ្យមានជីវិតដ៏គួរឲ្យពេញចិត្តផងដែរ។
៨. ហេតុអ្វីបានជាពាក្យរបស់ប៉ុល ដែលកត់ទុកនៅកិច្ចការ ១៤:១៧ គឺសមហេតុសមផល?
៨ តើអ្នកយល់ស្របនឹងសេចក្ដីសន្និដ្ឋានដែលសាវ័កប៉ុលបានចង្អុលប្រាប់ទេ? គាត់បានដាស់តឿនមនុស្សឯទៀតឲ្យមើលកិច្ចការដ៏អស្ចារ្យទាំងនេះ ថាមានសក្ខីភាពពីព្រះដ៏ជាអ្នកបង្កើតរបស់ទាំងនេះ។ ប៉ុលបានរៀបរាប់អំពីព្រះយេហូវ៉ាថា៖ «ទ្រង់មិនដែលលែងមានទីបន្ទាល់ ពីព្រះអង្គទ្រង់ទេ ដោយទ្រង់តែងតែផ្សាយព្រះគុណមក គឺទ្រង់ប្រោសប្រទានឲ្យភ្លៀងធ្លាក់ចុះពីលើមេឃ ឲ្យមានរដូវដ៏សំបូរ ដើម្បីនឹងបំពេញចិត្តយើង ដោយអាហារ នឹងសេចក្ដីអំណរ»។—កិច្ចការ ១៤:១៧; ទំនុកដំកើង ១៤៧:៨
៩. តើកិច្ចការដ៏អស្ចារ្យរបស់ព្រះ សម្ដែងអំពីព្រះចេស្ដាដ៏ខ្លាំងក្លារបស់ទ្រង់យ៉ាងដូចម្ដេច?
៩ យ៉ាងប្រាកដណាស់ ព្រះដ៏ជាអ្នកធ្វើកិច្ចការដ៏អស្ចារ្យ ព្រមទាំងមានប្រយោជន៍ ទ្រង់មានប្រាជ្ញានិងព្រះចេស្ដាដ៏ធំធេងមែន។ ជាឧទាហរណ៍ពីព្រះចេស្ដារបស់ទ្រង់ សូមគិតអំពីរឿងនេះ គេនិយាយថា ព្យុះដែលមានរន្ទះផ្គរនោះមាន៤៥.០០០ដងជារៀងរាល់ថ្ងៃ ដែលមានជាង១៦លានក្នុងមួយឆ្នាំ។ នេះមានន័យថា គឺមានព្យុះរន្ទះផ្គរប្រមាណ២.០០០នៅពេលឥឡូវនេះ។ ពពកដ៏ស្មុគស្មាញនៃព្យុះមួយដែលមានរន្ទះផ្គរនោះ បក់បោកយ៉ាងខ្លាំងហើយមានថាមពលដែលស្មើនឹងគ្រាប់បែក នុយក្លេអែរដប់ដងឬច្រើនជាងទៅទៀត ដែលបានទម្លាក់ក្នុងសង្គ្រាមលោកលើកទី២។ អ្នកឃើញអំពីថាមពលនោះខ្លះ ជារន្ទះ។ ក្រៅពីមានភាពអស្ចារ្យនោះ ផ្លេកបន្ទោរដ៏ខ្លាំងនោះតាមការពិតជួយបង្កើតអាសូត ដែលបានជ្រាបចូលក្នុងដី ហើយបានបឺតយកដោយរុក្ខជាតិជាជីធម្មតា។ ដូច្នេះ ផ្លេកបន្ទោរគឺជាថាមពលដែលបានបង្ហាញឲ្យឃើញ ក៏ប៉ុន្តែថែមទាំងនាំឲ្យមានប្រយោជន៍ពិតមែន។—ទំនុកដំកើង ១០៤:១៤, ១៥
តើនេះមានអានុភាពយ៉ាងណាលើអ្នក?
១០. តើអ្នកនឹងឆ្លើយយ៉ាងណាអំពីសំនួរដែលមានក្នុងយ៉ូប ៣៨:៣៣-៣៨?
១០ ចូរគិតថាអ្នកនៅក្នុងស្ថានភាពរបស់យ៉ូប ដែលបានត្រូវសួរដោយព្រះដ៏មានព្រះចេស្ដាបំផុត។ ប្រាកដហើយ អ្នកនឹងយល់ស្របថា ធម្មតាមនុស្សភាគច្រើនមិនយកចិត្តទុកដាក់ប៉ុន្មានទេ អំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះ។ យើងអាននៅយ៉ូប ៣៨:៣៣-៣៨ នូវអ្វីដែលព្រះយេហូវ៉ាបានមានបន្ទូលសួរយើង។ «តើឯងស្គាល់របៀបនៅលើផ្ទៃមេឃហើយឬ? តើឯងនឹងបង្គាប់អំណាចនៃរបស់ទាំងនោះលើផែនដីបានដែរឬ? តើឯងនឹងបន្លឺសំឡេងឡើង បង្គាប់ដល់ពពក ឲ្យបានទឹកជាបរិបូរធ្លាក់មកលើឯងបានឬ? តើអាចនឹងបញ្ចេញផ្លេកបន្ទោរ ឲ្យបានចេញទៅ ដោយឆ្លើយមកឯងថា«បាទ»បានឬទេ? តើអ្នកណាបានដាក់ប្រាជ្ញានៅក្នុង[ពពក, ព.ថ.] ឬឲ្យ[បាតុភូតផ្ទៃមេឃចេះយល់ដឹង, ព.ថ.]? តើអ្នកណានឹងរាប់ពពកដោយប្រាជ្ញាបាន ឬនឹងផ្អៀងដបនៃផ្ទៃមេឃឲ្យទឹកចេញមក ដើម្បីឲ្យធូលីដីបានហូរប្រសព្វគ្នា ហើយឲ្យដុំដីបានរលាយជាប់គ្នាវិញ?»។
១១, ១២. តើមានរបស់អ្វីខ្លះ ដែលសឲ្យឃើញថា ព្រះជាអ្នកធ្វើកិច្ចការដ៏អស្ចារ្យនោះ?
១១ យើងបានពិគ្រោះតែចំណុចតិចតួច ដែលអេលីហ៊ូវបានលើកឡើងជាមួយនឹងយ៉ូប ហើយរួចមក យើងបានកត់សម្គាល់នូវរបស់ខ្លះ ដែលព្រះយេហូវ៉ាបានតម្រូវឲ្យយ៉ូបឆ្លើយនោះ «ដូចជាមនុស្សក្លាហាន»។ (យ៉ូប ៣៨:៣) យើងនិយាយថា«ខ្លះៗ» ពីព្រោះនៅយ៉ូបជំពូក៣៨និង៣៩ ព្រះបានបញ្ជាក់ពីលក្ខណៈឯទៀតនៃរបស់ដែលបានបង្កើតមកដែលគួរឲ្យកត់សម្គាល់ផងដែរ។ ជាឧទាហរណ៍ ទ្រង់បានរៀបរាប់អំពីហ្វូងតារាលើមេឃ។ តើអ្នកណាដែលស្គាល់អំពីច្បាប់ឬក្រិត្យរបស់វានោះ? (យ៉ូប ៣៨:៣១-៣៣) ព្រះយេហូវ៉ាបានចង្អុលប្រាប់យ៉ូបអំពីសត្វខ្លះ ដូចជាសិង្ហនិងក្អែក ពពែនិងសេះបង្កង់ គោព្រៃ និងសត្វអូសទ្រីច សេះនិងសត្វឥន្ទ្រី។ បើនិយាយឲ្យចំទៅ ព្រះបានសួរយ៉ូបថា តើយ៉ូបបានស្រាវជ្រាវសព្វគ្រប់ចំពោះសត្វទាំងនេះ ដូចជាលក្ខណៈរបស់វា និងរបៀបដែលវាបន្តរស់នៅនោះ។ អ្នកប្រហែលជានឹងពេញចិត្តសិក្សាជំពូកទាំងនេះ ជាពិសេសបើអ្នកចូលចិត្តសេះឬសត្វផ្សេងទៀតនោះ។—ទំនុកដំកើង ៥០:១០, ១១
១២ អ្នកក៏អាចពិនិត្យមើលជំពូកទី៤០និង៤១ ដែលម្ដងនេះទៀតព្រះយេហូវ៉ាបានសូមយ៉ូបតបឆ្លើយនឹងសំនួររបស់ព្រះ អំពីសត្វដ៏ពិសេសពីរ។ យើងយល់ថា សត្វទាំងនេះជាសត្វដំរីទឹក(ប៊ីហ៊ីម៉ូស) ដែលមានរូបរាងធំសម្បើមថែមទាំងខ្លាំងក្លាទៀតផង និងក្រពើដែលគួរឲ្យខ្លាចពីទន្លេនីល។ សត្វនិមួយៗនេះគឺជារបស់ដែលបានបង្កើតមកយ៉ាងអស្ចារ្យ ហើយសមនឹងយើងយកចិត្តទុកដាក់មែន។ ឥឡូវនេះ សូមឲ្យយើងពិនិត្យមើលថាតើយើងគួរសន្និដ្ឋានយ៉ាងណា។
១៣. តើការសួរសំនួររបស់ព្រះបានមានអានុភាពយ៉ាងណាលើយ៉ូប? ហើយតើរឿងទាំងនេះគួរមានឥទ្ធិពលយ៉ាងណាលើយើង?
១៣ យ៉ូបជំពូកទី៤២បង្ហាញយើងថា សំនួរទាំងប៉ុន្មានរបស់ព្រះមានអានុភាពយ៉ាងណាលើយ៉ូប។ ពីមុន យ៉ូបបានយកចិត្តទុកដាក់នឹងខ្លួនឯងហើយនិងអ្នកដទៃយ៉ាងហួសហេតុ។ ក៏ប៉ុន្តែ ដោយទទួលយកការប្រដៅតម្រង់ដែលមានជាក់ស្តែងពីសំនួររបស់ព្រះ គាត់បានផ្លាស់ប្រែគំនិតរបស់គាត់។ គាត់បានសារភាពថា៖ «ទូលបង្គំដឹងថា[ព្រះយេហូវ៉ា]ទ្រង់ធ្វើទាំងអស់កើត ហើយថា នឹងឃាត់ព្រះដំរិះទ្រង់ណាមួយមិនបាន។ ‹តើអ្នកណានេះដែលបង្គាប់ព្រះដំរិះដោយឥតប្រាជ្ញាដូច្នេះ?› គឺទូលបង្គំនេះឯងបានពោលពាក្យដែលទូលបង្គំមិនបានយល់ ជាសេចក្ដីដែលអស្ចារ្យហួសល្បត់ទូលបង្គំ ដែលទូលបង្គំមិនបានស្គាល់ឡើយ»។ (យ៉ូប ៤២:២, ៣) ត្រូវហើយ ក្រោយពីបានយកចិត្តទុកដាក់នឹងកិច្ចការដ៏អស្ចារ្យរបស់ព្រះ នោះយ៉ូបបាននិយាយថា របស់ទាំងនេះ គឺជាសេចក្ដីដែលអស្ចារ្យហួសល្បត់គាត់។ ក្រោយពីការពិនិត្យមើលនូវរបស់ដ៏អស្ចារ្យពីការបង្កើតទាំងប៉ុន្មាន គួរធ្វើឲ្យយើងមានចិត្តស្ញប់ស្ញែងចំពោះប្រាជ្ញានិងព្រះចេស្ដារបស់ព្រះណាស់។ តើក្នុងបំណងអ្វីទៅ? តើដើម្បីគ្រាន់តែស្ញប់ស្ញែងនឹងព្រះចេស្ដានិងសមត្ថភាពដ៏ធំធេងរបស់ទ្រង់ឬ? ឬក៏តើយើងគួរជំរុញចិត្តឲ្យហួសពីហ្នឹងឬទេ?
១៤. តើដាវីឌបានមានទឹកចិត្តយ៉ាងណាចំពោះកិច្ចការដ៏អស្ចារ្យរបស់ព្រះ?
១៤ នៅក្នុងទំនុកដំកើង៨៦ យើងឃើញនូវពាក្យដែលដាវីឌបានតែង ដែលនៅទំនុកមុន គាត់បានមានប្រសាសន៍ថា៖ «ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការ ដែលព្រះហស្តទ្រង់ធ្វើ។ ថ្ងៃ១ពោលប្រាប់តដល់ថ្ងៃ១ទៀត ហើយយប់១ក៏សំដែងចំណេះដល់យប់១ទៀតដែរ»។ (ទំនុកដំកើង ១៩:១, ២) ក៏ប៉ុន្តែ ដាវីឌបាននិយាយបន្ថែមទៅទៀត។ នៅទំនុកដំកើង ៨៦:១០, ១១ យើងអានថា៖ «ដ្បិតទ្រង់ធំប្រសើរ ហើយក៏ធ្វើការយ៉ាងអស្ចារ្យ ទ្រង់ជាព្រះតែមួយអង្គឯង។ ឱព្រះយេហូវ៉ាអើយ! សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវនៃទ្រង់។ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ទ្រង់។ សូមបំព្រួមចិត្តទូលបង្គំមកឲ្យកោតខ្លាចដល់ព្រះនាមទ្រង់»។ ការស្ញប់ស្ញែងរបស់ដាវីឌចំពោះព្រះដ៏ជាអ្នកបង្កើត ស្តីអំពីកិច្ចការដ៏អស្ចារ្យរបស់ទ្រង់ បានរួមបញ្ចូលនឹងការកោតខ្លាចដ៏គោរព។ អ្នកអាចយល់នូវមូលហេតុនេះមែន។ ដាវីឌមិនចង់ធ្វើឲ្យព្រះដែលធ្វើកិច្ចការដ៏អស្ចារ្យទាំងនេះ មិនគាប់ព្រះហឫទ័យទេ។ យើងក៏ដូច្នេះដែរ។
១៥. ហេតុអ្វីបានជាការកោតខ្លាចដ៏គោរពរបស់ដាវីឌចំពោះព្រះ គឺសមហេតុសមផល?
១៥ ដាវីឌច្បាស់ជាបានដឹងអំពីរឿងនេះ ដោយព្រោះព្រះមានព្រះចេស្ដាដ៏ខ្លាំងក្លា ដែលទ្រង់ចេះទប់ទល់ នោះទ្រង់អាចប្រើរបស់ទាំងនេះប្រឆាំងនឹងអស់អ្នកដែលឥតសមទទួលព្រះគុណពីព្រះ។ ចំពោះពួកគេ នោះគឺជាប្រផ្នូលអាក្រក់។ ព្រះទ្រង់បានមានបន្ទូលសួរយ៉ូបថា៖ «តើឯងបានចូលទៅក្នុងឃ្លាំងនៃហិមៈហើយឬ? តើបានឃើញឃ្លាំងនៃព្រិល ដែលអញបានបំរុងទុកសំរាប់គ្រាអន្តរាយឬ គឺដល់ថ្ងៃតតាំងគ្នាក្នុងគ្រាមានចំបាំង?»។ ទឹកកក ព្រិល ព្យុះភ្លៀង និងផ្លេកបន្ទោរ រួមជាអាវុធរបស់ព្រះ។ ហើយថាមពលធម្មជាតិទាំងនេះពិតជាខ្លាំងក្លាមែនហ្ន៎!—យ៉ូប ៣៨:២២, ២៣
១៦, ១៧. តើអ្វីដែលបង្ហាញនូវព្រះចេស្ដាដ៏ខ្លាំងក្លាដែលព្រះមាន? ហើយតើទ្រង់បានប្រើព្រះចេស្ដានេះពីដើមយ៉ាងដូចម្ដេច?
១៦ ប្រហែលជាអ្នកអាចនឹកចាំនូវមហន្តរាយណាតាមតំបន់ ដែលបានបង្កើតឡើងដោយព្យុះកំបុតត្បូង ព្យុះព្រិល ឬទឹកជំនន់ដែលធ្វើឲ្យលិចអស់យ៉ាងលឿន។ ជាក់ស្តែងដូចជា នៅចុងឆ្នាំ១៩៩៩ មានព្យុះបានបោកបក់ខ្លាំងនៅទ្វីបអឺរ៉ុបខាងត្បូងឆៀងខាងលិច។ ហើយនេះក៏បានធ្វើឲ្យពួកជំនាញខាងធាតុអាកាសភ្ញាក់ផ្អើលដែរ។ សន្ទុះខ្យល់បានមានល្បឿនដល់២០០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលធ្វើឲ្យបាក់បែកដំបូលផ្ទះជាច្រើន ទាំងរលំបង្គោលភ្លើង និងធ្វើឲ្យឡានដឹកទំនិញក្រឡាប់អស់។ សូមខំគិតអំពីរឿងនេះ៖ ព្យុះនេះបានដកទាំងឫសដើមឈើអស់២៧០លានដើម គឺអស់១០.០០០ដើមគ្រាន់តែក្នុងសួនទីក្រុងវើសែ ខាងក្រៅទីក្រុងប៉ារីស។ ផ្ទះសម្បែងជាច្រើនឥតមានអគ្គីសនី។ ចំនួនអ្នកស្លាប់គឺជិតដល់១០០នាក់។ សេចក្ដីទាំងអស់នេះកើតមកក្នុងមួយរយៈខ្លីប៉ុណ្ណោះ។ នេះគឺមានថាមពលម្ល៉េះហ្ន៎!
១៧ មនុស្សម្នាក់ប្រហែលជាហៅព្យុះ ជាព្រឹត្ដិការណ៍ចម្លែក ឥតមានទិសដៅ ដែលមិនអាចទប់ទល់បានទេ។ ប៉ុន្តែ ចុះយ៉ាងណាវិញ បើព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលធ្វើកិច្ចការដ៏អស្ចារ្យ បានប្រើថាមពលបែបនេះ តាមរបៀបចំៗ ទាំងបានទប់ទល់ឬបានត្រូវដឹកនាំនោះ? ទ្រង់បានធ្វើអ្វីមួយដូចនេះនៅជំនាន់លោកអ័ប្រាហាំ ដែលបានរៀនដឹងថា ចៅក្រមលើផែនដីទាំងមូលបានថ្លឹងថ្លែងនូវអំពើកំណាចនៃទីក្រុងពីរ គឺក្រុងសូដុំមនិងក្រុងកូម៉ូរ៉ា។ ទីក្រុងទាំងនេះបានពុករលួយដល់ម្ល៉េះ ដែលការស្រែកត្អូញត្អែរអំពីគេបានឡើងទៅដល់ព្រះ ដែលបានជួយអស់អ្នកសុចរិតអាចគេចផុតពីក្រុងដែលបានត្រូវទ្រង់ផ្ដន្ទាទោសនោះ។ កំណត់ហេតុតាមប្រវត្ដិសាស្ត្រចែងថា៖ «ព្រះយេហូវ៉ាទ្រង់បង្អុរភ្លៀងជាស្ពាន់ធ័រនឹងភ្លើងពីលើមេឃ» មកលើទីក្រុងបុរាណនោះ។ ការណ៍នោះក៏ជាកិច្ចការមួយដ៏អស្ចារ្យរបស់ព្រះ ដោយការពារពួកអ្នកសុចរិត និងកំទេចចោលពួកមនុស្សទុច្ចរិត។—លោកុប្បត្តិ ១៩:២៤
១៨. តើអេសាយជំពូកទី២៥ ចង្អុលប្រាប់អំពីរបស់ដ៏អស្ចារ្យអ្វីខ្លះ?
១៨ នៅពេលក្រោយមក ព្រះយេហូវ៉ាបានសម្រេចសេចក្ដីជំនុំជំរះលើទីក្រុងបាប៊ីឡូនពីបុរាណ ដែលប្រហែលជាបានសំដៅទៅលើនៅអេសាយជំពូក២៥។ ព្រះបានមានបន្ទូលទាយទុកជាមុនថា ទីក្រុងមួយនឹងទៅជាកន្លែងបាក់បែក ដោយថា៖ «ដ្បិតទ្រង់បានធ្វើឲ្យទីក្រុងទៅជាគំនរថ្ម ឲ្យទីក្រុងមានបន្ទាយទៅជាធារបំណែក ឲ្យទីមាំមួនរបស់សាសន៍ដទៃបានលែងធ្វើជាទីក្រុងរៀងតទៅ ហើយឥតមានអ្នកណាសង់ឡើងវិញឡើយ»។ (អេសាយ ២៥:២) ពួកភ្ញៀវនៅសម័យទំនើប ដែលទៅលេងកន្លែងបាប៊ីឡូនពីបុរាណនោះ អាចបញ្ជាក់ថានេះកើតឡើងអ៊ីចឹងមែន។ តើនេះគ្រាន់តែជាការសម្រេចដោយចៃដន្យក្នុងប្រវត្ដិសាស្ត្រឬ? អត់ទេ! ផ្ទុយទៅវិញយើងអាចយល់ស្របនឹងការវាយតម្លៃរបស់អេសាយ ដែលថា៖ «ឱព្រះយេហូវ៉ាអើយ! ទ្រង់ជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើកដំកើងទ្រង់ឡើង ទូលបង្គំនឹងសរសើរដល់ព្រះនាមទ្រង់ ពីព្រោះទ្រង់បានធ្វើការយ៉ាងអស្ចារ្យ គឺជាការដែលបានគិតសំរេចនឹងធ្វើតាំងពីបុរាណមក ដោយសេចក្ដីស្មោះត្រង់ពិតប្រាកដ»។—អេសាយ ២៥:១
កិច្ចការដ៏អស្ចារ្យនៅនាអនាគត
១៩, ២០. តើយើងអាចរង់ចាំអេសាយ ២៥:៦-៨ សម្រេចយ៉ាងណា?
១៩ ព្រះបានបំពេញទំនាយនេះតាំងតែពីដើម ហើយទ្រង់នឹងធ្វើដ៏អស្ចារ្យអ៊ីចឹងនៅនាអនាគតដែរ។ តាមបរិបទនេះ ដែលអេសាយរៀបរាប់ពី«ការយ៉ាងអស្ចារ្យ»ដែលព្រះធ្វើ នោះយើងឃើញនូវទំនាយដ៏ទុកចិត្តបាន ដែលមិនទាន់សម្រេចនៅឡើយ។ ប៉ុន្តែ ទំនាយនោះនឹងត្រូវ សម្រេចជាមិនខាន ដូចជាការជំនុំជំរះតាមទំនាយទៅលើក្រុងបាប៊ីឡូនអ៊ីចឹងនោះដែរ។ តើ«ការយ៉ាងអស្ចារ្យ»អ្វីដែលបានសន្យាមកនោះ? អេសាយ ២៥:៦ ចែងថា៖ «នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងចាត់ចែងជប់លៀងដល់គ្រប់ទាំងសាសន៍ ដោយម្ហូបមានឱជារសយ៉ាងវិសេស នឹងស្រាទំពាំងបាយជូរសំរាំង ជាម្ហូបយ៉ាងវិសេសដោយខួរឆ្អឹងជោក ហើយនឹងស្រាទំពាំងបាយជូរសំរាំងយ៉ាងល្អ»។
២០ ទំនាយនោះនឹងត្រូវសម្រេចយ៉ាងប្រាកដ នៅក្នុងពិភពលោកថ្មីតាមសេចក្ដីសន្យារបស់ព្រះ ដែលនៅខាងមុខយើងនេះ។ នៅពេលនោះ មនុស្សជាតិនឹងបានធូរស្បើយពីបញ្ហាទាំងឡាយ ដែលធ្វើឲ្យមនុស្សជាច្រើនបារម្ភ។ តាមការពិត ទំនាយនៅអេសាយ ២៥:៧, ៨ ធានារ៉ាប់រងថា ព្រះនឹងប្រើព្រះចេស្ដា ដើម្បីនឹងធ្វើកិច្ចការដ៏អស្ចារ្យបំផុត។ «ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់។ ហើយទ្រង់នឹងដកសេចក្ដីត្មះតិះដៀលចំពោះរាស្ត្រទ្រង់ ពីផែនដីទាំងមូលចេញ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលដូច្នេះហើយ»។ ក្រោយមក សាវ័កប៉ុលបានដកស្រង់វគ្គនេះ និងប្រាប់ថានេះទាក់ទងនឹងពេលដែលព្រះនឹងនាំពួកមនុស្សស្លាប់ឲ្យមានជីវិតវិញ គឺប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ នោះនឹងជាកិច្ចការដ៏អស្ចារ្យយ៉ាងណាទៅហ្ន៎!—កូរិនថូសទី១ ១៥:៥១-៥៤
២១. តើកិច្ចការដ៏អស្ចារ្យអ្វីដែលព្រះនឹងធ្វើចំពោះមនុស្សស្លាប់?
២១ មូលហេតុមួយទៀត ដែលទឹកភ្នែកយំសោកនឹងសាបសូន្យទៅ គឺថានឹងត្រូវដកចេញជម្ងឺពីមនុស្ស។ ពេលដែលព្រះយេស៊ូបានគង់នៅលើផែនដី ទ្រង់បានប្រោសឲ្យមនុស្សជាច្រើនបានជា ឲ្យមនុស្សខ្វាក់មើលឃើញវិញ ឲ្យមនុស្សថ្លង់ឮឡើងវិញ និងឲ្យកម្លាំងដល់មនុស្សពិការ។ យ៉ូហាន ៥:៥-៩ រៀបរាប់អំពីទ្រង់បានប្រោសឲ្យមនុស្សពិការអស់រយៈពេល៣៨ឆ្នាំមកហើយបានជាវិញ។ ពួកអ្នកដែលបានមើលឃើញ បានគិតថានេះជាកិច្ចការដ៏អស្ចារ្យណាស់។ ហើយការណ៍នោះអស្ចារ្យមែន! ប៉ុន្តែ ព្រះយេស៊ូបានមានបន្ទូលអំពីអ្វីដ៏អស្ចារ្យជាងនេះទៀត ដែលទ្រង់នឹងប្រោសឲ្យរស់ឡើងវិញនៃពួកមនុស្សស្លាប់ គឺថា៖ «កុំឲ្យឆ្ងល់ពីសេចក្ដីនេះឡើយ ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរ នឹងឮសំឡេងទ្រង់ ហើយនឹងចេញមក គឺពួកអ្នកដែលបានប្រព្រឹត្តល្អ គេនឹងរស់ឡើងវិញឲ្យបានជីវិត»។—យ៉ូហាន ៥:២៨, ២៩
២២. ហេតុអ្វីបានជាអ្នកក្រីក្រនិងអ្នកកំសត់អាចទន្ទឹងទៅអនាគតដោយសង្ឃឹម?
២២ នេះនឹងកើតឡើងជាប្រាកដ ពីព្រោះព្រះយេហូវ៉ា ដែលជាអ្នកធ្វើការអស្ចារ្យ ទ្រង់គាំទ្ររឿងនេះ។ អ្នកអាចដឹងប្រាកដក្នុងចិត្តថា ពេលដែលទ្រង់ប្រើនិងដឹកនាំយ៉ាងប្រយ័ត្នប្រយែងនូវព្រះចេស្ដាដ៏ធំរបស់ទ្រង់ នោះនឹងមានលទ្ធផលដ៏អស្ចារ្យ។ ទំនុកដំកើងទី៧២ ចង្អុលទៅលើអ្វីដែលទ្រង់នឹងធ្វើតាមរយៈបុត្ររបស់ទ្រង់ គឺព្រះយេស៊ូគ្រីស្ទដ៏ជាស្តេច។ នៅពេលនោះហើយមនុស្សសុចរិតនឹងរីកចំរើនឡើង។ នឹងមានសន្ដិភាពជាបរិបូរ។ ព្រះទ្រង់នឹងរំដោះអស់អ្នកដែលពីមុនជាអ្នកក្រីក្រនិងកំសត់។ ទ្រង់សន្យាថា៖ «ដូច្នេះ នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក រហូតដល់កំពូលភ្នំ។ ឯគួរស្រូវ នោះនឹងទ្រេតចុះឡើង ដូចជាដើមឈើនៅភ្នំល្បាណូន[ពីបុរាណ] ហើយមនុស្សនឹងចំរើនឡើងនៅក្នុងទីក្រុង ដូចជាស្មៅនៅដីដែរ»។—ទំនុកដំកើង ៧២:១៦
២៣. តើកិច្ចការដ៏អស្ចារ្យរបស់ព្រះ គួរតែជំរុញយើងឲ្យធ្វើអ្វី?
២៣ យ៉ាងច្បាស់ណាស់ យើងមានមូលហេតុជាច្រើន ឲ្យយកចិត្តទុកដាក់នឹងកិច្ចការដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា ចំពោះអ្វីដែលទ្រង់បានសម្រេចនៅអតីតកាល នឹងអ្វីដែលទ្រង់កំពុងតែធ្វើនៅសព្វថ្ងៃនេះ និងអ្វីដែលទ្រង់សន្យាថានឹងធ្វើនៅនាអនាគតដែរ។ «សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះតែ១អង្គដែលធ្វើការអស្ចារ្យ។ សូមឲ្យព្រះនាមដ៏រុងរឿងរបស់ទ្រង់បានប្រកបដោយព្រះពរ នៅអស់កល្បជានិច្ច សូមឲ្យផែនដីទាំងស្រុងបានពេញដោយសិរីល្អនៃទ្រង់។ អាម៉ែនៗ»។ (ទំនុកដំកើង ៧២:១៨, ១៩) យើងគួរនិយាយយ៉ាងខ្នះខ្នែងអំពីរឿងនេះជាទៀងទាត់ជាមួយញាតិមិត្តនិងអ្នកដទៃទៀត។ ត្រូវហើយ ចូរឲ្យយើង«ថ្លែងប្រាប់ពីសិរីល្អទ្រង់នៅកណ្ដាលអស់ទាំងសាសន៍ ហើយពីការអស្ចារ្យរបស់ទ្រង់ នៅកណ្ដាលបណ្ដាជនទាំងឡាយ»។—ទំនុកដំកើង ៧៨:៣, ៤; ៩៦:៣, ៤
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើសំនួរទាំងប៉ុន្មានដែលបានសួរដល់យ៉ូប បញ្ជាក់នូវកំរិតនៃចំណេះរបស់មនុស្សជាតិយ៉ាងណា?
• តើឧទាហរណ៍អ្វីនៃកិច្ចការដ៏អស្ចារ្យរបស់ព្រះ ដែលបានបង្ហាញនៅយ៉ូប ជំពូក៣៧-៤១ ដែលមានអានុភាពលើអ្នកនោះ?
• តើយើងគួរមានទឹកចិត្តយ៉ាងណា ក្រោយពីបានពិនិត្យមើលនូវកិច្ចការដ៏អស្ចារ្យរបស់ព្រះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៦]
តើអ្នកសន្និដ្ឋានយ៉ាងណាអំពីភាពអស្ចារ្យនៃបន្ទះទឹកកកស្តើងល្អិតដែលមានភាពផ្សេងៗគ្នាជាច្រើន និងថាមពលដ៏អស្ចារ្យនៃផ្លេកបន្ទោរ?
[អ្នកផ្ដល់សិទ្ធិ]
snowcrystals.net
[រូបភាពនៅទំព័រ២៩]
សូមឲ្យកិច្ចការដ៏អស្ចារ្យរបស់ព្រះ ជាផ្នែកនៃការសន្ទនារបស់អ្នកជាទៀងទាត់ចុះ