ពេលដែលជំនឿរបស់យើងបានត្រូវល្បងល យើងមិនមែននៅតែឯងទេ
ពេលដែលជំនឿរបស់យើងបានត្រូវល្បងល យើងមិនមែននៅតែឯងទេ
វិគ្គីជាទារកស្រស់ស្អាត មានសុខភាពដ៏ល្អ និងរស់រវើកមែនទែន។ ត្រូវហើយ ពេលនាងកើតមកនៅនិទាឃៈរដូវ នៅឆ្នាំ១៩៩៣ យើងពិតជាបានសប្បាយរីករាយណាស់។ យើងបានរស់នៅទីក្រុងតូចមួយនៅប្រទេសស៊ុយអែតប៉ែកខាងត្បូង និងជីវិតយើងសុខសប្បាយមែនទែន។
ក៏ប៉ុន្តែ នៅពេលដែលវិគ្គីគ្រប់អាយុតែមួយឆ្នាំកន្លះ ជីវភាពយើងក៏ហាក់ដូចជាបានរលំដួលតែម្ដង។ នាងមិនស្រួលខ្លួនអស់មួយរយៈយ៉ាងយូរ ដូច្នេះយើងបាននាំនាងទៅមន្ទីរពេទ្យ។ យើងនឹងចាំមិនភ្លេចទេ នូវពេលនោះឯងដែលលោកគ្រូពេទ្យបានប្រាប់យើងថា កូនស្រីរបស់យើងមានជម្ងឺលូគេមីលីមហ្វូប្លាស្ទីច (lymphoblastic leukemia)។ នេះជារោគមហារីកឈាមម្យ៉ាងរបស់កូនក្មេង ដែលមានឥទ្ធិពលទៅលើកោសិកាឈាមស។
គឺពិបាកមែនទែន ឲ្យយើងទទួលស្គាល់ថា កូនតូចរបស់យើងមានជម្ងឺដ៏កាចសាហាវនេះ។ វិគ្គីទើបតែបានដឹងខ្លួនឃើញរបស់នៅជុំវិញនាង តែឥឡូវនាងជិតនឹងស្លាប់ហើយ។ ដោយចង់សម្រាលទុក្ខយើង នោះលោកគ្រូពេទ្យបានជំរាបប្រាប់ថា គេមានវិធីព្យាបាលមួយដែលច្រើនតែបានជោគជ័យ ដែលរួមបញ្ចូលការចាក់បញ្ចូលធាតុគីមី និងការចាក់បញ្ចូលឈាមជាច្រើនដងផង។ សេចក្ដីនោះឯងបានប៉ះទង្គិចចិត្តយើងយ៉ាងខ្លាំងជាលើកទីពីរ។
ជំនឿរបស់យើងបានត្រូវល្បងល
យើងប្រាកដជាស្រឡាញ់កូនស្រីរបស់យើងណាស់ និងចង់រកវិធីព្យាបាលដ៏ល្អបំផុតឲ្យនាង។ ប៉ុន្តែយើងមិនអាចយល់ព្រមនឹងការចាក់បញ្ចូលឈាមទេ។ យើងជឿយ៉ាងខ្លាំងទៅលើព្រះបន្ទូលរបស់ព្រះ គឺព្រះគម្ពីរដែលប្រាប់យ៉ាងច្បាស់លាស់ថា ជនគ្រីស្ទានត្រូវ‹ជៀសវាងពីឈាម›។ (កិច្ចការ ១៥:២៨, ២៩) យើងថែមទាំងដឹងថា ការចាក់បញ្ចូលឈាមក៏អាចមានគ្រោះថ្នាក់ផងដែរ។ មនុស្សរាប់ពាន់នាក់បាន ទទួលជម្ងឺឆ្លងមកពីការចាក់បញ្ចូលឈាម និងបានស្លាប់ដែរ។ វិធីព្យាបាលផ្សេងទៀត ជាវិធីដ៏ល្អប្រសើរដែលមិនជាប់ទាក់ទងនឹងការចាក់បញ្ចូលឈាមឡើយ។ ស្តីអំពីរឿងនេះ ការតស៊ូដើម្បីជំនឿយើងបានចាប់ផ្ដើមហើយ។
តើយើងអាចធ្វើអ្វីទៅ? យើងបានទាក់ទងក្រុមផ្ដល់ពត៌មានខាងពេទ្យ នៅឯការិយាល័យសាខានៃស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសស៊ុយអែត ដើម្បីសុំជំនួយ។ a ភ្លាមៗនោះគេបានផ្ញើទូរសារទៅមន្ទីរពេទ្យផ្សេងៗនាទ្វីបអឺរ៉ុប ដើម្បីស្វែងរកមន្ទីរពេទ្យមួយ និងគ្រូពេទ្យណាម្នាក់ដែលយល់ព្រមប្រើវិធីព្យាបាលចាក់បញ្ចូលធាតុគីមីដោយមិនចាក់បញ្ចូលឈាមទេ។ ចិត្តខ្នះខ្នែងនិងសេចក្ដីស្រឡាញ់ដែលបងប្អូនគ្រីស្ទានបានបង្ហាញដើម្បីជួយយើងនោះ បានពង្រឹងកម្លាំងយើងណាស់។ យើងមិនដែលនៅតែឯងទេ ក្នុងការតស៊ូដើម្បីជំនឿយើងនោះ។
ក្នុងកំឡុងពេលតែប៉ុន្មានម៉ោង គេបានរកឃើញលោកគ្រូពេទ្យម្នាក់និងមន្ទីរពេទ្យមួយនៅទីក្រុងហុំបឺក ខេត្តសា ប្រទេសអាល្លឺម៉ង់។ គេបានរៀបចំឲ្យយើងជិះយន្តហោះនៅថ្ងៃស្អែក ទៅទីនោះដើម្បីឲ្យគេមើលវិគ្គី។ នៅពេលដែលយើងបានទៅដល់នោះ បងប្អូនគ្រីស្ទានរបស់យើងពីក្រុមជំនុំស្មរបន្ទាល់ព្រះយេហូវ៉ានាតំបន់ទីក្រុងហុំបឺកនោះ ព្រមទាំងញាតិសន្ដានខ្លះៗរបស់យើង បានទទួលស្វាគមន៍យើង។ ក៏មានម្នាក់ដែលតំណាងនូវគណៈកម្មាធិការទាក់ទងបុគ្គលិកមន្ទីរពេទ្យនៅតំបន់នោះ បានស្វាគមន៍យើងយ៉ាងកក់ក្ដៅផងដែរ។ គាត់បានមកជាមួយនឹងយើងទៅឯមន្ទីរពេទ្យ និងបានជួយយើងច្រើនណាស់។ យើងមានចិត្តធូរបន្ដិចដោយឃើញថា ទោះជានៅប្រទេសផ្សេងនោះ យើងក៏មានបងប្អូនខាងវិញ្ញាណជួយគាំទ្រយើងដែរ។
នៅពេលដែលយើងបានជួបលោកគ្រូពេទ្យហ្គ្រហ្វ នៅឯមន្ទីរពេទ្យនោះ យើងមានចិត្តធូរស្បើយម្ដងទៀត។ គាត់ចេះយោគយល់មែនទែន និងបានធានាថា គាត់នឹងធ្វើអ្វីៗក៏ដោយដើម្បីព្យាបាលវិគ្គីដោយមិនចាក់បញ្ចូលឈាមទេ។ ទោះជាចំនួនហេម៉ូក្លូប៊ីន(hemoglobin) របស់នាងនឹងចុះទៅជា៥ក្រាមក្នុងមួយដេស៊ីលីត្រ(5g/dl)ក៏ដោយ លោកនឹងសុខចិត្តបន្តការព្យាបាលដោយមិនចាក់បញ្ចូលឈាមទេ។ លោកក៏បានជំរាបប្រាប់ថា ការសម្គាល់ជម្ងឺឲ្យបានឆាប់រហ័សនោះ ថែមទាំងការប្រញាប់នាំវិគ្គីមកទីនេះ ក៏បានពង្រីកលទ្ធភាពព្យាបាលជម្ងឺនោះបាន។ លោកគ្រូពេទ្យបានសារភាពថា ក្នុងករណីជម្ងឺរបស់វិគ្គី នេះជាលើកដំបូងដែលគាត់នឹងចាក់បញ្ចូលធាតុគីមីដោយមិនចាក់បញ្ចូលឈាម។ យើងបានអរគុណលោកគ្រូពេទ្យហ្គ្រហ្វណាស់ និងបានកោតសរសើរនូវចិត្តក្លាហានរបស់លោក ព្រមទាំងការតាំងចិត្តរបស់គាត់ចង់ជួយយើងដែរ។
បញ្ហាផ្នែកលុយកាក់
ពេលនោះឯងបានមកដល់នូវបញ្ហាដែលថា តើយើងអាចរកលុយនៅឯណាដើម្បីបង់ថ្លៃការព្យាបាលនោះ? យើងបានស្រឡាំងកាំងពេលដែលគេបានប្រាប់ថា ការព្យាបាលរយៈពេលពីរឆ្នាំនិងមានតម្លៃប្រមាណ១៥០.០០០ឌុយឆឺម៉ាក។ យើងមិនដែលមានលុយសូម្បីតែមួយផ្នែកតូចនៃចំនួននោះផង តែជាការសំខាន់ដែលយើងចាប់ផ្ដើមការព្យាបាលរបស់វិគ្គីឲ្យបានភ្លាមៗនោះ។ ដោយព្រោះយើងបានចេញពីប្រទេសស៊ុយអែតទៅឯប្រទេសអាល្លឺម៉ង់ដើម្បីទទួលការព្យាបាលនោះ យើងមិនអាចទទួលជំនួយពីសុខាភិបាលសាធារណៈបានឡើយ។ ដូច្នេះ យើងបាននៅទីនោះជាមួយនឹងកូនស្រីតូចរបស់យើងដែលកំពុងតែឈឺខ្លាំង ថែមទាំងមានអ្នកជំនាញខាងផ្នែកវិជ្ជាពេទ្យដែលត្រៀមនឹងជួយផងដែរ តែយើងគ្មានលុយគ្រប់គ្រាន់ឡើយ។
មន្ទីរពេទ្យនោះបានជួយសម្រួលដោយថា គេអាចចាប់ផ្ដើមការព្យាបាលបានភ្លាមៗនោះ បើយើងបង់លុយដំបូងតែ២០.០០០ម៉ាកទេ និងចុះហត្ថលេខាធានាថា នឹងសងបំណុលវិញដែរ។ យើងមានប្រាក់សន្សំបានខ្លះៗ និងដោយទទួលជំនួយពីមិត្តសំឡាញ់និងញាតិសន្ដាន ក៏អាចបង់ប្រាក់២០.០០០ម៉ាកនោះបាន។ តែចុះយ៉ាងណានឹងថ្លៃដែលនៅសល់នោះ?
ម្ដងទៀតនោះយើងបានទទួលសេចក្ដីរំឭកថា យើងមិនមែននៅតែឯងទេ ក្នុងការតស៊ូដើម្បីជំនឿនោះ។ បងប្រុសម្នាក់ខាងវិញ្ញាណ ដែលយើងមិនទាន់ស្គាល់នៅពេលនោះទេ ក៏បានសុខចិត្តបង់ថ្លៃដែលនៅសល់នោះ។ ក៏ប៉ុន្តែ យើងមិនបានពឹងជំនួយពីគាត់ទេ ដោយព្រោះយើងបានរៀបចំតាមវិធីផ្សេងទៀត។
អ្នកជំនាញខាងវិជ្ជាពេទ្យមានប្រសិទ្ធភាព
គេបានចាប់ផ្ដើមវិធីព្យាបាលដោយចាក់បញ្ចូលធាតុគីមី។ ថ្ងៃនិងសប្ដាហ៍និមួយៗបានកន្លងផុតទៅ។ ជួនកាលគឺពិបាកណាស់ និងជាការនឿយហត់សំរាប់យើងផង និងសំរាប់កូនស្រីតូចរបស់យើងដែរ។ យ៉ាងណាក្ដី យើងបានសប្បាយចិត្តណាស់ និងមានអំណរគុណមែនទែន ជារៀងរាល់ដងនាងបានបង្ហាញលក្ខណៈថា កំពុងតែបានធូរស្រាលឡើងៗ។ វិធីចាក់ធាតុគីមីនោះមានរយៈពេលប្រាំបីខែ។ ចំនួនហេម៉ូក្លូប៊ីនតិចជាងគេរបស់នាង បានចុះទៅជា៦ក្រាមក្នុងមួយដេស៊ីលីត្រ(6g/dl)និងលោកគ្រូពេទ្យហ្គ្រហ្វបានរក្សាពាក្យសន្យារបស់គាត់។
ជាងប្រាំមួយឆ្នាំបានកន្លងផុតទៅហើយនេះ និងការពិនិត្យមើលនូវទឹកស្រោមខួរឆ្អឹងខ្នងរបស់នាង ក៏បង្ហាញថា គ្មានជម្ងឺលូគេមីនោះទៀតទេ។ ឥឡូវនេះ វិគ្គីជាក្មេងស្រីដ៏សុខសប្បាយដែលគ្មានរោគសញ្ញានោះ
ទៀតឡើយ។ មែនហើយ ដែលវិគ្គីបានជាឡើងវិញយ៉ាងពេញលេញនោះ មើលទៅដូចជាអព្ភូតហេតុមួយ។ យើងដឹងថា កូនក្មេងជាច្រើននាក់ដែលមានជម្ងឺដូចគ្នានេះ បានស្លាប់ទៅទោះជាបានទទួលវិធីព្យាបាលដោយចាក់បញ្ចូលធាតុគីមីនិងឈាមក៏ដោយ។យើងបានឈ្នះនូវការតស៊ូដើម្បីជំនឿ គឺដោយទទួលជំនួយពីញាតិសន្ដាន បងប្អូនគ្រីស្ទាន និងអ្នកជំនាញផ្នែកវិជ្ជាពេទ្យ។ ក្រុមផ្ដល់ពត៌មានខាងពេទ្យនោះបានជួយគាំទ្រយើង២៤ម៉ោងជារៀងរាល់ថ្ងៃ។ លោកគ្រូពេទ្យហ្គ្រហ្វនិងគ្នីគ្នារបស់គាត់ក៏បានអនុវត្តនូវបំនិនរបស់ខ្លួនដើម្បីជួយវិគ្គីឲ្យបានជាវិញ។ យើងសូមអរគុណអ្នកទាំងអស់គ្នាជាអនេកប្បការ។
ជំនឿរបស់យើងបានត្រូវពង្រឹង
សំខាន់បំផុតគឺ យើងអរព្រះគុណដល់ព្រះរបស់យើង គឺព្រះយេហូវ៉ា ដោយព្រោះទ្រង់បានថែរក្សាយើងដោយសេចក្ដីស្រឡាញ់ និងសំរាប់កម្លាំងដែលយើងបានទទួលតាមរយៈព្រះបន្ទូលរបស់ទ្រង់ គឺព្រះគម្ពីរ។ ពេលដែលយើងគិតមើលពីព្រឹត្ដិការណ៍ទាំងប៉ុន្មានកន្លងផុតទៅនេះ យើងទទួលស្គាល់ថា យើងបានរៀនអ្វីៗជាច្រើនណាស់ និងថាបទពិសោធដ៏លំបាកមួយនេះបានពង្រឹងជំនឿរបស់យើងប៉ុណ្ណាទៅ។
ឥឡូវនេះ យើងមានចិត្តប្រាថ្នាចង់រក្សាទុកនូវទំនាក់ទំនងដ៏ជិតស្និទ្ធរបស់យើងជាមួយនឹងព្រះយេហូវ៉ា និងចង់បង្រៀនកូនស្រីរបស់យើងអំពីតម្លៃនៃការរស់នៅឲ្យបានសមស្របទៅតាមតម្រូវការរបស់ទ្រង់។ មែនហើយ យើងចង់ប្រទានឲ្យនាងមានមរតកដ៏ល្អខាងវិញ្ញាណ ជាជីវិតជារៀងរហូតក្នុងសួនមនោរម្យដែលរៀបនឹងមាននៅលើផែនដីយើងនេះ។—អត្ថបទនេះបានត្រូវជូនដោយស្មោះស្ម័គ្រពីចិត្ត
[កំណត់សម្គាល់]
a ក្រុមផ្ដល់ពត៌មានខាងពេទ្យនោះ ធ្វើការត្រួតពិនិត្យនូវគណៈកម្មាធិការនិមួយៗដែលទាក់ទងនឹងបុគ្គលិកមន្ទីរពេទ្យ។ គណៈកម្មាធិការទាំងនេះជាជនគ្រីស្ទានដែលបំរើស្មោះស្ម័គ្រពីចិត្ត ក៏បានត្រូវបង្ហាត់បណ្ដុះឲ្យលោកគ្រូពេទ្យនានាយល់ចិត្តនឹងអ្នកជម្ងឺដែលជាស្មរបន្ទាល់។ មានគណៈកម្មាធិការទាំងនេះដែលទាក់ទងបុគ្គលិកមន្ទីរពេទ្យ ជាង១.៤០០ក្រុម ដែលជួយអ្នកជម្ងឺនៅជាង២០០ប្រទេស។