‹ព្រះបន្ទូលនៃព្រះយេហូវ៉ាបានចំរើនកើនឡើង›
‹ព្រះបន្ទូលនៃព្រះយេហូវ៉ាបានចំរើនកើនឡើង›
«ទ្រង់ចាត់ព្រះរាជបញ្ជាមកលើផែនដី ព្រះបន្ទូលទ្រង់ក៏រត់លឿនណាស់ផង»។—ទំនុកដំកើង ១៤៧:១៥
១, ២. តើព្រះយេស៊ូបានប្រគល់កិច្ចការអ្វីដល់សិស្សរបស់ទ្រង់? ហើយតើកិច្ចការនោះបានរួមបញ្ចូលអ្វីខ្លះ?
ទំនាយមួយដ៏អស្ចារ្យបំផុតក្នុងព្រះគម្ពីរ គឺមាននៅកិច្ចការ ១:៨។ បន្ដិចមុនព្រះយេស៊ូបានឡើងទៅស្ថានសួគ៌ ទ្រង់មានបន្ទូលប្រាប់អ្នកដែលកាន់តាមទ្រង់យ៉ាងស្មោះត្រង់ទាំងនេះថា៖ «កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្ដា ហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ . . . រហូតដល់ចុងផែនដីបំផុតផង»។ នេះជាការងារមួយដ៏ធំណាស់ហ្ន៎!
២ សិស្សទាំងប៉ុន្មាននោះដែលមានគ្នាតែបន្ដិចបន្តួចប៉ុណ្ណោះ ច្បាស់ជាបានគិតថាកិច្ចការផ្សព្វផ្សាយទូទាំងពិភពលោកជាការងារមួយដ៏ពិបាកសម្រេចមែន។ សូមពិចារណានូវអ្វីដែលការងារនោះរួមបញ្ចូល។ សិស្សទាំងនោះត្រូវជួយមនុស្សយល់អំពីដំណឹងល្អដែលសម្ដែងពីព្រះរាជាណាចក្ររបស់ព្រះ។ (ម៉ាថាយ ២៤:១៤) ការធ្វើបន្ទាល់ពីព្រះយេស៊ូក៏តម្រូវឲ្យគេប្រាប់អ្នកដទៃទៀតអំពីសេចក្ដីបង្រៀនដ៏មានប្រសិទ្ធភាពរបស់ទ្រង់ និងពន្យល់គេអំពីតួនាទីរបស់ព្រះយេស៊ូក្នុងគោលបំណងរបស់ព្រះយេហូវ៉ា។ ម្យ៉ាងទៀត កិច្ចការនោះក៏តម្រូវឲ្យគេបញ្ចុះបញ្ចូលមនុស្សឲ្យទៅជាសិស្ស ថែមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យគេផងដែរ។ ហើយគេត្រូវតែធ្វើកិច្ចការនេះទូទាំងពិភពលោកផង!—ម៉ាថាយ ២៨:១៩, ២០
៣. តើព្រះយេស៊ូបានមានបន្ទូលធានាអ្នកកាន់តាមទ្រង់អំពីរឿងអ្វី? ហើយតើអ្នកទាំងនោះបានប្រព្រឹត្តយ៉ាងណាចំពោះការងារដែលគេបានទទួលនោះ?
៣ យ៉ាងណាក៏ដោយ ព្រះយេស៊ូបានធានាដល់អ្នកកាន់តាមទ្រង់ថា គេនឹងទទួលព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយគេបំពេញកិច្ចការដែលទ្រង់បានប្រគល់ឲ្យគេនោះ។ អ៊ីចឹងហើយ សិស្សរបស់ព្រះយេស៊ូពីសម័យដើម បានធ្វើដោយជោគជ័យនូវអ្វីដែលទ្រង់បានណែនាំឲ្យគេធ្វើ ទោះបីកិច្ចការនោះគឺធំយ៉ាងណាក៏ដោយ និងថ្វីបើអ្នកប្រឆាំងបានខិតខំដោយឥតឈប់ឈរ ដើម្បីបញ្ឈប់ការផ្សព្វផ្សាយរបស់គេដោយប្រើហិង្សាក៏ដោយ។ នោះជាហេតុការណ៍ពិតដែលបានត្រូវកត់ទុកក្នុងប្រវត្ដិសាស្ត្រ និងមិនអាចត្រូវបដិសេធបានឡើយ។
៤. តើតាមរបៀបណាដែលព្រះសម្ដែងសេចក្ដីស្រឡាញ់របស់ទ្រង់ ដោយប្រគល់ឲ្យនូវការងារផ្សព្វផ្សាយនិងបង្រៀនអ្នកឯទៀត?
៤ ប្រតិបត្ដិការផ្សព្វផ្សាយនិងបង្រៀនទូទាំងពិភពលោក គឺជារបៀបមួយដែលព្រះសម្ដែងនូវសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សណាដែលមិនស្គាល់ទ្រង់។ នោះបើកឲ្យគេមានឱកាសចូលទៅជិតនឹងព្រះយេហូវ៉ាហើយទទួលនូវការលើកលែងទោសចំពោះបាបរបស់គេ។ (កិច្ចការ ២៦:១៨) ការប្រគល់នូវកិច្ចការផ្សព្វផ្សាយនិងបង្រៀន ក៏សម្ដែងនូវសេចក្ដីស្រឡាញ់របស់ព្រះចំពោះអ្នកដែលនាំសារនោះផងដែរ ដោយព្រោះនេះអនុញ្ញាតឲ្យគេបង្ហាញនូវភក្ដីភាពរបស់គេចំពោះព្រះយេហូវ៉ា ថែមទាំងសម្ដែងនូវសេចក្ដីស្រឡាញ់ចំពោះមនុស្សឯទៀត។ (ម៉ាថាយ ២២:៣៧-៣៩) សាវ័កប៉ុលបានរាប់ទុកកិច្ចបំរើគ្រីស្ទានជាអ្វីដ៏មានតម្លៃដល់ម្ល៉េះដែលគាត់បានសំដៅទៅនោះជា«ទ្រព្យសម្បត្ដិ»។—កូរិនថូសទី២ ៤:៧
៥. (ក) តើនៅកន្លែងណាដែលយើងអាចរកឃើញនូវកំណត់ហេតុដ៏គួរឲ្យទុកចិត្តជាងគេ ស្តីពីសកម្មភាពរបស់គ្រីស្ទាននៅសម័យដើម? ហើយតើកំណត់ហេតុនោះពណ៌នាអំពីការចំរើននូវអ្វី? (ខ) ហេតុអ្វីបានជាសៀវភៅកិច្ចការមានប្រយោជន៍ចំពោះអ្នកបំរើរបស់ព្រះនៅសព្វថ្ងៃនេះ?
៥ កំណត់ហេតុដែលគួរឲ្យទុកចិត្តជាងគេស្តីពីសកម្មភាពផ្សព្វផ្សាយរបស់គ្រីស្ទានទាំងឡាយនូវសម័យដើមនោះ គឺមាននៅសៀវភៅកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានបណ្ដាលឲ្យលោកលូកាជាសិស្សម្នាក់សរសេរនោះ។ នេះគឺជាកំណត់ហេតុមួយដែលប្រាប់ពីការចំរើនឡើងដ៏ឆាប់រហ័សនិងដ៏គួរឲ្យនឹកអស្ចារ្យក្នុងចិត្ត។ ការចំរើនឡើងនូវចំណេះអំពីព្រះបន្ទូលរបស់ព្រះ ក៏ជួយរំឭកយើងអំពីទំនុកដំកើង ១៤៧:១៥ដែលថា៖ «[ព្រះយេហូវ៉ា]ចាត់ព្រះរាជបញ្ជាមកលើផែនដី ព្រះបន្ទូលទ្រង់ក៏រត់លឿនណាស់ផង»។ កំណត់ហេតុអំពីគ្រីស្ទានទាំងឡាយពីសម័យដើមដែលបានទទួលនូវកម្លាំងពីព្រះវិញ្ញាណបរិសុទ្ធ គឺជារឿងមួយដ៏គួរឲ្យរំភើបចិត្តទាំងមាន ប្រយោជន៍ចំពោះយើងសព្វថ្ងៃនេះដែរ។ ស្មរបន្ទាល់ព្រះយេហូវ៉ាកំពុងតែចូលរួមក្នុងកិច្ចការផ្សព្វផ្សាយនិងបញ្ចុះបញ្ចូលឲ្យមានសិស្សដូចគ្នាដែរ គ្រាន់តែនេះគឺដល់កំរិតធំជាង។ យើងក៏ប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានឹងបញ្ហាដែលជនគ្រីស្ទានបានប្រឈមមុខនៅសតវត្សទី១ដែរ។ ពេលយើងពិចារណានូវរបៀបដែលព្រះយេហូវ៉ាបានប្រទានពរទៅដល់ជនគ្រីស្ទាននៅសម័យដើម ថែមទាំងចំរើនកម្លាំងរបស់គេ នោះជំនឿរបស់យើងទៅលើការគាំទ្រពីទ្រង់នឹងត្រូវពង្រឹងឡើង។
ការចំរើនឡើងនូវចំនួនសិស្ស
៦. តើមានប្រយោគអ្វី៣ដងក្នុងសៀវភៅកិច្ចការដែលសំដៅទៅលើការចំរើនឡើងនោះ? ហើយតើប្រយោគនោះសំដៅបញ្ជាក់ពីអ្វី?
៦ របៀបមួយដែលយើងអាចពិនិត្យមើលនូវការសម្រេចនៃបទគម្ពីរកិច្ចការ ១:៨ គឺដោយពិចារណាមើលនូវពាក្យដែលថា«ព្រះបន្ទូលនៃ[ព្រះយេហូវ៉ា]បានចំរើនកើនឡើង»។ នេះជាប្រយោគមួយដែលមានតែ៣ដងក្នុងព្រះគម្ពីរ ហើយទាំង៣ដងនោះគឺមានក្នុងសៀវភៅកិច្ចការ ដោយមានការផ្លាស់ប្ដូរពាក្យបន្ដិចបន្តួច។ (កិច្ចការ ៦:៧; ១២:២៤; ១៩:២០) ពាក្យដែលថា «ព្រះបន្ទូលនៃ[ព្រះយេហូវ៉ា]» ឬក៏ «ព្រះបន្ទូល» ដែលមានក្នុងខទាំងនេះសំដៅបញ្ជាក់ពីដំណឹងល្អគឺថា សារមួយដែលធ្វើឲ្យមានចិត្តរំជើបរំជួល ដោយស្តីអំពីសេចក្ដីពិតអំពីព្រះ ថែមទាំងជាសារមួយដ៏រស់រវើកនិងស័ក្ដិសិទ្ធិ ដែលបានកែប្រែជីវិតរបស់អ្នកដែលបានព្រមទទួល។—ហេព្រើរ ៤:១២
៧. តើការចំរើនឡើងនូវព្រះបន្ទូលរបស់ព្រះដែលត្រូវពណ៌នានៅបទគម្ពីរកិច្ចការ ៦:៧ គឺជាប់ទាក់ទងនឹងអ្វី? ហើយតើអ្វីបានកើតឡើងនូវបុណ្យថ្ងៃទី៥០នៅឆ្នាំ៣៣ស.យ.?
៧ ការនិយាយលើកដំបូងអំពីព្រះបន្ទូលរបស់ព្រះគឺមាននៅបទគម្ពីរកិច្ចការ ៦:៧។ នៅទីនោះអានថា៖ «ព្រះបន្ទូលក៏បានផ្សាយទៅកាន់តែច្រើនឡើង ហើយចំនួនពួកសិស្ស បានចំរើនឡើងក្រៃលែង នៅក្រុងយេរូសាឡិម ឯពួកសង្ឃ ក៏មានសន្ធឹកចុះចូលជឿដែរ»។ ក្នុងខនេះ ការចំរើនឡើងគឺជាប់ទាក់ទងនឹងការកើនឡើងនូវចំនួនសិស្ស។ ពីមុន នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ ស.យ. ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះបានត្រូវប្រទានដល់សិស្ស១២០នាក់ដែលនៅបន្ទប់ជាន់លើក្នុងផ្ទះមួយ។ សាវ័កពេត្រុសបានថ្លែងសុន្ទរកថាមួយដែលបានជំរុញទឹកចិត្តរបស់គេ និងប្រមាណ៣.០០០នាក់ក្នុងចំណោមអ្នកស្ដាប់ បានទៅជាអ្នកជឿនៅថ្ងៃនោះឯង។ ពេលនោះប្រាកដជាបានប្រកបទៅដោយការរំជួលចិត្តណាស់ ពេលមនុស្សរាប់ពាន់នាក់បានធ្វើដំណើរទៅស្រះទឹកទូទាំងតំបន់ទីក្រុងយេរូសាឡិមហើយទទួលបុណ្យជ្រមុជទឹកដោយព្រះនាមព្រះយេស៊ូ ដែលជាបុរសដែលគេបានព្យួរដោយចោទជាឧក្រិដ្ឋជនប្រមាណ៥០ថ្ងៃមុននោះ!។—កិច្ចការ ២:៤១
៨. តើចំនួនសិស្សបានចំរើនឡើងយ៉ាងណា ក្នុងឆ្នាំទាំងប៉ុន្មានបន្ទាប់ពីបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ ស.យ.?
៨ ក៏ប៉ុន្តែ នោះគ្រាន់តែជាទីចាប់ផ្ដើមទេ។ អ្នកដឹកនាំសាសនាយូដាបានខិតខំមិនឈប់មិនឈរ ដើម្បីបង្ក្រាបការផ្សព្វផ្សាយ តែមិនបានជោគជ័យទេ។ អ្នកដឹកនាំទាំងនោះបានមួម៉ៅចិត្តពេល«[ព្រះយេហូវ៉ា]ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃ ទៅក្នុងពួកជំនុំថែមទៀត»។ (កិច្ចការ ២:៤៧) បន្ដិចក្រោយមក«ពួកដែលជឿ ក៏បានកើនឡើង មានប្រុសៗ ប្រហែលជា៥ពាន់នាក់»។ ក្រោយនោះ«ពួកអ្នកដែលជឿដល់ព្រះអម្ចាស់ ក៏បានចំរើនកាន់តែច្រើនឡើង មានមនុស្សសន្ធឹក ទាំងប្រុសទាំងស្រី»។ (កិច្ចការ ៤:៤; ៥:១៤) នោះប្រាប់ពីពេលក្រោយមកថា៖ «ពួកជំនុំទាំងប៉ុន្មាននៅគ្រប់ក្នុងស្រុកយូដា ស្រុកកាលីឡេ នឹងស្រុកសាម៉ារី ក៏មានសេចក្ដីសុខសាន្ត ហើយមានចិត្តស្អាងឡើង ក៏បានចំរើនជាច្រើនឡើងដែរ ដោយជឿនទៅមុខ ក្នុងសេចក្ដីកោតខ្លាច ដល់ព្រះអម្ចាស់ នឹងក្នុងសេចក្ដីកំសាន្តចិត្តរបស់ព្រះវិញ្ញាណបរិសុទ្ធ»។ (កិច្ចការ ៩:៣១) ប៉ុន្មានឆ្នាំក្រោយមក ប្រហែលជាជិតឆ្នាំ៥៨ស.យ. បានមានការពណ៌នាថា៖ «ប៉ុន្មានម៉ឺនបានជឿហើយ»។ (កិច្ចការ ២១:២០) ទំរាំដល់ពេលនោះ មានអ្នកជឿជាច្រើនដែលមកពីសាសន៍ដទៃទៀត។
៩. តើអ្នកនឹងពណ៌នាអំពីគ្រីស្ទាននៅសម័យដើមនោះថាគេគឺជាគ្រីស្ទានបែបណា?
៩ ការចំរើនឡើងនូវចំនួនសិស្សគឺច្រើនតែមកពីអ្នកថ្មីដែលបានផ្លាស់ប្ដូរសាសនាចុះចូលជឿ។ សាសនានោះគឺថ្មីមែន ក៏ប៉ុន្តែគឺខ្លាំងពូកែ។ សិស្សទាំងនោះមិនមែនជាសមាជិកសាសនាដែលមិនអនុវត្តតាមទេ ផ្ទុយទៅវិញ ពួកគេបានមានភក្ដីភាពចំពោះព្រះយេហូវ៉ានិងព្រះបន្ទូលរបស់ទ្រង់ដោយគ្មានការទើសទាល់ក្នុងចិត្តទេ ដោយមានសិស្សខ្លះបានរៀនសេចក្ដីពិតពីអ្នកដែលបានត្រូវបៀតបៀនយ៉ាងសាហាវ។ (កិច្ចការ ១៦:២៣, ២៦-៣៣) អ្នកដែលបានចូលសាសនាគ្រីស្ទាន បានធ្វើអ៊ីចឹងដោយសារគេបានគិតវែកញែកពីហេតុផលនិងបានធ្វើការសម្រេចដោយមានការយល់ដឹងយ៉ាងច្បាស់លាស់។ (រ៉ូម ១២:១) ពួកគេបានទទួលនូវការអប់រំអំពីការប្រព្រឹត្តរបស់ព្រះ ហើយក៏មានសេចក្ដីពិតដិតជាប់ក្នុងចិត្តគំនិតរបស់គេផងដែរ។ (ហេព្រើរ ៨:១០, ១១) ពួកគេសុខចិត្តស្លាប់ជាជាងលះបង់នូវជំនឿរបស់គេ។—កិច្ចការ ៧:៥១-៦០
១០. តើជនគ្រីស្ទាននៅសម័យដើមបានព្រមទទួលភារកិច្ចអ្វី? ហើយតើអ្វីសព្វថ្ងៃនេះគឺដូចគ្នានឹងសម័យនោះ?
១០ អ្នកដែលបានជឿសេចក្ដីបង្រៀនខាងសាសនាគ្រីស្ទាន ក៏បានទទួលស្គាល់ថាខ្លួនមានភារកិច្ចប្រាប់អ្នកឯទៀតអំពីសេចក្ដីពិតនោះដែរ។ កត្ដានេះបានចូលរួមផ្ទាល់ក្នុងការជំរុញឲ្យចំនួនសិស្សចំរើនឡើង។ បណ្ឌិតម្នាក់ខាងព្រះគម្ពីរបាននិយាយថា៖ «ការផ្សព្វផ្សាយនូវសាសនាមិនបានត្រូវចាត់ ទុកជាសិទ្ធិរបស់តែអ្នកដែលឧស្សាហ៍ជាងគេ ឬក៏សំរាប់តែអ្នកដែលបានត្រូវតែងតាំងជាផ្លូវការជាអ្នកផ្សាយទេ។ ក៏ប៉ុន្តែការផ្សព្វផ្សាយគឺជាឯកសិទ្ធិថែមទាំងជាភារកិច្ចរបស់រាល់សមាជិកក្នុងសាសនានោះ . . . យុទ្ធសាស្ត្ររបស់ជនគ្រីស្ទានបានជោគជ័យជាខ្លាំងពីដំបូងមក ដោយសារពួកគេទាំងអស់គ្នាបានខំផ្សព្វផ្សាយដល់មនុស្សទាំងអស់»។ គាត់បានសរសេរតទៅទៀតថា៖ «ការផ្សព្វផ្សាយបានជាអ្វីដ៏សំខាន់លើសលប់ចំពោះគ្រីស្ទានសម័យដើម»។ ចំពោះគ្រីស្ទានពិតសព្វថ្ងៃនេះ គឺដូចគ្នាដែរ។
ការចំរើនឡើងបានរីកដុះដាលដល់ប្រទេសនិងតំបន់ជាច្រើន
១១. តើកិច្ចការ ១២:២៤ ពណ៌នាអំពីការចំរើនឡើងបែបណា? ហើយតើនេះបានកើតឡើងតាមរបៀបណា?
១១ ជាលើកទីពីរដែលមានការនិយាយអំពីការចំរើនឡើងនូវព្រះបន្ទូលរបស់ព្រះ គឺមាននៅកិច្ចការ ១២:២៤៖ «ឯព្រះបន្ទូល ក៏ដុះដាលចំរើន កាន់តែច្រើនឡើង»។ ក្នុងខនេះ ប្រយោគនោះសំដៅទៅលើការចំរើនឡើងនូវចំនួនប្រទេសនិងតំបន់។ ថ្វីត្បិតមានការប្រឆាំងពីរដ្ឋាភិបាលក៏ដោយ កិច្ចផ្សព្វផ្សាយបានបន្តរីកចំរើន។ ព្រះវិញ្ញាណបរិសុទ្ធបានត្រូវប្រទានដល់គេនៅទីក្រុងយេរូសាឡិម ហើយព្រះបន្ទូលបានរីកសាយយ៉ាងលឿនទៅកន្លែងផ្សេងទៀត។ ការបៀតបៀននៅទីក្រុងយេរូសាឡិមបានកំចាត់កំចាយពួកសិស្សទៅដល់តំបន់ទូទាំងស្រុកយូដានិងស្រុកសាម៉ារី។ តើបានមានលទ្ធផលអ្វី? «អស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ គេដើរចុះឡើងទាំងផ្សាយដំណឹងល្អ គឺជាព្រះបន្ទូល»។ (កិច្ចការ ៨:១, ៤) ភីលីពត្រូវណែនាំឲ្យទៅផ្សព្វផ្សាយដល់បុរសម្នាក់ដែលបាននាំដំណឹងល្អទៅប្រទេសអេធីយ៉ូពី ពីមុនគាត់ទទួលបុណ្យជ្រមុជទឹកនោះ។ (កិច្ចការ ៨:២៦-២៨, ៣៨, ៣៩) សេចក្ដីពិតបានរីកដុះដាលយ៉ាងលឿននៅភូមិលីដា ស្រុកសារ៉ូន និងទីក្រុងយ៉ុបប៉េ។ (កិច្ចការ ៩:៣៥, ៤២) ក្រោយមក សាវ័កប៉ុលបានធ្វើដំណើររាប់ពាន់គីឡូម៉ែត្រតាមផ្លូវទឹកនិងដីគោក ទាំងរៀបចំក្រុមជំនុំទូទាំងប្រទេសជាច្រើននៅតំបន់មេឌីទែរ៉ាណេ។ សាវ័កពេត្រុសបានទៅដល់ទីក្រុងបាប៊ីឡូន។ (ពេត្រុសទី១ ៥:១៣) ក្នុងកំឡុង៣០ឆ្នាំបន្ទាប់ពីការប្រទានព្រះវិញ្ញាណបរិសុទ្ធនៅបុណ្យថ្ងៃទី៥០ នោះប៉ុលបានសរសេរថា ដំណឹងល្អបាន«ផ្សាយ ទៅដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃផង»ដោយប្រហែលជាសំដៅទៅលើប្រទេស ទាំងប៉ុន្មានដែលគេស្គាល់នៅពេលនោះ។—កូល៉ុស ១:២៣
១២. តើតាមរបៀបណាដែលអ្នកប្រឆាំងនឹងសាសនាគ្រីស្ទានទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះបានចំរើនឡើងក្នុងចំនួនប្រទេសនិងតំបន់នោះ?
១២ សូម្បីតែអ្នកដែលប្រឆាំងនឹងសាសនាគ្រីស្ទាន ក៏បានទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះបានរីកដុះដាលទូទាំងចក្រភពរ៉ូមដែរ។ ជាឧទាហរណ៍ កិច្ចការ ១៧:៦ ចែងថា នៅស្រុកថែស្សាឡូនីច ដែលជាផ្នែកខាងជើងនៃប្រទេសក្រិក អ្នកប្រឆាំងបានស្រែកថា៖ «ពួកដែលនាំឲ្យក្រឡាប់ផែនដីនោះ បានមកទីនេះហើយ!»។ ម្យ៉ាងទៀត នៅដើមសតវត្សទី២ លោកប្ល៉ាយនីបានសរសេរសំបុត្រមួយអំពីសាសនាគ្រីស្ទានផ្ញើពីទីក្រុងប៊ីធូនាទៅកាន់ស្តេចចក្រភពរ៉ូមដែលមាននាមត្រាជិន។ គាត់បានប្ដឹងផ្ដល់ថា៖ «[សាសនានេះ]មិននៅក្នុងទីក្រុងប៉ុណ្ណោះទេ ក៏ប៉ុន្តែវាបានស៊ីបង្ខូចរហូតទៅដល់ភូមិនិងស្រុកជិតខាងផងដែរ»។
១៣. តើតាមរបៀបណាដែលការចំរើនឡើងនូវចំនួនប្រទេសនិងតំបន់គឺជាការសម្ដែងនូវសេចក្ដីស្រឡាញ់របស់ព្រះចំពោះមនុស្សជាតិ?
១៣ ការចំរើនឡើងនូវចំនួនប្រទេសនិងតំបន់ បង្ហាញនូវសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះមនុស្សជាតិដែលអាចត្រូវលោះបាន។ ពេលពេត្រុសសង្កេតឃើញវិញ្ញាណបរិសុទ្ធមានឥទ្ធិពលទៅលើលោកកូនេលាសដែលមិនមែនជាសាសន៍យូដាទេ នោះពេត្រុសបាននិយាយថា៖ «ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ»។ (កិច្ចការ ១០:៣៤, ៣៥) គឺត្រឹមត្រូវមែនដែលថា ដំណឹងល្អធ្លាប់ធ្វើជាសារសំរាប់មនុស្សគ្រប់សាសន៍ហើយនៅតែសំរាប់មនុស្សគ្រប់ជាតិដែរ និងដោយសារព្រះបន្ទូលរបស់ព្រះបានចំរើនឡើងដុះដាលដល់ប្រទេសនិងតំបន់ជាច្រើន នោះបើកផ្លូវឲ្យមនុស្សនៅគ្រប់ទីកន្លែងប្រព្រឹត្តតបនឹងសេចក្ដីស្រឡាញ់របស់ព្រះ។ នៅសតវត្សទី២១នេះ ព្រះបន្ទូលរបស់ព្រះបានរីកសាយដល់គ្រប់ទីកន្លែងនៅផែនដីនេះមែន។
ការចំរើនឡើងហើយឈ្នះដោយអំណាច
១៤. តើកិច្ចការ ១៩:២០ពណ៌នាអំពីការចំរើនបែបណា? ហើយតើព្រះបន្ទូលរបស់ព្រះបានឈ្នះលើអ្វី?
១៤ ជាលើកទី៣ដែលមានប្រយោគស្តីពីការចំរើនឡើងនូវព្រះបន្ទូលរបស់ព្រះ គឺមាននៅកិច្ចការ ១៩:២០ដែលថា៖ «ព្រះបន្ទូលនៃព្រះអម្ចាស់បានចំរើនកើនឡើង ហើយបានឈ្នះដោយអំណាច»។ ក្នុងភាសាដើមនោះ ពាក្យក្រិកដែលត្រូវបកប្រែថា«ឈ្នះ»រួមមានអត្ថន័យថា«ការប្រើកម្លាំង»។ ខទាំងប៉ុន្មានមុនប្រយោគនោះ រៀបរាប់ថា មនុស្សជាច្រើននៅទីក្រុងអេភេសូរបានជឿ និងពួកគេជាច្រើនដែលធ្លាប់ធ្វើមន្តអាគមបាននាំគ្នាយកសៀវភៅក្បួនតំរាមន្តវិជ្ជានោះហើយដុតចោលនៅខាងមុខគេទាំងអស់គ្នា។ គឺយ៉ាងដូច្នេះឯង ដែលព្រះបន្ទូលរបស់ព្រះបានឈ្នះទៅលើជំនឿសាសនាមិនពិត។ ដំណឹងល្អក៏បានឈ្នះទៅលើឧបសគ្គផ្សេងទៀត ដូចជាការបៀតបៀន។ គ្មានអ្វីសោះដែលអាចទប់ទល់នឹងព្រះបន្ទូលនោះទេ។ ចំពោះរឿងនេះដែរ យើងក៏ឃើញអ្វីទៀតដែលដូចគ្នាទាំងស្រុងនឹងសាសនាគ្រីស្ទានពិតនៅសព្វថ្ងៃនេះដែរ។
១៥. (ក) តើប្រវត្ដិវិទូម្នាក់ខាងព្រះគម្ពីរបានសរសេរអ្វីអំពីជនគ្រីស្ទានពីសម័យដើម? (ខ) តើពួកសិស្សបានថាការជោគជ័យរបស់គេមកពីណា?
១៥ ពួកសាវ័កនិងគ្រីស្ទានឯទៀតនៅសម័យដើម បានប្រកាសព្រះបន្ទូលរបស់ព្រះយ៉ាងខ្នះខ្នែង។ ប្រវត្ដិវិទូម្នាក់ខាងព្រះគម្ពីរបានសរសេរអំពីពួកគេថា៖ «នៅពេលណាដែលមនុស្សមានឆន្ទៈនិយាយអំពីព្រះអម្ចាស់របស់គេ នោះគេនឹងរកវិធីជាច្រើនដើម្បីធ្វើអ៊ីចឹង។ គឺពិតមែនដែលថា អ្វីដែលធ្វើឲ្យយើងកោតស្ងើចនឹងបុរសនិងស្ត្រីទាំងនេះជាងគេ គឺជាអ្វីដែលជំរុញចិត្តគេ មិនមែនជាវិធីដែលគេប្រើទេ»។ យ៉ាងណាក៏ដោយ គ្រីស្ទាននៅសម័យដើមបានទទួលស្គាល់ថា ការជោគជ័យក្នុងកិច្ចបំរើមិនអាស្រ័យទៅលើការខិតខំរបស់គេប៉ុណ្ណោះទេ។ ពួកគេបានទទួលបញ្ជាមកពីព្រះឲ្យគេបន្តការងារនោះ និងគេក៏មានការគាំទ្រពីព្រះដើម្បីសម្រេចការងារនោះដែរ។ ការចំរើនឡើងខាងវិញ្ញាណ គឺមកពីព្រះ។ សាវ័កប៉ុលបានទទួលស្គាល់ចំណុចនេះ ពេលដែលគាត់សរសេរទៅកាន់ក្រុមជំនុំនៅទីក្រុងកូរិនថូស។ គាត់សរសេរថា៖ «ខ្ញុំបានសាបព្រោះ អ័ប៉ុឡូសជាអ្នកស្រោច តែដែលបានដុះឡើង នោះគឺព្រះបានធ្វើវិញ។ ដ្បិតយើងរាល់គ្នាជាអ្នកធ្វើការជាមួយនឹងព្រះ»។—កូរិនថូសទី១ ៣:៦, ៩
ព្រះវិញ្ញាណបរិសុទ្ធកំពុងតែមានសកម្មភាព
១៦. តើអ្វីដែលបង្ហាញថា ព្រះវិញ្ញាណបរិសុទ្ធបានបញ្ចូលកម្លាំងក្នុងពួកសិស្សឲ្យនិយាយដោយចិត្តក្លាហាន?
១៦ សូមនឹកចាំថា ព្រះយេស៊ូបានមានបន្ទូលធានាសិស្សរបស់ទ្រង់ថា ព្រះវិញ្ញាណបរិសុទ្ធនឹងមានតួនាទីក្នុងការចំរើនឡើងខាងព្រះបន្ទូលរបស់ព្រះ ហើយថាព្រះវិញ្ញាណបរិសុទ្ធចំរើនកម្លាំងរបស់ពួកសិស្សឲ្យធ្វើកិច្ចផ្សព្វផ្សាយ។ (កិច្ចការ ១:៨) តើនេះបានកើតឡើងយ៉ាងដូចម្ដេច? មិនយូរក្រោយពីព្រះវិញ្ញាណត្រូវប្រទានដល់ពួកសិស្សនៅបុណ្យថ្ងៃទី៥០ នោះពេត្រុសនិងយ៉ូហានបានត្រូវហៅមកសួរចំលើយនៅមុខតុលាការជាន់ខ្ពស់បំផុតនៃសាសន៍យូដា ដែលមានចៅហ្វាយទទួលខុសត្រូវចំពោះការប្រហារព្រះជន្មរបស់ព្រះយេស៊ូគ្រីស្ទ។ តើពួកសាវ័កនឹងភ័យរួញចិត្តរួញថ្លើមដោយត្រូវប្រឈមមុខនឹងអង្គប្រជុំមួយដ៏សម្បើមថែមទាំងសាហាវផង នោះទេ? មិនខ្លាចទាល់តែសោះ! ព្រះវិញ្ញាណបរិសុទ្ធបានចំរើនកម្លាំងរបស់ពេត្រុសនិងយ៉ូហានឲ្យនិយាយយ៉ាងក្លាហានដល់ម្ល៉េះដែលអ្នកប្រឆាំងរបស់គេបាននឹកអស្ចារ្យក្នុងចិត្ត និង«យល់ឃើញថា គេធ្លាប់នៅជាមួយនឹងព្រះយេស៊ូវ»។ (កិច្ចការ ៤:៨, ១៣) ព្រះវិញ្ញាណបរិសុទ្ធក៏បានបណ្ដាលឲ្យស្ទេផានផ្សព្វផ្សាយយ៉ាងមោះមុតដល់តុលាការជាន់ខ្ពស់នោះ។ (កិច្ចការ ៦:១២; ៧:៥៥, ៥៦) ពីមុននោះ ព្រះវិញ្ញាណបរិសុទ្ធបានជំរុញចិត្តពួកសិស្សឲ្យផ្សព្វផ្សាយដោយចិត្តក្លាហាន។ លូការាយការណ៍ថា៖ «កាលបានអធិស្ឋានរួចហើយ នោះកន្លែងដែលគេប្រជុំគ្នាក៏រញ្ជួយ ហើយគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា រួចក៏ផ្សាយព្រះបន្ទូលដោយចិត្តក្លាហាន»។—កិច្ចការ ៤:៣១
១៧. តើតាមវិធីណាទៀត ដែលព្រះវិញ្ញាណបរិសុទ្ធបានជួយពួកសិស្សក្នុងកិច្ចបំរើ?
១៧ ព្រះយេហូវ៉ានិងព្រះយេស៊ូបានដឹកនាំកិច្ចផ្សព្វផ្សាយតាមរយៈព្រះវិញ្ញាណបរិសុទ្ធដ៏ខ្លាំងពូកែរបស់ទ្រង់ទៀតផង។ (យ៉ូហាន ១៤:២៨; ១៥:២៦) ពេលកូនេលាស ញាតិសន្ដានរបស់គាត់ និងមិត្តសំឡាញ់របស់គាត់បានទទួលនូវព្រះវិញ្ញាណបរិសុទ្ធ នោះសាវ័កពេត្រុសបានទទួលស្គាល់ថា អ្នកសាសន៍ដទៃដែលមិនទាន់កាត់ស្បែកអាចមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបុណ្យជ្រមុជទឹកដោយនូវនាមព្រះយេស៊ូគ្រីស្ទ។ (កិច្ចការ ១០:២៤, ៤៤-៤៨) ក្រោយមក ព្រះវិញ្ញាណបរិសុទ្ធមានតួនាទីសំខាន់ក្នុងការតែងតាំងលោកបាណាបាសនិងសូល(សាវ័កប៉ុល)ឲ្យធ្វើបេសកម្ម ថែមទាំងបានមានតួនាទីសំខាន់ក្នុងការណែនាំថា កន្លែងណាដែលគួរទៅនិងមិនគួរទៅនោះ។ (កិច្ចការ ១៣:២, ៤; ១៦:៦, ៧) ព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំទម្រង់ការសំរាប់ការសម្រេចចិត្តរបស់ពួកសាវ័កនិងអ្នកចាស់ទុំនៅទីក្រុងយេរូសាឡិម។ (កិច្ចការ ១៥:២៣, ២៨, ២៩) ព្រះវិញ្ញាណបរិសុទ្ធក៏បានណែនាំឲ្យមានការតែងតាំងអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំគ្រីស្ទាន។—កិច្ចការ ២០:២៨
១៨. តើគ្រីស្ទាននៅសម័យដើមបានសម្ដែងសេចក្ដីស្រឡាញ់តាមរបៀបណាខ្លះ?
១៨ បន្ថែមទៅទៀត ព្រះវិញ្ញាណបរិសុទ្ធក៏បានមានសកម្មភាពក្នុងគ្រីស្ទានម្នាក់ៗផងដែរ ដោយបង្កើតគុណសម្បត្ដិដូចព្រះ ដូចជាសេចក្ដីស្រឡាញ់។ (កាឡាទី ៥:២២, ២៣) សេចក្ដីស្រឡាញ់បានជំរុញឲ្យពួកសិស្សជួយគ្នាទៅវិញទៅមក។ ជាឧទាហរណ៍ ក្រោយបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ ស.យ. បេឡារួមមួយបានត្រូវរៀបចំដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការខាងរាងកាយរបស់ពួកសិស្សនៅទីក្រុងយេរូសាឡិម។ កំណត់ហេតុព្រះគម្ពីរប្រាប់ថា៖ «នៅក្នុងពួកគេ គ្មានអ្នកណាខ្វះខាតអ្វីសោះ ដ្បិតអស់អ្នកណាដែលមានដីមានផ្ទះ នោះក៏លក់ យកប្រាក់ដែលជាថ្លៃរបស់ទាំងនោះមក ដាក់នៅទៀបជើងពួកសាវក ហើយគេក៏ចែកដល់គ្រប់គ្នាតាមត្រូវការ»។ (កិច្ចការ ៤:៣៤, ៣៥) គេមិនបានបង្ហាញសេចក្ដីស្រឡាញ់នេះដល់អ្នកជឿគ្នីគ្នាប៉ុណ្ណោះទេ ក៏ប៉ុន្តែដល់អ្នកឯទៀតផងដែរ ដោយការប្រាប់ដំណឹងល្អនិងការប្រព្រឹត្តឯទៀតដែលបង្ហាញសេចក្ដីសប្បុរស។ (កិច្ចការ ២៨:៨, ៩) ព្រះយេស៊ូបានមានបន្ទូលថា សេចក្ដីស្រឡាញ់ដែលនាំឲ្យសុខចិត្តពលិកម្មខ្លួននឹងសម្គាល់ជាអ្នកកាន់តាមទ្រង់។ (យ៉ូហាន ១៣:៣៤, ៣៥) សេចក្ដីស្រឡាញ់នេះ ដែលជាគុណសម្បត្ដិដ៏ចាំបាច់ ប្រាកដជាបានទាក់ទាញមនុស្សឲ្យចូលទៅឯព្រះ និងបានជំរុញឲ្យមានការចំរើនឡើងនៅសតវត្សទី១ ដូចនៅសព្វថ្ងៃនេះដែរ។—ម៉ាថាយ ៥:១៤, ១៦
១៩. (ក) តើតាមរបៀបបីយ៉ាងអ្វី ដែលព្រះបន្ទូលរបស់ព្រះបានចំរើនឡើងនៅសតវត្សទី១? (ខ) តើយើងនឹងពិនិត្យមើលអ្វីក្នុងអត្ថបទជាបន្ទាប់?
១៩ សរុបទាំងអស់មក ពាក្យ«ព្រះវិញ្ញាណបរិសុទ្ធ»មាន៤១ដងក្នុងសៀវភៅកិច្ចការ។ យ៉ាងច្បាស់ហើយ ការចំរើនឡើងផ្នែកសាសនាគ្រីស្ទាននៅសតវត្សទី១ បានជាប់ទាក់ទងយ៉ាងចំៗនឹងកម្លាំងនិងការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ។ ចំនួនសិស្សបានចំរើនឡើង ព្រះបន្ទូលរបស់ព្រះបានរីកសាយដុះដាលដល់កន្លែងជាច្រើន ហើយក៏បានឈ្នះលើសាសនានិងទស្សនវិជ្ជានៅសម័យនោះ។ ការចំរើនឡើងនៅសតវត្សទី១ គឺដូចគ្នានឹងកិច្ចការរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាសព្វថ្ងៃនេះដែរ។ ក្នុងអត្ថបទជាបន្ទាប់ យើងនឹងពិនិត្យមើលនូវការចំរើនឡើងនូវព្រះបន្ទូលរបស់ព្រះនៅសម័យទំនើបនេះ ដ៏គួរឲ្យកោតស្ងើចដូចគ្នាដែរ។
តើអ្នកចាំទេ?
• តើតាមរបៀបណាដែលចំនួនសិស្សនៅសម័យដើមបានចំរើនឡើង?
• តើតាមរបៀបណាដែលព្រះបន្ទូលរបស់ព្រះបានដុះដាលរីកសាយដល់កន្លែងជាច្រើន?
• តើដូចម្ដេចដែលព្រះបន្ទូលរបស់ព្រះបានឈ្នះនៅសតវត្សទី១?
• តើព្រះវិញ្ញាណបរិសុទ្ធបានមានតួនាទីអ្វីក្នុងការចំរើនឡើងនូវព្រះបន្ទូលរបស់ព្រះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១២]
ភីលីពបានផ្សព្វផ្សាយដល់បុរសម្នាក់ជនជាតិអេធីយ៉ូពី ទាំងជួយធ្វើឲ្យដំណឹងល្អដុះដាលរីកសាយដល់កន្លែងផ្សេងទៀត
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ១០]
Upper right corner: Reproduction of the City of Jerusalem at the time of the Second Temple - located on the grounds of the Holyland Hotel, Jerusalem