លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាតរភាពមួយទូទាំងពិភពលោក ដែលជួយថែរក្សាគ្នាទៅវិញទៅមក

ភាតរភាពមួយទូទាំងពិភពលោក ដែលជួយថែរក្សាគ្នាទៅវិញទៅមក

ភាតរភាព​មួយ​ទូទាំង​ពិភព​លោក ដែល​ជួយ​ថែ​រក្សា​គ្នា​ទៅ​វិញ​ទៅ​មក

ទោះ​ជា​មើល​យ៉ាង​ឆ្ងាយ​ក៏​ដោយ ក៏​នៅ​តែ​ឃើញ​ថា​មាន​មនុស្ស។ មាន​អ្នក​ចាស់​ជរា​ជា​ច្រើន​នាក់ ដែល​ខ្លះ​នោះ​ពិការ​ដល់​ម្ល៉េះ​បាន​ជា​ពិបាក​នឹង​ដើរ។ ក៏​មាន​ស្ត្រី​ដែល​មាន​ទម្ងន់ និង​គូ​ស្វាមីភរិយា​មិន​សូវ​ចាស់​ប៉ុន្មាន​ផង​ដែរ ដែល​កាន់​ដៃ​កូន​ៗ​របស់​ខ្លួន។ មនុស្ស​ទាំង​អស់​នេះ​ជា​ជន​ភៀស​ខ្លួន ជា​ប្រុស ជា​ស្រី និង​កូន​ក្មេង ដែល​បាន​ត្រូវ​បង្ខំ​ឲ្យ​រត់​ចេញ​ពី​ផ្ទះ​ដើម្បី​រក​ទី​ជ្រក​ពួន​នៅ​ប្រទេស​ជិត​ខាង ដោយ​ព្រោះ​សង្គ្រាម​ស៊ីវិល មហន្តរាយ​ធម្មជាតិ ឬ​កាលៈទេសៈ​ផ្សេង​ទៀត។ អ្នក​ខ្លះ​នោះ​បាន​ត្រូវ​បង្ខំ​ឲ្យ​ចាក​ចោល​ទី​លំនៅ​របស់​គេ​ម្ដង​ហើយ​ម្ដង​ទៀត។ ពេល​ដែល​មាន​ស្ថានការណ៍​ស៊ីវិល​ដ៏​អស្ថេរភាព ឬ​មហន្តរាយ​ធម្មជាតិ ភ្លាម​ៗ​នោះ​គេ​ប្រមូល​វត្ថុ​ទ្រព្យ​ខ្លះ​ៗ​ពី​ផ្ទះ ប្រមូល​កូន​ចៅ និង​រត់​ទៅ​ទី​កន្លែង​ដែល​មាន​សុវត្ថិភាព​ច្រើន​ជាង។ ក្រោយ​មក ពេល​ដែល​មាន​ស្ថេរ​ភាព​វិញ នោះ​ជន​ភៀស​ខ្លួន​ជា​ច្រើន​នាក់​នេះ ត្រូវ​ត្រឡប់​ទៅ​ធ្វើ​ផ្ទះ​គេ​វិញ។

ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​បាន​បើក​ទ្វារ​ទទួល​ជន​ភៀស​ខ្លួន​ពី​ប្រទេស​ផ្សេង​ៗ​ទៀត។ ពេល​ថ្មី​ៗ​នេះ រាប់​ពាន់​នាក់​រួម​បញ្ចូល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​ច្រើន​ផង​ដែរ បាន​រត់​ចេញ​ពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ដែល​ពេញ​ទៅ​ដោយ​សង្គ្រាម ទៅ​ឯ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ដែល​មាន​សុវត្ថិភាព​គ្រប់​គ្រាន់។

បង​ប្អូន​មក​ជួយ

ពួក​ស្មរបន្ទាល់​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​បាន​រាប់​ទុក​ការ​រៀបចំ​ជំនួយ​ផ្នែក​មនុស្ស​ធម៌ ជា​ឯកសិទ្ធិ​មែន។ គេ​បាន​រៀបចំ​ទី​ស្នាក់​ការ​សំរាប់​បង​ប្អូន​គ្រីស្ទាន​ដែល​បាន​ធ្វើ​ដំណើរ​នោះ។ ជា​ដំបូង​នោះ គេ​បាន​រៀប​បន្ទប់​នៅ​ផ្ទះ​មួយ​ៗ តែ​កាល​ដែល​ចំនួន​ជន​ភៀស​ខ្លួន​បាន​ចំរើន​កើន​ឡើង​ៗ ក៏​ឃើញ​ថា ត្រូវ​មាន​ការ​រៀបចំ​ឲ្យ​បាន​ប្រសើរ​ជាង។ គេ​បាន​យក​សាល​ព្រះ​រាជាណាចក្រ​ខ្លះ​ទៅ​ជា​ទី​ស្នាក់​ការ​វិញ។ ស្មរបន្ទាល់​នា​តំបន់​នោះ​បាន​រៀបចំ​ត​ភ្លើង​បន្ថែម ព្រម​ទាំង​ត​បំពង់​ទឹក និង​ចាក់​សាប ដើម្បី​ឲ្យ​អ្នក​ស្នាក់​នៅ​នោះ ស្រណុក​នៅ​ជាង។ ជន​ភៀស​ខ្លួន​នោះ​បាន​រួម​ដៃ​ជា​មួយ​បង​ប្អូន​នៅ​តំបន់​នោះ​ឯង ដើម្បី​ជួយ​ធ្វើ​ទី​ស្នាក់​ការ​បណ្ដោះ​អាសន្ន​ខ្លះ​ៗ។ គេ​បាន​រៀបចំ​កម្ម​វិធី​ទាំង​អស់​នៃ​កិច្ច​ប្រជុំ​គ្រីស្ទាន​ជា​ភាសា​លិង្កាឡា ដើម្បី​ឲ្យ​អ្នក​ដែល​ធ្វើ​ដំណើរ​មក​អាច​ទទួល​អាហារ​ខាង​វិញ្ញាណ ដែល​អាច​ទ្រ​ទ្រង់​ជីវិត​បាន។ ដោយ​ស្មរបន្ទាល់​នៅ​តំបន់​នោះ​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ភ្ញៀវ​របស់​គេ នោះ​បង្ហាញ​ថា​គេ​ពិត​ជា​មាន​ភាតរភាព​អន្តរជាតិ​មែន។

ជន​ភៀស​ខ្លួន​ដែល​មាន​ក្រុម​គ្រួសារ មិន​តែង​តែ​បាន​មក​ជា​មួយ​គ្នា​នោះ​ទេ។ ជួន​កាល សមាជិក​គ្រួសារ​របស់​គេ​បាន​បែក​ពី​គ្នា ហើយ​បាន​ជួប​ជា​មួយ​គ្នា​វិញ​ដែរ នៅ​ឯ​ទិស​ដៅ​របស់​គេ។ នៅ​សាល​ព្រះ​រាជាណាចក្រ​និមួយ​ៗ គេ​បាន​រក្សា​ទុក​នូវ​បញ្ជី​ពី​អស់​អ្នកដែល​បាន​មក​ដល់​ដោយ​មិន​មាន​គ្រោះ​ថ្នាក់។ គេ​ក៏​បាន​រៀបចំ​កម្ម​វិធី​ស្វែង​រក​អស់​អ្នក​ដែល​បាត់​ខ្លួន។ ការិយាល័យ​សាខា​ដែល​ចាត់​ចែង​កិច្ច​ការ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​នោះ បាន​ចាត់​ឡាន​បី​គ្រឿង​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ជួយ​ស្មរបន្ទាល់​នានា​ដែល​នៅ​តែ​ធ្វើ​ដំណើរ​មក និង​ដើម្បី​រក​អ្នក​ណា​ដែល​ប្រហែល​ជា​បាត់​ខ្លួន​ទៅ​ហើយ។ ឡាន​ទាំង​នោះ​បាន​ត្រូវ​សម្គាល់​ដោយ​ផ្លាក​សញ្ញា​ធំ​មួយ​ដែល​មាន​អក្សរ​ថា៖ «ប៉ម​យាម ស្មរបន្ទាល់​ព្រះ​យេហូវ៉ា»។

សូម​នឹក​គិត​ពី​អំណរ​អរ​ដែល​ជន​ភៀស​ខ្លួន​ប្រាំ​ពីរ​នាក់​មាន ដោយ​ជា​កូន​ក្មេង​ដែល​បាន​ដើរ​វង្វេង​ចេញ​ពី​ឪពុក​ម្ដាយ កាល​ដែល​ឃើញ​ឡាន​មួយ​នោះ​ដែល​ជា​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ គេ​បាន​រត់​ទៅ​ឯ​រថយន្ត​នោះ​និង​បាន​សម្គាល់​ខ្លួន​ជា​ស្មរបន្ទាល់​ដែរ។ បង​ប្អូន​បាន​ជួយ​គេ​ចូល​ក្នុង​ឡាន​និង​បាន​ដឹក​គេ​ទៅ​ឯ​សាល​ព្រះ​រាជាណាចក្រ​មួយ និង​នៅ​ទី​បំផុត​គេ​បាន​ជួប​ជុំ​ជា​មួយ​ក្រុម​គ្រួសារ​គេ​វិញ។

តើ​អ្វី​ដែល​បាន​ជួយ​ជន​គ្រីស្ទាន​ដ៏​ឥត​ក្លែង​បន្លំ​នេះ ឲ្យ​ស៊ូ​ទ្រាំ​នឹង​កាលៈទេសៈ​បែប​នេះ គឺ​មិន​មែន​តែ​មួយ​ដង​ប៉ុណ្ណោះ​ទេ តែ​ម្ដង​ហើយ​ម្ដង​ទៀត​ដែរ? គឺ​គេ​ជឿ​ជា​ដាច់​ខាត​ថា យើង​កំពុង​តែ​រស់​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ដូច​ជា​បាន​ទាយ​ទុក​ជា​មុន​ក្នុង​បទ​គម្ពីរ​បរិសុទ្ធ។—ធីម៉ូថេ​ទី​២ ៣:១​-​៥; វិវរណៈ ៦:៣​-​៨

ដូច្នេះ​ហើយ គេ​ដឹង​ថា បន្ដិច​ទៀត​នេះ​ព្រះ​យេហូវ៉ា​នឹង​បញ្ចប់​នូវ​សង្គ្រាម សំអប់ អំពើ​ឃោរឃៅ និង​សេចក្ដី​វេទនា​ជា​ដើម។ បញ្ហា​ជន​ភៀស​ខ្លួន​ត្រូវ​កន្លង​ផុត​ទៅ​ដែរ។ ប៉ុន្តែ​ក្នុង​ចន្លោះ​ពេល​នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ខំ​ជួយ​ថែ​រក្សា​គ្នា​ទៅ​វិញ​ទៅ​មក សម​ស្រប​ទៅ​តាម​ការ​ដាស់​តឿន​របស់​សាវ័ក​ប៉ុល​នៅ​សៀវភៅ​កូរិនថូស​ទី​១ ១២:១៤​-​២៦។ ទោះ​ជា​មាន​ទន្លេ ព្រំ​ដែន ភាសា និង​ចំ​ងាយ​ធ្វើ​ឲ្យ​គេ​នៅ​ដាច់​ឡែក​ពី​គ្នា​ក៏​ដោយ ក៏​គេ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ហើយ​ប្រញាប់​សម្រេច​ការ បើ​មាន​អ្នក​ណា​ម្នាក់​ត្រូវ​ការ​ជំនួយ​នោះ។—យ៉ាកុប ១:២២​-​២៧

[ផែនទី​នៅ​ទំព័រ​៦]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​ទស្សនាវដ្ដី)

ទ្វីប​អាហ្វ្រិក

សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

[អ្នក​ផ្ដល់​សិទ្ធិ]

Mountain High Maps​®​ Copyright © 1997 Digital Wisdom, Inc.

[រូប​ភាព​នៅ​ទំព័រ​៦]

គេ​បាន​ប្រើ​សាល​ព្រះ​រាជាណាចក្រ​បី ជា​កន្លែង​ទទួល​ជន​ភៀស​ខ្លួន

[រូប​ភាព​នៅ​ទំព័រ​៧]

ភ្លាម​ៗ​នោះ​គេ​បាន​រៀបចំ​កន្លែង​ធ្វើ​ម្ហូប

[រូប​ភាព​នៅ​ទំព័រ​៧]

ជន​ភៀស​ខ្លួន​កាន់​តែ​ច្រើន​ឡើង​ៗ​បាន​មក​ដល់

[រូប​ភាព​នៅ​ទំព័រ​៧]

ទើប​តែ​បាន​កើត​មក បែរ ទៅ​ជា​ជន​ភៀស​ខ្លួន​ទៅ​ហើយ