លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សាសនាគ្រីស្ទានពិតកំពុងតែឈ្នះ!

សាសនាគ្រីស្ទានពិតកំពុងតែឈ្នះ!

សាសនា​គ្រីស្ទាន​ពិត​កំពុង​តែ​ឈ្នះ!

«ព្រះ​បន្ទូល​នៃ[ព្រះ​យេហូវ៉ា]បាន​ចំរើន​កើន​ឡើង ហើយ​បាន​ឈ្នះ​ដោយ​អំណាច»។—កិច្ច​ការ ១៩:២០

១. សូម​ពណ៌នា​ពី​ការ​ចំរើន​ឡើង​នៃ​សាសនា​គ្រីស្ទាន​នៅ​សតវត្ស​ទី​១។

 ដោយ​ព្រោះ​គ្រីស្ទាន​ពី​សម័យ​ដើម​បាន​មាន​កម្លាំង​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​គេ​បាន​ប្រកាស​ប្រាប់​ព្រះ​បន្ទូល​របស់​ព្រះ​ដោយ​សេចក្ដី​ឧស្សាហ៍​ដែល​មិន​អាច​ត្រូវ​រំលត់​បាន​ឡើយ។ ប្រវត្ដិវិទូ​ម្នាក់​បាន​សរសេរ​ថា៖ «សាសនា​គ្រីស្ទាន​បាន​រីក​សាយ​ដោយ​ល្បឿន​អស្ចារ្យ​ទូទាំង​ពិភព​រ៉ូម។ ទំរាំ​ដល់​ឆ្នាំ​១០០ ប្រហែល​ជា​គ្រប់​ខេត្ត​ដែល​ជាប់​សមុទ្រ​មេឌីទែរ៉ាណេ​បាន​មាន​សហគមន៍​គ្រីស្ទាន​មួយ​ហើយ»។

២. តើ​អារក្ស​សាតាំង​បាន​ខិត​ខំ​ប្រឆាំង​បក​នឹង​ដំណឹង​ល្អ​តាម​របៀប​ណា? ហើយ​តើ​មាន​ទំនាយ​អ្វី​ខ្លះ​អំពី​រឿង​នេះ?

អារក្ស​សាតាំង​មិន​អាច​បង្ក្រាប​ជន​គ្រីស្ទាន​នៅ​សម័យ​ដើម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​បាន​ទាស់​នឹង​ឥទ្ធិពល​នៃ​ដំណឹង​ល្អ​តាម​របៀប​មួយ​ផ្សេង​ទៀត គឺ​ជា​ការ​ក្បត់​ជំនឿ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទាយ​ទុក​ជា​មុន​អំពី​ព្រឹត្ដិការណ៍​នេះ ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់​ស្តី​ពី​ស្រូវ​សាលី​និង​ស្រងែ។ (ម៉ាថាយ ១៣:២៤​-​៣០, ៣៦​-​៤៣) សាវ័ក​ពេត្រុស​ក៏​បាន​ព្រមាន​ថា នឹង​មាន​គ្រូ​ក្លែង​ក្លាយ​លេច​ឡើង​ក្នុង​ក្រុម​ជំនុំ ទាំង​នាំ​ចូល​នូវ​និកាយ​ដែល​បង្ខូច​បំផ្លាញ។ (ពេត្រុស​ទី​២ ២:១​-​៣) ស្រដៀង​គ្នា​ដែរ សាវ័ក​ប៉ុល​បាន​ព្រមាន​យ៉ាង​ជាក់​ច្បាស់​ថា ការ​ក្បត់​ជំនឿ​នឹង​កើត​ឡើង​មុន​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា។—ថែស្សាឡូនីច​ទី​២ ២:១​-​៣

៣. តើ​អ្វី​បាន​កើត​ឡើង​បន្ទាប់​ពី​ពួក​សាវ័ក​បាន​ស្លាប់​អស់​ទៅ?

បន្ទាប់​ពី​ពួក​សាវ័ក​បាន​ស្លាប់​អស់​ទៅ នោះ​ដំណឹង​ល្អ​បាន​ត្រូវ​គ្រប​ដណ្ដប់​ដោយ​សេចក្ដី​បង្រៀន​ពាហិរជន​និង​ទស្សនវិជ្ជា។ ដូច​ជា​អ្វី​ដែល​បាន​ត្រូវ​ទាយ​ទុក​ជា​មុន នោះ​ពួក​គ្រូ​ក្លែង​ក្លាយ​បាន​មួល​បង្កាច់​សេចក្ដី​ពិត​ទាំង​ធ្វើ​ឲ្យ​សារ​នោះ​លែង​ជា​អ្វី​ដ៏​បរិសុទ្ធ​ទៀត។ បន្ដិច​ម្ដង​ៗ សាសនា​គ្រីស្ទាន​ពិត​បាន​ត្រូវ​គ្រប​ដោយ​អ្វី​ដ៏​ក្លែង​ក្លាយ ដែល​ហៅ​ជា​ពិភព​គ្រីស្ទ​សាសនា។ ក្រុម​បព្វជិត​មួយ​បាន​លេច​ឡើង និង​បាន​ខិត​ខំ​ធ្វើ​ឲ្យ​ព្រះ​គម្ពីរ​ជា​អ្វី​ដែល​មនុស្ស​សាមញ្ញ​មិន​អាច​ទទួល​បាន។ ទោះ​ជា​ចំនួន​អ្នក​ដែល​អះអាង​ថា ខ្លួន​ជា​គ្រីស្ទាន​សាសនា​បាន​ចំរើន​កើន​ឡើង​ក៏​ដោយ តែ​ការ​ថ្វាយ​បង្គំ​របស់​គេ​គឺ​មិន​បរិសុទ្ធ​ទេ។ ពិភព​គ្រីស្ទ​សាសនា​បាន​រីក​សាយ​ដល់​ប្រទេស​ជា​ច្រើន ហើយ​បាន​ក្លាយ​ទៅ​ជា​ស្ថាប័ន​មួយ​ដ៏​ខ្លាំង ថែម​ទាំង​មាន​អានុភាព​យ៉ាង​សម្បើម​ទៅ​លើ​វប្បធម៌​បស្ចិម​ប្រទេស។ ក៏​ប៉ុន្តែ វា​មិន​បាន​ទទួល​នូវ​ពរ​ពី​ព្រះ​ឬ​ក៏​ព្រះ​វិញ្ញាណ​របស់​ទ្រង់​ឡើយ។

៤. ហេតុ​អ្វី​បាន​ជា​ផែន​ការ​របស់​សាតាំង​បាន​ទទួល​បរាជ័យ​ក្នុង​ការ​ខិត​ខំ​ធ្វើ​ឲ្យ​គោល​បំណង​របស់​ព្រះ​ខក​ខាន​មិន​សម្រេច​នោះ?

ក៏​ប៉ុន្តែ ផែន​ការ​របស់​សាតាំង​ត្រូវ​ទទួល​បរាជ័យ​ជា​ពុំ​ខាន​ក្នុង​ការ​ខិត​ខំ​ធ្វើ​ឲ្យ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ខក​ខាន​មិន​សម្រេច។ សូម្បី​តែ​ក្នុង​គ្រា​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​អស់​សង្ឃឹម​ជា​ខ្លាំង​ដោយ​សារ​ការ​ក្បត់​ជំនឿ នោះ​នៅ​តែ​មាន​អ្នក​ខ្លះ​ដែល​កាន់​សាសនា​គ្រីស្ទាន​ពិត​នៅ​ឡើយ។ បុរស​ទាំង​ប៉ុន្មាន​ដែល​បាន​ចម្លង​ព្រះ​គម្ពីរ​បាន​ព្យាយាម​ចម្លង​ឲ្យ​ចំ​នឹង​ឯកសារ​ដើម។ ហេតុ​នេះ​ហើយ ព្រះ​គម្ពីរ​បាន​នៅ​មាន​ខ្លឹម​សារ​ដដែល ទោះ​បី​ជា​សារ​ក្នុង​នោះ​បាន​ត្រូវ​អ្នក​ដែល​អះអាង​ថា ខ្លួន​មាន​សិទ្ធិ​អំណាចបង្រៀន​ព្រះ​គម្ពីរ យក​មក​បក​ស្រាយ​ខុស​អត្ថន័យ​ក៏​ដោយ។ ក្នុង​កំឡុង​សតវត្ស​មុន​ៗ​នោះ ធ្លាប់​មាន​បណ្ឌិត​ខ្លះ​ៗ ដូច​ជា​លោក​ជែរោម និង​លោក​ធីនដេល ដែល​បាន​ប្រមូល​ភាព​ក្លាហាន​ហើយ​បក​ប្រែ​និង​ចែក​ចាយ​ព្រះ​បន្ទូល​របស់​ព្រះ។ រាប់​លាន​នាក់​អាច​ទទួល​ព្រះ​គម្ពីរ​និង​សាសនា​គ្រីស្ទាន​បែប​មួយ​បាន ទោះ​បី​សាសនា​នោះ​គឺ​ក្លែង​ក្លាយ​ក៏​ដោយ។

៥. តើ​ព្យាការី​ដានីយ៉ែល បាន​ទាយ​អំពី​អ្វី​ស្តី​ពី«ចំណេះ[ពិត]»?

នៅ​ទី​បំផុត ‹ចំណេះ​ពិត​បាន​ចំរើន​ឡើង› ដូច​ជា​អ្វី​ដែល​បាន​ត្រូវ​ទាយ​ទុក​ជា​មុន​ក្នុង​សៀវភៅ​ដានីយ៉ែល។ នេះ​បាន​កើត​ឡើង​នៅ«គ្រា​ចុង​បំផុត» ដែល​ជា​គ្រា​យើង​កំពុង​តែ​រស់​នៅ​នេះ។ (ដានីយ៉ែល ១២:៤) ទូទាំង​ផែនដី ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​នាំ​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​ពិត​ឲ្យ​ទទួល​នូវ​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​ពិត​និង​គោល​បំណង​របស់​ទ្រង់។ សូម្បី​តែ​បន្ទាប់​ពី​រាប់​រយ​ឆ្នាំ​ដែល​ប្រកប​ទៅ​ដោយ​ការ​បង្រៀន​ដែល​ក្បត់​ជំនឿ នោះ​ព្រះ​បន្ទូល​របស់​ព្រះ​នៅ​តែ​ឈ្នះ! សព្វ​ថ្ងៃ​នេះ ដំណឹង​ល្អ​កំពុង​តែ​ត្រូវ​គេ​ប្រកាស​ប្រាប់​នៅ​គ្រប់​ទី​កន្លែង ទាំង​ចង្អុល​បញ្ជាក់​នូវ​សេចក្ដី​សង្ឃឹម​ចំពោះ​ពិភព​លោក​ថ្មី​មួយ​ដែល​ជា​ទី​ពេញ​ចិត្ត។ (ទំនុកដំកើង ៣៧:១១) ឥឡូវ យើង​នឹង​ពិចារណា​មើល​នូវ​ការ​ចំរើន​ឡើង​នៃ​បន្ទូល​របស់​ព្រះ​នា​ពេល​បច្ចុប្បន្ន។

ការ​ចំរើន​ឡើង​នៃ​ព្រះ​បន្ទូល​សព្វ​ថ្ងៃ​នេះ

៦. តើ​សិស្ស​ព្រះ​គម្ពីរ​នោះ​បាន​យល់​ពី​សេចក្ដី​ពិត​អ្វី​ខ្លះ ទំរាំ​ដល់​ឆ្នាំ​១៩១៤?

នៅ​ចុង​សតវត្ស​ទី​១៩ សិស្ស​ព្រះ​គម្ពីរ​មួយ​ក្រុម​តូច​ដែល​សព្វ​ថ្ងៃ​ត្រូវ​ហៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា បាន​ចាប់​ផ្ដើម​មាន​សកម្មភាព​ឡើង​ដោយ​សារ​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ។ ទំរាំ​ដល់​ឆ្នាំ​១៩១៤ ព្រះ​គម្ពីរ​បាន​ប្រែ​ជា​អ្វី​ដែល​មាន​ភាព​រស់​រវើក​ចំពោះ​គេ។ ពួក​គេ​បាន​យល់​ពី​សេចក្ដី​ពិត​ដ៏​អស្ចារ្យ​ជា​ច្រើន​អំពី​គោល​បំណង​របស់​ព្រះ។ ពួក​គេ​បាន​រំជួល​ចិត្ត​ដោយ​គិត​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ចាត់​ឲ្យ​ព្រះ​រាជបុត្រា​ទ្រង់​យាង​មក​ផែនដី ទាំង​បើក​ផ្លូវ​ដែល​ឆ្ពោះ​ទៅ​ដល់​ជីវិត​ជា​រៀង​រហូត។ ពួក​គេ​ក៏​បាន​ចាប់​ផ្ដើម​យល់​ដឹង​និង​យល់​តម្លៃ​នៃ​ព្រះ​នាម​របស់​ព្រះ​និង​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់។ ម្យ៉ាង​ទៀត ពួក​គេ​បាន​ទទួល​ស្គាល់​ថា«គ្រា​របស់​សាសន៍​ដទៃ»បាន​ចប់​ហើយ ទាំង​ចង្អុល​បញ្ជាក់​ថា ពេល​វេលា​គឺ​ជិត​ដល់​ហើយ​ដែល​ការ​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​នាំ​មក​នូវ​ពរ​សំរាប់​មនុស្សជាតិ​ទាំង​ឡាយ។ (លូកា ២១:២៤) នោះ​គឺ​ជា​ដំណឹង​ដ៏​ល្អ​ណាស់​ហ្ន៎! សេចក្ដី​ពិត​ដ៏​សក្ដិ​សិទ្ធិ​នោះ គួរ​ត្រូវ​ប្រាប់​ដល់​គ្រប់​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់។ នោះ​គឺ​ជា​រឿង​ស្លាប់​រស់!

៧. តើ​ដូច​ម្ដេច​ដែល​សេចក្ដី​ពិត​ខាង​ព្រះ​គម្ពីរ​បាន​ឈ្នះ​នៅ​សម័យ​បច្ចុប្បន្ន​នេះ?

ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ទៅ​ដល់​គ្រីស្ទាន​មួយ​ក្រុម​តូច​នោះ​ដែល​ជា​អ្នក​ចាក់​ប្រេង​តាំង។ នៅ​សព្វ​ថ្ងៃ​នេះ មាន​ច្រើន​ជាង​៦​លាន​នាក់​ដែល​បាន​ក្រសោប​យក​សេចក្ដី​ពិត​នោះ។ ព្រះ​បន្ទូល​របស់​ព្រះ​ក៏​បាន​ចំរើន​ឡើង​ខាង​ចំនួន​ប្រទេស​និង​តំបន់​ផង​ដែរ ពីព្រោះ​ថា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គឺ​មាន​នៅ​២៣៥​ប្រទេស។ ម្យ៉ាង​ទៀត សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​គឺ​ខ្លាំង​ពូកែ​ផង​ដែរ ដោយ​ឈ្នះ​លើ​ឧបសគ្គ​សព្វ​បែប​យ៉ាង មិន​ថា​ឧបសគ្គ​ខាង​សាសនា​ឬ​ក៏​ខាង​រឿង​ណា​ផ្សេង​ទៀត​ក៏​ដោយ។ ការ​ផ្សព្វ​ផ្សាយ​ទូទាំង​ផែនដី​នេះ ក៏​ជា​សក្ខី​ភាព​ដែល​បញ្ជាក់​តាម​របៀប​មួយ​ដែល​មិន​អាច​ត្រូវ​បដិសេធ​ឡើយ ថា​ព្រះ​យេស៊ូ​កំពុង​តែ​កាន់​អំណាច​គ្រប់​គ្រង​ក្នុង​ព្រះ​រាជាណាចក្រ។—ម៉ាថាយ ២៤:៣, ១៤

៨. តើ​អ្នក​ខ្លះ​បាន​និយាយ​យ៉ាង​ណា​អំពី​ការ​ចំរើន​ឡើង​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា?

បណ្ឌិត​ជា​ច្រើន​នាក់​បាន​សម្គាល់​នូវ​ការ​ចំរើន​ឡើង​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ ដូច​ជា​ប្រវត្ដិវិទូ​បាន​កត់​សម្គាល់​នូវ​ការ​ចំរើន​ឡើង​យ៉ាង​អស្ចារ្យ​នៃ​សាសនា​គ្រីស្ទាន​នៅ​សតវត្ស​ទី​១​នោះ​ដែរ។ នៅ​សហរដ្ឋ​អាមេរិក បណ្ឌិត​ពីរ​នាក់​បាន​សរសេរ​ជា​មួយ​គ្នា​ថា៖ «ក្នុង​កំឡុង​៧៥​ឆ្នាំ​មុន​នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ចំរើន​ឡើង​ដោយ​មាន​អត្រា​អស្ចារ្យ​មិន​ធម្មតា . . . ថែម​ទាំង​បាន​ចំរើន​ដូច្នេះ​ទូទាំង​ពិភព​លោក​ផង​ដែរ»។ សារ​ពត៌មាន​មួយ​នៅ​ទ្វីប​អាហ្វ្រិក​ខាង​កើត​បាន​ពណ៌នា​ពី​ស្មរបន្ទាល់​ថា គេ«ជា​សាសនា​មួយ​ដែល​កំពុង​តែ​ចំរើន​ឡើង​លឿន​ជាង​និង​ត្រូវ​គោរព​ច្រើន​ជាង​សាសនា​ឯ​ទៀត​ក្នុង​ពិភព​លោក ទាំង​ត្រូវ​ទទួល​ស្គាល់​ដល់​ថ្នាក់​អន្តរជាតិ​ដោយ​ព្រោះ​ការ​កាន់​ខ្ជាប់​មិន​លែង​ចំពោះ​ការ​បង្រៀន​ពី​ព្រះ​គម្ពីរ»។ បន្ថែម​ទៅ​ទៀត នៅ​ទ្វីប​អឺរ៉ុប សារ​ពត៌មាន​មួយ​របស់​សាសនា​កាតូលិក​ដ៏​អភិរក្ស​បាន​និយាយ​អំពី«ការ​ចំរើន​កើន​ឡើង​ដ៏​លើស​លប់​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា»។ តើ​អ្វី​បាន​ជំរុញ​ឲ្យ​មាន​ការ​ចំរើន​កើន​ឡើង​ដូច្នេះ?

ព្រះ​វិញ្ញាណ​បរិសុទ្ធ​កំពុង​តែ​មាន​សកម្មភាព​នៅ​សព្វ​ថ្ងៃ​នេះ

៩. (ក) តើ​អ្វី​ជា​មូលហេតុ​សំខាន់​មួយ​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​កំពុង​តែ​ឈ្នះ​នៅ​សព្វ​ថ្ងៃ​នេះ? (ខ) តើ​ព្រះ​យេហូវ៉ា​ទាញ​នាំ​មនុស្ស​ឲ្យ​មក​ឯ​ទ្រង់​យ៉ាង​ដូច​ម្ដេច?

មូលហេតុ​សំខាន់​មួយ​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​កំពុង​តែ​ឈ្នះ​នៅ​សព្វ​ថ្ងៃ​គឺ​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​កំពុង​តែ​មាន​សកម្មភាព​ដ៏​ខ្លាំង​ពូកែ ដូច​នៅ​សតវត្ស​ទី​១។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះ​វរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​ទាញ​នាំ​គេ​ប៉ុណ្ណោះ»។ (យ៉ូហាន ៦:៤៤) ពាក្យ​ទាំង​នេះ​នាំ​ឲ្យ​យល់​ថា ព្រះ​ទាញ​នាំ​មក​យ៉ាង​សប្បុរស​នូវ​អស់​អ្នក​ដែល​មាន​ចិត្ត​ត្រឹម​ត្រូវ ដោយ​ទាក់​ទាញ​ចិត្ត​របស់​គេ។ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​របស់​ស្មរបន្ទាល់​របស់​ទ្រង់ នោះ​ព្រះ​យេហូវ៉ា​កំពុង​តែ​ទាញ​នាំ​មក​នូវ«ទី​គាប់​ចិត្ត​របស់​អស់​ទាំង​សាសន៍»ដើម្បី​បំរើ​ទ្រង់ គឺ​ថា​អស់​អ្នក​នៅ​លើ​ផែនដី ដែល​មាន​ចិត្ត​រាប​ទាប​និង​មាន​លក្ខណៈ​ដូច​ជា​ចៀម។—ហាកាយ ២:៦, ៧

១០. តើ​មនុស្ស​បែប​ណា​ខ្លះ​បាន​ប្រព្រឹត្ត​តប​តាម​ព្រះ​បន្ទូល​របស់​ព្រះ?

១០ ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ មិន​គ្រាន់​តែ​បាន​ចំរើន​កម្លាំង​នៃ​រាស្ត្រ​របស់​ព្រះ​ឲ្យ​ផ្សាយ​ព្រះ​បន្ទូល​របស់​ព្រះ​រហូត​ដល់​ចុង​បំផុត​ផែនដី​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​បាន​ជំរុញ​ចិត្ត​មនុស្ស​សព្វ​បែប​យ៉ាង​ឲ្យ​ប្រព្រឹត្ត​តប​តាម​ដំណឹង​ល្អ​នោះ។ ពិត​មែន អ្នក​ដែល​បាន​ក្រសោប​យក​សេចក្ដី​ពិត​ពី​ព្រះ​បន្ទូល​របស់​ព្រះ​គឺ​មក​ពី«គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍»។ (វិវរណៈ ៥:៩; ៧:៩, ១០) អ្នក​នោះ​រួម​បញ្ចូល​អ្នក​មាន​និង​អ្នក​ក្រ អ្នក​ដែល​មាន​ការ​អប់រំ​ខ្ពស់​ទាំង​អ្នក​ដែល​មិន​ចេះ​អក្សរ​ឡើយ។ អ្នក​ខ្លះ​បាន​ទទួល​សេចក្ដី​ពិត​ដោយ​ប្រឈម​ស្ថានភាព​ពិបាក​ដូច​ជា​សង្គ្រាម​និង​ការ​បៀត​បៀន​ដ៏​ឃោរ​ឃៅ រីឯ​អ្នក​ឯ​ទៀត​វិញ​បាន​ទទួល​សេចក្ដី​ពិត​ក្នុង​កំឡុង​ពេល​ដែល​មាន​សន្ដិភាព​និង​ភាព​រីក​ចំរើន។ បុរស​និង​ស្ត្រី​បាន​ប្រព្រឹត្ត​តប​មក​វិញ​ដោយ​ពេញ​ចិត្ត​នឹង​ដំណឹង​ល្អ ទោះ​បី​នៅ​ក្រោម​រដ្ឋាភិបាល​បែប​ណា​ក៏​ដោយ មិន​ថា​មាន​វប្បធម៌​បែប​ណា​ក៏​ដោយ ឬ​ក៏​ទោះ​ជា​នៅ​ក្នុង​ជំរំ​ឃុំ​ឃាំង​ឬ​ក៏​នៅ​ក្នុង​ព្រះ​រាជវាំង​ក៏​ដោយ។

១១. តើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​ជីវិត​នៃ​រាស្ត្រ​របស់​ព្រះ? ហើយ​តើ​នឹង​មាន​ភាព​ខុស​គ្នា​អ្វី​ដែល​នឹង​ស​ឲ្យ​ឃើញ​នោះ?

១១ ទោះ​បី​រាស្ត្រ​របស់​ព្រះ​មាន​ប្រវត្ដិ​ផ្សេង​ៗ​គ្នា​ដ៏​ម្ល៉េះ​ក៏​ដោយ នោះ​គេ​នៅ​ជា​មួយ​គ្នា​ដោយ​មាន​សាមគ្គីភាព។ (ទំនុកដំកើង ១៣៣:១​-​៣) នេះ​ជា​ភស្តុ​តាង​បន្ថែម​ដែល​គូស​បញ្ជាក់​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​កំពុង​តែ​មាន​សកម្មភាព​ក្នុង​ជីវិត​របស់​អ្នក​ដែល​បំរើ​ព្រះ។ ព្រះ​វិញ្ញាណ​របស់​ព្រះ គឺ​ជា​ឥទ្ធិពល​ខ្លាំង​មួយ​ដែល​ជា​ជំនួយ​ដល់​អ្នក​បំរើ​របស់​ទ្រង់ ឲ្យ​បង្ហាញ​គុណសម្បត្ដិ​ផ្សេង​ៗ​ដូច​ជា​សេចក្ដី​ស្រឡាញ់ អំណរ សន្ដិភាព សេចក្ដី​សប្បុរស និង​លក្ខណៈ​ឯ​ទៀត​ដែល​ជា​ទី​ពេញ​ចិត្ត។ (កាឡាទី ៥:២២, ២៣) សព្វ​ថ្ងៃ​នេះ យើង​អាច​យល់​ដឹង​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​ព្យាការី​ម៉ាឡាគី​បាន​ទាយ​ជា​យូរ​យារ​មក​ហើយ ថា៖ «គ្រា​នោះ ឯង​រាល់​គ្នា​នឹង​ពិត​ជា​ឃើញ​ភាព​ខុស​គ្នា​រវាង​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់ ហើយ​នឹង​មនុស្ស​ដែល​គោរព​ដល់​ព្រះ នឹង​មនុស្ស​ដែល​មិន​គោរព​ផង»។—ម៉ាឡាគី ៣:១៨, ព.ថ.

ព្រះ​បន្ទូល​របស់​ព្រះ​កំពុង​តែ​ឈ្នះ​ដោយ​សារ​អ្នក​បំរើ​ដែល​ធ្វើ​ការ​យ៉ាង​ខ្នះ​ខ្នែង

១២. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​កិច្ច​ផ្សព្វ​ផ្សាយ? ហើយ​តើ​ពួក​គេ​បាន​ត្រៀម​ខ្លួន​ទទួល​ការ​មាន​ប្រតិកម្ម​បែប​ណា​ចំពោះ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​គេ?

១២ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នា​ពេល​បច្ចុប្បន្ន មិន​មែន​ជា​អ្នក​គ្រាន់​តែ​កាន់​សាសនា​ដោយ​គ្មាន​សកម្មភាព​ប៉ុណ្ណោះ​នោះ​ទេ។ ពួក​គេ​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ផ្សព្វ​ផ្សាយ។ ដូច​ជា​គ្រីស្ទាន​ទាំង​ឡាយ​ពី​សម័យ​ដើម​នោះ ពួក​គេ​ក៏​ប្រគល់​ខ្លួន​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ឲ្យ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ ទាំង​រក​ជួយ​អ្នក​ឯ​ទៀត​រៀន​អំពី​ព្រះ​យេហូវ៉ា​នឹង​សេចក្ដី​សន្យា​ដែល​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​នឹង​សម្រេច។ ពួក​គេ​ជា​អ្នក​រួម​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ ទាំង​ធ្វើ​ដោយ​សម​ស្រប​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ នោះគេ​ក៏​ប្រមូល​អ្នក​ឯ​ទៀត​ឲ្យ​ចូល​បំរើ​ព្រះ​យេហូវ៉ា។ ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​សម្ដែង​សេចក្ដី​មេត្ដា​ករុណា​និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្សជាតិ​ដែល​មិន​ជឿ។ ហើយ​គេ​ក៏​ធ្វើ​ដូច្នេះ ថ្វី​បើ​គេ​ប្រទះ​នឹង​ភាព​កន្តើយ​របស់​មនុស្ស និង​រង​នូវ​ការ​សើច​ចំអក​និង​ការ​បៀត​បៀន​ក៏​ដោយ។ ព្រះ​យេស៊ូ​បាន​ជួយ​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​ត្រៀម​ខ្លួន​ទុក​ជា​មុន​ដើម្បី​ប្រទះ​នូវ​របៀប​ផ្សេង​ៗ​ដែល​មនុស្ស​នឹង​មាន​ប្រតិកម្ម​នឹង​ដំណឹង​ល្អ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «បាវ​មិន​មែន​ធំ​ជាង​ចៅហ្វាយ​ទេ បើ​គេ​បាន​បៀត​បៀន​ដល់​ខ្ញុំ នោះ​គេ​នឹង​បៀត​បៀន​ដល់​អ្នក​រាល់​គ្នា ហើយ​បើ​គេ​បាន​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​គេ​នឹង​កាន់​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ»។—យ៉ូហាន ១៥:២០

១៣. តើ​លក្ខណៈ​អ្វី​ខ្លះ​ដែល​គ្មាន​ក្នុង​ពិភព​គ្រីស្ទ​សាសនា តែ​ផ្ទុយ​ទៅ​វិញ​មាន​ជា​បរិបូរ​ក្នុង​ចំណោម​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នោះ?

១៣ យើង​ប្រាកដ​ជា​កោត​ស្ងើច​នឹង​ភាព​ស្រដៀង​គ្នា​រវាង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ នឹង​អ្នក​ដែល​បាន​ក្រសោប​យក​សាសនា​គ្រីស្ទាន​ពិត​នៅ​សតវត្ស​ទី​១។ អ្វី​មួយ​ទៀត​ដ៏​ស​ឲ្យ​ឃើញ​គឺ​ជា​ភាព​ខុស​គ្នា​រវាង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​និង​ពិភព​គ្រីស្ទ​សាសនា​នៅ​សព្វ​ថ្ងៃ​នេះ។ ក្រោយ​ពី​បណ្ឌិត​ម្នាក់​បាន​សរសេរ​អំពី​ចិត្ត​ឧស្សាហ៍​របស់​គ្រីស្ទាន​ទាំង​ឡាយ​នៅ​សម័យ​ដើម​ក្នុង​ការ​ផ្សព្វ​ផ្សាយ នោះ​គាត់​បាន​និយាយ​សម្ដែង​ដោយ​អារម្មណ៍​សោក​ស្ដាយ​ថា៖ «លុះ​ត្រា​តែ​មាន​ការ​ប្រែ​ប្រួល​ក្នុង​របៀប​របប​របស់​គ្រីស្ទ​សាសនា​សព្វ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​ការ​ផ្សព្វ​ផ្សាយ​ត្រូវ​ចាត់​ទុក​ម្ដង​ទៀត​ជា​ភារកិច្ច​របស់​គ្រីស្ទាន​គ្រប់​គ្នា​ដែល​បាន​ទទួល​នូវ​បុណ្យ​ជ្រមុជ​ទឹក ថែម​ទាំង​មាន​ការ​សម្ដែង​ពី​នោះ​ដោយ​របៀប​រស់​នៅ​ដ៏​ល្អ​ជាង​របៀប​រស់​នៅ​របស់​អ្នក​ដែល​មិន​ជឿ នោះ​យើង​នឹង​មិន​ចំរើន​ទៅ​មុខ​ទេ។ លក្ខណៈ​ទាំង​នោះ​ដែល​ពិភព​គ្រីស្ទ​សាសនា​គ្មាន គឺ​បែរ​ជា​មាន​ជា​បរិបូរ​ក្នុង​ចំណោម​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​វិញ! ជំនឿ​របស់​គេ​គឺ​ជា​ជំនឿ​មួយ​ដ៏​រស់​រវើក និង​ពិត​ប្រាកដ ថែម​ទាំង​ជា​ជំនឿ​មួយ​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ ដែល​ចិត្ត​គេ​ត្រូវ​ជំរុញ​ឲ្យ​ប្រាប់​ដល់​អស់​អ្នក​ណា​ដែល​ចង់​ស្ដាប់។—ធីម៉ូថេ​ទី​១ ២:៣, ៤

១៤. តើ​ព្រះ​យេស៊ូ​ធ្លាប់​មាន​គំនិត​យ៉ាង​ណា​ចំពោះ​កិច្ច​បំរើ​របស់​ទ្រង់? ហើយ​តើ​សិស្ស​របស់​ទ្រង់​មាន​អាកប្បកិរិយា​អ្វី​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ?

១៤ ព្រះ​យេស៊ូ​បាន​ចាត់​ទុក​កិច្ច​បំរើ​របស់​ទ្រង់​ជា​អ្វី​ដ៏​សំខាន់​ណាស់ ទាំង​ទុក​នោះ​ជា​កិច្ច​ការ​ដ៏​ចំបង​របស់​ទ្រង់។ ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់​ពីឡាត់​ថា៖ «ខ្ញុំ​បាន​កើត​មក ហើយ​ក៏​ចូល​ក្នុង​លោកីយ​នេះ​សំរាប់​តែ​ការ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ពិត»។ (យ៉ូហាន ១៨:៣៧) រាស្ត្រ​របស់​ព្រះ​មាន​គំនិត​ដូច​ជា​ព្រះ​យេស៊ូ​ដែរ។ ដោយ​សារ​ពួក​គេ​មាន​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​ក្នុង​ចិត្ត​របស់​គេ នោះ​គេ​ព្យាយាម​រក​វិធី​ផ្សេង​ៗ​ដើម្បី​វិភាគ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​នោះ​ដែរ។ វិធី​ខ្លះ​ដែល​ត្រូវ​ប្រើ​នោះ ប្រកប​ទៅ​ដោយ​ការ​ប៉ិន​ប្រសប់​ដ៏​អស្ចារ្យ។

១៥. តើ​តាម​របៀប​ណា​ដែល​អ្នក​ខ្លះ​បាន​បង្ហាញ​ការ​ប៉ិន​ប្រសប់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ?

១៥ នៅ​ប្រទេស​មួយ​នា​ទ្វីប​អាមេរិក​ខាង​ត្បូង ស្មរបន្ទាល់​ព្រះ​យេហូវ៉ាបាន​ធ្វើ​ដំណើរ​តាម​ដៃ​ទន្លេ​អាម៉ាហ្សូន ដើម្បី​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត​ដល់​មនុស្ស​នៅ​តំបន់​នោះ។ ក៏​ប៉ុន្តែ ពេល​សង្គ្រាម​ស៊ីវិល​បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​១៩៩៥ នោះ​ចរាចរ​ជន​ស៊ីវិល​តាម​ផ្លូវ​ទឹក​ទន្លេ​បាន​ត្រូវ​ហាមប្រាម។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​សម្រេច​បណ្ដែត​សារ​ដំណឹង​ល្អ​តាម​ខ្សែ​ទឹក ដោយ​បាន​តាំង​ចិត្ត​ផ្គត់​ផ្គង់​ប្រកាសនវត្ថុ​ដល់​អ្នក​ចាប់​អារម្មណ៍។ ស្មរបន្ទាល់​ទាំង​នោះ​បាន​សរសេរ​សំបុត្រ​នឹង​ដាក់​សំបុត្រ​ទាំង​នោះ​ក្នុង​ដប​ជ័រ​ជា​មួយ​គ្នា​នឹង​ទស្សនាវដ្ដី​ប៉ម​យាម​និង​ភ្ញាក់​រឭក!ខ្លះ​ៗ។ ក្រោយ​នោះ គេ​បាន​បោះ​ដប​នោះ​ចូល​ទៅ​ក្នុង​ទឹក។ គេ​បាន​ធ្វើ​អ៊ីចឹង​អស់​៤​ឆ្នាំ​កន្លះ ទាល់​តែ​ទន្លេ​អាច​ត្រូវ​ប្រើ​ដោយ​ជន​ស៊ីវិល​ម្ដង​ទៀត។ តាម​មាត់​ទន្លេ​នោះ មនុស្ស​ជា​ច្រើន​បាន​អរគុណ​ស្មរបន្ទាល់​ទាំង​នេះ​សំរាប់​ប្រកាសនវត្ថុ​ទាំង​នោះ។ ស្ត្រី​ម្នាក់​ដែល​ធ្លាប់​ជា​សិស្ស​ព្រះ​គម្ពីរ បាន​ឱប​គេ​ទាំង​ស្រក់​ទឹក​ភ្នែក និង​ពោល​ថា៖ «ខ្ញុំ​បាន​នឹក​ស្មាន​ថា ខ្ញុំ​នឹង​មិន​ជួប​អ្នក​ទៀត​ទេ។ ប៉ុន្តែ ពេល​ខ្ញុំ​ទទួល​ប្រកាស​វត្ថុ​របស់​អ្នក​ក្នុង​ដប​នោះ ខ្ញុំ​បាន​ដឹង​ថា​អ្នក​មិន​បាន​ភ្លេច​ខ្ញុំ​ទេ!»។ អ្នក​ឯ​ទៀត​ដែល​រស់​នៅ​តាម​មាត់​ទន្លេ​ក៏​បាន​ប្រាប់​ថា គេ​ធ្លាប់​អាន​ទស្សនាវដ្ដី​ទាំង​នោះ​ម្ដង​ហើយ​ម្ដង​ទៀត។ សហគមន៍​ជា​ច្រើន​មាន​ទឹក​កួច​នៅ​កន្លែង​មួយ ដែល​ធ្វើ​ការ​មិន​ខុស​ពី​ប៉ុស្តិ៍​ប្រៃសណីយ៍​មួយ​នោះ​ទេ ពីព្រោះ​វត្ថុ​ដែល​អណ្ដែត​មក​ធ្លាប់​ជាប់​នៅ​នោះ​មួយ​រយៈ​ខ្លី។ អ្នក​ចាប់​អារម្មណ៍​ធ្លាប់​ទៅ​មើល​នៅ​កន្លែង​ទឹក​កួច​នោះ​ជា​ញឹក​ញយ ដើម្បី​មើល​ថា តើ​មាន​សំបុត្រ​ណា​មក​ពី​ក្បាល​ទឹក​ឬ​ក៏​អត់។

១៦. ជួន​កាល តើ​ដូច​ម្ដេច​ដែល​ការ​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​ផ្សព្វ​ផ្សាយ អាច​បើក​ផ្លូវ​ទៅ​ដល់​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស?

១៦ ព្រះ​យេហូវ៉ា​និង​ពួក​ទេវតា​ដ៏​ខ្លាំង​ពូកែ​របស់​ទ្រង់ កំពុង​តែ​ដឹក​នាំ​ថែម​ទាំង​គាំទ្រ​នូវ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ (វិវរណៈ ១៤:៦) បើ​សិន​ជា​យើង​ប្រុង​ប្រៀប​ផ្សព្វ​ផ្សាយ​ជា​និច្ច នោះ​ជួន​កាល​យើង​នឹង​មាន​ឱកាស​ផ្សព្វ​ផ្សាយ​ដោយ​មិន​ដឹង​ទុក​ជា​មុន​ឡើយ។ នៅ​ទី​ក្រុង​ណែរ៉ូប៊ី​នៅ​ប្រទេស​គេនយ៉ា ស្ត្រី​គ្រីស្ទាន​ពីរ​នាក់​ដែល​កំពុង​តែ​ផ្សព្វ​ផ្សាយ បាន​ផ្សាយ​ចប់​នូវ​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​បាន​ត្រូវ​កំណត់​ឲ្យ​គេ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​នោះ។ ស្ត្រី​ម្នាក់​បាន​មក​ជួប​គេ​ទាំង​ប្រាប់​ដោយ​ចិត្ត​រំភើប​ថា៖ «ខ្ញុំ​បាន​អធិស្ឋាន​សូម​ជួប​មនុស្ស​ដូច​ជា​ពួក​អ្នក»។ គាត់​បាន​អង្វរ​ស្មរបន្ទាល់​ពីរ​នាក់​នោះ​ឲ្យ​ទៅ​ផ្ទះ​របស់​គាត់​ភ្លាម​ៗ​ដើម្បី​ពិភាក្សា​គ្នា ហើយ​គេ​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​នៅ​ថ្ងៃ​នោះ​ឯង។ ហេតុ​អ្វី​បាន​ជា​ស្ត្រី​នេះ​ប្រញាប់​នឹង​ជួប​គ្រីស្ទាន​ពីរ​នាក់​នោះ​ដូច្នេះ? ប្រមាណ​ពីរ​សប្ដាហ៍​មុន​នោះ កូន​ង៉ា​របស់​គាត់​បាន​ស្លាប់។ ម្ល៉ោះ​ហើយ ពេល​គាត់​ឃើញ​ក្មេង​ប្រុស​ម្នាក់​កំពុង​តែ​កាន់​ខិត្តប័ណ្ណ​ដែល​មាន​ចំណង​ជើង​ថា«តើ​មាន​សេចក្ដី​សង្ឃឹម​អ្វី​សម្រាប់​មនុស្ស​ដែល​យើង​ស្រឡាញ់​ដែល​បាន​ស្លាប់​ទៅ?» គាត់​ចង់​បាន​ជា​ខ្លាំង និង​បាន​សុំ​ពី​ក្មេង​ប្រុស​នោះ។ ក្មេង​ប្រុស​នោះ​មិន​ព្រម​ឲ្យ​ទេ តែ​បាន​ចង្អុល​សំដៅ​រក​ស្មរបន្ទាល់​ដែល​បាន​ឲ្យ​ខិត្តប័ណ្ណ​នោះ។ មិន​យូរ​ក្រោយ​មក ស្ត្រី​នោះ​បាន​លូត​លាស់​យ៉ាង​ប្រសើរ​ខាង​វិញ្ញាណ និង​មាន​សមត្ថភាព​ច្រើន​ជាង​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​ដែល​មក​ពី​ការ​បាត់​បង់​កូន​របស់​គាត់។

សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ត្រូវ​តែ​ឈ្នះ

១៧​-​១៩. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​អ្វី​ដល់​មនុស្សជាតិ​តាម​រយៈ​តម្លៃ​លោះ?

១៧ ការ​ចំរើន​ឡើង​នូវ​ព្រះ​បន្ទូល​របស់​ព្រះ ដែល​កំពុង​តែ​កើត​មាន​ទូទាំង​ផែនដី​ដល់​ម្ល៉េះ គឺ​ជាប់​ទាក់​ទង​ផ្ទាល់​នឹង​យញ្ញ​បូជា​លោះ​របស់​ព្រះ​គ្រីស្ទ​យេស៊ូ។ ការ​ផ្សព្វ​ផ្សាយ​គឺ​ជា​ការ​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​នៅ​គ្រប់​ទី​កន្លែង ដូច​ជា​យញ្ញ​បូជា​លោះ​អ៊ីចឹង។ សាវ័ក​យ៉ូហាន​បាន​ត្រូវ​បណ្ដាល​ឲ្យ​សរសេរ​ថា៖ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ»។—យ៉ូហាន ៣:១៦

១៨ សូម​គិត​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​បាន​សម្ដែង​ដោយ​ការ​ប្រទាន​នូវ​តម្លៃ​លោះ​នោះ។ អស់​រាប់​សិប​កោដិ​ឆ្នាំ​ហើយ ព្រះ​បាន​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​រាជបុត្រ​ទ្រង់​តែ​មួយ ដែល​ទ្រង់​បាន​បង្កើត​ផ្ទាល់ ជា«ដើម​ការ​ដែល​ព្រះ​ទ្រង់​បង្កើត​មក»។ (វិវរណៈ ៣:១៤) ព្រះ​យេស៊ូ​ស្រឡាញ់​ព្រះ​វរបិតា​របស់​ទ្រង់​ខ្លាំង​ណាស់ ហើយ​ព្រះ​យេហូវ៉ា​បាន​ស្រឡាញ់​ព្រះ​រាជបុត្រ​របស់​ទ្រង់«មុន​កំណើត​លោកីយ​រៀង​មក»។ (យ៉ូហាន ១៤:៣១; ១៧:២៤) ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​ព្រះ​រាជបុត្រ​របស់​ទ្រង់ សោយ​ទិវង្គត ប្រយោជន៍​ឲ្យ​មនុស្សជាតិ​អាច​ទទួល​ជីវិត​ជា​រៀង​រហូត។ នេះ​ជា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​របៀប​ដ៏​អស្ចារ្យ​ណាស់​ហ្ន៎!

១៩ យ៉ូហាន ៣:១៧ ប្រាប់​ថា៖ «ព្រះ​ទ្រង់​មិន​បាន​ចាត់​ព្រះ​រាជបុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​លោកីយ ដើម្បី​នឹង​ជំនុំ​ជំរះ​លោកីយ​នោះ​ទេ គឺ​ឲ្យ​លោកីយ​បាន​សង្គ្រោះ ដោយ​សារ​ទ្រង់​វិញ»។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ចាត់​ឲ្យ​ព្រះ​រាជបុត្រ​របស់​ទ្រង់​បំពេញ​នូវ​បេ​សកម្ម​មួយ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ដើម្បី​សង្គ្រោះ មិន​មែន​ដើម្បី​ជំនុំ​ជំរះ​ឬ​ក៏​កាត់​ទោស​ទេ។ នេះ​គឺ​សម​ស្រប​នឹង​សំដី​របស់​ពេត្រុស​ដែល​ថា៖ «[ព្រះ​យេហូវ៉ា]មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ»។—ពេត្រុស​ទី​២ ៣:៩

២០. តើ​សេចក្ដី​សង្គ្រោះ​គឺ​ជាប់​ទាក់​ទង​នឹង​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

២០ ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​នូវ​មូលដ្ឋាន​តាម​ផ្លូវ​ច្បាប់​ដោយ​ផ្ដល់​តម្លៃ​ដ៏​ថ្លៃ នោះ​ទ្រង់​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​មនុស្ស​ជា​ច្រើន​បំផុត​ដែល​អាច​ត្រូវ​សង្គ្រោះ​បាន ឲ្យ​មក​ទទួល​ប្រយោជន៍​ពី​នោះ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «គឺ​អស់​អ្នក​ណា ដែល​អំពាវនាវ​ដល់​ព្រះ​នាម[ព្រះ​យេហូវ៉ា] នោះ​នឹង​បាន​សង្គ្រោះ ដូច្នេះ បើ​គេ​មិន​ជឿ ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​អំពាវនាវ​ដល់​ព្រះ​បាន ហើយ​បើ​គេ​មិន​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ​បាន ហើយ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ឮ​និយាយ​បាន បើ​គ្មាន​អ្នក​ណា​ប្រាប់​សោះ»។—រ៉ូម ១០:១៣, ១៤

២១. តើ​យើង​គួរ​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ដែល​យើង​មាន​ឱកាស​រួម​ចំណែក​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ?

២១ ការ​រួម​ចំណែក​កិច្ច​ផ្សព្វ​ផ្សាយ​និង​បង្រៀន​ទូទាំង​ពិភព​លោក​នេះ​គឺ​ជា​ឯកសិទ្ធិ​មួយ​ដ៏​ប្រសើរ​ណាស់​ហ្ន៎! នោះ​មិន​មែន​ជា​ការងារ​ដ៏​ស្រួល​ទេ ក៏​ប៉ុន្តែ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​សប្បាយ​ណាស់​ហ្ន៎! ពេល​ទ្រង់​ទត​ឃើញ​រាស្ត្រ​របស់​ទ្រង់​កំពុង​តែ​រស់​នៅ​សម​ស្រប​តាម​សេចក្ដី​ពិត​នោះ​ទាំង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ដំណឹង​ល្អ។ ដូច្នេះ ទោះ​ជា​អ្នក​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ចូរ​ឲ្យ​ព្រះ​វិញ្ញាណ​របស់​ព្រះ​និង​សេចក្ដី​ស្រឡាញ់​ក្នុង​ចិត្ត​របស់​អ្នក ជំរុញ​ឲ្យ​អ្នក​រួម​ចំណែក​ក្នុង​កិច្ច​ការ​នេះ។ ហើយ​ចូរ​នឹក​ចាំ​ថា អ្វី​ដែល​យើង​ឃើញ​កំពុង​តែ​សម្រេច​ទូទាំង​ផែនដី​សព្វ​ថ្ងៃ​នេះ ក៏​ជា​ភស្តុ​តាង​ថា ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ បន្ដិច​ទៀត​ទ្រង់​នឹង​សម្រេច​នូវ​សេចក្ដី​សន្យា​របស់​ទ្រង់​នឹង​នាំ​ចូល​នូវ«ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី»ដ៏​រុង​រឿង​នោះ ជា​កន្លែង«ដែល​មាន​សុទ្ធ​តែ​សេចក្ដី​សុចរិត​វិញ»។—ពេត្រុស​ទី​២ ៣:១៣

តើ​អ្នក​ចាំ​ទេ?

ហេតុ​អ្វី​បាន​ជា​ការ​ក្បត់​ជំនឿ​មិន​អាច​បញ្ឈប់​អ្នក​ដែល​ផ្សាយ​នូវ​ដំណឹង​ល្អ?

តើ​ដូច​ម្ដេច​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​បាន​ឈ្នះ​នៅ​សម័យ​យើង​នេះ?

តើ​ព្រះ​វិញ្ញាណ​របស់​ព្រះ​កំពុង​តែ​មាន​សកម្មភាព​អ្វី​ខ្លះ នៅ​សព្វ​ថ្ងៃ​នេះ?

តើ​ដូច​ម្ដេច​ដែល​តម្លៃ​លោះ​គឺ​ជាប់​ទាក់​ទង​នឹង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ក្រាប/រូប​ភាព​នៅ​ទំព័រ​១៦]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​ទស្សនាវដ្ដី)

ការ​ចំរើន​កើន​ឡើង​នូវ​ចំនួន​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​នៅ​សតវត្ស​ទី​២០

ចំនួន​អ្នក​ផ្សាយ​ជា​មធ្យម (ដោយ​គិត​ជា​ចំនួន​លាន​នាក់)

៦.០

៥.៥

៥.០

៤.៥

៤.០

៣.៥

៣.០

២.៥

២.០

១.៥

១.០

០.៥

១៩០០ ១៩១០ ១៩២០ ១៩៣០ ១៩៤០ ១៩៥០ ១៩៦០ ១៩៧០ ១៩៨០ ១៩៩០ ២០០០

[រូប​ភាព​នៅ​ទំព័រ​១៥]

ជែរោម

ធីនដេល

គូតិនបឺក

ហឺស

[អ្នក​ផ្ដល់​សិទ្ធិ]

Gutenberg and Hus: From the book The Story of Liberty, 1878 

[រូប​ភាព​នៅ​ទំព័រ​១៥]

សិស្ស​ព្រះ​គម្ពីរ​កំពុង​តែ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ទសវត្ស​ចាប់​ផ្ដើម​ពី​ឆ្នាំ​១៩២០

[រូប​ភាព​នៅ​ទំព័រ​១៦, ១៧]

ទូទាំង​ផែនដី មនុស្ស​កំពុង​តែ​ប្រព្រឹត្ត​តប​នឹង​ដំណឹង​ល្អ

[រូប​ភាព​នៅ​ទំព័រ​១៨]

ដូច​គ្នា​នឹង​យញ្ញ​លោះ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​នោះ កិច្ច​ផ្សព្វ​ផ្សាយ​ក៏​លើក​ដំកើង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ