លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការណែនាំពីព្រះចំពោះការជ្រើសរើសគូអាពាហ៍ពិពាហ៍

ការណែនាំពីព្រះចំពោះការជ្រើសរើសគូអាពាហ៍ពិពាហ៍

ការ​ណែនាំ​ពី​ព្រះ​ចំពោះ​ការ​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍

«អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ​ដែល​ឯង​ត្រូវ​ដើរ អញ​នឹង​ទូន្មាន​ឯង​ដោយ​ភ្នែក​អញ​មើល​ឯង​ជាប់»។—ទំនុកដំកើង ៣២:៨

១. តើ​កត្ដា​អ្វី​ខ្លះ​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់ ដើម្បី​មាន​អាពាហ៍ពិពាហ៍​មួយ​ដ៏​ជោគ​ជ័យ?

 អ្នក​លេង​សៀ​ក លោត​បង្វិល​ខ្លួន​ទៅ​លើ និង​ក្រោយ​នោះ​តោង​ចាប់​ដៃ​របស់​គូ​លេង​សៀ​ក​ដែល​កំពុង​តែ​ចាំ​នៅ​ម្ខាង​ទៀត​ខាង​លើ​ដែរ ដោយ​មាន​ជើង​ជាប់​នៅ​ខាង​លើ​ហើយ​ក្បាល​សំយុង​ចុះ​មក​ក្រោម។ គូ​កីឡា​រាំ​ជិះ​ស្គី​លើ​ទឹក​កក​ជា​មួយ​គ្នា ក្រោយ​មក​បុរស​នោះ​លើក​ស្រី​ដែល​ជា​គូ​របស់​គាត់។ ស្រី​នោះ​វិល​ពីរ​បី​ជុំ​និង​ចុះ​យ៉ាង​ស្រួល​ដោយ​ជិះ​ស្គី​តែ​មួយ​និង​បន្ត​ជិះ​ជា​មួយ​គូ​របស់​គាត់​លើ​ទឹក​កក។ ការ​លេង​ទាំង​ពីរ​នេះ​មើល​ទៅ​ដូច​ជា​អ្នក​ធ្វើ​មិន​បាន​ប្រឹង​សោះ។ ក៏​ប៉ុន្តែ តើ​យើង​នឹង​សាក​ធ្វើ​បាន​ទេ បើ​សិន​មិន​បាន​ហាត់ ហើយ​គ្មាន​គូ​ដែល​មាន​សមត្ថភាព និង​ជា​ពិសេស​បើ​សិន​ជា​គ្មាន​ការ​ណែនាំ​និង​ការ​បង្ហាត់​បង្រៀន​ត្រឹម​ត្រូវ​នោះ? ស្រដៀង​គ្នា​ដែរ អាពាហ៍ពិពាហ៍​មួយ​ដ៏​ជោគ​ជ័យ ប្រហែល​ជា​ក៏​មើល​ទៅ​ដូច​ជា​កើត​មាន​ឡើង​ដោយ​ចៃដន្យ។ ក៏​ប៉ុន្តែ នោះ​ក៏​អាស្រ័យ​ទៅ​លើ​ការ​មាន​គូ​ដ៏​ល្អ​ម្នាក់ ការ​ខិត​ខំ​រួម​ធ្វើ​ការ​ជា​មួយ​គ្នា និង​ជា​ពិសេស​ទៅ​លើ​ដំបូន្មាន​ដែល​ប្រកប​ទៅ​ដោយ​ប្រាជ្ញា។ ពិត​មែន ការ​ណែនាំ​ដ៏​ត្រឹម​ត្រូវ​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់។

២. (ក) តើ​អ្នក​ណា​បាន​ផ្ដើម​ការ​រៀប​អាពាហ៍ពិពាហ៍? ហើយ​តើ​នោះ​បាន​ត្រូវ​រៀបចំ​ដោយ​មាន​គោល​បំណង​អ្វី? (ខ) តើ​អាពាហ៍ពិពាហ៍​ខ្លះ​បាន​ត្រូវ​រៀបចំ​តាម​របៀប​ណា?

គឺ​ជា​ការ​ធម្មតា​ដែល​យុវបុរស​ឬ​ក៏​យុវនារី​ម្នាក់​នឹង​គិត​អំពី​ការ​រៀប​អាពាហ៍ពិពាហ៍ នេះ​សំដៅ​ទៅ​លើ​ការ​រក​មិត្ត​មួយ​ជីវិត។ តាំង​តែ​ពី​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​រៀបចំ​ឲ្យ​មាន​ការ​រៀប​អាពាហ៍ពិពាហ៍ នោះ​ការ​រៀប​ការ​រវាង​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​បាន​ទៅ​ជា​អ្វី​ដ៏​ធម្មតា​ក្នុង​ជីវិត។ ក៏​ប៉ុន្តែ បុរស​ទី​មួយ​ឈ្មោះ​អ័ដាម មិន​បាន​ជ្រើស​រើស​ប្រពន្ធ​របស់​គាត់​ដោយ​ខ្លួន​ឯង​ទេ។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​នាង​អេវ៉ា​ទៅ​អ័ដាម ដោយ​សារ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់។ (លោកុប្បត្តិ ២:១៨​-​២៤) ទ្រង់​មាន​គោល​បំណង​ឲ្យ​គូ​ទី​មួយ​នោះ​បង្កើត​កូន​ជា​ច្រើន ហើយ​នៅ​ទី​បំផុត​ផែនដី​នឹង​ពេញ​ទៅ​ដោយ​មនុស្ស។ បន្ទាប់​ពី​ការ​រៀប​អាពាហ៍ពិពាហ៍​ទី​មួយ​នោះ មាតា​បិតា​របស់​កូន​ក្រមុំ​និង​កូន​កំលោះ​ច្រើន​តែ​ជា​អ្នក​ដែល​រៀបចំ​ការ​រៀប​អាពាហ៍ពិពាហ៍​របស់​កូន ដោយ​ជួន​កាល​ត្រូវ​សុំ​ការ​យល់​ព្រម​ពី​ភាគី​ដែល​ពាក់​ព័ន្ធ។ (លោកុប្បត្តិ ២១:២១; ២៤:២​-​៤, ៥៨; ៣៨:៦; យ៉ូស្វេ ១៥:១៦, ១៧) ទោះ​បី​តាម​វប្បធម៌​ប្រទេស​ខ្លះ​ៗ មាតា​បិតា​នៅ​តែ​រៀបចំ​អាពាហ៍ពិពាហ៍​របស់​កូន​គាត់​ក៏​ដោយ សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍​របស់​គេ​ដោយ​ខ្លួន​ឯង។

៣. តើ​មនុស្ស​ម្នាក់​គួរ​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍​តាម​របៀប​ណា?

តើ​មនុស្ស​ម្នាក់​គួរ​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍​ដោយ​ដូច​ម្ដេច? អ្នក​ខ្លះ​ត្រូវ​ទាក់​ទាញ​ដោយ​អាការ​ក្រៅ ឬ​ក៏​អ្វី​ដែល​គាប់​ដល់​ភ្នែក​របស់​គេ។ អ្នក​ឯ​ទៀត​គិត​អំពី​ប្រយោជន៍​ខាង​ទ្រព្យ​សម្បត្ដិ​គឺ​ថា ខំ​រក​មនុស្ស​ម្នាក់​ដែល​នឹង​ចិញ្ចឹម​គេ​យ៉ាង​ល្អ​និង​បំពេញ​តាម​សេចក្ដី​ត្រូវ​ការ​និង​ចំណូល​ចិត្ត​របស់​គេ​ផង​ដែរ។ ក៏​ប៉ុន្តែ តើ​គំនិត​ទាំង​នេះ​ប៉ុណ្ណោះ អាច​នាំ​ទៅ​ដល់​អាពាហ៍ពិពាហ៍​មួយ​ដែល​ប្រកប​ទៅ​ដោយ​សុភមង្គល​និង​ជា​ទី​ពេញ​ចិត្ត​បាន​ឬ​ទេ? សុភាសិត ៣១:៣០ ប្រាប់​ថា៖ «រូប​ឆោម​ឆាយ​ជា​សេចក្ដី​បញ្ឆោត ហើយ​មុខ​ស្រស់​ល្អ​ក៏​ឥត​ប្រយោជន៍​ដែរ តែ​ស្ត្រី​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​នឹង​មាន​គេ​សរសើរ​វិញ»។ ក្នុង​ខ​នោះ​មាន​ចំណុច​ដ៏​សំខាន់​មួយ​គឺ​ថា ចូរ​គិត​អំពី​ព្រះ​យេហូវ៉ា​ចុះ ពេល​អ្នក​កំពុង​តែ​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍។

ការ​ណែនាំ​មក​ពី​ព្រះ​យេហូវ៉ា​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់

៤. តើ​ព្រះ​ផ្ដល់​ឲ្យ​ជំនួយ​អ្វី​ចំពោះ​ការ​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍?

ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​វរបិតា​របស់​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌​និង​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ផង​ដែរ ដោយ​ទ្រង់​បាន​ប្រទាន​នូវ​បន្ទូល​របស់​ទ្រង់​ជា​លាយ​ល័ក្ខ​អក្សរ ដើម្បី​ណែនាំ​យើង​ក្នុង​រឿង​សព្វ​បែប​យ៉ាង។ ទ្រង់​មាន​បន្ទូល​ថា៖ «អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ»។ (អេសាយ ៤៨:១៧) ដូច្នេះ ទំនង​ជា​ព្រះ​គម្ពីរ​មាន​ការ​ណែនាំ​ដែល​ប្រកប​ទៅ​ដោយ​ប្រសិទ្ធិភាព​ចំពោះ​ការ​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍។ ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​អាពាហ៍ពិពាហ៍​របស់​យើង​ឋិត​ថេរ​ជា​ដរាប​ថែម​ទាំង​ប្រកប​ទៅ​ដោយ​សុភមង្គល។ ម្ល៉ោះ​ហើយ ទ្រង់​បាន​ផ្ដល់​ឲ្យ​នូវ​ជំនួយ​ដល់​យើង ដើម្បី​ជួយ​យើង​យល់​និង​ចេះ​អនុវត្ត​តាម​ការ​ណែនាំ​នេះ។ អ្នក​បង្កើត​មួយ​អង្គ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ប្រាកដ​ជា​នឹង​ធ្វើ​ដូច្នេះ មែន​ទេ?—ទំនុកដំកើង ១៩:៨

៥. ដើម្បី​ឲ្យ​មាន​សុភមង្គល​ជា​រៀង​រហូត​ក្នុង​អាពាហ៍ពិពាហ៍ តើ​អ្វី​គឺ​ចាំ​បាច់?

ពេល​ព្រះ​យេហូវ៉ា​ផ្ដើម​ឡើង​ការ​រៀបចំ​ខាង​អាពាហ៍ពិពាហ៍ ទ្រង់​មាន​គោល​បំណង​ឲ្យ​នោះ​ជា​ចំណង​មួយ​ដែល​នឹង​ត្រូវ​រក្សា​ឲ្យ​បាន​ជាប់​ជា​រៀង​រហូត។ (ម៉ាកុស ១០:៦​-​១២; កូរិនថូស​ទី​១ ៧:១០, ១១) ហេតុ​នោះ​ហើយ‹ទ្រង់​ស្អប់​ការ​លះ​លែង​គ្នា​ណាស់› ដោយ​អនុញ្ញាត​ឲ្យ​មាន​ក្នុង​ករណី​តែ‹ផិត​គ្នា›ប៉ុណ្ណោះ។ (ម៉ាឡាគី ២:១៣​-​១៦; ម៉ាថាយ ១៩:៩) ដូច្នេះ ការ​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍​គឺ​ជា​ជំហាន​សំខាន់​ដ៏​ធ្ងន់​ធ្ងរ​មួយ និង​មិន​គួរ​ត្រូវ​ចាត់​ទុក​ជា​រឿង​ស្រាល​ទេ។ គឺ​អត់​សូវ​មាន​ការ​សម្រេច​ផ្សេង​ៗ​ទៀត​ដែល​មាន​លទ្ធភាព​នាំ​មក​នូវ​សុភមង្គល​ច្រើន​ជាង​ឬ​ក៏​ទុក្ខ​សោក​ច្រើន​ជាង​ការ​ជ្រើស​រើស​នេះ​ទេ។ ទោះ​បី​ការ​ជ្រើស​រើស​គូ​ល្អ​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​មនុស្ស​ម្នាក់​កាន់​តែ​សប្បាយ​ឡើង​ៗ​ក៏​ដោយ នោះ​ការ​ជ្រើស​រើស​ដោយ​គ្មាន​ប្រាជ្ញា​អាច​នាំ​មក​នូវ​ទុក្ខ​ព្រួយ​ដែល​មិន​ចេះ​ចប់។ (សុភាសិត ២១:១៩; ២៦:២១) ដើម្បី​បង្កើត​សុភមង្គល​ដែល​មាន​ជា​រៀង​រហូត នោះ​ការ​ជ្រើស​រើស​ដោយ​ប្រាជ្ញា​និង​ការ​សុខ​ចិត្ត​សន្យា​ថា​ខ្លួន​នឹង​មាន​ភក្ដី​ភាព​ជា​រៀង​រហូត​គឺ​ជា​អ្វី​ដ៏​ចាំ​បាច់ ដ្បិត​ព្រះ​បាន​រៀបចំ​អាពាហ៍ពិពាហ៍​ឲ្យ​ធ្វើ​ជា​ទំនាក់​ទំនង​មួយ​ដែល​នឹង​ដុះ​ដាល​ទៅ​លើ​ការ​ចុះ​សម្រុង​គ្នា​និង​ការ​រួម​ធ្វើ​ការ​ជា​មួយ​គ្នា។—ម៉ាថាយ ១៩:៦

៦. ហេតុ​អ្វី​បាន​ជា​យុវបុរស​និង​យុវនារី​ត្រូវ​ប្រុង​ប្រយ័ត្ន ជា​ពិសេស​ពេល​ដែល​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍? ហើយ​តើ​តាម​របៀប​ណា​ដែល​គេ​អាច​ធ្វើ​ការ​សម្រេច​ដោយ​ប្រាជ្ញា?

ជា​ពិសេស យុវបុរស​និង​យុវនារី​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ថា ការ​គាប់​ចិត្ត​ដោយ​សារ​តែ​អាការ​ក្រៅ​និង​ចំណង់​ចិត្ត​ដ៏​ខ្លាំង នឹង​ធ្វើ​ឲ្យ​គេ​មិន​ចេះ​គិត​គូរ​វែក​ញែក​ត្រឹម​ត្រូវ​ក្នុង​ការ​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍។ គឺ​ជា​ហេតុ​ការណ៍​ពិត​មែន​ដែល​ថា ទំនាក់​ទំនង​មួយ​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​តែ​កត្ដា​បែប​នោះ អាច​ក្លាយ​ទៅ​ជា​ការ​មើល​ងាយ​ឬ​ក៏​រហូត​ដល់​មាន​សេចក្ដី​ស្អប់​យ៉ាង​ឆាប់​រហ័ស។ (សាំយូអែល​ទី​២ ១៣:១៥) ក៏​ប៉ុន្តែ ម្យ៉ាង​វិញ​ទៀត សេចក្ដី​ស្រឡាញ់​ដែល​គង់​វង្ស​ជា​ដរាប​អាច​ត្រូវ​បណ្ដុះ​បណ្ដាល​ដំណាល​គ្នា​ពី​ពេល​ដែល​យើង​ខំ​ស្គាល់​គូ​របស់​យើង​កាន់​តែ​ច្បាស់​និង​ស្គាល់​ខ្លួន​យើង​កាន់​តែ​ជាក់​លាក់​ផង​ដែរ។ យើង​ក៏​ត្រូវ​ទទួល​ស្គាល់​ថា អ្វី​ដែល​ល្អ​បំផុត​សំរាប់​យើង ប្រហែល​មិន​ជា​អ្វី​ដែល​ចិត្ត​របស់​យើង​ចង់​បាន​នៅ​ដើម​ដំបូង​នោះ​ទេ។ (យេរេមា ១៧:៩) នេះ​ជា​មូលហេតុ​ដែល​ការ​ណែនាំ​ក្នុង​ព្រះ​គម្ពីរ​គឺ​សំខាន់​ម្ល៉េះ។ នេះ​ជួយ​យើង​ចេះ​វែក​ញែកឲ្យ​ដឹង​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ការ​សម្រេច​ដ៏​ប្រកប​ទៅ​ដោយ​ប្រាជ្ញា​យ៉ាង​ច្រើន​បំផុត។ អ្នក​សរសេរ​ទំនុកដំកើង បាន​ប្រាប់​ពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ដោយ​ថា៖ «អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ​ដែល​ឯង​ត្រូវ​ដើរ អញ​នឹង​ទូន្មាន​ឯង ដោយ​ភ្នែក​អញ​មើល​ឯង​ជាប់»។ (ទំនុកដំកើង ៣២:៨; ហេព្រើរ ៤:១២) ទោះ​បី​អាពាហ៍ពិពាហ៍​អាច​បំពេញ​នូវ​សេចក្ដី​ត្រូវ​ការ​របស់​យើង​ចំពោះ​សេចក្ដី​ស្រឡាញ់​និង​មិត្តភាព​ដែល​ជា​ចំណង់​ដិត​ជ្រៅ​ក្នុង​ចិត្ត​យើង​តាំង​ពី​កំណើត​ក៏​ដោយ នោះ​អាពាហ៍ពិពាហ៍​ក៏​អាច​បង្កើត​ឲ្យ​មាន​បញ្ហា​ផ្សេង​ៗ ដែល​តម្រូវ​ឲ្យ​មាន​ភាព​ចាស់​ទុំ​និង​មាន​សមត្ថភាព​គិត​គូរ​វែក​ញែក។

៧. ហេតុ​អ្វី​បាន​ជា​អ្នក​ខ្លះ​មិន​ព្រម​ទទួល​នូវ​ឱវាទ​ពី​ព្រះ​គម្ពីរ​ទាក់​ទង​នឹង​ការ​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍? ហើយ​តើ​ការ​ធ្វើ​ដូច្នោះ​អាច​នាំ​ទៅ​ដល់​អ្វី?

ដំណើរ​ដែល​ប្រកប​ទៅ​ដោយ​ប្រាជ្ញា​គឺ​ថា យើង​ស្ដាប់​តាម​អ្វី​ដែល​អ្នក​ផ្ដើម​អាពាហ៍ពិពាហ៍​មាន​បន្ទូល​មក​ចំពោះ​ការ​ជ្រើស​រើស​គូ​ម្នាក់។ ក៏​ប៉ុន្តែ ពេល​យើង​ទទួល​ឱវាទ​ពី​ព្រះ​គម្ពីរ​មក​ពី​មាតា​បិតា​ឬ​ក៏​អ្នក​ចាស់​ទុំ ប្រហែល​ជា​យើង​បដិសេធ។ យើង​ប្រហែល​ជា​គិត​ថា គេ​ស្គាល់​ចិត្ត​យើង​តិច​ពេក ហើយ​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​អារម្មណ៍​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​បំពេញ​តាម​ចំណង់​របស់​ខ្លួន​ឯង។ ក៏​ប៉ុន្តែ ក្រោយ​មក ពេល​ដែល​ប្រឈម​មុខ​នឹង​ភាព​ប្រាកដ​ប្រជា​នៃ​ជីវិត​ប្រចាំ​ថ្ងៃ នោះ​យើង​ប្រហែល​ជា​នឹង​សោក​ស្ដាយ​ដោយ​ថា យើង​មិន​បាន​ស្ដាប់​តាម​ឱវាទ​នោះ​ដែល​ប្រកប​ទៅ​ដោយ​ប្រាជ្ញា​ដែល​បាន​ត្រូវ​ជូន​ដើម្បី​ប្រយោជន៍​ដល់​យើង។ (សុភាសិត ២៣:១៩; ២៨:២៦) យើង​ប្រហែល​ជា​នឹង​ជាប់​ក្នុង​អាពាហ៍ពិពាហ៍​មួយ​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ ថែម​ទាំង​មាន​កូន​ដែល​ពិបាក​ចិញ្ចឹម​អប់រំ និង​ប្រហែល​ជា​រហូត​ដល់​មាន​គូ​ដែល​មិន​មែន​ជា​អ្នក​ជឿ។ នេះ​ជា​រឿង​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​មែន បើ​សិន​អាពាហ៍ពិពាហ៍​ដែល​ជា​អ្វី​ដ៏​គួរ​នាំ​ឲ្យ​យើង​សប្បាយ​រីករាយ ប្រែ​ក្លាយ​ទៅ​ជា​ប្រភព​មួយ​នៃ​សេចក្ដី​ទុក្ខ​ព្រួយ​វិញ​នោះ!

ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​គឺ​ជា​កត្ដា​មួយ​ដ៏​ចំបង

៨. តើ​តាម​របៀប​ណា​ដែល​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ​អាច​ជួយ​អាពាហ៍ពិពាហ៍​មួយ​ឋិត​ថេរ​ជា​ដរាប​និង​ប្រកប​ទៅ​ដោយ​សុភមង្គល?

គឺ​ជា​ការ​ពិត​មែន​ដែល​ថា ស្នេហា​ក៏​ជួយ​ពង្រឹង​នូវ​អាពាហ៍ពិពាហ៍។ ក៏​ប៉ុន្តែ គោល​ការណ៍​ដែល​ភាគី​ទាំង​ពីរ​គោរព​តាម​ដូច​គ្នា គឺ​សំខាន់​ជាង​ដើម្បី​នាំ​ឲ្យ​អាពាហ៍ពិពាហ៍​ប្រកប​ទៅ​ដោយ​សុភមង្គល​និង​ស្ថិត​ស្ថេរ​ជា​ដរាប។ បើ​សិន​ជា​ភាគី​ទាំង​ពីរ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា នោះ​នឹង​បង្កើត​ឲ្យ​មាន​សាមគ្គីភាព​ដ៏​ស្ថាពរ​តាម​របៀប​មួយ​ដែល​កត្ដា​ផ្សេងទៀត​ធ្វើ​មិន​បាន។ (សាស្ដា ៤:១២) ពេល​គូ​គ្រីស្ទាន​ទុក​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ពិត​ជា​អាទិភាព​ក្នុង​ជីវិត​របស់​គេ ពួក​គេ​មាន​សាមគ្គីភាព​ខាង​វិញ្ញាណ ខាង​សតិ​អារម្មណ៍​និង​ខាង​សីលធម៌​ផង​ដែរ។ ពួក​គេ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​ជា​មួយ​គ្នា។ ពួក​គេ​អធិស្ឋាន​ជា​មួយ​គ្នា និង​ហេតុ​នោះ​ហើយ ចិត្ត​របស់​ពួក​គេ​រួម​គ្នា​តែ​មួយ។ ពួក​គេ​ទៅ​កិច្ច​ប្រជុំ​និង​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា។ ការ​ទាំង​អស់​នេះ​ជួយ​បង្កើត​ចំណង​មួយ​ខាង​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​គេ​មាន​សម្ព័ន្ធមេត្រី​ដែល​កាន់​តែ​ស្និទ្ធ​ស្នាល​ឡើង។ សំខាន់​ជាង​នោះ​ទៅ​ទៀត​គឺ​ថា ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ទៅ​ដល់​គេ។

៩. តើ​អ័ប្រាហាំ​បាន​ធ្វើ​យ៉ាង​ណា​ដើម្បី​រក​ប្រពន្ធ​សំរាប់​អ៊ីសាក? ហើយ​តើ​មាន​លទ្ធផល​អ្វី?

ដោយ​ព្រោះ​ភក្ដី​ភាព​របស់​អ័ប្រាហាំ នោះ​គាត់​បាន​រក​បំពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ ពេល​ដែល​គាត់​ត្រូវ​ជ្រើស​រើស​ប្រពន្ធ​មួយ​សំរាប់​កូន​ប្រុស​របស់​គាត់​ឈ្មោះ​អ៊ីសាក។ អ័ប្រាហាំ​បាន​ប្រាប់​អ្នក​បំរើ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​របស់​គាត់​ថា៖ «អញ​នឹង​ឲ្យ​ឯង​ស្បថ​នឹង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌ ហើយ​ជា​ព្រះ​នៃ​ផែនដី​ថា ឯង​នឹង​មិន​យក​ប្រពន្ធ​ឲ្យ​កូន​អញ​ពី​ពួក​កូន​ស្រី​សាសន៍​កាណាន ដែល​អញ​នៅ​កណ្ដាល​គេ​នេះ​ឡើយ គឺ​ត្រូវ​ឲ្យ​ឯង​ទៅ​ឯ​ស្រុក​អញ នឹង​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​ជា​កូន​អញ ពី​ញាតិ​សន្ដាន​អញ​វិញ . . . [ព្រះ​យេហូវ៉ា]ទ្រង់​នឹង​ចាត់​ទេវតា​ទ្រង់​ទៅ​មុន​ឯង ដូច្នេះ​ឯង​នឹង​បាន​យក​ប្រពន្ធ​ពី​នោះ​មក​ឲ្យ​កូន​អញ​ហើយ»។ រេបិកា​បាន​ធ្វើ​ជា​ប្រពន្ធ​ម្នាក់​ដ៏​ល្អ​ប្រសើរ ដែល​អ៊ីសាក​បាន​ស្រឡាញ់​ជា​ខ្លាំង។—លោកុប្បត្តិ ២៤:៣, ៤, ៧, ១៤​-​២១, ៦៧

១០. តើ​គូ​ស្វាមីភរិយា​មាន​កាតព្វកិច្ច​អ្វី តាម​បទ​គម្ពីរ?

១០ បើ​សិន​ជា​យើង​ជា​គ្រីស្ទាន​ម្នាក់​ដែល​មិន​ទាន់​រៀប​ការ​នៅ​ឡើយ នោះ​ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​នឹង​ជួយ​យើង​ឲ្យ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​គុណសម្បត្ដិ​ដែល​នឹង​បង្កើត​ឲ្យ​យើង​មាន​សមត្ថភាព​បំពេញ​សេចក្ដី​តម្រូវ​ពី​បទ​គម្ពីរ​ចំពោះ​ការ​រៀប​អាពាហ៍ពិពាហ៍។ កាតព្វកិច្ច​របស់​គូ​ស្វាមីភរិយា​រួម​បញ្ចូល​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​រៀប​រាប់​គឺ​ថា៖ «ស្ត្រី​រាល់​គ្នា​អើយ! ចូរ​ឲ្យ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន ដូច​ជា​ចុះ​ចូល​នឹង​ព្រះ​អម្ចាស់​ដែរ . . . បុរស​រាល់​គ្នា​អើយ! ចូរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន ដូច​ជា​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ ហើយ​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ផង . . . ត្រូវ​ឲ្យ​ប្ដី​ស្រឡាញ់​ប្រពន្ធ​បែប​យ៉ាង​នោះ​ឯង គឺ​ដូច​ជា​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន​ដែរ . . . ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទាំង​អស់​ស្រឡាញ់​ប្រពន្ធ​ខ្លួន ដូច​ជា​ខ្លួន​ឯង ហើយ​ប្រពន្ធ​ក៏​ត្រូវ​កោត​ខ្លាច​ប្ដី​ដែរ»។ (អេភេសូរ ៥:២២​-​៣៣) ដូច​ជា​យើង​ឃើញ​ក្នុង​ខ​ទាំង​នោះ ពាក្យ​របស់​ប៉ុល​គូស​បញ្ជាក់​នូវ​ភាព​ចាំ​បាច់​នៃ​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព។ ការ​ប្រតិបត្ដិ​តាម​ដំបូន្មាន​នេះ រួម​បញ្ចូល​ការ​កោត​ខ្លាច​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា។ នោះ​ទាំង​តម្រូវ​នូវ​ភក្ដី​ភាព​អស់​ពី​ដួង​ចិត្ត មិន​ថា​ក្នុង​គ្រា​ដែល​គ្មាន​បញ្ហា​ឬ​ក៏​ក្នុង​កាល​ដែល​មាន​ក៏​ដោយ។ គ្រីស្ទាន​ទាំង​ឡាយ​ដែល​កំពុង​តែ​គិត​អំពី​ការ​រៀប​អាពាហ៍ពិពាហ៍ គួរ​មាន​សមត្ថភាព​បំពេញ​ភារកិច្ច​នេះ។

ការ​សម្រេច​ថា ពេល​ណា​អាច​រៀប​ការ​បាន

១១. (ក) តើ​ព្រះ​គម្ពីរ​ជូន​ឱវាទ​អ្វី​ខ្លះ​ចំពោះ​ពេល​ដែល​មនុស្ស​ម្នាក់​គួរ​រៀប​ការ? (ខ) តើ​គំរូ​អ្វី​ដែល​បង្ហាញ​នូវ​ប្រាជ្ញា​ក្នុង​ការ​ប្រព្រឹត្ត​តាម​ឱវាទ​ក្នុង​ព្រះ​គម្ពីរ​នៅ​កូរិនថូស​ទី​១ ៧:៣៦?

១១ គឺ​ចាំ​បាច់​ដែល​យើង​យល់​ដឹង​ថា ពេល​ណា​ខ្លួន​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​រៀប​ការ។ ដោយ​ព្រោះ​មនុស្ស​ម្នាក់​ៗ​តែង​តែ​ខុស​គ្នា នោះ​ព្រះ​គម្ពីរ​មិន​ដាក់​តម្រូវ​ការ​ខាង​អាយុ​ទេ។ ក៏​ប៉ុន្តែ ព្រះ​គម្ពីរ​ប្រាប់​ថា គឺ​ល្អ​ជាង បើ​សិន​ជា​ចាំ​ទាល់​តែ«ហួស​អាយុ​គ្រប់​ការ​ហើយ[ហួស​ផុត​ពី​យុវវ័យ​ហើយ ព.ថ.]» ព្រោះ​ពេល​ស្ថិត​ក្នុង​ភាព​ជា​យុវវ័យ​ជា​ពេល​ដែល​តណ្ហា​ខ្លាំង​ខាង​កាម​អាច​រា​រាំង​នាំ​ឲ្យ​លែង​មាន​សមត្ថភាព​វែក​ញែក​គិត​គូរ​យ៉ាង​ល្អ។ (កូរិនថូស​ទី​១ ៧:៣៦) យុវនារី​ម្នាក់​ឈ្មោះ មីហ្សេល ប្រាប់​ថា៖ «ពេល​ខ្ញុំ​ឃើញ​មិត្ត​ភក្ដិ​ខ្ញុំ​មាន​គូ​ហើយ​រៀប​ការ ហើយ​គេ​ច្រើន​តែ​ជា​ក្មេង​ជំទង់​នៅ​ឡើយ នោះ​ជួន​កាល​ខ្ញុំ​ពិបាក​ធ្វើ​តាម​ឱវាទ​នេះ​ណាស់។ ក៏​ប៉ុន្តែ ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ឱវាទ​នោះ​មក​ពី​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​តែង​មាន​បន្ទូល​ប្រាប់​យើង​ពី​អ្វី​ដែល​ជា​ប្រយោជន៍​ចំពោះ​យើង។ ពីព្រោះ​ខ្ញុំ​បាន​ចាំ​សិន​ដោយ​មិន​រៀប​ការ​នោះ នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សមត្ថភាព​ផ្ចង់​អារម្មណ៍​ទៅ​លើ​ទំនាក់​ទំនង​របស់​ខ្ញុំ​នឹង​ព្រះ​យេហូវ៉ា​ហើយ​ទៅ​លើ​ការ​ប្រមូល​បទ​ពិសោធន៍​ក្នុង​ជីវិត ដែល​ជា​ចំណេះ​ដែល​យើង​មិន​អាច​មាន​ពេល​នៅ​ក្មេង​ជំទង់​ទេ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​មាន​សមត្ថភាព​ច្រើន​ជាង ដើម្បី​បំពេញ​នូវ​ភារកិច្ច​និង​ដោះ​ស្រាយ​នូវ​បញ្ហា​ដែល​កើត​ឡើង​ក្នុង​អាពាហ៍ពិពាហ៍»។

១២. ហេតុ​អ្វី​បាន​ជា​ការ​ប្រញាប់​រៀប​ការ​ពេល​ខ្លួន​នៅ​ក្មេង មិន​មែន​ជា​ដំណើរ​ដែល​ប្រកប​ទៅ​ដោយ​ប្រាជ្ញា?

១២ អ្នក​ណា​ដែល​ប្រញាប់​រៀប​ការ​ពេល​គេ​នៅ​ក្មេង​ជំទង់​នៅ​ឡើយ ច្រើន​តែ​ឃើញ​ថា សេចក្ដី​ត្រូវ​ការ​និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គេ នឹង​ផ្លាស់​ប្ដូរ​ពេល​ដែល​គេ​ពេញ​វ័យ​ឡើង។ នៅ​ពេល​នោះ​ឯង គេ​ទទួល​ស្គាល់​ថា អ្វី​ដែល​គេ​ធ្លាប់​គិត​ថា ជា​លក្ខណៈ​ដ៏​គួរ​ឲ្យ​ចង់​បាន​នៅ​ដើម​ដំបូង​នោះ ឥឡូវ​គេ​មិន​សូវ​ចាត់​ទុក​ជា​សំខាន់​ទៀត​ឡើយ។ យុវនារី​គ្រីស្ទាន​ម្នាក់​បាន​តាំង​ចិត្ត​រៀប​ការ​ពេល​គាត់​មាន​អាយុ​១៦​ឆ្នាំ។ យាយ​របស់​គាត់​បាន​រៀប​ការ​ពេល​មាន​អាយុ​ប៉ុណ្ណឹង និង​ម្ដាយ​គាត់​ក៏​បាន​ធ្វើ​ដូច្នោះ​ដែរ។ ពេល​យុវបុរស​ម្នាក់​ដែល​នាង​បាន​ចាប់​អារម្មណ៍ មិន​ព្រម​រៀប​ការ​ជា​មួយ​នាង​នៅ​ពេល​នោះ​ទេ នោះ​នាង​បាន​ជ្រើស​រើស​ម្នាក់​ផ្សេង​ទៀត​ដែល​សុខ​ចិត្ត​រៀប​ការ​ជា​មួយ​នាង។ ក៏​ប៉ុន្តែ ក្រោយ​មក នាង​បាន​ស្ដាយ​នូវ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ដែល​បាន​ធ្វើ​ឡើង​យ៉ាង​ឆាប់​រហ័ស​ដោយ​មិន​គិត​នោះ។

១៣. អ្នក​ដែល​រៀប​ការ​មុន​ពេល​ដែល​សម​គួរ​នោះ តើ​ច្រើន​តែ​មាន​កង្វះ​ខាត​ខាង​លក្ខណៈ​ណា​ខ្លះ?

១៣ ពេល​មនុស្ស​ម្នាក់​រក​ចង់​រៀប​ការ​នោះ គឺ​ជា​ការ​សំខាន់​ដែល​គាត់​យល់​ដឹង​យ៉ាង​ប្រាកដ​ប្រជា​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​អាពាហ៍ពិពាហ៍។ បើ​សិន​ជា​រៀប​ការ​មុន​ពេល​ដែល​សម​គួរ នោះ​អាច​នាំ​មក​នូវ​គំនរ​បញ្ហា​ដែល​គូ​អាពាហ៍ពិពាហ៍​មួយ​ដែល​នៅ​ក្មេង​ជំទង់​ទំនង​ជា​ខ្វះ​ខាត​នូវ​សមត្ថភាព​ដើម្បី​ដោះ​ស្រាយ។ ពួក​គេ​ប្រហែល​ជា​ខ្វះ​ខាត​នូវ​បទ​ពិសោធន៍​និង​ភាព​ចាស់​ទុំ​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់ ដើម្បី​ស៊ូ​ទ្រាំ​នឹង​ភាព​តាន​តឹង​ដែល​កើត​មាន​ក្នុង​អាពាហ៍ពិពាហ៍​និង​ចំពោះ​ការ​ចិញ្ចឹម​អប់រំ​កូន​ចៅ។ យើង​គួរ​រៀប​ការ​តែ​ពេល​ដែល​យើង​មាន​លក្ខណៈ​គ្រប់​គ្រាន់​ខាង​រាង​កាយ សតិ​អារម្មណ៍ និង​ខាង​វិញ្ញាណ ដើម្បី​ចាប់​ផ្ដើម​សម្ព័ន្ធមេត្រី​មួយ​ដែល​និង​ឋិត​ថេរ​ជា​ដរាប។

១៤. ដើម្បី​ដោះ​ស្រាយ​បញ្ហា​ក្នុង​អាពាហ៍ពិពាហ៍ តើ​អ្វី​គឺ​ចាំ​បាច់?

១៤ ប៉ុល​បាន​សរសេរ​ថា អ្នក​ដែល​រៀប​ការ«នឹង​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ខាង​សាច់​ឈាម»។ (កូរិនថូស​ទី​១ ៧:២៨) បញ្ហា​នឹង​កើត​ឡើង​ដោយ​សារ​នោះ​រួម​បញ្ចូល​មនុស្ស​ពីរ​នាក់​ដែល​មាន​បុគ្គលិក​លក្ខណៈ​ខុស​គ្នា ហើយ​នឹង​មាន​ទស្សនៈ​ខុស​ពី​គ្នា​ផង​ដែរ។ ដោយ​សារ​យើង​គ្មាន​ភាព​ល្អ​ឥត​ខ្ចោះ​ទេ នោះ​ប្រហែល​ជា​យើង​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​បំពេញ​តួ​នាទី​ដែល​ព្រះ​គម្ពីរ​ដាក់​ឲ្យ​យើង​ក្នុង​អាពាហ៍ពិពាហ៍។ (កូរិនថូស​ទី​១ ១១:៣; កូល៉ុស ៣:១៨, ១៩; ទីតុស ២:៤, ៥; ពេត្រុស​ទី​១ ៣:១, ២, ៧) ដើម្បី​ប្រព្រឹត្ត​តាម​ការ​ណែនាំ​របស់​ព្រះ​នឹង​ដោះ​ស្រាយ​បញ្ហា​ដោយ​សេចក្ដី​ស្រឡាញ់ នោះ​តម្រូវ​ឲ្យ​មាន​ភាព​ចាស់​ទុំ​និង​ភាព​នឹង​ន​ខាង​វិញ្ញាណ។

១៥. តើ​មាតា​បិតា​អាច​មាន​តួ​នាទី​អ្វី​ក្នុង​ការ​ជួយ​កូន​ចៅ​របស់​គាត់​បង្កើត​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​រៀប​ការ? សូម​ជូន​ឧទាហរណ៍។

១៥ មាតា​បិតា​អាច​ជួយ​រៀបចំ​កូន​ចៅ​របស់​គាត់​ឲ្យ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​រៀប​ការ ដោយ​ជួយ​គេ​យល់​ដឹង​នូវ​សារៈ​សំខាន់​នៃ​ការ​ប្រព្រឹត្ត​តាម​ការ​ណែនាំ​របស់​ព្រះ។ ដោយ​ប្រើ​បទ​គម្ពីរ​និង​ប្រកាសនវត្ថុ​គ្រីស្ទាន​យ៉ាង​ប៉ិន​ប្រសប់ នោះ​មាតា​បិតា​អាច​ជួយ​កូន​ៗ​របស់​គាត់​ឲ្យ​ចេះ​សម្រេច​ថា តើ​ពួក​គេ​ផ្ទាល់​ឬ​ក៏​អ្នក​ដែល​គេ​ចង់​ជ្រើស​រើស​ជា​គូ មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​រក្សា​សេចក្ដី​សន្យា​នៃ​អាពាហ៍ពិពាហ៍​ឬ​ទេ?។ a យុវនារី​ម្នាក់​ឈ្មោះ ប្លសិម ដែល​មាន​អាយុ​១៨​ឆ្នាំ បាន​នឹក​ស្មាន​ថា​ខ្លួន​ស្រឡាញ់​យុវបុរស​ម្នាក់​ក្នុង​ក្រុម​ជំនុំ​របស់​នាង។ គាត់​ជា​អ្នក​បំរើ​ពេញ​ពេល ហើយ​ពួក​គេ​ចង់​រៀប​ការ​ជា​មួយ​គ្នា។ ក៏​ប៉ុន្តែ មាតា​បិតា​របស់​នាង​បាន​សូម​ឲ្យ​នាង​ចាំ​មួយ​ឆ្នាំ​ទៀត ដោយ​គិត​ថា​នាង​នៅ​ក្មេង​ពេក។ ក្រោយ​មក ប្លសិម​បាន​សរសេរ​ថា៖ «ខ្ញុំ​ពិត​ជា​មាន​អំណរ​គុណ​មែន​ទែន ដែល​ខ្ញុំ​បាន​ស្ដាប់​តាម​ឱវាទ​ដែល​ប្រកប​ទៅ​ដោយ​ប្រាជ្ញា​នោះ។ ក្នុង​កំឡុង​មួយ​ឆ្នាំ​នោះ ខ្ញុំ​បាន​ពេញ​វ័យ​ជាង ហើយ​ចាប់​ផ្ដើម​យល់​ឃើញ​ថា យុវបុរស​នោះ​មិន​មាន​គុណសម្បត្ដិ​ដែល​អាច​ធ្វើ​ឲ្យ​គាត់​សម​នឹង​យក​ជា​គូ​អាពាហ៍ពិពាហ៍​ទេ។ ជា​យថាហេតុ យុវបុរស​នោះ​បាន​ចាក​ចេញ​ពី​អង្គការ​របស់​យើង និង​ខ្ញុំ​បាន​គេច​រួច​ពី​រឿង​មួយ​ដែល​អាច​ទៅ​ជា​មហន្តរាយ​យ៉ាង​ធំ​ក្នុង​ជីវិត​របស់​ខ្ញុំ។ នេះ​គឺ​ជា​អ្វី​ដ៏​ល្អ​ណាស់​ហ្ន៎! ពេល​ដែល​មាន​មាតា​បិតា​ដែល​មាន​ប្រាជ្ញា​និង​ធ្វើ​ការ​សម្រេច​ដែល​គួរ​ឲ្យ​ទុក​ចិត្ត»។

‹រៀប​ការ​តែ​ក្នុង​ព្រះ​អម្ចាស់​ប៉ុណ្ណោះ›

១៦. (ក) តើ​ដូច​ម្ដេច​ដែល​គ្រីស្ទាន​អាច​ត្រូវ​ល្បង​ល​ចំពោះ​រឿង‹រៀប​ការ​តែ​ក្នុង​ព្រះ​អម្ចាស់​ប៉ុណ្ណោះ›? (ខ) ពេល​ត្រូវ​ទាក់​ទាញ​ឲ្យ​រៀប​ការ​ជា​មួយ​អ្នក​ដែល​មិន​ជា​អ្នក​ជឿ តើ​គ្រីស្ទាន​គួរ​គិត​អំពី​អ្វី?

១៦ ចំពោះ​ការ​រក​គូ​អាពាហ៍ពិពាហ៍ ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​គឺ​ជាក់​ច្បាស់ គឺ​ថា៖ ‹រៀប​ការ​តែ​ក្នុង​ព្រះ​អម្ចាស់​ប៉ុណ្ណោះ›។ (កូរិនថូស​ទី​១ ៧:៣៩) មាតា​បិតា​គ្រីស្ទាន​និង​កូន​ៗ​របស់​គាត់ ប្រហែល​ជា​នឹង​ត្រូវ​ល្បង​ល​ចំពោះ​រឿង​នេះ។ តើ​ដោយ​ដូច​ម្ដេច? យុវជន​ប្រហែល​ជា​មាន​ចំណង់​រៀប​ការ តែ​ក្នុង​ក្រុម​ជំនុំ​គ្មាន​អ្នក​ណា​ដែល​គេ​អាច​យក​ជា​គូ​បាន​ទេ។ ឬ​ក៏​គេ​គ្រាន់​តែ​នឹក​ស្មាន​ថា​គឺ​អ៊ីចឹង។ ប្រហែល​ជា​មាន​បុរស​តិច​ជាង​ស្ត្រី​នៅ​តំបន់​នោះ ឬ​ក៏​ប្រហែល​ជា​គ្មាន​អ្នក​ណា​ដែល​គេ​ចាត់​ទុក​ថា សម​នឹង​យក​ជា​គូ​ទេ។ យុវបុរស​ម្នាក់ ដែល​មិន​មែន​ជា​អ្នក​ថ្វាយ​ខ្លួន​ហើយ​មិន​មែន​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ជំនុំ​ទេ ប្រហែល​ជា​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​យុវនារី​គ្រីស្ទាន​ម្នាក់ (ឬ​ក៏​ផ្ទុយពី​នេះ​ទៅ​វិញ) ហើយ​ប្រហែល​ជា​អ្នក​ផ្សេង​ទៀត​ខំ​ជំរុញ​ចិត្ត​គេ​ឲ្យ​ចោល​នូវ​ខ្នាត​តម្រា​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ។ ក្រោម​កាលៈទេសៈ​បែប​នេះ នឹង​មាន​ប្រយោជន៍​ជា​ច្រើន បើ​សិន​ជា​គេ​គិត​អំពី​គំរូ​របស់​លោក​អ័ប្រាហាំ។ របៀប​មួយ​ដែល​គាត់​បាន​រក្សា​ទុក​ទំនាក់​ទំនង​របស់​គាត់​នឹង​ព្រះ​យេហូវ៉ា គឺ​ដោយ​ចាត់​វិធានការ​ឲ្យ​ប្រាកដ​ថា កូន​ប្រុស​របស់​គាត់ អ៊ីសាក​នឹង​រៀប​ការ​ជា​មួយ​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ អ៊ីសាក​បាន​ធ្វើ​ដូច​គ្នា​ដែរ​ចំពោះ​កូន​របស់​គាត់​ឈ្មោះ​យ៉ាកុប។ នេះ​បាន​តម្រូវ​ឲ្យ​គេ​ទាំង​អស់​គ្នា​ព្យាយាម ក៏​ប៉ុន្តែ​នោះ​បាន​ពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ និង​ទ្រង់​បាន​ប្រទាន​ពរ។—លោកុប្បត្តិ ២៨:១​-​៤

១៧. ហេតុ​អ្វី​បាន​ជា​ការ​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​អ្នក​មិន​ជឿ ទំនង​ជា​នឹង​នាំ​ទៅ​ដល់​អន្តរាយ? ហើយ​តើ​អ្វី​ជា​ហេតុ​សំខាន់​បំផុត​ដែល​យើង​គួរ‹រៀប​ការ​តែ​ក្នុង​ព្រះ​អម្ចាស់​ប៉ុណ្ណោះ›?

១៧ មាន​ករណី​ខ្លះ​ៗ​ដែល​អ្នក​មិន​ជឿ​នោះ​ក្រោយ​មក​បាន​ទៅ​ជា​គ្រីស្ទាន​ម្នាក់។ ក៏​ប៉ុន្តែ ការ​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​នឹង​អ្នក​មិន​ជឿ ច្រើន​តែ​បាន​ក្លាយ​ជា​អន្តរាយ​ទៅ​វិញ។ អ្នក​ដែល​ទឹម​នឹម​ស្រៀក ជា​មួយ​នឹង​មនុស្ស​មិន​ជឿ មិន​មាន​ជំនឿ​ដូច​គ្នា គ្មាន​គោល​ការណ៍​ដូច​គ្នា ឬ​ក៏​គ្មាន​គោល​ដៅ​ដូច​គ្នា​ដែរ។ (កូរិនថូស​ទី​២ ៦:១៤) នេះ​អាច​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ការ​ទាក់​ទង​គ្នា​និង​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ។ ជា​ឧទាហរណ៍ ស្ត្រី​គ្រីស្ទាន​ម្នាក់​បាន​និយាយ​ដោយ​សោក​ស្ដាយ​ថា ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​មួយ​ដែល​លើក​ទឹក​ចិត្ត​គាត់ គាត់​មិន​អាច​ទៅ​ផ្ទះ​វិញ​នឹង​ពិភាក្សា​នូវ​អ្វី​ខាង​វិញ្ញាណ​ជា​មួយ​ប្ដី​របស់​គាត់​ដែល​មិន​ជា​អ្នក​ជឿ​បាន​ទេ។ សំខាន់​ជាង​នោះ​ទៅ​ទៀត​គឺ​ថា ការ‹រៀប​ការ​តែ​ក្នុង​ព្រះ​អម្ចាស់​ប៉ុណ្ណោះ› គឺ​ជា​រឿង​ដែល​ទាក់​ទង​នឹង​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា។ ពេល​យើង​ប្រតិបត្ដិ​តាម​បន្ទូល​របស់​ព្រះ នោះ​ចិត្ត​របស់​យើង​មិន​ផ្ដន្ទា​ទោស​យើង​ទេ ដ្បិត​យើង​កំពុង​តែ​ធ្វើ​អ្វី«ដែល​គាប់​ព្រះ​ហឫទ័យ​ដល់​ទ្រង់​ដែរ»។—យ៉ូហាន​ទី​១ ៣:២១, ២២

១៨. ពេល​ដែល​កំពុង​តែ​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍ តើ​យើង​គួរ​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វី​ជាង​គេ? ហើយ​ហេតុ​អ្វី?

១៨ ពេល​ដែល​កំពុង​តែ​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍ នោះ​គុណធម៌​និង​ភាព​ខាង​វិញ្ញាណ​របស់​អ្នក​ដែល​យើង​គិត​ចង់​ជ្រើស​រើស​នោះ​គឺ​សំខាន់​បំផុត។ គុណសម្បត្ដិ​គ្រីស្ទាន ព្រម​ទាំង​សេចក្ដី​ស្រឡាញ់​និង​ភាព​ស្មោះ​ត្រង់​អស់​ពី​ដួង​ចិត្ត​ចំពោះ​ព្រះ គឺ​មាន​តម្លៃ​ច្រើន​ជាង​សម្រស់​នៃ​អាការ​ក្រៅ។ ព្រះ​ពេញ​ព្រះ​ទ័យ​នឹង​អ្នក​ដែល​បំពេញ​ហើយ​អបអរ​ចំពោះ​កាតព្វកិច្ច​របស់​គេ​ដែល​តម្រូវ​ឲ្យ​គេ​ធ្វើ​ជា​គូ​អាពាហ៍ពិពាហ៍​ដ៏​មាំ​ខាង​វិញ្ញាណ។ ហើយ​គ្រឿង​ពង្រឹង​ដ៏​មាំ​បំផុត​ដែល​គូ​មួយ​អាច​ទទួល​បាន​នោះ គឺ​មក​ពី​ភក្ដី​ភាព​របស់​ភាគី​ទាំង​សង​ខាង​ចំពោះ​អ្នក​បង្កើត​និង​ការ​ប្រព្រឹត្ត​តាម​ការ​ណែនាំ​របស់​ទ្រង់​ទាំង​ស្រុង។ តាម​របៀប​នេះ ព្រះ​យេហូវ៉ា​ទទួល​នូវ​កិត្ដិយស ហើយ​អាពាហ៍ពិពាហ៍​នោះ​ចាប់​ផ្ដើម​ដោយ​មាន​មូលដ្ឋាន​មាំ​មួន​រង្គើ​មិន​បាន​ទៅ​លើ​អ្វី​ខាង​វិញ្ញាណ​ដែល​នឹង​ជួយ​ឲ្យ​មាន​សម្ព័ន្ធមេត្រី​មួយ​នឹង​មាន​ឋិត​ថេរ​ជា​ដរាប។

[កំណត់​សម្គាល់]

a សូម​មើល ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​១៩៩៩ ទំព័រ​៤​-​៧

តើ​អ្នក​នឹង​ឆ្លើយ​ដូច​ម្ដេច?

ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ការ​នូវ​ការ​ណែនាំ​ពី​ព្រះ ចំពោះ​ការ​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍​មួយ​ដ៏​ល្អ?

តើ​ដូច​ម្ដេច​ដែល​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​នឹង​ជួយ​ពង្រឹង​នូវ​ចំណង​អាពាហ៍ពិពាហ៍?

តើ​ដូច​ម្ដេច​ដែល​មាតា​បិតា​អាច​ជួយ​កូន​ចៅ​របស់​គាត់​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​រៀប​ការ?

ហេតុ​អ្វី​បាន​ជា​សំខាន់​ដែល​យើង‹រៀប​ការ​តែ​ក្នុង​ព្រះ​អម្ចាស់​ប៉ុណ្ណោះ›?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២៤]

ការ​អនុវត្ត​តាម​ឱវាទ​របស់​ព្រះ ពេល​ដែល​កំពុង​តែ​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍ អាច​នាំ​មក​នូវ​សុភមង្គល​ជា​ច្រើន

[រូប​ភាព​នៅ​ទំព័រ​២៥]

អ្នក​អាច​ទទួល​ពរ​ជា​ច្រើន បើ​សិន​ជា‹រៀប​ការ​តែ​ក្នុង​ព្រះ​អម្ចាស់​ប៉ុណ្ណោះ›